Category: សង្គម និងសេដ្ឋកិច្ច

  • ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​របស់ Bill Gates

    ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​របស់ Bill Gates

    «វ៉ាង​ចឺ» ឬ Shelly Wang បាន​ក្លាយជា​ពាក្យ ដែលមាន​គេ​ស្វែង​រកមើល​ព័ត៌មាន​ច្រើន​បំផុត ក្នុង​ពិភព​អន​ឡាញ​នៃ​ប្រទេស​ចិន ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ការ​លែងលះ​របស់​មហាសេដ្ឋី​លេខ4 របស់​ពិភពលោក។

    សូម​ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ត្រូវបាន​គេ​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​បំផុត​របស់លោក Bill Gates មហាសេដ្ឋី ស្ថាបនិក ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ ដែល​ទើប​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ភរិយា ដែល​គ្រង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយគ្នា អស់​រយៈពេល 27ឆ្នាំ​មកហើយ​នោះ។

    ព័ត៌មាន​ចចាមអារ៉ាម​នេះ ចេញ​មកពី​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ​របស់ Fox News ដែលមាន​អ្នក​ផូ​ស្ត​សំណេរ​ថា «វ៉ាង ចឺ ក្រមុំ​ចិន អ្នកបកប្រែ​ភាសា ជាមួយ ប៊ី​ល ហ្គេ​ត​ស៍ មាន​សម្ព័ន្ធភាព លើសពី​ពាក្យ​ថា​ការងារ» និង​ក្លាយជា​រឿង ដែល​ធ្វើឱ្យ​រូបនាង «កើតរឿង​ធំ»។

    ស្រី​ក្រមុំ​ជន​ជាតិចិន​ម្នាក់នេះ ជា​អ្នកបកប្រែ​ឱ្យ​មូលនិធិ ប៊ី​ល និង​មេ​លីន​ដា ហ្គេ​ត​ស៍ តាំងពី​ឆ្នាំ2015 មក នាង​ថែមទាំង​ធ្លាប់​ធ្វើជា​អ្នកបម្រើ​លើ​យន្តហោះ និង​ទើបតែ​បានទទួល​លិខិតអនុញ្ញាត ធ្វើជា​ជំនួយការ​អ្នកបើក​យន្តហោះ​ទៀតផង។

    វ៉ាង ចឺ បច្ចុប្បន្ន​អាយុ 36ឆ្នាំ ជា​អ្នកស្រុក​ក្វាង​ចូ​វ និង​បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​នៅ​វ័យ​ជំទង់។ នាង​ចាប់ផ្ដើម​ការងារ​នៅក្នុង​ហាង​លក់​ស៊ុ​គី​ស៊ុប​ឆ្នាំ​ភ្លើង​មួយ នៅក្នុង​រដ្ឋ​យូ​ថា​ហ៍ ទទួលខុសត្រូវ​ខាង​ការសិក្សា​ទីផ្សារ និង​មើល​ការខុសត្រូវ វេ​ប​សាយ​របស់​ក្រុមហ៊ុន។

    ក្រោយ​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ពី​មហាវិទ្យាល័យ Brigham Young ក៏បាន​ប្រែក្លាយ​ខ្លួន​មក​ធ្វើជា​អ្នកបកប្រែ​អាជីព​នៅក្នុង​ស្ថាប័ន​ជាច្រើន រួមទាំង​មហាវិទ្យាល័យ​យេ​ល មហាវិទ្យាល័យ ហា​វ៉ាដ និង​មូលនិធិ​របស់លោក ប៊ី​ល ហ្គេ​ត​ស៍ តែ​ការងារ​ដែល​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​ដែល​គេ​ស្គាល់​ច្រើន គឺ​ការ​បាន​ធ្វើជា​ប្រធាន​ក្រុម​អ្នកបកប្រែ ឱ្យ​វេទិកា​សិក្ខាសាលា TED Talk។

    នាង​ជំនាញ​ភាសា​ចិន​កន្តាំង ចិន​ក្វាង​ទុង ភាសា​អង់គ្លេស និង​ថែមទាំង​យល់ដឹង​ពី​ភាសា​បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​ភាសា​ជប៉ុន​បន្តិចបន្តួច​ទៀតផង ក្រៅពីនេះ នាង​ថែមទាំង​ជា​គ្រូបង្រៀន​ព្យ៉ា​ណូ និង​រាំរែក​បែប​ចិន​បុរាណ ជា​ការងារ​បន្ទាប់បន្សំ​ទៀតផង។

    ក្រៅពី​អាជីព​ការងារ ជា​អ្នកបកប្រែ​ភាសា​ហើយ វ៉ាង ចឺ ថែមទាំង​ជា​អ្នកបម្រើ​លើ​យន្តហោះ​ទៀតផង តែ​ក្នុងអំឡុង​ពេលដែល​មេរោគ​កូ​វីដ​ឆ្លង​រាលដាល ការងារ​អ្នកបម្រើ​លើ​យន្តហោះ ស្ទើរតែ​គ្មាន​សោះឡើយ ទើប​នាង​ប្រើពេល​ទំនេរ ទៅ​ប្រឡង​យក​លិខិតអនុញ្ញាត​បើកបរ​យន្តហោះ​បន្ថែម។

    ក្រោយពី​មាន​លេចឮ​ព័ត៌មាន​ចចាមអារ៉ាម រឿង​សម្ព័ន្ធភាព​ជាមួយ​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ រួចមក មាន​អ្នក​ផូ​ស្ត​ដេញដោល​សួរ​នាង នៅក្នុង​ធ្វី​ត​ធើរ​ផ្ទាល់ខ្លួន ឡើង​ច្រើន​ឥត​គណនា ទោះជា​នាង​បាន​បដិសេធ​ហើយ​ថា «ជា​រឿង​ដែល​គ្មាន​មូលហេតុ​ពិតប្រាកដ​សោះឡើយ» ក៏ដោយ។

    អតីត​ប្រធាន​ផ្នែក​ការងារ​របស់​នាង ដល់​ថ្នាក់​ត្រូវ​ជួយ​នាង​សរសេរ​ផូ​ស្ត ដើម្បី​អះអាង​បញ្ជាក់ថា វ៉ាង​ចឺ ជា​នារី​ស្មោះត្រង់​ម្នាក់ និង​មិន​ជឿថា នាង​ជា «ជន​ទី3» នៅក្នុង​សម្ព័ន្ធភាព​គ្រួសារ​របស់​មហាសេដ្ឋី​ជនជាតិ​អាមេរិក ប៊ី​ល ហ្គេ​ត​ស៍ ឡើយ ព្រមទាំង​បានបញ្ជាក់​បន្ថែមទៀតថា ទោះជា​វ៉ាង ចឺ ធ្វើ​ការឱ្យ​មូលនិធិ​របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ជាច្រើន​ការងារ​មែន តែ​នាង​មិនមែនជា «អ្នកបកប្រែ​ផ្ទាល់ខ្លួន» របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ទេ។ ក្នុង​ពេលធ្វើ​ការងារ អ្នក​ទាំងឡាយ តែង​ឃើញ​នាងក្រមុំ​ចិន​រូប​សម្ផស្ស​ស្រស់ស្អាត​រូបនេះ នៅ​ជិតស្និទ្ធ​ជាមួយ​មហាសេដ្ឋី​អាមេរិក ទើប​ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​ឡើង ដោយ​គ្មាន​មូលហេតុ​ពិតប្រាកដ​ដូចខាងលើ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • គ្រួសារ​ប្រេះឆា​តាំងតែ​ពី​យូរ ប៉ុន្តែ ហេតុអ្វី​មកដល់ពេលនេះ ទើប​ប្ដី-ប្រពន្ធ Bill Gates ប្រកាស​ពី​ការ​លែងលះ?

    គ្រួសារ​ប្រេះឆា​តាំងតែ​ពី​យូរ ប៉ុន្តែ ហេតុអ្វី​មកដល់ពេលនេះ ទើប​ប្ដី-ប្រពន្ធ Bill Gates ប្រកាស​ពី​ការ​លែងលះ?

    ដើម​សប្ដាហ៍​នេះ លោក Bill Gates និង​អ្នកស្រី Melinda Gates បានប្រកាស​អំពី​ការ​លែងលះ ដោយសារ​វិបត្តិ​គ្រួសារ​កើតឡើង​តាំងពី​យូរ​មកហើយ ប៉ុន្តែ សំណួរ សួរថា «ហេតុអ្វី មកដល់ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត?»។

    ទស្សនាវដ្ដី People ដកស្រង់​ព័ត៌មាន​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការសម្រេចចិត្ត​នេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ សម្រាប់​លោក Bill Gates និង​ភរិយា ដោយសារ​ថា ពួកគេ​បាន​ឆ្លងកាត់​បញ្ហា​ជីវិត​ប្ដី-ប្រពន្ធ ជា​យូរ​មកហើយ ធ្វើឱ្យ​អាពាហ៍ពិពាហ៍​នេះ ពិបាក «ស្រោចស្រង់»។ មូល​ហេតុដែល​ពេលនេះ ទើប​ពួកគេ​ធ្វើការ​សម្រេចចិត្ត​គឺ មកពីកូនៗទាំងបី សុទ្ធតែ​ពេញវ័យ នៅពេលដែល​កូនស្រី​ពៅ Phoebe នឹងមាន​អាយុ​ពេញ 18ឆ្នាំ នៅ​ខែកញ្ញា​ខាងមុខ។

    ប្រភពព័ត៌មាន បានឱ្យដឹងថា៖ «មូលហេតុ​ពិត​គឺ​ដោយសារ​កូនស្រី​ពៅ នៅ​រៀន​មធ្យមសិក្សា​នៅឡើយ។ លោក Bill Gates និង​ភរិយា បាន​មូលមតិ​គ្នា​ក្នុង​ការរស់នៅ​ជាមួយគ្នា​រហូតដល់កូនៗទាំងអស់ បាន​ឆ្លង​ផុត​វ័យ 18ឆ្នាំ។ ពួកគេ​យល់ព្រម​ទទួលយក​ជីវភាព​រស់នៅ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ដល់កូនៗពេញវ័យ ដូច​ទៅនឹង​មនុស្ស​ជាច្រើន​ផ្សេងទៀត​បានធ្វើ»។

    នៅក្នុង​លិខិត​លែងលះ ត្រូវ​បានដាក់​ឡើងទៅ​កាន់​តុលាការ កាលពី​ថ្ងៃទី3 ខែឧសភា ដែល​ទស្សនាវដ្ដី People បានដឹង បង្ហាញថា អ្នកស្រី Melinda និយាយថា ចំណងអាពាហ៍ពិពាហ៍រ​បស់​អ្នកស្រី និង​សហ​ស្ថាបនិក​របស់ Microsoft បាន «ប្រេះស្រាំ រហូតដល់​ថ្នាក់​មិនអាច​សង្គ្រោះបាន»។ ពួកគេ​បាន​បកស្រាយ​នៅក្នុង​លិខិត​រួម​ថា៖ «យើង​លែង​ជឿជាក់ថា នឹង​អាច​បន្ត​រស់នៅ​ជាមួយគ្នា​ជា​ប្ដី-ប្រពន្ធ​ទៀតហើយ នៅក្នុង​ដំណាក់កាល​បន្ទា​ប់​របស់​ជីវិត»។

    ចំណែក ប្រភពព័ត៌មាន​របស់ TMZ (អាមេរិក) បានឱ្យដឹងថា សមាជិក​ស្ទើរតែ​ទាំងអស់​របស់​គ្រួសារ​នេះ ខឹង​នឹង​លោក Bill Gates។ អ្នកស្រី Melinda មាន​ផែនការ​ប្រកាស​អំពី​ការ​លែងលះ​នេះ​កាលពី​ខែមីនា​មកម្ល៉េះ និង​មាន​គម្រោង​ទៅ​រស់​នៅលើ​កោះ​ឯកជន​មួយ នៅ Grenada ជាមួយនឹងកូនៗ ដើម្បី​គេច​ពី​ក្រុម​អ្នកយកព័ត៌មាន នៅពេល​សម្រេចចិត្ត​ប្រកាស​ពី​ការ​លែងលះ។

    ប៉ុន្តែ ពេលនោះ មេធាវី​មិនទាន់​រៀបចំ​កិច្ចព្រមព្រៀង​រួចរាល់ ទើប​ធ្វើឱ្យ​ការប្រកាស​លែងលះ ត្រូវ​ពន្យារពេល​រហូតដល់​ដើមខែ​ឧសភា។ អ្នកស្រី Melinda និងកូនៗ មានបំណង​សង្គ្រោះ​គ្រួសារ​នេះ ប៉ុន្តែ លោក Bill Gates បានបង្ហាញ​ការមិនយល់ស្រប ដែល​នេះ​គឺជា​មូលហេតុ​បណ្ដាលឱ្យ​អ្នកស្រី Melinda និងកូនៗ មិន​ពេញចិត្ត៕

    ប្រភព៖ Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • តើ​ផ្ទះ​ដែល​នៅ​ហើយ​មានបាន  នៅ​ហើយ​មាន​សេចក្ដីសុខ​នោះ មាន​រូបរាង​លក្ខណ:បែបណា​ទៅ?

    តើ​ផ្ទះ​ដែល​នៅ​ហើយ​មានបាន  នៅ​ហើយ​មាន​សេចក្ដីសុខ​នោះ មាន​រូបរាង​លក្ខណ:បែបណា​ទៅ?

    ការរៀបចំ​តុបតែង​ផ្ទះ​តាម​គោលការណ៍​ហុងស៊ុយ ជួយ​បង្កើន​លាភ​សំណាង និង​បង្កើន​រាសី សិរី​មង្គល​ដល់​អ្នក​ដែល​រស់នៅ​ក្នុងផ្ទះ  ជួយ​ឱ្យ​រស់នៅ​ហើយ​មានបាន និង​ចម្រុងចម្រើន​រុងរឿង​ឡើង  ថ្ងៃនេះ​យើង​សូម​នាំយក​រូបរាង​លក្ខណៈ​របស់​ផ្ទះ ដែល​ចូល​នៅ​ហើយ​ចម្រើន​រុងរឿង​មានបាន​នោះ មក​ជម្រាបជូន​ដូចតទៅ ៖

    លក្ខណៈ​ទី1. នៅ​ហើយ​រុងរឿង

    ផ្ទះ​ដែលមាន​រូបរាង​លក្ខណៈ​ជា​រាង​មូល វែង​ជ្រៅ​ទៅក្នុង ឬ​មាន​រូបរាង 4ជ្រុង គឺជា​ផ្ទះ​ដែលមាន​ហុងស៊ុយ​ល្អ​ណាស់។ ជា​ផ្ទះ​នៃ​ភាពជា​សិរី​មង្គល  លើកតម្កើង​ឱ្យ​អ្នក​ស្នាក់អាស្រ័យ​នៅ គិត​ចង់​ធ្វើ​អ្វី ក៏​រីកចម្រើន​ទៅមុខ  រីកធំឡើង មានតែ​សេចក្តីសុខ និង​ភាពកក់ក្តៅ។

    លក្ខណៈ​ទី2. ទ្វារផ្ទះ បង្កើន​ជោគ​សំណាង

    ផ្ទះ​ដែលមាន​ទ្វារ​ចូល​នៅ​ខាងឆ្វេង​នៃ​តួ​ផ្ទះ  តាម​គោលការណ៍​ហុងស៊ុយ គេ​ហៅថា ជាទី​តាំង​សត្វ​នាគ​បៃតង ជា​លក្ខណៈ​ដែល​ល្អ​ខ្លាំងណាស់​សម្រាប់​កន្លែង​មាត់ទ្វារ ដែល​បើក​ចូល-ចេញ​ជាប់​រហូត  ព្រោះ​ទីតាំង​ដែលថា​នេះ​បើ​បាន​កម្រើក​ហើយ នឹង​លើកតម្កើង​ឱ្យ​ផ្ទះ​មាន​លាភ​សំណាង​ហូរ​ចូលមក​ជាប់​ជានិច្ច។

    លក្ខណៈ​ទី3. ជណ្តើរ​ផ្ទះ​ដែល​ល្អ

    ជណ្តើរ​ផ្ទះ​ដែល​ល្អ ត្រូវមាន​ចំនួន​កាំ​ជា​លេខ​សេស ទើប​ជា​លេខ​មង្គល  ទីតាំង​របស់​ជណ្តើរ​ផ្ទះ​ដែល​ល្អ គួរស្ថិតនៅ​ជាប់​នឹង​ជញ្ជាំង​ខាង​ណាមួយ​របស់​ផ្ទះ  ព្រោះ​ជណ្តើរ​ផ្ទះ​ដែលមាន​លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​មានជោគ​សំណាងល្អ ហុច​ផល​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ មាន​ភាពមានបាន និង​ចម្រុងចម្រើន​ល្អ​ទៅមុខ​ជានិច្ច។

    លក្ខណៈ​ទី4. ទិស​ដែលជា​មង្គល​របស់​ផ្ទះ

    ផ្ទះ​ដែល​ចូល​នៅ​ហើយ មាន​សិរី​មង្គល​តាម​ក្បួន​ហុងស៊ុយ​នោះ គឺ​ផ្ទះ​ដែលមាន​ទីតាំង បែរមុខ​ទៅរក​ទិស​ខាងត្បូង ដែល​ជាទី​ទំនេរ  ព្រោះ​នឹងមាន​ក្រសែ​ខ្យល់​ដែល​ល្អ បក់​នាំ​តែ​ថាមពល​ដែលជា​សិរី​មង្គល​ចូលមក​ក្នុងផ្ទះ ហុច​ផល​ឱ្យ​អ្នក​ដែល​ស្នាក់អាស្រ័យ​នៅ បានទទួល​តែ​លាភ​សំណាង និង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ។

    លក្ខណៈ​ទី5. ផ្ទះ​ដែល​ចូល​នៅ​ហើយ មានតែ​ភាពសម្បូរ​សប្បាយ

    រូបរាង​លក្ខណៈ​របស់​ទីស្នាក់អាស្រ័យ ដែលមាន​រូប​ទម្រង់​ផ្នែក​ខាងក្រោយ ធំ​ទូលាយ ជាង​ផ្នែក​ខាងមុខ  តាម​ក្បួន​ហុងស៊ុយ គេ​ហៅ​លក្ខណៈ​នេះ​ថា ជា​រូប​ទម្រង់​ថង់​មាស ដែលជា​លក្ខណៈ​ដ៏​ល្អ​មួយ  អ្នករស់នៅ​ក្នុងផ្ទះ​ដែលមាន​លក្ខណៈ​បែបនេះ នឹង​បានទទួល​តែ​លាភ​សំណាង និង​ថាមពល​ដែល​ល្អ នៅចាំ​លើកតម្កើង​ឱ្យ​មានតែ​សេចក្តីសុខ  ក្តី​សម្បូរ​សប្បាយ​ជាប់​ជានិច្ច៕

  • កម្ពុជា សល់ 3ប្រកួត​ទៀត នៅ​វគ្គ​ជម្រុះ World Cup នៅ​បា​រ៉ែ​ន តែ​មិនទាន់បាន​ត្រៀមខ្លួន​នៅឡើយ 

    កម្ពុជា សល់ 3ប្រកួត​ទៀត នៅ​វគ្គ​ជម្រុះ World Cup នៅ​បា​រ៉ែ​ន តែ​មិនទាន់បាន​ត្រៀមខ្លួន​នៅឡើយ 

    ខាងក្រោម​នេះ គឺ​កាលបរិច្ឆេទ 3ប្រកួត​ចុងក្រោយ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៃ​ការប្រកួត FIFA World Cup Qatar 2022 វគ្គ​ជម្រុះ​ជុំ​ទី2 ពូ​ល C ។

    បា​រ៉ែ​ន v កម្ពុជា នៅ​ថ្ងៃទី3 ខែមិថុនា ឆ្នាំ2021

    អ៊ីរ៉ាក់ v កម្ពុជា នៅ​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021

    កម្ពុជា v អ៊ីរ៉ង់ នៅ​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021

    មកទល់នឹង​ពេលនេះ កម្ពុជា សល់​តែ​រយៈពេល 1ខែ​ទៀត​តែប៉ុណ្ណោះ នឹង​ឈាន​ចូលដល់​ថ្ងៃ​ប្រកួត​ហើយ ក៏ប៉ុន្តែ​នៅ​មិនបាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​នៅឡើយ​ទេ ដោយសារតែ​កូ​វីដ-19 បានក្លាយ​ទៅជា​ឧបសគ្គ​ក្នុងការ​កោះហៅ​ក្រុម​កីឡាករ៕

  • បាល់ទាត់​កម្ពុជា កំពុងតែ​រីកចម្រើន​ជាប្រចាំ ឆ្ពោះទៅរក​មេដាយមាស ស៊ី​ហ្គេម 2023

    បាល់ទាត់​កម្ពុជា កំពុងតែ​រីកចម្រើន​ជាប្រចាំ ឆ្ពោះទៅរក​មេដាយមាស ស៊ី​ហ្គេម 2023

    កម្ពុជា បានក្លាយ​ទៅជា​ប្រទេស​ដែល​និយម​កីឡាបាល់ទាត់​មួយ នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែលមាន​សកម្មភាព​បា​ល់​ទាត់​នៅ​ទូទាំង 25ខេត្ត​ក្រុង គ្រប់​កម្រិត​អាយុ​ទាំងអស់។ បើ​និយាយ​អំពី​បាល់ទាត់​កម្ពុជា មាន​ក្រុម​ជម្រើសជាតិ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ1933 ដោយ​ប្រមាណ​ជា 40ឆ្នាំ​ក្រោយមក កម្ពុជា​បាន​ឈានដល់​កម្រិត​កំពូល ដោយបាន​ទទួល​ចំណាត់ថ្នាក់​លេខ4 ប្រចាំ​ទ្វីបអាស៊ី។

    នាពេល​បច្ចុប្បន្ន បាល់ទាត់​កម្ពុជា បាន​ស្តារឡើងវិញ​ចាប់ពី​ចំណុចសូន្យ ដោយបាន​ឈរ​នៅ​ចំណាត់ថ្នាក់​មធ្យម​នៅក្នុង​តំបន់​អាស៊ី ទោះជា​យ៉ាងណាក្តី ក្រុម​រហស្សនាម​គោព្រៃ​កម្ពុ​ជាមួយនេះ បាន​រក្សា​កំណត់ត្រា​យ៉ាង​ល្អ ក្នុង​វគ្គ​ជម្រុះ World Cup ដោយបាន​ឡើងមក​វគ្គ​ចែក​ពូ​លវគ្គ​ជម្រុះ ប៉ុន្មាន​លើកចុងក្រោយជាប់ៗគ្នា និង​បាន​ឈានចូល​វគ្គ​ចែក​ពូ​លវគ្គ​ជម្រុះ ពានរង្វាន់ ASIAN CUP ដូចគ្នា។

    សម្រាប់​ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​កំពុងតែ​ឈាន​ឆ្ពោះទៅរក​មេដាយមាស ស៊ី​ហ្គេម ដោយ​កាលពី​ឆ្នាំ2019 បាន​បង្កើត​ប្រវត្តិសាស្ត្រ ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង នៅ​ហ្វីលីពីន ដោយមាន​គម្រោង​យក​មេដាយមាស​ឱ្យបាន​នៅ​ឆ្នាំ2023៕

  • InterMilan ក្លាយជា​ជើងឯក Seria A ទាំង​មិនទាន់​អស់​ប្រកួត

    InterMilan ក្លាយជា​ជើងឯក Seria A ទាំង​មិនទាន់​អស់​ប្រកួត

    ក្រុម Inter Milan បានឈ្នះ​ពាន​លី​គ​កំពូល​អ៊ីតាលី ជា​ផ្លូវការ​ហើយ បន្ទាប់ពី​គូប្រជែង​ចុងក្រោយ Atalanta ប្រកួត​ស្មើ​ជាមួយ​ក្រុម​លេខ8 Sassuolo  1ទល់1 ដែលជា​ហេតុនាំឱ្យ Inter Milan មាន​ពិន្ទុ​នាំមុខ​ដាច់ 13ពិន្ទុ ពី​ក្រុម​លេខ2 ខណៈ​ការប្រកួត​នៅសល់តែ 4ប្រកួត​ទៀត​នឹង​បញ្ចប់។

    គួរ​បញ្ជាក់ដែរថា Inter Milan ខកខាន​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អ៊ីតាលី​រយៈពេល 11ឆ្នាំ​មកហើយ ដោយ​លើកចុងក្រោយ​សម្រាប់​ពួកគេ គឺ​នៅ​ឆ្នាំ2010។ ក្រោយមក AC Milan ឈ្នះ​បាន 1លើក ហើយ Juventus ម៉ៅ​ដាច់ 9ឆ្នាំជាប់ៗគ្នា៕

  • Cavani ប្តូរ​ចិត្ត​លេង​នៅ ManU បន្ត តែ​ក្រោយ​ចប់​រដូវ​កាល​ក្រោយ នឹងធ្វើ​រឿងនេះ​ពិតប្រាកដ 

    Cavani ប្តូរ​ចិត្ត​លេង​នៅ ManU បន្ត តែ​ក្រោយ​ចប់​រដូវ​កាល​ក្រោយ នឹងធ្វើ​រឿងនេះ​ពិតប្រាកដ 

    កាលពីពេលថ្មីៗនេះ កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​បង្ហើប​ថា គេ​ចង់​ទៅលេង​បាល់ទាត់​នៅឯ​ស្រុកកំណើត​គេ​វិញ ដើម្បី​បានរស់នៅ​ជួបជុំ​ជាមួយនឹង​ប្រពន្ធ​កូន ក្រោយពី​បាន​ចាក​ចេញពី​ប្រទេស​កំណើត​អស់​ពាក់កណ្តាល​ជីវិត​មកហើយ។

    មកទល់នឹង​ពេលនេះ កីឡាករ​រូបនេះ បានប្រកាស​ប្តូរ​ចិត្ត​វិញភ្លាមៗ ដោយ​ថា នឹង​នៅ​បន្ត​ជាមួយនឹង​ក្លិប​ដដែល​នេះ 1រដូវ​កាល​ទៀត ក៏ប៉ុន្តែ​ក្រោយពី​ចប់ 1រដូវ​កាល​ទៀត​នេះ គេ​នឹងមិន​បន្ត​ទៀតឡើយ។ នេះ​ដោយសារតែ​គេ​បាន​សម្រេចចិត្ត​រួចរាល់​ហើយ និង​គិតថា គ្រួសារ​ជា​រឿង​សំខាន់បំផុត​សម្រាប់​ជីវិត ខណៈដែល​វ័យ​ក៏​កាន់តែ​ជ្រេ​ដែរ​ទៅហើយ​ដែរ។

    គិត​មកដល់ពេលនេះ Edinson Cavani បង្ហាញខ្លួន​ឱ្យ Manchester United បាន​សរុប 12គ្រាប់​ហើយ​បូក​បន្ថែម​ទាំង 2គ្រាប់​យកឈ្នះ Roma ជើង​ទី1 វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Europa League។ ប្រសិនបើ Cavani ពិតជា​ចាកចេញ ក្លិប​អា​ហ្ស​ង់​ទីន Boca Junior គឺជា​គោលដៅ​បន្ត៕

  • ស្រឡាញ់គ្នា​បែបណា ឱ្យ​គូ​ស្នហ៍​ផ្សេងទៀត​នឹក​ច្រណែន?

    ស្រឡាញ់គ្នា​បែបណា ឱ្យ​គូ​ស្នហ៍​ផ្សេងទៀត​នឹក​ច្រណែន?

    សេចក្តីស្នេហា​ត្រូវ​ប្រើពេល​វេលា​ជា​គ្រឿង​ពិសោធ​ថា តើ​មនុស្ស​ម្នាក់​នោះ គេ​ត្រៀមខ្លួន​នឹង​មើលថែទាំ និង​យកចិត្តទុកដាក់​លើ​យើង​ច្រើន ឬ​តិច​ប៉ុនណា​ទៅ?  ព្រោះ​ពេលវេលា​ចំពោះ​មនុស្សម្នាក់ៗ ដែល​ត្រូវ​សិក្សា​មើលចិត្ត​មើល​ថ្លើម​គ្នា​នោះ មិន​ដូចគ្នា ហើយក៏​មិន​ស្មើគ្នា​ដែរ  ដូច្នេះហើយ តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ទៅ ដើម្បីឱ្យ​សេចក្តីស្នេហា​របស់​យើង​ទាំងពីរ​នាក់ នៅតែ​ស្រឡាញ់គ្នា​ដូច​ពី​ដើម ដោយ​គ្មាន​ពេលវេលា ឬ​ភាព​ចន្លោះប្រហោង ចូលមក​ធ្វើឱ្យ​អ្នក​ទាំងពីរ​កើតមាន​ជម្លោះ​ឡើង​នោះ?

    – ធ្វើ​ដូចជា​ទើបនឹង​ចាប់ផ្តើម​ស្គាល់គ្នាថ្មីៗ មិនថាតែ​អ្នក​ទើបតែ​រៀបការ​ជាមួយគ្នា​មក 6ខែ ឬ 6ឆ្នាំ​ហើយក៏​ដោយ ចូរ​សាកល្បង​រក​ពេលវេលា រឹតចំណង​អាពាហ៍ពិពាហ៍​ដោយ​ការបន្លំ ធ្វើ​ហាក់ដូចជា​ទើបនឹង​ស្គាល់គ្នាថ្មីៗម្តង​ទៅ​មើល៍ ដើម្បី​ជាការ​បញ្ជាក់បន្ថែម​ពី​ចំណង​ស្នេហ៍​បាន​យ៉ាង​ល្អ។

    – ខ្សែភាពយន្ត​ស្នេហា​រ៉ូ​មែន​ទិ​ក​អាច​បំផ្លាញ​ជីវិត​ស្នេហ៍​របស់​អ្នក​បាន នៅពេលណា​ដែល​អ្នក​អារម្មណ៍​ថា ជីវិត​ស្នេហ៍​របស់​អ្នក ប្រព្រឹត្តទៅ​មិន​ដូច​នៅក្នុង​ខ្សែភាពយន្ត​ស្នេហា​ដែល​អ្នក​ពេញចិត្ត​នោះ ពេលនោះ​យើង​សូម​ប្រាប់ថា ជីវិត​ស្នេហ៍​របស់​អ្នក​ចាប់ផ្តើម​មាន​បញ្ហា​ហើយ។

    – ទ្រឹស្តី​ភាព​ទាក់ទាញ​ខាង​រូប​កាយ ឬ​រូប​សម្ផស្ស មិនអាច​ប្រើការ​បាន​រហូត​នោះទេ  ដឹង​ទេ​ថា ពេលខ្លះ​ការរស់នៅ​ជាមួយ​មនុស្ស ដែលមាន​រូប​សម្ផស្ស​ធ​ម្មតាៗ គ្មានអ្វី​លេចធ្លោ​ជាពិសេស​នោះ គឺជា កូនសោ​ឆ្ពោះទៅរក​សម្ព័នភាព​ដ៏​យូរអង្វែង។

    – ស្នេហា​មួយ​នេះ មិន​រាប់អាន​ស្រា​ទេ  ទោះជា​រស់នៅ​ចុះសម្រុង​គ្នា​ប៉ុនណា​ក៏ដោយ ព្រោះ​គូស្នេហ៍​ខ្លះ​ត្រូវ​បញ្ចប់​កណ្តាល​ទី ដោយសារតែ​ស្រា​ក៏មាន។

    – ចូរ​ប្រើ​ធម៌​ត្រជាក់  បើសិន​នៅសុខៗ ស្រាប់តែ​ស្វាមី ឬ​ភរិយា​របស់​អ្នក​កើតក្តី​មួម៉ៅ​ក្រេវក្រោធ​យ៉ាងខ្លាំង ពេល​ត្រឡប់មក​ដល់ផ្ទះ និយាយ​ឡូឡា​រករឿង​ឥត​ឈប់  ជំនួស​ឱ្យ​ការដាក់ខ្លាំងៗតប​ទៅវិញ​នោះ សូមអ្នក​សាកល្បង​គិតថា គាត់​ច្បាស់​ជាមាន​បញ្ហា​ពី​កន្លែង​ណាមួយ​មកហើយ បានជា​មួម៉ៅ​ក្តៅក្រហាយ​ខ្លាំង​បែបនេះ។

    – លេង​ហ្វេ​ស​ប៊ុ​ក​មានកំណត់ ព្រោះ​តាមរយៈ​លទ្ធផល​របស់​ការពិនិត្យ​នៅលើ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ បាន​សង្កេតឃើញថា បណ្តា​ពួក​អ្នក​ចូលចិត្ត​លេង​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ ច្រើនតែ​មានជីវិត​អាពាហ៍ពិពាហ៍ មិន​ស្ថិតស្ថេរ​យូរអង្វែង។

    – ភាព​ស្មើភាព ក្នុង​ជីវិត​គូ  ព្រោះ​ពេលនេះនារីៗ និយម​មាន​ផ្នត់គំនិត​ដែល​គិតថា បុរស និង​ស្ត្រី ស្មើភាព​គ្នា មាន​សិទ្ធិ និង​តួនាទី​ក្នុង​កម្រិត​ដូចគ្នា​នោះ កំពុងតែ​ប្រែក្លាយ​ទៅជា​ភាព​រ៉ូ​មែន​ទិ​ក​បែប​ថ្មី​មួយទៀត ដែល​នារី​យុគ​សម័យនេះ​ត្រូវការ។

    – បញ្ឈប់​ទង្វើ​ធ្វើ​ត្រាប់​តាម​គេ  មិន​ថា​ដឹងខ្លួន ឬ​មិនដឹង​ខ្លួន​ក៏ដោយ  ពេល​មនុស្ស​យើង​ខ្លះ​ឃើញ​មិត្តភក្តិ​ជិតស្និទ្ធ​លែងលះគ្នា​ជាមួយ​គូស្នេហ៍​នោះ  75% របស់​មនុស្ស​ស្រី ហ៊ាន​នឹង​ពោល​ពាក្យសុំ​លែង​ពី​គូស្នេហ៍​របស់ខ្លួន​ដូចគ្នា​ដែរ។

    – កាន់​ញឹកញាប់ កាន់តែ​ល្អ  ជនជាតិ​អាមេរិក​ទូទៅ ច្រើន​មាន​សិច 2 – 3ដង​ក្នុង 1ខែ  តែ​ប្រទេស​យើង​កុំ​យក​ធ្វើជា​គំរូ​អី ព្រោះ​រឹតតែ​មាន​សិច​ញឹកញាប់ ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក នឹង​រឹតតែ​ស្អិតល្មួត​ឡើង​យ៉ាងពិត​ប្រាកដ ជឿ​ចុះ!៕

  • វិធី​ជ្រើសរើស​ទិញ​បន្លែ ឱ្យបាន​បន្លែល្អៗ និងថ្មីៗ ស្រស់ៗ

    វិធី​ជ្រើសរើស​ទិញ​បន្លែ ឱ្យបាន​បន្លែល្អៗ និងថ្មីៗ ស្រស់ៗ

    ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សុំ​លើកយក​រឿង ដែល​ពាក់ព័ន្ធ​នឹង​គោលការណ៍ ក្នុងការ​ជ្រើសរើស​ទិញ​បន្លែ​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន ដោយ​ញែក​ទៅតាម​ប្រភេទ​របស់​បន្លែ​ដូចជា បន្លែ​មើម បន្លែ​ផ្លែ បន្លែ​ស្លឹក ជាដើម។

    ការជ្រើសរើស​ទិញ​បន្លែ​ដែលជា​មើម៖

    .មើមត្រាវ មើមដំឡូង ចូរ​ជ្រើស​រើសយក​មើម​ណា ដែលមាន​ទម្ងន់​ធ្ងន់ សាច់​ណែន សម្បក​រាបស្មើ។

    .មើម​ឆៃថាវ ចូរ​រើសយក​មើម​ណា ដែល​ខ្ចី មិន-ង​កោង សម្បក​រាប​ស្អាត។

    .មើម​ខ្ទឹមបារាំង  ចូរ​រើសយក​មើម​ណា ដែល​ហាប់​ណែន សម្បក​រឹង។

    ការជ្រើសរើស​ទិញ បន្លែ​ដែលជា​ផ្លែ កួរវែងៗ ប្រភេទ សណ្តែកកួរ សណ្តែកបារាំង ជាដើម ចូរ​ជ្រើស​រើសយក​ផ្លែ​ណា​ដែល​ខ្ចី ពណ៌​បៃតងខ្ចី សាច់​ណែន មិន​ប៉ោងស្ពុលៗ កួរត្រង់ៗល្អ មិន​កោង-ង ។

    ឯ​បន្លែ​ផ្លែ​ផ្សេងទៀត​ដែលមាន​ដូចជា៖

    .ផ្លែ​ត្រប់ស្រួយ ចូរ​រើសយក​ផ្លែ ដែលមាន​ទង​នៅជាប់ ស្រស់ មិន​ស្វិត​ទន់ និងធ្ងន់។

    .ផ្លែ​ត្រសក់ ចូរ​រើសយក​ផ្លែ​ណា​ដែលធ្ងន់ៗ ពណ៌​បៃតងខ្ចី ផ្លែ​វែង​ខ្លូត សម្បក​ម៉ដ្ឋ​រលោង មិន​ជាំ​ទន់។

    .ផ្លែ​ត្រឡាច ត្រូវ​រើសយក​ផ្លែ​ណា ដែល​ធំ តែ​នៅ​ខ្ចី ពណ៌​បៃតង​ស្រស់ នៅមាន​រោម-សៗ ផ្លែ​ខ្លូត​ល្អ និង​ជាពិសេស​មុននឹង​ទិញ សូមកុំ​ភ្លេច​ចិត​ក្បាល​ចេញ​បន្តិច រួច​លិឍ​មើលថា តើ​ល្វីង ឬក៏​អត់​ផង  បើ​ល្វីង​មិនអាច​ប្រើការ​បានទេ។

    .ផ្លែ​ល្ពៅ  ផ្លែ​ណា​ល្អ ត្រូវតែ​ធ្ងន់ ណែន សាច់​ពណ៌​លឿង​លាយ​បៃតង សម្បក​រឹង​គ្រើម។

    .ផ្លែក្រូច​ឆ្មារ  ចូរ​រើសយក​ផ្លែ​ដែលមាន​សម្បក​រាប​រលោង មិន​ស្វិត និង​សាកល្បង​យកដៃ​ច្របាច់​មើល មិន​រឹង​ជ្រុល​ពេក។

    ការជ្រើសរើស​ទិញ​បន្លែ​ស្លឹក ដែលមាន​ជាអាទិ៍ ដូចជា សាលាដ ស្ពៃ-ស ស្ពៃ​ខ្មៅ ផ្ទី ជាដើម​នោះ ចូរ​រើសយក​បន្លែ​ណា ដែលមាន​ពណ៌​បៃតង​ស្រស់ មិន​ស្វិត​ស្រពោន មិន​ស្អុយ គ្មាន​ស្នាម​ជាំ គុម្ព​ធំ​ល្អ ស្លឹក​នៅជាប់​នឹង​គល់។ ត្រូវ​ជ្រើស​រើសយក​គុម្ព​ណា ដែលមាន​ស្នាម​ដង្កូវ​ស៊ីខ្លះៗ ដើម្បី​ឱ្យបាន​ប្រាកដ​ក្នុង​ចិត្ត​ថា បន្លែ​នោះ មិនបាន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើន​ហួសហេតុ​ពេក​ហ្នឹងឯង។  ចំណែក​បន្លែ​ស្ពៃក្តោប​វិញ ចូរ​ជ្រើស​រើសយក​គុម្ព​ណាណែនៗ និងធ្ងន់។ ហើយ​បើ​មាន​ទំហំប៉ុនៗគ្នា ត្រូវ​រើសយក​គុម្ព​ណា​ដែល​ធ្ងន់​ជាង ព្រោះ​វា​មាន​ស្រទាប់​ស្លឹក​ច្រើន និង​ហាប់ ឯ​គុម្ព​ណា​ដែលស្រាលៗនោះ អាចមាន​ដង្កូវ ឬ​ស្លឹក​រលួយ​នៅ​ខាងក្នុង៕

  • វិធី​លាប​ឡេ យ៉ាង​ត្រឹមត្រូវ​តាម​វិធី ដើម្បី​ស្បែក​ស្អាត​ម៉ដ្ឋខៃ

    វិធី​លាប​ឡេ យ៉ាង​ត្រឹមត្រូវ​តាម​វិធី ដើម្បី​ស្បែក​ស្អាត​ម៉ដ្ឋខៃ

    វិធី​លាប​ឡេ ជា​រឿងងាយៗ ដែលកញ្ញាៗគ្រប់រូប​ត្រូវតែ​ដឹង ព្រោះ​ការ​លាប​ឡេ ដែល​ត្រឹមត្រូវ​តាម​វិធី នឹង​ជួយ​ធ្វើឱ្យ​សាច់​ឡេ អាចធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ស្បែក​របស់​យើង​ស្អាត និង​មាន​សុខភាព​ល្អ​ទ្វេ​ឡើង​ទៀតផង។

    វិធី​លាប​ឡេ​ដែល​ត្រឹមត្រូវ និង​ទទួលបាន​លទ្ធផល​ល្អ

    -ការ​លាប​ឡេ​លើ​ផ្ទៃមុខ

    បរិមាណ​ឡេ ដែល​ត្រូវ​លាប​នៅលើ​ផ្ទៃមុខម្តងៗនោះ ត្រូវឱ្យ​សមល្មម ប្រមាណ​ជា មួយ​ចុង​ម្រាមដៃ ចំពោះ​ការ​លាប​ឡេ 1ដង ព្រោះ​បើ​តិចជាង​ហ្នឹង​ពេក ក៏​ក្រ​ទទួលបាន​លទ្ធផល​ដែរ ឬ​បើ​ច្រើន​ជ្រុល​ពេក​នោះ ក៏​នឹង​ធ្វើឱ្យ​ផ្ទៃមុខ​ឡើង​ខ្លាញ់​បានដែរ។ ពេល​ច្របាច់​សាច់​ឡេ ដាក់​លើ​បាតដៃ​ហើយ ចូរ​ប្រើ​ចុង​ម្រាមដៃ បៀក​សាច់​ឡេ មក​ដាក់​លើ​ផ្ទៃមុខ​ទាំងអស់ 5កន្លែង គឺ​ថ្ងាស ច្រមុះ ថ្ពាល់​ទាំងសងខាង និង​ចង្កា បន្ទាប់មក ចូរ​ប្រើ​ម្រាម​នាងដៃ និង​ម្រាម​កណ្តាលរ​បស់ដៃ​ទាំង 2ខាង កៀរ​ប៉ាត​សាច់​ឡេយឺតៗ ចេញ​ជា​រង្វង់​ធំ ដោយ​ដៃ​ឆ្វេង​កៀរ​ប៉ាត​ទៅខាង​ឆ្វេង ដៃស្តាំ​កៀរ​ប៉ាត​ទៅខាង​ស្តាំ ដោយ​ចាប់ផ្តើម​ពី​ថ្ពាល់ តាម​ដោយ​បណ្តោយ​ក្តោងច្រមុះ ក្រោម​ច្រមុះ ចង្កា និង​ថ្ងាស លើកលែង​បរិវេណ​ជុំវិញ​ភ្នែក។ ក្នុងអំឡុងពេល​លាប​ឡេ ចូរ​ប្រើ​ទម្ងន់​ម្រាមដៃ​ឱ្យ​ស្រាល​បំផុត ព្រោះ​ស្បែ​កមុខនារីៗយើង ស្តើង​ណាស់ បើ​ប្រើ​ទម្ងន់ដៃ​ធ្ងន់​ពេក អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​យើង កើតមាន​ស្នាម​ជ្រីវជ្រួញ​មុន​អាយុ​បាន។

    -ការ​លាប​ឡេ បរិវេណ​បំពង់ក

    ការ​លាប​ឡេ នៅលើ​បំពង់ក​នេះ ចូរ​ប្រើ​បរិមាណ​សាច់​ឡេ ឱ្យ​ស្មើគ្នា​នឹង​ការ​លាប​លើ​ផ្ទៃមុខ​ដែរ ដោយ​ចាប់ផ្តើម​ពី​ម្តុំ​គល់​ក ដោយ​ប្រើ​ចុង​ម្រាមដៃ​ទាំងអស់​លាប​ប៉ាត​សាច់​ឡេ ពីក្រោម​ឡើងទៅ​លើ។

    -ការ​លាប​ឡេ បរិវេណ​ដើមទ្រូង និង​ដងខ្លួន

    ច្របាច់​សាច់​ឡេ ដាក់​បាតដៃ និង​ប្រើ​ចុង​ម្រាមដៃ​លាប​អង្អែល​ជារង្វង់ៗ ឱ្យ​សព្វ​លើ​ដើមទ្រូង បន្ទាប់ពីនោះ​សឹម​លាប​ដេញ​ចុះ​ទៅរកក្បាលពោះ និង​ខ្នង។

    -ការ​លាប​ឡេ លើ​បរិវេណ​ដៃ

    គួរ​លាប​ឡេ នៅលើ​បរិវេណ​ដើមដៃ​ផ្នែក​ខាងក្នុង​មុនគេ រួចហើយ​សឹម​លាប​ឡើងទៅ​បរិវេណ​ដើមដៃ​ផ្នែក​ខាងក្រោយ ដោយ​ការប្រើចុង​ម្រាមដៃ​លាប​អង្អែលយឺតៗ ដើម្បីឱ្យ​សាច់​ឡេ ជ្រាបចូល​ទៅក្នុង​ស្បែក​បានល្អ។

    -ការ​លាប​ឡេ លើ​ជើង

    គួរ​ចាប់ផ្តើម​លាប​ឡេ ពី​បរិវេណ​ភ្លៅ​ជាមុន រួច​សឹម​លាប​ចុះ​ទៅរក​ចុងជើង ដោយ​ត្រូវ​សង្កត់ធ្ងន់ លើ​បរិវេណ​ស្មងជើង​ជាពិសេសព្រោះ​បរិវេណ​នេះ​ស្បែក​ហាក់ដូចជា​ស្ងួត​ខ្លាំង​ជាង​កន្លែង​ផ្សេងទៀត។

    បានដឹង​ពី​ការណែនាំល្អៗ សម្រាប់​វិធី​ការ​លាប​ឡេ ដែល​ត្រឹមត្រូវ​ហើយ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ ទោះជា​អ្នកណា​ចង់​ទិញ​ឡេ តម្លៃថោក ឬ​ថ្លៃ​ប៉ុនណា​មក​ប្រើ​ក៏ដោយ ក៏​មិនបាច់​ភ័យ​ថា ចំណាយលុយ​ដោយ​អត់​ប្រយោជន៍​ដែរ៕