Category: សង្គម និងសេដ្ឋកិច្ច

  • តម្លៃ​មាស​កើនឡើង​ខ្ពស់​ដោយសារ កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    តម្លៃ​មាស​កើនឡើង​ខ្ពស់​ដោយសារ កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង

    តម្រូវ​ការទិញ​មាស​ដើម្បី​រក្សាទ្រព្យ​បាន​កើនឡើង​ខ្ពស់​នៅពេល​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​អំពី​ល្បឿន​នៃ​ការ​ងើបឡើង​របស់​សេដ្ឋកិច្ច​សកល​ត្រូវបាន​គំរាមកំហែង​ដោយ​ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៤ មករា មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៨១៤ ដុល្លារ​អាម៉េរិក ឡើងថ្លៃ ១៣ ដុល្លារ/អោន។ កាលពី​ម្សិលមិញ មានពេលខ្លះ មាស​ឡើងថ្លៃ​ដល់ ១,៨១៦ ដុល្លារ/អោន។ ព្រឹក​នេះ មាស​នៅតែ​មានតម្លៃ​ក្នុង​រង្វង់ ១,៨១៣ ដុល្លារ/អោន។

    ដើមឆ្នាំ ២០២២ ទីផ្សារ​មូល​ប​ត្រ​បាន​ងើបក្បាលឡើង​ខ្ពស់ ប៉ុន្តែ នៅពេល​អ្នកវិនិយោគ​មានការ​ពិបាក​ក្នុងការ​វាយតម្លៃ​លើ​ល្បឿន​នៃ​កំណើន ពួកគេ​ក៏​ងាក​មករ​កមាស ដែលជា​ទ្រព្យ​សុវត្ថិភាព។ «ឥទ្ធិពល​របស់ អូ​មី​ក្រុង នឹង​ស្ដែង​ឱ្យឃើញ​ច្បាស់​បំផុត​នៅលើ​បញ្ហា​អតិផរណា និង​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច» Ed Moya អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ជើងសា OANDA អះអាង​ដូច្នេះ។

    Wall Street កាលពី​ម្សិលមិញ​បាន​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ការចាប់ផ្ដើម​ដ៏​គួរ​ឱ្យមាន​ក្ដីសង្ឃឹម ដោយសារតែ​វិស័យ​ផលិតកម្ម​នៅ សហរដ្ឋ​អាម៉េរិក ដើរ​យឺត​មកវិញ​ក្នុង​ខែ​មុន ចំណែក​អ្នកវិនិយោគ​ក៏​នៅតែ​ព្រួយបារម្ភ​អំពី​បញ្ហា កូ​វីដ-១៩ ខណៈ ប្រទេស​ជាច្រើន​បាន និង​កំពុង​ចាត់វិធានការ​បន្ថែម​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង។

    TD Securities យល់ថា ការ​ព្រួយ​ភ័យ​អំពី អូ​មី​ក្រុង បាន​ផ្ដើម​ធ្វើឱ្យ​តម្រូវ​ការទិញ​មាស​កើនឡើង។ ទោះជា​យ៉ាងនេះ​ក៏ដោយ «កំណើន​នេះ​ត្រូវបាន​កាត់បន្ថយ​បន្ទាប់ពី Fed បាន​ដំឡើង​ការប្រាក់​កាលពី​ខែមីនា។ មាស​មិន​តម្រូវឱ្យ​បង់​ការប្រាក់​ថេរ ទើប​វា​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅពេល​ការប្រាក់​ឡើង​ខ្ពស់។

    ចំណែក Jim Wyckoff អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Kitco Metals វិញ យល់ថា ការបារម្ភ​អំពី​បញ្ហា​អតិផរណា អាច​កើត​ឡើងវិញ​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ខ្លី ធ្វើឱ្យ​ការវិនិយោគ​លើ​ទ្រព្យ​ហានិភ័យ​មានការ​ថយចុះ។ តម្លៃ​របស់​មាស​កើនឡើង​បើទោះជា​ប្រាក់ចំណេញ​នៃ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល​អាម៉េរិក កើនឡើង និង «អំណាច» នៃ​ប្រាក់​ដុល្លារ​កើនឡើង។ Fed អាច​នឹង​ដំឡើង​ការប្រាក់ ៣ ដង ក្នុង​ឆ្នាំ ២០២២ នេះ៕

  • គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ឆ្លងកាត់​ទន្លេបាសាក់ នៅ ភ្នំពេញ កំពុង​ត្រូវបាន​ពិភាក្សាបន្ត

    គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ឆ្លងកាត់​ទន្លេបាសាក់ នៅ ភ្នំពេញ កំពុង​ត្រូវបាន​ពិភាក្សាបន្ត

    កិច្ចប្រជុំ​ស្ដីពី​គម្រោង​សាងសង់​ស្ពាន​ព្រែក​តា​ឡុង (ចាក់អង្រែ​ក្រោម-ព្រែកប្រា) ដែល​ឆ្លងកាត់​ទន្លេបាសាក់ ក្នុង រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ ៤ ខែមករា ឆ្នាំ ២០២២ នៅ​ទីស្តីការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ក្រោម​វត្តមាន​របស់ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង និង​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក ក្រុមការងារ​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) រួម​នឹង​វត្តមាន​របស់​ក្រុមមន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​លើ​ការ​រចនា​ប្លង់​លម្អិត​នៃ​គម្រោង លំហូរ​ចរាចរណ៍​បច្ចុប្បន្ន និង​លំហូរ​ចរាចរណ៍ ព្យាករណ៍​ក្នុងពេល​អនាគត បណ្តាញ​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​ជាមួយនឹង​បណ្តាញ​ផ្លូវ​ពាក់ព័ន្ធ​ចំណុច ប្រសព្វ រួម​នឹង​បញ្ហា​តម្លៃ​ប៉ាន់ស្មាន​សរុប​លើ​គម្រោង​សាងសង់ ជម្រើស​រចនា​ប្លង់​លម្អិត និង​បទដ្ឋាន​បច្ចេកទេស នៃ​ការសាងសង់។

    ឯកឧត្តម ឯកឧត្តម លឹម ស៊ី​ដេ​នី​ន បាន​ស្នើឱ្យ​អង្គប្រជុំ​ផ្តល់​មតិយោបល់​បន្ថែម ដើម្បី​ជួយ​ឱ្យ​របាយការណ៍​ពាក់ព័ន្ធ​មាន​ភាពល្អប្រសើរ មុននឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​អនុម័ត។

    ក្រោយ​ការសាងសង់​រួចរាល់ ស្ពាន​ព្រែក​តា​ឡុង នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស​ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ផ្លូវជាតិ​លេខ១ នៅ​ច្បារអំពៅ ព្រមទាំង​ជួយ​ដល់​វិស័យសេដ្ឋកិច្ច សង្គម នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​ប៉ែក​ខាងត្បូង និង​តំបន់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ទីក្រុង តាខ្មៅ ផងដែរ។

  • ឆ្នាំ២០២១ កម្ពុជា នាំចេញ​កសិផល បាន​ជាង ៧ លាន​តោន ច្រើនជាង ៦៣.៨៣% ធៀប​នឹង​ឆ្នាំ ២០២០

    ឆ្នាំ២០២១ កម្ពុជា នាំចេញ​កសិផល បាន​ជាង ៧ លាន​តោន ច្រើនជាង ៦៣.៨៣% ធៀប​នឹង​ឆ្នាំ ២០២០

    ការនាំចេញ​កសិផលរ​បស់ កម្ពុជា សម្រេចបាន​ជិត ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​បរិមាណ​នាំចេញ​សរុប ជាង ៧ លាន​តោន នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ការ​បូកសរុប​ជាបឋម​បង្ហាញថា តម្លៃ​នៃ​ការនាំចេញ​កសិផល​រប​ស់ កម្ពុជា ទៅ​ក្រៅប្រទេស ក្នុង​រយៈពេល ១២ ខែ នៃ​ឆ្នាំ ២០២១ មាន​ចំនួន​ជាង ៤,៩៦៧,៨៥២,០០០ ដុល្លារ​អាមេរិក ក្នុងនោះ​មាន៖ អង្ករ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក, ស្រូវ​ជាង ៦៣១ លាន​ដុល្លារ​អាមេរិក, កសិផល​ក្រៅពី​ស្រូវ-អង្ករ ជាង ៣,១៦៤ លាន​ដុល្លារ​អាមេរិក, កៅស៊ូ​ធម្មជាតិ​ជាង ៦០០ លាន​ដុល្លារ​អាមេរិក, ឈើ​កៅស៊ូ​ជាង ១ លាន​ដុល្លារ​អាមេរិក, ឈើ​អារ​និង​សត្វ​ស្វា​ជាង ៣៥ លាន​ដុល្លារ​អាមេរិក ត្រី​គ្រប់​ប្រភេទ​ជាង ៤ លាន​ដុល្លារ​អាមេរិក។

    ការិយាល័យ​ភូតគាម​អនាម័យ​ជាតិ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា ឆ្នាំ ២០២១ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស សរុប ៧,៩៨៤,២៥១ តោន កើន ៣,១១០,៧៩០ តោន ដែល​ច្រើនជាង ៦៣.៨៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០។

    អង្ករ​ធម្មតា, អង្ករ​ក្រអូប​គ្រប់​ប្រភេទ, ស្រូវ, ដំឡូង​មី, ដំឡូង​មី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់​សណ្ដែកបាយ, គ្រាប់​សណ្តែកសៀង, ផ្លែ​ចេក​ស្រស់, ផ្លែ​ក្រូចថ្លុង, ផ្លែស្វាយ​ស្រស់, ដំណាប់​ស្វាយ, ទឹក​ស៊ី​រ៉ូ​ស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែ​ចម្រុះ, ម្ទេស រួម​ជាមួយនឹង​ផលិតផល​ចំនួន ៩៥ មុខ​ផ្សេងទៀត​គឺជា​កសិផលសំខាន់ៗដែល កម្ពុជា បាន​នាំ​ចេញទៅ​ក្រៅប្រទេស៕

  • ទារក​ភ្លោះ​មួយគូ កើតមក​ខុស​ថ្ងៃខែ​ឆ្នាំ​គ្នា​ទាំងស្រុង

    ទារក​ភ្លោះ​មួយគូ កើតមក​ខុស​ថ្ងៃខែ​ឆ្នាំ​គ្នា​ទាំងស្រុង

    (សហរដ្ឋ​អាម៉េរិក)-ទារក​ភ្លោះ ក្នុងនោះ​ម្នាក់​ឈ្មោះ Alfredo និង​ម្នាក់ទៀត​ឈ្មោះ Aylin បានចាប់កំណើត​ចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ ២០២១ ចូល ២០២២ ទើប​ពួកគេ​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​ខុសគ្នា​ទាំងស្រុង គួរឱ្យ​ចាប់អារម្មណ៍។

    អ្នក​ម្ដាយ​ឈ្មោះ Fatima Madrigal បាន​បង្កើត Alfredo Antonio Trujillo នៅវេលា​ម៉ោង ២៣និង៤៥នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ និង Aylin Yolanda Trujillo នៅវេលា​ម៉ោង ០ ថ្ងៃទី ១ មករា ២០២២។ ប្រការនេះ​ធ្វើឱ្យ​ពួកគេ​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​មិន​ខុសគ្នា បើទោះជា​បានចាប់កំណើត​មុន​ក្រោយ​គ្នា ១៥ នាទី។

    ទារក​ឈ្មោះ Aylin មាន​ទម្ងន់​ជាង ២.២ គីឡូក្រាម ចំណែក Alfredo ទម្ងន់​ជាង ២.៧ គីឡូក្រាម។ ពួកគេ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុម​អ្នកយកព័ត៌មាន ក៏ដូចជា​សាធារណជន ដោយសារតែ​កើត​ចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ។

    វេជ្ជបណ្ឌិត Ana Abril Arias នៃ​មន្ទីរពេទ្យ Natividad ក្នុង​រដ្ឋ California ជា​កន្លែង​ដែល​ទារក​ភ្លោះ​ខាងលើ​ចាប់កំណើត បាន​និយាយថា នេះ​គឺជា «ករណី​មួយ​ក្នុងចំណោម​ករណី​ឆ្លងទន្លេ​ដែល​គួរឱ្យ​ចងចាំ​បំផុត​នៅក្នុង​អាជីព» របស់គាត់។

  • អនាគត​ «ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ខាង​ត្បូង» ឆ្លងទន្លេមេគង្គ អាច​ចាត់​ទុកថា​ជា និមិត្តរូប​នៃសាមគ្គីភាព

    អនាគត​ «ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ​ខាង​ត្បូង» ឆ្លងទន្លេមេគង្គ អាច​ចាត់​ទុកថា​ជា និមិត្តរូប​នៃសាមគ្គីភាព

    សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាង​ត្បូង ឆ្លងកាត់ទន្លេមេគង្គង តភ្ជាប់​ពី រាជធានីភ្នំពេញ ​ទៅ​កាន់​តំបន់ស្វាយជ្រុំ នឹង​ជានិមិត្តរូបថ្មីមួយទៀតនៃសាមគ្គីភាពរវាង កម្ពុជា និង សាធារណរដ្ឋកូរ៉េ ទន្ទឺម​នឹង​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នា​ពេល​បច្ចុប្បន្ន​។

    នៅ​ក្នុងពីធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីសាធារណរដ្ឋកូរ៉េ និង​ថវិកា​បដិភាគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា ក្រោយ​បើក​ឱ្យ​មាន​ទំនាក់​ទំនងនឹង​គ្នា​ កម្ពុជា និង សាធារណរដ្ឋកូរ៉េ រហូត​មក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ភាព​ល្អ​ប្រសើរណាស់ ក្នុង​នោះ​ ​ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ បានកើនលើសពីមួយពាន់លានដុល្លារសហរដ្ឋអាមេរិក»។

    ជាង​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏បានបង្ហាញនូវក្ដីសង្ឃឹមថា មិត្តកូរ៉េ នឹងបន្តជួយដល់កម្ពុជា ហើយ​ ​​ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ស្វាយជ្រុំ ដែល​នឹង​ត្រូវ​បាន​សាង​សង់​នា​ពេល​ខាងមុខ​ អាចចាត់ទុកថា​ជានិមិត្តរូបនៃសាមគ្គីភាពរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ថែមទៀត។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋកូរ៉េ ដែល​បានជួយជ្រោមជ្រែងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដើម្បីជួដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខាមាលភាពប្រជាពលរដ្ឋ៕

  • (វីដេអូ)-ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង ២៥ គីឡូម៉ែត្រ សាងសង់​រួចរាល់ ដោយ​ប្រើពេល ៤ ឆ្នាំ

    (វីដេអូ)-ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង ២៥ គីឡូម៉ែត្រ សាងសង់​រួចរាល់ ដោយ​ប្រើពេល ៤ ឆ្នាំ

    (ប្រទេស​ចិន)-ស្ពាន​ឆ្លង​សមុទ្រ Zhoushan-Daishan នៅក្នុង​ខេត្ត Zhejiang ដែល​ត្រូវបាន​ស្ថាបនា​ទៅតាម​បទដ្ឋាន​នៃ​ផ្លូវ​រត់​សម្រាប់​យន្តហោះ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យធ្វើ​ចរាចរណ៍​កាល​ពីថ្ងៃ​ទី ២៩ ធ្នូ ២០២១។

    ជាមួយនឹង​ប្រវែង ២៥.៦ គីឡូម៉ែត្រ ស្ពាន Zhoushan-Daishan ស្ថិតក្នុង​ចំណោម​ស្ពាន​ឆ្លង​សមុទ្រ​ប្រភេទ​នេះ វែង​ជាងគេ​ក្នុង​ពិភពលោក។ ស្ពាន​នេះ​ប្រើប្រាស់​ប្រព័ន្ធ​គូសបន្ទាត់​ខណ្ឌ​ចែក​គន្លង​ផ្លូវ និង​ភ្លើង​សញ្ញា​ពិសេស ដោយសារតែ​អាកាសធាតុ​សំណើម​នៅទីនេះ។

    ស្រទាប​កម្រាល​ផ្លូវ​មានគុណ​ភាពល្អ​ខ្លាំង ព្រោះ​ត្រូវបាន​ស្ថាបនា​ទៅ​ដាល​ស្ដង់ដា​របស់​ផ្លូវ​រត់​សម្រាប់​យន្តហោះ ជួយ​ឱ្យ​វា​ក្លាយជា​ផ្លូវ​ដែលមាន​ផ្ទៃរាប​ស្មើ​បំផុត​មួយ​នៅ​ប្រទេស ចិន។ របង​ស្កាត់​ខ្យល់​ដែល​ត្រូវបាន​គេ​សាងសង់​យ៉ាងខ្ពស់ ក៏​ជួយ​កាត់បន្ថយ​ឥទ្ធិពល​រប​ស់ខ្យ​ល់ និង​ជួយ​អូសបន្លាយ​អាយុកាល​របស់​សំណង់​នេះ​ផងដែរ។

    ស្ពាន​ឆ្លង​សមុទ្រ Zhoushan-Daishan ត្រូវបាន​សាង់សង់​ដោយ​ប្រើពេល​អស់ ៤ ឆ្នាំ និង​ប្រើប្រាស់​ដែកថែប​អស់​ប្រមាណ ៤០០,០០០ តោន។

    នៅ​ជុំវិញ​ស្ពាន ក៏មាន​អំពូល​ភ្លើង​ជាច្រើន​ដើម្បី​ជាការ​ផ្ដល់​សញ្ញា​ដល់ក​ប៉ាល់​ទាំងឡាយ​ដែល​ធ្វើដំណើរ​ពេលយប់។ ស្ពាន​ឆ្លង​សមុទ្រ Zhoushan-Daishan ត្រូវបាន​គេ​រំពឹងថា នឹង​នាំមក​នូវ​អំណោយផល​ជាច្រើន​ដល់​ប្រជាជន​ជាង ២០០,០០០ នាក់ នៅលើ​កោះ Daishan និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​តំបន់​នេះ៕

  • អាជ្ញាធរ​ចិន សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​វែង​ជាងគេ​ប្រចាំ​ប្រទេស

    អាជ្ញាធរ​ចិន សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​វែង​ជាងគេ​ប្រចាំ​ប្រទេស

    ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​ប្រវែង​ជាង ១០ គីឡូម៉ែត្រ ស្ថិតនៅ​ខាងក្រោម​បឹង​ទឹកសាប​ធំជាងគេ​មួយ​នៅ​ប្រទេស ចិន ដោយ​ឆ្លង​កាន់​តំបន់ Taihu នៃ​ខេត្ត Jiangsu ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ បន្ទាប់ពី​ការស្ថាបនា​អស់​រយៈពេល ៤ ឆ្នាំ។

    ផ្លូវ​រូង​ក្រោម​ទឹក​ដែលមាន​ប្រវែង ១០.៧៩ គីឡូម៉ែត្រ កម្ពស់ ៧.២៥ ម៉ែត្រ និង​ទទឹង ៤៣.៦ ម៉ែត្រ នេះ ត្រូវបាន​សាងសង់​នៅ​ខាងក្រោម​បឹង Taihu ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​នៃ​ទីក្រុង សៀង​ហៃ។

    ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​នេះ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន​ប្រវែង ៤៤ គីឡូម៉ែត្រ តម្លៃ ២.៤ ពាន់​លាន​ដុល្លារ នៅក្នុង​ខេត្ត Jiangsu ដែល​ត​ភ្ជាប់​ទីក្រុង Wuxi ស្ថិតនៅលើ​ឆ្នេរ​ខាងជើង​របស់​បឹង Taihu ជាមួយនឹង​ទីក្រុង Changzhou។

    គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ទឹក Taihu ដែល​វែង​ជាងគេ​នៅ​ប្រទេស ចិន នេះ ត្រូវបាន​ចាប់ផ្ដើម​ការ​សាងសង់​ពី​ខែមករា ឆ្នាំ ២០១៨។ ផ្លូវ ២ ទិស​ផ្ទុយគ្នា​នេះ មាន​គន្លង​ចំនួន ៦ អនុញ្ញាតឱ្យ​យានយន្ត​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង។ គម្រោង​នេះ​បាន​ចំណាយ​ថវិកា​សរុប ៥ ពាន់​លាន​យុន (ប្រហែល ៧៨៤.៧ លាន​ដុល្លារ​អាម៉េរិក)។

    ផ្លូវ​រូង​ក្រោម​ទឹក Taihu នឹង​ជួយ​កាត់បន្ថយ​បាន​ពាក់កណ្ដាល​នៃ​ពេលវេលា​ធ្វើដំណើរ​រវាង​ស្រុក Mashan និង Nanquan របស់​ទីក្រុង Wuxi។

    Taihu គឺជា​បឹង​មួយ​ក្នុងចំណោម​បឹង​ទឹកសាប​ធំ​បំផុត​ក្នុងប្រទេស ចិន ដោយមាន​ផ្ទៃក្រឡា ២,២៥០ គីឡូម៉ែត្រ។ នៅលើ​បឹង​នេះ មាន​កោះតូចៗជាច្រើន​ផងដែរ។ វា​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​សម្រាប់​មនុស្ស​ប្រមាណ ៣០ លាន​នាក់ ប៉ុន្តែ ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង ដោយសារតែ​បញ្ហា​បរិស្ថាន ពិសេស​គឺ​សកម្មភាព​បង្ហូរទឹក​ចេញពី​លូ សំរាម កាកសំណល់​ឧស្សាហកម្ម និង​លាមក​សត្វ៕

  • ទីក្រុង Shenzhen ដាក់ឱ្យ​ប្រើប្រាស់​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដំណើរការ​ស្វ័យប្រវត្ត ១០០% ដំបូងបង្អស់

    ទីក្រុង Shenzhen ដាក់ឱ្យ​ប្រើប្រាស់​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដំណើរការ​ស្វ័យប្រវត្ត ១០០% ដំបូងបង្អស់

    រថភ្លើង​អគ្គិសនី​ក្រោម​ដី​ធ្វើដំណើរ​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង​មួយ​ខ្សែ ដែល​ទើប​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ទីក្រុង Shenzhen អាច​ចេញដំណើរ ឬ​ចូល​ចត​ក្នុង​ស្ថានីយ និង​បើក​បិទទ្វារ​ជូន​អ្នកដំណើរ​ដោយ​ស្វ័យប្រវត្តិ។

    ខ្សែ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​លេខ ២០ បាន​ក្លាយជា​ខ្សែ​រថភ្លើង​បើកបរ​ស្វ័យប្រវត្ត​ទាំងស្រុង​ដំបូងបង្អស់​សម្រាប់​ទីក្រុង Shenzhen នៃ​ខេត្ត ក្វាង​ទុង ភាគខាងត្បូង​ប្រទេស ចិន បន្ទាប់ពី​វា​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ២៨ ធ្នូ ២០២១។

    រថភ្លើង​នេះ​មាន​ទូ​សរុប​ចំនួន ៨ និង​អាច​បើកបរ​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង។ បច្ចេកវិទ្យា​នៅលើ​រថភ្លើង​នេះ អនុញ្ញាតឱ្យ​វា​ចេញចូល​ស្ថានីយ និង​បើក​បិទទ្វារ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​មកដល់​ទីតាំង​សំចត​នានា​នៅលើ​ផ្លូវដែក​ប្រវែង ៨.៤៣ គីឡូម៉ែត្រ ដែលមាន​ស្ថានីយ​សំចត​ចំនួន ។

    ការដាក់ឱ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​លេខ ២០ នេះ ជួយ​ឱ្យ​ចំនួន​នៃ​ខ្សែ​រថភ្លើង​ក្រោម​ដី​សរុប​របស់​ទីក្រុង Shenzhen កើនឡើង​ដល់ ១២ ខ្សែ និង​ចម្ងាយ​ផ្លូវ​សរុប​ឡើងដល់ ៤១៩ គីឡូ​ម៉េ​ត្រ។

  • អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត​ទាំងអស់នៅ​ កម្ពុជា​ នឹងមាន​លេខ​កូដ​រួមសម្រាប់​ប្រើ​​ជា​មុខ​ងារ​សំខាន់​ៗ​មួយ​ចំនួន​

    អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត​ទាំងអស់នៅ​ កម្ពុជា​ នឹងមាន​លេខ​កូដ​រួមសម្រាប់​ប្រើ​​ជា​មុខ​ងារ​សំខាន់​ៗ​មួយ​ចំនួន​

    និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​តម្រូវឱ្យ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ កម្ពុជា រៀបចំ​លេខ​កូដ​រួម​សម្រាប់​ឱ្យ​អតិថិជន​ប្រើប្រាស់​ប្រកបដោយ​ភាពងាយស្រួល​នៅក្នុង​ការធ្វើ​អន្តរ​កម្មសំខាន់ៗមួយចំនួន​ជាមួយនឹង​ប្រព័ន្ធ​ទូរស័ព្ទ។

    មុខសញ្ញា​ប្រើប្រាស់​ដែល​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានកំណត់​ឱ្យមាន​លេខ​កូដ​រួម រួមមាន៖  ការផ្ដាច់​សេវា​បន្ថែម (VAS) ដែល​មិនចាំបាច់, ការពិនិត្យ​សមតុល្យ​ទឹកប្រាក់, ការពិនិត្យ​អត្តសញ្ញាណ​អ្នកប្រើប្រាស់, ការបញ្ចូល​ទឹកប្រាក់ និង​ការទាក់ទង​ទៅកាន់​សេវា​បម្រើ​អតិថិជន។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • រូបិយវត្ថុ​ឌីជីថល​មួយ ដែល​បាន​ឡើងថ្លៃ ១,៣០០% នៅក្នុង​ឆ្នាំ ២០២១

    រូបិយវត្ថុ​ឌីជីថល​មួយ ដែល​បាន​ឡើងថ្លៃ ១,៣០០% នៅក្នុង​ឆ្នាំ ២០២១

    BNB ឡើងថ្លៃ​ខ្ពស់​ដោយសារ​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំជាងគេ​ក្នុង​ពិភពលោក។

    ក្នុងចំណោម​រូបិយវត្ថុ​ឌី​ជី​ល​ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​ក្នុង​ពិភពលោក គេ​ឃើញថា Binance Coin (BNB) លេចធ្លោ​ជាងគេ​បង្អស់​ក្នុង​ឆ្នាំ ២០២១ ធៀប​នឹង Bitcoin និង Ether។ ប្រាក់​ឌីជីថល ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្សារ​ជួញដូរ​ប្រាក់​ឌី​ជី​ល Binance Holdings នេះ បាន​កើនឡើង​ប្រមាណ ១,៣០០% ក្នុង​ឆ្នាំ ២០២១ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់ Arcane Research។

    ចំណែក Bitcoin វិញ បាន​កើន ៦៥% ខណៈ Ether កើន ៤០៧%។ យោងតាម Coinmarketcap ប្រាក់​ឌីជីថល BNB កំពុងមាន​តម្លៃ​ប្រហែល ៥១៨ ដុល្លារ និង​មាន​មូលធន​ទីផ្សារ (Market Capitalization) ៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    BNB ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំ​បំផុត​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​ទំហំ​នៃ​ការជួញដូរ។ BNB ក៏​ជា​ប្រាក់​ឌីជីថល​សម្រាប់ Binance Smart Chain (BSC) ដែលជា​ថ្នាល blockchain គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ឆ្លាត​វៃ (smart contract) ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​វិមជ្ឈការ​ហិរញ្ញវត្ថុ (DeFi) ផងដែរ។ល។

    Binance Coin (BNB)

    ក្រៅពី​រូបិយវត្ថុ​ឌីជីថល​មួយចំនួន​ខាងលើ គេ​ឃើញថា នៅមាន altcoin (ប្រាក់​ឌីជីថល​ជំនួស Bitcoin) ដទៃទៀត មានដូចជា Solana និង Fantom ជាដើម ក៏​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០២១។ ក្រុមអ្នកវិភាគ​ព្យាករ​ថា និន្នាការ​នៃ​ការកើនឡើង​របស់​បណ្ដា altcoin នឹង​នៅតែ​បន្ត​កើតមាន។

    តម្លៃ​របស់​ប្រាក់​ឌីជីថល​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភពលោក គឺ Bitcoin បាន​ថយ​ចុះមក​នៅក្រោម ៤៧,០០០ ដុល្លារ/coin នៅ​ចុងខែ​ធ្នូ​នេះ។ យោងតាម Bloomberg ប្រាក់​ឌីជីថល​នេះ នៅតែ​ជា​និមិត្តរូប​នៃ​ការប្រែប្រួល ហើយ​តម្លៃ​របស់​វា​នៅ​ឆ្នាំក្រោយ នឹង​នៅតែ​ជា​សំណួរ​មួយ​ដ៏​ធំ ក្នុង​គ្រា​ដែល​ជំងឺ​អាសន្នរោគ កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​បន្តិចម្ដង៕