Category: សង្គម និងសេដ្ឋកិច្ច

  • រដ្ឋាភិបាល​តម្រូវឱ្យ​ក្រុម​ហ៊ុន​​ទាំង​ឡាយ​​នៅ​ ម៉ាឡេស៊ី ​ជ្រើស​តាំង​​ប្រធាន​​ជា​​ស្ត្រី​ភេទ

    រដ្ឋាភិបាល​តម្រូវឱ្យ​ក្រុម​ហ៊ុន​​ទាំង​ឡាយ​​នៅ​ ម៉ាឡេស៊ី ​ជ្រើស​តាំង​​ប្រធាន​​ជា​​ស្ត្រី​ភេទ

    រដ្ឋាភិបាល​នៃ​ប្រទេស ម៉ាឡេស៊ី បានស្នើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ដែល​បោះផ្សាយ​មូល​ប​ត្រ​នៅ​ប្រទេស​នេះ តែងតាំង​ស្ត្រី​ជា​ប្រធាន​ឱ្យបាន​យ៉ាងតិច​មួយរូប នៅក្នុង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ចាប់ពី​ឆ្នាំ 2022 តទៅ។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Tengku Zafrul Abdul Aziz កាលពី​ថ្ងៃទី 29 តុលា ឱ្យដឹងថា គោលនយោបាយ​ថ្មី​ដែល​ត្រូវ​បានអនុម័ត​នេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​ប្រមាណ 250 ដែល​ស្មើនឹង ¼ ក្នុងចំណោម​បណ្ដា​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ក្នុង​ផ្សារ​ហ៊ុន​នៅ​ប្រទេស​នេះ មិនទាន់មាន​វត្តមាន​ស្ត្រី​នៅក្នុង​ក្រុមប្រឹក្សាភិបាល​នៅឡើយ។

    សេចក្ដីសម្រេច​នេះ​ក៏​ដើម្បី​ជា «ការទទួលស្គាល់​តួនាទី​របស់​ស្ត្រី​នៅក្នុង​ការសម្រេចចិត្ត និង​បង្កើន​តួនាទី​ជា​ថ្នាក់ដឹកនាំ រួម​នឹង​ប្រសិទ្ធភាព​របស់​ក្រុមប្រឹក្សាភិបាល​ផងដែរ»។

    គោលនយោបាយ​នេះ​មាន​សុពលភាព​ចំពោះ​បណ្ដា​ក្រុមហ៊ុនធំៗចាប់ពី​ខែកញ្ញា ហើយ​តាម​គម្រោង វា​នឹងត្រូវ​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​នៅ​ខែមិថុនា ឆ្នាំ 2023។

    ក្រុមប្រឹក្សាភិបាល​នៃ​បណ្ដា​ក្រុមហ៊ុន​នៅ អឺរ៉ុប តែង​យកចិត្តទុកដាក់​លើ​បញ្ហា​សមភាព​យ៉េន​ឌ័​រ។ នៅ​ប្រទេស ន័​រវែ​ស អេ​ស្ប៉ា​ញ និង អ៊ីតាលី ជាដើម បានអនុម័ត​ច្បាប់​ដើម្បី​បង្កើន​វត្តមាន​របស់​ស្ត្រី​នៅក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​នានា។

    នៅ​ទ្វីប អាស៊ី ប្រការ​ខាងលើនេះ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស ឥណ្ឌា ប៉ុន្តែ វា​ជា​រឿង​កម្រ​សម្រាប់​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ទ្វីប​នេះ៕

  • មិនមែន Elon Musk នោះទេ ប៉ុន្តែ បុរស​ពីរ​នាក់​នេះ​ទើប​ជា​សហ​ស្ថាបនិក​ពិតប្រាកដ​របស់​ក្រុមហ៊ុន Tesla (ប្រវត្តិ​របស់​ក្រុមហ៊ុន​នេះ)

    មិនមែន Elon Musk នោះទេ ប៉ុន្តែ បុរស​ពីរ​នាក់​នេះ​ទើប​ជា​សហ​ស្ថាបនិក​ពិតប្រាកដ​របស់​ក្រុមហ៊ុន Tesla (ប្រវត្តិ​របស់​ក្រុមហ៊ុន​នេះ)

    បច្ចុប្បន្ន​នេះ​ Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​រហូតដល់​ជាង មួយ​​លាន​លាន (ទ្រី​​លាន​/​1,000,000,000,000) ដុល្លារ​អាម៉េរិក ពោលគឺ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។ ជោគជ័យ​របស់​ក្រុមហ៊ុន​នេះ ផ្សារភ្ជាប់​ជាមួយនឹង​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ Elon Musk។ ក៏ប៉ុន្តែ ខុសពី​ការគិត​របស់​មនុស្ស​ស្ទើរ​គ្រប់គ្នា លោក Musk មិនមែនជា​ស្ថាបនិក​ដែល​បាន​បង្កើត Tesla ដំបូង​គេ​នោះឡើយ។ លោក Musk ជា​នាយក​ប្រតិបត្តិ​ចាប់ពី​ខែតុលា ឆ្នាំ 2008 និង​ជាម​នុស្ស​ទី​បួន​ដែល​កាន់តំណែង​នេះ​នៅក្នុង​ក្រុមហ៊ុន Tesla។

    សហ​ស្ថាបនិក​ពិតប្រាកដ​ចំនួន​ពីរ​នាក់​របស់ Tesla គឺ Martin Eberhard និង Marc Tarpenning។ ពួកគាត់​ចាប់ផ្ដើម​គិត​អំពី Tesla បន្ទាប់ពី General Motors បញ្ចប់​កម្មវិធី​រថយន្ត​អគ្គិសនី EV1 របស់ខ្លួន។

    ស្ថាបនិក​ដំបូង​ពីរ​រូប​របស់​ក្រុម​ហ៊ុន​ Tesla 

    Tesla Motors ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​អ្នកវិទ្យាសាស្ត្រ Nikola Tesla។ ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកក្កដា ឆ្នាំ 2003 ដោយ Martin Eberhard និង Marc Tarpenning។ អ្នក​ទាំងពីរ ដំបូង​ឡើយ​មាន​តួនាទី​ជា CEO (នាយក​ប្រតិបត្តិ) និង CFO (នាយក​ផ្នែក​ហិរញ្ញវត្ថុ) របស់​ក្រុមហ៊ុន Tesla។ Eberhard ធំ​ឡើង​នៅឯ​តំបន់ Kensington រដ្ឋ California និង​បាន​រៀន​នៅ​សាកលវិទ្យាល័យ Illinois នៅ​ទីក្រុង Urbana-Champain ជា​សាលា​ដែល​លោក​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ (computer engineering) កាលពី​ឆ្នាំ 1982 និង​អនុបណ្ឌិត​ផ្នែក​បច្ចេកទេស​អគ្គិសនី ឆ្នាំ 1984។

    ចំណែក Tarpenning វិញ ធំ​ឡើង​នៅឯ​តំបន់ Sacramento រដ្ឋ California និង​ទទួលបាន​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ (computer science) នៅ​សាកលវិទ្យាល័យ California ក្នុង​តំបន់ Berkeley ឆ្នាំ 1985។ លោក​បានចាប់ផ្ដើម​ការ​ងារ​ដំបូង​ក្នុង​ក្រុមហ៊ុន Textron នៅ​ប្រទេស អារ៉ាប់​ប៊ី​សា​អូឌីត។ ក្រោយមក លោក​ក៏បាន​អភិវឌ្ឍ​ផ្នែក​ទន់ (software) និង​កម្មវិធី​បង្កប់ (firmware) មួយចំនួន​ឱ្យ​ក្រុមហ៊ុន​នានា។ លោក​ក៏​ធ្លាប់ជា​អនុប្រធាន​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន Packet Design ផងដែរ។

    Eberhard (ឆ្វេង) និង Tarpenning

    Eberhard និង Tarpenning បង្កើត Tesla Motors ឡើង​ដោយមាន​មហិច្ឆតា​ធ្វើឱ្យមាន​ការប្រែប្រួល​ក្នុង​វិស័យ​ឧស្សាហ​កម្ម​រថយន្ត។ ពួកគេ​មានបំណង​បង្កើត​រថយន្ត​អគ្គិសនី​ដែលអ្នកណាៗក៏​ចង់បាន៖ តម្លៃ​ទាប មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចល័ត​បាន​លឿន។

    បន្ទាប់ពី Eberhard និង Tarpenning បុគ្គលិក​ទី​បី​របស់ Tesla គឺ Ian Wright ដែល​បាន​ចូល​បម្រើការ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង។ ខែកុម្ភៈ ឆ្នាំ 2004 ពួកគេ​ប្រមូល​ទុន​បាន​ដោយ​ជោគជ័យ​ពី​អ្នកវិនិយោគ​ជាច្រើន ក្នុង Elon Musk បោះទុន​ច្រើនជាងគេ។

    ការជួប​មុខ​ដំបូង​ជាមួយ Elon Musk

    Eberhard និង Tarpenning បាន​ជួប Elon Musk ដំបូង​នៅក្នុង​កិច្ចប្រជុំ​មួយ​សម្រាប់​សមាជិក​រប​ស់ Mars Society ដែលជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​សម្រាប់​ការស្រាវជ្រាវ និង​រស់​នៅលើ​ពិភព​ព្រះ​អង្គារ។ ដំណាក់​កាលនោះ លោក Musk មិនទាន់បាន​បង្កើត SpaceX នៅឡើយ។ ពួកគេ​បាន​យល់ចិត្ត​គ្នា ដោយសារ​តែមាន​ចក្ខុវិស័យ​ស្រដៀង​គ្នា។

    បន្ទាប់ពី​ការប្រមូល​ទុន​ជុំ Series A លោក Elon Musk បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន Tesla។ មួយឆ្នាំ​ក្រោយមក Tesla បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Lotus Cars របស់ អង់គ្លេស ហើយ​ក្រោយមក រថយន្ត​ដំបូង​របស់ Tesla ឈ្មោះ Roadster ក៏បាន​បង្ហាញខ្លួន។

    ឆ្នាំ​ដដែល សហ​ស្ថាបនិក​របស់ Google គឺ​លោក Sergey Brin និង Larry Page ក៏បាន​ចូលរួម​ក្នុងការ​ប្រមូល​ទុន Series B របស់ Tesla។ Musk នៅតែ​ជា​អ្នក​នាំមុខ​ក្នុង​ជុំ​ប្រមូល​ទុន​លើក​នេះ។ លោក Musk ក្រោយមក​ក៏បាន​ប្រកាស​អំពី​គម្រោង «អាថ៌កំបាំង» របស់ខ្លួន​សម្រាប់ Tesla នោះ​គឺ ប្រើប្រាស់​ទុន​ដែល​ប្រមូលបាន​ដើម្បី​អភិវឌ្ឍ​រថយន្ត​មួយ​ប្រភេទ​ដែលមាន​តម្លៃ​ទាប​សមរម្យ ហើយក៏​បង្កើតបាន​រថយន្ត​អគ្គិសនី​ប្រហាក់ប្រហែល​សព្វថ្ងៃ។

    ក្នុង​ឆ្នាំ 2006 ថ្នាក់ដឹកនាំ​របស់ Tesla មានការ​ប្រែប្រួល។ លោក Eberhard លាលែង​ពី​តំណែង CEO ដោ​យមក​ធ្វើជា​ទីប្រឹក្សា។ ចំណែក Michael Marks ដែលជា​អ្នកវិនិយោគ​មួយរូប​របស់ Tesla ក៏បាន​ឡើង​ធ្វើជា CEO បណ្ដោះអាសន្ន រហូតដល់​អ្នក​ប្រណាំង​ឡាន Ze’ev Drori បាន​ចូលមក​ជំនួស​នៅ​ខែវិច្ឆិកា។

    លោក​ Elon Musk

    ឆ្នាំ 2008 Tesla មាន​បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​សហ​ស្ថាបនិក។ ជា​លទ្ធផល សហ​ស្ថាបនិក​ដំបូង​គេ​ពីរ​នាក់ គឺ​លោក​ Martin Eberhard និង Mark Tarpenning បាន​ចាក​ចេញពី​ក្រុមហ៊ុន។ នេះ​ក៏​ជា​ដំណាក់កាល​រថយន្ត Tesla គ្មាន​ដំបូល​ដំបូង ត្រូវបាន​ប្រគល់ឱ្យ Elon Musk ហើយ​ខ្សែ​រោងចក្រ​ផលិត​រថយន្ត​នេះ​ក៏បាន​ចាប់ផ្ដើម។

    ខែតុលា ឆ្នាំ 2008 Elon Musk បាន​ក្លាយជា CEO របស់ Tesla និង​បាន​បញ្ឈប់​បុគ្គលិក​ចំនួន 25%។ ដំណាក់កាល​នេះ Tesla មាន​សាច់ប្រាក់​ក្នុង​ដៃ​តែ 9 លាន​ដុល្លារ​ប៉ុណ្ណោះ និង​កំពុង​ប្រឈម​នឹង​បញ្ហា​មិនអាច​ប្រគល់​ទំនិញ​ទាន់ពេល។ Tesla ត្រូវ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដើម្បី​ប្រមូល​ទុន 40 លាន​ដុល្លារ ក្នុង​បំណង​បញ្ចៀស​ការ​ក្ស័យធន។

    ដើមឆ្នាំ 2009 Tesla បញ្ចេញ​រថយន្ត​គំរូ Model S ដែលមាន​តម្លៃ​ចាប់ពី 76,000 ដុល្លារ។ មិនយូរប៉ុន្មាន Daimler AG បាន​ទិញ​ភាគហ៊ុន 10% របស់ Tesla ក្នុងតម្លៃ 50 លាន​ដុល្លារ។ ខ្ទង់​វិនិយោគ​នេះ​បាន​ជួយ​ឱ្យ Tesla រួច​ពី​ហានិភ័យ​នៃ​ការ​ក្ស័យធន​នៅ​ឆ្នាំ​បន្ទាប់។

    ឆ្នាំ 2009 ដដែល អតីត CEO របស់ Tesla លោក Martin Eberhard បាន​ចោទប្រកាន់​លោក Elon Musk ថា បាន​កែប្រែ​ប្រវត្តិសាស្ត្រ និង​បាន​ប្ដឹង​ពីបទ​បរិហារកេរ្ដិ៍។

    ខែកញ្ញា ឆ្នាំ 2009 Tesla និង Martin Eberhard បានប្រកាស​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​អ្នក​ដែល​អាច​ហៅ​ខ្លួនឯង​ថា​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ។ កិច្ចព្រមព្រៀង​ចែងថា មនុស្ស 5 នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សហ​ស្ថាបនិក​របស់ Tesla រួមមាន Elon Musk, JB Straubel (កាលណោះ​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់ Tesla), Martin Eberhard, Marc Tarpenning និង Ian Wright។

    នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ CNBC កាលពីពេលថ្មីៗនេះ លោក Eberhard ឱ្យដឹងថា លោក​នៅតែ​គាំទ្រ និង​នៅតែ​ជា​ម្ចាស់​ភាគហ៊ុន​មួយរូប​របស់ Tesla ព្រមទាំង​បាន​អះអាងថា រថយន្ត​អគ្គិសនី​គឺជា​គន្លឹះ​ដែល​អាចជួយ​សង្គ្រោះ​ភពផែនដី។ ចំណែក​លោក Tarpenning វិញ បាន​និយាយថា ពេលខ្លះ លោក​ក៏​នៅតែ​និយាយ​រក Musk។ រំលឹក​ពី​អតីតកាល លោក​បញ្ជាក់ថា មិនបាន​ស្ដាយក្រោយ​នោះទេ ព្រោះថា «តាំងពីដើម​ដល់​ចប់ គ្រប់យ៉ាង​ល្អប្រសើរ បូករួម​ទាំង​បញ្ហា​អាក្រក់​បំផុត និង​ល្អ​បំផុត»៕

  • កម្ពុជា នឹង​បើកទទួល​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស ក្រោយពី​ការសាកល្បង​នៅ​ក្រុង ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តសៀមរាប

    កម្ពុជា នឹង​បើកទទួល​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស ក្រោយពី​ការសាកល្បង​នៅ​ក្រុង ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តសៀមរាប

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ការបើក​ដំណើរការ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស នឹង​អនុវត្ត​ក្រោយ​គម្រោង​សាកល្បង​នៅក្នុង​ខេត្ត ព្រះសីហនុ និង​តំបន់​តារា​សាគរ​នៃ​ខេត្ត កោះកុង នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ 2021 ខណៈដែល​ខេត្ត សៀមរាប ត្រៀម​អនុវត្ត​នៅក្នុង​ខែមករា ឆ្នាំ 2022។

    ការចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ នៅក្នុង​ខេត្ត​ទាំង 3 ខាងលើ គឺជា​ជំហាន​ទីមួយ មុននឹង​ឈានដល់​ជំហាន​ទី​ពីរ ដែល​អនុញ្ញាត​ឱ្យទទួល​ទេសចរ​អន្តរជាតិ មក​ទស្សនា​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​សុវត្ថិភាព​ដទៃទៀត និង​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស ក្នុង​ជំហាន​ទី​បី។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ថោង ខុន ដែលជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ COVID-19 ដែល​បានបញ្ជាក់​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធសាស្ត្រ ស្តីពី ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង» នា​ថ្ងៃទី 28 ខែតុលា​នេះ។

    ទិដ្ឋភាព​មួយ​នៅក្នុង​ខេត្ត ​ព្រះ សីហនុ

    ការបើកទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​នេះ គឺ​ស្ថិតក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ដែល​ទេសចរ​អន្តរជាតិ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ និង​ទស្សនា​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​សុវត្ថិភាព រយៈពេល 5 ថ្ងៃ ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ប៉ុន្តែ តម្រូវឱ្យមាន​ប័ណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​រួចរាល់ និង​ធ្វើតេស្ត​រហ័ស នៅពេល​មកដល់​អាកាសយានដ្ឋាន​របស់ កម្ពុជា។

    យោងតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ក្រសួង​ក៏មាន​ផែនការ​ទ្រទ្រង់ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​សុវត្ថិភាព​ផងដែរ៕

  • ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ត្រូវបាន​កែប្រែ

    ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ត្រូវបាន​កែប្រែ

    គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) កំណត់​យក​ប្រព័ន្ធ​ប្រកួត និង​ពេលវេលា​ប្រកួត​ត្រូវ​ថ្មី សម្រាប់​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ដោយ​ក្រុម​នានា​នឹងត្រូវ​ប្រកួត​តែមួយ​ជើង​គត់​នៅក្នុង​វគ្គ​ជម្រុះ។

    ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ លើក​ទី 15 រដូវ​កាល 2021 ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 9 ខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខនេះ នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកួត​ថ្មី ដែលមាន​រយៈពេល​ខ្លី​ជាង​មុន។ ក្នុងនោះ ការប្រកួត​វគ្គ​ជម្រុះ 16 ក្រុម​ថ្នាក់ជាតិ និង​វគ្គ 8 ក្រុម​ចុងក្រោយ ត្រូវ​ជួបគ្នា​តែមួយ​ជើង​គត់ ហើយ​ក្រុម​ទាំងឡាយ​ដែល​បាន​បាញ់​នឹង​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​តែម្តង។

    ដើម​ឡើង ការប្រកួត​ថ្នាក់ជាតិ​ត្រូវ​ជូ​ប​គ្នា​ចំនួន​ពីរ​ជើង ទាំង​វគ្គ 16 ក្រុម និង​វគ្គ 8 ក្រុម​ចុងក្រោយ ក្នុងនោះ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពីរ​ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ឡើងទៅ​ប្រកួត​ដណ្ដើម​ជើងឯក និង​ចំណាត់ថ្នាក់​លេខ 2 ខណៈ​ពីរ​ក្រុម​ដែល​ចាញ់​នឹងត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ 3។

    នា​ថ្ងៃទី 09 ខែវិច្ឆិកា ឆ្នាំ 2021 នឹងមាន 4 ប្រកួត៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​កោះកុង​អេ​ហ្វ.ស៊ី, ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​ប៉ះ​ក្រុម​ខេត្ត​ត្បូងឃ្មុំ, ក្រុម​វិសាខា នឹង​ប៉ះ​ជាមួយ​ក្រុម​ខេត្តបន្ទាយមានជ័យ និង​ក្រុម​ណាហ្គា​វើ​លដ៍ ត្រូវ​ប្រកួត​នឹង​ក្រុម​នគរបាលជាតិ។

    ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី 9 ខែវិច្ឆិកា ខាងមុខនេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021៕

  • កម្ពុជា​​ចូល​រួម​​​វេទិកា​ប្រចាំឆ្នាំ​​ របស់​​​ធនាគារ​ពិភព​លោក ស្តីពី ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង និង​ប្រឹក្សា​​លើ​​ទុន​បម្រុង​​អន្តរជាតិ

    កម្ពុជា​​ចូល​រួម​​​វេទិកា​ប្រចាំឆ្នាំ​​ របស់​​​ធនាគារ​ពិភព​លោក ស្តីពី ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង និង​ប្រឹក្សា​​លើ​​ទុន​បម្រុង​​អន្តរជាតិ

    ឯកឧត្ដម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 បាន​អញ្ជើញ​ចូលរួម​វេទិកា​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក ស្តីពី ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង និង​ប្រឹក្សា​លើ​ទុនបម្រុង​អន្តរជាតិ (RAMP)។

    វេទិកា​ដែលមាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ធនាគារកណ្ដាល នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​នេះ មាន​គោលបំណង​ផ្ដល់ឱកាស​សម្រាប់​ការពិភាក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក បទពិសោធន៍​នៃ​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ និង​ទស្សនវិស័យ​នាពេលខាងមុខ ហើយ​ប្រធានបទ​បច្ចុប្បន្នភាពសំខាន់ៗដែល​វេទិកា​នេះ​បានលើកឡើង​ដែរនោះ​រួមមាន៖ ការកើនឡើង​នៃ​អត្រា​អតិផរណា ការធ្វើ​ប្រក្រតី​កម្ម​នយោបាយ​រូបិយវត្ថុ ការកើនឡើង​កម្រិត​បំណុល ការប្រែប្រួល​អាកាសធាតុ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

    ទាក់ទង​នឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ វេទិកា​នេះ​ក៏បាន​លើកឡើង​អំពី​កំណើន​នៃ​ការប្រើប្រាស់​ពី​សំណាក់​អតិថិជន ដែល​ជំរុញឱ្យមាន​ការបង្កើត​រូបិយប័ណ្ណ​អេឡិចត្រូនិក ផ្អែកលើ​បច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និង​រូបិយវត្ថុ​អេឡិចត្រូនិក​របស់​ធនាគារកណ្ដាល (Central Bank Digital Currency/CBDC) ដែល​កំពុង​ក្លាយជា​ជំហាន​ថ្មី​នៃ​ការប្រែប្រួល​របស់​រូបិយប័ណ្ណ។

    ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ កម្ពុជា ធនាគារជាតិ បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ទំនើប និង​បាន​ដាក់ឱ្យ​ដំណើរការប្រព័ន្ធ​ទូទាត់​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain សម្រាប់​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង ដើម្បី​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ (Financial Inclusion) ដែលជា​ការផ្ដល់​វេ​សា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​គ្រប់​ស្រទាប់ តម្លាភាព គណនេយ្យភាព និង​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន (interoperability) ជួយ​សម្រួល​ការទូទាត់​ទាំង​ក្នុងស្រុក និង​សមាហរណកម្ម​ទៅក្នុង​តំបន់៕

  • ធុញ​នឹង​ការបង្កើត​រថយន្ត​ប្រណិត ជាងឈើ​ងាក​មក​ធ្វើ​រថក្រោះ​វិញ​ម្ដង

    ធុញ​នឹង​ការបង្កើត​រថយន្ត​ប្រណិត ជាងឈើ​ងាក​មក​ធ្វើ​រថក្រោះ​វិញ​ម្ដង

    ខុសពី «កំពូល​រថយន្ត» មុនៗដែលជា​ស្នាដៃ​របស់ខ្លួន រថពាសដែក EBR 105 ថ្មី​ដែល​ធ្វើ​ពី​ឈើ​នេះ​ត្រូវបាន​ច្នៃ​ឡើង​ដោយយោង​ទៅតាម​លំនាំ​នៃ​រថយន្ត Mitsubishi។

    ក្រោយពី​មានឈ្មោះ​ល្បី​ទាក់ទង​នឹង​ផលិតផល​ធ្វើ​ពី​ឈើ ថ្មីៗនេះ បុរស​ជនជាតិ​វៀតណាម ម្នាក់ ឈ្មោះ Truong Van Dao បន្ត​បញ្ចេញស្នាដៃ​ថ្មី ប្លែក​ជាង​មុន។ ផលិតផល​ថ្មី​ជា​រថពាសដែក EBR 105 ធ្វើ​អំពី​ឈើ​នេះ យក​គំរូ​តាម​រថយន្ត Mitsubishi ជំនាន់​ចាស់។

    រថពាសដែក​ EBR 105

    យាន​យោធា EBR 105 គឺជា​រថពាសដែក​រប​ស់​កងទ័ព​នៃ ប្រទេស​បារាំង ធ្វើការ​ចល័ត​ដោយ​កង់​ចំនួន 8 គ្រាប់ និង​បំពាក់​កាំភ្លើង​ធំ។

    មុនពេល​បង្ហាញ​រថពាសដែក EBR 105 ធ្វើ​អំពី​ឈើ​នេះ បុរស​ជនជាតិ​វៀតណាម Truong Van Dao ក៏​ធ្លាប់បាន​ច្នៃ​ឈើ​ទៅជា​រថយន្ត​ប្រណិត​ជាច្រើន​ប្រភេទ​មកហើយ មានដូចជា Bugatti Chiron, Lamborghini Sian Roadster, Ferrari GTO 250 និង BMW 328 ជាដើម៕

  • មនុស្ស​អាច​រុញច្រាន​ផែនដី​​គេច​ចេញ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ដើម្បី​រក្សា​ជីវិត ដោយ​ប្រើ​រ៉ុក្កែត​យក្ស​នៅ​ប៉ូល​ខាងត្បូង

    មនុស្ស​អាច​រុញច្រាន​ផែនដី​​គេច​ចេញ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ដើម្បី​រក្សា​ជីវិត ដោយ​ប្រើ​រ៉ុក្កែត​យក្ស​នៅ​ប៉ូល​ខាងត្បូង

    នៅពេល​ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ច្រើន​ហួស ការ​រុញ​ផែនដី​ឱ្យចេញ​ឆ្ងាយ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រុញច្រាន​ដ៏​មហិមា អាចជា​ជម្រើស​មួយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​គិតដល់។

    ក្នុង​រយៈពេល​មួយ​ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​បញ្ចេញ​កម្ដៅ​ខ្លាំង​ជាង​បច្ចុប្បន្ន នាំឱ្យ​បរិមាណ​នៃ​អុកស៊ីសែន​នៅលើ​ផែនដី​ត្រូវ​ថយចុះ​រហូតដល់​ថ្នាក់​មិនអាច​ទ្រទ្រង់​ជីវិត​ស្មុគស្មាញ​បន្តទៀត​បាន នេះ​បើតាម​អត្ថបទ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី Nature Geoscience។

    អ្នកវិទ្យាសាស្ត្រ Ethan Siegel បានលើកឡើង​នូវ​ដំណោះស្រាយ​ដ៏​មហាអស្ចារ្យ​មួយ នោះ​គឺ​ការដំឡើង​ម៉ាស៊ីន​រ៉ុក្កែត​ខ្នាត​យក្ស​នៅ​តំបន់​ប៉ូល​ខាងត្បូង ដើម្បី​ផ្លាស់​ទី​គន្លង​គោចរ​របស់​ផែនដី។

    ជាការ​ពិត បរិ​មាណនៃ អេ​ល្យូ​ម ក្នុង​ស្នូល​របស់​ព្រះអាទិត្យ ចេះតែ​កើនឡើង​ទៅតាម​ពេលវេលា ដែលនាំឱ្យ​វា​រួញ​ចូល​មកវិញ​ដោយសារតែ​កម្លាំង​ទំនាញ បណ្ដាលឱ្យ​ស្នូល​ខាងក្នុង​ព្រះអាទិត្យ​ឡើង​កម្ដៅ​កាន់តែខ្លាំង ធ្វើឱ្យ​ដំណើរ​នៃ​ប្រតិកម្ម​នុយ​ក្លេ​អែរ​កាន់តែ​លឿន​ជាង​មុន។ ប្រការនេះ​នឹង​នាំឱ្យ​បរិមាណ​ថាមពល​ដែល​ព្រះអាទិត្យ​បញ្ចេញ​មក​ក្រៅ ត្រូវ​កើនឡើង​ប្រហែល 10% ក្នុង​រយៈពេល​មួយ​ពាន់​លាន​ឆ្នាំ ខណៈដែល​ផែនដី​មានតែ​ខែល​ធម្មជាតិ​ប៉ុណ្ណោះ​សម្រាប់​ការពារ​ខ្លួន។ ដូច្នេះហើយ​បានជា អ្នកវិទ្យាសាស្ត្រ Ethan Siegel លើកឡើង​នូវ​វិធីសាស្ត្រ​នេះ។

    លោក Ethan Siegel គណនា​ឃើញថា ផែនដី​ត្រូវ​ការផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ប្រមាណ 4.9% បន្ថែមទៀត ពី​គ​ម្លា​ត់​មធ្យម 149.6 លាន​គីឡូម៉ែត្រ ឡើងទៅ 164 លាន​គីឡូម៉ែត្រ ដើម្បី​រក្សា​បរិ​មាណនៃថា​ម​ពល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យ​ឱ្យនៅ​ដូច​បច្ចុប្បន្ន។

    https://www.youtube.com/watch?v=gieE-9NZeY4

    ម៉ាស៊ីន​ដែល​ប្រើប្រាស់​សម្រាប់​ការផ្លាស់​ទី​ផែនដី​នេះ នឹងត្រូវ​ការ​ថាមពល​ច្រើនជាង 500,000 ដង ធៀប​នឹង​ថាមពល​សរុប​ដែល​មនុស្សជាតិ​បង្កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរពាន់​លាន​ឆ្នាំ។ សាស្ត្រាចារ្យ Ethan Siegel ថ្លែងថា ប្រភព​ថាមពល​នេះ អាច​ត្រូវ​បានផ្ដល់​ដោយ​ប្រព័ន្ធ​ផ្ទាំង​សូ​ឡា​ដ៏​មហិមា។

    ម៉ាស៊ីន​រុញច្រាន​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​ប៉ូល​ខាងត្បូង​របស់​ផែនដី។ វា​នឹងមិន​រាំងស្ទះ​ដល់​ទិសដៅ​បច្ចុប្បន្ន​របស់​ផែនដី ហើយ​ឆ្លងកាត់​រាប់លាន​ឆ្នាំ វា​អាច​នាំ​ផែនដី​ទៅកាន់​គន្លង​គោចរ​ធំ​ជាង និង​សុវត្ថិភាព​ជាង ធៀប​នឹង​ព្រះអាទិត្យ។

    យន្តការ​នៃ​ការផ្លាស់​ទី​អាច​រួមមាន​ទាំង​ការបាញ់​ចេញ​នូវ​រលក​នៃ​គ្រាប់​ដែល​ផ្ទុក​អគ្គិសនី ដែល​អាច​រុញច្រាន​ផែនដី​ទៅមុខ​ដោយ​ប្រើ​គោលការណ៍​រូបវិទ្យា​ដូច​ទៅនឹង​ការបាញ់​បង្ហោះ​រ៉ុក្កែត​ចូលទៅក្នុង​ទី​អវកាស ប៉ុន្តែ​ទាមទារ​ឱ្យមាន​ថាមពល​ប្រហាក់ប្រហែល​នឹងការបាញ់​រ៉ុក្កែត​ឡើង​ទី​អវកាស​ចំនួន 300,000,000,000,000,000,000 ដង​ឯណោះ។

    យោងតាម​សាស្ត្រាចារ្យ Siegel គន្លង​គោចរ​ថ្មី​នឹង​នាំ​ផែនដី​ចេញពី​ផ្លូវ​គោចរ​របស់​វត្ថុ​អវកាស​មួយចំនួន និង​ចូល​ទៅដល់​ផ្លូវ​ហោះហើរ​របស់​វត្ថុ​អវកាស​ដទៃ។ ប៉ុន្តែ យើង​អាច​សម្រេច​គោលដៅ​នៃ​ការកាត់បន្ថយ​បរិមាណ​វិទ្យុសកម្ម​ដែល​ជះ​ចេញពី​ព្រះអាទិត្យ​មកលើ​ផែនដី៕

  • SEA Games 31 ត្រូវបាន​ប្ដូរ​កាលបរិច្ឆេទ​ថ្មី ខណៈ ASEAN Para Games ឆ្នាំនេះ​ក៏ត្រូវ​លុបចោល

    SEA Games 31 ត្រូវបាន​ប្ដូរ​កាលបរិច្ឆេទ​ថ្មី ខណៈ ASEAN Para Games ឆ្នាំនេះ​ក៏ត្រូវ​លុបចោល

    វៀតណាម បានសម្រេច​លើក​ព្រឹត្តិការណ៍ SEA Games 31 ទៅធ្វើ​នៅ​ត្រីមាស​ទី​ពីរ ឆ្នាំ 2022 ព្រមទាំង​សម្រេច​មិន​ប្រារព្ធ​ព្រឹត្តិការណ៍ ASEAN Para Games 11 ផងដែរ។

    យោងតាម​ប្រភពព័ត៌មាន​ពី ប្រទេស​វៀតណាម SEA Games 31 នៅ​ប្រទេស​នេះ ត្រូវបាន​លើក​ទៅធ្វើ​នៅ​ត្រីមាស​ទី​ពីរ ឆ្នាំ 2022 ជំនួស​ឱ្យ​ការចាប់ផ្ដើម​នៅ​ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2021 ដោយសារតែ​បញ្ហា COVID-19។ យោងតាម​កាលបរិច្ឆេទ​ថ្មី ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍ SEA Games 31 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ខែឧសភា ឆ្នាំ 2022។ ក្រៅពីនេះ វៀតណាម ក៏បាន​សម្រេច​មិន​ប្រារព្ធ​ព្រឹត្តិការណ៍ Paragames 11 ផងដែរ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ។

    SEA Games 31 តាម​គម្រោង នឹងមាន​មនុស្ស​ចូលរួម​ប្រមាណ 20,000 នាក់ មកពី​ក្រុម​កីឡាករ​ចំនួន 11 ក្រុម នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុម​កីឡាករ​នឹង​ប្រកួតប្រជែង​នៅក្នុង​វិញ្ញាសារ​ចំនួន 40 នៅ ប្រទេស​វៀតណាម។

    នេះ​គឺជា​លើក​ទី​ពីរ​ដែល ប្រទេស​វៀតណាម ទទួល​ប្រារព្ធ​ព្រឹត្តិការណ៍ SEA Games បន្ទាប់ពី​បានធ្វើ​ជា​ម្ចាស់ផ្ទះ​លើកទីមួយ​កាលពី​ឆ្នាំ 2003៕

  • វគ្គ​ជម្រុះ​ពូ​ល K នៃ​ព្រឹត្តិការណ៍ AFC U23 Asian Cup 2022៖ ជប៉ុន ឈ្នះ កម្ពុជា 4-0

    វគ្គ​ជម្រុះ​ពូ​ល K នៃ​ព្រឹត្តិការណ៍ AFC U23 Asian Cup 2022៖ ជប៉ុន ឈ្នះ កម្ពុជា 4-0

    នៅក្នុង​ការប្រកួត​ជម្រុះ​ពូ​ល K នៅ​កីឡដ្ឋាន J-Village នៃ​ព្រឹត្តិការណ៍ AFC U23 ASIAN CUP 2022 ក្រុម​ម្ចាស់ផ្ទះ ជប៉ុន ក្រោម​អាយុ23 ឆ្នាំ បាន​យកឈ្នះ​ក្រុម កម្ពុជា ក្រោម​អាយុ 23 ឆ្នាំ ដោយ​លទ្ធផល 4-0 កាលពី​ថ្ងៃ​អង្គារ ទី 26 ខែតុលា ឆ្នាំ 2021។

    នៅក្នុង​វគ្គ​ទីមួយ ក្រុម កម្ពុជា បាន​ចាញ់ ក្រុម​ជប៉ុន ក្នុង​លទ្ធផល 0-2 ខណៈ​វគ្គ​ទី 2 ក្រុម ជប៉ុន ក៏បាន​បន្ត​ឈ្នះ 2 គ្រាប់​ទៀត។ ពេលនេះ ពូ​ល K ក្រុម U23 ជប៉ុន ឈរ​លេខ 1 ដោយ​រកបាន 3 ពិន្ទុ។ ចំណែក​ក្រុម កម្ពុជា រកបាន 3 ពិន្ទុ ឈរ​លេខ 2 បន្ទាប់ពី​បានឈ្នះ​ក្រុម ហុងកុង 4-2 កាលពី​ថ្ងៃទី 23 ខែតុលា។

    ស្អែក​នេះ ក្រុម ជប៉ុន នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម ហុងកុង ដើម្បី​អាច​ឡើងទៅ​វគ្គ 16 ក្រុម ដោយ​ស្វ័យប្រវត្តិ សម្រាប់​វគ្គ​ជម្រុះ​នៃ​ជុំ​ផ្តាច់ព្រ័ត្រ។

    វគ្គ​ជម្រុះ AFC U23 ASIAN CUP Uzbekistan 2022 មាន​ក្រុម​ចូលរួម​សរុប​ចំនួន 41 ក្រុម មកពី​ទូទាំង​ទ្វីបអាស៊ី ដោយ​បែង​ចែកជា 11 ពូ​ល ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ 1 នៃ​ពូ​ល នីមួយៗ រួម​នឹង​ក្រុម​ចំណាត់ថ្នាក់​លេខ 2 ល្អ​បំផុត​ចំនួន 4 ក្រុម (សរុប 16 ក្រុម) នឹងត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​នៃ​ជុំ​ផ្តាច់ព្រ័ត្រ នៅ ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ឆ្នាំ 2022៕

  • Tesla មានឈ្មោះ​ក្នុង​ក្លឹប​នៃ​បណ្ដា​ក្រុមហ៊ុន​តម្លៃ​លាន​លាន​ដុល្លារ ខណៈ Elon Musk រកបាន​រាប់សិប​ពាន់​លាន​ដុល្លារ​កាលពី​ម្សិលមិញ

    Tesla មានឈ្មោះ​ក្នុង​ក្លឹប​នៃ​បណ្ដា​ក្រុមហ៊ុន​តម្លៃ​លាន​លាន​ដុល្លារ ខណៈ Elon Musk រកបាន​រាប់សិប​ពាន់​លាន​ដុល្លារ​កាលពី​ម្សិលមិញ

    មូល​ប​ត្រ Tesla បាន​កើនឡើង 13% កាលពី​ម្សិលមិញ (25/តុលា) ដែល​ជា​ការ​ឡើង​ថ្លៃ​​ខ្ពស់បំផុត​រាប់​ចាប់​តាំង​ពី​ដើមខែ​មីនា ឆ្នាំ​ 2021​ ជួយ​ឱ្យ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក នេះ បាន​កើនឡើង​លើសពី 1 លាន​លាន (ទ្រី​លាន/1000,000,000,000) ដុល្លារ​អាម៉េរិក។

    យោងតាម​សារ​ព័ត៌មាន​ Bloomberg ក្រុមហ៊ុន Tesla គឺជា​ក្រុមហ៊ុន​ដែល​សម្រេចបាន​គោលដៅ​នៃ​មូលធន​ទីផ្សារ 1 លាន​លាន​ដុល្លារ លឿន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់ពី Facebook ដោយ​ចំណាយពេល​តែ​ជាង 11 ឆ្នាំ រាប់​ចាប់​ពីថ្ងៃ​ធ្វើ IPO ក្នុង​ខែមិថុនា ឆ្នាំ 2010។ ដូច្នេះ ក្លឹប​នៃ​ក្រុមហ៊ុន​ដែលមាន​មូលធន​ទីផ្សារ 1 លាន​លាន​ដុល្លារ​បច្ចុប្បន្ន រួមមាន ក្រុមហ៊ុន Facebook, Amazon, Microsoft, Alphabet និង Tesla ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់ អាម៉េរិក។

    មូល​ប​ត្រ Tesla បាន​ឡើងថ្លៃ​ខ្លាំង​បន្ទាប់ពី​ក្រុម​ហ៊ុន​ Hertz Global Holdings បាន​បញ្ជា​ទិញ​រថយន្ត​ចំនួន 100,000 គ្រឿង។ នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​ប្រកបដោយ​មហិច្ឆតា​ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​រថយន្ត​អគ្គិសនី​សម្រាប់​ជួល​របស់ Hertz Global Holdings។

    មហាសេដ្ឋី Elon Musk

    នេះ​អាចជា​ការជួញដូរ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ហើយ​វា​នាំមក​នូវ​ចំណូល 4.2 ពាន់​លាន​ដុល្លារ​ដល់ Tesla។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

    គ្រាន់តែ​ក្នុង​ថ្ងៃ​ម្សិលមិញ មហាសេដ្ឋី Elon Musk ដែលជា CEO របស់​ក្រុម​ហ៊ុន​ Tesla ក៏​រកបាន​ប្រាក់​ចំនួន 36.2 ពាន់​លាន​ដុល្លារ។ Bloomberg ឱ្យដឹងថា បច្ចុប្បន្ន មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ មានទ្រព្យ​ចំនួន 288.6 ពាន់​លាន​ដុល្លារ​អាម៉េរិក៕