Category: សង្គម និងសេដ្ឋកិច្ច

  • រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

    រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

    (ភ្នំពេញ) – ក្រុម​ការ​ងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ នៅ​ រាជធានី​ភ្នំ​ពេញ​។

    កាលពី​ពេល​ថ្មីៗ​នេះ សាច់​បង្កក​ខុស​ច្បាប់ជាង​ 377,000 គីឡូក្រាម​ ត្រូវ​បាន​រកឃើញ​​​ក្នុង​ឃ្លាំង​មួយ​​នៅ​​ភូមិ​សំរោង​​ទាវ សង្កាត់​ក្រាំធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ នៅពេល​​ក្រុម​ការ​ងារ​ដែល​​មាន​ការ​សម្រប​សម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ដឹក​នាំការ​ត្រួត​ពិនិត្យ​​ផ្ទាល់​ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដែល​គួរ​ឱ្យ​សង្ស័យ​ខាងលើ​។

    ករណី​រក​ឃើញ​នេះ បាន​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឯក​ឧត្ដម​បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី​បី​នៃ​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការ​ងារ​ (ក) ផ្នែក​កសិកម្ម ឧស្សាហកម្ម បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​សាច់​បង្កក សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ ដែល​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2023​។

    ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងពិនិត្យសាច់បង្កកនាំចូលពីបរទេស

    ក្នុង​សិក្ខាសាលា​ខាងលើ​នេះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី​ មាន​ប្រសាសន៍​ថា វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បាន​បាត់​បង់​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន និង​កែច្នៃ​សាច់​ ដោយ​សារ​តែ​ការ​គ្រប់​គ្រង​ការ​នាំ​ចូល​សាច់​បង្កក​ សាច់​ខូច​គុណ​ភាព​មិន​បាន​ល្អ៕

  • កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

    កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

    11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។

    ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។

    ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង (13.13%), អង្ករស​គ្រាប់​ខ្លី (0.02%), អង្ករ​ចំហ៊ុយ (3.04%) និង​អង្ករ​សរីរាង្គ (1.61%)​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ក៏​ដូច​ជា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋានសេវា​ពាណិជ្ជកម្ម​ នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​៕

  • ​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    ​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    ប្រទេស​ថៃ គ្រោង​នឹង​បន្ថែម​ពេល​វេលា​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​សង្ក្រាន្ត ឱ្យ​ឡើង​ដល់​មួយ​ខែ ជួយ​លើក​កម្ពស់​​ព្រឹត្តិការណ៍​នេះ​ឱ្យ​ឡើង​ដល់​ថ្នាក់​អន្តរជាតិ​ និង​ជួយ​ឱ្យ​ប្រទេស​ជាតិ​​មាន​ឈ្មោះ​នៅ​ក្នុង​ Top 10 នៃ​ទីតាំង​ប្រារព្ធពិធី​បុណ្យ​លំដាប់​កំពូល​លើ​ពិភពលោក​។

    លោក​ស្រី Paetontarn Shinawatra ប្រធាន​គណៈកម្មការ​យុទ្ធ​សាស្ត្រ​អំណាច​ទន់​ថ្នាក់​ជាតិ (NSPSC) កាល​ពី​ថ្ងៃទី 01 ធ្នូ បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​បាន​ឯកភាព​ជំរុញ​សង្ក្រាន្ត​ឱ្យ​ក្លាយ​ជា​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ដែលពិសេស​បំផុត​របស់​ពិភពលោក​។ NSPSC គ្រោង​នឹង​ប្រារព្ធ​ពិធីបុណ្យ​មហា​សង្ក្រាន​ទទួល​ឆ្នាំ​ថ្មី​ក្នុង​រយៈ​ពេល​មួយ​ខែ​ ជំនួស​ឱ្យ​បី​ថ្ងៃ​ដូច​កន្លង​មក​​​។

    NSPSC គ្រោង​នឹង​ដាក់​សំណើ​ខាងលើ​នេះ​ឡើង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​​ខែ​ក្រោយ​។ គណៈកម្មការ​នេះ​ក៏​រំពឹង​ថា រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ដែល​គ្រោង​នឹង​អូស​បន្លាយ​រហូត​ដល់​មួយ​ខែ​នេះ​ នឹង​បង្កើត​បាន​ប្រាក់​ចំណូល​ 35 ពាន់​លាន​បាត (ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​សេដ្ឋកិច្ច​ប្រទេសថៃ​៕

  • កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។

    ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។

    យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។

    ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

  • ជប៉ុន​ដាក់​ឱ្យ​ដំណើរ​ការ​ «ព្រះ​អាទិត្យ​សប្បនិម្មិត» ធំ​ជាង​គេ​លើ​ពិភព​លោក

    ជប៉ុន​ដាក់​ឱ្យ​ដំណើរ​ការ​ «ព្រះ​អាទិត្យ​សប្បនិម្មិត» ធំ​ជាង​គេ​លើ​ពិភព​លោក

    ម៉ាស៊ីន​ប្រតិកម្ម​ JT-60SA មាន​កម្ពស់​ស្មើ​នឹងអគារ​ 6 ជាន់ នៅ​ប្រទេស​ជប៉ុន នឹង​បង្កើត​បាន​ពន្លឺ​ប្លាស្មា​ក្ដៅ​រហូត​ដល់ 200 លាន​អង្សាសេ បើក​ផ្លូវ​សម្រាប់​គោលដៅ​ប្រមូល​យក​ថាមពល​ពី​ប្រតិកម្ម​នុយក្លេអែរមាន​សុវត្ថិភាព ដែល​ហៅ​ថា Nuclear Fusion។

    ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ បាន​សម្ពោធ​ដាក់ដំណើរ​ការ​ JT-60SA ដែល​ជា​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអែរ ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​អាច​បង្កើត​ប្លាស្មា​ដែល​មាន​កម្ដៅ​រហូត​ដល់ 200 លាន​អង្សាសេ​។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ដោះ​ស្រាយ​បញ្ហា​នៃ​តម្រូវ​ការ​ថាមពល​ពី​ប្រតិកម្ម​នុយក្លេអែរ​សុវត្ថិភាព​ និង​មិន​បញ្ចេញ​ឧស្ម័ន​កាបូន​។ នេះ​គឺជា​ជំហាន​ដំបូង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ វាយតម្លៃ​លទ្ធភាព​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអែរសុវត្ថិភាព​ក្នុង​ទ្រង់​ទ្រាយ​ធំ​។

    គម្រោង​ដែល​ជា​កិច្ច​សហការ​រវាង​អឺរ៉ុប និង​ជប៉ុន​ និង​ស្ថិត​នៅ​ក្នុង​រាជធានី​តូក្យូនេះ​ គឺជា​ការ​ធ្វើ​ត្រាប់​តាម​ដំណើរ​ការ​របស់​​ព្រះ​អាទិត្យ​។

    ភាព​ខុស​គ្នា​រវាង​ ​ប្រតិកម្ម​នុយក្លេអែរ​ប្រភេទ Nuclear Fusion និង Nuclear Fission

    ​ប្រតិកម្ម​នុយក្លេអែរ​ប្រភេទ Nuclear Fusion របស់​ម៉ាស៊ីន​ JT-60SA គឺ​ផ្ទុយ​ពី​ប្រតិកម្ម​នុយក្លេអែរ​បែប Nuclear Fission ក្នុង​នោះ Nuclear fuSion មាន​សុវត្ថិភាព​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​ប្រតិកម្ម​នុយក្លេអែរ​ដែល​ពេញ​និយម​នា​បច្ចុប្បន្ន​។

  • ផ្លូវ​ល្បឿន​លឿន​ប្រវែងជិត 280 គីឡូម៉ែត្រ រត់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅប្រទេស​ចិន

    ផ្លូវ​ល្បឿន​លឿន​ប្រវែងជិត 280 គីឡូម៉ែត្រ រត់​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅប្រទេស​ចិន

    ផ្លូវ​ល្បឿន​លឿន Tukun ជួយ​តភ្ជាប់​ទីក្រុង​ពីរ​នៅ​ក្នុង​តំបន់​ស៊ីនជាំង និង​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ពី​ជាង​ 6 ម៉ោង មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

    ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​រត់​ឆ្លង​កាត់ Taklamakan ដែល​ជា​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅ​ប្រទេស​ចិន​ និង​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង របស់​ប្រទេស​ចិន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 01 ធ្នូ 2023​។

    ផ្លូវ​ល្បឿន​លឿន Tukun ដែល​តភ្ជាប់​ទីក្រុង​ពីរ​គឺ Tumushuke និង Kunyu នៅ​ក្នុង​តំបន់​ស៊ីនជាំង មាន​ប្រវែង​សរុប 276 គីឡូម៉ែត្រ​។ នេះ​គឺជា​ផ្លូវ​ល្បឿន​លឿង​ទីបួន​ដែល​រត់​ឆ្លង​កាត់​ Taklamakan ដែលជា​សមុទ្រ​ខ្សាច់​ធំជាង​គេ​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។

    នៅ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ​​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Tumushuke និង Kunyu ពី​​ជាង​ 6 ម៉ោង ចុះ​មក​នៅ​ត្រឹម​ប្រហែល​ 3 ម៉ោង​។

    «មុន​នេះ​ យើង​ត្រូវ​ធ្វើដំណើរ​វាង​វង់ប្រហែល 600 គីឡូម៉ែត្រ​។ ប៉ុន្តែ​ផ្លូវ​ថ្មី​នេះ ជួយ​កាត់បន្ថយ​ចម្ងាយ​ផ្លូវបាន​​ប្រហែល 300 គីឡូម៉ែត្រ​» អ្នក​ដំណើរ​ម្នាក់​ឈ្មោះ Shi Chengshan ឱ្យ​ដឹង​ដូច្នេះ​។

    ​ស្ពាន​មួយ​ខ្សែ​ដែល​មាន​ឈ្មោះ​ថា Yerqiang ក៏​ត្រូវ​បាន​សាងសង់​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដើម្បី​ជួយ​ការ​ពារ​សត្វ​ព្រៃ​៕

  • តម្លៃ​ Bitcoin ហក់​ឡើង​លើស​ពី 40,000 ដុល្លារ​/Bitcoin

    តម្លៃ​ Bitcoin ហក់​ឡើង​លើស​ពី 40,000 ដុល្លារ​/Bitcoin

    នៅ​វេលាម៉ោង​ប្រហែល 8 កន្លះ តម្លៃ​នៃ​រូបិយប័ណ្ណ​ឌីជីថលគ្រីស្តូ​​ធំបំផុត​លើ​ពិភពលោក​ បាន​ហក់​ឡើង​ជិត​ដល់ 40,800 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ Bitcoin ដែលនេះ​គឺ​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​ចាប់​តាំង​ពីខែមេសា​ ឆ្នាំ 2022​។

    វេលា​ទៀប​ភ្លឺ​ថ្ងៃនេះ Bitcoin បាន​ឡើង​ថ្លៃ​រហូត​ដល់ 40,000 ដុល្លារ​/Bitcoin។ ប្រហែល 20 នាទី​ក្រោយ​មក រូបិយប័ណ្ណ​ឌីជីថល់គ្រីបស្តូ​​នេះ​ក៏​បន្ត​ឡើង​ថ្លៃ​ 100 ដុល្លារ​ទៀត នៅមុន​ពេល​ធ្លាក់​ចុះ​។ ក៏ប៉ុន្តែ បន្ទាប់​មក វា​ក៏​ហក់​ឡើង​ដល់​ជាង 40,200 ដុល្លារ​។ ប្រហែល​ម៉ោង​ 8 កន្លះ Bitcoin បន្ត​ឡើង​ថ្លៃ​ជិត​ដល់​ 40,800 ដុល្លារ​អាម៉េរិក​ និង​នៅ​រសៀល​នេះ វា​ក៏​លោត​ឡើង​ជិត​ដល់ 41,700 ដុល្លារ ពោល​គឺ​កើន​ជិត 1,000 ដុល្លារ​ បើ​ធៀប​នឹង​តម្លៃ​បិទ​ទ្វារ​កាល​ពី​ម្សិល​មិញ​។

    បច្ចុប្បន្ន Bitcoin មាន​តម្លៃ​ខ្ពស់​ជាង​ទ្វេដង បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ដើម​ឆ្នាំ​។ នេះ​ក៏​ជា​តម្លៃ​ខ្ពស់​បំផុត​រាប់​ចាប់​តាំង​ពី​ចុង​ខែ​មេសា ឆ្នាំ 2022 ពោល​គឺ​កាល​ពី​ជិត 20 ខែ​មុន​។

    តម្លៃ​របស់​រូបិយប័ណ្ណ​ឌីជីថល​គ្រីបស្តូ​ដទៃ​ សុទ្ធ​តែ​កើន​ឡើង​។ Ethereum កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ជិត 2,210 ដុល្លារ​ ស្មើ​នឹង​ 2%​។ រូបិយប័ណ្ណ​ឌីជីថល់​គ្រីបស្តូ​ធំៗ​ទាំង​ដប់របស់​ពិភពលោក​​ សុទ្ធ​តែ​​ឡើងថ្លៃ​។

    មូលហេតុ​ដែលនាំ​ឱ្យ​ Bitcoin ​ឡើង​ថ្លៃ ​ត្រូវ​បាន​គេ​យល់​ថា​ កើត​ឡើង​ដោយ​សារ​មតិ​វិជ្ជមាន​ពី​ស្ថាប័ន​គ្រប់​គ្រង​នានា​របស់​សហរដ្ឋ​អាម៉េរិក​ ទាក់​ទិន​នឹង​ប្រាក់​ឌីជីថល់គ្រីបស្តូ។ ក្រៅ​ពី​នេះ ទីផ្សារ​រូបិយប័ណ្ណ​ប្រភេទ​នេះ​ដែល​ «មាន​វ័យចំណាស់​» ជាង​មុន ក៏​ជា​កត្តា​ដែល​ជួយ​ឱ្យ​អ្នក​វិនិយោគ​មាន​ការ​ជឿ​ជាក់​៕

  • រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។

    ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖

    ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។

    ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។

    ក្រុម​ហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។

    ក្រុម​ហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។

    ក្រុម​ហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។

    ជា​សរុប បណ្ដា​គម្រោង​ដែល​មាន​​សរុប​ 35.3 លានដុល្លារ​​អាម៉េរិក​នេះ អាច​បង្កើត​ការ​ងារ​បានជាង​ 8,700 កន្លែង​៕

  • ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។

    ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។

    គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។

    Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕