Category: សង្គម និងសេដ្ឋកិច្ច

  • Raphaël Varane ត្រូវ​ក្លិប​មកពី​អង់គ្លេស​មួយ​នេះ ចាប់អារម្មណ៍​ខ្លាំង

    Raphaël Varane ត្រូវ​ក្លិប​មកពី​អង់គ្លេស​មួយ​នេះ ចាប់អារម្មណ៍​ខ្លាំង

    ក្លិប​បាល់ទាត់ Manchester United កំពុង​តែមាន​វិបត្តិ​ខ្សែប្រយុទ្ធ ដោយ​ក្រុម​មួយ​នេះ កំពុងតែ​សម្លឹងមើល​ខ្សែការពារ​លំដាប់​ពិភពលោក​មួយចំនួន មក​បំពេញ​ទម្រង់​របស់ខ្លួន​ដែល​ខ្វះខាត​កាលពី​រដូវ​កាល​មុន ។

    Raphaël Varane ត្រូវបាន​ក្លិប​មួយ​នេះ ដាក់​គោលដៅ ដើម្បី​នាំមក​ក្នុងពេលឆាប់ៗខាង​មុននេះ ។ ដោយ​ក្នុងនោះ​ក្លិប​បាល់ទាត់​បិសាច​ក្រហម​មួយ​នេះ បានស្នើរ​លុយ​ចំនួន ៥០ លាន​ដុល្លារ ដើម្បី​ត្រៀម​ទុក​ក្នុង​ការចរចា​រទិញ​កីឡាករ​រូបនេះ ។

    Raphaël Varane គឺជា​កីឡាករ​ខ្សែការពារ​កណ្តាល​ដ៏​រឹងមាំ​មួយរូប របស់ Real Madrid ដែលមាន​វ័យ​ទើបតែ ២៨ ឆ្នាំ​តែប៉ុណ្ណោះ តែ​គេ​មានបទពិសោធន៍​ច្រើន​មែនទែន ដោយ​ធ្លាប់ជួយ​ឱ្យ​ក្រុម​ស្តេច​ស Real Madrid និង ក្រុម​ជម្រើសជាតិ​បារាំង​លើក​ពាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ៕

  • ក្រុមហ៊ុន​ចិន ដើរ​ទិញ​ដី​​បរទេស​ បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក

    ក្រុមហ៊ុន​ចិន ដើរ​ទិញ​ដី​​បរទេស​ បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក

    ដីធ្លី​​ជិត 6.5 លាន​ហិកតា នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ក្រុមហ៊ុន ចិន ទិញ នៅក្នុង​រយៈពេល 10 ឆ្នាំ​កន្លងទៅនេះ។

    បណ្ដា​ក្រុមហ៊ុន ចិន កំពុង​ដើរ​ទិញ​ដី​នៅ​ពាសពេញ​ពិភពលោក ក្នុងនោះ ភាគច្រើន​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក។ ទំហំ​ផ្ទៃដី​ដែល​បណ្ដា​ក្រុមហ៊ុន ចិន បាន​ទិញ ឬ​ជួល ក្នុងអំឡុង 1 ទសវត្សរ៍​កន្លង ស្មើនឹង​ផ្ទៃដី​សរុប​របស់​ប្រទេស ស្រីលង្កា ឬ​ប្រទេស លី​ទុយ​អា​នី (Lithuania) និង​ធំ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ប្រទេស​ដទៃ​បាន​ទិញ ឬ​ជួល។

    Land Matrix ដែលជា​អង្គការ​តាមដាន​បញ្ហាដីធ្លី​នៅ​អឺរ៉ុប បានឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន ចិន ដណ្ដើមបាន​សិទ្ធិ​គ្រប់គ្រង​ដី​ទំហំ 6.48 លាន​ហិកតា សម្រាប់​វិស័យ​កសិកម្ម រុក្ខកម្ម និង​រុករក​រ៉ែ នៅ​ពាសពេញ​ពិភពលោក ចាប់ពី​ឆ្នាំ 2011 ដល់​ឆ្នាំ 2020។ តួលេខ​នេះ ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​ផ្ទៃដី​សរុប​ដែល​បណ្ដា​ក្រុមហ៊ុន អង់គ្លេស (1.56 លាន​ហិកតា), អាមេរិក (860,000 ហិកតា) និង ជប៉ុន (420,000 ហិកតា) កំពុង​កាន់កាប់។

    ការដែល​ក្រុមហ៊ុន ចិន ដើរ​ទិញ​ដី​នៅ​បរទេស​យ៉ាង​រហ័ស​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក​ដែល​ចេះតែ​កាន់តែ​ខ្ពស់ ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​របស់​ប្រទេស​ចិន។ វិធីសាស្ត្រ​នេះ ជួយ​ឱ្យ​ពួកគេ​មាន​ស្ថិរភាព​ជាង​មុន ទាក់ទិន​នឹង​ប្រភពធនធាន​ធម្មជាតិ នៅពេល​ប្រភព​ផ្គត់ផ្គង់​របស់​ពិភពលោក ត្រូវបាន​រឹតបន្តឹង។

    ចំការ​ចេញ​របស់​ក្រុម​ហ៊ុន​ ចិន​ នៅ​ប្រទេស​ ភូមា

    មកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​វិធានការ​ទប់ទល់​នឹង​ការរកស៊ី​របស់​បណ្ដា​ក្រុមហ៊ុន ចិន ខាងលើ។ កាលពី​ខែមិថុនា ឆ្នាំ 2021 សភា​ជប៉ុន បានអនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​រឹតបន្តឹង​លើ​ការកំណត់​នានា ចំពោះ​ការប្រមូល និង​ប្រើប្រាស់​ដី​នៅ​តំបន់​ដែល​ត្រូវបាន​ចាត់ទុកថា សំខាន់​ដល់​សន្តិសុខ​ជាតិ។

    ច្បាប់​ដែល​សំដៅលើ​ប្រទេស ចិន នេះ ត្រូវបាន​រៀបរៀងឡើង​ដើម្បី​ទប់ស្កាត់​ការជួញដូរ​ដីធ្លី​ដែល​គួរឱ្យ​សង្ស័យ​នានា​របស់​បណ្ដា​ក្រុមហ៊ុន​បរទេស។ ជាក់ស្ដែង មាន​ករណី​កម្លាំង​បរទេស​មួយចំនួន បាន​កាន់កាប់​ដី​នៅក្បែរ​មូលដ្ឋាន​ការពារ​ដែនអាកាស​រប​ស់ ជប៉ុន នៅ​តំបន់ Chitose នៃ​ខេត្ត Hokkaido៕

    ប្រភព៖ Nikkei
    ប្រែ​សម្រួល៖ បុត្រា

  • ម៉ាស៊ីន​ខួង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ខ្នាត​យក្ស ទម្ងន់ 3,000 តោន ត្រៀម​ខ្លួន​រួច​រាល់​ហើយ

    ម៉ាស៊ីន​ខួង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ខ្នាត​យក្ស ទម្ងន់ 3,000 តោន ត្រៀម​ខ្លួន​រួច​រាល់​ហើយ

    ប្រទេស​ចិន៖ ម៉ាស៊ីន​ខួង​ដី​ខ្នាត​យក្ស ធំ​បំផុត ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ប្រទេស ចិន ត្រូវបាន​នាំចេញ​ពី​រោងចក្រ នៅក្នុង​ខេត្ត Hunan កាលពី​ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2021។

    ឧបករណ៍​ដែលមាន​ឈ្មោះថា Jinxiu នេះ គឺជា​ម៉ាស៊ីន​សម្រាប់​ខួង​ជា​ផ្លូវ​រូង​ក្រោម​ដី។ Jinxiu មាន​បណ្ដោយ​ប្រវែង 135 ម៉ែត្រ, ទទឹង 12.79 ម៉ែត្រ និង​ទម្ងន់​រហូតដល់ 3,000 តោន។

    វិស្វករ​របស់​ក្រុមហ៊ុន ឧស្សាហកម្ម​ធុន​ធ្ងន់ សាងសង់​ផ្លូវដែក ចិន (CRCHI) ឱ្យដឹងថា៖ ក្បាល​របស់​ម៉ាស៊ីន​ខួង​នេះ​មាន​ធ្មេញ​ប្រភេទ​ធំ សរុប 8 ជួរ ហើយ​ធ្មេញនីមួយៗ មាន​អង្កត់ផ្ចិត 19 អ៊ី​ញ (48 សម)។

    (ក្នុង​វីដេអូខាងលើ​នេះ គឺជា​ សកម្មភាព​សាង​សង់​ផ្លូវ​ក្រោម​ដី​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​​ខួង​ខ្នាតយក្ស)

    Jinxiu ប្រៀបបាន​ទៅនឹង​មហា​យក្ស​ដែលមាន​ធ្មេញ​យ៉ាងរឹងមាំ អាច​ខួង​ដី និង​ថ្ម​បាន​ដោយ​ងាយ។ ម៉ាស៊ីន​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងពេលឆាប់ៗខាងមុខ នៅក្នុង​ការសាងសង់​ផ្លូវដែក នៅក្នុង​ខេត្ត  Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន៕

    ប្រភព៖ CCTV Plus
    ប្រែ​សម្រួល៖ បុត្រា

  • លោកយាយ វ័យ 94ឆ្នាំ គ្រង​ឈុត​កូនក្រមុំ​ជា​លើកដំបូង ក្រោយ​គេង​ស្រមៃ​មក 70ឆ្នាំ

    លោកយាយ វ័យ 94ឆ្នាំ គ្រង​ឈុត​កូនក្រមុំ​ជា​លើកដំបូង ក្រោយ​គេង​ស្រមៃ​មក 70ឆ្នាំ

    លោកយាយ បាន​ស្លៀក​ឈុត​កូនក្រមុំ​ជា​លើកដំបូង ក្រោយ​គេង​ស្រមៃ​អស់ 70ឆ្នាំ ព្រោះតែ​ការរើសអើង​ជាតិ​សាសន៍​ពណ៌​សម្បុរ កាលពី​អតីតកាល ធ្វើឱ្យ​មិនបាន​ស្លៀក​ឈុត​អាពាហ៍ពិពាហ៍ ដូចដែល​ខ្លួន​នឹក​សង្ឃឹម។

    ការ​បាន​គ្រង​ឈុត​កូនក្រមុំ ក្នុង​ថ្ងៃ​រៀបការ គឺជា​ក្ដី​ស្រមៃ​ដ៏​ធំធេង​របស់​នារី​គ្រប់រូប រួមទាំង​ក្ដី​ស្រមៃ​របស់ “ម៉ា​ថា មែ អូ​ហ្វ៊ី​លៀ មូ​ន ថាក់​ឃើ​រ” លោកយាយ​ស្បែក​ខ្មៅ អាយុ 94ឆ្នាំ មកពី​រដ្ឋ​អា​ឡា​បា​ម៉ា សហរដ្ឋអាមេរិក​ផងដែរ តែ​គួរឱ្យ​សោកសៅ​បំផុត ដែល​នៅ​ថ្ងៃ​ត្រូវ​រៀបការ លោកយាយ​បែរជា​ត្រូវបាន​អាជ្ញាធរ​រារាំង រើសអើង​មិនឱ្យ​គ្រង​ឈុត​កូនក្រមុំ ដូចដែល​ខ្លួនឯង​នឹក​សង្ឃឹម​បាន។

    លោកយាយ ថាក់​ឃើ​រ រៀបការ​ជាមួយ​ស្វាមី ក្នុង​ឆ្នាំ1952 ដែល​ក្នុងអំឡុង​ពេលនោះ មានការ​បែងចែក​ពណ៌​សម្បុរ និង​រើសអើង​ជាតិ​សាសន៍​យ៉ាងខ្លាំង​ក្លា ទើប​ធ្វើឱ្យ​ស្ត្រី​ស្បែក​ខ្មៅ មិន​បានទទួល​ការអនុញ្ញាត ឱ្យចូល​ហាង ដើម្បី​ជួល​សម្លៀកបំពាក់​ឈុត​អាពាហ៍ពិពាហ៍​បានឡើយ ដោយហេតុ​នេះហើយ ទើប​លោកយាយ​ត្រូវ​ស្លៀក​ឈុត​ផ្សេង ដែលមាន​ពណ៌​ខៀវចាស់ ដើម្បី​ចូល​ពិធីមង្គលការ​របស់ខ្លួន​ជំនួស​វិញ។

    ទោះជា​ពេលវេលា កន្លងផុត​ទៅជិត 70ឆ្នាំ​ហើយ​ក្ដី តែ​លោកយាយ ថាក់​ឃើ​រ នៅតែ​នឹក​ស្រមៃ ចង់គ្រង​ឈុត​កូនក្រមុំ​ជានិច្ច ហើយ​ថ្ងៃមួយ នៅពេលដែល​លោកយាយ​អង្គុយ​ទស្សនា​ឈុត​ឆាក​រៀបការ​នៅក្នុង​ខ្សែភាពយន្ត​រឿង “Coming to America” ជាមួយ “អ៊ែ​ង​ជើ​ឡា ស្ត្រូ​សៀរ” ដែលជា​ចៅស្រី លោកយាយ​ក៏​ខ្សិ​ប​ប្រាប់​នាង​ថា ចង់​សាកល្បង​ស្លៀក​ឈុត​កូនក្រមុំ ដូច​នៅក្នុង​កុន​ឱ្យបាន​ម្ដង។

    ក្រោយពី​បានឮ​សេចក្ដីប្រាថ្នា​របស់លោក​យាយ​ហើយ ស្ត្រូ​សៀរ ក៏​សម្រេចចិត្ត​ធ្វើឱ្យ​លោកយាយ​ថាក់​ឃើ​រ ភ្ញាក់ផ្អើល ដោយ​ការ​ណាត់​លោកយាយ​ទៅ​ហាង​ជួល​ឈុត​អាពាហ៍ពិពាហ៍ ហើយ​មិន​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេ នាង​ថែមទាំង​ជួល​ជាង​តុបតែង​មុខ មកជួយ​បន្ថែម​ភាពស្រស់ស្អាត​ជូន​លោកយាយ​ទៀតផង។

    នៅ​ទីបំផុត ថ្ងៃ​ដែល​ទន្ទឹងរង់ចាំ ក៏​មកដល់  នៅពេលដែល​លោកយាយ បាន​សាកល្បង​ស្លៀក​ឈុត​កូនក្រមុំ​ពណ៌​ស​ដូច​ក្ដី​បំណង…ភ្លាមៗនោះ នៅពេលដែល​លោកយាយ បានឃើញ​ខ្លួនឯង​នៅក្នុង​កញ្ចក់ ក៏​ញញឹម​ឡើង​យ៉ាង​ស្រស់ និង​ឈរ​ថតរូប​យ៉ាង​មាន​សេចក្ដីសុខ ធ្វើឱ្យ​មនុស្សម្នា ដែល​នៅ​ជុំវិញ​ទីនោះ រំភើបចិត្ត រលីងរលោង​ទឹកភ្នែកគ្រប់ៗគ្នា។

    “អ្នក​ទាំងអស់គ្នា ដឹង​ទេ? ខ្ញុំ​មិនអាច​បង្ហាញ​ចេញមក​ទាំងអស់​បាន​ថា តើ​វា​ពិសេស​ប៉ុនណា​ឡើយ តែ​វា​វិសេស​ខ្លាំងណាស់! ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ខ្លួនឯង​កំពុង​ជិត​បាន​រៀបការ​អ៊ីចឹង ខ្ញុំ​មិន​ចង់​ដោះ​ឈុត​ហ្នឹង​ចេញ​វិញ​សោះ”៕

    ប្រភព៖ timesnownews, Facebook
    រៀបរៀង​ដោយ​អ្នកគ្រូ ស.សមចិន្ដា

  • អាមេរិក ត្រូវការ​បុគ្គលិក​ផ្នែក​សំណង់ 1 លាន​នាក់ ៖ ប្រាក់ខែ​ខ្ពស់ តែ​ពិបាក​រក​កម្មករ

    អាមេរិក ត្រូវការ​បុគ្គលិក​ផ្នែក​សំណង់ 1 លាន​នាក់ ៖ ប្រាក់ខែ​ខ្ពស់ តែ​ពិបាក​រក​កម្មករ

    ការងារ​រាប់លាន​កន្លែង​កំពុង​រង់ចាំ​បុគ្គលិក ប៉ុន្តែ បែរជា​ខ្វះ​អ្នក​មក​ដាក់ពាក្យ​ធ្វើការ នោះ​គឺជា​សេដ្ឋកិច្ច​ថ្មី​នៅ សហរដ្ឋអាមេរិក នៅពេលដែល​ជីវភាព​បាន​ត្រលប់​មករក​សភាព​ដើម​បន្តិចម្ដងៗ ក្រោយ​ការវាយប្រហារ​របស់​វីរុស COVID-19។

    Matthew Messer ជញ្ជូន​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ​មួយកន្លែង​របស់​អតិថិជន នៅឯ Long Island នៃ​ទីក្រុង New York ក្រោម​កំដៅថ្ងៃ 38 អង្សា ក្នុង​ខែមិថុនា។ Messer គឺជា​ថៅកែ​នៃ​ក្រុមហ៊ុន New York Solar Maintenance (ជំនាញ​ជួសជុល​ផ្ទាំង​សូ​ឡា) ប៉ុន្តែ បច្ចុប្បន្ន គាត់​ត្រូវ​ចេញទៅ​ធ្វើការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ នៅពេល​អាជីវកម្ម​ចាប់ផ្ដើម​ក​ក្រើន​ជាថ្មី។

    ក្រោយ​រលក COVID-19 តម្រូវការ​កម្លាំង​ពលកម្ម កើនឡើង​ឆាប់រហ័ស

    «នេះ​មិនមែនជា​វិធី​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ពេលវេលា​របស់ខ្ញុំ។ ប៉ុន្តែ នោះ​គឺជា​អ្វីដែល​ចាំបាច់​ត្រូវធ្វើ» លោក Messer និយាយ​អំពី​ថ្ងៃ​ដែល​គាត់​ត្រូវ​ធ្វើការ​នៅលើ​ដំបូលផ្ទះ។ នេះ​ក៏​ព្រោះតែ​ម្ចាស់​អាជីវកម្ម​រូបនេះ រក​បុគ្គលិក​មិនបាន។ ក្រុមហ៊ុន​របស់លោក ជួល​បុគ្គលិក​ចំនួន 3 កម្រិត ក្នុងនោះ​ក៏មាន​ផ្នែក​បច្ចេកទេស​ផងដែរ ប៉ុន្តែ ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​រួម​នៅក្នុង​វិស័យ​សំណង់ នោះ​គឺ​បញ្ហា​ខ្វះ​បុគ្គលិក ដោយសារតែ​តម្រូវការ​រើស​បុគ្គលិក​ក្នុង​វិស័យនេះ កំពុង​កក្រើក​ឡើងវិញ បន្ទាប់ពី​ការវាយប្រហារ​របស់ COVID-19។

    ការងារ​រាប់លាន​កន្លែង​កំពុង​រង់ចាំ​បុគ្គលិក ប៉ុន្តែ បែរជា​ខ្វះ​អ្នក​មក​ដាក់ពាក្យ​ធ្វើការ​ទៅវិញ។ នោះ​គឺជា​សេដ្ឋកិច្ច​ថ្មី​នៅ សហរដ្ឋ​អាមេរិក នៅពេលដែល​ជីវភាព​បាន​ត្រលប់​មករក​សភាព​ដើម​បន្តិចម្ដង។

    តម្រូវការ​ផ្នែក​សាងសង់ និង​ជួសជុលផ្ទះ កំពុង​កើនឡើង នៅពេល​ទីផ្សារ​លំនៅឋាន ងើបឡើង​វិញ ចំណែក​មនុស្ស​ជាច្រើន ត្រូវ​ធ្វើការ​នៅផ្ទះ។ យោងតាម​សមាគម​កម្មករ​និង​អ្នកម៉ៅការ​សំណង់ របស់ សហរដ្ឋអាមេរិក «ក្នុង​វិស័យ​មួយ​ដែល​ធ្លាប់តែ​ខ្វះ​កម្លាំង​ពលកម្ម​តាំង​ពីមុន COVID-19 បណ្ដា​ក្រុមហ៊ុន​សំណង់ នឹង​ត្រូវការ​បុគ្គលិក​ចំនួន 430,000 នាក់ ក្នុងឆ្នាំនេះ និង 1 លាន​នាក់​ទៀត​នៅក្នុង​រយៈពេល 2 ឆ្នាំ​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ»។

    ដំណោះស្រាយ៖ ផ្ដល់​ប្រាក់ខែ​ច្រើនជាង​មុន ដើម្បី​ទាក់ទាញ​បុគ្គលិក

    នៅពេល Matthew Messer ចាប់ផ្ដើម​ដឹងថា មាន​បញ្ហា​ខ្វះ​បុគ្គលិក គាត់​ក៏​យល់ថា ខ្លួន​ត្រូវតែ​ប្រញាប់​ដំឡើង​ឈ្នួល ដើម្បី​រក្សា​កម្លាំង​ប្រកួតប្រជែង។ បុគ្គលិក​ដែល​នៅ​សេះសល់​របស់លោក កំពុង​ត្រូវ​ក្រុមហ៊ុនផ្សេងៗ តាម «ចែចង់»។ ក្នុងអំឡុង 4 ខែ​កន្លង លោក Messer បាន​ដំឡើង​ប្រាក់​ឈ្នួល​រហូតដល់ 40% ធៀប​នឹង​ប្រាក់​ឈ្នួល​មុននេះ។

    Messer និយាយថា៖ «ខ្ញុំ​ឱ្យប្រាក់​ឈ្នួល​ចាប់ពី 18 ដល់ 22 ដុល្លារ ក្នុង 1 ម៉ោង ប៉ុន្តែ ពុំមាន​អ្នកណា​មក​ដាក់ពាក្យ​ធ្វើការ​ទាល់តែសោះ។ ខ្ញុំ​ក៏​ដំឡើងថ្លៃ​ឈ្នួល​ដល់ 23 ដុល្លារ តែ នៅតែ​មិនអាច​រកបាន​បុគ្គលិក។ ខ្ញុំ​បន្ត​ដំឡើង​រហូតដល់ 25 ដុល្លារ ទើប​ឃើញ​មាន​អ្នក​មក​ដាក់ពាក្យខ្លះ។ នេះ​គឺជា​ការដំឡើង​ថ្លៃឈ្នួល​ខ្ពស់​គួរសម ប៉ុន្តែ ដើម្បី​អាជីវកម្ម​រីកចម្រើន ខ្ញុំ​ចាំបាច់​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ឱ្យបាន»។

    យោងតាម​នាយកដ្ឋាន​ស្ថិតិ​កម្លាំង​ពលកម្ម​របស់ សហរដ្ឋអាមេរិក បុគ្គលិក​នៅ​ភោជនីយដ្ឋាន​ម្នាក់ អាច​រកប្រាក់​បាន 18.23 ដុល្លារ/ម៉ោង ខណៈដែល​បុគ្គលិក​សំណង់​ម្នាក់ អាច​រកបាន 32.86 ដុល្លារ/ម៉ោង៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • ម្ចាស់ផ្ទះ​អូឡាំពិក មិន​អនុញ្ញាត ឱ្យមាន​ទស្សនិកជន ចូលរួម​ទស្សនា​ផ្ទាល់ ជាដាច់ខាត

    ម្ចាស់ផ្ទះ​អូឡាំពិក មិន​អនុញ្ញាត ឱ្យមាន​ទស្សនិកជន ចូលរួម​ទស្សនា​ផ្ទាល់ ជាដាច់ខាត

    ដោយសារ​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-19 រដ្ឋាភិបាល​ជប៉ុន ដែលជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ បានសម្រេច​ចិត្ត​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយបាន​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ ក្នុង​ភាពអាសន្ន​សាជាថ្មី ក្នុងអំឡុងពេល​នៃ​ការប្រកួត​កីឡា​អូឡាំពិក​តែម្តង។

    ព្រឹត្តិការណ៍​មហា​កីឡា​អូឡាំពិក ឆ្នាំ2020 ដែល​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ2021 ចាប់ពី​ថ្ងៃទី23 ខែកក្កដា រហូតដល់​ថ្ងៃទី8 សីហា ឆ្នាំ2021នេះ នឹងត្រូវ​ស្វាគមន៍​អត្ត​ព​លិ​ក​ច្រើនជាង 1ម៉ឺន​នាក់ ដោយមាន​វិញ្ញាសា​ប្រកួត​ដល់​ទៅ 339វិញ្ញាសា ក្នុង​ប្រភេទ​កីឡាករ​ទាំង33 ដែល​ត្រូវ​ដាក់ឱ្យ​ប្រកួត។

    ការដាក់​ទីក្រុង ក្នុង​ភាពអាសន្ន​ជាថ្មី​ម្ដងទៀត​របស់​ជប៉ុន​លើក​នេះ ថ្វីបើ​មិន​តឹងតែង​ខ្លាំង​ដូច​បណ្តា​ប្រទេស​ដទៃ នៅលើ​ពិភពលោក ដោយមាន​ត្រឹមតែ​ការណែនាំ ឱ្យ​ហាង​លក់​នានា ត្រូវ​ឆាប់​បិទ​ការបម្រើ​សេវាកម្ម​ក្ដី ប៉ុន្តែ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​ប្រក​កួត​កីឡា​អូឡាំពិក ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​មួយទៀត ដោយ​ការប្រកួត​ត្រូវ​ប្រព្រឹត្ត​ដោយ​ការបិទទ្វារ គ្មាន​ទស្សនិកជន​ឱ្យចូល​រួម​ឡើយ មិនមែន​ឱ្យចូល​ពាក់កណ្តាល ដូច​សេចក្តីសម្រេច​កាលពី​ខែមិថុនា ឆ្នាំ2021នោះទេ៕

  • (វីដេអូ) – អ្នកក្លាហាន ប្រថុយស្លាប់ អង្គុយផឹកកាហ្វេលើផ្លូវដែក ដើម្បីបញ្ឈប់ដំណើររថភ្លើង

    (វីដេអូ) – អ្នកក្លាហាន ប្រថុយស្លាប់ អង្គុយផឹកកាហ្វេលើផ្លូវដែក ដើម្បីបញ្ឈប់ដំណើររថភ្លើង

    តុ​កាហ្វេ និង​កៅអី ត្រូវបាន​រៀបចំ​ដាក់​នៅ​កណ្ដាលផ្លូវ​រថភ្លើង ហើយ​បុរស​ជា «អ្នក​ក្លាយ​ហាន» ម្នាក់ អង្គុយ​ជក់បារី ធ្វើ​ព្រងើយ បើទោះជា​អ្នកបើកបរ​រថភ្លើង ខំប្រឹង​ចាប់​ហ្វ្រាំង និង​បរ​ជិត​មកដល់​ហើយ​ក្ដី។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2021 នៅឯ Casablanca នៃ​ប្រទេស ម៉ា​រ៉ុ​ក។

    នៅក្នុង​វីដេអូ គេ​ឃើញ​តុ និង​កៅអី ត្រូវបាន​គេ​ដាក់​កណ្ដាល​ផ្លូវដែក។ បន្ទាប់មក បុរស​ម្នាក់​ក៏បាន​បង្ហាញខ្លួន និង​ដើរទៅ​អង្គុយ​លើ​កៅអី​យ៉ាង​ក្លាហាន ស្រប​ពេលដែល​កញ្ចែ​រប​ស់​រថភ្លើង បន្លឺឡើង​កងរំពង និង​តម្រង់​មកដល់។ យ៉ាងនេះ​ក៏ដោយ អ្នកក្លាហាន​រូបនេះ ហាក់​មិនបាន​អើពើ​អ្វី​ទាំងអស់ រួមទាំង​ការស្លាប់​ដែល​ស្ថិតនៅ​ចំពោះមុខ។ ជំនួស​មកវិញ បុរស​នេះ បែរជា​អុជ​បារី និង​អង្គុយ​ជក់​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ខណៈ​អ្នកបម្រើ នាំយក​ភេសជ្ជៈ​មកឱ្យ។ រថភ្លើង​ក៏បាន​ចាប់​ហ្វ្រាំង​ទាន់ពេល នៅ​ពី​ក្រោយខ្នង​អ្នកដំណើរ​ចម្លែក​នេះ។

    សមត្ថកិច្ច​ក្នុង​តំបន់ ក្រោយមក​ក៏​កំណត់​បាន​អត្តសញ្ញាណ​របស់​បុរស​ដែល​បាន​រារាំង​ដំណើរ​របស់​រថ​ភ្លើង​នេះ។ M.T ដែលជា​ពលរដ្ឋ​ម្នាក់​នៅក្នុង​ទីក្រុង Casablanca ត្រូវបាន​ចាប់ខ្លួន រួម​ជាមួយនឹង​មនុស្ស 2 នាក់​ទៀត ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​ថត​វីដេអូ។ ពួកគេម្នាក់ៗ ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ​រយៈពេល 2 ឆ្នាំ។ ដោយឡែក M.T ត្រូវបាន​ពិន័យ​ជា​ប្រាក់ 4,500 ដុល្លារ​អាមេរិក បន្ថែម​ពីលើ​ការចាប់​គុក 2 ឆ្នាំ ព្រោះតែ​បាន​បង្ក​ការខូចខាត​ដល់​ក្រុមហ៊ុន​ផ្លូវដែក៕

    ប្រភព៖ News in 24
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-មហាសេដ្ឋី Richard Branson ហោះហើរ​ទៅកាន់​ទី​អវកាស​លើកដំបូង ដោយ​ជោគជ័យ

    (វីដេអូ)-មហាសេដ្ឋី Richard Branson ហោះហើរ​ទៅកាន់​ទី​អវកាស​លើកដំបូង ដោយ​ជោគជ័យ

    មហាសេដ្ឋី Richard Branson សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អវកាស Virgin Galactic ទើបតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ​ទៅកាន់​ទី​អវកាស​ជា​លើកដំបូង ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា ការបើកផ្លូវ​សម្រាប់​ការរីកចម្រើន​របស់​វិស័យ​ទេសចរណ៍​អវកាស។

    ក្រោយ​ការធ្វើដំណើរ​ប្រហែល 1 ម៉ោង ជើងហោះហើរ​ដែល​ដឹក​មហាសេដ្ឋី Richard Branson បាន​ចុះចត​ដោយ​សុវត្ថិភាព នៅលើ​ព្រលានយន្តហោះ​នៅ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរ​នេះ​ក៏មាន​មនុស្ស​យ៉ាងច្រើន​តាមដាន ទាំង​នៅលើ​អ៊ីនធឺណិត ទាំង​នៅលើ​ដី​ផ្ទាល់។

    ក្រុម​អ្នក​អវកាស​ នៅ​ក្នុង​យាន​អវកាស​របស់​ Virgin Galactic

    នៅលើ​កម្ពស់​ប្រហែល 14 គម យានអវកាស​បាន​ផ្ដាច់ខ្លួន ហើយ​រ៉ុក្កែត​ក៏ត្រូវ​បាន​បញ្ឆេះ ដើម្បី​នាំ​ក្រុម​អវកាស​ចរ ឡើងទៅ​កាន់​កម្ពស់ 85.9 គម និង​បាន​ស្ថិតនៅក្នុង​ស្ថានភាព​គ្មាន​ទម្ងន់​ជាច្រើន​នាទី មុននឹង​វិល​ត្រលប់​មកកាន់​ផែនដី។ ក្រោយ​ការ​ចុះចត​ភ្លាម មហាសេដ្ឋី Richard Branson បាន​ប្រាប់ថា នេះ​គឺជា «បទពិសោធន៍​គ្មាន​ពីរ»។

    មហា​សេដ្ឋី Richard Branson

    ការហោះហើរ​ខាងលើនេះ គឺជា ជើងហោះហើរ​សាកល្បង​ចុងក្រោយ​មួយ របស់ Virgin Galactic មុនពេល​បើក​ដំណើរការ​សេវាកម្ម​ទេសចរណ៍​អវកាស ក្នុង​ឆ្នាំ 2022។ ក្រៅពី​មហាសេដ្ឋី Richard Branson ដំណើរ​ទេសចរណ៍​អវកាស​នេះ ក៏មាន​បុគ្គលិក​របស់ Virgin Galactic ចំនួន 3 រូប នៅក្នុង​បន្ទប់​អវកាស​ចរ ដើម្បី​វាយតម្លៃ​លើ​បទពិសោធន៍ និង​អ្នកបើកបរ​ចំនួន 2 នាក់ នៅក្នុង​បន្ទប់​បើកបរ។

    នេះ​គឺជា​បេសកកម្ម​សំខាន់ នៅក្នុង​មហិច្ឆតា​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍​អវកាស របស់​ក្រុមហ៊ុន Virgin Galactic ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ 2004។ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ លក់​សំបុត្រ​បាន​ប្រហែល 600 សំបុត្រ ដល់​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​ជាមុន ក្នុងតម្លៃ​ប្រមាណ 250,000 ដុល្លារ ក្នុង 1 សំបុត្រ៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • Microsoft ផ្ដល់ប្រាក់ឧបត្ថម្ភ 1,500 ដុល្លារ ដល់បុគ្គលិកគ្រប់រូប

    Microsoft ផ្ដល់ប្រាក់ឧបត្ថម្ភ 1,500 ដុល្លារ ដល់បុគ្គលិកគ្រប់រូប

    ខ្ទង់​ប្រាក់ឧបត្ថម្ភ​នេះ អនុវត្ត​សម្រាប់​គ្រប់​បុគ្គលិក​របស់​ក្រុមហ៊ុន Microsoft ទាំង​នៅ សហរដ្ឋអាមេរិក ទាំង​នៅ​ទូទាំង​សកលលោក។

    នៅក្នុង​សេចក្ដី​កំណត់ចំណាំ​អំពី​កិច្ចការ​ផ្ទៃក្នុង​មួយ​របស់ Microsoft ដែល The Verge ទទួលបាន បង្ហាញថា ប្រាក់ឧបត្ថម្ភ​មួយ​លើក​នេះ​គឺជា «ការកត់សម្គាល់​សម្រាប់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​មួយ ប្រកបដោយ​ភាព​ចម្លែក និង​ពោរពេញ​ដោយ​ឧបសគ្គ ដែល Microsoft ទើបតែ​សម្រេចបាន»។

    នាយិកា​រង​ផ្នែក​ធនធានមនុស្ស​របស់ Microsoft អ្នកស្រី Kathleen Hogan ឱ្យដឹងថា បុគ្គលិក​របស់ Microsoft នៅ​ទូទាំង​ពិភពលោក រាប់​ចាប់ពី​ថ្នាក់ក្រោម​នៃ​តំណែង​អនុប្រធាន​ក្រុមហ៊ុន ដែល​ធ្វើ​ការមកដល់​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ក្នុងនោះ រួមទាំង​បុគ្គលិក​ក្រៅ​ម៉ោង​ធ្វើការ និង​បុគ្គលិក​ធ្វើការ​ស៊ីម៉ោង ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ។

    បច្ចុប្បន្ន Microsoft មាន​បុគ្គលិក​សរុប​ចំនួន 175,508 នាក់ នៅ​ទូទាំង​សកលលោក ប៉ុន្តែ បុគ្គលិក​របស់ LinkedIn, GitHub និង ZeniMax មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​នេះ​ទេ បើ​ទោះ Microsoft ជា​អ្នកគ្រប់គ្រង​ក៏ដោយ។ ដូច្នេះ ជា​សរុប Microsoft នឹង​ចំណាយ​ប្រហែល 200 លាន​ដុល្លារ សម្រាប់​ការឧបត្ថម្ភ​នេះ។ 200 លាន​ដុល្លារ​អាមេរិក​នេះ មិនទាន់​ស្មើនឹង​ប្រាក់ចំណេញ​ដែល Microsoft រកបាន​ក្នុង​រយៈពេល 2 ថ្ងៃ​នៅឡើយ។

    កន្លែង​សម្រាប់​បុគ្គលិក​ មួយ​កន្លែង​របស់​ Microsoft នៅ​ទីក្រុង​វ៉ាស៊ីងតោន

    បច្ចុប្បន្ន នៅលើ​ផ្សារ​ហ៊ុន​នៅ សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន​តែ 2 ប៉ុណ្ណោះ ដែលមាន​តម្លៃ​មូលធន (capitalization value) លើសពី 2 ម៉ឺន​កោដិ ឬ 2 លាន​លាន (2,000,000,000,000) ដុល្លារ​អាមេរិក។

    កន្លងទៅថ្មីៗនេះ ក្រៅពី Microsoft ក៏មាន​ក្រុមហ៊ុន​ជាច្រើន បានផ្ដល់​ប្រាក់ឧបត្ថម្ភ​បែបនេះ​ដល់​បុគ្គលិក ក្នុងនោះ​មានដូចជា Facebook (1.000 ដុល្លារ/បុគ្គលិក​ម្នាក់), Amazon (បន្ថែម​ប្រាក់​សម្រាប់​ការឈប់​ថ្ងៃបុណ្យ 300 ដុល្លារ/ម្នាក់) និង​ក្រុមហ៊ុន BT (1.000 ផោន/ម្នាក់)។ល។

    គិត​ចាប់ពី Covid-19 បានបង្ហាញ​វត្តមាន រហូតមកដល់​បច្ចុប្បន្ន ក្រុមហ៊ុន Microsoft រកបាន​ប្រាក់ចំណូល​ប្រមាណ 160 ពាន់​លាន​ដុល្លារ ដោយសារ​ផលិតផល និង​សេវាកម្ម មាន​ទីផ្សារ​ជាង​មុន៕

    ប្រភព៖ The Verge
    ប្រែ​សម្រួល៖ បុត្រា

  • ឆ្មា​3Dយក្ស ផុស​ឡើង កណ្ដាល​ផ្លូវបំបែក​ឈី​ន​ជូ​គុ ដូច​ឆ្មា​មែនទែន​បំផុត រាយមន្ត​ស្នេហ៍​ដាក់​អ្នក​ស្រឡាញ់​សត្វ

    ឆ្មា​3Dយក្ស ផុស​ឡើង កណ្ដាល​ផ្លូវបំបែក​ឈី​ន​ជូ​គុ ដូច​ឆ្មា​មែនទែន​បំផុត រាយមន្ត​ស្នេហ៍​ដាក់​អ្នក​ស្រឡាញ់​សត្វ

    កាលពី​ថ្ងៃទី7 កក្កដា CNN និង sora news24 បាន​រាយការណ៍​ថា អ្នកទីក្រុង​តូ​ក្យូ បាននាំគ្នា​ភ្ញាក់ផ្អើល​នឹង​រូបភាព​សត្វ​ឆ្មា​3D ដ៏​ធំ​មួយ ដែល​បង្ហាញខ្លួន​ឡើង​នៅក្នុង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម នៃ​អេក្រង់ LED កណ្ដាល​ផ្លូវបំបែក​ជា4 ឈិន​ជូ​គុ មជ្ឈមណ្ឌល​សប​ភីង កណ្ដាល​ទីក្រុង​តូ​ក្យូ នៃ​ប្រទេស​ជប៉ុន ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​មនុស្សម្នា​ដែល​ធ្វើដំណើរ​ទៅមក និង​ក្នុង​ពិភព​អន​ឡាញ តាំងពី​មិនទាន់​ដល់​ថ្ងៃ​បើក​បង្ហាញខ្លួន​ជា​ផ្លូវការ​ទៅទៀត។

    Cross Shinjuku Vision អ្នក​ផលិត​រូបភាព​សត្វ​ឆ្មា​យក្ស ធ្វើជា​តារា​ណែនាំ​ផលិតផល​នេះ គឺ​ដើម្បី​ប្រូ​ម៉ូត​ពី​ទីតាំង​ដាក់ឱ្យ​ជួល​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ដែលជា​អេក្រង់ LED ដែលមាន​ភាព​កោង ទំហំ 154ម៉ែត្រការ៉េ ប្រដាប់​បំពង​សំឡេង​គុណភាព​ខ្ពស់ រូបភាព​ច្បាស់​កម្រិត 4K ដែល​ផ្ដល់​រូបភាព​ច្បាស់​ដូច​របស់​ពិត បង្ហាញ​ពី​រូបភាព​សត្វ​ឆ្មា ដើរលេង​ទៅមក នៅ​ពីលើ​ទីក្រុង​តូ​ក្យូ និង​ស្រែកយំ​ម៉េវ។

    រូបភាព​សត្វ​ឆ្មា សម្លឹងមើល​ចុះមក​ខាងក្រោម ហាក់ដូចជា​វា ប្រុង​លោត​ចុះមក​គ្រប់ពេលវេលា ជា​រូបភាព​វីដេអូ​3D ដែល​ទាំង​គួរឱ្យ​ស្រឡាញ់ និង​គួរឱ្យខ្លាចប៉ុនៗគ្នា ជាពិសេស នៅពេលដែល​សត្វ​ឆ្មា​ដ៏​ប៉ឹ​ន​ឆ្ងល់​នោះ សម្លឹង​ចំ​មុខ​យើង។

    វីដេអូ នឹង​ចាប់​បញ្ចាំង​ចន្លោះ​ពី​ម៉ោង 7.00នាទី ដល់​ម៉ោង 1.00នាទី ដោយ​បង្ហាញ​រូបភាព​សត្វ​ឆ្មា បញ្ចេញ​កាយវិការ​ក្នុង​ឥរិយាបថផ្សេងៗពេញ 1ថ្ងៃ ចាប់ផ្ដើម​តាំងពី​ពេល​ភ្ញាក់ពីដេក ដោយនៅ​ពេលព្រឹក និង​ពេល​រសៀល សត្វ​ឆ្មា​ក្រោកឈរឡើង និង​បញ្ចេញ​សំឡេង​ម៉េវៗទៅកាន់​មនុស្សម្នា​ដែល​ដើរទៅ​ដើរមក លុះ​ដល់ពេល​ព្រលប់ សត្វ​ឆ្មា​នឹង​ទម្លាក់ខ្លួន​ដេក​វិញ ក្នុង​ឥរិយាបថ​យក​ក្បាល​កើយ​បាតជើង។

    ទោះជា​ការឃោសនា​ផ្សាយពាណិជ្ជកម្ម​សត្វ​ឆ្មា​យក្ស​នេះ មិនទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ រហូត​ទាល់តែ​ដល់​ថ្ងៃទី12 កក្កដា​ខាងមុខ​ក្ដី តែមាន​ការសាកល្បង​ផ្សព្វផ្សាយ​តាម​រលកធាតុអាកាស​តាំងពី​ខែ​កន្លងមក​រួចទៅហើយ ធ្វើឱ្យ​សត្វ​ឆ្មា​ឈិន​ជូ​គុ រាយមន្ត​ស្នេហ៍ រហូត​ល្បីល្បាញ​នៅក្នុង​បណ្ដាញ​សង្គម​អន​ឡាញ រហូតដល់​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន នាំគ្នា​បញ្ចេញយោបល់​ថា គួរឱ្យ​ស្រឡាញ់ និង​កំពុង​ភ្ញាក់ផ្អើល​រំភើប​ញាប់​ញ័រ​ចំពោះ​តិច​ណូ​ឡូ​ជី​ថ្មី​មួយ​នេះ៕