ឆ្នាំ ២០២១ ជិតកន្លងផុតទៅ ក្រុមហ៊ុនប្រឹក្សាយោបល់ជាច្រើនបានបញ្ចេញទិន្នន័យនៃការព្យាកររបស់ពួកគេ ក្នុងនោះក៏មានទស្សនាវដ្ដីអាម៉េរិក Forbes ផងដែរ។
Forbes បានឱ្យដឹងថា រូបមន្តធ្វើការបែប Hybrid នឹងក្លាយជានិន្នាការនៃការធ្វើការសម្រាប់ឆ្នាំ ២០២២៖
នៅក្នុងឆ្នាំ ២០២១ ដែលពោរពេញដោយឧបសគ្គព្រោះតែជំងឺរាតត្បាតសកល និងជាឆ្នាំដែលជិតកន្លងផុតទៅនេះ បើសិនអ្នកជាបុគ្គលិកធ្វើការដោយប្រើបញ្ញា អ្នកប្រាកដជាបានដឹងច្បាស់ថា ខ្លួនមានសេរីភាពជាងមុន នៅក្នុងការជ្រើសរើសពេលវេលា និងទីតាំងធ្វើការ ដែលនេះអាចជួយធ្វើឱ្យមានតុល្យភាពរវាងជីវភាពនៅឯផ្ទះ និងនៅកន្លែងធ្វើការ។
ផ្ទុយមកវិញ បើសិនអ្នកជាបុគ្គលិក «ជួរមុខ» អ្នកនឹងមានការងារច្រើនដែលត្រូវសាកល្បង។ សម្រាប់បុគ្គលិកជួរមុខក្នុងវិស័យសុខាភិបាល លក់រាយ អប់រំ ដឹកជញ្ជូន និងសន្តិសុខជាដើម នោះពាក្យថា «ធ្វើការដោយការរួមផ្សំ» (Hybrid Working) ទំនងជាមិនសូវប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក។ ជំនួសមកវិញ អ្នកទទួលបានជំនួយច្រើនពីបច្ចេកវិទ្យា ដើម្បី «ធ្វើឱ្យមានស្ថិរភាព» ក្នុងការរស់នៅ។
ធ្វើការតាមបែបរួមផ្សំ ឬហៅថា បែប Hybrid (Hybrid Working) គឺជារូបមន្តរួមផ្សំរវាង «ការធ្វើការពីចម្ងាយ ឬពីផ្ទះ» ជាមួយនឹង «ការធ្វើការក្នុងការិយាល័យ»។ នៅពេលនិយាយអំពីរូបមន្តធ្វើការបែប Hybrid ទស្សនាវដ្ដី Forbes ឱ្យដឹងថា ឆ្នាំ ២០២២ នឹងបន្តមាន ៣ ទម្រង់សំខាន់ៗ គឺ កន្លែងធ្វើការប្រមូលផ្ដុំ, ការគ្រប់គ្រងពីចម្ងាយបែបវិមជ្ឈការ និងវិធីសាស្ត្ររួមផ្សំរវាងរូបមន្តទាំង ២ ខាងលើ។
ដោយសារតែផលប៉ះពាល់ពីជំងឺរាតត្បាត បរិស្ថានធ្វើការក្នុងឆ្នាំ ២០២២ នឹងប្រែជាមានច្រើនបែបច្រើនយ៉ាងជាងបច្ចុប្បន្ន សម្រាប់បុគ្គលិកជ្រើសរើស ជំនួសឱ្យការធ្វើតាមការកំណត់របស់ស្ថាប័ន ក្រុមហ៊ុន។ ប្រការនេះបង្ហាញថា ក្រុមហ៊ុននានាក៏សម្របខ្លួនទៅតាមស្ថានការណ៍ នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយនឹងបុគ្គលិក និយោជិត ហើយពេលនោះ គំនិតស្ដីអំពីកន្លែងធ្វើការប្រមូលផ្ដុំក៏ចាប់ផ្ដើមថយចុះកាន់តែទាប។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនសវនកម្ម KPMG របស់ ហូឡង់ នៅក្នុងអំឡុងជំងឺរាតត្បាតឆ្នាំ ២០២០ ក្រុមហ៊ុនធំៗចំនួន ៦៩% គ្រោងនឹងកាត់បន្ថយទំហំរបស់ការិយាល័យ។ ដើម្បីឆ្លើយតបនឹងស្ថានការណ៍ជាក់ស្ដែង បុគ្គលិក និយោជិតនឹងត្រូវធ្វើការពីចម្ងាយជាញឹកញាប់ រហូតដល់លែងធ្វើការនៅក្នុងការិយាល័យ ហើយបន្ទប់ប្រជុំនឹងត្រូវបានយកមកធ្វើជាកន្លែងសម្រាប់ជួយដល់កម្លាំងដែលធ្វើការពីចម្ងាយ។
របាយការណ៍ថ្មីមួយរបស់ Loom បង្ហាញថា ៩០% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានប្រាប់ថា មានការសប្បាយរីករាយជាងមុន ដោយសារកាន់តែទទួលបានសេរីភាពនៅពេលពួកគេធ្វើការពីផ្ទះ។ ប្រការនេះបង្ហាញថា នេះអាចជាទិន្នាការថ្មីដែលមានលក្ខណៈជា «ការពិត ជាក់ស្ដែង» សម្រាប់ការធ្វើការនៅក្នុងឆ្នាំ ២០២២៕









ប្រធានក្រុមហ៊ុន China Three Gorges Corporation លោក Lei Mingshan បានឱ្យដឹងថា ការសាងសង់គម្រោងនេះនឹងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ ទាក់ទងនឹងការអភិវឌ្ឍចំការផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅលើផ្ទៃសមុទ្រក្នុងទ្រង់ទ្រាយធំ និងប្រមូលផ្ដុំនៅ ប្រទេសចិន ក៏ដូចជានៅក្នុងតំបន់ទឹកជ្រៅ។


ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០២១នេះ មានភាពអធិកអធមណាស់ ទោះជាដំណើរកម្សាន្តលើកនេះមានលក្ខណៈតូចជាងឆ្នាំមុនៗក៏ដោយ តែគឺពេញដោយភាពសប្បាយរីករាយ និងភាពស្និតស្នាលគ្នារវាងអ្នកចូលរួមទាំងអស់ ក្រោមការរៀបចំកម្មវិធីកម្សាន្តជាច្រើនពីសំណាក់ក្រុមហ៊ុន ដែលមានដូចជា ការបោះតង់គេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនប្រមាណ៧០គ្រឿងធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ទេសចរបែបធម្មជាតិថ្មីមួយនៅលើទឹកដីប្រទេសកម្ពុជា ដែលមានទេសភាពដ៏ស្រស់ត្រកាល និងមានអាកាសធាតុត្រជាក់ចិត្ត ត្រជាក់កាយ អមដោយព្រៃភ្នំពណ៌បៃតងស្រស់ មានផ្លូវបត់បែនដូចអន្ទង់ ហើយតាមរយៈការធ្វើដំណើរលើកនេះ អតិថិជន FORD ទាំងអស់ក៏បានទទួលនូវបទពិសោធន៍ថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន និងបានទៅទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីកម្ពុជាយើងមិនតិចនោះទេ។ ក្រៅពីការរីករាយជាមួយការធ្វើដំណើរ និងទេសភាពនៅតាមដងផ្លូវ អ្នកចូលរួមទាំងអស់ក៏បានរីករាយកម្សាន្តជាមួយនឹងការងូតទឹកអូរលេងជុំគ្នា ការថតរូបលេងជាមួយទេសភាពដ៏ស្រស់ស្អាតនៅរមណីដ្ឋានកែច្នៃដែលមានឈ្មោះថា កាហ្វេភ្នំ ដែលស្ថិតនៅលើភ្នំ១៥០០ និងការទស្សនាព្រំដែនថ្មដា ដែលជាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ ចំណែកឯនៅពេលរាត្រីចូលមកដល់ អ្នកចូលរួមនៅក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារ FORD Adventure ឆ្នាំ២០២១ទាំងអស់ ក៏ទទួលបាននូវភាពរីករាយប្លែកអារម្មណ៍មួយបែបទៀត ជាមួយនឹងការច្រៀងរាំកម្សាន្តជួបជុំគ្នាវិញម្តង ដែលកម្មវិធីទាំងនេះបានញ៉ាំងឱ្យដំណើរកម្សាន្តលើកនេះកាន់តែមានភាពសប្បាយរីករាយ ប្រកបដោយអត្ថន័យ និងពេញដោយការចងចាំល្អៗ។

គួរបញ្ជាក់ផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្ត FORD Adventure ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មិនដែលឱ្យរំលងនោះទេ គឺក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយប្រទេសជាតិ និងជួយដល់ជនទុរគត ដែលកំពុងជួបនឹងការលំបាកនៅក្នុងការរស់នៅ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងពីឋានៈផងដែរ។



