Category: សង្គម និងសេដ្ឋកិច្ច

  • បញ្ជី​នៃ​បណ្ដា​ប្រទេស​ដណ្ដើមបាន​មេដាយ នៅ Olympic Games Tokyo 2020 សម្រាប់​ថ្ងៃទី​ 30 កក្កដា​

    បញ្ជី​នៃ​បណ្ដា​ប្រទេស​ដណ្ដើមបាន​មេដាយ នៅ Olympic Games Tokyo 2020 សម្រាប់​ថ្ងៃទី​ 30 កក្កដា​

    នាំមុខគេ​ក្នុង​បញ្ជី​នេះ​គឺ ប្រទេស ចិន ដោយ​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 38 ក្នុងនោះ​មាន មេដាយមាស​ចំនួន 18, មេដាយប្រាក់​ចំនួន 9 និង​មេដាយសំរិទ្ធ​ចំនួន 11។

    ប្រទេស​ដែល​ដណ្ដើម​បាន​មេដាយ​មាស​ចាប់​ពី​ 3 ដល់​ 18 រួមមាន​ចំនួន​ 12 ប្រទេស​ គិត​ត្រឹម​ថ្ងៃទី 30 ខែ​កក្កដា ឆ្នាំ​ 2021។

    ប្រភព៖ AS.COM
    ដកស្រង់​៖ បុត្រា

  • អគ្គិភ័យកំពុងឆាប​ឆេះចំណតរថយន្តក្រុង វិរៈ ប៊ុនថាំ

    អគ្គិភ័យកំពុងឆាប​ឆេះចំណតរថយន្តក្រុង វិរៈ ប៊ុនថាំ

    ចំណតរថយន្តក្រុងរបស់​ក្រុម​ហ៊ុន​ វិរៈ ប៊ុនថាំ ដែល​មាន​ទីតាំង​នៅ​គល់ស្ពានជ្រោយចង្វា ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅម៉ោង​ប្រមាណ​ជិត​​ 16 រសៀល​ ថ្ងៃទី 30 កក្កដា​នេះ​។

    ទំហំខូចខាតសរុប​ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ ប៉ុន្តែ​ រថយន្តក្រុងចំនួនជាង 20 គ្រឿងបាន​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​ ខណៈ​ដែល​​អង្គភាពពន្លត់អគ្គិភ័យ កំពុង​ធ្វើ​អន្តរាគមន៍បាញ់ទឹកពន្លត់។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​។

     

  • (វីដេអូ)-តាក់ស៊ី​ហោះ ប្រើ​ស្លាប​កង្ហារ​ចំនួន 18 ហោះ​ហើរ​​ដឹក​មនុស្ស​ដោយ​ជោគជ័យ នៅ អាមេរិក

    (វីដេអូ)-តាក់ស៊ី​ហោះ ប្រើ​ស្លាប​កង្ហារ​ចំនួន 18 ហោះ​ហើរ​​ដឹក​មនុស្ស​ដោយ​ជោគជ័យ នៅ អាមេរិក

    តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ ឈ្មោះ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ ក្នុង 1 ម៉ោង។

    Volocopter 2X ដែលជា​តាក់ស៊ី​ហោះ ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី របស់​ក្រុមហ៊ុន អាល្លឺម៉ង់ Volocopter បាន​ឈានដល់​របត់​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍ Oshkosh ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 27 កក្កដា។ នេះ​គឺជា​យានជំនិះ​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ និង​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​គេ ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​សាកល្បង​ហោះហើរ​ដឹក​មនុស្ស​នៅ​ទីសាធារណៈ នៅ សហរដ្ឋអាមេរិក។

    តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន Volocopter បាន​ហោះហើរ​សាកល្បង​ដោយ​មិនមាន​ដឹក​មនុស្ស ជាង 100 លើក​មកហើយ ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លង។ ការហោះហើរ​ដែលមាន​ដឹក​មនុស្ស​ដំបូង ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស អាល្លឺម៉ង់ កាលពី​ឆ្នាំ 2016។ តាំងពី​នោះមក Volocopter បាន​ហោះហើរ​ដឹក​មនុស្ស និង​មិន​ដឹក​មនុស្ស​ជា​បន្តបន្ទាប់ នៅ សិង្ហ​បុរី អារ៉ាប់​រួម ព្រមទាំង​ធ្លាប់បាន​ហោះ​សំដែង​នៅលើ​ឆាក​នៃ​ពិធី​តាំងពិព័រណ៍​អេឡិចត្រូនិក CES នៅ Las Vegas កាលពី​ឆ្នាំ 2018 ផងដែរ។

    Volocopter 2X បំពាក់​ប្រព័ន្ធ​ស្លាប ដែលមាន​កង្ហារ​ចំនួន 18 គ្រឿង។ កាលពី​ថ្ងៃទី 27 កក្កដា តាក់ស៊ី​នេះ បាន​ហោះហើរ​នៅឯ​ព្រលានយន្តហោះ​តំបន់ Wittman (Wittman Regional Airport)។

     

    តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ/ម៉ោង។ កំណែ​មួយ​ផ្សេងទៀត​របស់ Volocopter 2X ត្រូវបាន​ដាក់តាំង​នៅលើ​ដី ដើម្បីឱ្យ​អ្នកចូលរួម អាច​ពិនិត្យមើល​បាន​ដោយ​គ្រប់​ជ្រុងជ្រោយ។

    «តាក់ស៊ី​ហោះ ជិត​ត្រូវបាន​បង្ហាញខ្លួន ហើយ​យើង​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើការ​ហោះហើរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី នៅឯ​ទីក្រុង​នានា​ក្នុង​ពិភពលោក ក្នុង​រយៈពេល ពី 2 ទៅ 3 ឆ្នាំ» CEO របស់ Volocopter លោក Florian Reuter បាន​ប្រាប់​ដូច្នេះ៕

    ប្រភព៖ New Atlas
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុម​ហ៊ុន​របស់​មហា​សេដ្ឋី​ទីមួយ​នៅ​ វៀត​ណាម កំពុង​​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19

    ក្រុម​ហ៊ុន​របស់​មហា​សេដ្ឋី​ទីមួយ​នៅ​ វៀត​ណាម កំពុង​​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19

    គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ VinSmart។

    Vingroup ត្រូវបាន​គេ​ដឹងថា បាន​ចរចា​ជាមួយនឹង​ក្រុមហ៊ុន Acturus របស់ សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 រួចហើយ។ ក្រសួងសុខាភិបាល វៀតណាម ឱ្យដឹងថា តាម​ផែនការ នៅ​ខែសីហា ឆ្នាំ 2021 វ៉ាក់សាំង​របស់​ក្រុមហ៊ុន អាមេរិក នេះ អាច​ចាប់ផ្ដើម​សាកល្បង​នៅលើ​មនុស្ស នៅ​ប្រទេស វៀតណាម។ រោងចក្រ​នេះ​នឹង​អាច​ផលិត​វ៉ាក់សាំង​បាន​ចាប់ពី 100 លាន ទៅ 200 លាន​ដូ​ស/ឆ្នាំ។

    កាលពី​ខែមិថុនា ឆ្នាំ 2021 ក្រុម​ហ៊ុន Vingroup បាន​សហការ​ជាមួយ Viet A Corp បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Vinbiocare ដោយមាន​ទុន ប្រមាណ 8,700,000 ដុល្លារ​អាមេរិក ក្នុងនោះ Vingroup កាន់កាប់ 69% នៃ​ដើមទុន​សរុប។

    Vinbiocare រកស៊ី​ក្នុង​វិស័យ​ផលិត​ឱសថ គីមី​សម្រាប់​ផលិត​ឱសថ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្នាំពេទ្យ ក្នុងនោះ​មានដូចជា ការផលិត​វ៉ាក់សាំង ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឱសថ​ជាដើម។

    ប្រធាន​ក្រុមហ៊ុន Vingroup មហាសេដ្ឋី Pham Nhat Vuong ដែល​មាន​ទ្រព្យ​ 8 ពាន់​លាន​ដុល្លារ​អាមេរិក​ បានឱ្យដឹងថា Vinbiocare គឺជា​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​ស្វែងរក​កម្រៃ ហើយ​អាច​បរិច្ចាគ​ទាំង​ថ្លៃដើម បើសិនជា​ចាំបាច់។

    Vingroup បាន និង​កំពុង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ច្រើន​ប្រភេទ និង​ម៉ាស៊ីន​វាស់​កំដៅ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន​នេះ បានផ្ដល់​ជំនួយ​ជា​ម៉ាស៊ីន​ជំនួយ​ដង្ហើម​រាប់ពាន់​គ្រឿង ដល់​ក្រសួងសុខាភិបាល វៀតណាម ផងដែរ។

    សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) ក្នុង​រដ្ឋធានី ហាណូយ៕

    ប្រភព​៖ Forbes, Viettimes
    ប្រែសម្រួល​៖ បុត្រា

  • AstraZeneca រកបាន 1.2 ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​ឆមាស​ដំបូង

    AstraZeneca រកបាន 1.2 ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​ឆមាស​ដំបូង

    ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់ អង់គ្លេស បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់​ពួកគេ រកចំណូលបាន 1.2 ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021។

    ក្រុមហ៊ុន​បាន​ចែកចាយ​វ៉ាក់សាំង AstraZeneca ប្រមាណ 319 លាន​ដូ​ស នៅ​ជុំវិញ​ពិភពលោក ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ក្នុងនោះ ចំណូល​ចំនួន 572 លាន​ដុល្លារ​បានមកពី​អឺរ៉ុប និង 455 លាន​ដុល្លារ បានមកពី​ទីផ្សារ​ទើប​លេចធ្លោ។

    «យើង​សម្រេចបាន​ជោគជ័យ​គួរសម ជាមួយនឹង​វ៉ាក់សាំង COVID-19 Vaxzevria (ឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង​បង្ការ COVID-19 ដែល​ផលិត​ដោយ AstraZeneca)។ គិត​មកដល់​ថ្ងៃនេះ AstraZeneca និង​ដៃគូ​សហការ​របស់​យើង បាន​លក់​វ៉ាក់សាំង​ចំនួន 1 ពាន់​លាន​ដូ​ស​ទៅឱ្យ​ប្រទេស​ជាង 170» នាយក​ប្រតិបត្តិ​របស់ AstraZeneca លោក Pascal ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី 29 កក្កដា។

    ស្ថាប័ន​ផលិត​ឱសថ​នេះ ក៏បាន​ឱ្យដឹងថា នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021 នេះ ក្រុមហ៊ុន AstraZeneca រក​បាន​ប្រាក់ចំណេញ​ចំនួន 2.1 ពាន់​លាន​ដុល្លារ ស្មើនឹង 40% ធៀប​នឹង​ឆ្នាំមុន។ ប្រាក់ចំណូល​សរុប​នៅក្នុង​អំឡុង​ជិត 1 ត្រីមាស​កន្លងទៅ ស្មើនឹង 15.5 ពាន់​លាន​ដុល្លារ។ ដោយ​មិន​រាប់បញ្ចូល​ទាំង​វ៉ាក់សាំង COVID-19 ប្រាក់ចំណូល​សរុប​រប​ស់​ក្រុមហ៊ុន បាន​កើន 14% ស្មើនឹង 14.4 ពាន់​លាន​ដុល្លារ។

    វ៉ាក់សាំង COVID-19 របស់ AstraZeneca គឺជា​វ៉ាក់សាំង​លំដាប់​ពិភពលោក និង​មាន​តួនាទី​សំខាន់​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ អង់គ្លេស ជួយ​ឱ្យ អង់គ្លេស អាច​បើកទ្វារ​សេដ្ឋកិច្ច​ទាំង​ស្រុក​ក្នុង​ខែ​នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • Kwon Mina (អតីត​សមាជិក​របស់ AOA) ធ្វើអត្តឃាត​ជា​លើក​ទី​បួន

    Kwon Mina (អតីត​សមាជិក​របស់ AOA) ធ្វើអត្តឃាត​ជា​លើក​ទី​បួន

    អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី កូរ៉េខាងត្បូង AOA បានសម្រេច​ចិត្ត​បញ្ចប់ជីវិត​របស់ខ្លួន បន្ទាប់ពី​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​កាលពី​ព្រឹក​មិញ ហើយ​នេះ​គឺជា​លើក​ទី​បួន ដែល Mina ធ្វើអត្តឃាត នៅក្នុង​អំឡុង 1 ឆ្នាំ។

    សារព័ត៌មាន កូរ៉េខាងត្បូង នា​ព្រឹក​ថ្ងៃទី 29 កក្កដា នេះ អតីត​សមាជិក​នៃ​ក្រុម​ចម្រៀង AOA នាង Kwon Mina ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយពី​បាន​ព្យាយាម​បញ្ចប់ជីវិត​របស់ខ្លួន។ មិត្ត​ម្នា​ក់បាន​ហៅ​ទូរស័ព្ទ​ទៅកាន់ Mina ប៉ុន្តែ នាង​មិន​លើក​ទូរស័ព្ទ។ ពួកគេ​ក៏បាន​ហៅ​ឡានពេទ្យភ្លាមៗ បន្ទាប់ពី​បាន​រកឃើញ Mina នៅក្នុង​ផ្ទះ​ដោយឡែក​របស់​នាង កាលពី​ព្រឹក​នេះ។

    ពេល​ត្រូវបាន​រកឃើញ Mina កំពុងស្ថិត​ក្នុង​សភាព​ហូរឈាម​ច្រើន។ នាង​បានទទួល​ការវះកាត់ និង​ព្យាបាល​របួស និង​បាន​រួច​ពី​ការស្លាប់ ។ ប៉ុន្តែ នាង​កំពុង​ស្ថិតក្នុង​ភាព​រវើរវាយ​នៅឡើយ។ នេះ​គឺជា​លើក​ទី​បួន​ហើយ ដែល Mina ធ្វើអត្តឃាត នៅក្នុង​អំឡុង 1 ឆ្នាំ ចាប់តាំងពី​មានរឿង​ជាមួយ​ប្រធាន​ក្រុម AOA នាង Shin Ji-min។

    Kwon Mina កាល​ពី​ឆ្នាំ​ 1993

    មុន​ហេតុការណ៍​សម្លាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី 29 កក្កដា Mina បាន​បង្ហោះ​លិខិត​មួយ​ដ៏​វែង រៀបរាប់​អំពី​រឿងអាស្រូវ​ជាមួយ Shin Ji-min និង​បញ្ហា​ជាមួយនឹង​អតីត​មិត្ត​ប្រុស​របស់ខ្លួន។ Mina និយាយថា ខ្លួន​ពិតជា​ជនរងគ្រោះ ដែល​ត្រូវ Ji Min សម្លុត គំរាម។ Mina ទទួលស្គាល់ថា ខ្លួន «បាន​ប្រតិកម្ម​ជ្រុល» ប៉ុន្តែ មូលហេតុ​គឺ​ខ្លួន​យល់ថា «អយុត្តិធម៌ ឈឺចាប់ ខឹង តូចចិត្ត និង​ចង់​សងសឹក»។ នាង​បន្ថែមថា៖ «ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​មិន​ឆ្កួត មិន​និយាយ​កុហក មិនមែនជា​អ្នក​សម្លុត គំរាម​គេ។ ខ្ញុំ​បាន​បង្កបញ្ហា​ច្រើន ប៉ុន្តែ ខ្ញុំ​ចង់បាន​ភាពស្មោះត្រង់ និង​កែប្រែ​កំហុស​ដែល​ខ្លួន​បានធ្វើ»។

    ចំណែក​បញ្ហា​ជាមួយ​អតីត​មិត្ត​ប្រុស Mina ឱ្យដឹងថា នាង​មិន​ច្បាស់​ថា ខ្លួន​ធ្វើ​ត្រូវ ឬ​ខុស​នោះទេ តែមួយ​ក្នុងចំណោម​កំហុស​នោះ​គឺជា​របស់​នាង។

    Mina ត្រូវបាន​គេ​រិះគន់ថា ជា «ចោរ» ប្លន់​សង្សារ​អ្នកដទៃ។

    កាលពី​ខែសីហា ឆ្នាំ 2020 Mina ធ្លាប់បាន​ធ្វើអត្តឃាត​ម្ដង​ហើយ ដោយ​ការ​អារ​ដៃ ប៉ុន្តែ ត្រូវបាន​នាំទៅ​សង្គ្រោះបន្ទាន់​ទាន់ពេល៕

  • តម្លៃ​មូលធន​របស់ Facebook បាត់អស់ 40 ពាន់​លាន​ដុល្លារ ក្រោយ Zuckerberg ថា «ពេលខាងមុខ Facebook ពិបាក​រស់» ប៉ុន្តែ Zuckerberg​ នៅ​មាន​ «អាវុធ» ពិសេស​មួយ​ទៀត

    តម្លៃ​មូលធន​របស់ Facebook បាត់អស់ 40 ពាន់​លាន​ដុល្លារ ក្រោយ Zuckerberg ថា «ពេលខាងមុខ Facebook ពិបាក​រស់» ប៉ុន្តែ Zuckerberg​ នៅ​មាន​ «អាវុធ» ពិសេស​មួយ​ទៀត

    Facebook កំពុង​ក្ដោប​ក្ដាប់​អ្នកប្រើប្រាស់ 2.9 ពាន់​លាន​នាក់​ក្នុង​ដៃ នៅក្នុង 1 ត្រីមាស។ ហេតុអ្វី​បានជា មហា​សេដ្ឋី​ Mark Zuckerberg និយាយថា «ពេលខាងមុខ Facebook នឹង​ពិបាក​រស់» ទៅវិញ?

    សារព័ត៌មាន CNN អះអាងថា សកម្មភាព​អាជីវកម្ម​របស់ Facebook កំពុងតែ​ហោះ​ឡើង​ខ្ពស់បំផុត ប៉ុន្តែ ស្ថានភាព​ល្អប្រសើរ​នេះ ទំនងជា​ស្ថិតនៅ​មិនបាន​យូរអង្វែង​ឡើយ។

    Facebook ទើបតែ​បានប្រកាសថា រកបាន​ចំណូល​ជិត 29.1 ពាន់​លាន​ដុល្លារ នៅក្នុង​អំឡុង 3 ខែ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី 30 មិថុនា កើន 56% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំ 2020។ ប្រាក់ចំណេញ​របស់ Facebook ក៏​កើនឡើង​ទ្វេដង (10.4 ពាន់​លាន​ដុល្លារ) ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង 8.7 ពាន់​លាន​ដុល្លារ ដែល​ក្រុម​អ្នកជំនាញ​បាន​ព្យាករ។

    ក៏ប៉ុន្តែ ចក្ខុវិស័យ​សម្រាប់​ពាក់កណ្ដាល​ចុងឆ្នាំ 2021 នេះ ហាក់​មិនល្អ​ប្រសើរ។ នេះ​បើតាម​ការអះអាង នៃ CFO របស់ Facebook លោក David Wehner។

    https://www.youtube.com/watch?v=w6j4-Ijx73c

    ល្បឿន​នៃ​កំណើន​ប្រាក់ចំណូល កំពុង​ថយចុះ ដោយសារតែ «ការផ្លាស់ប្ដូរ​គោលការណ៍ និង​ថ្នាល​បច្ចេកវិទ្យា» (ដែល​នេះ​ចង់​សំដៅលើ​ការកំណត់​ថ្មី​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិ iOS របស់ Apple។ ការប្ដូរ​ផ្លាស់​ដែល​បាន​អនុវត្ត​ចាប់ពី​ខែមេសា នេះ ទំនងជា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់ Facebook នៅក្នុង​ត្រីមាស​ទី 3 ។

    ជាក់ស្ដែង Apple បានប្រកាស​ការកែលំអ​មួយចំនួន​សម្រាប់ iOS 15។ ក្នុងនោះ អ្នកប្រើប្រាស់​ឧបករណ៍ iOS អាច​ប្រើ Facetime ដែលជា​កម្មវិធី​ហៅ​ទូរស័ព្ទ​ជា​វីដេអូ ដោយ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត រវាង​ឧបករណ៍ iOS មុនៗ ជាមួយនឹង​ឧបករណ៍ Android និង Window។

    ក្រៅពីនេះ អ្នកប្រើប្រាស់​ក៏​អាច​ប្រើ​កម្មវិធី​ថ្មី SharePlay ដែលមាន​មុខងារ​ចែករំលែក​ចម្រៀង រូបថត ឬ​មើល livestream ក្នុងពេល​កំពុង​រង់ចាំ​ការហៅ​ទូរស័ព្ទ​ដោយ​កម្មវិធី Facetime។ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ី​ន​ធើ​ណិ​ត iMessage រវាង​ឧបករណ៍ iOS មុន​នោះ ក៏ត្រូវ​បាន​កែលំអ ឱ្យមាន​ភាពងាយស្រួល​ជាង​មុន ក្នុងការ​ចែករំលែក​តំណ​ភ្ជាប់ រូបថត ចម្រៀង ឬ​អាសយដ្ឋាន​ទំនាក់ទំនង​ផងដែរ។

    ការកែលំអ​ទាំងឡាយ​ខាងលើ​របស់ Apple បាន​វាយប្រហារ​ខ្លាំងក្លា​ទៅលើ​វិស័យ​ដែល Facebook កំពុង​​រកស៊ី​ ដោយ​សារ​តែ​អ្នកប្រើប្រាស់​ឧបករណ៍ Android ពេលនេះ អាច​ប្រើ Facetime បាន។

    https://www.youtube.com/watch?v=hpeZmfq1TRM

    ក្រោយ​ពេលចេញ​របាយការណ៍​ស្ដីពី​លទ្ធផល​អាជីវកម្ម តម្លៃ​មូល​ប​ត្រ​របស់ Facebook បាន​ធ្លាក់ចុះ​ជិត 4% ដែល​ប្រហាក់ប្រហែល​នឹង 40 ពាន់​លាន​ដុល្លារ។

    ប៉ុន្តែ យ៉ាងណាក៏ដោយ Facebook នៅតែ​រីកចម្រើន។ Facebook មាន​អ្នកប្រើប្រាស់​ជាង 2.9 ពាន់​លាន​នាក់ នៅក្នុង​ត្រីមាស​កន្លង កើន 7% ធៀប​នឹង​ឆ្នាំមុន។

    ក្នុង​អនាគត Zuckerberg មានបំណង​កសាង​កំណែ Facebook ធំ​ជាង​នេះ ដោយ​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ធំ ទៅក្នុង​វិស័យ​កំសាន្ត ការបំពេញ​ការងារ បណ្ដាញ​សង្គម។ល។

    ម្ចាស់ Facebook និយាយថា៖ «ប្រការ​ដែល​ខ្ញុំ​យល់ថា អស្ចារ្យ​បំផុត នោះ​គឺ ធ្វើយ៉ាងណា​ដើម្បី​នាំយក​វិស័យ​ទាំងឡាយ (ដែល Facebook កំពុង​ធ្វើ) គួបផ្សំ​ជាមួយគ្នា ជា​គំនិត​ដ៏​ធំ​មួយ។ គោលដៅ​ជារួម នោះ​គឺ នាំយក Metaverse ចូលទៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ»។

    Metaverse នឹង​នាំមក​នូវ​ឱកាស​ដ៏​ធំ សម្រាប់​អ្នក​ផលិត​ខ្លឹមសារ សិល្បករ​ឯករាជ្យ អ្នក​ដែល​ចង់​ធ្វើការ​ពី​ចម្ងាយ ក៏ដូចជា​ក្រុមមនុស្ស​ដែល​រស់នៅក្នុង​តំបន់​ដែល​ការអប់រំ ការកំសាន្ត មានកំណត់។ នេះ​បើតាម​មហាសេដ្ឋី Mark Zuckerberg៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • Jennie (Blackpink) ធ្វើឱ្យ​ខ្ញុំ​ក្ដៅ​ភ្នែក ពេល​បង្អួត​ចង្កេះ «អង្ក្រង» អម​នឹង​ខ្សែ belly chain

    Jennie (Blackpink) ធ្វើឱ្យ​ខ្ញុំ​ក្ដៅ​ភ្នែក ពេល​បង្អួត​ចង្កេះ «អង្ក្រង» អម​នឹង​ខ្សែ belly chain

    ដើម្បី​បាន​ខ្សែ​ចង្កេះ​តូច​ស្ដើង​នេះ​មក​ពាក់​បង្អួត​សម្រស់​ក្បាលពោះ Jennie Kim ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់ពាន់​ដុល្លារ​ឯណោះ។

    ចាប់តាំងពី​បាន​ទៅ​បំពេញការងារ​នៅ សហរដ្ឋអាមេរិក ការលេង​ស្ទីល​របស់ Jennie បាន​ប្រែប្រួល​គួរឱ្យ​ចាប់អារម្មណ៍។ ដោយ​ចេះ​ប្រើ​ស្ទីល​ប្លែក​ភ្នែក និង​ទាក់ទាញ​ស្រាប់ ថ្មីៗនេះ ស្រី​ស្អា​តរបស់​ក្រុម Blackpink ក៏បាន​បង្ហាញ​គ្រឿងអលង្ការ​កាន់តែ​ដូច​ទៅនឹង​ពួកលោក​ខាងលិច។

    ខ្សែ​ចង្កេះ​របស់​ម្ចាស់​បទ How You Like That ដែលជា​ផលិតផល​របស់​យីហោ Jacquie Aiche នេះ មាន​ដាំ​ផ្កា​ជា​ត្បូង​ពេជ្រ​ចំនួន 5 គ្រាប់។ ម៉ូ​ដែល​របស់ belly chain ថ្វីបើ​មាន​រូបរាង​សាមញ្ញ ប៉ុន្តែ វា​ជួយ​ឱ្យ​ស្រី​ស្អាត​វ័យ 25 ឆ្នាំ​រូបនេះ អាច​បង្អួត​ចង្កេះ​ទាំងមូល​របស់​នាង​បាន។ ដើម្បី​បាន​ពាក់​ខ្សែ​ចង្កេះ​នេះ Jennie ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង 13,000,000 រៀល (3,375 ដុល្លារ​អាមេរិក)។

    Jennie បង្ហោះ​រូបថត​ជា​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម Instagram ជាមួយនឹង​ស្ទីល​ពាក់​គ្រឿងអលង្ការ​ប្លែក​ភ្នែក ដើម្បី​បង្អួត​រាងរៅ​នៃ​ចង្កេះ​របស់ខ្លួន។ ចង្កេះ «អង្ក្រង» របស់ Jennie មាន​ភាព​ទាក់ទាញ ដោយសារ​ខ្សែ​ចង្កេះ belly chain ដ៏​ឆ្មារ​មួយ​ខ្សែ។

    ដោយ​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី តារាចម្រៀង កូរ៉េខាងត្បូង ម្នាក់នេះ ត្រូវបាន​គេ​មើលឃើញថា មាន​រូបរាង​មាំមួន ទាក់ទាញ​ចំណាប់អារម្មណ៍ មិន​ចាញ់​តារា អាមេរិកាំង ប៉ុន្មាន​ឡើយ។

    ជាក់ស្ដែង ខ្សែ​ចង្កេះ ត្រូវបាននារីៗនៅ កម្ពុជា នាំគ្នា​ពាក់​តាំងពី​យូរយារ​មកហើយ ពិសេស​គឺ​ខ្សែ​ចង្កេះ​ប្រភេទ​កថា (គាថា) ដែល​បញ្ចុះ​យ័ន្ត​អាគម។ ខ្សែ​ចង្កេះ មានការ​ពេញនិយម​នៅ អឺរ៉ុប ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 2000 ហើយថ្មីៗនេះ ត្រូវបាន​តារា​អន្តរជាតិល្បីៗ យកមក​ឡង់សេ ក្នុងនោះ​មាន Jennie Kim ផងដែរ៕

    ដោយ ​៖ បុត្រា

  • Apple ឈរ​ស្ងៀម នៅតែ​ត្រូវ Elon Musk ដៀមដាម​រហូតដល់​ពី​រលើ​ក នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់ Tesla

    Apple ឈរ​ស្ងៀម នៅតែ​ត្រូវ Elon Musk ដៀមដាម​រហូតដល់​ពី​រលើ​ក នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់ Tesla

    មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ទើបតែ​បាន​ឌឺដង ដៀមដាម​ជា​សាធារណៈ ឱ្យ Apple នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់ Tesla។

    សារព័ត៌មាន CNBC បាន​រាយការណ៍​ថា CEO របស់​ក្រុមហ៊ុន Tesla គឺ​លោក Elon Musk បាន​និយាយ​ចំអក​ឱ្យ «អ្នកជិតខាង» នៅក្នុង​ជ្រលង Silicon (Apple) រហូតដល់ 2 លើក នៅក្នុង​កិច្ចប្រជុំ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កាលពី​ម្សិលមិញ។

    ក្រុមហ៊ុន Tesla និង Apple មិនទាន់មាន​ការប្រកួត​ប្រជែង​ផ្ទាល់​ជាមួយគ្នា​នៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ Apple បាន​បង្ហើប​ឱ្យដឹងថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត។ Apple ក៏បាន​ទាក់ទាញ​វិស្វករ និង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​នាក់ ពី Tesla ធ្វើឱ្យ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ទាំងពីរ មាន​ភាព​តានតឹង។ គម្រោង​ផលិត​រថយន្ត​អគ្គិសនី បើកបរ​ស្វ័យប្រវត្ត​ដែលមាន​ឈ្មោះថា Titan របស់ Apple ក៏​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ Doug Field ដែល​បានមក​ធ្វើ​ការឱ្យ Apple តាំងពី​ឆ្នាំ 2018 បន្ទាប់ពី​នៅ​ជាមួយ Tesla បាន 5 ឆ្នាំ។

    «ខ្ញុំ​គិតថា Apple ប្រើប្រាស់​ធាតុគីមី cobalt 100% សម្រាប់​ថ្ម​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរដៃ​របស់​ពួកគេ ប៉ុន្តែ Tesla វិញ មិន​ដូច្នោះ​ទេ។ តាម​គណនា យើង​ប្រើប្រាស់​តែ 2% ប៉ុណ្ណោះ ធៀប​នឹង Apple។ ដូច្នេះ យើង​មិន​រង​ផលប៉ះពាល់​ច្រើន​ឡើយ នៅពេល​បណ្ដាញ​ផ្គត់ផ្គង់ (cobalt) ត្រូវ​ច្របូកច្របល់» នៅក្នុង​កិច្ចប្រជុំ ប្រកាស​លទ្ធផល​អាជីវកម្ម មហាសេដ្ឋី Elon Musk បាន​ឆ្លើយតប​នឹង​សំណួរ ស្ដីពី​បណ្ដាញ​ផ្គត់ផ្គង់​របស់ Tesla។

    មួយ​ភាគ​នៃ​បរិមាណ cobalt ត្រូវបាន​ជីក​រុករក​នៅក្នុង​ប្រទេស​ជាច្រើន មានដូចជា កុង​ហ្គោ ជាដើម ទទួលរង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​បញ្ហា​បំពាន​កម្លាំង​ពលកម្ម​កុមារ និង​រំលោភ​សិទ្ធិមនុស្ស។ ឆ្នាំ 2019 Apple និង Tesla រួម​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន​ផ្សេងទៀត ត្រូវបាន​គេ​ហៅថា ជនជាប់ចោទ នៅក្នុង​បណ្ដឹង​មួយ ទាក់ទង​នឹង​សិទ្ធិមនុស្ស។

    ចំពោះ​ខ្លួនឯង​វិញ នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ឆ្នាំនេះ Apple បានឱ្យដឹងថា ខ្លួន​បានប្រកាស​បញ្ជី​ឈ្មោះ​ប្រភេទ​រ៉ែ និង​រោងចក្រ​រំលាយ ចម្រាញ់ cobalt ទាំងអស់​ដែល​ខ្លួន​បាន​សហការ។ ជាង​នេះ គ្រប់​រោងចក្រ​ផ្គត់ផ្គង់ cobalt របស់ Apple សុទ្ធតែ​បាន​ចូលរួម​ការធ្វើ​សវនកម្ម​កាលពី​ឆ្នាំ 2020 ។ តំណាង​របស់ Apple មិនបាន​បញ្ចេញយោបល់ ទាក់ទង​នឹង​ការ​ឡកឡាយ​របស់ Elon Musk នោះទេ។

    Elon Musk បន្ត​វាយប្រហារ Apple ជា​លើក​ទី​ពីរ នៅក្នុងពេល​ដំណាលគ្នា​នោះ។ Musk និយាយ​អំពី «Walled Garden» (សួន​ដែល​ត្រូវបាន​ការពារ​ដោយ​ជញ្ជាំង ឬ ជញ្ជាំង​សុវត្ថិភាព) របស់ Apple។ (Apple ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ជំនួស​ឱ្យ​បច្ចេកវិទ្យា​យកមក​ពី​ខាងក្រៅ)។

    លោក Musk យល់ថា «walled garden» ដែល​ត្រូវបាន​ដាក់ឈ្មោះ​ដូច្នេះ ក៏​ព្រោះតែ Apple គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ចំពោះ​ផ្នែក​ទន់​ទាំងឡាយណា​ដែល​ត្រូវ​ដំឡើង​នៅលើ iPhone តាមរយៈ App Store របស់​ពួកគេ។ បច្ចុប្បន្ន Walled Garden របស់ Apple កំពុង​ប្រឈម​នឹង​ការត្រួតពិនិត្យ តាមដាន ពី​សំណាក់​ក្រុម​អ្នកតាក់តែង​ច្បាប់ និង​ក្រុមហ៊ុនផ្សេងៗ រួមទាំង​សវនាការ​ប្រឆាំងនឹង​សិទ្ធិផ្ដាច់មុខ​មួយ​ផងដែរ បន្ទាប់ពី Epic Games បាន​ប្ដឹង​ជំទាស់​នឹង​គោលការណ៍ និង​ការយកថ្លៃ​របស់ App Store។

    ពេល​ត្រូវបាន​សួរ​អំពី​ការដែល Tesla អនុញ្ញាតឱ្យ​គូប្រជែង​នានា ប្រើប្រាស់​ប្រព័ន្ធ​បញ្ចូល​ថាមពល​របស់​ពួកគេ លោក Musk និយាយថា៖ «យើង​ចង់​សង្កត់ធ្ងន់ថា គោលដៅ​របស់​ក្រុមហ៊ុន​គឺ គាំទ្រ​ដល់​វត្តមាន​របស់​ថាមពល​ឋិតថេរ (ថាមពល​ស្អាត) ពោលគឺ​មិនបង្កើត Walled Garden និង​ប្រើប្រាស់​វា​ដើម្បី​ផាត់​ចោល​គូប្រជែង ដូច​ក្រុមហ៊ុន​មួយចំនួន​កំពុង​ធ្វើ​នោះឡើយ»។

    ឆ្លើយ​រួច លោក Elon Musk ក៏​គ្រហែម និង​បន្ត​និយាយថា៖ «Apple»៕

    ប្រភព៖ CNBC
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយ នៅ អាស៊ីអាគ្នេយ៍ ទើបតែ​បាន​ក្លាយជា Startup ថ្មី តម្លៃពាន់លានដុល្លារ

    ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយ នៅ អាស៊ីអាគ្នេយ៍ ទើបតែ​បាន​ក្លាយជា Startup ថ្មី តម្លៃពាន់លានដុល្លារ

    ក្រុមហ៊ុន Fintech Nium របស់​ប្រទេស សិង្ហ​បុរី ទើបតែ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការប្រមូល​ទុន​លើកចុងក្រោយ​បំផុត។

    ក្រុមហ៊ុន​ថ្មី Nium ដែល​ឯកទេស​ផ្នែក​ទូទាត់​ប្រាក់ បម្រើ​សេវាកម្ម​សម្រាប់​ប​ណ្ដា​ក្រុមហ៊ុន​នៅ សិង្ហ​បុរី ទើបតែ​បាន​ក្លាយជា​ក្រុមហ៊ុន startup តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ បន្ទាប់ពី​ប្រមូល​ទុន​បាន​ជាង 200 លាន​ដុល្លារ​អាមេរិក។

    ក្រុមហ៊ុន​ឱ្យដឹងថា តម្លៃ​មូលធន​របស់ Nium បាន​កើន​ដល់ 1 ពាន់​លាន​ដុល្លារ ក្រោយ​ការប្រមូល​ទុន Series D ដែល​នាំមុខគេ​ដោយ​ក្រុមហ៊ុន Riverwood Capital LLC មាន​មូលដ្ឋាន​នៅ Menlo Park ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ ក្រៅពី Riverwood Capital LLC ក៏​នៅមាន​ក្រុមហ៊ុន Temasek Holdings Pte, Visa Inc., Vertex Ventures, Beacon Venture Capital និង Rocket Capital ផងដែរ ដែល​បាន​ចូលរួម​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន Nium។ មូល​និ​ធី​ទ្រព្យសម្បត្តិ GIC Pte របស់ សិង្ហ​បុរី ក៏បាន​ចូលរួម​ក្នុងការ​ប្រមូល​ទុន​របស់ Nium នេះដែរ។

    ការិយាល័យ​របស់​ក្រុម​ហ៊ុន​ Nium

    CEO វ័យ 39 ឆ្នាំ លោក Prajit Nanu បានឱ្យដឹងថា Nium មាន​ផែនការ​ប្រើប្រាស់​ប្រាក់​វិនិយោគ​នេះ​ដើម្បី​ពង្រីក​សកម្មភាព​ជំនួញ នៅ សហរដ្ឋអាមេរិក និង អាមេរិក​ឡាទីន មុននឹង​ធ្វើ IPO (Initial Public Offering / បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង) នៅ សហរដ្ឋអាមេរិក ក្នុងអំឡុង 1.5 ឆ្នាំ ទៅ 2 ឆ្នាំ​ខាងមុខ។

    សិង្ហ​បុរី កំពុងតែ​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជាម​ជ្ឈ​ម​ណ្ឌុ​ល​ហិរញ្ញវត្ថុ​ឌីជីថល ដ៏​មមាញឹក។ Nium ដែលជា​ក្រុមហ៊ុន startup មួយ ក្នុងចំណោម​ក្រុមហ៊ុន fintech ជាង 1,000 ក្នុងប្រទេស​នេះ កំពុង​ផ្ដោតទៅលើ​ផ្នែក​ទូទាត់ ឥណទាន វិនិយោគ និង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន។ Pine Labs Pvt ដែលជា​ថ្នាល​ទូទាត់​ប្រាក់​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​តម្រូវការ នៅ ឥណ្ឌា និង អាស៊ីអាគ្នេយ៍ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន startup វិស័យ fintech ដែលមាន​តម្លៃ​មូលធន​ខ្ពស់បំផុត​នៅ សិង្ហ​បុរី ដោយ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាមេរិក។

    គំនិត​ចេញ​រកស៊ី របស់​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Nium កើតឡើង​ពី «បញ្ហា» ផ្ទាល់ខ្លួន

    ក្រុមហ៊ុន Nium ត្រូវបាន​សហ​ស្ថាបនិក Nanu បង្កើតឡើង​ក្នុងនាម​ជា​សេវាកម្ម​ផ្ទេរប្រាក់​ឆ្លង​ប្រទេស នៅ​ឆ្នាំ 2014។ Nanu ពុំមែន​ជា​វិស្វករ ហើយក៏​ពុំមែន​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។ ក្រោយពី​បាន​ធំ​ឡើង​នៅ​ទីក្រុង ម៉ុម​បៃ នៃ​ប្រទេស ឥណ្ឌា Nanu ក៏បាន​យល់ច្បាស់​អំពី​វិធី​ដឹកនាំ​ក្រុមហ៊ុន​ឱ្យបាន​រីកចម្រើន​លឿន បន្ទាប់ពី​បានធ្វើការ​រយៈពេល 12 ឆ្នាំ នៅក្នុង​ក្រុមហ៊ុន​មួយចំនួន រួមទាំង Adventity Inc. និង WNS Global Services ផងដែរ។

    លោក Prajit Nanu

    Nanu មានគំនិត​ចេញ​រកស៊ី ក្រោយពី​មាន​បញ្ហា​ផ្ទេរប្រាក់​ពី ឥណ្ឌា ទៅ​ប្រទេស ថៃ ដើម្បី​ធ្វើ​ពិធីជប់លៀង​ភាព​នៅ​លីវ​ឱ្យ​មិត្ត​ម្នាក់​កាលពី​ឆ្នាំ 2013។ Nanu ជួប​បញ្ហា​នៅពេល​ទីតាំង​លំហែកាយ​មួយកន្លែង​នៅ​ប្រទេស ថៃ បដិសេធ​ប័ណ្ណឥណទាន​របស់លោក និង​ស្នើឱ្យ​ផ្ទេរប្រាក់​ពី​ធនាគារ ខណៈ​ធនាគារ​ដែល Nanu ប្រើប្រាស់​នៅ ឥណ្ឌា ទាមទារ​លិខិតស្នាម​ជាច្រើន គ្រាន់តែ​ដើម្បី​អាច​ផ្ទេរប្រាក់ 640 ដុល្លារ។

    បច្ចុប្បន្ន Kasikornbank របស់ ថៃ និង​ក្រុមហ៊ុន​ទូរគមនាគមន៍ សិង្ហ​បុរី គឺជា​អតិថិជន​សំខាន់ ក្នុងចំណោម​អតិថិជន​ជាង 200 របស់ Nium។ ដូច​ទៅនឹង Stripe កម្មវិធី​របស់ Nium ក៏​ជួយ​ឱ្យ​ក្រុមហ៊ុន​នានា ទទួលយក​ការទូទាត់​ប្រាក់​តាម​អន​ឡាញ និង​ផ្ញើ​ប្រាក់ ក៏ដូចជា​ចេញ​ប័ណ្ណឥណទាន​ធម្មតា និង​ប័ណ្ណ​និម្មិត៕

    ប្រភព៖ Bloomberg
    ប្រែសម្រួល​៖ បុត្រា