Category: សង្គម និងសេដ្ឋកិច្ច

  • ខ្លាំង​មែន! Xiaomi ប្រកាស​ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដាក់លក់​លើ​ទីផ្សារ

    ខ្លាំង​មែន! Xiaomi ប្រកាស​ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដាក់លក់​លើ​ទីផ្សារ

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi បាន​បង្ហោះ​សារ​ផ្លូវការ នៅលើ​គណនី Twitter របស់ខ្លួន ដើម្បី​បញ្ជាក់​ដំណឹង​នៃ​ការឈាន​ជើង​ចូល​ឧស្សាហកម្ម​ផលិត​យានយន្ត ដែល​ក្រុមហ៊ុន​ដាក់ឈ្មោះ​ឱ្យ​ថា យានយន្ត​អគ្គិសនី​ដ៏​ឆ្លាត​វៃ- Xiaomi Smart Electric Vehicles។

    មុននឹង​ឈានដល់​ការប្រកាស​បែបនេះ កាលពី​ឆ្នាំ2018 ក្រុមហ៊ុន​ធ្លាប់បាន​សហការ​ជាមួយនឹង​សម្ព័ន្ធ FAW Group ផលិត​រថយន្ត​ក្នុងស្រុក អំឡុងពេល​ក្រុមហ៊ុន Bestune ប្រកាស​ចេញ​ម៉ូ​ដែល T77 Redmi SUV ក្នុងនោះ​កិច្ចព្រមព្រៀង​រវាង​រប​ស់ Xiaomi និង Bestune គឺ​ផលិត Software តែប៉ុណ្ណោះ មាន​ឈ្មោះថា Xiao AI។

    រឹតតែ​ច្បាស់​ជាងនេះទៀត​នោះ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​ក្នុង​ទំហំ 1.5ប៊ី​លាន​ដុល្លារ​អាមេរិក​ឯណោះ ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​កំពុង​ល្បី​ក្នុងស្រុក ដូចជា BYD និង Nio ជាដើម។

    តែ ព័ត៌មាន​លម្អិត​បន្ថែម អំពី​ចង្វាក់​ផលិតកម្ម​ផ្ទាល់​ផ្តាច់មុខ​របស់ Xiaomi ក៏ដូចជា លក្ខណៈ​បច្ចេកទេស និង​តម្លៃ នៅ​មិនទាន់​បង្ហាញ​ចេញ​ជា​រូបរាង​ក្នុងឆ្នាំនេះ​នៅឡើយ​ទេ ដូច្នេះ​សូម​រង់ចាំ​តាម​ភាគ​បន្ត៕

  • Samsung កើប​បាន​ប្រាក់ចំណេញ​ពី​ស្មា​ត​ហ្វូ​ន ក្នុងអំឡុង 3ខែ ឆ្នាំ2021 នេះ ច្រើនណាស់

    Samsung កើប​បាន​ប្រាក់ចំណេញ​ពី​ស្មា​ត​ហ្វូ​ន ក្នុងអំឡុង 3ខែ ឆ្នាំ2021 នេះ ច្រើនណាស់

    កាលពីពេលថ្មីៗនេះ របាយការណ៍​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​នធំៗ ត្រូវបាន​គេ​បញ្ចេញ​ឱ្យដឹងថា នៅត្រឹម​ត្រីមាស​ទី1 នៃ​ឆ្នាំ2021 (3ខែ​ដំបូង) ក្រុមហ៊ុន​ទាំងនោះ​មាន​ចំនួន​លក់ កើនឡើង​គួរឱ្យកត់សម្គាល់។

    បើ​មើល​លើ​តួលេខ ក្រុមហ៊ុន Samsung ទទួលបាន​ជោគជ័យ​ខ្លាំង បន្ទាប់ពី​ប្រកាស​ចេញ​ម៉ូ​ដែល​កំពូល ខ្សែស្រឡាយ Galaxy S21 Series ។ ការលក់​ចេញ​ស្មា​ត​ហ្វូ​ន សរុប​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង 17.48% ក្នុងនោះ​ប្រាក់ចំណេញ​កើនឡើង 44.19% តួលេខ​នេះ​កើន​ខ្ពស់​មែន បើ​ធៀប​ពី​ត្រីមាស​ទី1 ឆ្នាំ2020 ដែល​កាលនោះ ក្រុមហ៊ុន​ចេញលក់ S20 Series មិនសូវ​ជា​ជោគជ័យ​ប៉ុន្មាន​ឡើយ។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង ដែល​ឈានមុខ​គេ​មួយ​នេះ ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជា 8.3ប៊ី​លាន​ដុល្លារ គិត​សរុប​ផលិតផល​ទាំងអស់​ដែល​ខ្លួន​មានដូចជា ទូរទស្សន៍, អេក្រង់​ស្មា​ត​ហ្វូ​ន ជាដើម។

    ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ​វីរុស​កូ​វីដ-19 កាលពី​ចុងឆ្នាំ2020 ក៏ដោយ តែ Samsung នៅតែមាន​យុទ្ធសាស្ត្រ ក្នុង​ការចេញ​ស្មា​ត​ហ្វូ​ន កាលពីដើមឆ្នាំ2021 ដោយ​ដណ្ដើមបាន​ចំណែក​ទីផ្សារ និង​ប្រាក់ចំណេញ​យ៉ាងច្រើន​សម្បើម ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់៕

  • ធ្វើ​ជំនួញ​ក្នុង​វិស័យ​ណាខ្លះ​ដែល​ងាយ​ឱ្យ​យើង​​ក្លាយជា​មហាសេដ្ឋី​បំផុត​ក្នុង​ពិភពលោក?

    ធ្វើ​ជំនួញ​ក្នុង​វិស័យ​ណាខ្លះ​ដែល​ងាយ​ឱ្យ​យើង​​ក្លាយជា​មហាសេដ្ឋី​បំផុត​ក្នុង​ពិភពលោក?

    វិស័យ​ហិរញ្ញវត្ថុ-វិនិយោគ បច្ចុប្បន្ន​កាន់កាប់​មូលធន​ដល់​ទៅ 371ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ពិភពលោក ហើយ​បុគ្គល​ដែល​លេចធ្លោ​ជាងគេ នោះ​គឺ កំពូល​មហាសេដ្ឋី Warren Buffett។

    ក្នុង​សប្ដាហ៍​កន្លង ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2021។ ឆ្នាំនេះ ពិភពលោក​ទាំងមូល​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,755រូប ដែលមាន​ទ្រព្យ​ចាប់ពី 1ពាន់​ដុល្លារ​អាមេរិក​ឡើងទៅ។ អ្នកមាន​ទាំងនេះ រកស៊ី​ក្នុង​វិស័យផ្សេងៗគ្នា ក៏ប៉ុន្តែ បើ​យោងតាម Forbes មហាសេដ្ឋី​ភាគច្រើន​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ចំនួន10 ដែលមាន​ដូចខាងក្រោម៖

    1.វិស័យ៖ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហាសេដ្ឋី៖ 371នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 13%
    -អ្នកមាន​ជាងគេ៖ Warren Buffett (96ពាន់​លាន​ដុល្លារ) គឺជា​ប្រធាន​ប្រតិបត្តិ​របស់ Berkshire Hathaway។ ក្រុមហ៊ុន​នេះ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ជាង60 ក្នុងនោះ​ក៏មាន Duracell និង Dairy Queen ផងដែរ។

    2.វិស័យ៖ បច្ចេកវិទ្យា

    -ចំនួន​មហាសេដ្ឋី៖ 365នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 13%
    -អ្នកមាន​ជាងគេ៖ Jeff Bezos (177ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon។ ក្រុមហ៊ុន​នេះ​ក៏​គ្រប់គ្រង​កាសែត Washington Post និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស Blue Origin ផងដែរ។

    3.វិស័យ៖ ផលិតកម្ម

    -ចំនួន​មហាសេដ្ឋី៖ 331នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 12%
    -អ្នកមាន​ជាងគេ៖ He Xiangjian (35ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក​របស់ Midea Group។ ក្រុមហ៊ុន​នេះ​មាន​សាខា​ជាង200 ឯណោះ។

    4.វិស័យ៖ សម្លៀកបំពាក់ និង​លក់រាយ

    -ចំនួន​មហាសេដ្ឋី៖ 273នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 10%
    -អ្នកមាន​ជាងគេ៖ Bernard Arnault (150ពាន់​លាន​ដុល្លារ) គឺជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ LVMH។ បច្ចុប្បន្ន លោក Bernard គ្រប់គ្រង​ពាណិជ្ជសញ្ញា​ជាង70 ក្នុងនោះ​មាន Louis Vuitton, Tiffany & Co និង Sephora ជាដើម។

    5.វិស័យ៖ ថែទាំ​សុខភាព

    -ចំនួន​មហាសេដ្ឋី៖ 221នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Jiang Rensheng (24.4ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Chogqing ZFSW Biological Products។ ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់​ទប់ស្កាត់​ជំងឺរបេង។

    6.វិស័យ៖ អាហារ & ភេសជ្ជៈ

    -ចំនួន​មហាសេដ្ឋី៖ 219នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Zhong Shanshan (68.9 ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ Nongfu Spring។ បច្ចុប្បន្ន លោក Nongfu ក៏​កាន់កាប់​ក្រុមហ៊ុន​ផលិត​ឱសថ Beijing Wantai Biological Pharmacy។

    7.វិស័យ៖ អចលនទ្រព្យ

    -ចំនួន​មហាសេដ្ឋី៖ 215នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 8%
    -អ្នកមាន​ជាងគេ៖ Lee Shau Kee (31.7ពាន់​លាន​ដុល្លារ) គឺជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai។ ឆ្នាំ1976 លោក Lee ក៏បាន​បង្កើត​ក្រុមហ៊ុន Henderson Land Development ដែល​នាំមក​នូវ​ប្រាក់ចំណូល​ខ្ពស់​ផងដែរ។

    8.វិស័យ៖ ពហុ​វិស័យ

    -ចំនួន​មហាសេដ្ឋី៖ 188នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 7%
    -អ្នកមាន​ជាងគេ៖ Mukesh Ambani (84.5ពាន់​លាន​ដុល្លារ) ជា​ប្រធាន​ក្រុមហ៊ុន Reliance Industries ដែល​រកស៊ី​ក្នុង​វិស័យ​គីមី​ប្រេង, ឧស្ម័ន, លក់រាយ និង​ទូរគមនាគមន៍។

    9.វិស័យ៖ ថាមពល

    -ចំនួន​មហាសេដ្ឋី៖ 100នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 4%
    -អ្នកមាន​ជាងគេ៖ Zeng Yuqun ឬ​ហៅថា Robin Zeng (28.4ពាន់​លាន​ដុល្លារ) គឺជា​ស្ថាបនិក និង​ប្រធាន​របស់​ក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែល​ផលិត​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី។ អតិថិជន​របស់​ក្រុមហ៊ុន​នេះ​គឺ BMW, Volkswagen និង Geely។

    10.វិស័យ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ-កំសាន្ត

    -ចំនួន​មហាសេដ្ឋី៖ 95នាក់
    -ភាគរយ​នៃ​មហាសេដ្ឋី​ក្នុង​បញ្ជី​របស់ Forbes៖ 3%
    -អ្នកមាន​ជាងគេ៖ Michael Bloomberg (59ពាន់​លាន​ដុល្លារ) គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Bloomberg។ កាលពី​ឆ្នាំទៅ លោក Michael ធ្លាប់បាន​ចំណាយ​ប្រាក់​ជិត1ពាន់​លាន​ដុល្លារ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ដើម្បី​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក៕

    ប្រភព៖ Forbes
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋបាល​ភ្នំពេញ​ដាក់ឱ្យ​ដំណើរការ​ស្រឡាង ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កាន់​ក្បាល​​កោះនរា ចាប់ពី​ព្រឹក​នេះ​តទៅ

    រដ្ឋបាល​ភ្នំពេញ​ដាក់ឱ្យ​ដំណើរការ​ស្រឡាង ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កាន់​ក្បាល​​កោះនរា ចាប់ពី​ព្រឹក​នេះ​តទៅ

    ស្រឡាង​ធំ-តូច​ជាច្រើន​គ្រឿង ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សម្រាប់​ដឹក​យានយន្ត​ឆ្លងកាត់​ទន្លេបាសាក់​ដែល​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា ចាប់ពី​ម៉ោង 5កន្លះ​ព្រឹក ដល់​ម៉ោង 20យប់ ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​លើ​ស្ពាន​ព្រះមុនីវង្ស។

    ការរៀបចំ​ដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​បណ្ដោះអាសន្ន​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៃ​រាជធានី​ភ្នំពេញ និង​អភិបាលខណ្ឌ​ចំការមន ខណ្ឌ​ច្បារអំពៅ និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ទីក្រុង​កោះ​ពេជ្រ បន្ទាប់ពី​មានការ​ចាត់​តាំងពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

    មូលហេតុ​នៃ​ការដាក់ឱ្យ​ដំណើរ​ជា​ស្រឡាង​ឆ្លងកាត់​ទន្លេ​បាសក់​នេះ ត្រូវបាន​មន្ត្រីរដ្ឋបាល​ភ្នំពេញ​លើកឡើងថា គឺ​ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ព្រះ​មនី​វង្ស​ចាស់ ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ ដែល​កំពុង​ត្រូវបាន​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​រយៈពេល 3ថ្ងៃ ចាប់ពី​ថ្ងៃទី 08មេសា ដល់ 10មេសា។ បន្ទាប់ពី​ថ្ងៃទី 10មេសា ស្ពាន​នេះ​នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ។

    ទិដ្ឋ​ភាព​មើល​ពី​ស្រឡាង​កោះ​នរា-កោះពេជ្រ
    ផ្លូវ​ពី​កោះ​ពេជ្រ​ ចុះ​ទៅ​កាន់​ស្រឡាង​

    អាជ្ញាធរ​បានឱ្យដឹងថា អ្នកដំណើរ​ដែលមាន​បំណង​ចូលមក​ភ្នំពេញ​ពី​ផ្លូវជាតិ​លេខ​មួយ អាចធ្វើ​ដំណើរ​តាម​ស្រឡាង​ពី​ក្បាល​កោះនរា មកកាន់​កោះ​ពេ​ជ្យ​បាន ព្រោះថា បច្ចុប្បន្ន មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ ត្រង់ចំណុច​ចាប់ពី​ម្ដុំ​វត្ត​និរោធ​នៅ​ផ្លូវជាតិ​លេខ​មួយ រហូតដល់​តំបន់​ក្បាលថ្នល់​នៃ​ខណ្ឌមានជ័យ បន្ទាប់ពី​អាជ្ញាធរ​បិទ​ស្ពាន​មនី​វង្ស​ចាស់ ដើម្បី​សម្រួល​ដល់​ការងារ​ជួសជុល​ស្ពាន​នេះ៕

    ប្រភព៖ AKP
    ដកស្រង់​៖ បុត្រា

  • ម្ចាស់​ឯតទគ្គ​កម្ម​ក្រចកដៃ​ប្រវែង​ជាង 7ម៉ែត្រ សម្រេចចិត្ត​កាត់​ឱ្យ​សារមន្ទីរ

    ម្ចាស់​ឯតទគ្គ​កម្ម​ក្រចកដៃ​ប្រវែង​ជាង 7ម៉ែត្រ សម្រេចចិត្ត​កាត់​ឱ្យ​សារមន្ទីរ

    Ayanna Williams អាយុ 57ឆ្នាំ នៅក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​កាត់​ក្រចកដៃ​ដែលមាន​ប្រវែង​ជាង 7.3ម៉ែត្រ ដែល​ខ្លួន​បាន​ទុក​តាំងពី30ឆ្នាំមុន បន្ទាប់ពី​ដណ្ដើមបាន​ឯតទគ្គ​កម្ម Guinness កាលពី​ឆ្នាំ2017។

    អ្នកស្រី Ayanna Williams បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង Houston ដណ្ដើមបាន​ពានរង្វាន់ Guinness ស្ដីអំពី​ក្រចកដៃ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក កាលពី4ឆ្នាំមុន។ កាលនោះ ក្រចកដៃ​ទាំងអស់​របស់​អ្នកស្រី មាន​ប្រវែង​ជិត5.8ម៉ែត្រ ដែល​ប្រការនេះ​ធ្វើឱ្យ​អ្នកស្រី​ត្រូវ​ប្រើប្រាស់​ទឹក​ថ្នាំលាបក្រចក​អស់ពីរ​ដប និង​ចំណាយពេល​អស់20ម៉ោង សម្រាប់​ការធ្វើ​ក្រចក និង​លាប​ក្រចកម្ដង។

    មុនពេល​សម្រេចចិត្ត​កា​ត់ កាលពី​ចុង​សប្ដាហ៍​មុន អ្នកស្រី​បាន​វាស់​ក្រចកដៃ​ទាំងនោះ និង​បានដឹងថា វា​មាន​ប្រវែង​ជាង7.3ម៉ែត្រ ហើយ​ការធ្វើ និង​លាប​ក្រចកម្ដងៗ ត្រូវ​ចំណាយពេល​អស់​ជាច្រើន​ថ្ងៃ និង​ត្រូវ​ប្រើប្រាស់​ទឹក​ថ្នាំលាប​ចាប់ពី 3-4ដប។

    អ្នកស្រី Ayanna Williams បាន​ទៅកាន់​បន្ទប់​ពិគ្រោះ​ជំងឺ​ស្បែក នៅ​ទីក្រុង Fort Worth ជា​កន្លែង​ដែល​បុគ្គលិក​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​ដើម្បី​កាត់​ក្រចក​របស់​អ្នកស្រី។ នេះ​ក៏​ជា​លើកទីមួយ​ហើយ​ដែល​អ្នកស្រី Ayanna Williams កាត់​ក្រចកដៃ រាប់​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ1990។

    «បើទោះជា​មិនមាន​ក្រចក​ទាំងនេះ ក៏​ខ្ញុំ​នៅតែ​ជា​ក្ស​ត្រី» អ្នកស្រី Williams និយាយ​ដូច្នេះ ដោយ​រំលឹក​ដល់កំណត់​ត្រា Guinness ដែល​អ្នកស្រី​ធ្លាប់​ទទួលបាន។ «ក្រចក​ទាំងនេះ​មិនអាច​បង្កើត​ខ្ញុំ​បាន តែ​ខ្ញុំ​ជា​អ្នកបង្កើត​វា​បាន»។

    នាពេលខាងមុខ អ្នកស្រី​មាន​គម្រោង​ទុក​ក្រចក​ប្រវែង​ត្រឹម 15សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ ក្រចក​ចាស់​ទាំងអស់រ​បស់​អ្នកស្រី នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​មួយ​នៅ​ទីក្រុង Orlando រដ្ឋ Florida។

    ក្រចក​វែង​របស់​អ្នកស្រី កន្លងមក បាន​បង្ក​ការលំបាក​ក្នុង​ការធ្វើ​កិច្ចការ​ជាច្រើន ដូចជា ការលាង​ចាន ឬ​ក្រាល​កម្រាលពូក។ល។ គោលដៅ​ថ្មី​របស់​អ្នកស្រី​គឺ​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​ចូលចិត្ត​ទុក​ក្រចក ដើម្បី​ដណ្ដើម​ពានរង្វាន់​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​មួយទៀត។

    កំណត់ត្រា​ស្ដីអំពី​ក្រចកដៃ​វែង​ជាងគេ​បង្អស់​របស់​ស្ត្រី ធ្លាប់បាន​ទៅលើ Lee Redmond ដែល​បានចាប់ផ្ដើម​ទុក​ក្រចក​តាំងតែ​ពី​ឆ្នាំ1979 ដោយ​ទុក​បាន​ប្រវែង​ជាង8.5ម៉ែត្រ។ ប៉ុន្តែ Redmond បាន​បាត់បង់​ក្រចក​របស់ខ្លួន​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ2009 ពោលគឺ8ឆ្នាំ មុនពេល Williams បង្កើត​ឯតទគ្គ​កម្ម​ថ្មី៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • កំពូល​អ្នកមាន​មួយរូប​នៅ​កម្ពុជា មានឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក ឆ្នាំ2021 របស់ Forbes

    កំពូល​អ្នកមាន​មួយរូប​នៅ​កម្ពុជា មានឈ្មោះ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក ឆ្នាំ2021 របស់ Forbes

    កាលពី​ថ្ងៃទី6 ខែមេសា ឆ្នាំ2021 ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​សហរដ្ឋអាមេរិក បាន​ចុះផ្សាយ​បញ្ជី​ឈ្មោះ​ក្រុម​មហាសេដ្ឋី​ពិភពលោក សម្រាប់​ឆ្នាំ2021 ក្នុងនោះ​ក៏មាន​មហាសេដ្ឋី​នៅ​កម្ពុជា​មួយរូប​ផងដែរ។

    ឧកញ៉ា តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) ដែលជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន NagaWorld គឺជា​មហាសេដ្ឋី​មួយរូប​ដែល​ត្រូវបាន​ទស្សនាវដ្ដី Forbes បញ្ចូល​ឈ្មោះ​ទៅក្នុង​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​​ប្រចាំ​ឆ្នាំ​2021​របស់​ខ្លួន​​ថា ជា​មហាសេដ្ឋី​របស់​កម្ពុ​ជា។ មហាសេដ្ឋី តាន់ ស៊ី ជាប់​ចំណាត់ថ្នាក់​លេខ622 នៅក្នុង​ចំណោម​មហាសេដ្ឋី​​ទាំង​2,674​រូប​ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​របស់ Forbes ដោយមាន​ទ្រព្យ​សរុប​ចំនួន4.6ពាន់​លាន​ដុល្លារ​អាមេរិក។

    លោក​ឧកញ៉ា តាន់ ស៊ី (កណ្ដាល) កាល​ពី​ឆ្នាំ​2017

    ទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រភព​ចំណូល​របស់​មហាសេដ្ឋី តាន់ ស៊ី ភាគច្រើន​បានមកពី​កាស៊ីណូ និង​អចលនទ្រព្យ ហើយ​ថា លោក​គឺជា​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ដោយ​ខ្លួនឯង ពោលគឺ​ទ្រព្យ​យ៉ាង​ស្ដុកស្ដម្ភ​របស់លោក មិនមែន​បានមកពី​កេរ​មរតក​ដូនតា​នោះទេ។

    មហាសេដ្ឋី​វ័យ73ឆ្នាំ​រូបនេះ​គឺជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ចិន។ ដើមឡើយ លោក តាន ស៊ី មាន​អាជីព​ជា​គ្រូពេទ្យ បន្ទាប់មក​ក៏បាន​ក្លាយជា​មហាសេដ្ឋី​ជា​លើកដំបូង​នៅក្នុង​វិស័យ​កាស៊ីណូ ជាមួយនឹង NagaCorp ជា​ក្រុមហ៊ុន​កាស៊ីណូ​កម្ពុជា​ដំបូង​គេ​ដែល​ត្រូវបាន​ចុះបញ្ជី​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​កុង​កុង និង​ជា​ក្រុមហ៊ុន​ដំបូង​ដែល​រកស៊ី​នៅ​កម្ពុជា ជា​ចម្បង។ នៅ​ភ្នំពេញ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NagaCorp គឺ NagaWorld ត្រូវបាន​គេ​ស្គាល់​ច្រើនជាងគេ។ NagaWorld ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ1995 នៅ​ភ្នំពេញ ហើយ​អាជ្ញាប័ណ្ណ​កាស៊ីណូ​របស់​ក្រុមហ៊ុន​នេះ មាន​សុពលភាព​រហូតដល់​ឆ្នាំ2065 និង​ទទួលបាន​សិទ្ធិផ្ដាច់មុខ​ក្នុងការ​រកស៊ី​ក្នុង​វិស័យ​កាស៊ីណូ​នៅ​ភ្នំពេញ​រហូតដល់​ឆ្នាំ2035។

    លោក​ តាន់ ស៊ី (រូប​ភាព​៖ Forbes)

    នៅក្នុង​គ្រា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា Covid-19 ឧកញ៉ា តាន់ ស៊ី ថ្មីៗនេះ​ក៏បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន5លាន​ដុល្លារ​អាមេរិក​ផងដែរ សម្រាប់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ៕

    ប្រភព៖ Forbes
    ដកស្រង់ និង​ប្រែ​សម្រួល៖ បុត្រា

  • ManCity អាច​នឹង​ទិញយក​ខ្សែប្រយុទ្ធ​ច្រើន​នាក់ ត្រៀម​រដូវ​កាល​ក្រោយ

    ManCity អាច​នឹង​ទិញយក​ខ្សែប្រយុទ្ធ​ច្រើន​នាក់ ត្រៀម​រដូវ​កាល​ក្រោយ

    ក្លិប​បាល់ទាត់ Manchester City បានប្រកាសថា ខ្លួន​កំពុងតែ​ត្រូវការ​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោកល្អៗ មក​បំពេញ​ក្រុម ដើម្បី​ក្លាយជា​ក្រុម​លំដាប់​លេខ1 ក្នុង​ពិភពលោក​ឱ្យបាន នៅ​ឆ្នាំ2021 នេះ និង​ឆ្នាំ​បន្តទៀត។

    ដោយឡែក ManCity ចាប់អារម្មណ៍​ចង់បាន Messi ចាប់តាំងពី​រូបគេ បានប្រកាស​ចង់​ចាក​ចេញពី Barcelona កាលពី​រដូវក្ដៅ​មុន​មកម្ល៉េះ។ ចំណែកឯ​ខ្សែប្រយុទ្ធ​របស់ Dortmund គឺ Haaland និង Jack Grealish របស់ Aston Villa ក៏​ជា​គោលដៅ​ធំ របស់លោក Pep ដែរ។

    តាម​ប្រភព​ជិតស្និទ្ធ​នឹង​ក្លិប​បានប្រកាសថា ក្លិប​អាច​នឹង​នាំយក​ខ្សែប្រយុទ្ធ​លើសពី​ម្នាក់​មកកាន់​ក្លិប នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ពីព្រោះ​ក្លិប​នេះ​អាច​នឹង​គ្រង​ពាន Premier League ហើយ​ត្រូវ​ប្រកួតប្រជែង​ខ្លាំង​ក្នុង​ពានធំៗ ដូចជា UEFA Champions League ឬ FIFA Club World Cup ជាដើម៕

  • Porto ចាញ់ Chelsea ក្នុងទឹកដី វគ្គ 8ក្រុម Champions League

    Porto ចាញ់ Chelsea ក្នុងទឹកដី វគ្គ 8ក្រុម Champions League

    1តង់​រកបាន 1គ្រាប់ របស់ Chelsea កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី8 ខែមេសា ឆ្នាំ2021នេះ ទៅលើ​ក្រុម Porto FC ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 UEFA Champions League បាន​ជួយ​ឱ្យ​ក្រុម​មកពី​អង់គ្លេស​មួយ​នេះ យកឈ្នះ​ដោយ​លទ្ធផល 2ទល់នឹង0។

    ក្នុងនោះ​វគ្គ​ទី1 ក្រុម​ភ្ញៀវ Chelsea បាន​បើក​ការនាំ​មុខ​នៅ​នាទី​ទី32 ដោយ​រកបាន 1គ្រាប់​ដោយ កីឡាករ Mount ហើយ​លទ្ធផល​វគ្គ​ទី1 បានបញ្ចប់​ទៅដោយ Chelsea នាំមុខ Porto 1ទល់នឹង0។ ចូលមក​ដល់​វគ្គ​ទី2 ក្រុម​ទាំង2 ហាក់​ស្មើ​ជើង​គ្នា ដោយ​បុក​ទៅវិញទៅមក​បាន​យ៉ាង​ល្អ តែ​នៅ​ចុង​ម៉ោង នាទី​ទី85 ក្រុម​ភ្ញៀវ​ឆ្លៀត​រកបាន 1គ្រាប់​បន្ថែមទៀត ដោយ​កីឡាករ Chilwell។

    លទ្ធផល​រក្សា​សំណាញ់​ទី មិន​ឱ្យគេ​ស៊ុត​បញ្ចូល​ទី​បាន​នៅក្នុង​វគ្គ​នេះ បានធ្វើឱ្យ Chelsea មានសង្ឃឹម​ខ្ពស់​នៅក្នុង​ការឡើង​ទៅកាន់​វ​គ្គប​ន្ត ដ្បិតអី​ការប្រកួត​ជើង​ទី2 នឹង​ធ្វើឡើង​នៅក្នុង​ទឹកដី​ខ្លួនឯង៕

  • ដោយសារ​ដាំ​ស្មៅ​ស្លឹក​បួន កសិករ​ម្នាក់​រកបាន​ប្រាក់​ចំណេញ​​ខ្ទង់សែន​ដុល្លារ/ខែ

    ដោយសារ​ដាំ​ស្មៅ​ស្លឹក​បួន កសិករ​ម្នាក់​រកបាន​ប្រាក់​ចំណេញ​​ខ្ទង់សែន​ដុល្លារ/ខែ

    ជាក់ស្ដែង ស្មៅ​ប្រភេទ​ស្លឹក​បួន​នេះ បាន​នាំមក​នូវ​ប្រាក់ចំណេញ​រហូតដល់​ខ្ទង់ 100,000ដុល្លារ​ក្នុងមួយខែៗ ដល់​លោក Hong In Heon ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ខាងត្បូង។

    ធ្លាប់ជា​អ្នកមាន​បទពិសោធន៍​ក្នុង​ការដាំ​ដើម​ផ្កា​អស់​រយៈពេល20ឆ្នាំ​មកនេះ លោក Hong In Heon ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​ងាក​ទៅ​ដាំ​ស្មៅ​ស្លឹក​បួន (Four-leaf clover) វិញ​ម្ដង ព្រោះតែ​ប្រាក់ចំណូល​ដែល​បានមកពី​ការដាំ​ដើម​ផ្កា មិនបាន​ច្រើន​ប៉ុន្មាន។ ស្មៅ​ស្លឹក​បួន​នេះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​ដាំ​សម្រាប់​លក់ ហើយ​វា​ក៏មាន​អតិថិជន​ច្រើន​ត្រូវការ ដូច្នេះ លោក Hong ក៏​រកបាន​ប្រាក់ចំណូល​ច្រើនជាង​មុន និង​ទៀងទាត់​ជាង​មុន។

    ក៏ប៉ុន្តែ ដើម្បី​អាច​ដាំ​ស្មៅ​ប្រភេទ​នេះ​បាន លោក Hong ត្រូវ​ចំណាយពេល​រហូត​ដល់9ឆ្នាំ ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​​សាក​ល្បង។ ស្មៅ​ស្លឹក​បួន​នេះ ត្រូវបាន​ដាំ​ទៅតាម​លក្ខណៈ​ធម្មជាតិ និង​មិន​បង្កឱ្យមាន​ការប្រែប្រួល​រូបរាង ហើយ​វា​ក៏​អាច​ឱ្យគេ​ទទួលទាន​បាន។ លោក Hong បាន​បង្កើត​កសិដ្ឋាន​ក​ញ្ច​ក់មួយ​កន្លែង ដើម្បី​ដាំ​ស្មៅ​នេះ។

    ស្មៅ​ស្លឹក​បួន​ប្រភេទ​មាន​រង្វង់​មួយ​ពណ៌​ស​នៅ​កណ្ដាល​

    ស្មៅ​ស្លឹក​បួន​នេះ បើសិន​អ្នក​ដាំ​អាច​រក្សា​សំណើម និង​សីតុណ្ហភាព​សមស្រប នោះ​វា​នឹង​រីកលូតលាស់​បានល្អ។ លោក Hong រកបាន​ប្រាក់ចំណេញ​ពី​ស្មៅ​នេះ រហូតដល់ 100,000ដុល្លារ/ខែ​ឯណោះ។ ជា​រៀងរាល់ថ្ងៃ ស្មៅ​ស្លឹក​បួន​ចំនួន​10,000​ដើម ត្រូវបាន​ផ្គត់ផ្គង់​ដល់ទី​ផ្សារ។ ស្មៅ​នេះ​ត្រូវបាន​វេច​ជា​កញ្ចប់ ហើយ​ក្នុង​មួយកញ្ចប់​មាន500ដើម និង​ត្រូវបាន​លក់​​ក្នុង​តម្លៃ​150​ដុល្លារ​​អាមេរិក​​ក្នុង​មួយកញ្ចប់។

    កសិករ​ខាងលើ​បានឱ្យដឹងថា អតិថិជន​របស់ខ្លួន​គឺ​សុទ្ធតែ​មកពី​ភោជនីយដ្ឋានធំៗ និង​ហាង​កាហ្វេ​ផងដែរ។ ពួក​គេ​​យក​ស្មៅ​ស្លឹក​បួន​នេះ​ទៅ​តុបតែង​លម្អ​នៅលើ​កែវ​ភេសជ្ជៈ និង​ចាន​អាហារ ដើម្បី​បង្កើន​ភាព​ទាក់ទាញ។

    ស្មៅ​ស្លឹក​បួន​ ប្រភេទ​មាន​រូប​រាង​ដូច​បេះ​ដូង​

    ការងារ​របស់លោក Hong ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ច្នៃប្រឌិត​នៅក្នុង​របរ​កសិកម្ម។ រឿងរ៉ាវ​ជំនួញ​របស់លោក Hong ក្រោយមក​ក៏ត្រូវ​បាន​ទូរទស្សន៍​នៅ​កូរ៉េខាងត្បូង​ចាក់ផ្សាយ ដើម្បី​ជួយ​ឱ្យ​កសិករ និង​អ្នក​ចាប់អារម្មណ៍​លើ​ដំណាំ​នេះ មានឱកាស​រៀនសូត្រ​តាម៕

    ប្រភព៖ Koreaboo
    ប្រែសម្រួល​៖ បុត្រា

  • ចិន​មាន​មហាសេដ្ឋី2រូប ស្ថិតក្នុង Top 20 នៃ​បញ្ជី​ចំណាក់​ថ្នាក់​​អ្នក​មាន​​ជាង​គេ​​ក្នុង​​ពិភពលោក របស់ Forbes នា​ឆ្នាំ2021

    ចិន​មាន​មហាសេដ្ឋី2រូប ស្ថិតក្នុង Top 20 នៃ​បញ្ជី​ចំណាក់​ថ្នាក់​​អ្នក​មាន​​ជាង​គេ​​ក្នុង​​ពិភពលោក របស់ Forbes នា​ឆ្នាំ2021

    ថ្មីៗនេះ ទស្សនាវដ្ដី​ហិរញ្ញវត្ថុ Forbes របស់​អាមេរិក បានចេញ​ផ្សាយ​បញ្ជី​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់ខ្លួន​ស្ដីអំពី​មហាសេដ្ឋី​ពិភពលោក ដែល​កំពុង​រកស៊ី​ក្នុង​វិស័យផ្សេងៗ តាំងពី​បច្ចេកវិទ្យា ហិរញ្ញវត្ថុ វិនិយោគ រហូតដល់​វិស័យ​សម្លៀកបំពាក់ និង​លក់រាយ។ល។

    នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីអំពី​មហាសេដ្ឋី​ពិភពលោក​នា​ឆ្នាំ2021 ដែល​ទើប​ត្រូវបាន​ទស្សនាវដ្ដី Forbes ប្រកាស​កាលពី​ថ្ងៃទី6មេសា​នេះ បង្ហាញថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​សរុប​ចំនួន2,755នាក់ ក្នុងនោះ​មាន​មហាសេដ្ឋី​ថ្មី​ចំនួន​ជាង660នាក់។

    មហាសេដ្ឋី Zhong Shanshan

    នៅក្នុង Top 20 នៃ​បញ្ជី​ចំណាត់ថ្នាក់​ថ្មី​នេះ គេ​ឃើញ​មាន​មហាសេដ្ឋី​ចិន​ចំនួន​តែ2រូប​គត់ នោះ​គឺ​មហាសេដ្ឋី Zhong Shanshan (ចំណាក់​ថ្នាក់​ទី13) មានទ្រព្យ​ចំនួន68.9ពាន់​លាន​ដុល្លារ​អាមេរិក និង​មហាសេដ្ឋី Ma Huateng (ចំណាត់ថ្នាក់​ទី15) មានទ្រព្យ​ចំនួន65.8ពាន់​លាន​ដុល្លារ។ ចំណែក​មហាសេដ្ឋី Jack Ma វិញ បាន​ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​ទី26 ដោយមាន​ទ្រព្យ48.4ពាន់​លាន​ដុល្លារ​អាមេរិក។

    មហា​សេដ្ឋី Ma Huateng

    ប្រទេស​ដែលមាន​មហាសេដ្ឋី​ស្ថិតនៅក្នុង Top 20 នៃ​តារាង​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្ដី​ Forbes នា​ឆ្នាំ2021នេះ រួមមាន សហរដ្ឋ​អាមេរិក (មាន13នាក់), ចិន (មាន2នាក់), បារាំង (មាន2នាក់), ឥណ្ឌា (មាន1នាក់), ម៉ិ​ក​ស៊ិ​ក (មាន1នាក់) និង​អេ​ស្ប៉ា​ញ (មាន​មហាសេដ្ឋី1នាក់)៕

    ប្រភព៖ Forbes
    ប្រែ​សម្រួល៖ បុត្រា