Category: សង្គម និងសេដ្ឋកិច្ច

  • ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ Amazon ខ្ពស់ជាង 1ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ 2020

    ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ Amazon ខ្ពស់ជាង 1ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ 2020

    វីរុស​មហា​រាតត្បាត Covid-19 បាន​នាំឱ្យ​មនុស្សម្នា​ជ្រើសរើស​វិធី​ទិញ​ទំនិញ​តាម​អន​ឡាញ ចំណែក​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ចម្ងាយ ដែល​នេះ​បាន និង​កំពុង​នាំមក​នូវ​ឱកាស​យ៉ាង​ប្រសើរ​ដល់​ក្រុមហ៊ុន Amazon របស់​មហាសេដ្ឋី Jeff Bezos។

    ក្រុមហ៊ុន Amazon មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 2 ដែល​កំពុង​រក​ចំណាយបាន​ច្រើនជាងគេ រួមមាន ផ្សារ​អន​ឡាញ Amazon និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ព័ត៌មានវិទ្យា Amazon Web Services (AWS)។ របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាស​ទី 4 ដែល​ត្រូវបាន​ប្រកាស​កន្លងមក បាន​បង្ហាញថា ជា​លើកដំបូង​ហើយ​ដែល​ប្រាក់ចំណូល​របស់ Amazon បាន​លោត​ផុត​ចំណុច 100 ពាន់​លាន​ដុល្លារ​អាមេរិក។

    គិត​ត្រឹម​ចុងខែ​មីនា​នេះ Amazon គ្រោង​នឹង​រកបាន​ចំណូល​ចាប់ពី 100-106 ពាន់​លាន​ដុល្លារ និង​ចំណេញ​ចាប់ពី 3-6.5 ពាន់​ដុល្លារ។ ប៉ុន្តែ ក្រុមអ្នកវិភាគ​បាន​ព្យាករ​ថា ប្រាក់ចំណូល​ជា​មធ្យម​នៅក្នុង​ត្រីមាស​ទីមួយ​របស់ Amazon នា​ឆ្នាំនេះ នឹង​បានត្រឹមតែ 95.72 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់ចំណេញ​នឹង​បាន​ត្រឹម 6.07 ពាន់​លាន​ដុល្លារ។

    ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ខាងលើ នោះ​គឺថា ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មួយថ្ងៃ​របស់​ក្រុមហ៊ុន​នេះ ខ្ពស់ជាង 1 ពាន់​លាន​ដុល្លារ​ទៅទៀត។ បច្ចុប្បន្ន ក្នុងចំណោម​ក្រុមហ៊ុនធំៗនៅ​សហរដ្ឋ​អាមេរិក មានតែ​ក្រុមហ៊ុន​លក់រាយ Wal-Mart តែមួយគត់​ដែល​រកបាន​ចំណូល​ប្រហាក់ប្រហែល​នេះ។ កាលពី​អតីត​កាល ឯតទគ្គ​កម្មនេះ​បាន​ទៅលើ ExxonMobil ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ពហុ​ជាតិ​របស់​សហរដ្ឋអាមេរិក ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Irving រដ្ឋ Texas។

    យោងតាម​របាយការណ៍​របស់ EMarketer ការចំណាយ​តាមរយៈ​អន​ឡាញ​របស់​ជនជាតិ​អាមេរិកាំង​នៅក្នុង​ឆ្នាំ 2021 នេះ នឹង​ឡើងដល់ 843.0 ពាន់​លាន​ដុល្លារ កើន 6.1% បើ​ធៀប​នឹង​ឆ្នាំ 2020។ ប៉ុន្តែ នៅពេល​ស្ថានភាព Covid-19 បានល្អ​ប្រសើរ​ឡើងវិញ កំណើន​នៃ​ការទិញ​ដូរ​តាម​អន​ឡាញ​នឹងត្រូវ​ថយចុះ​មិន​ខាន ហើយ​ពេលនោះ ប្រាក់ចំណូល​របស់ Amazon ក៏​អាច​នឹងត្រូវ​ថយចុះ៕

    ប្រភព៖ Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-យានអវកាសគំរូ Starship SN10 ហោះ​ឡើង និង​ចុះចត​ដោយ​ជោគជ័យ ប៉ុន្តែ​បាន​ផ្ទុះ​ខ្ទេចខ្ទី​ក្រោយពី​ឈរលើ​ដី​បាន 8នាទី

    (វីដេអូ)-យានអវកាសគំរូ Starship SN10 ហោះ​ឡើង និង​ចុះចត​ដោយ​ជោគជ័យ ប៉ុន្តែ​បាន​ផ្ទុះ​ខ្ទេចខ្ទី​ក្រោយពី​ឈរលើ​ដី​បាន 8នាទី

    យានអវកាស​គំរូ​សាកល្បង Starship SN10 របស់​មហាសេដ្ឋី​អាមេរិក Elon Musk ដែល​បាន​ផ្ទុះ​ខ្ទេចខ្ទី​នៅលើ​ទីលាន​ចុះចត ក្នុង​តំបន់ Boca Chica នៃ​រដ្ឋ Texas អាច​កើតឡើង​ដោយសារ​បញ្ហា​ហៀរ​ប្រេង។

    យានអវកាស Starship SN10 បាន​ចុះចត​ដោយ​ជោគជ័យ​ក្រោយពី​បាន​ហោះ​សាកល្បង​ទៅកាន់​រយៈកម្ពស់​ខ្ពស់​កាលពី​ថ្ងៃទី 3 មីនា ដែលជា​ជោគជ័យ​ដ៏​ធំ​មួយទៀត​របស់​ក្រុមហ៊ុន​អវកាស SpaceX។ ក៏ប៉ុន្តែ យានអវកាស​នេះ​បាន​ផ្ទុះ​ខ្ទេចខ្ទី​គ្មាន​សល់ ក្រោយ​ការ​ចុះចត​ដោយ​ជោគជ័យ​បាន​ប្រហែល 8 នាទី។

    យានអវកាស SN10 ដែល​ត្រូវបាន​ច្នៃ​ពី​ដែក​អ៊ី​ណុ​ក​នេះ ត្រូវបាន​បាញ់​បង្ហោះ​ពី​មូលដ្ឋាន​របស់ SpaceX នៅក្នុង​រដ្ឋ Texas ខាងត្បូង នា​វេលា​ម៉ោង 6:15នាទី​យប់​នៃ​ថ្ងៃទី 3 មីនា (ម៉ោង 6:15 នាទី​ព្រឹក ថ្ងៃទី 4 មីនា នៅ​ភ្នំពេញ) និង​បាន​ហោះ​ឡើងដល់​កម្ពស់ 10 គីឡូម៉ែត្រ រួច​ក៏​ទម្លាក់ខ្លួន​ចុះមក​កាន់​ផែនដី​បាន​យ៉ាង​ល្អ ក្រោយ​ហោះ​ឡើង​បាន 6នាទី និង 20វិនាទី។ នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល Starship បាន​ហោះ​ឡើងទៅ​កាន់​កម្ពស់​ខ្ពស់​ដូច្នេះ ប៉ុន្តែ​ជា​លើកដំបូង​ដែល​យានអវកាស​នេះ​បាន​ចុះចត​ដោយ​ជោគជ័យ។ ក៏ប៉ុន្តែ ក្រោយពី​បាន​ចុះចត​ដល់​ដី​បាន​ជោគជ័យ អណ្ដាតភ្លើង​ក៏​ឆាបឆេះ​នៅត្រង់​ជើង​យាន SN10 ហើយក៏​បង្កឱ្យមាន​ការ​ផ្ទុះ​យ៉ាងខ្លាំង​ក្លា។

    កំណែ​យានអវកាស SN8 និង SN9 ដែលជា​រៀមច្បង​របស់ SN10 ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី 9 ធ្នូ 2020 និង​ថ្ងៃទី 2 កុម្ភៈ 2021 សុទ្ធតែ​បាន​ហោះ​ឡើង​ដោយ​ជោគជ័យ ប៉ុន្តែ​បាន​ចុះចត​ដោយ​បរាជ័យ ដោយសារ​ផ្ទុះ​ឆេះ​ជា​បំណែក​ក្នុងពេល​ចុះចត។

    SpaceX កំពុង​អភិវឌ្ឍ​យានអវកាស Starship ដើម្បី​ដឹក​មនុស្ស និង​សម្ភារ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ព្រះ​អង្គារ និង​ទី​អវកាសឆ្ងាយៗផ្សេងទៀត។ ប្រព័ន្ធ​របស់ Starship រួមមាន យានអវកាស​កម្ពស់ 50 ម៉ែត្រ​ដែលមាន​ឈ្មោះ​ថា Starship និង​កាំជ្រួច​រុញច្រាន​ដ៏​ធំ​មួយគ្រឿង ឈ្មោះ Super Heavy។ Starship និង Super Heavy សុទ្ធ​តែ​​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ទាំងស្រុង និង​ឆាប់រហ័ស៕

    ប្រភព៖ Space
    ប្រែ​សម្រួល៖ បុត្រា

  • កាដូ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​នៅ​​ក្នុង​ពិភព​លោក សម្រាប់​ទិវា​សិទ្ធិនារី​អន្តរជាតិ 8មីនា

    កាដូ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​នៅ​​ក្នុង​ពិភព​លោក សម្រាប់​ទិវា​សិទ្ធិនារី​អន្តរជាតិ 8មីនា

    ជូន​កាដូ​ណាមួយ​ក្នុងចំណោម​អំណោយ​ទាំងឡាយ​ខាងក្រោម​នេះ​ទៅឱ្យ Crush របស់​អ្នក ខ្ញុំ​ជឿជាក់ថា នាង​នឹង​យល់ព្រម​រៀបការ​ជាមួយ​អ្នក​មិន​ខាន ព្រោះ​វា​ថ្លៃ​ជាងគេ​ក្នុង​ពិភពលោក។

    វ៉ែនតា Chopard De Rigo Vision
    តម្លៃ៖ 407,864 ដុល្លារ​អាមេរិក

    វ៉ែនតា​ដែល​ផលិត​ដោយ​ក្រុមហ៊ុន De Rigo Vision និង Chopard នេះ មាន​រូបរាង​ស្រស់ស្អាត​បំផុត ហើយ​ត្រូវបាន​ចាត់ទុកជា​អំណោយ​យ៉ាង​មហាអស្ចារ្យ​សម្រាប់​ជូន​ដល់​នារី​ជាទី​ស្រលាញ់​របស់​អ្នក​នៅក្នុង​ទិវា​សិទ្ធិនារី 8 មីនា ឬក៏​បុណ្យ​នៃ​ក្ដី​ស្រលាញ់។ ផ្នែក​ខាងចុង​របស់​វ៉ែនតា​នេះ ត្រូវបាន​លម្អ​ដោយ​មាស​សុទ្ធ​ទម្ងន់ 60 ក្រាម ហើយ​ជុំវិញ​វា​គឺជា​ពេជ្រ​ចំនួន 51 គ្រាប់។

    ប៊ិក​ដាំ​ពេជ្រ Mystery Masterpiece Limited Edition
    តម្លៃ៖ 719,760 ដុល្លារ

    ប៊ិក Mystery Masterpiece Limited Edition ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Montblanc សហការ​ជាមួយ Van Cleef & Arpels។ ប៊ិក​នេះ ត្រូវបាន​ដាំ​ពេជ្រ 840 គ្រាប់។

    កាបូបដៃ 1001 Nights Diamond Purse របស់ Mouawad
    តម្លៃ៖ 3,8 លាន​ដុល្លារ

    កាបូប​រាង​បេះដូង​នេះ ត្រូវបាន​ច្នៃ​ឡើង​ដោយ​ជាង​ច្នៃត្បូង​លំដាប់កំពូលៗចំនួន 10 នាក់ និង​ចំណាយពេល​អស់ 8,800 ម៉ោង​ដើម្បី​ធ្វើការ។ 1001 Nights Diamond Purse ត្រូវបានធ្វើ​អំពី​មាស​ពណ៌​ស 18K និង​លម្អ​ដោយ​ពេជ្រ​ចំនួន 4,517 គ្រាប់ ក្នុងនោះ​មាន 105 គ្រាប់​ជា​ពេជ្រ​ពណ៌​លឿង និង 56 គ្រាប់​ជា​ពេជ្រ​ពណ៌​ផ្កាឈូក ចំណែក 4,356 គ្រាប់​ទៀត ជា​ពេជ្រ​ពណ៌​ស ដែលមាន​ទម្ងន់​សរុប 381.92 កា​រ៉ា​ត។

    ចិញ្ចៀនពេជ្រ​ពណ៌​ផ្កាឈូក
    តម្លៃ៖ 1.8 លាន​ដុល្លារ

    ចិញ្ចៀនពេជ្រ​ពណ៌​ផ្កាឈូក​តែងតែ​ជា​ជម្រើស​លំដាប់​កំពូល​របស់​អ្នកជំនួញ ព្រោះ​វា​តំណាងឱ្យ​មនោសញ្ចេតនា​ស្នេហា​យ៉ាង​ជ្រាលជ្រៅ នាំមក​នូវ​ភាព​ប្រណិត និង​ថ្លៃថ្នូរ​ជាទីបំផុត។

    កងក​ពេជ្រ
    តម្លៃ៖ 4 លាន​ដុល្លារ​អាមេរិក

    កងក​ពេជ្រ​នេះ មាន​ដាំ​ពេជ្រ​ពណ៌​លឿង​ចំនួន 183.08 កា​រ៉ា​ត បង្កើតបានជា​គ្រឿងអលង្ការ​មួយ​ប្រភេទ​ដែលមាន​តម្លៃ​ខ្ពស់ និង​ប្លែក​ពី​គេ​ទាំងស្រុង។

    ចិញ្ចៀន​ត្បូង​មរកត
    តម្លៃ៖ 5 លាន​ដុល្លារ​អាមេរិក

    ចិញ្ចៀន​ដាំ​ត្បូង​មរកត 22.91 កា​រ៉ា​ត​នេះ ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងច្រើន​ពី​សំណាក់​ក្រុម​អ្នកមាន។

    នាឡិកា Graff Hallucination
    តម្លៃ៖ 60 លាន​ដុល្លារ​អាមេរិក

    Graff Hallucination គឺជា​ម៉ូ​ដែល​នាឡិកា​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ព្រោះ​វា​ត្រូវបាន​ច្នៃ​ឡើង​ដោយមាន​ដាំ​ពេជ្រ​ដែលមាន​ពណ៌​ដ៏​កម្រ និង​មាន​ទំហំ​ធំ​នៅ​ពីលើ​ផ្លា​ទីន។

    យ៉ាងនេះ​ក្ដី ក្នុងឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ 3 មីនា​ខាងមុខ អ្នក​គួរតែ​ទិញ​កាដូ​អ្វីមួយ​ដែលមាន​អត្ថន័យ​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ដោយ​មើល​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ សមស្រប​នឹង​កត្តា​ផ្លូវចិត្ត និង​វិស័យ​នាង​កំពុងធ្វើការ ហើយ​អំណោយ​នេះ​ក៏​គួរតែ​ជា​របស់​ដែលមាន​ប្រយោជន៍ អាច​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន៕

    ប្រភព៖ Catawiki, Webuy
    ប្រែ​សម្រួល៖ បុត្រា

  • ភាព​សោកសៅ​របស់ Jack Ma ៖ ធ្លាក់​ពី​តំណែង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន​ហើយ ថែមទាំង​មិនជា​ប់ Top 3 ទៅទៀត!

    ភាព​សោកសៅ​របស់ Jack Ma ៖ ធ្លាក់​ពី​តំណែង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន​ហើយ ថែមទាំង​មិនជា​ប់ Top 3 ទៅទៀត!

    ស្ថាបនិក​របស់ Alibaba និង Ant Group លោក Jack Ma បាន​បាត់បង់​តំណែង​ជា​អ្នកមាន​ជាងគេ​បង្អស់​នៅ​ប្រទេស​ចិន នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ថ្មី​មួយ​ដែល​ទើបត្រូវ​បានប្រកាស​កាល​ពីថ្ងៃ​ទី 2 មីនា ឆ្នាំ 2021។

    លោក Jack Ma និង​គ្រួសារ ធ្លាប់​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ទូទាំង​ពិភពលោក​របស់ Hurun (Hurun Global Rich List) កាលពី​ឆ្នាំ 2019 និង 2020។ ប៉ុន្តែ នាពេល​បច្ចុប្បន្ន (3មីនា 2021) លោក​បាន​ធ្លាក់​មក​នៅត្រឹម​លេខ 4 ទៅវិញ។

    Hurun បានឱ្យដឹងថា ការដែល​លោក Jack Ma បាន​ធ្លាក់​ពី​តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទី 3 នៅ​ប្រទេស​ចិន​នេះ បាន​កើតឡើង​ក្រោយពី​អាជ្ញាធរ​ចិន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅលើ​សកម្មភាព​របស់​ក្រុមហ៊ុន Ant Group និង Alibaba ដោយសារ​មានការ​បារម្ភ​អំពី​បញ្ហា​រកស៊ី​ផ្ដាច់មុខ។ បើទោះជា​ទ្រព្យសម្បត្តិ​បាន​កើន​បន្ថែម 22% នាំឱ្យ​ទ្រព្យ​សរុប​ឡើងដល់ 55.6 ពាន់​លាន​ដុល្លារ ប៉ុន្តែ Jack Ma នៅតែ​មិនអាច​រក្សាបាន​ចំណាត់ថ្នាក់​លេខ 1 របស់ខ្លួន​នៅក្នុង​បញ្ជី​ប្រចាំឆ្នាំ​របស់ Hurun។

    ព្រឹត្តិការណ៍ IPO ដែលមានតម្លៃ 37 ពាន់លានដុល្លាររបស់ Ant Group ត្រូវបានពន្យារពេលអស់ជាច្រើនថ្ងៃ មុននឹងមានវត្តមាននៅលើផ្សារហ៊ុន

    សំណាងអាក្រក់​កាលពីពេលថ្មីៗនេះ បានកើត​ឡើងជា​បន្តបន្ទាប់​ចំពោះ​លោក Jack Ma ចាប់តាំងពី​លោក​បាន​រិះគន់​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន កាលពី​ខែតុលា 2020។ ជា​លទ្ធផល ព្រឹត្តិការណ៍ IPO ដែលមាន​តម្លៃ 37 ពាន់​លាន​ដុល្លារ​របស់ Ant Group ត្រូវបាន​ពន្យារពេល​អ​ស់​ជាច្រើន​ថ្ងៃ មុន​នឹងមាន​វត្តមាន​នៅលើ​ផ្សារ​ហ៊ុន។ មកដល់​ខែធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន Alibaba ក៏​ត្រូវបាន​ស៊ើបអង្កេត​ទាក់ទង​នឹង​បញ្ហា​រកស៊ី​ផ្ដាច់មុខ។

    ក្រោយមក ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន ក៏បាន​រឹង​បន្តឹង​លើ​ការត្រួតពិនិត្យ​ចំពោះ​ក្រុមហ៊ុន Alibaba រួម​នឹង​វិស័យ​បច្ចេកវិទ្យា​ទាំងមូល​របស់​ប្រទេស​នេះ​ផងដែរ។ អាជ្ញាធរ​បាន​បង្ខំ​ឱ្យ Ant Group កែទម្រង់​មុខ​ជំនួញ​របស់ខ្លួន។ ពួកគេ​ក៏​បន្ត​ចេញ​អនុក្រឹត្យ​ថ្មី​ជាច្រើន បង្ខំ​ឱ្យ Ant Group វិល​ត្រលប់​ទៅរក​ធាតុ​ដើម នោះ​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ទូទាត់​ប្រាក់។ សេវាកម្មផ្សេងៗទៀត​របស់ Ant មានដូចជា ធនាគារ​អន​ឡាញ ធានារ៉ាប់រង គ្រប់គ្រង​ទ្រព្យ និង​ឈ្មួ​ល​កណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ក៏​នឹងត្រូវ​បង្ខំ​ឱ្យ​បែងចែក​ដាច់ដោយឡែក​យ៉ាងច្បាស់​លាស់។ ប្រការនេះ​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​ចិន ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សកម្មភាព​របស់ Ant Group។

    បន្ទាប់ពី​មាន​ដំណឹង​មិនល្អ​ខាងលើ Jack Ma ក៏​ស្រាប់តែ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ប្រហែលជា 3 ខែ ប៉ុន្តែ ក៏បាន​បង្ហាញខ្លួន​ជាថ្មី​កាលពី​ខែមករា 2021។

    លោក Zhang Shanshan

    អ្នកមាន​ជាងគេ​លំដាប់​ទី 1 នៅ​ប្រទេស​នាពេល​បច្ចុប្បន្ន​គឺ​លោក Zhang Shanshan ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ភេសជ្ជ និង​ទឹកបរិសុទ្ធ Nongfu Spring ។ លោក Shanshan បាន​ឡើង​កាន់កាប់​តំណែង​នេះ​ជា​លើកដំបូង ជាមួយនឹង​ទ្រព្យ​តម្លៃ 550 ពាន់​លាន​យុន (85 ពាន់​លាន​ដុល្លារ​អាមេរិក)។ ទ្រព្យ​របស់លោក ភាគច្រើន​បានមកពី​មូល​ប​ត្រ​របស់​ក្រុមហ៊ុន Nongfu Spring និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Beijing Wantai Biological Pharmacy Enterprise ដែល​លោក​ជា​អ្នកគ្រប់គ្រង។

    មហាសេដ្ឋី Pony Ma ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Tencent ឈរ​លំដាប់​លេខ 2 ដោយមាន​ទ្រព្យ​សរុប 74 ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​បាន​កើន 70% ក្នុង​ឆ្នាំ 2020។ ចំណែក​ចំណាត់ថ្នាក់​លេខ 3 បាន​ទៅ​មហាសេដ្ឋី Collin Huang ដែលជា CEO របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Pinduoduo ដោយមាន​ទ្រព្យ​សរុប​ចំនួន 69.5 ពាន់​លាន​ដុល្លារ​អាមេរិក។

    Zhang Yiming ស្ថាបនិក​របស់​ក្រុមហ៊ុន ByteDance ដែលជា​ភាគី​គ្រប់គ្រង​បណ្ដាញ​សង្គម TikTok ក៏បាន​ហក់​ឡើង​កាន់កាប់​ចំណាត់ថ្នាក់​លេខ 5 នៅក្នុង​បញ្ជី​របស់ Hurun ដោយមាន​ទ្រព្យ​សរុប​ចំនួន 54 ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • រំដួលលិចទឹក ច្នៃបទស្លឹកអន្សែជាឈុតក្ងោក អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ និងប្រកាសឆន្ទៈមួយ

    រំដួលលិចទឹក ច្នៃបទស្លឹកអន្សែជាឈុតក្ងោក អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ និងប្រកាសឆន្ទៈមួយ

    នៅថ្ងៃទី៣ខែមីនា ឆ្នាំ2021នេះ គេបានឃើញអ្នកជំនាញច្នៃម៉ូដប្លែកៗ កញ្ញា រំដួលលិចទឹក បានបញ្ចេញស្នាដៃថ្មីក្នុងឈុត «ក្ងោកស្លឹកអន្សែ» ដើម្បីបង្ហាញពីការអបអរសាទរ​ទិវា​វប្បធម៌​ជាតិ​។

    កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹក និងសាររៀបរាប់ថា «អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣មីនា​ លើកទី ២៣ ឆ្នាំ២០២១ 👏ក្រោម​ប្រធានបទ​ #យុវជនដើម្បីវប្បធម៌ជាតិ ❤️🙏🇰🇭🇰🇭🇰🇭💐💐🌿ឈុត ក្ងោកស្លឹកអន្សែ របស់អូន ច្នៃឡើងដើម្បីបង្កើតភាពប្លែកភ្នែកបែបសម័យទំនើប ពិសេសចង់បង្ហាញអំពីភាពសំបូរសប្បាយស្រស់ស្អាតរបស់សត្វព្រៃនឹងព្រៃឈើពណ៌បៃតងរបស់កម្ពុជានិងពិភពលោក ក៏ដូចជាការចូលរួមពញ្ញាក់អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងអោយចូលរួមរក្សាបរិស្ថានជុំវិញខ្លួនយើងនិងជីវិតសត្វព្រៃអោយបានល្អនិងស្រស់បំព្រងដូចឈុតអូនអញ្ចឹង 😁🙏🥰🌿 ចាប់ផ្តើមពីយើងម្នាក់ៗ ខ្ញុំបានចូលរួមហើយចុះអ្នកបានចូលរួមការពារ រក្សា ក៏ដូចជាការដាំដុះបន្ថែមដើមឈើនៃព្រៃកម្ពុជានៃយើងហើយឬនៅ ?! 🙏🥰🌿🇰🇭🇰🇭 រួមគ្នាការពារ ថែរក្សា ដើម្បីជិវិតសត្វព្រៃនិងព្រៃឈើកម្ពុជា🙏🥰🇰🇭🇰🇭🇰🇭🌿🌿
    ខ្ញុំចង់ឃើញធម្មជាតិបៃតងនៃកម្ពុជាគ្រប់កន្លែងនិងគ្រប់រដូវកាល ចុះអ្នក..?! 🙏🇰🇭🌿 អរគុណបងសម្លាញ់ អុី សុខជា ប្អូន ហ៊ត តៃហ៊ ប្អូន Minamiko Tharo និងប្អូនក្រុមការងារដែលបានជួយច្នៃ 🙏🥰 😂😂»៕

  • បវរកញ្ញាចក្រវាឡ2018 កញ្ញា រឿន ណាត ប្រកាសចង់រៀបការ

    បវរកញ្ញាចក្រវាឡ2018 កញ្ញា រឿន ណាត ប្រកាសចង់រៀបការ

    បវរកញ្ញាចក្រវាឡឆ្នាំ២០១៨ មានសម្រស់ស្អាត និងល្បីមានដំណើរស្អាតគឺ កញ្ញា រឿន ណាត ដែលខណៈថ្មីៗនេះ គេបានឃើញកញ្ញាបង្ហាញវត្តមាននៅវិស័យភាពយន្ដយ៉ាងមាញឹកតែម្ដង។ តារាស្រីរូបនេះ ត្រូវបានក្លាយជាមួយភាពយន្ដភាគបន្ដបន្ទាប់របស់ផលិតកម្មក្នុងស្រុក។

    អ្វីដែលភ្ញាក់ផ្អើលខ្លាំងនាពេលនេះ ស្រាប់តែគេឃើញកញ្ញាបង្ហោះថា ចង់រៀបការ ខណៈដែលសាមីខ្លួនសព្វថ្ងៃក៏ពុំទាន់មានអ្នកចូលចែវចូវនៅឡើយទេ។ រឿន ណាត បានរៀបរាប់ថា «ខ្ញុំឃើញគេរៀបកាចិត្តចង់តែរៀបកាដែរ Congratulations jj @lim_sangly_official»។ ការបង្ហោះនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងសង្ស័យថា កញ្ញាចង់រៀបការមែន ឬគ្រាន់តែបង្ហោះលេងសើចតែប៉ុណ្ណោះ។

    តែយ៉ាងណាមិញ កញ្ញា រឿន ណាត បានបង្ហោះរូបភាពនិង Caption បែបទាក់ទាញនេះ បន្ទាប់ពីបានចូលរួមពិធីមង្គលការមួយផងដែរ។ គេនៅមិនទាន់ច្បាស់ថា កញ្ញាសព្វថ្ងៃកំពុងតែមើលចិត្តជាមួយតួប្រុសណាមួយក្នុងដួងចិត្តនៅឡើយទេ បន្ទាប់ពីបានបែកបាក់ទំនាក់ទំនងស្នេហាចាស់អស់រយៈជាង១ឆ្នាំមកហើយ៕

  • យ៉ា សុផាម៉ៃ ក្ដោបតំណែងជាតួឯកស្រីក្នុងរឿង «រសជាតិអ្នកមាន» វគ្គ២

    យ៉ា សុផាម៉ៃ ក្ដោបតំណែងជាតួឯកស្រីក្នុងរឿង «រសជាតិអ្នកមាន» វគ្គ២

    តារាសម្ដែងវ័យក្មេងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនាពេលថ្មីៗនេះ គឺកញ្ញា យ៉ា សុផាម៉ៃ ។ កញ្ញាបានប្រឡូកគ្រប់រសជាតិគ្រប់ឈុតឆាកដែលតម្រូវឲ្យកញ្ញាដើរតួសម្តែង ដែលមានចរិតជាតួក្មេង តួមនុស្សចាស់ទុំ និងតួអង្គវិកលចរិត។ ថ្មីៗនេះ កញ្ញាក៏ក្ដោបបានតំណែងតួស្រីក្នុងរឿង «រសជាតិអ្នកមាន» វគ្គ២។

    តារាស្រីរូបនេះ បានបញ្ជាក់ថា វាពិតជាមិនងាយស្រួលក្នុងការសម្ដែងតួច្រើនក្នុងរូបរាងតែមួយ អាចពិបាកទៅលើការផ្លាស់ប្តូរចរិតតួអង្គពីមួយទៅមួយ។ កញ្ញាថា កញ្ញានឹងខិតខំព្យាយាម ហើយប្រមូលបទពិសោធន៍សម្ដែងដែលខ្លួនមានបញ្ចេញមកឱ្យអស់។ ឲកញ្ញាបានលើកឡើងទៀតថា តួឯកស្រីរឿង «រសជាតិអ្នកមាន» វគ្គ២នេះ ត្រូវមានការតាំងចិត្តខ្ពស់ ប្រឹងប្រែង ដាក់អារម្មណ៍ឲ្យចូលទៅក្នុងសាច់រឿងដូចជាពិតៗតែម្តង។

    កញ្ញា សុផាន់ម៉ៃ បានបន្តទៀតថា មានឈុតខ្លះ កញ្ញាមានការខ្មាសអៀនខ្លះៗដែរ និងដូចជារឹងៗខ្លួន ដូចជាពេលត្រូវចំឈុតមានតួអង្គផ្សេងមកចាប់បង្ខំលើរូបរាងកាយ ហើយមានឈុតខ្លះ ត្រូវតួអង្គបងប្រុស វាយធ្វើបាប និងមួយវិញទៀត ធ្វើជាតួអង្គ មនុស្សវិកលចរិត។ វាជាការលំបាកមួយដែរ សម្រាប់កញ្ញា ក្នុងការសម្តែងមួយសាច់រឿងនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី កញ្ញា ក៏បានបញ្ជាក់ដែរថា វាគឺជាបទពិសោធន៍ និងចំណេះដឹងបន្ថែម ដែលផ្តល់ឱ្យកញ្ញា បានយល់ដឹងកាន់តែច្បាស់ពីសង្គម ពីមនុស្ស គួរធ្វើអ្វីដើម្បីឲ្យជីវិតមានក្តីសុខ។ សិល្បៈនៃការសម្តែង បានបង្រៀនឲ្យកញ្ញា ដូចជាមេរៀនមួយ ដែលអប់រំផ្លូវចិត្តកុំឱ្យមានភាពលោភលន់ និងអ្វីហៅថា ភាពរឹងមាំ និងការទទួលខុសត្រូវដោយខ្លួនឯង៕

  • ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​មុន​បុណ្យចូលឆ្នាំ​ខ្មែរ 2021

    ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​មុន​បុណ្យចូលឆ្នាំ​ខ្មែរ 2021

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ដែល​ត​ភ្ជាប់​ស្រុក​ក្រូចឆ្មារ​នៃ​ខេត្ត​ត្បូ​ន​ឃ្មុំ ជាមួយនឹង​ស្រុក​ស្ទឹងត្រង់​នៃ​ខេត្តកំពង់ចាម ត្រូវបាន​ស្ថាបនា​រួចរាល់​ប្រមាណ​ជាង 90%។ តាម​គម្រោង ស្ពាន​នេះ​នឹងត្រូវ​ដាក់ឱ្យ​ធ្វើចរាចរ​ណ៍​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ 2021 នេះ។

    ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នេះ គឺជា​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ចិន នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ លោក​បន្តថា មកដល់​បច្ចុប្បន្ន ស្ពាន​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ប្រមាណ 96% ហើយ​ថា នឹងត្រូវ​ដាក់ឱ្យ​ធ្វើចរាច​រណ៍​នៅមុន​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ក្នុង​ឆ្នាំ 2021 នេះ។

    ស្ពានបេតុង​សរសៃដែក​ដែលមាន​តម្លៃ 56.998 លាន​ដុល្លារ ប្រវែង 1,131 ម៉ែត្រ និង​ទទឹង​ប្រវែង 13.50 ម៉ែត្រ​នេះ ត្រូវបាន​សាងសង់​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ 2018។ តាម​គម្រោង ការសាងសង់​ស្ពាន​នេះ នឹង​ស៊ីពេល​អស់ 42 ខែ។

    ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅ​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ឆ្លងកាត់​ទន្លេមេគង្គ​ទៅកាន់​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ Shanghai Construction Group និងត្រូវ​បាន​​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ចិន​ Guangzhou Wanan Construction Supervision៕

  • ចំនួន​មហាសេដ្ឋី​នៅ​ឥណ្ឌា កើន 40 ​នាក់​​បន្ថែមទៀត នៅក្នុង​ឆ្នាំ 2020 បើ​ទោះ​ប្រឈម​នឹង Covid-19

    ចំនួន​មហាសេដ្ឋី​នៅ​ឥណ្ឌា កើន 40 ​នាក់​​បន្ថែមទៀត នៅក្នុង​ឆ្នាំ 2020 បើ​ទោះ​ប្រឈម​នឹង Covid-19

    បើទោះជា​សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា​នឹង​ដាំ​ក្បាល​ចុះ​នៅក្នុង​ឆ្នាំសារពើពន្ធ​បច្ចុប្បន្ន (បញ្ចប់​នៅក្នុង​ខែមីនា ឆ្នាំ2021) ប៉ុន្តែ ក្លឹប​មហាសេដ្ឋី​របស់​ឥណ្ឌា នៅតែ​កើនឡើង 40 នាក់​បន្ថែម​ទៀង​កាលពី​ឆ្នាំមុន ជួយ​ឱ្យ​តួលេខ​សរុប​នៃ​មហាសេដ្ឋី​នៅ​ឥណ្ឌា កើន​ដល់ 177 នាក់។

    សារព័ត៌មាន Business Today ដកស្រង់​របាយការណ៍​របស់ Hurun Global Rich List ដែល​បានប្រកាស​កាលពី​ថ្ងៃទី 2 មីនា 2021 ឱ្យដឹងថា លោក Mukesh Ambani នៅតែ​ជា​អ្នកមាន​ជាងគេ​បង្អស់​នៃ​ប្រទេស​ឥណ្ឌា ដោយមាន​ទ្រព្យ​សុទ្ធ​សរុប 83 ពាន់​លាន​ដុល្លារ​អាមេរិក។

    ទ្រព្យ​របស់​មេដឹកនាំ​ក្រុមហ៊ុន Reliance Industries បាន​កើន 24% ក្នុង​ឆ្នាំ 2020 ដែល​នេះ​បាន​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី 8 ក្នុង​ពិភពលោក។ ចំណែក​លោក Gautam Adani ក៏បាន​ក្លាយជា​អ្នកមាន​ជាងគេ​ទី 2 នៅ​ឥណ្ឌា បន្ទាប់ពី​ទ្រព្យសម្បត្តិ​របស់លោក បាន​កើន​ទ្វេដង ឡើងដល់ 32 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020 និង​ក្លាយជា​អ្នកមាន​លំដាប់​ទី 48 ក្នុង​ពិភពលោក។ បងប្រុស​របស់ Gautam Adani គឺ​លោក Vinod Adani ក៏បាន​ឃើញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​កើនឡើង​ដល់ 9.8 ពាន់​លាន​ដុល្លារ (កើន 128%) ផងដែរ។

    លោក Gautam Adani

    ប្រការ​ដែល​គួរ​ចាប់អារម្មណ៍ នោះ​គឺថា បញ្ជីរាយនាម​មហាសេដ្ឋី​នៅ​ឥណ្ឌា ត្រូវបាន​អូ​សស​ន្លា​យ​យ៉ាង​វែង​នៅក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ដាំ​ក្បាល​ចុះ​ជាង 7% ដោយសារតែ Covid-19។

    សារព័ត៌មាន PTI News ដកស្រង់​សម្ដី​របស់លោក Anas Rahman Junaid ដែលជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់ Hurun Global Rich List ប្រចាំ​ឥណ្ឌា យល់ថា ទ្រព្យ​នៅ​ឥណ្ឌា​ត្រូវបាន​បង្កើតឡើង​ភាគច្រើន​គឺ​អាស្រ័យ​លើ​វិស័យ​ឧស្សាហកម្ម​ប្រពៃណី ឬ​មាន​លក្ខណ​ជាវ​ដ្ដ ពោលគឺ​មិនមែន​អាស្រ័យ​លើ​បច្ចេកវិទ្យា​ដូច​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នោះឡើយ៕

    ប្រភព៖ Business Today
    ប្រែ​សម្រួល៖ បុត្រា

  • Huawei ដាក់ឱ្យ​ប្រើ Harmony OS ផ្ទាល់ខ្លួន លើ​ស្មា​ត​ហ្វូ​ន ចាប់ពី​ខែមេសា ឆ្នាំ2021

    Huawei ដាក់ឱ្យ​ប្រើ Harmony OS ផ្ទាល់ខ្លួន លើ​ស្មា​ត​ហ្វូ​ន ចាប់ពី​ខែមេសា ឆ្នាំ2021

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែ​ប្រកាស​ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ អេក្រង់​បត់​ជំនាន់​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ ដែលមាន​ឈ្មោះ​ស៊​រី​ថា Huawei Mate X2 ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ ជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ Huawei ដែល​ដំឡើង​ទាំងស្រុង​ក្នុង​ស្តុក គឺ Harmony OS ផ្ទាល់ខ្លួន។

    បើតាម​ការបង្ហាញ​រប​ស់ Huawei គេ​នឹង​អាច​ឃើញ Harmony OS ផ្លូវការ នឹង​ចេញ​កំណែ​អាប់​ឌែ​ត នៅក្នុង​មេសា ឆ្នាំ2021 ដាក់​លើ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Huawei Mate X2 មុនគេ តែ​យ៉ាងណាមិញ 3ខែ​ខាងមុខនេះ វា​ត្រូវ​ដំណើរការ​ដោយ Android 10 ជា​បណ្ដោះអាសន្ន​សិន។

    សូម​រំឭក​ផងដែរ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​របស់ Huawei នេះ ត្រូវបាន​ប្រកាស​ចេញ​កាលពី 2ឆ្នាំមុន។ មុននឹង​យក OS មក​បំពាក់​លើ​ស្មា​ត​ហ្វូ​ន Huawei ក៏បាន​ប្រើប្រាស់​វា ដាក់​នៅលើ​ផលិតផលសំខាន់ៗជាច្រើន​ទៀត ក្នុង​គោលបំណង​សាកល្បង​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាក់ស្ដែង​ដូចជា ទូរទស្សន៍​ឆ្លាត​វៃ និង​រថយន្ត​របស់​ក្រុមហ៊ុន BYD ជាដើម៕