Category: សង្គម និងសេដ្ឋកិច្ច

  • LG ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏បាន

    LG ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​អ្វី​ក៏បាន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាស​ចេញ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង ទ្វារ​បិទ-បើក​ស្វ័យប្រវត្តិ ប្រភេទ​កញ្ចក់​LED ដូចគ្នា​នឹង​អេក្រង់​ស្មា​ត​ហ្វូ​ន ឬ​កញ្ចក់​របស់​ទូរទស្សន៍​អ៊ីចឹង​ដែរ។

    បើ​យោងតាម​ការបញ្ជាក់​ពី​អ្នកដឹកនាំ​ជាន់ខ្ពស់​របស់ LG បានឱ្យដឹងថា LG តែងតែ​នាំមក​នូវ​គំនិត និង​ស្នាដៃ​ថ្មី​សន្លាង​ជានិច្ច ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន និង​ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ។

    សូម​ជម្រាប​ផងដែរ​ថា ទ្វារ​កញ្ចក់ LED បិទ-បើក​ស្វ័យប្រវត្តិ ដែល​មិន​ធ្លាប់មាន​ពីមុនមក​មួយ​នេះ អាច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា ដាក់​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម អ្វី​ក៏បាន និង​ថែមទាំង​អាច​មើល​បាន​ទាំងសងខាង​ទៀតផង។

    តែ​យ៉ាងណាក្ដី គំនិត​ដ៏​អស្ចារ្យ​ខាងលើនេះ ប្រភពព័ត៌មាន មិនទាន់បាន​បញ្ជាក់ថា តើ​វា​នឹង​មកដល់​ទីផ្សារ​សកល នៅពេលណា​នោះទេ?៕

  • កុមារី​ម្នាក់​ត្រូវ​គ្រូ​ចាប់​ខ្មោច​វាយ​រហូតដល់​ស្លាប់ នៅក្នុង​ពិធី​បណ្ដេញ​ព្រលឹង​បិសាច

    កុមារី​ម្នាក់​ត្រូវ​គ្រូ​ចាប់​ខ្មោច​វាយ​រហូតដល់​ស្លាប់ នៅក្នុង​ពិធី​បណ្ដេញ​ព្រលឹង​បិសាច

    ក្មេងស្រី​ម្នាក់​អាយុ 9 ឆ្នាំ​ម្នាក់ ត្រូវ​ម្ដាយ និង​គ្រូមន្តអាគម​វាយតប់​ជា​បន្តបន្ទាប់​រហូត​នាំឱ្យ​បាត់បង់​ជីវិត ក្នុងពេល​ពួកគេ​ធ្វើ​ពិធី «ប្ដូរ​ព្រលឹង» នៅ​ទីរួមស្រុក Delgoda នៃ​ប្រទេស​ស្រីលង្កា។

    នគរបាល​ស្រីលង្កា កាលពី​ថ្ងៃទី 1 មីនា បានឱ្យដឹងថា បាន​ចាប់ខ្លួន​ជនសង្ស័យ 2 នាក់ ដែល​ទាក់ទិន​នឹង​ការស្លាប់​របស់​ក្មេងស្រី​ខាងលើ រួមមាន គ្រូមន្តអាគម និង​ម្ដាយ​របស់​កុមារី​នេះ។ ជនសង្ស័យ​ទាំង 2 នាក់​នេះ ត្រូវបាន​គេ​ជឿថា បាន​វាយតប់​កុមារី​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត នៅក្នុង​ពិធី​បណ្ដេញ​ព្រាយ​បិសាច​នៅក្នុង​ទីរួមស្រុក Delgoda មាន​ចម្ងាយ​ពី​រដ្ឋធានី Colombo ប្រមាណ 40 គីឡូម៉ែត្រ​ទៅ​ទិសឦសាន កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

    តុលាការ​បានចេញ​បញ្ជា​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជនសង្ស័យ​រហូតដល់​ថ្ងៃ​កាត់ក្ដី​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 12 មីនា​ខាងមុខ។ Ajith Rohana អ្នកនាំពាក្យ​របស់​នគ​របាល​ក្នុង​តំបន់ ឱ្យដឹងថា ម្ដាយ​របស់​កុមារី​រងគ្រោះ​ជឿថា កូនស្រី​របស់ខ្លួន​ត្រូវ​ខ្មោច​ចូល ទើបបាន​នាំ​នាង​ទៅ​ជួប​គ្រូមន្តអាគម​ដើម្បី «បណ្ដេញ​ព្រលឹង​ខ្មោច»។

    Ajith Rohana បន្ថែមថា ដំបូង គ្រូ​ចាប់​ខ្មោច​បាន​លាប​ប្រេងខ្យល់​លើ​ដងខ្លួន​របស់​កុមារី​នេះ ហើយ​ក្រោយមក​ក៏​យក​រំពាត់​វាយ​នាង​រហូតដល់​សន្លប់។ ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ មិនបាន​ប៉ុន្មាន​ម៉ោង​ក៏បាន​ដាច់ខ្យល់​ស្លាប់។ នគរបាល​បានធ្វើ​កោសល្យវិច័យ​សាកសព​កាលពី​ថ្ងៃទី 1 មីនា។

    ប្រភពព័ត៌មាន​ពី​ប៉ូលិស​ឱ្យដឹងថា គ្រូ​ចាប់​ខ្មោច​នេះ បាន​ចូលរួម​ធ្វើ​ពិធី​បណ្ដេញ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​ជា​ញឹកញាប់​ក្នុងអំឡុង​ច្រើន​ខែ​ចុង​ក្រោយនេះ។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឱ្យដឹងថា តើ​មាន​អ្នកណា​ទៀត​ដែលជា​ជនរងគ្រោះ​នៃ​ពិធី​ឆ្កួត​ឡប់​នេះដែរ ឬ​អត់៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា

  • គិតម៉េចឥឡូវ? តាមមួយណា.. ហ៊ិន ចាន់និរ័ត្ន តាមបេះដូង រឺតាមខួរក្បាល?

    គិតម៉េចឥឡូវ? តាមមួយណា.. ហ៊ិន ចាន់និរ័ត្ន តាមបេះដូង រឺតាមខួរក្បាល?

    ទំនាក់ទំនងរវាងពិធីការិនីសាច់សម៉ដ្ឋខ្ចី ហ៊ិន ចាន់និរ័ត្ន និងតារាចម្រៀងប្រុស Original Song ចេន បានកំពុងធ្វើឱ្យមហាជនផ្ទុះការសង្ស័យពីថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ទន្ទឹងមានការចាប់អារម្មណ៍បែបនេះ ពិធីការិនីស្រីរូបនេះ កាន់តែបង្ហោះសារប្លែកៗ ដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ពីទំនាក់ទំនងរបស់កញ្ញាកាន់តែខ្លាំងថែមទៀត។

    ថ្មីៗនេះ កញ្ញា ហ៊ិន ចាន់និរ័ត្ន បានបង្ហោះសារថា «តាមបេះដូង រឺតាមខួរក្បាល?»។ មួយឃ្លានេះ រឹតតែធ្វើឱ្យអ្នកគាំទ្រចង់ដឹងពីចម្លើយពិតរបស់កញ្ញា ឬមួយក៏ជិតមានដំណឹងល្អហើយមែនទេ។ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចូលទៅខំមិនរូបរបស់កញ្ញាថា «តាមបងចេន» អ្នកផ្សេងទៀតនិយាយថា «បើមិនចង់ឈឺចាប់ខ្លាំងនោះទេទាំងពីរនឹងមិនអាចខ្វះមួយណាបានឡើង បេះដូងនីរ័ត្នជាទាមទារនៃក្តីស្រលាញ់ ចំនែកខួរក្បាលនីរ័ត្ន​ ជាអ្នកថ្លឹងថ្លែងភាពវិជ្ជមាននិងភាពអវិជ្ជមាន»។ នៅមានអ្នកផ្សេងទៀតនិយាយបែបនេះ «ព្រោះខួរក្បាលមិនល្អ ទើបតាមបេះដូង»។

    យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រជាច្រើន ហាក់បីដូចជាចង់ឱ្យទំនាក់ទំនងរវាង ហ៊ិន ចាន់និរ័ត្ន និងតារាចម្រៀងប្រុស Original Song ចេន ក្លាយជាទំនាក់ទំនងស្នេហាពិតប្រាកដ។ តែមកទល់ពេលនេះ តារាស្រីរូបនេះ នៅមិនទាន់មានការបង្ហើបឱ្យច្បាស់ពីទំនាក់ទំនងរបស់ខ្លួននោះទេ។

  • ស្ថាបនិក​របស់ Bitcoin ​កំពុង​កាន់កាប់ 1លាន Bitcoin តម្លៃ​រាប់ម៉ឺន​លាន​ដុល្លារ​អាមេរិក

    ស្ថាបនិក​របស់ Bitcoin ​កំពុង​កាន់កាប់ 1លាន Bitcoin តម្លៃ​រាប់ម៉ឺន​លាន​ដុល្លារ​អាមេរិក

    ក្នុង​រយៈពេល​ជាង 10 ឆ្នាំ រាប់​ចាប់ពី Bitcoin បានបង្ហាញ​ខ្លួន​លើកដំបូង អត្តសញ្ញាណ​របស់​ស្ថាបនិក​នៅ​ពីក្រោយ​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ នៅតែ​ជា​អាថ៌កំបាំង​សម្រាប់​ពិភពលោក​ទាំងមូល។

    ឆ្នាំ 2007 សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដោយ​មូលហេតុ​ដំបូង​គឺ​ការដួលរលំ​របស់ Lehman Brothers ដែលជា​ធនាគារ​ធំជាងគេ​លំដាប់​ទី​បួន​នៅ​សហរដ្ឋអាមេរិក​កាលពី​ជំនាន់​នោះ។ បន្ទាប់មក​គឺជា​ការដាំ​ក្បាល​ចុះ​របស់​ផ្សា​រមូល​ប​ត្រ និង​ធនាគារ​ជាច្រើន រួម​នឹង​បណ្ដា​ក្រុមហ៊ុនធំៗ ត្រូវ​ក្ស័យធន​ជា​បន្តបន្ទាប់។ នៅក្នុង​អំឡុង​ពេលនោះ ឈ្មោះ Bitcoin-Satoshi Nakamoto បានបង្ហាញ​ខ្លួន​ជា​លើកដំបូង។

    នៅក្នុង​ខែតុលា ឆ្នាំ 2007 ជា​លើកដំបូង Bitcoin ត្រូវបាន​រំលឹក​ដល់​នៅក្នុង​អត្ថបទ​មួយ​និយាយ​អំពី​របៀប​ទូទាត់​របស់​បុគ្គល​ម្នាក់ មាន​ឈ្មោះថា Satoshi Nakamoto។

    យោងតាម​ឯកសារ P2P Foundation បុគ្គល​ឈ្មោះ Satoshi Nakamoto បាន​ហៅ​ខ្លួនឯង​ថា​ជា​បុរស​ម្នាក់​មកពី​ប្រទេស​ជប៉ុន កើត​ឆ្នាំ 1975។ ប៉ុន្តែ មានមតិ​ជាច្រើន​និយាយថា បុរស់​នេះ​មិនមែន​មកពី​ប្រទេស​ជប៉ុន​នោះទេ។

    មូលហេតុ​ដែលថា​បុរស​នេះ​មិនមែនជា​មនុស្ស​មកពី​ជប៉ុន នោះ​គឺ ទីមួយ អត្ថបទ​សាធារណៈ​របស់ Satoshi សរសេរ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​ដូច​ទៅនឹង​ជនជាតិ​អង់គ្លេសពិត។ ទី​ពីរ ពេលវេលា​ឈប់សម្រាករ​បស់​បុរស​នេះ​ក៏​ផ្ទុយ​ពី​ល្វែង​ម៉ោង​របស់​មនុស្ស​ម្នាក់​ដែល​រស់នៅក្នុង​ប្រទេស​ជ​ប៉ុន។

    ហេតុអ្វី​បានជា Satoshi Nakamoto មិន​បង្ហាញ​អត្តសញ្ញាណ​ពិត​របស់ខ្លួន? មាន​សម្មតិកម្ម​ជាច្រើន​ត្រូវបាន​លើកឡើង ក្នុងនោះ​មាន​មូលហេតុ​ដូចជា «ដើម្បី​ចៀសវាង​ការតាមដាន​របស់​រដ្ឋា​ភិ​បាល​នានា» «ដើម្បី​លើកកម្ពស់​ភាពអាថ៌កំបាំង​របស់​ប្រព័ន្ធ​ជួញដូរ» ឬ «ដើម្បី​ចៀសវាង​ការធ្លាក់​ថ្លៃ​របស់​ប្រាក់ Bitcoin»។ល។

    ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase សង្កត់ធ្ងន់ថា៖ «បើសិនជា​អត្តសញ្ញាណ​របស់​បុគ្គ​លិ​អាថ៌កំបាំង​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង នោះ​តម្លៃ​របស់ Bitcoin អាច​ដាំ​ក្បាល​ចុះ»។

    ឯកសារ​របស់ Coinbase ក៏បាន​ឱ្យដឹងថា Satoshi Nakamoto បច្ចុប្បន្ន កាន់កាប់ Bitcoin ជាង 1 លាន​ឯណោះ។ បើ​គណនា​ទៅតាម​តម្លៃ 50,000 ដុល្លារ​អាមេរិក/Bitcoin កាលពី​ខែកុម្ភៈ ដូច្នេះ Bitcoin ចំនួន​ជាង 1 លាន​នេះ មានតម្លៃ​ស្មើនឹង​ជាង 5 ម៉ឺន​លាន (50,000,000,000)  ដុល្លារ​អាមេរិក៕

    ប្រភព៖ BI, Republicworld
    ប្រែសម្រួល​៖ បុត្រា

  • ដួង ម៉ានិច បង្ហាញដៃគូថ្មីនិយាយថា «ច្នៃខ្លួនឯងអោយមានតម្លៃ ទើបអ្នកដ៏ទៃត្រូវការយើង»

    ដួង ម៉ានិច បង្ហាញដៃគូថ្មីនិយាយថា «ច្នៃខ្លួនឯងអោយមានតម្លៃ ទើបអ្នកដ៏ទៃត្រូវការយើង»

    តារាសម្ដែងស្រី ដួង មានិច ត្រូវបានមហាជនចាប់អារម្មណ៍ចំពោះរូបភាពថ្មី ៣ សន្លឹកនឹងសារទាក់ទាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ម្ដងនេះកញ្ញាមិនបានបង្ហោះរូបភាពស្និតស្នាលកៀកកើយជាមួយ លោក បុត្រ នោះទេ តែជាតួប្រុសវ័យក្មេង និងជា Vlogger ថែមទៀត មានឈ្មោះ PuthyChhat VanLy។

    តារាស្រីល្បីឈ្មោះរូបនេះ បានបង្ហោះសារថា « ច្នៃខ្លួនឯងអោយមានតម្លៃ ទើបអ្នកដ៏ទៃត្រូវការយើង។ បើនៅតែបន្តការអភិវឌ្ឍន៍ខ្លួនឯង ភាពជោគជ័យដែលវាកំពុងរត់មករកយើងនោះវាក៏នៅតែបន្តរត់មករកយើងដូចគ្នា PuthyChhat VanLy»។ សារនេះគេមិនបានដឹងប្រាកដថា កញ្ញាកំពុងលើកទឹកចិត្តដល់ដៃគូក្នុងរូបភាព ឬយ៉ាងណានោះទេ។

    បន្ទាប់គេឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយតួប្រុសថ្មីហើយនោះ អ្នកគាំទ្រគ្រប់គ្នា ក៏តាម Comment រូបកញ្ញានិង លោក បុត្រ នៅពីក្រោមរូបភាពនោះថែមទៀត៕

     

  • សណ្ឋាគារ​អវកាស​ដំបូង​គេ​​បង្អស់​ក្នុង​ពិភពលោក នឹង​ហោះចូល​គន្លង​គោចរ​ចាប់ពី​ឆ្នាំ 2025

    សណ្ឋាគារ​អវកាស​ដំបូង​គេ​​បង្អស់​ក្នុង​ពិភពលោក នឹង​ហោះចូល​គន្លង​គោចរ​ចាប់ពី​ឆ្នាំ 2025

    ការសាងសង់​សណ្ឋាគារ​អវកាស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម ហើយ​វា​គ្រោង​នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គន្លង​គោចរ​ក​ម្ពា​ស់ទាប​របស់​ផែនដី នៅក្នុង​ឆ្នាំ 2025 ខាងមុខ។

    ទីភ្នាក់ងារសារព័ត៌មាន​អង់គ្លេស Daily Mail កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2021 បាន​ចុះផ្សាយ​ថា សណ្ឋាគារ​អវកាស​ដែលមាន​ឈ្មោះថា Voyager Station នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OAC របស់​សហរដ្ឋអាមេរិក។ Voyager Station នឹងមាន​រូបរាង​ជា​រង្វង់​មូល​ដ៏​ធំ ដោយមាន​អង្កត់ផ្ចិត 61 ម៉ែត្រ ដែល​ក្នុងនោះ​មាន​ភោជនីយដ្ឋាន រោងកុន ស្ប៉ា និង​បន្ទប់​សម្រាប់​ទេសចរ​ចំនួន 400 នាក់។

    នៅលើ Voyager Station ក៏មាន​កាប៊ីន​ភ្ជាប់​បន្ថែម​នៅ​ជុំវិញ​សណ្ឋាគារ ដែល​គ្រោង​នឹង​លក់​ទៅឱ្យ​ទី​ភ្នា​ក់​អវកាស​អាមេរិក (NASA) និង​អឺរ៉ុប (ESA) សម្រាប់​ការសិក្សា​ស្រាវជ្រាវ។ ក្រុមហ៊ុន OAC ឱ្យដឹងថា គម្រោង​នេះ​នឹងត្រូវ​បើក​ដំណើរការ​ទទួលភ្ញៀវ​ចាប់ពី​ឆ្នាំ 2027។

    OAC មិនទាន់​ប្រកាស​អំពី​ខ្ទង់ចំណាយ​នៅក្នុង​ការសាងសង់ Voyager Station ប៉ុន្តែ ក្រុមហ៊ុន​នេះ​បង្ហើប​ឱ្យដឹងថា ការចំណាយ​លើ​ការសាងសង់​នឹង​អាច​កាត់បន្ថយ​បាន​ច្រើន ដោយសារតែ​មធ្យោបាយ​ដឹកជញ្ជូន​ពី​ផែនដី​អាច​ប្រើប្រាស់​ឡើងវិញ ដូចជា​កាំជ្រួច Falcon 9 និង​យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX ជាដើម។

    ខ្ទង់ចំណាយ​សម្រាប់​ការដឹកជញ្ជូន​សម្ភារ​ឡើងទៅ​កាន់​ទី​អវកាស​គឺ 8,000ដុល្លារ/គីឡូក្រាម ប៉ុន្តែ ការប្រើប្រាស់ Falcon 9 ការចំណាយ​នេះ​អាច​ធ្លាក់​មក​នៅត្រឹម 2,000ដុល្លារ/គីឡូក្រាម៕

    ប្រភព​៖ Daily Mail
    ប្រែសម្រួល​៖ បុត្រា​

  • ធ្វើ​អ៊ីចឹង​ក៏បាន​ដែរ​ឬ? ស្ត្រី​ម្នាក់​មិន​ពាក់​ម៉ាស់​ការពារ សន្តិសុខ​បណ្ដេញ​​ចេញ​ពី​​ហាង​ ស្រាប់តែ​ដោះ…យកមក​ពាក់​តែម្ដង

    ធ្វើ​អ៊ីចឹង​ក៏បាន​ដែរ​ឬ? ស្ត្រី​ម្នាក់​មិន​ពាក់​ម៉ាស់​ការពារ សន្តិសុខ​បណ្ដេញ​​ចេញ​ពី​​ហាង​ ស្រាប់តែ​ដោះ…យកមក​ពាក់​តែម្ដង

    ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​ថត​នៅក្នុង​ហាង​ស៊ូ​ភើរ​ម៉ា​ខេ​ត​មួយ ដែលមាន​ឈ្មោះថា Pick n Pay ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយមាន​ស្ត្រី​ម្នាក់ កំពុង​ដើរ​ទិញ​ទំនិញ​នៅក្នុង​ហាង និង​មិនបាន​ពាក់​ម៉ាស់​អនាម័យ​ការពារ​អ្វី​ទាំងអស់។ នៅពេលដែល​ខាង​បុគ្គលិក​សន្តិសុខ​ប្រទះឃើញ ក៏បាន​ចូលមក​ដាស់តឿន និង​ប្រាប់ថា នឹងមិន​អនុញ្ញាត​ឱ្យប្រើ សេវាកម្ម​ហាង​នេះ​ទៀត​ទេ បើ​នាង​នៅតែ​មិន​ព្រម​ពាក់​ម៉ាស់​អនាម័យ​ការពារ តែ​នាង​ហាក់ដូចជា​គ្មាន​ឥរិយាបថ​ភិតភ័យ ឬ​ញាប់​ញ័រ​អ្វី​ទាំងអស់ ព្រមទាំង​អះអាងថា មិនបាន​យក​ម៉ាស់​មកជា​មួយ​ទៀតផង។

    សូម​រំឭកថា កាលពី​ឆ្នាំ2020 លោក សៃ​រ៊ី​ល រ៉ា​ម៉ា​ហ្វូ​សា ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ថ្លែងថា អ្នកណា​ដែល​មិន​ពាក់​ម៉ាស់​អនាម័យ​ការពារ​នៅក្នុង​ទីសាធារណៈ គឺ​នឹងមាន​កំហុស​ស្មើនឹង​ទោសឧក្រិដ្ឋ អាច​ត្រូវ​ចាប់ខ្លួន និង​អនុវត្តតាម​នីតិវិធី​ច្បាប់។

    បុគ្គលិក​សន្តិសុខ​រូបនោះ បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល ឱ្យ​នាង​ព្រម​ពាក់​ម៉ាស​កា​ពារ តែ​នៅតែ​មិន​ទទួលបាន​ការសហការ​អំពី​ស្ត្រី​រូបនោះ​ឡើយ។ ទីបំផុត ក៏​ប្រើ​ក្បាច់​ចុងក្រោយ ដោយ​គំរាមថា បើ​នៅតែ​មិន​ព្រមធ្វើ​តាមរបៀប​វិន័យ​ទេ គេ​នឹង​នាំខ្លួន​នាង ចេញពី​ហាង​នេះ​ភ្លាម​តែម្ដង…។

    ភ្លាមៗនោះឯង ស្ត្រី​រូបនោះ ក៏​ចាប់​ផ្ដើមធ្វើ​រឿង​មួយ ដែល​គ្មាន​អ្នកណា​នឹកស្មាន​ដល់ គឺ​នាង​បាន​លូកដៃ​ចូលទៅក្នុង​សំពត់​រ៉ូ​ប ដែល​នាង​កំពុង​ស្លៀក ចាត់ការ​ដោះ​ខោ​លី​អូ​ពណ៌​ខ្មៅ​ចេញមក ហើយ​លើក​យកមក​ពាក់​នៅលើ​ផ្ទៃមុខ ដើម្បី​ជំនួស​ឱ្យ​ម៉ាស់​អនាម័យ​ការពារ​បណ្ដោះអាសន្ន បន្ទាប់ពីនោះ ក៏​លើក​មេដៃ ដាក់​ភ្នា​ក់​សន្តិសុខ​នោះ ក្នុង​ទំនងជា​សំណួរ​ថា ប៉ុន​ហ្នឹង​អូ​ខេ​នៅ? ក្រោម​ក្ដី​ភ្ញាក់ផ្អើល និង​ហួសចិត្ត​របស់​អ្នក​ដែលនៅក្បែរៗនោះ​គ្រប់គ្នា។

    https://www.youtube.com/watch?v=Aw1eJOipLG0

    ទិដ្ឋភាព​ទាំងនេះ បាន​ក្លាយជា​ឃ្លិប​វីដេអូ​ដ៏​សែន​ហួសចិត្ត​មួយ នៅក្នុង​បណ្ដាញ​សង្គម​អន​ឡាញ អ្នក​ដែល​បានឃើញ​ជាច្រើន​នាក់ បាន​ភ្ញាក់ផ្អើល និង​មិន​យល់ស្រប​ចំពោះ​ទង្វើ​របស់​ស្ត្រី​រូបនោះ​ឡើយ ដោយ​អ្នកខ្លះ​និយាយថា “គួរឱ្យ​ស្អប់ខ្ពើម”, “នៅផ្ទះ ហើយ​ទិញ​អីវ៉ាន់​តាម​អន​ឡាញ​វិញ​ទៅ បើ​មិន​ចូលចិត្ត​ពាក់​ម៉ាស់​ការពារ​បែបនេះ”, “ពួកគេ​មិនគួរ​ឱ្យ​នាង​ចូលទៅក្នុង​ស៊ូ​ភើរ​ម៉ា​ខេ​ត ដោយ​មិនបាន​ពាក់​ម៉ាស់​ការពារ​បែបនេះ​តាំងពី​ដំបូង…គួរឱ្យ​ខ្ពើម​ឆ្អើម​បំផុត”៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន dailystar
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • «ត្រឡប់» មាស សុខសោភា ក្នុងបទចម្រៀងឡើងកម្សត់ មកមើលសកម្មភាពក្រៅឆាកផ្ទុះសំណើចយ៉ាងនេះ

    «ត្រឡប់» មាស សុខសោភា ក្នុងបទចម្រៀងឡើងកម្សត់ មកមើលសកម្មភាពក្រៅឆាកផ្ទុះសំណើចយ៉ាងនេះ

    រាជិនីសំឡេងធម្មជាតិ មាស សុខសោភា បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលឃើញពីសកម្មភាពថត MV និង Short Film បទ«ត្រឡប់» ជាបទដំបូងនៅក្នុងផលិតកម្មរាម។

    តាមរយៈ MV បានបញ្ចាំងឱ្យឃើញសាច់រឿងយ៉ាងកម្សត់រវាងស្នេហាប្រុសស្រីមួយគូ ដែលមានក្ដីស្រឡាញ់ស្មោះនឹងគ្នា។ ក៏ប៉ុន្ដែអ្វីគ្រប់យ៉ាងហាក់បីដូចជាក្ដីស្រម៉ៃ ដែលធ្វើឱ្យមនុស្សស្រីម្នាក់ត្រូវរងចាំការត្រឡប់មកវិញរបស់គូស្នេហ៍ ដើម្បីបន្ដក្ដីសន្យាម្ដងទៀត ដែលថាស្រឡាញ់គ្នាមិនលែងដៃ។

    សាច់រឿងមើលទៅកម្សត់ តែសកម្មភាពក្រៅឆាកថតសម្ដែងវិញ ម្នាក់ផ្ទុះសំណើចមិនបាត់ឡើយ។ ចង់ដឹងថា សកម្មភាពបែបណាខ្លះ ទស្សនារូបភាពខាងក្រោមនេះ៖

  • ដេញថ្លៃ​ត្បូង​ពេជ្រ​ទម្ងន់ 242កា​រ៉ា​ត 1គ្រាប់ តម្លៃ​បឋម 2លាន​ដុល្លារ​អាមេរិក

    ដេញថ្លៃ​ត្បូង​ពេជ្រ​ទម្ងន់ 242កា​រ៉ា​ត 1គ្រាប់ តម្លៃ​បឋម 2លាន​ដុល្លារ​អាមេរិក

    ពេជ្រ​មិនទាន់​ច្នៃ​ដែលមាន​ទម្ងន់ 242 កា​រ៉ា​ត​ដ៏​កម្រ​មួយ​គ្រាប់​របស់​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ Alrosa នៅ​រុស្ស៊ី នឹងដាក់​លក់​ក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង Dubai នៃ​ប្រទេស​អារ៉ាប់​រួម (UAE) ក្នុង​ថ្ងៃទី 22 មីនា​ខាងមុខ។

    នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 26 កុម្ភៈ ក្រុមហ៊ុន Alrosa ឱ្យដឹងថា ត្បូង​ពេជ្រ​នេះ​មាន​ទំហំ​ប៉ុន​ពង​មាន់​​តូច​មួយ​គ្រាប់ ហើយ​វា​នឹងត្រូវ​ដាក់លក់​ដេញថ្លៃ ដោយ​ចាប់ផ្ដើម​ពី​តម្លៃ 2 លាន​ដុល្លារ​អាមេរិក។ នេះ​គឺជា​ពេជ្រ​មួយ​គ្រាប់​ក្នុងចំណោម​ត្បូង​ពេជ្រ​ធំជាងគេ​ដែល Alrosa បាន​រកឃើញ​នៅក្នុង​សតវត្សរ៍​នេះ។

    លោក Evgeny Agureev នាយក​ផ្នែក​ជំនួញ​របស់ Alrosa បាន​អះអាងថា គ្រាប់ពេជ្រ​ដែលមាន​ទម្ងន់​ចាប់ពី 100 កា​រ៉ា​ត​ឡើងទៅ​គឺ​ពិតជា​កម្រ​បាន​ជួប​ខ្លាំងណាស់ ហើយ​វា​ក៏​កម្រ​នឹង​បានឃើញ​គេ​ដាក់លក់​ដេញថ្លៃ​ផងដែរ។

    5 ឆ្នាំមុន ពេជ្រ​មិនទាន់​ច្នៃ​មួយ​គ្រាប់​ដែលមាន​ទម្ងន់​ស្រដៀង​គ្រាប់ពេជ្រ​ខាង​លើក ក៏ត្រូវ​បាន​គេ​ដាក់លក់​ដេញថ្លៃ។ នេះ​គឺជា​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ជា​អន្តរជាតិ​លើក​ទី 100 របស់ Alrosa។

    Alrosa គឺជា​ក្រុមហ៊ុន​រុករក​ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​អំពី​ទំហំ​នៃ​គ្រាប់ពេជ្រ​ទាំងឡាយ​ដែល​ក្រុមហ៊ុន​នេះ​បាន​រកឃើញ។ បច្ចុប្បន្ន Alrosa កំពុង​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពេជ្រ De Beers របស់​ក្រុមហ៊ុន Anglo American មកពី​ចក្រភព​អង់គ្លេស។ De Beers គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពេជ្រ​មិនទាន់​ច្នៃ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​អំពី​តម្លៃ៕

    ប្រភព​៖ RT
    ប្រែសម្រួល​៖ បុត្រា

  • CEO របស់ Coinbase ទទួលបាន​ជោគជ័យ បន្ទាប់ពី​ចាត់ទុក Bitcoin ជា «គូស្នេហ៍​ដំបូង»

    CEO របស់ Coinbase ទទួលបាន​ជោគជ័យ បន្ទាប់ពី​ចាត់ទុក Bitcoin ជា «គូស្នេហ៍​ដំបូង»

    ដូចដែល​បាន​រាប់រាប់​ក្នុង​អត្ថបទ​មុន Coinbase ដែលជា​ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក (ឌីជីថល) ធំជាងគេ និង​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ទើបតែ​បានដាក់​ពាក្យស្នើសុំ​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង) ជា​ផ្លូវការ។ Coinbase គឺជា​ថ្នាល​ដ៏​ធំ​មួយ​ដែល​ជួយ​ឱ្យ​អតិថិជន​អាច​ទិញ លក់ និង​រក្សាទុក​រូបិយវត្ថុ​ឌីជីថល ដូចជា Bitcoin និង Ether ជាដើម។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​ឈ្មួញកណ្ដាល​​ផ្នែក​រូបិយវត្ថុ​ឌីជីថល ដែល​ប្រកួតប្រជែង​ផ្ទាល់់​ជាមួយនឹង Coinmama, CEX.IO និង Gemini។ យោងតាម CNN ផ្សារ​ជួញដូរ​រូបិយវត្ថុ​អេឡិចត្រូនិក Coinbase រៀបចំ​គម្រោង​ធ្វើ IPO នៅ​ខែធ្នូ​ខាងមុខ។

    ព័ត៌មាន​នៅលើ​គេហទំព័រ​របស់ Coinbase ឱ្យដឹងថា មាន​អ្នកវិនិយោគ​លើ​រូបិយវត្ថុ​ឌីជីថល ចំនួន 43 លាន​នាក់ កំពុង​ប្រើប្រាស់ Coinbase ដែល​ការជួញដូរ​នេះ​មានតម្លៃ​សរុប​ស្មើនឹង 455 ពាន់​លាន​ដុល្លារ​អាមេរិក និង​កាន់កាប់​ទ្រព្យ​សរុប 9 ម៉ឺន​លាន​ដុល្លារ​នៅ​ទូទាំង​ប្រព័ន្ធ Coinbase។

    Coinbase ត្រូវបាន​បង្កើតឡើង​ដោយ Brian Armstrong និង Fred Ehrsam កាលពី​ខែមិថុនា ឆ្នាំ 2012។ ក្រុមហ៊ុន​នេះ​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Brian បាន​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ម្នាក់​នៅ​សហរដ្ឋអាមេរិក ដោយមាន​ទ្រព្យ 6.5 ពាន់​លាន​ដុល្លារ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Forbes។ ក្រោយពី​ប្រមូល​ទុន​បាន 300 លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ Tiger Global កាលពី​ឆ្នាំ 2018 ក្រុមហ៊ុន Coinbase ត្រូវបាន​កំណត់​ថ្លៃ​ត្រឹម 8 ពាន់​លាន​ដុល្លារ។

    Brian Armstrong ចាត់ទុក Bitcoin ជា «គូស្នេហ៍​ដំបូង»

    Brian Armstrong កើត​ថ្ងៃទី 25 មករា ឆ្នាំ 1983 គឺជា CEO បច្ចុប្បន្ន​របស់ Coinbase ដែលជា​ផ្សារ​ជួញដូរ Bitcoin ធំ​បំផុត និង​ពេញនិយម​បំផុត​ក្នុង​ពិភពលោក។ បុរស​នេះ​ធ្លាប់បាន​បង្ហាញ​វត្តមាន​ជាច្រើនលើក​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់ Under 40 និង​ត្រូវបាន​សរសើរ​ថា​ជា «Rockstar មួយរូប​នៅក្នុង​សហគមន៍ Bitcoin»។ Brian Armstrong គឺជា​អ្នកគាំទ្រ​នៅ​ជួរមុខ​ទាក់ទង​នឹង​ការប្រើប្រាស់ និង​ជួញដូរ Bitcoin។

    មហា​សេដ្ឋី Brian Armstrong

    លោក Brian Armstrong បានដឹង​ច្បាស់​អំពី Bitcoin ជា​លើកដំបូង កាលពី​ឆ្នាំ 2010។ មុននេះ លោក​ធ្លាប់បាន​និយាយប្រាប់​អំពី​ការដែល​លោក​បានដឹង​ការពិត​ថា មាន​ទីផ្សារ​ជាច្រើន​កំពុង​ជួញដូរ Bitcoin ហើយ​ភ្លាមនោះ លោក​ក៏​មើលឃើញ​ឱកាសល្អ។ Brian Armstrong ចាប់ផ្ដើម​គិត​រក​វិធី​ដើម្បី​ប្រើប្រាស់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ ហើយ​វា​គឺជា​វិធី​ដែល Coinbase ត្រូវបាន​បង្កើតឡើង។

    នៅ​ខែឧសភា ឆ្នាំ 2011 Brian Armstrong ចាប់ផ្ដើម​ចូលធ្វើ​ការឱ្យ Airbnb ក្នុងនាម​ជា​វិស្វករ​ផ្នែក​ទន់។ Brian Armstrong  បាន​ចូល​ជា​សមាជិក​របស់ UniversityTutor.com ក្នុង​គ្រា​កំពុងធ្វើការ​ឱ្យ Airbnb។ លោក​ធ្វើការ​នៅទីនេះ​បាន​ជាង​មួយឆ្នាំ ហើយក៏​ចាកចេញ​នៅក្នុង​ខែមិថុនា 2012 នៅពេល​បង្កើត Coinbase។

    ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​សេដ្ឋកិច្ច ក៏ដូចជា​បទពិសោធន៍​លើ​ការសរសេរ​កូដ​កុំព្យូទ័រ Brian Armstrong បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ជំហាន​ចេញ​ធ្វើ​ជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នៅពេល​បានដឹង​ច្បាស់​អំពី Bitcoin បុរស​នេះ​ក៏បាន​រិះរក​វិធី​ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​រូបិយវត្ថុ​អេឡិចត្រូនិក​មួយ​នេះ។

    ខែកក្កដា ឆ្នាំ 2017 Brian Armstrong និង Fred Ehrsam បាន​រួមដៃគ្នា​បង្កើត Coinbase។ Coinbase ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្សារ​មួយ​ដែល​អនុញ្ញាតឱ្យ​គ្រប់គ្នា​ទិញ Bitcoin។ រដូវក្ដៅ​ឆ្នាំ 2012 Brian និង Fred បាន​ទៅ​ចុះឈ្មោះ Coinbase នៅក្នុង​ថ្នាល​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​បើកមុខ​ជំនួញ​ថ្មី Y Combinator។ ថ្នាល​នេះ​មានឈ្មោះ​ល្បីល្បាញ ដោយ​សារបាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ថ្មី​ជាច្រើន ដូចជា Dropbox, Weebly, Reddit និង Airbnb ជាដើម។ Coinbase បានបង្ហាញ​ខ្លួន​ពេញលេញ​កាលពី​ខែតុលា 2012 នៅពេល​ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ទិញ និង​លក់ Bitcoin តាមរយៈ​ការផ្ទេរ​ប្រា​ក់នៅ​ធនាគារ។

    Coinbase គឺជាថ្នាលដ៏ធំមួយដែលជួយឱ្យអតិថិជនអាចទិញ លក់ និងរក្សាទុករូបិយវត្ថុឌីជីថល ដូចជា Bitcoin និង Ether ជាដើម

    រៀបរាប់​អំពី​ដំណាក់កាលដំបូងៗ សហ​ស្ថាបនិក​របស់ Coinbase លោក Brian បាន​និយាយថា៖ «Coinbase គឺជា​របកគំហើញ​ដ៏​សំខាន់​សម្រាប់​សម័យ​ទំនើប និង​នាំឱ្យ​ពិភពលោក​ត្រូវ​ផ្លាស់ប្ដូរ។ ពិតជា​អស្ចារ្យ​នៅពេល​បានឃើញ​ប្រព័ន្ធ​ទាំងមូល​កំពុង​រីកចម្រើន​ជុំវិញ​របកគំហើញ​ដ៏​មហិមា​នេះ ប៉ុន្តែ សម្រាប់​ខ្ញុំ Bitcoin នៅតែ​ជា​ក្ដី​ស្នេហ៍​ដំបូង»។

    សន្យាថា​នឹង​បរិច្ចាគ​ទ្រព្យ​ភាគច្រើន​របស់លោក កាលពី​អាយុ​ទើបតែ 34ឆ្នាំ

    កាលពី​ខែធ្នូ ឆ្នាំ 2018 នៅក្នុង​វ័យ 34 ឆ្នាំ លោក Brian Armstrong បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ​មួយ ជាមួយនឹង The Giving Pledge ដែល​ត្រូវបាន​មហាសេដ្ឋី Warren Buffett និង Bill Gates បង្កើតឡើង​កាលពី​ឆ្នាំ 2010។ បុគ្គល​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​គឺ សុទ្ធតែជា​មហាសេដ្ឋី ឬ​ជិត​ក្លាយជា​មហាសេដ្ឋី ប៉ុន្តែ​មានចិត្ត​សប្បុរស ចង់​បរិ​ច្ឆា​គ​ទ្រព្យ​ភាគច្រើន​របស់ខ្លួន​សម្រាប់​សកម្មភាព​មនុស្សធម៌។

    មុន​នោះ Brian ក៏​សកម្ម​នៅក្នុង​កិច្ចការ​មនុស្សធម៌ ដោយ​លោក​បាន​បង្កើត GiveCrypto (givecrypto.org)។ អង្គ​ការមិន​ស្វែងរក​កម្រៃ​នេះ ទទួលយក បែងចែក​ប្រាក់​អេឡិចត្រូនិក និង​ធ្វើការ​ប្រគល់​ប្រាក់​ដោយផ្ទាល់​ទៅឱ្យ​អ្នកក្រីក្រ​ដែលជា​ក្រុម​គោលដៅ​របស់​ពួកគេ៕

    ប្រភព​៖ Forbes, BI
    ប្រែសម្រួល​៖ បុត្រា