Category: សង្គម និងសេដ្ឋកិច្ច

  • iPhone 12 ចាប់ផ្តើម​ដំឡើង នៅ​ប្រទេស​ឥណ្ឌា កំពុងតែ​ក្លាយជា​ការពិត!

    iPhone 12 ចាប់ផ្តើម​ដំឡើង នៅ​ប្រទេស​ឥណ្ឌា កំពុងតែ​ក្លាយជា​ការពិត!

    ដូចដែល​យើងទាំងអស់គ្នា បានដឹងហើយថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន រហូតមកទល់​ពេលនេះ បានធ្វើ​ឱ្យមាន​បញ្ហា​ជាច្រើន​នៅ​កកស្ទះ មិនទាន់​អាច​ដោះស្រាយបាន ហេតុ​ដូច្នេះហើយ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ បាន​ផ្លាស់ប្តូរ​ទីតាំង​ផលិត ឬ​ដំឡើង​ផលិតផល​របស់ខ្លួន ទៅកាន់​ប្រទេស​ផ្សេងទៀត​វិញ ដូចជា ប្រទេស​វៀតណាម និង​ឥណ្ឌា​ជាដើម។

    កាលពីពេលថ្មីៗនេះ Apple បានចេញ​មុខមក​បញ្ជា​ក់ថា ក្រុមហ៊ុន​ពិតជា​មាន​គម្រោង ក្នុងការ​បង្កើន​ផលិតកម្ម iPhone 12 របស់ខ្លួន នៅក្នុង​ប្រទេស​ឥណ្ឌា​ឱ្យបាន​ច្រើនជាង​មុន​ពិតមែន។

    Apple បានបញ្ជាក់​ទៀតថា ពួកគេ​ពេញចិត្ត​យ៉ាងខ្លាំង ក្នុងការ​សម្រេច​បង្កើន​ផលិតកម្ម iPhone របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​ច្រើន​លំដាប់​លេខ2 មួយ​នេះ។

    កន្លែង​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការដំឡើង iPhone 12 គឺ​ស្ថិតនៅក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន Foxconn ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ដែលជា​សាខា​ធំ​មួយ មិន​ចាញ់ Foxconn នៅ​ប្រទេស​ចិន​ប៉ុន្មាន​ឡើយ។

    ប្រភព​ដដែល បាន​បង្ហើប​ឱ្យដឹងទៀតថា ផលិតកម្ម iPhone ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា តាមរយៈ​ក្រុមហ៊ុន Foxconn និង Wistron តាំងពី​ឆ្នាំ2017 មកម្ល៉េះ លើសពីនេះ​ក្រុមហ៊ុន Apple ក៏​កំពុងមាន​គម្រោង​ក្នុងការ​ដំឡើង ថេ​ប្លេ​ត របស់ខ្លួន​ក្នុងប្រទេស​ឥណ្ឌា​ផងដែរ៕

  • Lenovo គ្រោងនឹងបញ្ចេញទូរស័ព្ទ មានឆ្នាំងសាក 110W សាកថ្មលឿនដូចព្យុះ

    Lenovo គ្រោងនឹងបញ្ចេញទូរស័ព្ទ មានឆ្នាំងសាក 110W សាកថ្មលឿនដូចព្យុះ

    កាលពីពេលថ្មីៗនេះ គេ​ប្រទះឃើញ​មាន​វិញ្ញាបនបត្រ​ឆ្នាំង​សាក 110W របស់​ក្រុមហ៊ុន Lenovo ត្រូវបាន​ចុះបញ្ជី​រួចរាល់​ហើយ នៅតែ​រង់ចាំ​ចូល​រោងចក្រ​ផលិត​ជា​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ។

    បើ​យោងតាម​ប្រភពព័ត៌មាន បានឱ្យដឹងថា Lenovo Legion 2 និង Lenovo Legion 2 Pro អាច​នឹងមាន​ឈ្មោះ​ជា​ស្មា​ត​ហ្វូ​ន Gaming ដែលមាន​ឆ្នាំង​សាក​ថ្ម​លឿន​ជាងគេ​ក្នុង​ពិភពលោក។

    គិត​ត្រឹម​ពេលនេះ គេ​នៅ​មិនទាន់​ទទួលបាន​ដំណឹង​អ្វី​ច្រើន ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ល​នេះ​នៅឡើយ​ទេ តែ​យ៉ាងណាមិញ ស្មា​ត​ហ្វូ​ន​នោះ​អាច​នឹង​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ គឺ Snapdragon 888 និង​មាន​ជម្រើស RAM ចាប់ពី 8GB ដល់ 128GB ផងដែរ។ ដូចនេះ សូម​រង់ចាំ​តាមដាន​បន្តថា តើ​ក្រុមហ៊ុន​នឹង​ចេញលក់​នៅ​ថ្ងៃ​ណា? និង​ក្នុងតម្លៃ​ប៉ុន្មាន?

  • ធ្លាប់តែ​ផលិត​កុំព្យូទ័រ ពេលនេះ Razer បញ្ចេញ​វ៉ែនតា​ពិសេស ស្ដាប់​តន្ត្រី​បាន និង​អាច​ការពារ​ពន្លឺ​ខៀវ បាន​ទៀតផង

    ធ្លាប់តែ​ផលិត​កុំព្យូទ័រ ពេលនេះ Razer បញ្ចេញ​វ៉ែនតា​ពិសេស ស្ដាប់​តន្ត្រី​បាន និង​អាច​ការពារ​ពន្លឺ​ខៀវ បាន​ទៀតផង

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Razer បាន​បញ្ចេញ​វ៉ែនតា​ឆ្លាត​វៃ ឈ្មោះថា ‘Razer Anzu’ ដែលមាន​បំពាក់​មកជា​មួយ​នូវ​មុខងារ​ការពារ​កាំ​រស្មី UVA/UVB បាន​ដល់​ទៅ 99% អាច​ការពារ​ពន្លឺ​ពណ៌​ខៀវ ដែល​ជះ​ចេញពី​កុំព្យូទ័រ ឬ​ស្មា​ត​ហ្វូ​ន​បាន 35% និង​ជាពិសេស​អាច​ស្ដាប់​តន្ត្រី​បាន​ទៀតផង។

    Razer Anzu មាន 2ប្រភេទ​សម្រាប់​ឱ្យ​ជ្រើសរើស គឺ​ប្រភេទ​កញ្ចក់​រាង​ជ្រុង និង​កញ្ចក់​រាង​មូល ដោយ​តម្លៃ​លក់​របស់​វា ប្រមាណ​ជា 200ដុល្លារ សម្រាប់​ទីផ្សារ​បរទេស។

    លក្ខណៈពិសេស​ផ្សេងទៀត​របស់ Razer Anzu គឺមាន​កម្រិតស្ដង់ដា​ការពារ​ទឹក និង​ធូលី IPX4 និង​មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន 5ម៉ោង ហើយ​បើ standby ទុកចោល គឺអាច​បាន​ដល់​ទៅ 2សប្ដាហ៍​ឯណោះ វា​ក៏​ប្រើការ​បញ្ជា​ដោយ​ការ​ប៉ះ លើ​ការកំណត់ ឬ​ចូលទៅ​កាន់​មុខងារផ្សេងៗ យ៉ាង​ទំនើប​ផងដែរ។ លើសពីនេះ​ទៀត វ៉ែនតា​ឆ្លាត​វៃ​ស៊េរី​នេះ មានភ្ជាប់​រន្ធ​ម៉ៃ​ក្រូ​ហ្វូ​ន​ដែល​អាចឱ្យ​វាទ​ទួល ឬ ហៅ​ទូរស័ព្ទ​ចេញចូល​បាន។

    រំឭក​ផងដែរ​ថា កេ​រ្ត៍​ឈ្មោះ​របស់ Razer ធ្លាប់តែ​ល្បីល្បាញ​ខាង​ទីផ្សារ​ធំ ផ្នែក​ផលិត​កុំព្យូទ័ សម្រាប់​ហ្គេម ឥលូវ​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ផលិត​សម្ភារ​ឆ្លាត​វៃ​នៅ​ឆ្នាំ2021 នេះ។ ដូច្នេះ នៅ​ឆ្នាំបន្ទាប់ៗទៀត អាច​នឹងមាន​ផលិតផលថ្មីៗ ចេញមក​បង្ហាញខ្លួន​លើ​ទីផ្សារ​ទៀត​ជាមិនខាន៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Apple នឹង​បញ្ចេញ iPad 2021 អេក្រង់​ប្រភេទ mini-LED ឈី​ប​ល្បឿន​លឿន

    Apple នឹង​បញ្ចេញ iPad 2021 អេក្រង់​ប្រភេទ mini-LED ឈី​ប​ល្បឿន​លឿន

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន​បង្ហើប​ឱ្យដឹងពី​ការរៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ នា​ដើម​ឆ្នាំនេះ នៅ​ថ្ងៃទី23 ខែមីនា។ កម្មវិធី​ខាងលើ Apple នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​ឌីជីថល និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់ តាមរយៈ​គេហទំព័រ និង YouTube ផ្លូវការ​របស់​ក្រុមហ៊ុន Apple ផ្ទាល់​តែម្ដង។

    ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ដាក់​បង្ហាញ​ផលិតផល AirTags, iPads និង AirPods ម៉ូ​ដែល​ថ្មី។ លើសពីនេះ​ទៀត​Apple នឹង​បញ្ចេញ iPad ជំនាន់​ថ្មី ជាមួយនឹង​អេក្រង់​ប្រភេទ mini-LED ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប​ល្បឿន​លឿន​ជាង​មុន​ផងដែរ។

    គេ​បាន​រំពឹងទុក​ថា Apple នឹង​បញ្ចេញ App Tracking Transparency លើ iOS 14.5 ដែលជា​មុខងារ​បើក​សិទ្ធិ​ដល់​អ្នកប្រើប្រាស់ ឱ្យមាន​សេរីភាព​លើ​កម្មវិធី​ណាមួយ ដែល​តាមដាន​ពួកគេ និង​ដែល​មិន​ធ្លាប់​ប៉ះ​សម្តី​ជាមួយ​មេ Facebook។

    ព្រឹត្តិការណ៍​ដើមឆ្នាំ​របស់ Apple នេះ នឹង​ធ្វើឡើង​ជាមួយគ្នា​នឹង​ថ្ងៃ​ប្រកាស​ចេញ របស់ OnePlus 9 ផងដែរ នេះ​បើតាម​ប្រភព​ខាងលើ លោក Kang បាន​បន្ថែម តែ​ទោះ​យ៉ាងណាក៏ដោយ ព័ត៌មាន​លម្អិត​ជា​ផ្លូវការ​អំពី​ព្រឹត្តិការណ៍ របស់​ក្រុមហ៊ុន Apple នេះ យើង​នៅ​មិនទាន់​បានដឹង​នៅឡើយ៕

  • មកមើលសកម្មភាពថតភាពយន្ដ «គ្រោះជីវិតកូវីត១៩ »ភាពយន្តមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភព

    មកមើលសកម្មភាពថតភាពយន្ដ «គ្រោះជីវិតកូវីត១៩ »ភាពយន្តមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភព

    មកទល់ពេលនេះភាពយន្ដ «គ្រោះជីវិតកូវីត១៩ » ដែលផលិតឡើងដោយផលិតកម្មកថាជ័យភាពយន្ដ បានថតយបើយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម ក៏ដូចជាអ្នកដឹកនាំសម្ដែងរឿងនេះ បានបង្ហោះពីសកម្មភាពមួយចំនួននៃការថតភាពយន្ដនេះ។

    រូបភាពមួយសន្លឹកដែលបង្ហាញពីឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ឱ្យដឹងថា «រូបភាពក្នុងភាពយន្តរឿង #គ្រោះជីវិតកូវីត១៩ ឈុតធ្វើចត្តាឡីស័កខំប្រឹងហាត់ប្រាណ🎬
    ភាពយន្តនេះថតមុនព្រឹត្តិការណ៍កូវីតផ្ទុះឡើងចុងក្រោយ🎬តែមកនាគវ័ធកន្ទុយចុងក្រោយជិតថតចប់ ហើយពួកយើងប្រឹងធ្វើការដូចជាទាហានប្រញាប់បញ្ចប់ ដោយពាក់ម៉ាសបាញ់អាកុល វាស់កម្តៅជាប់ជានិច្ជ🙏។ ហើយពួកយើងបានបញ្ចប់ទាំងភ្នែកនៅកញ្ចឹងក🙏 ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍សិល្បៈបានមកដល់នៅពេលពួកយើងថតចប់»។

    លោកបន្ដថា « តែទោះយ៉ាងណាយើងខ្ញុំកំពុងតាមដានអោយច្បាស់មុនហេតុការណ៍ឆ្លងសហគមន៍ សិល្បៈមុន១អាទិត្យនេះ🙏 ដំណាក់កាលនេះសូមក្រុមការងារនិងអ្នកសិល្បៈទាំងអស់ដែលបានថតរឿង #គ្រោះជីវិតកូវីត១៩ មេត្តាស្ថិតនៅផ្ទះមួយរយៈបើមិនចាំបាច់ សូមគោរពតាមគោលការណ៍ បីកុំ បីការពារ🙏សង្ឃឹមពួកយើងឆ្លងផុតដំណាក់កាលនេះទាំងអស់គ្នា🙏សូមរូបភាពធ្វើចត្តាឡីស័កនេះមានតែក្នុងរឿងបានហើយ។ សូមកុំអោយពួកយើងរងគ្រោះធ្វើចត្តាឡីស័កពិតអី🙏»។

    យ៉ាងណាមិញ គេរំពឹងថា នឹងទទួលបានការគាំទ្រស្នាដៃយ៉ាងខ្លាំង ដូចដែលមហាជនគាំទ្រធ្លាប់បានដឹងពីស្នាដៃកន្លងមករបស់លោក។ លោក ហ៊ុយ យ៉ាឡេង ក៏ធ្លាប់បានបញ្ជាក់នាថ្ងៃក្រុងពាលិថា ស្នាដៃថ្មីនេះ មានរសជាតិច្រើនលាយឡំគ្នា យំ កម្សត់ និងលាយសំណើច ហើយរឿង «គ្រោះជីវិតកូវីដ១៩» នេះក៏មានគម្រោងអាចនឹងដាក់បញ្ចាំងមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរតាមភាពជាក់ស្តែង៕

  • មិនមែនយកល្បី ម៉ា ច័ន្ទបញ្ញា ចាប់ដៃជាមួយ ប្រុសម៉ៅ ធ្វើបទចម្រៀងបង្ហាញពីការដឹងគុណវិរៈបុរសពណ៌សជួយសង្គ្រោះប្រជាជនកម្ពុជា

    មិនមែនយកល្បី ម៉ា ច័ន្ទបញ្ញា ចាប់ដៃជាមួយ ប្រុសម៉ៅ ធ្វើបទចម្រៀងបង្ហាញពីការដឹងគុណវិរៈបុរសពណ៌សជួយសង្គ្រោះប្រជាជនកម្ពុជា

    ថ្មីៗនេះ បទចម្រៀង «សមាជិកអ្នកផ្ទះ» ឬ«នៅផ្ទះ» របស់លោក ម៉ា ច័ន្ទបញ្ញា  បានបង្ហាញពីការចាប់ដៃគ្នាលើកដំបូងជាមួយអ្នកសម្រួលតន្ត្រី ប្រុសម៉ៅ ជាស្នាដៃថ្មីបង្ហាញពីការដឹងគុណទៅកាន់វិរៈបុរសពណ៌សកំពុងជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីជំងឺកូវីដ១៩។

    លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារ Caption នៅលើ Youtube ផ្ទាល់របស់លោកឱ្យដឹងថា «ដើម្បីជាការដឹងគុណ វិរៈបុរសពណ៌ស ដែលបានជួយសង្គ្រោះប្រជាជនយើង។ ខ្ញុំបាទ ម៉ា ច័ន្ទបញ្ញា និង ប្រុសម៉ៅ បានសហការគ្នាធ្វើបទនេះឡើងដោយស្ម័គ្រចិត្តទាំងអស់គ្នា ដើម្បីឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា»។

    លោកក៏បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា «ជម្ងឺ​ មិនមែនជា​ ជំនឿឡេីយ​ សូមកុំរេីសអេីងគ្នា​ ព្រោះយេីងពិបាកដឹងថា​ អ្នកណា​ មានផ្ទុកឬពុំមានទេ​។ អ្នកផ្ទុកគឺជាជនរងគ្រោះ​ មិនមែមមនុស្សចង្រៃ​ ដែលនាំស៊យដល់អ្នកណាឡេីយ។​ ខ្ញុំពិតជាមិនចង់ល្បីដោយជម្ងឺនេះទេ​ សូមកុំចោទប្រកាន់។»

    ជាការពិតណាស់ តាមការអះអាងរបស់សារព័ត៌មានក្នុងស្រុកក៏ឱ្យដឹងថា គ្រូពេទ្យកម្ពុជាយើង បានព្យាបាលអ្នកជម្ងឺឆ្លងកូវីត១៩ ដល់ទៅ៨៣នាក់ក្នុង១ថ្ងៃ។ សូមអរគុណ វិរៈបុរសអាវស ហើយបន្តវិធានការណ៍ #៣កុំ៣ការពារ។ តោះ ចង់ដឹងថា បទថ្មីនេះមានអត្ថន័យជ្រាលជ្រៅកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមនេះ ៖

  • បន្ធូរអារម្មណ៍អ្នកគាំទ្រទន្ទឹងចាំ ហង្សមាស បញ្ចេញបទថ្មី ណុប បាយ៉ារិទ្ធ និងសុគន្ធ និសា ត្រៀមអបអរចូលឆ្នាំខ្មែរ

    បន្ធូរអារម្មណ៍អ្នកគាំទ្រទន្ទឹងចាំ ហង្សមាស បញ្ចេញបទថ្មី ណុប បាយ៉ារិទ្ធ និងសុគន្ធ និសា ត្រៀមអបអរចូលឆ្នាំខ្មែរ

    ដូចមហាជនអ្នកគាំទ្របានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា និងអ្នកនិពន្ធលោក លី ស៊ីនហួន បានកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ។ យ៉ាងណាមិញ ស្របពេលដែលអ្នកគាំទ្រមានក្ដីព្រួយបារម្ភ និងបួងសួងឱ្យតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេឆាប់ជាសះស្បើយពីជំងឺកាចមួយនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មី ដែលជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា ដើម្បីបន្ធូរអារម្មណ៍ទន្ទឹងចាំអ្នកគាំទ្រ។

    តារាចម្រៀង ណុប បាយ៉ារិទ្ធ
    តារាចម្រៀង សុគន្ធ និសា

    បទចម្រៀងថ្មីនេះមានចំណងជើងថា «កេះបាស់ កេះបាស់» ដែលជាការនិពន្ធទំនុកច្រៀងដោយលោក លី ស៊ីនហួន  អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស។ បទចម្រៀងនេះដែរ ត្រូវបានគេដឹងថា ជាបទថ្មីដែលត្រៀមអបអរកម្សាន្ដរាំលេងសប្បាយនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានខិតជិតចូលមកដល់ហើយ។ ចង្វាក់ភ្លេងបទថ្មី រៀងរន្ថើនតាមបែបចង្វាក់រាំវង់ ដែលជាការនិពន្ធបទភ្លេងដោយលោក ចក់។

    ទោះជាយ៉ាងណាមិញ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បាន Comment ជូនពរ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា ក៏រួមជាមួយលោក លី ស៊ីនហួន  ឱ្យឆាប់បានជាសះស្បើយពីជំងឺ ហើយឆាប់បានត្រឡប់មកវិញ។ ក្ដីបារម្ភរបស់អ្នកគាំទ្រពិតជាបង្ហាញចេញពីចិត្ត និងស្ដែងឱ្យឃើញថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកគាំទ្រនៅតែផ្ដល់កម្លាំងចិត្តដល់សិល្បករជានិច្ច។

    លោក លី ស៊ីនហួន អ្នកនិពន្ធប្រចាំផលិតកម្មហង្សមាស

    តោះមករីករាយស្ដាប់កម្សាន្ដបទថ្មី «កេះបាស់ កេះបាស់» ជាការបកស្រាយរបស់លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ និសា មាននៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស៕

  • ក្រពើ​យក្ស ឡើង​ជ្រញ់​វះកាត់ ក្រោយពី​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា ចូល​ពោះ

    ក្រពើ​យក្ស ឡើង​ជ្រញ់​វះកាត់ ក្រោយពី​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា ចូល​ពោះ

    ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម! រូបភាព​សត្វ​ក្រពើ​ដ៏​ធំ​សម្បើម 1ក្បាល ដេក​យ៉ាង​ស្ងប់ស្ងៀម​នៅលើ​គ្រែ​អ្នកជំងឺ រង់ចាំ​ឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ ដើម្បី​យក​ស្បែកជើងបាតា​ម្ខាង ចេញពី​ក្នុង​ពោះ​របស់​វា ក្រោយពី​វា​ភ្លេចខ្លួន ច្រឡំ​លេប​ចូលទៅ។

    ក្លាយជា​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​គួរឱ្យ​អស់សំណើច​មួយ នៅលើ​បណ្ដាញ​សង្គម នៅពេលដែល​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ បានឃើញ​រូបភាព​សត្វ​ក្រពើ​ដ៏​ធំ 1ក្បាល ដេក​យ៉ាង​ស្ងៀម​នៅលើ​គ្រែ​វះកាត់។ វា​ជាស​ត្វ​ក្រពើ 1ក្បាល នៃ​ទន្លេ នី​ល ដែលមាន​ឈ្មោះថា Anuket មកពី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយកន្លែង នៅក្នុង​រដ្ឋ ហ្វ្ល​រី​ដា ដែលមាន​ប្រវែង 3.5ម៉ែត្រ និង​ទម្ងន់​ខ្លួន 150គីឡូក្រាម។

    មូលហេតុ​នៃ​រឿងរ៉ាវ​ទាំងអស់នេះ គឺ​មកពី Anuket បាន​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា​ម្ខាង​របស់​អ្នកទេសចរ ដែល​បានធ្វើ​ជ្រុះ​ក្នុងអំឡុងពេល​ដើរ​តោង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ស្រះ​ដែល​វា​រស់នៅ។ អ្នក​មើលឃើញ​ហេតុការណ៍​នោះ បាន​រៀបរាប់ថា វា​បាន​លេប​ស្បែកជើង​នោះ​ចូលទៅ រួច​បាន​ក្អែរ​ចេញមក​វិញ មុននឹង​លេប​ចូល​ទៅវិញ​ម្ដងទៀត។

    ខាង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ បាន​ព្យាយាម​ជួយ​គ្នា រិះរក​វិធី​យក​ស្បែកជើង​នោះ​ចេញពី​ពោះ Anuket មកវិញ ទាំង​ការធ្វើឱ្យ​វា​ក្អួត ធ្វើ​ម៉ាស្សា​ពោះ​របស់​វា ដើម្បីឱ្យ​ស្បែកជើង​នោះ​រំកិល​ចេញមក​វិញ ឬ​សូម្បីតែ យកដៃ​លូក​ចូលទៅក្នុង​ពោះ​របស់​វា​ទៀតផង តែ​វិធី​ទាំងអស់នោះ មិន​ទទួលបាន​លទ្ធផល​ឡើយ។ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​កន្លងទៅ។

    ពេលវេលា បាន​កន្លងទៅ 2ខែ ខាង​ក្រុមគ្រូពេទ្យ​មកពី​មហាវិទ្យាល័យ​ហ្វ្ល​រី​ដា បានទទួល​ការផ្ដល់​ដំណឹង​អំពី​រឿងនេះ ក៏​ចូល​មកជួយ​ចាត់ការ។ Anuket ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យសត្វ តាំងពី​ថ្ងៃទី5 ខែកុម្ភៈ ដោយ​ខាង​ក្រុម​ពេទ្យសត្វ បាន​សាកល្បង​ប្រើ​វិធីផ្សេងៗ ដែល​មិនមែនជា​ការវះកាត់​ជាមុនសិន ដើម្បី​ជាការ​កាត់បន្ថយ​ភាព​ប្រឈម​ចំពោះ Anuket  តែ នៅតែ​មិន​ទទួលបាន​លទ្ធផល​ដូចគ្នា។

    ទីបំផុត ក្រុមគ្រូពេទ្យ​សត្វ​ទាំងនោះ ក៏​សម្រេចចិត្ត ធ្វើការ​វះ​ពោះ​របស់ Anuket ដើម្បី​ចូលទៅ​ដល់​ក្រពះ និង​វះ​យក​ស្បែកជើង​នោះ​ចេញ។ មិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យ ក៏​អាច​យក​ស្បែកជើង​កំពូល​បញ្ហា​នោះ ចេញមក​បាន…បន្ទាប់មក​ក៏​ឱ្យ Anuket ដេក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បន្ត ហើយ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក វា​ក៏បាន​ទទួល​ការអនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្ដារ​ស្ថានភាព​រាងកាយ​ឡើងវិញ នៅឯ​កសិដ្ឋាន​ដែល​វា​រស់នៅ​នោះ​វិញ។

    ខាង​កសិដ្ឋាន បាន​ចេញមក​ថ្លែងថា បច្ចុប្បន្ន សុខភាព​របស់ Anuket កំពុងតែ​ល្អប្រសើរ​ឡើងវិញ​ហើយ តែ​រាងកាយ​នៅ​មិនទាន់​រឹងមាំ 100%នៅឡើយ អាច​ត្រូវការ​ពេលវេលា​សម្រាក​មួយរយៈ​ទៀត ទើប​អាច​ចេញមក​បង្ហាញខ្លួន​ឱ្យ​អ្នកទេសចរ​បាន​ទស្សនា​ជាថ្មី​ម្ដងទៀត និង​បាន​ផ្ដាំផ្ញើ​ជា​ឧទាហរណ៍​ថា សូមកុំ​បណ្ដោយឱ្យ​សត្វ​ក្រពើ លេប​ស្បែកជើង​ចូល​ពោះ​ជាដាច់ខាត!៕

    ប្រភព៖ www.india.com
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • ក្រុមហ៊ុនចិនជាច្រើន ដាក់លក់បដិមា Donald Trump ជាមួយនឹងគាថាយ័ន្ត ‘Make Your Company Great Again’

    ក្រុមហ៊ុនចិនជាច្រើន ដាក់លក់បដិមា Donald Trump ជាមួយនឹងគាថាយ័ន្ត ‘Make Your Company Great Again’

    នៅក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ចិន បាន​បង្កឱ្យមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ដាក់លក់​ផលិតផល​ជា​រូបសំណាក Donald Trump ដែលជា​និន្នាការ​ជំនួញ «ស៊ី​ដោយសារ​គេ» ថ្មី​បំផុត ទាក់ទង​នឹង​អតីត​ប្រធានាធិបតី​អាមេរិក។

    តាមរយៈ​ទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក Taobao ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alibaba អតិថិជន​អាច​បញ្ជា​ទិញ​រូបសំណាក​ប្រធានាធិបតី​ទី 45 របស់​សហរដ្ឋអាមេរិក​កំពុង​តាំងសមាធិ ជាមួយនឹង​តម្លៃ​ចាប់ពី 150 ដុល្លារ​អាមេរិក។ ផលិត​ផល​​នេះ​​មាន​​ពីរ​ប្រភេទ ក្នុងនោះ​មាន​មួយ​ប្រភេទ​មាន​កម្ពស់ 4.6 ម៉ែត្រ និង​មួយទៀត​កម្ពស់ 1.5 ម៉ែត្រ។

    ក្រុមហ៊ុន​ផលិត​សម្ភារ​ធ្វើ​អំពី​ឈើ Buduo ដែល​ទទួលបាន​ការវាយតម្លៃ​ផ្កាយ 5 នៅលើ​ផ្សារ​អន​ឡាញ Taobao ដាក់លក់​រូបសំណាក​នេះ​អស់​ចំនួន 36 រូប​មកហើយ ក្នុងនោះ​មាន 2 រូប​ជា​ប្រភេទ​ធំ ដែល​បង្ហាញ​ឥរិយាបថ លោក Trump គ្រង​ឈុត​អ្នកបួស ដែល​ត្រូវបាន​លក់​ក្នុងតម្លៃ​ឡើងដល់ 615 ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​សន្យាថា​នឹង​ប្រគល់ដល់ដៃ​អតិថិជន​នៅក្នុង​ខែមេសា​ខាងមុខ។ បណ្ដាញសារព័ត៌មាន Global Times ដកស្រង់​ប្រភពព័ត៌មាន​ពី​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Buduo ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា អតិថិជន​ដែល​បាន​ជាវ​រូបសំណាក​នេះ ភាគច្រើន​ក្នុង​បំណង​កម្សាន្ត។

    រូបសំណាក​​នេះ​ត្រូវបាន​ផលិតឡើង​អំពី​វត្ថុ​ធាតុ​សេ​រ៉ា​មិ​ក ឬ​ជ័រ resin។ អម​ជាមួយនឹង​រូបសំណាក ក៏មាន​អក្សរ​មួយ​ឃ្លា​ដែល​សរសេរថា «នាំ​ក្រុមហ៊ុន​របស់​អ្នក​ត្រលប់​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (‘Make Your Company Great Again’) ដែល​នេះ​គឺជា​ឃ្លា​ដែល «កែច្នៃ» ពី​ជ័យ​ឃោស​ន៍​ដ៏​ល្បីឈ្មោះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump «នាំ​​សហរដ្ឋ​អាមេរិក​​ទៅរក​ភាព​មហាអស្ចារ្យ​ឡើងវិញ» (“Make America Great Again”)។

    ផលិតផល «ស៊ី​កេរ» លោក Trump ទំនងជា​នឹងមាន​ទីផ្សារ​ធំ​ទូលាយ​នៅ​ប្រទេស​ចិន។ ក្រុមហ៊ុន​ជាច្រើន កន្លង​មក​​ក៏បាន​នាំគ្នា​ដាក់លក់​ផលិតផល​ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​រូបសំណាក Donald Trump របស់ Buduo នេះដែរ។ មុននេះ ក៏មាន​ក្រុមហ៊ុន​មិនតិច​នោះទេ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ដែល​ទាក់ទង​នឹង​លោក Trump នៅពេល​ពួកគេ​​​បាន​ចាប់​ផ្ដើម​​ផលិត​ និង​ដាក់លក់​ផលិតផល​ច្រើន​ប្រភេទ មាន​តាំងពី​អាវយឺត ក្រដាសអនាម័យ ឬ​អំបោស​ដែលមាន​បោះ​ពុ​ម្ភ​រូបលោក Trump ។ល។

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រ រកឃើញ 8កម្មវិធី របស់ Android មានបង្កប់មេរោគសាហាវ

    ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពកុំព្យូទ័រ រកឃើញ 8កម្មវិធី របស់ Android មានបង្កប់មេរោគសាហាវ

    កាលពីពេលថ្មីៗនេះ កម្មវិធី Android ទាំង8 ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ រាយការណ៍​ទៅ​ក្រុមហ៊ុន Google នៅ​ថ្ងៃទី28 ខែមករា បន្ទាប់ពី​បាន​រកឃើញ​កម្មវិធី Android ទាំងនោះ មាន​បង្កប់​មកជា​មួយ នូវ​កម្មវិធី​មេរោគ ដែល​អាច​បើកផ្លូវ ឱ្យ​ពួក​ជនខិលខូច ទាញយក​ទិន្នន័យ​ទាក់ទង​នឹង​ធនាគារ ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​បាន​ទៀតផង។

    ក្រុម​ជនខិលខូច បាន​ប្រើ​វិធីផ្សេងៗ ដើម្បី​ចៀសវាង​ពី​ការ​ឆែក​មើល និង​តាមដាន​របស់ Google Play Protect មានដូចជា​ការបង្កើត​កម្មវិធី​ក្លែងក្លាយ ដើម្បី​អាចដាក់​ចូលទៅក្នុង Google Play Store បាន ប៉ុន្តែ​ក្រោយមក​ពួកគេ​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នោះ​ដោយ​លួច​បញ្ចូល​កម្មវិធី​មេរោគ។ ខ្លះទៀត​នោះ គឺ​ពួកគេ​បាន​ប្រើ​ប្រព័ន្ធ​អ៊ី​ន​គ្រីប​សិន (encryption) ដើម្បី​លាក់​កូដ​ដែលមាន​មេរោគ​នៅក្នុង​កម្មវិធី ដើម្បី​អាច​បញ្ចូល​ទៅក្នុង Play Store តែម្ដង។

    ក្រុមហ៊ុន​ក៏បាន​ធ្វើការ​លុបចោល​ក​ម្ម​វិធី​ទាំងនោះ​ចេញពី Play Store នៅ​ថ្ងៃទី៩ ខែកុម្ភៈ​រួចមកហើយ​ផងដែរ។ កម្មវិធី​ទាំង 8នោះ​រួមមាន Cake VPN, Pacific VPN, eVPN, BeatPlayer, QR/Barcode Scanner MAX, Music Player, tooltipnatorlibrary និង Qrecorder។

    ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​ខាងលើ​បានឱ្យដឹងថា ទោះបីជា​ក្រុមហ៊ុន​បាន​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី Play Store ហើយ​ក្ដី ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ លោកអ្នក​គួរតែ​លុបចោល​កម្មវិធី​ទាំងនោះ​ចេញពី​ទូរស័ព្ទ​របស់លោក​អ្នក ឱ្យបាន​ឆាប់រហ័ស៕