Category: សង្គម និងសេដ្ឋកិច្ច

  • ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ នឹង​សាង​សង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក

    ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ នឹង​សាង​សង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក

    ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មាន​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក ដោយ​ប្រភព​ទុនវិនិយោគ​ដំបូង​នឹង​ត្រូវបាន​ប្រមូល​ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់​ប្រាក់​ឌីជីថល​មួយ​នេះ។

    ប្រធានាធិបតី Nayib Bukele នៃ​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ (El Salvador) កាលពី​ថ្ងៃទី 20 វិច្ឆិកា បានប្រកាស​អំពី​ព័ត៌មាន​ខាងលើ​នៅក្នុង​គ្រា​ដែល​ប្រទេស​អាម៉េរិក​ខាងត្បូង​នេះ រួម​ជាមួយនឹង​ប្រទេសផ្សេងៗក្នុង​តំបន់ កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​វិស័យ​ប្រាក់​ឌីជីថល។

    លោក Nayib Bukele បាន​ថ្លែងថា ប្រទេស​របស់លោក​នឹង​ចាប់ផ្ដើម​ប្រមូល​ទុនវិនិយោគ​ពី​ប្រភព​មូល​ប​ត្រ​បំណុល Bitcoin នៅពេល​វា​ត្រូវបាន​បោះផ្សាយ​ក្នុង​ឆ្នាំ 2022។

    ទីក្រុង​នេះ​នឹង​មាន​រូប​រាង​មូល​ តំណាង​ឱ្យ​រូប​រាង​របស់​កាក់​ ហើយ​នឹង​ត្រូវ​បាន​សាង​សង់​នៅ​​ភាគ​អាគ្នេយ៍នៃ​តំបន់​ La Unión ​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ លោក Nayib Bukele។

    ប្រធានាធិបតី Nayib Bukele នៃប្រទេសអែលសាល់វ៉ាឌ័រ (El Salvador)

    ទន្ទឹមនឹង​ការប្រកាស​របស់​មេដឹកនាំ​នៃ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ប្រធាន​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Blockstream លោក Samson Mow ឱ្យដឹងថា ចំពោះមុខ អែល​សាល់​វ៉ា​ឌ័​រ នឹង​បោះផ្សាយ​មូល​ប​ត្រ Bitcoin តម្លៃ 1,000 លាន​ដុល្លារ​អាម៉េរិក ដើម្បី​ប្រមូល​ទុនវិនិយោគ​សម្រាប់​គម្រោង​សាងសង់​ខាងលើ។

    សូម​រំលឹកថា កាលពី​ខែកញ្ញា ឆ្នាំ 2021 ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅក្នុង​ការជួញដូរ ទូទាត់ បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​ច្បាប់ Bitcoin កាលពី​ថ្ងៃទី 9 មិថុនា 2021៕

  • (វីដេអូ)-លុយ «ធ្លាក់​មក​លើ​ផ្លូវ​​ដូច​ទឹកភ្លៀង» ប្រជាជន​អាម៉េរិក នាំគ្នា​ចុះ​រើស ធ្វើឱ្យ​ប៉ូលិស​មានការ​ងារ​ត្រូវធ្វើ​បន្ត

    (វីដេអូ)-លុយ «ធ្លាក់​មក​លើ​ផ្លូវ​​ដូច​ទឹកភ្លៀង» ប្រជាជន​អាម៉េរិក នាំគ្នា​ចុះ​រើស ធ្វើឱ្យ​ប៉ូលិស​មានការ​ងារ​ត្រូវធ្វើ​បន្ត

    «នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ» Bagby និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram «មាន​គេ​ធ្វើឱ្យ​ប្រាក់​ជ្រុះ​ពេញ​ផ្លូវ​ល្បឿ​លឿន»។

    ព្រឹក​ថ្ងៃទី 19 វិច្ឆិកា រថយន្ត​ពាស​ដែក​មួយគ្រឿង​ដែល​ដឹក​ប្រាក់ បាន​បើកទ្វារ ធ្វើឱ្យ​ថង់​ដាក់​ប្រាក់​ធ្លាក់​ពីលើ​រថយន្ត នាំឱ្យ​ប្រាក់​ជ្រុះ​មកលើ​ដី​ដូច​ទឹកភ្លៀង នៅលើ​ផ្លូវ San Diego។ ម្ចាស់​រថយន្ត​នានា​នាំគ្នា​ឈប់​រថយន្ត ហើយរ​ត់ទៅ​រើស​ប្រាក់ ធ្វើឱ្យ​ផ្លូវត្រូវ​ស្ទះ​យ៉ាងយូរ។ នេះ​បើតាម​ក្រុម​ល្បាតផ្លូវ​ល្បឿន​លឿន California (CHP)។

    មនុស្ស​យ៉ាងតិច​ចំនួន​ពីរ​នាក់​ត្រូវ​បានដាក់​ខ្នោះដៃ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ពួកគេ​បិទ​សោ​រថយន្ត ធ្វើឱ្យ​ស្ទះផ្លូវ។

    «យើង​កំពុងធ្វើការ​ជាមួយ FBI។ នេះ​គឺជា​ការស្រាវជ្រាវ​រួម ហើយ​បើសិន​អ្នក​រើស​បាន​ប្រាក់ ខ្ញុំ​ស្នើឱ្យ​អ្នក​យកមក​ប្រគល់ជូន​ការិយាល័យ CHP ជាបន្ទាន់ ព្រោះថា យើង​មាន​ភ័ស្ដុតាង​ច្រើនណាស់» អ្នកនាំពាក្យ​របស់ CHP បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ។

    ហេតុការណ៍​ខាងលើ​កើតឡើង​នៅលើ​ដងផ្លូវ Interstate 5 នៅ Carlsbad រដ្ឋ California កាលពី​វេលា​ម៉ោង​ប្រហែល 9 និង 30 នាទី ថ្ងៃទី 19 វិច្ឆិកា 2021។

    Demi Bagby ដែលជា​អ្នកល្បីឈ្មោះ​ម្នាក់​នៅលើ​បណ្ដាញ​សង្គម ដោយមាន​អ្នកតាមដាន​ប្រមាណ 2 លាន​នាក់ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ដែល​ខ្លួន​មាន​វត្ត​មាននៅ​កន្លែងកើតហេតុ។

    Demi Bagby និយាយ​នៅក្នុង​វីដេអូ​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram ថា៖ «នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ។ មាន​គេ​ធ្វើឱ្យ​ប្រាក់​ជ្រុះ​ពេញ​ផ្លូវ​ល្បឿ​លឿន»៕

  • ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក

    ស្ពាន​ដែល​ចំណាយ​ថវិកា​អស់​ជិត 57 លាន​ដុល្លារ​អាមេរិក និង​ចំណាយពេល​ក្នុងការ​សាងសង់​អស់ 42 ខែ នេះ តាម​គម្រោង​នឹងត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021។

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើម​នៅត្រង់​គីឡូម៉ែត្រ​លេខ 58+200 ត្រើយ​ខាងលិច ស្ថិត​លើផ្លូវ​ខេត្ត​លេខ 2714 ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅត្រង់ចំណុច​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ តាម​គម្រោង ស្ពាន​នេះ​នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021 ដោយ​វត្តមាន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្នុង​ពេល​កំពុង​សាង​សង់​កាល​ពី​ចុង​ឆ្នាំ​ 2020

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន មួយ​នេះ មាន​តួ​ស្ពាន​សុទ្ធសាធ​មាន​ប្រវែង 1,131 ម៉ែត្រ ទទឹង 13.5 ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ 5 សង់ទីម៉ែត្រ មាន​ផ្លូវ​រថយន្ត​ចំនួន 2 គន្លង ផ្លូវ​ម៉ូតូ​ចំនួន 2 គន្លង ផ្លូវ​ថ្មើរជើង​ចំនួន 2 គន្លង សម្រាប់ធ្វើ​ដំណើរ​ទៅមក។ ផ្លូវ​មេ​សងខាង​ស្ពាន ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ 71C មាន​ប្រវែង 8,323 ម៉ែត្រ។ ជា​សរុប ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង 9,454 ម៉ែត្រ។

    ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 និង​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន។

    ស្ថាន​ភាព​ស្ពាន​កាល​ពី​ថ្ងៃទី 17 វិច្ឆិកា 2021

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចំណាយ​ថវិកា​ក្នុងការ​សាងសង់​អស់ 56.998 លាន​ដុល្លារ​អាមេរិក និង​ចំណាយពេល​សាងសង់​អស់ 42 ខែ៕

  • ដល់​ពេល​ «ថ្ងៃ​ឈប់​រះ» ទីក្រុង​ខាងជើង​បង្អស់​របស់ សហរដ្ឋ​អាម៉េរិក ជិត​លិចលង់​ក្នុង​ភាព​ងងឹត​រយៈពេល 66 ថ្ងៃ

    ដល់​ពេល​ «ថ្ងៃ​ឈប់​រះ» ទីក្រុង​ខាងជើង​បង្អស់​របស់ សហរដ្ឋ​អាម៉េរិក ជិត​លិចលង់​ក្នុង​ភាព​ងងឹត​រយៈពេល 66 ថ្ងៃ

    (សហរដ្ឋ​អាម៉េរិក)-ចាប់ពី​សប្ដាហ៍​នេះ ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង Utquagvik នឹងត្រូវ​ឆ្លងកាត់ «រាត្រី​តំបន់​ប៉ូល» ដែល​អូស​បន្លាយពេល​រហូតដល់ 66 ថ្ងៃ ដោយ​ពុំមាន​ពន្លឺព្រះអាទិត្យ។

    Utqiagvik គឺជា​ទីក្រុង​នៅ​ប៉ូល​ខាងជើង​របស់ សហរដ្ឋ​អាម៉េរិក ដែលជា​តំបន់​រស់នៅ​របស់​មនុស្ស​ជាង 4,000 នាក់។ ទីក្រុង​នៃ​រដ្ឋ Alaska នេះ មាន​រហ័ស​នាម​ជាច្រើន រួមមាន «ដំបូលផ្ទះ​របស់​ពិភពលោក» និង «ចំនុច​ចាប់ផ្ដើម​នៃ​បម្រែបម្រួល​អាកាសធាតុ»។

    ចាប់ពី​សប្ដាហ៍​នេះ Utqiagvik នឹងត្រូវ​ឆ្លងកាត់ «រាត្រី​តំបន់​ប៉ូល» រយៈពេល 66 ថ្ងៃ។ ដោយ​ពុំមាន​ពន្លឺ​ថ្ងៃ សីតុណ្ហភាព​នៅទីនេះ​នឹង​ចុះ​ត្រជាក់​ខ្លាំង។ Utqiagvik មាន​សីតុណ្ហភាព​ទាប​ជាង 0 អង្សា​សេ រយៈពេល 160 ថ្ងៃ។ ដូច្នេះ ថ្ងៃ​បន្ទាប់ ព្រះអាទិត្យ នឹង​រះ​ឡើង​នៅឯ​នាយ​ជើងមេឃ នៅ​ថ្ងៃទី 22 មករា 2022។

    ពលរដ្ឋ​នៅ Utqiagvik នៅតែ​បន្ត​រស់​នៅតាម​ធម្មតា​ក្នុង​គ្រា​មិនមាន​ពន្លឺព្រះអាទិត្យ។ «មេឃងងឹត​នៅពេល​អ្នក​ត្រលប់មក​ផ្ទះ​នៅ​ថ្ងៃត្រង់។ អ្នក​ត្រូវ​បើកភ្លើង​ហ្វា​នៅវេលា​ថ្ងៃត្រង់​ដើម្បី​បរ​ឡាន​មក​ផ្ទះ។ ប្រការនេះ​ខុស​បន្តិច​ធៀប​នឹង​ពលរដ្ឋ​ដែល​រស់នៅក្នុង​រដ្ឋ​ចំនួន 48 ផ្សេងទៀត​របស់ សហរដ្ឋ​អាម៉េរិក» Myron McCumber ម្ចាស់​ផ្ទះសំណាក់​មួយកន្លែង​នៅក្នុង​ទីក្រុង Utqiagvik ប្រាប់​ពីបទ​ពិសោធន៍​ក្នុងការ​រស់នៅ។

    ភាគច្រើន​នៃ​ប្រជាជន​រស់នៅក្នុង​ខណ្ឌ North Slope របស់ Alaska គឺជា​ជនជាតិដើម Inupiat (Iñupiaq) ដែល​ពួកគេ​បានរស់នៅ​ទីនេះ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ។ ក្នុង​ប្រវត្តិសាស្ត្រ ពួកគេ​អាច​រក្សា​ជីវិត​រស់នៅក្នុង​សីតុណ្ហភាព​មហា​ត្រជាក់​បាន​ក៏​ដោយសារ​ការនេសាទ​ត្រី​បា​ឡែ​ន សត្វ​រមាំង ត្រី​នាគ តោ​សមុទ្រ និង​បក្សាបក្សី។

     

    យោងតាម​សារព័ត៌មាន Business Insider ប្រជាជន​នៅ​តំបន់ Utqiagvik ភាគច្រើន​រស់នៅ​ដាច់ដោយឡែក​ពី​ដំណើរការ​ពាណិជ្ជកម្ម​នៅក្នុង​រដ្ឋ​ចំនួន 48 ផ្សេងទៀត​របស់ អាម៉េរិក។ ទីក្រុង Utquagvik ទាំងមូល​ដែលមាន​ប្រជាជន​សរុប​ប្រមាណ 4,500 នាក់ ប៉ុន្តែ មានផ្ទះ​ត្រឹមតែ 5 ខ្នង​ប៉ុណ្ណោះ៕

  • ផ្លូវការ! ព្រឹត្តិ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​ 2029 នឹងត្រូវ​ធ្វើឡើង​នៅ កម្ពុជា

    ផ្លូវការ! ព្រឹត្តិ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​ 2029 នឹងត្រូវ​ធ្វើឡើង​នៅ កម្ពុជា

    ជា​ផ្លូវការ កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី សម្រាប់​នា​ឆ្នាំ 2029 ដែល​នេះ​គឺជា​រាយការណ៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​នៃ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

    ដំណឹង​ជា​ផ្លូវការ​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ទទួលយក​សិទ្ធិ​ជា​ផ្លូវការ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី 21 ខែវិច្ឆិកា ឆ្នាំ 2021។

    ឯកឧត្តម ថោង ខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា (NOCC) និង​ក្នុងនាម​ជា​អ្នករៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី និង​ឯកឧត្តម ឃួ​ង ស្រេង ក្នុងនាម​ម្ចាស់ផ្ទះ រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា​ជាមួយ​ប្រធានស្តីទី​នៃ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដោយ​ទទួលបាន​ការអបអរ​សាទរ​ពី​បណ្តា​ប្រទេស​ទាំង 45 នៃ ទ្វីបអាស៊ី ដោយ​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ 2029។

    គណៈប្រតិភូ​កីឡា​របស់ កម្ពុជា ដែល​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​អន្តរជាតិ នៅ ប្រទេស​អារ៉ាប់​រួម នេះ រួមមាន ប្រធាន​គណៈប្រតិភូ ឯកឧត្តម​បណ្ឌិត ថោង ខុន អមដំណើរ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​កីឡា​ដែលជា​តំណាង​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម វ៉ា​ត់ ចំរើន។ល។

  • Apple ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់​សម្រាប់​ម៉ូ​ដែល iPhone ធ្វើ​អំពី​កញ្ចក់​ថ្លា មាន​អេក្រង់​ច្រើន

    Apple ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់​សម្រាប់​ម៉ូ​ដែល iPhone ធ្វើ​អំពី​កញ្ចក់​ថ្លា មាន​អេក្រង់​ច្រើន

    ក្រុមហ៊ុន Apple របស់ អាម៉េរិក ទើបតែ​បានដាក់​ពាក្យសុំ​ចុះឈ្មោះ​ប័ណ្ណ​ប៉ាតង់​សម្រាប់​រចនាបថ​លម្អិត​នៃ​រូបរាង​របស់ iPhone ជំនាន់​ថ្មី​ដែល​ធ្វើ​អំពី​កញ្ចក់​ទាំងស្រុង ដោយមាន​អេក្រង់​ព័ទ្ធជុំវិញ អនុញ្ញាតឱ្យ​បង្ហាញ​រូបភាព​ទាំង​អេក្រង់​មុខ ទាំង​អេក្រង់​ក្រោយ។

    យោងតាម​សារព័ត៌មាន Daily Mail កញ្ចក់​អាចជា​ទិន្នាការ​ថ្មី​បំផុត​របស់ Apple ហើយ​ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​ត្រៀមខ្លួន​ក្នុងការ​បញ្ចេញ​ផលិតផល​ដែល​ប្រើប្រាស់​កញ្ចក់​ភាគច្រើន មានដូចជា​នាឡិកា​ឆ្លាត​វៃ និង​កុំព្យូទ័រ​ជាដើម។

    ពាក្យស្នើសុំ​ប័ណ្ណ​ប៉ាតង់ ទើបត្រូវ​បាន Apple បញ្ជូនទៅ​កាលពី​សប្ដាហ៍​មុន។ ប៉ុន្តែ ប្រការនេះ​មិនមែន​មានន័យថា រចនាបថ​ណាមួយ​ដែលមាន​នៅក្នុង​ពាក្យស្នើសុំ​នោះ សុទ្ធតែ​នឹងត្រូវ​បាន​ផលិត​នោះឡើយ។

    iPhone ដែល​ធ្វើ​អំពី​កញ្ចក់​ពិសេស​នេះ​ត្រូវបាន​អធិប្បាយ​ថា ដូច​ទៅនឹង​ឧបករណ៍​អេឡិចត្រូនិក​ដែលមាន​សម្បក​ជា​កញ្ចក់។

    ពាក្យស្នើសុំ​ប័ណ្ណ​ប៉ាតង់ រួមមាន​ទាំង​គំនូរ​ដែល​បង្ហាញថា ប៊ូ​តុង​មួយចំនួន​នឹងមាន​នៅលើ​អេក្រង់​កោង​ដែល​លាតសន្ធឹង​តាម​បណ្ដោយ​គែម​របស់​ទូរស័ព្ទ ក្នុងនោះ​មានដូចជា ប៊ូ​តុង Airplane mode, Wi-Fi និង ប៊ូ​តុង​គ្រប់គ្រង​សំឡេង។

    ចំនុច​ពិសេស​បំផុត​នៅក្នុង​រចនាបថ​នៃ​ទូរស័ព្ទ​នេះ​គឺ​អេក្រង់​ខាងក្រោយ ពោលគឺ​វា​មាន​ទាំង​អេក្រង់​មុខ និង​អេក្រង់​ក្រោយ។
    ឯកសារ​ថែមទាំង​បាន​បរិយាយ​ថា iPhone ថ្មី​របស់ Apple នឹងមាន​អេក្រង់​ព័ទ្ធជុំវិញ​គែម​ទាំងឡាយ​របស់​វា ដើម្បី​អនុញ្ញាតឱ្យ​ផ្ទៃ​ទាំង 6 របស់​វា​អាច​បង្ហាញ​រូបភាព ឬ​យ៉ាងហោចណាស់​ក៏ត្រូវ​បាន​បិទ​ជិត និង​មាន​រន្ធ​សម្រាប់​មុខងារផ្សេង។

    ទន្ទឹមនឹងនេះ Apple ក៏បាន​បង្ហាញ​អំពី​រចនា​រូបរាង​នៃ​នាឡិកា​ថ្លា​មើលឃើញ​គ្រឿងក្នុង និង​ប្រអប់ sever case របស់​កុំ​ព្យូ​ព័រ Mac Pro ផងដែរ។

    បើទោះជា​គំនិត​ស្ដីអំពី iPhone ធ្វើ​អំពី​កញ្ចក់​ថ្លា អាច​នឹងមិន​មានលទ្ធភាព​ត្រូវបាន​បង្កើតឡើង​ក៏ដោយ ប៉ុន្តែ រចនា​រូបរាង​បែបនេះ​អាច​បង្ហាញ​ឱ្យ​គ្រប់គ្នា​យល់​អំពី​ទិសដៅ​ថ្មី​នាពេល​អនាគត​របស់ Apple៕

  • ក្រសួងទេសចរណ៍​ជំ​រុញឱ្យ​ក្រុមហ៊ុន​ទេសចរណ៍ រៀបចំ​លក់​កញ្ចប់​ទស្ស​នា ក្នុងតម្លៃ​សរ​ម្យ ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស

    ក្រសួងទេសចរណ៍​ជំ​រុញឱ្យ​ក្រុមហ៊ុន​ទេសចរណ៍ រៀបចំ​លក់​កញ្ចប់​ទស្ស​នា ក្នុងតម្លៃ​សរ​ម្យ ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍ រៀបចំ​លក់​កញ្ចប់​ទស្ស​នា​ក្នុងតម្លៃ​មួយ​សរ​ម្យ ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ ចូលមក​ទស្សនា។

    ប្រសាសន៍​របស់លោក ត្រូវបាន​លើកឡើង​នា​ថ្ងៃទី 17 ខែវិច្ឆិកា នេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការទទួល​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19  ពេញលេញ ចូលមក កម្ពុជា នៅ​ខេត្តសៀមរាប។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

    លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អ្វីដែល​យើង​ត្រូវ​ត្រៀម គឺ​ការ​អនុវត្តតាម​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ទេសចរ​បរទេស និង​អ្នកដំណើរ​ពី​ក្រៅប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ចូលមក កម្ពុជា។

    តំបន់​ទេសចរណ៍​ភ្នំគូលេន

    គោលដៅ​តំបន់​ទេសចរណ៍សំខាន់ៗចំនួន 6 នៅ​ខេត្តសៀមរាប មានដូចជា តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វ​រ្ម័​ន្ម-នរោត្តម​ភ្នំ​គូលែន តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី តំបន់​ទេសចរណ៍​អង្គរ តំបន់​ទេសចរណ៍​ក្រុង​សៀមរាប តំបន់​ទេសចរណ៍​បឹង​ទន្លេសាប និង​តំបន់​ទេសចរណ៍​សៀមរាប​ថ្មី ត្រូវបាន​ដាក់ឱ្យអនុវត្ត​ន៍​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ 2021-2023 ផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ថោង ខុន៕

  • ព្រះ​ចន្ទ​នឹង​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ នៅក្នុង​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ប្រចាំ​​សតវត្ស ដែល​កើត​ឡើង​ក្នុង​​​សប្ដាហ៍​នេះ

    ព្រះ​ចន្ទ​នឹង​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ នៅក្នុង​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ប្រចាំ​​សតវត្ស ដែល​កើត​ឡើង​ក្នុង​​​សប្ដាហ៍​នេះ

    នៅពេល​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​កើតឡើង ពន្លឺ​មួយផ្នែក​របស់​ព្រះអាទិត្យ​នៅតែ​អាច​ឆ្លងកាត់​បរិយាកាស​ផែនដី ហើយ​ទៅដល់​ព្រះ​ចន្ទ បណ្ដាលឱ្យ​ភព​រណប​មួយ​នេះ​ប្រែជា​ពណ៌​ក្រហម។

    ចន្ទ្រគ្រាស​មួយផ្នែក​ដែលមាន​រយៈពេល​វែង​ជាងគេ​ប្រចាំ​សតវត្សរ៍ និង​វែង​ជាងគេ​ក្នុងអំឡុង 580 ឆ្នាំ នឹង​កើតមានឡើង​ក្នុង​សប្ដាហ៍​នេះ។ ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​ស្ទើរតែ​ទាំងស្រុង​នេះ កើតឡើង​នៅពេល​ចន្ទ​ពេញបូណ៌មី ហើយ​ផែនដី​គោចរ​ដល់​ចំនុចកណ្ដាល នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។

    ស្រមោល​របស់​ផែនដី គ្របដណ្ដប់​លើ​ព្រះ​ចន្ទ នាំឱ្យ​ភព​រណប​ធម្មជាតិ​នេះ​ស្ថិតក្នុង​ភាព​ងងឹត​ក្នុង​រយៈពេល​ជិត 3 ម៉ោង និង 30 នាទី។ ស្រមោល​ផែនដី​នឹង​បាំង​ពន្លឺ​ស្ទើរតែ​ទាំងអស់​ដែល​ជះ​ពី​ព្រះអាទិត្យ ធ្វើឱ្យ​ព្រះ​ចន្ទ​ប្រែ​ទៅជា​ពណ៌​ក្រហមទុំ។

    មូលហេតុ​ដែលនាំឱ្យ​ព្រះ​ចន្ទ​ត្រូវ​ប្រែ​ពណ៌​ទៅជា​ក្រហមទុំ​នេះ​គឺ​ដោយសារ​ពន្លឺ​ពី​ព្រះអាទិត្យ បើទោះជា​ត្រូវ​បាំង​ដោយ​ផែនដី ប៉ុន្តែ វា​នៅតែ​កាច់​កោង​ព័ទ្ធជុំវិញ និង​ឆ្លងកាត់​បរិយាកាស​របស់​ផែនដី​ដើម្បី​ទៅដល់​ឋាន​ព្រះ​ចន្ទ។ បរិយាកាស​ផែនដី ច្រោះ​យក​រលក​ពន្លឺ​ខ្លី​ពណ៌​ខៀវ នៅសល់តែ​រលក​ពន្លឺ​វែង​ពណ៌​ក្រហម​ដែល​អាចធ្វើ​ដំណើរ​ទៅមុខ។ នៅពេល​រលក​ពន្លឺ​ពណ៌​ក្រហម​នេះ​ឆ្លងកាត់​ផុត​បរិយាកាស​ផែនដី និង​ទៅដល់​ព្រះ​ចន្ទ វា​នឹង​បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ប្រែ​ពណ៌​ទៅតាម​ពណ៌​នៃ​ពន្លឺ​នោះ។

    ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ជាច្រើន​នៃ​ទ្វីប​អាម៉េរិក អឺរ៉ុប អូស្ដ្រាលី និង​ទ្វីបអាស៊ី អាច​មើលឃើញ​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃទី 18 និង 19 ខែវិច្ឆិកា ឆ្នាំ 2021 ប៉ុន្តែ ពេលវេលា​ជាក់ស្ដែង​នឹង​អាស្រ័យ​ទៅតាម​តំបន់នីមួយ៕

  • ខាងក្នុង​ឋានសួគ៌​លម្ហែកាយ​នៃ​ទីក្រុង​ទំនើប​របស់ ប្រទេស​កូរ៉េខាងជើង

    ខាងក្នុង​ឋានសួគ៌​លម្ហែកាយ​នៃ​ទីក្រុង​ទំនើប​របស់ ប្រទេស​កូរ៉េខាងជើង

    សាម​ជី​យ៉ុ​ន (Samjiyon) ជាទី​ក្រុង​ដែលមាន​ភ្នំ ប៉ាក​ទូ (Paektu)  ត្រូវបាន កូរ៉េខាងជើង ចាត់ទុកជា «គំរូ​របស់​វប្បធម៌​ជឿនលឿន» ដោយមាន​តំបន់​សម្រាក​លម្ហែកាយ និង​សណ្ឋាគារ​ជាច្រើន។

    (រូប​ខាងលើ​គឺ​ជា​ទិដ្ឋភាព​ទាំងមូល​របស់​ទីក្រុង សាម​ជី​យ៉ុ​ន ដែល​ស្ថិតនៅ​ជើងភ្នំ ប៉ាក​ទូ ក្នុង​ខេត្ត រី​យ៉ាង​ហ្កា​ង (Ryanggang) មើល​ពី​ទី​ខ្ពស់ នៅក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​ទីនេះ​កាលពី​ខែធ្នូ 2019)

    សាម​ជី​យ៉ុ​ន ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ហៅថា «គំរូ​នៃ​វប្បធម៌​ជឿនលឿន» ដោយ​មានផ្ទះ​ស្នាក់នៅ និង​សណ្ឋាគារ​រចនាបថ​បែប​ថ្មី រួម​នឹង​តំបន់​សម្រាក​លម្ហែកាយ​ក​ម្សា​ន្ត និង​សេវាកម្ម​ពាណិជ្ជកម្ម វប្បធម៌ និង​សុខាភិបាល។ ទីក្រុង​នេះ​អាចឱ្យ​មនុស្ស​រស់នៅ​បាន 4,000 គ្រួសារ ជាមួយនឹង​សំណង់​សាធារណៈ និង​ឧស្សាហកម្ម ដែល​លាតសន្ធឹង​នៅលើ​ផ្ទៃដី​រាបរយ​ហិកតា។

    (មេដឹកនាំ​របស់ កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong-un) ធ្វើ​ទស្សនកិច្ច​សំណង់​នានា​នៅ សាម​ជី​យ៉ុ​ន នៅក្នុង​រូបថត​ដែល​ត្រូវបាន​សារព័ត៌មាន​រដ្ឋ​ចេញផ្សាយ​កាលពី​ថ្ងៃទី 16 វិច្ឆិកា ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់លោក បន្ទាប់ពី​អវត្តមាន 35 ថ្ងៃ។)

    យោងតាម KCNA លោក គីម ជុង​អ៊ុន មកកាន់​ទីតាំង​នេះ​ដើម្បី​ត្រួតពិនិត្យ​ដំណាក់កាល​ទី​បី​នៃ​ការសាងសង់​ទីក្រុង។

    (ផ្ទះ​ស្នាក់នៅ​ដែលមាន​រចនាបថដូចៗគ្នា ត្រូវបាន​សាងសង់​នៅក្នុង​ទីក្រុង សាម​ជី​យ៉ុ​ន នៅក្នុង​រូបថត​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ខែ​មុន)

    (ប្រជាពលរដ្ឋ​កូរ៉េខាងជើង ត្រូវបាន​អនុញ្ញាតឱ្យ​រើ​មក​រស់នៅក្នុង​លំនៅឋាន​ថ្មី​ក្នុង​ទីក្រុង សាម​ជី​យ៉ុ​ន ចាប់តាំងពី​ថ្ងៃទី 20 តុលា ដល់​ថ្ងៃទី 28 តុលា 2021។)

    (ប្រជាជន​នាំគ្នា​ប្រារ​ព​ពិធី​សម្ពោធ​គេហដ្ឋាន​ថ្មី ដោយមាន​ពិធី​រាំ​របាំ និង​ច្រៀង​ចម្រៀង​ប្រពៃណី)

    ទីក្រុង​គឺជា​ទ្រព្យ​មួយ​ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ផ្នែក​សេដ្ឋកិច្ច​ធំ​បំផុត​របស់ គីម ជុង​អ៊ុន ដើម្បី​បង្ហាញឱ្យឃើញ​អំពី​កិច្ចប្រឹងប្រែង​សម្រាប់​សេដ្ឋកិច្ច​ម្ចាស់ការ។ ដំណើរការ​នៃ​ការសាងសង់​ទីក្រុង សាម​ជី​យ៉ុ​ន បាន​ជួប​ឧបសគ្គ​ជាច្រើន និង​ត្រូវ​ពន្យារពេល​ដោយសារ​បញ្ហា​ខ្វះ​គ្រឿងសំណង់ និង​កម្លាំង​ពលកម្ម ព្រោះតែ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ដើម្បី​បង្អាក់​កម្មវិធី​អភិវឌ្ឍ​អាវុធ​នុយ​ក្លេ​អែរ​របស់ ទីក្រុង​ព្យុងយ៉ាង។

    (រូប​ខាងលើ​គឺជា​ ពិធីបុណ្យ​ឆ្លាក់​ទឹកកក​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង សាម​ជី​យ៉ុ​ន កាលពី​ខែកុម្ភៈ 2020 ដើម្បី​ជាការ​រំលឹក​វិញ្ញាណក្ខន្ធ និង​ថ្ងៃកំណើត​របស់លោក គីម ជុងអ៊ីល។)

    ទីក្រុង សាម​ជី​យ៉ុ​ន នេះ បានចាប់ផ្ដើម​ដំណាក់កាល​រីក​ច្រើន​ចាប់ពី​ឆ្នាំ 2018 និង​ត្រូវបាន កូរ៉េខាងជើង ចាត់ទុកថា​ជា «ទីក្រុង​តំបន់ភ្នំ​គំរូ​ទាក់​សម័យ ទៅតាម​លទ្ធិសង្គមនិយម និង​ស្ដង់ដា​អភិវឌ្ឍ​ជនបទ»៕

  • កម្ពុជា ចាត់វិធានការ​បិទ​ខ្ទប់​​គេហ​ទំព័រ​​ចំនួន​ 79 ដោយសារ​ផ្ដល់​សេវា​មិន​ស្របច្បាប់

    កម្ពុជា ចាត់វិធានការ​បិទ​ខ្ទប់​​គេហ​ទំព័រ​​ចំនួន​ 79 ដោយសារ​ផ្ដល់​សេវា​មិន​ស្របច្បាប់

    គេហទំព័រ​ចំនួន 79 ត្រូវបាន​អាជ្ញាធរ កម្ពុជា សម្រេច​បិទ​ខ្ទប់ ក្រោយពី​បាន​រកឃើញថា ពួកគេ​បាន​ប្រតិបត្តិការ និង​ផ្ដល់​សេវា​លេងល្បែង​ស៊ីសង​ខុសច្បាប់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​នៅ កម្ពុជា។

    ចំណាត់ការ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​កិច្ចសហការ​រវាង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (ន.ទ.ក) និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា។

    ន.ទ.ក ក៏បាន​អំពាវនាវ​ឱ្យមាន​ការរាយការណ៍​ដ​ល់​អាជ្ញាធរ​ផងដែរ នូវ​គេហទំព័រ​ទាំងឡាយណា​ដែល​រកស៊ី​ខាង​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ កម្ពុជា តាមរយៈ​ទូរស័ព្ទ 6789 ឬ​បណ្ដាញ​សង្គម Facebook ៖ «និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា-Telecommunication Regulator of Cambodia»។