Category: សង្គម និងសេដ្ឋកិច្ច

  • គម្រោង​សាងសង់​ទីក្រុង​បៃតង តម្លៃ 400 ពាន់​លាន​ដុល្លារ នៅលើ​សមុទ្រ​ខ្សាច់

    គម្រោង​សាងសង់​ទីក្រុង​បៃតង តម្លៃ 400 ពាន់​លាន​ដុល្លារ នៅលើ​សមុទ្រ​ខ្សាច់

    សហរដ្ឋ​អាម៉េរិក៖ មហាសេដ្ឋី Marc Lore នឹង​សាងសង់​ទីក្រុង​ថ្មី អាចឱ្យ​មនុស្ស 5 លាន​នាក់​រស់នៅ​បាន​ស្រួល ដោយ​ប្រើប្រាស់​ស្ដង់ដា​នៃ​ភាព​ស្អា​តរបស់​ទីក្រុង​តូ​ខ្យូ​នៃ​ប្រទេស​ជប៉ុន ភាពសម្បូរ​បែប​របស់​ទីក្រុង​នី​វ​យ៉​ក នៃ​សហរដ្ឋអាមេរិក និង​សេវាកម្ម​សាធារណៈ​រីកចម្រើន​ដូច​ទីក្រុង​ស្តុក​ខុល នៃ​ប្រទេស​ស៊ុយអែត។

    Lore អតីត​នាយ​ប្រតិបត្តិ​របស់ Walmart កាលពី​សប្ដាហ៍​មុន​បានប្រកាស​គម្រោង​សាងសង់ Telosa ជា​កំពូល​ទីក្រុង​នៅលើ​សមុទ្រ​ខ្សាច់​របស់ សហរដ្ឋ​អាម៉េរិក ជាមួយនឹង​ទុនវិនិយោគ 400 ពាន់​លាន​ដុល្លារ។ គម្រោង​ដែល​នឹងមាន​ទំហំ 60,703 ហិកតា​នេះ នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​ជាមួយនឹង​បរិស្ថាន ដោយមាន​ការផលិត​ថាមពល​ស្អាត និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​បែប​ថ្មី​សម្រាប់​តំបន់​ក្ដៅ​ហួតហែង​នេះ។ អ្នករស់នៅ​ក្នុង​ទីក្រុង​នេះ​នឹង​អាចធ្វើ​ដំណើរ​ទៅកាន់​កន្លែងធ្វើការ សាលារៀន និង​ទីតាំង​នានា​ដោយ​ចំណាយពេល​តែ 15 នាទី។ បើទោះជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កំពុងតែ​រកមើល​ទីតាំង​សាងសង់ ប៉ុន្តែ តំបន់ Nevada, Utah, Idaho, Arizona, Texas និង Appalachian ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ។

    ប្រកាស​ខាងលើ មាន​អម​ជាមួយនឹង​គំនូរ​ឌីជីថល​របស់ Bjarke Ingels Group (BIG) ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែល Lore ជួល​ដើម្បី​ប្រែក្លាយ​គម្រោង​នេះ​ឱ្យទៅជា​ការពិត។ បណ្ដា​ទិដ្ឋភាព​ដែល​បាន​បង្ហើប​ឱ្យឃើញ បង្ហាញថា អគារ​ស្នាក់នៅ​ពោរពេញ​ដោយ​ពណ៌​បៃតង ហើយ​ប្រជាជនមាន​ទីកន្លែង​សាធារណៈ​ធំ​ទូលាយ​សម្រាប់​លេង​កម្សាន្ត។ មធ្យោបាយ​ធ្វើដំណើរ​ដែល​ប្រើប្រាស់​ឥន្ធនៈ​បំពុលបរិស្ថាន​នឹងត្រូវ​បាន​ហាមឃាត់​នៅក្នុង​ទីក្រុង​នេះ ជំនួស​មកវិញ​គឺ​រថយន្ត​បើកបរ​ស្វ័យប្រវត្ត និង​ម៉ូតូ ឬ​ដើរ​ដោយ​ថ្មើរជើង។

    ដំណាក់កាល​សាងសង់​ដំបូង​នឹង​ផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស​ចំនួន 50,000 នាក់ នៅលើ​ផ្ទៃក្រឡា 607 ហិកតា ដោយ​ចំណាយ​ប្រាក់​ខ្ទង់ 25 ពាន់​លាន​ដុល្លារ។ ទីក្រុង​នេះ​អាចមាន​ប្រជាជន​រស់នៅ​រហូតដល់ 5 លាន​នាក់ ក្នុងអំឡុង 40 ឆ្នាំ។ ថវិកា​សាងសង់​នឹង​បានមកពី​ប្រភពផ្សេងៗ រួមមាន អ្នកវិនិយោគ​ឯកជន អង្គការ​មនុស្សធម៌ អាជ្ញាធរ​តំបន់ និង​រដ្ឋ រួម​នឹង​ជំនួយ​អភិវឌ្ឍ​សេដ្ឋកិច្ច។

    នៅក្នុង​គម្រោង Telosa នេះ ប្រជាជន​ក្នុង​ទីក្រុង មាន​សិទ្ធិ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​នានា រួមទាំង​ការកំណត់​ថវិកា​របស់​ទីក្រុង​ផងដែរ។

    Telosa មិនមែនជា​ទីក្រុង​ថ្មី​ដំបូង​ដែល BIG បាន​រចនា និង​រៀបចំ​គម្រោង​នោះទេ។ កាលពី​ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota ក៏បាន​ប្រគល់ឱ្យ BIG រៀបចំ​គម្រោង​សាងសង់​ទីក្រុង​សម្រាប់​ប្រជាជន 2,000 នាក់ នៅ​ជើងភ្នំ ហ្វូ​ជី (Fuji) ផងដែរ។ បើទោះជា​តូច​ជាង​ឆ្ងាយ ធៀប​នឹង Telosa ប៉ុន្តែ គម្រោង​ដែលមាន​ឈ្មោះថា Woven City របស់ ជប៉ុន មាន​សេវាកម្ម​ធ្វើតេស្ត​រថយន្ត​បើកបរ​ស្វ័យប្រវត្ត បច្ចេកវិទ្យា​ឆ្លាត​វៃ និង​មនុស្ស​យន្ត ឬ​រ៉ូ​បូត សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន៕

  • តាក់ស៊ី​ហោះ​ឡើង​ត្រង់​របស់​ក្រុម​ហ៊ុន​ Paragon VTOL Aerospace ប្រើ​ថាមពល​អ៊ីដ្រូសែន និង​អាគុយ

    តាក់ស៊ី​ហោះ​ឡើង​ត្រង់​របស់​ក្រុម​ហ៊ុន​ Paragon VTOL Aerospace ប្រើ​ថាមពល​អ៊ីដ្រូសែន និង​អាគុយ

    សហរដ្ឋ​អាម៉េរិក៖ ដោយ​ការប្រើប្រាស់​រួមផ្សំ​រវាង​ម៉ាស៊ីន​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថាមពល​អាគុយ តាក់ស៊ី​ហោះ Soar នឹង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ ជាមួយនឹង​សមត្ថភាព​ដឹក​អ្នកដំណើរ​បាន 9 នាក់។

    Paragon VTOL Aerospace កំពុង​អភិវឌ្ឍ​តាក់ស៊ី​ហោះ​កំណែ​ថ្មី មាន​ឈ្មោះថា Soar នេះ​បើតាម​គេហទំព័រ New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 13 កញ្ញា។ កំណែ​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​អ៊ីដ្រូសែន និង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ អាស្រ័យ​លើ​ចំនួន​អ្នកដំណើរ​ដែល​វា​ដឹក។ នៅពេល​ដឹក​អ្នកដំណើរ 9 នាក់ និង​អ្នកបើកបរ​ម្នាក់ តាក់ស៊ី​ហោះ​នេះ​អាច​ហោះ​បាន​ចាប់ពី 480 ទៅ 640 គីឡូម៉ែត្រ ឬ​ដឹក​អ្នកដំណើរ 4 នាក់ អាច​ហោះ​បាន 1,450 គីឡូម៉ែត្រ។

    ការហោះ​ឡើង​ត្រង់​របស់ Soar គឺ​ពឹង​លើ​ស្លាបចក្រធំៗចំនួន 8 របស់​វា ដែល​ស្ថិតនៅត្រង់​បណ្ដោយ​ខ្លួន។ ស្លាបចក្រ​មួយចំនួន​ផ្សេងទៀត​ដែលមាន​ទំហំ​តូច​ជាង និង​ត្រូវបាន​បំពាក់​ត្រង់​ស្លាប​យន្តហោះ អាចជួយ​ប្រតិកម្ម និង​រក្សា​លំនឹង​បានភ្លាមៗ ជំនួស​ឱ្យ​ការជួយ​ជា​កម្លាំង​លើក​ទៅលើ។ ស្លាបចក្រធំៗចំនួន 2 នៅ​ខាងក្រោយ ជួយ​លើក​យន្តហោះ​ឡើង​ត្រង់​ផង និង​ជួយ​រុញច្រាន​យន្តហោះ​ឆ្ពោះទៅមុខ​ផង។

    ជំនួស​ឱ្យ​សរសៃ​កាបូន គ្រោងឆ្អឹង​របស់ Soar ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ composite ដែលមាន​តម្លៃ​ទាប​ជាង មាំមួន​ជាង និង​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​កំណក​ទឹកកក ដូច្នេះ គេ​មិនចាំបាច់​បំពាក់​ឧបករណ៍​ជម្រះ​ទឹកកក​នោះទេ។

    កំណែ​ចាស់​របស់ Soar មាន​កៅអី​ចំនួន 6 និង​អាច​ហោះ​បាន​ចម្ងាយ 805 គីឡូម៉ែត្រ ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​កូនកាត់​ឥន្ធនៈ-អគ្គិសនី។ ប៉ុន្តែ Dwight Smith ស្ថាបនិក​របស់​ក្រុមហ៊ុន Paragon VTOL Aerospace និយាយថា កំណែ​ចាស់​បង្ក​សំឡេង​រំខាន​ខ្លាំង។ គំរូ​ដំបូង​របស់​កំណែ​ថ្មី​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ហោះហើរ​សាកល្បង​នៅក្នុង​ឆ្នាំ 2022។

    ក្រុង​ហ៊ុន​នេះ​ក៏មាន​គម្រោង​សាងសង់​រោងចក្រ​មួយ​ដែលមាន​ទំហំ​ប្រហែល 3 គីឡូម៉ែត្រ​ក្រឡា នៅ​ទីក្រុង Brownville រដ្ឋ Texas ក្បែរ​មូលដ្ឋាន​បាញ់​បង្ហោះ​រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX៕

  • ចិន​មាន​មហិច្ឆតា​សាងសង់​យានអវកាស «មហា​យក្ស» ​ប្រវែង​មួយ​គីឡូម៉ែត្រ នៅលើ​មេឃ

    ចិន​មាន​មហិច្ឆតា​សាងសង់​យានអវកាស «មហា​យក្ស» ​ប្រវែង​មួយ​គីឡូម៉ែត្រ នៅលើ​មេឃ

    គម្រោង 5 ឆ្នាំ​របស់​ប្រទេស​ចិន គឺ​ការសាងសង់​យានអវកាស​ដែលមាន​បណ្ដោយ​វែង​ជាង 10 ដង ធៀប​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) បច្ចុប្បន្ន។

    មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន (National Natural Science Foundation of China) ថ្មីៗនេះ​បានប្រកាស​គម្រោង 5 ឆ្នាំ ដែល​សាងសង់​សំណង់​ដ៏​មហិមា​នៅ​ទី​អវកាស។ ស្ថាប័ន​នេះ​មាន​គម្រោង​ផលិត​យានអវកាស​ដែលមាន​បណ្ដោយ​រាប់គីឡូម៉ែត្រ​នៅ​ទី​អវកាស នៅពេលដែល​ប្រទេស​នេះ​បាន​បាញ់​បង្ហោះ​វត្ថុ​ធាតុ​សម្រាប់​សាងសង់ឡើង​ទៅកាន់​គន្លង​គោចរ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ចិន​ SCMP។

    គោលដៅ​សិក្សា​ស្រាវជ្រាវ​ដទៃទៀត រួមមាន​ទាំង​ការសាងសង់​មហា​តេ​ឡេ​ស្កុប​អវកាស និង​បណ្ដា​រោងចក្រ​អគ្គិសនី​ប្រភេទ​ម៉ូឌុល ដើម្បី​បង្កើតជា​មហា​រចនាសម្ព័ន្ធ​នៅលើ​គន្លង​គោចរ​របស់​ផែនដី ក៏ត្រូវ​បានលើកឡើង​ផងដែរ។

    វត្ថុ​អវកាស​ធំ​បំផុត​ដែល​ធ្លាប់​ត្រូវបាន​មនុស្សលោក​បង្កើតឡើង នោះ​គឺ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ គម្រោង​របស់​ប្រទេស​ចិន គឺ​សាងសង់​វត្ថុ​អវកាស​ដែល​វែង​ជាង 10 ធៀប​នឹង ISS ដែល​បច្ចុប្បន្ន​មាន​ប្រវែង​ត្រឹមតែ 109 ម៉ែត្រ។

    https://www.youtube.com/watch?v=WItlLmCZWEY

    មូលនិធិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់​ប្រទេស​ចិន បានប្រកាស​គម្រោង​នេះ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រទេស​នេះ​យល់ឃើញថា បច្ចេកវិទ្យា​អវកាស រីកចម្រើន​លឿន។ ប្រការនេះ​មានន័យថា ចិន ត្រូវការ​ស្វែងរក​វិធី​ថ្មី​ដើម្បី​ផលិត​យានអវកាស។

    ក្រុមអ្នកវិភាគ​បានលើកឡើង​នូវ​សម្មតិកម្ម​ថា ការសាងសង់​នៅក្នុង​ទី​អវកាស អាច​កែលម្អ​សមត្ថភាព​របស់​យានអវកាស និង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​គ្រប់គ្រង ទើប​ប្រទេស​ចិន មាន​មហិច្ឆតា​នេះ៕

  • BMW ផលិត​រថយន្ត​អគ្គិសនី​ដែល​បាន​កែច្នៃ និង​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន 100%

    BMW ផលិត​រថយន្ត​អគ្គិសនី​ដែល​បាន​កែច្នៃ និង​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន 100%

    ក្រុមហ៊ុន​ផលិត​រថយន្ត BMW ប្រកាស​អំពី​គំរូ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​ឈ្មោះថា i Vision Circular នៅឯ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត Munich 2021។

    នេះ​គឺជា​គំរូ​ម៉ូ​ដែល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន BMW មាន​ឈ្មោះថា i Vision Circular។

    ដោយមាន​រូបរាង​ដូច «គ្រាប់​ស៊ុត» i Vision Circular មើលទៅ​ហាក់​មាន​លក្ខណៈ​ប្រកបដោយ​ភាពជា​ម៉ាស៊ីន​យ៉ាង​រស់​រវើក។ រថយន្ត​នេះ​មាន​បណ្ដោយ​ប្រវែង 4 ម៉ែត្រ, កៅអី​ចំនួន 4 ហើយ​បរិវេណ​ខាងក្នុង​ធំ​ទូលាយ។

    ប៉ុន្តែ រចនា​រូបរាង​មិនមែនជា​ប្រការ​ដ៏​អស្ចារ្យ​បំផុត​នៃ​រថយន្ត​នេះ​ទេ។ ជំនួស​មកវិញ វា​គឺជា​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​របស់ i Vision Cicular។

    Momagoj Dukec ដែលជា​អ្នក​រចនា​ម៉ូដ​រថយន្ត​របស់​ក្រុមហ៊ុន BMW បានឱ្យដឹងថា «យើង​មាន​ចក្ខុវិស័យ​ក្នុងការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​ស្រាប់។ ប្រការនេះ​មានន័យថា គ្រប់យ៉ាង​ដែល​ត្រូវបាន​ប្រើប្រាស់​នៅទីនេះ នៅលើ​រថយន្ត​នេះ សុទ្ធតែជា​វត្ថុ​ធាតុ​ដែល​ឆ្លងកាត់​ការប្រើប្រាស់​រួចហើយ។

    ក៏ប៉ុន្តែ មិនមែន​មានតែ​ប៉ុណ្ណឹង​នោះទេ រថយន្ត​នេះ​នៅ​ត្រូវបាន​រចនា​ឡើង អាចឱ្យ​ដោះចេញ និង​ប្រើប្រាស់​ឡើងវិញ។ ដូច្នេះ យើង​អាច​ប្រើប្រាស់​វត្ថុ​ធាតុ​ទាំងអស់​របស់​រថយន្ត​នេះ​ដើម្បី​ផលិត​ជា​រថយន្ត​ថ្មី។

    និយាយ​រួម i Vision Circular ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុ​ដែល​គេ​ប្រើ​រួចហើយ​ផង និង​មានលទ្ធភាព​ឱ្យគេ​ច្នៃ​ប្រើ​ឡើងវិញ 100% បាន​ទៀតផង។ នោះ​គឺជា​និយមន័យ​ថ្មី​ដែល​អាច​ប្ដូរផ្លាស់​ទាំងស្រុង​នូវ​វិធី​ដែល​យើង​ផលិត​រថយន្ត​នាពេល​អនាគត។

    ក្រុមហ៊ុនផលិត​រថយន្ត​ទំនើប​ BMW មាន​គោលដៅ​ដាក់លក់​រថយន្ត i Vision Circular នៅ​ក្នុង​ទីផ្សារ​ ចាប់​ពី​​​ឆ្នាំ 2040៕

  • ពីប្រុស​​ម្នាក់​​មិនហ៊ាន​ទាំង​ប៉ាវ​​​មិត្ត​ស្រី​ញ៉ាំ​អាហារ​ ឬ​​កាហ្វេ​ Starbucks តែ​កំលោះ​ដែល​បោះ​បង់​ការ​ងារ​​អចលន​ទ្រព្យ​រូប​នេះ​ បច្ចុប្បន្ន​​រក​​បាន​​ប្រាក់​​​ខ្ទង់​​លាន​​ដុល្លារ​/ឆ្នាំ​​ ពី​​ឆានែល​​ Yuotube

    ពីប្រុស​​ម្នាក់​​មិនហ៊ាន​ទាំង​ប៉ាវ​​​មិត្ត​ស្រី​ញ៉ាំ​អាហារ​ ឬ​​កាហ្វេ​ Starbucks តែ​កំលោះ​ដែល​បោះ​បង់​ការ​ងារ​​អចលន​ទ្រព្យ​រូប​នេះ​ បច្ចុប្បន្ន​​រក​​បាន​​ប្រាក់​​​ខ្ទង់​​លាន​​ដុល្លារ​/ឆ្នាំ​​ ពី​​ឆានែល​​ Yuotube

    ធ្លាប់ជា​មនុស្ស​ម្នាក់​ដែល​មិន​ទាំង​ហ៊ាន​ទិញ​កាហ្វេ​ប្រេន Starbucks ឬ​ត្រូវ​ទៅ​ក្រៅ​ញ៉ាំ​អី​ដោយ​ចេញ​ប្រាក់រៀងៗខ្លួន​ជាមួយ​មិត្តស្រី ពេលនេះ Graham Stephan សន្សំ​បាន​ប្រាក់​ច្រើន និង​ចំណាយ​អស់ 45,000 ដុល្លារ​អាមេរិក រួចហើយ សម្រាប់​អាង​ចិញ្ចឹម​ត្រី​ក្នុងផ្ទះ។

    ឈាន​ជើង​ចូលដល់​ផ្ទះ​របស់ Graham Stephan នៅ Las Vegas អ្វីដែល​អ្នកមើល​ឃើញ​មុនគេ នោះ​គឺ​អាង​ចិញ្ចឹម​ត្រី​សម្រាប់​កំសាន្ត​ប​បែប​ទំនើប​ដ៏​ធំ​មួយ។ អាង​ចិញ្ចឹម​ត្រី​នេះ​គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ​ជីវភាព​របស់ Stephan ចាប់ពី​ឆ្នាំ 2019 ដែល​កាលណោះ​គាត់​នៅ​ធ្វើការ​ក្រៅ​ម៉ោង​ក្នុង​វិស័យ​អចលនទ្រព្យ ទន្ទឹមនឹង​ការធ្វើ​វីដេអូ​សម្រាប់​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន​នៅឯ​ផ្ទះ​ដែល​ស្ថិតក្នុង​ទីក្រុង Los Angeles។

    បច្ចុប្បន្ន យីហោ​របស់ Stephan រួមមាន ឆា​នែ​ល Youtube ចំនួន 5 និង​ទំព័រ podcast ចំនួន 1។ Stephan ជួល​បុគ្គលិក 2 នាក់​ដើម្បី​ជួយ​ការងារ​ដ៏​ច្រើន​របស់ខ្លួន។ សេដ្ឋី​វ័យ 31 ឆ្នាំ​រូបនេះ បាន​រើ​ទៅកាន់​ផ្ទះមួយ​ខ្នង​ដែលមាន​តម្លៃ 1.4 លាន​ដុល្លារ និង​រស់នៅ​ជាមួយ​មិត្តស្រី Macy។

    Graham Stephan និង​មិត្ត​ស្រី

    ក្រោយពី​ឈានដល់​ពេល​រកបាន 1 លាន​ដុល្លារ/ឆ្នាំ កាលពី​ឆ្នាំ 2019 និង​រកបាន 5.1 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020 លោក Stephan ក៏​នឹង​រកបាន​ប្រហែល 6 លាន​ដុល្លារ (បាន​ទូទាត់​ការចំណាយ​រួចរាល់) នៅក្នុង​ឆ្នាំនេះ ដែល​ក្នុងនោះ 3 លាន​ដុល្លារ​បានមកពី​ការផ្សាយពាណិជ្ជកម្ម​នៅលើ Youtube ហើយ​ក្រៅពីនេះ​គឺ​បានមកពី​កិច្ចសន្យា​ឧបត្ថម្ភ និង​លក់​វគ្គ​សិក្សា​នៅលើ​ទំព័រ Teachable។

    សេដ្ឋី Stephan ទទួលបាន​ជោគជ័យ​ដូច្នេះ ក្រោយពី​បាន​បោះបង់​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ ដើម្បី​ចំណាយពេល​ទាំងស្រុង​ទៅលើ Youtube។

    ខាងក្រោម​នេះ​គឺជា​ដំណើរ​ក្លាយជា​អ្នកមាន​ដោយសារ ឆា​នែ​ល Youtube របស់ Stephan ៖

    1-ផ្ដោតទៅលើ​ការធ្វើ​វីដេអូ នៅលើ Youtube

    Stephan បោះបង់​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ពី​ក្រុមហ៊ុន Oppenheim ដោយសារ​មូលហេតុ​មួយចំនួន។ ប៉ុន្តែ ពិសេស​បំផុត​គឺ​គាត់​យល់ឃើញថា ខ្លួន​គួរ​ចំណាយពេល​ទាំងអស់​ទៅលើ Youtube ជាជាង​ការងារ​លក់​ផ្ទះ។ មុន​នោះ នៅពេល​ចាប់ផ្ដើម​ល្បីឈ្មោះ Stephan បាន​ចំណាយ​ពេលវេលា 20% សម្រាប់​អចលនទ្រព្យ និង 80% សម្រាប់ Youtube។ ជាធម្មតា Stephan ធ្វើ​វីដេអូ រហូតដល់​ម៉ោង 2 រំលងអធ្រាត្រ។

    កាលពី​ពាក់កណ្ដាល​ឆ្នាំ 2020 Stephan បាន​ងាក​ទៅធ្វើ​វីដេអូ បង្ហោះ​លើ Youtube ដោយ​ប្រើ​ពេលវេលា​ជាង 8 ម៉ោង​ដែល​ខ្លួន​មាន។ ឆា​នែ​ល របស់គាត់​កាលណោះ​មាន​អ្នកតាមដាន​ប្រហែល 1.5 លាន​នាក់ ហើយ​វា​ក៏​ជា​ពេលដែល​គាត់​រកបាន 1 លាន​ដុល្លារ​ពី Youtube។

    បច្ចុប្បន្ន ឆា​នែ​ល សំខាន់​ជាងគេ​របស់ Stephan មាន​អ្នក​ចុះឈ្មោះ​តាមដាន​ប្រហែល 3.5 លាន​នាក់។ ចាប់ពី​ដើមឆ្នាំ រហូតដល់​ខែកក្កដា​កន្លងទៅ គាត់​រកបាន​ជិត 1.5 លាន​ដុល្លារ ពី​ការផ្សាយពាណិជ្ជកម្ម​នៅលើ ឆា​នែ​ល Youtube របស់ខ្លួន។

    Stephan ល្បីឈ្មោះ​ដោយសារតែ​វីដេអូ​របស់គាត់​និយាយ​អំពី​ខ្ទង់​វិនិយោគ និង​ចំណូល​ដែល​បានមកពី​វិស័យ​អចលនទ្រព្យ​របស់ខ្លួន។ ប៉ុន្តែ Stephan បាន​ពង្រីក​ទៅកាន់​ខ្លឹមសារ​វិភាគ​ព័ត៌មាន ក៏ដូចជា​ការបកស្រាយ​អំពី​ប្រធានបទ​ហិរញ្ញវត្ថុ និង​រូបិយ​បណ្ណ​ឌីជីថល ឬ​មូល​ប​ត្រ​ជាដើម។ រៀងរាល់ថ្ងៃ ការងារ​របស់ Stephan អូសបន្លាយ​ពេល​ពី​ម៉ោង 6 កន្លះ​ព្រឹក ដល់​ម៉ោង 6 ឬ 7 យប់។

    2-Stephan រើ​ផ្ទះ​ពី Los Angeles ទៅ​រស់​នៅឯ Las Vegas

    កាលពី​ខែធ្នូ ឆ្នាំ 2020 Stephan សម្រេចចិត្ត​រើ​ទៅ​រស់នៅក្នុង​ទីក្រុង Las Vegas ព្រោះតែ​ផ្ទះ​នៅឯ Los Angeles តូចចង្អៀត​ពេក។ ជំនួស​ឱ្យ​ការលក់​ផ្ទះ​ចាស់ Stephan បានសម្រេច​ចិត្ត​ដាក់ឱ្យ​ជួល។

    3-Stephan បាន​ប្ដូរផ្លាស់​ទម្លាប់​សន្សំសំច័យ​មួយចំនួន

    មុន​នោះ Stephan ល្បីឈ្មោះ ហើយ​ទ្រព្យ​ក៏បាន​កើនឡើង​ដល់ 1 លាន​ដុល្លារ ដោយ​គាត់​មាន​ទម្លាប់​សន្សំសំច័យ​កម្រិត​ខ្ពស់ ដែល​ហៅថា «រិះ ឬ កំណាញ់»។ គាត់​បាន​ក្លាយជា​សេដ្ឋី​ក្នុង​វ័យ 26 ឆ្នាំ ដោយសារ​សន្សំសំច័យ 99% នៃ​ប្រាក់ចំណូល​សរុប និង​តែង​ចេញ​លុយ​រៀងខ្លួន​ពេល​ទៅ​ញ៉ាំ​អី​នៅ​ខាងក្រៅ​ជាមួយ​មិត្តស្រី ព្រមទាំង​មិន​ចូលចិត្ត​ទិញ​កាហ្វេ ឬ​របស់របរ​ប្រែន។

    បច្ចុប្បន្ន Stephan ល្បីឈ្មោះ​ជាង​មុន និង​មានទ្រព្យ​សរុប 15.5 លាន​ដុល្លារ។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ Stephan ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ទាក់ទង​នឹង​ការចំណាយ។ គាត់​បានដឹងថា ការចាយវាយ ពេលខ្លះ​មាន​ប្រយោជន៍​ជាង​ការ​សន្សំ​តាំងពី 1 កាក់ 1 សេន។ បើទោះជា​នៅតែ​មិន​ព្រម​ចូល​ហាង​កាហ្វេ​ប្រែនៗ ប៉ុន្តែ ពេលនេះ Stephan ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចាយលុយ​នៅ​កន្លែង​មួយចំនួន។

    «មេរៀន​ធំ​បំផុត​ដែល​ខ្ញុំ​រៀនសូត្រ​បាន​នៅពេល​ចាប់ផ្ដើម​ចាយវាយ​ដោយ​ធូរចិត្ត នោះ​គឺថា ប្រាក់​អាចជួយ​ឱ្យ​ខ្ញុំ​ទិញ​ពេលវេលា» Stephan ឱ្យដឹង​ដូច្នេះ។

    Stephan ប្រាប់ថា រាល់​ខែ គាត់​ចំណាយ 130 ដុល្លារ​សម្រាប់​សេវាកម្ម​សម្អាត​អាង​ចិញ្ចឹម​ត្រី និង 205 ដុល្លារ​សម្រាប់​ការរៀបចំ​ផ្ទះសំបែង។ Stephan និយាយថា ខ្ទង់​ប្រាក់​ទាំងនេះ​គួរតែ​ត្រូវ​ចំណាយ ព្រោះថា គាត់​អាច​ប្រើប្រាស់​ពេលវេលា​នោះ​ដើម្បី​ធ្វើការ ឬ​សម្រាក​យក​កម្លាំង។

    ទោះជា​នៅតែ​តាមដាន​ការចំណាយ ប៉ុន្តែ Stephan បាន​បន្ធូរបន្ថយ​ខ្លះ​ហើយ​លើ​ការ​រឹតត្បិត​ការចំណាយ នៅពេល​រកបាន​ប្រាក់​ច្រើនជាង​មុន។ CNBC បានឱ្យដឹងថា សេដ្ឋី Stephan សន្សំ​បានជា​មធ្យម 400,000 ដុល្លារ រៀងរាល់ខែ ហើយ 60% ក្នុង​ខ្ទង់​នេះ​ត្រូវបាន​យកទៅ​វិនិយោគ​បន្ថែម សល់​ពីនេះ​នឹងត្រូវ​ដាក់​ទៅក្នុង​គណនី​បញ្ញើ​សន្សំ​ដែលមាន​ការប្រាក់​ខ្ពស់៕

  • គន្លឹះ​រកប្រាក់​បាន​ច្រើន​ពី​ផ្សា​រមូល​ប​ត្រ របស់លោក​យាយ​វ័យ 104 ឆ្នាំ

    គន្លឹះ​រកប្រាក់​បាន​ច្រើន​ពី​ផ្សា​រមូល​ប​ត្រ របស់លោក​យាយ​វ័យ 104 ឆ្នាំ

    បច្ចុប្បន្ន លោកយាយ​វ័យ 104 ឆ្នាំ​រូបនេះ គឺជា​អ្នកវិនិយោគ​ផ្នែក​មូល​ប​ត្រ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅ​ប្រទេស​ចិន និង​រកបាន​ប្រាក់​យ៉ាងច្រើន​រួចមកហើយ។

    អ្នកវិនិយោគ​ជាច្រើន​នាក់​នៅ​ប្រទេស​ចិន បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ខ្ទង់​វិនិយោគ​នៅក្នុង​ផ្សា​រមូល​ប​ត្រ។ ថ្មីៗនេះ ដំណើររឿង​នៃ​ការ​វិយោគ​របស់​លោកយាយ Zhou Hongbao វ័យ 104 ឆ្នាំ ទទួលបាន​ចំណាប់អារម្មណ៍​ជាពិសេស​យ៉ាងច្រើន​ពី​សំណាក់​សាធារណជន​នៅ​ប្រទេស​ចិន។

    យោងតាម​សារព័ត៌មាន Global Times លោកយាយ Zhou បច្ចុប្បន្ន​គឺជា​អ្នកវិនិយោគ​ឯកជន​ដែលមាន​អាយុ​ច្រើនជាងគេបង្អស់​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ A-Share របស់​ប្រទេស​ចិន។ លោកយាយ Zhou រកប្រាក់​បាន​ប្រហែល 100,000 យុន (15,473 ដុល្លារ​អាមេរិក) រួចមកហើយ។

    A-Share គឺជា​មូល​ប​ត្រ​ដែល​បាន​ចុះឈ្មោះ​នៅក្នុង​ផ្សារ​ហ៊ុន សៀង​ហៃ និង​ផ្សារ​ហ៊ុន សិន​ជិន នៅ​ប្រទេស​ចិន។ មូល​ប​ត្រ​នេះ​ត្រូវ​បានកំណត់​តម្លៃ​ដោយ​ប្រាក់​យុន ហើយ​ភាគច្រើន​សម្រាប់តែ​ជន​ជាតិចិន​នៅក្នុង​ស្រុក។

    លោកយាយ Zhou ទទួលស្គាល់ថា ការរក​ប្រា​ក់ដោយ​ការវិនិយោគ​ទៅលើ​មូល​ប​ត្រ​របស់ខ្លួន មិនមែនជា​គោលដៅ​ដំបូង​នោះទេ ដូច្នេះ​គាត់​បាន​ទិញ​មូល​ប​ត្រ​ទៅតាម​អារម្មណ៍​ផ្ទាល់ខ្លួន។ ប៉ុន្តែ លោកយាយ​ហាក់​មាន​សំណាងល្អ និង​ទទួលបាន​ជោគជ័យ ហើយ​រកបាន​ប្រាក់ចំណេញ​ច្រើន។

    អ្នកវិនិយោគ​មួយ​ផ្សេងទៀត ដែលមាន​ឈ្មោះថា Zhang Rigan នៅ​ទីក្រុង សៀង​ហៃ ក៏បាន​ឆ្លង​ផុត​សមត្ថភាព​របស់ខ្លួន​ដើម្បី​ក្លាយជា​អ្នកមាន។ លោក Zhang Rigan មាន​ភ្នែក​អន់ ប៉ុន្តែ​គាត់​នៅតែ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ជីវិត​ដោយ​ការលេង​មូល​ប​ត្រ។ ដើម្បី​អាច​វិនិយោគ​ក្នុង​ទីផ្សារ​មូល​ប​ត្រ ដំបូង លោក Zhang Rigan បាន​ស្វែងយល់ និង​រៀនសូត្រ​ពី​មិត្ត​របស់គាត់។

    «ការវិនិយោគ​លើ​មូល​ប​ត្រ បាន​ផ្លាស់ប្ដូរ​ចរិត​របស់ខ្ញុំ ហើយ​វា​បាន​ជួយ​ឱ្យ​ខ្ញុំ​រៀនសូត្រ​លើ​បញ្ហា​អត់ធ្មត់» លោក Zhang Rigan និយាយ​ដូច្នេះ។

    ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់លោក Zhang Rigan ដែល​បានមកពី​ការវិនិយោគ​ក្នុង​ទីផ្សារ​មូល​ប​ត្រ បាន​កើនឡើង 30% កាលពី​ឆ្នាំ 2020។ បច្ចុប្បន្ន ការតាមដាន និង​បញ្ជា​ទិញ​មូល​ប​ត្រ បាន​ក្លាយជា​កិច្ចការ​ប្រចាំថ្ងៃ​របស់លោក Zhang Rigan ទៅហើយ។ ដោយសារ​ខ្ទង់​ប្រាក់​ដែល​រកបាន​ពី​មូល​ប​ត្រ លោក Zhang Rigan ក៏​ទិញ​បាន​ផ្ទះមួយ​ខ្នង​នៅក្នុង​ខណ្ឌ Songjiang នៃ​ទីក្រុង សៀង​ហៃ៕

  • ក្នុង​ខ្យល់​ដែល​មនុស្ស​ដកដង្ហើម​រាល់ថ្ងៃ តើ​មាន​អ្វីខ្លះ?

    ក្នុង​ខ្យល់​ដែល​មនុស្ស​ដកដង្ហើម​រាល់ថ្ងៃ តើ​មាន​អ្វីខ្លះ?

    រៀងរាល់​លើក​នៃ​ការដកដង្ហើម​របស់​ម​នុស្ស មាន ម៉ូលេគុល ប្រមាណ 25,000,000,000,000,000,000 (25,000 កោដិ​កោដិ ឬ 25 quintillion) ត្រូវបាន​ស្រូប​ចូលទៅក្នុង​សួត ក្នុងនោះ​ក៏មាន អាសូត (nitrogen), អុកស៊ីសែន, អាកុង (argon) រួម​នឹង​គ្រាប់​ល្អិតផ្សេងៗជាច្រើន​ទៀត។

    ដកដង្ហើម​វែង ស្រូបខ្យល់​ចូលទៅក្នុង​សួត…

    ការដកដង្ហើម​រាល់​លើក​ដូច្នេះ សួត​របស់​អ្នក​ត្រូវបាន​បំពេញ​ដោយ ម៉ូលេគុល ប្រមាណ 25,000,000,000,000,000,000 (25,000 កោដិ​កោដិ ឬ 25 quintillion) ដែល​ផ្សំ​ឡើង​ពី​ធាតុ​ដែល​បានកកើតឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន រហូតដល់​សមាសធាតុ​ដែល​កកើត​តាំងពី​រាប់ពាន់​លាន​ឆ្នាំមុន។

    ជាក់ស្ដែង ម៉ូលេគុល​ខ្លះ​ដែល​អ្នក​កំពុង​ដកដង្ហើម​ចូល អាចជា​សមា​ធាតុ​ដែល​ត្រូវបាន​ដកដង្ហើម​ចេញ​ដោយ​មនុស្ស​កាលពី​យុគសម័យ​ដើម។ ដូច្នេះ ការពិត តើ​មនុស្ស​យើង​កំពុង​ដកដង្ហើម ដោយ​ការ​ស្រូបយក​សារធាតុ​អ្វីខ្លះ?

    ប្រមាណ​ជា 78% នៃ​បរិយាកាស​របស់​ផែនដី​គឺជា អាសូត ដែល​បង្កើតឡើង​ដោយ​សកម្មភាព​ភ្នំភ្លើង​ដែល​ស្ថិតនៅក្រោម​សម្បក​ផែនដី។ សមាសធាតុ​សំខាន់​បន្ទាប់​គឺ អុកស៊ីសែន ដែលមាន​ខ្ទង់ 21%។ បើទោះជា ម៉ូ​លេ​គុយ​នៃ​អុកស៊ីសែន បាន​កកើត​តាំងពី​យូរយារ ដំណាលគ្នា​នឹង​មហាសមុទ្រ​លើ​ផែនដី ប៉ុន្តែ ខ្យល់​អុកស៊ីសែន មិនបាន​បង្ហាញខ្លួនរ​ហូត​ដល់​យុគសម័យ​ដែល​សត្វ​ក្នុង​មហាសមុទ្រ​បាន​វិ​វ​ឌ្ឍ។ ចុងក្រោយ 0.93% នៃ​បរិយាកាស​ផែនដី​គឺជា អាកុង ដែលជា ម៉ូលេគុល បានក​កើតចេញពី​ការ​បែកធ្លាយ​នៃ​វិទ្យុសកម្ម​របស់ ប៉ូ​តា​ស្យូ​ម នៅក្នុង​ខ្យល់​បរិយាកាស ស្រទាប់​សម្បក និង​ស្នូល​របស់​ផែនដី។

    សមាសធាតុ​ទាំងឡាយ​ខាងលើនេះ​គឺមាន​បរិមាណ 99.93% នៃ​ខ្យល់​ដែល​អ្នក​បាន​ដកដង្ហើម​ចូលក្នុង​សួតមួយដង។ អាស្រ័យ​លើ​ទីតាំង និង​ពេលវេលា ខ្យល់​បរិយាកាស​ក៏មាន​ផ្ទុក​ចំហាយ​ទឹក​បន្តិច​ផងដែរ។ ប៉ុន្តែ អ្វីដែល​ប្រែប្រួល​ច្រើន​បំផុត​គឺ​ស្ថិតនៅក្នុង​បរិមាណ 0.07% ដែល​នៅសល់ ដោយ​វា​អាច​ផ្ទុក​សមាសធាតុផ្សេងៗជាច្រើន។

    បរិមាណ​នៃ​ខ្យល់​បរិយាកាស​ដ៏​តិចតួច (0.07%) នេះ រួមមាន គ្រាប់​ល្អិត​ជាច្រើន ដូចជា​លំអងផ្កា លំអង​ផ្សិត និង​កម្ទេច​ធាតុ​រាវល្អិតៗ រួម​នឹង​បណ្ដា​ឧស្ម័ន​ដូចជា មេតាន និង កាបូនឌីអុកស៊ីត។ សមាសធាតុ​ធម្មជាតិ និង​សិប្បនិម្មិត​ទាំងនេះ មានការ​ប្រែប្រួល​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ។ ប៉ុន្តែ បើទោះជា​អ្នក​ស្ថិត​នៅទីណា ខ្យល់​ដកដង្ហើម 0.07% ក្នុងចំណោម​ខ្យល់​សរុប​ដែល​អ្នក​បាន​ស្រូប​ចូលម្ដងៗ សុទ្ធតែ​មានលទ្ធភាព​ផ្ទុក​សារធាតុពុល​ដែល​មនុស្ស​បាន​បង្កើតឡើង ក្នុងនោះ​អាចជា​សារធាតុ​ដែល​បង្ក​ជំងឺ​សួត និង​មហារីក ហើយ​ពេលខ្លះ​អាច​បណ្ដាលឱ្យ​របួស​ដល់ DNA ទៀតផង។

    នៅក្នុង​បរិយាកាស មាន​សមាសធាតុ​គ្រោះថ្នាក់​ជាច្រើន ប៉ុន្តែ​គេ​អាច​ចែកចេញជា​ពីរ​ប្រភេទ។ ដំបូង​គឺ​សារធាតុពុល​បឋម ដែល​ត្រូវបាន​បញ្ចេញ​ផ្ទាល់​ពី​ប្រភព​ដែល​មនុស្ស​បង្កើតឡើង ឬ​ពី​ធម្មជាតិ។ ប៉ុន្តែ មិនមែន​ពេលណា​ក៏​វា​សុទ្ធតែ​ចេញពី​ប្រភព​ដែល​អ្នក​បាន​គិតដល់​នោះដែរ។

    រោងចក្រធំៗមួយចំនួន បញ្ចេញ​ចំហាយ​ទឹកជា​ចម្បង និង​មាន​ផ្ទុក​សារធាតុពុល​តិចតួច​ក្នុងនោះ ខណៈដែល​ការដុត​ឧស ឬ​កាកសំណល់​ពីស​ត្វ បង្កើតបានជា អ៊ី​ដ្រូ​កាបូន ជា​សមាសធាតុ​គ្រោះថ្នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ជំងឺមហារីក​មួយចំនួន ក៏ដូចជា​ប៉ះពាល់​យូរអង្វែង​ទៅលើ DNA។

    ស្ទើរតែ​គ្រប់​ករណី សមាសធាតុ​ពុល ធ្វើ​អន្ត​រកម្ម​ជាមួយនឹង​ប្រភេទ​អាកាសធាតុ និង​ភូមិសាស្ត្រ​តាម​តំបន់ ដោយ​វា​អាច​រក្សា​សមាសធាតុ​ទាំងនោះ​ឱ្យ​នៅនឹងកន្លែង ឬ​បញ្ជូន​វា​ទៅ​ឆ្ងាយ​រាប់​គី​ឡី​ដី។ នៅពេល​ផ្លាស់​ទី​ក្នុង​បរិយាកាស ម៉ូលេគុល ទាំងនេះ​ឆ្លងកាត់​ការប្រែប្រួល​ជាច្រើន។ ធាតុ​អុកស៊ីតកម្ម ត្រូវបាន​បង្កើតឡើង​ដោយ អុកស៊ីសែន និង​ពន្លឺព្រះអាទិត្យ ហើយ​បំបែក​សមាសធាតុ​ពុល។ ជួនកាល​ប្រតិ​កម្មនេះ ធ្វើឱ្យ​ជាតិពុល ងាយ​នឹង​ត្រូវបាន​ជម្រះ​ដោយ​ទឹកភ្លៀង។

    ប៉ុន្តែ ក្នុងករណី​ផ្សេង ពួកវា​កកើត​ជា​ជាតិពុល​ដែល​បង្ក​ផលប៉ះពាល​នាពេល​អនាគត ហើយ​វា​អាច​ពុល​ជាង​បច្ចុប្បន្ន។ ឧទាហរណ៍៖ នៅពេល​រោងចក្រ​នានា​ដុត​ធ្យូង ពួកវា​បញ្ចេញ អុកស៊ីដ​ស៊ុ​ល​ហ្វួ​រ (sulfur oxide) កម្រិត​ខ្ពស់។ ម៉ូ​លិ​គុល ទាំងនេះ​ត្រូវ​ឆ្លងកាត់ អុកស៊ីតកម្ម បង្កើតបានជា ស៊ុ​ល​ហ្វា​ត (sulfate) ប្រមូលផ្ដុំ​ជាមួយ​ចំហាយ​ទឹក​ក្នុង​បរិយាកាស ក​កើតជា​ស្រទាប​គ្របដណ្ដប់​គ្រាប់​ល្អិត​នានា ធ្វើឱ្យប៉ះពាល់​ដល់​ចម្ងាយ​ដែល​មនុស្ស​មើលឃើញ និង​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​សួត។

    ពពក​ផ្សែង​ដែល​គេ​ហៅថា អ័ព្ទ​គីមី​ស៊ុ​ល​ហ្វួ​រ ធ្លាប់បាន​កើតឡើង​ច្រើន​នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​សតវត្សរ៍​ទី 20 ហើយ​បច្ចុប្បន្ន វា​កំពុង​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ទីក្រុងធំៗ ដូចជា ប៉េកាំង ជាដើម។

    ចាប់តាំងពី​រថយន្ត​ត្រូវបាន​បង្កើតឡើង ឧស្ម័ន​ពុល​យូរអង្វែង​ផ្សេង​មួយទៀត​ក៏បាន​លេចមុខ។ ផ្សែង​ពុល​ដែល​បញ្ចេញ​ពី​មធ្យោបាយ​ដែល​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល បញ្ចេញ នីត្រាត​អុកស៊ីដ និង អ៊ី​ដ្រូ​កាបូន ជា​ធាតុ​ដែល​ប្រតិកម្ម​ក្លាយទៅជា​ស្រទាប់​អូហ្សូន។

    ខណៈដែល​ស្រទាប់​អូហ្សូន​នៅខាងលើៗនៃ​បរិយាកាស ជួយ​ការពារ​មនុស្ស​ពី​កាំរស្មីព្រះអាទិត្យ នៅលើ​ផ្ទៃផែនដី​ឯណេះ​វិញ សមាសធាតុ​នេះ​អាច​រួមផ្សំ​ជាមួយនឹង​គ្រាប់​ល្អិត​ពុល​យូរអង្វែង បង្កើតបានជា​អ័ព្ទ​គីមី​ពណ៌​ប្រផេះ ដែល​អាច​គ្របដណ្ដប់​ទីក្រុងធំៗនានា ជា​ឧបសគ្គ​ដល់​ការមើល​ផ្លូវ និង​គ្រោះថ្នាក់​ដល់​ការដកដង្ហើម។ វា​ក៏​រួមចំណែក​ក្នុង​ការជំរុញឱ្យ​អាកាសធាតុ​ប្រែប្រួល​ផងដែរ។

    ក្នុង​យុគសម័យ​ឧស្សាហកម្ម​រីកចម្រើន ឧស្ម័ន​ពុល​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​ខ្យល់​បរិយាកាស​ដែល​មនុស្ស​ដកដង្ហើម​រាល់ថ្ងៃ ត្រូវ​ប្រែប្រួល។ តំបន់​ជាច្រើន បាន​ចាត់វិធានការ មានដូចជា ការកំណត់​ឱ្យ​គ្រប់​រថយន្ត​ដែល​ផលិត​តាំងពី​ឆ្នាំ 1980 ត្រូវតែ​បំពាក់​ប្រព័ន្ធ​ចម្រាញ់​ដែល​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ម៉ូ​ណូ​ស៊ីដ និង នី​ដ្រូ​អុកស៊ីដ។ ទីក្រុង​ប៉េកាំង កំពុង​ទប់ទល់​នឹង​អ័ព្ទ​គីមី ដោយ​ការប្រើប្រាស់​អគ្គិសនី​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ពួកគេ និង​កាត់បន្ថយ​ជា​អតិបរមា​ចំពោះ​ឧស្ម័ន​ពុល​បញ្ចេញ​ពី​រថយន្ត។

    ក៏ប៉ុន្តែ បើទោះជា​ការលុបបំបាត់​ឥន្ធនៈ​ហ្វូ​ស៊ី​ល គឺជា​រឿង​ចាំបាច់ មនុស្ស​យើង​ក៏​មិនទាន់មាន​វិធានការ​សកល​ណាមួយ​ដើម្បី​ស្ដារ​បរិយាកាស​ឡើងវិញ​នៅឡើយ។ តំបន់​ផ្សេងគ្នា ត្រូវការ​មាន​ដំណោះស្រាយ​ផ្សេង​ពីគ្នា ចំពោះ​សារធាតុបំពុល​បរិស្ថាន​នៅ​តំបន់​របស់​ពួកគេ។ ព្រោះថា បើទោះជា​អ្នករស់នៅ​ទីណា យើង​ក៏​នៅតែ​ត្រូវ​ដកដង្ហើម​ដោយ​ស្រូបយក​ខ្យល់​ក្នុង​បរិយាកាស​តែមួយ៕

  • គំរាមថា​មាន​គ្រាប់បែក​លើ​យន្តហោះ ព្រោះតែ​ខក​ជើងហោះហើរ ស្ត្រី​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់

    គំរាមថា​មាន​គ្រាប់បែក​លើ​យន្តហោះ ព្រោះតែ​ខក​ជើងហោះហើរ ស្ត្រី​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់

    សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​បាន​កុហក​ប្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដោយ​គំរាមថា ក្នុង​វ៉ាលិស​របស់ខ្លួន​ដែល​ស្ថិតនៅលើ​យន្តហោះ មាន​គ្រាប់បែក ខណៈ​យន្តហោះ​កំពុង​បរ​ទៅមុខ ធ្វើឱ្យ​បុគ្គលិក​ត្រូវ​ជម្លៀស​អ្នកដំណើរភ្លាម។

    Marina Verbitsky អាយុ 46 ឆ្នាំ រួមជាមួយ​ប្ដី និង​កូន កាលពី​ថ្ងៃទី 6 កញ្ញា បាន​ខក​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Fort Lauderdale-Hollywood ក្នុងស្រុក Broward ដោយសារតែ​ពួកគេ​យឺតយ៉ាវ។ យន្តហោះ​ពេលនោះ​កំពុងតែ​ត្រៀម​ហោះ​ឡើង។

    «អ្នកស្រី​នោះ​ខឹង ព្រោះតែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ» ប៉ូលិស​ស្រុក Broward ឱ្យដឹង​ដូច្នេះ។ «អ្នកស្រី​នេះ​ប្រើប្រាស់​ពាក្យសម្ដីអាក្រក់ៗជាមួយ​បុគ្គលិក ហើយ​នៅពេល​ដឹងថា យន្តហោះ​កំពុង​ត្រៀម​ហោះ​ឡើង​ដោយ​នាំយក​ទាំង​អីវ៉ាន់​របស់​អ្នកស្រី​ផង​នោះ អ្នកស្រី​ក៏​និយាយថា មាន​គ្រាប់បែក​ក្នុង​ថង់​វ៉ាលិស»។

    អ្នក​ស្រី Marina Verbitsky

    យន្តហោះ​នេះ​ត្រូវ​បង្ខំ​ឱ្យ​ឈប់​មកវិញ ចំណែក​អ្នកដំណើរ​ទាំងអស់​ក៏ត្រូវ​បាន​ឈ្លៀស​ចុះ​ពី​យន្តហោះ។ ក្រោយមក ក្រុមប៉ូលិស​របស់​ស្រុក Broward បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​រកឃើញថា ស្ត្រី​នេះ​និយាយ​កុហក។

    Verbitsky ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ព្រមាន​ក្លែងក្លាយ​អំពី​គ្រាប់បែក និង​គ្រឿងផ្ទុះ ហើយក៏​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​មួយ​នៅ​តំបន់ Fort Lauderdale។ អ្នកស្រី​បាន​ចូល​តុលាការ​កាលពី​ថ្ងៃទី 7 កញ្ញា និង​ត្រូវ​បង់ប្រាក់​ធានា​ខ្លួន​ចំនួន 10,000 ដុល្លារ ហើយ​ថែមទាំង​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​លើ​សុខភាព​ផ្លូវចិត្ត​ទៀតផង៕

  • (វីដេអូ)-ហេតុអ្វី​មិនអាច​បើកទ្វារ​របស់​​យន្តហោះ​បាន ពេល​វា​​កំពុង​​ហោះ​ហើរ​​លើ​​អាកាស?

    (វីដេអូ)-ហេតុអ្វី​មិនអាច​បើកទ្វារ​របស់​​យន្តហោះ​បាន ពេល​វា​​កំពុង​​ហោះ​ហើរ​​លើ​​អាកាស?

    បើសិនជា​បើកទ្វារ​យន្តហោះ​នៅពេល​ស្ថិតនៅលើ​អាកាស នឹង​នាំឱ្យមាន​បញ្ហា​កំហាប់​ខ្យល់​កើតឡើង ធ្វើឱ្យ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​ត្រូវ​ធ្លាក់ចុះភ្លាមៗ បណ្ដាលឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង និង​ខ្វះ​អុកស៊ីសែន។

    យន្តហោះ​ពាណិជ្ជកម្ម​តែង​ហោះហើរ​ក្នុង​រយៈកម្ពស់ ចាប់ពី 9 ដល់ 13 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។ ល្បឿន​នៃ​​ការ​ហោះ​ហើរ​ជា​មធ្យម ចាប់ពី 880 ដល់ 926 គីឡូម៉ែត្រ/ម៉ោង។ ក្នុង​ល្បឿន និង​កម្ពស់​នេះ បើសិនជា​បើកទ្វារ​យន្តហោះ វា​នឹង​បង្កឱ្យមាន​បញ្ហា​កំហាប់​ខ្យល់​ធ្លាក់ចុះ​ខ្លាំង ធ្វើឱ្យ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​ត្រូវ​ថយចុះភ្លាមៗ បណ្ដាលឱ្យមាន​កម្លាំង​ស្រូប​យ៉ាងខ្លាំង​ក្លា ទាញយក​សម្ភារៈ និង​មនុស្ស​ដែល​មិន​បានដាក់​ខ្សែក្រវាត់ ចេញទៅ​ខាងក្រៅ​យន្តហោះ។ ចំណែក​ឱកាស​នៃ​ការរស់រានមានជីវិត​របស់​អ្នកផ្សេង​ក៏ត្រូវ​ថយចុះ​ទាប ដោយសារតែ​សម្ពាធ​ខ្យល់​ខាងក្នុង​យន្តហោះ និង​ខាងក្រៅ​មិន​ស្មើគ្នា។

    ទន្ទឹមនឹងនេះ សីតុណ្ហភាព​ក្នុង​យន្តហោះ​ក៏ត្រូវ​ធ្លាក់ចុះ​យ៉ាង​លឿន រហូតដល់​ធ្វើឱ្យ​ត្រជាក់​ស្ពឹក​អស់​រាងកាយ។ ដោយសារតែ​នៅ​ទី​ខ្ពស់ ខ្យល់​បរិយាកាស​ស្ដើង ឬ​កំហាប់​ខ្យល់​ទាប ទើប​ធ្វើឱ្យ​ខ្វះ​អុកស៊ីសែន នាំឱ្យ​មនុស្ស​មិនអាច​ដកដង្ហើម​បាន។

    មនុស្ស​នៅលើ​យន្តហោះ​នឹង​ជួប​គ្រោះថ្នាក់​ដល់​ជីវិត បើសិន​ក្នុងអំឡុង​ចាប់ពី 15 ដល់ 20 វិនាទី​ពុំបាន​ពាក់​ឧបករណ៍​ជំនួយ​អុកស៊ីសែន។ អ្នក​ខ្វះ​អុកស៊ីសែន នឹងត្រូវ​វិលមុខ បាត់បង់​ស្មារតី ចង្វាក់បេះដូង​ដើរ​យឺត រួច​ក៏​ស្លាប់។

    ទ្វារយន្តហោះ

    ក៏ប៉ុន្តែ ជាក់ស្ដែង គេ​មិន​ងាយ​នឹង​អាច​បើកទ្វារ​យន្តហោះ​នៅលើ​អាកាស​នោះឡើយ។ ព្រោះថា នៅក្នុង​អំឡុងពេល​ហោះហើរ បរិយាកាស​ខាងក្នុង​យន្តហោះ​ត្រូវបាន​បង្ហាប់​យ៉ាង​ណែន ដើម្បី​រក្សា​សម្ពាធ​ខ្យល់​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ដែល​មនុស្ស​អាចរ​ស់បាន។ ដូច្នេះ សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ ខ្ពស់ជាង​ច្រើន​បើ​ធៀប​នឹង​សម្ពាធ​ខ្យល់​នៅ​ខាងក្រៅ។

    នៅក្នុង​កម្ពស់​ជាទូទៅ កម្រិត​មធ្យម​នៃ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ​គឺ 3.3 ផោន (ប្រហែល 1.5 គីឡូក្រាម) លើ​មួយ​អ៊ិ​ញ​ក្រឡា (ប្រហែល 6.5 សង់ទីម៉ែត្រ​ក្រឡា)។ សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ មាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​ទ្វារ​ដែល​បាន​បិទ​សោ ឱ្យ​ស្ថិតនៅត្រង់​កន្លែង​ដើម។

    ទ្វារ​សម្រាប់​អ្នកដំណើរ តាម​ស្ដង់ដា​គឺ​តែងតែមាន​កម្ពស់ 1.8 ម៉ែត្រ និង​ទទឹង 1 ម៉ែត្រ។ ដើម្បី​អាច​បើកទ្វារ​នេះ​បាន គេ​ត្រូវ​ប្រើ​កម្លាំង​យ៉ាងតិច 11,340 គីឡូក្រាម ពោលគឺ​ជិត​ស្មើនឹង​ទម្ងន់​របស់​ដំរីទឹក​ចំនួន 6 ក្បាល​បូក​ចូលគ្នា។

    ដំរី​ទឹក​

    ក្រៅពី​សម្ពាធ​ខ្យល់​ដ៏​ខ្ពស់ យន្តការ​សុវត្ថិភាព​របស់​ទ្វារ​យន្តហោះ​គឺ​សោ​អេឡិចត្រូនិក ហើយ​មានតែ​ប្រធាន​​ក្រុម​​បើកបរ​​យន្ត​ហោះ​​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​បញ្ជា​តាមរយៈ​ឧបករណ៍​បច្ចេកវិទ្យា​ក្នុង​បន្ទប់​បើកបរ។

    ប្រអប់​សោ និង​ខ្ចៅ​នានា​ស្ថិតនៅ​ជ្រៅ​ខាងក្នុង​យន្តហោះ ដូច្នេះ​វា​មិន​ងាយ​នឹងត្រូវ​ផ្ទាត់​ចេញមកក្រៅ ឬ​ត្រូវ​បំផ្លាញ​ដោយសារ​កម្លាំង​នោះឡើយ។ ចំណែក​ផ្នែក​ខាងក្រៅ​របស់​ទ្វារ​យន្តហោះ ត្រូវបាន​រចនា​ជា​រាង​តូច​ជាង​ផ្នែក​ខាងក្នុង ដូច្នេះ​ពុំមាន​អ្នកណាម្នាក់​អាច​បើកទ្វារ​យន្តហោះ​ដែល​បាន​បិទ ពី​ខាងក្នុង​នោះទេ។

    ចង់​បើកទ្វារ​យន្តហោះ​បាន ដំបូង​គេ​ត្រូវ​ទាញ​ទ្វារ​ចូលមក​ខាងក្នុង បង្វិល​គន្លឹះ និង​រុញ​វា​ទៅ​ក្រៅ។ អ្វី​ទាំងនេះ ធ្វើឱ្យ​យើង​មិនអាច​បើកទ្វារ​បាន​នៅពេល​យន្តហោះ​ស្ថិតនៅលើ​អាកាស។ យ៉ាងនេះ​ក្ដី នៅតែមាន​ករណី​ព្យាយាម​បើកទ្វារ​យន្តហោះ​នៅពេល​កំពុង​ហោះហើរ។

    កាលពី​ថ្ងៃទី 6 កក្កដា ឆ្នាំ 2021 ស្ត្រី​អ្នកដំណើរ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ដោយសារតែ​បាន​ព្យាយាម​បើកទ្វារ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ដែល​កំពុង​ហោះហើរ​ពី Dallas ទៅកាន់ Charlotte។

    វិធី​តែមួយគត់​ដើម្បី​បើកទ្វារ​យន្តហោះ​នៅលើ​អាកាស គឺ​ការបញ្ចុះ​សម្ពាធ​ខ្យល់​ក្នុង​យន្តហោះ ឬ​រង់ចាំ​ដល់ពេល​យន្តហោះ​បន្ទាបខ្លួន។ វិធី​ទាំងពីរ​ខាងលើ សុទ្ធតែ​ធ្វើឱ្យ​កំហាប់​ខ្យល់​ក្នុង​យន្តហោះ​ថយចុះ និង​ត្រូវការ​កម្លាំង​តិចជាង ដើម្បី​បើកទ្វារ។

    ក្នុងករណី​អ្នកដំណើរ​ព្យាយាម​បើកទ្វារ​យន្តហោះ អ្នកបើកបរ​នឹង​បញ្ជា​ឱ្យ​យន្តហោះ​ចុះចត​បន្ទាន់។ អ្នក​ព្យាយាម​បើកទ្វារ​នឹងត្រូវ​បាន​រារាំង​ដោយ​បុគ្គលិក​នៃ​ក្រុម​ហោះហើរ និង​អ្នកដំណើរ​ដទៃទៀត។

    អ្នក​មិនគួរ​ព្រួយបារម្ភ​ពេក​នោះទេ នៅ​ពេល​មាន​អ្នកណាម្នាក់​កំពុង​ព្យាយាម​បើកទ្វារ​របស់​​យន្តហោះ​ក្នុង​គ្រា​កំពុង​ហោះហើរ​លើ​អាកាស។ ចូរ​អង្គុយ​នៅលើ​កៅអី​របស់​អ្នក ហើយ​សម្រាកកាយ ទុកឱ្យ​យន្តហោះ​បន្តដំណើរ​ទៅមុខ៕

  • ហាង​កាហ្វេ បម្រើភ្ញៀវ​ដោយ​មនុស្ស​យន្ត​ដែលមាន​ជនពិការ​បញ្ជា​ពី​ចម្ងាយ​រាប់​រយ​គីឡូដី

    ហាង​កាហ្វេ បម្រើភ្ញៀវ​ដោយ​មនុស្ស​យន្ត​ដែលមាន​ជនពិការ​បញ្ជា​ពី​ចម្ងាយ​រាប់​រយ​គីឡូដី

    មនុស្ស​យន្ត​ទាំងឡាយ​នៅក្នុង​ហាង​កាហ្វេ​នេះ សុទ្ធតែ​ត្រូវបាន​បញ្ជា​ដោយ​បុគ្គលិក​ដែលជា​ជនពិការ ចាប់ពី​ការ​ឆុង​កាហ្វេ រហូតដល់​ការសន្ទនា​ជាមួយ​អតិថិជន និង​ការលើក​ភេសជ្ជៈ​ជូន​ភ្ញៀវ។

    ឆ្នាំ 2017 ក្រោយ​រយៈពេល 7 ឆ្នាំ​ដែល​បានធ្វើការ​ជា​បុគ្គលិក​ឆុង​កាហ្វេ Mikako Fujita ដឹងខ្លួន​ថា ការចង​សក់​របស់ខ្លួន​បានក្លាយ​ជា​រឿង​លំបាក។ ក្រោយមក នាង​ក៏​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា កើត​ជំងឺ​ពិការ​មួយ​ចំហៀង​ខ្លួន ឬ​ហៅថា ALS ជា​ជំងឺ​ដែល​មិនអាច​ព្យាបាល​ជា។

    ប៉ុន្តែ 4 ឆ្នាំ​ក្រោយមក Fujita នៅតែ​បម្រើការ​ជា​អ្នក​ឆុង​កាហ្វេ​នៅ​ហាង Dawn Avatar Robot Cafe ស្ថិតក្នុង​ខណ្ឌ Nihonbashi នៃ​រាជធានី​តូ​ខ្យូ ប្រទេស​ជប៉ុន។ ចំនុច​ខុសគ្នា​តែមួយគត់ នោះ​គឺ​ពេលនេះ នាង​ធ្វើការ​ពី​ផ្ទះ​ក្នុង​ខេត្ត Aichi ភាគ​កណ្ដាល​ប្រទេស ដែលមាន​ចម្ងាយ 300 គីឡូម៉ែត្រ​ពី​ហាង​កាហ្វេ។

    បុគ្គលិក​ម្នាក់​របស់​ហាង​កាហ្វេ​ Dawn

    ដើម្បី​ធ្វើការ​បាន Fujita ប្រើប្រាស់​មនុស្ស​យន្ត​មួយគ្រឿង​ដែលមាន​ឈ្មោះថា Tele-Barista។ មនុស្ស​យន្ត​នេះ​អាច​ឆុង​កាហ្វេ​ដូច​ទៅនឹង​បុគ្គលិក​ជា​មនុស្សពិត។ Fujita បញ្ជា​ទៅលើ​មនុស្ស​យន្តហោះ​ដោយ​ប្រើប្រាស់​កុំព្យូទ័រ។ នៅពេល​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​ការ​កម្រើក​ដៃជើង​ក្លាយជា​រឿង​លំបាក នាង Fujita ក៏​ចាប់ផ្ដើម​មាន​គម្រោង​ងាក​ទៅ​បញ្ជា​រ៉ូ​បូត​ដោយ​ប្រើ​ចលនា​របស់​ភ្នែក។

    Fujita ក៏​ប្រើប្រាស់​រ៉ូ​បូត​ផ្សេង​មួយទៀត​ដែល​ឈរ​នៅលើ​ស្មា​របស់​រ៉ូ​បូត​មួយគ្រឿង​ដែលមាន​តួនាទី​ឆុង​កាហ្វេ។ វា​មាន​រូបរាង​តូច និង​មាន​កាមេរ៉ា​ដើម្បី​អាច​និយាយ​ទាក់ទង​បាន​ជាមួយ​អតិថិជន។ កូន​រ៉ូ​បូត​នេះ​មាន​ឈ្មោះថា OriHime កម្ពស់​ប្រហែល 20 សង់ទីម៉ែត្រ។

    Fujita វ័យ 50 ឆ្នាំ បាន​ប្រាប់ថា ក្រោយពី​ដឹងថា មាន​ជំងឺ ALS នាង​យំ​ស្ទើរ​ពេញ​មួយ​យប់។ ប៉ុន្តែ តាំងពី​ធ្វើការ​តាមរយៈ OriHime ចាប់ពី​ឆ្នាំ 2018 នាង​មាន​អារម្មណ៍​ថា មាន​ក្ដីសង្ឃឹម​ថ្មី។

    «ខ្ញុំ​ពុំដែល​ស្រមៃ​ដល់​ការ​ឆុង​កាហ្វេ​ពី​ចម្ងាយ​នោះទេ។ អរគុណ​ការគាំទ្រ​របស់​គ្រប់គ្នា ព្រោះ​បាន​ជួយ​ឱ្យ​ខ្ញុំ​មាន​ក្ដីសង្ឃឹម។ នៅពេល​ខ្ញុំ​ឆុង​កាហ្វេ​ឱ្យ​ភ្ញៀវ ពួកគេ​និយាយថា វា​ពិតជា​ឆ្ងាញ់» Fujita រៀបរាប់​ដូច្នេះ។

    បើទោះជា​ហាង​កាហ្វេ Dawn មាន​បុគ្គលិក​ជា​មនុស្ស​យន្ត ប៉ុន្តែ​វា​នៅតែ​រក្សាបាន​នូវ​អារម្មណ៍​របស់​មនុស្ស ដោយសារតែ​បុគ្គលិក​ប្រហែល 60 នាក់ គឺជា​អ្នកបញ្ជា​រ៉ូ​បូត​ដូច Fujita ហើយ​ពួកគេ​ស្ទើរតែ​ទាំងអស់ ជា​ជនពិការ។ ការសន្ទនា និង​សំណើច​រវាង​អ្នកបញ្ជា​មនុស្ស​យន្ត និង​ភ្ញៀវ បន្លឺឡើង​ពាសពេញ​ហាង ខណៈដែល​មនុស្ស​យន្ត​លើក​ភេសជ្ជៈ OriHime-D ផ្លាស់​ទី​ពី​តុ​មួយ ទៅ​តុ​មួយ។

    ហាង Dawn ត្រូវបាន​គ្រប់គ្រង​ដោយ Ory Lab។ ហាង​នេះ​បើក​ដំណើរការ​កាលពី​ខែមិថុនា បន្ទាប់ពី​បាន​សាកល្បង​បួន​លើក​តាំងពី​ឆ្នាំ 2018។ ហាង​នេះ​ស្ថិតនៅក្នុង​អគារ​ជាមួយគ្នា​នឹង​ការិយាល័យ​របស់​ក្រុមហ៊ុន ដូច្នេះ ក្រុម​អ្នក​អភិវឌ្ឍ​អាច​ចុះមក​កែតម្រូវ​រ៉ូ​បូត​បាន​គ្រប់ពេល បើសិនជា​ចាំបាច់។

    Yoshifuji ដែលជា​ស្ថាបនិក​របស់ Ory Lab គឺជា​វិស្វករ​ម្នាក់​ធ្លាប់​នៅផ្ទះ 3 ឆ្នាំកន្លះ ដោយសារតែ​ជំងឺ​កាលពី​នៅ​វ័យ​ជំទង់។ កាលណោះ គាត់​ស្រមៃ​ចង់បាន​រាងកាយ​ពីរ ឬ​បី ដាច់ដោយឡែក។ ក្ដី​ស្រមៃ​នេះ នាំឱ្យមាន​វត្តមាន​រប​ស់មនុស្ស​យន្ត OriHime កំណែ​ដំបូង​នៅ​ឆ្នាំ 2010។ ពីរ​ឆ្នាំ​ក្រោយមក Yoshifuji ក៏បាន​បង្កើត Ory Lab។

    Kentaro Yoshifuji ស្ថាបនិករបស់ Ory Lab

    ដោយ​ប្រើប្រាស់​រ៉ូ​បូត OriHime-D ដែល​អាច​នាំយក​សម្ភារ និង​ផ្លាស់​ទី​បាន​យ៉ាង​ល្អ ជួយ​ឱ្យ​ការបើក និង​គ្រប់គ្រង​ហាង​កាហ្វេ​ពី​ចម្ងាយ​ក្លាយជា​រឿង​អាចទៅរួច។ Ory Lab ប្រមូល​ទុន​បាន​ជាង 44 លាន​យ៉េន (400,000 ដុល្លារ​អាមេរិក) ចាប់ពី​ខែមីនា ដល់​ខែឧសភា សម្រាប់​ការបើក​ដំណើរការ​ហាង។ ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ការឧបត្ថម្ភ គាំទ្រ​ពី​ក្រុមហ៊ុនធំៗជាង 10 ផងដែរ។

    «ជនពិការ​ដែល​មិនអាច​ធ្វើការ​បាន ប៉ុន្តែ យើង​ចង់​បង្ហាញថា ឱកាស​ការងារ​តែងតែ​មាន​សម្រាប់​មនុស្ស​ដែល​មិនអាច​បញ្ជា​លើ​រាងកាយ ឬ​មិនអាច​និយាយបាន។ ខ្ញុំ​ចង់ឱ្យ​អតិថិជន​ដឹងថា មនុស្ស​ទាំងនេះ​គឺមាន ហើយ​ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​សង្គម​របស់​យើង» Yoshifuji ថ្លែង​ដូច្នេះ។

    ហាង​កាហ្វេ Dawn កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អន្តរជាតិ។ កាលពី​សប្ដាហ៍​មុន Sophie Cluzel រដ្ឋមន្ត្រី​ជាតិ​ដើម្បី​ជនពិការ​របស់ បារាំង បាន​ចូលធ្វើ​ទស្សនកិច្ច​ហាង​កាហ្វេ​នេះ នៅក្នុង​ដំណើរ​មកកាន់ តូ​ខ្យូ ដើម្បី​ចូលរួម​ពិធី​បើក​ការ​ប្រ​កូត​កីឡា Paralympics សម្រាប់​ជនពិការ កាលពី​ថ្ងៃទី 24 សីហា។ «ពិតជា​មានការ​ច្នៃប្រឌិត​ខ្ពស់ នៅពេល​គ្រប់គ្នា​អាច​រក្សាបាន​ការងារ​រ​បស់​ខ្លួន» លោកស្រី​និយាយ​ដូច្នេះ និង​យល់ថា នេះ​គឺជា​ការទាក់ទាញ​ប្រកបដោយ​មនុស្សធម៌។

    ក្រៅពី​ការគ្រប់គ្រង​ហាង​កាហ្វេ Ory Lab ក៏​ថែមទាំង​រកប្រាក់​តាមរ​យៈ​ការដាក់ឱ្យ​ជួល​រ៉ូ​បូត និង​បុគ្គលិក​បញ្ជា​រ៉ូ​បូត សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែលមាន​តម្រូវការ​ផងដែរ។ Yoshifuji ឱ្យដឹងថា បុគ្គលិក​ជាង 30 នាក់​របស់ខ្លួន កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ដទៃ៕