Category: សង្គម និងសេដ្ឋកិច្ច

  • ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ នៃ ខេត្ត​ព្រះសីហនុ នឹង​ទាក់ទាញ​អ្នកវិនិយោគ​គ្រប់​វិស័យ​នាពេលខាងមុខ

    ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ នៃ ខេត្ត​ព្រះសីហនុ នឹង​ទាក់ទាញ​អ្នកវិនិយោគ​គ្រប់​វិស័យ​នាពេលខាងមុខ

    តំបន់កសិឧស្សាហកម្ម​ដំណាំ​ដូងប្រេង និង​ដំណាំ​កៅស៊ូ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នឹងមាន​អ្នកវិនិយោគ​ចូលមក​បណ្ដាក់ទុន​រក​ស៊ី​លើ​គ្រប់​វិស័យ នេះ​បើតាម​ការអះអាង​របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ។

    នៅក្នុងពេល​ចុះ​ពិនិត្យ​ការអភិវឌ្ឍ ក្នុង​តំបន់កសិឧស្សាហកម្ម​ដំណាំ​ដូងប្រេង និង​ដំណាំ​កៅស៊ូ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​កោតសរសើរ ចំពោះ​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែល​បានធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​ក​សិ​ឧស្សា​មហកម្ម ហើយ​បាន និង​កំពុង​ជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ។

    ឯកឧត្តម​អភិបាលខេត្ត ព្រះសីហនុ សង្ឃឹម និង​ជឿជាក់ថា អនាគត ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ នៃ ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ៕

  • គំរូ​នាវា​ទេសចរណ៍​ប្រណិត​ខ្នាត​យក្ស បំពាក់​ផ្ទាំង​សូ​ឡា​ពេញ​ខ្លួន

    គំរូ​នាវា​ទេសចរណ៍​ប្រណិត​ខ្នាត​យក្ស បំពាក់​ផ្ទាំង​សូ​ឡា​ពេញ​ខ្លួន

    ក្រុម​អ្នក​រចនា​បាន​បង្ហើប​ឱ្យដឹង​អំពី​គំនិត​ស្ដីពី នាវា​ទេ​ចរណ៍​មួយគ្រឿង​មានឈ្មោះ​ថា Solar Express ដែល​ត្រូវបាន​បំពាក់​ផ្ទាំង​សូ​ឡា​ពេញ​ខ្លួន។

    យោងតាម​ការប្រកាសរ​បស់​អ្នក​រចនា Anthony Glasson នៅឯ studio M៥១ ក្នុង ទីក្រុង​ហុងកុង គំនិត​ស្ដីពី Solar Express ត្រូវបាន​លើក​បង្ហាញ​ទៅតាម​អារម្មណ៍​ដែល​កើតចេញពី​បណ្ដា​នាវា​ដំណើរការ​ដោយ​ចំហាយ​ទឹក បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត The Polar Express ឆ្នាំ ២០០៤។ បន្ថែម​ពីលើ​នោះ ផ្នែក​ខាងមុខ​នាវា​ត្រូវបាន​បន្ថែម​ច្រមុះ​យ៉ាង​ស្រួច​ដែល​ដូច​ទៅនឹង​ប្រភេទ​សត្វ​ស្នែង​មួយ។

    នាវា​អនាគត​នេះ​នឹងមាន​ប្រវែង ១៣០ ម៉ែត្រ មាន​អាង​ហែល​ទឹក​បណ្ដោយ ១០ ម៉ែត្រ, ទីតាំង​ហូបចុក​លើដំបូល និង​បន្ទប់​នានា​ដែល​មើលឃើញ​មហាសមុទ្រ។

    ប្រការ​ដែល​ធ្វើឱ្យ Solar Express មាន​លក្ខណៈពិសេស​ជាងគេ នោះ​គឺ​ដងខ្លួន​របស់​វា​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្ទាំង​សូ​ឡា​ជាច្រើន​ដែលមាន​ផ្ទៃក្រឡា​ជាង ១៦,០០០ ម៉ែត្រ។

    Solar Express គឺជា​ការខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅកាន់​អនាគត​បៃតង​ជាង​បច្ចុប្បន្ន សម្រាប់​នាវា​ទេសចរណ៍​ខ្នាត​យក្ស នេះ​បើតាម Glasson។ Solar Express មិនមែន​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី​ដែល​បានមកពី​ផ្ទាំង​សូ​ឡា​នោះទេ ប៉ុន្តែ វា​ក៏​នឹង​ត្រូវបាន​បំពាក់​ម៉ាស៊ីន hybrid, ម៉ាស៊ីនភ្លើង។ល។

    នាវា​ទេសចរណ៍​នេះ​នឹងមាន​ទម្ងន់​យ៉ាង​ស្រាល ដោយសារ​ធ្វើ​អំពី​អា​លុយ​មី​ញូ​ម​ប្រភេទ​ស្រាល អនុញ្ញាតឱ្យ​វា​សំច័យ​ថាមពល​បាន​ច្រើន បើ​ទោះ M៥១ មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​តួលេខ​ដែល​ទាក់ទង​នឹង​ល្បឿន ឬ​រង្វង់​ប្រតិបត្តិការ៕

  • ឥណ្ឌា ចង់​ទិញ​បន្ថែម​ប្រេង​ពី រុស្ស៊ី

    ឥណ្ឌា ចង់​ទិញ​បន្ថែម​ប្រេង​ពី រុស្ស៊ី

    រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល របស់ ឥណ្ឌា លោក Hardeep Singh Puri បានឱ្យដឹងថា កំពុង​ចរចា​ជាមួយ ភាគី​រុស្ស៊ី អំពី​ការបង្កើន​ការ​នាំចូល​ប្រេង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឡើង​ថ្លៃ​សាំង​ក្នុងប្រទេស។

    «ខ្ញុំ​បាន​និយាយ​គ្នា​ជាមួយ​ក្រុមមន្ត្រី​របស់ សហព័ន្ធរុស្ស៊ី» អំពី​ការ​នាំចូល​ប្រេង លោក Hardeep Singh Puri បាន​ប្រាប់ សភា​ឥណ្ឌា កាលពី​ថ្ងៃទី ១៤ មីនា។ លោក Puri និយាយថា បញ្ហា​កំពុង​ជជែក​គ្នា​រួមមាន ការធានារ៉ាប់រង វិធី​ដឹកជញ្ជូន និង​ការទូទាត់។

    ឥណ្ឌា ត្រូវ​នាំចូល​ប្រេង ៨០% ក្នុងចំណោម​ប្រេង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក​សរុប ហើយ​ក្នុងចំណោម​នោះ មាន ៣% ទិញ​ពី រុស្ស៊ី។ កាលពី​ចុង​សប្ដាហ៍​មុន ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandrer Novak បានឱ្យដឹងថា ការ​នាំចូល​ប្រេង​ពី រុស្ស៊ី របស់ ឥណ្ឌា មានតម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ត្រឹមតែ ៩ ពាន់​លាន​ដុល្លារ មិន​ដល់ ១/១០ នៃ​ពាណិជ្ជកម្ម​រវាង រុស្ស៊ី និង ចិន។

    ឥណ្ឌា ជា​ប្រទេសមួយ​ដែល​ជិតស្និទ្ធ​នឹង រុស្ស៊ី។ ឥណ្ឌា រក្សា​ទំនាក់ទំនង​ជាមួយ អ៊ុយ​ក្រែ​ន និង​លោកខាងលិច ប៉ុន្តែ ក៏​បង្ហាញ​ការមិនយល់ស្រប​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី នៅក្នុង​វេទិកា​អន្តរជាតិ។

    សហរដ្ឋ​អាម៉េរិក បាន​ហាម​ការ​នាំចូល​ប្រេង​ពី រុស្ស៊ី។ ប៉ុន្តែ អឺរ៉ុប នៅតែមាន​ការស្ទាក់ស្ទើរ​ចំពោះ​បញ្ហា​នេះ ព្រោះ​កំពុង​ពឹង​ផ្អែកលើ​ប្រេង និង​ធនធាន​ថាមពល​របស់ រុស្ស៊ី ច្រើនជាង​ឆ្ងាយ ធៀប​នឹង សហរដ្ឋ​អាម៉េរិក៕

  • ប្រេង​ធ្លាក់​ថ្លៃ ៣០% ក្នុង​រយៈពេល ១ សប្ដាហ៍​ចុងក្រោយ

    ប្រេង​ធ្លាក់​ថ្លៃ ៣០% ក្នុង​រយៈពេល ១ សប្ដាហ៍​ចុងក្រោយ

    កាលពីដើម​សប្ដាហ៍​កន្លង តម្លៃ​ប្រេង Brent ក្នុង ១ ធុង ឡើង​ជិត​ដល់ ១៤០ ដុល្លារ​អាម៉េរិក ប៉ុន្តែ បច្ចុប្បន្ន​នៅសល់ ៩៩ ដុល្លារ។

    បន្ទាប់ពី រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន តម្លៃ​ប្រេង​ឆៅ​នៅ​ទូទាំង​សកលលោក បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។ គ្រាន់តែ ១ សប្ដាហ៍​សោះ តម្លៃ​ប្រេង Brent ឡើងដល់ ១៣៩ ដុល្លារ/ធុង ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ ២០០។ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា តម្លៃ​អាច​ឡើងដល់ ១៨៥ ដុល្លារ រួចហើយ ២០០ ដុល្លារ នៅពេល​ពិភពលោក​បែរខ្នង​ដាក់​ប្រេង​របស់ រុស្ស៊ី។

    ក៏ប៉ុន្តែ ក្រោយមក ស្ថានការណ៍​បាន​ប្រែប្រួល​យ៉ាង​លឿន។ តម្លៃ​ប្រេង Brent បច្ចុប្បន្ន ថយចុះ​ជិត ៣០% ធៀប​នឹង​តម្លៃ​ខ្ពស់បំផុត។ ក្នុង​ថ្ងៃទី ១៥ មីនា តម្លៃ​ប្រេង​ធ្លាក់​ចុះក្រោម ១០០ ដុល្លារ/ធុង ជា​លើកដំបូង​ក្នុង​ខែ​នេះ។ ១ ថ្ងៃមុន​នោះ តម្លៃ​ប្រេង Brent បាន​ធ្លាក់​ថ្លៃ ៦.៥%។

    ការធ្លាក់​ថ្លៃ​នេះ ត្រូវបាន​បកស្រាយ​ថា ដោយសារ​ក្ដីសង្ឃឹម​ទៅលើ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង អេ​មី​រ៉ា​ត​អា​រ៉ា​ម​រួម ដែល​សន្យាថា នឹង​បង្កើន​ការផលិត​ប្រេង។ ទន្ទឹមនឹងនោះ តម្រូវការ​ប្រេង​ថយចុះ​នៅ ប្រទេស​ចិន ដោយសារ​បម្រាម​គោចរ ព្រោះតែ កូ​វីដ-១៩ ក៏​ជា​រឿង​ដែល​ជួយ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ។

    ទោះ​យ៉ាងនេះ​ក្ដី ក្រុមអ្នកវិភាគ​ព្រមាន​ថា ពិភពលោក​នៅតែ​មិនទាន់រួច​ផុតពី​ហានិភ័យ។ ប្រេង​នៅតែ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​ការចំណាយ​លើ​ការផលិត។

  • Apple សំច័យ​ប្រា​ក់បាន​រាប់ពាន់​លាន​ដុល្លារ ដោយសារ​បោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស​របស់ iPhone

    Apple សំច័យ​ប្រា​ក់បាន​រាប់ពាន់​លាន​ដុល្លារ ដោយសារ​បោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស​របស់ iPhone

    ក្រុមហ៊ុន Apple ត្រូវបាន​គេ​ជឿថា សំច័យ​ប្រាក់​បាន​ជាង ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការបោះបង់​ឆ្នាំង​សាក​ថ្ម និង​កាស របស់​ទូរស័ព្ទ iPhone ចាប់ពី​ឆ្នាំ ២០២០។

    យោងតាម Daily Mail ក្រុមហ៊ុន Apple កាត់បន្ថយ​ការ​ចំណាយបាន​ប្រហែល ៣៥ ដុល្លារ សម្រាប់​ទូរស័ព្ទ​ឆ្លាត​វៃ iPhone ១ គ្រឿង ដែល​ក្រុមហ៊ុន​បាន​លក់​ចេញ ដោយសារ​បំបាត់ចោល​ឧបករណ៍​អមរ​បស់​ផលិតផល​នេះ។ រាប់​ចាប់​តាំង​ពី​ចុងឆ្នាំ ​២០២០ ដល់​ដើមឆ្នាំ ២០២២ Apple បាន​លក់ iPhone ប្រហែល ១៩០ លាន​គ្រឿង ដូច្នេះ ទឹកប្រាក់​ដែល​ក្រុមហ៊ុន​នេះ​សំច័យ​បាន គឺ​ប្រហែល ៦.៥ ពាន់​លាន​ដុល្លារ។

    កន្លងមក ក្រុម​អ្នកជំនាញ​​បាន​គណនា​ឃើញថា ការកាត់បន្ថយ​ទំហំ​របស់​ប្រអប់​ដាក់​ទូរស័ព្ទ អនុញ្ញាតឱ្យ Apple បន្ថយ​ការចំណាយ​ទៅលើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ជា​ប្រអប់​ទូរស័ព្ទ ក៏ដូចជា​បង្កើន​ចំនួន iPhone បាន ៧០% នៅក្នុង​ប្រអប់​ប៉ា​ឡែ​ត (pallet) នីមួយៗ ដូច្នេះ ក៏​អាច​បន្ថយ​ការចំណាយ​ទៅលើ​សេវា​ដឹកជញ្ជូន​បាន ៤០% ធៀប​នឹង​ដំណាក់កាល​មុន​នោះ។

    iPhone 11

    Ben Wood ដែលជា​អ្នកវិភាគ​របស់ CCS Insight បាន​វាយតម្លៃថា ទិន្នន័យ​ខាងលើ​គឺមាន​មូលដ្ឋាន។ ប៉ុន្តែ Apple បាន​បដិសេធ​ការអធិប្បាយ​ទាក់ទង​នឹង​តួលេខ​ខាងលើ។ ក្រុមហ៊ុន​នេះ​សង្កត់ធ្ងន់ថា ការ​កាត់ចោល​ឆ្នាំង​សាក​ថ្ម និង​កាស ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​ពុល​បាន​ជាង ២ លាន​តោន ស្មើនឹង​រថយន្ត ៥ សែន​គ្រឿង ដែល​មិន​ធ្វើ​ចរាចរណ៍ ជា​រៀងរាល់ឆ្នាំ៕

  • តម្លៃ​មាស និង​​តម្លៃ​ប្រេង​អន្តរជាតិ «សហការគ្នា» ដាំ​ក្បាល​ចុះ​កាលពី​ម្សិលមិញ

    តម្លៃ​មាស និង​​តម្លៃ​ប្រេង​អន្តរជាតិ «សហការគ្នា» ដាំ​ក្បាល​ចុះ​កាលពី​ម្សិលមិញ

    មាស​ធ្លាក់​ថ្លៃ​ជិត ៤០ ដុល្លារ​អាម៉េរិក ក្នុង ១ អោន ខណៈដែល​តម្លៃ​ប្រេង​ឆៅ​ក៏​បាត់បង់​ជាង ៥% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ១៤ មីនា ២០២២។

    តម្លៃ​មាស​ពិភពលោក​ប្រភេទ​ប្រគល់​ភ្លាម ធ្លាក់​ថ្លៃ ៣៨ ដុល្លារ​អាម៉េរិក ពេល​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១៤ មីនា ចុះមក​នៅត្រឹម ១,៩៥៣ ដុល្លារ ក្នុង ១ អោន (១ អោន (ounce) ប្រហែល ៨.៣ ជី)។ និន្នាការ​ធ្លាក់​ថ្លៃ​នេះ ក៏បាន​អូសបន្លាយ​មក​ដល់​ព្រឹក​ថ្ងៃទី ១៥ មីនា ហើយ​បច្ចុប្បន្ន ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១,៩៥១ ដុល្លារ ក្នុង ១ អោន។

    មូលហេតុ​​ដែល​នាំ​ឱ្យ​មាន​ការធ្លាក់​ថ្លៃ​នេះ ត្រូវបាន Jim Wyckoff ដែលជា​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Kitco Metals បកស្រាយ​ថា៖ «ព័ត៌មាន​ល្អ​ស្ដីពី​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន បាន​ជួយ​ឱ្យ​ទីផ្សារ​មូល​ប​ត្រ​មា​នស​ន្ទ​ស្សន៍​កើនឡើង បង្ក​ជា​សម្ពាធ​លើ​ទីផ្សារ​លោហធាតុ​មានតម្លៃ»។

    អត្រា​ការប្រាក់​នៃ​​​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​​សហរដ្ឋ​អាម៉េរិក ប្រភេទ ១០ ឆ្នាំ ក៏​ជា​ចំណែក​​ធំ​មួយ​​ដែល​ធ្វើឱ្យ​មាស​ធ្លាក់​ថ្លៃ។ ធនាគារកណ្ដាល​អាម៉េរិក (FED) សប្ដាហ៍​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​ដំឡើង​ការប្រាក់​សម្រាប់​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល។

    ចំណែក​ទីផ្សារ​ប្រេង​វិញ តម្លៃ​នា​ថ្ងៃនេះ​ក៏​ទទួលរង​សម្ពាធ​ដោយមាន​ដំណឹង​ថា សហរដ្ឋ​អាម៉េរិក កំពុងធ្វើការ​ជាមួយ វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុង​បំណង​បង្កើន​ប្រភព​ផ្គត់ផ្គង់​ប្រេង ជំនួស​ឱ្យ រុស្ស៊ី។ ទន្ទឹមនឹងនេះ ការដែល ចិន ដាក់​បម្រាម​គោចរ​លើ​ទីក្រុង​មួយចំនួន​ជាថ្មី ដោយសារ កូ​វីដ-១៩ ក៏​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង​ប្រចាំថ្ងៃ។ ជាង​នេះ សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ល្អប្រសើរ​ឡើងវិញ ក៏​ជួយ​ទាញ​តម្លៃ​ប្រេងសាំង ឱ្យ​ធ្លាក់ចុះ​មួយកម្រិត​ផងដែរ។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១៤ មីនា តម្លៃ​ប្រេង​ឆៅ​អាម៉េរិក WTI ធ្លាក់​ថ្លៃ ៦% ដោយ​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១០៣ ដុល្លារ/ធុង​បារ៉ែល។ កាលពី​ម្សិលមិញ មានពេលខ្លះ តម្លៃ​ប្រេង​ធ្លាក់​មក​នៅក្រោម ១០០ ដុល្លារ/ធុង៕

  • ស្ពាន​អាកាស​ និង​​ផ្លូវ​​ក្រោម​​ដី​​ចោម​ចៅ ​សម្រេច​បាន​ ៩៨-​៩៩% ​និង​​កំពុង​​ត្រៀម​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​ជាបណ្ដោះ​អាសន្ន

    ស្ពាន​អាកាស​ និង​​ផ្លូវ​​ក្រោម​​ដី​​ចោម​ចៅ ​សម្រេច​បាន​ ៩៨-​៩៩% ​និង​​កំពុង​​ត្រៀម​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​ជាបណ្ដោះ​អាសន្ន

    អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៤ មីនា បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​មន្ត្រី​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។

    គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នេះ បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ​ពី ៩៨ ទៅ ៩៩%។ ហើយ ៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​រួចរាល់​ជា​ស្ថាពរ ដែល​អាច​ដាក់ឱ្យ​ធ្វើដំណើ​រ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​បាន នេះ​បើតាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

    ការចុះ​ត្រួតពិនិត្យ​របស់ អភិបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​នេះ គឺ​ក្នុង​បំណង​ជំរុញ​ការងារ​ដែល​នៅ​សេសសល់​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ៥ ថ្ងៃ​ទៀត ដើម្បី​ត្រៀម​សម្រាប់​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។

    ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ គឺជា​គម្រោង​របស់​ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ។ សំណង់​​ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាល​ថ្ងៃទី ២៩ មិថុនា ២០១៨ ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​​​រយៈពេល ៣០ ខែ ក្នុង​ការ​សាង​សង់​ និង​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ២២ លាន​ដុល្លារ​អាម៉េរិក៕

  • គ្រាន់​តែ​សារ​មួយ​ឃ្លា​​សោះ​​ ម្ចាស់​​ក្រុម​ហ៊ុន​ SpaceX​ ធ្វើ​ឱ្យ​ទីក្រុង​ក្រីក្រ​ប្រែ​ទៅ​ជា ​«ច្រក​ទ្វារ​ទៅ​កាន់​ពិភព​​អង្គារ»!​ ដី​ឡើង​ថ្លៃ​ខ្ពស់​ ឯ​អ្នក​វិនិយោគ​ក៏អូស​គ្នា​ចូល​មក​រក​ស៊ី

    គ្រាន់​តែ​សារ​មួយ​ឃ្លា​​សោះ​​ ម្ចាស់​​ក្រុម​ហ៊ុន​ SpaceX​ ធ្វើ​ឱ្យ​ទីក្រុង​ក្រីក្រ​ប្រែ​ទៅ​ជា ​«ច្រក​ទ្វារ​ទៅ​កាន់​ពិភព​​អង្គារ»!​ ដី​ឡើង​ថ្លៃ​ខ្ពស់​ ឯ​អ្នក​វិនិយោគ​ក៏អូស​គ្នា​ចូល​មក​រក​ស៊ី

    តម្លៃ​ដី​នៅ​ទីក្រុង​ក្រីក្រ​ដែល បាន​ឡើងថ្លៃ​ខ្ពស់​មិនគួរ​ឱ្យ​ជឿ ដោយ​ចំណាយពេល​ត្រឹម​តែមួយ​យប់ ក្រោយ​មហាសេដ្ឋី​អាម៉េរិក Elon Musk បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ Twitter។

    Evan Wood បាន​ប្រាប់ Bloomberg ថា ថ្មីៗនេះ គាត់​ទទួលបាន​សារ​ជា​ញឹកញាប់​ពី​មនុស្ស​ចម្លែក ដែល​សួរ​គាត់​ថា ចង់​លក់​ផ្ទះ​នៅលើ​កោះ South Padre Island ក្នុង​រដ្ឋ Texas ឬ​អត់។ ពី​ផ្ទះ​នេះ គេ​អាច​មើលឃើញ​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Texas របស់ Elon Musk បាន​យ៉ាងច្បាស់ ដោយ​វា​មាន​ចម្ងាយ​ពីគ្នា​ប្រហែល ១០ គីឡូម៉ែត្រ។ ប៉ុន្តែ វិស្វករ​បច្ចេកវិទ្យា​រូបនេះ បាន​បញ្ជាក់ថា គាត់​នឹងមិន​លក់​ផ្ទះ​នេះ​ជាដាច់ខាត។

    នៅឯ Brownsville ជាទី​ក្រុង​មួយ​របស់ Cameron ក៏​កំពុង​ជួប​ស្ថានភាព​ដូចគ្នានេះដែរ។ Bruno Zavaleta ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​តំបន់​មួយ ឱ្យដឹងថា មាន​ភ្ញៀវ​ដែល​ស្ម័គ្រចិត្ត​ជិះ​រថយន្ត ១៦ ម៉ោង មកកាន់​ទីនេះ ដើម្បី​ទិញ​ផ្ទះ ២ ខ្នង ដែល​កំពុង​សាងសង់​ក្នុង​តំបន់ Alto Groves។ តំបន់​នេះ​ត្រូវបាន​ក្រុម​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ឃោសនា​ថា ដូច​ទៅនឹង «ផ្ទះ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង SpaceX»។

    ប្រការ​ខាងលើនេះ កន្លងមក​មិនដែល​កើតមាន​ឡើយ នៅក្នុង​ខណ្ឌ Cameron ជាទី​ដែល​ក្នុងចំណោម​មនុស្ស ៤ នាក់ គឺមាន​ម្នាក់​រស់នៅក្នុង​ស្ថានភាព​អត់ឃ្លាន។ ចំណែក​ក្រុម​យុវវ័យ​ដែល​ទៅរក​ស៊ី​ឆ្ងាយ នឹងមិន​ដែល​វិល​ត្រលប់​មកវិញ​ឡើយ។ ប៉ុន្តែ ដោយសារតែ​សារ​នៅលើ Twitter របស់​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក អចលនទ្រព្យ​នៅ Cameron ក៏ត្រូវ​បាន​គេ​រក​ទិញ​ជា​បន្តបន្ទាប់​ក្នុងតម្លៃ​ខ្ពស់ មិនគួរ​ឱ្យ​ជឿ។

    តាមពិត ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk បាន​តាំងនៅ​ទីនេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ។ អចលនទ្រព្យ​នៅទីនេះ​ឡើងថ្លៃ​ខ្ពស់ បន្ទាប់ពី​លោក Musk អំពាវនាវ​ឱ្យ​គ្រប់គ្នា​មក​ទិញ​ផ្ទះ​នៅ South Padre Island កាលពី​ខែមីនា ២០២។ នៅលើ Twitter លោក Elon Musk សរសេរថា៖ «ចូរ​ពិចារណា​អំពី​ការ​រើ​មក​រស់នៅក្នុង​តំបន់ Starbase ឬ​តំបន់ Brownsville នៅ South Padre Island ក្នុង​រដ្ឋ Texas»។ ជាង​នេះ ក្រោយមក លោក Musk ក៏បាន​សន្យា​ចំណាយ​ប្រាក់ ១០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ទីក្រុង Brownsville ព្រមទាំង​ចំណាយ ២០ លាន​ដុល្លារ ដើម្បី​ជួសជុល​សាលារៀន​នានា​ក្នុង​ខណ្ឌ Cameron ផងដែរ។

    មួយឆ្នាំ​ក្រោយមក សេដ្ឋកិច្ច​របស់​ខណ្ឌ​នេះ បាន​ប្ដូរផ្លាស់​គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែ​ក្រុម​អ្នកគាំទ្រ​របស់លោក Elon Musk។ ទីក្រុង Brownsville ក៏ត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង​ឈ្មោះ​ថ្មី៖ «ច្រក​ទៅកាន់​ពិភព​អង្គារ»។ «ទីផ្សារ​បាន​ប្រែជា​មាន​ភាព​ទាក់ទាញ​ខ្លាំង ក្រោយ​រយៈពេល ១ យប់ ទៅតាម​ន័យត្រង់។ សារ​មួយ​ឃ្លា​បាន​ប្ដូរផ្លាស់​គ្រប់យ៉ាង» Laurie Howell ដែលជា​បុគ្គលិក​អចលនទ្រព្យ​មួយរូប អះអាង​ដូច្នេះ។

    នៅ​ពាសពេញ​តំបន់ Cameron ឥទ្ធិពល​របស់​មហាសេដ្ឋី Elon Musk បាន​ស្ដែងចេញ​យ៉ាងច្បាស់។ ក្រុមហ៊ុន អាជីវកម្ម​ជាច្រើន​ដែល​ទើប​ត្រូវបាន​បង្កើតឡើង​ថ្មី នាំគ្នា​ដាក់ឈ្មោះ​ទៅតាម​ទិសដៅ​នៃ​អវកាស ក្នុងនោះ​មានដូចជា ឈ្មោះ «ប្រព័ន្ធ​បាញ់​បង្ហោះ​រុ​ក្កែ​ត» ឬ «ថ្ម​ព្រះ​ចន្ទ»។ល។ បណ្ដា​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​អាកាសចរណ៍​អវកាស ដូចជា ក្រុមហ៊ុន​ឡាន​ហោះ Paragon VTOL, Space Channel និង Spaced Ventures ជាដើម ក៏​ចាប់ផ្ដើម​រើ​មកកាន់​តំបន់​នេះ៕

  • ទីក្រុង​មូ​ស្គូ គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​ចាក​ចេញពី រុស្ស៊ី

    ទីក្រុង​មូ​ស្គូ គំរាម​រឹបអូស​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​ចាក​ចេញពី រុស្ស៊ី

    យោងតាម WSJ រដ្ឋអាជ្ញា​តុលាការ​រុស្ស៊ី បាន​ព្រមាន​ថា អាច​ចាប់ខ្លួន​មេដឹកនាំ ឬ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន​លោកខាងលិច​ដែល​ដកខ្លួន​ចេញពី​ទឹកដី រុស្ស៊ី។

    ប្រភពព័ត៌មាន​របស់ Wall Street Journal ឱ្យដឹងថា ក្នុង​សប្ដាហ៍​កន្លង រដ្ឋអាជ្ញា​នៃ​តុលាការ​របស់ រុស្ស៊ី បាន​ផ្ញើ​ការព្រមាន​ដល់​បណ្ដា​ក្រុមហ៊ុន ដូចជា Coco-Cola, McDonald’s, Procter & Gamble Co., International Business Machines និង​ម្ចាស់ KFC – Yum Brands។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវបាន​គំរាម​ប្ដឹង ឬ​រឹបអូស​ទ្រព្យសម្បត្តិ ក្នុងនោះ​មាន​ទាំង​យីហោ​ផងដែរ។

    ការព្រមាន​របស់ រុស្ស៊ី នេះ បានធ្វើឱ្យ​ក្រុមហ៊ុន​យ៉ាងហោច​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ជា​គោលដៅ ត្រូវ​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​បណ្ដា​សាខា​នៅ រុស្ស៊ី និង​បណ្ដា​សាខា​ដែល​នៅសល់ ព្រោះ​បារម្ភ​ថា សារ និង​អ៊ី​មេ​ល ត្រូវ​អាជ្ញាធរ​រុស្ស៊ី រាំងខ្ទប់។ បណ្ដា​ក្រុមហ៊ុនផ្សេងៗ បាន​បញ្ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ចេញពី រុស្ស៊ី រួចរាល់​ហើយ។

    បច្ចុប្បន្ន អ្នកនាំពាក្យ​របស់ Coca-Cola, IBM, P&G និង McDonald’s, Yum (KFC និង Pizza Hut) នៅ រុស្ស៊ី បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​នេះ។

    បន្ទាប់ពី​បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ក្រុមហ៊ុន​របស់​បណ្ដា​ប្រទេស​លោកខាងលិច បាននាំគ្នា​បិទទ្វារ ឬ​កាត់បន្ថយ​សកម្មភាព​ជំនួញ​របស់​ពួកគេ​នៅ រុស្ស៊ី ព្រោះតែ​រង​ផលប៉ះពាល់​ពី​ការដាក់ទណ្ឌកម្ម​របស់​បស្ចិម​លោក មកលើ រុស្ស៊ី។

    យោងតាម​សាលា​គ្រប់គ្រង Yale បច្ចុប្បន្ន មាន​ក្រុមហ៊ុន​បរទេស​ជាង ៣៥០ ស្ថាប័ន បានប្រកាសថា​នឹង​ចាកចេញ ឬ​ផ្អាក​សកម្មភាព​អាជីវកម្ម​នៅ រុស្ស៊ី។

    Jen Psaki លេខា​ផ្នែក​សារព័ត៌មាន​របស់ សេត​វិមាន បានឱ្យដឹងថា៖ «រាល់​ការប្រឹងប្រែង​ដោយ​ខុសច្បាប់​របស់ រុស្ស៊ី ក្នុង​បំណង​រឹបអូស​ទ្រព្យ​របស់​បណ្ដា​ក្រុមហ៊ុន នឹង​នាំទៅរក​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ»។

  • តម្លៃ​ប្រេង​ពិភពលោក​ព្រឹក​ថ្ងៃទី ១៤ មីនា បន្ត​ធ្លាក់ចុះ

    តម្លៃ​ប្រេង​ពិភពលោក​ព្រឹក​ថ្ងៃទី ១៤ មីនា បន្ត​ធ្លាក់ចុះ

    បន្ត​និន្នាការ​ធ្លាក់​ថ្លៃ​ក្នុង​សប្ដាហ៍​កន្លង តម្លៃ​ប្រេង​ពិភពលោក​ព្រឹក​ថ្ងៃទី ១៤ មីនា​នេះ ថយចុះ​ប្រហែល ៤ ដុល្លារ បន្ទាប់ពី​មន្ត្រី​អាម៉េរិក មួយរូប​និយាយថា មាន​សញ្ញា​ជាច្រើន​បង្ហាញថា រុស្ស៊ី ត្រៀមខ្លួន​រួចរាល់​សម្រាប់​បន្ត​ការចរចា​ជាមួយ អ៊ុយ​ក្រែ​ន។

    តម្លៃ​ប្រេង Brent ថយចុះ ៤.១២ ដុល្លារ​អាម៉េរិក ឬ ៣.៦% ចុះមក​នៅត្រឹម ១០៨.៥៥ ដុល្លារ/ធុង​បារ៉ែល នៅវេលា​ម៉ោង ៨និង១៥នាទី (ម៉ោង​នៅ កម្ពុជា)។ តម្លៃ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់ សហរដ្ឋ​អាម៉េរិក ធ្លាក់​ថ្លៃ ៣.៩៣ ដុល្លារ ឬ ៣.៧% ចុះមក​នៅត្រឹម ១០៥.៤ ដុល្លារ/ធុង​បារ៉ែល។

    ប្រេង​ទាំង ២ ប្រភេទ​ខាងលើ សុទ្ធតែ​បាន​ឡើងថ្លៃ​ខ្ពស់ ចាប់តាំងពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ និង​កើន ៤០% រាប់​ចាប់ពី​ដើមឆ្នាំ ២០២២។

    កាលពី​ថ្ងៃទី ១៣ មីនា អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Wendy Sherman យល់ថា មាន​សញ្ញា​ជាច្រើន​បង្ហាញថា រុស្ស៊ី បាន​ត្រៀម​ជាស្រេច​ក្នុងការ​បន្ត​ចរចា​ជាមួយ អ៊ុយ​ក្រែ​ន។ យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ទីផ្សារ​ថាមពល​សកល មានការ​ប្រែប្រួល​ខ្លាំង។

    តម្លៃ​ប្រេង Brent បាន​ថយចុះ ៤.៨% ក្នុង​សប្ដាហ៍​កន្លង ខណៈ​ប្រេង WTI ធ្លាក់​ថ្លៃ ៥.៧%។ ប្រេង ២ ប្រភេទ​នេះ សុទ្ធតែ​ធ្លាប់​មានតម្លៃ​ខ្ពស់បំផុត​កាលពីដើម​សប្ដាហ៍ រាប់​ចាប់ពី​ឆ្នាំ ២០០៨ ដោយសារ​តែមាន​ការបា​រ​ម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ក្រោយពី សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប បានចាប់ផ្ដើម​ពិចារណា​អំពី​ការហាមឃាត់​ប្រេង​ដែល​នាំ​ពី រុស្ស៊ី។

    អាម៉េរិក ក្រោយមក​ក៏បាន​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ក្នុង​គ្រា​ដែល អង់គ្លេស ផ្អាក​ការនាំ​ចូល​ជាជំហានៗ ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ ២០២២។ សម្ពាធ​លើ​តម្លៃ​ប្រេង​បាន​ថយចុះ បន្ទាប់ពី ឯកអគ្គរាជទូត​រប​ស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រចាំ សហរដ្ឋ​អាម៉េរិក ថ្លែងថា ប្រទេស​នេះ​គាំទ្រ​ការបង្កើន​ផលិតភាព ហើយ​ថា​នឹង​អំពាវនាវ​ឱ្យ អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង ពិចារណា​អំពី​ប្រការ​ដូចគ្នានេះ។

    យោងតាម​អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov កិច្ចចរចា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នឹង​បន្ត​ធ្វើឡើង​នៅក្នុង​ថ្ងៃទី ១៤ មីនា​នេះ ក្រោយពី​ការចរចា​កាលពី​ថ្ងៃទី ១៣ មីនា បាន​ចប់៕