Category: សង្គម និងសេដ្ឋកិច្ច

  • អត្ត​ព​លិ​កនៅ​អាស៊ីអាគ្នេយ៍ ទទួលបាន 1 លាន​ដុល្លារ​អាមេរិក ក្រោយ​ដណ្ដើមបាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ

    អត្ត​ព​លិ​កនៅ​អាស៊ីអាគ្នេយ៍ ទទួលបាន 1 លាន​ដុល្លារ​អាមេរិក ក្រោយ​ដណ្ដើមបាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ

    Hidilyn Diaz ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​កីឡា​របស់​ប្រទេស ហ្វីលីពីន ក្រោយពី​បាន​ជួយ​ឱ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ ដណ្ដើមបាន​មេដាយមាស​ជា​លើកដំបូង នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក។

    Hidilyn Diaz បាន​ក្លាយជា​នារី​អត្ត​ព​លិ​ក​ផ្នែក​លើក​ទម្ងន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហ្វីលីពីន នៅពេល​នាង​ដណ្ដើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​លើក​ទម្ងន់ ប្រភេទ 55 គីឡូក្រាម។ នេះ​គឺជា​មេដាយមាស​ដំបូង​របស់​ក្រុម​អត្ត​ព​លិ​ក ហ្វីលីពីន នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​លើក​នេះ។

    បន្ទាប់ពី​ដណ្ដើមបាន​ជ័យជំនះ​ជូន​ប្រទេសជាតិ Hidilyn Diaz ទទួលបាន​ការផ្ដល់រ​ង្វាន់​ដ៏​ធំ នាំឱ្យ​នាង​ក្លាយជា​សេដ្ឋិនី​មួយ​រំពេច។ ជាក់ស្ដែង ក្រៅពី​ប្រាក់រង្វាន់​គោល​ចំនួន 10 លាន​ប៉េ​សូ (ស្មើនឹង 200,900 ដុល្លារ​អាមេរិក) សម្រាប់​មេដាយមាស​មួយគ្រឿង Hidilyn Diaz ក៏​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​ជាង 40 លាន​ប៉េ​សូ (ស្មើនឹង 803,700 ដុល្លារ​អាមេរិក) ពី​បណ្ដា​ក្រុមហ៊ុន និង​ក្រុមមន្ត្រី ហ្វីលីពីន ផងដែរ។ ទឹកប្រាក់​សរុប ដែល​នារី​អត្ត​ព​លិ​ក​រូបនេះ​ទទួលបាន ស្មើនឹង 1,004,000 ដុល្លារ​អាមេរិក។

    ក្រៅពី​ទឹកប្រាក់​សុទ្ធ Diaz ក៏​ទទួលបាន​ផ្ទះល្វែង​មួយ​ខ្នង​ស្ថិតនៅក្នុង​តំបន់​លំដាប់​ប្រណិត​មួយកន្លែង ផ្ទះ​សម្រាប់​លំហែកាយ​មួយ​ខ្នង​នៅ​ភាគខាងត្បូង​រដ្ឋធានី ម៉ានីល រថយន្ត​ថ្មី​មួយគ្រឿង រួម​នឹង​ការចាក់​សាំង​ដោយ​មិន​គិតថ្លៃ ការធ្វើដំណើរ​តាម​យន្តហោះ​ពាណិជ្ជកម្ម​ដោយ​មិន​គិតថ្លៃ​ពេញ​មួយជីវិត​ទៀតផង។

    ទោះបី​ផ្ដល់​រង្វាន់​យ៉ាងច្រើន​សន្ធឹក​ដល់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយមាស ប៉ុន្តែ ហ្វីលីពីន មិនមែនជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​ច្រើនជាងគេ​នោះទេ។ យោងតាម Forbes សិង្ហ​បុរី ទើប​ជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​គោល​ច្រើនជាងគេ ក្នុងនោះ រង្វាន់ 738,000 ដុល្លារ​អាមេរិក សម្រាប់​អត្ត​ព​លិ​ក​ដណ្ដើមបាន​មេដាយមាស, 370,500 ដុល្លារ សម្រាប់​មេដាយប្រាក់ និង 185,300 ដុល្លារ សម្រាប់​មេដាយ​សំរឹទ្ធ។

    ឈរ​បន្ទាប់ពី សិង្ហ​បុរី គឺ តៃវ៉ាន់ ដោយ​ផ្ដល់​រង្វាន់​សម្រាប់​មេដាយមាស ចំនួន 716,000 ដុល្លារ​អាមេរិក រីឯ​លំដាប់​ទី​បី​គឺ ប្រទេស ឥណ្ឌូនេស៊ី​ដោយ​ផ្ដល់ 346,000 ដុល្លារ​អាមេរិក សម្រាប់​មេដាយមាស៕

  • យាន​លក្ខណៈ​បុគ្គល ហោះហើរ​សំដែង​ដឹក​មនុស្ស​លើកដំបូង នៅក្នុង​ពិព័រណ៍​អាកាសចរណ៍ AirVenture

    យាន​លក្ខណៈ​បុគ្គល ហោះហើរ​សំដែង​ដឹក​មនុស្ស​លើកដំបូង នៅក្នុង​ពិព័រណ៍​អាកាសចរណ៍ AirVenture

    មធ្យោបាយ​ហោះហើរ​ដែល​មាន​ឈ្មោះ​ថា BlackFly ធ្វើការ​ហោះហើរ​រយៈពេល​ខ្លី ទៅកាន់​កម្ពស់ 21 ម៉ែត្រ និង​ក្នុង​ល្បឿន 56 គីឡូម៉ែត្រ/ម៉ោង នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍ នៅ​ទីក្រុង Oshkosh សហរដ្ឋអាមេរិក។

    Opener ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​មធ្យោបាយ​ហោះហើរ​ដំណើរការ​ដោយ​ថាមពល​​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ សហរដ្ឋអាមេរិក សម្រេចបាន​គោលដៅ​ថ្មី នៅក្នុង​ការហោះហើរ​សាក​ល្បង​ចុងក្រោយ។

    Opener បានធ្វើ​ការហោះហើរ​សំដែង​ដោយមាន​មនុស្ស​បើក​ជា​សាធារណៈ​លើកដំបូង ជាមួយនឹង​យាន​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ និង​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដែលមាន​ឈ្មោះថា BlackFly។

    ការហោះហើរ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្នែក​អាកាសចរណ៍ AirVenture របស់​សមាគម​យន្តហោះ​សាកល្បង ដែលមាន​ឈ្មោះថា Experimental Aircraft Association (EAA) នៅ​ទីក្រុង Oshkosh ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 26 ខែកក្កដា ដល់​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។

    ក្នុងការ​សំដែង​នេះ BlackFly ហោះហើរ​បាន​ច្រើន​នារី ក្នុង​ល្បឿន 56 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​ឡើងដល់​កម្ពស់​ប្រមាណ 21 ម៉ែត្រ។

    BlackFly គឺជា​យានជំនិះ​លក្ខណៈ​បុគ្គល​ដែលមាន​ទម្ងន់​មហា​ស្រាល មាន​កៅអី​តែមួយ មាន​ស្លាប​កង្ហារ​ 8 និង​មិន​តម្រូវឱ្យមាន​ប័ណ្ណបើកបរ​នោះឡើយ។ វា​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ 56 គីឡូម៉ែត្រ ជាមួយនឹង​ល្បឿន​ជាង 120 គីឡូម៉ែត្រ/ម៉ោង។

    បណ្ដា​កំណែ​របស់ BlackFly ធ្លាប់បាន​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ​សរុប ជាង 37,000 គីឡូម៉ែត្រ ដោយ​ហោះហើរ​ជាង 2,300 លើក៕

  • Bernard Arnault អ្នកមាន​ជាងគេ​បំផុត​ក្នុង​លោក៖ ក្ដោប​ក្ដាប់​យីហោល្បីៗរាប់សិប ខណៈ​ទ្រព្យ​ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង Warren Buffett

    Bernard Arnault អ្នកមាន​ជាងគេ​បំផុត​ក្នុង​លោក៖ ក្ដោប​ក្ដាប់​យីហោល្បីៗរាប់សិប ខណៈ​ទ្រព្យ​ច្រើនជាង​ជិត​ទ្វេដង ធៀប​នឹង Warren Buffett

    ក្រុមហ៊ុន LVMH របស់​កំពូល​មហាសេដ្ឋី Bernard Arnault កំពុង​គ្រប់គ្រង​យីហោ​ចំនួន 75 ក្នុងនោះ​មាន Louis Vuitton, Christian Dior, TAG Heuer, Hublot, Bvlgari និង Tiffany ។ល។

    រំលឹក​ដល់ Bernard Arnault ដែលជា​ប្រធាន និង​ជា CEO របស់​ក្រុមហ៊ុន LVMH មនុស្ស​ជាច្រើន​នឹង​គិតដល់​ភ្លាម អំពី​រូបភាព​អ្នកជំនួញ​ដែលមាន​មហិច្ឆតា​ខ្ពស់ និង​ខ្លាំងក្លា​របស់​ប្រទេស​បារាំង។ Bernard Arnault តែងតែ​ស្វែងរក​ស្ទើរ​គ្រប់​មធ្យោបាយ​ដើម្បី​សម្រេចបាន​គោលដៅ និង​មិន​ខ្លាច​ក្នុង​ការបញ្ឈប់​បុគ្គលិក​ជាន់ខ្ពស់​របស់ខ្លួន។ លោក Bernard Arnault ក៏​ល្បី​ឈ្មោះថា​ជា កំពូល​អ្នកដើរ​ទិញ​ក្រុមហ៊ុន​ម៉ូ​ដែលល្បីៗផងដែរ។

    Bernard Arnault កើត​ឆ្នាំ 1949 នៅ​ទីក្រុង Roubaix ប្រទេស​បារាំង។ ឪពុក​របស់លោក​គឺជា​អ្នកជំនួញ ហើយ​តាំងពី​តូច Bernard Arnault ចូលចិត្ត​កិច្ចការ​ធ្វើ​ជំនួញ​ខ្លាំងណាស់។

    ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​សាលា Ecole Polytechnique នៃ​ប្រទេស​បារាំង កាលពី​ឆ្នាំ 1971 លោក Bernard បាន​ទៅតាម​ឪពុក​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​សំណង់​ស៊ីវិល​របស់​គ្រួសារ នៅក្នុង​វ័យ 25 ឆ្នាំ។ ក្នុង​រយៈពេល​ខ្លី Bernard បាន​ជួយ​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន​យ៉ាងខ្លាំង។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​បញ្ចុះបញ្ចូល​ឪពុក ក្នុង​ការលក់​ក្រុមហ៊ុន​នេះ ហើយ​ផ្ដោតទៅលើ​តែ​អចលនទ្រព្យ។

    ឆ្នាំ 1984 នៅពេល​រដ្ឋាភិបាល​បារាំង ស្វែងរក​អ្នកទិញ​ក្រុមហ៊ុន Boussac (ក្រុមហ៊ុន​ផលិត​ខោ​ទឹកនោម​ក្រដាស និង​តម្បាញ​ដែល​ក្ស័យធន) លោក Bernard ក៏​សម្រេចចិត្ត​ទិញ​ភ្លាម ដោយ​មើលឃើញថា វា​ជា​ឱកាស​មាស។ Boussac មិនមាន​តម្លៃ​ប៉ុន្មាន​នោះទេ ប៉ុន្តែ ប្រការ​ដែល​លោក Bernard ចង់បាន នោះ​គឺ​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ Christian Dior ដែល Boussac មាន​ភាគហ៊ុន​នៅក្នុង​នោះ។

    Bernard ចំណាយ​ប្រាក់ 15 លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញយក​ក្រុមហ៊ុន​ខាងលើ ហើយក៏​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់ បារាំង Lazard Freres ដើម្បី​បាន​ខ្ចីប្រាក់​បន្ថែម 80 លាន​ដុល្លារ​ទៀត សម្រាប់​ទិញ Boussac និង​បង្វែរ​ក្រុមហ៊ុន​នេះ​ទៅរក​មុខ​ជំនួញ​លំដាប់​ប្រណិត។

    ក្រោយមក លោក​ក៏បាន​ប្រើប្រាស់​លុយ 400 លាន​ដុល្លារ ដែល​បានមកពី​ការលក់​ទ្រព្យ​របស់ Boussac រួម​នឹង​ទុន​ដែល​បានមកពី Lazard ដើម្បី​អនុវត្ត​ជំហាន​បន្ទាប់ នោះ​គឺ ការ​ច្បាម​យក​មូល​ប​ត្រ​របស់ LVMH។ Bernard ទិញ​ក្រុមហ៊ុន​នេះ​បាន​ដោយ​ជោគជ័យ​កាលពី​ឆ្នាំ 1990 ក្នុង​គ្រា​ដែល​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​នេះ កំពុង​បែកបាក់។

    ម្ចាស់​ក្រុម​ហ៊ុន​ LVMH លោក​ Bernard Arnault និង​ភរិយា​ Helene (ស្ដាំ) កាល​ពី​ដើម​ឆ្នាំ​ 2021

    ក្រោយ​ទិញ​បាន លោក Bernard ក៏បាន​ប្រែក្លាយ LVMH ទៅជា​យីហោ​ប្រណិត ដោយ​ផលិតផល​របស់​ក្រុមហ៊ុន ប្រកប់ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ជាង​មុន និង​ខុសពី​រូបភាព «ចាស់ជរា» កាលពី 20 ឆ្នាំមុន។

    ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 លោក Bernard បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ប្រមូល​ទិញ​យីហោ​សម្លៀកបំពាក់​លំដាប់ប្រណិតៗ ដូចជា Fendi, Kenzo និង Thomas Pink, បណ្ដា​ក្រុមហ៊ុន​ផលិត​នាឡិកា និង​គ្រឿងអលង្ការ Chaumet, Zenith និង TAG Heuer រួម​នឹង​បណ្ដាញ​លក់រាយ ដូចជា DFS និង Sephora ។ល។

    មកដល់​បច្ចុប្បន្ន LVMH របស់​កំពូល​មហាសេដ្ឋី Bernard Arnault បាន​ក្លាយជា​ក្រុមហ៊ុន​លេខ 1 ក្នុង​ពិភពលោក ដែល​ផ្គត់ផ្គង់​ទំនិញប្រណិត តម្លៃ​ថ្លៃ ដោយមាន​យីហោ​ចំនួន 75 ដែល​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ភេសជ្ជៈ​មាន​អាល់កុល គ្រឿងសម្អាង គ្រឿងក្រអូប សម្លៀកបំពាក់ នាឡិកា គ្រឿងអលង្ការ រួម​នឹង​វិស័យ​លក់រាយ​មួយចំនួន។ល។

    ទ្រព្យសម្បត្តិ​របស់លោក Bernard Arnault កើនឡើង​យ៉ាង​ឆាប់រហ័ស បើ​ទោះ COVID-19 រាតត្បាត​ពេញ​ពិភពលោក

    យោងតាម​ស្ថិតិ​របស់ Forbes ម្ចាស់​ក្រុមហ៊ុន LVMH កំពុង​ក្ដោប​ក្ដាប់​ទ្រព្យសម្បត្តិ​ចំនួន 199.1 ពាន់​លាន​ដុល្លារ និង​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ចំណែក​មហាសេដ្ឋី Jeff Bezos ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon បាន​ធ្លាក់​មក​នៅ​លេខ 2 ជាមួយនឹង​ទ្រព្យ 194.6 ពាន់​លាន​ដុល្លារ។

    ក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក ដែល​ត្រូវបាន Forbes ចេញផ្សាយ​កាលពី​ខែមេសា ឆ្នាំ 2020 ទ្រព្យ​របស់លោក Bernard មាន​ត្រឹមតែ 76 ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដូច្នេះ ក្រោយ​រយៈពេល​ជាង​មួយឆ្នាំ ទ្រព្យ​របស់​មហាសេដ្ឋី​ជនជាតិ​បារាំង​រូបនេះ បាន​កើន​បន្ថែម 123 ពាន់​លាន​ដុល្លារ។ ទ្រព្យសម្បត្តិ​របស់លោក Bernard ច្រើនជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​ទ្រព្យ​របស់​មហាសេដ្ឋី​អាមេរិក Warren Buffett ដែលមាន 101.8 ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់លោក Bernard និង​គ្រួសារ គឺ​បានមកពី​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន LVMH។

    ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2021 LVMH រកបាន​ចំណូល 33.9 ពាន់​លាន​ដុល្លារ កើន 56% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ 2020។ កំណើន​នៃ​ប្រាក់ចំណូល​នេះ ភាគច្រើន​បានមកពី​ផលិតផល​សម្លៀកបំពាក់ និង​ផលិតផល​ធ្វើ​អំពី​ស្បែក​សត្វ។

    ថ្មីៗនេះ LVMH ក៏បាន​ប្រកាស​អំពី​ការទិញ​ភាគហ៊ុន​ចំនួន 60% របស់ Off-White ដែល​ត្រូវបាន​បង្កើតឡើង​ដោយ Virgil Abloh។ Virgil Abloh គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរស​ប្រចាំ​ក្រុមហ៊ុន Louis Vuitton៕

  • តំណែង​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក របស់ Jeff Bezos បាន​ធ្លាក់​ទៅលើ​ដៃ​ជនជាតិ​បារាំង

    តំណែង​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក របស់ Jeff Bezos បាន​ធ្លាក់​ទៅលើ​ដៃ​ជនជាតិ​បារាំង

    ក្រោយ​ការ​ត្រលប់​មកពី​អវកាស មហាសេដ្ឋី របស់ សហរដ្ឋអាមេរិក លោក Jeff Bezoa ទទួលបាន​ដំណឹង​មិនល្អ៖ បាត់បង់​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។

    សារព័ត៌មាន MarketWatch បាន​រាយ​កាណ៍​ថា លោក Jeff Bezos ទើបតែ​បាន​បាត់បង់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយសារ​ទ្រព្យ​របស់លោក បាន​ថ​យុះ 13.9 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​តែ 1 ថ្ងៃ។

    មូលហេតុ​នៃ​បញ្ហា​នេះ គឺ​ដោយសារ​មូល​ប​ត្រ Amazon បាន​ដាំ​ក្បាល​ចុះ​កាលពី​ចុង​សប្ដាហ៍​មុន ដោយ​បាត់​បង់អស់ 7% បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានចេញ​របាយការណ៍​ស្ដីពី​កំណើន​ពាណិជ្ជកម្ម​នៅក្នុង​ត្រីមាស​ទី 2 ដែល​មិនបាន​ដូច​ការ​ព្យាករ។

    មហា​សេដ្ឋី​ជនជាតិ​បារាំង លោក​ Bernard Arnault

    ការបាត់បង់​ទ្រព្យ​ដ៏​ច្រើន​នេះ ធ្វើឱ្យ​លោក Jeff Bezos ត្រូវបាន​អ្នកជំនួញ​បារាំង លោក Bernard Arnault ដណ្ដើម និង​កាន់កាប់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។ លោក Arnault មាន LVMH ក្នុង​ដៃ។ LVMH ជា​ក្រុមហ៊ុន​ដែល​ក្ដោប​ក្ដាប់​យីហោ​ផលិតផលប្រណិតៗ រួមមាន​ទាំង Louis Vuitton, Sephora, Moët & Chandon និង Tiffany & Co ផងដែរ។

    គិត​មកដល់​ថ្ងៃនេះ (03 សីហា ឆ្នាំ 2021) ទ្រព្យ​របស់លោក Arnault បាន​កើន​ឡើងដល់ 195.8 ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ទ្រព្យ​របស់លោក Bezos ធ្លាក់​មក​នៅត្រឹម 192.6 ពាន់​លាន​ដុល្លារ៕

  • យានអវកាស​របស់ Boeing ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហោះ​ទៅ​ទី​អវកាស​នៅ​ថ្ងៃស្អែក

    យានអវកាស​របស់ Boeing ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហោះ​ទៅ​ទី​អវកាស​នៅ​ថ្ងៃស្អែក

    យានអវកាស Starliner របស់​ក្រុមហ៊ុន Boeing និង​រ៉ុក្កែត Atlas V របស់ Boeing សហការ​ជាមួយ Lockheed Martin ត្រូវបាន​នាំទៅ​កាន់​ប្រព័ន្ធ​ជើង​ទម្រ​លេខ 41 នៅ​ស្ថានីយ​អវកាស​ចរណ៍ Cape Canaveral កាលពី​ថ្ងៃទី 02 ខែសីហា។

    រ៉ុក្កែត Atlas V និង​យាន Starliner នឹង​បំពេញភារកិច្ច​ដែល​គេ​ហៅថា OFT-2 គ្រោង​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង 0:20 នាទី ថ្ងៃទី 04 សីហា (ម៉ោង​នៅ​កម្ពុជា)។ ក្នុង​បេសកកម្ម​នេះ យាន Starliner ដែល​មិនមាន​មនុស្ស​បើក នឹងត្រូវ​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រ៉ុក្កែត Atlas V និង​យាន Starliner បាន​ទៅដល់​កន្លែង​បាញ់​បង្ហោះ​លេខ 41។ ពួកវា​ធ្លាប់​ត្រូវបាន​ដឹក​ទៅ​ដា​ក់លើ​ជើង​ទម្រ​នេះ​កាលពី​ថ្ងៃទី 29 កក្កដា ដើម្បី​ត្រៀម​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 30 កក្កដា។ ប៉ុន្តែ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ពន្យារពេល ដោយសារតែ​ម៉ូឌុល Nauka របស់ រុស្ស៊ី បានធ្វើ​ឱ្យមាន​បញ្ហា​មួយចំនួន​ដល់ ISS។

    ក្រុមហ៊ុន Boeing អភិវឌ្ឍ Starliner ក្រោម​ការវិនិយោគ​ពី​កម្មវិធី​ពាណិជ្ជកម្ម​ដឹក​មនុស្ស របស់ NASA។ កម្មវិធី​នេះ​ក៏​គាំទ្រ​ដល់​យាន Crew Dragon របស់ SpaceX ផងដែរ ក្នុង​គោលដៅ​ប្រើប្រាស់​យានអវកាស​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​យាន Space Shuttle របស់ NASA បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ 2011។

    Crew Dragon ធ្លាប់បាន​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់ ISS ដោយ​ជោគជ័យ ចំណែក Starliner មិនទាន់​ធ្វើបាន​នៅឡើយ។ ជាដំបូង យាន Starliner ត្រូវ​បង្ហាញ​អំពី​សមត្ថភាព​នៃ​ការហោះហើរ​ដោយ​ស្ថិរភាព​នៅពេល​ពុំមាន​មនុស្ស​ជិះ។ នេះ​គឺជា​គោលដៅ​របស់ OFT-2។ OFT-2 គឺជា​ការហោះហើរ​សាកល្បង​លើក​ទី​ពីរ​របស់ Starliner ដោយ​ត្រូវ​ហោះ​ទៅកាន់ ISS។ ការសាកល្បង​ដំបូង ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ 2019 ប៉ុន្តែ មិនបាន​ជោគជ័យ៕

  • ចិន បង្កើត «សណ្ឋាគារ​ជ្រូក» ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់

    ចិន បង្កើត «សណ្ឋាគារ​ជ្រូក» ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់

    «សណ្ឋាគារ​ជ្រូក» កម្ពស់​ច្រើន​ជាន់​គឺជា​ដំណោះស្រាយ​ថ្មី​មួយ​សម្រាប់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ដូច ចិន ដើម្បី​ការពារ​ជ្រូក​របស់​ប្រទេស​នេះ ពី​ការយាយី​របស់​ជំងឺឆ្លង​មួយចំនួន ដូចជា​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ជាដើម។

    ចិន កំពុងតែ​នាំយក​បញ្ហា​សុវត្ថិភាព​ជីវសាស្ត្រ​សម្រាប់​សត្វ​ជ្រូក ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត។ អគារ​កម្ពស់ 13 ជាន់ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​ចិញ្ចឹម​ជ្រូក​ប្រមាណ 10,000 ក្បាល។ ជ្រូក​នៅទីនេះ រស់នៅក្នុង​បរិស្ថាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ក្នុងនោះ​មាន​ទាំង​កាមេរ៉ា​តាមដាន ផ្លូវចេញចូល​មានកំណត់ សេវាកម្ម​ពេទ្យសត្វ​នៅនឹងកន្លែង ហើយ​អាហារ​ក៏ត្រូវ​បានរៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន។

    ដំណើរការ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ​ដល់​ប្រភព​ផ្គត់ផ្គង់​សាច់​ជ្រូច នៅ​ចំពោះមុខ​វីរុស​ជាច្រើន​ប្រភេទ រួមទាំង​ជំងឺប៉េស្ត​ជ្រូក (African swine fever) ដែល​ធ្លាប់បាន​លុបបំបាត់​ជ្រូក​ប្រមាណ​ពាក់កណ្ដាល​នៃ​ចំនួន​ជ្រូក​សរុប​ទូទាំងប្រទេស​របស់​ចិន ក្នុង​ឆ្នាំ 2018 និង 2019។

    រូបមន្ត​ដែលមាន​រហ័ស​នាម​ថា «សណ្ឋាគារ​ជ្រូក» នេះ ត្រូវ​សាងសង់ឡើង​ដោយ​បណ្ដា​ក្រុមហ៊ុន​ដូចជា Muyuan Foods និង New Hope Group។ រូបមន្ត​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេសផ្សេងៗតាំងពី​យូរ​មកហើយ ដើម្បី​គ្រប់គ្រង និង​ការពារ​សត្វ​ជ្រូក​ពី​ជំងឺ​កាច​សាហាវផ្សេង។

    Rupert Claxton ប្រធាន​ផ្នែក​សាច់​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Gira នៃ​ប្រទេស អង់គ្លេស បាន​វាយតម្លៃថា ប្រទេស​ចិន កំពុង​រៀនសូត្រ​អំពី​វិធីសាស្ត្រ​ល្អ​បំផុត​ពី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​គម្លាត​ផ្នែក​សុវត្ថិភាព​ជី​វិ​សាស្ត្រ។ «ក្នុង​រយៈពេល 20 ឆ្នាំ ពួកគេ​អាចធ្វើ​បាន​នូ​វប្រ​ការដែល​ជនជាតិ​អាមេរិក ប្រហែលជា​ត្រូវ​ចំណាយពេល 100 ឆ្នាំ ទើប​អាច​ធ្វើបាន»។

    ជំងឺ​បេ​ស្ដ​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ឆ្លង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ 2018។ ក្នុង​រយៈពេល 1 ឆ្នាំ ជ្រូក​ជាង 400 លាន​ក្បាល​របស់​ប្រទេស​នេះ ត្រូវបាន​សម្លាប់ចោល ដែល​ចំនួន​នេះ ច្រើនជាង​ចំនួន​ជ្រូក​ប្រចាំឆ្នាំ​របស់ សហរដ្ឋអាមេរិក និង ប្រេ​ស៊ី​ល បូក​ចូលគ្នា​ទៅទៀត។ បញ្ហា​នេះ​ក៏បាន​នាំឱ្យ​តម្លៃ​សាច់ជ្រូក​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​តម្រូវការ​នៃ​ការនាំ​ចូល​ពី​បរទេស កើនឡើង​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

    នៅពេល​បញ្ហា​អតិ​ភរ​ណា​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុងពេល 8 ឆ្នាំ រដ្ឋាភិបាល​ចិន ត្រូវ​ងាក​ទៅរក​ប្រភព​សាច់ជ្រូក​ក្លាសេ​ជាបន្ទាន់ ដើម្បី​បញ្ចុះតម្លៃ ទន្ទឹមនឹង​គោលនយោបាយ​ថ្មី សម្រាប់​ការប្ដូរ​ទៅរក​សកម្មភាព​ចិញ្ចឹម​ជ្រូក​តាមបែប​ឧស្សាហកម្ម​ទំនើប។

    មកដល់​បច្ចុប្បន្ន បរិមាណ​ជ្រូក​ក្នុងស្រុក បាន​ងើប​ឡើងវិញ​លឿន​ជាង​ការ​ព្យាករ ដោយសារ​កសិដ្ឋានធំៗ នាំគ្នា​បង្កើន​ទំហំ​នៃ​ការចិញ្ចឹម។ តម្លៃ​របស់​សាច់ជ្រូក​ក៏បាន​ធ្លាក់ចុះ​រហូតដល់​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សញ្ញា​អាសន្ន ហើយ​ឃ្លាំង​ជាតិ ក៏ត្រូវ​បើក​យុទ្ធនា​ការប្រមូលទិញ​សាច់ជ្រូក​យកមក​រក្សាទុក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ទីផ្សារ។

    ប៉ុន្តែ ការ​គំរាម​ពី​វីរុស​នានា នៅតែ​កើតមាន។ ជំងឺឆ្លង​ចំនួន 11 លើក បានកើត​ឡើងលើ​សត្វ​ជ្រូក ក្នុង​ឆ្នាំ 2021 នាំឱ្យ​ជ្រូក​ជាង 2,000 ក្បាល​ត្រូវបាន​សម្លាប់ចោល ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស ដូចជា សហរដ្ឋអាមេរិក ដា​ណឺ​ម៉ាក និង​ហូ​ឡង់ ជាដើម ពុំ​ធ្លាប់មាន​របាយការណ៍​ស្ដីពី​ជំងឺ​ដូច​នៅ​ប្រទេស​ចិន។

    ដូច្នេះហើយ ចិន ក៏​ព្យាយាម​កែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក និង​បង្កើន​បរិមាណ​សត្វ​ជ្រូក​ក្នុងប្រទេស។ គិត​មកដល់​ឆ្នាំ 2020 57% នៃ​បរិមាណ​សាច់ជ្រូក​របស់​ប្រទេស​នេះ គឺ​បានមកពី​កសិដ្ឋានធំៗ ដែល​អាច​ចិញ្ចឹម​បាន​ជាង 500 ក្បាល ក្នុងមួយឆ្នាំ។

    ការកែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ចិន រួមមាន​ដូចជា ការសាងសង់​កសិដ្ឋាន​បែប​ឧស្សាហកម្ម​ទំនើប ក្នុងនោះ​ក៏មាន​ការសាងសង់​អគារខ្ពស់ៗសម្រាប់​ចិញ្ចឹម​ជ្រូក ការសាងសង់​កន្លែង​ស្នាក់នៅ​សមរម្យ​សម្រាប់​បុគ្គលិក កម្មករ​នៅ​កសិដ្ឋាន ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​របស់​ពួកគេ​ជាមួយនឹង​បរិស្ថាន​នៅ​ខាងក្រៅ។ល។

  • អ្នកវិទ្យាសាស្ត្រ អាចធ្វើឱ្យ​ទឹកស្អាត​ក្លាយជា​លោហធាតុ

    អ្នកវិទ្យាសាស្ត្រ អាចធ្វើឱ្យ​ទឹកស្អាត​ក្លាយជា​លោហធាតុ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការពិសោធ និង​បានប្រែក្លាយ​ទឹកស្អាត​ឱ្យទៅជា​លោហធាតុ ដោយ​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​នេះ​ក៏​បង្កើតបានជា​ធាតុ​រាវ​ដែលមាន​សមត្ថភាព​បញ្ជូន​អគ្គិសនី។

    ទឹក​ដែល​មិនទាន់បាន​ច្រោះ​ស្អាត​អាច​នាំ​អគ្គិសនី មានន័យថា អេ​ឡិច​ត្រុ​ង​បន្ទុក​អវិជ្ជមាន អាច​ត្រូវបាន​ចម្លង​រវាង​ម៉ូលេគុល ព្រោះ​នៅក្នុង​ទឹក​មាន​ជាតិ​អំបិល។ ប៉ុន្តែ ទឹកស្អាត​គឺមាន​តែ​ម៉ូលេគុល​ទឹក​ប៉ុណ្ណោះ ក្នុងនោះ​អេ​ឡិច​ត្រុ​ង​នានា​នៅ​សម្បក​ខាងក្រៅ​បង្អស់ (សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់/ Valence electron) នៅតែ​តោង​ជាប់​នឹង​អាតូម និង​មិនអាច​ផ្លាស់​ទី​ដោយ​សេរី​ក្នុង​ទឹក។

    អំពី​ទ្រឹស្ដី បើសិនជា​បង្កើត​សម្ពាធ​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​ទឹកស្អាត ម៉ូលេគុល​ទឹកនឹង​ត្រូវ​កៀប​ឱ្យ​ជាប់​គ្នា ហើយ​សម្បក​អេ​ឡិច​ត្រុ​ង​ខាងក្រៅ​បង្អស់​ដែល​ព័ទ្ធជុំវិញ​អាតូម នឹងត្រូវ​គរ​លើ​គ្នា។ ប្រការនេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​អេ​ឡិច​ត្រុ​ង​ផ្លាស់​ទី​ដោយ​សេរី រវាង​អាតូមនីមួយៗ ហើយ​ប្រែក្លាយ​ទឹក​ទៅជា​លោហធាតុ។

    បញ្ហា​នៅត្រង់ថា ដើម្បី​កៀប​ទឹក​រហូតដល់​ក្លាយជា​លោហធាតុ គឺ​ទាមទារ​ឱ្យមាន​សម្ពាធ​ប្រហែល 220 លាន psi (pound per square inch) នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ Pavel Jungwirth មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ ឆែក នៅ​រដ្ឋធានី Prague។ ដោយ​មូលហេតុ​នេះហើយ ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា ទឹក​ត្រូវ​ប្រែ​ទៅជា​លោហធាតុ ដែល​អាចមាន​វត្តមាន​នៅក្នុង​ស្នូល​របស់​បណ្ដា​ភព​ខ្នាត​យក្ស ដូចជា​ភព​ព្រហស្បតិ៍ ភព​ណិ​ប​ទូ​ន និង​ភព​អ៊ុយ​រ៉ា​នុស។

    Jungwirth និង​ក្រុមការងារ បា​នរក​វិធី​ផ្សេង ដើម្បី​អាចធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។ ពួកគេ​ប្រើប្រាស់​លោហអាល់កាឡាំង រួមមាន​ធាតុ​ផ្សំ​ដូចជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ហើយ​មាន​ផ្ទុក​អេ​ឡិច​ត្រុ​ង​តែមួយ​នៅ​សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់។

    លោហអាល់កាឡាំង អាច​ផ្ទុះ នៅពេល​ប៉ះ​នឹង​ទឹក ប៉ុន្តែ ពួកគេ​គិតថា ដោយ​វិធី​ណាមួយ​នោះ ដែល​អាច​ចៀសវាង​ការផ្ទុះ​បាន ពួកគេ​អាច​ខ្ចី​អេ​ឡិច​ត្រុ​ង​ពី​លោហអាល់កាឡាំង និង​ប្រើប្រាស់​អេ​ឡិច​ត្រុ​ង​នោះ​ដើម្បី​ធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។

    ការពិសោធ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 28 កក្កដា នៅលើ​ទស្សនាវដ្ដី Nature ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​សមស្រប។ ពួកគេ​ដាក់​ស៊ីឡាំង​ដែល​ពេញ​ដោយ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​នៅក្នុង​ប្រអប់​ទំនេរ រួច​បញ្ចេញ​តំណក់តូចៗនៃ​លោហធាតុ​រាវ​ក្នុង​សីតុណ្ហភាព​ស្មើនឹង​កំដៅ​ក្នុង​បន្ទប់ ក្រោយមក​ទុកឱ្យ​តំណក់​លោហធាតុ​នេះ​ប៉ះ​នឹង​ចំហាយ​ទឹក​ដ៏​ល្អិត។ ទឹក​ក៏បាន​កកើត​នៅលើ​បន្ទះ​មួយ​ដែលមាន​កម្រាស់ 0.1 micromet នៅ​ខាងលើ​ផ្ទៃ​នៃ​តំណក់​លោហធាតុ ហើយ​ភ្លាមនោះ អេ​ឡិច​ត្រុ​ង​ពី​លោហធាតុ​ក៏​រត់ទៅរក​ទឹក។

    នៅក្នុង​រយៈពេល​ដ៏​ខ្លី ទឹក​ប្រែ​ទៅជា​ពណ៌​លឿង​បែប​លោហធាតុ​រលើបរលោង។ ដោយ​ការប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់ spectrometer ក្រុម​ស្រាវជ្រាវ​អាច​បញ្ជាក់បាន​ថា ទឹក​ដែលមាន​ពណ៌​លឿង​នោះ ពិតជា​លោហធាតុ៕

  • Amazon កំពុងក្លាយជាគោលដៅក្នុងការរឹតត្បឹតពីសំណាក់រដ្ឋាភិបាលអាមេរិក

    Amazon កំពុងក្លាយជាគោលដៅក្នុងការរឹតត្បឹតពីសំណាក់រដ្ឋាភិបាលអាមេរិក

    ការរីកចម្រើន ហើយ​ពេលខ្លះ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​ជា ការរកស៊ី​ផ្ដាច់មុខ​កាន់តែខ្លាំង​ឡើង​របស់ Amazon បានធ្វើឱ្យ​ពួកគេ​ក្លាយជា​គោលដៅ​ដែល​ត្រូវ​ចាត់វិធានការ​ពី​សំណាក់​រដ្ឋ និង​ក្រុម​អ្នកតាក់តែង​ច្បាប់ នៅ​សហរដ្ឋ អាមេរិក។

    ក៏ប៉ុន្តែ ដោយសារតែ​ទំហំ​ដ៏​មហិមា និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន ក្រុមហ៊ុន Amazon ក៏​ធ្វើឱ្យ​ក្រុម​អ្នកបង្កើត​ច្បាប់ ត្រូវ​ថ្លឹងថ្លែង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក្នុងការ​រឹត​ត្បឹ​ត​លើ​ក្រុមហ៊ុន​នេះ ដើម្បី​មិនឱ្យ​មានការ​ប៉ះពាល់​ដល់​អតិថិជន និង​បណ្ដា​ក្រុមហ៊ុន​ដែល «អាស្រ័យ​ផល» ដោយសារ។

    កាលពី​ចុងខែ​មុន តំណាងរាស្ត្រ​មួយក្រុម រួមមាន​ទាំង​ក្រុម​អ្នកតាក់តែង​ច្បាប់​នៅ​សភា​ជាន់​ទាប​អាមេរិក បានបង្ហាញ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា «ក្ដោប​ក្ដាប់​អំណាច» នៃ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មានដូចជា Facebook, Amazon, Apple និង Google។ សេចក្ដីព្រាងច្បាប់​នេះ នឹង​អាច​បើកផ្លូវ​ឱ្យមាន​ការ​កាត់ផ្ដាច់​ក្រុមហ៊ុន​មួយ ឬ​ច្រើន​ចេញពី​គ្នា ទន្ទឹមនឹង​ការដែល​ត្រូវ​រក​ដំណោះស្រាយ​ឱ្យបាន​សមស្រប។

    ក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ប្រហែលជា​ត្រូវបាន​បង្ខំ​ឱ្យ​ឈប់​ដំណើរការ​ទីផ្សារ​របស់​អ្នកលក់​ជា​ភាគី​ទី​បី និង​ត្រលប់មក​ស្ថានភាព​ដើម ដែល Amazon គ្រាន់តែ​លក់ទំនិញ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ សកម្មភាព​នេះ នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកលក់​រាប់​លាន​នាក់ ដែល​កំពុង​ពឹង​ផ្អែកលើ​ទីផ្សារ​ជា​ឈ្មួញកណ្ដាល​របស់ Amazon ដើម្បី​ធ្វើ​ជំនួញ និង​ធ្វើឱ្យ​បទពិសោធន៍​នៃ​ការទិញ​ដូរ​របស់​អតិថិជន ត្រូវ​ក្រឡាប់ចាក់។

    Joel Mitnick ដែលជា​សមាជិក​ម្នាក់​នៃ​ក្រុម​មេធាវី​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ ប្រចាំ​ក្រុមហ៊ុន​ច្បាប់ Cadwalader ឱ្យដឹងថា៖ «ការ​បំបែក​ក្រុមហ៊ុន​នានា ពិតជា​មានការ​លំបាក ហើយ​ការ​បំបែក​ក្រុមហ៊ុន​ដែលមាន​អតិថិជន​ស្រលាញ់​ចូលចិត្ត​ច្រើន នោះ​វា​កាន់តែ​ពិបាក​ខ្លាំង​ទៅទៀត»។

    Amazon ធ្លាប់តែ​ជា​ក្រុមហ៊ុន​មួយ​ដែល​លក់​តែ​សៀវភៅ។ ពេលនេះ យើង​អាច​ហៅ​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ដោយ​ខ្លី​ថា «ពាណិជ្ជកម្ម​អន​ឡាញ»។ Amazon មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន ដូចជា Amazon Web Services, Whole Food, ផ្សព្វផ្សាយ, ហ្គេម, កំសាន្ត និង​សេវាកម្ម​ផ្សាយ​ផ្ទាល់, ដឹកជញ្ជូន, ឧបករណ៍​ឆ្លាត​វៃ, សេវា​ទូទាត់​ប្រាក់ និង​ផ្សារ​អន​ឡាញ។

    ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​របស់ Amazon បាន​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តំណាងរាស្ត្រ Elizabeth Warren ធ្លាប់បាន​ដាក់សំណើ​បង្កើត​អង្គភាព​នានា ដើម្បី «ប្រែ​ត្រលប់​មកវិញ ចំពោះ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​បណ្ដា​ក្រុមហ៊ុន ដែលមាន​កត្តា​ប្រឆាំងនឹង​ការប្រកួតប្រជែង»។ ក្នុងនោះ​មាន​ទាំង​ករណី Amazon ប្រើប្រាស់​លុយ 13.7 ពាន់​លាន​ដុល​លារ ដើម្បី​ទិញ​ក្រុមហ៊ុន Whole Foods កាលពី​ឆ្នាំ 2017។

     

    ថ្មីៗនេះ ការដែល Amazon លើកសំណើរ​ទិញយក​ក្រុមហ៊ុន​ភាពយន្ត MGM ក្នុងតម្លៃ 8.45 ពាន់​លាន​ដុល្លារ ក៏​ជួបនឹង​ប្រតិកម្ម​របស់ Warren និង​អ្នកតាក់តែង​ច្បាប់​ដទៃទៀត។ គណៈកម្មការ​ពាណិជ្ជក​ម្ម​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធាន​ដែល​ទើបតែ​ត្រូវបានតែងតាំង Lina Khan នឹង​សើរើ​កិច្ចព្រមព្រៀង​ខាងលើ​ឡើងវិញ។

    បើទោះជា​មិនទាន់​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ Amazon Web Services នៅតែ​អាច​ទទួលរង​ឥទ្ធិពល ដោយសារតែ​ច្បាប់។

    អ្នកវិភាគ​មួយចំនួន ក្នុងនោះ​មាន​ទាំង​អតីត​អនុប្រធាន​របស់ Amazon បានផ្ដល់​យោបល់​ថា ក្រុមហ៊ុន Amazon គួរតែ​បំបែក Amazon Web Services ឱ្យដាច់​ដោយឡែក ដើម្បី​ទប់ទល់​នឹង​កម្លាំង​មកពី​បណ្ដា​អង្គភាព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ និង​ដើម្បី​ជំរុញ​កំណើន​របស់​សេវា​កម្មនេះ។

    អំពី Amazon នៅពេល​គេ​ស្វែងរក​ផលិតផល​មួយ​នៅលើ​គេហទំព័រ​របស់ Amazon គេ​ឃើញ​មាន​ទំនិញ​ជាច្រើន​ដែល​មិនមែនជា​ផលិតផល​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​នេះ ប៉ុន្តែ ជា​ផលិតផល​របស់​ភាគី​ទី​បី ដែល​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​របស់ Amazon ដើម្បី​លក់​ផលិតផល​ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ទំនាក់ទំនង​បែបនេះ រវាង Amazon និង​ភាគី​អ្នកលក់ បាន​ក្លាយជា​ចំណុច​ដែល​ត្រូវ​រិះគន់។

    មនុស្ស​ជាច្រើន​មានការ​បារម្ភ​អំពី​ការដែល Amazon ចម្លង​ផលិតផល​របស់​អ្នកលក់ ហើយ​លក់​វា​ក្នុងតម្លៃ​ទាប​ជាង នៅពេល​ពួកគេ​មាន​ទំហំ​គ្រប់គ្រាន់ និង​ធនធានមនុស្ស​ច្រើនជាង​បច្ចុប្បន្ន។

    សង្គ្រាម​ទប់ទល់​នឹង​ការរកស៊ី​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន Amazon ទំនងជា​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ទៀត ហើយក៏​នឹង​នៅមាន​ការប្ដូរ​ផ្លាស់​ទៅតាម​ពេលវេលា។ ប៉ុន្តែ ប្រតិកម្ម​ដំបូង​របស់ Amazon បាន​បង្ហាញថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ណាខ្លះ​ដែល​ទទួល​បានការ​គាំពារ​ជា​អាទិភាព នៅក្នុង​ពិភព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ៕

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»

    ថ្មីៗនេះ ទន្ទឹមនឹង​ការណែនាំ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​បង់ពន្ធ​តាម​ទូរស័ព្ទដៃ GDT Taxpayer ថ្មីៗនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​បានចេញ​វីដេអូ ណែនាំ​អំពី​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» ផងដែរ។

    ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ជាប់​ពន្ធ​ទាំងអស់ ដែល​មានបំណង​ស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើ​ការណែនាំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»។ ម្ចាស់​អាជីវកម្ម និង​អ្នក​ជាប់ពន្ធ​ទាំងអស់ អាច​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​បង្កើត​សំណើ និង​បោះ​ពុ​ម្ភ​វិញ្ញាបនបត្រ​របស់ខ្លួន សម្រាប់​ប្រើប្រាស់​ផ្លូវការ​បាន។

    ប្រភេទ​វិញ្ញ​បន​ប​ត្រ​ដែល​អ្នក​ជាប់ពន្ធ​អាច​ស្នើសុំ​តាមរយៈ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» នេះ មានដូចជា «វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ», «វិញ្ញាបនបត្រ​បញ្ជិកា​គ​ណ​នេ​យ្យ​ត្រឹមត្រូវ», «វិញ្ញាបនបត្រ​អត្រា​សូន្យ​នូវ​អាករ​លើ​តម្លៃបន្ថែម» និង «វិញ្ញ​បន​ប​ត្រ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល» ជាដើម។

    ដើម្បី​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ www.tax.gov.kh និង​ធ្វើតាម​ការណែនាំ​នៅក្នុង​វីដេអូ​ខាងក្រោម៖

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
    ដកស្រង់​៖ បុត្រា

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​ឱ្យប្រើ​កម្មវិធី​ទូរស័ព្ទ ដើម្បី «បង់ពន្ធ​យានយន្តគ្រប់ប្រភេទ»

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​ឱ្យប្រើ​កម្មវិធី​ទូរស័ព្ទ ដើម្បី «បង់ពន្ធ​យានយន្តគ្រប់ប្រភេទ»

    «អគ្គនាយក​ដ្ឋា​ពន្ធដារ បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​អ្នក​ជាប់ពន្ធ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការផ្តល់សេវា និង​ជួយ​សម្រួល​ដល់​លោក-លោកស្រី​ដែលជា​ម្ចាស់-តំណាង​សហគ្រាស​ប្រកប​អាជីវកម្ម ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ប្រជាពលរដ្ឋ និង​សាធារណៈជន​មាន​ចលនទ្រព្យ និង​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​បង់ប្រាក់​ពន្ធ​តាម​ទូរស័ព្ទដៃ​បាន» នេះ​បើតាម​អគ្គនាយក​ដ្ឋា​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កម្ពុជា។

    នៅក្នុង​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​ឈ្មោះថា GDT Taxpayer នេះ ក៏​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដែលជា​ម្ចាស់​សហគ្រាស ប្រជាពលរដ្ឋ និង​សាធារណៈជន​មាន​ចលនទ្រព្យ និង​អចលនទ្រព្យ​តាមដាន និង​មើល​ប្រវត្តិ​បង់ប្រាក់​ពន្ធ​បាន​ផងដែរ។

    ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​បាន សូម​ចូលទៅ​កាន់ Google Play (Google Play Store / សម្រាប់​ទូរស័ព្ទ Android) ​ទាញយក និង​ដំឡើងលើ​ទូរស័ព្ទ​ដៃ។ សូម​ធ្វើតាម​ការណែនាំ​នៅក្នុង​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=INEV2Fp2E3U

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដា
    ដកស្រង់​៖ បុត្រា