Category: សង្គម និងសេដ្ឋកិច្ច

  • រដ្ឋាភិបាល​អាមេរិក លក់​ដេញថ្លៃ​ប្រាក់​អេឡិចត្រូនិក​ចំនួន 0.7501 Bitcoin ដែល​អាជ្ញាធរ​បាន​រឹបអូស

    រដ្ឋាភិបាល​អាមេរិក លក់​ដេញថ្លៃ​ប្រាក់​អេឡិចត្រូនិក​ចំនួន 0.7501 Bitcoin ដែល​អាជ្ញាធរ​បាន​រឹបអូស

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុងតែ​លើក​គម្រោង​លក់​ដេញថ្លៃ​រថយន្ត sedan របស់​ក្រុមហ៊ុន Ford និង Chevy រួម​នឹង​កុងតឺន័រ​ដឹកទំនិញ​ជាង 45,000 លីត្រ និង​ម៉ាស៊ីន​អូស​នៃ​ក្រុមហ៊ុន Caterpillar ដែល​បាន​ខូច ប៉ុន្តែ ក្នុងចំណោម​នោះ​ក៏មាន​ទំនិញ​មួយ​មុខ​ដ៏​ចម្លែក នោះ​គឺ​រូបិយវត្ថុ​អេឡិចត្រូនិក​ចំនួន 0,7501 Bitcoin។

    នាយកដ្ឋាន​សេវាកម្ម​ទូទៅ​សហរដ្ឋអាមេរិក (GSA) តែងតែ​អនុម័ត​លើ​ការលក់​ដេញថ្លៃ​ដែល​ពួកគេ​ជា​អ្នកធ្វើ​ដើម្បី​លក់​សម្ភារ​សេសសល់​នៅតាម​បណ្ដា​រដ្ឋ ទៅឱ្យ​ប្រជាជន។ តាមរយៈ​នេះ ជាមួយនឹង​លេខ​កូដ 4KQSCI21105001 ដែល​នឹងត្រូវ​បាន​លក់​ដេញថ្លៃ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​ទៀត រដ្ឋាភិបាល​អាមេរិក​នឹង​លក់ Bitcoin ដែលមាន​តម្លៃ​ប្រហែល 38,000 ដុល្លារ​អាមេរិក បើ​យោងតាម​តម្លៃ​របស់ Bitcoin ដែល​បាន​ជួញដូរ​កាលពី​ថ្ងៃទី 8 មីនា 2021។

    ក្រុមមន្ត្រី​រដ្ឋាភិបាល​មិនបាន​ឱ្យដឹង​អំពី​ប្រភព​របស់ Bitcoin ខាងលើនេះ​ទេ។ បើទោះជា​មាន​ភាពខុសគ្នា​ឆ្ងាយ​ទៅនឹង 30,000 Bitcoin ដែល​នាយកដ្ឋាន​ពន្ធដា​អាមេរិក (U.S Marshal Service) បាន​លក់​ដេញថ្លៃ​កាលពី​ឆ្នាំ 2014 ក្រោយពី​រឹបអូស​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ​ពី «ផ្សារងងឹត» មួយ​ដែលមាន​ឈ្មោះថា Silk Road ប៉ុន្តែ ការលក់​ដេញថ្លៃ​លើក​នេះ​របស់ GSA បាន​បង្ហាញថា ការនិយម​ជួញដូរ Bitoin កាន់តែ​ទូលំទូលាយ​ជាង​មុន។

    ក្រុមហ៊ុនធំៗរបស់​ពិភពលោក កំពុងតែ​ទទួលយក​វត្តមាន​របស់ Bitcoin។ Bank of New York Mellon Corp. បានឱ្យដឹងថា ពួកគេ​នឹង​កាន់កាប់ ផ្ទេរ និង​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ ក្នុង​គ្រា​ដែល Mastercard ក៏បាន​ប្រកាស​អំពី​គម្រោង​អនុញ្ញាតឱ្យ​ម្ចាស់​ប័ណ្ណ ទូទាត់​ដោយ​ប្រាក់​អេឡិចត្រូនិក​មួយចំនួន​ផងដែរ​នៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ។

    ក្រុមហ៊ុន​ហិរញ្ញវត្ថុ Morgan Stanley និង Goldman Sachs ក៏មាន​បំណង​លោត​ចូល​រកស៊ី​ទាក់ទង​នឹង​ប្រាក់​អេឡិចត្រូនិក​ខាងលើនេះ​ផងដែរ។

    រូបិយវត្ថុ Bitcoin ដែល​អាមេរិក​បាន​លក់​ដេញថ្លៃ​កាលពី​ឆ្នាំ 2014 ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ឃើញថា មានតម្លៃ​ប្រហែល 19 លាន​ដុល្លារ​អាមេរិក។ អ្នកវិនិយោគ Tim Draper គឺជា​អ្នកឈ្នះ​ក្នុងការ​ដេញថ្លៃ ប៉ុន្តែ តម្លៃ​ចុងក្រោយ​មិនត្រូវ​បាន​គេ​បង្ហើប​ឱ្យដឹង​នោះឡើយ។ ចំនួន Bitcoin នេះ​នឹងមាន​តម្លៃ 1.5 ពាន់​លាន​ដុល្លារ​អាមេរិក បើ​គិត​មកដល់​ថ្ងៃទី 8 មីនា ឆ្នាំ 2021។

    ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​របស់ GSA ចំពោះ​រូបិយវត្ថុ​អេឡិចត្រូនិក​ចំនួន 0.7501 Bitcoin ខាងលើ នឹងត្រូវ​បានធ្វើ​ឡើង ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 17 ខែមីនា ឆ្នាំ 2021៕

    ប្រភព៖ Yahoo
    ប្រែ​សម្រួល៖ បុត្រា

  • ស្ដាប់ហើយយល់អារម្មណ៍បាត់បង់ ចូលផលិតកម្មថ្មី ដួង វិរៈសិទ្ធ រៀបរាប់អារម្មណ៍ឈឺចាប់

    ស្ដាប់ហើយយល់អារម្មណ៍បាត់បង់ ចូលផលិតកម្មថ្មី ដួង វិរៈសិទ្ធ រៀបរាប់អារម្មណ៍ឈឺចាប់

    នៅពេលថ្មីៗនេះ ផលិតកម្មរាម បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលជាបទចម្រៀងរបស់លោក ដួង វិរៈសទ្ធ បន្ទាប់ពីបានបញ្ចេញបទចម្រៀងរបស់រាជិនីសំឡេងធម្មជាតិ មាស សុខសោភា បទ«ត្រឡប់»។

    បទថ្មីរបស់លោក ដួង វិរៈសិទ្ធ មានចំណងជើងថា «ឆ្នេរអនុស្សារ» ដែលរៀបរាប់ពីអារម្មណ៍ឈឺចាប់របស់មនុស្សប្រុសម្នាក់ ត្រូវបានបាត់បង់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួន។ បទនេះដែរ ជាបទនិពន្ធថ្មី និងសម្រូលបទភ្លេងដោយលោកផ្ទាល់តែម្ដង។ បទនេះ បានលាយបញ្ចូលលាយលំរវាងភ្លេងសម័យ និងឧបករណ៍ភ្លេងបុរាណ ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍លន្លង់លន្លោចសោកសៅទៅតាមចម្រៀង។

    មិនត្រឹមតែមានទឹកដមសំឡេងពីរោះក្រអួនក្រអៅនោះទេ សូម្បីតែសាច់រឿងក៏រៀបរាប់បានក្បោះក្បាយផងដែរ។ យ៉ាងណាមិញ គេបានដឹងថា បទ «ឆ្នេរអនុស្សារ»  ក៏ត្រូវបានលោក ដួង វិរៈសិទ្ធ លើកយកមកច្រៀងនៅថ្ងៃមើលមុខតារាមច្រៀងប្រុសប្រចាំផលិតកម្មរាម ក៏ដូចជាថ្ងៃសម្ពោធផលិតកម្មផងដែរ។

    តោះមកស្ដាប់បទ «ឆ្នេរអនុស្សារ» ដែលជា Original Version ពីផលិតម្មរាម៖

     

  • មាន សូនីតា អំពាវនាវឱ្យមហាជនកុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈ

    មាន សូនីតា អំពាវនាវឱ្យមហាជនកុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈ

    បន្ទាប់ឃើញភាពវឹកវរពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលករណីជំងឺកូវីដ១៩ បានឆ្លងរាលដល់ចង្កោមអ្នកសិល្បៈ នៅក្នុងនោះគេឃើញមានអ្នកសិល្បៈជាច្រើន បានបញ្ចេញមតិ និងសារលើកទឹកចិត្ត និងធ្វើតាមវិធានការណែនាំការពារសុខភាពតាមក្រសួងសុខាភិបាល។

    ជាមួយគ្នានោះដែរ តារាសម្ដែងស្រីមានប្រជាប្រិយភាព និងមានឈ្មោះជារាជិនីក្រមា កញ្ញា មាន សូនីតា ក៏បានចេញមុខអំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំរើសអើងដល់អ្នកសិល្បៈផងដែរ។ កញ្ញាបង្ហោះសារមុននោះនៅលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ថា «ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូបដែល ខ្ញុំគិតថាប្រាកដមានទឹកចិត្តស្រដៀងគ្នា មានគោលដៅ ប្រហាក់ប្រហែលគ្នា សំខាន់គឺស្រលាញ់សិល្បៈ ក្នុងរឿងនេះខ្ញុំសុំមានយោបល់បន្តិចថាគ្មានអ្នកណាចង់អោយមានរឿង គ្មានអ្នកចង់អោយឆ្លងជំងឺនោះទេ បើគិតអោយអោយដល់ទៅចំពោះការទៅថតស្ពតក៏ក្នុងនាមជួយសង្គមដើម្បីផ្សព្វផ្សាយអនាម័យកូវិតដែរ តែដោយហេតុការណ៍អាក្រក់ក៏មានរឿងអកុសលបែបនេះកើតឡើង ចឹងសូមបងប្អូនទាំងអស់កុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈអី 😷🙏»។

    កញ្ញា​បានបន្ដទៀតថា «ក្នុងកំឡុងពេលនេះត្រូវធ្វើចិត្តអោយស្ងប់ ថែសុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រក្សាអនាម័យ សូមអោយមានការប្រុសប្រយ័ត្នអោយខ្ពស់ជាងមុន ហាត់ប្រាណអោយទៀងទាត់ផ្អាកជួបមនុស្សមួយរយៈ តាមដានព័ត៌មានត្រឹមត្រូវ ហើយក៏សូមជូនពរអោយអ្នកអស់គ្នារួចចាក់ផុតពីពេលវេលាដ៏អាក្រក់មួយនេះផង 🙏»៕

  • តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បង្ហោះសារបញ្ជាក់លទ្ធផលវិជ្ជមានកូវីដ១៩

    តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បង្ហោះសារបញ្ជាក់លទ្ធផលវិជ្ជមានកូវីដ១៩

    មុននោះបន្ដិច នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងហង្សមាស លោក ណុប បាយ៉ារិទ្ធ  បានបង្ហោះសារបញ្ជាក់ថា លោកពិតជាមានលទ្ធផលវិជ្ជមានកូវីដ១៩ និងបានអះអាងថា លោកកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។

    សារទាំងស្រុងបានសរសេររៀបរាប់ថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល។ អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន🙏🏻🙏🏻🙏🏻 ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចហ់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ 💪🏻💪🏻💪🏻»។

    បន្ទាប់ពីបង្ហោះសារនេះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន ក៏ដូចជាតារាសិល្បៈចូលរួមផ្ដល់កម្លាំងចិត្ត និងប្រាប់ឱ្យលោកថែរក្សាសុខភាពឆាប់ជាសះស្បើយ៕

     

  • មិនអាចលាក់បាំងបាន លោក មាស រិទ្ធី អះអាងមូលហេតុពិត អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន ពិតជាបានឆ្លងកូវីដ១៩

    មិនអាចលាក់បាំងបាន លោក មាស រិទ្ធី អះអាងមូលហេតុពិត អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន ពិតជាបានឆ្លងកូវីដ១៩

    នៅយប់ថ្ងៃម្សិលមិញនេះ គេទទួលបានព័ត៌មានបឋមពីករណីពិធីការិនីល្បីឈ្មោះ អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន បានឆ្លងជំងឺកូវីដ១៩ និងបានចម្លងដល់តារាល្បីៗឈ្មោះរបស់ក្រុមហ៊ុនហង្សមាសថែមទៀត។ លុះដល់ព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១នេះ ពិធីករព័ត៌មានប្រចាំស្ថានីទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី បានចេញការអះអាងការពិតពីករណី អ្នកនាង កែវ ចន្ទនិមល និងគ្រួសារ ពិតបានឆ្លងមែន។

    លោក មាស រិទ្ធី បានអះអាងប្រាប់មហាជនថា តាមសម្ដីឆ្លងឆ្លើយរបស់លោកតាមទូរស័ព្ទជាមួយ អ្នកនាង កែវ ចន្ទនិមល បានឱ្យដឹងថា អ្នននាងបានប្រាប់ថា “កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”។ អ្នកនាងក៏បានប្រាប់មូលហេតុពិតទៀតថា អ្នកនាងបានចូលរួមថតស្ពតមួយ ដែលណែនាំអំពីការការពារឆ្លងជំងឺកូវីដ១៩ ក៏ប៉ុន្ដែអ្នកនាងជាត្រូវអ្នកថតស្ពតជាអ្នកចម្លងដោយមិនដឹងខ្លួនទៅវិញ ដោយនៅក្នុងនោះ អ្នកនាងបានការពារ និងប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគនេះខ្លាំងបំផុត។

    ពិធីករព័ត៌មានប្រចាំស្ថានីទូរទស្សន៍ហង្សមាសរូបនេះ​ បានអះអាងទៀតថា អ្នកនាងបានអំពាវនាវដល់បងប្អូនទាំងអស់ មេត្តាកុំរើសអើងរូបអ្នកនាង និងក្រុមគ្រួសារ ហើយអ្នកនាងថា មិនអាចលាក់ព័ត៌មាននេះបានទេ។ យ៉ាងណាមិញ អ្នកនាង កែវ ចន្ទនិមល ស្វាមី និងកូន កំពុងសម្រាកព្យាបាលខ្លួនហើយ ចំពោះអ្នកដែលពាក់ព័ន្ធ ក៏កំពុងធ្វើចតាឡីស័ក្ដផងដែរ៕

    ទស្សនាវីដេអូ ខាងក្រោមនេះ៖

  • អតីត​ភរិយា​របស់​ស្ថាបនិក Amazon រៀបការ​ជាមួយ​ប្រុស​ថ្មី

    អតីត​ភរិយា​របស់​ស្ថាបនិក Amazon រៀបការ​ជាមួយ​ប្រុស​ថ្មី

    MacKenzie Scott ដែលជា​អតីត​ភរិយា​របស់​មហាសេដ្ឋី Jeff Bezos និង​ជាម​ហា​សេដ្ឋិនី​ម្នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Dan Jewett ដែលជា​គ្រូបង្រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ។

    លោក Jewett កំពុង​បង្រៀន​នៅ​សាលា​ឯកជន Lakeside School នៅក្នុង​ទីក្រុង Seattle។ ថ្មីៗនេះ បុរស​រូបនេះ​បាន​និយាយ​ដល់​អាពាហ៍ពិពាហ៍​របស់ខ្លួន​នៅ​គេហទំព័រ Giving Pledge ដែលជា​អង្គការ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​មូលនិធិ Bill & Melinda Gates និង​លោក Warren Buffett ដើម្បី​ជំរុញ​ឱ្យ​ក្រុម​មហាសេដ្ឋី ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌។

    នៅលើ​ទំព័រ Giving Pledge កាលពី​ថ្ងៃទី 6 មីនា លោក Jewett បានសរសេរថា៖ «នៅក្នុង​សុភមង្គល​ដ៏​ចៃដន្យ​មួយ ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​ដែលមាន​ចិត្ត​ទូលាយ និង​ចិត្តល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​ជួប។ ខ្ញុំ និង​នាង សន្យាថា​នឹង​បរិច្ចាគ​ទ្រព្យ​យ៉ាងច្រើន​ដើម្បី​ជួយ​ដល់​អ្នកដទៃ»។

    យោងតាម Washington Post មហា​សេដ្ឋិនី Scott ទំនងជា​បាន​ជួប​លោក Jewett នៅ​សាលា Lakeside School ព្រោះកូនៗរបស់​អ្នកស្រី​កំពុង​រៀន​នៅ​ទីនោះ។ មហាសេដ្ឋី Bill Gates ក៏​ធ្លាប់បាន​រៀន​នៅ​សាលារៀន​នេះដែរ។

    មហាសេដ្ឋិនី MacKenzie Scott និងលោក Dan Jewett

    ឆ្នាំនេះ អ្នកស្រី Scott មាន​អាយុ 50 ឆ្នាំ។ អ្នកស្រី​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 22 ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 53.5 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​សារព័ត៌មាន Bloomberg។ ក្រោយពី​បាន​លែងលះគ្នា​ជាមួយនឹង​មហាសេដ្ឋី Jeff Bezos កាលពី​ឆ្នាំ 2019 អ្នកស្រី Scott ក៏បាន​ក្លាយជា​សប្បុរស​ជន​មួយរូប​ដែលមាន​ឥទ្ធិពល​ជាងគេ​នៅក្នុង​ជំនាន់​របស់ខ្លួន។

    កាលពី​ឆ្នាំទៅ អ្នកស្រី Scott បាន​បរិច្ចាគ​ប្រាក់ 6 ពាន់​លាន​ដុល្លារ​អាមេរិក។ គោលដៅ​មនុស្សធម៌​របស់​អ្នកស្រី ភាគច្រើន​ផ្ដោតលើ​អង្គការ​មនុស្សធម៌តូច។ អ្នកស្រី​ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យ​ក្រុម​របស់​អ្នកស្រី រិះរក​វិធី​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌​ឱ្យបាន​លឿន​ផងដែរ។

    «Dan គឺជា​បុរស​ម្នាក់​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ចូលរួម​អបអរសាទរ​ចំពោះ​ពួកគេ» Bezos បាន​និយាយ​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ​ដែល​ត្រូវ​បានលើកឡើង​ដោយ​អ្នកនាំពាក្យ​របស់ Amazon កាលពីពេលថ្មីៗនេះ។ មហាសេដ្ឋី Bezos បច្ចុប្បន្ន​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប ជាង 176.6 ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • នំ​វ៉ាក់សាំង​មួយ​ប្រភេទ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ហាង​មួយ​នៃ​ទីក្រុង Prague

    នំ​វ៉ាក់សាំង​មួយ​ប្រភេទ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​នៅ​ហាង​មួយ​នៃ​ទីក្រុង Prague

    ហាង​កាហ្វេ​ឈ្មោះ Black Madonna មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​របស់​រដ្ឋធានី Prague នៃ​សាធារណរដ្ឋ​ឆេ​ក កំពុង​លក់​នំ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​នំ cake ដែលមាន​រូបរាង​ដូច​វីរុស Covid-19 និង​វ៉ាក់សាំង​ផងដែរ។

    ហាង​ខាងលើនេះ ធ្លាប់ជា​កន្លែង​មួយ​ដែល​បាន​ឧទ្ទេសនាម​នំ cake ដែលមាន​រូបរាង​ដូច​វីរុស Corona កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​នា​ឆ្នាំ 2020។ បច្ចុប្បន្ន ហាង​នេះ​មាន​លក់ «ថ្នាំ​ព្យាបាល​ជំងឺ​ឃ្លាន» ដ៏​គួរឱ្យ​ចាប់អារម្មណ៍ នោះ​គឺ​បង្អែម​លាង​មាត់​ដែលមាន​រស់ជាតិ​ស្ត្រូ​បូរី និង​ចេក និង​មាន​រូបរាង​ជា​វ៉ាក់សាំង​គួរឱ្យ​ចង់​ទទួលទាន។

    បង្អែម​នេះ​មាន​ឈ្មោះថា Vaccine Cake។ Olga Budnik ដែលជា​អ្នកធ្វើ​នំ​នេះ និយាយថា៖ «នេះ​គឺជា​បង្អែម​លាង​មាត់​ធ្វើ​អំពី​ស្រទាប់​នំ​ពង​ទា​ទន់​ស្ដើង និង​ស្នូល​ធ្វើ​អំពី​ស្ត្រូ​បូរី និង​ចេក»។

    ចំណែក​អតិថិជន​ម្នាក់​មាន​ឈ្មោះថា Tatiana Rysko និយាយថា៖ «ខ្ញុំ​បាន​ទិញ​នំ​ទាំងពីរ​ប្រភេទ នោះ​គឺ វីរុស និង​វ៉ាក់សាំង។ ខ្ញុំ​បាន​ភ្លក់​នំ​វីរុស​ហើយ ខ្ញុំ​ចូលចិត្ត​វា​ណាស់។ ខ្ញុំ​ក៏​ចង់​ភ្លក់​នំ​វ៉ាក់សាំង​វិញ​ម្ដង ខ្ញុំ​កំពុង​រង់ចាំ»៕

    ប្រភព៖ RT, Yahoo
    ប្រែសម្រួល​៖ បុត្រា

  • ធនាគារ​មួយ​នៅ​វៀតណាម អនុញ្ញាត​ឱ្យ​​អតិថិជន​យក​លេខ​ទូរស័ព្ទ​ធ្វើជា​លេខ​គណនី

    ធនាគារ​មួយ​នៅ​វៀតណាម អនុញ្ញាត​ឱ្យ​​អតិថិជន​យក​លេខ​ទូរស័ព្ទ​ធ្វើជា​លេខ​គណនី

    លេខ​គណនី​ធនាគារ​ដែល​ដូច​ទៅនឹង​លេខ​ទូរស័ព្ទដៃ ត្រូវបាន​គេ​យល់ថា មាន​ភាពងាយស្រួល​ក្នុងការ​ចងចាំ និង​មិន​បង្ក​ការលំបាក​ក្នុងការ​វេរ​លុយម្ដង។

    យោងតាម​ប្រភពព័ត៌មាន​ពី​ធនាគារ​របស់​កងទ័ព​វៀតណាម MB Bank (Vietnam’s Military Commercial Joint-Stock Bank) នៅ​ប្រទេស​វៀតណាម ក្នុង​ខែមីនា​នេះ ធនាគារ​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ជ្រើសរើស​លេខ​គណនី​ដូច​ទៅនឹង​លេខ​ទូរស័ព្ទដៃ​របស់​ពួកគេ។

    ដូច្នេះ អតិថិជន​នឹងមិន​ចាំបាច់​ចងចាំ​លេខ​គណនី​ដ៏​វែង (13លេខ) ដូច​មុន​ទៀតហើយ ដោយ​គ្រាន់តែ​យក​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ធ្វើជា​លេខ​គណនី។ អតិថិជន​ក៏​មិនចាំបាច់​ទៅកាន់​ធនាគារ​នេះ​ដោយផ្ទាល់ ព្រោះ​អាច​ប្រើប្រាស់​កម្មវិធី (App) របស់​ធនាគារ​នេះ​នៅលើ​ទូរស័ព្ទដៃ។

    កន្លងមក ធនាគារ​របស់​កងទ័ព​វៀតណាម​មួយ​នេះ​ក៏​ធ្លាប់បាន​អនុវត្ត​កម្មវិធី​ជាច្រើន​ទាក់ទង​នឹង​លេខ​គណនីល្អៗផងដែរ​ដើម្បី​ទាក់ទាញ​អតិថិ​ច​ន។

    យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ MB ប្រាក់​បញ្ញើ​របស់​អតិថិជន​នៅ​ធនាគារ​នេះ​កាលពី​ថ្ងៃទី 31 ខែធ្នូ 2020 មាន​ចំនួន 310,960 ពាន់​លាន​ដុង (13,392,021,032 ដុល្លារ​អាមេរិក) កើន 14% ធៀប​នឹង​ដើមឆ្នាំ។ MB Bank ចំណេញ​បាន 310,960 ពាន់​លាន​ដុង (460,296,889 ដុល្លារ​អាមេរិក) កើន 6.5% ធៀប​នឹង​ឆ្នាំ 2019៕

    ប្រភព៖ CB

  • ចិន​មាន​មហាសេដ្ឋី​ដុល្លារ​ច្រើនជាងគេ​ក្នុង​ពិភពលោក

    ចិន​មាន​មហាសេដ្ឋី​ដុល្លារ​ច្រើនជាងគេ​ក្នុង​ពិភពលោក

    យោងតាម Hurun (Hurun Global Rich List) ចិន​គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​មហាសេដ្ឋី​ដុល្លារ​ច្រើនជាង 1,000 នាក់ ក្នុងនោះ មាន​មហាសេដ្ឋី​ថ្មី​ជាង 200 នាក់ បានបង្ហាញ​ខ្លួន​នៅ​ប្រទេស​នេះ​នា​ឆ្នាំ 2020។

    សារព័ត៌មាន AFP ដកស្រង់​របាយការណ៍​របស់ Hurun បាន​បង្ហាញថា ក្នុង​ឆ្នាំ 2020 អ្នកមាន​ចំនួន 259 នាក់ បាន​ក្លាយជា​មហាសេដ្ឋី​ដុល្លារ​នៅ​ប្រទេស​ចិន។ ដូច្នេះ បច្ចុប្បន្ន ប្រទេស​ចិន​មាន​មហាសេដ្ឋី​សរុប​ចំនួន 1,059នាក់។ សហរដ្ឋអាមេរិក​ជាប់​លេខ 2 ដោយមាន​មហាសេដ្ឋី​សរុប​ចំនួន 696 នាក់ ក្នុងនោះ​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 70 នាក់។

    តួលេខ​មហាសេដ្ឋី​នៅ​ប្រទេស​ចិន បាន​កើន​ជិត​ទ្វេដង​នៅក្នុង​អំឡុង 5 ឆ្នាំ​កន្លងទៅនេះ។ អ្នកមាន​ជាងគេ​បង្អស់​នៅ​ប្រទេស​ចិន​នាបច្ចុប្បន្ន​គឺ​លោក Zhong Shanshan ជា​ថៅកែ​ក្រុមហ៊ុន​ផលិត​ភេសជ្ជ Nongfu។ ដោយមាន​ទ្រព្យ​សរុប 74 ពាន់​លាន​ដុល្លារ លោក Zhong គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅក្នុង​ទ្វីបអាស៊ី ឈរ​ពីក្រោយ​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani ដែលមាន​ទ្រព្យ​សរុប 81.2 ពាន់​លាន​ដុល្លារ​អាមេរិក។

    ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ចំនួន 3,228 នាក់ កាន់កាប់​ក្រុមហ៊ុន​ចំនួន 2,402 ស្ថាប័ន នៅក្នុង​ប្រទេស​​ចំនួន 68។ នៅ​ប្រទេស​ចិន រដ្ឋធានី​ប៉េកាំង មាន​មហាសេដ្ឋី​ចំនួន 145 នាក់ រីឯ​ទីក្រុង​សៀង​ហៃ​ឈរ​លេខ 2 ដោយមាន​មហាសេដ្ឋី 113 នាក់ ចំណែក​ទីក្រុង សិន​ជិន (Shenzhen) មាន 105 នាក់ ខណៈ​ហុងកុង​មាន 82 នាក់។

    យោងតាម Bloomberg Billionaires Index អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បច្ចុប្បន្ន (ថ្ងៃទី 5 មីនា 2021) ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប​ចំនួន 175 ពាន់​លាន​ដុល្លារ។ ឈរ​លំដាប់​លេខ 2 គឺ​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk ដោយមាន​ទ្រព្យ​សរុប 162 ពាន់​លាន​ដុល្លារ។ ចំណែក​លេខ 3 គឺ​លោក Bill Gates មាន 134 ពាន់​លាន​ដុល្លារ៕

    ប្រភព៖ AFP, Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • ចាន​បុរាណ​ចិន​នៅ​អាមេរិក ត្រូវគេ​​ទិញ​​ក្នុង​តម្លៃ 35ដុល្លារ តែ​លក់​វិញ​តម្លៃ 500,000ដុល្លារ

    ចាន​បុរាណ​ចិន​នៅ​អាមេរិក ត្រូវគេ​​ទិញ​​ក្នុង​តម្លៃ 35ដុល្លារ តែ​លក់​វិញ​តម្លៃ 500,000ដុល្លារ

    មនុស្ស​ម្នាក់​រស់នៅក្នុង​រដ្ឋ Connecticut បាន​ទិញ​ចាន​សេ​រ៉ា​មិច​មួយ​តម្លៃ 35 ដុល្លារ​អាមេរិក ពី​ទីតាំង​លក់ទំនិញចាស់ៗមួយកន្លែង ដោយ​មិន​បានដឹង​ទាល់់តែសោះ​ថា វា​គឺជា​វត្ថុ​បុរាណ​ជំនាន់​រាចវង្ស​មីង (Ming Dynasty) របស់​ចិន ដែលមាន​តម្លៃ​រហូតដល់ 5,00,000 ដុល្លារ​អាមេរិក។

    ចាន​ដែលមាន​រូបគំនូរ​ស្លឹកឈើ​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​មនុស្ស​ម្នាក់​ទិញ​ពី​កន្លែង​លក់ទំនិញចាស់ៗ ដែល​ស្ថិត​នៅក្នុង​រដ្ឋ Connecticut ភាគ​ឦសាន​នៃ​សហរដ្ឋអាមេរិក។ អត្តសញ្ញាណ​របស់​អ្នកទិញ​រូបនេះ បច្ចុប្បន្ន​ត្រូវបាន​គេ​លាក់​​ជា​អាថ៌កំបាំង។

    អ្នកទិញ​ខាងលើ​បា​នរក​ក្រុម​អ្នកជំនាញ​ខាង​សេ​រ៉ា​មិច​ ប៉សឺឡែន​ ដើម្បី​ពិនិត្យ​ចាន​នេះ ដោយ​ការផ្ញើ​រូបថត​ជាដំបូង ហើយ​ក្រោយមក​ក៏បាន​យក​វា​ទៅកាន់​សាល​ដេញថ្លៃ​ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់។ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ចាន​នេះ​ត្រូវបាន​ផលិតឡើង​សម្រាប់​រាជបល្ល័ង្ក​របស់​មហាក្សត្រ Yongle (ព្រះនាម​ផ្ទាល់ខ្លួន​គឺ Zhu Di) ដែលជា​ស្ដេច​ទី​បី​របស់​រាជវង្ស​មីង សោយរាជ​ចាប់ពី​ឆ្នាំ 1402 ដល់ 1424។

    ផែន​ទី​ជំនាន់​រាជ​វង្ស​មីង​នៃ​ប្រទេស​ចិន​

    «នៅក្នុង​ពិភពលោក​នេះ មាន​ចាន​ដូច្នេះ​ចំនួន​តែ 6 ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ដឹង។ នោះ​គឺជា​សម្ភារ​សម្រាប់តែ​រាជវង្ស​ប៉ុណ្ណោះ» នេះ​បើតាម Angela McAteer អ្នកជំនាញ​ខាង​ស្នាដៃ​សិល្បៈ​ចិន មកពី​ការិយាល័យ​កណ្ដាល​របស់ Sotheby’s នៅ​ទីក្រុង New York។ Sotheby’s គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ធំជាងគេ​បង្អស់​មួយ​នៅក្នុង​ពិភពលោក ដែល​រកស៊ី​ខាង​វត្ថុ​បុរាណ គ្រឿងអលង្ការ គ្រឿង​សិល្បៈ​តុបតែង អចលនទ្រព្យ និង​វត្ថុចម្លែក។

    Sotheby’s នឹង​នាំយក​ចានទី 7 នៃ​រាជបល្ល័ង្ក​របស់​មហាក្សត្រ Yongle នេះ ទៅ​ដាក់លក់​ដេញថ្លៃ​នៅ​ថ្ងៃទី 17 មីនា​ខាងមុខ ដោយ​ចាប់ផ្ដើម​ពី​តម្លៃ 300,000 ដុល្លារ ដល់ 500,000 ដុល្លារ​អាមេរិក។

    ចាន​ចំនួន 5 ក្នុងចំណោម​ចាន​ដែល​ត្រូវបាន​គេ​ស្គាល់ កំពុងស្ថិត​ក្នុង​សារមន្ទីរ រួមមាន៖ 2 នៅ​កោះ​តៃវ៉ាន់, 2 នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង 1 នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា