Category: សង្គម និងសេដ្ឋកិច្ច

  • ទិវា​នៃ​ក្ដី​ស្រលាញ់ (១៤ កុម្ភៈ) ជិត​មកដល់ ក្រសួង​អប់រំ​ចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​អំពើ​មិន​គាប់​បី

    ទិវា​នៃ​ក្ដី​ស្រលាញ់ (១៤ កុម្ភៈ) ជិត​មកដល់ ក្រសួង​អប់រំ​ចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​អំពើ​មិន​គាប់​បី

    ដោយមាន​ការព្រួយបារម្ភ​អំពី​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ក្រសួង​អប់រំ បានចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​ទប់ស្កាត់​នៅតាម​គ្រឹះស្ថានសិក្សា។

    ថ្ងៃទី ១៤ កុម្ភៈ គឺជា​ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​គ្រប់គ្នា​អាច​យក​ឱកាស​នេះ​ដើម្បី​ផ្សាយ​មេត្តា ការគោរព​ស្រលាញ់ ការដឹងគុណ​ចំពោះ​លោកអ្នក​មានគុណ ដូចជា មាតា បិតា ។ល។

    ក៏ប៉ុន្តែ បច្ចុប្បន្ន យុវវ័យ​មួយចំនួន បានចាត់ទុក​ទិវា​នេះ​ថា ជា​ថ្ងៃបុណ្យ​សង្សារ​ទៅវិញ ដោយ​អ្នកខ្លះ​ថែមទាំង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​រឿង​មិន​គាប់​បី​ដល់ដៃ​គូ​ជា​សង្សារ​ទៀតផង។

    ដោយ​បារម្ភ​អំពី​សកម្មភាព​មិនល្អ​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន។ ព័ត៌មាន​លំអិត សូម​អាន​សេចក្ដីណែនាំ​ខាងក្រោម៖

  • (វីដេអូ)-របក​គំហើញ​ថ្មី​! ត្រី​សិប្បនិម្មិត​ដែល​អភិវឌ្ឍ​ពី​កោសិកា​បេះដូង​មនុស្ស គឺជា​ចំណុច​ចាប់​ផ្ដើម​ដើម្បី​បង្កើត​បេះដូង​កូនកាត់

    (វីដេអូ)-របក​គំហើញ​ថ្មី​! ត្រី​សិប្បនិម្មិត​ដែល​អភិវឌ្ឍ​ពី​កោសិកា​បេះដូង​មនុស្ស គឺជា​ចំណុច​ចាប់​ផ្ដើម​ដើម្បី​បង្កើត​បេះដូង​កូនកាត់

    (សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​កោសិកា​ចំនួន ៧៣,០០០ គ្រាប់​ដែល​យក​ពី​កោសិកា​ដើម​របស់​បេះដូង​មនុស្ស ឱ្យទៅជា​រូបរាង​ត្រី អាច​ហែល​បាន​ដោយ​ពឹង​លើ​ការ​កន្ទុយ​ដែល​បក់​ទៅតាម​ចង្វា​ក់លោត។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Harvard កំពុង​រក​វិធី​បង្កើត​បេះដូង​សិប្បនិម្មិត​អភិវឌ្ឍ​ពី​កោសិកា​ដើម​របស់​បេះដូង សម្រាប់​ករណី​ចាំបាច់ ព្រោះតែ​កង្វះ​នៃ​ការបរិច្ចាគ​បេះដូង។ បើទោះជា​ត្រូវ​ចំណាយពេល​យូរអង្វែង​ទៀត​ទើប​អាច​សម្រេចបាន ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​អាច​អភិវឌ្ឍ​បណ្ដា​កោសិកា​ឱ្យទៅជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ដែលមាន​រូបរាង​ដូច​ត្រី។

    នេះ​គឺជា​ឧបករណ៍​កូនកាត់​ជីវសាស្ត្រ​ស្វ័យប្រវត្ត​ដំបូង​ដែល​ធ្វើ​អំពី​កោសិកា​បេះដូង​ដែល​បាន​អភិវឌ្ឍ​ពី​បណ្ដា​កោសិកា​ដើម​របស់​មនុស្ស។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​ប្រកាស​នៅលើ​ទស្សនាវដ្ដី Science កាលពី​ថ្ងៃទី ១០ កុម្ភៈ។

    ឧបករណ៍​នេះ​ត្រូវបាន​គេ​ហៅថា ប្រភេទ​កូនកាត់​ជីវសាស្ត្រ ព្រោះតែ​វា​ជាការ​រួមផ្សំ​រវាង​បណ្ដា​កោសិកា​របស់​មនុស្ស និង​វត្ថុ​ធាតុ​មិនមែនជា​ជីវសាស្ត្រ ដោយ​ដងខ្លួន​របស់​វា​ធ្វើ​អំពី​ក្រដាស ចំណែក «អាវ​ពោង» របស់​វា ធ្វើ​អំពី​ជ័រ។ ឧបករណ៍​ថ្មី​នេះ មិនមាន​អ្វីមួយ​ដែល​ត្រូវបាន​យក​មកពី​ត្រីពិត​នោះទេ។

    ចំណុច​ពិសេស​របស់​បេះដូង​គឺ​ចង្វា​ក់លោត ហើយ​បណ្ដា​កោសិកា​របស់​វា​ក៏​ដំណើរការ​គ្នា​នេះដែរ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រែក្លាយ​កោសិកា​ដើម​ចំនួន ៧៣,០០០ កោសិកា ឱ្យទៅជា​កោសិកា​បេះដូង រួច​ដាក់​ពួកវា​ទៅក្នុង​រចនាសម្ព័ន្ធ​មួយ​ដែលមាន​រាង​ដូច​ត្រី ដោយមាន​កោសិកា​សាច់ដុំ​ចំនួន ២ ស្រទាប់​នៅត្រង់​សងខាង​កន្ទុយ។ កោសិកា​សាច់ដុំ​ទាំងនេះ ផ្ទុក​ប្រូតេអ៊ីន​រី​ទីណា (retinal protein) ដែលមាន​ភាព​រសើប ឬ​រំញោច​ខ្លាំង​ជាមួយនឹង​ពណ៌​របស់​ពន្លឺផ្សេងៗគ្នា។

    ដោយ​ការផ្លាស់ប្ដូរ​ពណ៌​របស់​ពន្លឺ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើឱ្យ​កោសិកា​សាច់ដុំ​ទាំងសងខាង​កន្ទុយ លោត​មិន​ស្របគ្នា ដោយ​ម្ខាង​រួញ​ចូល ខណៈ​ម្ខាង​ទៀត​លា​ចេញ បណ្ដាលឱ្យ​កន្ទុយ​របស់​ត្រី​សិប្បនិម្មិត​នេះ ម្ដង​បក់​ទៅខាង​ស្ដាំ និង​ម្ដង​បក់​ទៅខាង​ឆ្វេង។ ចលនា​នេះ​រុញច្រាន​ត្រី​ឱ្យទៅ​មុខ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏បាន​បញ្ជាក់ថា កោសិកា​នានា​អាច​រក្សា​ចលនា​នេះ​រយៈពេល ១០៨ ថ្ងៃ នៅពេល​ហែល​ក្នុង​ធាតុ​រាវ​អំបិល​ដែល​សម្បូរ​គ្លុយកូស។

  • ណា​សា ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រ៉ុក្កែត​ដំបូង បាញ់​ចេញពី​ពិភព​ដទៃ

    ណា​សា ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រ៉ុក្កែត​ដំបូង បាញ់​ចេញពី​ពិភព​ដទៃ

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) បានសម្រេច​សហការ​ជាមួយ​ក្រុមហ៊ុន Lockheed Martin ដើម្បី​អភិវឌ្ឍ​រ៉ុក្កែត​តម្លៃ ១៩៤ លាន​ដុល្លារ សម្រាប់​ដឹក​សំណាក​វត្ថុ​ពី​ពិភព​អង្គារ មកកាន់​ផែនដី។

    យានអវកាស​ដែល​ហោះ​ចេញពី​ពិភព​ដទៃ ដែលមាន​ឈ្មោះថា Mars Ascent Vehicle (MAV) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេសកកម្ម​យក​សំណាក​ដី​របស់​ពិភព​អង្គារ (ប្រមូលបាន​ដោយ​រ៉ូ​បូត Perseverance របស់ ណា​សា) ដឹក​មកកាន់​ផែនដី ដើម្បី​ធ្វើការ​វិភាគ​ស៊ីជម្រៅ។

    ចាប់តាំងពី​បាន​ចុះចត​លើ​ផ្ទៃ​ពិភព​អង្គារ​កាលពី​ថ្ងៃទី ១៨ កុម្ភៈ ២០២១ យាន​រុករក Perseverance បាន​ប្រឹងប្រែង​ស្វែងរក​ភ័ស្ដុតាង​ស្ដីអំពី​ជីវិត​អតីតកាល​នៅក្នុង​មាត់​រណ្ដៅ Jezero ជាទី​ដែល​ធ្លាប់មាន​បឹង​ដែល​ពេញ​ដោយ​ទឹក និង​វាលរាប​ដីសណ្ដរ​ដែលមាន​ទន្លេ កាលពី​រាប់ពាន់​លាន​ឆ្នាំមុន។ គិត​មកដល់​ថ្ងៃទី ៣១ មករា ២០២២ Perseverance បាន​ប្រមូល​សំណាក​ស្នូល​ដី​នៃ​ផ្ទៃ​ពិភព​អង្គារ​ដោយ​ជោគជ័យ​ចំនួន ៦ លើក​មកហើយ។ ណា​សា មាន​គម្រោង​បញ្ជូន​សំណាក​វត្ថុ​ធាតុ​ទាំងនោះ​មកកាន់​ផែនដី​នៅ​ឆ្នាំ ២០២៦។

    បេសកកម្ម​ខាងលើ​នឹងមាន​ឧបសគ្គ​ច្រើន។ រ៉ុក្កែត MAV នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ពិភព​អង្គារ អម​ជាមួយនឹង​យាន​ចុះចត​មួយគ្រឿង​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Sample Fetch Rover។ រ៉ូ​បូត​ថ្មី​នេះ​នឹង​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ដែល Perseverance កំពុង​ស្ថិតនៅ ដើម្បី​យក​សំណាក​វត្ថុ​ធាតុ​ដែល​ប្រមូលបាន រួចហើយ​ដាក់​វា​ទៅក្នុង MAV។ ពេលនោះ Sample Fetch Rover ក៏​នឹង​ដើរតួនាទី​ជា​ជើង​ទម្រ​ដើម្បីឱ្យ MAV ហោះ​ឡើង​ត្រលប់​មកកាន់​ផែនដី។ នេះ​បើតាម Angela Jackman ដែលជា​ជំនួយការ​របស់ ណា​សា ដែល​បាន​ប្រាប់ UPI កាលពី​ថ្ងៃទី ៨ កុម្ភៈ។

    ណា​សា កាលពី​ថ្ងៃទី ៧ កុម្ភៈ បានប្រកាស​ប្រគល់​ការងារ​អភិវឌ្ឍ MAV ឱ្យទៅ​ក្រុមហ៊ុន Lockheed Martin ដែលមាន​មូលដ្ឋាន​នៅ Bethesda រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក។ រ៉ុក្កែត MAV ដែលមាន​តម្លៃ ១៩៤ លាន​ដុល្លារ​នេះ នឹងមាន​កម្ពស់​ប្រហែល ៣ ម៉ែត្រ, មាន​អង្កត់ផ្ចិត ៤៥ ស.ម និង​មាន​ទម្ងន់​ស្រាល​ជាង ៤៥៣ គីឡូក្រាម។ រ៉ូ​បូត Perseverance មាន​ទម្ងន់​ប្រហែល ១,០២៥ គីឡូក្រាម (ទម្ងន់​នៅលើ​ផែនដី)៕

  • (វីដេអូ)-សេវា​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត កំពុង​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​នៅ​សិន​ជិន

    (វីដេអូ)-សេវា​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត កំពុង​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​នៅ​សិន​ជិន

    (ប្រទេស​ចិន)-មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន (Shenzhen Technology Center) កំពុង​ដំឡើង​បណ្ដាញ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ខ្នាតតូច​ស្វ័យប្រវត្ត ដើម្បី​ដឹកជញ្ជូន​ទំនិញ​ដោយ​មិនបាច់​មាន​មនុស្ស នៅក្នុង​ខេត្ត​ក្វាង​ទុង ភាគខាងត្បូង​ប្រទេស​ចិន។

    មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន កំពុងតែ​ឈានមុខ​គេ​ក្នុង​ការជំរុញ​សេវា​ប្រគល់​ទំនិញ​ដោយ​កូន​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ជា​ផ្នែក​មួយ​ក្នុងការ​ប្រឹងប្រែង​កសាង​ប្រព័ន្ធ​យានយន្ត​គ្មាន​មនុស្ស​បើក​នៅលើ​អាកាស លើ​ផ្ទៃសមុទ្រ និង​លើគោក។

    នៅក្បែរ​អគារ​ការិយាល័យ​មួយ​ក្នុង​ទីក្រុង​សិន​ជិន គឺជា​បន្ទប់​ទំនិញ​ស្វ័យប្រវត្ត (kiosk) ត្រូវបាន​រចនា​ឡើង​សម្រាប់​ឱ្យ​គ្រប់គ្នា​អាច​ទទួល​ទំនិញ​របស់​ពួកគេ​ដែល​ដឹកជញ្ជូន​មក​ដោយ​កូន​យន្តហោះ​ដ្រោ​ន។

    អតិថិជន​ម្នាក់​និយាយថា៖ វាយ​ជួយ​សន្សំសំច័យ​ពេល​បាន​យ៉ាងច្រើន។ ក្រៅពីនេះ ខ្ញុំ​គ្រាន់តែ​មក​ទទួល​ទំនិញ​ដែល​បាន​បញ្ជា​ទិញ ដោយ​មិនចាំបាច់​ជួប​អ្នកណា​ទាំងអស់។ សេវា​ប្រគល់​ទំនិញ​ដោយ​ដ្រោ​ន ពិតជា​ទាន់សម័យ។

    អ្នកទទួលខុសត្រូវ​លើ​សេវា​ដឹកជញ្ជូន​បានឱ្យដឹងថា ដ្រោ​ន​គ្មាន​មនុស្ស​បើក​ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង​មនុស្ស។ យើង​ទទួលបាន​ការបញ្ជាទិញ​ចាប់ពី ២០០ ទៅ ៣០០ លើក ជា​រៀងរាល់ថ្ងៃ។

    លោក Mao Yinian ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ប្រគល់​អាហារ Meituan និយាយថា ក្នុងអំឡុងពេល​មមាញឹក​នៅ​ថ្ងៃត្រង់ យើង​ប្រគល់​ទំនិញ​បាន​លឿន​ជាង ១០ នាទី ធៀប​នឹង​ការប្រគល់​ទំនិញ​ដោយ​មនុស្ស។

    ទីក្រុង​សិន​ជិន ក៏​កំពុងធ្វើការ​សាកល្បង​ប្រើប្រាស់​យន្តហោះ​ដ្រោ​ន ដើម្បី​ដឹកជញ្ជូន​កញ្ចប់​ទំនិញ និង​សម្ភារៈ​សុខាភិបាល​ផងដែរ។

    លោក Jiang Ming ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ដ្រោ​ន Fengyi Technology បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ​អាច​ដឹកទំនិញ​បាន ១០ គីឡូក្រាម និង​ហោះ​បាន​ចម្ងាយ ២០ គីឡូម៉ែត្រ។ បើសិន​ដឹក ២០ គីឡូក្រាម វា​អាច​ហោះ​បាន ១០ គីឡូម៉ែត្រ។ នៅ​ស្ទើរ​គ្រប់​ទីក្រុង ដ្រោ​ន​អាច​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​បានភ្លាមៗ បន្ទាប់ពី​អតិថិជន​បាន​បញ្ជា​ទិញ​ពី​ហាង​អន​ឡាញ៕

  • រឹបអូស​​បាន​ប្រាក់​ Bitcoin​ តម្លៃ​ ៣.៦ ​ពាន់​​លាន​​ដុល្លារ​ អាជ្ញាធរ​​អាម៉េរិក​ ប្រកាស​ថា ​«រូបិយវត្ថុ​​ឌីជីថល ​មិន​មែន​ជា​​ជម្រក​​សុវត្ថិភាព​​សម្រាប់​​ឧក្រិដ្ឋ​ជន»

    រឹបអូស​​បាន​ប្រាក់​ Bitcoin​ តម្លៃ​ ៣.៦ ​ពាន់​​លាន​​ដុល្លារ​ អាជ្ញាធរ​​អាម៉េរិក​ ប្រកាស​ថា ​«រូបិយវត្ថុ​​ឌីជីថល ​មិន​មែន​ជា​​ជម្រក​​សុវត្ថិភាព​​សម្រាប់​​ឧក្រិដ្ឋ​ជន»

    ក្រសួងយុត្តិធម៌​អាម៉េរិក រឹបអូស​ប្រាក់​ឌីជីថល Bitcoin បាន​ជាង ៩៤,០០០ កាក់ ពី​ករណី​ហែក (hack) ចូល​ប្រព័ន្ធ Bitfinex និង​បាន​អះអាងថា ប្រាក់​ឌីជីថល​វិមជ្ឈការ ដែលមាន​ដូចជា Bitcoin ឬ Dogecoin ជាដើម មិនមែនជា​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន។

    កាលពី​ថ្ងៃទី ៨ កុម្ភៈ ក្រសួងយុត្តិធម៌​អាម៉េរិក បានប្រកាសថា បាន​ចាប់ខ្លួន​ជនសង្ស័យ ២ នាក់ ដោយ​ចោទថា បាន​លាង​លុយ និង​បាន​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់ មុននឹង​ត្រូវបាន​គេ​ផ្ទេរចេញ។

    ស្ថាប័ន​នេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​ជាក់លាក់​ស្ដីពី​ការរកឃើញ​រូបិយវត្ថុ​នេះ​នៅឡើយ ប៉ុន្តែ បានឱ្យដឹងថា ពេលនោះ​ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​រហូតដល់ ៣.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​ជាង ៤.៥ ពាន់​លាន​ដុល្លារ ហើយ​វា​បាន​ក្លាយជា​ករណី​រឹបអូស​ទ្រព្យ​ធំជាងគេ​បង្អស់​ដែល​ក្រសួងយុត្តិធម៌​ធ្លាប់បាន​អនុវត្ត​កន្លងមក។

    ជនសង្ស័យ ២ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​ឈ្មោះ Ilya Lichtenstein អាយុ ៣៤ ឆ្នាំ និង​ប្រពន្ធ​របស់​ជននេះ​ឈ្មោះ Heather Morgan អាយុ ៣១ ឆ្នាំ រស់នៅក្នុង​ទីក្រុង New York។

    យោងតាម​ឯកសារ​របស់​អាជ្ញាធរ ករណី​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ខាងលើនេះ បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៦ បណ្ដាលឱ្យ​ប្រាក់ Bitcoin ចំនួន ១១៩,៧៥៤ កាក់ ត្រូវបាន​គេ​លួច​យក​ចេញពី​ផ្សារ​ជួញដូរ Bitfinex។ ចោរ​អ៊ី​ន​ធើ​ណិ​ត (Hacker) ក្រោយមក​ក៏បាន​ធ្វើការ​ជួញដូរ​ខុសច្បាប់​ជាង ២,០០០ លើក និង​បាន​ផ្ទេរ Bitcoin ខាងលើ​ចូលទៅក្នុង​កាបូប​អេឡិចត្រូនិក​មួយ​ដែល​គ្រប់គ្រង​ដោយ Lichtenstein។

    ជំនួយការក្រសួងយុត្តិធម៌អាម៉េរិក លោក Kenneth A. Polite

    ក្នុង​រយៈពេល ៥ ឆ្នាំ ប្រាក់ Bitcoin ប្រហែល ២៥,០០០ កាក់ ត្រូវបាន​ផ្ទេរ​ចេញពី​កាបូប​អេឡិចត្រូនិក Lichtenstein តាមរយៈ​ការលាង​លុយ​ដ៏​ស្មុគស្មាញ និង​បញ្ចប់​ដោយ​ការផ្ញើ​ប្រាក់​ចូលទៅក្នុង​គណនី​ដែល​គ្រប់គ្រង​ដោយ Lichtentein និង Morgan។ ប្រាក់​ដែល​នៅសល់​ក្នុង​កាបូប​នោះ ក៏​រួមមាន​ទាំង Bitcoin ជាង ៩៤ ពាន់​កាក់» ប្រកាស​របស់​សមត្ថកិច្ច​បានឱ្យដឹង​ដូច្នេះ។

    បន្ទាប់ពី​មាន​សិទ្ធិ​ឆែកឆេរ​គណនី​អន​ឡាញ​របស់ Lichtenstein ក្រុមមន្ត្រី​ស៊ើបអង្កេត​ពិសេស​ក៏បាន​រកឃើញ​ហ្វា​ល​ដែលមាន​ផ្ទុក​លេខ​សម្ងាត់​ដើម្បី​ចូលទៅ​កាន់​កាបូប​អេឡិចត្រូនិក​ខាងលើ ទើប​ពួកគេ​អាច​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់។

    «ជនល្មើស​តែងតែ​ស​ន្ស​ល់​ដាន ហើយ FBI មាន​ឧបករណ៍​ស្រាវជ្រាវ​លើ​ដាន​ទាំងនោះ បើទោះជា​វា​នាំទៅដល់​ទីណា» អនុប្រធាន​របស់ FBI លោក Paul M. Abbate បានប្រកាស​ដូច្នេះ។

    ចំណែក ជំនួយការ​ក្រសួងយុត្តិធម៌​អាម៉េរិក លោក Kenneth A. Polite ក៏បាន​អះអាងថា លទ្ធផល​នេះ​បង្ហាញថា ក្រុម​ស្រាវជ្រាវ​អាច​តាមដាន​ប្រាក់​នៅលើ blockchain និង​បញ្ជាក់ថា ប្រាក់​ឌីជីថល​វិមជ្ឈការ (ប្រាក់​នៅក្នុង​បណ្ដាញ​បច្ចេកវិទ្យា​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ធនាគារ ឬ​ប្រទេស​ណាមួយ) នឹង​មិនមែនជា​ជម្រក​សុវត្ថិភាព​សម្រាប់​សកម្ម​ភាព​លាង​លុយ​របស់​ឧក្រិដ្ឋជន៕

  • ក្រុម​ហ៊ុន​​ឱសថ​​ Pfizer ​នឹង​​រក​​ប្រាក់​​ចំណូល​បាន ១០០ ពាន់​​លាន​​ដុល្លារ​ ក្នុង​​ឆ្នាំ ​២០២២

    ក្រុម​ហ៊ុន​​ឱសថ​​ Pfizer ​នឹង​​រក​​ប្រាក់​​ចំណូល​បាន ១០០ ពាន់​​លាន​​ដុល្លារ​ ក្នុង​​ឆ្នាំ ​២០២២

    ប្រាក់ចំណូល​របស់ Pfizer ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុងឆ្នាំនេះ ក្នុងនោះ វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ មាន​រហូតដល់​ជាង​ពាក់កណ្ដាល​ឯណោះ។

    ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer បានឱ្យដឹងថា ការកើនឡើង​នៃ​បរិមាណ​លក់​ចេញ​របស់ វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ នឹង​បន្ត​ជំរុញ​ឱ្យប្រាក់​ចំណូល​រប​ស់​ក្រុមហ៊ុន​នេះ ឡើងដល់ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២២។ ថ្នាំ​ប្រឆាំង​វីរុស Paxlovid នឹង​រកចំណូលបាន​ប្រហែល ២២ ពាន់​លាន​ដុល្លារ ខណៈដែល វ៉ាក់សាំង រកបាន ៣២ ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំទៅ Paxlovid រកប្រាក់​ចំណូល​បាន ៧៦ លាន​ដុល្លារ ចំណែក វ៉ាក់សាំង រកបាន ៣៦.៨ ពាន់​លាន​ដុល្លារ។

    ថ្មីៗនេះ ក្រុមហ៊ុន Pfizer បាន​ទិញ និង​សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំ និង វ៉ាក់សាំង របស់​ពួកគេ។ កាលពី​ខែធ្នូ ២០២១ Pfizer បានឱ្យដឹងថា នឹង​ទិញយក​ក្រុមហ៊ុន Arena Pharmaceuticals ក្នុងតម្លៃ ៦.៧ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​ក៏បាន​វិនិយោគ ២៥ ពាន់​លាន​ដុល្លារ​ផងដែរ ទៅក្នុង​ការពង្រីក​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ ២០១៩។

    Pfizer នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ទិញ​របស់ខ្លួន នៅក្នុង​វិស័យ​ឱសថ​ព្យាបាល​ជំងឺ​ក្នុងដំណាក់កាល​ដំបូង និង​ដំណាក់កាល​ចុងក្រោយ ដូចជា មហារីក ប្រព័ន្ធ​ភាពស៊ាំ និង​បណ្ដា​ជំងឺ​កម្រ​ជួបផ្សេងៗទៀត។

    ការិយាល័យកណ្ដាល​របស់​ក្រុម​ហ៊ុន​ Pfizer នៅ​ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ដែលមាន​ការិយាល័យ​កណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក នេះ ក៏បាន​ព្យាករ​ថា ការ​ទិញដូរ​ក្រុមហ៊ុនថ្មីៗនឹង​បង្កើតឱ្យមាន​ចំណូល​បន្ថែម ២៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០៣០។

    ភាគហ៊ុន​របស់ Pfizer បាន​ថយចុះ​ជាង ៤% កាលពី​ម្សិលម្ង៉ៃ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បានប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ។ មូលហេតុ​នៃ​ការថយចុះ​នេះ​គឺ​ដោយសារ​ប្រាក់ចំណេញ​ត្រូវបាន​ព្យាករ​ទាប​ជាង​ការរំពឹងទុក​របស់​ក្រុម​អ្នកវិនិយោគ នេះ​បើតាម​អ្នកវិភាគ Umer Raffat នៃ​ក្រុមហ៊ុន Evercore ISI។

    ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Pfizer លោក Frank D’Amelio បានឱ្យដឹងថា អត្រា​ប្រាក់ចំណេញ​លើ​ភាគហ៊ុន (EPS) ពី ៦.៣៥ ដល់ ៦.៥៥ ដុល្លារ គឺជា​កម្រិត​ខ្ពស់បំផុត​រួចហើយ​សម្រាប់​ពួកគេ។ ទន្ទឹមនឹងនេះ Pfizer ក៏បាន​បញ្ជាក់ថា ការ​ព្យាករ​ក្នុងឆ្នាំនេះ រួមបញ្ចូល​តែ​បណ្ដា​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​រួចរាល់​តែប៉ុណ្ណោះ។ ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ជាង ១០០ អំពី​ថ្នាំ Paxlovid។ ដូច្នេះ ប្រាក់ចំណូល​អាច​នឹង​ខ្ពស់ជាង​មុន ២២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២ បើសិន​ពួកគេ​មាន​កិច្ចព្រមព្រៀង​បន្ថែមទៀត៕

  • គ្រូ​​បុរាណ​​ដំ​​ដែក​គោល​​លើ​​ក្បាល​​ស្ត្រី​​ពពោះ​ ដើម្បី​​ធានា​ថា ​កូន​​ក្នុង​​ផ្ទៃ​​នឹង​…

    គ្រូ​​បុរាណ​​ដំ​​ដែក​គោល​​លើ​​ក្បាល​​ស្ត្រី​​ពពោះ​ ដើម្បី​​ធានា​ថា ​កូន​​ក្នុង​​ផ្ទៃ​​នឹង​…

    (ប៉ា​គី​ស្ថាន)-ស្ត្រី​មាន​ផ្ទៃពោះ​ម្នា​ក់នៅ​ទីក្រុង Peshawar ត្រូវ​គ្រូ​បុរាណ​ម្នាក់​ដំ​ដែកគោល​ប្រវែង ៥ ស.ម ទៅលើ​ក្បាល ដើម្បី «ធានាថា កូន​កើតមក​នឹង​ជា​កូនប្រុស» បើទោះជា​បានដឹងថា ទារក​ក្នុង​ផ្ទៃ​គឺជា​កូនស្រី។

    វេជ្ជបណ្ឌិត Haider Khan នៅ​ទីក្រុង Peshawar ភាគ​ខាងជើង​ប្រទេស​ប៉ា​គិ​ស្ថាន ថ្ងៃនេះ (៩ កុម្ភៈ) បានឱ្យដឹងថា ស្ត្រី​ពពោះ​នេះ​បានមក​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​របួស បន្ទាប់ពី​បាន​ព្យាយាម​ប្រើប្រាស់​ដង្កាប់​ដក​ដែកគោល​ចេញពី​ក្បាល ប៉ុន្តែ​មិនបាន​សម្រេច។

    «នាង​នៅមាន​ស្មារតី​ល្អ ប៉ុន្តែ មានការ​ឈឺចាប់​ខ្លាំង» វេជ្ជបណ្ឌិត Khan ដែលជា​អ្នក​វះកាត់​យក​ដែកគោ​លពី​ក្បាល​របស់​ស្ត្រី​នោះ និយាយ​ដូច្នេះ។

    ស្ត្រី​រូបនេះ មានកូន​ស្រី ៣ នាក់​រួចហើយ និង​កំពុង​ពពោះ​កូនស្រី​ទី ។ រូបភាព​ថត​ដោយ​កាំរស្មី X បាន​បង្ហាញថា ដែកគោល​ប្រវែង ៥ ស.ម ត្រូវបាន​ដំ​ទម្លុះ​ត្រង់​ថ្ងាស់ ប៉ុន្តែ សំណាងល្អ​ណាស់ ព្រោះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល។

    វេជ្ជបណ្ឌិត​និយាយថា អ្នក​ដែល​បាន​ដំ​ដែកគោល​លើ​ក្បាល​ស្ត្រី​រូបនេះ ប្រាកដជា​បាន​ប្រើប្រាស់​ពូថៅ ឬ​របស់​ធ្ងន់​អ្វីមួយ។ ដំបូង​ឡើយ ស្ត្រី​រងគ្រោះ​និយាយថា នាង​ដំ​ដែកគោល​ដោយ​ខ្លួនឯង​ដោយ​ធ្វើតាម​សំដី​របស់​គ្រូ​បុរាណ ប៉ុន្តែ ក្រោយមក នាង​បាន​សារភាពថា គ្រូ​បុរាណ​នោះ​គឺជា​អ្នកធ្វើ​រឿងនេះ ដើម្បី «ធានា» ថា នាង​នឹង​បង្កើតបាន​កូនប្រុស។

    ស្ត្រី​រងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ព្យាបាល​ជាសះស្បើយ។ ប៉ូលិស​តំបន់ Peshawar កំពុង​រក​វិធី​ទាក់ទង​ស្ត្រី​រូបនេះ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនដៃដល់។

    >ក្មេងស្រី​អាយុ ៣ ឆ្នាំ មាន «ដែក​គោល​ ៩​ ដើម​ ជាប់​ក្នុង​ក្បាល»! ម្ដាយ​របស់​នាង​ត្រូវ​ប៉ូលិស​ហៅ​ទៅ​សួរចម្លើយ

    ជនជាតិ​ប៉ា​គី​ស្ថាន និង​ប្រទេស​មួយចំនួន​នៅ អាស៊ី​ខាងត្បូង មានជំនឿថា កូនប្រុស​នឹង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ឪពុកម្ដាយ​បានល្អ​ជាង​កូនស្រី។ គ្រូ​បុរាណ​ដែល​ព្យាបាល​ជំងឺ​ដោយ​វិធីសាស្ត្រ​ប្រឆាំងនឹង​វិទ្យាសាស្ត្រ នៅតែ​កើតមាន​ច្រើន​នៅឡើយ នៅក្នុង ប្រទេស​ប៉ា​គី​ស្ថាន៕

  • ពី​បុគ្គលិក​ដឹកជញ្ជូន​នំ​ភី​ហ្សា​ម្នាក់ ដែល «រកបាន​ព្រឹក ខ្វះ​ល្ងាច» ក្លាយជា​សេដ្ឋី​មួយរូប​ដែល​គួរ​យក​ជា​គំរូ

    ពី​បុគ្គលិក​ដឹកជញ្ជូន​នំ​ភី​ហ្សា​ម្នាក់ ដែល «រកបាន​ព្រឹក ខ្វះ​ល្ងាច» ក្លាយជា​សេដ្ឋី​មួយរូប​ដែល​គួរ​យក​ជា​គំរូ

    Alomari ចំណាយពេល ៧ ឆ្នាំ​ក្នុង​ការកសាង​ក្រុមហ៊ុន​ចំនួន ៤ របស់គាត់ ដើម្បី​រកបាន​ទ្រព្យ​ខ្ទង់លាន​ដុល្លារ​អាម៉េរិក បន្ទាប់ពី​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​វិះ​ត្រូវ​ក្ស័យធន។

    ថ្ងៃមួយ​ក្នុង​ខែមករា ២០១២ Ahmed Alomari (នៅ Michigan សហរដ្ឋ​អាម៉េរិក) កំពុង​បើកបរ​ក្រោម​ព្រឹល​យ៉ាង​ត្រជាក់​ដើម្បី​ដឹកជញ្ជូន​នំ​ភី​ហ្សា​ចំនួន ៣ ជើង​ចុងក្រោយ បញ្ចប់​ថ្ងៃ​ធ្វើការ ១៥ ម៉ោង​របស់គាត់។ ពេលនោះ ស្រាប់តែ​ភរិយា​របស់គាត់​គឺ​នាង Nancy បាន​ទូរស័ព្ទ​មក​ប្រាប់ថា ចង្ក្រាន​កំដៅ​លែង​ដំណើរការ។ បណ្ណ​ឥណទាន​ក៏ត្រូវ​ធនាគារ​ផ្អាក​ដំណើរការ ព្រោះ​គាត់​មិនទាន់​បង់ប្រាក់​លើ​វិក្កយបត្រមុន។

    «យប់​នេះ​ត្រូវធ្វើ​យ៉ាងណា​ទៅ​បង» Nancy សួរ។ ពេលនោះ​នាង​កំពុងមាន​ផ្ទៃពោះ​លើកដំបូង។ «បង​ទើបតែ​ទទួលបាន ២ ដុល្លារ​សម្រាប់​ជើង​ចុងក្រោយ និង​រកបាន ៨០ ដុល្លារ​ក្នុងថ្ងៃនេះ» Ahmed Alomari ឆ្លើយតប​ដូច្នេះ។

    រាត្រី​មួយ​ដ៏​សែន​ត្រជាក់​នៅក្នុង​ឆ្នាំ ២០១២ គឺជា​កាលៈទេសៈ​ដែល Ahmed Alomari មិនអាច​បំភ្លេចបាន។ ស្ថានភាព​ទាល់ច្រក​នោះ​ហើយ​ដែល​គាត់​គិតថា ត្រូវ​ចាកចេញ​ឱ្យ​ផុតពី​អារម្មណ៍​ដែលថា «ខ្ញុំ​គឺជា​ជនរងគ្រោះ»។ គាត់​ប្រាកដជា​មិនអាច​ក្លាយជា​អ្នកមាន​បានឡើយ បើសិន​ចេះតែ​រក​លេស និង​រក្សា​ទម្លាប់​អាក្រក់។ Ahmed Alomari យល់ឃើញថា «មិនមាន​សម្ពាធ​គឺ​មិនមាន​ត្បូង​ពេជ្រ»។

    ក្រោយមក ក្នុងអំឡុង ៧ ឆ្នាំ​កន្លង Ahmed Alomari (អាយុ ៣៨ ឆ្នាំ) បាន​បង្កើត និង​កសាង​ក្រុមហ៊ុន​អន​ឡាញ​ចំនួន ។ គាត់​ថែមទាំង​បាន​វិនិយោគ​រាប់លាន​ដុល្លារ​ទៅក្នុង​ទីផ្សារ​មូល​ប​ត្រ និង​បណ្ដុះបណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​និស្សិត​រាប់រយ​នាក់​ផងដែរ។ Enttrepreneur បាន​គណនា​ឃើញថា ទ្រព្យ​របស់ Alomari បច្ចុប្បន្ន បាន​ឡើងដល់​ជាង ៧.៥ លាន​ដុល្លារ​អាម៉េរិក។

    Alomari ជឿថា បណ្ដាញ​ទំនាក់ទំនង​ដែល​គាត់​បាន​ស្គាល់​ក៏មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​ទ្រព្យ​សុទ្ធ។ «ទំនាក់ទំនង​បើក​ឱ្យមាន​ផ្លូវ​ដែល​ប្រាក់កាស​មិនអាច​ធ្វើបាន» Alomari និយាយ​ដូច្នេះ។

    «ខ្ញុំ​បាន​វិនិយោគ​ច្រើន​ទៅលើ​ការរៀនសូត្រ និង​ស្វែងរក​មនុស្ស​ដើម្បី​សុំ​យោបល់»។ Alomari យល់ថា បើ​ចង់​ក្លាយជា​អ្នកមាន នោះគេ​ត្រូវ​បោះចោល​នូវ​ប្រការ​អវិជ្ជមាន និង​ភាពទាល់ច្រក ចេញពី​ជីវិត។ អ្នកត្រូវការ​មនុស្ស​ឆ្លាត​វៃ និង​មនុស្ស​ដែលមាន​ភាព​ជោគ​ជាង នៅ​ជុំវិញខ្លួន។

    ពិតប្រាកដ​ណាស់ មុនពេល​រកឃើញ​ជោគជ័យ​ដូច​សព្វថ្ងៃ Alomari ក៏​ធ្លាប់​ឆ្លងកាត់​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ហើយ​ពេលខ្លះ​វិះ​នឹងត្រូវ​ក្ស័យធន​ទៀតផង។

    បន្ទាប់ពី​កំណត់​បាន​នូវ​កត្តា​ផ្លូវចិត្ត និង​ការប្រឹងប្រែង​រៀនសូត្រ Alomari ចាប់ផ្ដើម​កសាង​បណ្ដាញ​មួយ​ដែល​រួមមាន​ទាំង​ក្រុមមនុស្ស​ដែលមាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម ក្រោយមក ក៏បាន​លក់​វា​ទៅឱ្យ​អតីត​នាយក​ប្រតិបត្តិ​របស់ MySpace កាលពី​ឆ្នាំ ២០១៦។ ក្នុងចំណោម​ទ្រព្យ​ដែល Alomari បាន​លក់ ក៏មាន​គេហទំព័រ​ព័ត៌មាន​ស្ដីអំពី​បុគ្គល​ល្បីឈ្មោះ​ទាំង ៥,០០០ នាក់ ដែល​ឈរ​លំដាប់​កំពូល​តារាង​របស់ Alexa ផងដែរ។ គេហទំព័រ​នេះ​មាន​អ្នក​ចូល​អាន​ជិត ១ លាន​នាក់​ជា​រៀងរាល់ថ្ងៃ។ អ្នកអាន​ទាំងអស់ សុទ្ធតែ​បានមកពី​បណ្ដាញ​សង្គម។

    ក៏ប៉ុន្តែ ២ សប្ដាហ៍​បន្ទាប់ពី​បាន​លក់​ក្រុមហ៊ុន ម្ដាយ​របស់ Alomari ក៏​ត្រូវបាន​វេជ្ជបណ្ឌិត​ពិនិត្យឃើញថា មាន​ជំងឺមហារីក​ដំណាក់កាល​ទី ។ ឆ្នាំ ២០១៧ ក្នុង​គ្រា​លំបាក Alomari ក៏បាន​បាត់បង់​ទ្រព្យ​ភាគច្រើន​របស់គាត់ ដោយសារតែ​ករណី​ឆបោក​ដ៏​អស្ចារ្យ​មួយ។ ទ្រព្យ​របស់ Alomari បាន​វិល​មក​ចំណុចសូន្យ នៅពេល​គាត់​ត្រូវ​ចិញ្ចឹម​កូន ៤ នាក់ និង​ភរិយា​កំពុងមាន​ផ្ទៃពោះ។

    កូនៗរបស់គាត់ ក្រោយមក​ក៏ត្រូវ​ដេញ​ចេញពី​សាលា​ឯកជន។ បំណុល​លើ​រថយន្ត សំបុត្រ​ព្រមាន រួម​នឹង​ការ​មក​សួរនាំ​របស់​មន្ត្រី​ពន្ធដារ គឺជា​ផ្នែក​មួយ​ដែល​កើតឡើង​ជាប្រចាំ​ក្នុង​ជីវភាព​របស់គាត់។ ក្នុង​គ្រា​លំបាក​បំផុត គ្រួសារ​គាត់​ក៏ត្រូវ​យកប្រាក់​រាយ​ដែល​បាន​សន្សំ​ជាច្រើន​ឆ្នាំ មក​ទិញ​អាហារ។

    ជាថ្មី​ម្ដងទៀត Alomari ប្រកាសថា មិនត្រូវ​ចុះចាញ់ និង​មិន​ត្រូវយក​ជា​លេស។ គាត់​ចាប់ផ្ដើម​ប្រើប្រាស់​ទំនាក់ទំនង​ដែលមាន​ស្រាប់ ដើម្បី​បង្កើត​ក្រុមហ៊ុន​រកស៊ី​តាម​អន​ឡាញ​ចំនួន ។ មិនយូរប៉ុន្មាន ក្រុមហ៊ុន​ទាំងនេះ រកចំណូលបាន​ខ្ទង់លាន​ដុល្លារ ចំណែក​គាត់​ក៏​ជួញដូរ​មូល​ប​ត្រ។

    ក្រុមហ៊ុន​ទី ២ របស់ Alomari ដែល​គ្រប់គ្រង​គេហទំព័រ​ស្ដីអំពី​បុគ្គល​ល្បីឈ្មោះ​លើ​បណ្ដាញ​សង្គម រកចំណូលបាន​ជិត ២ លាន​ដុល្លារ ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៨។ ក្រុមហ៊ុន​ទី ៣ គឺជា​ហាង​អន​ឡាញ ដែល​រកចំណូលបាន​ជិត ២ លាន​ដុល្លារ ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ Alomari ក៏មាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ ដែល​កំពុងដំណើរការ​ល្អ​ដល់​បច្ចុប្បន្ន។

    «ខ្ញុំ​តែងតែ​គិតដល់​លទ្ធផល និង​ផលប្រយោជន៍​ដែល​អតិថិជន​ចង់បាន ជាជាង​ផលិតផល និង​សេវាកម្ម​ដែល​ខ្ញុំ​ចង់​លក់។ នៅពេល​អ្នក​ពិតជា​បាន​ផ្ដោតទៅលើ​តម្រូវការ​របស់​អតិថិជន និង​ក្លាយជា​អ្នកដោះស្រាយ​បញ្ហា​ឱ្យ​ពួកគេ នោះ​ក្រុមហ៊ុន​របស់​អ្នកនឹង​រីកចម្រើន​ទៅតាម​លេខគុណ» Alomari អះអាង​ដូច្នេះ។

    សេដ្ឋី​រូបនេះ​បន្ថែមថា៖ «នៅពេល​យល់ច្បាស់​អំពី​បញ្ហា​របស់​អតិថិជន អ្នក​អាចមាន​ទំនុកចិត្ត​ក្នុងការ​ផ្ដល់នូវ​អ្វីមួយ​ដែល​ពួកគេ​ត្រូវការ។ បន្ទាប់មក ប្រាក់​នឹង​រត់​មករក​អ្នក»។

    បច្ចុប្បន្ន Alomari រស់នៅក្នុង ប្រទេស​នូ​វែ​ល​សេ​ឡង់ ជាមួយនឹង​ភរិយា និង​កូន​ចំនួន ៦ នាក់។ គាត់​នៅតែ​បន្ត​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​ក្រុមមនុស្ស​ល្បីឈ្មោះ បណ្ដុះបណ្ដាល​អំពី​ការរកស៊ី​តាម​អន​ឡាញ និង​វិនិយោគ​លើ​ទីផ្សារ​មូល​ប​ត្រ៕

  • សមត្ថកិច្ច​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ជាង ១៩ ពាន់​លាន​រៀល ក្នុង​ឆ្នាំ ២០២១

    សមត្ថកិច្ច​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ជាង ១៩ ពាន់​លាន​រៀល ក្នុង​ឆ្នាំ ២០២១

    ឆ្នាំ ២០២១ យានយន្ត​ជាង ២២ លាន​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ក្នុងនោះ​មាន​ជាង ២.២ សែន​គ្រឿង​ត្រូវបាន​ពិនិត្យ​ជា​ប្រាក់​សរុប​ជាង ១៩ ពាន់​លាន​រៀល (ជិត ៥ លាន​ដុល្លារ​អាម៉េរិក)។

    តួលេខ​ខាងលើនេះ​គឺ​យោងទៅតាម​ការបញ្ជាក់រ​បស់ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី។ លោក​ថ្លែងថា ក្នុងចំណោម​យានយន្ត​ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើ មាន​ម៉ូតូ​ជាង ១.៦ សែន​គ្រឿង (៧៥%) និង​រថយន្ត​ជាង ៥.៤ ម៉ឺន​គ្រឿង (២៥%)។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី ៩ ខែកុម្ភៈ ២០២១ របស់ អគ្គលេខាធិការដ្ឋាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

    ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី

    ចំណែក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្រាប់​ឆ្នាំ ២០២២ សមត្ថកិច្ច​នគរបាល នឹង​ធ្វើការ​ការពិន័យ​ជា​ប្រាក់ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ចំពោះ​យានយន្ត​ដែល​នៅ​បន្ត​ប្រ​ពឹ​ត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍។

    បច្ចុប្បន្ន ក្រសួង​សាធារណការ បាន​ទិញ​ឧបករណ៍​ស្កេ​ន​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ចំនួន ៣០០ គ្រឿង​រួចហើយ និង​គ្រោង​ទិញ​បន្ថែម ២៥០ គ្រឿង​ទៀត សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​បំពេញការងារ។ ស្ថាប័ន​មាន​សមត្ថកិច្ច​កំពុង​សាកល្បង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ មានដូចជា ការ​ស្កេ​ន​លើ​បទល្មើស​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការផ្ទុក​មនុស្ស​លើស​ការកំណត់ និង​ការមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍។ល។

    រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

    យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បណ្ណ​បើកបរ​ដែលមាន​ច្បាស់​ប្រព្រឹត្ត​លើ្ម​សនឹង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវបាន​កាត់បន្ថយ​ព​ន្ទុ​ពី ១ ដល់ ៦ ពិន្ទុ ទៅតាម​ស្ថានភាព​ជាក់ស្ដែង។ បណ្ណ​បើកបរនីមួយៗ ត្រូវ​បានកំណត់​ពិន្ទុសរុប ត្រឹម ១២ ពិន្ទុ។ ក្នុងករណី​អស់​ពិន្ទុ បណ្ណ​បើកបរ​នោះ​ត្រូវបាន​ចាត់ទុកជា​មោ​ឃៈ។

    ករណី​បណ្ណ​បើកបរ​អស់​ពិន្ទុ ហើយ​ម្ចាស់​បណ្ណ​ត្រូវការ​បណ្ណ​បើកបរ​ថ្មី នោះ​ពួកគេ​នឹងត្រូវ​រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​សាជាថ្មី​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងតិច ៦ ខែ គិត​ចាប់តាំងពី​ថ្ងៃ​ដែល​បណ្ណ​បើកបរ​នោះ​ត្រូវអស់​ពិន្ទុ៕

  • រថយន្ត​អគ្គិសនី Tesla ហោះ​បាន ៣.២ ពាន់​លាន​គីឡូម៉ែត្រ នៅ​ទី​អវកាស

    រថយន្ត​អគ្គិសនី Tesla ហោះ​បាន ៣.២ ពាន់​លាន​គីឡូម៉ែត្រ នៅ​ទី​អវកាស

    រថយន្ត Tesla នៅក្នុង​ការសាកល្បង​បាញ់​បង្ហោះ​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភព​កាលពី​ឆ្នាំ ២០១៨ នៅតែ​គោចរ​អណ្ដែតត្រសែត​នៅក្នុង​ទី​អវកាស​ជាមួយនឹង​មនុស្ស​ជ័រ​ម្នាក់។

    ឆ្នាំ ២០១៨ រ៉ុក្កែត​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​កាលណោះ​គឺ Falcon Heavy របស់ SpaceX ត្រូវបាន​បាញ់​បង្ហោះ​ជា​លើកដំបូង ចេញពី​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក នាំយក​រថយន្ត​អគ្គិសនី Tesla របស់​កំពូល​​មហាសេដ្ឋី Elon Musk ទៅកាន់​ទី​អវកាស។ អង្គុយ​កាន់​ច​ង្កូ​ច​ក្នុង​រថយន្ត​កីឡា​ពណ៌​ក្រហម​នេះ​គឺជា​មនុស្ស​ជ័រ​ម្នាក់ ស្លៀក​ឈុត​អវកាស និង​មាន​ឈ្មោះថា Starman។ រថយន្ត Tesla មិនមាន​បេសកកម្ម​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​ស្ថិតក្នុង​ការធ្វើ​តេស្ត​នៃ​ការបាញ់​បង្ហោះ​រ៉ុក្កែត​ប៉ុណ្ណោះ។

    បច្ចុប្បន្ន រថយន្ត​នេះ​នៅតែ​អណ្ដែតត្រសែត​ក្នុង​ទី​អវកាស។ គិត​ត្រឹម​ថ្ងៃទី ៧ កុម្ភៈ ២០២២ រថយន្ត​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣៧៧ លាន​គីឡូម៉ែត្រ ពី​ផែនដី និង​ចម្ងាយ​ពី​ពិភព​អង្គារ​ប្រហែល ៣២២ លាន​គីឡូម៉ែត្រ។ នេះ​បើយោង​តាម Whereisroadster ដែលជា​គេហទំព័រ​ប្រើប្រាស់​ទិន្នន័យ​របស់ NASA ដើម្បី​តាមដាន​រថយន្ត​មួយគ្រឿង​នេះ។

    Jonathan McDowell អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​រូបវិទ្យា​តារាសាស្ត្រ Harvard Smithsonian បានឱ្យដឹងថា រថយន្ត Tesla នេះ ប្រហែល​នៅតែ​អាច​រក្សា​ទម្រង់​ដើម ប៉ុន្តែ ទំនងជា​ត្រូវបាន​ដុំ​អាចម៍ផ្កាយ​នានា​ហោះ​មក​បុក​ក្នុងអំឡុងពេល​គោចរ។

    ៤ ឆ្នាំ​កន្លងទៅ រថយន្ត​នេះ​ហោះហើរ​បាន ៣.២ ពាន់​លាន​គីឡូម៉ែត្រ និង​ហោះ​ជុំវិញ​ព្រះអាទិត្យ​បាន​ប្រហែល ២.៦ ជុំ​រួចហើយ។ កាលពី​ឆ្នាំ ២០២០ រថយន្ត​នេះ​បាន​ហោះ​ទៅ​ក្បែរ​ពិភព​អង្គារ​ជា​លើកដំបូង ជាមួយនឹង​គម្លាត ៨ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ២០ ដង ធៀប​នឹង​រយៈ​ចម្ងាយ​រវាង​ផែនដី និង​ព្រះ​ចន្ទ។

    ការស្រាវជ្រាវ​មួយ​បង្ហាញថា ហានិភ័យ​រថយន្ត Tesla នេះ​បុក​នឹង​ផែនដី​គឺ​ប្រមាណ ២២% នៅក្នុង​រយៈពេល ១៥ លាន​ឆ្នាំ​ខាងមុខ និង​លទ្ធភាព​ដែល​វា​បុក​ជាមួយនឹង​ពិភព​សុក្រ ឬ​ព្រះអាទិត្យ គឺ​ប្រមាណ​ជា ១២%៕