
Category: សង្គម និងសេដ្ឋកិច្ច

ប្រាក់រូប្ល (ruble) របស់ រុស្ស៊ី ធ្លាក់ថ្លៃមិនធ្លាប់មាន រដ្ឋាភិបាលដំឡើងការប្រាក់ឡើងដល់ ២០%
រូបិយវត្ថុក្នុងស្រុករបស់ រុស្ស៊ី មានពេលខ្លះធ្លាក់ថ្លៃ ៤០% ធៀបនឹងប្រាក់ដុល្លារអាម៉េរិក កាលពីព្រឹកនេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាតផ្ដាច់ធនាគារធំៗរបស់ រុស្ស៊ី ចេញពីបណ្ដាញ SWIFT។
ក្នុងការជួញដូរព្រឹកមិញ ប្រាក់រូប្លរុស្ស៊ី មានពេលខ្លះត្រូវបានជួញដូរក្នុងតម្លៃ ១១៧.៧៥ រូប្ល សម្រាប់ប្ដូរយក ១ ដុល្លារអាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូប្លរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន នេះបើតាមទិន្នន័យរបស់ Bloomberg។
មូលហេតុនៃការធ្លាក់ថ្លៃនេះគឺដោយសារ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុប រួមនឹង កាណាដា កាលពីសប្ដាហ៍កន្លង បានយល់ស្របគ្នាក្នុងការកាត់ធនាគារធំៗមួយចំនួនរបស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក។ ប្រព័ន្ធ SWIFT នេះមានស្ដង់ដារតែមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ និងទទួលប្រាក់ពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង ១១,០០០ ក្រុមហ៊ុន នៅក្នុងប្រទេស និងដែនដីជាង ២០០ របស់ពិភពលោក។
ដើម្បីប៉ះប៉ូវ និងកាត់បន្ថយហានិភ័យនៃការធ្លាក់ថ្លៃរបស់ ប្រាក់រូប្លរុស្ស៊ី ធៀបនឹងប្រាក់ដុល្លារអាម៉េរិក រួមនឹងបញ្ហាអតិផរណា ធនាគារជាតិរុស្ស៊ី បានដំឡើងការប្រាក់មូលដ្ឋានពី ៩.៥% ឡើងដល់ ២០% ក្នុងគ្រាតម្លៃប្រាក់រូប្លរុស្ស៊ី ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។
ចំណែកតម្លៃប្រេងបានកើនឡើងកាលពីព្រឹកនេះ ក្នុងគ្រាដែលអ្នកវិនិយោគមានការបារម្ភអំពីប្រភពផ្គត់ផ្គង់ ព្រោះតែវិបត្តិនៅ អ៊ុយក្រែន។ តម្លៃប្រេង Brent ឡើងដល់ ១០៥ ដុល្លារអាម៉េរិក/ធុងបារ៉ែល នៅពេលចាប់ផ្ដើមការជួញដូរ ដែលតួលេខនេះខ្ពស់ជាងប្រហែល ៧ ដុល្លារ បើធៀបនឹងសប្ដាហ៍កន្លង៕

Facebook «ដាក់ទណ្ឌកម្ម» លើក្រុមហ៊ុនរដ្ឋជាច្រើនរបស់ រុស្ស៊ី
Facebook ប្រកាសថា នឹងហាមឃាត់បណ្ដាទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ រុស្ស៊ី ក្នុងការរកប្រាក់ ឬផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមនេះ។
យោងតាម RT របស់ រុស្ស៊ី ប្រធានផ្នែកគោលនយោបាយសន្តិសុខរបស់ Facebook លោក Nathaniel Gleicher បានបង្ហើបឱ្យដឹងព័ត៌មានខាងលើនាថ្ងៃទី ២៦ កុម្ភៈ ២០២២។
ចំណាត់ការនេះរបស់ Facebook ត្រូវបានធ្វើឡើងក្រោយពី ប្រធានអាជ្ញាធរគ្រប់គ្រងសារព័ត៌មានរបស់ រុស្ស៊ី បានឱ្យដឹងថា ពួកគេកំពុងកាត់បន្ថយសិទ្ធិចូលទៅកាន់ Facebook នៅ ប្រទេសនេះ។ មុននោះ ទីក្រុងមូស្គូ បានចោទក្រុមហ៊ុនមេរបស់ Facebook គឺ Meta ថា មិនអើពើដល់សំណើលើកលែងការកាត់បន្ថយសិទ្ធិក្នុងការចូលទៅកាន់ Facebook របស់បណ្ដាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី មានដូចជា RIA, ទូរទស្សន៍ Zvezda TV របស់ក្រសួងការពារជាតិ និងគេហទំព័រ gazeta.ru និង lenta.ru។
សង្គ្រាមនៅ អ៊ុយក្រែន បានផ្ទុះឡើងក្នុងសប្ដាហ៍នេះ បន្ទាប់ពី រុស្ស៊ី បានប្រកាសបើកយុទ្ធនាការយោធាប្រឆាំង ទីក្រុងកៀវ។ រុស្ស៊ី ប្រកាសថា សកម្មភាពនេះគឺដើម្បីការពារប្រជាជនរបស់ខ្លួននៅ Luhansk និង Donetsk ក្នុងតំបន់ Donbass ដែលស្ថិតនៅភាគខាងកើតរបស់ ប្រទេសអ៊ុយក្រែន។ ប្រទេសជាច្រើនក្នុងពិភពលោក បានថ្កោលទោស និងដាក់ទណ្ឌកម្មលើ រុស្ស៊ី ក៏ដូចជាផ្ដល់ជំនួយដល់ អ៊ុយក្រែន។

ក្រុមមហាសេដ្ឋីនៅ រុស្ស៊ី បាត់បង់ទ្រព្យជិត ៤០ ពាន់លានដុល្លារអាម៉េរិក កាលពីម្សិលមិញ
ក្រុមកំពូលអ្នកមានរបស់ ប្រទេសរុស្ស៊ី បានបាត់បង់ទ្រព្យ ៣៩ ពាន់លានដុល្លារ ក្នុងការជួញដូរភាគហ៊ុននៅផ្សារមូលបត្រ កាលពីថ្ងៃទី ២៤ កុម្ភៈ ក្នុងនោះ មហាសេដ្ឋី Vagit Alekperov ជាប្រធានរបស់ក្រុមហ៊ុន Lukoil បានបាត់បង់ប្រាក់ច្រើនជាងគេបង្អស់។
ក្រុមកំពូលមហាសេដ្ឋីរបស់ រុស្ស៊ី គឺជាក្រុមមនុស្សដែលទទួលរងសម្ពាធធ្ងន់ធ្ងរ និងអាចមើលឃើញច្បាស់បំផុត ពីភាពតានតឹងដែលកំពុងកើនឡើងខ្ពស់ រវាង រុស្ស៊ី និង អ៊ុយក្រែន។ ទ្រព្យសុទ្ធរបស់ពួកគេបានថយចុះទាបខ្លាំង បន្ទាប់ពី រុស្ស៊ី សម្រេចចិត្តចូលឈ្លានពានលើ អ៊ុយក្រែន។ យោងតាម Bloomberg Billionaires Index ក្នុងរង្វង់មិនដល់ ២៤ ម៉ោង ក្រុមមហាសេដ្ឋីរបស់ រុស្ស៊ី បានបាត់បង់ប្រាក់ ៣៩ ពាន់លានដុល្លារអាម៉េរិក។
សន្ទស្សន៍ MOEX របស់ រុស្ស៊ី បិទបញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៤ កុម្ភៈ ជាមួយនឹងលទ្ធផល ធ្លាក់ថ្លៃ ៣៣% ជាការធ្លាក់ចុះដល់កម្រិតទាបបំផុតលំដាប់ទី ៥ ក្នុងប្រវត្តិសាស្ត្រនៃទីផ្សារមូលបត្រ បើគិតទៅតាមតម្លៃរូបិយប័ណ្ណក្នុងស្រុក។

មហាសេដ្ឋី Vagit Alekperov មហាសេដ្ឋី Vagit Alekperov ដែលជាប្រធានក្រុមហ៊ុន Lukoil គឺជាអ្នករងការខាតបង់ច្រើនជាងគេបង្អស់កាលពីម្សិលមិញ។ អ្នកជំនួញនេះ បានបាត់បង់ទ្រព្យជិត ១/៣ នៃទ្រព្យសរុបរបស់ខ្លួន ក្នុងអំឡុងពេលតែ ១ ថ្ងៃ ហើយបច្ចុប្បន្ន លោកនៅសល់ទ្រព្យ ១៣ ពាន់លានដុល្លារអាម៉េរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រេង Lukoil ដែលមានទីស្នាក់ការកណ្ដាលនៅ មូលស្គូ ធ្លាក់ថ្លៃ ៣៣% ក្នុងការជួញដូរកាលពីថ្ងៃទី ២៤ កុម្ភៈ។
Alexey Mordashov ប្រធានក្រុមហ៊ុនផលិតដែកថែប Severstal បានបាត់បង់ ៤.២ ពាន់លានដុល្លារ នៅសល់ ២៣ ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុន Norilsk Nickel គឺលោក Vladimir Potanin ដែលជាបច្ចុប្បន្នគឺជាអ្នកមានជាងគេនៅ រុស្ស៊ី ក៏បាត់បង់ ៣ ពាន់លានដុល្លារអាម៉េរិក។

សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បាន និងកំពុងតែធ្វើឱ្យទីផ្សារមូលបត្រទូទាំងសកលលោក ដាំក្បាលចុះ ពិសេសគឺនៅ រុស្ស៊ី ដែលត្រូវរងទណ្ឌកម្មពី សហរដ្ឋអាម៉េរិក និង អង់គ្លេស៕

ផ្សារមូលបត្ររបស់ រុស្ស៊ី ដាំក្បាលចុះជ្រៅ ខណៈប្រាក់រូប ក៏ធ្លាក់ថ្លៃទាបមិនធ្លាប់មាន ព្រោះតែ វិបត្តិនៅ អ៊ុយក្រែន
បន្ទាប់ពី ប្រធានាធិបតី វ្លាឌីមៀ ពូទីន ប្រកាសបើកយុទ្ធនាការយោធាចូលឈ្លានពាន អ៊ុយក្រែន ភ្លាមនោះទីផ្សារភាគហ៊ុនរបស់ រុស្ស៊ី ក៏ដាំក្បាលចុះ នៅពេលបើកការជួញដូរក្នុងថ្ងៃទី ២៤ កុម្ភៈ។
សន្ទស្សន៍ MOEX បាត់បង់ពិន្ទុរហូតដល់ ២៨% ក្នុងរយៈពេល ៣០ នាទីនៃការជួញដូរដំបូង។ និន្នាការនៃការលក់ចោលភាគហ៊ុន បានកើតឡើងក្រោយពី សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ប្រកាសដាក់ទណ្ឌកម្មលើ រុស្ស៊ី ដើម្បីឆ្លើយតបនឹងការសម្រេចរបស់ ប្រធានាធិបតី ពូទីន ដែលបានបើកការឈ្លានពានលើ អ៊ុយក្រែន។
ក្រុមមន្ត្រីគ្រប់គ្រងទីផ្សារមូលបត្រនៅ រុស្ស៊ី បានឱ្យដឹងថា នឹងប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ ដើម្បីបញ្ចៀសផលវិបាកអាក្រក់បំផុតដែលអាចកើតមាន។
ស្ថាប័នគ្រប់គ្រងផ្សារមូលបត្រ មូស្គូ ក្រោយមកក៏បានសម្រេចចិត្តផ្អាកការជួញដូរនៅម៉ោង ១០ និង ៤០ នាទី (ម៉ោងនៅ មូស្គូ) ដោយសារតែមានការលក់ចោលមូលបត្រកាន់តែច្រើន មិនធ្លាប់មានពីមុនមក។ ភាគហ៊ុនរបស់ធានាគាររដ្ឋរុស្ស៊ី Sberbank បាត់បង់តម្លៃ ២៨% ចំណែក VTB ដែលជាធនាការធំទី ២ ធ្លាក់ថ្លៃរហូតដល់ ៣៥% ខណៈដែលភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនថាមពល និងក្រុមហ៊ុននាំចេញលោហធាតុ និងក្រុមហ៊ុនបច្ចេកវិទ្យាជាដើម សុទ្ធតែត្រូវបានលក់ចោលក្នុងកម្រិតខ្ពស់។
រូបិយវត្ថុ រូប របស់ រុស្ស៊ី វិញ ក្នុងថ្ងៃនេះ មានពេលខ្លះធ្លាក់ថ្លៃ ១០% ដោយ ១០០ រូប ដូរបាន ១ អឺរ៉ូ និង ៩០ រូប ដូរបាន ១ ដុល្លារសហរដ្ឋអាម៉េរិក។

Facebook ទើបតែបញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok
បណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta ទើបតែបានបញ្ចេញមុខងារវីដេអូខ្លី Reels នៅទូទាំងសកលលោក និងកំពុងត្រូវបានគេរំពឹងថា នឹងរកឃើញជោគជ័យដូចទៅនឹងមុខងារ Story។
សារព័ត៌មាន WSJ បានរាយការណ៍ថា Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបង្កើនការ «វាយបក» ប្រឆាំងនឹង TikTok ដោយការបញ្ចេញមុខងារវីដេអូខ្លី Reels សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក (ជាង ១៦០ ប្រទេស) កាលពីថ្ងៃអង្គារកន្លងទៅ។ ពួកគេក៏បានណែនាំមុខងារថ្មីជាច្រើនផ្សេងទៀតដល់អ្នកផ្សាយពាណិជ្ជកម្មផងដែរ។
បច្ចុប្បន្ន Facebook កំពុងមាន «សង្គ្រាម» ជាមួយ TikTok ដែលជាបណ្ដាញសង្គមវីដេអូខ្លីត្រូវបានអ្នកប្រើប្រាស់ទាញយកមកប្រើច្រើនជាងគេកាលពីឆ្នាំ ២០២១ និងបានយកឈ្នះលើ Instagram ដោយក្លាយជាបណ្ដាញសង្គមដែលទទួលបានការគាំទ្រច្រើនជាងគេពីសំណាក់យុវវ័យ។

Meta ក៏រងផលប៉ះពាល់ពីមុខងារសុវត្ថិភាពមួយដែលត្រូវបាន Apple លាតត្រដាងកាលពីឆ្នាំ ២០២១។ រាប់ចាប់ពីបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុកាលពីថ្ងៃទី ២ កុម្ភៈ តម្លៃមូលធនទីផ្សាររបស់ Meta ក៏បានថយចុះជាង ៣០០ ពាន់លានដុល្លារ។
ជាមួយនឹងមុខងារថ្មី Reels ម្ចាស់ Facebook លោក Mark Zuckerberg ថ្លែងថា៖ «យើងចង់ឱ្យ Facebook Reels ក្លាយជាកន្លែងល្អបំផុតសម្រាប់អ្នកបង្កើតខ្លឹមសារជាវីដេអូ តភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់ពួកគេ និងរកប្រាក់»។
Meta បានណែនាំកម្មវិធី Reels កាលពីខែសីហា ឆ្នាំ ២០២០ សម្រាប់អ្នកប្រើប្រាស់ Instagram របស់ខ្លួននៅ សហរដ្ឋអាម៉េរិក ដើម្បីជាការ «វាយបក» មួយ ប្រឆាំងនឹង TikTok ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនចិន ByteDance៕

តម្លៃសាំងនៅលើពិភពលោកទាំងមូលកំពុងឡើងថ្លៃខ្ពស់ ប៉ុន្តែសាំងនៅប្រទេសមួយនេះបែរជាថោកជាងទឹកសុទ្ធទៅទៀត
ប្រទេសមួយនេះ រក្សាប្រព័ន្ធតម្លៃប្រេងសាំង «ភ្លោះ» រួមមានតម្លៃប្រេងសាំងអន្តរជាតិ ០.៥ ដុល្លារ/លីត្រ និងតម្លៃសាំងជំនួយពីគោលនយោបាយរបស់រដ្ឋ។
វិបត្តិជម្លោះដណ្ដើមទឹកដីរវាង អ៊ុយក្រែន និង រុស្ស៊ី ដែលកំពុងឡើងកម្ដៅខ្លាំង ទីផ្សារទំនិញពិភពលោក ក្នុងនោះមានប្រេងឆៅជាដើម ក៏បន្តប្រែប្រួលខ្លាំង។ ក្នុងការជួញដូរកាលពីម្សិលមិញ មានពេលខ្លះ ប្រេង Brent បានឡើងថ្លៃជិត ៣% និងត្រូវបានជួញដូរក្នុងតម្លៃ ៩៦.២៨ ដុល្លារ/ធុងបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ តម្លៃប្រេងឆៅ WTI ក៏មានការប្រែប្រួលខ្លាំងដែរ ដោយត្រូវបានជួញដូរក្នុងតម្លៃ ៩៣.៨៦ ដុល្លារ/ធុងបារ៉ែល។
ក៏ប៉ុន្តែ ក្នុងគ្រាដែលប្រេងឡើងថ្លៃខ្លាំង ធ្វើឱ្យបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោកមានការព្រួយបារម្ភ ក៏នៅមានប្រទេសមួយដែលតម្លៃប្រេង «មិនខ្ចីរើខ្លួន» បើទោះជាតម្លៃប្រេងពិភពលោក កើនឡើងដល់ណាក៏ដោយ។
នោះគឺជា វ៉េណេស៊ុយអេឡា ជាប្រទេសដែលត្រូវបានគេស្គាល់ថា «អ្នកលក់ប្រេងសាំងថោកបំផុតក្នុងពិភពលោក»។ យោងតាមក្រុមហ៊ុន Global Petrol Prices គិតត្រឹមថ្ងៃទី ១២ កុម្ភៈ ប្រេងសាំងប្រភេទ RON ៩៥ ក្នុង ១ លីត្រ មានតម្លៃ ០.១ បូលីវ៉ា វ៉េណេស៊ុយអេឡា (ប្រហែល ០.០២ ដុល្លារអាម៉េរិក/លីត្រ)។ ចំណែកនៅទូទាំងពិភពលោក សាំងនៅពេលនោះ គិតជាមធ្យម មានតម្លៃ ៥.០៥ បូលីវ៉ា វ៉េណេស៊ុយអេឡា ខ្ពស់ជាងជាង ៥០ ដង ធៀបនឹងតម្លៃនៅ វ៉េណេស៊ុយអេឡា។
ហេតុអ្វីបានជាដូច្នេះ?

វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលរក្សាទុកប្រេងក្នុងបរិមាណច្រើនជាងគេបង្អស់ក្នុងពិភពលោក។ រដ្ឋាភិបាលប្រទេសនេះ ថែមទាំងមានគោលនយោបាយបញ្ចុះតម្លៃប្រេងសាំងស្ទើរតែគ្រប់ប្រភេទទាំងអស់ ព្រោះតែប្រាក់ចំណូលរបស់ប្រជាជននៅមានកម្រិតទាប ក្នុងនោះ កម្មករមានប្រាក់ខែជាមធ្យមត្រឹមតែ ៥៣ ដុល្លារ/ខែ ខណៈបុគ្គលិកជំនាញទទួលបានប្រហែល ១០០ ដុល្លារ/ខែ ដូច្នេះ ប្រជាជនសមនឹងទទួលបានតម្លៃប្រេងទាបបំផុតក្នុងពិភពលោក។
ជាងនេះទៀត វ៉េណេស៊ុយអេឡា រក្សាប្រព័ន្ធតម្លៃប្រេងសាំង «ភ្លោះ» រួមមាន តម្លៃអន្តរជាតិគឺ ០.៥ ដុល្លារអាម៉េរិក/លីត្រ និងតម្លៃប្រេង គោលនយោបាយរដ្ឋ។ តម្លៃប្រេងគោលនយោបាយនេះគឺ ០.១ បូលីវ៉ា វ៉េណេស៊ុយអេឡា/លីត្រ អនុវត្តចំពោះ ១២០ លីត្រដំបូង/ខែ សម្រាប់ក្រុមពលរដ្ឋដែលមានប័ណ្ណប្រជាជាតិ (ស្រដៀងនឹងអត្តសញ្ញាណប័ណ្ណ)។ នៅពេលទិញលើសពី ១២០ លីត្រ/ខែ នឹងត្រូវគិតក្នុងតម្លៃ ០.៥ ដុល្លារ/លីត្រ។
វ៉េណេស៊ុយអេឡា គឺជាប្រទេសដែលមានអត្រាអតិផរណាខ្ពស់ខ្លាំង ដូច្នេះ ប្រាក់ បូលីវ៉ា ក៏ស្ទើរតែមិនមានតម្លៃ។ បើគិតទៅតាមប្រាក់ដុល្លារអាម៉េរិក ទឹកបរិសុទ្ធ ១ ដប នៅ វ៉េណេស៊ុយអេឡា មានតម្លៃ ០.៨៨ ដុល្លារ គឺថ្លៃជាងសាំង ១ ដបទៅទៀត៕

ភាគហ៊ុន Jinhui Mining កើនឡើងជិត ៤៤% ជួយឱ្យ ប្រទេសចិន មានមហាសេដ្ឋីថែមម្នាក់ទៀត
Li Ming បានក្លាយជាមហាសេដ្ឋី ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនកែច្នៃរ៉ែ Jinhui Mining កើនឡើងខ្ពស់ក្នុងថ្ងៃដំបូងនៃការដាក់ឱ្យជួញដូរនៅផ្សារហ៊ុន។
កាលពីថ្ងៃទី ២២ កុម្ភៈ ភាគហ៊ុនរបស់ Jinhui Mining ដែលជាក្រុមហ៊ុនកែច្នៃប្រាក់ សំណ ស័ង្កសី រួមនឹងរ៉ែច្រើនប្រភេទផ្សេងទៀតរបស់ ចិន បានកើនជិត ៤៤% ក្នុងថ្ងៃដំបូងនៃការដាក់ឱ្យជួញដូរលើផ្សារហ៊ុនសៀងហៃ។ ប្រការនេះបានជួយឱ្យលោក Li Ming ដែលមានភាគហ៊ុន ៩៨% នៅក្នុងក្រុមហ៊ុនវិនិយោគ Gansu Yate Investment Group ក្លាយជាមហាសេដ្ឋី។
Gansu Yate Investment Group ក្ដោបក្ដាប់ភាគហ៊ុនចំនួន ៤៩៥ លានហ៊ុន ប្រហាក់ប្រហែលនឹងពាក់កណ្ដាលនៃភាគហ៊ុនរបស់ Jinhu Mining។ ភាគហ៊ុននេះបញ្ចប់ការជួញដូរថ្ងៃដំបូងនៅក្នុងតម្លៃ ១៥.៥៥ យុន/ហ៊ុន កើនឡើងខ្ពស់បើធៀបនឹងតម្លៃ IPO ១០.៨ យុន/ហ៊ុន។ ប្រការនេះបាននាំឱ្យតម្លៃសរុបនៃភាគហ៊ុនរបស់លោក Li ឡើងដល់ ១.១៨ ពាន់លានដុល្លារអាម៉េរិក។
ប្រាក់ចំណូលក្នុងឆ្នាំ ២០២១ របស់ Jinhui បានកើនពី ១.១២ ពាន់លានយុន ក្នុងឆ្នាំ ២០២០ ឡើងដល់ ១.២៥ ពាន់លានយុន ក្នុងឆ្នាំ ២០២០។ លោក Li ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Jinhui Liquor ដែលបានដាក់ឱ្យជួញដូរនៅផ្សារហ៊ុនសៀងហៃ។
ចិន គឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលំដាប់ទី ២ ក្នុងពិភពលោក បន្ទាប់ពី សហរដ្ឋអាម៉េរិក។ កាលពីសប្ដាហ៍កន្លង ភាគហ៊ុន Huitongda Network ដែលជាក្រុមហ៊ុនមួយទទួលបានការគាំទ្រពី Alibaba ក៏បានឡើងថ្លៃនៅពេលឡើងផ្សារហ៊ុនហុងកុង ជួយឱ្យទ្រព្យរបស់ប្រធាន Wang Jianguo ឡើងខ្ពស់ថែមមួយកម្រិតទៀត៕

៣ ត្រកូលដែលមានទ្រព្យច្រើនជាងគេបង្អស់នៅតំបន់ អាស៊ីអាគ្នេយ៍
យោងតាមការស្រាវជ្រាវរបស់ Bloomberg Billionaires Index ២០ គ្រួសារតែមានទ្រព្យច្រើនជាងគេនៅ ទ្វីបអាស៊ី ឆ្នាំនេះ គឺមានជាងឆ្នាំ ២០២០ រហូតដល់ ៣៣ ពាន់លានដុល្លារអាម៉េរិក ហើយបើគិតជាសរុប ពួកគេកាន់កាប់ទ្រព្យតម្លៃ ៤៩៥ ពាន់លានដុល្លារអាម៉េរិក ច្រើនជាង GDP របស់ ហុងកុង ឬ សិង្ហបុរី ទៅទៀត។
ក្នុងចំណោមត្រកូលទាំង ២០ ខាងលើ ក៏មាន ៣ ត្រកូល ដែលស្ថិតក្នុង តំបន់អាស៊ីអាគ្នេយ៍ ផងដែរ ក្នុងនោះរួមមាន ត្រកូល ហារតូណូ (Hartono) នៅ ឥណ្ឌូណេស៊ី, ត្រកូល ជាវ៉ារ៉ានន្ទ (Chearavanont) និង ត្រកូល យូវីឌីយ៉ា (Yoovidhya) នៅ ប្រទេសថៃ។
១-ត្រកូល ហារតូណូ (Hartono)

-ក្រុមហ៊ុន៖ Djarum, Bank Central Asia
-ប្រទេស៖ ឥណ្ឌូណេស៊ី
-ជំនាន់ដែលកាន់កាប់ក្រុមហ៊ុន៖ ទី ៣
-ទ្រព្យ៖ ៣៦.៣ ពាន់លានដុល្លារអាម៉េរិកឆ្នាំ ១៩៥០ អូអេ វី ក្វាន (Oei Wie Gwan) បានទិញក្រុមហ៊ុនផលិតបារីមួយ និងបានប្ដូរឈ្មោះទៅជា Djarum។ មិនយូរប៉ុន្មាន ក្រុមហ៊ុននេះក៏បានរីកចម្រើនទៅជាក្រុមហ៊ុនផលិតបារីធំជាងគេបង្អស់នៅ ឥណ្ឌូណេស៊ី។
ក្រោយពី អូអេ វី ក្វាន បានលាចាកលោក កាលពីឆ្នាំ ១៩៦៣។ កូនប្រុសពីរនាក់របស់លោក គឺ ម៉ៃឃើល បាមបាំង ហារតូណូ (Michael Bambang Hartono) ឬ អូអេ ក្វី ស្យុង (Oei Gwie Siong) និង រ៉ូបឺត ប៊ូឌី ហារតូណូ (Robert Budi Hartono) ឬ អូអេ ហ្វី ជង់ (Oei Hwie Tjhong) បានពង្រីក និងបន្ថែមមុខជំនួញ ដោយការវិនិយោគទៅលើ Bank Central Asia (ឥណ្ឌូណេស៊ី)។ ភាគហ៊ុននៅធនាគារនេះ បច្ចុប្បន្នរួមចំណែកមួយភាគធំនៅក្នុងទ្រព្យសម្បត្តិរបស់ត្រកូលនេះ។
២-ត្រកូល ជារ៉ាវ៉ានន្ទ (Chearavanont)

-ក្រុមហ៊ុន៖ Charoen Pokphand Group
-ប្រទេស៖ ថៃ
-ជំនាន់ដែលកាន់កាប់ក្រុមហ៊ុន៖ ៤
-ទ្រព្យ៖ ៣០ ពាន់លានដុល្លារអាម៉េរិកឆ្នាំ ១៩២១ ជា ឯក ឆ័រ (Chia Ek Chor) បានចាកចេញពីភាគខាងត្បូងប្រទេសចិន ដើម្បីមករស់នៅ ប្រទេសថៃ។ នៅទីនេះ បងប្អូន ២ នាក់របស់គាត់ បានបើកហាងលក់គ្រាប់ពូជបន្លែ។ បច្ចុប្បន្ន វាបានរីកចម្រើនទៅជា Charoen Pokphand Group ជាក្រុមហ៊ុនពហុវិស័យ ក្នុងនោះមានទាំងវិស័យអាហារ លក់រាយ និងទូរគមនាគមន៍ ដែលគ្រប់គ្រងដោយកូនប្រុសឈ្មោះ ជា ថៈនិន ជារ៉ាវ៉ានន្ទ (Chia-Dhanin Chearavanont)។
៣-ត្រកូល យូវីឌីយ៉ា (Yoovidhya)

-ក្រុមហ៊ុន៖ TCP Group
-ប្រទេស៖ ថៃ
-ជំនាន់ដែលកាន់កាប់ក្រុមហ៊ុន៖ ២
-ទ្រព្យ៖ ១៩.៦ ពាន់លានដុល្លារអាម៉េរិកឆាឡេអូ យូវីឌីយ៉ា (Chaleo Yoovidhya) បង្កើតក្រុមហ៊ុនឱសថ T.C. Pharmaceutical កាលពីឆ្នាំ ១៩៥៦ ហើយបន្ទាប់មកក៏បានពង្រីកទៅក្នុងវិស័យផលិតផលប្រើប្រាស់។ ឆ្នាំ ១៩៧៥ ក្រុមហ៊ុននេះបានបញ្ចេញភេសជ្ជៈ Krating Daeng (ឈ្មោះជាភាសាថៃ របស់ Red Bull)។ ក្នុងដំណើរបំពេញការងារមួយ អ្នកជំនួញជនជាតិអូទ្រីស ឈ្មោះ ឌីធ្រីក ម៉ាតេឈិត (Dietrich Mateschitz) បានស្គាល់ភេសជ្ជៈនេះ។ លោកបានសហការជាមួយ ឆាឡេអូ ដើម្បីកែសម្រួលរូបមន្ត និងបានផ្សព្វផ្សាយ Red Bull ទៅកាន់សកលលោក។ លោក ឆាឡេអូ បានលាចាកលោកកាលពីឆ្នាំ ២០១២។ កូនប្រុសរបស់គាត់គឺ លោក សារ៉ាវុធ យូវីឌីយ៉ា (Saravoot Yoovidhya) បច្ចុប្បន្នបានក្លាយជា CEO របស់ TCP Group៕



