សំនួរក្នុងកិច្ចសម្ភាសប្រកបដោយភាពរីករាយរបស់មហាសេដ្ឋី អាម៉េរិក Jeff Bezos គឺ៖ «មានបង្អួចសរុបចំនួនប៉ុន្មាន នៅក្នុងទីក្រុង?»។
អត្ថបទនេះគឺជាការចែករំលែករបស់នាង Ann Hiatt ដែលជាអតីតអ្នកយុទ្ធសាស្ត្រមួយរូបនៅជ្រលងភ្នំ Silicon (silicon valley) នៃរដ្ឋ California សហរដ្ឋអាម៉េរិក។ នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទងនឹងការងារជាសហការិនី ឬជំនួយការរបស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរូប មានដូចជា មហាសេដ្ឋី Jeff Bezos, Marissa Mayer និង Eric Schmidt ជាដើម។ ថ្មីៗនេះ Hiatt បានបង្កើត និងទទួលភារកិច្ចជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានអតិថិជនជា CEO របស់បណ្ដាក្រុមហ៊ុននៅទូទាំងពិភពលោក។
«ខ្ញុំបានដាក់ពាក្យសុំការងារជាជំនួយការនៅឯក្រុមហ៊ុន Amazon កាលពីឆ្នាំ 2002។ កាលណោះ ខ្ញុំមិនបានស្គាល់អ្នកណាទាំងអស់នៅក្នុងក្រុមហ៊ុន និងមិនមានសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ថែមទាំងមិនមានបទពិសោធន៍ក្នុងកិច្ចការជាលេខារបស់ CEO ណាមួយនោះដែរ។
ហើយនេះគឺជាបទពិសោធន៍នៃកិច្ចសម្ភាសសុំការងាររបស់ខ្ញុំ នៅ Amazon ៖
កិច្ចសម្ភាសដំបូងរបស់ខ្ញុំនៅឯក្រុមហ៊ុន Amazon ច្រើនដល់ថ្នាក់វិលមុខ។ ខ្ញុំបានសម្ភាសផ្ទាល់ជាមួយជំនួយការជាន់ខ្ពស់ទាំងអស់របស់ក្រុមហ៊ុននេះ ក្នុងចំណោមនោះ មានខ្លះស៊ីពេលពេញមួយថ្ងៃ។
ជាងនេះ ក៏មានកិច្ចសម្ភាសមួយដែលធ្វើឡើងនៅក្នុងបន្ទប់ងងឹត មានតែពន្លឺអេក្រង់កុំព្យូទ័រដែលពេញដោយកូដ និងអំពូលភ្លើងរាត្រីច្រើនពណ៌នៅឯជ្រុងបន្ទប់។ ប៉ុន្តែ វាមិនចម្លែកប៉ុន្មានទេ ព្រោះធ្លាប់ជួបរឿងនេះ (ឪពុក ម្ដាយរបស់ខ្ញុំគឺជាអ្នកធ្វើការក្នុងវិស័យនេះ)។
នាង Ann Hiatt បច្ចុប្បន្នគឺជា CEO របស់ក្រុមហ៊ុនប្រឹក្សាយល់ ដែលអតិថិជនគោលដៅសុទ្ធតែជា CEO នៃបណ្ដាក្រុមហ៊ុនអន្តរជាតិ ប៉ុន្មានខែក្រោយមក ខ្ញុំគិតថា ប្រហែលជាធ្លាក់បាត់ហើយ ព្រោះមិនមានការឆ្លើយតបសោះ។ ប៉ុន្តែ បុគ្គលិកធនធានមនុស្សម្នាក់របស់ Amazon បានហៅទូរស័ព្ទ និងអញ្ជើញខ្ញុំទៅសម្ភាសលើកចុងក្រោយ។ ប៉ុន្តែ ម្នាក់នេះមិនបានប្រាប់ថា ខ្ញុំនឹងត្រូវសម្ភាសជាមួយមហាសេដ្ឋី Jeff Bezos នោះឡើយ។
សំនួរដំបូងនៅក្នុងកិច្ចសម្ភាសជាមួយម្ចាស់ Amazon
ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តនៅពេលត្រូវសម្ភាស។ Bezos ឈានជើងចូលដល់ អង្គុយទល់មុខនឹងខ្ញុំ រួចក៏ណែនាំខ្លួន។ គាត់ប្រាប់ថា នឹងសួរតែពីរសំនួរគត់ ហើយសំនួរដំបូងនឹងជាសំនួរ «សប្បាយរីករាយ»។
«ខ្ញុំចង់ឱ្យអ្នកគណនា។ មានបង្អួចចំនួនប៉ុន្មាននៅក្នុងទីក្រុង?» លោក Bezos និយាយបណ្ដើរ គូររូបបង្អួចនៅលើក្ដារខៀនបណ្ដើរ។
ភ្លាមនោះ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ក្រោយមក ខ្ញុំក៏ដកដង្ហើមមួយយ៉ាងវែងដើម្បីសម្រួលអារម្មណ៍ និងរំលឹកខ្លួនឯងអំពី «គោលបំណង» របស់ Bezos នៅពេលសួរសំនួរនោះ។ ខ្ញុំគិតថា ប្រការនេះគឺដើម្បីសង្កេតមើលថា តើខ្ញុំរហ័សរហួនដល់កម្រិតណា ហើយគាត់ចង់ឃើញវិធីដែលខ្ញុំបំបែកបញ្ហាស្មុគស្មាញជាចំណែកតូចៗ ដើម្បីគ្រប់គ្រង។
ខ្ញុំចាប់ផ្ដើមដោយលើកឡើងអំពីចំនួនប្រជាជននៅទីក្រុង Seattle (ប្រហែល 1 លាននាក់)។ បន្ទាប់មក ខ្ញុំលើកឧទាហរណ៍ថា ក្នុងមនុស្សម្នាក់មានផ្ទះមួយខ្នង រថយន្តមួយគ្រឿង និងការិយាល័យមួយ ឬសាលារៀនមួយកន្លែង ដែលទាំងអស់នេះសុទ្ធតែមានបង្អួច។ ហើយយើងក៏ចាប់ផ្ដើមគណនាជាមួយគ្នា ដោយពិនិត្យមើលរាល់ករណីដែលអាចកើតឡើង ប្រក្រតីភាព រួមនឹងករណីលើកលែង។ ខ្ញុំនិយាយ ចំណែក Bezos បង់លេខទៅលើក្ដារខៀន។ កិច្ចការនេះស៊ីពេលអស់ជាង 10 នាទី មុននឹងគាត់សរសេរអំពីការប៉ាន់ស្មានចុងក្រោយ រួចបញ្ចេញយោបល់៖ «ស្ដាប់ទៅ ទំនងត្រូវ»។
ដូច្នេះ សំនួរ «សប្បាយរីករាយ» ក៏បានបញ្ចប់។
នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទងនឹងការងារជាសហការិនី ឬជំនួយការរបស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន សំនួរទីពីររបស់លោក Jeff Bezos ៖ «តើគោលដៅនៃមុខរបររបស់អ្នកគឺជាអ្វី?»
ខ្ញុំនិយាយថា Amazon ត្រូវបានគេបញ្ជាក់ថា ជាក្រុមហ៊ុនមួយដែលពោរពេញដោយមនុស្សដែលមានមហិច្ឆតា និងការជាប់ចិត្ត។ ខ្ញុំចង់ដូចពួកគាត់ និងរៀនសូត្រពីពួកគាត់។ ចំនុចខ្លាំងរបស់ពួកគាត់គឺជាអ្វីដែលខ្ញុំចង់រីកចម្រើន។ ទោះបីកន្លងមក ខ្ញុំមានបំណងក្លាយជាសាស្ត្រាចារ្យ ប៉ុន្តែ ខ្ញុំបានផ្លាស់ប្ដូរការគិត ហើយចង់ទទួលបានបទពិសោធន៍ពីក្រុមហ៊ុន Amazon។
ខ្ញុំក៏បានបន្ថែមថា ខ្ញុំមិនមានបទពិសោធន៍ធ្វើការជាជំនួយការ ប៉ុន្តែ តែងតែយល់ច្បាស់អំពីសារសំខាន់ដែលគួរនៅក្រៅរង្វង់សុវត្ថិភាពដើម្បីអភិវឌ្ឍខ្លួន និងដើម្បីជោគជ័យ។
បន្ទាប់មក Bezos មិនបានទុកឱ្យខ្ញុំត្រូវរង់ចាំទៀតនោះទេ គាត់ប្រកាសនៅនឹងកន្លែងថា ខ្ញុំត្រូវបានជ្រើសរើស។ គាត់ក៏បង្ហាញតុធ្វើការរបស់ខ្ញុំដែលមានចម្ងាយប្រហែល 3 ជំហាន ពីកន្លែងអង្គុយរបស់គាត់។ នោះគឺជាតុដែលនៅជិតកន្លែងធ្វើការរបស់ Bezos ជាងគេ នៅក្នុងក្រុមហ៊ុននេះ។
ពេលវេលាបានកន្លងទៅអស់ជាច្រើនឆ្នាំ ទើបខ្ញុំយល់អំពីមូលហេតុដែល Bezos បែរជាផ្ដល់ឱកាសការងារដល់បេក្ខភាពដែលមិនមានបទពិសោធន៍ដូចខ្ញុំ។ គាត់មានបំណងបង្កើតក្រុមបុគ្គលិកដែលពេញដោយមហិច្ឆតា ច្នៃប្រឌិតក្នុងការងារ ដោយមិនគិតដល់ការដែលពួកគេខ្វះជំនាញមួយចំនួន៕