Category: សង្គម និងសេដ្ឋកិច្ច

  • Nokia X20 ចេញលក់​លើ​ទីផ្សារ តែ​ឆ្នាំង​សាក​ក្នុង​ប្រអប់ មិនមាន​ដាក់ឱ្យ ដូច Apple ដែរ

    Nokia X20 ចេញលក់​លើ​ទីផ្សារ តែ​ឆ្នាំង​សាក​ក្នុង​ប្រអប់ មិនមាន​ដាក់ឱ្យ ដូច Apple ដែរ

    កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន HMD Global បានប្រកាស​ចេញ​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន Nokia X20 ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ស្ថិត​នៅត្រង់ថា ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​របស់ Nokia នេះ មិនមាន​នៅក្នុង​ប្រអប់​ទេ។

    កាលពី​ឆ្នាំមុន Apple បានសម្រេច​ដក​ដុំ​សាក​ថ្ម​នេះ​មុន ដោយសារ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន។ ដោយសារតែ​ការផលិត​ពួកវា ត្រូវការ​បញ្ចេញ​ឧស្ម័ន​ពុល​ពី​រោងចក្រ។

    ដូចនេះ​ក្រុមហ៊ុន HMD Global ដែលមាន​កម្មសិទ្ធិ​គ្រប់គ្រង​ម៉ាក Nokia ក្នុងពេល​បច្ចុប្បន្ននេះ ក៏បាន​ចាប់ផ្ដើម​ដើរ​តាម​វិធីសាស្ដ្រ​នេះ​ដូចគ្នា និង​បាន​សរសេរ​បញ្ជាក់ប្រាប់​ឱ្យដឹង​មុន នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​តែម្ដង។ បន្ត​បន្ទាប់មក គេ​ឃើញថា មាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជាច្រើន បាន​ដើរ​តាម​វិធី​នេះ ដោយ​លើក​ហេតុផល​ថា អ្នកទិញមុនៗ សុទ្ធតែ​ធ្លាប់មាន​ឆ្នាំង​សាក​ថ្ម រួចហើយ។

    សម្រាប់​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ទង់ 400ដុល្លារ​ខាងលើ នឹងដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​មុនគេ។ សម្រាប់​អ្នក​ដែល​ចង់បាន​យកទៅ​ប្រើប្រាស់ ទាល់តែ​បញ្ជា​ទិញ​ឆ្នាំង​សាក ពី​វេ​ប​សាយ​ក្រៅ ក្នុងតម្លៃ​មាន​ច្រើន​ជម្រើស។ រីឯ​លក្ខណសម្បត្តិ​រប​ស់វា មិនជា​ខ្លាំង​ណាស់ណា​ទេ តែ​ក្រុមហ៊ុន​បាន​ផ្តោតលើ​តួនាទី​កាមេរ៉ា​ថតរូប​ឱ្យបាន​ល្អប្រសើរ​ជាង​មុន៕

  • រុស្ស៊ី បង្ហើប​គម្រោង​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំនេះ

    រុស្ស៊ី បង្ហើប​គម្រោង​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំនេះ

    ប្រទេស រុស្ស៊ី ដែល​បាន​បង្ហើប​ដំណឹង អំពី​គម្រោង​ទៅ​ស្រាវជ្រាវ​បន្ត នៅ​ភព​ស្ថាន​ព្រះ​ចន្ទ តាំងពី​ឆ្នាំ2015 នោះ រហូតមកដល់​ពេលនេះ បាន​ក្លាយជា​ការពិតហើយ បន្ទាប់ពី​ការចុះផ្សាយ​ដោយ Space.com កាលពី 3ថ្ងៃមុន។ បេសកកម្ម​នេះ​នឹង​ប្រើប្រាស់​យាន​មួយ ឈ្មោះថា Luna 25 ដែល​បានធ្វើ​តេស្ត​សាកល្បង​ជាច្រើន​ដង​មកហើយ។ យាន​នេះ នឹងត្រូវ​បាញ់​បង្ហោះ ក្នុងអំឡុង​ខែតុលា ឆ្នាំ2021 ខាងមុខនេះ។

    នេះ គឺជា​កំណត់ត្រា​ថ្មី របស់​រុស្ស៊ី ដែល​បានបញ្ចប់​រយៈពេល​រង់​ចាំ​អស់ 45ឆ្នាំ នៃ​ការ​បង្កក​កម្មវិធី​ស្រាវជ្រាវ​ស្ថាន​ព្រះ​ចន្ទ ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ទីនោះ​មុនគេ ដោយ​អតីត​សហភាពសូវៀត។ រុស្ស៊ី នឹងធ្វើ​ការសិក្សា​អំពី ទឹក​ដែល​កំពុង​កក​នៅក្នុង​ស្រទាប់​លើ​នៃ​ស្ថាន​ព្រះ​ចន្ទ នៅ​រណ្តៅ​ឯ​ប៉ូល​ខាងត្បូង​នៃ​ស្ថាន​ព្រះ​ចន្ទ។

    ថ្លែងប្រាប់​គេហទំព័រ Space តាមរយៈ​វីដេអូ​សម្ភាស​អន​ឡាញ កាលពី​ចុងខែ​មីនា លោក Lev Zelenyi ជាទី​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​រុស្ស៊ី បានឱ្យដឹងថា៖ «ព្រះ​ចន្ទ ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ស្រាវជ្រាវ​របស់​យើង​នៅ​ទសវត្សរ៍​បន្ទាប់​ទៀត។ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការចាប់ផ្តើម​ឡើងវិញ​ប៉ុណ្ណោះ។ យើង​មាន​ផែនការ​ស្រាវជ្រាវ​ជាច្រើន​ទៅ​ថ្ងៃ​អនាគត ក្នុងនោះ​ក៏មាន​គម្រោង​កសាង​អគារ​ស្នាក់​លើ​ស្ថាន​ព្រះ​ចន្ទ នៅ​ឆ្នាំ2040 ផងដែរ»

    យាន​ដ៏​ថ្មី​សន្លាង​នោះ មាន​បំពាក់​ដោយ​លេន​ស៍​កាមេរ៉ា ផលិត​ដោយ​អង្គភាព​អវកាស​អឺរ៉ុប វា​អាចជួយ​ឱ្យ​ការសិក្សា​អំពី​សណ្ឋាន​លើ​ស្ថាន​ព្រះ​ចន្ទ កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ជា​កិច្ចសហការ​បើកផ្លូវ​ដ៏​រលូន​មួយ​រវាង អឺរ៉ុប-រុស្ស៊ី ក្នុងការ​ស្រាវជ្រាវ​លើ​ស្ថាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​អនាគត​ទៀតផង។

    ក្រៅពី​យាន Luna 25 ខាងលើ រុស្ស៊ី បានរៀបចំ​ទុកជា​ស្រេច​នូវ​យាន Luna ទី 26 27, 28 ដល់ 29 សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ដើម្បី​ស្រាវជ្រាវ​នៅត្រង់​តំបន់​មួយ​នៃ​ស្ថាន​ព្រះ​ចន្ទ ស្ថិតនៅ​ជិត​ប៉ូល​ខាងជើង​ស្ថាន​ព្រះ​ចន្ទ។ នៅ​ឆ្នាំ2023 ខាងមុខ រុស្ស៊ី ក៏មាន​គម្រោង​បញ្ជូន​យាន Luna 26 ទៅ​សិក្សា​អំពី​ភាពមិនប្រក្រតី​នៃ​ដែន​ម៉ាញេទិក និង​កម្លាំង​ទំនាញ​នៅក្នុង​ស្ថាន​ព្រះ​ចន្ទ រួមទាំង​ផ្តិត​យក​រូបភាព​អំពី​ទីតាំង​នានា​ផងដែរ។

    សហភាពសូវៀត ឬ​សហព័ន្ធរុស្ស៊ី នាពេល​បច្ចុប្បន្ន ជា​មហាអំណាច​ផ្នែក​អវកាស មាន​ធនធានមនុស្ស និង​ធ្លាប់​ផលិត​បាន​គ្រាប់​រ៉ុក្កែត​មុនគេ តាំងពី​ពិភពលោក​មិនទាន់​ជឿនលឿន សូម្បីតែ​អាមេរិក ក៏​ធ្លាប់ជួល​កន្លែង​ធ្វើ​បេសកកម្ម​ដែរ ដូច្នេះ ការឈាន​ជើង​ចូលប្រឡូក​ក្នុង​ពិភព​អវកាស​សាជាថ្មី​នេះ ហាក់ដូចជា​មិន​ពិបាក​ទេ តែ​ក៏​មិន​ប្រាកដ​ជាក់ច្បាស់​ថា ជោគជ័យ 100% ដែរ។

    បេសកម្ម​ស្រដៀង​គ្នា​នេះ ធ្លាប់មាន​ប្រទេស​ថ្មីថ្មោងផ្សេងៗ រង​បរាជ័យ​រួចមកហើយ កាលពីពេលថ្មីៗនេះ​ដូចជា៖ ឥណ្ឌា និង​អ៊ីស្រាអែល ចំណែកឯ​ចិន ទទួលបាន​ជោគជ័យ​ក្នុងការ​បញ្ជូន​យាន ទៅ​ចុះចត​នៅ​ទី​ងងឹត​បំផុត​នៃ​ផ្ទៃ​ម្ខាង​របស់​ស្ថាន​ព្រះ​ចន្ទ ព្រមទាំង​កំពុង​ស្រាវជ្រាវ​នៅ​ទីនោះ រហូតមកទល់​បច្ចុប្បន្ន៕

  • ក្រសួងពាណិជ្ជកម្ម ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល

    ក្រសួងពាណិជ្ជកម្ម ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល

    ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហាលំបាក​នានា​ដែល​ទាក់ទង​នឹង​ការហូបចុក នៅក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល នា​ថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​មួយ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​នៃ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ សម្រាប់​ការបញ្ជាទិញ​គ្រឿងឧបភោគ​បរិភោគ​ចាំបាច់។

    ដើម្បី​អាច​បញ្ជា​ទិញ​ទំនិញ​ដែល​បាន​រៀបរាប់​ខាងលើ​ពី​ផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម ពលរដ្ឋ​ត្រូវ​ចូលទៅ​កាន់​គេហទំព័រ https://shop.moc.gov.kh/ ឬ​តាមរយៈ QR code ដែលមាន​ដូច​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង។ ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីប្រកាស​ខាងក្រោម៖

    ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម
    ដកស្រង់​៖ បុត្រា

  • ស្ត្រី​ជនជាតិ​ហុងកុង​ម្នាក់ វ័យ90ឆ្នាំ ត្រូវគេ​បោក​តាម​ទូរស័ព្ទ​​ ​យកប្រាក់​អស់ 250លាន​ដុល្លារ

    ស្ត្រី​ជនជាតិ​ហុងកុង​ម្នាក់ វ័យ90ឆ្នាំ ត្រូវគេ​បោក​តាម​ទូរស័ព្ទ​​ ​យកប្រាក់​អស់ 250លាន​ដុល្លារ

    លោកយាយ​ម្នាក់​មាន​វ័យ 90ឆ្នាំ នៅ​ទីក្រុង​ហុងកុង ត្រូវបាន​ជនខិលខូច បន្លំ​ខ្លួន​ជា​ប៉ូលិស​ចិនដីគោក បោកប្រាស់​តាម​ទូរស័ព្ទ​យកប្រាក់​អស់​ចំនួន 32លាន​ដុល្លារ​អាមេរិក។

    ពលរដ្ឋ​វ័យ​ចំណាស់​នៅ​ហុងកុង កំពុង​ក្លាយជា​គោលដៅ​របស់​ក្រុម​ជន​ខិល​ខួច ដែល​បោកប្រាស់​តាម​ទូរស័ព្ទ ដោយ​ពួកគេ​សំដៅលើ​ក្រុមមនុស្ស​ចាស់​ដែល​ងាយ​រងគ្រោះ និង​ជា​អ្នកមាន​ទ្រព្យ​ច្រើន ដែល​អាចមាន​លទ្ធភាព​វេរ​លុយ ឬ​ធ្វើការ​វិនិយោគ​លើ​គម្រោង​ដែល​មិនមាន​ពិត។

    មន្ត្រីប៉ូលិស​ហុងកុង កាលពី​ថ្ងៃទី20មេសា បានឱ្យដឹងថា កាលពី​រដូវក្ដៅ​ឆ្នាំទៅ (2020) ក្រុម​ជនខិលខូច​បាន​ទាក់ទង​លោកយាយ​វ័យ90ឆ្នាំ ដែល​រស់នៅក្នុង​ភូមិគ្រឹះ ក្នុង​តំបន់ The Peak ជាទី​ប្រជុំជន​លំដាប់​ប្រណិត​បំផុត​ប្រចាំ​ក្រុង​ហុងកុង ដោយ​បន្លំ​ជា​មន្ត្រីប៉ូលិស​របស់​ចិនដីគោក។ ក្រុម​ជនខិលខូច​បាន​និយាយថា អត្តសញ្ញាណ​របស់លោក​យាយ​ខាងលើ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​មួយ​នៅឯ​ចិនដីគោក ហើយ​បាន​ស្នើឱ្យ​លោកយាយ​ផ្ទេរប្រាក់​ចូលទៅក្នុង​គណនី​ធនាគារ​របស់ «ក្រុមមន្ត្រី​ស៊ើបអង្កេត» ដើម្បី​បញ្ជាក់។

    ផែន​ទី​នៃ​ទីក្រុង​ហុងកុង

    ប៉ុន្មាន​ថ្ងៃ​ក្រោយមក មនុស្ស​ម្នាក់​បានមក​ផ្ទះ​លោកយាយ​ខាងលើ ដោយ​យក​ទូរស័ព្ទ និង​ស៊ីម​ដែល​ប្រើ​សម្រាប់​ទាក់​ទង​ជាមួយ​ក្រុមប៉ូលិស​ក្លែងក្លាយ។ ក្នុង​រយៈពេល​ត្រឹមតែ 5ខែ ពួកគេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​លោកយាយ​រូបនេះ វេរ​ប្រា​ក់នៅ​ធនាគារ​ចំនួន 11លើក ជាមួយនឹង​ទឹកប្រាក់​សរុប​ឡើងដល់ 250លាន​ដុល្លារ​ហុងកុង (32លាន​ដុល្លារ​អាមេរិក)​។ នេះ​គឺជា​ទឹកប្រាក់​ដែលមាន​ទំហំ​ធំ​បំផុត​ដែល​ត្រូវបាន​បោកប្រាស់​យកបាន​តាមរ​យៈ​ទូរស័ព្ទ នៅ​កុង​កុង។

    ក្រោយពី​មាន​ស៊ើបអង្កេត ជនសង្ស័យ​ម្នាក់ អាយុ19ឆ្នាំ ត្រូវបាន​ចាប់ខ្លួន ព្រោះតែ​រឿង​បោកប្រាស់ និង​កំពុង​ត្រូវបាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ។ សារព័ត៌មាន SCMP បានឱ្យដឹងថា ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺជា​ជន​ដែល​បាន​ទៅកាន់​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ។

    ហុង​កុង​ នា​ពេល​រាត្រី

    យោងតាម​មន្ត្រីប៉ូលិស​ហុងកុង តួលេខ​នៃ​ករណី​បោកប្រាស់​តាម​ទូរស័ព្ទ បាន​កើន 18% នៅក្នុង​ត្រីមាស​​ទី​មួយ​​នៃ​​ឆ្នាំ​2021​នេះ​ ក្នុងនោះ ទឹកប្រាក់​ចំនួន 350លាន​ដុល្លារ​ហុងកុង​ត្រូវបាន​បោក​យក នាទី​ក្រុង​នេះ។ ឆ្នាំ2020 ប៉ូលិស​បាន​ចាត់ការ​លើ​សំណុំរឿង​បោកប្រាស់​តាម​ទូរស័ព្ទ​ចំនួន 1,193ករណី ជាមួយនឹង​ទឹកប្រាក់​ចំនួន 574​លាន​ដុល្លារ​ហុងកុង។ កាលពី​ឆ្នាំទៅ ស្ត្រី​វ័យ 65ឆ្នាំ​ម្នាក់ ក៏ត្រូវ​បាន​គេ​បោក​យកប្រាក់​អស់​ចំនួន 68.9លាន​ដុល្លារ​ហុងកុង ដោយ​ជនខិលខូច​បន្លំ​ធ្វើជា​ប៉ូលិស​ចិនដីគោក ដូច​ទៅនឹង​ករណី​ស្ត្រី​វ័យ90ឆ្នាំ​ខាងលើ​នេះដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • នារី​ជប៉ុន ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា អ្នកណា​ឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ឆ្មា​មែនទែន!

    នារី​ជប៉ុន ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា អ្នកណា​ឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ឆ្មា​មែនទែន!

    នារី​ជប៉ុន មហា​កំពូល​អៃ​ឌៀ ច្នៃ​ម៉ូដ​កាបូបស្ពាយ​រូប​ឆ្មា ដូច​មែនទែន​បំផុត រហូត​ក្លាយជា Fashion ដ៏​ល្បីល្បាញ អ្នកណាៗឃើញ​ហើយ ត្រូវតែ​សួរ ព្រោះ​ស្មានថា ស្ពាយ​ឆ្មា​ពីក្រោយ​ខ្នង​មែនទែន!!

    បើ​អ្នកណា​បានឃើញ​រូបភាព​នេះ​លើកដំបូង ប្រហែល​ជាមាន​អាការ​ភ្ញាក់ផ្អើល​មិនតិច​ទេ ព្រោះតែ​គិតថា ប្រហែលជា​គេ​ចាប់​សត្វ​ឆ្មា យកមក​ធ្វើជា​កាបូបស្ពាយ​មែនទែន​ហើយ…តែបើ​សិន​ពិនិត្យមើល​ឱ្យ​ច្បាស់​ម្ដងទៀត ទើប​ដឹងថា អ្វីដែល​យើង​បានឃើញ​នោះ មិនមែនជា​សត្វ​ឆ្មា​ម៉េវៗ ដែលមាន​ជីវិត​នោះទេ តែ​គ្រាន់តែ​ជា​តុក្កតា​រូប​សត្វ​ឆ្មា​ប៉ុណ្ណោះ។

    ក្លាយជា​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែកតៗគ្នា​យ៉ាងច្រើន នៅពេលដែល​គណនី​ធ្វី​ត​ធើរ @picopoco08 របស់​ហាង​លក់​ផលិតផល​ធ្វើ​ដោយ​ដៃ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​បាន​ផូ​ស្ត​រូបភាព​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​ម៉េវៗ អមដោយ​ឃែ​ប​ស្សិន​ថា “ថ្ងៃនេះ​ធាតុអាកាស​ល្អ​មែនទែន ធ្វើឱ្យបាន​ចេញមក​ថត​រូប​នៅក្រៅ​ផ្ទះ​ម្ដង…មាន​អតិថិជន​ចង់បាន​ច្រើនណាស់ កុម្ម៉ង់​ទាំងអស់​ហ្នឹង​តែម្ដង បន្តិចទៀត​នឹង​បញ្ជូនទៅ​ដល់ដៃ​អតិថិជន​ហើយ!”

    រូបភាព​ទាំងនោះ ក្រៅពី​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ភ្ញាក់ផ្អើល​ហើយ នៅ​ឆក់យក​បេះដូង​អ្នក​ដែល​បានឃើញ​រូបភាព​ទាំងនោះ​ទៀតផង ព្រោះ​ស្នាដៃ​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង… ដោយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ជា​ស្នាដៃ​របស់​សិល្បការិនី​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ស្រឡាញ់​ចូលចិត្ត​សត្វ​ឆ្មា ស្មើនឹង​ជីវិត​របស់​នាង ធ្វើឱ្យ​នាង​អាច​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្មា និង​ផលិត​ចេញមក ដូច​សត្វ​ឆ្មា​មែនទែនពិតៗតែម្ដង មិនថាតែ​រូបរាង កែវភ្នែក ពុកមាត់ រោម រួមទាំង​ឥរិយាបថផ្សេងៗរបស់​វា​ទៀតផង ហើយ​កាបូបស្ពាយ​រូប​សត្វ​ឆ្មា​នេះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 1ប្រមាណ​ជាជាង 1,000ដុល្លារ​ឯណោះ។

    បន្ទាប់ពី​ផូ​ស្ត​រូបភាព​ទាំងនោះ​ចេញទៅ ធ្វើឱ្យមាន​អ្នក​ចូលមក​កុម្ម៉ង់​ទិញ​ផលិតផល​នេះ​យ៉ាងច្រើន រហូតដល់​ធ្វើឱ្យ​ខាង​អ្នក​ផលិត ត្រូវ​បិទ​ឈប់​ទទួល​ការ​កុម្ម៉ង់​ជា​បណ្ដោះអាសន្ន​សិន និង​បើសិនជា​មានការ​បើកទទួល​ការ​កុម្ម៉ង់​ទិញ​ជាថ្មី​នោះ នឹង​ជូនដំណឹង​នៅពេល​ក្រោយ​ទៀត។ ក្រៅពី​ផលិតផល​រូប​សត្វ​ឆ្មា​ហើយ អ្នក​ផលិត ថែមទាំង​មាន​ផលិត​រូប​តុក្កតា​សត្វ​ដូច​មែនទែនផ្សេងៗទៀតផង។

    ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា
    ដំណាក់កាល​ការផលិត​កាបូបស្ពាយ​តុក្កតា​រូប​សត្វ​ឆ្មា

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី

  • វ័យ36 របស់សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Facebook ៖ ក្លាយជា «មនុស្សមិនអាចប៉ះពាល់បាន» ខណៈទ្រព្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    វ័យ36 របស់សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Facebook ៖ ក្លាយជា «មនុស្សមិនអាចប៉ះពាល់បាន» ខណៈទ្រព្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    គ្រាន់តែ​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Mark Zuckerberg បាន​កើន​ជាង40ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដែល​​តួលេខ​នេះ មនុស្ស​ភាគច្រើន​ត្រូវ​រកស៊ី​អស់​ច្រើន​ជាតិ​ក៏​រក​មិនបាន​ស្មើនឹង​មួយ​ភាគ​តូច​នោះដែរ។

    ឆ្នាំ2020 កន្លងទៅ គឺជា​ពេលវេលា​ដែល​សហ​ស្ថាបនិក​របស់ Facebook បាន​ឆ្លងកាត់​ឧបសគ្គ និង​ជួប​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​នៅក្នុង​មុខ​ជំនួញ​របស់ខ្លួន។

    ម្ចាស់​ក្រុមហ៊ុន Facebook ត្រូវបាន​សភា​អាមេរិក​កោះហៅ​ទៅ​សួរនាំ​ជាច្រើនលើក ហើយ​លោក​ក៏បាន​ប្រឹងប្រែង​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត​ស្ដីអំពី Covid-19 រួម​នឹង​ការបិទ​គណនី​របស់​អតីត​ប្រធានាធិបតី Donald Trump ព្រមទាំង​ការ​រាំង​ខ្ទប់​​មិន​ឱ្យ​​អូស្ត្រាលី​​ប្រើប្រាស់ Facebook ទៀតផង។

    កាលពីដើម​ខែមេសា​នេះ បញ្ហា​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Facebook ចំនួន 533គណនី បានធ្វើឱ្យ​លោក​ Mark Zuckerberg ឈឺក្បាល​ម្ដងទៀត។ ប៉ុន្តែ បញ្ហា​នេះ ទំនងជា​មិនបាន​ជះឥទ្ធិពល​អ្វី​ដល់​មហាសេដ្ឋី​រូបនេះ​ឡើយ។ ទីភ្នាក់ងារសារព័ត៌មាន​ជាច្រើន​បាន​ហៅ​គាត់​ថា ជា​មនុស្ស​ដែល «មិនមាន​អ្នកណា​ប៉ះពាល់​បាន» នៅក្នុង​វិស័យ​បច្ចេកវិទ្យា។

    លោក Mark Zuckerberg និង​ភរិយា​

    នៅក្នុង​វ័យ 36ឆ្នាំ Zuckerberg កំពុង​តែមាន​ឡើង​យ៉ាង​ឆាប់រហ័ស។ កាលពី​រដូវក្ដៅ​ឆ្នាំទៅ បន្ទាប់ពី Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​នៅលើ Instagram ដើម្បី​ប្រជែង​ជាមួយ TikTok នៅ​សហរដ្ឋអាមេរិក ទ្រព្យ​របស់ Zuckerberg ក៏បាន​កើនឡើង​ដល់ 100ពាន់​លាន​ដុល្លារ​ជា​លើកដំបូង។

    យោងតាម​សារព័ត៌មាន Business Insider គិត​ដោយឡែក​ក្នុង​ឆ្នាំ2020 ទ្រព្យសម្បត្តិ​របស់ Zuckerberg បាន​កើន​ជាង 40ពាន់​លាន​ដុល្លារ។ ជាមួយនឹង​តួលេខ​នេះ បើ​ធៀប​នឹង​ពលរដ្ឋ​ភាគច្រើន​ក្នុង​ពិភពលោក គេ​ត្រូវការ​ពេល​រកស៊ី​រាប់​ជាតិ​ឯណោះ ទើប​អាច​រកបាន​ស្មើនឹង​មួយចំណែក​តូច។

    ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់ Zuckerberg គឺ​បានមកពី​ភាគហ៊ុន​ចំនួន 13% របស់គាត់​នៅក្នុង​ក្រុមហ៊ុន Facebook បើទោះជា​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ ត្រឹមតែ 1ដុល្លារ។ បច្ចុប្បន្ន លោក Mark Zuckerberg មានទ្រព្យ​សម្បត្តិ​សរុប ចំនួន 114ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ BI
    ប្រែសម្រួល​៖ បុត្រា

  • UEFA និង FIFA ប្រកាសថា នឹង​តាម​ត្រួតពិនិត្យ​ដល់ទី​បញ្ចប់ សម្រាប់​ក្រុម​ណា​ដែល​លេង​ពាន ESL

    UEFA និង FIFA ប្រកាសថា នឹង​តាម​ត្រួតពិនិត្យ​ដល់ទី​បញ្ចប់ សម្រាប់​ក្រុម​ណា​ដែល​លេង​ពាន ESL

    ព័ត៌មាន​ដ៏​កក្រើក​មួយ បាន​លេចឡើង​កាលពី​យប់មិញ ដោយសារ​ក្លិប​ធំ​ទាំង12 នៅ​អឺរ៉ុប បាន​យល់ព្រម​ចូលរួម​លេង​ពានរង្វាន់ European Super League ហៅ​កាត់ ESL។

    អង់គ្លេស​ជា​ប្រទេស ដែលមាន​ក្លិប​ចូលរួម​ច្រើនជាងគេ​ដល់​ទៅ 6ក្រុម មានដូចជា Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Spurs។ ចំណែក​អេ​ស្ប៉ា​ញ​មាន 3ក្រុម គឺ Real Madrid, Barcelona និង Atletico Madrid ខណៈដែល​អ៊ីតាលី​វិញ ក៏មាន 3ក្រុម​ដែរ ដូចជា AC Milan, Inter Milan និង Juventus ឯខាង​លី​គ​របស់​បារាំង និង​អាល្លឺម៉ង់ មិនទាន់មាន​ក្រុម​ណា ប្រកាស​ចូលរួម​នៅឡើយ​ទេ។

    ESL ត្រូវបាន​បង្កើតឡើង​កាលពីពេលថ្មីៗនេះ ដោយមាន​ក្លិបធំៗចំនួន12 ចូលរួម។ ក្រោយ​ការប្រកួត​នេះ​បាន​បង្កើតឡើង ខាង UEFA និង FIFA មិន​ពេញចិត្ត​ឡើយ និង​បានប្រកាសថា នឹងដាក់​សម្ពាធ​ចំពោះ​ក្លិប​ណា ដែល​ចូលរួម​ក្នុងការ​ប្រកួត​ពាន​មួយ​នេះ ហើយ​មិន​ត្រឹមតែ​ក្លិប​នោះទេ សូម្បីតែ​កីឡាករ និង​គ្រូបង្វឹក​ក៏​នឹងរង​ពិន័យ​ដូចគ្នា បើសិន​ពួកគេ​នៅតែ​ចចេស​ចូលរួម​ការប្រកួត​ខាងលើ៕

  • កៀក​ប្រកួត​ផ្តាច់ព្រ័ត្រ Jose Mourinho ត្រូវ Spurs ដេញ​ចេញពី​តំណែង

    កៀក​ប្រកួត​ផ្តាច់ព្រ័ត្រ Jose Mourinho ត្រូវ Spurs ដេញ​ចេញពី​តំណែង

    Jose Mourinho ដែល​ធ្លាប់​ដឹកនាំ​ក្រុម Manchester United, Chelsea និង Real Madrid ដែល​បានមក​ជំនួស​លោក Mauricio Pochettino កាលពី​ចុងឆ្នាំ2019 កន្លង​ទៅនោះ ពេលនេះ​ត្រូវបាន Tottenham Hotspur បណ្តេញ​ពី​តំណែង​ហើយ។

    ការបណ្តេញចេញ​នេះ ត្រូវបាន​ប្រធាន​ក្លិប​ខាងលើ​ប្រកាសថា ជំនួយការ​គ្រូបង្វឹក​របស់ Mourinho គឺ Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerra ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​ដូចគ្នា​ដែរ ដោយសារតែ​ដឹកនាំ​ក្លិប​មិនសូវ​បានល្អ ដោយ Spurs គឺ​អស់​ឱកាស​ហើយ ក្នុងការ​គ្រង​ជើងឯក Premier League រដូវ​កាល​នេះ ទោះបីជា​នៅសល់ 8ប្រកួត​ទៀត​ក្តី។

    ទោះជា​ដឹកនាំ​ការប្រកួត​លី​គ មិនសូវ​បានល្អ​មែន ក៏ប៉ុន្តែ​លោក​បាន​ដឹកនាំ​ក្រុម​មួយ​នេះ ឱ្យ​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន EFL Cup ដែល​នឹង​ប្រកួត​នៅ​ប្រមាណ​ជា 1សប្តាហ៍​ខាងមុខនេះ ដោយ​នឹងត្រូវ​ប្រកួត​ប៉ះ​ក្រុម Manchester City៕

  • គន្លឹះល្អៗក្នុងការ​ថែរក្សា​ពណ៌​សក់ ឱ្យ​ស្អាត​បានយូរ

    គន្លឹះល្អៗក្នុងការ​ថែរក្សា​ពណ៌​សក់ ឱ្យ​ស្អាត​បានយូរ

    បើ​អ្នក​មិន​ចង់ឱ្យ​ពណ៌​សក់​ដ៏​ស្រស់ស្អាត គួរឱ្យ​គយគន់​របស់​អ្នក ឡើង​ស្លេកស្លាំង​យ៉ាង​ឆាប់រហ័ស​នោះ សូម​សាកល្បង​ប្រើ​វិធី​ដូចខាងក្រោម​នេះ៖

    -ជ្រើសរើស​ប្រើ​ផលិតផល​ឱ្យ​ត្រឹមត្រូវ : គួរប្រើ​សាប៊ូកក់សក់ និង​ឃ្រី​ម Conditioner រូបមន្ត​ការពារ​ពណ៌​សក់​ជាពិសេស និង​ព្យាយាម​ចៀស​ពី​ផលិតផល​តុបតែង​សក់​ណា ដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល (ដូចជា ផលិតផល​ជែ​ល ជាដើម) ព្រោះ​វា​នឹងធ្វើ​ឱ្យ​សរសៃសក់​របស់​អ្នក​ស្ងួត នាំឱ្យ​ពណ៌​កាន់តែ​ឆាប់​ស្លេក​ឡើង។

    -កុំ​អប់​សក់​ច្រើនពេក : សារធាតុ​គីមី​នៅក្នុង​ផលិតផល​ប្តូរ​ពណ៌​សក់ នឹង​ធ្វើឱ្យ​សរសៃសក់​ស្ងួត ហើយ​ស្រួយ ដូច្នេះ​គួរប្រើ​ឃ្រី​ម Conditioner ប្រភេទ​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ បន្ទាប់ពី​កក់​រួច​ក្នុងអំឡុង​សប្តាហ៍​ដំបូង  ដោយ​លាប​តាំងពី​គល់ រហូតមកដល់​ចុង​សក់ ហើយ​ពាក់មួក​ងូតទឹក​គ្រប​ទុកចោល​ប្រមាណ 10នាទី។

    -ចៀស​ពី​ទឹក : ទឹក គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើឱ្យ​ពណ៌​សក់​ឡើង​ស្លេក​បាន​យ៉ាង​ងាយ ដូច្នេះ​ចូរ​កុំ​កក់សក់​ញឹកញាប់​លើសពី​ភាពចាំបាច់​ពេក និង​កុំ​ប្រើ​ទឹក​ក្តៅ​កក់សក់​ឱ្យសោះ។

    -ការពារ​សរសៃសក់ : បើ​អ្នក​ចូលចិត្ត​ហែល​ទឹក  សារធាតុ​រ៉ែ ដែល​នៅ​សេសសល់​នៅក្នុង​អាង​ហែល​ទឹក(មិនមែន​មានតែ chlorin ទេ) គឺជា​បច្ច័យ​អាក្រក់​មួយ ដែល​ធ្វើឱ្យ​សរសៃសក់​ក្លាយទៅជា​ពណ៌​បៃតង​លាយ​លឿង…  តែ​សូមកុំ​បារម្ភ​អី បញ្ហា​នេះ អាច​ការពារ​បាន​ដោយ​ការ​លាប Baby oil 2 – 3ដំណក់ នៅលើ​សរសៃសក់ ខណ:ពេល​ស្ងួត ហើយ​ប្រញាប់​លាង​ចេញ​វិញ​ភ្លាម ក្រោយពេល​ងូតទឹក​រួច៕

  • ចង់បាន​ផ្ទៃមុខ ស្អាត​ក្មេង​ជាង​វ័យ “ស្លឹកត្រចៀក​ក្រាញ់” អាចជួយ​បាន

    ចង់បាន​ផ្ទៃមុខ ស្អាត​ក្មេង​ជាង​វ័យ “ស្លឹកត្រចៀក​ក្រាញ់” អាចជួយ​បាន

    នារីៗណា ដែល​ផ្ទៃមុខ​ទៅ​លឿន​ជាង​តួលេខ​អាយុ​របស់​ខ្លួនឯង​នោះ…ពេលនេះ សូម​ឈប់​កង្វល់​បារម្ភ​ទៅ ព្រោះ​ស្លឹក​ត្រចៀកក្រាញ់​អាចជួយ​អ្នក​បាន  ដូច្នេះ​បើ​ចង់ឱ្យ​ផ្ទៃមុខ ត្រឡប់មក​ក្មេង​ជាង​វ័យ​វិញ​នោះ សូម​សាកល្បង​ធ្វើតាម​វិធី​ដូចខាងក្រោម​នេះ(ងាយៗ និង​ធានាថា មិន​ខកបំណង​ឡើយ)៖

    ទឹក​ស្លឹក​ត្រចៀកក្រាញ់ មិនមែន​គ្រាន់តែ​សម្រាប់​ផឹក បំបាត់​អាការ​គ្រាំ​ក្នុង​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចជួយ​ឱ្យ​យើង​ត្រឡប់មក​មាន​ផ្ទៃមុខ​ស្អាត ក្មេង​ជាង​វ័យ និង​ស្រស់ថ្លា​បាន​ទៀតផង…។

    វិធី​ធ្វើ ក៏ងាយៗមែនទែន  គឺ​គ្រាន់តែ​ដើរទៅ​ផ្សារ រក​ទិញ​បន្លែ​ស្លឹក​ត្រចៀកក្រាញ់ ហើយ​យកមក​លាង ឱ្យ​ស្អាត រួច​យកទៅដាក់​ចូលក្នុង​កែវ​ម៉ាស៊ីន​ក្រឡុក និង​ក្រឡុក​កិន​វា ឱ្យ​ល្អិត ឬក៏​បុក​ឱ្យ​ល្អិត​នឹង​ត្បាល់​ក៏បាន។ បន្ទាប់ពី​នោះមក ចូរ​ពូត​វា យកតែ​ទឹក មក​បំពោក​មុខ ទុកចោល​ប្រមាណ 10នាទី រួច​សឹម​លាង​សម្អាត​ចេញ។

    ចូរ​ឧស្សា​ហ៏​ធ្វើបែបនេះ ឱ្យបាន​ជាប់​ជាប្រចាំ  តែ​ប៉ុណ្ណឹង ផ្ទៃមុខ​ស្រស់ថ្លា ស្អាត ក្មេង​ជាង​វ័យ នឹង​ត្រឡប់​មករក​អ្នក​វិញ ជាថ្មី​ម្តងទៀត​មិន​ខាន៕