Category: សង្គម និងសេដ្ឋកិច្ច

  • វិស័យ​ពិភព​និម្មិត Metaverse នឹង​ធ្វើឱ្យ​ទីផ្សារ​បច្ចេកវិទ្យា «ផ្ទុះ​កក្រើក​ខ្លាំង» ក្នុង​ឆ្នាំ ២០២២

    វិស័យ​ពិភព​និម្មិត Metaverse នឹង​ធ្វើឱ្យ​ទីផ្សារ​បច្ចេកវិទ្យា «ផ្ទុះ​កក្រើក​ខ្លាំង» ក្នុង​ឆ្នាំ ២០២២

    ពិភព​និម្មិត metaverse, ផ្ទះ​ឆ្លាត​វៃ smarthome, យានយន្ត​អគ្គិសនី (EV) ជាដើម មិន​ត្រឹមតែ​ជា​និន្នាការ​ថ្មី​នោះទេ ប៉ុន្តែ វា​នឹង​ជ្រៀតចូល​ជ្រៅ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​នៅក្នុង​ឆ្នាំនេះ។

    ២០២២ គឺជា​ឆ្នាំ​ដែល​ត្រូវបាន​ចាត់ទុកថា បញ្ញា​សិប្បនិម្មិត (AI) មានការ​កែលំអ​យ៉ាង​សម្បើម និង​កាន់​តែមាន​ភាព​ជិតស្និត​នៅក្នុង​ជីវភាព​របស់​មនុស្សលោក។ បច្ចេកវិទ្យា blockchain, NFT បានចាប់ផ្ដើម​ក្លាយ​ជាទី​ពេញនិយម។ ទន្ទឹមនឹងនេះ វិស័យ​ពិភព​និម្មិត metaverse ក៏មាន​ការបោះ​ជំហាន​ទៅមុខ ជាមួយនឹង​ក្ដីសង្ឃឹម​ខ្ពស់​ក្នុង​ឆ្នាំ ២០២២។

    «២០២២ នឹង​ជា​ឆ្នាំ​ដែលមាន​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​នៅក្នុង​វិស័យ​ពិភព​និម្មិត metaverse។ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនឹង​ដណ្ដើម​ចំណែក​ទីផ្សារ​នៅក្នុង​វិស័យ​ដែល​ទើប​លេចធ្លោ​នេះ» Rolf Illenberger ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ពិភព​និម្មិត VRdirect បាន​ប្រាប់​សារព័ត៌មាន Washington Post ដូច្នេះ។

    ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភព​និម្មិត ត្រូវបាន​ផ្ដួចផ្ដើម​តាំងពី​ច្រើន​ឆ្នាំ​មកហើយ។ ស្ថាប័ន Oculus របស់​ក្រុម​ហ៊ុន​ Meta (Facebook) បាន​ឈានដល់​របត់​សំខាន់ នោះ​គឺ​ការបញ្ចេញ​ឧបករណ៍​ពិភព​និម្មិត VR បាន​ចំនួន ១០ លាន​គ្រឿង។

    ចំណែក​ក្រុមហ៊ុន Microsoft ក៏​ចូលប្រលូក​ក្នុង​ទីផ្សារ VR បាន​ច្រើន​ឆ្នាំ​ហើយ​ដែរ ទន្ទឹមនឹង​ការចំណាយ​ជិត ៦៩ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ក្រុមហ៊ុន​ហ្គេម Activision Blizzard ជាមួយនឹង​ក្ដី​សង្ឃឹមថានឹង​បាន​ឈានចូល​ជ្រៅ​ទៅក្នុង​ពិភព​និម្មិត។

    កាលពី​ខែមករា ២០២២ CEO របស់ Apple លោក Tim Cook បាន​ថ្លែងថា metaverse គឺជា​វិស័យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះ​មាន​សក្ដានុពល​ធំធេង ហើយ​ថា ក្រុមហ៊ុន Apple ក៏​កំពុង​វិនិយោគ​យ៉ាង​សមស្រប​ទៅលើ​វិស័យនេះ។

    ដោយឡែក ក្រុមហ៊ុន Google វិញ ត្រូវបាន​គេ​ជឿថា កំពុង​អភិវឌ្ឍ​យ៉ាង​សម្ងាត់​នូវ​វ៉ែនតា AR ជំនាន់​ថ្មី ដោយមាន​បុគ្គលិក​ចូលរួម ៣០០ នាក់។

    បណ្ដា​ផលិតផល VR, AR និង​កម្មវិធី​ជាច្រើន​ដែល​ទាក់ទង​នឹង​វិស័យ​ពិភព​និម្មិត ក៏ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ពិធី​ពិព័រណ៍​អេឡិចត្រូនិក CES ២០២២ កាលពីដើម​ខែមករា នៅ សហរដ្ឋ​អាម៉េរិក។ យោងតាម New York Times នេះ​គឺជា​សញ្ញា​នៃ​ការ​ផ្ទុះឡើង​របស់​ប្រភេទ​ឧបករណ៍​បច្ចេកវិទ្យា​ពិភព​និម្មិត នៅក្នុង​ឆ្នាំ ២០២២៕

  • គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​បញ្ជាក់​កាន់តែច្បាស់ ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​ UNDP

    គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវបាន​បញ្ជាក់​កាន់តែច្បាស់ ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​ UNDP

    ក្រសួង​សាធារណការ នឹង​រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ កម្ពុជា។

    នា​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី ២ កុម្ភៈ ២០២២ ក្នុងឱកាស​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយិកា Alissar Chaker លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង​អំពី​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ក្នុងនោះ​មានដូចជា​គម្រោង​សម្រាប់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជាដើម។

    គម្រោង​មួយចំនួន​ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅក្នុង​ជំនួប​ខាងលើ មានដូចជា គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) គម្រោង​នាំចូល​រថយន្តចាស់ៗ និង​គម្រោង​ជួប​ពិភាក្សា​​ជា​មួយ​​នឹង​​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាក់ទង​នឹង​ការដំឡើង​ស្ថានីយ៍​បញ្ចូល​ថាមពល​ថ្ម​រថយន្ត EVs ផងដែរ។

    គណៈប្រតិភូ​របស់ UNDP បានលើកឡើង​អំពី​និន្នាការ​ពិភពលោក​ឆ្ពោះទៅរក​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​បម្រែបម្រួល​អាកាសធាតុ ព្រមទាំង​បានស្នើ ឱ្យ​ក្រសួង​ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សហការ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ទាក់ទង​នឹង​បញ្ហា​នេះ។

    លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ពិភាក្សា​ជាមួយ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុងការ​បម្រើសេវា​របស់​ពួកគេ។

    ការណែនាំ​របស់លោក រដ្ឋមន្ត្រី គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​គណៈប្រតិភូ UNDP និង​គម្រោង ផែនការ រួម​នឹង​និង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក​របស់ កម្ពុជា៕

  • ការតាមដាន​យន្តហោះ​របស់​មហាសេដ្ឋី Elon Musk ជួយ​ឱ្យ​និស្សិត​ម្នាក់ ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធំ

    ការតាមដាន​យន្តហោះ​របស់​មហាសេដ្ឋី Elon Musk ជួយ​ឱ្យ​និស្សិត​ម្នាក់ ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ធំ

    (សហរដ្ឋ​អាម៉េរិក)-និស្សិត​ម្នាក់​ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍​មួយ អញ្ជើញ​ឱ្យចូល​ធ្វើការ បន្ទាប់ពី​មហាសេដ្ឋី Elon Musk ផ្ញើ​សារ​មក​ស្នើឱ្យ​កំលោះ​នេះ ឈប់​តាមដាន​យន្តហោះ​របស់គាត់។

    Jack Sweeney អាយុ ១៩ ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Central Florida (UCF) នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ការអញ្ជើញ​ឱ្យចូល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Stratos Jet Charters ដែលមាន​ទីស្នាក់ការ​នៅ Florida កាលពី​ថ្ងៃទី ១ កុម្ភៈ ២០២។

    Joel Thomas ដែលជា​ប្រធាន និង​ជា CEO របស់ Stratos ឱ្យដឹងថា ក្រុមហ៊ុន​ស្នើឱ្យ Sweeney ចូលរួម​ក្នុង​ក្រុម​អភិវឌ្ឍ​ផលិតផល ក្រោយពី​បានឃើញ​ភាព​ច្នៃប្រឌិត​របស់​កំលោះ​នេះ​នៅលើ​ទំព័រ Twitter ដែលមាន​គណនី​ឈ្មោះ ElonJet។

    Sweeney បាន​ទទួលស្គាល់ថា ពិតជា​ទទួល​បានការ​អញ្ជើញ​ឱ្យចូល​ធ្វើការ​ពី​សំណាក់​ក្រុមហ៊ុន Stratos ប៉ុន្តែ កំលោះ​នេះ​ក៏បាន​ឱ្យដឹងថា ខ្លួន​ទំនងជា​មិន​យល់ព្រម ព្រោះតែ​បច្ចុប្បន្ន ជាប់​ធ្វើ​ការឱ្យ UberJets ក្នុង​គម្រោង​អភិវឌ្ឍ​ថ្នាល​បច្ចេកវិទ្យា​តាមដាន​ជើងហោះហើរ​ដើម្បី​ស្វែងរក​សំបុត្រ​ដែលមាន​តម្លៃ​ទាប ជូន​អតិថិជន។ «ខ្ញុំ​គោរព​តាម​កិច្ចព្រមព្រៀង​ការពារ​ព័ត៌មាន​សម្ងាត់ ដូច្នេះ ពិតជា​ពិបាកធ្វើ​ការឱ្យ Stratos» Sweeney បញ្ជាក់​ដូច្នេះ។

    កំលោះ Jack Sweeney និង​មហា​សេដ្ឋី Elon Musk

    កំលោះ Jack Sweeney ត្រូវបាន​គេ​ចាប់អារម្មណ៍​ច្រើន​កាលពី​ចុងខែ​មុន បន្ទាប់ពី​បាន​បង្ហើប​ឱ្យដឹង​អំពី​ការឆ្លើយ​ឆ្លង​គ្នា​រវាង​ខ្លួន និង​មហាសេដ្ឋី Elon Musk។ ក្នុងការ​ឆ្លើយឆ្លង​នោះ CEO របស់ Tesla បានស្នើ​ឱ្យ​លុប​គណនី Twitter ឈ្មោះ ElonJet ដែលមាន​ជំនាញ​ក្នុងការ​បញ្ចេញ​ទិន្ន័យ​ស្ដីពី​ជើងហោះហើរ​របស់​យន្តហោះ​ដែល​ដឹក​លោក Elon Musk ព្រោះតែ​យល់ថា ជា «ការគំរាមកំហែង​ផ្នែក​សន្តិសុខ»។

    ElonJet ដែលមាន​អ្នកតាមដាន​ជាង ១២៧,០០០ នាក់ នៅលើ Twitter កំពុង​ប្រើប្រាស់ ADS-B ដែលជា​កម្មវិធី​ស្វ័យប្រវត្ត​ក្នុង​ការទាញយក​ទិន្នន័យ​ទីតាំង​នៃ​ជើងហោះហើរ​របស់​អាកាស​ចរណ៍​ស៊ីវិល ដើម្បី​តាមដាន​យន្តហោះ​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទៅតាម​ពេលវេលា​ជាក់ស្ដែង។

    គណនី Twitter ឈ្មោះ ElonJet របស់ Sweeney

    លោក Musk ថា នឹង​ផ្ដល់ប្រាក់ ៥,០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​លុប​គណនី ElonJet ប៉ុន្តែ Sweeney និយាយ​លេង​ថា ខ្លួន​ត្រូវការ ៥០,០០០ ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ដល់​ការសិក្សា និង​អាច​ទិញ​រថយន្ត Model 3 បាន ១ គ្រឿង។ មហាសេដ្ឋី Elon Musk ប្រាប់ថា នឹង​ពិចារណា​អំពី​ប្រការ​នោះ ហើយ​ក្រោយមក​ក៏បាន​ឆ្លើយថា «មិន​សម​ហេតុផល» នៅពេល​ត្រូវ​ឱ្យប្រាក់​ដើម្បី​លុប ElonJet ព្រមទាំង​បាន​រាំងខ្ទប់​គណនី​ទាំងអស់​នៅលើ​បណ្ដាញ​សង្គម​ដែល​ទាក់ទង​នឹង Sweeney។

    Sweeney បាន​តាមដាន​ជើងហោះហើ​រ​របស់​មហាសេដ្ឋី Elon Musk តាំងពី​យូរ​មកហើយ ប៉ុន្តែ គណនី ElonJet នេះ ទើប​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមិថុនា ២០២០ ក្នុង​គ្រា​ដែល កូ​វីដ-១៩ កំពុង​ធ្វើឱ្យ​ការសិក្សា​ងាក​ទៅរក​អន​ឡាញ នាំឱ្យ​កំលោះ​នេះ​មាន​ពេល​សរសេរ​កូដ៕

  • «ស្ដេច​ថ្ម​រថយន្ត​អគ្គិសនី» ដែល Elon Musk និង Tim Cook សុទ្ធតែ​ធ្លាប់ «សុំ​ជំនួយ»៖ ជា​អ្នកបង្កើត​ថ្ម​អាយុកាល ១៦ ឆ្នាំ និង​រត់​បាន ២ លាន​គីឡូម៉ែត្រ

    «ស្ដេច​ថ្ម​រថយន្ត​អគ្គិសនី» ដែល Elon Musk និង Tim Cook សុទ្ធតែ​ធ្លាប់ «សុំ​ជំនួយ»៖ ជា​អ្នកបង្កើត​ថ្ម​អាយុកាល ១៦ ឆ្នាំ និង​រត់​បាន ២ លាន​គីឡូម៉ែត្រ

    បើទោះជា​មិន​ល្បីឈ្មោះ​ខ្លាំង​ក្នុង​ពិភពលោក ប៉ុន្តែ លោក Zeng គឺជា​អ្នកជំនួញ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី។

    កាលពី​ឆ្នាំ ២០២១ ព័ត៌មាន​ស្ដីអំពី​លោក Zeng Yuqun បាន​យកឈ្នះ Jack Ma ក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​ខ្លាំង។

    លោក Zeng បច្ចុប្បន្ន​មានទ្រព្យ​សរុប ៤៩.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី Contemporary Amperex Technology (CATL) បាន​កើនឡើង​ខ្ពស់​ក្នុងឆ្នាំនេះ។ តួលេខ​នេះ​ក៏​ខ្ពស់ជាង​បើ​ធៀប​នឹង​ទ្រព្យ​របស់​មហាសេដ្ឋី​ចិន លោក Jack Ma ដែលមាន ៤៨.១ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បាន​ជួយ​ឱ្យ​លោក Zeng មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​កំពូល​អ្នកមាន​ជាងគេ​ទាំង ៥ រូប នៅ ទ្វីបអាស៊ី។

    បើទោះជា​មិន​ល្បីឈ្មោះ​ខ្លាំង ប៉ុន្តែ ប្រធាន​ក្រុមហ៊ុន CATL លោក Zeng Yuqun គឺជា​អ្នកជំនួញ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅ ប្រទេស​ចិន។

    ប្រធាន​ក្រុមហ៊ុន CATL លោក Zeng Yuqun

    នៅពេល​ចូលប្រលូក​ក្នុង​ទីផ្សារ​ចិន Tesla ត្រូវ​ប្រឈម​នឹង​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី ដែល​បំពាក់​សម្រាប់​រថយន្តរ​បស់​ពួកគេ។ មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ត្រូវ​ទៅសុំ​ជំនួយ​ពី​វិស្វករ​លំដាប់​កំពូល​ក្នុង​វិស័យនេះ ជា​មនុស្ស​ដែល​បាន​ជួយ​ឱ្យ Apple បង្កើន​អាយុកាល​ថ្ម​នៅលើ Macbook។ មនុស្ស​សំខាន់​ម្នាក់​នោះ​គឺ​លោក Zeng Yuqun។

    «ស្ដេច​ថ្ម​រថយន្ត​អគ្គិសនី»

    លោក Zeng Yuqun អាយុ ៥៣ ឆ្នាំ មកពី​ខេត្ត Fujian (ប្រទេស​ចិន)។ លោក Zeng មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​រូបធាតុ (Condensed matter physics) នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន នា រដ្ឋធានី​ប៉េកាំង។

    លោក Zeng បាន​កសាង Contemporary Amperex Technology Co.Ltd ឱ្យទៅជា​ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​លំដាប់​កំពូល​នៅ ប្រទេស​ចិន ដោយ​ប្រើពេល​មិន​ដល់ ១ ទសវត្សរ៍។ បច្ចុប្បន្ន CATL គឺជា​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ធំ​បំផុត​ក្នុង​ពិភពលោក សម្រាប់​យានជំនិះ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​អនាគត​របស់​វិស័យ​រថយន្ត។ ការប្រឹងប្រែង​កន្លងមក បានធ្វើឱ្យ Zeng ដែលជា​អ្នកស្រែ និង​ជា​មន្ត្រី​រដ្ឋការ​ដែល​ទទួល​បាន​ប្រាក់បៀវត្ស ៣០ ដុល្លារ​អាម៉េរិក/ខែ ក្លាយជា​មហាសេដ្ឋី​ពិភពលោក។

    បណ្ដា​ផលិតផល​របស់ CATL បាន​ក្លាយជា​គ្រឿងបន្លាស់​នៃ​រថយន្ត​របស់​ក្រុមហ៊ុនធំៗក្នុង​ពិភពលោក។ ចាប់ពី​ខែកក្កដា ពួកគេ​នឹង​ផ្គត់ផ្គង់​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី Tesla ដែល​ផលិត​នៅ សៀង​ហៃ ប្រទេស​ចិន។

    ការិយាល័យកណ្ដាលរបស់ CATL

    ឪពុក​បង្កើត​របស់ កំពូល​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី ដែល «រស់» បាន ១៦ ឆ្នាំ

    កាលពី​ឆ្នាំ ២០២១ CATL បានប្រកាសថា ពួកគេ​អាច​ផលិត​បាន​ប្រភេទ​ថ្ម​ដែលមាន​អាយុកាល​ជាង ១៦ ឆ្នាំ និង​អនុញ្ញាតឱ្យ​រថយន្ត​ដែល​បំពាក់​ថ្ម​នេះ រត់​បាន​ជិត ២ លាន​គីឡូម៉ែត្រ។ ប្រភេទ​ថ្ម​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រថយន្ត Tesla បច្ចុប្បន្ន មាន​អាយុកាល​ត្រឹមតែ​ប្រហែល ៨ ឆ្នាំ និង​រត់​បាន​ជិត ២៥០,០០០ គីឡូម៉ែត្រ​បណ្ដោះ។

    លោក Zeng Yuqun ដែលជា​ប្រធាន​ក្រុមហ៊ុន CATL ឱ្យដឹងថា៖ «បើ​មាន​អ្នកណា​បញ្ជា​ទិញ យើង​នឹង​ចាប់ផ្ដើម​ផលិត​ភ្លាម។ តម្លៃ​របស់​ថ្ម​ប្រភេទ​ថ្មី​នេះ ខ្ពស់ជាង​ប្រហែល ១០% ធៀប​នឹង​ប្រភេទ​ថ្ម​បច្ចុប្បន្ន ប៉ុន្តែ អត្ថប្រយោជន៍​ដែល​ប្រភេទ​ថ្ម​ថ្មី​នេះ​នាំមក គឺ​ពិតជា​ធំធេង»។

    យោងតាម​ការ​ព្យាករ​របស់លោក Zeng ចំនួន​រថយន្ត​អគ្គិសនី​ក្នុង​ពិភពលោក នឹង​យកឈ្នះ​លើ​រថយន្ត​ប្រើប្រាស់​ប្រេង​ឆាំង​នៅ​អំឡុង​ឆ្នាំ ២០៣០-២០២៥៕

  • ចោរ​ប្រដាប់អាវុធ ជូន​ប្រាក់ និង​រៀបរាប់​រឿងរ៉ាវ​ប្រាប់​ដល់​ម្ចាស់ផ្ទះ ពេល​ត្រូវ​តាម​ទាន់

    ចោរ​ប្រដាប់អាវុធ ជូន​ប្រាក់ និង​រៀបរាប់​រឿងរ៉ាវ​ប្រាប់​ដល់​ម្ចាស់ផ្ទះ ពេល​ត្រូវ​តាម​ទាន់

    (សហរដ្ឋ​អាម៉េរិក)-ចោរ​ម្នាក់​ដែល​ប្រើប្រាស់​កាំភ្លើង AR-១៥ បាន​លួច​ចូលក្នុង​ផ្ទះមួយ​ខ្នង​នៅក្នុង​រដ្ឋ New Mexico ប៉ុន្តែ​ត្រូវគេ​តាម​ទាន់ ភ្លាមនោះ​ជននេះ​ក៏បាន​ជូន​ប្រាក់​ដល់​ម្ចាស់ផ្ទះ​ចំនួន ២០០ ដុល្លារ។

    អធិការ​ប៉ូលិស​ស្រុក Santa Fe ដែល​ស្ថិតក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក ថ្ងៃនេះ បានឱ្យដឹងថា បុរស​ម្នាក់​ដែល​កាន់​កាំភ្លើង AR-១៥ ១ ដើម បាន​លួច​ចូលទៅក្នុង​ផ្ទះមួយ​ខ្នង​នៅក្នុង​តំបន់ និង​ដេក​ស៊ីចុក​នៅទីនេះ។

    បន្ទាប់ពី​ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់ ជន​ជា​ចោរ​នេះ​មិនបាន​គំរាម ឬ​យក​របស់របរ​អ្វី​ពីក្នុងផ្ទះ​នេះដែរ។ ជំនួស​មកវិញ ជននេះ​បាន​ជូន​ប្រាក់ ២០០ ដុល្លារ ដល់​ម្ចាស់ផ្ទះ​ដើម្បី​សង​ថ្លៃ​បង្អួច​ដែល​ខ្លួន​បានធ្វើឱ្យ​បែកបាក់។ នេះ​បើតាម​ការ​ឱ្យដឹងពី​សម​ត្ថ​កិច្ច​ក្នុង​តំបន់។

    ជនជាប់សង្ស័យ​ដែលមាន​អាយុ​ជាង ២០ ឆ្នាំ និង​កម្ពស់​ប្រហែល ១.៨ ម៉ែត្រ ក៏​ថែមទាំង​បាន​និយាយ​រៀបរាប់​រឿងរ៉ាវ​របស់ខ្លួន​ប្រាប់​ម្ចាស់ផ្ទះ​ទៀតផង។ ជននេះ​ប្រាប់ថា ខ្លួន​កំពុង​រត់គេច​ពី​ការ​តាម​សម្លាប់ ខណៈដែល​សមាជិកគ្រួសា​រ​របស់គាត់​ត្រូវគេ​បាញ់ប្រហារ​នៅ​តំបន់​ខាងកើត​នៃ​រដ្ឋ Texas ហើយ​រថយន្ត​របស់គាត់​ក៏ត្រូវ​ខូច។

    «ចោរ​នេះ​ពិតជា​មានការ​ខ្មាសអៀន និង​ដឹង​កំហុស​ចំពោះ​ហេតុការណ៍​នេះ» អាជ្ញាធរ​ក្នុង​តំបន់​ដកស្រង់​សម្ដី​ម្ចាស់ផ្ទះ​ឱ្យដឹង​ដូច្នេះ។

    ក្រោយពី​បាន​សុំទោស​ម្ចាស់ផ្ទះ ចោរ​នេះ​ក៏បាន​ចាក​ចេញទៅ​ជាមួយនឹង​កាបូប​ចាស់ និង​កាំភ្លើង​មួយ​ដើម។ ជននេះ​ត្រូវបាន​ម្ចាស់ផ្ទះ​ជឿថា បាន​ប្រើប្រាស់​របស់របរ​នៅក្នុង​ផ្ទះ​របស់គាត់​ប្រហែល ១៥ ដុល្លារ។ ប៉ូលិស​បាននាំគ្នា​តាមរក​ជនសង្ស័យ ប៉ុន្តែ​មិនទាន់​រកឃើញ​នៅឡើយ៕

  • ទស្សនា​​ទិដ្ឋភាព​ចំការ​បណ្ដែត​ទឹក​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំជាងគេ​ក្នុង​ពិភពលោក

    ទស្សនា​​ទិដ្ឋភាព​ចំការ​បណ្ដែត​ទឹក​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំជាងគេ​ក្នុង​ពិភពលោក

    ចំការ​បណ្ដែត​ទឹក​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំជាងគេ​ក្នុង​ពិភពលោក ដែល​ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ ប្រទេស​ថៃ មាន​ទំហំ​ធំ​ជាង ១០០ ដង បើ​ធៀប​នឹង​ទីលាន​បាល់ទាត់។

    យោងតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ថៃ (EGAT) ចំការ​ផលិត​អគ្គិសនី​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី Sirindhorn ដែល​ស្ថិតនៅលើ​ទន្លេ Lam Dom Noi ក្នុង​ខេត្ត Ubon Ratchathani ចម្ងាយ​ពី រដ្ឋធានី​បាងកក ប្រហែល ៦៦០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត។ រោងចក្រ​នេះ​ត្រូវបាន​ដំណើរការ​ទៅតាម​រូបមន្ត​បច្ចេកវិទ្យា «កូនកាត់»។

    នៅពេល​ថ្ងៃ ផ្ទាំង​សូ​ឡា​ចំនួន ១៤៥,០០០ ផ្ទាំង ដែល​ត្រូវបាន​ដំឡើង​នៅក្នុង​គម្រោង មាន​តួនាទី​បង្កើត​អគ្គិសនី​ដោយ​ប្រមូល​ថាមពល​ពី​ព្រះអាទិត្យ។ ចំណែក​ពេលយប់​វិញ វា​នឹង​បន្ត​ផលិត​អគ្គិសនី​ដោយមាន ទួ​រ​ប៊ី​ន ខ្នាត​ធំ ដែល​បាន​ដំឡើង​នៅក្នុង​ទន្លេ​ដើម្បី​ប្រើប្រាស់​កម្លាំង​ទឹក​ហូរ។

    ចំការ​អគ្គិសនី Sirindhorn ត្រូវបាន​សាងសង់​ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ចំនួន ៣៤ លាន​ដុល្លារ​អាម៉េរិក និង​ផ្ដល់​ថាមពល ៤៥ MW។

    ចំការ​ផលិត​អគ្គិសនី Sirindhorn ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃ​ទឹក​ទំហំ ១២០ ហិកតា ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន ១២០ បូក​ចូលគ្នា និង​ស្ថិតនៅក្នុង​ទំនប់​វា​រី​អគ្គិសនី Sirindhorn។ ចំការ​នេះ​មាន​ផ្ទាំង​សូ​ឡា​ប្រមូល​ថាមពលព្រះអាទិត្យ​ចំនួន ១៤៥,០០០ ផ្ទាំង ដែល​ត្រូវ​បានដាក់​ជា ៧ ក្រុម។

    ក្រុម​ហ៊ុន​​ផ្គត់ផ្គង់​អគ្គិសនី​ថៃ (EGAT) ឱ្យដឹងថា ចំការ​អគ្គិសនី​នេះ ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​ប្រមាណ ៤៧,០០០ តោន ជា​រៀងរាល់ឆ្នាំ។

    រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា ដល់​ឆ្នាំ ២០៣៧ ថាមពល​កកើត​ឡើងវិញ ក្នុងនោះ​មាន​ពន្លឺព្រះអាទិត្យ​ជាដើម នឹង​រួមចំណែក ៣៥% នៃ​ថាមពល​អគ្គិសនី​សរុប​ដែល​ប្រទេស​នេះ​ផលិត​បាន៕

  • (វីដេអូ)-យន្តហោះ​​ដឹក​​អ្នក​ដំណើរ​​អគ្គិសនី​​ដំបូង​​គេ​ ត្រៀម​ខ្លួន​​រួច​រាល់​​សម្រាប់​​ជើង​ហោះ​ហើរ​​ដំបូង

    (វីដេអូ)-យន្តហោះ​​ដឹក​​អ្នក​ដំណើរ​​អគ្គិសនី​​ដំបូង​​គេ​ ត្រៀម​ខ្លួន​​រួច​រាល់​​សម្រាប់​​ជើង​ហោះ​ហើរ​​ដំបូង

    (អ៊ីស្រាអែល)-Alice ដែលជា​យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក និង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Eviation បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការហោះហើរ។

    Alice បានធ្វើ​តេស្ត​ប្រព័ន្ធ​ដំណើរការ​កាលពី​សប្ដាហ៍​មុន​នៅឯ​ព្រលានយន្តហោះ Seattle ភាគ​ខាងជើង។ Omer Bar-Yohay ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់ Eviation បានឱ្យដឹងថា តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ Alice នឹង​ធ្វើ​​ការ​ហោះ​ហើរ​​លើក​​ដំបូង។

    ជាមួយនឹង​បច្ចេកវិទ្យា​ថ្ម​ដែល​ដូច​ទៅនឹង​ថ្ម​របស់​រថយន្ត​អគ្គិសនី ឬ​ទូរស័ព្ទ​ចល័ត និង​រយៈពេល​នៃ​ការបញ្ចូល​ថាមពល​ប្រហែល ៣០ នាទី យន្តហោះ Alice ដែលមាន​កៅអី​ចំនួន ៩ នេះ អាច​ហោះ​ក្នុង​រយៈពេល ១ ម៉ោង និង​អាច​ហោះ​បាន ៨១៥ គីឡូម៉ែត្រ/ម៉ោង។ ល្បឿន​ហោះហើរ​ធម្មតា​ដែល​ខ្ពស់បំផុត​គឺ ៤៦២ គីឡូ​ម៉េ​ត្រ/ម៉ោង។

    ក្រុមហ៊ុន Eviation សង្ឃឹមថា យន្តហោះ​អគ្គិសនី​ដែល​អាច​ផ្ទុក​មនុស្ស​ពី ២០ ដល់ ៤០ នាក់ របស់ខ្លួន នឹង​ក្លាយជា​ការពិត​ក្នុង​រយៈពេល​ពី ៧ ដល់ ១០ ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ DHL បាន​បញ្ជា​ទិញ​ជាមុន​នូវ​យន្តហោះ Alice ចំនួន ១២ គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​នៅ​ឆ្នាំ ២០២៤។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ CapeAir ក៏បាន​បញ្ជា​ទិញ​យន្តហោះ​នេះ ហើយ​គ្រោង​នឹង​ដាក់ឱ្យ​ហោះហើរ​ចាប់ពី​ឆ្នាំ ២០២៣៕

  • ធនាគារ​ពាណិជ្ជកម្ម «វ័យជាង ៩០ ឆ្នាំ» នៅ សហរដ្ឋ​អាម៉េរិក ត្រៀម​ផ្ដល់​សេវា Bitcoin (BTC) ដល់​អតិថិជន

    ធនាគារ​ពាណិជ្ជកម្ម «វ័យជាង ៩០ ឆ្នាំ» នៅ សហរដ្ឋ​អាម៉េរិក ត្រៀម​ផ្ដល់​សេវា Bitcoin (BTC) ដល់​អតិថិជន

    Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់​ធនាគារ Flushing មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​នី​វ​យ៉​ក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា New York Digital Investment Group (NYDIG) នៅក្នុង​ការផ្ដល់សេវា Bitcoin ដល់​អតិថិជន​របស់​ខ្លួន។

    កិច្ចសហការ​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​ធនា​ការ Flushing ផ្ដល់​សេវា​ទិញ លក់ និង​កាន់កាប់ Bitcoin នៅក្នុង​បរិស្ថាន​សុវត្ថិភាព​បំផុត។ ទន្ទឹមនឹងនេះ Flushing ក៏បាន​បញ្ជាក់ថា ពួកគេ​នឹង​បញ្ចេញ​សេវាកម្ម​មួយចំនួន​ដែល​ទាក់ទង​នឹង BTC នៅ​ចុង​ត្រីមាស​នេះ ហើយ​ថា នឹង​បង្ហើប​ឱ្យដឹង​អំពី​ដំណើរការ​លម្អិត​របស់​សេវា​កម្មនេះ។

    ធនាគារ Flushing ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩២៩។ យោងតាម​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បច្ចុប្បន្ន ធនាគារ​នេះ​កំពុង​កាន់កាប់​ទ្រព្យ​តម្លៃ ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល ២០០ លាន​ដុល្លារ។

    លោក John R. Buran ប្រធាន​របស់ Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់ ធនា​ការ Flushing បានឱ្យដឹងថា ការផ្ដល់សេវា​ទាក់ទង​នឹង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ Bitcoin របស់​ក្រុមហ៊ុន គឺ​ដោយសារ​ចង់​តាម​ឱ្យទាន់​និន្នាការ​ប្រាក់​ឌីជីថល​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ។

    Bitcoin គឺជា​រូបិយវត្ថុ​ឌីជីថល ប្រភេទ គ្រីប​តូ (Cryptocurrency) ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទូទាត់​រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាង​សុវត្ថិភាព និង​យ៉ាង​សម្ងាត់ ដែល​មិន​ស្ថិតក្រោម​ការតាមដាន​ពី​សំណាក់​អាជ្ញាធរ ស្ថាប័នរដ្ឋ ឬ​ប្រទេស​ណាមួយ៕

  • រូបិយវត្ថុ​ឌីជីថល​ Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រាក់​ស្របច្បាប់​របស់​រដ្ឋ​មួយ​នៅ​ អាម៉េរិក បើសិនជា​បេក្ខភាព​​​​​រូប​នេះ​​ជាប់ឆ្នោត​ជា​អភិបាល​

    រូបិយវត្ថុ​ឌីជីថល​ Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រាក់​ស្របច្បាប់​របស់​រដ្ឋ​មួយ​នៅ​ អាម៉េរិក បើសិនជា​បេក្ខភាព​​​​​រូប​នេះ​​ជាប់ឆ្នោត​ជា​អភិបាល​

    បេក្ខភាព​អភិបាលរដ្ឋ Texas នៃ សហរដ្ឋ​អាម៉េរិក លោក Don Huffines បាន​បញ្ជាក់ថា នឹងមាន​គោល នយោបាយ «ត្រួសត្រាយ​ផ្លូវ» ជាច្រើន សម្រាប់​រូបិយវត្ថុ​ឌីជីថល​ប្រភេទ​គ្រីប​តូ Bitcoin បើសិនជា​លោក​បាន​ជាប់ឆ្នោត​នៅ​ខែវិច្ឆិកា ២០២២។

    លោក Don Huffines អតីត​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ដែល​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដើម្បី​ក្លាយជា​អភិបាលរដ្ឋ Texas បាន​បង្ហោះ​សេចក្ដីព្រាង​គោលនយោបាយ​មួយ​ដែល​គាំទ្រ​ដល់ Bitcoin នៅលើ​គេហទំព័រ​របស់លោក។ លោក​ប្រកាសថា នឹង​ប្រែក្លាយ Texas ឱ្យទៅជា «ឋានសួគ៌» សម្រាប់ Bitcoin នៅពេល​លោក​បាន​ជាប់ឆ្នោត។

    «ខ្ញុំ​បាន​វិនិយោគ​ទៅលើ Bitcoin តាំងពី​ច្រើន​ឆ្នាំ​មកនេះ និង​មាន​ទំនុកចិត្ត​លើ​ប្រាក់​ប្រភេទ​នេះ…។ ជា​រដ្ឋ​ដែល​ជឿនលឿន​ក្នុង​វិស័យ​បច្ចេកវិទ្យា ដូច្នេះ Texas ត្រូវតែ​ឈានមុខ​គេ​ក្នុង​ការទទួលយក Bitcoin និង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ (Cryptocurrency គឺជា​លុយ​ឌីជីថល បង្កើតឡើង​ដើម្បី​ទូទាត់ រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាងរឹងមាំ បំណង​រក្សា​សុវត្ថិភាព​កំណត់ត្រា​ប្រតិបត្តិការ ដើម្បី​គ្រប់គ្រង​ការបង្កើត​កាក់​ថ្មី និង​ដើម្បី​បញ្ជាក់​ប្រតិបត្តិ​ការផ្ទេរ​កាក់​រប​ស់​ម្ចាស់​កាក់)» លោក Don Huffines សរសេរ​ដូច្នេះ។

    លោក​បន្តថា៖ «ខ្ញុំ​សន្យាថា នឹងធ្វើ​ឱ្យ Texas ក្លាយជា​ចំណុចកណ្ដាល​នៃ Bitcoin របស់​ពិភពលោក និង​ការពារ​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ពី​ការកំណត់​ដ៏​តឹងរឹង​របស់​អាជ្ញាធរ​ស​ហ​ព័ន្ធ»។

    នៅក្នុង​សេចក្ដីព្រាង​គោលនយោបាយ​របស់ លោក Don Huffines មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន៖

    -បង្កើត​គណៈកម្មការ​គោល​នយោបាយ Bitcoin និង​ប្រាក់​ឌីជីថល​គ្រីប​តូ ដើម្បី​ជ្រើសរើស​រូបិយវត្ថុ​គ្រិ​ប​តូ​មួយចំនួន​ដែល​អាច​ប្រើ​ជា​អន្តរការី​នៅក្នុង​ការជួញដូរ​តម្លៃ​នៅ​រដ្ឋ Texas ជា​ជំនួយ​សម្រាប់​ប្រាក់​ដុល្លារ​អាម៉េរិក​បច្ចុប្បន្ន។

    -ទទួលស្គាល់ Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅ Texas

    -ការពារ Texas ពី​ឥទ្ធិពល​របស់​អាជ្ញាធរ​សហព័ន្ធ…

    -ការពារ​អ្នកទទួលយក Bitcoin នៅ Texas…

  • ក្រុម​ហ៊ុន​ចិន កំពុង​អភិវឌ្ឍ​​យន្ត​ហោះ​​អវកាស​​ល្បឿន​​លឿន​​ជាង​​យន្ត​ហោះ​ Concorde ​២​ ដង

    ក្រុម​ហ៊ុន​ចិន កំពុង​អភិវឌ្ឍ​​យន្ត​ហោះ​​អវកាស​​ល្បឿន​​លឿន​​ជាង​​យន្ត​ហោះ​ Concorde ​២​ ដង

    ក្រុមហ៊ុន Space Transportation (凌空天行 / Linkong Tian Xing)កំពុង​អភិវឌ្ឍ​គំរូ​យន្តហោះ​អវកាស​ដែលមាន​ល្បឿន​ជាង ៤,០០០ គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ទ្វេដង​ធៀប​នឹង​យន្តហោះ Concorde។

    ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Tianxing រ៉ុក្កែត​នេះ​អាច​ហោះ​ឡើង​ត្រង់ នាំយក​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាតតូច​ទៅជា​មួយ។ ពេល​ឡើងដល់​កម្ពស់​សមល្មម យន្តហោះ​អវកាស​នឹង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត ហើយ​ហោះ​សំដៅ​ចូល​ទី​អវកាស​ក្នុង​ល្បឿន​ប្រហែល ៤,១៨៤ គីឡូម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន Space Transportation នៅ​ទីក្រុង​ប៉េកាំង បាន​អភិវឌ្ឍ​យន្តហោះ​នេះ​តាំងពី​ឆ្នាំ ២០១៨។ ពួកគេ​និយាយ​ថា ប្រព័ន្ធ​យាន​នេះ​គឺជា «រ៉ុក្កែត​ដែលមាន​ស្លាប» និង​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៥។

    ជើង​ទម្រ​របស់​យន្ត​ហោះ​អវកាស​

    ជើងហោះហើរ​សាកល្បង​បាន​បង្ហាញថា រ៉ុក្កែត​មេ​អាច​ហោះ​ឡើង និង​ចុះចត​មកវិញ​ដោយ​ជោគជ័យ។ ជើង​ហោះហើរ​សាកល្បង​ជាមួយនឹង​យន្តហោះ​គំរូ​ដែលមាន​ខ្នាត​ពេញលេញ​នឹងត្រូវ​បានធ្វើ​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ បើសិនជា​ដំណើរ​ការល្អ ជាមួយនឹង​ល្បឿន​ជិត ៤,២០០ គីឡូម៉ែត្រ/ម៉ោង យន្តហោះ​អវកាស​របស់ ក្រុម​ហ៊ុន Space Transportation នឹង​ហោះហើរ​បាន​លឿន​ជាង ២ ដង បើ​ធៀប​ជាមួយនឹង​យន្តហោះ Concorde (ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង និង​អង់គ្លេស) និង​អាច​ហោះ​ពី ក្រុង​ឡុង​ដ៍ ទៅដល់ ក្រុង​នី​វ​យ៉​ក ដោយ​ចំណាយពេល​តែ ១ ម៉ោង។

    កាលពី​ឆ្នាំមុន Space Transportation ប្រមូល​ទុន​បាន ៤៦.៣ លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង និង​សាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត ១០ លើក។

    នៅ ប្រទេស​ចិន ក្រៅពី​ក្រុមហ៊ុន Space Transportation ក៏​នៅមាន​ក្រុមហ៊ុន​មួយទៀត​ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​អវកាស នោះ​គឺ ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាកាសចរណ៍​អវកាស​ចិន (របស់​រដ្ឋាភិបាល)។ រដ្ឋាភិបាល​ចិន និយាយ​ថា យន្តហោះ​អវកាស​របស់​ពួកគេ​អាច​ហោះ​ឡើងដល់​គន្លង​គោចរ​ដោយ​មិន​ត្រូវការ​រ៉ុក្កែត​ខ្នាត​ធំ។ ប្រការនេះ​មានន័យថា យន្តហោះ​នោះ​នឹង​អាច​ហោះ​ឡើង និង​ចុះចត​នៅលើ​ព្រលានយន្តហោះ​ណា​ក៏បាន៕