Category: សង្គម និងសេដ្ឋកិច្ច

  • Ronaldo អាច​នឹង​ទៅ​ត្រូវ PSG ទទួលយក សម្រាប់​រដូវ​កាល​ក្រោយ

    Ronaldo អាច​នឹង​ទៅ​ត្រូវ PSG ទទួលយក សម្រាប់​រដូវ​កាល​ក្រោយ

    ​ក្លិប​បាល់ទាត់ Paris Saint Germain បានធ្វើ​ការដាក់​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ល្បីឈ្មោះ លំដាប់​ពិភពលោក​ម្នាក់ទៀត ចូលទៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ដែល​នឹងត្រូវ​នាំមក​កាន់​ទឹកដី​បារាំង នា​រដូវ​កាល​ថ្មី​ខាងមុខនេះ ដើម្បី​ត្រៀមខ្លួន ប្រជែង​ពានរង្វាន់​ធំៗ​។

    ​ខ្សែប្រយុទ្ធ​ម្នាក់​នោះ ត្រូវបាន​គេ​ដឹងថា គឺ​កីឡាករ Christiano Ronaldo របស់​ក្លិប​បាល់ទាត់ Juventus ដែល​កំពុងតែ​មានចិត្ត ចង់​ចាក​ចេញពី​ក្លិប​ចាស់​ស្រាប់​ផង ក្រោយពី​រក​មិនឃើញ​ភាពជោគជ័យ សម្រាប់​រដូវ​កាល​កន្លងមក​។

    ​គួរឱ្យ​ដឹង​ដែរ​ថា ខ្សែប្រយុទ្ធ​វ័យ​ជ្រេ ឈានចូល 36​ឆ្នាំ ក្នុងឆ្នាំនេះ នៅសល់​កុងត្រា​រដូវ​កាល​ទៀត​ជាមួយនឹង Juventus ដែល​នេះ​អាច​នឹង​ធ្វើឱ្យ​កីឡាករ​រូបនេះ នៅមាន​តម្លៃ​ខ្លួន​ថ្លៃ​គ្រាន់បើ ប្រសិនបើ​ក្លិប​ណាមួយ​ចង់បាន​៕​

  • ស៊ីហ្គេមនៅវៀតណាម គ្រោងនឹងលើកពេល ទៅឆ្នាំក្រោយវិញ

    ស៊ីហ្គេមនៅវៀតណាម គ្រោងនឹងលើកពេល ទៅឆ្នាំក្រោយវិញ

    ជំងឺកូវីដ-19 នៅប្រទេសវៀតណាម ដែលកំពុងឆ្លងរាលដាលរលកទី2 បានកំពុងតែរីកសាយភាយខ្លាំងទៅៗ ដែលបានបង្កជាក្តីព្រួយបារម្ភមួយ ទៅដល់ការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម នាចុងឆ្នាំ2021 នេះ ដែលវៀតណាម គ្រោងនឹងទទួលស្វាគមន៍ប្រទេសចំនួន 11 ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានអត្តពលិករាប់ម៉ីននាក់។

    ដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-19 នៅតែបន្តរីករាលដាលជាសកលនៅឡើយ ទើបធ្វើឱ្យម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ធ្វើសេចក្ដីជូនដំណឹង ស្តីពីការពន្យារពេលបណ្តោះអាសន្ន ដោយរង់ចំាការសម្រេចក្នុងអង្គប្រជុំអន្តរជាតិ តាមប្រព័ន្ធអនឡាញ នាពេលឆាប់ៗខាងមុខនេះ។​

    គួរ​ឱ្យដឹងដែរថា ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម បានធ្វើកំណត់បង្ហាញថា ស៊ីហ្គេម2021នេះ មានប្រភេទកីឡាដាក់ឱ្យបណ្តាប្រទេសក្នុងអាស៊ាន សរុបចំនួន 11ប្រទេស ធ្វើការប្រកួតប្រជែងគ្នា លើ 40ប្រភេទកីឡា និងមានវិញ្ញាសាសរុបចំនួន 526៕

  • សហរដ្ឋអាមេរិក ចាប់ផ្ដើម​ពិនិត្យ​លើ​ការបង្កើត “​ប្រាក់​ដុល្លារ​អេឡិចត្រូនិក”

    សហរដ្ឋអាមេរិក ចាប់ផ្ដើម​ពិនិត្យ​លើ​ការបង្កើត “​ប្រាក់​ដុល្លារ​អេឡិចត្រូនិក”

    សហរដ្ឋអាមេរិក ចាប់ផ្ដើម​ការពិនិត្យ និង​ពិភាក្សា​ថ្នាក់ជាតិ ស្ដីពី​លទ្ធភាព​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិច​ត្រូនិក ឬ​ហៅថា រូបិយវត្ថុ​ឌីជីថល (CBDC) របស់​ធនាគារជាតិ នៃ​ប្រទេស​នេះ។

    គណៈកម្មការ​ធនាគារ នៃ​សភាព​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី9 ខែមិថុនា បានធ្វើ​សវនកម្ម​មួយ ស្ដីពី​ប្រធានបទ​ខាងលើនេះ ក្រោម​ការចាត់ចែង​រប​ស់ Elizabeth Warren ដែលជា​តំណាងរាស្ត្រ​មកពី​បក្ស​ប្រជាធិបតេយ្យ។ នាពេលខាងមុខ ធនាគារកណ្ដាល​របស់ សហរដ្ឋអាមេរិក (FED) ក៏​នឹង​ប្រកាស​របាយការណ៍​មួយ ដែល​​លើកឡើង​អំពី​វិធី​គ្រប់គ្រង​របស់ FED ទៅលើ​ការដាក់​ឱ្យប្រើ​ប្រាក់​ដុល្លារ​អេឡិចត្រូនិក​នេះ​ផងដែរ។

    ឥរិយាបថ​ខាងលើ បានកើត​មាននៅ​ក្នុង​គ្រា​ដែល​ការប្រកួតប្រជែង​លើ​ទីផ្សារ​នៃ​ប្រាក់​អេឡិចត្រូនិក របស់​ធនាគារកណ្ដាល​នានា (Central Bank Digital Currency / CBDC) កំពុង​កើតឡើង​យ៉ាង​ពុះកញ្ជ្រោល ដោយមាន​ធនាគារកណ្ដាល​ប្រមាណ 60 បាន និង​កំពុង​សម្ដែង​ការចាប់អារម្មណ៍ ឬ​មាន​គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ ខណៈដែល​ប្រទេស​មួយចំនួន បានដាក់​ឱ្យប្រើ​កំណែ​ដំបូង​របស់ CBDC សម្រាប់​ប្រទេស​ពួកគេ។

    កន្លងមក ប្រទេស​ចិន បានដាក់​ឱ្យ​ដំណើរការ​ប្រាក់​យុន​អេឡិចត្រូនិក​របស់ខ្លួន នៅក្នុង​ទីក្រុងធំៗមួយចំនួន រួមមាន ប៉េកាំង, សិន​ជិន និង​សៀង​ហៃ​ជាដើម ក្រោមរូបភាព​ឆ្នោត ដែលមាន​រង្វាន់​ជា​កាបូប​អេឡិចត្រូនិក អម​ជាមួយនឹង​ប្រាក់​ខ្ទង់រយ​យុន។ «ស្រោមសំបុត្រ​ក្រហម» នឹងត្រូវ​បាន​ចែកជូន​ពលរដ្ឋ និង​អ្នកឈ្នះ ហើយ​ពួកគេ​ត្រូវ​ទាញយក​កម្មវិធី​ក្នុង​ទូរស័ព្ទ ដើម្បី​ទិញ​ទំនិញ​នៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់។

    ធនាគារកណ្ដាល​របស់​ចិន បានកំណត់​គោលដៅ ក្លាយជា​ធនាគារជាតិ​ធំ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ដាក់ឱ្យ​ប្រើប្រាស់ CBDC។ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ក្នុងការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​ប្រាក់​យុន ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ធនាគារ ការទូទាត់​ជាស​កល ដែល​ប្រាក់​ដុល្លារ​អាមេរិក កំពុងមាន​ប្រៀប​ជាងគេ។

    មិន​ដូច​ទៅនឹង​ប្រាក់​អេឡិចត្រូនិកផ្សេងៗដូចជា Bitcoin ជាដើម​នោះទេ ប្រាក់ CBDC ត្រូវបាន​ធានា​ដោយ​ច្បាប់ ហើយ​តម្លៃ​របស់​វា នឹងមាន​ស្ថិរភាព​ដូច​រូបិយវត្ថុ​ប្រភេទ​ក្រដាស ដែល​គេ​ប្រើ​សព្វថ្ងៃ ព្រមទាំង​មិន​លាក់បាំង​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។ សម្រាប់ សហរដ្ឋអាមេរិក ប្រាក់ CBDC នេះ នឹង​ជា​កំណែ​មួយ​របស់​ប្រាក់​ដុល្លារ តែ​ជា​ទម្រង់​ឌីជីថល ខណៈដែល​តម្លៃ​របស់​វា ស្មើនឹង​តម្លៃ​នៃ​ក្រដាសប្រាក់​ដុល្លារ និង​ប្រាក់​កាក់ ព្រោះថា វា​សុទ្ធតែជា​ប្រាក់​ដុល្លារ​អាមេរិក។

    យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​សវនកម្ម PwC ធនាគារកណ្ដាល​របស់​សហរដ្ឋ​​អាមេរិក (FED) បានចាប់ផ្ដើម​សិក្សា​អំពី​រូបិយវត្ថុ​ដុល្លារ​ទម្រង់​ឌីជីថល តាំងពី​ឆ្នាំ2018 ប៉ុន្តែ​ការសិក្សា​នេះ ដំណើរការ​យឺត​ជាង បើ​ធៀប​នឹង​ធនាគារជាតិ​មួយចំនួន នៅលើ​ពិភពលោក៕

    ប្រភព៖ Axios, VOA
    ប្រែ​សម្រួល៖ បុត្រា

  • Pacquiao ឡើងសង្វៀនវិញ ប៉ះជើងខ្លាំង ហើយកម្លាំងពេញទៀត

    Pacquiao ឡើងសង្វៀនវិញ ប៉ះជើងខ្លាំង ហើយកម្លាំងពេញទៀត

    នៅ​ថ្ងៃ​ទី​12​​ ខែ​សីហា​ ឆ្នាំ​2021​ ខាង​មុខ​នេះ​ នៅលើសង្វៀនប្រដាល់នាទីក្រុង​ Las Vegas ​សហ​រដ្ឋ​អាមេរិក កីឡាករប្រដាល់លំដាប់ពិភពលោករបស់ហ្វ៊ីលីពីន Manny Pacquiao គ្រោងនឹងឡើងប្រកួតសាជាថ្មី ដោយនឹងប៉ះជាមួយសិស្សប្អូន ​Errol Spence Jr ដែលមានវ័យខុសគ្នាដល់ទៅ 11ឆ្នាំ។

    ទោះជាមានវ័យក្មេង ក៏ពិតមែន ប៉ុន្តែ Errol Spence Jr សញ្ជាតិអាមេរិកាំង មានកំណត់ត្រា មិនធម្មតាឡើយ ដែលក្នុងនោះ ធ្លាប់ប្រកួតមក 27លើក ឈ្នះទាំងអស់ ហើយផ្តួលដៃគូឱ្យសន្លប់ រហូតដល់ទៅ 21លើក។ មិនតែប៉ុណ្ណោះ គេធ្លាប់លេងកីឡាប្រដាល់នេះ តំណាងឱ្យសហរដ្ឋអាមេរិក ក្នុងនាមជាជម្រើសជាតិ ដោយធ្លាប់ឈ្នះមេដាយមាសចំនួន5 និងមេដាយប្រាក់1 ទៀតផង ឃើញថា ពិតជាមិនធម្មតាឡើយ។​

    គួរឱ្យដឹងដែរថា Manny Pacquiao បានប្រកាស ចូលនិវត្តន៍ 3លើករួចមកហើយ តែ នៅតែមិនបានសម្រេច ដោយតែងតែវិលត្រឡប់មកសង្វៀនវិញ ក្រោយពីមានការផ្គូផ្គងឱ្យប៉ះកីឡាករល្បីៗ ដែលអាចរកចំណូលបានរាប់សិបលានដុល្លារ៕

  • រឿងដែលនារីវៃឆ្លាត ត្រូវតែដឹង(ពាក់ព័ន្ធនឹងបុរស) ថា…

    រឿងដែលនារីវៃឆ្លាត ត្រូវតែដឹង(ពាក់ព័ន្ធនឹងបុរស) ថា…

    នារីវៃឆ្លាតរឿងស្នេហា ត្រូវតែស្គាល់ពីបុរសក្នុងច្រើនទស្សនៈ តែដែលត្រូវស្គាល់ឱ្យច្បាស់បំផុតនោះគឺ ចិត្តរបស់យើង(នារីៗ)ខ្លួនឯង ស្គាល់ពីសក្តានុពល និងគុណតម្លៃរបស់ខ្លួនឯងឱ្យច្បាស់ ដឹងថាគួរលះបង់ចិត្តរបស់ខ្លួនឯងប៉ុនណា? និងសមល្មមបានទទួលក្តីស្នេហាមកវិញប៉ុនណា?… ថ្ងៃនេះ ឡារ៉ែនមានគន្លឹះល្អៗផ្សេងៗ ដែលនារីៗយើង គួរតែដឹង មកជម្រាបជូន។

    1. ដឹងថា…ត្រូវស្គាល់ពីគុណតម្លៃរបស់ខ្លួនឯង
    នៅពេលមានគូស្នេហ៍ ត្រូវចេះកែសម្រួល ជាពិសេសបំផុត លើផ្នែកដែលធ្វើឱ្យជីវិតគូ របស់អ្នកមានសេចក្តីសុខ។ បើអ្នកផ្លាស់ប្តូរគ្រប់យ៉ាងអស់រលីង ក្លាយជានារីម្នាក់ផ្សេងទៀត ដែលគេ(គូស្នេហ៍)លែងស៊ាំធ្លាប់ជាមួយ គេក៏នឹងអស់ចំណាប់អារម្មណ៍បន្តិចម្តងៗអំពីរូបអ្នក ដូច្នេះអ្នកគ្រូ ឆវី ចង់ប្រាប់ថា បើយើងមើលមិនឃើញពីគុណតម្លៃរបស់ខ្លួនឯងផង តើអ្នកណានឹងមើលឃើញគុណតម្លៃរបស់យើង?។

    2. ដឹងថា…សិច មិនមែនជារឿងងាយ និងចេះតែធ្វើបាននោះទេ
    មិនថាអ្នកលង់ស្នេហ៍គេប៉ុនណា មិនថាសម្ព័ន្ធភាព នឹងដំណើរការតទៅមុខទៀតយ៉ាងណាក៏ដោយ តែកុំភ្លេចថា មនុស្សប្លែកមុខ គឺនៅតែជាមនុស្សប្លែកមុខដដែលហ្នឹង ទោះជាប្រវត្តិផ្ទាល់ខ្លួនរបស់គេ ល្អល្អះយ៉ាងណាក៏ដោយ តែអ្វីដែលច្បាស់ប្រាកដនោះគឺ អ្នកគ្មានឱកាសបានដឹងថា តើគេមានជំងឺឆ្លងខាងផ្លូវភេទ ឬក៏អត់នោះទេ។ ដូច្នេះ អ្នកគ្រូ ឆវី ចង់ប្រាប់ថា មិនចាំបាច់ដល់ថ្នាក់ ត្រូវតែមានអីៗជាមួយគេនោះទេ បើអ្នកនៅមិនទាន់បានត្រៀមខ្លួន ហើយសំខាន់បំផុតគឺ យើងត្រូវតែចេះស្រឡាញ់មនុស្សប្រុស ដោយមិនចាំបាច់មានសិច ឱ្យបាន។

    3. ដឹងថា…បុរសដ៏សែនល្អ មិនចាំបាច់ត្រូវតែរូបសង្ហានោះទេ
    បើបុរសម្នាក់នោះ ធ្វើឱ្យអ្នកមានសេចក្តីសុខ កក់ក្តៅ សើចសប្បាយ មានចំណង់ចំណូលចិត្តដូចគ្នាច្រើនយ៉ាង និងថែមទាំងឆ្លាតវាងវៃទៀតផង តែ រូបរាង បែរជាមិនសង្ហាសោះនោះ សូមនារីៗយើងទាំងឡាយ សាកល្បងទៅដើរសង្កេតមើលតាមហាងផ្សារទំនើបចុះ បុរសដែលមកទិញទំនិញជាមួយក្រុមគ្រួសារ ឬលេងជាមួយកូនៗនៅតាមឆ្នេរសមុទ្រ សួរថា តើ Family men ទាំងនោះ មានរូបសង្ហា ស្អាតដូចតារាបង្ហាញម៉ូដដែរឬទេ? តែផ្ទុយទៅវិញ គឺគេ(បុរសម្នាក់ខាងដើម)ហ្នឹងឯង ដែលស័ក្តិសម ធ្វើជាមេគ្រួសារដ៏ល្អរបស់អ្នក។

    4. ដឹងថា…ការងារផ្ទះ មិនមែនសម្រាប់តែនារីៗទេ
    សម្ព័ន្ធភាពនឹងយូរអង្វែងបាន ត្រូវតែអាស្រ័យលើមនុស្ស 2នាក់ មានតួនាទីរួមគ្នា បច្ចុប្បន្នស្រ្តី មិនត្រូវបានកំណត់ឱ្យធ្វើការ នៅតែក្នុងផ្ទះនោះទេ ត្រូវដឹងពីវិធីបែងចែកការងារក្នុងផ្ទះ ឱ្យរួមគ្នាធ្វើបានទាំង 2នាក់ ដោយមិនខូចអារម្មណ៍ ហើយម្យ៉ាងទៀតបុរសដែលចេះធ្វើការងារផ្ទះ គឺជាបុរសដែលសិចស៊ី និងគួរឱ្យស្រឡាញ់បំផុត។

    5. ដឹងថា…គូស្នេហ៍ មិនមែនជាអ្នកបម្រើទេ
    ការពិតទៅ បុរសដែលមានភាពទទួលខុសត្រូវខ្ពស់ គេនឹងមិនចូលចិត្តនារីដែលទន់ជ្រាយ និងជាអ្នកចុះញ៉មគេរហូត ឬខ្លាចចិត្តអ្នកដទៃ រហូតមិនចេះបដិសេធអ្នកណាសោះនោះទេ។ យើងត្រូវចេះបដិសេធ និងឆ្លើយតបទៅវិញខ្លះ។ ការបដិសេធចំណុចទាមទាររបស់អ្នកដទៃខ្លះ វាមិនមែនជារឿងអាក្រក់នោះទេ តែជាការបង្ហាញពីឆន្ទៈរបស់យើង៕

  • ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះ ឱ្យគួរចង់ស្នាក់នៅ មានបច្ច័យច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ ​ត្រួសៗដូចខាងក្រោមនេះ…៖

    1. សុវត្ថិភាព
    ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណា ដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនធ្វើឱ្យសឹករេចរឹលកម្រាលឥដ្ឋ ឬធ្វើឱ្យកាំជណ្តើររលោងជ្រុលពេក រហូតអាចបណ្តាលឱ្យក្មេងៗដើររអឹលដួល រួមទាំងការបំពាក់ឧបករណ៍គ្រឿង​អគ្គិសនី និងខ្សែភ្លើង ឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។

    2. ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត
    រៀបចំឱ្យមានខ្យល់អាកាសបក់ចេញ-ចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាត
    ជាប់ជានិច្ចផង។

    3. ងាយស្រួលក្នុងការប្រើប្រាស់
    ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ ​និងទុកដាក់របស់របរ ​ឱ្យត្រូវ​តាម​កន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។

    4. ភាពស្រួល សប្បាយ
    រៀបចំផ្ទះ ឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបំភាយកម្ដៅចេញពីខាងក្នុងផ្ទះ និងឱ្យខ្យល់អាកាស បក់ចេញ-ចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះ ដែលនឹងធ្វើឱ្យយើងសប្បាយរីករាយចិត្តបានផង។

    5. មានរបៀបរៀបរយ និងស្រស់ស្អាត
    របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតខាងក្នុងផ្ទះ បាត់បង់អស់ ហើយជាពិសេសរឿងពណ៌ ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ។ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗ មកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។

    6. សន្សំសំចៃ
    ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់​របរដែលចង់ទិញ យកមកតុបតែងផង តាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់ មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មី ឱ្យ​ស្អាតមកដាក់តាំងលម្អឡើងវិញជាដើម៕

  • Floyd ថា ខ្លួនវាយអស់ពីសមត្ថភាពពិតមែន ក្នុងជំនួបជាមួយ Logan Paul

    Floyd ថា ខ្លួនវាយអស់ពីសមត្ថភាពពិតមែន ក្នុងជំនួបជាមួយ Logan Paul

    កាលពីពេលកន្លងទៅនេះ Floyd Mayweather កំពូលអ្នកប្រដាល់អាមេរិកាំង កម្រិតលេខ1 លំដាប់ពិភពលោក ដែលមិនធ្លាប់ចាញ់ទាល់តែសោះនោះ បានប្រកួតស្មើជាមួយនឹង Logan Paul តារាយូធូប ដែលស្ទើរតែគ្មានបទពិសោធអ្វីទាល់តែសោះ ក្នុងវិស័យប្រដាល់នេះ។

    ក្រោយការស្មើគ្នានេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង ទាំងអ្នកជំនាញកីឡាប្រដាល់ដែលនាំគ្នាគិតថា នេះគឺជាការប្រកួត ដើម្បីរកលុយ កុំឱ្យស្ងាត់ពេករបស់ Floyd Mayweather និងដើម្បីបង្កើនប្រជាប្រិយភាពរបស់ Logan Paul តែប៉ុណ្ណោះ។​

    ក្រោយពីទទួលដំណឹងនេះ Floyd Mayweather បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ដោយបញ្ជាក់ថា ការប្រកួតនោះ គឺគេបានវាយអស់ពីសមត្ថភាពមែន មិនមែនជាការរៀបចំទុកទេ ហើយបានបន្ថែមទៀតថា គេនឹងឈប់ឡើងវ៉ៃទៀតហើយ ប្រសិនបើគ្រប់គ្នានៅតែគិតបែបនេះ៕

  • កីឡាករ ManCity 5នាក់ ជាប់ក្នុងជម្រើសល្អបំផុតនៅ Premier League

    កីឡាករ ManCity 5នាក់ ជាប់ក្នុងជម្រើសល្អបំផុតនៅ Premier League

    លីគកំពូលអង់គ្លេស ​​English Premier League បានបញ្ចប់ហើយ សម្រាប់រដូវកាល 2020- 2021 របស់ខ្លួន ដោយក្រុម ​ManCity បានទទួលជើងឯក ខណៈដែល ManU ជាជើងឯករង ក្រោយប្រកួតគ្នានៅលើវាលស្មើនៃទីលានបាល់ទាត់ទូទាំងប្រទេសអង់គ្លេស អស់រយៈពេល 48សប្តាហ៍​រួចមក។

    កាលពីពេលថ្មីៗនេះ Premier League បានបញ្ចេញសមាសភាពកីឡាករជម្រើស 11នាក់ល្អបំផុត របស់ខ្លួន ដោយមានមកពីក្លិបជើងឯក Manchester City ចំនួនច្រើនជាងគេ ដល់ទៅ 5រូប (De Bruyne, Cancelo, Stones, Dias និង Gundogan) ក្លិបជើងឯករង​ ManU 3រូប (Shaw, Fernandes, Salah)។

    ចំពោះក្លិប Tottenham Hotspur ក៏មាន 2រូបដែរ ក្នុងនោះម្នាក់ជាជនជាតិអាស៊ី (Min Son និង Harry Kane)។ ចំណែកឯ Leicester City មានម្នាក់ គឺជាអ្នកចាំទី Henderson៕

  • Floyd៖ ប្រកួតលើកនេះ ជាប្រកួត ដែលរកលុយ បានតិចបំផុត

    Floyd៖ ប្រកួតលើកនេះ ជាប្រកួត ដែលរកលុយ បានតិចបំផុត

    កីឡាករប្រដាល់អាជីព Floyd Mayweather បានបញ្ចប់ការប្រកួតហើយ ជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃត្រង់ នៃថ្ងៃទី7 ខែមិថុនា ឆ្នាំ2021នេះ ដោយកម្មវិធីប្រដាល់ដែលមិនសូវមានអ្នកចាប់អារម្មណ៍នេះ បានធ្វើឡើងក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដែលបានលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ តម្លៃ 50ដុល្លារ និងលក់សិទ្ធិផ្សាយបន្តផ្ទាល់ឱ្យស្ថានីយទូរទស្សន៍ធំៗ នៅជុំវិញពិភពលោក បានប្រមាណតែជាង 200លានដុល្លារប៉ុណ្ណោះ។

    បើគិតពីចំណូលសរុបនេះ គឺគេបានបែងចែកទៅឱ្យខាងអ្នករៀបចំកម្មវិធី និងការផ្សព្វផ្សាយនានា មួយចំណែក។ ខណៈដែលជាង 30ភាគរយទៀត ត្រូវបានគេដឹងថា សម្រាប់កីឡាករទាំង 2រូបនេះ។ ដោយក្នុងនោះ Floyd ត្រូវបានគេប៉ាន់ប្រមាណថា បើកលុយបានប្រហែល 60លានដុល្លារ ព្រោះគេជាតួឯកក្នុងការប្រកួតនេះ។ ចំណែកឯ តារាយូធូបដ៏ល្បីល្បាញ Logan Paul គឺបានប្រហែលជាជាង ២០លានដុល្លារ។

    គួរឱ្យដឹងដែរថា Floyd Mayweather ជាធម្មតា ក្នុង 1ប្រកួត គឺគេអាចរកលុយបានយ៉ាងហោចណាស់ក៏ប្រហែលជា 100លានដុល្លារដែរ។ ខណៈដែលប្រកួតលើកនេះ ត្រូវបានចាត់ទុកថា ជាប្រកួត ដែលគេរកលុយបានតិចជាងគេបំផុត តាំងពីគេមានកេរ្តិ៍ឈ្មោះល្បីល្បាញមក៕

  • PSG ហាក់ស្រពេចស្រពិលនៅឡើយចំពោះ ​Mbappe

    PSG ហាក់ស្រពេចស្រពិលនៅឡើយចំពោះ ​Mbappe

    ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែហាក់ខ្វល់ខ្វាយ អំពីអនាគតរបស់ខ្លួនឯងខ្លាំង ដោយសារតែក្លិបរបស់គេ Paris Saint Germain មិនទាន់បានចរចា ដើម្បីបន្តកុងត្រាថ្មីជាមួយរូបគេនៅឡើយ ខណៈដែលកុងត្រានៅសល់មិនដល់ 1រដូវកាលទៀតផង។

    បើនិយាយអំពីកីឡាករវ័យក្មេងរូបនេះ វាហាក់មិនបញ្ហាឡើយ សម្រាប់សមត្ថភាពរបស់គេ ក្នុងការទៅលេងនៅក្លិបល្បីៗលំដាប់ពិភពលោកណាមួយក៏បាន។ ក៏ប៉ុន្តែ គេគ្រាន់តែមិនទាន់ច្បាស់លាស៉អំពីអនាគត ឬគោលដៅបន្ទាប់តែប៉ុណ្ណោះ ពីព្រោះកីឡាករម្នាក់ៗត្រូវការយកបេះដូងមកលេងឱ្យអស់ពីសមត្ថភាព។ ដូចនេះប្រសិនបើត្រូវចេញ ឬនៅយ៉ាងណា យ៉ាងហោចណាស់ ក៏គេបានត្រៀមចិត្តទុកជាមុនខ្លះៗដែរ។

    គួរឱ្យដឹងដែរថា មានក្លិបជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករសញ្ជាតិបារាំងរូបនេះ តែសាមីក្លិបរបស់គេហាក់ធ្វើឱ្យក្លិបផ្សេងៗទាំងនោះខ្លាចរអា មិនហ៊ានសួរនាំ ព្រោះខ្លាចត្រូវបដិសេធថា មិនលក់៕