Category: សង្គម និងសេដ្ឋកិច្ច

  • Maguire ប្រាប់​មូលហេតុ ដែល​សុខចិត្ត​មក​នៅ ManU កាលពី​ឆ្នាំ2019

    Maguire ប្រាប់​មូលហេតុ ដែល​សុខចិត្ត​មក​នៅ ManU កាលពី​ឆ្នាំ2019

    Harry Maguire ខ្សែការពារ​កណ្តាល​រប​ស់​ក្លិប​បាល់ទាត់ Manchester United បាន​បង្ហើប​ឱ្យដឹង ពី​ការសម្រេចចិត្ត​របស់ខ្លួន កាលពី​នៅ​ក្លិប Leicester City មុននឹង​ផ្ទេរ​ជា​ផ្លូវការ មកកាន់​ក្លិប​បិសាច​ក្រហម​នេះ កាលពី​ឆ្នាំ2019។

    កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​និយាយថា គ្រានោះ គេ​ត្រូវបាន​ក្លិបធំ2 ទាក់ទង​មកដំណាលៗគ្នា គឺ ManU និង ManCity នេះឯង។ គ្រានោះ លោក Pep Guardiola របស់ ManCity បាន​ជួប​ជាមួយ Maguire មុនគេ ក៏ប៉ុន្តែ រូបគេ​បានសម្រេច​ចិត្ត​បដិសេធ ទោះបីជា​យល់ថា ក្លិប​នេះ ជា​ក្លិប​មួយ​ខ្លាំង​ក៏ដោយ។

    កីឡាករ​វ័យ 28ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា ចុងក្រោយ គេ​សម្រេចចិត្ត​មក​នៅ ManU ព្រោះតែ​គេ​ស្រឡាញ់ ManU ហើយ​ក្លិប​មួយ​នេះឯង ដែល​ធ្វើ​ឱ្យគេ​ចង់​លេង​បាល់ និង​ស្រឡាញ់​បាល់ទាត់ រហូតមក​ទល់នឹង​សព្វថ្ងៃនេះ។ គួរឱ្យ​ដឹង​ដែរ​ថា គ្រា​ដែល Maguire បាន​ផ្ទេរ​មក ManU នោះ គឺជា​ពេលវេលា​ដែល ManU ធ្លាក់​ជើង​យ៉ាងខ្លាំង៕

  • សហគមន៍​អ្នកគាំទ្រ​លុយ​ឌីជីថល ចាប់ផ្ដើម​ចេញមុខ​ប្រឆាំងនឹង Elon Musk

    សហគមន៍​អ្នកគាំទ្រ​លុយ​ឌីជីថល ចាប់ផ្ដើម​ចេញមុខ​ប្រឆាំងនឹង Elon Musk

    សហគមន៍​អ្នក​និយម​លុយ​ឌីជីថល (Cryptocurrency) ក្នុង​ចំនួន​ដ៏​ច្រើន​លើ​ប​លុប បាន​បញ្ចេញ​លុយ​ថ្មី មាន​ឈ្មោះថា $StopElon ដើម្បី​ប្រឆាំងនឹង​មហាសេដ្ឋី Elon Musk ដែល​តែងតែ​ក្រឡុក​ទីផ្សារ Crypto ធ្វើឱ្យ​តម្លៃ​រូបិយ​បណ្ណ​ឌីជីថល ផ្លាស់ប្ដូរ​តម្លៃ ឡើង ឬ​ចុះ​ស្រេច​តែ​ចិត្ត។

    លុយ​ឌីជីថល ដែល​ផលិតឡើង ដើម្បី​ប្រឆាំង ដោយ​ការ​ស្អប់​លោក Elon Musk មានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង ក៏ដូចជា​ការបញ្ជាក់​ផងដែរ​ថា ពួកគេ​មិន​ចូលចិត្ត​មហាសេដ្ឋី​រូបនេះ​កាន់តែខ្លាំង​ឡើង​ហើយ។

    លុយ​ឌីជីថល​ថ្មី​នេះ មាន​ចេតនា​ឈប់​គាំទ្រ និង​ចង់​កាត់បន្ថយ​ឥទ្ធិពល​របស់ ស្ថាបនិក និង​ជា CEO ក្រុមហ៊ុន Tesla និង SpaceX ដែល​តាំងពី​ដើមឆ្នាំ2021 មកនេះ សឹងតែ​គ្រប់​សារខ្លីៗលើ​គណនី Twitter របស់ លោក Elon Musk បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​តម្លៃ​របស់ Bitcoin និង Dogecoin ដែល​ធ្វើឱ្យ​វា​ឡើង-ចុះ ដល់​ថ្នាក់​បំបែក​កំណត់ត្រា និង​ធ្លាក់​ថ្លៃ​យ៉ាង​លឿន ដែល​មិន​ធ្លាប់មាន។ $StopElon ទើបតែ​បង្កើតឡើង កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ​នេះឯង នៅលើ​ប្រព័ន្ធ blockchain Binance Smart Chain និង​មានតម្លៃ​មូលធន​ទីផ្សារ​ជិត 30លាន​ដុល្លារ។

    លុយ​ឌីជីថល​នេះ ធ្លាប់​ឡើងថ្លៃ​ដល់​ទៅ 4874% ត្រឹម​រយៈពេល​តែ 24ម៉ោង​ប៉ុណ្ណោះ ឡើង​ពី​តម្លៃ ០.០ ០០០ ០19 ដុល្លារ ដល់​ទៅ ០.០០០០៩៤៥០ដុល្លារ នេះ​បើ​យោងទៅតាម តារាង​តម្លៃ​ទីផ្សារ Poocoin៕

    ប្រភព៖ interestingengineering

  • លោក Elon Musk ថា Tesla មិនដែល​លួច​យក​ទិន្នន័យ ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ទេ

    លោក Elon Musk ថា Tesla មិនដែល​លួច​យក​ទិន្នន័យ ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ទេ

    លោក Elon Musk នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​និយាយ​យ៉ាងម៉ឺងម៉ាត់​ថា៖ “ក្រុមហ៊ុន​ហ៊ាន​សន្យាថា គ្មាន​ថ្ងៃ​ដែល Tesla ចែករំលែក ឬ​យក​ទិន្នន័យ​អ្នកប្រើប្រាស់​រថយន្ត​នៅ​ចិន ឬ​នៅតាម​បណ្ដា​ប្រទេស​នានា ទៅឱ្យ​រដ្ឋាភិបាល​អាមេរិក​ឡើយ”

    លោក Elon Musk បាន​និយាយ​បន្ថែមទៀតថា ប្រសិនបើ Tesla ប្រើប្រាស់​រថយន្ត ដើម្បី​ទៅធ្វើ​ចារកម្ម​នៅ​ស្រុក​ចិន ម្ល៉េះ​សម ក្រុមហ៊ុន​របស់លោក​ត្រូវគេ​បិទ​ចោល​តាំងពី​យូរណាស់​មកហើយ…។ នេះ​ជាការ​និយាយ​ដោយ​ភាពជឿជាក់ បន្ទាប់ពី​ទទួលបាន​សំណួរ​ដ៏​ចាក់​ដោត ពី​អ្នកសារព័ត៌មាន​ចិន ជា​ភាសា​អង់គ្លេស CGTN ក្នុង​កម្មវិធី CD Forum 2021។ សូម​រំឭក​បន្តិច​ផងដែរ​ថា រឿងរ៉ាវ​ចម្រូងចម្រាស ទាក់ទិន​នឹង​ទិន្នន័យ​អ្នកប្រើប្រាស់ តែងតែ​ជា​ប្រធានបទ​ក្ដៅ រវាង​ចិន និង​អាមេរិក។

    ជាក់ស្ដែង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi ទើបនឹង​រួចផុត​ពី​ការចោទប្រកាន់ ដោយ​ក្រសួងការពារជាតិ​អាមេរិក ​និង​​ដោយ​ឡែក​​មួយទៀត ជាការ​ការពារ​ខ្លួន ដោយសារ​ត្រូវបាន​រកឃើញថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន​នោះ  Facebook ក៏​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​ចិន សម្រេច​បិទ​ចោល មិនឱ្យ​បើក​បានឡើយ តាំង​ពាក់កណ្ដាល​ពី​ឆ្នាំ2009 រហូតមក​ទល់នឹង​បច្ចុប្បន្ន៕

    ប្រភព៖ CGTN

  • មហាសេដ្ឋី​លេខ​មួយ​របស់​ពិភពលោក ប្រកាស​លាលែង​ជា​ផ្លូវការ ពី​តំណែង CEO របស់ AMAZON

    មហាសេដ្ឋី​លេខ​មួយ​របស់​ពិភពលោក ប្រកាស​លាលែង​ជា​ផ្លូវការ ពី​តំណែង CEO របស់ AMAZON

    ថ្ងៃទី26 ខែឧសភា​កន្លងទៅ Jeff Bezos ដែលជា​មហាសេដ្ឋី​លំដាប់​លេខ​មួយ​របស់​ពិភពលោក បានប្រកាស​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន Amazon ចាប់ពី​ដើមខែ​កក្កដា​ឆ្នាំ2021នេះ។

    សារព័ត៌មាន Texas Times ដកស្រង់​សេចក្ដីថ្លែងការណ៍​របស់​មហាសេដ្ឋី​អាមេរិក Jeff Bezos នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃទី26 ខែឧសភា បានឱ្យដឹងថា លោក​នឹង​ដកខ្លួន​ចេញពី​តួនាទី​ជា CEO របស់ Amazon ចាប់ពី​ថ្ងៃទី5 ខែកក្កដា​ខាងមុខ។

    លោក​ Andy Jassy នាយកប្រតិបត្តិរបស់ Amazon Web Services ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៃ​ក្រុម​ហ៊ុន​ Amazon

    អ្នក​ដែល​នឹង​ចូលមក​កាន់តំណែង​នេះ​ជំនួស​លោក នោះ​គឺ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Amazon Web Services ឈ្មោះ Andy Jassy។

    បើទោះជា​លាលែង​ពី​តំណែង CEO ប៉ុន្តែ មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ចំនួន 190ពាន់​លាន​ដុល្លារ​នេះ នឹង​នៅតែ​កាន់កាប់​តំណែង​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Amazon ដដែល៕

    ប្រភព​៖ Texas Times, Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • Harry Kane រកបាន 23គ្រាប់ ឈ្នះ​រង្វាន់​ស្បែកជើង​មាស នៅ​លី​គ​កំពូល​អង់គ្លេស

    Harry Kane រកបាន 23គ្រាប់ ឈ្នះ​រង្វាន់​ស្បែកជើង​មាស នៅ​លី​គ​កំពូល​អង់គ្លេស

    កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប Tottenham Hotspur បានឈ្នះ​រង្វាន់​ស្បែកជើង​មាស នៅ​លី​គ​កំពូល​អង់គ្លេស English Premier League ក្រោយ​រកបាន​សរុប 23គ្រាប់ ដែល 1គ្រាប់​ចុងក្រោយ គេ​រកបាន​នៅក្នុង​ការប្រកួត​ចុងក្រោយបង្អស់ ក្នុង​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង Leicester City ដោយ​លទ្ធផល 3ទល់នឹង 2។

    កំណត់ត្រា​នេះ បានធ្វើឱ្យ Harry Kane ឈ្នះ​ពាន​ស្បែកជើង​មាស 3លើក​ហើយ ដែល​នេះ ជា​កំណត់ត្រា​កីឡាករ​ដែល​ជោគជ័យ​ស្បែកជើង​មាស​ច្រើនលើក​ជាងគេ​បំផុត​ទី2 បន្ទាប់ពី Thierry Henry កីឡាករ​សញ្ជាតិ​បារាំង ដែល​ធ្លាប់​ឈ្នះ​បាន 4លើក។

    គួរឱ្យ​ដឹង​ដែរ​ថា Harry Kane កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច របស់​ក្រុម​មាន់​ខ្នាយ​មាស រក​គ្រាប់​បាល់​បាន​លើស 20គ្រាប់ នៅ Premier League រហូតដល់​ទៅ 5លើក​ក្នុង​រយៈពេល 7ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំងពី​រដូវ​កាល​ឆ្នាំ2017-2018មក៕

  • រៀបចំ​ហុងស៊ុយ​មុខផ្ទះ បើកទទួល​សំណាង និង​ស្នេហា

    រៀបចំ​ហុងស៊ុយ​មុខផ្ទះ បើកទទួល​សំណាង និង​ស្នេហា

    ការរៀបចំ​ហុងស៊ុយ​មុខផ្ទះ គឺជា​រឿង​មួយ ដែល​គួរ​ធ្វើ​មែនទែន  ព្រោះ​ផ្លូវ​ចូល​ផ្ទះ គឺជា​ការបើក​ទទួលយក​ថាមពល និង​រឿងរ៉ាវផ្សេងៗ ចូលមកក្នុង​ផ្ទះ​របស់​យើង​ដោយ​ត្រង់​តែម្តង។ ក្នុង​ការរៀបចំ​ហុងស៊ុយ​ខាងមុខផ្ទះ​នេះ នឹង​ជួយ​លើក​ជោគជតារាសី ឱ្យមាន​ឱកាស​ក្នុង​រឿង​លាភ​សំណាង និង​ស្នេហា​ថែម​ឡើង​ទៀត  ជាពិសេស​អ្នក​នៅ​លីវ​ទាំងឡាយ គួរតែ​បើក​ហុងស៊ុយ​មុខផ្ទះ ដើម្បី​ទទួលយក​រឿងរ៉ាវល្អៗ និង​មនុស្សល្អៗ ឱ្យ​ចូលមកក្នុង​ជីវិត។ ដូច្នេះ​បើ​អ្នកណា​មិនទាន់​ដឹងថា តើ​ត្រូវ​រៀបចំ​ខាងមុខផ្ទះ ឱ្យ​ត្រូវ​តាម​គោលការណ៍​ហុងស៊ុយ​យ៉ាងម៉េច​នោះ សូម​តាមដាន​ដូចតទៅ។

    1. សម្អាត​ភាព​គ្មាន​របៀប

    បរិវេណ​មុខផ្ទះ គឺជា​ផ្នែក​ដំបូង ដែល​យើង​មើលឃើញ និង​អ្វីដែល​សំខាន់​នោះ គឺ​វា​ជា​ផ្លូវ​ដើរចូល​ផ្ទះ​ទៀតផង ដូច្នេះ​មិនគួរ​មាន​របស់របរ​រ​កេករ​កាក រាំងស្ទះ​ផ្លូវ​ចូល​ផ្ទះ​ឡើយ ដើម្បី​ជាការ​បើក​ប្រឡោះ​ឱ្យ​ថាមពលល្អៗ ឆ្លងកាត់​ចូលមក​បាន​យ៉ាង​ងាយស្រួល  ហើយ​បើតាម​គោលការណ៍​ហុងស៊ុយ​ដែល​ល្អ​នោះ គួរតែរៀបចំ ឱ្យ​បរិវេណ​ខាងមុខផ្ទះ មើលទៅ​ឃើញ​នៅ​ជិតដិត​នឹង​ធម្មជាតិ ឱ្យបាន​ច្រើន​បំផុត ដោយ​ការដាក់​ដើមឈើ​ស្លឹក​បៃតងខ្ចី តុបតែង​នៅមុខ​មាត់​ទ្វារផ្ទះ ដើម្បី​បង្កើន​ភាពសម្បូររុងរឿង​ក្នុង​ជីវិត ឬក៏​លាប​បន្ទះ​ទ្វារ​ដោយ​ពណ៌​បៃតង ដើម្បី​ជួយ​បង្កើន​រឿង​ទ្រព្យសម្បត្តិ​លុយកាក់ ឱ្យ​កាន់តែ​ល្អ​ឡើង​ផង។

    1. កម្ចាត់​អ្វីដែល​ស្វិត​ស្រពោន​គ្មាន​ជីវិត​ចេញ

    បើ​ខាងមុខ​ទ្វារផ្ទះ​របស់លោក​អ្នក មាន​ផើង​ដែលមាន​ដាំ​ដើមឈើ​នោះ  គួរ​ឧស្សាហ៍​កាត់​ស្លឹក​ណា​ដែលស្វិតៗ ឬ​ស្លឹក​ណា​ដែល​ស្ងួត​ក្រៀម​ងាប់ ចេញ​ឱ្យអស់ កុំ​បណ្តោយឱ្យ​ដើមឈើ​មាន​ស្លឹក​ស្វិត​ក្រៀម​ស្រពោន ឬ​ស្លឹក​ដែល​ងាប់​ហើយ​នៅជាប់​លើ​ដើមឈើ​នោះ​ជាដាច់ខាត  ព្រោះ​តាម​គោលការណ៍​ហុងស៊ុយ គឺជា​រឿង​មិនល្អ​ឡើយ  ព្រោះ​វា​អាច​ក្លាយជា​ឧបសគ្គ ដែល​នៅចាំ​រាំងស្ទះសំណាងល្អៗនៅក្នុង​ជីវិត​បាន ដូច្នេះ​គួរ​ឧស្សាហ៍​មើលថែ សម្អាត ឱ្យ​វា​មាន​ភាព​ស្រស់បស់​នៅ​បរិវេណ​ខាងមុខផ្ទះ​ជាប់​ជានិច្ច។

    1. ដាក់​រូបចម្លាក់​នៅមុខ​មាត់ទ្វារ

    បរិវេណ​មុខផ្ទះ គួរ​មាន​ចំណុច ដែល​គួរឱ្យ​ចាប់អារម្មណ៍ ឬ​ចំណុច​ទាក់ទាញ​ខ្សែ​ភ្នែក​ខ្លះ​ផង ដែល​ក្រៅពី​ការរៀបចំ​ដាក់​ផើងផ្កា តាម​គោលការណ៍សាមញ្ញៗរបស់​ហុងស៊ុយ​ហើយ​នោះ  គួរតែមាន​រូបចម្លាក់ ដាក់តាំង​លម្អ​នៅខាងមុខ​ទ្វារផ្ទះ​ផង ហើយ​គួរតែ​ជា​រូបចម្លាក់ ដែលមាន​លក្ខណៈ​ជា​អ្នកការពារ​ថែរក្សា​ឃុំគ្រង​អ្នក​នៅក្នុង​ផ្ទះ ឱ្យ​រស់នៅ​ត្រជាក់ត្រជុំ សុខដុមរមនា ដូចជា​រូប​ទេវតា រូប​សត្វ​តោ ឬ​រូបចម្លាក់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ ក៏បាន​ដែរ។

    1. ផ្លូវ​ចូល​ផ្ទះ​ត្រូវតែ​បត់​កោង

    ផ្លូវ​ចូល​ផ្ទះ​បែបត្រង់ៗ នឹង​នាំ​ទាំង​រឿង​ល្អ និង​រឿង​មិនល្អ ចូលមកក្នុង​ផ្ទះ​បាន​យ៉ាង​ងាយស្រួល  តែបើ​យើង​រៀបចំ​ផ្លូវ​ចូល​ផ្ទះ បែប​កោង រាង​បត់​បន្តិច វា​នឹង​ជួយ​ត្រង​ច្រោះ យកតែ​រឿងល្អៗចូលមក​ក្នុងផ្ទះ និង​ការពារ​រឿង​ដែល​មិនល្អ មិនឱ្យ​ចូល​ផ្ទះ​របស់​យើង​បាន​ទៀតផង។ គ្រាន់តែ​កែសម្រួល​ផ្លូវ​ចូល​ផ្ទះ ឱ្យមាន​ភាព​កោង​បន្តិច ក៏​អាច​ជួយ​បញ្ចៀស​ភាពមិន​ល្អ ចេញពីផ្ទះ​របស់​យើង​បាន​ទៅហើយ។

    បើ​លោក​អ្នកមាន​អារម្មណ៍​ថា ជីវិត​មាន​ឧបសគ្គ ឬ​មានរឿង​រអាក់រអួល​ជា​ញឹកញាប់​នោះ ចូរ​កែសម្រួល​ហុងស៊ុយ​ផ្ទះ ជាមុនសិន​ល្អ​ជាង ព្រោះ​ជួនកាល ស្ថានភាព​ជុំវិញខ្លួន ដែល​មិន​ត្រឹមត្រូវ មិន​សមគួរ ក៏​អាចជា​អ្វីមួយ​ដែល​បិទបាំង​សំណាង និង​រឿងល្អៗ ដែល​បម្រុង​នឹង​ចូលមកក្នុង​ជីវិត​របស់​យើង​បានដែរ។ ដូច្នេះ​សូម​សាកល្បង​រៀបចំ​កន្លែង​រស់នៅ តាម​គោលការណ៍​ហុងស៊ុយ​ម្តង​មើល៍ វា​គ្មានអ្វី​គួរឱ្យ​ខាតបង់​ទេ  ដោយ​ចាប់ផ្តើម​ពី​កា​រៀបចំ​ហុងស៊ុយ​មុខផ្ទះ ដូចដែល​បាន​ណែ​នាំមក​ខាងលើ​នោះ ក៏បាន​ដែរ៕

  • Barcelona ធ្វើ​មិនសូវ​បានល្អ ដោយ​សារតែ​កីឡាករ

    Barcelona ធ្វើ​មិនសូវ​បានល្អ ដោយ​សារតែ​កីឡាករ

    Ronald Koeman អ្នកចាត់ការ​ក្រុម FC Barcelona ហាក់​មិនសូវ​ពេញចិត្ត​ទៅនឹង​អ្វី ដែល​ក្រុម Barcelona ទទួល​បានឡើយ ក្នុងពេលដែល​លោក​ដឹកនាំ នេះ ដោយសារតែ​ក្រុម​លោក ធ្វើបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ3 តែប៉ុណ្ណោះ​នៅ La Liga។

    ពាក់ព័ន្ធ​នឹង​ការដឹកនាំ​មិនបាន​ល្អ​នេះ លោក​បាន​បន្ទោស និង​ដាក់បន្ទុក ទៅលើ​កីឡាករ​របស់លោក ដែលថា ពួកគេ​លេង​មិនបាន​ល្អ មិន​ស័ក្តិសម​នឹង​អ្វីដែល​លោក​ចង់​បានឡើយ។ លោក​ថា ពេលដែល​លោក​ចូលមក​ដឹកនាំ លោក​មិនទាន់បាន​រុះរើ​ក្រុម​កីឡាករ​នៅឡើយ ដោយបាន​ទិញ​ចូល​កីឡាករ តែ​ម្នាក់​ប៉ុណ្ណោះ។ កីឡាករចាស់ៗដែល​ធ្លាក់​ទម្រង់​លេង របស់ Barcelona នេះហើយ ដែល​លោក​បាន​ចាត់ទុកថា ជា​មូល​ហេតុដែល​លោក​ដឹកនាំ យ៉ាងម៉េច​ក៏​មិន​ឡើង​នោះ៕

  • ទេសចរណ៍​អវកាស! Virgin Galactic មាន​អតិថិជន​ជាង 600នាក់​ក្នុង​ដៃ ខណៈ Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៅឡើយ

    ទេសចរណ៍​អវកាស! Virgin Galactic មាន​អតិថិជន​ជាង 600នាក់​ក្នុង​ដៃ ខណៈ Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៅឡើយ

    ប្រព័ន្ធ​យានអវកាស SpaceShipTwo របស់ Virgin Galactic កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ធ្វើ​ពាណិជ្ជកម្ម ដោយ​ជើងហោះហើរ​សាកល្បង​ដឹក​មនុស្ស​លើក​ទី​បី ទទួលបាន​ជោគជ័យ។

    យានអវកាស SpaceShipTwo VSS Unity ដែល​ភ្ជាប់​នៅ​ខាងក្រោម​យន្តហោះ​មេ VMS Eve បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Spaceport America របស់​ក្រុមហ៊ុន Virgin Galactic កាលពី​វេលា​ម៉ោង 8និង35នាទី​ព្រឹក ថ្ងៃទី22 ខែឧសភា (ម៉ោង​ក្នុងស្រុក) គឺជា​ជើងហោះហើរ​ដែលមាន​ក្រុម​អ្នកបើកបរ​ដំបូង នៃ​យាន​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរ​សាកល្បង​ពីរលើក​មុន​នោះ សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​នៅឯ​កំពង់ផែ​អាកាសចរណ៍​អវកាស Mojave នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ California។

    ប្រហែល 50នាទី បន្ទាប់ពី​ហោះ​ឡើង យាន VSS Unity បាន​ផ្ដាច់ខ្លួន​ចេញពី​យាន​មេ VMS Eve នៅលើ​កម្ពស់ 13,411​ម៉ែត្រ រួច​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​នៅលើ​យាន ដើម្បី​ហោះចូល​លម្ហ​អាកាស​ខាងក្រោម​គន្លង​គោចរ​របស់​ផែនដី។ អ្នកនាំពាក្យ​របស់ Virgin Galactic បានឱ្យដឹងថា យានអវកាស​នេះ​បាន​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​បី​ដង និង​ហោះ​ដល់​កម្ពស់ 89,2​គីឡូម៉ែត្រ មុនពេល​ចុះចត​លើដី។ ប្រការនេះ មានន័យថា វា​ហោះ​ជិត​ដល់​គន្លង Karman (ដែលមាន​កម្ពស់ 100​គីឡូម៉ែត្រ​​លើ​ផ្ទៃ​ទឹកសមុទ្រ) ជា​គន្លង​ខណ្ឌ​ចែក​រវាង​បរិយាកាស​ផែនដី និង​ទី​អវកាស។

    ជើងហោះហើរ​សាកល្បង​ខាងលើ អូសបន្លាយ​ពេល​សរុប 1ម៉ោង និង10នាទី ដោយ​អវកាសយានិកឈ្មោះ​ CJ​ Sturckow ​និង Dave Mackay បញ្ជា​ឱ្យ​យាន​ចុះចត​លើផ្លូវ​រត់ នៅវេលា​ម៉ោង 9និង45នាទី (ម៉ោង​ក្នុងស្រុក)។ VSS Unity ត្រូវបាន​រចនា​ដើម្បី​ផ្ទុក​មនុស្ស​បាន 6នាក់ ប៉ុន្តែ ការសាកល្បង​លើក​នេះ មានតែ​អ្នកបើកបរ​ពីរ​នាក់ និង​បន្ទុក​ទម្ងន់​ផ្នែក​វិទ្យាសាស្ត្រ (scientific payload) មួយចំនួន។

    ក្រុមហ៊ុន Blue Origin បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទាល់សេវាកម្មទេសចរណ៍អវកាស ដែលចាប់ផ្ដើមពីខែកក្កដា ឆ្នាំ2021

    យាន​ទេសចរណ៍​អវកាស​របស់​ក្រុមហ៊ុន Virgin Galactic កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​បេសកកម្ម​សាកល្បង ប៉ុន្តែ​មិនទាន់​ត្រៀមខ្លួន​ជាស្រេច​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​នៅឡើយ។ ក្រុមហ៊ុន​នឹងត្រូវ​ធ្វើការ​ហោះហើរ​សាក​ល្បង​ដែលមាន​មនុស្ស​បើក​ជាច្រើនលើក​ទៀត នៅក្នុង​ឆ្នាំនេះ មុនពេល​ចាប់ផ្ដើម​បម្រើ​អតិថិជន នៅ​ដើមឆ្នាំ2022។

    កាលបរិច្ឆេទ​របស់​ក្រុមហ៊ុន Virgin Galactic យឺតយ៉ាវ​ជាង​គូប្រជែង​ផ្ទាល់​របស់​ពួកគេ​គឺ Blue Origin របស់​មហាសេដ្ឋី​អាមេរិក Jeff Bezos។ ក្រុមហ៊ុន Blue Origin បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្ទាល់​សេវាកម្ម​ទេសចរណ៍​អវកាស ដែល​ចាប់ផ្ដើម​ពី​ខែកក្កដា ឆ្នាំ2021 ដោយ​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្ត New Shepard។ Blue Origin កំពុង​លក់​ដេញថ្លៃ​សំបុត្រ​សម្រាប់​កៅអី​មួយ​ក្នុងចំណោម​កៅអី​ចំនួន 6 សម្រាប់​ជើងហោះហើរ​ទេសចរណ៍​ទៅកាន់​ទី​អវកាស​របស់ខ្លួន ដែល​គិត​មកដល់​ថ្ងៃទី21 ខែឧសភា មាន​អតិថិជន​មួយរូប​បានឱ្យ​តម្លៃ​ដល់ 2.8លាន​ដុល្លារ​អាមេរិក។

    ក្រុមហ៊ុន Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៃ​ជើងហោះហើរ​ធម្មតា​របស់​ពួកគេ​នៅឡើយ ខណៈដែល Virgin Galactic បានចាប់ផ្ដើម​ទទួល​ការ​កក់​មុន ជាមួយនឹង​តម្លៃ 250,000ដុល្លារ​អាមេរិក/កៅអី។ Richard Branson ស្ថាបនិក​របស់​ក្រុមហ៊ុន Virgin Galactic បានឱ្យដឹងថា បច្ចុប្បន្ន មាន​អតិថិជន​ជាង 600​នាក់ បាន​កក់​សំបុត្រ​ទិញ​សេវាកម្ម​ទេសចរណ៍​អវកាស​របស់​ពួកគេ​រួចហើយ៕

    ប្រភព៖ Space
    ប្រែ​សម្រួល៖ បុត្រា

  • “ប្រពន្ធ​ខ្ញុំ​អត់​ធ្វើការ​អ្វី​ទេ នាង​ជា​ស្ត្រី​មេផ្ទះ” ស្វាមី​អ្នកណា ចូលចិត្ត​និយាយ​បែប​ហ្នឹង សូម​ប្រញាប់​ប្រាប់ ឱ្យ​គាត់​អាន​រឿងនេះ ជាបន្ទាន់…

    “ប្រពន្ធ​ខ្ញុំ​អត់​ធ្វើការ​អ្វី​ទេ នាង​ជា​ស្ត្រី​មេផ្ទះ” ស្វាមី​អ្នកណា ចូលចិត្ត​និយាយ​បែប​ហ្នឹង សូម​ប្រញាប់​ប្រាប់ ឱ្យ​គាត់​អាន​រឿងនេះ ជាបន្ទាន់…

    ស្ត្រី​ជា​ភរិយា​ទាំងឡាយ ដែល​នៅផ្ទះ ធ្វើជា​មេផ្ទះ ចិញ្ចឹម​មើលថែ​កូន នឹង​ឆ្លើយថា យ៉ាងណាដែរ នៅពេល​មាន​គេ​សួរ​អ្នក​ថា ធ្វើជា​មេផ្ទះ តើ​អ្នក​បានធ្វើ​អ្វីខ្លះ?

    មនុស្ស​ភាគច្រើន ច្រើនតែ​មើលឃើញថា ស្ត្រី​ជា​មេផ្ទះ ដែល​មិនបាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​នោះ ច្រើនតែ​រស់នៅ​ស្រួល សប្បាយ មិន​ពិបាក មិនចាំបាច់​គិត​អ្វី​ច្រើន មិនចាំបាច់​ត្រូវ​លីសែង​បន្ទុក ទទួលខុសត្រូវ ឬ​តានតឹង ធុញថប់​រឿង​ការងារ​ឡើយ។

    បទ​សន្ទនា ដែល​លោក​អ្នកនឹង​បាន​អាន​តទៅ​នេះ ជា​រឿងរ៉ាវ​របស់​ស្វាមី​ម្នាក់ ដែល​បាន​ទៅ​ជួប​គ្រូពេទ្យ​ចិត្ត​វិទ្យា ដើម្បី​ពិភាក្សា​រឿង​ប្រក្រតី​ទូទៅ ដែល​វា​នឹង​ធ្វើឱ្យ​យើង​មើលឃើញ ពី​តួនាទី​របស់​មនុស្ស ដែលជា​ភរិយា ជា​ស្ត្រី​មេផ្ទះ បាន​យ៉ាងច្បាស់​ថា តើ​ក្នុង 1ថ្ងៃៗ ដែល​អ្នកដទៃ​ចូលចិត្ត​គិតថា ធ្វើជា​ស្ត្រី​មេផ្ទះ នៅតែ​ផ្ទះ ហើយ​ស្រួល​សប្បាយ​នោះ ការពិត​វិញ 1ថ្ងៃៗ ភរិយា​ត្រូវធ្វើ​អ្វីខ្លះ?

    សំណួរ ៖ តើ​លោក​ធ្វើការ​អ្វី​ដែរ នៅពេលនេះ?

    ស្វាមី ៖ បាទ ខ្ញុំ​ជា​អ្នកធ្វើ​បញ្ជី នៅក្នុង​ធនាគារ​មួយ

    សំណួរ ៖ ចុះ​ភរិយា​លោក?

    ស្វាមី ៖ នាង​មិនបាន​ធ្វើការ​ងារ​អ្វី​ទេ នាង​ជា​ស្ត្រី​មេផ្ទះ

    សំណួរ ៖ តើន​រណា​ជា​អ្នកធ្វើ​អាហារ​ពេលព្រឹក និង​ការងារ​ផ្ទះ​ឱ្យ​លោក?

    ស្វាមី ៖ ភរិយា​ខ្ញុំ​ងើបឡើង ធ្វើ​អាហារ​ពេលព្រឹក ព្រោះ​នាង​មិនបាន​ទៅធ្វើ​ការ មិនចាំបាច់​ប្រញាប់​ចេញទៅ​ណា​ទេ

    សំណួរ ៖ ភរិយា​លោក​ភ្ញាក់​នៅ​ម៉ោង​ប៉ុន្មាន​ដែរ?

    ស្វាមី ៖ មិន​ប្រាកដ​ដែរ តែ​នាង​ងើប​ពី​ព្រឹក​ខ្លាំងណាស់ ព្រោះ​នាង​ត្រូវ​បោស​ជូត​សម្អាតផ្ទះ ធ្វើ​អាហារ​ពេលព្រឹក​ឱ្យ​ខ្ញុំ និងកូនៗអាច​រួមទាំង​អាហារ​ពេល​ថ្ងៃត្រង់​ទៀតផង រួច​ត្រៀម​សម្លៀកបំពាក់ ដុសធ្មេញ រៀបចំ​ក្រណាត់​កន្ទប របស់​ប្រើប្រាស់ផ្សេងៗសម្រាប់កូនៗ និង​ឱ្យ​កូន​ញ៉ាំ​អាហារ​ពេលព្រឹក​ឱ្យ​រួចរាល់…

    សំណួរ ៖ ចុះកូនៗលោក ទៅ​រៀន​យ៉ាងម៉េច​ដែរ?

    ស្វាមី ៖ ភរិយា​របស់ខ្ញុំ ជា​អ្នក​នាំ​កូន​ទៅ​សាលារៀន ព្រោះ​នាង​មិនបាន​ធ្វើការ​ងារ​អី​ទេ

    សំណួរ ៖ ក្រោយពី​នាង​នាំ​កូន​ទៅ​សាលារៀន​ហើយ តើ​នាង​ធ្វើ​អ្វី​ត​ទៀត?

    ស្វាមី ៖​ ជា​ប្រក្រតី នាង​នឹង​ឆៀង​ទៅ​ផ្សារ​ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់ រួច​ត្រឡប់​ទៅ រៀបចំ​សម្អាតផ្ទះ​ម្ដងទៀត នាង​ប្រមូល​ទុកដាក់​របស់របរ​ប្រើប្រាស់​របស់​កូន ហើយ​បោកគក់​សម្លៀកបំពាក់ អ៊ុត​ទុកដាក់ និង​ត្រៀម​អាហារពេល​ល្ងាច…លោក​ដឹង​ហើយ​តើ ថា​នាង​មិនបាន​ធ្វើការ​ងារ​អី​ទេ…

    សំណួរ ៖ បន្ទាប់ពី​ចេញពី​ធ្វើការ​ពេល​ល្ងាច តើ​លោក​ធ្វើ​អ្វី?

    ស្វាមី ៖ ខ្ញុំ​ហត់​មក​ពេញ 1ថ្ងៃ ក្រោយពេល​មកពី​ធ្វើការ ខ្ញុំ​ធ្វើ​អ្វី​ទៀត​ក៏​មិន​រួច​ដែរ…

    សំណួរ ៖ តើ​ភរិយា​របស់លោក​ធ្វើ​អ្វី​នៅពេល​ល្ងាច និង​ពេលព្រលប់?

    ស្វាមី ៖ នាង​ធ្វើ​អាហារ​ពេល​ល្ងាច​ឱ្យ​ខ្ញុំ និងកូនៗ រួចហើយ​រៀបចំ​លាង​សម្អាត​ទុកដាក់ បង្រៀន​កិច្ចការ​ផ្ទះ​កូន ងូតទឹក​ឱ្យ​កូន រួច​រៀបចំ​ត្រៀម​ឱ្យ​កូន​ចូល​គេង…ខ្ញុំ និង​កូន ត្រូវការ​សម្រាក និង​ចូល​គេង តែ​នាង​មិនចាំបាច់​ប្រញាប់​ចូល​គេង​ទេ ព្រោះ​នាង​មិនមាន​ត្រូវ​ចេញទៅ​ធ្វើ​ការងារ​អ្វី​ទេ…

    ក្រោយពី​បញ្ចប់​បទ​សន្ទនា យើង​អាច​សរុប​បាន​ថា នេះ​ជា​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ជាច្រើន​នាក់ ដែល​មិនបាន​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ តែ​ជ្រើសរើស​នៅផ្ទះ ដើម្បី​ចិញ្ចឹម​មើលថែ​កូន ស្វាមី និង​ថែទាំ​ផ្ទះ។ លោក​អ្នកនឹង​មើលឃើញថា នាង​ត្រូវ​ងើប​ពី​ដំណេក តាំងពីព្រឹក​ព្រលឹម និង​ចូល​គេង​យប់​ជ្រៅ(ក្រោយ​គេ) ដើម្បីឱ្យ​អ្វី​គ្រប់យ៉ាង​ក្នុងផ្ទះ​ស្អាតបាត​រៀបរយ…បែបនេះ​ឬ ដែល​ហៅថា មិនបាន​ធ្វើការ​ងារ​អ្វី?

    ពាក្យ​ថា “មេផ្ទះ” ធ្ងន់ធ្ងរ​ណាស់ សម្រាប់​មនុស្ស​ជា​ស្ត្រី ជា​ភរិយា និង​ជា​ម្ដាយ ព្រោះ​នាង​ត្រូវធ្វើ​ការងារ​ស្ទើរតែ​ពេញ 24ម៉ោង​ក្នុង 1ថ្ងៃ ដោយ​មិនមាន​ប្រាក់ខែ មិនមាន​សញ្ញាបត្រ មិនមាន​បណ្ណ​សរសើរ តែមាន​តួនាទី​សំខាន់​ខ្លាំងណាស់​ជាមួយ​គ្រួសារ។ សរុបងាយៗ ភរិយា ឬ​ម្ដាយ គឺ​សឹងតែ​ជាអ្វីៗគ្រប់យ៉ាង ៈ

    1. ត្រូវ​ធ្វើការ​រាល់ថ្ងៃ(គ្មាន​សៅរ៍-អាទិត្យ)
    2. ជា​ម្ដាយ(មើលថែទាំកូន)
    3. ជា​អ្នកបម្រើ(ក្នុងផ្ទះ)
    4. ជា​ចុងភៅ(ក្នុង​គ្រួសារ)
    5. ជា​អ្នក​មើលថែ​ក្មេង
    6. ជា​អ្នកគ្រូ​បង្រៀន
    7. ជា​អ្នក​គ្រូពេទ្យ
    8. ជាទី​ប្រឹក្សា
    9. ជា​សន្តិសុខ ការពារ​សុវត្ថិភាព
    10. គ្មាន​ថ្ងៃ​ឈប់សម្រាក
    11. និង​គ្មាន​ប្រាក់ខែ…

    ជាទី​បញ្ចប់ អ្នកគ្រូ ឆវី ចង់​ជម្រាប​ថា ស្ត្រី​មេផ្ទះ​ចិញ្ចឹម​មើលថែ​កូន និង​ស្វាមី ជា​អាជីព​ដែល​ហត់នឿយ​ខ្លាំង និង​ត្រូវ​លះបង់​ច្រើនណាស់។ ចង់​លាឈប់ ក៏​មិនបាន និង​ច្រើនតែ​មិនសូវមាន​អ្នក​យល់ចិត្ត និង​ដឹង​ពី​តួនាទី​របស់​មនុស្ស​ជា​ម្ដាយ និង​មិនសូវ​ផ្ដល់​ភាព​សំខាន់​ចំពោះ​រឿងនេះ​ប៉ុន្មាន​ឡើយ…តែ​យ៉ាងហោចណាស់ ក៏មាន​ស្ត្រី​ជា​ម្ដាយ​ច្រើន​នាក់​ណាស់ ដែល​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​នៅផ្ទះ ដែល​យល់ច្បាស់​អំពី​រឿងនេះ មែន​ទេ…ស្ត្រី​មេផ្ទះ​ទាំង​ឡាយ?៕

  • Chelsea ចង់​បន្ថែម​ខ្សែប្រយុទ្ធ 3នាក់​ទៀត ក្នុង​រដូវ​កាល​ថ្មី ព្រោះថា ជួរមុខ រាង​នៅ​ស្ទើរ

    Chelsea ចង់​បន្ថែម​ខ្សែប្រយុទ្ធ 3នាក់​ទៀត ក្នុង​រដូវ​កាល​ថ្មី ព្រោះថា ជួរមុខ រាង​នៅ​ស្ទើរ

    ក្លិប​បាល់ទាត់ Chelsea “ហាក់​នៅ​ស្ទើរ ក្នុង​តំបន់​ប្រយុទ្ធ​ច្រើន” នេះ​បើតាម​ការបញ្ជាក់​របស់​លោក Thomas Tuchel គ្រូបង្វឹក​ក្លិប​បាល់ទាត់​តោ​ខៀវ Chelsea។ ហេតុផល​នេះហើយ ដែល​លោក​បានដាក់​បន្ទុក​ថា វា​ជា​ហេតុផល ដែល​លោក​ធ្វើ​មិនសូវ​បានល្អ សម្រាប់​ឆ្នាំ2021 នេះ។

    មិន​បណ្តោយ ឱ្យ​ទៅតាម​ព្រេងវាសនា​ឡើយ លោក Thomas Tuchel បាន និង​កំពុងតែ​ព្យាយាម​ស្វែងរក​ខ្សែប្រយុទ្ធ មក​បន្ថែម​ពីលើ​កម្លាំង​ដែលមាន​ស្រាប់ ដោយ​ក្នុងនោះ​កីឡាករ 3នាក់ កំពុងស្ថិត​ក្នុងការ​ពិចារណា ដែល​លោក​គ្រោង​នឹង​នាំមក ឱ្យខាងតែបាន នា​រដូវ​កាល​ថ្មី​នេះ។ កីឡាករ​ទាំងនោះ​គឺ Erling Haaland របស់ Borussia Dortmund, Romelu Lukaku របស់ Inter Milan និង Robert Lewandowski របស់ Bayern Munich។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ក្រោយពី​ការចូល​ដឹកនាំ​របស់លោក Thomas Tuchel ក្នុង​រដូវ​កាល​នេះ​មក លោក​បាន​ជួយ​ឱ្យ​ក្លិប​មួយ​នេះ បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ពាន2 គឺ FA CUP និង UEFA Champions League៕