Category: សង្គម និងសេដ្ឋកិច្ច

  • ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

    ធំ​អី​ធំ​ម្ល៉េះ លោក​ព្រះ!!?? នាំគ្នា​មក​មើល​សត្វធំៗទូទាំង​ពិភពលោក ដែល​យើង​មិនសូវ​បានឃើញ

    ថ្ងៃអាទិត្យ​នេះ យើង​នាំគ្នា​មក​មើល​សត្វ ខ្លួនធំៗទាំងឡាយ ដូចជា​សត្វ​ចង្រិត ខ្លួន​ធំ​ប៉ុន​មើម​ការ៉ុត រហូត​ទៅដល់​សត្វ​ក្រពើ ខ្លួន​ធំ​ប៉ុន​រថយន្តក្រុង ជាដើម ដែល​សត្វ​ទាំងអស់នេះ មើលទៅ​ហាក់ដូចជា​ចេញ​មកពី​យុគសម័យ​បុរាណ និង​ធ្វើឱ្យ​អ្នក​បាន​ជួប​ទាំងឡាយ ច្បាស់​ជា​យល់សប្ត​អាក្រក់​មិន​ខាន…។

    កាលពី​ថ្ងៃទី14 វិច្ឆិកា វេ​ប​សាយ The Sun បាន​ផ្សព្វផ្សាយ​ព៏័​ត៌មាន​មួយ​ថា កាលពី​សប្ដាហ៍​កន្លងទៅ មាន​សត្វ​ក្រពើ​ដ៏​ធំ ១ក្បាល​បានបង្ហាញ​ខ្លួន​ឡើង​នៅ​កណ្ដាល​រដ្ឋ​ហ្វ្ល​រី​ដា ធ្វើឱ្យ​ប្រជាជន នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​វា​បាន​ចេញមក​ដើរលេង នៅ​ជុំវិញ​ទីលាន​វាយ​កូន​ហ្គោល ដែលមាន​ឈ្មោះថា បា​លេន​សៀ ហ្គោល អ៊ែន ខុន​ទ្រី ក្លិប រហូត​ធ្វើឱ្យ​បុគ្គលិក​នៅ​ទីនោះ ប្រញាប់​នាំគ្នា​ថតរូប​សត្វ​ក្រពើ 1ក្បាល​នោះ ហើយ​ផូ​ស្ត​ផ្សព្វផ្សាយ​នៅក្នុង​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​អ្នក​បានឃើញ នាំគ្នា​ភ្ញាក់ផ្អើលដូចៗគ្នា។

    សត្វ​ក្រពើ​អាមេរិកាំង ដែល​គេ​បានដឹងថា មាន​ទំហំ​ធំ​បំផុត​នោះ ធ្លាប់​ត្រូវ​ចាប់បាន​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា មាន​ប្រវែង​បណ្ដោយ 5.1ម៉ែត្រ(វែង​ជាង​ទទឹង​ផ្ទះល្វែង) ហើយ​អា 1ក្បាល​ដែល​អ្នកស្រុក​ហ្វ្ល​រី​ដា បានឃើញ​នៅក្នុង​ទីលាន​វាយ​កូន​ហ្គោល​នោះ ក៏មាន​ទំហំ មិន​ខុសគ្នា​នឹង អា 1ក្បាល​ដែល​ធ្លាប់​ចាប់បាន កាលពីមុន​នោះ​ប៉ុន្មាន​ដែរ។

    សត្វយក្សៗ ដែល​រស់​នៅលើ​ពិភពលោក មាន​ទាំង​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ សត្វ​លូន​វារ ដែល​ពេលខ្លះ​ក៏​ស្ថិតនៅក្នុង​ទីស្នាក់អាស្រ័យ​របស់​ពួកវា តែ​ពេលខ្លះ វា​ក៏​ចូលចិត្ត មក​នៅជិតៗមនុស្ស​យើង​ដែរ។

    គ្រប់​ទីកន្លែង​លើ​ពិភពលោក តែងតែមាន​សត្វធំៗស្នាក់អាស្រ័យ​នៅ គ្រាន់តែ​យើង​មិនបាន​ឃើញ​វា​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ញឹកញាប់​ប៉ុណ្ណោះ ដូច្នេះ​ថ្ងៃអាទិត្យ​នេះ យើង​សូម​បបួល​លោកអ្នក​ទៅ​មើលរូប​ភាព​សត្វយក្សៗនៅ​ទូទាំង​ពិភព​លោក​ទាំងអស់គ្នា នៅពេលនេះ​តែម្ដង…។

    សត្វ​ក្រពើ​ដែល​ប្រទះឃើញ​នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា
    ក្រពើ​ទឹកប្រៃ ដែល​រស់​នៅតាម​ធម្មជាតិ នឹងមាន​ទំហំ​ធំ​ជាង​ក្រពើ​ទឹកប្រៃ ដែល​មិនបាន​រស់នៅ​តាម​ធម្មជាតិ
    អ្នក​មុជទឹក បាន​រកឃើញ​សត្វ​សារាយសមុទ្រ​ប្រភេទ​នេះ ហែល​នៅក្នុង​ផ្ទៃ​ទឹក ក្រៅ​តំបន់ Echizen របស់​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ2002
    ត្រី​ឆ្លាម​គ្រោង ប្រវែង 6ម៉ែត្រ 1ក្បាល​នេះ ត្រូវ​ចាប់បាន​នៅក្រៅ​សមុទ្រ​អូស្ត្រាលី ដោយ​អ្នកនេសាទ
    ក្ដាម​ដូង (Robber Crabs) ដែល​ធំ រហូត​មាន​ទំហំ​ធំ ជិត​ប៉ុន​ធុងសំរាម
    សត្វ​ដែល​ស្រដៀង​នឹង​សត្វ​ចង្រិត មាន​ទម្ងន់ 71ក្រាម ត្រូវបាន​ប្រទះឃើញ នៅលើ​កោះ Little Barrer ក្នុងប្រទេស​នី​វ​ហ្ស៊ី​លែ​ន​ដ៍
    ត្រី​នាគ ប្រវែង 18ហ្វ៊ុ​ត ចាប់បាន​នៅក្នុង​ឈូង​សមុទ្រ Toyon លើ​កោះ Santa Catalina រដ្ឋ​ខា​លី​ហ្វ័​រនៀ
    គោ ដែលមាន​កម្ពស់​ជិត 2ម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ប្រទេស​អង់គ្លេ
    ខ្យងហៀន​អាហ្វ្រិក ដែលមាន​ទំហំ​ធំ ជិត​ប៉ុន​សត្វ​ឆ្មា
    ទន្សាយ ដែលមាន​ទំហំ​ធំ​ប៉ុន​សត្វ​ឆ្កែ
    សត្វ សាឡា​មែន​ឌើ​រ យក្ស ដែល​ជិត​ផុត​ពូជ
    កង្កែប 1ក្បាល​នេះ មាន​ទម្ងន់​ដល់​ទៅ 2គីឡូក្រាម វា​ធ្លាប់​ស៊ី​សត្វ​ពស់​ជា​អាហារ​រួចមកហើយ
    សត្វ​លា 1ក្បាល​នេះ មាន​កម្ពស់ 1.7ម៉ែត្រ
    សត្វ​ភេ​សមុទ្រ ដែល​រស់នៅក្នុង​សារមន្ទីរ​សត្វ​សមុទ្រ អេ​ណូ​ឈិ​ម៉ាក់ ប្រទេស​ជប៉ុន
  • វិធីងាយៗ 5យ៉ាង ធ្វើឱ្យ​សក់​ភ្លឺរលោង

    វិធីងាយៗ 5យ៉ាង ធ្វើឱ្យ​សក់​ភ្លឺរលោង

    មិន​ថា​អ្នក​ចង់ទុក​សក់ ម៉ូដ​ណាក៏ដោយ  តែ គុណសម្បត្តិ ដ៏​មាន​ថាមពល​មួយ ដែល​នឹង​ធ្វើឱ្យ​សក់ របស់​អ្នកមាន​មន្ត​ស្នេហ៍ គួរឱ្យ​ឈ្លក់​វង្វេង ដោយ​គ្រាន់តែ​ក្រឡេកឃើញ​ភ្លាមនោះ  គឺ​ភាព​ភ្លឺរលោង​របស់​សក់។  សក់​ដែល​ភ្លឺរលោង​ចាំង ដូចជា​កញ្ចក់ គឺជា​សក់​ដែលមាន​សុខភាព​ល្អ​ពី​កំណើត និង​បានទទួល​ការថែទាំ​បំប៉ន យ៉ាង​ទៀងទាត់ និង​ជាប់​ជានិច្ច  តែ​ក៏មាន​វិធីងាយៗ ដែល​អាចធ្វើឱ្យ​អ្នកមាន​សក់​ភ្លឺរលោង​បាន​ដូច​បំណង​ដែរ។ បើ​ចង់ដឹង សូម​សាកល្បង​ធ្វើតាម​វិធី 5យ៉ាងដូច​ខាងក្រោម​នេះ ៖

    1.លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់

    ទោះជា​ស្រឡាញ់​ចូល​ចិត្តការ​ងូតទឹក​ក្តៅឧណ្ហៗប៉ុនណា​ក៏ដោយ  តែ​បើសិនជា​ចង់បាន​សក់​ដែល​ស្អាត​ភ្លឺរលោង​ជាង​មុន​នោះ​គឺ  បន្ទាប់ពី​កក់​ហើយ ចូរ​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់។ ព្រោះ​ទឹក​ត្រជាក់ នឹង​ជួយ​ឱ្យ​សម្បក​ក្រៅ​របស់​សរសៃសក់​បន្តឹង​ខ្លួន ធ្វើឱ្យ​សក់ ចាំង​នឹង​ពន្លឺ​ដែល​ជះ​មក​ប៉ះ  និង​ក្រៅពី​វិធី​លាង​សម្អាត​សក់​ដោយ​ទឹក​ត្រជាក់​នេះហើយ ការ​ផ្លុំ​សក់​ដោយ​ខ្យល់​ត្រជាក់ ជា​លើកចុងក្រោយ បន្ទាប់ពី​ផ្លុំ​ស​ម្ងួ​ត​សក់​ហើយ​នោះ ក៏​ជា​ការជួយ​ធ្វើឱ្យ​សក់ កាន់តែ​ភ្លឺរលោង​ជាង​មុន បាន​មួយកម្រិត​ទៀត​ដែរ។

    2.លាង​សក់​ដោយ​ទឹក​សាជូរ

    ក្រៅពី​ប្រើ​ទឹកត្រជាក់ៗ លាង​សក់​ហើយ នៅ​អាច​បន្ថែម​ភាព​ភ្លឺរលោង ពីលើ​នោះ​ទៀត តាមរយ:ការប្រើ​ទឹក​សាជូរ​ផ្លែ​ប៉ោម(Apple Cider Vinegar) 1ចំណែក លាយ​ជាមួយ​ទឹក 3ចំណែក (1/3)  ហើយ​ប្រើ​ទឹក​នេះ លាប​លាង​ក្បាល មុន ឬ​ក្រោយពេល​កក់សក់​ក៏បាន។ ទឹក​សាជូរ នឹង​ជួយ​សម្រួល​កម្រិត pH របស់​សរសៃសក់ និង​ស្បែកក្បាល លាង​សារធាតុ​ដែល​នៅជាប់​សេសសល់​លើ​សរសៃសក់​ចេញ ធ្វើឱ្យ​ស្រោម​សរសៃសក់ រាប​រលោង និង​ចាំង​ពន្លឺ​បានល្អ​ជាង​មុន។

    3.ការធ្វើ Glossing Treatment ឬ​ការធ្វើឱ្យ​ភ្លឺរលោង

    ការធ្វើ គ្លោ​ស៊ី​ង ធ្រី​ត​មឹន​ត៍​នេះ អាចធ្វើ​នៅក្នុង​ហាង​សាឡ​ន ឬ​អ្នក​ចង់​ទិញ​ទឹក​ថ្នាំ និង​ឧបករណ៍​យកមក​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​ក៏បាន។ ប្រើ​ពេលវេលា​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នកនឹង​មាន​សក់​ភ្លឺ រលើបរលោង ស្អាត ទន់​មាន​ទម្ងន់ និង​ជាប់​បានយូរ​ជាង 1សប្តាហ៍​ទៀតផង។

    4.ការ​លាប ហ៊ែ​រ៍ សេរ៉ូម (Hair Serum) ក្រោយពេល​កក់សក់

    បន្ទាប់ពី​កក់សក់​រួចហើយ  ពេលដែល​សក់ នៅសើមៗ មិនទាន់​ស្ងួត​ល្អ​នោះ  សាកល្បង​លាប “ហ៊ែ​រ៍ សេរ៉ូម” លើ​សរសៃសក់ រួច​ទុកឱ្យ​សេរ៉ូម បាន​ជ្រាប​ចូលទៅ​ស្រោប​សរសៃសក់ ឱ្យ​សព្វ​ពេញ​ក្បាល។ បន្ទាប់ពីនោះ ក៏​ជូត​សក់​ឱ្យ​ស្ងួត​តាម​ប្រក្រតី  តែ​លើក​នេះហើយ ដែល​អ្នក​នឹងមាន​អារម្មណ៍​ដឹងថា សក់​ឡើង​ទន់​ជាង​មុន ងាយស្រួល​សិត ដោយ​គ្រាន់តែ​បង្អូស​ក្រាស​កាត់​ភ្លាម សក់​នឹង​រាបស្មើ និង​ភ្លឺរលោង ស្អាត​ភ្លាម​ឡើង​តែម្តង។

    5.បាញ់​ស្ព្រៃ​យ៍ បង្កើន​ភាព​ភ្លឺរលោង

    បង្កើន​ភាព​ភ្លឺរលោង ដល់​សរសៃសក់ តាមផ្លូវ​កាត់​ដ៏​ខ្លី​បំផុត ជាមួយនឹង​ការប្រើ​ស្ប្រៃ​យ៍ បង្កើន​ភាព​ភ្លឺ​រលើបរលោង។ បាញ់ បែបប្រោះៗ ពីលើ​សរសៃសក់ ឱ្យ​ទឹក​ថ្នាំ​ចូលទៅ​ស្រោប​សរសៃសក់  និង​ចាំង​ភ្លឺ​យ៉ាង​ស្រស់ស្អាត ហើយ​ស្ព្រៃ​យ៍​ខ្លះ ថែមទាំង​មាន​ក្លិនក្រអូប បង្កើន​មន្ត​ស្នេហ៍​កាន់តែខ្លាំង​ឡើង​ទៀតផង៕

  • ស្បែក​ស្អាត ស្រស់ថ្លា ភ្លឺរលោង ក្នុង​រយ:ពេល 10នាទី

    ស្បែក​ស្អាត ស្រស់ថ្លា ភ្លឺរលោង ក្នុង​រយ:ពេល 10នាទី

    ក្រមុំៗសម័យ​ឌីជីថល​បច្ចុប្បន្ន  ដែល​ជីវិត​មានតែ​ភាពរួស​រាន់ រូតរះ ការងារ​ក៏​ច្រើន រឿង​ដែល​ត្រូវធ្វើ ក៏​សម្បូរ​ដែរនោះ បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ។ តែ ពេល​បែរមក ឆ្លុះកញ្ចក់ ពឹប!  ស្រាប់តែ ភ្ញាក់ខ្លួន​ព្រើត

    «ហ្អា៎?!  មុខ​ខ្ញុំ អី​ក៏​អាក្រក់​ខ្លាំង​ម្ល៉េះ?»។ បែរ​ខាងឆ្វេង ងាក​ខាងស្តាំ ឬ​មើល​ចំ​ពីមុខ  ឃើញ​ឡើង​ទ្រោម​ស្រពោន រហូតយាយៗច្រឡំ​ហៅ​បង ហើយ​តើ​ខ្ញុំ  ហ៊ឺ!។

    អូ៎ៗ កុំ​ភ័យ​អី នាងក្រមុំ​ទាំងឡាយ​អ៊ើ​យ  រាល់​បញ្ហា​ទាំងអស់ សុទ្ធ​តែមាន​វិធី​ដោះស្រាយ។ អូ​ខេ! ឥលូវ យើង​នាំគ្នា​មក​មើ​លពី​គន្លឹះល្អៗ ក្នុងការ​ស្តារ និង​មើលថែទាំ​ស្បែក ឱ្យ​ត្រឡប់មក​ស្រស់ ភ្លឺ​ថ្លា រលោង​ដូច​ស្បែក​ដែល​ទើប​កើត​ថ្មី ក្នុង​រយ:ពេល​តែ 10នាទី​ប៉ុណ្ណោះ…ធានាថា ងាយ​ធ្វើ មិន​ពិបាក  និង​មិន​ខាត​ពេល​ច្រើន​ទៀតផង។

    បើ​មាន​អារម្មណ៍​ថា ផ្ទៃមុខ​ឡើង​ទ្រោម លែង​ស្រស់ថ្លា​នោះ សុំ​កុំ​ភ័យ​បារម្ភ​អី  ព្យាយាម​ធ្វើ​ចិត្ត​ឱ្យសប្បាយៗបន្ធូរ​អារម្មណ៍ (នេះ​ក៏​ជា​វិធី​ពន្យារ​ភាព​ចាស់ ប្រឆាំងនឹង​ភាព​ជ្រីវជ្រួញ​មួយ​ដែរ) ហើយ​សម្លឹង​រកមើល ដើម​ប្រទាល​កន្ទុយក្រពើ ដែល​នៅ​ជិត​ខ្លួន​អ្នក…ហ្នឹងហើយ ដែលជា​គន្លឹះ​ចម្បង នៃ​រូប​សម្ផស្ស​កម្រិត​កំពូល​នោះ…។

    តើ​នៅក្នុង​សាច់ របស់​ធាង​ដើម​ប្រទាល​កន្ទុយក្រពើ មាន​អ្វី​ពិសេស​ខ្លះទៅ?

    សាច់ថ្លាៗ ដូច​ចាហួយ នៅក្នុង​ធាង​នៃ​ដើម​ប្រទាល​កន្ទុយក្រពើ មាន​ជាតិ​ទឹក 99.5ភាគរយ ដូច្នេះហើយ​ទើប​វា​ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា និង​សំណើម​ដល់​ស្បែ​កបាន​យ៉ាង​ល្អ ហើយ​នៅមាន សារធាតុ Polysaccharide, ខ្លៃ​ខូ​ប្រូ​ធី​ន, វិ​តា​មីន, សារធាតុ​រ៉ែ, និង​អង់​ហ្ស៊ី​ម ដែលជា​សារធាតុ​ថែបំប៉ន និង​ការពារ​ការ​រលាក​ដ៏​មាន​ប្រសិទ្ធភាព។  សាច់​ចាហួយ ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ អាចជួយ​បន្ធូរ​អាការ​ស្បែក​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ ផ្តល់នូវ​សំណើម​ដល់​ស្បែក និង​ជួយ​ការពារ មិនឱ្យ​ស្បែក​ឡើង​ពណ៌​ខ្មៅ​ស្រគាំ​ឡើយ និង​ដែល​សំខាន់​នោះ គឺ​វា​ថែមទាំង​ជួយ​បន្តឹង​ស្បែក បាន​យ៉ាង​មាន​ប្រសិទ្ធភាព ធ្វើឱ្យ​វា​ក្លាយជា “ម៉ាស់ បក​មុខ” ដ៏​ពេញនិយម​សម្រាប់នារីៗ ដែល​តែងតែ​លាប​សម្អាត​ផ្ទៃមុខ មុនពេល​ចេញទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​នៅពេល​រាត្រី​ទៀតផង។ ក្រៅពីនេះ នារីៗយើង​នៅ​និយម​យក​សាច់​ក្នុង​ធាង​ប្រទាល​កន្ទុយក្រពើ មក​ធ្វើ​ម៉ាស់​បក​មុខ មុនពេល​គេង ដើម្បី​បន្ថែម​ភាព​តឹង​រលោង​ផ្តល់​ភាពស្រស់ថ្លា ក្មេង​ជាង​វ័យ ដល់​ស្បែ​កមុខ​ទៀតផង ។

    វិធី​ធ្វើ ម៉ាស់​បក​មុខ​ប្រទាល​កន្ទុយក្រពើ

    ធ្វើ​ម៉ាស់ បន្តឹង​ស្បែ​កមុខ​បែបងាយៗ ដោយ​កាត់​ធាង​ប្រទាល​កន្ទុយក្រពើ​មក  ហើយឆូតៗតាម​បណ្តោយ​ធាង​ហើយ​យក​ទឹក​ចាហួយ ដែល​ហូរ​ចេញមក​នោះ មក​លាប​លើ​ផ្ទៃមុខ ដែល​បាន​លាង​សម្អាត​រួចហើយ…ទុកចោល​ត្រឹមតែ 10នាទី រួចហើយ​សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់។ ត្រឹមតែ​ប៉ុណ្ណឹង អ្នក​នឹងមាន​អារម្មណ៍​ដឹងថា ស្បែក​មុខ​ឡើង​ស្រស់ថ្លា តឹង​រលោង ម៉ដ្ឋខៃ មើលទៅ​ក្មេង​ជាង​វ័យ​ទៀតផង (បើ​មិន​ជឿ សាក-ល​មើល៍ទៅ!)៕

  • វិធី​ថែបំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ថ្លា ដោយ​ផ្លែ​ឪឡឹក

    វិធី​ថែបំប៉ន​ស្បែ​កមុខ ឱ្យ​ស្រស់ថ្លា ដោយ​ផ្លែ​ឪឡឹក

    វិធី​ធ្វើ គឺ​ចិត​សាច់​ឪឡឹក ជា​បន្ទះស្តើងៗ ធំ​ល្មម ដោយ​ជ្រើស​យកតែ​សាច់​ក្នុង​បំផុត  កុំ​យក​សាច់​ដែល​នៅជាប់​នឹង​សម្បក ព្រោះ​សាច់​នៅ​កន្លែង​នេះ មាន​សារជាតិ​អាស៊ីត​ច្រើន  ហើយ​រឹង មិន​ស័ក្តិសម​នឹង​យកមកប្រើ​ឡើយ ។ ពេល​បាន​បន្ទះ​សាច់​ឪឡឹកស្តើងៗមកហើយ ចូរ​យកមក​ដាក់​តម្រៀ​ប នៅលើ​បន្ទះ​ក្រណាត់ស​ស្តើង ដែល​ត្រៀម​ទុក​មុន​ស្រេច​ហើយ បន្ទាប់មក ចូរ​លើក​យកមក​បិទ ពីលើ​ផ្ទៃមុខ​ឱ្យ​សព្វកន្លែង។ ទុកចោល​ប្រមាណ 10-15នាទី រួច​សឹម​លាងមុខ ចេញ​ដោយ​ទឹកស្អាត។

    លទ្ធផល​ដែល​ទទួលបាន​ពី​ការថែបំប៉ន​ស្បែ​កមុខ ដោយ​សាច់​ផ្លែ​ឪឡឹក​នេះ​គឺ  ភាព​ត្រជាក់​របស់​ផ្លែ​ឪឡឹក​នឹង​ជួយ​បន្ធូរ​សភាព​ស្បែក ឱ្យ​ស្រស់ស្រាយ​ឡើង។ សារធាតុ​ពណ៌​ក្រហម របស់​សាច់​ឥ​ឡឹ​ក ដែល​ហៅថា ឡៃ​ខូ​ពី​ន​ដែលមាន អ៊ែន​ធី​អុក​ស៊ី​ឌែ​ន នោះ ក្រៅពី​ជួយ​ក្នុងការ​ថែបំប៉ន​បេះដូង រួមទាំង​ការពារ​រោគ​មហារីក​ហើយ​នោះ នៅ​អាច​បឺត​យកចេញ នូវ​ជាតិ​ខ្លាញ់ ដែលមាន​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ និង​ថែមទាំង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យ៉ូ​ម ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការហូរ​វិល​របស់​លោហិត នៅ​ម្តុំ​ផ្ទៃមុខ​ឱ្យមាន​សភាព​ប្រក្រតី។ ជួយ​ឱ្យ​រន្ធ​រោម មាន​ភាពយឺត​យារ ស្រស់បស់ ហើយ​នៅក្នុង​ទឹក​សាច់​ឪឡឹក ក៏មាន​ម៉ូ​លេ​គូ​ល របស់​ស្ករ​ច្រើន​សមល្មម រួមទាំង​មាន​អាស៊ីត អា​មី​ណូ បន្តិចបន្តួច ដែល​ជួយ​ក្នុងការ​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង៕

  • វិធី​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ

    វិធី​ជួយ​ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ

    បុរស​ជាច្រើន ចូលចិត្ត​តែ​នារី ដែលមាន​សក់វែង​រំសាយ ហើយ​សក់វែង​នេះ ក៏​ជាម​ន្ត​ស្នេហ៍​មួយ​ដែល​បញ្ជាក់​ពី​ភាពជា​សុភាពនារី របស់​ពួកយើង​ជាស្រីៗដែរ ដូច្នេះ​បើនារីៗណា ចង់ឱ្យ​សក់​ឆាប់​វែង តាមបែប​ធម្មជាតិ​នោះ សូម​សាកល្បង​អនុវត្តតាម​វិធី​ជំរុញ ឱ្យ​សក់​ឆាប់​ដុះ​វែង តាមបែប​ធម្មជាតិ​ដូចខាងក្រោម​នេះ :

    -ប្រមូល​សារធាតុ​អាហារ ដែល​សំខាន់​ចំពោះ​សរសៃសក់

    សារធាតុ​អាហារ ដែល​សំខាន់បំផុត​ចំពោះ​ការ​ដុះ​លូតលាស់​របស់​សរសៃសក់ ច្រើនតែ​បង្កប់​នៅក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​ហ្នឹងឯង  ដូច្នេះ​ត្រូវ​ញ៉ាំ​អាហារ​ណា ដែល​សម្បូរ​ដោយ ប្រូតេអ៊ីន ព្រោះ​វា​នឹង​ជួយ​បង្កើន​ភាពរឹងមាំ​ដល់​សរសៃសក់​ទាំងមូល មិន​ធ្វើឱ្យ​សក់​ផុយស្រួយ ងាយ​ដាច់​ជ្រុះ​ឡើយ។ អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន មានដូចជា : សណ្តែក សាច់សត្វ យ៉ា​អួ និង​តៅហ៊ូ ជាដើម  ហើយ​គួរតែ​ទទួលទាន​បន្ថែម​នូវ​សារធាតុ​ខ្លាញ់​ល្អ ដែលមាន​នៅក្នុង​ផ្លែ​ប៊័រ និង​ខ្លាញ់ត្រី ពី​សាច់​ត្រី​សាល់​ម៉ុ​ន និង​ត្រី ម៉ាក់​ឃើ​រេល (ត្រី​សា​បាក់) ផងដែរ។  ក្រៅពីនេះ អ្នក​គួរឱ្យ​រាងកាយ​ទទួលបាន​នូវ​សារ​ធាតុដែក រួមទាំង​វីតាមីន​C និង B រួមជាមួយ​ផង ព្រោះ​សារធាតុ​អាហារ​ទាំងនេះ នឹង​ជួយ​ឱ្យ​សក់​របស់​យើង​រឹងមាំ មាន​សុខ​ភាពល្អ មិន​បែក​ចុង ឬ​ចុះខ្សោយ ឆាប់​ដាច់​ជ្រុះ​ឡើយ។ អាហារ​ដែល​សម្បូរ​សារធាតុ

    អាហារល្អៗទាំងនោះ មានដូចជា សណ្តែក គ្រាប់​ធញ្ញជាតិ អង្ករ​ស្រូវ​សាលី ផ្លែ​គី​វី បន្លែ​ស្លឹក​ពណ៌​បៃតង ម្ទេស ស៊ុត​ក្រហម និង​គ្រំ​អយ​ស្ទ័​រ​ហ្នឹងឯង។

    -តម្រឹម​សក់ រៀងរាល់ 2ខែម្តង

    មនុស្ស​ជាច្រើន មិន​ហ៊ាន​កាត់​តម្រឹម​ចុង​សរសៃសក់​ឡើយ ព្រោះ​ខ្លាច​សក់​ក្រ​ដុះ​វែង  តែ​ការពិត​វិញ បើ​អ្នក​មិន​ព្រមទៅ​កាត់​តម្រឹម​សក់ រៀងរាល់ 5 – 8សប្តាហ៍​ម្តង​ទេនោះ  សក់​របស់​អ្នកនឹង​រឹតតែ​ស្ងួត បែក​ចុង​ឡើង​រៀងរាល់ថ្ងៃ  ហើយ​សក់​បែក​ចុង ដែល​មិន​ត្រូវបាន​កម្ចាត់​ចោល​នោះ នឹង​កាន់​បន្ត​បែក ដេញ​ឡើងមករក​គល់​សក់ជារឿយៗ  ជាហេតុ​ធ្វើឱ្យ​សរសៃសក់ មិនបាន​ដុះ​វែង​ដូច​បំណង  និង​បញ្ហា​មួយទៀត គឺ​សក់​ស្ងួត បែក​ចុង​នេះ ថែមទាំង​ធ្វើឱ្យ​សក់​របស់​អ្នក​មើលទៅ​ផុយ ខ្សោយ និង​ឡើង​សំពោង គ្មាន​ទម្ងន់​ទៀតផង។

    -ធ្វើ​ម៉ាស្សា​ស្បែកក្បាល ជំរុញ​ចលនា​ឈាម​រត់

    តើ​អ្នក​ដែល​សង្កេតមើល​ទេ​ថា ពេលដែល​យើង​ទៅ​កក់សក់​នៅ​ហាង​ធ្វើ​សក់  ជាង​កក់សក់​តែងតែ​ធ្វើ​ម៉ាស្សា​ក្បាល​របស់​យើង ខណ:ពេល​បំពោក​គ្រី​ម​ម៉ាស្សា​សក់​គ្រប់ពេល។  ព្រោះថា ការ​ម៉ាស្សា​ស្បែកក្បាល​នឹង​ជួយ​ជំរុញ​ចលនា​ឈាម​រត់​នៅ​ម្តុំ​ស្បែកក្បាល ដែល​ហុច​ផល​ឱ្យ​សរសៃសក់​មាន​សុខភាព​ល្អ​ឡើង​តាម​នោះដែរ។ ដូច្នេះ​នៅ​រៀង​រាល់ពេល​កក់សក់ ចូរ​អ្នកយក​ម្រាមដៃ​ឈ្លី​ស្បែកក្បាល ដោយ​ដេញ​ចាប់ពី​ម្តុំ​កញ្ចឹងក ឡើង​រហូតមក​ដល់គ​ល់​សក់​ផ្នែក​ខាងមុខ ប្រមាណ​ជា 2- 3នាទី ក៏​គ្រប់គ្រាន់​ហើយ។

  • មុខ​ស្អាត តែ ក្លៀក​ស្អុយ ប្រុសៗថយ​ក្រាក!

    មុខ​ស្អាត តែ ក្លៀក​ស្អុយ ប្រុសៗថយ​ក្រាក!

    តើ​អ្នកនាង​កញ្ញា​ទាំងឡាយ ដឹង​ទេ​ថា ក្រៅ​ពីមុខស្អាតៗរបស់​យើង ដែលមាន​សម្រាប់ ឱ្យបុរសៗឈ្លក់​វង្វេង​ហើយ​នោះ ក្លិន​ខ្លួន​ក៏​ជា​រឿង​មួយ ដែល​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ដែរ  ព្រោះបុរសៗសម័យនេះ គេ​ប៉ិន​ចាំ​ចាប់កំហុសនារីៗដូច​ពួកយើង​ខ្លាំងណាស់  តែ​វា​ក៏​ជា​រឿង​មួយ​ត្រឹមត្រូវ​ដែរ ដែលថា ពួកកំលោះៗ ប្រហែលជា​មិន​ចង់បាន​សង្សារ ដែលមាន​ក្លិន​ខ្លួន មិនគួរ​ឱ្យ​បេតី​នោះទេ។

    បញ្ហា​នៃ​ការកើតមាន​ក្លិន​ខ្លួន ឬ​ក្លឹ​ន​ក្លៀក​នេះ វា​បណ្តាលមកពី​ច្រើន​មូលហេតុ  តែ​រឿង​ដែល​នៅ​កៀក​បង្កើយ​នឹង​ខ្លួន​យើង​បំផុត​នោះ គឺ​ប្រហែលជា​រឿង “ញើស” ហើយ​មើលទៅ  ព្រោះថា ញើស​នេះ​វា​មាន​អាហារ​ដែល​មេរោគ​បាក់តេរី​ត្រូវការ។  ពេល​ញើស​ចេញមក​ភ្លាម បណ្តា​មេរោគ​បាក់តេរី​ទាំងឡាយ ក៏​មក​រោម​ស៊ី​ញើស​ភ្លែត  រួច​ថែមទាំង​រំលាយ ចេញ​មកជា​ក្លិន​ឃ្មឹសៗ សាយភាយ​ឡើង ធ្វើឱ្យនារីៗយើង ខ្មាស់​គេ​ទៀតផង។  ធ្ងន់ធ្ងរ​ជាង​នោះ​ទៅទៀត​គឺ បើ​ញើស​ចេញមក​ច្រើន វា​ថែមទាំង​បាន​បន្សល់ទុក​នូវ​ស្នាម​ប្រឡាក់សើមៗ នៅលើ​អាវ​ទៀតផង ។

    អូខេ! ដឹង​តែត្រឹម​ប៉ុណ្ណឹង វា​សែន​រន្ធត់​ញាប់​ញ័រ ណាស់​ទៅហើយ…តែ នារីៗទាំងឡាយ កុំអាល​ភ័យ​អី យើង​មាន​វិធី​រម្ងាប់​ញើស និង​ក្លិន​ឱ្យ​បាត់​ឈឹង មក​ជម្រាបជូន​ដូចតទៅ ៖

    -ជ្រើសរើស​ស្លៀកពាក់​ខោអាវ​ណា ដែល​ទូលាយ ស្រឡះ ស្តើង និង​មិន​រឹប​ខ្លួន ណែន​ជ្រុល​ពេក ដើម្បីឱ្យ​ខ្យល់​ចេញចូល​បាន​ងាយស្រួល។

    -ងូតទឹក 1ថ្ងៃ​យ៉ាងតិច 2ដង និង​សង្កត់ធ្ងន់​លើ​ការ​ដុស​សាប៊ូ​នៅត្រង់​ប្រឡោះ​ក្លៀក ឱ្យបាន​ស្អាត។

    -កោរ​រោមក្លៀក​ជាប្រចាំ  មិនគួរ​បណ្តោយឱ្យ​ដុះ​ស្រមេមស្រមាម​ឡើយ ព្រោះ​វា គឺជា​ដើមហេតុ​នៃ​ភាព​សើម​អាប់ និង​ថែមទាំង​ជា​កន្លែង​បណ្តុះ​មេរោគ​បាក់តេរី ទៀតផង។

    -កាត់បន្ថយ ឬត​មកា​រញ៉ាំ​អាហារ​ណា ដែលមាន​ក្លិនឈួល​ខ្លាំង ដូចជា ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស-ល- ព្រោះ​អាហារ​ទាំងនេះ គឺជា​អ្នកជំរុញ ឱ្យ​ក្លិន​ខ្លួន​របស់​អ្នក​កើតឡើង។

    -កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​ជាតិ កាហ្វេ​អ៊ី​ន ដូចជា ទឹកតែ កាហ្វេ ទឹក​ភេសជ្ជៈ​កំប៉ុង និង​ស្រា​ផងដែរ។

    -ឈប់​ជក់បារី ក្លិន​ក៏​ឈប់​តាម​មក​ដែរ។

    -ចុងក្រោយ  ចូរ​កុំ​ភ្លេច​ប្រើ Roll on (ប្រដាប់​លាប​បំបាត់​ក្លិន​ក្លៀក) ដែល​អាចជួយ​ការពារ​ញើស និង​ក្លិន​ខ្លួន​បាន​យ៉ាង​ល្អ។

    ចូរ​មើលថែ​ក្លិន​ខ្លួន​របស់​យើង ឱ្យបាន​ក្រអូប និង​ស្រស់ថ្លា​ជានិច្ច ដើម្បី​កុំឱ្យកំលោះៗ គេ​នាំគ្នា​បែរខ្នង​ដាក់ និង​យកទៅ​និយាយដើម​បាន៕

  • គន្លឹះតូចៗ 5យ៉ាង ក្នុងការ​ហូបចុក ដែល​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្គម ស្វែ​ល ស្អាត

    គន្លឹះតូចៗ 5យ៉ាង ក្នុងការ​ហូបចុក ដែល​ជួយ​ឱ្យ​អ្នកមាន​រូបរាង​ស្គម ស្វែ​ល ស្អាត

    ការកែសម្រួល​ទង្វើ​រឿង​អាហារ​ការហូបចុក​មួយ​ចំនួន មើលទៅ​ហាក់ដូចជា​រឿង​តូចតាច​កំប៉ិកកំប៉ុក​ទេ តែ​វា​ហុច​លទ្ធផល​ឱ្យ​យើង​ក្នុង​រឿង សម្រក​ទម្ងន់ និង​ធ្វើឱ្យ​រូបរាង​ស្អាត​បាន យ៉ាង​ធំធេង។

    1. ពិនិត្យមើល​និស្ស័យ​ការហូបចុក​របស់ខ្លួន​ឯង :  ដូចជា មាន​ចូលចិត្ត​ញ៉ាំ​អាហារ​នៅពេល​យប់ ឬ​ចូលចិត្ត​ញ៉ាំ​អាហារ​ក្នុង​ពេលធ្វើ​ម្ហូប ឬក៏​អត់? ឬក៏​ចូលចិត្ត​ញ៉ាំ​អាហារ ទាល់តែអស់ៗពី​ចាន​ដែរឬទេ?។ ពេល​ពិនិត្យមើល រហូត​ដឹង​ពី​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ហើយ អ្នក​ពិតជា​អាច​កាត់បន្ថយ ឬ​តម​អាហារ​ណា ដែលមាន​កាឡូរី​ខ្ពស់ បាន​យ៉ាង​ងាយស្រួល​មិន​ខាន។

    2. ទៅ​ដើរ​ទិញ​ម្ហូបអាហារ នៅពេល​ពោះ​ឆ្អែត :  ទាំងអស់គ្នា​ប្រហែលជា​យល់ស្រប​ដូចគ្នា​មិន​ខាន​ថា បើ​ចេញ​ទៅរក​ទិញ​អីវ៉ាន់​ញ៉ាំ ពេល​ពោះ​ទទេរ មិនទាន់បាន​ញ៉ាំ​អី​នោះ ច្រើនតែ​ធ្វើឱ្យ​យើង​ទិញ​ចំណីអាហារ​មក​ច្រើន​តាម​មាត់​ឃ្លាន តាមចិត្ត​ចង់  តែ​ផ្ទុយទៅវិញ បើ​យើង​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ពេល​ពោះ​ឆ្អែត​នោះ យើង​នឹង​មានការ​រិះគិត​ច្រើនជាង​មុន ក្នុងការ​ចាប់យក​អីវ៉ាន់​មក​ដាក់​ក្នុង​កន្ត្រក។

    3. អង្គុយ​ញ៉ាំ និង​ញ៉ាំ​អាហារ​នៅក្នុង​ចាន :  មានការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​កញ្ចប់ និង​ឈរ​ញ៉ាំ​ផង​នោះ  នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​បាន​ច្រើនជាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅក្នុង​ចាន លើ​តុ​បាយ  ព្រោះ​ការ​ឈរ​ញ៉ាំ​អាហារ​នៅក្នុង​កញ្ចប់ ឬ​ក្នុង​ប្រអប់​នេះ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​យ៉ាង​ភ្លេចខ្លួន(ចូរ​ប្រយ័ត្ន​ចំណុច​នេះ)។

    4. ដួស​អាហារ​ដាក់​ចាន​ផ្ទាល់ខ្លួន :   បើ​អ្នក​កំពុង​គ្រប់គ្រង​ទម្ងន់​ខ្លួន(សម្រក​ទម្ងន់)នោះ ចូរ​សាកល្បង​ដួស​អាហារ​ដែល​បម្រុង​នឹង​ញ៉ាំ ក្នុង​បរិមាណ ដែល​គិតថា​ឆ្អែត​ល្មម មក​ដាក់​ក្នុង​ចាន​របស់ខ្លួន(ដែលមាន​ទំហំ​តូច​ជាង​ចាន​របស់​អ្នក​ឯទៀត) និង​មិន​ដួស​ម្ហូបអាហារផ្សេងៗទៀត មក​ដាក់​ញ៉ាំ​រួមជាមួយ​គេ​ឡើយ។  ព្រោះ​ម្ហូបអាហារ​ដែល​ឃើញ​នៅ​នឹង​មុខ​នេះ នឹងធ្វើ​ឱ្យ​យើង នឹក​ចង់តែ​ដួស​ញ៉ាំ​ជានិច្ច។

    5. រៀប​ផែនការ សម្រាប់​អាហារ​ញ៉ាំ​លេង :  ការ​ញ៉ាំ​ចំណីអាហារ ដែល​បែង​ចេញ​ជា​ពេលតូចៗនោះ ល្អ​ក្នុងការ​ដុតបំផ្លាញ​រប​ស់រាង​កាយ  ដូច្នេះ​យើង​គួររៀបចំ​ចំណីអាហារ ញ៉ាំ​ពេលទំនេរ ដែលមាន​កាឡូរី​ទាប និង​ល្អ​ចំពោះ​រាងកាយ​ទុក​រួចជាស្រេច ដើម្បី​កុំឱ្យ​ទៅ​ស្រវា​យក​ចំណី​ណា ដែលមាន​កាឡូរី​ខ្ពស់ មក​ញ៉ាំ​នៅពេល​ឃ្លាន។

    យើង​មក​នាំគ្នា​ផ្លាស់ប្តូរ និង​កែសម្រួល​រឿង​តូចតាច​ខាងលើនេះ ដើម្បី​លទ្ធផល​ដ៏​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រូបរាង​យើងទាំងអស់គ្នា៕

  • ចង់​ញញឹម​ស្អាត កុំ​ភ្លេច​ញ៉ាំ​របស់​ខាងក្រោម​នេះ…

    ចង់​ញញឹម​ស្អាត កុំ​ភ្លេច​ញ៉ាំ​របស់​ខាងក្រោម​នេះ…

    ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗ គឺជា​មន្ត​ស្នេហ៍​មួយ សម្រាប់​អ្នក​ដែល​បានឃើញ ដូច្នេះហើយ ទើប​យើង​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​យើង​ឱ្យ​ស្អាត ស និង​រឹងមាំ ដើម្បី​ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន ឈ្លក់​វង្វេង តែ​សួរថា តើ​ត្រូវ​ញ៉ាំ​អ្វីខ្លះ​ដើម្បីឱ្យ​ធ្មេញ ស ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

    .អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

    អាហារ​ពពួក​ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ នំប៉័ង​នោះ ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន ក្លាយជា​ស្ករ មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ដែល​អាចធ្វើឱ្យ​ធ្មេញ​ពុក​បាន។ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ​ខា​បូ​ហាយ​ដ្រេ​ត​នេះ យើង​គួរ​ញ៉ាំ​ចំពោះតែ​ពេល​អាហារចម្បងៗ ដូចជា ពេលព្រឹក ថ្ងៃ និង​ល្ងាច​បាន​ហើយ ចៀសវាង​ញ៉ាំ​លេង នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា នៅក្នុងពេល​អាហារចម្បងៗទាំងនោះ យើង​នឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ ត្រូវបាន​លាង​សម្អាត​ចេញ​អស់យ៉ាង​ងាយ។

    .គួរ​ញ៉ាំ​ទឹកតែ​ជាប្រចាំ

    មិនថាតែ តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ពី​រុក្ខជាតិ ដែល​ការពារ​មិនឱ្យ​មាន​កំណក​កខ្វក់លឿងៗ មក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ទៀតផង ហើយ​ទឹកតែ ភាគច្រើន​នៅមាន ភ្លូ​អូ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

    .ញ៉ាំ​វិ​តា​មីន​C ឱ្យបាន​គ្រប់គ្រាន់

    វីតាមីន​C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗ ឱ្យ​ចូលមក​ជាប់​ជាមួយគ្នា​វិញ វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ដែរ។ អ្នក​ដែល​ញ៉ាំ​វីតាមីន​C តិចជាង 60មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ញ៉ាំ 180មី​ល្លី​ក្រាម ឬ​ច្រើនជាង 25% ដូច្នេះហើយ​ទើប​វីតាមីន​C ជា​ចំណែក​មួយ​សំខាន់ ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

    ត្រឹមតែ​វិធី 3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៍​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

  • សម្រាប់ស្រីៗយើង ការ​ងូតទឹក​ត្រូវ​តាម​វិធី ធានាថា សាច់​ស្អាត ស្បែក​ភ្លឺរលោង

    សម្រាប់ស្រីៗយើង ការ​ងូតទឹក​ត្រូវ​តាម​វិធី ធានាថា សាច់​ស្អាត ស្បែក​ភ្លឺរលោង

    មាន​សៀវភៅ​តម្រា​មួយ បាន​ណែនាំ​ឱ្យ​ងូតទឹក​ត្រជាក់ ដែល​វា​ជាការ​ធ្វើឱ្យ​មនុស្ស​យើង ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​បានយូរ ព្រោះ​នៅពេល​ស្បែក និង​សាច់ ប៉ះ​នឹង​ភាព​ត្រជាក់​របស់​ទឹក ឈាម​នឹង​នាំគ្នា​បាញ់​ស្ទុះ មករក​ស្រទាប់​ស្បែក ដើម្បី​ធ្វើឱ្យ​រាងកាយ​បាន​កក់ក្តៅ​ឡើង និង​អាច​និយាយបានថា ជាការ​បណ្តេញ​វត្ថុ​មិនល្អ ចេញពី​រាងកាយ​ទៀតផង។

    តែ​អ្នកខ្លះ​ចូលចិត្ត​ងូតទឹក​ក្តៅឧណ្ហៗ ដើម្បី​កុំឱ្យ​រងា។ បើ​ក្នុងករណីនេះ សីតុណ្ហភាព​របស់​ទឹក​ក្តៅ​នោះ មិនគួរ​ក្ដៅ​ខ្លាំង​ជាង​សីតុណ្ហភាព​របស់​រាងកាយ លើសពី 2អង្សា​ហ្វា​រេ​ន​ហាយ​ទេ មិន​ដូច្នោះ​ទេ អាច​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត កើត​អាការ​រមាស់។

    ការ​ងូតទឹក មិនថាតែ​ទឹក​ក្តៅ ឬ​ទឹក​ត្រជាក់​ឡើយ ទាំងអស់គ្នា​គួរ​ងូត មុន​ទទួលទាន​អាហារ រយៈពេល ១ម៉ោង ឬ​ក្រោយ​ពេលបាយ​រួច យ៉ាងតិច​បំផុត 2-3ម៉ោង។ ការ​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ក្តៅ មុនពេល​ចូល​គេង នឹង​ជួយ​ឱ្យ​គេង​លក់បាន​ស្រួល។ តាមរយៈ​ការសាកល្បង​នៅលើ​ស្ត្រី​ចំនួន 9នាក់ ដែលមាន​បញ្ហា​រឿង​គេង​មិន​លក់ បាន​សាកល្បង​ឱ្យម្នាក់ៗ ងូតទឹក​ក្តៅ ប្រមាណ​ជា 1ម៉ោង​កន្លៈ មុនពេល​ចូល​គេង ជាប់ៗគ្នា​រយៈពេល 2យប់​ក្នុង 1សប្តាហ៍។ តម​ក ក៏​សាកល្បង​ឱ្យ​ស្ត្រី​ក្រុម​ដដែល​នេះ សាកល្បង​ងូតទឹក​មិនសូវ​ក្តៅ​ដូច​មុន វិញ​ម្តង ដើម្បី​ពិនិត្យមើល​លទ្ធផល​ប្រៀបធៀប និង​បាន​សង្កេតឃើញថា ពេល​ងូតទឹក​ក្តៅ ក្រុម​ស្ត្រី​ទាំងនោះ​គេង​លក់បាន​ស្រួល និង​ស្កប់​ជាង​ពេល​ងូតទឹក​មិនសូវ​ក្តៅ។

    ចំពោះ​សុខភាព​រូប​សម្ផស្ស​វិញ ការ​ងូតទឹក​ក្តៅ ការ​ដុស​សាប៊ូខ្លាំងៗ នឹងធ្វើ​ឱ្យ​ស្បែក​រាងកាយ​ឡើង​ស្ងួត ព្រោះ​ជាតិ​ប្រេង​ដែលមាន​នៅលើ​ស្បែក​តាម​ធម្មជាតិ​នោះ ត្រូវបាន​កម្ចាត់​ចេញ​អស់ ដូច្នេះ​បើ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​នោះ ចូរ​លាយ​ប្រេង​ម្កាក់​ប្រភេទ​ថ្លា 1ស្លាបព្រា​បាយ នៅក្នុង​ទឹក​សម្រាប់​ងូត​នោះ ឬក៏​លាប​លើ​ស្បែក​ឱ្យ​សព្វ​ខ្លួន ដោយ​ប្រេង​ម្កាក់ស្តើងៗ មុនពេល​ងូតទឹក​ក្តៅ​ក៏បាន…នៅពេល​ងូតទឹក​ហើយ ស្បែក​របស់​អ្នកនឹង​ស្រស់ថ្លា មាន​សំណើម និង​ថែមទាំង​ភ្លឺរលោង​ទៀតផង៕

  • និស្ស័យ និង​ទម្លាប់ ដែល​មិនគួរ​នាំយកមក​ប្រើ នៅ​កន្លែងធ្វើការ

    និស្ស័យ និង​ទម្លាប់ ដែល​មិនគួរ​នាំយកមក​ប្រើ នៅ​កន្លែងធ្វើការ

    ក្នុង​ការធ្វើការងារ ជួនកាល​យើង​ត្រូវ​នៅ​រួមគ្នា​ជាមួយ​ក្រុមមនុស្ស​ដ៏​ច្រើន​ដែល​មកពី​មជ្ឈដ្ឋាន​ផ្សេងគ្នា ក្រុម​គ្រូ​សារ​ផ្សេងគ្នា និង​ទីកន្លែង​ផ្សេងគ្នា ធ្វើឱ្យ​ពេលវេលា​នឹង​បង្ហាញឱ្យឃើញ​ពី​ទម្លាប់​និស្ស័យ

    ដែល​មិនល្អ​របស់​បុគ្គលម្នាក់ៗចេញមក ដូច្នេះហើយ​ទើប​គួរតែ​នាំគ្នា​ប្រយ័ត្នប្រយែង​ពី​ចរិត​និស្ស័យ​មិនល្អ​នោះ​បន្តិច​ក៏​ជា​រឿង​ល្អ​ម្យ៉ាងដែរ ព្រោះ​ពេលខ្លះ​ការងារ​ដែល​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន​ល្អ គ្មាន​រអាក់រអួល​នោះ មិត្ត​រួមការ​ងារ​ក៏មាន​ចំណែក​សំខាន់​ក្នុង​ការជួយ​លើ​ការងារ​ទាំងអស់​នោះដែរ និង​ជួនកាល​ការងារ​ល្អ តែ​យើង​មិនអាច​ចូល​ចុះ​ជាមួយ​អ្នក​រួមការ​ងារ​បាន ក៏​នឹង​ធ្វើឱ្យ​យើង​លែង​ចង់​ធ្វើ​ការងារ​នោះ​តទៅទៀត​តែម្ដង​ក៏មានដែរ ឬ​ជួនកាល​ការងារ​មិនសូវ​ជា​អូ​ខេ​ប៉ុន្មាន​ទេ តែ​មិត្ត​រួម​ការងារ​គ្រប់គ្នា​មាន​ចរិត​និស្ស័យ​ល្អ ក៏​អាច​នឹង​ធ្វើឱ្យ​យើង​ចង់​ធ្វើការ​នោះ​តទៅទៀត​ដែរ ដូច្នេះ​បើសិនជា​ចង់ឱ្យ​មិត្ត​រួមការ​ងារ​គេ​ល្អជា​មួយ​យើង យើង​ក៏​គួរតែ​បង្ហាញ​ពី​ចរិត​និស្ស័យល្អៗទៅ​គេ​វិញ​ដូចគ្នា​ដែរ។ ថ្ងៃនេះ យើង​សាកល្បង​នាំគ្នា​មក​មើល​ពី​និស្ស័យមិនល្អៗដែល​មិនគួរ​បង្ហាញ ឬ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​វិញ​ប្រសើរ​ជាង ដើម្បី​បើ​មាន​នរណា​កំពុងតែ​ប្រព្រឹត្ត នឹង​បាន​កែសម្រួល​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ដើម្បី​អនាគត​ការងារ និង​ជីវិត​របស់ខ្លួន​យើង​ផ្ទាល់​ហ្នឹងឯង…។

    1 . ប៉ិន​ខឹង​មួម៉ៅ

    ការ​ប៉ិន​ខឹង​មួម៉ៅ ឆាប់​ច្រឡោតតោតតូង គឺជា​អ្វីមួយ​ដែល​មិនគួរ​សម្ដែង​ចេញ​នៅក្នុង​កន្លែងធ្វើការ​ខ្លាំង​បំផុត លោកអ្នក​ត្រូវ​គិតថា គ្មាន​អ្នកណា​អាចធ្វើឱ្យ​ត្រូវចិត្ត​យើង​គ្រប់​តែ​រឿង​បាន​នោះទេ។ បើ​មាន​អារម្មណ៍​ខឹង​មួម៉ៅ ក៏​គួរតែ​ដើរ​ចេញទៅ​រម្ងាប់ និង​ស្ងប់​អារម្មណ៍​វិញ​ប្រសើរ​ជាង ព្រោះ​ពេលខ្លះ​ការសម្ដែង​អារម្មណ៍​ឆេវឆាវ​ចេញទៅ​នោះ ក្រៅពី​មិនមាន​ផល​ល្អ​ហើយ នៅមាន​ផល​អាក្រក់​ជាច្រើន​តាម​មកទៀត​ផង។

    2 . អួតអាង

    ទោះជា​ចេះ​មែន ឬ​ចេះ​ច្រើនជាង​អ្នកដទៃ​មែន​ក៏ដោយ តែ​ក៏​មិនគួរ​សម្ដែង​ភាព​អួត​ក្អេងក្អាង​ចេញមក​ដែរ ព្រោះ​មនុស្ស​យើង​នឹង​មិនអាច​ពូកែ ឬ​ដឹង​គ្រប់សព្វ​បែបយ៉ាង​នោះឡើយ វា​ត្រូវតែ​មានរឿង​ខ្លះ​ដែល​យើង​មិនដឹង និង​ត្រូវសុំ​គំនិត​យោបល់​ពី​អ្នកដទៃ​ខ្លះ​មិន​ខាន។

    3 . អត់​មក​ធ្វើការ…សុំច្បាប់..មក​ធ្វើការ​យឺត

    ទាំងអស់នេះ បើសិនជាយូរៗម្ដង ប្រហែលជា​មិន​អី​ទេ តែ​បើសិនជា​ញឹកញាប់​ពេក ប្រហែលជា​មិនល្អ​ទេ ព្រោះ​ការងារ​ដែល​យើង​កំពុង​ធ្វើ​អាច​នឹង​កើតការ​ស្ទះ ឬ​រអាក់រអួល ឬ​ជួនកាល​មិត្ត​រួមការ​ងារ​អាច​នឹងត្រូវ​មក​ធ្វើ​ជំនួស ដែល​ភាគច្រើន​គ្រប់គ្នា​គេ​តែងមាន​ការងារ​របស់​គេ​ស្រាប់​ហើយ។

    4 . យក​ការងារ​ក្រៅ​មក​ធ្វើ

    បើ​មិន​ស្ទះ​ដល់​ការងារ​របស់ខ្លួន​ក្នុង​ក្រុមហ៊ុន ឬ​មិន​ខូចខាត​អ្វី​នោះ ប្រហែលជា​មិន​អី​ទេ តែ​ទោះជា​យ៉ាងណា ក៏​មិនគួរ​យក​ការងារ​ក្រៅ​មក​ធ្វើ​នៅក្នុង​កន្លែងធ្វើការ​ដែរ ព្រោះ​វា​នៅតែ​ប្រៀបដូចជា​រូបអ្នក​មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ដដែល​ហ្នឹង។

    5 . អែបអប​ចៅហ្វាយនាយ

    ការពិតទៅ ការ​អែបអប​នេះ​ក៏​អាចធ្វើ​បានដែរ តែ​ក៏​មិនគួរ​អែបអប​ហួស​ល្អមើល​ដែរ ឬ​អែបអប​ខ្លាំង​រហូតដល់​មនុស្ស​ជុំវិញ​មាន​អារម្មណ៍​ដឹង​នោះឡើយ ព្រោះ​បើ​យើង​បាន​ឡើង​តំណែង បាន​ឡើង​ប្រាក់ខែ​ព្រោះ​សមត្ថភាព​ក៏ដោយ ក៏​អ្នក​ឯទៀត​នឹង​មើល​មក​យើង​ថា បាន​ព្រោះតែ​ការ​អែបអប​មេកោយ​ច្រើនជាង និង​អាចធ្វើឱ្យ​មិត្ត​រួមការ​ងារ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្តនឹង​គ្នា​បាន។

    6 . និយាយ​មិនចេះ​គិត

    ចង់​និយាយ​អី ក៏​និយាយ ដោយ​មិន​គិតថា សម្ដី​របស់​យើង​ហ្នឹង​វា​នឹង​ទៅ​ប៉ះពាល់​អ្នកណា​ឬក៏​អត់?។ បែបនេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​មិត្ត​រួមការ​ងារ​មិន​ចូលចិត្ត​មុខ​យើង​ដែរ ដូច្នេះ​មុននឹង​និយាយ​អ្វី​ចេញទៅ គួរតែ​គិត​ឱ្យបាន​ច្បាស់​ជាមុនសិន​ថា វា​នឹង​ទៅ​ប៉ះពាល់​នរណា​ឬ​អត់ ព្រោះ​ជួនកាល ក្រៅពី​ប៉ះពាល់​គ្នា​ហើយ អ្នក​ដែល​បានឮ​នឹងមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ទៀតផង។ អាច​និយាយបានថា ជាការ​បំផ្លាញ​ទឹកចិត្ត​អ្នកដទៃ​ដោយ​មិនបាន​តាំងចិត្ត​ហ្នឹងឯង៕

     

    ដោយ អ្នកគ្រូ ឆវី