Category: សង្គម និងសេដ្ឋកិច្ច

  • រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​បើក​​​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ខណៈ​ដែល​​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ

    រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​បើក​​​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ខណៈ​ដែល​​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ

    អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​រាជធានី អនុវត្ត​វិធានការ​នៃ​ការហាម​មិនឱ្យ​បើក​អាជីវកម្ម ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​​ដែល​ស្ថិត​នៅក្នុង​ភូមិ​សាស្ត្រ​​រាជធានី​ភ្នំពេញ។

    បទបញ្ជា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ ភ្នំពេញ នា​រសៀល​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 នៅ​សាលា​រាជធានី​ភ្នំពេញ។

    ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​ហើយ ប៉ុន្តែ​ចំពោះ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺ​មិន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នោះទេ ខណៈ​ភោជនីយដ្ឋាន និង​បៀរហ្គាឌិន ត្រូវបាន​អនុញ្ញាត។ ការដាក់​បម្រាម​នេះ ត្រូវបាន​អភិបាល​រាជធានី ពន្យល់ថា ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺជា​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19។

    ឯកឧត្តម អភិបាល ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ រៀបចំ អនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន ឱ្យបាន​ល្អ នៅពេល​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

  •  វ៉ាក់សាំង​បង្ការ​ COVID-19 នាពេល​អនាគត អាច​គ្រាន់តែ​ជា «បង់​បិទ​លើ​ស្បែក»

     វ៉ាក់សាំង​បង្ការ​ COVID-19 នាពេល​អនាគត អាច​គ្រាន់តែ​ជា «បង់​បិទ​លើ​ស្បែក»

    វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ដូច​ទៅនឹង​ឧបករណ៍​បិទ​លើ​ស្បែក អាច​ឱ្យជួយ​មនុស្ស​ក្នុង​ពិភពលោក ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​ងាយស្រួល។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី កំពុង​ស្រាវជ្រាវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មួយ​ប្រភេទ ដែល​អាច​រក្សាទុក​ក្នុង​សីតុណ្ហភាព​បន្ទប់ និង​អាច​ប្រើប្រាស់​ដោយ​មិនចាំបាច់​ប្រើ​ម្ជុលចាក់​ដូច​សព្វថ្ងៃ។ ព័ត៌មាន​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Scientific Advances។

    ប្រភពព័ត៌មាន​ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ​មួយក្រុម​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បាន​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​សម្រាប់​បិទ​លើ​ស្បែក។ វា​ជា​ឧបករណ៍​តូច​មួយ មាន​រាង​ជា​រង្វង់​មូល​សំប៉ែត បិទ​ភ្ជាប់​លើ​កំភួនដៃ​ផ្នែក​ខាងលើ។ បន្ទះ​បិទ​នេះ​មាន​ទំហំ 7×7 ម.ម។ នៅលើ​វា​មាន​ក្បាល​ម្ជុល​ចំនួន 5,000 ដែលមាន​តួនាទី​បញ្ជ្រាប​វ៉ាក់សាំង​ចូលទៅក្នុង​ស្រទាប់​ស្បែក។

    មិន​ដូច​ទៅនឹង​ម្ជុលចាក់​ថ្នាំ​បច្ចុប្បន្ន ក្បាល​ម្ជុល​ចំនួន 5,000 នេះ មាន​រូបរាង​ល្អិត​ខ្លាំង ដូច្នេះ វា​មិន​បឺត​ឈាម ឬ​ប៉ះពាល់​ដល់​ក្បាល​សរសៃវិញ្ញាណ​ដែលនាំឱ្យ​មាន​អារម្មណ៍​ឈឺ​នោះឡើយ។

    បច្ចេកវិទ្យា​នេះ ត្រូវបាន​គេ​ហៅថា បង់​ម្ជុល​ល្អិត (microneedle) ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បញ្ចូល​ថ្នាំ អាំង​សូលី​ន ឱ្យ​អ្នកជំងឺ​ទឹកនោម​ផ្អែក និង​ថ្នាំ​ដទៃទៀត។ វ៉ាក់សាំង​បង់​ម្ជុល​ល្អិត​នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Queensland រចនា​ឡើង​ដើម្បី​ការពារ​មនុស្ស​ពី​ជំងឺ COVID-19 ប៉ុន្តែ មកដល់​បច្ចុប្បន្ន វា​ទើបតែ​ត្រូវបាន​ពិសោធ​នៅលើ​កណ្ដុរ​ប៉ុណ្ណោះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍ​វ៉ាក់សាំង​ខាងលើនេះ ដោយ​វិធី​ស​ម្ងួ​ត​ពិសេស ដើម្បី​កែប្រែ​ប្រូតេអ៊ីន​បន្លា​នៅលើ COVID-19 ឱ្យទៅជា​ទម្រង់​ម្សៅ។ ក្រោយមក ពួកគេ​យក​ម្សៅ​នេះ​ទៅ​លាប​លើ​ក្បាល​ម្ជុល​ល្អិត។

    ក្នុងការ​ពិសោធ ក្រុម​ស្រាវជ្រាវ​រកឃើញថា បង់​បិទ​វ៉ាក់សាំង​នេះ​នៅតែ​មានគុណ​ភាពល្អ​ដដែល​ក្នុង​រយៈពេល​មួយខែ នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ និង​ឡើងដល់​មួយ​សប្ដាហ៍​ពេល​ដាក់​ក្នុង​សីតុណ្ហភាព 40 អង្សា​សេ។ ការពិសោធ​លើ​កណ្ដុរ​បង្ហាញថា បង់​បិទ​វ៉ាក់សាំង​នេះ​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង COVID-19 ខ្ពស់ជាង ធៀប​នឹង​វ៉ាក់សាំង​ដែល​ចាក់​ដោយ​ម្ជុល​ធម្មតា។

    David Muller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​នៅក្នុង​ក្រុម​ខាងលើ និង​ជា​អ្នកឯកទេស​ជាន់ខ្ពស់​មួយរូប​នៅ​សាកលវិទ្យាល័យ Queensland ឱ្យដឹងថា៖ «យើង​បានទទួល​នូវ​ការឆ្លើយតប​ដ៏​អស្ចារ្យ»៕

  • សិស្សានុសិស្ស អាច​ប្រើប្រាស់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង ចៀសវាង​ការបាត់បង់​ច្បាប់ដើម

    សិស្សានុសិស្ស អាច​ប្រើប្រាស់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង ចៀសវាង​ការបាត់បង់​ច្បាប់ដើម

    សារ​សំឡេង​ពិសេស​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​ការប្រើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង​សម្រាប់​សិស្សានុសិស្ស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 បន្ទាប់ពី​មានការ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្រោយពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ជុំទីមួយ​ទទួលបាន​ជោគជ័យ។

    នៅក្នុង​សារ​ជា​សំឡេង​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ រៀបចំ​អនុញ្ញាត​ឱ្យប្រើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង​សម្រាប់​សិស្សានុសិស្ស​យកទៅ​សាលារៀន​ដើម្បី​ការពារ​ការបាត់បង់ ឬ​ខូចខាត​ច្បាប់ដើម​នៃ​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

    https://www.youtube.com/watch?v=n-bb3TsfjiU

    ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី 1 ខែវិចិ្ឆកា ឆ្នាំ 2021​ រួម​មាន​៖

    – អាយុ 6 ឆ្នាំ​ – 11 ឆ្នាំ = 101.46%
    – អាយុ 12 – 17 ឆ្នាំ = 97.93%
    – អាយុ 18 ឆ្នាំ ឡើងទៅ = 100.05%

     

  • អា​រ៉ា​ប៊ី​សា​អូឌីត បើក​ការសាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» ប្រវែង​រាប់រយ​គីឡូម៉ែត្រ

    អា​រ៉ា​ប៊ី​សា​អូឌីត បើក​ការសាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» ប្រវែង​រាប់រយ​គីឡូម៉ែត្រ

    ទីក្រុង​អនាគត​នៅលើ​សមុទ្រ​ខ្សាច់ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​រហូតដល់ មួយ​សែន​លាន​ដុល្លារ (100,000,000,000) មិន​ប្រើប្រាស់​រថយន្ត ហើយ​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​ស្អាត។

    ព្រះអង្គម្ចាស់ Mohammed bin Salman របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ខែមករា ឆ្នាំ 2021 បានប្រកាស​ជា​លើកដំបូង​នូវ​គម្រោង​សាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» (The Line) ដែលមាន​ប្រវែង 170 គីឡូម៉ែត្រ។ បច្ចុប្បន្ន គ្រឿងចក្រ​នានា​កំពុងតែ​ដឹកជញ្ជូន​ដី និង​ជីក​ផ្លូវ​ក្រោម​ដី ទម្លុះ​ភ្នំ ដើម្បី​សាងសង់​ទីក្រុង​បណ្ដោយ​ត្រង់​បី​ជាន់ រួមមាន តំបន់​លើដី​សម្រាប់​មនុស្ស​ដើរ និង​ពីរ​ជាន់​នៅក្រោម​ដី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ និង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ។ Nadhmi Al-Nasr ដែលជា​អ្នកគ្រប់គ្រង​គម្រោង បានឱ្យដឹងថា នេះ​គឺជា​សំណង់​ដ៏​មហិមា។

    ជំនួស​ឱ្យ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម និង​ពង្រីក​ទៅ​ទី​ជុំវិញ ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង កំពុង​ពិចារណា​លើ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម​ចំនួន​ពីរ ហើយ​សាងសង់​ឆ្ពោះទៅកាន់​តំបន់​កណ្ដាល។

    ដោយ​លាតសន្ធឹង​ពី​ជួរ​ភ្នំ​នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដល់​សមុទ្រ​ក្រហម ទីក្រុង​បណ្ដោយ​ត្រង់ នេះ អាចឱ្យ​មនុស្ស​មួយ​លាន​នាក់​រស់នៅ​បាន ជាមួយនឹង​ការតភ្ជាប់​ដោយ​ផ្លូវ​ល្បឿន​លឿន និង​មធ្យោបាយ​ធ្វើដំណើរ​ស្វ័យប្រវត្ត​ជាច្រើន​ប្រភេទ។ សាលារៀន ភោជនីយដ្ឋាន ហាង និង​ទីតាំងផ្សេងៗ សុទ្ធតែ​ស្ថិតនៅលើ​រង្វង់​ដែល​មនុស្ស​អាច​ដើរ​ដល់​ក្នុង​រយៈពេល 5 នាទី និង​ពុំមាន​ទីតាំង​ណាមួយ​ដែល​ត្រូវធ្វើ​ដំណើរ​លើសពី 20 នាទី​នោះឡើយ។

    ដោយសារ​តែមាន​រូបរាង​បណ្ដោយ​ត្រង់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សុទ្ធតែ​នៅក្រោម​ដី ដូច្នេះ ទីក្រុង​នេះ​ក៏​ជួយ​ការពារ​ធម្មជាតិ​នៅលើ​ដី​បាន 95% ផងដែរ។ ប្រជាជន​អាច​ចូលមក​រស់នៅក្នុង​ទីក្រុង​ថ្មី​នេះ​ចាប់ពី​ឆ្នាំ 2024។

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត វិនិយោគ​ប្រមាណ​ពី មួយ​សែន​លាន ទៅ​ពីរ​សែន​លាន​ដុល្លារ សម្រាប់​ការសាងសង់​ទីក្រុង​បណ្ដោយ​ត្រង់នេះ។ តាម​ផែនការ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ថ្មី​ដល់​មនុស្ស​ចំនួន 380,000 នាក់ និង​ជួយ​ឱ្យ GDP របស់​ប្រទេស​នេះ​កើន​បន្ថែម​ប្រមាណ 48 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2030។

    ទីក្រុង​បណ្ដោយ​ត្រង់នេះ​គឺជា​គម្រោង​ដំបូង​មួយ​ដែល​ស្ថិតក្នុង​គម្រោង​មេ Neom ដែលជា​មហា​ទីក្រុង​ស្វយ័ត​មួយ​មានតម្លៃ 5 សែន​លាន​ដុល្លារ គ្របដណ្ដប់​លើ​ផ្ទៃដី 25,900 គីឡូម៉ែត្រ​ក្រឡា នៅក្នុង​ខេត្ត Tabuk របស់ អា​រ៉ា​ប៊ី​សា​អូឌីត ជិត​ព្រំដែន​នៃ ប្រទេស​ហ្ស៊​កដា​នី និង ប្រទេស​អេ​ហ្ស៊ី​ប។ Neom គឺជា​មហា​គម្រោង​ប្រកបដោយ​មហិច្ឆតា​ដែល​អាចជួយ អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ការពឹង​ផ្អែកលើ​រ៉ែ​ប្រេង និង​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដូច​ទៅនឹង​ជ្រលង​ភ្នំ Silicon នៅ សហរដ្ឋ​អាម៉េរិក។

    ទីក្រុង​នេះ​នឹង​ប្រើប្រាស់​តាក់ស៊ី​ហោះ រ៉ូ​បូត​ដាយ​ណូ​ស័​រ និង​ភោជនីយដ្ឋាន​កម្រិត​ផ្កាយ Michelin ខ្ពស់បំផុត​ក្នុង​ពិភពលោក។ តំបន់​នេះ​នឹង​ត្រូវបាន​ប្ដូរផ្លាស់​ដោយ​ការប្រើប្រាស់​ម៉ាស៊ីន​បង្កើត​ភ្លៀង។ Neom ក៏​នឹងមាន​ឧទ្យាន​ផ្កាថ្ម​ធំ​បំផុត​ក្នុង​លោក ខ្សាច់​បញ្ចេញ​ពន្លឺ និង​ព្រះ​ចន្ទ​សិប្បនិម្មិត​ដ៏​ធំ​ដែល​ភ្លឺ​នៅពេល​យប់។ មហា​ទីក្រុង​នេះ​នឹង​ប្រើ​ថាមពល​ដែល​បាន​ពី​ខ្យល់ ពី​ព្រះអាទិត្យ និង​បច្ចេកវិទ្យា​ទំនើប​ប្រែក្លាយ​ទឹក​ឱ្យទៅជា​អុកស៊ីសែន និង​អ៊ីដ្រូសែន ដើម្បី​ប្រើប្រាស់​ជំនួស​ប្រេងឥន្ធនៈ៕

  • ពលរដ្ឋ​អាម៉េរិក តុបតែង​ខ្លួន​ជា​វីរុស​ COVID-19 និង​វ៉ាក់សាំង​ជា​ដើម​ ក្នុង​រាត្រី​នៃ​ពិធីបុណ្យ​ហា​ឡូ​វីន

    ពលរដ្ឋ​អាម៉េរិក តុបតែង​ខ្លួន​ជា​វីរុស​ COVID-19 និង​វ៉ាក់សាំង​ជា​ដើម​ ក្នុង​រាត្រី​នៃ​ពិធីបុណ្យ​ហា​ឡូ​វីន

    ប្រជាជន​ជាច្រើន​ក្រុម នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​តុបតែង​ខ្លួន​ទៅតាម​ប្រធានបទ​ដែល​ទាក់ទង​នឹង COVID-19 ក្នុង​ការហែក្បួន នា​រាត្រី​បុណ្យ​ហា​ឡូ​វីន លើកដំបូង ក្នុងអំឡុង​ពីរ​ឆ្នាំ​កន្លង។

    កាលពី​យប់​ថ្ងៃទី 31 តុលា ទីក្រុង​នី​វ​យ៉​ក របស់ សហរដ្ឋ​អាម៉េរិក មាន​ព្រឹត្តិការណ៍​ហែ​ក្បួន​នៅក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន​ដំបូង ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ក្រោយពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​ត្រូវបាន​លុបចោល​ដោយសារ​បម្រាម​គោចរ​ប្រឆាំង COVID-19។

    ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នកខ្លះ​ពាក់​ឈុត​ដែល​បង្ហាញ​អំពី​ប័ណ្ណ​ចាក់​វ៉ាក់សាំង អ្នកខ្លះ​ជ្រើសរើស​ឈុត​ម្ជុលចាក់​វ៉ាក់សាំង Pfizer និង​អ្នកខ្លះ​ក៏​ពាក់​ឈុត​ជា​រូបរាង​របស់​វីរុស COVID-19 ខណៈ​អ្នក​ផ្សេងទៀត​ក៏​កាន់​រូប​គ្រោងឆ្អឹង​មនុស្ស។ ទាំងនេះ​គឺ​ដើម្បី​រំលឹក​គ្រប់គ្នា​ឱ្យ​ចងចាំ​រោគរាតត្បាត​នេះ ក៏ដូចជា​អំពាវនាវ​ដល់​អ្នកដទៃ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ភ្លាម បើសិនជា​អាច។

    ហា​ឡូ​វីន (Halloween) គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ប​ណ្ដា​ប្រទេស​លោកខាងលិច ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 31 តុលា រៀងរាល់ឆ្នាំ។

    ពិធីបុណ្យ​​ហាឡូវីន​ នេះ ​ជា​ចំនុច​សម្គាល់​នៃ​ការបញ្ចប់​រដូវ​ប្រមូល​ផល និង​ចាប់ផ្ដើម​រដូវរងា។ ទន្ទឹមនឹងនេះ វា​ក៏​ជា​ពិធីបុណ្យ​ដែល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ដែល​បាន​លាចាក​លោក​ផងដែរ៕

     

  • កោះរ៉ុង ជា​​សួគា៌ និង​ជា​គោលដៅ​ដែល​មិនគួរ​មើលរំលង នៅពេល​សម្រេចចិត្ត​ដើរទេស​ចរណ៍

    កោះរ៉ុង ជា​​សួគា៌ និង​ជា​គោលដៅ​ដែល​មិនគួរ​មើលរំលង នៅពេល​សម្រេចចិត្ត​ដើរទេស​ចរណ៍

    កោះរង់​ដែលមាន​សម្រស់​ដ៏​ស្រស់ត្រកាល​ស្ថិតនៅ​លំហ​សមុទ្រ​នៃ​ខេត្ត ព្រះសីហនុ គឺជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំងបី​របស់ កម្ពុជា ដែល​ត្រូវ​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍ ចាប់ពី​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021។

    ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​នៃ​វិស័យ​ទេសចរណ៍​នឹង​ស្ដែង​ឱ្យឃើញ​កាន់តែច្បាស់ នៅពេល កម្ពុជា សម្រេច​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ ពិសេស​គឺ​ការបើកទ្វារ​ទទួល​ទេសចរ​មកកាន់​ទីក្រុង ព្រះសីហនុ និង កោះរ៉ុង នៃ​ខេត្ត ព្រះសីហនុ រួម​នឹង តារា​សាគរ នៃ​ខេត្ត កោះកុង ចាប់ពី​ថ្ងៃទី 30 វិច្ឆិកា ហើយ​បន្ទាប់មកទៀត​គឺ​ខេត្ត សៀមរាប ចាប់ពី​ឆ្នាំ 2022។

    ក្រោយ​ជោគជ័យ​របស់​កម្មវិធី «ប្រអប់​ខ្សាច់» Phuket នៅ ប្រទេស​ថៃ មាន​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ក៏​កំពុង​ជំរុញ​ការអនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នេះ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ។

    នៅ កម្ពុជា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ដោយបាន​នាំមុខគេ ធៀប​នឹង​ប្រទេស​ភាគច្រើន​ក្នុង​តំបន់។ ជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង រួម​នឹង​អត្រា​អ្នក​ឆ្លង COVID-19 ថ្មី ត្រឹម​ក្រោម 100 នាក់/ថ្ងៃ គឺជា​កម្លាំង​ដែល​រុញច្រាន កម្ពុជា ដល់​ដំណាក់កាល​បើកទ្វារ​សេដ្ឋកិច្ច សង្គម ឡើងវិញ ក្នុងនោះ ទេសចរណ៍​គឺជា​វិស័យ​ដ៏​សំខាន់។

    យោងតាម​កម្មវិធី​ទេសចរណ៍​នៃ​ខេត្ត ព្រះសីហនុ អ្នក​ទេសចរណ៍​គ្រាន់តែ​បង្ហាញ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង COVID-19, ធានារ៉ាប់រង​សុខភាព និង​លទ្ធផល​តេស្ត​អវិជ្ជមាន 72 ម៉ោង មុនពេល​ចេញដំណើរ។ ពួកគេ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ដើរ​កំសាន្ត​គ្រប់កន្លែង​ក្នុង​រយៈពេល 5 ថ្ងៃ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក។

    អ្នក​ទេសចរណ៍​ក៏​អាច​មុជ​ទឹក​ គយគន់​ផ្កាថ្ម​ផងដែរ​

    ឋានសួគ៌​ធម្មជាតិ ដែល​អ្នក​ទេសចរណ៍​មិនគួរ​មើលរំលង

    ជា​យូរ​មកហើយ កម្ពុជា មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភពលោក ទាក់ទង​នឹង​វប្បធម៌ ប្រាសាទបុរាណ​ដ៏​ច្រើន និង​សម្បូរបែប។ ក៏ប៉ុន្តែ នេះ​មិនមែនជា​ទីតាំង​ទេសចរណ៍​តែមួយ​ដែល​ភ្ញៀវ​អាច​ទទួលបាន​បទពិសោធ​ន៍​នោះទេ។ កម្ពុជា នៅមាន​កោះ​តូចធំ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត មិន​ចាញ់​តំបន់​ដទៃ​ឡើយ។ ក្នុងនោះ គេ​ក៏​មិនត្រូវ​មើលរំលង កោះរ៉ុង និង កោះរ៉ុង​សន្លឹម។

    កោះរ៉ុង គឺជា​កោះ​ដែលមាន​ផ្ទៃដី​ធំ​លំដាប់​កំពូល​មួយ​នៅ កម្ពុជា ដោយមាន​ផ្ទៃដី 78 គីឡូម៉ែត្រ​ក្រឡា និង​មាន​ឆ្នេរ​ខ្សាច់​ប្រកបដោយ​ភាព​ទាក់ទាញ​រហូតដល់ 23 កន្លែង។ ទីនេះ ល្បី​ឈ្មោះថា​មាន​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ ដែល​ត្រូវបាន​ទេសចរ​ប្រសិទ្ធ​នាម​ថា «ឋានសួគ៌» ពេលវេលា​ល្អ​បំផុត​សម្រាប់​ដំណើរ​កំសាន្ត​មកកាន់ កោះរ៉ុង គឺ​ក្នុង​ខែឧសភា និង​ខែវិច្ឆិកា។ សីតុណ្ហភាព​ក្នុងអំឡុង​ពេលនេះ ប្រហែល​ពី 25 ទៅ 40 អង្សា​សេ។

    ចាប់ពី​ខែធ្នូ រហូតដល់​ខែមេសា ទឹកសមុទ្រ​នឹង​ប្រែជា​ពណ៌​ខៀវស្រងាត់ ឆ្នេរ​ខ្សាច់​សក្បុស ស្រស់ស្អាត ជំនោរ​សមុទ្រ​ដ៏​បរិសុទ្ធ​ជាមួយនិង​សម្រស់​ធម្មជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ទេសភាព​ដែល​ស្រស់ស្អាត​បំផុត គឺ​នៅក្នុង​ខែកុម្ភៈ។ ឆ្នេរ​ខ្សាច់​ល្បី​ជាងគេ​របស់ កោះរ៉ុង មានដូចជា ឆ្នេរ​ឡុង​សិត (Long Set), ឆ្នេរ​ខាង​និរតី​នៃ​កោះរុង (Southwestern beach, Kohrong), ឆ្នេរ​សុខសាន្ត រី​សត ឬក៏​គេ​ច្រើន​ហៅថា ឆ្នេរ​សុខសាន្ត កោះរ៉ុង, ឆ្នេរ​ខ្សាច់ វ៉ៃ​ត៍ (White)។ល។

    ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​នៅ​លើ​ កោះ​រ៉ុង​

    ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​កំសាន្ត​នៅតាម​ឆ្នេរ​ខ្សាច់​របស់ កោះរ៉ុង ក៏​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​អស្ចារ្យ​នៅពេល​ព្រះអាទិត្យ​ជិត​អស្ដង្គត​ផងដែរ។

    ភ្ញៀវទេសចរ​មិនបាច់​បារម្ភ​ពី​ការ​អត់​កន្លែង​ស្នាក់នៅ ហូបចុក​នោះទេ ពីព្រោះថា​នៅទីនេះ​មាន​ទាំង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បារ ផ្ទះ​ស្នាក់ ផ្ទះសំណាក់ សណ្ដា​គារ បឹង​ហ្កា​ឡូ និង​រី​សត​ជាដើម​បើក​បម្រើ​ដល់​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​សូម​កក់​ទុក​មុន ដើម្បី​មាន​ភាពងាយស្រួល​ជាង៕

  • កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​ជាបណ្តើរៗ

    កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​ជាបណ្តើរៗ

    សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​បើក​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​ជាបណ្តើរៗ ចាប់ពី​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ​តទៅ ដោយ​ការរស់នៅ​តាម​ប្រក្រតីភាព​ថ្មី ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

    នា​វិមាន​សន្តិភាព ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា៖ «ថ្ងៃនេះ​ជាមួយនឹង​ការប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជុំទីមួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស យើង​ក៏​ប្រកាស​បើក​ទំព័រ​ថ្មី​មួយទៀត គឺ​ការរស់នៅ​ជាមួយ COVID-19 ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រក្រតីភាព​ថ្មី តាមរយៈ​ការបើក​ឡើងវិញ​ជាបណ្តើរៗនូវ​សកម្មភាព​សង្គម-សេដ្ឋកិច្ច និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​គ្រប់ផ្នែក និង​គ្រប់​វិស័យ ប្រសិនបើ​មិនមាន​ប្រភេទ​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ឡើងវិញ​ដល់​សុខភាព​សាធារណៈ​នោះទេ យើង​អាច​វាយតម្លៃ​បាន​ថា ប្រទេសជាតិ​យើង​ទាំងមូល​កំពុង​ចាប់ផ្ដើម​ចាក​ចេញពី​វិបត្តិ​នៃ COVID-19 នេះ ក្នុង​ភាពរឹងមាំ ត្រឡប់​ទៅរក​មាគ៌ា នៃ​កំណើន និង​ការអភិវឌ្ឍ»។

    គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ការចាក់​វ៉ាក់សាំង​នៅ ​កម្ពុជា រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់​បាន 100%, ទី​ពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់​បាន 97.89% និង​ទី​បី៖ អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់​បាន 101.22%។

  • សម្ដេច​តេជោ​ បញ្ជាក់​ថា អនុញ្ញាតឱ្យ​ពលរដ្ឋ​​រៀប​​អាពាហ៍​ពិពាហ៍​ធម្មតា​​ តែ​​ទ្រង់ទ្រាយ​តូច

    សម្ដេច​តេជោ​ បញ្ជាក់​ថា អនុញ្ញាតឱ្យ​ពលរដ្ឋ​​រៀប​​អាពាហ៍​ពិពាហ៍​ធម្មតា​​ តែ​​ទ្រង់ទ្រាយ​តូច

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​មិនបាន​ហាមឃាត់​ប្រជាពលរដ្ឋ​រៀប​អាពាហ៍ពិពាហ៍​នោះទេ ប៉ុន្តែ មិនឱ្យ​មានកម្ម​វិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ ដើម្បី​គោរព​តាម​វិធាន​សុខាភិបាល បំណង​បង្ការ​ជំងឺ COVID-19។

    នៅឯ​វិមាន​សន្ដិភាព ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ សម្រាប់​ក្រុម​ពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ដល់​កុមារ អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែងថា រដ្ឋាភិបាល​អនុញ្ញាតឱ្យ​រៀបការ​ធម្មតា ប៉ុន្តែ ការរៀបចំ​ពិធី​រៀបការ​ត្រូវមាន​មនុស្ស​ក្រោម 50 នាក់ និង​មានការ​រក្សា​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​នានា។

    ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល​បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19។

    ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​លើកទឹកចិត្ត​ពលរដ្ឋ​ដើរ​កម្សាន្ត​ឱ្យបាន​ច្រើន ដោយ​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ COVID-19 ជាមួយនឹង​ការពាក់​ម៉ាស ការរក្សា​គម្លាត និង​គោរព​តាម​វិធានការ​សុខាភិបាលផ្សេងៗទៀត៕

  • ស្ងាត់ៗ ប្រេងសាំង​ឡើងថ្លៃ ជាង 200 រៀល​ក្នុង​មួយ​លីត្រ

    ស្ងាត់ៗ ប្រេងសាំង​ឡើងថ្លៃ ជាង 200 រៀល​ក្នុង​មួយ​លីត្រ

    នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដីជូនដំណឹង​ស្ថី​ពី ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅតាម​ស្ថានីយ​លក់​ប្រេង​ក្នុងស្រុក។

    ប្រេង​ឥន្ទ​នៈ​ដែល​លក់រាយ​នៅ កម្ពុជា នឹងត្រូវ​លក់​ក្នុងតម្លៃ 4,550 រៀល/លីត្រ សម្រាប់​សាំង​ធម្មតា និង 4,100 រៀល/លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។ តម្លៃ​នេះ​នឹងត្រូវ​អនុវត្ត​សម្រាប់​រយៈពេល​ពីថ្ងៃ​ទី 1 ខែវិច្ឆិកា ឆ្នាំ 2021 ដល់​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021។

    តម្លៃ​ប្រេង​ខាងលើ​ត្រូវបាន​កំណត់ដោយ​យោងទៅលើ​ប្រកាស​អន្តរក្រសួង តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​អន្តរជាតិ ការព្រមព្រៀង​របស់​ប​ណ្ដា​ក្រុមហ៊ុន​លក់​ប្រេង​នៅ កម្ពុជា និង​ការ​បញ្ចុះតម្លៃ​ពី​រដ្ឋាភិបាល។

    ដូច្នេះ ប្រេងសាំង​សម្រាប់​ថ្ងៃទី 1 វិច្ឆិកា ដល់ 15 វិច្ឆិកា ឆ្នាំ 2021 ត្រូវ​ឡើងថ្លៃ 250 រៀល សម្រាប់​សាំង និង 100 រៀល សម្រាប់​ប្រេងម៉ាស៊ូត៕

  • ជាងភ្លើង​កាត់​ប្រដាប់ភេទ​របស់​មនុស្ស​ជិត​ 10 នាក់ នៅ អាល្លឺម៉ង់

    ជាងភ្លើង​កាត់​ប្រដាប់ភេទ​របស់​មនុស្ស​ជិត​ 10 នាក់ នៅ អាល្លឺម៉ង់

    (អាល្លឺម៉ង់)- ជាងភ្លើង​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ដោយសារ​អះអាងថា​ខ្លួន​ជា​អ្នកឯកទេស​ផ្នែក​សុខាភិបាល និង​បាន​កាត់ចោល​ប្រដាប់ភេទ​របស់​បុរស​ជាច្រើន​នាក់។

    នៅក្នុង​សវនាការ​មួយនា​ទីក្រុង Munich កាលពី​ថ្ងៃទី 28 តុលា ជាងភ្លើង​ម្នាក់​អាយុ 66 ឆ្នាំ បាន​សារភាពថា បាន​កាត់ចោល​ប្រដាប់ភេទ​របស់​បុរស​ចំនួន 8 នាក់ ចាប់តាំងពី​ខែកក្កដា ឆ្នាំ 2018 ដល់​ខែមីនា ឆ្នាំ 2020។ ជនជាប់ចោទ​នេះ​បាន​​និយាយ​ថា ខ្លួន​បានធ្វើការ​វះកាត់​ទៅតាម​សំណើ​របស់​មនុស្ស​ទាំងនោះ។

    ជននេះ​ក៏បាន​បដិសេធ​លើ​ការចោទប្រកាន់​ដែលថា ខ្លួន​បានធ្វើឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ក្រោយពី​ទទួល​ការវះកាត់។ 3 សប្ដាហ៍​បន្ទាប់មក ប៉ូលិស​បាន​រកឃើញ​សាកសព​នៅក្នុង​ធុង​មួយ។

    ដំបូង​ឡើយ ជនជាប់ចោទ បានប្រកាស​លក់ខ្លួន​នៅលើ​គេហទំព័រ​របស់​ក្រុមសង្គមងងឹត​នានា​ដើម្បី​រកប្រាក់​មក​សងបំណុល។ ក្រោយមក ជននេះ​បាន​អះអាងថា ខ្លួន​ជា​គ្រូពេទ្យ​ឯកទេស ហើយ​បានធ្វើ​ការវះកាត់​ប្រដាប់ភេទ​នៅក្នុង​ផ្ទះបាយ​របស់ខ្លួន នៅឯ​ទីរួមស្រុក Markt Schwaben។

    ចៅក្រម​បាន​ចោទ​ជនសង្ស័យ​នេះ​ពីបទ​មនុស្សឃាត ព្រោះតែ​មិនបាន​ហៅ​ឡានពេទ្យ​សង្គ្រោះបន្ទាន់ រួម​នឹង​បទ​ចោទ​បង្ក​របួស​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​អ្នកដទៃ៕