Category: សង្គម និងសេដ្ឋកិច្ច

  • អ្នក​ជីក​ត្បូង​ពេជ្រ​ក្រីក្រ ជាង 3ពាន់​នាក់ នៅ​អាហ្វ្រិក​ខាងត្បូង ហាក់​អស់​សង្ឃឹមថា “នឹង​បាន​ផ្លាស់ប្ដូរ​ជីវភាព”

    អ្នក​ជីក​ត្បូង​ពេជ្រ​ក្រីក្រ ជាង 3ពាន់​នាក់ នៅ​អាហ្វ្រិក​ខាងត្បូង ហាក់​អស់​សង្ឃឹមថា “នឹង​បាន​ផ្លាស់ប្ដូរ​ជីវភាព”

    ប្រជាជន​អាហ្វ្រិក​ខាងត្បូង ជាង 3ពាន់​នាក់ ដែល​បាន និង​កំពុង​នាំគ្នា​ជីក គាស់​ដី ក្នុង​បំណង​ស្វែងរក​ត្បូង​មានតម្លៃ ដោយ​សង្ឃឹមថា នឹង​បាន​ផ្លាស់ប្ដូរ​ជីវភាព​ដោយសារ​ត្បូង​ពេជ្រ ក៏ប៉ុន្តែ ត្បូង​ដែល​ពួកគេ​រកបាន មានតម្លៃ​ទាប​ណាស់។ នេះ​បើតាម Ravi Pillay ដែលជា​សមាជិក​ម្នាក់ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​ទេសចរណ៍ របស់​ខេត្ត KwaZulu-Natal។

    ក្រុមមន្ត្រី​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី20 ខែមិថុនា បានឱ្យដឹងថា មនុស្ស​ពី​គ្រប់ទិសទី​ក្នុងប្រទេស​នេះ បាននាំគ្នា​សម្រុកចូល​មកកាន់​ភូមិ KwaHlathi ដែល​ស្ថិតនៅក្នុង​ខេត្ត KwaZulu-Natal ចាប់ពី​ថ្ងៃទី12 ខែមិថុនា ក្រោយពី​គង្វាល​សត្វ​ម្នាក់ គាស់​បាន​ថ្ម​ចម្លែក ស្រដៀង​នឹង​ត្បូង quartz ដ៏​មានតម្លៃ។

    «ការពិនិត្យ វាយតម្លៃ​នានា បាន​បញ្ជាក់ថា ត្បូង​ទាំងឡាយ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ​នេះ មិនមែនជា​ពេជ្រ ដូចដែល​មនុស្ស​ជាច្រើន​រំពឹងទុក។ តម្លៃ​របស់​វា មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ ប៉ុន្តែ បើ​មាន (តម្លៃ) វា​ក៏​ប្រាកដជា​ទាប​ឆ្ងាយ បើ​ធៀប​នឹង​ត្បូង​ពេជ្រ» Ravi Pillay រៀបរាប់។

    នៅ​តំបន់​ជាច្រើន នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង អត្រា​បាត់បង់​ការងារ និង​ភាពក្រីក្រ ដែលមាន​កម្រិត​ខ្ពស់ ធ្វើឱ្យ​ពលរដ្ឋ​ជួប​ការលំបាក និង​សង្ឃឹមលើ​ការរុករក​ត្បូង​នៅក្នុង​ភូមិ KwaHlathi។

    Ravi Pillay និយាយថា ថ្វីបើ​ពលរដ្ឋ​ដែល​មករក​ត្បូង បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល 500នាក់ ប៉ុន្តែ រណ្ដៅ​ជម្រៅ​រហូតដល់ 1ម៉ែត្រ ដែល​ពួកគេ​បាន​បន្សល់ទុក អាច​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ចិញ្ចឹម។

    Ravi Pillay ក៏មាន​ការព្រួយបារម្ភ​ថា ការដែល​មនុស្ស​ប្រមូលផ្ដុំ​ច្រើន អាច​នាំឱ្យ​ឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ដូច្នេះ អាជ្ញាធរ បាន​ស្នើឱ្យ​គ្រប់គ្នា ប្រញាប់​ចាកចេញ ពុំ​នោះទេ នឹង​អាច​ត្រូវ​ប៉ូលិស​ធ្វើ​អន្តរាគមន៍ បើសិនជា​ចាំបាច់៕

    ប្រភព៖ Guardian
    ប្រែ​សម្រួល៖ បុត្រា

  • Daniel Lee Rose ចាក​ចេញពី Spur ជា​ផ្លូវការ​ហើយ

    Daniel Lee Rose ចាក​ចេញពី Spur ជា​ផ្លូវការ​ហើយ

    ក្លិប​បាល់ទាត់ Watford ដែល​ទើបតែ​ឡើងមក​លេង​នៅ​ក្របខ័ណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League រដូវ​កាល2021-2022 នេះ បានប្រកាស​ព័ត៌មាន អំពី​ការនាំយក​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ម្នាក់ មក​រួម​ក្រុម ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ។

    ខ្សែការពារ Daniel Lee Rose ត្រូវបាន​ក្លិប​ខាងលើ ផ្តល់​កុងត្រា​រយៈពេល 2ឆ្នាំ ក្រោយពី​គេ​ផុត​កុងត្រា​ជាមួយនឹង​ក្លិប Tottenham Hotspurs ភ្លាមៗ (ចុងខែ​ឧសភា​កន្លងទៅ) ដោយ​ការផ្ទេរ​យក​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ គឺ​មិនមាន​តម្លៃ​ខ្លួន​ឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា Rose ជា​កីឡាករ​របស់ Spur តាំងពី​ឆ្នាំ2007 មក និង​ធ្លាប់​ទៅលេង​នៅ​ក្លិប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៀតផង ជាក់ស្ដែង​កីឡាករ​រូបនេះ​ក៏​ធ្លាប់​ទៅលេង​ឱ្យ Watford ម្ដង​រួចមកហើយ​ដែរ កាល​រដូវ​កាល​ឆ្នាំ2007/2009៕

  • Eriksen ប្រកាស នៅតែ​បន្ត​អាជីព ទោះ​មានការ​ព្រមាន​ពី​គ្រូពេទ្យ​ក៏ដោយ

    Eriksen ប្រកាស នៅតែ​បន្ត​អាជីព ទោះ​មានការ​ព្រមាន​ពី​គ្រូពេទ្យ​ក៏ដោយ

    Christian Eriksen ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់ Inter Milan បាន​រួច​ផុតពី​សេចក្តីស្លាប់ ក្រោយពី​ហេតុការណ៍​ដួលសន្លប់​នៅលើ​ទីលាន​ប្រកួត ក្នុងជំនួប​បើកឆាក Euro ពេល​ដា​ណី​ម៉ាក ប៉ះ​ហ្វាំ​ង​ឡង់ ដែល​ធ្វើឱ្យ​ការប្រកួត​ត្រូវបាន​ពន្យារពេល​អស់​ជាច្រើន​ម៉ោង។

    បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ បានឱ្យដឹងថា កីឡាករ​រូបនេះ មាន​បញ្ហា​បេះដូង ហើយ​ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដល់​អាយុជីវិត គេ​គួរតែបញ្ឈប់​អាជីព​នេះ។

    ទោះបីជា​បែបនេះ​ក្តី ក្រោយពី​ភ្ញាក់​ពី​ការសង្គ្រោះ​បន្ទាន់ Christian Eriksen បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា រូបគេ​នឹង​នៅតែ នៅ​ជាមួយ​អ្នកគាំទ្រ​ជានិច្ច ហើយ​គេ​នឹងមិន​បោះបង់​អាជីព​នេះ​ចោល​ត្រឹម​នេះឡើយ៕

  • Leicester ឱ្យ Barcelona 20លាន​ផោន យក Philippe Coutinho ទៅ​អង់គ្លេស​វិញ

    Leicester ឱ្យ Barcelona 20លាន​ផោន យក Philippe Coutinho ទៅ​អង់គ្លេស​វិញ

    ខ្សែបម្រើ Philippe Coutinho របស់​ក្លិប Barcelona កំពុងតែ​រង់ចាំ​ទទួល​ភ្លើង​ខៀវ​ពី​ក្លិប Leicester City ដែល​កំពុងតែ​ឡើង​ជើង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស English Premier League ដើម្បី​បាន​វិលត្រឡប់​ទៅ​អង់គ្លេស​វិញ។

    ក្លិប Leicester City គ្រោង​នឹង​យក​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មកលេង​នៅ English Premier League វិញ ក្រោយពី​កីឡាករ​រូបនេះ ចំណាយពេល​នៅ​ក្លិប Barcelona នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga អស់​ជាង 4រដូវ​កាល​ទៅហើយ តែ​ហាក់ដូចជា​មិន​ទទួលបាន​ជោគជ័យ អ្វី​ជា​ដុំកំភួន​សោះឡើយ។

    គួរ​រំឭក​ដែរ​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មិនបាន​ចូលរួម​លេង​ឱ្យ Barcelona ក្នុង​ឆ្នាំ2021 នេះ​ទេ បន្ទាប់ពី​រងរបួស​ជ​ង្គ​ង់​ធ្ងន់ធ្ងរ កាលពី​ខែធ្នូ ចុងឆ្នាំ​កន្លងទៅ ហើយ Barcelona ថែមទាំង​ចង់​លក់​កីឡាករ​រូបនេះ​ចេញ ស្រប​ពេលដែល Leicester ចាប់អារម្មណ៍ និង​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ ដល់​ទៅ  20លាន​ផោន​ទៀតផង៕

  • ជប៉ុន ពាក់​ម៉ាស់ ថ្វាយ​រូបសំណាក​ព្រះ​ពោធិសត្វ កម្ពស់​ជិត 60ម៉ែត្រ

    ជប៉ុន ពាក់​ម៉ាស់ ថ្វាយ​រូបសំណាក​ព្រះ​ពោធិសត្វ កម្ពស់​ជិត 60ម៉ែត្រ

    ក្រុមកម្មករ​នៅ​ប្រទេស ជប៉ុន ត្រូវបាន​គេ​បង្គាប់​ឱ្យ​ពាក់​ម៉ាស ថ្វាយ​ដល់​រូបសំណាក​ព្រះ​ពោធិសត្វ (bodhisattva) ដ៏​ធំ​មួយអង្គ នៅក្នុង​ខេត្ត Fukushima ក្នុង​បំណង​បួងសួង​សូមឱ្យ​មហា​ជំងឺ​រាតត្បាត Covid-19 ឆាប់​ត្រូវ​បានបញ្ចប់។

    កាលពី​ថ្ងៃទី15 ខែមិថុនា កម្មករ​ចំនួន 4នាក់ បាន​ចំណាយពេល 3ម៉ោង ដើម្បី​យក​ខ្សែពួរ ទាញ​ម៉ាស់​ដ៏​ធំ​មួយ ឡើងទៅ​កាន់​ផ្នែក​ខាងលើ​នៃ​រូបសំណាក​ព្រះ​ពោធិសត្វ កម្ពស់ 57ម៉ែត្រ ដែល​ស្ថិតនៅ​បរិវេណ​វិហារ Houkokuji Aizu Betsuin នៃ​ខេត្ត Fukushima ប្រទេស ជប៉ុន។

    ម៉ាស់​ដ៏​ធំ ដែល​ត្រូវបាន​ធ្វើឡើង​អំពី​ក្រណាត់​សំណាញ់​ពណ៌​ផ្កាឈូក​នេះ មាន​បណ្ដោយ 5.3ម៉ែត្រ, ទទឹង 4.1ម៉ែត្រ និង​ទម្ងន់ 35គីឡូក្រាម។ ក្រុមកម្មករ បាន​អូស​ម៉ាស់​នេះ​ឡើង និង​បាន​ពាក់​ជិត​ច្រមុះ និង​មាត់​របស់​រូបសំណាក។

    Takaomi Horigane ដែលជា​អ្នកគ្រប់គ្រង​វិហារ Houkokuji Aizu Betsuin ឱ្យដឹងថា រូបសំណាក​ព្រះ​ពោធិសត្វ​នេះ នឹង​ពាក់​ម៉ាស់ រហូតដល់​ស្ថានភាព Covid-19 នៅ​ប្រទេស ជប៉ុន ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង។

    រូបសំណាក​នេះ ត្រូវបាន​កសាង​កាលពី 33ឆ្នាំមុន ជាមួយនឹង​ផ្នែក​ដង​ព្រះកាយ​ត្រូវបាន​ធ្វើឡើង​អំពី​ឈើ និង​មាន​ជណ្ដើរ​រាងគូទខ្យង ដែល​អនុញ្ញាតឱ្យ​គ្រប់គ្នា អាច​ឡើង​ទៅដល់​ផ្នែក​ស្មា​របស់​រូបសំណាក។ ពលរដ្ឋ​ដែល​បានមក​កាន់​វិហារ​ខាងលើនេះ ភាគច្រើន​បួងសួង​សុំ​សំណាងល្អ និង​សេចក្ដីសុខ​ដល់​ទារក​ក្នុង​ផ្ទៃ ក៏ដូចជា​ការឆ្លង​ទន្លេ​ប្រកបដោយ​សុវត្ថិភាព៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • តើបុរសៗយើងដឹង​ទេ ហេតុ​អី​បានប្រុសៗចាំបាច់​ត្រូវ​ប្រើតែ​ផលិតផល​ថែបំប៉ន​ស្បែកសម្រាប់​បុរស?

    តើបុរសៗយើងដឹង​ទេ ហេតុ​អី​បានប្រុសៗចាំបាច់​ត្រូវ​ប្រើតែ​ផលិតផល​ថែបំប៉ន​ស្បែកសម្រាប់​បុរស?

    កាលពី​សម័យមុន ការមើល​ថែទាំ​ស្បែក​សម្រាប់កំលោះៗ មិនមែនជា​រឿង​សំខាន់​ឡើយ នៅក្នុង​បន្ទប់ទឹក​របស់​បុរស​ខ្លះ មានតែ​សាប៊ូ 1ដុំ​សម្រាប់​ដុស​ខ្លួន និង​មុខតែ​ប៉ុណ្ណោះ តែមាន​អ្នកខ្លះ អាច​ខ្ចី​គ្រី​ម​ថូន​នើ​រ៍ ឬ​ហ្វូ​ម​លាងមុខ របស់​ប្រពន្ធ​មក​ប្រើ ក៏មានដែរ។ តែ​បច្ចុប្បន្ននេះ មាន​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស​ចេញមក​ជាច្រើន ហើយ​បុរស​ជាច្រើន ក៏​ងាក​មកប្រើប្រាស់​ផលិតផល​ទាំងអស់​នោះដែរ តែ ក៏​នៅតែមាន​អ្នកខ្លះ នៅ​សង្ស័យ​ដែរ​ថា តើ​ហេតុ​អី បាន​មនុស្ស​ប្រុស ប្រើ​ហ្វូ​ម​លាងមុខ ឬ​គ្រី​ម​ថែបំប៉ន​ស្បែក​របស់​មនុស្ស​ស្រី​មិនបាន?  ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ ព្រមទាំង​មាន​ហេតុផល​មួយចំនួន​ថា តើ​ហេតុ​អី​បាន​បុរស គួរតែ​ប្រើ​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស មក​ជម្រាបជូន ដើម្បីឱ្យ​បាត់​ឆ្ងល់​ដូចខាងក្រោម៖

    1. ដោយសារតែ​អ័រម៉ូន​របស់​មនុស្ស​ភេទ​ប្រុស​ហ្នឹងឯង

    អ្នកណាៗក៏​ដឹង​ដែរ​ថា យើង​មាន​ស្បែក​ខ្លាញ់ ខ្លាំង​ជាង​មនុស្ស​ស្រី ជាពិសេស​នៅលើ​ផ្ទៃមុខ នោះ​គឺ ដោយសារតែ​អ័រម៉ូន​ថេ​ស​ថូ​ស្ទើ​រ៉ូ​ន ឬ​អ័​រម៉ូ​ន​ភេទ​ប្រុស​ហ្នឹងឯង ដែល​អ័រម៉ូន​មួយ​នេះ នឹង​បង្កើន​ភាព​ខ្លាញ់​នៅលើ​ផ្ទៃមុខ និង​បង្កើត​បញ្ហា​ផ្សេងទៀត​តាម​មកជា​ច្រើន ដូច្នេះហើយ​ទើប​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ច្រើន​តែមាន​ចំណែក​ផ្សំ ដែល​ខុស​ផ្លែ​ក​ពី​របស់នារីៗ ជាពិសេស​ហ្វូ​ម​លាងមុខ ដែល​ក្រៅតែពី​អាច​សម្អាត បាន​យ៉ាង​ជ្រៅជ្រះ​ហើយ ម៉​យស៍​ជើ​រ៉ៃ​ហ្ស៊ើ ក៏មាន​តិចជាង​ដែរ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​មូលហេតុ​របស់​ភាព​ឡើង​ខ្លាញ់​លើ​ផ្ទៃមុខ បាន​យ៉ាង​ល្អ។

    2. បុរស មាន​ស្រទាប់​ស្បែក​ក្រាស់​ជាង ទើប​ការមើល​ថែទាំ មិន​ដូចគ្នា

    ជាទូទៅ ស្បែក​របស់​មនុស្ស​ប្រុស ច្រើនតែ​ក្រាស់​ជាង​របស់​មនុស្ស​ស្រី ប្រមាណ​ជា 20 – 30ភាគរយ ដែល​អាច​និយាយបានថា នេះ​ជា​ចំណុច​មានប្រៀប ព្រោះ​ស្បែក​របស់​បុរស អាច​ធន់​នឹង​ការបំផ្លាញ​ពី​ពន្លឺ​ថ្ងៃ​បាន​ខ្លាំង​ជាង រួមទាំង​អាច​រក្សា​សំណើម​បានល្អ​ជាង​ទៀតផង តែ​ទាំងអស់នេះ ក៏​មិនមែន​បានន័យថា អ្នក​មិនចាំបាច់​ត្រូវ​មើលថែទាំ​ស្បែក​ដែរ ផ្ទុយទៅវិញ អ្នក​ចាំបាច់​ត្រូវ​ជ្រើសរើស​ផ​លឹ​ត​ផល​បំប៉ន​ស្បែក ដែល​ផ​លឹ​ត​ឡើង​សម្រាប់​បុរស​ជាពិសេស ដែល​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ បាន​យ៉ាង​ស័ក្តិសម​ទៀតផង។

    3. ជីវិត​កណ្តាល​ថ្ងៃ ដ៏​សែន​ធ្ងន់ធ្ងរ

    បុរស​ជាច្រើន អាច​ប្រើប្រាស់​ពេលវេលា នៅ​កណ្តាល​ថ្ងៃ​បែប​ពេញទំហឹង មិន​ថា​ដោយសារតែ​អាជីព​ការងារ ដែល​ត្រូវ​ទទួលខុសត្រូវ ការលេង​កីឡា​កណ្តាល​ថ្ងៃ ឬ​ការងារ​ខ្លះ ដូចជា​រៀបចំ​សួនច្បារ ជម្រះ​ស្មៅ​ជាដើម ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើឱ្យ​ស្បែក ត្រូវ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ និង​បរិយាកាស​ជុំវិញ ដែល​អាច​បំផ្លាញ​ស្បែក​យើង​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះហើយ ទើប​គ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ និង​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ក្លាយជា​វត្ថុ​ចាំបាច់​មួយ ព្រោះ​វា​ផ្តល់នូវ​ការការពារ​ស្បែក​របស់​អ្នក បាន​យ៉ាង​ពេញទំហឹង។

    4. កោរពុកមាត់ ក៏​ជាការ​បំផ្លាញ​ស្បែក មិន​ស្ទើរ​ដែរ

    អ្វី​ដែលជា​គូ​គ្នា ជាមួយ​ផ្ទៃមុខ​របស់​បណ្តាបុរសៗយើង​នោះ គឺ​ពុកមាត់​ហ្នឹងឯង  តែបើ​សិន​អ្នក​ចាំបាច់​ត្រូវតែ​កោរពុកមាត់​រាល់ថ្ងៃ​នោះ ធានាថា ច្បាស់​ជាមាន​បញ្ហាផ្សេងៗកើតឡើង​ច្រើន​មិន​ខាន ទាំង​អាការ​ក្រហាយ​ផ្សា ស្បែក​ឡើង​កន្ទួល ស្បែក​ស្ងួត​នៅត្រង់​កន្លែង​កោរ និង​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ មុននឹង​កើតឡើង​យ៉ាងពិត​ប្រាកដ។ អ្នក​គួរ​មើលថែទាំ​ស្បែក ដោយ​គ្រី​មផ្សេងៗ ដែល​សម្រាប់​ប្រើ​ក្រោយពេល​កោរពុកមាត់​ហើយ​ផង ដោយសារ​ផលិតផល​ទាំងនោះ នឹង​ជួយ​ថែរក្សា​ស្ថានភាព​ស្បែក ក្រោយពេល​កោរពុកមាត់​រួច កាត់បន្ថយ​ការ​ក្រហាយ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។

    5. ការ​វេច​ខ្ចប់ ដែល​ច្នៃ​ម៉ូដ​ឡើង​សម្រាប់​បុរស

    ផលិតផល​ថែបំប៉ន​ស្បែក​ប្រភេទ​ខ្លះ​សម្រាប់​បុរស មានគុណ​សម្បត្តិ និង​សារធាតុ​ផ្សំ ដូចគ្នា​នឹង​របស់​ស្ត្រី​គ្រប់ប្រការ តែ​បើសិនជា​វា​ត្រូវ​ផ្ទុក​នៅក្នុង​ដប​រូប​បេះដូង ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់​នោះ ធានាថា បុរសៗប្រហែលជា​មិន​ទិញយក​ទៅប្រើ​ជាដាច់ខាត ដូច្នេះហើយ​ទើប​អ្នក​ផលិត បាន​ច្នៃ​ម៉ូដ​រូបរាង​របស់​ផលិតផល ឱ្យ​មើលទៅ​រាង​ស្អាត​សង្ហា ឡូយ​បន្តិច ព្រមទាំង​បញ្ជាក់ថា ជា​ផលិតផល​សម្រាប់តែ​បុរស ដើម្បីឱ្យ​លោកអ្នក​អាច​ទិញ​ប្រើ​បាន​យ៉ាង​ងាយស្រួល និង​ហ៊ាន​ប្រើប្រាស់​វា រៀងរាល់ថ្ងៃ ដោយ​មិន​អៀនស្រីៗហ្នឹងឯង។

    សង្ឃឹមថា ចំណុច​ណែនាំ​ទាំងអស់ ដែល​ឡា​រ៉ែ​ន បាន​ជម្រាបជូន​ខាងលើនេះ ប្រហែលជា​ល្មម អាចឱ្យបុរសៗយើង ចាប់ផ្តើម​យល់​ហើយ​ថា តើ​ហេតុ​អី​បាន​យើង មិនអាច​ប្រើ​ផលិតផល​ខ្លះ រួមជាមួយនារីៗបាន តែ​យើង​អាច​ជ្រើសរើស​ប្រើ​ផលិតផល ដែល​ធ្វើឡើង​សម្រាប់តែ​បុរស និង​ត្រូវ​ប្រើ​ជាប់​ជាប្រចាំ​ទៀតផង ដើម្បី​ធានាថា ភាពស្រស់​សង្ហា​ឡូយ ច្បាស់​ជា​នៅ​ជាមួយបុរសៗយើង យូរ​តទៅទៀត​មិន​ខាន៕

  • សំណួរ-ចម្លើយ ដែលបងៗស្ត្រី​មេផ្ទះ ត្រូវតែ​អាន…(ហើយ​កុំ​ភ្លេច​ប្រាប់ តៗគ្នា​ផង)

    សំណួរ-ចម្លើយ ដែលបងៗស្ត្រី​មេផ្ទះ ត្រូវតែ​អាន…(ហើយ​កុំ​ភ្លេច​ប្រាប់ តៗគ្នា​ផង)

    1. តើ​ស៊ុត​ស​ឆៅ អាច​ព្យាបាល​របួស ដោយសារ​ការ​រលាក​ទឹក​ក្តៅ បាន​មែនឬ?
    2. មែន! យក​ស៊ុត​ស​ឆៅ មក​លាប​លើ​កន្លែង ដែល​រលាក​ទឹក​ក្តៅ​ឱ្យ​សព្វ រួច​ទុកចោល រហូតដល់​វា​ស្ងួត​ដោយ​ខ្លួនឯង ហើយ​ទុកចោល​មួយសន្ទុះ​ធំ​ទៀត សឹម​លាង​ចេញ។ កន្លែង​រលាក​នោះ នឹង​គ្មាន​ស្នាម​ក្រហម ឬ​ពងបែក​ឡើយ តែ​ចំណុច​សំខាន់​គឺ មុន​លាប​ស៊ុត​ស ចូរ​កុំឱ្យ​កន្លែង​រលាក​នោះ ប៉ះ​ទឹក​ត្រជាក់ ឬ​របស់​អ្វី​ផ្សេង​ឱ្យសោះ និង​កុំ​កេះ ឬ​អេះ ពេលដែល​វា​ជិត​ស្ងួត ព្រោះ​នឹង​ធ្វើឱ្យ​របកស្បែក។
    3. តើ​ប្រេងកូឡា អាច​កំចាត់​ស្នាម​ស្ករ​កៅស៊ូ ដែល​ប្រឡាក់​ជាប់​ក្រណាត់ បាន​មែនឬ?
    4. មែន! អាច​សម្អាត​បាន ដោយ​ការយក​ប្រេងកូឡា មក​ដុស​ចុះឡើង​ត្រង់​កន្លែង ដែល​ប្រឡាក់​ស្នាមស្អិតៗរបស់​ស្ករ​កៅស៊ូ មិនយូរប៉ុន្មាន​ជ័រ​ស្ករ​កៅស៊ូ នឹង​របូត​ជ្រុះ​ចេញ​អស់ ហើយ​អាច​យកទៅ​បោកគក់​សម្អាត​ដូច​ធម្មតា​បាន។
    5. ដាក់​បំពង់​បឺត​ចូលក្នុង​ដប​ទឹក​ប៉េងប៉ោះ នឹងធ្វើ​ឱ្យ​ទឹក​ប៉េងប៉ោះ​នោះ ហូរ​ចេញ​ស្រួល​មែនឬ?
    6. មែន! ការដាក់​បំពង់​បឺត ចូលទៅ​ឱ្យដល់​បាត​ដប នឹងធ្វើ​ឱ្យមាន​ខ្យល់​ចូល​ទៅដល់​ក្នុង​ដប​បាន ហើយ​ពេល​ចាក់ ទឹក​ប៉េងប៉ោះ​នឹង​ហូរ​ចេញមក​យ៉ាង​ងាយស្រួល។
    7. យក​ស្រោមជើង​បា​រ៍ ដាក់​ត្រាំ​ក្នុង​ទឹកអំបិល នឹង​ធ្វើឱ្យ​ស្រោមជើង​បា​រ៍ មិន​ងាយ​រហែក​មែនឬ?
    8. មែន! យក​ទឹកអំបិល 2ពែង លាយ​ជាមួយ​ទឹក 1ធុង ដាក់​ត្រាំ​ស្រោមជើង​បា​រ៍ ដែល​ទើប​ទិញ​មក​ថ្មី រយ:ពេល 3ម៉ោងហើយ​លាង​ចេញ​ដោយ​ទឹកស្អាត រួច​យកទៅដាក់​ហាល ឱ្យ​ស្រក់​ទឹក​អស់ រហូត​ស្ងួត នឹង​ធ្វើឱ្យ​ស្រោមជើង​បា​រ៍​នោះ ស្ថិតក្នុង​សភាព​ល្អ​ដដែល ហើយ​ស្វិត​ជាប់​បានយូរ មិន​ងាយ​រហែក​ទៀតផង។
    9. មើមដំឡូង​បារាំង អាច​បំបាត់​ក្លិន​ខ្ទឹមក្រហម ធុំ​ជាប់ដៃ បាន​មែនឬ?
    10. មិន​ពិត​ទេ! មើម​ឡូង​បារាំង​ទៅវិញ​ទេ ដែល​អាច​បំបាត់​ក្លិន​ខ្ទឹមក្រហម ធុំ​ជាប់ដៃ​បាន​នោះ។ យក​មើមដំឡូង​បារាំង​ឆៅ មក​បកសម្បក​ចេញ ហើយ​យកមក​ដុស​លើ​ដៃ ដែលមាន​ធុំក្លិន​ខ្ទឹមក្រហម មួយស្របក់​ក្លិន​មិនគួរ​ឱ្យ​បេតី​នោះ នឹង​រលាយបាត់​អស់មិ​នខា​ន។
    11. ម្ទេស​ក្រៀម អាច​ដេញ​រុយ បាន​មែនឬ?
    12. មែន! ពេល​ហាល​ត្រីប្រឡាក់ ឬ​របស់​អ្វីផ្សេងៗ ច្រើន​តែមាន​សត្វ​រុយ​មក​រោម ចូរ​យក​ផ្លែ​ម្ទេស​ក្រៀម 5 – 6គ្រាប់ មក​សៀត ឬ​ដាក់​ជុំវិញ​កញ្ច្រែង ដែល​ដាក់​របស់​ហាល​នោះ ចំហាយ​ក្តៅ​របស់​ម្ទេស នឹងធ្វើ​ឱ្យ​សត្វ​រុយ មិន​ហ៊ាន​ចូលមក​ក្បែរ។
    13. ទឹក​ប៊ីយែ ជួយ​បន្ធូរ​ខ្ចៅ ដែល​រឹត​ជាប់​ណែន ដោយសារ​ច្រែះ បាន​មែនឬ?
    14. ត្រឹមត្រូវ! ចូរ​ចាក់​ស្រោច​ទឹក​ប៊ីយែ ទៅលើ​ខ្ចៅ ដែល​រឹត​ជាប់​ណែន​ដោយសារ​ច្រែះ​នោះ​បន្តិច រង់ចាំ 2 – 3នាទី​ក្រោយ ភាពជាអាស៊ីត​របស់​ទឹក​ប៊ីយែ នឹង​ជួយ​កម្ចាត់​វត្ថុកខ្វក់ៗ និង​កម្ទេច​ច្រែះ​ចេញ ធ្វើឱ្យ​ខ្ចៅ​នោះ កាន់តែ​ងាយស្រួល​មួល​ឡើង៕
  • Giroud អន់ចិត្ត​នឹង Mbappe ដែល​មិន​បោះ​បាល់​ឱ្យគេ​សោះ

    Giroud អន់ចិត្ត​នឹង Mbappe ដែល​មិន​បោះ​បាល់​ឱ្យគេ​សោះ

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​បាន​យកឈ្នះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៊ុល​ការី ដោយ​លទ្ធផល 3ទល់នឹង0 ក្នុងការ​ប្រកួត​មិត្តភាព ដែល​ធ្វើឡើង​នៅលើ​ទឺ​កដី​របស់​បារាំង ។

    ទោះជា​ក្រុម​ដែល​បានទទួល​ជ័យជម្នះ រកបាន​ដល់​ទៅ 3គ្រាប់​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង  Olivier Giroud ហាក់​មិន​ពេញចិត្ត​ប៉ុន្មាន​ឡើយ ចំពោះ​ការលេង​លើក​នេះ ដោយ​គេ​បាន​និយាយ ក្រោយពេល​បញ្ចប់​ការប្រកួត​ថា គេ​លេង​ថ្ងៃនេះ គ្មាន​អ្នក​បោះ​បាល់​ឱ្យសោះ ទោះបីជា​នៅ​តំបន់​ល្អ​ខ្លាំង យ៉ាងណាក៏ដោយ ។

    ការនិយាយ​បែបនេះ ត្រូវបាន​គេ​ដឹងថា Olivier Giroud ចង់​សំដៅ​ដល់ Mbappe ដោយសារតែ​ការប្រកួត​នេះ Mbappe ហាក់​រាង​កំណាញ់​បាល់​បន្តិច។ ចំពោះ Mbappe វិញ ទើបតែ​ចេញមុខ​ថ្លែង​ក្នុង​សន្និសីទ​មួយ ដោយបាន​ឆ្លើយតប​ទៅ​អ្នកសារព័ត៌មាន​ថា គេ​មិន​អន់ចិត្ត​អ្វី​ឡើយ ដោយសារតែ​ពួកគេ​លេង ដើម្បី​ទង់ជាតិ​បារាំង ដូចនេះ​វា​គ្មានអ្វី ដែល​រូបគេ​ត្រូវ​អន់​ចិត្តនឹង​មិត្ត​រួម​ក្រុម​ឡើយ៕

  • អតីត​កីឡាករ​ជម្រើសជាតិ​អាមេរិក បណ្តុះ​កូន​ខ្មែរ​ម្នាក់ រហូតដល់​ជាប់​ជម្រើសជាតិ​អាមេរិក

    អតីត​កីឡាករ​ជម្រើសជាតិ​អាមេរិក បណ្តុះ​កូន​ខ្មែរ​ម្នាក់ រហូតដល់​ជាប់​ជម្រើសជាតិ​អាមេរិក

    Jordan Pisey ជា​កូន​ខ្មែរ​សុទ្ធសាធ រស់នៅ​សហរដ្ឋអាមេរិក មាន​អាយុ 22ឆ្នាំ ទើបតែ​បានជា​ប់​ក្នុង​ប​ញ្ជឺ​កីឡាករ​លោតទឹក នៃ​ក្រុម​ជម្រើសជាតិ​អាមេរិក ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡា​ពិ​ក​ឆ្នាំ2021 ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន ក្រោយពី​គេ​បាន​បំបាក់​កីឡាករ​ឆ្នើម​អាមេរិក​ជាច្រើនរូប នឹង​ឈ្នះ​មេដាយ​ជាច្រើន​ពី​ការប្រកួត​ក្នុងស្រុក។

    ជាមួយ​ទេពកោសល្យ​ល្អ​ខាង​កីឡា​លោតទឹក​នេះ Jordan Pisey ត្រូវបាន​អតីត​កីឡាករ​ជម្រើសជាតិ​អាមេរិក​ម្នាក់ យកទៅ​រស់នៅ នឹង​បង្ហាត់​ជំនាញ​កីឡា​លោតទឹក​នេះ តាំងពី Pisey អាយុ 7ឆ្នាំ ហើយ​នៅពេល​អាយុ​បាន 12ឆ្នាំ  Pisey បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ លើ​វិញ្ញាសា​លោតទឹក​កម្ពស់ 10ម៉ែត្រ ព្រមទាំង​បានឈ្នះ​មេដាយមាស ក្នុង​ការប្រកួត​ថ្នាក់ជាតិ​នៅ​រដ្ឋ Arizona ទៀតផង រួចហើយ​ក៏បាន​ឈ្នះ​មេដាយប្រាក់ និង​សំរឹទ្ធ នា​ការប្រកួត​ថ្នាក់ជាតិ 2ផ្សេងទៀត និង​ជាពិសេស​ក្នុង​ឆ្នាំ2016 នេះ Jordan Pisey ថែមទាំង​បានឈ្នះ​មេដាយ​សំរឹទ្ធ ក្នុងការ​ប្រកួត​ហែល​ទឹក​កម្រិត​ពិភពលោក​មួយ នៅ​ប្រទេស​ព័រ​តូ​រី​កូ​ទៀតផង។

    គួរឱ្យ​ដឹង​ដែរ​ថា Pisey ធ្លាប់បាន​មកលេង​ប្រទេស​កម្ពុជា ម្ដង​រួចមកហើយ កាលពី​ឆ្នាំ2016 ដោយ​ធ្លាប់បាន​ជួប​ជាមួយនឹង​ប្រធាន​សហព័ន្ធ​ហែល​ទឹក​កម្ពុជា ដែល​នៅពេលនោះ​រូបគេ​បាន​និយាយថា គេ​ចង់​វិល​មកជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដណ្តើម​មេដាយ ក្នុងការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​ទៀតផង៕

  • វិធី​ធ្វើឱ្យ​ក្រូចពោធិ៍សាត់ ដែល​ជូរ​ហួញ ក្លាយទៅជា​ក្រូច​ផ្អែម​វិញ

    វិធី​ធ្វើឱ្យ​ក្រូចពោធិ៍សាត់ ដែល​ជូរ​ហួញ ក្លាយទៅជា​ក្រូច​ផ្អែម​វិញ

    បើ​និយាយ​ពី​ផ្លែឈើ​វិញ មនុស្ស​ជាច្រើន ប្រហែលជា​មិន​ភ្លេច​នឹក ដល់​ផ្លែក្រូច​ទេ​មើលទៅ  ដោយសារតែ​រសជាតិ ផ្អែម ក្រអូប ឆ្ងាញ់​ល្មម និង​សម្បូរ​ទៅដោយ​វិ​តា​មីន C…តែ​ពេលខ្លះ ក្រូច​ដែល​យើង​ទិញ​មក​នោះ បែរ​ជាមាន​រសជាតិ​ជូរ​ហួញ យ៉ាង​គ្មាន​ខ្លាចចិត្ត​អ្នក​ញ៉ាំ​បន្តិច​សោះតែ​ម្តង  ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន​មាន​វិធី ធ្វើឱ្យ​ក្រូច​ជូរ ក្លាយទៅជា​ក្រូច​ផ្អែម​វិញ មក​ជម្រាបជូនបងៗស្ត្រី​មេផ្ទះ ដូចតទៅ៖

    -គ្មានអ្វី​ពិបាក​ទេ គ្រាន់តែ​យក​ផ្លែក្រូច​ដែល​ជូរ​នោះ ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្តៅ 40អង្សា ប្រមាណ​ជា 10នាទី​ប៉ុណ្ណោះ រសជាតិ​ផ្លែក្រូច​នោះ នឹង​ប្រែ​ទៅជា​ផ្អែម​វិញ​មិន​ខាន ។

    ការពិតទៅ ក្រូច​ជូរ​នោះ មិនមែន​ប្តូរ​រសជាតិ​ទេ គ្រាន់តែ​រសជាតិ​ជូរ​របស់​វា ត្រូវបាន​បំផ្លាញចោល​អស់ ដោយសារ​កម្ដៅ​តែប៉ុណ្ណោះ៕