Category: សង្គម និងសេដ្ឋកិច្ច

  • រឿង​ដ៏​អស្ចារ្យ 6បែប ពាក់ព័ន្ធ​នឹង​ស្នេហា

    រឿង​ដ៏​អស្ចារ្យ 6បែប ពាក់ព័ន្ធ​នឹង​ស្នេហា

    1. បុរស ងាយ​មាន​ស្នេហា​ជាង​នារី៖ យើង​ច្រើន​តែមាន​អារម្មណ៍ និង​គិតថា នារីៗច្រើនតែ​ប្រញាប់​ចង់បាន​ស្នេហា​ណាស់ តែ​ការពិត​វិញ គឺបុរសៗទៅវិញ​ទេ ដែលមាន​ចរិត​និស្ស័យ​បែប​ហ្នឹង​ច្រើនជាង​នារី ដោយសារតែ “ខួរក្បាល​របស់​បុរស មាន​បំពាក់​ប្រព័ន្ធ​ប្រសាទ​ទាក់ទង​នឹង​ការមើលឃើញ​ច្រើនជាង​នារី” ដូច្នេះហើយ​ទើបកំលោះៗ ពេល​បានឃើញ​ក្រមុំ​ណា​ម្នាក់ ដែល​ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ជាមួយ​នោះ នឹងមាន​កម្លាំង​ថាមពល​ម្យ៉ាង​ទៅ​ជំរុញ​កន្លែង​ពិសេស​មួយ​របស់​ខួរក្បាល ដែល​មានតែ​ក្នុង​មនុស្ស​ភេទ​ប្រុស​ប៉ុណ្ណោះ។
    2. (សម្រាប់នារី) មនុស្ស​ប្រុស​ដែល​យើង​ត្រូវចិត្ត មិនមែន​មានតែ​ម្នាក់​គត់​នោះទេ៖ ដូច្នេះ បើសិន​នារី​ណា​ម្នាក់​គិតថា អ្នក​បានធ្វើឱ្យ​គូស្នេហ៍ របូត​ពី​ដៃ​ទៅហើយនោះ ចូរ​កុំទៅ​សោកស្តាយ​ធ្វើ​អី ព្រោះ​ពិភពលោក​នេះ ពោរពេញ​ទៅដោយ​មនុស្ស​ប្រុស ដែល​អាចធ្វើឱ្យ​យើង​ត្រូវ​ចិត្តបាន មាន​ច្រើនណាស់។ ចូរ​កុំភ្លេចថា “មូល​ហេតុដែល​ធ្វើឱ្យ​នារី​យើង​កើតទុក្ខ​ព្រោះ​រឿង​ស្នេហា ដោយសារតែ​មកពី​ពួកនាង​គិតថា នៅលើ​ពិភពលោក​នេះ មាន​បុរស​តែ​ម្នាក់​គត់ ដែល​ទេវតា​សាង​ឡើងមក​ដើម្បី​រូបនាង” តែ​ការពិត មិនមែន​ទេ…។
    3. ស្នេហា ពេលខ្លះ​នៅ​ឆ្ងាយ​ពីគ្នា​ម្ដងម្កាល ក៏​ល្អ​ដែរ៖ ខណៈពេលដែល​អ្នក​កំពុងតែ​ឈ្លក់​នឹង​ស្នេហា​យ៉ាង​ងប់​ង​ល់​នោះ រឿង​ដែល​អ្នក​តែង​ចង់​ធ្វើ​បំផុត​នោះ​គឺ នៅ​នែបនិត្យ យកចិត្តយកថ្លើម​គេ និង​ចង់​នៅ​តោង​ស្អិត ជាប់​ជិត​នឹង​គេ រហូត​ទាំងយប់​ទាំង​ថ្ងៃ តែ​ការពិត​វិញ “ការ​នៅ​ឆ្ងាយ​ពីគ្នា​ខ្លះ វា​នឹង​ធ្វើឱ្យ​សារធាតុ​គីមី​នៃ​ស្នេហា ដែលមាន​ដូចជា ដូ​ផា​មីន និង​ណូ​រេ​ហ្វ​ហ្វ៊ី​ន នៅក្នុង​ខួរក្បាល​យើង រីកសាយ​ភាយ​ឡើង​ច្រើន ធ្វើឱ្យ​យើង​កាន់តែ​ស្រឡាញ់គ្នា​ឡើង។
    4. ស្នេហា​បែប ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត មាន​ពិតប្រាកដ​មែន៖ វា​ជា​រឿង​មួយ ដែល​អាចទៅរួច​ពិតមែន ក្នុង​ការដែល​យើង​នឹក​ចង់​ស្រឡាញ់​មនុស្ស​ម្នាក់ ដែល​យើង​ទើបតែ​មើលឃើញ​មួយ​ភ្លែត​ដំបូង…។ “ខាង​កាយ​សាស្ត្រ សត្វ​ត្រូវ​ស្វែងរក​គូ​ឱ្យបាន មុនពេល​រដូវ​បង្កាត់​ពូជ​ត្រូវ​បញ្ចប់​ទៅវិញ ដូច្នេះហើយ​ទើប​ការ​ត្រូវ​ភ្នែក ត្រូវចិត្ត​គ្នា​ដោយ​ក្ដី​ស្នេហា វា​កើតឡើង​យ៉ាង​ឆាប់រហ័ស​នោះ។ នៅពេលដែល​ខួរក្បាល​យើង​បញ្ជូន​ព័ត៌មាន​មក​បែប​ហ្នឹង យើង​ក៏​អាច​តបស្នង​ទៅ​ប្រព័ន្ធ​ជំរុញ​ការស្រឡាញ់ ធ្វើឱ្យ​ភាសា​កាយ និង​ភាព​ត្រូវរ៉ូវ​គ្នា កើនឡើង​យ៉ាង​ឆាប់រហ័ស។
    5. ស្នេហា មិនមែនជា​រឿង​របស់​អារម្មណ៍​ទេ៖ សេចក្តីស្នេហា បាន​ទៅ​ជំរុញ​ខួរក្បាល ផ្នែក​ដែលមាន​សម្ព័ន្ធ​ជាមួយនឹង​ការ​ទន្ទឹង​ចាំ និង​ឆ្ពោះទៅរក​កម្លាំង​បណ្តាល​ចិត្ត និង​កម្លាំង​រុញច្រាន ដែល​ផ្ទុ​ញ​គ្នា​ស្រឡះ​ពី​ខួរក្បាល​ផ្នែក​អារម្មណ៍ ដែលមាន​ដូចជា​សេចក្តីសុខ ឬ​ភាព​សោកសៅ ជាដើម​នោះ ។ ដូច្នេះ ពេលនេះ​យើង​បានដឹងហើយថា ហេតុអ្វី​បាន​យើង​ចេះតែ​រសាប់រសល់​ក្នុង​ចិត្ត​យ៉ាង​ចម្លែក ជាមួយ​មនុស្ស​ម្នាក់ ដែល​ធ្វើឱ្យ​ជីពចរ​របស់​យើង​លោត​ញាប់ ដោយសារតែ​ត្រូវចិត្ត​គេ​នោះ។
    6. ស្នេហា គឺជា​គ្រឿងញៀន៖ ពេល​យើង​មើល​រូបថត​អតីត​គូស្នេហ៍ ផ្នែក​មួយ​របស់​ខួរក្បាល ដែល​ពាក់ព័ន្ធ​នឹង​ការជក់​ចិត្ត​ដិតអារម្មណ៍ បានធ្វើការ​ខ្លាំង​ជាពិសេស​តែម្តង…អ័រម៉ូន​ដូ​ផា​មីន ត្រូវបាន​បញ្ចេញ​មក ហើយ​យើង​ក៏មាន​អារម្មណ៍​រំភើប ដួងចិត្ត​ញាប់​ញ័រ អណ្តែតអណ្តូង​យ៉ាងខ្លាំង ដូចគ្នា​នឹង​ការប្រើប្រាស់​ថ្នាំញៀន​ដែរ នោះ​ហើយ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​នឹក​ស្រមើស្រមៃ ទៅដល់​គូស្នេហ៍​សំណព្វចិត្ត​របស់​យើង​នោះ៕
  • វិធី​សាង​ភាពជឿជាក់​លើ​ខ្លួនឯង ដើម្បី​ភាពជោគជ័យ

    វិធី​សាង​ភាពជឿជាក់​លើ​ខ្លួនឯង ដើម្បី​ភាពជោគជ័យ

    ពេលដែល​យើង​មាន​គោលដៅ ឬ​ប្រាថ្នា​ចង់​ធ្វើ​រឿង​អ្វីមួយ​ក៏ដោយ រឿង​សំខាន់​មួយ ដែល​នឹង​ជួយ​ឱ្យ​យើង​ទទួលបាន​ជោគជ័យ​នោះ គឺ​ភាពជឿជាក់​លើ​ខ្លួនឯង ព្រោះ​ភាពជឿជាក់​លើ​ខ្លួនឯង ប្រៀបដូចជា​កម្លាំង​ជំរុញ​មួយ ធ្វើឱ្យ​យើង​មាន​ទឹកចិត្ត​ក្លៀវក្លា ធ្វើឱ្យមាន​កម្លាំង​ថាមពល ធ្វើ​នូវ​រឿង​ទាំងអស់នោះ ឱ្យបាន​សម្រេច​ដូច​ចិត្ត​ប្រាថ្នា។ ក្រៅពីនោះ ថែម​ជាការ​បង្កើន​គុណ​តម្លៃ​របស់​ខ្លួនឯង និង​ធ្វើឱ្យ​យើង​មាន​កម្លាំងចិត្ត និង​ក្លៀវក្លា​ស្វាហាប់​ទៀតផង។

    វិធី 5យ៉ាង ក្នុងការ​បង្កើន​ភាពជឿ​ជាក់​លើ​ខ្លួនឯង មាន​ដូចតទៅ៖

    សាង​ភាពជឿជាក់​ដល់​ខ្លួនឯង ដោយ​ការ​សម្លឹង​ឃើញ​ពី​ចំណុច​លេចធ្លោ ខ្លាំង​ជាង​ចំណុចខ្សោយ

    ចូរ​សម្លឹង​រកមើល​ចំណុច​ល្អ លេចធ្លោ​របស់​ខ្លួនឯង​ឱ្យឃើញ ព្រមទាំង​ហ្វឹកហាត់ ឬ​ធ្វើ​ការងារ​ណា ដែល​ជួយ​បង្កើន​ដល់​ចំណុច​ល្អ​នោះ ចៀសវាង​ការប្រៀបធៀប​ចំណុច​អន់​របស់​ខ្លួនឯង​ជាមួយ​អ្នកដទៃ។ គួរ​នឹក​នៅក្នុង​ចិត្តជា​និច្ច​ថា “មិនចាំបាច់​ត្រូវ​ដឹង​គ្រប់​តែ​រឿង​នោះទេ តែ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ប្រាកដ តែ 1រឿង ក៏​អាច​ទទួលបាន​ជោគជ័យ​ដែរ”

    ធ្វើការ​ងារ​ណា ដែល​សាង​មោទនភាព ដល់​ខ្លួនឯង

    ដូចជា ការងារ​ជួយ​សង្គម​សាធារណ: ឬ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ណា​ដែល​ខ្លួន​ចូលចិត្ត ដែល​ទាំង​អស់ហ្នឹង សុទ្ធតែ​សាង​នូវ​ភាព​សប្បាយចិត្ត និង​ធ្វើឱ្យមាន​អារ​ម្ម​ណ៏​ថា ខ្លួនឯង​មានតម្លៃ ព្រោះ​បាន​បំពេញ​ប្រយោជន៍​ដល់​អ្នកដទៃ ឬ​មានឱកាស​បាន​បញ្ចេញ​សមត្ថភាព ឱ្យគេ​ទទួលស្គាល់ ជាដើម។

    ប្រាប់​ខ្លួនឯង​ជានិច្ច​ថា អាចធ្វើ​បាន!!

    គួរ​និយាយ​លើកទឹកចិត្ត​ខ្លួនឯង ឱ្យបាន​ជាប់​ជានិច្ច​ថា “ខ្ញុំ​ធ្វើបាន!” និង​ហាត់​នឹក​ស្រមៃ ឱ្យឃើញ​ពី​ភាពជោគជ័យ។

    កុំ​ខ្វល់ខ្វាយ​នឹង​សម្ដី​របស់​អ្នកដទៃ

    ភាព​មាន​កង្វល់​ខ្វល់ខ្វាយ ដែល​កើត​ពី​ពាក្យរិះគន់​ទិតៀន​របស់​អ្នកដទៃ អាចធ្វើឱ្យ​យើង​កើតក្តី​អស់សង្ឃឹម និង​បាក់​ទឹកចិត្ត​បាន ដូច្នេះ​គួរ​ពិចារណា​ពី​គោលបំណងរ​បស់សម្ដី​ទាំងអស់នោះ​ផង បើសិន​ដោយសារ​ការបារម្ភ យើង​គួរតែ​ទទួល​ស្តាប់ និង​កែសម្រួល​ខ្លួនឯង តែបើ​សិន​ដោយ​សារភាព​អគតិ​វិញ​នោះ ក៏​មិនបាច់​ទៅ​យកចិត្តទុកដាក់​ស្តាប់​ឡើយ។

    សុំ​ការលើកទឹកចិត្ត ពី​អ្នក​ដែល​នៅក្បែរ​ខ្លួន​យើង

    ព្រោះ​កម្លាំងចិត្ត ពី​ក្រុមគ្រួសារ ពី​មិត្តសម្លាញ់ និង​ពី​គូស្នេហ៍ អាចជួយ​សាង​នូវ​ភាពជឿជាក់​ដល់​ខ្លួនឯងបាន ធ្វើឱ្យ​យើង​ហ៊ាន​សម្រេចចិត្ត និង​គិត​ចាប់ផ្តើម​នូវ​គំនិតថ្មីៗ ដូច្នេះ​បើសិន​នៅពេលណា មាន​អារម្មណ៍​អស់សង្ឃឹម ឬ​មាន​បញ្ហា​អ្វីមួយ ចូរ​កុំ​ស្ទាក់ស្ទើរ ក្នុង​ការសុំ​ការប្រឹក្សា​យោបល់ និង​ការគាំទ្រ​ពី​ពួកគេ។

    នៅពេល​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​យ៉ាង​ពេញទំហឹង​ហើយ​នោះ ភាពជោគជ័យ​នឹង​នៅក្បែរ​យើង​បង្កើយ…៕

  • ការស្ថាបនា​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

    ការស្ថាបនា​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

    គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត សម្រេចបាន​ជាង 98% ហើយ​គ្រោង​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ2021។ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្រសួង​សាធារណការ បានឱ្យដឹងថា គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក្រសួង បាន និង​កំពុង​ព​ន្លឿ​ន​ការងារ​ចុងក្រោយ​មួយចំនួន ដូចជា ការបំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅក្នុង​ស្ថានីយ។ល។ ខណៈដែល​ស្ពាន​អាកាស​ថ្មើរជើង​ដែលមាន​ទីតាំងនៅ​ត្រាំខ្នារ ក៏​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​មិថុនា​ខាងមុខ។

    ជារួម គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត បច្ចុប្បន្ន សម្រេចបាន 98.04% រួចហើយ។ នេះ​បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន។

    គម្រោង​ស្ថាបនា​ផ្លូវ​ប្រភេទ បេតុង​កៅស៊ូ (AC) ប្រវែង 134គីឡូម៉ែត្រ​នេះ ត្រូវបាន​ចាប់ផ្ដើម​សាងសង់ និង​ស្ដារឡើងវិញ កាលពី​ខែឧសភា ឆ្នាំ2018។ ការចំណាយ​ទៅលើ​ការស្ថាបនា និង​ស្ដារ​ផ្លូវ​នេះ គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​ជាង 200លាន​ដុល្លារ​អាមេរិក ដែល​នេះ​គឺជា​ហិរញ្ញប្បទាន​សម្បទាន ពី​ប្រទេស​ចិន រួម​នឹង​ថវិកាបដិភាគ​មួយចំនួន​របស់ កម្ពុជា៕

    ប្រភព៖ ក្រសួង​សាធារណការ
    ដកស្រង់៖ បុត្រា

  • Suarez គិតយ៉ាងណាពេល Barcelona នាំយកកីឡាករវ័យជ្រេចូលក្រុម?

    Suarez គិតយ៉ាងណាពេល Barcelona នាំយកកីឡាករវ័យជ្រេចូលក្រុម?

    Sergio Aguero ខ្សែប្រយុទ្ធ ManCity នឹង​ផុត​កុងត្រា​ជាមួយ​ក្លិប​អង់គ្លេស​មួយ​នេះ នៅ​ដំណាច់​ខែមិថុនា ខាងមុខ​នេះហើយ ដោយ​ភាគី​ទាំងសងខាង បាន​ព្រមព្រៀងគ្នា មិន​បន្ត​កុងត្រា​ថ្មី​ទៀតឡើយ។ ក្រោយពី​ចាកចេញ​ពី ManCity កីឡាករ Aguero ត្រូវបាន Barcelona កក់​ទុក​រួចជាស្រេច​ហើយ ដោយ​ត្រៀម​នឹងប្រកាស​កុងត្រា នៅឯ​ក្លិប​ដ៏​ល្បីល្បាញ​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ នៅពេលឆាប់ៗខាងមុខនេះ។

    ក្នុង​ព្រឹត្តិការណ៍​នេះដែរ Luiz Suarez អតីត​ខ្សែប្រយុទ្ធ  Barcelona បានបង្ហាញ​ចំណាប់អារម្មណ៍​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អតីត​ក្លិប​របស់ខ្លួន ដែល​បានផ្តល់​ឱកាស​ដល់​កីឡាករ​វ័យ​ជ្រេ​ដូច Sergio Aguero បើទោះបីជា​គេ មាន​វ័យ 32ឆ្នាំ​ហើយ​ក្តី។

    គួរ​រំឭក​ដែរ​ថា គ្រា​ដែល Luiz Suarez ចាក​ចេញពី Barcelona កាលពីដើម​រដូវ​កាល​នេះ គឺ​ដោយសារ​លោក Koeman លើក​ពី​ហេតុផល​ថា រូបគេ​មាន​វ័យ​ច្រើន​ហើយ (33ឆ្នាំ) ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទម្រង់កា​រ​ប្រយុទ្ធ​របស់​ក្រុម  តែ​ក្រោយពី​ទៅដល់ AT Madrid ភ្លាម គេ​បានធ្វើឱ្យ​ក្រុម​ថ្មី​របស់គេ​មួយ​នេះ​លើក​ពាន La Liga ភ្លែត​តែម្ដង៕

  • ក្លិប3 ដែល​អាច​នឹង​ក្លាយជា​ផ្ទះ​ថ្មី របស់ Ronaldo

    ក្លិប3 ដែល​អាច​នឹង​ក្លាយជា​ផ្ទះ​ថ្មី របស់ Ronaldo

    កីឡាករ​ខ្សែប្រយុទ្ធ Christiano Ronaldo ត្រូវបាន​គេ​ដឹងថា អាច​នឹង​ចាក​ចេញពី​ក្លិប Juventus ក្រោយ​បញ្ចប់​រដូវ​កាល​នេះ ដោយសារតែ​គេ​ឃើញ​កីឡាករ​រូបនេះ បាន​រើ​ឥ​វ៉ាន់​ចេញពីផ្ទះ។ ក្នុងនោះដែរ ប្រភព​ជី​ត​ស្និទ្ធ​បានប្រកាសថា កីឡាករ​រូបនេះ បាន​ប្រាប់​មិត្ត​រួម​ក្រុម រួចរាល់​ហើយ​ថា គេ​នឹង​ចាកចេញ នៅ​ចុង​ឆ្នាំនេះ។

    យ៉ាងណាមិញ អ្វីដែល​អ្នកតាមដាន​គ្រប់គ្នា ចង់ដឹង​ខ្លាំង​នោះ​គឺ ថា​តើ​កីឡាករ​រូបនេះ នឹង​ផ្លាស់​ទៅលេង​នៅទីណា​វិញ ក្រោយ​ចាក​ចេញពី Juventus។ មកទល់នឹង​ពេលនេះ មាន​ក្លិប 3ធំៗ ដែល​អាច​នឹង​ក្លាយទៅជា​ផ្ទះ​ថ្មី​របស់ Ronaldo គឺ PSG, ManU និង  Sporting។

    គួរឱ្យ​ដឹង​ដែរ​ថា កុងត្រា​របស់ Ronaldo នៅ Juventus នៅមាន​សុពលភាព​ដល់​ឆ្នាំ2022 ដូចនេះ​ប្រសិនបើ​ក្លិប​ណា​ចង់បាន ប្រហែលជា​ត្រូវ​ចំណាយលុយ​ខ្លះ នៅក្នុង​ការទិញ​ផ្តាច់​កុងត្រា​កីឡាករ​រូបនេះ ពី Juventus៕

    ប្រភព ៖ dailymail

  • អ្នកវិទ្យាសាស្ត្រ បាញ់​អគ្គិសនី​ចូល​ពពក ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត

    អ្នកវិទ្យាសាស្ត្រ បាញ់​អគ្គិសនី​ចូល​ពពក ដើម្បី​បង្កើត​ទឹកភ្លៀង​សិប្បនិម្មិត

    អារ៉ាប់​រួម៖ ក្រុម​អ្នកវិទ្យាសាស្ត្រ កំពុង​ត្រៀម​សាកល្បង​បាញ់​អគ្គិសនី​ចូលទៅ​កាន់​ពពក ដើម្បី​ធ្វើឱ្យ​គ្រាប់​ទឹក​ក្នុង​ពពក​មាន​ទំហំ​ធំ​ជាង​មុន និង​ងាយស្រួល​ធ្លាក់​ជា​ភ្លៀង​ជាង​បច្ចុប្បន្ន។

    ដោយសារតែ​អាកាសធាតុ​ក្ដៅហែង និង​កម្រិត​ទឹកភ្លៀង​ជា​មធ្យម​ត្រឹមតែ 10សង់ទីម៉ែត្រ ប្រទេស​អារ៉ាប់​រួម (UAE) ត្រូវការ​ទឹកសាប​បន្ថែមទៀត។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល បាន​វិនិយោគ​ទៅលើ​គម្រោង​វិទ្យាសាស្ត្រ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ទាក់ទង​នឹង​ការបង្កើត​ទឹកភ្លៀង​សិប្បនិម្មិត ក្នុងនោះ​ក៏មាន​គម្រោង​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ខ្នាតតូច បាញ់​អគ្គិសនី​ទៅក្នុង​ពពក​ផងដែរ។

    អ្នកវិទ្យាសាស្ត្រ​មួយក្រុម មកពី​សាកលវិទ្យាល័យ Reading នៃ​ចក្រភព​អង់គ្លេស ដំបូង​ឡើយ​បានស្នើ​គម្រោង​ខាងលើ ហើយ​បច្ចុប្បន្ន យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ កំពុង​ត្រៀមខ្លួន​សម្រាប់ធ្វើ​ការសាកល្បង​នៅក្បែរ​ទីក្រុង ឌូ​បៃ នាពេល​ដ៏​ខ្លី​ខាងមុខ។ គម្រោង​របស់​អ្នកវិទ្យាសាស្ត្រ​នេះ​គឺ ការបាញ់​អគ្គិសនី​ចូលទៅក្នុង​គ្រាប់​ទឹក​នៅក្នុង​ពពក បំណង​ធ្វើឱ្យ​វា​ងាយស្រួល​ធ្លាក់​មកលើ​ដី​ជាង​មុន និង​បង្កើតបានជា​ទឹកភ្លៀង។

    «មាន​ការគិត​ជាច្រើន​ទាក់ទង​នឹង​អគ្គិសនី​មាន​ឥទ្ធិពល​លើ​តំណក់ទឹក​ក្នុង​ពពក​នៅលើ​មេឃ ប៉ុន្តែ ហាក់​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ជាក់ស្ដែង និង​លម្អិត​នៅឡើយ» Keri Nicoll អ្នកវិទ្យាសាស្ត្រ​សំខាន់​មួយរូប នៃ​គម្រោង​ខាងលើ បានឱ្យដឹង​ដូច្នេះ និង​បន្ថែមទៀត គោលដៅ​របស់​ពួកគេ​គឺ ចង់​បញ្ជាក់់ថា បច្ចេកវិទ្យា​អាច​បង្កើន​បរិមាណ​ទឹក​ភ្លៀង​នៅក្នុង​តំបន់​ខ្វះ​ប្រភពទឹក។

    ក្រុម​របស់ Nicoll បាន​បង្កើត​ទ្រង់ទ្រាយ​របស់​ពពក ដើម្បី​ធ្វើការ​ពិសោធ។ ពួកគេ​បាន​ឃើញថា នៅពេល​តំណក់ទឹក​ក្នុង​ពពក ទទួលបាន​បន្ទុកអគ្គិសនី​វិជ្ជមាន ឬ​អវិជ្ជមាន ពួកវា​មានលទ្ធភាព​ប្រមូល​ផ្ដុំគ្នា និង​បង្កើតជា​គ្រាប់​ទឹកធំ​ជាង​មុន។ ដោយសារតែ​តំបន់​ក្ដៅហែង​ដូច​នៅ​អារ៉ាប់​រួម ពពក​តែងតែ​ស្ថិតនៅ​ខ្ពស់ជាង​តំបន់​ដែលមាន​អាកាសធាតុ​មិន​ក្ដៅ​ពេក ដូច្នេះ គ្រាប់​ភ្លៀង​ក៏​តែង​ហួត​ទៅវិញ នៅពេល​កំពុង​ធ្លាក់ចុះ។ អ្នកវិទ្យាសាស្ត្រ Nicoll បាន​និយាយថា៖ «យើង​កំពុង​ព្យាយាម​ធ្វើឱ្យ​គ្រាប់​ទឹក​នៅក្នុង​ពពក មាន​ទំហំ​ធំ​គ្រប់គ្រាន់ ដើម្បី​ធានាថា នៅ​ពេល​​ធ្លាក់​ពី​ពពក ពួកវា​នឹង​នៅតែ​រក្សា​រូបរាង​ដើម​បានល្អ មុនពេល​ធ្លាក់​ដល់​ដី»។

    គម្រោង​ខាងលើនេះ ទទួលបាន​ថវិកា​គាំទ្រ​ចំនួន 1.5លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 3ឆ្នាំ។ ដើម្បី​ពិសោធ​លើ​គម្រោង​នេះ អ្នកស្រី Nicoll និង​សហការី បាន​បង្កើត​យន្តហោះ​ដែលមាន​ស្លាប​ប្រវែង 2ម៉ែត្រ ចំនួន 4គ្រឿង។ យន្តហោះ​ទាំងនេះ ត្រូវបាន​បាញ់​ចេញពី​ម៉ាស៊ីន​បាញ់​ថ្ម និង​បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ហើយ​អាច​ហោះហើរ​បាន​ប្រហែល 40នាទី។ គ្រាប់​យន្តហោះ ក៏មាន​អង្គ​ញាណ​ដែល​អាច​វាស់​កំដៅ ទំហំ និង​សំណើម ក៏ដូចជា​ឧបករណ៍​បាញ់​អគ្គិសនី​ដែល​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ Bath របស់​អង់គ្លេស។

    បច្ចុប្បន្ន ក្រុម​អ្នកជំនាញ ដែល​តំណាងឱ្យ​ក្រុម​វិទ្យាសាស្ត្រ​របស់​អ្នកស្រី Nicoll កំពុង​រង់ចាំ​អាកាសធាតុ​អំណោយ​ផល ដើម្បី​បង្ហើយ​ការពិសោធ​ខាងលើនេះ។

    នាយកដ្ឋាន​ឧតុនិយម​របស់ អារ៉ាប់​រួម បានឱ្យដឹងថា ក្នុង​ឆ្នាំ2017 ប្រទេស​នេះ បានធ្វើការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​ចំនួន 242​លើក​​រួចមកហើយ។ អារ៉ាប់​រួម ក៏មាន​រោងចក្រ​ចម្រាញ់​ទឹកប្រៃ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ផងដែរ ប៉ុន្តែ អនុផល​នៃ​ការ​ច​ម្រ​ញ់​ទឹក​នេះ មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ជីវចម្រុះ​ក្នុង​សមុទ្រ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • អាថ៌កំបាំង​នៃ​សម្ផស្ស 20យ៉ាង ដែលនារីៗមិន​ចង់ឱ្យបុរសៗដឹង…

    អាថ៌កំបាំង​នៃ​សម្ផស្ស 20យ៉ាង ដែលនារីៗមិន​ចង់ឱ្យបុរសៗដឹង…

    កើតជា​មនុស្ស​ស្រី ពិតជា​សែន​លំបាក​មែន  ព្រោះ​ត្រូវ​មើលថែទាំ​ខ្លួន ដុសខាត់ ថែមថយ​រាងកាយ ឱ្យ​មើលឃើញ​ស្អាត តាំងពី​ក្បាល​ដល់​ចុងជើង  មិនថាតែ​កោរ​រោម​មេជើង ដក​រោម​ច្រមុះ លួច​ថែម​អេ​ប៉ុង ឱ្យ​ដើមទ្រូង​មើលទៅ​ធំ ស្លៀក​ឈុត​ក្នុង​បន្ថែម​ត្រគាក

    ជាដើម និង​ទោះជា​ធ្វើ​រឿង​ទាំងអស់​រួចហើយ ស្រស់ស្អាត​ខ្ញង់​ក៏ពិតមែន តែ​ស្លា​ប់រស់​យ៉ាងណា ក៏នារីៗយើង មិនឱ្យ​មនុស្ស​ប្រុស​ដឹង​ជាដាច់ខាត!។

    តាមរយ:ការស្ទង់មតិ ពីនារីៗចំនួន 2,000នាក់ ដែល​បាន​បង្ហើប​ឱ្យដឹង​ដោយ​វេ​ប​សាយ ឌេ​លី មេ​ល កាលពី​ចុងឆ្នាំ2019 កន្លងមក ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង​នៃ​សម្រស់ 20យ៉ាង​របស់ក្រមុំៗជនជាតិ​អង់គ្លេស ដែល​ពួកនាង​មិន​ចង់ឱ្យ​បុរស​ជា​គូស្នេហ៍​បានដឹង​ឡើយ។ តើ​មាន​អ្វីខ្លះ​នោះ យើង​មក​តាមដាន​ទាំងអស់គ្នា…៖

    1. កោរ / បក រោម​នៅលើ​មេជើង
    2. កោរ / បក រោម​នៅលើ​ចង្កា និង​ផ្ទៃមុខ
    3. ដក​រោមប្លែកៗចេញពី​រាងកាយ ដូចជា រោមរឹងវែងៗ ដែល​ដុះ​តែមួយ​សរសៃ​នៅលើ​មុខ  ឬ​រោម​ដែល​ដុះ​លើ​ប្រជ្រុយ​ជាដើម។
    4. បក​រោម និង​បក​ពុកមាត់
    5. កម្ចាត់​ស្បែក​ក្រឹ​ន រឹងៗ ស្ងួត​ប្រេះ​នៅលើ​បាតជើង
    6. ពាក់អាវ​ព​ង្រឹ​ប​ខ្លួន​ឱ្យចេញ​រាង ដើម្បី​ស្លៀកពាក់​ខោអាវ​ឱ្យ​ស្អាត មាន​រាង មាន​រៅ​ស្វែ​ល
    7. ដក​រោមចិញ្ចើម
    8. បក / កោរ រោម​កន្លែង​សម្ងាត់​ចេញ​ខ្លះ
    9. ដក​រោម​ច្រមុះ(!!)
    10. មើលថែ​ស្បែ​កមុខ ទាំង​លាង​ស​ម្កា​ត ជូត​ដោយ​ថូ​នើ​រ៍ បំប៉ន​ដោយ​ឡេ គ្រប់គ្រឿង​តែម្តង
    11. កាត់​ក្រចកជើង
    12. កោស​ធ្មេញ​ឱ្យ​ស ព្រោះ​ធ្មេញចាស់ វា​លឿង
    13. លាប​គ្រី​ម លុបបំបាត់​ស្លាកស្នាម ពន្យឺត​អាយុ ចង់តែ​នៅ​ក្មេង​រហូត មិន​ចង់ឱ្យ​អ្នកណា ដឹងថា​ខ្លួន​ចាស់​ឡើយ
    14. លាប​ក្បាល​មុន ដោយ​ថ្នាំដុសធ្មេញ
    15. ម៉ាស់​ក៍បក​មុខ
    16. បក / កោរ​រោមជើង និង​ក្លៀក
    17. ញាត់​អេ​ប៉ុង​រុញ​ដើមទ្រូង​ឡើង ឱ្យ​ពើង
    18. ខាត់​ស្បែក​រាល់ថ្ងៃ
    19. លាប​ពណ៌​ចិញ្ចើម និង​រោមភ្នែក
    20. ប្រើ​គ្រី​ម​កម្ចាត់ សេល​លូ​ឡៃ​ត៍(ដុំ​ខ្លាញ់​ក្រោម​ស្បែក) មិន​ចង់ឱ្យ​អ្នកណា​ឃើញ ខ្លាច​គេ​ដឹងថា ស្បែក​គ្រើម ដូច​សម្បក​ក្រូច។

    ពេលនេះ​យើង​ជឿ​ហើយ​ថា ទម្រាំ​តែ​បាន​ស្អាត នារីៗត្រូវ​ប្រើ​ក្តី​ព្យាយាម​ខ្លាំង​មែនទែន ថែមទាំង​ចង់ឱ្យ​មនុស្ស​ប្រុស(គូស្នេហ៍)គិតថា ខ្លួន​ស្អាត​ស្រស់ថ្លា​យ៉ាង​ធម្មជាតិ អត់​មាន​ទៅ​កែកុន​អី​ទាំងអស់ អ្វីៗ គឺ​អ្នក​ម៉ាក់​ឱ្យមក​ទាំងអស់។

    ហ៊ឺ…កើត​មកជា​មនុស្ស​ស្រី ចំ​ជា​លំបាក​មែន…៕

    ដោយ​អ្នកគ្រូ ឆវី

     

  • កូនកំលោះ មហា​សាមញ្ញ ពាក់​​អាវ​យឺត-ខោខ្លី-ស្បែកជើងផ្ទាត់ ចូល​ពិធីមង្គលការ

    កូនកំលោះ មហា​សាមញ្ញ ពាក់​​អាវ​យឺត-ខោខ្លី-ស្បែកជើងផ្ទាត់ ចូល​ពិធីមង្គលការ

    ងាយៗ មិនចាំបាច់​អី​ច្រើន!! កូនកំលោះ មហា​សាមញ្ញ តែងខ្លួនងាយៗ ពាក់​អាវយឺត​ដៃខ្លី ជំនួស​អាវធំ ឈុត​សកល ថែមទាំង​ពាក់​ស្បែកជើងផ្ទាត់​ទៀត ខណៈដែល​កូនក្រមុំ​វិញ តែងខ្លួន​គ្រប់គ្រឿង…។

    ប្រហែលជា​ពិធីមង្គលការ​មួយ ដែល​កូនកំលោះ​ធ្វើខ្លួន​សែន​មហាងាយៗបំផុត ព្រោះ​បើសិនជា​កូនកំលោះ​ដទៃ​វិញ ប្រហែលជា​ដើរចូល​ពិធី​មួយ​នេះ ដោយ​ឈុត​សកល បែប​គ្រប់គ្រឿង យ៉ាង​សង្ហា​មិន​ខាន តែ​សម្រាប់ “Nfasis” ដែលជា​អ្នកចម្រៀង រ៉េ​ប​ភើរ ជនជាតិ​ដូ​មី​នី​កាំ​ង វ័យ 33ឆ្នាំ​ម្នាក់នេះ​វិញ វា​ខុសប្លែក​ពី​អ្នកដទៃ ព្រោះ​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់គេ គេ​ពាក់​តែ​អាវយឺត​ដៃខ្លី ពណ៌​ស ដែល​ស្ដើង រហូត​មើលឃើញ​អាវយឺត​វៀល​ក្លៀក​ខាងក្នុង ស្លៀកខោ​ខូវប៊យ​ពណ៌​ស្លេក​ជើង​ខ្លី និង​ពាក់​ស្បែកជើងផ្ទាត់​ទៀតផង!។

    អ្វីដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ បើសិន​ទាំង​កូនកំលោះ និង​កូនក្រមុំ​តែងខ្លួន​របៀប​ដូចគ្នា​នោះ អ្នក​បានឃើញ​ទាំង​ប៉ុន្មាន​ប្រហែលជា​មិនសូវ​អី​ប៉ុន្មាន​ទេ តែ​នេះ វា​មិនមែន​អ៊ីចឹង​ទេ ព្រោះ​ខណៈដែល​កូនកំលោះ​តែងខ្លួន​បែបសប្បាយៗ ងាយៗនោះ កូនក្រមុំ បែរជា​តុបតែង​ខ្លួន បែប​គ្រប់គ្រឿង ស្រស់ស្អាត និង​ល្អឥតខ្ចោះ ហើយ​កូនស្រី​ទាំង2 របស់​ពួកគេ​ទាំង2 ក៏​ដូចគ្នា​ដែរ ស្លៀក​ឈុត​ពណ៌​ស គួរឱ្យ​ស្រឡាញ់ ហាក់ដូចជា​ម្ចាស់​ក្ស​ត្រី ត្រៀម​ជាស្រេច សម្រាប់​ការបំពេញ​តួនាទី ជា​អ្នក​កំដរ​កូនក្រមុំ។  ពោលគឺ អ្នកចូលរួម​ក្នុង​ពិធី​នេះ​ទាំងអស់ សុទ្ធតែ​តែងខ្លួន បែប​គ្រប់គ្រឿង​យ៉ាង​ស្អាត​សង្ហា​គ្រប់គ្នា លើកលែងតែ​កូនកំលោះ​ម្នាក់​គត់។

    ក្រៅពី​ការ​តែងខ្លួន​របស់​កូនកំលោះ Nfasis ដែល​ធ្វើឱ្យ​ជំពប់​ភ្នែក​អ្នក​ដែល​បានឃើញ​ហើយ​នោះ ការបង្ហាញ​ទឹកមុខ​ដ៏​សែន​រាបស្មើ​ធម្មតា​របស់គេ វា​ធ្វើឱ្យ​អ្នក​ដែល​បានឃើញ​ទាំង​ប៉ុន្មាន​នោះ អត់​មិន​គិត​មិន​បានឡើយ​ថា តើ​គេ​ពេញចិត្ត ឬ​មាន​សេចក្ដីសុខ​ចំពោះ​ពិធីមង្គលការ​ក្នុង​គ្រា ដែរឬទេ​ហ្ន៎?…

    ចំណែក​បណ្ដា​អ្នកគាំទ្រ​របស់​កូនកំលោះ Nfasis វិញ មិនបាន​មាន​អារម្មណ៍ ចម្លែក​ចិត្ត​ចំពោះ​រឿងនេះ​ប៉ុន្មាន​ឡើយ ព្រោះ​បើសិន បាន​តាមដាន​អ៊ី​ន​ស្តា​ក្រាម ឬ​បណ្ដាញ​សង្គមផ្សេងៗទៀត​របស់ Nfasis ហើយ​នោះ នឹង​បានដឹងថា ស្ទីល​ការតុបតែង​ខ្លួន​របស់​គេ វា​តែងតែ​បែប​ហ្នឹង​ស្រាប់​ទៅហើយ ទាំង​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​ក្នុង MV របស់គេ។

    យ៉ាងណាក្ដី អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ជាច្រើន នៅតែ​រិះគន់​ពី​ការតុបតែង​ខ្លួន​របស់​កូនកំលោះ Nfasis ដែរ ដោយ​ភាគច្រើន​យល់ឃើញថា ថ្ងៃ​មង្គលការ គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ របស់​ទាំង​កូនកំលោះ និង​កូនក្រមុំ ដូច្នេះ គេ​គួរតែ​តែងខ្លួន ផ្ដល់​កិត្តិយស​ដល់​អ្នក​ឯទៀត​ខ្លាំង​ជាង​នេះ…តែ​អ្នកខ្លះ យល់ថា ចង់​តែងខ្លួន​របៀប​ណា ក៏​តែង​ទៅ រឿង​សំខាន់បំផុត គឺ​សេចក្ដីស្រឡាញ់ ដែល​ទាំង 2នាក់ មាន​ឱ្យ​គ្នា​ទៅវិញទៅមក   មិនមែន​វត្ថុ​ខាងក្រៅ ឬ​គ្រឿង​តុបតែង​កាយ ដែល​ពួកគេ​ស្លៀក​នោះទេ។

    ការពិតទៅ ពិធីមង្គលការ​របស់​គេ​ទាំង2 ត្រូវបាន​រៀបចំឡើង កាលពី​អំឡុង​ចុងឆ្នាំ​កន្លងទៅ តែ​ទើបនឹង​មក​ល្បីល្បាញ ឱ្យ​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ​រិះគន់ ដោយសារតែ​កំលោះ Nfasis យើង បាន​ផូ​ស្ត​រូបថត​ទាំងនោះ​នៅក្នុង​ផេ​ច​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ទើប​ធ្វើឱ្យ​អ្នក​បានឃើញ​ទាំងឡាយ នាំគ្នា​ស៊ែរ ចែករំលែក​ត​គ្នា​យ៉ាងច្រើន ដែល​ពេលនេះ ជីវិត​អាពាហ៍ពិពាហ៍​របស់ Nfasis និង​ភរិយា កំពុងតែ​ផ្អែមល្ហែម​ជាទីបំផុត និង​កំពុងមាន​ទារក​តូច​មួយទៀត ជា​ខ្សែចំណង​មាស ចង​បេះដូង​អ្នក​ទាំង២ ទៀតផង។

    ប្រភព៖ Facebook
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • រៀបចំ​បន្ទប់​គេង ឱ្យមាន​សេចក្តីសុខ​ដោយក្លិនក្រអូបៗ

    រៀបចំ​បន្ទប់​គេង ឱ្យមាន​សេចក្តីសុខ​ដោយក្លិនក្រអូបៗ

    បន្ទប់​គេង​មាន​សារៈសំខាន់​ក្នុង​ជីវិត​បំផុត ព្រោះថា ក្នុង 1ថ្ងៃ ដែលមាន​រយៈពេល 24ម៉ោង យើង​បាន​ស្នាក់​នៅក្នុង​បន្ទប់​គេង ប្រមាណ​ជា 1ភាគ3 ឬ 2ភាគ3 នៃ​រយៈពេល​ទាំងអស់នោះ​ទៅហើយ គឺ​ដើម្បី​គេង​សម្រាក​យក​កម្លាំង ក្រោយពេល​បំពេញការងារ អស់​ពេញ 1ថ្ងៃ​រួចមក។

    ដូច្នេះ​បរិយាកាស​នៅក្នុង​បន្ទប់​គេង យើង​គួរតែរៀបចំ ឱ្យមាន​ភាព​ទាក់ទាញ ដើម្បីឱ្យ​គេង​បាន​លង់លក់​ស្រួល រៀងរាល់​រាត្រី ឬ​ពេលណា​ដែល​យើង​ចូល​សម្រាក។

    អ្នក​អាច​រៀបចំ​បរិយាកាស​ក្នុង​បន្ទប់​គេង ឱ្យមាន​ទាំង​សោភណភាព និង​ផាសុកភាព តាម​ពាក្យ​ណែនាំ​របស់​អ្នកជំនាញ​ដូចខាងក្រោម៖

    អ្នក​អាច​ប្រើក្លិនក្រអូបៗ ដើម្បី​ជួយ​ឱ្យ​អារម្មណ៍​បាន​ធូរស្រាល ក្នុងនោះ​មាន​ក្លិនក្រអូប​បែប​ធម្មជាតិ ចេញពី​ផ្កា​ស្រស់ (តែ​គួរ​ចាំ​ទុក​ថា ត្រូវយក​វា​ចេញភ្លាមៗ ក្រោយ​ពេលដែល​វា​ស្វិត​ស្រពោន)។ ក្រៅពីនេះ គេ​អាច​ប្រើ​ទៀន​ក្រអូប ប្រេង​ក្រអូប ឬ​ប្រភេទ​ផ្កា​ក្រៀម​ក៏បាន​ដែរ។

    ការប្រើ​ក្លិនក្រអូប វា​មាន​ប្រសិទ្ធភាព​ជួយ​ព្យាបាល​ផ្លូវចិត្ត  អាចធ្វើឱ្យ​ផ្លូវចិត្ត​ស្ងប់ស្ងាត់​បាន  កាត់បន្ថយ​អារម្មណ៍​ធុញថប់​តប់ប្រមល់ និង​ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់ ដំណើរការបាន​ស្រួល​ទៀតផង  ជាពិសេស ក្លិន​ផ្កា​ឡា​វេន​ដឺ ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ស្រឡះ​ល្អ និង​ស្រណុក​នៅក្នុង​អារម្មណ៍​បំផុត។ ចំណែកឯ​ប្រភេទ​ប្រេង​ក្រអូប​វិញ ក៏មាន​ប្រយោជន៍​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ ព្រោះ​ក្លិន​របស់​វា ក្រៅពី​ជួយ​សម្រួល​អារម្មណ៍​ហើយ​នោះ នៅ​ជួយ​ទាំង Spa នៅក្នុង​រាងកាយ​មនុស្ស​យើង បាន​ទៀតផង។

    ដូច្នេះ​អាច​និយាយបានថា សុខភាព​របស់លោក​អ្នក​នឹង​រឹងប៉ឹង​មាំមួន​ឡើង ព្រោះតែ​ទទួលទានដំណេក​បា​នល​ក់​ស្កប់ស្កល់ ដោយសារ​បរិយាកាស​នៅក្នុង​បន្ទប់​គេង ដែល​រៀបចំ​បានល្អ មាន​ក្លិនក្រអូប ធូរស្រាល​អារម្មណ៍ គួបផ្សំ​នឹង​ឧបករណ៍​ដំណេក​ដ៏​មាន​គុណភាព និង​មាន​អនាម័យ​ល្អ​ទៀតផង​នោះ។

    តែ​ប៉ុណ្ណឹង លោក​អ្នកនឹង​លែងមាន​ក្តី​ព្រួយបារម្ភ​ថា គេង​មិនសូវ​លក់​តទៅ​ទៀតហើយ…៕

  • Agüero ចាកចេញ​មែន តែ​គេ​ជា​កីឡាករ​រក​គ្រាប់​បាល់ បាន​ច្រើន​បំផុត ឱ្យ ManCity

    Agüero ចាកចេញ​មែន តែ​គេ​ជា​កីឡាករ​រក​គ្រាប់​បាល់ បាន​ច្រើន​បំផុត ឱ្យ ManCity

    កីឡាករ​ខ្សែប្រយុទ្ធ Sergio Agüero របស់​ក្លិប Manchester City នឹងត្រូវ​ដើរចេញ​ពី​ក្លិប នៅពេល​បញ្ចប់​រដូវ​កាល 2021នេះហើយ ក្រោយ​ផុត​កុងត្រា ហើយ​ភាគី​ទាំងសងខាង រវាង​ក្លិប និង​កីឡាករ ក៏​សម្រេចចិត្ត​មិន​បន្ត​នៅ​ជាមួយគ្នា​ទៀត​ដែរ។

    តែ​អ្វី ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ក្លិប​មេឃ​ខៀវ​មួយ​នេះ សោកស្តាយ​បំផុត​នោះ គឺ Agüero ជា​កីឡាករ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​របស់​ក្លិប ទោះជា​មាន​វ័យ 32ឆ្នាំ​ក៏ដោយ ហើយ​រូបគេ បាន​ជាប់​ជា​កីឡាករ តែ​ម្នាក់​គត់​របស់​ក្លិប ManCity ដែល​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ទៀតផង។ គ្រាប់​បាល់​ទាំង 260គ្រាប់ ដែល​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​រកបាន នឹង​ក្លាយជា​ការចងចាំ​របស់​ក្លិប​មួយ​នេះ​ជា​រៀងរហូត។

    គួរឱ្យ​ដឹង​ដែរ​ថា Sergio Agüero បាន​ជួយ​ឱ្យ​ក្លិប Manchester City ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ចំនួន3 នា​រដូវ​កាល​នេះ ហើយ​ឈ្នះ​បាន​ពាន2  គឺ FA Cup និង Premier Legue ខណៈដែល​ពាន​ធំ​បំផុត​របស់​អឺរ៉ុប UEFA Champions League គេ​គ្រោង​នឹង​យក​ឱ្យបាន​នៅ​ចុងខែ​ឧសភា ខាងមុខនេះ៕