Category: សង្គម និងសេដ្ឋកិច្ច

  • បុរស និង​ស្ត្រី​ជាង 800 នាក់ អាក្រាតកាយ​ទាំងស្រុង ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ

    បុរស និង​ស្ត្រី​ជាង 800 នាក់ អាក្រាតកាយ​ទាំងស្រុង ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ

    (អង់គ្លេស)-បុរស និង​ស្ត្រី​ជាង 800 នាក់ នាំគ្នា​អាក្រាតកាយ នៅ​ឈូង​សមុទ្រ Druridge ដើម្បី​ទទួល​អំណរ​ថ្ងៃ​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ «Autumnal Equinox» ខាងមុខ។

    មនុស្ស​រាប់រយ​នាក់ ប្រមូល​ផ្ដុំគ្នា​ទស្សនាការ​រាំរែក​នៅ​ជុំវិញ​ភ្លក់​ភ្លើង​មុនពេល​ដោះ​សម្លៀកបំពាក់​ទាំងអស់ និង​ត្រាំ​ខ្លួន​ក្នុង​ទឹក​នៅ​ឈូង​សមុទ្រ Druridge ក្នុង​តំបន់ Northumberland ភាគ​ឦសាន​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 19 ក​ញ្ញ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​អបអរ​ថ្ងៃ Autumnal Equinox ជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃទី 22 កញ្ញា។ យោងតាម​វិទ្យាសាស្ត្រ​អឺរ៉ុប Autumnal equinox ឬ September Equinox ឬក៏ Fall Equinox គឺជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​អឌ្ឍគោល​ខាងជើង។

    ក្រុម​សង្គ្រោះបន្ទាន់​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ឆ្នេរសមុទ្រ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​នៅពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ ពុំមាន​បញ្ហា​ណាមួយ​នោះទេ​នៅក្នុង​ព្រឹត្តិការណ៍​នេះ។

    ពិធីបុណ្យ​អាក្រាតកាយ​ដ៏​ធំ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ឈូង​សមុទ្រ Druridge បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ បន្ទាប់ពី​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ 2012 ដើម្បី​រៃអង្គាសប្រាក់​ជូន​ដល់​អង្គការ​មនុស្សធម៌​ដែល​ធ្វើការ​ខាង​សុខភាព​ផ្លូវចិត្ត MIND។

    កាលពី​ឆ្នាំ 2020 ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​លុបចោល​បណ្ដោះអាសន្ន ដោយសារតែ​បម្រាម​គោចរ។ ឆ្នាំ 2019 ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​បាន​អ្នកចូលរួម​ជាង 700 នាក់។

    «គ្រប់យ៉ាង​ពិតជា​អស្ចារ្យ និង​ប្រព្រឹត្តទៅ​យ៉ាង​រលូន។ យើង​មាន​គ្នា​ចូលរួម​យ៉ាងតិច 820 នាក់ បើ​ទោះ​តួលេខ​ចុងក្រោយ​មិនទាន់​ប្រកាស» Jax Higginson អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍ និយាយ​ដូច្នេះ និង​បន្ថែមថា ឆ្នាំនេះ​អាច​រៃអង្គាស​បាន​ប្រាក់​ប្រហែល 20,000 ផោន ស្មើនឹង​ជាង 27,000 ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​មូលនិធិ MIND៕

  • ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ទាំង 5 របស់​ពិភពលោក នា​ឆ្នាំ 2021

    ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ទាំង 5 របស់​ពិភពលោក នា​ឆ្នាំ 2021

    យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 ដុល្លារ​អាម៉េរិក កើត 312,000,000,000 ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

    ក្រុម​ត្រកូល​អ្នកមាន​នៅលើ​ពិភពលោក រកបាន​ប្រាក់​យ៉ាងច្រើន​ក្នុងអំឡុង 1 ឆ្នាំ​កន្លងទៅនេះ។ ភាពសម្បូរ​ទ្រព្យ​ដែល​ងាយស្រួល​លក់ដូរ និង​ទីផ្សារ​មូល​ប​ត្រ​ឡើងដល់​កំពូល​ជា​បន្តបន្ទាប់ បូករួម​នឹង​គោលនយោបាយ​ពន្ធដារ​ប្រកបដោយ​អត្ថប្រយោជន៍​គឺជា​កត្តា​ដែល​ជួយ​ឱ្យ​ទ្រព្យ​ដែល​ពួកគេ​រកបាន កាន់តែ​រីក​មាឌ។ យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 (1.7 សែន​កោដិ ឬ 1.7 ទ្រី​លាន) ដុល្លារ​អាម៉េរិក កើត 312,000,000,000 (3.12 សែន​កោដិ ឬ 312 ពាន់​លាន​ដុល្លារ) ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

    ឈរ​លំដាប់​ទីមួយ​ដែលជា​ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​សកលលោក​រយៈពេល 4 ឆ្នាំ​បន្តបន្ទាប់​គឺ Waltons មកពី Arkansas សហរដ្ឋ​អាម៉េរិក។ ត្រកូល​នេះ​កំពុង​កាន់កាប់​ទ្រព្យ​ចំនួន​ពាក់កណ្ដាល​នៅក្នុង​បណ្ដាញ​ផ្សារ​លក់រាយ Walmart។ ធៀប​នឹង​ឆ្នាំ 2020 ទ្រព្យ​របស់​ត្រកូល​នេះ​បាន​កើន​ថែម 23 ពាន់​លាន​ដុល្លារ មានន័យថា ត្រកូល Waltons រកបាន 63 លាន​ដុល្លារ/ ថ្ងៃ ឬ 2.6 លាន​ដុល្លារ/ម៉ោង ឬក៏ 44,000 ដុល្លារ/វិនាទី។

    ថ្ងៃ​ណា​ក៏​គេ​ឃើញ​ធនាគារ Goldman Sachs តំណាងឱ្យ​ត្រកូល Waltons លក់​ភាគហ៊ុន។ ក្នុង​សប្ដាហ៍​កន្លងទៅ ត្រកូល​នេះ​បាន​លក់​ភាគហ៊ុន​តម្លៃ 294 លាន​ដុល្លារ។ ជា​សរុប ក្នុង​រយៈពេល 7 ខែ​ចុង​ក្រោយនេះ ត្រកូល Waltons លក់​ភាគហ៊ុន Walmart បាន​រហូតដល់​ជាង 6 ពាន់​លាន​ដុល្លារ។

    ប៉ុន្តែ បណ្ដា​កូនចៅ​ជំនាន់​ក្រោយ​របស់ Sam Walton បច្ចុប្បន្ន​នៅតែ​កាន់កាប់​មូល​ប​ត្រ​ចំនួន 1,334,480,250 ហ៊ុន នៅក្នុង​ក្រុមហ៊ុន Walmart។ ដោយសារ​តម្លៃ​ភាគហ៊ុន Walmart កើនឡើង​ខ្ពស់​ក្នុង 1 ឆ្នាំ​កន្លង ទ្រព្យ​របស់​គ្រួសារ Walton ក៏​កើនឡើង​គួរឱ្យកត់សម្គាល់។

    ជោគជ័យ​របស់ Walmart ជួយ​ឱ្យ​ត្រកូល Waltons ដែល​មកពី Arkansas (បច្ចុប្បន្ន​បាន​ឈានចូល​ដល់​ជំនា​ន់ទី​បី រាប់​ចាប់តាំងពី Walmart បានបង្ហាញ​ខ្លួន) មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី Jeff Bezos និង Elon Musk ទៅទៀត។ ត្រកូល Waltons ក៏មាន​ប្រាក់​ច្រើនជាង​ជិត 100 ពាន់​លាន​ដុល្លារ ធៀប​នឹង​ត្រកូល​អ្នកមាន​លំដាប់​ទី​ពីរ​គឺ Mars។

    ត្រកូល Mars

    Mars និង Waltons គឺជា​ត្រកូល​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំ​កន្លង ដោយសារតែ​ផលិតផល​របស់​ពួកគេ​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​អំឡុង COVID-19 កំពុង​រាតត្បាត ក្នុងនោះ​ក៏មាន​ផលិតផល​ដែល​ទាក់ទង​នឹង​ផ្សារ​អន​ឡាញ​ផងដែរ។

    នៅមាន​ត្រកូល​ជាច្រើន​ផ្សេងទៀត​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​និន្នាការ​ប្ដូរផ្លាស់​ថ្មី​នៅក្នុង​វិស័យផ្សេង។ ត្រកូល Johnsons ដែល​នៅ​ពីក្រោយ​មូលនិធិ​វិនិយោគ Fidelity Investments រកបាន​ប្រាក់​ច្រើន​ពី​ការពេញនិយម​នៃ​ការជួញដូរ​មូល​ប​ត្រ​អន​ឡាញ។ ចំណែក​ត្រកូល​អ្នកមាន​បំផុត​នៅ​ទ្វីបអាស៊ី គឺ Ambanis ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ទិន្ន​ការ​ថាមពលបៃតង និង​និន្នាការ​នៃ​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation)។

    នៅពេល COVID-19 រាតត្បាត​ខ្លាំង​បំផុត បណ្ដា​យីហោ​ប្រណិត​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ត្រូវគេ​ព្យាករ​ថា​នឹង​ជួប​វិបត្តិ​ធំ។ ប៉ុន្តែ ត្រកូល​នានា​ដែល​នៅ​ពីក្រោយ​យីហោ​លំដាប់​ខ្ពស់​ទាំងនោះ បែរជា​រកបាន​ប្រាក់​ច្រើន​ទៅវិញ។ ត្រកូល Lauders ដែល​នៅ​ពីក្រោយ​យីហោ​ផលិតផល​គ្រឿងសម្អាង Estee Lauder ជា​លើកដំបូង​មានឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់ ខណៈដែល​ទ្រព្យ​របស់​ត្រកូល Hermes កើន 75% ពោលគឺ​ឡើងដល់ 112 ពាន់​លាន​ដុល្លារ។

    ត្រកូល​មួយចំនួន​រង​ផលប៉ះពាល់​ដោយសារ​ជាប់ពន្ធ​ស្នង​មរតក ក្នុងនោះ ត្រកូល Lee ដែល​គ្រប់គ្រង Samsung គឺជា​ឧទាហរណ៍​មួយ។ ត្រកូល​នៅ កូរ៉េខាងត្បូង​មួយ​នេះ​បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់ ដោយសារតែ​ត្រូវ​បង់ពន្ធ​ចំនួន 11 ពាន់​លាន​ដុល្លារ លើ​ការ​ស្នង​មរតក​ក្រោយពី​លោក Lee Kun-hee បាន​ស្លាប់។

    ត្រកូល Kochs

    ខាងក្រោម​នេះ​គឺជា​ត្រកូល​អ្នកមាន​ជាងគេ​ទាំង 5 របស់​ពិភពលោក ដែល​យោងតាម​តារាង​ចំណាត់ថ្នាក់​របស់ Bloomberg ៖

    1-ត្រកូល Walton

    ក្រុមហ៊ុន៖ Walmart

    ទ្រព្យ​សរុប៖ 238.2 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Bentonville, Arkansas, សហរដ្ឋ​អាម៉េរិក

    2-ត្រកូល Mars

    ក្រុមហ៊ុន៖ Mars

    ទ្រព្យ​សរុប៖ 141.9 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ McLean, Virginia, សហរដ្ឋ​អាម៉េរិក

    3-ត្រកូល Kochs

    ក្រុមហ៊ុន៖ Koch Industries

    ទ្រព្យ​សរុប៖ 124.4 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Wichita, Kansas, សហរដ្ឋ​អាម៉េរិក

    4- ត្រកូល Hermes

    ក្រុមហ៊ុន៖ Hermes

    ទ្រព្យ​សរុប៖ 111.6 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Paris, ប្រទេស​បារាំង

    5-រាជវង្ស Al Saud

    ទ្រព្យ​សរុប៖ 100 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Riyadh, រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត

  • បណ្ដាញ​សង្គម​ TikTok ចិន រឹតត្បិត​លើ​ការប្រើប្រាស់​របស់​ក្មេង​អាយុ​ក្រោម 14 ឆ្នាំ

    បណ្ដាញ​សង្គម​ TikTok ចិន រឹតត្បិត​លើ​ការប្រើប្រាស់​របស់​ក្មេង​អាយុ​ក្រោម 14 ឆ្នាំ

    Douyin ដែលជា​កំណែ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន របស់ TikTok បានប្រកាសថា​នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​ក្មេង​ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​លេង​ត្រឹមតែ 40 នាទី​ប៉ុណ្ណោះ ក្នុង 1 ថ្ងៃ។

    ByteDance ជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម Douyin កាលពី​ថ្ងៃទី 18 កញ្ញា បានប្រកាស​អនុវត្ត​គោលការណ៍​សម្រាប់​ក្មេង​ជំទង់ ក្នុងនោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម TikTok កំណែ​សម្រាប់​ប្រទេស​ចិន ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ អាច​លេង Douyin បានតែ 40 នាទី​ប៉ុណ្ណោះ​ក្នុង 1 ថ្ងៃ ក្នុងអំឡុងពេល​ពី​ម៉ោង 6 ព្រឹក ដល់​ម៉ោង 22 យប់។

    Douyin បានដាក់​មុខងារ​មួយចំនួន​ដូចគ្នានេះដែរ តាំងពី​ឆ្នាំ 2018 ប៉ុន្តែ ជា​មុខងារ​ដែល​អាច​ជ្រើសរើស​បាន។ ការកំណត់​ខាងលើ​ដែល​នឹង​អនុវត្ត​ចំពោះ​អ្នកប្រើប្រាស់​ចុះឈ្មោះ​ពិត និង​មាន​អាយុ​ក្រោម 14 ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារក្មេងៗពី​ខ្លឹមសារអាក្រក់។

    ក្នុង​រយៈពេល 40 នាទី​រៀងរាល់ថ្ងៃ Douyin នឹង​ណែនាំ​ដល់​អ្នកប្រើប្រាស់​នូវ​ខ្លឹមសារ​ដែល​សម្បូរ​ចំណេះដឹង ដូចជា ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ ឬ​ពិព័រណ៍​សារមន្ទីរ និង​មេរៀន​ប្រវត្តិសាស្ត្រ​ជាដើម។ Douyin អំពាវនាវ​ឱ្យ​អាណាព្យាបាល​គ្រប់រូប ចុះឈ្មោះ និង​អាយុ​ពិត​របស់​កូន ដើម្បី​ជួយ​គាំទ្រ​ដល់​គោលការណ៍​ថ្មី​របស់​បណ្ដាញ​សង្គម​មួយ​នេះ។

    ការកំណត់​ខាងលើ​របស់ Douyin ត្រូវបាន​ធ្វើឡើង​នៅពេល​រដ្ឋាភិបាល​ចិន ស្វែងរក​វិធី​គ្រប់គ្រង​បណ្ដា​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែល​ផ្ដល់​ខ្លឹមសារ​លើ​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន ដោយ​ចោទ​ពួកគេ​ថា រំលោភច្បាប់​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ បញ្ហា​ការពារ​ទិន្នន័យ និង​កម្លាំង​ពលកម្ម។

    ប្រទេស​ចិន កាលពី​ខែមិថុនា បានធ្វើ​វិសោធនកម្ម​ច្បាប់​ការពារ​អនីតិជន ដោយ​ស្នើ​ដល់​ក្រុម​អ្នកផ្គត់ផ្គង់​ខ្លឹមសារ​ឌីជីថល បំពាក់​ឧបករណ៍​គ្រប់គ្រង​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​អតិថិជន កាត់បន្ថយ​មុខងារ​មួយចំនួន និង​កាត់បន្ថយ​ការលក់​ផលិតផល​ចំពោះ​អ្នកប្រើប្រាស់​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។

    កម្មវិធី (App) ចែករំលែក​វីដេអូ Kuaishou របស់​ក្រុមហ៊ុន Kuaishou Technology ដែលជា​គូប្រជែង​ធំ​នៅ​ប្រទេស​ចិន របស់ Douyin បានកំណត់​របប​សម្រាប់​ក្មេង​មិនទាន់​គ្រប់​អាយុ ដូច​ទៅនឹង Douyin តាំងពី​ឆ្នាំ 2019 ក្រោមរូបភាព​អាច​ជ្រើសរើស​បាន។ ចំណែក WeChat ដែលជា​កម្មវិធី​ទាក់ទង​គ្នា​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ចិន របស់​ក្រុមហ៊ុន Tencent, TokTik ដែលជា​កំណែ​អន្តរជាតិ​របស់ Douyin ជាដើម ក៏បាន និង​កំពុង​អនុវត្ត​គោលការណ៍​នានា​ដើម្បី​ជួយ​ការពារ​អនីតិជន​ផងដែរ៕

  • លក់​កាហ្វេ​​ដោយ​​រទេះ​រុញ​តាម​​ដងផ្លូវ ពេល​នេះ​កសិករ​ជនជាតិ​អា​ម៉េ​រិក ម្នាក់ ក្លាយជា​មហាសេដ្ឋី

    លក់​កាហ្វេ​​ដោយ​​រទេះ​រុញ​តាម​​ដងផ្លូវ ពេល​នេះ​កសិករ​ជនជាតិ​អា​ម៉េ​រិក ម្នាក់ ក្លាយជា​មហាសេដ្ឋី

    ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 បងប្អូន​ពីរ​នាក់​របស់​គ្រួសារ​ត្រកូល Boersma សន្សំ​បាន​ប្រាក់​មួយចំនួន​ដើម្បី​ទិញ​រទេះរុញ​មួយគ្រឿង និង​ម៉ាស៊ីន​ឆុង​កាហ្វេ espresso មួយគ្រឿង ដើម្បី​លក់​កាហ្វេ​តាម​ដងផ្លូវ។ ពួកគេ​ចាប់ផ្ដើម​លក់​កាហ្វេ​នៅក្នុង​ទីក្រុង Grants Pass (Oregon)។ មិនយូរប៉ុន្មាន ពួកគេ​ទិញ​បាន​រទេះរុញ​រហូតដល់ 5 គ្រឿង​ដើម្បី​លក់​កាហ្វេ។

    Dane និង Travis Boersma គឺជា​កសិករ​ចិញ្ចឹម​គោ​យក​ទឹកដោះ ជំនាន់​ទី​បី​របស់​គ្រួសារ។ នៅពេល​ស្វែងរក​ការងារ​សមស្រប​មួយ​ធ្វើនឹង​គេ ក្រៅពី​កិច្ចការ​ចិញ្ចឹម​គោ​របស់​គ្រួសារ ពួកគេ​សម្រេចចិត្ត​សាកល្បង​ក​ម្លាំ​ង​ជាមួយនឹង​កាហ្វេ។ ពួកគេ​ក្រោយមក​ក៏​រកបាន​ប្រាក់​ដែល​អាច​សន្សំ និង​ចាយវាយ​សម្រាប់​ពិធី​កំសាន្តធំៗបាន។

    បន្ទាប់ពី​បងប្រុស Dane បាន​ស្លាប់​ដោយសារ​ជំងឺ​ស្វឹ​តដៃ​ជើង Travis ក៏​បន្ត​មុខរបរ​ប្រចាំថ្ងៃ។ បច្ចុប្បន្ន យីហោ Dutch Bros Inc. របស់ Travis គ្រប់គ្រង​ហាង​ចំនួន 471 កន្លែង នៅ​ពាសពេញ​តំបន់​ភាគ​ខាងលិច​នៃ​ទឹកដី សហរដ្ឋ​អាម៉េរិក ដោយ​រកចំណូលបាន​ជា​ង 400 លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

    លោក Travis Boersma

    មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ ផ្ដើម​ដាក់ឱ្យ​ជួញដូរ​ចាប់ពី​ថ្ងៃទី 15 កញ្ញា នៅលើ​ផ្សារ​ហ៊ុន NYSE ដោយមាន​ឈ្មោះ​កូដ BROS។ តម្លៃ​មូល​ប​ត្រ​នេះ​បាន​កើន​ឡើងដល់ 34.01 ដុល្លារ/​ហ៊ុន​ កើន 48% ធៀប​នឹង​ពេល​មាន​វត្តមាន​ក្នុង​ផ្សារ​ហ៊ុន​ដំបូង ដែល​នេះ​បាន​នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Dutch Bros ឡើងដល់ 5.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ Travis អាយុ 50 ឆ្នាំ បច្ចុប្បន្ន​គឺជា​ម្ចាស់​ហ៊ុន​ធំជាងគេ ដោយមាន​ភាគហ៊ុន​តម្លៃ 2.3 ពាន់​លាន​ដុល្លារ ប៉ុន្តែគេ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ភាគហ៊ុន​ដែល​លោក​កំពុងកាន់​កាប់​នៅឡើយ។

    ដោយមាន​គូប្រជែងធំៗ ដូចជា Starbucks, Dunkin’ និង Peet’s Coffee & Tea ជាដើម ទីផ្សារ​កាហ្វេ​នៅ សហរដ្ឋ​អាម៉េរិក ហាក់​ពិបាក​ឱ្យគេ​លោត​​ចូល​រកស៊ី។ ប៉ុន្តែ Dutch Bros បែរជា​បង្កើតបាន​ទីផ្សា​រ​ពិសេស​ដោយ​ឡែក (niche market) ជាមួយនឹង​អរិយធម៌​ដែល​គេ​ហៅថា «Dutch Luv»។ ហាង​កាហ្វេ​របស់ Dutch Bros សុទ្ធតែ​ដំណើរការ​ដោយ​ប្រើ​រូបមន្ត «អតិថិជន​បើកឡាន​មក​ទិញយក​ទៅផ្ទះ» ដោយ Dutch Bros លក់​តែ​ភេសជ្ជៈ​​ត្រជាក់។

    ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នេះ​គឺ 6.3 លាន​ដុល្លារ នៅក្នុង​ចំណូល​សរុប 404.5 លាន​ដុល្លារ​សម្រាប់​រយៈពេល 12 ខែ គិត​ត្រឹម​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 ខណៈដែល​ប្រាក់ចំណូល​ក្នុង​ឆ្នាំ 2018 មាន​ត្រឹមតែ 186 លាន​ដុល្លារ។

    ក្រុមហ៊ុន​នេះ យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការពេញចិត្ត និង​ឱកាស​រីកចម្រើន​របស់​បុគ្គលិក។ អត្រា​សុំ​ឈប់​ពី​ការងារ​របស់ Dutch Bros ស្មើនឹង 40% ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​អត្រា​ជាង 100% នៅក្នុង​វិស័យ​ទាំងមូល។ នេះ​បើតាម​អ្នកវិភាគ Michael Galen មកពី Bloomberg Intelligence។

    កាលពី​ខែកុម្ភៈ Travis បាន​លាលែង​ពី​តំណែង CEO ប៉ុន្តែ នៅតែ​គ្រប់គ្រង​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន។ ដំបូង​ឡើយ​ក្រុមហ៊ុន​ឯកជន TSG Consumer Partners បាន​បោះទុន​ទៅក្នុង​ក្រុមហ៊ុន Dutch Bros កាលពី​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន TSG Consumer Partners កាន់កាប់​មូល​ប​ត្រ​ចំនួន 65 លាន​ហ៊ុន​ ក្រោយពី​បានធ្វើ IPO ដំបូង និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​លំដាប់​ទី​ពីរ​បន្ទាប់ពី Travis៕

  • សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ចូលរួម​ជាមួយ​ក្លឹប សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Club)

    សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ចូលរួម​ជាមួយ​ក្លឹប សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Club)

    NGO Enterprise Asia បាន​ជ្រើស​យក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នៅ​កម្ពុជា​សម្រាប់​ពានរង្វាន់​នៃ​ការពង្រឹង​សិទ្ធិអំណាច​នៅក្នុង​សង្គម ដោយ​ក្នុង​កម្មវិធី​នោះ​ទទួលបាន​ការចុះឈ្មោះ​ជាង ៥០០នាក់។

    [ភ្នំពេញ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១] – ព្រី​នស៍ ហូល​ឌី​ង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជា​ក្រុមហ៊ុន​ធំជាងគេ និង​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​កម្ពុជា ត្រូវបានគេទទួលស្គាល់​ចំពោះ​ភាពជា​សហគ្រិន​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ២០២១  ហៅ​កាត់​ថា “ AREA”។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ទទួលបាន​ការកោតសរសើ​រ​ចំពោះ​កិច្ចការងារ​ដែលមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ-១៩ ក្នុងប្រទេស​កម្ពុជា។ នេះ​ជា​ពានរង្វាន់​ទី ៥ ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ទទួលបាន​នៅក្នុង​ឆ្នាំនេះ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ថ្នាក់ជាតិ និង​អន្តរជាតិ​បាន​គូសបញ្ជាក់ថា​ក្រុម​ហ៊ុ​នេះ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ទទួលបាន​ជោគជ័យ​ខ្លាំង​ដែលមាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំង​មូល។

    កម្មវិធី​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី ហៅ​កាត់​ថា “AREA” បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១១ បាន​នឹង​កំពុង​ស្វែងរក​គន្លឹះ​ដើម្បី​កំណត់​ឧទាហរណ៍​នៃ​ភាពជា​អ្នកដឹកនាំ​គិតគូរ​ដល់​បរិស្ថាន ការវិនិយោគ​លើ​ប្រជាជន ការលើកកម្ពស់​សុខុមាល​ភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ច​សាជីវកម្ម សារាចរ​នៃ​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​ធុរកិច្ច​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ។ កម្មវិធី​នេះ​បាន​ដំណើរការ​ដើម្បី​បង្កើត​សហគមន៍​មួយ​ដែលមាន​គោលបំណង​តែមួយ​ដូចគ្នា ដើម្បីឱ្យ​អ្នកជំនួញ​ខ្លាំងពូកែ​នានា​ក្នុង​តំបន់​អាស៊ី​បាន​រៀន​ពីគ្នា​ទៅវិញទៅមក ដោយ​ពេលនេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​ចូលរួម​ក្នុង​បញ្ជី​ឈ្មោះ​នៃ​កម្មវិធី​នោះ​ហើយ។ កម្មវិធី​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​សាជីវកម្ម​ឱ្យស្រប​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ។

    អ្នក​ដែល​ទទួលបាន​ពានរង្វាន់​ផ្សេងទៀត​ពី​កម្មវិធី​នេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និង​ក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ត្រូវបានគេទទួលស្គាល់​នៅក្នុង​ប្រភេទ​នៃ​ការពង្រឹង​សិទ្ធ​អំណាច​នៅក្នុង​សង្គម​សម្រាប់​ការឆ្លើយតប​ទៅលើ​ពហុ​វិស័យ ដែល​ត្រូវបាន​មើលឃើញ​ពី​ការអនុវត្ត​ដ៏​រហ័ស និង​សកម្មភាព​សម្របសម្រួល​ដែល​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​នៃ​អង្គភាព​ធុរកិច្ច​នានា នាយកដ្ឋាន​រាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏​ត្រូវបានគេទទួលស្គាល់​ចំពោះ​ការឆ្លើយតប​របស់​សាជីវកម្ម​ចំពោះ​វិបត្តិ​កូ​វីដ-១៩ របស់ខ្លួន​នៅក្នុង​កម្មវិធី​ពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រី​នស៍ គ្រុប បានឈ្នះ​ពានរង្វាន់​សហគ្រិន​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ឆ្នាំ២០២។

    ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី សម្រាប់និស្សិត​កម្រិត​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន ៤០០នាក់ ការចូលរួម​ជា​ជំនួយ​ថវិការ​ចំនួន ១លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ក្នុង​ការជួយ​ដល់​អ្នក​ដែល​រស់​នៅតាម​តំបន់​ជនបទ​នានា ការបរិច្ចាគ​ថវិកា​ចំនួន ៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត ដោយ​រួមបញ្ចូល​ទាំង​ការទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ-១៩ ចំនួន ១លាន​ដូ​ស និង​បានរៀបចំ​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ-១៩ ជាច្រើនលើក​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​បាន​ជាង ៣,៥០០នាក់។ ដោយ​ផ្តោតទៅលើ​ការស្តារ​ស្ថានភាព​ឡើងវិញ​ក្រោយពី​ជម្ងឺ​រាតត្បាត​ត្រូវបាន​បញ្ចប់​នៅក្នុង​ប្រទេស​កម្ពុជា សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ធ្វើការ​លើគ​ម្រោ​ង​ទីក្រុង​រាម​ដែលជា​គម្រោង​អភិវឌ្ឍន៍​លើ​ឆ្នេរសមុទ្រ​ដែលមាន​ទំហំ ដី ៨៣៤ហិកតា ដោយ​ផែនការមេ​បានមកពី​ក្រុមហ៊ុន​សិង្ហ​បុរី Surbana Jurong ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ប្រព័ន្ធ​អេកូ​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដែលមាន​សក្តានុពល​ក្នុងការ​ផ្តល់ជូន​នូវផ្ទះ​ស្នាក់នៅ​ដល់​ប្រជាជន​រហូតដល់ ១៣ម៉ឺន​នាក់។

    អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) ដែលជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​មានប្រសាសន៍ថា “ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានធ្វើការ​ទៅលើ​មូលនិធិ​ព្រី​នស៍ (Prince Foundation) ដោយបាន​បំពេញ​កិច្ចការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានាបាន​ថា​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សកម្មភាព​សប្បុរសធម៌​របស់​យើង​ដើរ​ទន្ទឹមគ្នា ដើម្បី​បង្កើត​នូវ​ភាព​ខុសប្លែកគ្នា​ទៅកាន់​បុគ្គលិក ប្រជាពលរដ្ឋ​នៅ​កម្ពុជា និង​បរិស្ថាន​ទាំងមូល។ ពួកយើង​នឹង​បន្ត​ខិតខំ​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​រៀនសូត្រ​ពី​ដៃគូ​របស់​យើង​នៅ​ទូទាំង​តំបន់ ព្រោះ​ពួកយើង​កំពុង​សម្លឹងមើល​ពី​ឱកាស​ក្នុង​ការស្តារ​ស្ថានភាព​ឡើងវិញ​ដើម្បី​ផ្តល់ជូន​នូវ​អនាគត​ដ៏​រុងរឿង​និង​ប្រកបដោយ​និរន្តរភាព” ។

    អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​វិនិយោគ​ជា​ថវិកា​អស់​ជាង ២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជាមួយ​គម្រោង​នៅក្នុង​ស្រុក ហើយ​ពហុ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​នា​រយៈពេល​វែង​របស់ខ្លួន​តាមរយៈ​វិធីសាស្ត្រផ្សេងៗជា​បន្តបន្ទាប់​សម្រាប់​ប្រទេស​កម្ពុជា។

    – ចប់ –

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ      វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង    ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​បុរី​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

    អំពី កម្មវិធី​ពានរង្វាន់ សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (AREA)

    កម្មវិធី​ពានរង្វាន់ សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (AREA) ចាត់ថ្នាក់​នឹង​ផ្តល់​ពានរង្វាន់​ជា​កិត្តិយស​ដល់​ធុរកិច្ច​នានា​នៅ​តំបន់​អាស៊ី​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​និង​សហគ្រិនភាព​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​តាមរយៈ​ផ្នែកផ្សេងៗដូចជា​ភាពជា​អ្នកដឹកនាំ​គិតគូរ​ដល់​បរិស្ថាន ការវិនិយោគ​លើ​ប្រជាជន ការលើកកម្ពស់​សុខុមាល​ភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ច​សាជីវកម្ម សារាចរ​នៃ​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​ធុរកិច្ច​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ https://enterpriseasia.org/area/

    សម្រាប់​ព័ត៌មាន​បន្ថែម​ពី​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ សូម​ទាក់ទង៖

    លោកស្រី Ada Leung                                            លោក Andrew Scott
    Hill+Knowlton Strategies Asia                 Hill+Knowlton Strategies Asia
    ទូរ​សព្ទ​លេខ៖ +៨៥២-២៨៩៤-៦២២៥                      ទូរ​សព្ទ​លេខ៖ +៨៥២-៥៩១៨-៩៨៩៦
    អ៊ី​ម៉ែ​ល៖ [email protected]       [email protected]

     

  • «ផ្ទះបាយ​ខ្មោច» (Ghost Kitchens) កំពុង​ពេញនិយម​នៅ​តំបន់​អាស៊ី

    «ផ្ទះបាយ​ខ្មោច» (Ghost Kitchens) កំពុង​ពេញនិយម​នៅ​តំបន់​អាស៊ី

    ក្នុង «ផ្ទះបាយ​ខ្មោច» មួយកន្លែង នៅ​តំបន់ឧស្សាហកម្ម​ជាយក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ក្រុម​ចុងភៅ​កំពុង​ញាប់ដៃ ញាប់ជើង ចម្អិន​អាហារ​ដែល​មិនត្រូវ​បាន​បម្រើ​អតិថិជន​នៅក្នុង​ភោជនីយដ្ឋាន​នោះទេ៖ ស្វាគមន៍​មកកាន់​ពិភពលោក «ផ្ទះបាយ​ខ្មោច»។

    មុន COVID-19 មកដល់ វិស័យ​ប្រគល់​អាហារ​ដល់ផ្ទះ​អតិថិជន បាន​រីកចម្រើន​ណាស់​ទៅហើយ ប៉ុន្តែ នៅពេល​បម្រាម​គោចរ​ត្រូវបាន​អនុវត្ត បន្ទាប់ពី COVID-19 បង្ហាញខ្លួន វិស័យនេះ​បន្ត​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​នៅ​ទ្វីបអាស៊ី។

    នៅពេល​កម្មវិធី​ទូរស័ព្ទ (App) បញ្ជា​ទិញ និង​ប្រគល់​អាហារ​បាន​ផ្ទុះឡើង ក៏​មានន័យថា អតិថិជន​បាន​ស៊ាំ​នឹង​ការហៅ​មុខ​អាហារ ឬ​ភេសជ្ជៈ​ពី​ចម្ងាយ និង​ទទួលបាន​យ៉ាង​ឆាប់រហ័ស។ ឆ្លើយតប​នឹង​តម្រូវការ​នេះ ភោជនីយដ្ឋាន​កាន់តែច្រើនឡើងៗ នាំគ្នា​បង្កើត​សេវាកម្ម​លក់​អាហារ​ដោយ​មិន​បម្រើ​នៅនឹងកន្លែង ឬ​ហៅថា «ផ្ទះបាយ​ពពក» (cloud kitchens) ឬ «ផ្ទះបាយ​ខ្មោច» (ghost kitchens)។ ក្រោយមក មហា​រោគរាតត្បាត បានមក​ដល់ ធ្វើឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​មិនអាច​ទៅកាន់​ភោជនីយដ្ឋាន​ដើម្បី​បរិភោគ។

    «COVID-19 ពិតជា​បាន​ជំ​រុញឱ្យ​វិស័យនេះ​រីកចម្រើន​ខ្លាំងក្លា ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​យើងខ្ញុំ» Jason Chen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JustKitchen និយាយ​ដូច្នេះ។

    JustKitchen ចាប់ផ្ដើម​ដំណើរការ «ផ្ទះបាយ​ខ្មោច» ដំបូង​នៅ តៃវ៉ាន់ ចាប់ពី​ដើមឆ្នាំ 2020។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន 17 នៅ កោះ​តៃវ៉ាន់, 1 កន្លែង​នៅ ហុងកុង និង​កំពុងមាន​គម្រោង​ពង្រីក​ទៅកាន់​ប្រទេស​ហ្វីលីពីន និង សិង្ហ​បុរី នៅ​ចុង​ឆ្នាំនេះ។

    បណ្ដា​ក្រុមហ៊ុនធំៗក្នុង​វិស័យ​ដឹកជញ្ជូន​អាហារ​ក្នុង​តំបន់ ក៏បាន​ក្ដោប​ក្ដាប់​និន្នាការ​នេះ​បាន និង​បាន​ពង្រីក​ផ្ទះបាយ​ពពក​នៅ​ពាសពេញ​តំបន់ អាស៊ីអាគ្នេយ៍ ចាប់តាំងពី COVID-19 រាតត្បាត​ខ្លាំង។

    បុគ្គលិក​របស់​ក្រុម​ហ៊ុន​ JustKitchen កំពុង​ញាប់​ដៃញាប់​ជើង

    យោងតាម Researchchandmarkets.com វិស័យ «ផ្ទះបាយ​ខ្មោច» នៅ​ទូទាំង​សកលលោក ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន 12% ជា​រៀងរាល់ឆ្នាំ ហើយ​មានតម្លៃ​សរុប​ប្រមាណ 139.37 ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ 2028។ អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​ដែលមាន​ប្រជាជន 4.3 ពាន់​លាន​នាក់ កាន់កាប់​ចំណែក​ទីផ្សារ​ពិភពលោក​ក្នុង​វិស័យនេះ ប្រហែល 60%។

    ក្រុមហ៊ុន​ស្រាវជ្រាវ Euromonitor បាន​គណនា​ឃើញថា ផ្ទះបាយ​ពពក ចំនួន 7,500 កន្លែង កំពុងដំណើរការ​នៅ​ប្រទេស​ចិន, 3,500 កន្លែង នៅ ឥណ្ឌា, 1,500 នៅ សហរដ្ឋអាមេរិក និង 750 នៅ​ប្រទេស​អង់គ្លេស។

    Natalie Phanphensophon ត្រូវ​ប្ដូរ​ទិសដៅ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន​អាយុកាល 45 ឆ្នាំ​របស់ខ្លួន ទៅជា​សេវា​អាហារ​វេច​ទៅផ្ទះ ដោយសារតែ COVID-19។ គ្រួសារ​របស់​នាង គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន Mango Tree & Coca នៅ​ប្រទេស​ថៃ។

    ដើមឆ្នាំ​នេះ ពួកគេ​បាន​បើក​ភោជនីយដ្ឋាន​ពពក​ដំបូង នៅ​ជាយក្រុង​បាងកក និង​កំពុង​ត្រៀម​បើក​បន្ថែម 2 កន្លែង​ផ្សេងទៀត។ «គោលដៅ​របស់​យើង​គឺ​ធានា​ឱ្យ​បុគ្គលិក​គ្រប់រូប​ក្នុង​បណ្ដាញ អាច​ឆ្លង​ផុត​ការលំបាក​រួមគ្នា» ស្ត្រី​វ័យ 35 ឆ្នាំ​ខាងលើ និយាយ​ដូច្នេះ។

    ប្រាក់ចំណេញ​ដែល​ផ្ទះបាយ ឬ​ភោជនីយដ្ឋាន​ពពក​នាំមក​គឺ​តិចជាង បើ​ធៀប​នឹង​ភោជនីយដ្ឋាន​បែប​បុរាណ ព្រោះ​តែមាន​អតិថិជន​តិចតួច​ដែល​បញ្ជា​ទិញ​អាហារ​ច្រើន​មុខ​ក្នុងពេល​តែមួយ។ ប៉ុន្តែ ជំនួស​មកវិញ ប្រាក់​ចំណាយ​សម្រាប់​ដំណើរការ​ហាង​គឺ​ទាប​ជាង​ច្រើន។

    iBerry Group ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន និង​ហាង​កា​រ៉ែ​ម ដែល​នៅក្នុង​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ក៏បាន​បើក​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ដល់ផ្ទះ​មួយកន្លែង​ផងដែរ។

    អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានប្រជាជន 4.3 ពាន់លាននាក់ កាន់កាប់ចំណែកទីផ្សារពិភពលោកក្នុងវិស័យនេះ ប្រហែល 60%។

    «ផ្ទះបាយ​ពពក ជា​មូលដ្ឋាន គ្រាន់តែ​ជា​ម៉ាស​អុកស៊ីសែន សម្រាប់​ពួកយើង​នៅក្នុង​សម័យ COVID-19» Thitanun Taveebhol នាយក​ផ្នែក​ម៉ាក យីហោ (Brand Manager) របស់ iBerry Group បញ្ជាក់​ដូច្នេះ។

    នៅពេល​បណ្ដា​ក្រុមហ៊ុន និង​បណ្ដាញ​ភោជនីយដ្ឋាន ងាក​ទៅរក​អាជីវកម្ម​ប្រគល់​ទំនិញ​ដល់ផ្ទះ បណ្ដា​ផ្ទះបាយ​ពពក​លក្ខណៈ​គ្រួសារ ក៏​ចាប់ផ្ដើម​ពេញនិយម។

    បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Air India លោក Nirjash Roy Chowdhury ក៏បាន​យកប្រាក់​សន្សំ​បាន​ទៅ​បើក​ភោជនីយដ្ឋាន​ពពក​មួយ នៅ​ទីក្រុង ម៉ុម​បៃ។ អ្នកជំនួញ​រូបនេះ​បាន​ជួល​បុគ្គលិក 6 នាក់ ដែល​ធ្លាប់​បានធ្វើការ​នៅ​សណ្ឋាគារ។

    Chowdhury ឱ្យដឹងថា លោក​ចំណាយពេល 6 ខែ ទើប​រកបាន​ប្រាក់​ដើម​មកវិញ ប៉ុន្តែ លោក​ជឿជាក់ថា វិស័យនេះ​នៅតែ​បន្ត​មាន​សក្ដានុពល​យូរអង្វែង។

    ក្រុម​អ្នកជំនាញ​យល់ថា នេះ​គឺជា​ទិសដៅ​ដែល​ប្រកបដោយ​សុវត្ថិភាព។ Nailul Huda អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ឱ្យដឹងថា កត្តា​ថ្លៃ​ដំណើរការ​ទាប​ជាង និង​ទម្លាប់​ហៅ​អាហារ​ដែល​ដឹកជញ្ជូន​ដល់ផ្ទះ​របស់​ក្រុម​យុវវ័យ​សម័យថ្មី នឹង​ធានា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​វិស័យ​ផ្ទះបាយ​ពពក៕

  • ព្រោះតែ​សម្លាប់​ត្រី​ចិញ្ចឹម​របស់​អតីត​ភរិយា​ដើម្បី​សងសឹក សេដ្ឋី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ

    ព្រោះតែ​សម្លាប់​ត្រី​ចិញ្ចឹម​របស់​អតីត​ភរិយា​ដើម្បី​សងសឹក សេដ្ឋី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ

    អង់គ្លេស៖ សេដ្ឋី​ឈ្មោះ Haines ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល 16 ខែ ព្រោះតែ​បាន​លួច​ចូល​ផ្ទះ​របស់​អតីត​ភរិយា នៅឯ​ស្រុក Caerphilly និង​បានសម្លាប់​ត្រី​ចិញ្ចឹម​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ របស់​អ្នកស្រី ដើម្បី​ជាការ​សងសឹក។

    តុលាការ Newpor Crown កាលពី​ថ្ងៃទី 14 កញ្ញា បាន​កាត់ទោស​ម្ចាស់​ក្រុមហ៊ុន​កែច្នៃ Anthony Haines វ័យ 51 ឆ្នាំ ពីបទ​លួច​ចូល​ផ្ទះ​អតីត​ភរិយា​ឈ្មោះ Jane អាយុ 52 ឆ្នាំ មាន​ទីលំនៅ​ក្នុង​តំបន់ Caerphilly នៃ​ដែនដី Wales របស់ អង់គ្លេស កាលពី​ខែមិថុនា។ Haines បាន​ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​របស់ Jane ធ្វើឱ្យ​ត្រី​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ​អាមេរិក ត្រូវ​ងាប់។

    Anthony Haines វ័យ 51 ឆ្នាំ

    Haines ថែមទាំង​បាន​បំផ្លាញ​រូបថត​របស់ Jane ដែល​ថត​ជាមួយ​មិត្ត​ប្រុស​របស់​អ្នកស្រី ព្រមទាំង​បាន​ឆែកឆេរ​បន្ទប់​គេង និង​យក​កាំបិត​កាប់​ចិញ្ច្រាំ​ក្ដារ​ជ្រញ់ និង​ទូ​ក្នុង​ផ្ទះបាយ​ទៀតផង។ បន្ទាប់ពី​បាន​សារភាព​ទោស សេដ្ឋី​រូបនេះ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល 16 ខែ។

    «Jane បាន​សង្ស័យ​លើ​អតីត​ស្វាមី​តាំងពី​ដំបូង។ អ្នកស្រី​និយាយថា គាត់​ប្រចណ្ឌ ព្រោះតែ​អ្នកស្រី​បានចាប់ផ្ដើម​ជីវិត​ថ្មី» ចៅក្រម Jones និយាយ​ដូច្នេះ និង​បន្ថែមថា ចាប់តាំងពី​គូ​ស្វាមី និង​ភរិយា​នេះ​បានរស់នៅ​បែក​ពីគ្នា និង​ជិត​ឈានដល់​ការលែង​លះ​ស្ថាពរ Haines បានធ្វើឱ្យ​ជីវភាព​របស់​អតីត​ភរិយា «ដូច​ទៅនឹង​នរក​អវីចី»។

    កាលពី​ឆ្នាំ 2019 លោក Haines ក៏​ធ្លាប់បាន​ជាប់ពន្ធ​គារ​ម្ដង​រួចហើយ ព្រោះតែ​បាន​គំរាមកំហែង​ដល់ Jane និង​មិត្ត​ប្រុស​របស់​អ្នកស្រី ដោយ​កាំបិត​កាប់សាច់​ជ្រូក។

    ក្នុង​ហេតុការណ៍​កាលពី​ខែមិថុនា ដោយសារតែ​ស្រវឹងស្រា ទើប Haines មាន​សកម្មភាព​ដូច្នេះ នេះ​បើតាម​មេធាវី Marian Lewis។ ចំណែក​កូនស្រី​របស់ Haines ក៏បាន​ឱ្យដឹងថា គាត់​គឺជា​ឪពុក ជា​លោកតា​ដ៏​ល្អ​របស់​កូនចៅ។ សេដ្ឋី Haines បាន​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន និង​បាន​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ៕

  • iPhone 13 ទើបតែ​បង្ហាញខ្លួន​សោះ Samsung ​ចំអកចំអន​ឱ្យ Apple ភ្លាមៗតែម្ដង

    iPhone 13 ទើបតែ​បង្ហាញខ្លួន​សោះ Samsung ​ចំអកចំអន​ឱ្យ Apple ភ្លាមៗតែម្ដង

    ក្នុងអំឡុង​ពេលនេះ Samsung ទំនងជា «មាន​ក្ដី​សុខ» នៅពេល​បាន «ចំអក» ឱ្យ Apple ក្រោយ iPhone 13 ត្រូវបាន​បង្ហាញខ្លួន។

    ថ្មីៗនេះ Appe បាន​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​មួយគូ​គឺ iPhone 13 Pro និង iPhone 13 Pro Max ដែលមាន​មុខងារ​ជាច្រើន​ត្រូវបាន​បន្ទាន់​សម័យ ក្នុងនោះ អេក្រង់ ProMotion 120Hz ត្រូវបាន​បំពាក់​ជា​លើកដំបូង​នៅលើ iPhone។ មុខងារ​នេះ​ប្រហែលជា​ថ្មីថ្មោង​សម្រាប់​អ្នកប្រើប្រាស់ iPhone ប៉ុន្តែ​តាមពិត អេក្រង់​លំដាប់​នេះ​ត្រូវបាន​បំពាក់​នៅលើ​ទូរស័ព្ទ Android លំដាប់​ខ្ពស់​តាំងពី​យូរ​មកហើយ ចំណែក​បច្ចុប្បន្ន វា​ក៏មាន​នៅលើ​ទូរស័ព្ទ​តម្លៃ​មធ្យម​ផងដែរ។

    ដូច​សព្វមួយដង បន្ទាប់ពី Apple បញ្ចេញ iPhone ថ្មី ដោយមាន​ចំនុច​បង្ក​ចំណាប់អារម្មណ៍​គឺ​អេក្រង់ ProMotion 120Hz ក្រុមហ៊ុន Samsung ក៏បាន «លែបខាយ» ដាក់ Apple ដោយ​ការ​បង្ហោះ​សារ​នៅលើ Twitter។

    សារ​ខាងលើ​ត្រូវបាន​បង្ហោះ​ដោយ​គណនី​ផ្លូវការ​មួយ​ដែលមាន​សញ្ញា «គូស​ធី​ក (tick) ពណ៌​ខៀវ» របស់ Samsung នៅ សហរដ្ឋអាមេរិក។ នេះ​មិនមែនជា​លើកដំបូង​ដែល Samsung ចំអក​ឱ្យ​គូប្រជែង​នោះទេ។ ឱ្យតែ​មានការ​បញ្ចេញ​ផលិតផល​ថ្មី Samsung តែងតែ​មានការ​បង្ហោះ​សារ​រិះគន់ លែបខាយ​ដល់​ផលិតផល​របស់​គូប្រជែង​នេះ ទន្ទឹមនឹងនេះ Samsung ក៏​មិន​ភ្លេច​ឃោសនា​ផលិតផល​របស់ខ្លួន​ផងដែរ។

    «យើងមានអេក្រង់ 120Hz មួយរយៈពេលយូរហើយ…»

    ជា​មូលដ្ឋាន iPhone 13 ឆ្នាំនេះ ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់ LTPO ដែលមាន​សមត្ថភាព​ដំណើរការ​ស្វ័យប្រវត្ត​ក្នុងការ​កែតម្រូវ​ល្បឿន​ប្រតិបត្តិការ​របស់​អេក្រង់ ដោយ​យោងទៅលើ​កិច្ចការ និង​ខ្លឹមសារ​ដែល​បង្ហាញ​នៅលើ​អេក្រង់ ដើម្បី​សន្សំសំច័យ​ថ្ម។ បច្ចេកវិទ្យា​នេះ ធ្លាប់​ត្រូវបាន Samsung បំពាក់​លើ Galaxy S21 Ultra ដែល​បាន​បង្ហាញខ្លួន​ក្នុង​ទី​ផ្សាយ​កាលពីដើម​ឆ្នាំនេះ។ ចំណែក​ទូរស័ព្ទ​ដំបូង​របស់ Samsung ដែល​បាន​បំពាក់​អេក្រង់​ល្បឿន 120Hz គឺ Galaxy S20 ដែល​បាន​បង្ហាញខ្លួន​កាលពីដើមឆ្នាំ 2020។

    iPhone 13 Pro និង 13 Pro Max បច្ចុប្បន្ន មានតម្លៃ​ចាប់ពី 999 ដុល្លារ និង 1,099 ដុល្លារ​អាមេរិក សម្រាប់​កំណែ​ដែលមាន​អង្គ​ចងចាំ 128GB៕

  • មហាសមុទ្រទាំងអស់របស់ផែនដី ត្រូវកក តើបញ្ហាអ្វីខ្លះនឹងកើតឡើង? (វីដេអូ)

    មហាសមុទ្រទាំងអស់របស់ផែនដី ត្រូវកក តើបញ្ហាអ្វីខ្លះនឹងកើតឡើង? (វីដេអូ)

    ទឹកសមុទ្រ​កក នឹង​បណ្ដាលឱ្យមាន​គ្រោះមហន្តរាយ​ដល់​ជីវិត​ទាំងអស់​ដែលមាន​នៅលើ​ពិភព​ផែនដី ដោយសារតែ​បាត់បង់​ប្រភព​ផ្គត់ផ្គង់​អុកស៊ីសែន និង​ដំណើរ​នៃ​វដ្ដ​របស់​ទឹក។

    ផែនដី បាន​ឆ្លងកាត់​យុគសម័យ​ទឹកកកធំៗយ៉ាងតិច 5 លើក​រួចមកហើយ។ លើកចុងក្រោយ​បានកើត​ឡើង​កាលពី​ប្រមាណ 20,000 ឆ្នាំមុន និង​ធ្វើឱ្យ​ផែនដី​ត្រជាក់​ជាង​បច្ចុប្បន្ន ប្រហែល 5 អង្សា​សេ។ ប៉ុន្តែ កាលណោះ អ្នក​ក៏​មិនអាច​មើលឃើញ​ផ្ទៃ​ទឹក​មហាសមុទ្រ​ត្រូវ​កក​ទាំងស្រុង​នោះដែរ។

    មាន​កត្តាសំខាន់ៗមួយចំនួន​ដែល​រក្សា​ទឹក​ក្នុង​មហាសមុទ្រ​របស់​យើង ឱ្យ​ស្ថិតនៅក្នុង​សភាព​រាវ ក្រៅពី​តំបន់​ដែល​ត្រជាក់​បំផុត​នៃ​ប៉ូល​ខាងជើង និង​ខាងត្បូង។ បើសិនជា​បាត់បង់​កត្តា​ទាំងនេះភ្លាមៗ ទឹកនឹង​ត្រូវ​កក។

    កត្តា​ដំបូង​គឺ​កំហាប់​ខ្ពស់​នៃ​ជាតិ​អំបិល ដោយ​វា​ជួយ​កំណត់​កម្រិត​នៃ​ភាព​ត្រជាក់​ដែលនាំឱ្យ​ទឹក​ប្រែជា​កក ពី 0 អង្សា​សេ មក​នៅត្រឹម -2 អង្សា​សេ។

    មូលហេតុ​មួយ​ផ្សេងទៀត នោះ​គឺ​ផែនដី​មានទឹក​យ៉ាងច្រើន។ ប្រមាណ 71% នៃ​ផ្ទៃផែនដី ត្រូវបាន​គ្របដណ្ដប់​ដោយ​ទឹក ក្នុងនោះ​មាន​ប្រហែល 96.5% គឺជា​ទឹកប្រៃ។ ចំពោះ​បរិមាណ​ទឹក​នេះ គេ​ត្រូវ​ការបំបាត់​កំដៅ​យ៉ាងច្រើន ដើម្បី​អាចឈាន​ដល់​សភាព​កក។ សូម​កុំភ្លេចថា ទឹក​ក្នុង​មហាសមុទ្រ​ទាំងអស់​សុទ្ធ​តែមាន​ចលនា។ លំហូរ​ទឹកសមុទ្រ​បែងចែក​ទឹក​ក្កៅ​ទៅកាន់​តំបន់​ទឹក​ត្រជាក់។

    កត្តា​ចុងក្រោយ នោះ​គឺ​សម្បក​ផែនដី​ដែល​ស្ដើង​បំផុត ស្ថិតនៅ​ខាងក្រោម​មហាសមុទ្រ ដូច្នេះហើយ​ទើប​កម្ដៅ​អាច​ភាយ​ចេញពី​ខាងក្រោម​សម្បក​ផែនដី​ចូលមកក្នុង​ទឹកសមុទ្រ។

    បើសិនជា​កត្តា​ទាំងឡាយ​ខាងលើ​ត្រូវ​បាត់បង់ អ្នកនឹង​ត្រូវការ​វ៉ែនតា​ពណ៌​ខ្មៅ ព្រោះថា​ពេលនោះ ផែនដី​របស់​យើង​នឹង​ក្លាយជា​ពិភព​ដ៏​មហា​សែន​ត្រជាក់ ដែល​ពន្លឺព្រះអាទិត្យ​ត្រូវ​ចាំង​ប្លាត​យ៉ាងខ្លាំង​ក្លា ដោយសារតែ​ទឹកកក និង​ព្រឹល​មាន​ពណ៌​ស រលោង អាចបង្កើត​កម្រិត​ខ្ពស់។ បាតុភូត​នេះ​បកស្រាយ​អំពី​មូលហេតុ​ដែលនាំឱ្យ​កំពូល​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល បាន​ជួយ​រក្សា​អាកាសធាតុ​ផែនដី​ឱ្យមាន​ស្ថិរភាព​ក្នុង​រយៈពេល​រាប់ពាន់​ឆ្នាំ។

    https://www.youtube.com/watch?v=dasw-xE9WCU

    បើសិន​មហាសមុទ្រ​ទាំងអស់​ត្រូវ​កក វា​នឹង​ចាំង​ប្លាត​ពន្លឺព្រះអាទិត្យ​យ៉ាងច្រើន​ចេញទៅ​ក្រៅ​បរិយាកាស ហើយ​ប្រការនេះ​នឹងធ្វើ​ឱ្យ​វដ្ដ​របស់​ទឹក​នៅលើ​ផែនដី ត្រូវ​រអាក់រអួល។

    កម្ដៅ​ពី​ព្រះអាទិត្យ​នឹងមិន​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ទឹក​ត្រូវ​ហួត​ទៅលើ​មេឃ។ ប្រការនេះ​មានន័យថា មិនមាន​ភ្លៀង​ធ្លាក់​ទៀត​នោះទេ។ បើ​ពុំមាន​ពពក ភ្លៀង​ក៏ត្រូវ​បាត់​ខ្លួន។ ទឹក និង​ព្រឹល​មាន​សារសំខាន់​សម្រាប់​ជីវិត​នៅលើ​ផែនដី ប៉ុន្តែ​បើសិន​ពួកវា​បាត់​ខ្លួន ផែនដី​នឹង​ក្លាយទៅជា​ស្ងួត​ហួតហែង​ដូច​ទៅនឹង​ប៉ូល​ខាងត្បូង ឬ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ខ្សាច់ សាហា​រ៉ា (Sahara)។

    មហាសមុទ្រ​ទាំងអស់​ដែល​កក​ជា​ទឹកកក អាចធ្វើឱ្យ​ជីវិត​របស់​សត្វ​ច្រើន​ប្រភេទ​ត្រូវផុត​ពូជ ព្រោះថា មហាសមុទ្រ​នានា​មាន​ផ្ទុក​ជីវិត​របស់​ផែនដី ប្រមាណ 80% ហើយ​ត្រី​ទាំងឡាយ​ដែល​បាន​ងាប់​ក្រោម​ផ្ទៃ​ទឹកកក​នេះ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​មនុស្ស។

    ទឹកកក​នឹង​កាត់ផ្ដាច់​ផ្លូវទឹក​នៅលើ​សមុទ្រ ដែល​នេះ​មានន័យថា នឹង​ធ្វើឱ្យ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​សកល​ត្រូវ​បាត់បង់ 80%។ មនុស្ស​ជិត 56 លាន​នាក់​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​នេសាទ​ត្រី និង​ដាំ ឬ​ចិញ្ចឹមសត្វ​ក្នុង​ទឹកនឹង​ត្រូវអស់​ការងារ​ធ្វើ។ អាហារ​សមុទ្រ​នឹង​លែង​ជា​អាហារ​សំខាន់​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ទៀតហើយ ក្នុងនោះ​ក៏​នឹង​លែងមាន​មុខម្ហូប ស៊ូ​ស៊ី ឬ​បង្កង​អាំង​នៅលើ​ចង្ក្រាន​ទៀត​ដែរ។

    ប៉ុន្តែ បញ្ហា​ខាងលើនេះ​នៅតែ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន បើ​ធៀប​នឹង​ការដែល​អ្នក​ត្រូវ​ពិបាក​ដកដង្ហើម​ជាង​មុន។ មហា​ស​មុ​ត្រ​រួមចំណែក​ផ្ដល់​អុកស៊ីសែន​ពី 50-85% នៃ​បរិយាកាស​របស់​ផែនដី ដែល​នេះ​គឺ​សារ​តែ​សត្វ​ប្រភេទ​ប្លង់តុង (Zooplankton) សារាយ និង​បាក់តេរី បង្កើតឡើង​ក្នុងពេល​ធ្វើ​រស្មី​សំយោគ។ បើសិនជា​មហា​មុ​ទ្រ​ត្រូវ​កក ពួកវា​អាច​ងាប់​ទាំងអស់ លើកលែងតែ​អ្នក​ដាំ​ដើមឈើ​រាប់ពាន់​លាន​ដើម​ក្នុង​រយៈពេល​តែមួយ​យប់។

    សត្វ​ច្រើន​ប្រភេទ​នៅលើ​គោក រួមទាំង​មនុស្ស ក៏​នឹង​ស្លាប់​ដោយសារ​គ្មាន​អុកស៊ីសែន។ បើសិន​អ្នកជា​មនុស្ស​ម្នាក់​ដែលមាន​សំណាង​នៅរស់ នោះ​ចំណេរ​ចុងក្រោយ កំហាប់​អុកស៊ីសែន​អាច​ត្រលប់មក​ជាធម្មតា​វិញ។ ប៉ុន្តែ តើ​ជីវិត​នឹងត្រូវ​បន្ត​រស់​តាមរបៀប​ណា​នៅលើ​ផែនដី​ដែល​កក​មួយ​នេះ?

    ការ​ចែវ​ទូក kayak ទៅ​មើល​សត្វ​ផ្សោត​នៅ​មហាសមុទ្រ នាំមក​នូវ​ការសប្បាយរីករាយ​ដល់​យើងទាំងអស់គ្នា។ ប៉ុន្តែ នៅពេល​មហាសមុទ្រ​ត្រូវ​កក អ្នកនឹង​លែង​បានទទួល​បទពិសោធន៍​ទាំងនោះ​ទៀតហើយ៕

  • ឈុត​ហោះហើរដែល​ «មិន​ប្រើ​កម្លាំង​ដៃ» ដំបូងបង្អស់​ក្នុង​ពិភពលោក

    ឈុត​ហោះហើរដែល​ «មិន​ប្រើ​កម្លាំង​ដៃ» ដំបូងបង្អស់​ក្នុង​ពិភពលោក

    អង់គ្លេស៖ ឈុត​ហោះហើរ Maverick Jetpack មាន​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ជួយ​ឱ្យ​អ្នកប្រើប្រាស់​មិនត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ស្មុគស្មាញ និង​តម្លៃ​ថ្លៃ។

    Maverick Aviation ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី មាន​ទីស្នាក់ការ​កណ្ដាល​នៅ Southampton ប្រទេស​អង់គ្លេស បាន​អភិវឌ្ឍ​ឈុត​ហោះហើរ​ថ្មី​ដែលមាន​ឈ្មោះថា Maverick Jetpack ដែល​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ 2022។ ក្រុមហ៊ុន​នេះ​អះអាងថា នេះ​គឺជា​ឈុត​ហោះហើរ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​មិនបាច់​ប្រើ​ដៃ។ នេះ​បើតាម​សារព័ត៌មាន Mail ចេញផ្សាយ​កាលពី​ថ្ងៃទី 14 កញ្ញា។

    ខុសពី​ឈុត​ហោះហើរ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​តម្រូវឱ្យ​អ្នកប្រើប្រាស់​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ ឈុត Maverick Jetpack មាន​ប្រព័ន្ធ​បញ្ជាការ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​អ្នក​អភិវឌ្ឍ​ជឿថា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ឧបករណ៍​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ទី​ដែល​ពិបាក​ទៅដល់ ដូចជា ស្លាបចក្រ​នៅ​ទី​ខ្ពស់ ឬ​ការដ្ឋាន​សំណង់។ល។

    Maverick Jetpack គឺជា​ផលិតផល​ប្រកបដោយ​បញ្ញា​របស់ Matt Denton អ្នកជំនាញ​ផ្នែក​វិស្វកម្ម​មេកា​និក នៅ ហូលីវូដ និង Antony Quinn មកពី​កងទ័ពជើងទឹក​អង់គ្លេស។

    Quinn និយាយ​អំពី​មូល​ហេតុដែល​នាំឱ្យមាន Maverick Jetpack ៖ «ក្រុម​វិស្វករ ត្រូវ​ដើរ​ឡើង​តាម​ជណ្ដើរ​ខាងក្នុង​សំណង់​នានា​រាប់​ម៉ោង​ក្នុងមួយៗ ហើយ​ក្នុងស្ថានភាព​បន្ទាន់ ការដើរ​ចុះ​លឿន ហាក់​មិនអាច​ធ្វើទៅបាន។ ដ្រូ​ន អាចមាន​ប្រយោជន៍​ដល់​ការត្រួតពិនិត្យ ប៉ុន្តែ ក្នុងករណី​ជាច្រើន គេ​នៅតែ​ត្រូវការ​វិស្វករ​ម្នា​ក់នៅ​ទីនោះ»។

    ក្រោយ​ដំណើរ​ទស្សនកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់ Quinn បានឃើញ​សក្ដានុពល​នៃ​ការប្រើប្រាស់​ឈុត​ហោះហើរ​នេះ។ «មុននេះ គ្រប់គ្នា​នឹង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​តម្លៃ 30 លាន​ផោន (ជាង 41,400,000 ដុល្លារ) ដើម្បី​បំពេញការងារ​សាមញ្ញ​មួយចំនួន ដូច្នេះ យើង​អាច​បង្ហាញ​ដំណោះស្រាយ​សមស្រប ដោយ​ចំណាយ​ប្រាក់​តិចតួច​ប៉ុណ្ណោះ» Quinn បន្ថែម​ដូច្នេះ។

    ក្នុងវីដេអូ​ខាង​លើ​គឺជា​ឈុត​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​ Gravity Industries

    Maverick Jetpack ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុស្រាលៗ រួមមាន អាលុយមីញ៉ូម, ទី​តានី​ញ៉ូ​ម និង​សរសៃ​កាបូន ហើយ​អាច​ហោះហើរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង អាស្រ័យ​លើ​ប្រភេទ​ការងារ។ ឈុត​នេះ​ក៏​បំពាក់​ប្រព័ន្ធ​ហោះ​ឡើង និង​ចុះចត​ត្រង់ ដំណើរការ​ដោយ​ម៉ាស៊ីន​យន្តហោះ​ដែលមាន​ទំហំ​ប៉ុន​គ្រាប់​បាល់​ក្នុង​កីឡា​បាល់ឱប។

    Quinn ក៏បាន​ឱ្យដឹងថា ការហោះហើរ​ដោយ​ប្រើ​ឈុត Maverick Jetpack គឺ​ពិតជា​សាមញ្ញ​ណាស់ ដូច្នេះ ថ្លៃ​បណ្ដុះបណ្ដាល​ក៏​នឹង​ទាប ក្រុម​អ្នកជំនាញ​អាច​ធ្វើការ​នៅក្នុង​បរិស្ថាន​ពិបាក​ទៅដល់ ប្រកបដោយ​សុវត្ថិភាព និង​រហ័ស​ទាន់​ចិត្ត។ ការហោះហើរ​សាកល្បង​ដែលមាន​មនុស្ស​បើកបរ​ដំបូង​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​រដូវក្ដៅ​ឆ្នាំក្រោយ៕