Category: សង្គម និងសេដ្ឋកិច្ច

  • កំពូល​ស្ត្រី​ឆបោក! បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ធ្វើឱ្យ​ក្រុមហ៊ុន​នានា ខាត​រាប់សិប​លាន​ដុល្លារ

    កំពូល​ស្ត្រី​ឆបោក! បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ធ្វើឱ្យ​ក្រុមហ៊ុន​នានា ខាត​រាប់សិប​លាន​ដុល្លារ

    (សហរដ្ឋ​អាម៉េរិក)-Talens អាយុ 41 ឆ្នាំ រស់នៅក្នុង​រដ្ឋ Virginia បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ផលិតផល (voucher) ក្លែងក្លាយ ដើម្បី​លក់​យកប្រាក់ ធ្វើឱ្យ​ក្រុមហ៊ុន​នានា​នៅ សហរដ្ឋ​អាម៉េរិក ខាតបង់​ជិត 32 លាន​ដុល្លារ។

    ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) របស់​សហរដ្ឋ​អាម៉េរិក កាលពី​ចុង​សប្ដាហ៍​មុន បានប្រកាសថា បាន​រកឃើញ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ដែលមាន​តម្លៃ​ជាង 1 លាន​ដុល្លារ នៅពេល​ឆែកឆេរ​ផ្ទះ​របស់​នាង Lori Ann Talens និង​ប្ដី​ឈ្មោះ Pacifico Talens នៅឯ ទីក្រុង Virginia Beach រដ្ឋ Virginia។

    អធិការ​ប្រៃសណីយ៍ Jason Thomasson ឱ្យដឹងថា៖ «ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ទាំងនេះ​ត្រូវបាន​ញាត់​ជាបាច់ៗចូលក្នុង​ហោប៉ៅ ដាក់​គរ​ក្នុង​រថយន្ត​របស់​ពួកគេ»។ សមត្ថកិច្ច​ក៏បាន​រកឃើញថា ក្នុង​កុំព្យូទ័រ​របស់ Talens ក៏មាន​គំរូ​ដែល​អាចជួយ​ឱ្យ​ស្ត្រី​រូបនេះ បោះ​ពុ​ម្ភ​ប័ណ្ណ បញ្ចុះតម្លៃ​ក្លែងក្លាយ​របស់​ផលិតផល​ជាង 13,000 ប្រភេទ ដោយ​ខ្លួន​នាង​ផ្ទាល់។

    «នាង​រៀន​បច្ចេកទេសផ្សេងៗគ្នា​ដោយ​ខ្លួនឯង ដើម្បី​ធ្វើឱ្យ​កូដ​នៅលើ ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​ដំណើរការ» សមត្ថកិច្ច​ម្នាក់​ឈ្មោះ Shannon Brill ប្រាប់​សារព័ត៌មាន​ដូច្នេះ។

    នាង Talens ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្កើត​កូដ​លើ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ជិត​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​លក់រាយ​របស់​ផលិតផល​ជាក់ស្ដែង​មួយ​មុខ​ទៀតផង។ Thomasson ឱ្យដឹងថា៖ «នាង​បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ ដែលមាន​តម្លៃ 24.99 ដុល្លារ សម្រាប់​ខោ​ទឹកនោម​មួយកញ្ចប់​តម្លៃ 25 ដុល្លារ ហើយ​អាចយ​កវា​ចេញ​ទៅដោយ​ស្ទើរតែ​មិនត្រូវ​ចំណាយ​ប្រាក់»។

    បុគ្គលិក​ផ្នែក​គិតលុយ​របស់​ហាង​នានា មិន​យកចិត្តទុកដាក់​ចំពោះ​ប័ណ្ណ​បញ្ចុះតម្លៃ​នោះទេ ឱ្យតែ​ម៉ាស៊ីន​ស្កេ​ន​ស្គាល់​កូដ​លើ​ប័ណ្ណ​នោះ។ ប័ណ្ណ​បញ្ចុះតម្លៃ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញថា​ក្លែងក្លាយ​នៅពេល​វា​ត្រូវបាន​ប្រមូល​បញ្ជូន​ទៅកាន់​ក្រុមហ៊ុន ប៉ុន្តែ វា​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ ហើយ​ស្ទើរតែ​មិនអាច​រកឃើញ​ប្រភព។

    Talens មិនបាន​ប្រើប្រាស់​ប័ណ្ណ​បញ្ចុះតម្លៃ​នេះ​ទាំងស្រុង​នោះទេ តែ​នាង​លក់​វា​នៅលើ​បណ្ដាញ​សង្គម ហើយ​ទាក់ទង​អ្នកទិញ​តាមរយៈ​កម្មវិធី​ផ្ញើ​សារ​ដែល​បាន​បំប្លែង​ជា​កូដ។ ប័ណ្ណ​ក្លែងក្លាយ ក្រោយមក​នឹងត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍​ទៅឱ្យ​អ្នកទិញ។

    FBI ឱ្យដឹងថា Talens រកបាន​ប្រាក់ចំណេញ​ជាង 400,000 ដុល្លារ តាមរយៈ​ប្រាក់​ឌីជីថល ដូចជា bitcoin ជាដើម ហើយ​ពេលខ្លះ​នាង​ប្ដូរ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ​នេះ​ដើម្បី​យក​ក្រដាស​ពិសេស​សម្រាប់​បោះ​ពុ​ម្ភ​ប័ណ្ណ​នេះ»។

    ករណី​ឆបោក​នេះ​កើតឡើង​អស់​រយៈពេល 3 ឆ្នាំ រហូតដល់​ថ្ងៃមួយ មាន​អ្នកទិញ​ម្នាក់​សង្ស័យថា នេះ​គឺជា​ប័ណ្ណ​ក្លែងក្លាយ ហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច។

    គ្រួសារ​នាង Talens

    កាលពី​ខែកញ្ញា ឆ្នាំ 2021 នាង Talens ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ 12 ឆ្នាំ ដោយសារតែ​បាន​បោះ​ពុ​ម្ភ​ប័ណ្ណ​បញ្ចុះតម្លៃ​ក្លែងក្លាយ ធ្វើឱ្យ​ហាង​លក់រាយ និង​ក្រុមហ៊ុន​ផលិត ខាតបង់​ប្រាក់ 31.8 លាន​ដុល្លារ។ ចំណែក​ប្ដី​របស់ Talens ក៏ត្រូវ​ជាប់ពន្ធនាគារ 7 ឆ្នាំ ព្រោះតែ​ទោស «បានដឹង​អំពី​សកម្មភាព​របស់​ប្រពន្ធ ប៉ុន្តែ​មិន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ទទួលផល​ប្រយោជន៍​ពី​អំពើ​នេះ» នេះ​បើតាម​ក្រសួងយុត្តិធម៌​សហរដ្ឋ​អាម៉េរិក។

    ស្ត្រី​ជា​ជនល្មើស​បាន​សារភាពថា នាង​មានការ «ខ្មាសអៀន​ខ្លាំងណាស់» ចំពោះ​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន៕

  • កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង កម្ពុជា និង កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​រួចហើយ

    កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង កម្ពុជា និង កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​រួចហើយ

    ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី រវាង កម្ពុជា និង កូរ៉េខាងត្បូង នៅ​ព្រឹក ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

    តាម​គម្រោង កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម តំណាងឱ្យ​ភាគី កម្ពុជា និង ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ថាមពល តំណាងឱ្យ​ភាគី កូរ៉េខាងត្បូង នេះ នឹង​ចូល​ជា​ធរមាន នៅ​ដើម​ឆ្នាំក្រោយ។

    កិច្ចព្រមព្រៀង​នេះ និយាយ​អំពី ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង ព្រមទាំង​មាន​វិសាលភាព​លើ​ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម កម្ពុជា។

    យោង​​តាម​ Koreatimes កូរ៉េខាង​ត្បូង​ នឹង​លុប​ចោល​ពន្ធ​ 95.6% នៃ​ផលិត​ផល​​​សរុប​ដែល​នាំ​ចូល​ពី​ កម្ពុជា​ ខណៈ​ កម្ពុជា​ ក៏​នឹង​លើក​លែង​ពន្ធ​​​ចំនួន​ 93.8%​ នៃ​ទំនិញ​សរុប​ដែល​នាំ​ចូល​ពី​ កូរ៉េខាង​ត្បូង​ ផងដែរ​។

    កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ឯកឧត្តម​បាន​បញ្ជាក់ថា នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ រួមទាំង​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់ កម្ពុជា ក្រោយ​វិបត្តិ COVID-19។

    ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង កម្ពុជា-កូរ៉េខាងត្បូង គិត​ត្រឹម​រយៈពេល 8 ខែ នៃ​ឆ្នាំ 2021 នេះ សម្រេចបាន​ជាង 514 លាន​ដុល្លារ​អាម៉េរិក ពោលគឺ​កើនឡើង​ជាង 11% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ 2020។

    នេះ​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ទី​ពីរ​ហើយ ដែល កម្ពុជា ធ្លាប់បាន​ធ្វើឡើង។ មុននេះ កម្ពុជា ក៏​ធ្លាប់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដូចគ្នានេះ​ជាមួយនឹង ប្រទេស​ចិន ផងដែរ៕

  • សម្ដេច​តេ​ជោ អបអរសាទរ​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស

    សម្ដេច​តេ​ជោ អបអរសាទរ​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស

    សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការអបអរសាទរ ខួប 30 ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា 1991 – 23 តុលា 2021។

    ការសម្ដែង​ការអបអរសាទរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 នេះ គឺជា​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991។

    កាលពី 30 ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 ភាគី​ទាំង 4 របស់ កម្ពុជា រួមមាន ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ, សម្តេច​តេ​ជោ ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុលពត) តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយមាន​វត្តមាន​សាក្សី​មកពី 18 ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ កម្ពុជា។

    (ពីឆ្វេងទៅស្ដាំ) លោក ខៀវ សំផន, សម្ដេចបវរសេដ្ឋាធិបតី សឺន សាន, សម្តេចព្រះ នរោត្តម សីហនុ, លោក រ៉ូឡិនឌូម៉ា (Roland Dumas) រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង, និង សម្ដេច ហ៊ុន សែន

    កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស 23 តុលា ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ជំនួប​ដំបូង​រវាង អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹង សម្តេច ហ៊ុន សែន នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​ត្រូវបាន​ហៅថា «ជំនួប​ចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី 02-04 ខែធ្នូ ឆ្នាំ1987)។

    ការចរចា​ដំបូង​ខាងលើ បាន​បើកផ្លូវ​ឱ្យមាន​ការចរចា​ជា​បន្តបន្ទាប់ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991 ដែលជា​ការត្រួសត្រាយ​ផ្លូវ នាំទៅរក​សន្តិភាព​ពេញលេញ​នៅ កម្ពុជា៕

  • ក្រសួង​ការបទេស កែសម្រួល​​គោល​ការណ៍​ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស

    ក្រសួង​ការបទេស កែសម្រួល​​គោល​ការណ៍​ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស

    (ភ្នំពេញ)-ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​កែសម្រួល​គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​បន្ថែម​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​អ្នកវិនិយោគ​បរទេស ចូលមក កម្ពុជា ឱ្យ​កាន់តែច្រើន។

    ការកែសម្រួល​ឡើងវិញ​នូវ គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺ យោង​លើ​ស្ថានភាព​ប្រសើរឡើង​នៃ​វិបត្តិ COVID-19 នៅ កម្ពុជា។

    រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បើក​ប្រទេស​ឡើងវិញ​ជាបណ្តើរៗ និង​តាម​ដំណាក់កាល ជាមួយនឹង​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយបាន​សម្រួល​លក្ខខណ្ឌ​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ និង​របប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ដែល​ចូលមក កម្ពុជា ក្នុងនោះ​រួមមាន ការបើក​ឱ្យមាន​ការផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិបត្តិ​សុខភាព ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរណ៍​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption) ផងដែរ។

    ទន្ទឹមនឹងនេះ ការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-Visa) ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ដែ​ល​មានបំណង​ចូលមក​កាន់ កម្ពុជា ក៏ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ (Visa on Arrival)។ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កម្ពុជា សម្រាប់​អ្នកដំណើរ​ពី​បរទេស។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ជំរាបជូន​របស់ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដូចខាងក្រោម៖

  • សម្ដេច ហ៊ុន សែន ស្នើឱ្យ​រៀប​​គោល​ការណ៍​​ឆ្លើយ​តប​ទៅកាន់ ប្រទេស​ថៃ ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    សម្ដេច ហ៊ុន សែន ស្នើឱ្យ​រៀប​​គោល​ការណ៍​​ឆ្លើយ​តប​ទៅកាន់ ប្រទេស​ថៃ ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    (ភ្នំពេញ)-ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិនិត្យ​លទ្ធភាព​រៀបចំ​គោលការណ៍​បដិការ​ជាមួយ ប្រទេស​ថៃ ក្នុង​បំណង​អនុញ្ញាតឱ្យ​អ្នកដំណើរ​ចេញ-ចូល ប្រទេស​ទាំងពីរ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក។

    ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ខាងលើ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី 22 តុលា ឆ្នាំ 2021 ដើម្បី​ឆ្លើយតប​ទៅនឹង រដ្ឋាភិបាល​ថៃ ដែល​អនុញ្ញាតឱ្យ ពលរដ្ឋ​កម្ពុជា ចេញ-ចូល​ប្រទេស​នេះ​ដោយ​មិន​ចាំ​បាច់​​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ដើម្បី​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ពី ប្រទេស​ថៃ មក កម្ពុជា។

    ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់ កម្ពុជា ឡើងវិញ ក្រៅពី ប្រទេស​ថៃ សម្ដេច ហ៊ុន សែន ក៏បាន​ស្នើឱ្យ​អនុវត្ត​គោលការណ៍​បដិការ​ឆ្លើយ​តប​នេះ សម្រាប់​ប្រទេស​ដទៃទៀត​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់​ផងដែរ។

    នៅក្នុង​កិច្ចប្រជុំពេញអង្គ​នា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ឱ្យដឹងថា អាជីវកម្ម សាលារៀន និង​កន្លែង​កម្សាន្ត​ជាដើម នឹង​អាច​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែវិច្ឆិកា​ខាងមុខ។

  • Facebook នឹង​បង់ថ្លៃ​អត្ថបទ​ឱ្យ​ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​បារាំង

    Facebook នឹង​បង់ថ្លៃ​អត្ថបទ​ឱ្យ​ស្ថាប័ន​សារព័ត៌​មាននៅ​ប្រទេស​បារាំង

    ក្រុមហ៊ុន Facebook សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​មួយចំនួន​នៅ ប្រទេស​បារាំង ទាក់ទង​នឹង​ការទូទាត់​ថ្លៃ​ខ្លឹមសារ​អត្ថបទ​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ចែករំលែក។

    កាលពី​ថ្ងៃទី 21 តុលា Facebook បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ផ្ដល់​ការអនុញ្ញាត​ជាមួយនឹង​សម្ព័ន្ធ​សារព័ត៌មាន APIG របស់ បារាំង រួមមាន​បណ្ដា​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​តំបន់ ដែល​នេះ «មានន័យថា អ្នកប្រើប្រាស់ Facebook អាច​បង្ហោះ និង​ចែករំលែក​អត្ថបទ​សារព័ត៌មាន​ដោយ​សេរី ទន្ទឹមនឹងនេះ​ក៏​ធានា​នូវ​កម្មសិទ្ធិបញ្ញា​របស់​ដៃគូ​ដែលជា​អ្នក​ផលិត​អត្ថបទ» ផងដែរ។

    ជាមួយនឹង​ការដែល​ត្រូវ​បង់ប្រាក់​សម្រាប់​អត្ថបទ​សារព័ត៌មាន​របស់ បារាំង ក្រុមហ៊ុន Facebook ក៏​នឹង​បញ្ចេញ​សេវាកម្ម​ព័ត៌មាន​ជា​ភាសា​បារាំង ដែល​ហៅថា Facebook News នៅ​ខែមករា ឆ្នាំ 2022 ដើម្បី «ផ្ដល់​កន្លែង​សម្រាប់​អ្នកប្រើប្រាស់​ចូលទៅ​អាន​ព័ត៌មាន​ដែលមាន​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មានល្បីៗ និង​គួរ​ជាទី​ទុកចិត្ត»។

    ការដោះដូរ​នេះ​ត្រូវបាន​គេ​យល់ថា​ជា ជោគជ័យ​មួយ​ចំពោះ​ការតវ៉ា​ដើម្បី​ការពារ​សិទ្ធិ​ក្នុង​ការផលិត​ព័ត៌មាន​របស់​បណ្ដាញសារព័ត៌មាន​នានា​នៅ ប្រទេស​បារាំង។ កាលពី​ខែមករា ក្រុមហ៊ុន Google ក៏បាន​ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​លើ​សេចក្ដីព្រាង​ជាមួយ APIG ក្នុងការ​បង់ប្រាក់​សម្រាប់​អត្ថបទ​របស់​បណ្ដា​ទីភ្នាក់ងារសារព័ត៌មាន​ដែល​បង្ហាញខ្លួន​នៅលើ​ឧបករណ៍​រុករក​នេះ​ផងដែរ។

    ឆ្នាំ 2019 បារាំង បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង សហភាព​អឺរ៉ុប (EU) ដែល​បានធ្វើឱ្យ​បទបញ្ជា​ស្ដីពី​សិទ្ធិ​អ្នកនិពន្ធ ក្លាយទៅជា​ច្បាប់​របស់​រដ្ឋ៕

  • រាជរដ្ឋាភិបាល​មិនទាន់មាន​​គោល​ការណ៍​​អនុញ្ញាតឱ្យ​​រៀប​​អាពាហ៍​ពិពាហ៍​​ឡើង​វិញ​​នៅ​ឡើយ

    រាជរដ្ឋាភិបាល​មិនទាន់មាន​​គោល​ការណ៍​​អនុញ្ញាតឱ្យ​​រៀប​​អាពាហ៍​ពិពាហ៍​​ឡើង​វិញ​​នៅ​ឡើយ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនទាន់មាន​គោលការណ៍​អ្វី​ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការរៀប​អាពាហ៍ពិពាហ៍​ជា​ឡើងវិញ​នៅឡើយ ខណៈដែល​មានការ​ចែក​ចាយ​សារ​សំឡេង​របស់ សម្ដេច ដែលមាន​ខ្លឹមសារ​ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​រៀបការ​ឡើងវិញ។

    សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សារ​ជា​សំឡេង​របស់ សម្ដេច ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​តាម​បណ្ដាញ​សង្គម​នៅថ្ងៃនេះ គឺជា​សារ​សំឡេង​ចាស់​កាលពី​ឆ្នាំ 2020។

    គួរ​បញ្ជាក់ថា នៅថ្ងៃនេះ​មានការ​ចែករំលែក​ត​គ្នា​នូវ​សារ​សំឡេង​ចាស់​មួយ​របស់ ប្រមុខ​រដ្ឋាភិបាល ដែល​ប្រកាសថា​នឹង​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​អា​ពា​ហ៍​ពិ​ពារ​ណ៍​ឡើងវិញ​ក្នុង​រដូវរំហើយ​ឆ្នាំនេះ។ សារ​សំឡេង​នេះ ត្រូវបាន​ផ្សាយ​នៅក្នុងពេល សម្ដេច ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ COVID-19 3 វិច្ឆិកា ឆ្នាំ 2020៕

  • កូន​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​​ដ៏​តូច​មួយគ្រឿង​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ 1,000 គ្រួ

    កូន​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​​ដ៏​តូច​មួយគ្រឿង​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ 1,000 គ្រួ

    (សហរដ្ឋ​អាម៉េរិក)-ក្រុមហ៊ុន Radiant កំពុង​ប្រមូល​ទុនវិនិយោគ​ដើម្បី​អភិវឌ្ឍ​គំរូ​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ (រ៉េ​អា​ក់ទ័រ) ចល័ត​ខ្នាតតូច​ដែល​អាច​ផលិត​អគ្គិសនី​បាន​មួយ​ម៉េ​ហ្គា​វ៉ា​ត់ ដោយ​ចំណាយ​ថវិកា​ទាប។

    យោងតាម Radiant កូន​រោងចក្រ​ប្រតិកម្ម​របស់​ពួកគេ​អាចដាក់​ក្នុង​កុងតឺន័រ​ដឹកទំនិញ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ចំនួន 1,000 គ្រួ និង​ប្រើប្រាស់ អេ​ល្យូ​ម ជំនួស​ឱ្យ​ទឹក​ដើម្បី​បញ្ចុះ​កម្ដៅ។ Radiant ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អតីត​វិស្វករ​មកពី​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk។ ពួកគេ​និយាយថា គំរូ​កូន រ៉េ​អា​ក់ទ័រ ប្រើប្រាស់​សម្រាប់​ការផ្គត់ផ្គង់​ថាមពល​ដល់​តំបន់​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​ដែល​កំពុង​គេ​កំពុង​អភិវឌ្ឍ នឹងមាន​ឥទ្ធិពល និង​ប្រយោជន៍​ធំធេង​ជាង នៅពេល​ប្រើប្រាស់​នៅលើ​ផែនដី។

    Radiant ទាក់ទាញ​ប្រភព​ទុនវិនិយោគ​បាន​ចំនួន 1.2 លាន​ដុល្លារ​អាម៉េរិក សម្រាប់​បន្ត​អភិវឌ្ឍ​រោងចក្រ​ប្រតិ​កម្មនេះ។ គំរូ​កូន​រោងចក្រ​របស់ Radiant ត្រូវបាន​រចនា​ជាពិសេស​សម្រាប់​សម្រួល​ដ​ល់​ការ​ចល័ត ដាក់​ដំណើរការ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធ​នៅ​គ្រប់​ទីកន្លែង។ គោលដៅ​របស់​ក្រុមហ៊ុន​គឺ​សហគមន៍​ដែល​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល និង​តំបន់​ដែល​ប្រឈម​នឹង​គ្រោះធម្មជាតិ​ញឹកញាប់។

    ការ​បញ្ចេញ​ឧស្ម័ន​ពុល​របស់​រោង​ចក្រ​ថាម​ពល​នុយក្លេអែរ​បុរាណ

    កងទ័ព​ក៏​ជា​អតិថិជន​គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន Radiant។ រចនា​រូបរាង​របស់​កូន​រោងចក្រ​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ពី​បណ្ដា​រោងចក្រ​អគ្គិសនី​ដែល​ប្រើ​ថាមពល​ពី​ប្រេងម៉ាស៊ូត​ដូច​បច្ចុប្បន្ន​នោះទេ តែ​វា​ក៏​កាត់បន្ថយ​តម្រូវ​ការចាក់​ប្រេង​ជាប្រចាំ​ផងដែរ។

    ក្រុមហ៊ុន Radiant ឱ្យដឹងថា វត្ថុ​ធាតុ​ប្រើ​សម្រាប់​កូន​រោងចក្រ ឬ រ៉េ​អា​ក់ទ័រ នេះ អាច​អាចជួយ​ឱ្យ​វា​ស៊ូទ្រាំ​ជាមួយ​សីតុណ្ហភាព​ខ្ពស់ជាង ធៀប​នឹង​វត្ថុ​ធាតុ​នុយ​ក្លេ​អែរ​បុរាណ។ ការប្រើប្រាស់ អេ​ល្យូ​ម ដើម្បី​បញ្ចុះ​កម្ដៅ ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ការ​សឹក​រេច​រិល បាតុភូត​ពុះកញ្ជ្រោល និង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ។

    ក្រុមហ៊ុន Radiant បានទទួល​ប័ណ្ណ​ប៉ាតង់​ពី​អាជ្ញាធរ​រួចហើយ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​បង្ហើយ​គំរូ​កូន​រោងចក្រ​នេះ៕

  • ស្នាដៃ​នៃ​ការ​រចនា​រូបភាព​បែប​ខ្មែរដាក់​លើ​កែវ​កាហ្វេ នាំ​ឱ្យ​កូន​ខ្មែរ​មួយរូប​ទទួល​បានការ​គាំទ្រ​ពី​ហាង​ជាង 5 ពាន់ នៅ កម្ពុជា

    ស្នាដៃ​នៃ​ការ​រចនា​រូបភាព​បែប​ខ្មែរដាក់​លើ​កែវ​កាហ្វេ នាំ​ឱ្យ​កូន​ខ្មែរ​មួយរូប​ទទួល​បានការ​គាំទ្រ​ពី​ហាង​ជាង 5 ពាន់ នៅ កម្ពុជា

    ការចូល​ចិត្ត​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​រចនា​រូបភាព ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ​ឌីជីថល បាន​ជំរុញ​ឱ្យ​កូន​ខ្មែរ​មួយរូប​គឺ លោក ម៉ិ​ល ខន បង្កើតបាន​ក្រុមការងារ​មួយ​ដើម្បី​រចនា​រូបភាព​បែប​សិល្បៈ និង​វប្បធម៌​ខ្មែរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន អាជីវកម្ម​នានា​ក្នុង ប្រទេស​កម្ពុជា។

    ក្នុងចំណោម​ច្នៃ​ដៃ ឬ​ផលិតផល​ដែល​បាន​ច្នៃប្រឌិត ដូចជា ការ​រចនា​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ស្លាក​សញ្ញា ឡូហ្គោ ជាដើម គេ​ឃើញថា ការ​រចនា​រូបភាព​តាមបែប​ខ្មែរ​នៅលើ​កែវ​កាហ្វេ ទទួលបាន​ការនិយម​ជាពិសេស ពី​ក្រុម​ហ៊​ន សាលារៀន ហាង​កាហ្វេ និង​គម្រោង​របស់​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត។

    លោក ម៉ិ​ល ខន ដែល​អ្នកស្រុក​អង្គរបុរី ខេត្ដ​តាកែវ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង រាជធានី​ភ្នំពេញ បាន​ប្រាប់​​​​ថា គិត​មកដល់ពេលនេះ ក្រុម​របស់លោក​បានរ​ច​នា​រូបភាព​តាមបែប​សិល្បៈ និង​ជា​ភាសា​ខ្មែរ ដាក់​នៅលើ​កែវ​កាហ្វេ របស់​ហាង​នានា​ជាង 5,000 កន្លែង​រួចហើយ។

    បុរស​រូបនេះ​បន្ថែមថា ជោគជ័យ​នាបច្ចុប្បន្ន​របស់​ក្រុម​លោក ដំបូង​ឡើយ​គឺ​ផ្តើមចេញពី​ការងារ​តិច​តូច ទាក់ទង​នឹង​ការ​រចនា​ម៉ាក​សញ្ញា​ហាង​កាហ្វេ និង ភាព​ច្នៃប្រឌិត​តាម​រចនាបថ​ខ្មែរ​បែប​បុរាណ និង​ទំនើប។ តម្រូវការ​ដ៏​ធំ​នៃ​ទីផ្សារ និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន បាន​ជួយ​ឱ្យ​លោក ម៉ិ​ល ខន និង​ក្រុមការងារ ពង្រីក​មុខជំនាញ​ទាំងនេះ​បាន​ធំ​ជាង​មុន ហើយ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ពិសេស​គឺ​ពី​សំណាក់​ម្ចាស់​ហាង​កាហ្វេ​នានា។

    លោក​ ម៉ិល ខន

    «ការរៀបចំ​រចនា​រូបភាព​នៅលើ​កែវ​កាហ្វេ​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​លើកស្ទួយ ផ្សព្វផ្សាយ​វប្បធម៌ សិល្បៈ និង​ភាសា​ខ្មែរ» នេះ​បើតាម​លោក ម៉ិ​ល ខន។

    នៅ កម្ពុជា គេ​សង្កេតឃើញថា ហាង​កាហ្វេ​លក្ខណៈ​គ្រួសារ រីកដុះដាល​ដូច​ផ្សិត ប៉ុន្តែ​ភាគច្រើន​មិនទាន់មាន​ម៉ាក​យីហោ​ត្រឹមត្រូវ។ លោក ម៉ិ​ល ខន យល់ឃើញថា ហាង​កាហ្វេ​មួយ​ដែលមាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ អាចជួយ​រួមចំណែក​ធ្វើឱ្យ​ហាង​កាហ្វេ និង​ផលិតផល​របស់​ម្ចាស់​ហាង ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាង​មុន។

    លោក ម៉ិ​ល ខន បង្ហើប​ឱ្យដឹងថា លោក​ធ្លាប់​ឆ្លងកាត់​បទ​ពិ​សោ​ធ៍​ជាង 10 ឆ្នាំ លើ​ការងារ​ជា​អ្នក​រចនា​ម៉ាក​សញ្ញា​នានា។ លោក​ធ្លាប់​រចនា​ម៉ាក​សញ្ញា​ឱ្យ​សាលារៀន​ជាតិ-អន្តរជាតិ​ជាច្រើន ហើយ​លោក​ក៏​ធ្លាប់បាន​សរសេរ​ផែនការ​គ្រប់គ្រង​ទីផ្សារ​ជាច្រើន​សម្រាប់​សាលា​ឯកជន ទាំង​សាលា​ថ្នាក់ជាតិ និង​សាលា​អន្តរជាតិ​ផងដែរ ក្រោយពី​បានបញ្ចប់​ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ទីផ្សារ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង៕