Category: សង្គម និងសេដ្ឋកិច្ច

  • ប្រហែល «ស្អប់» Facebook ខ្លាំងពេក ទើបមហាសេដ្ឋី Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter

    ប្រហែល «ស្អប់» Facebook ខ្លាំងពេក ទើបមហាសេដ្ឋី Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter

    យោងតាម​ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាម៉េរិក (SEC) លោក Elon Musk បច្ចុប្បន្ន​គឺជា​អ្នកកាន់កាប់​ភាគហ៊ុន Twitter ចំនួន ៩.២% ធ្វើឱ្យ​លោក​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​បង្អស់​នៅក្នុង​បណ្ដាញ​សង្គម​នេះ។

    ចំនួន​ភាគហ៊ុន​របស់​មហាសេដ្ឋី Musk គឺ​ច្រើនជាង​សហ​ស្ថាបនិក​របស់ Twitter លោក Jack Dorsey ដែល​មានតែ ២.២៥%។

    ភាគហ៊ុន​របស់ Twitter បាន​កើនឡើង ២៥% បន្ទាប់ពី​ព័ត៌មាន​ខាងលើ​ត្រូវបាន​បង្ហើប។ ភាគហ៊ុន​របស់លោក Musk មានតម្លៃ​ប្រហែល ២.៨៩ ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​តម្លៃ​ទីផ្សារ​ដែល​បាន​បិទទ្វារ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

    ការដែល​នាំឱ្យ​លោក Musk ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៅ Twitter ទំនងជា​មកពី​លោក​មិន​ចូលចិត្ត Facebook។ កាលពីពេល​កន្លងទៅ លោក Musk ធ្លាប់​បានធ្វើ​ការស្ទង់មតិ​នៅលើ Twitter ស្ដីពី​ការគោរព​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​បណ្ដាញ​សង្គម​នេះ។ លទ្ធផល​បង្ហាញថា មាន​អ្នកលេង Twitter ជាង ៧០% ឆ្លើយថា Twitter មិន​គោរព​សេរីភាព​បញ្ចេញមតិ ចំណែក​ជាង ២៩% ឆ្លើយថា គោរព។

    មហា​សេដ្ឋី Elon Musk និង មហា​សេដ្ឋី Zuckerberg

    ដូច្នេះ ក្រុមអ្នកវិភាគ​យល់ថា ការដែល​លោក Musk ទិញ​ភាគហ៊ុន​យ៉ាងច្រើន​របស់ Twitter អាច​ថា មកពី​លោក​ចង់​បង្វែរ​ទិសដៅ​របស់ Twitter ទៅរក​ភាព​វិជ្ជមាន គឺ​ការគោរព​សិទ្ធិ​បញ្ចេញមតិ​ឱ្យបាន​ច្រើនជាង​មុន។

    ជាង​នេះ លោក Elon Musk គឺជា «សត្រូវ​ធំ» របស់ Mark Zuckerberg ដែលជា​ម្ចាស់ Facebook និង​ជា​គូប្រជែង​របស់ Twitter។

    កន្លងមក លោក Musk ក៏​ធ្លាប់​បានឱ្យ​ក្រុមការងារ​របស់លោក លុបចោល​ទំព័រ Facebook របស់ ក្រុមហ៊ុន SpaceX និង Tesla ផងដែរ។ មហាសេដ្ឋី​រូបនេះ ធ្លាប់​បង្ហោះ​សារ​ស្នើឱ្យ​គ្រប់គ្នា​លុប​បណ្ដាញ​សង្គម​នេះ​ចេញពី​ទូរស័ព្ទ និង​ងាក​ទៅប្រើ​កម្មវិធី​ផ្ញើ​សារ​ដែល​បំប្លែង​ជា​កូដ Sinnal ទៀតផង។

  • Hyundai អភិវឌ្ឍ​យន្តហោះ​ដើរ​ដោយ​ថាម​ពល​អ៊ីដ្រូសែន ​ហោះ​ឡើង​ និង​​ចុះ​ចត​​ដោយ​​ត្រង់

    Hyundai អភិវឌ្ឍ​យន្តហោះ​ដើរ​ដោយ​ថាម​ពល​អ៊ីដ្រូសែន ​ហោះ​ឡើង​ និង​​ចុះ​ចត​​ដោយ​​ត្រង់

    ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai របស់ កូរ៉េខាងត្បូង កំពុង​ផ្ដោតលើ​ទីផ្សារ​អាកាសចរណ៍ ដោយមាន​គម្រោង​បញ្ចេញ​យន្តហោះ​អ៊ីដ្រូសែន​ដំបូង​នៅ​ឆ្នាំ ២០២៨។

    Hyundai កំពុង «លេងល្បែង» មួយ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ក្នុង​វិស័យ​អាកាសចរណ៍​ជំនាន់​ថ្មី ដោយ​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Supernal កាលពី​ចុងឆ្នាំ ២០២១ ដើម្បី​ផលិត​មធ្យោបាយ​ហោះហើរ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី (eVTOL) ក្នុង​បរិមាណ​ច្រើន។

    នៅក្នុង​បទ​បង្ហាញ​មួយ​នៅ​វេទិកា H2 Aero របស់ Vertical Flight Society ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​កន្លង Supernal បានឱ្យដឹងថា នឹង​បញ្ចេញ​យន្តហោះ eVTOL ដំបូង​របស់ខ្លួន នៅ​ឆ្នាំ ២០២៨ និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០៣០។

    យោងតាម New Atlas នោះ​គឺជា​យន្តហោះ​សម្រាប់​ទីក្រុង​ដែល​ដំណើរការ​ដោយ​ថ្ម​អ៊ីដ្រូសែន មិន​បញ្ចេញ​ឧស្ម័ន​ពុល ដែល​អាច​ហោះ​បាន​រយៈ​ចម្ងាយ ១២០ គីឡូម៉ែត្រ ពោល​គឺអាច​ហោះហើរ​នៅក្នុង​រង្វង់​នៃ​ទីក្រុង​មួយ​បាន។

    ទន្ទឹមនឹង​គម្រោង​យន្តហោះ eVTOL សម្រាប់​ទីក្រុង ក្រុមហ៊ុន Hyundai ក៏មាន​គម្រោង​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ ប្រតិបត្តិការ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​ប្រភេទ​យន្តហោះ​ខាងលើ ដោយ​អាច​ហោះ​បាន​ចាប់ពី ១៩០ គីឡូម៉ែត្រ ដល់ ១,០០០ គីឡូម៉ែត្រ ដែល​អនុញ្ញាតឱ្យ​បើកបរ​ឆ្លង​ពី​ទីក្រុង​មួយ ទៅកាន់​ទីក្រុង​មួយ៕

  • មានទ្រព្យ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថាបនិក​របស់ Binance យល់ថា ភាពមានបាន​របស់ខ្លួន​គ្រាន់តែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ

    មានទ្រព្យ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថាបនិក​របស់ Binance យល់ថា ភាពមានបាន​របស់ខ្លួន​គ្រាន់តែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ

    ក្រោយការ​​បង្កើត Binance បាន ៥ ឆ្នាំ លោក Zhao ត្រូវបាន Bloomberg គណនា​ឃើញថា មានទ្រព្យ​សុទ្ធ​រហូតដល់ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    លោក Changpeng Zhao ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Binance បច្ចុប្បន្ន​គឺជា​មហាសេដ្ឋី​មួយរូប​ក្នុងចំណោម​អ្នកមាន​ទ្រព្យ​ច្រើនជាង​គេង​នៅលើ​ពិភពលោក។

    បុរស​វ័យ ៤៤ ឆ្នាំ Changpeng Zhao គឺជា​អ្នកគ្រប់គ្រង​ផ្សារ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​សកលលោក ដោយមាន​តម្លៃ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ ពោល​គឺ​ធំ​ជាង​ជិត ៦ ដង ធៀប​នឹង​គូប្រជែង Coinbase នៅ សហរដ្ឋ​អាម៉េរិក។

    យោង​តាម​ Bloomberg ក្រោយ​បង្កើត Binance បាន ៥ ឆ្នាំ លោក Zhao មានទ្រព្យ​សុទ្ធ​រហូតដល់ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជិត​ស្មើនឹង​ទ្រព្យ​របស់ Mark Zuckerberg ដែលជា​នាយក​ប្រតិបត្តិ​របស់ Meta ជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម​ Facebook។ ដោយ​ជាប់​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​ទី ១៥ នៅលើទំព័រ​របស់​សារព័ត៌មាន Bloomberg លោក Zhao មានទ្រព្យ​ច្រើនជាង​ស្ថាបនិក​របស់ Dell គឺ Michael Dell និង​អ្នក​ស្នង​មរតក ៣ នាក់ របស់ Walmart ទៅទៀត។

    ចែក​រំ​លែង​ជាមួយ Fortune លោក Changpeng Zhao និយាយថា លោក​កើត​នៅក្នុង​គ្រួសារ​ក្រីក្រ និង​ធំ​ឡើង​ក្នុងភូមិ​មួយ​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន។ លោក​ធ្លាប់​ឆ្លងកាត់​ជំនាន់​ចែក​របប​អាហារ។

    ក្រោយមក គ្រួសារ​របស់លោក បាន​ទៅកាន់ ប្រទេស​កាណាដា។ Zhao ចាប់ផ្ដើម​រកប្រាក់​ដោយ​ធ្វើ​ការឱ្យ McDonald’s និង​ធ្វើជា​អ្នកបើកបរ​នៅក្នុង​ការប្រកួត​បាល់ទះ​នានា។ បន្ទាប់មក លោក​បន្ត​រៀន​​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ និងធ្លាប់​បានធ្វើការ​ច្រើន​ឆ្នាំ​នៅ ប្រទេស​ជប៉ុន និង សហរដ្ឋ​អាម៉េរិក មុនពេល​បង្កើត​ក្រុមហ៊ុន Binance។

    Binance ដើម​ឡើយ​មាន​ការិយាល័យ​កណ្ដាល​នៅ​ ប្រទេស​ចិន ប៉ុន្តែ បាន​រើ​ចេញពី​ប្រទេស​នេះ ដោយ​សារ​តែ​មាន​​សម្ពាធ​ពី​រដ្ឋាភិបាល​។

    ពេលនេះ លោក Zhao បាន​ក្លាយជា​មហាសេដ្ឋី ដោយមាន​ទ្រព្យ​រាប់សិប​ពាន់​លាន​ដុល្លារ និង​ក្ដោប​ក្ដាប់​ផ្សារ​រូបិយវត្ថុ​ឌីជីថល​លំដាប់​លើ​គេ​ក្នុង​ពិភពលោក ដែលមាន​តម្លៃ​នៃ​ការ​​ជួញដូរ​ឡើងដល់ជាង ៣៤,០០០ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១។

    ចំពោះ​ភាពមានបានរបស់​ខ្លួន​ លោក​ Zhao យល់ថា វា​គ្រាន់​តែមាន​នៅលើ​ក្រដាស​ប៉ុណ្ណោះ។ ហើយ​យោងតាម​ល្បឿន​នៃ​ការពង្រីក​ខ្លួន​របស់ Binance ភាពមានបាន​ហាក់​មិនមែន​ជា​របស់​ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​លោកឡើយ៕

  • (វីដេអូ)-ក្រុម​សត្វ​ផ្សោត​សមុទ្រ (Dolphin) «ធ្វើសង្គ្រាម​ពាក្យសម្ដី» ដើម្បី​ដណ្ដើម​ស្រី​ស្នេហ៍

    (វីដេអូ)-ក្រុម​សត្វ​ផ្សោត​សមុទ្រ (Dolphin) «ធ្វើសង្គ្រាម​ពាក្យសម្ដី» ដើម្បី​ដណ្ដើម​ស្រី​ស្នេហ៍

    ក្រុម​ផលិត​ភាពយន្ត​ឯកសារ​របស់ BBC ថត​បាន​សកម្មភាព​ផ្សោត​សមុទ្រ ២ ក្រុម ដែល​ប្ដេជ្ញា «ធ្វើសង្គ្រាម​ពាក្យសម្ដី» នឹង​គ្នា ដោយ​បញ្ចេញ​សំឡេង​បែប​ទំនាក់ទំនង​ជាន់ខ្ពស់​ប្រកបដោយ​ភាពស្មុគស្មាញ ដើម្បី​ដណ្ដើម​សិទ្ធិ​ជា​ម្ចាស់​បេះដូង​នៃ​ផ្សោត​ញី។

    នៅក្នុង​សង្គម​នៃ​សត្វ​ផ្សោត​សមុទ្រ (Dolphin) ទំនាក់ទំនង​ក៏មាន​ផ្នែក​អវិជ្ជមាន។ ទាំងនេះ​គឺជា​ក្រុម​សត្វ​ផ្សោត​វ័យក្មេង។ ពួកវា​តែងតែ​បញ្ចេញ​ខ្យល់​តាម​មាត់​នៅពេល​ខឹង ឬ​ត្រៀម​ស្មារតី​សម្រាប់​ដេញតាម និង​ប្រយុទ្ធ​គ្នា។ នេះ​បើតាម​បណ្ឌិត Denise Herzing អ្នកជំនាញ​ខាង​សភា​សត្វ​ផ្សោត។

    សត្វ​ផ្សោត​ឈ្មោល​តែង​ហែល​ជា​ក្រុមតូចៗ ហើយ​ធ្វើ​សកម្មភាព និង​បញ្ចេញ​សំឡេង​ស្របគ្នា។ ពេល​នៅ​ជុំគ្នា ពួកវា​ទំនងជា​បង្កើតជា​សំឡេង​ពិសេស​សម្រាប់​ក្រុម​របស់ខ្លួន។

    ក្រុម​ផ្សោត​ឈ្មោល​ទាំងនេះ​កំពុង​ដេញតាម Amanda ជា​ផ្សោត​ញី​ដែល​អ្នកស្រី Denise ស្គាល់​ច្បាប់។ ពួកវា​កំពុង​ទាក់ទាញ Amanda ដោយ​សកម្មភាព​ស្របគ្នា។ Amanda ហាក់​មិនមាន​សុភមង្គល​ប៉ុន្មាន​នៅ​ចំពោះមុខ​ការយកចិត្តទុកដាក់​បែបនេះ ហើយ​វា​ក៏បាន​ព្យាយាម​ដេញ​ក្រុម​ផ្សោត​ឈ្មោល​ដោយ​ប្រើ​សំឡេង​ដូច​ទៅនឹង​គេ​សង្កៀត​ធ្មេញ និង​បក់កន្ទុយ​ដាក់។

    យ៉ាងនេះ​ក៏ដោយ ក្រុម​ផ្សោត​ឈ្មោល​នេះ​នៅតែ​បន្ត «ខ្សឹបខ្សៀវ» គ្នា ដើម្បី​បានដឹង​អំពី​ស្ថានភាព​របស់ Amanda។ ប៉ុន្តែ ពេលនេះ​ពួកវា​មាន​សត្រូវ​ស្នេហា​មក​ប្រកួតប្រជែង។ នោះ​គឺជា​ក្រុម​ផ្សោត​ឈ្មោល​ដែលមាន​វ័យ​ចំណាស់​ជាង។

    សង្គ្រាម​ដណ្ដើម​មិត្តស្រី​ក៏បាន​ចាប់ផ្ដើម។ នៅ​បាតសមុទ្រ ផ្សោត ២ ក្រុម កំពុង​ប្រឈមមុខ​ដាក់គ្នា។

    ដោយសារ​មិនត្រូវ​បាន​ក្រុម​សត្វ​ផ្សោត​ចាប់អារម្មណ៍ អ្នក​ថត​វីដេអូ Didier ក៏មាន​ឱកាស​ដ៏​កម្រ ដើម្បី​ថត​យក​សកម្មភាព​នៃ «សង្គ្រាមពាក្យសម្ដី» ដ៏​ខ្លាំងក្លា​របស់​ពួកវា។

    ភាគី​ទាំងសងខាង​សុទ្ធតែ​ប្រឹងប្រែង «ដំឡើង​ខ្លួន» និង​ប្រើប្រាស់​ធ្មេញ​សង្កៀត​គ្នា​ដើម្បី​ឱ្យឃើញថា ពួកវា​ធំ​ជាង និង​រឹងមាំ​ជាង។ នោះ​គឺជា​ការ​គំរាម​ដែល​មិន​ប្រើប្រាស់​អំពើហិង្សា ប៉ុន្តែ​គឺជា​ការយោងទៅលើ​កម្រិត​នៃ​ទំនាក់ទំនង​ជាន់ខ្ពស់។

    មិនយូរប៉ុន្មាន ក្រុម​ផ្សោត​វ័យ​ចំណាស់ ក៏បាន​ដេញ​ក្រុម​ផ្សោត​វ័យក្មេង​បានសម្រេច។ សង្គ្រាម​រវាង​ផ្សោត​ឈ្មោល ២ ក្រុម ក៏ត្រូវ​បានបញ្ចប់៕

  • (វីដេអូ)-គម្រោង​​ផលិត​​អគ្គិសនី​​ដើរ​​ដោយ​​ថាមពល​ព្រះ​អាទិត្យ​ និង​​ជំនោរ​-​លំនាច​​ទឹក​សមុទ្រ ​ដំបូង​​គេ​​បង្អស់​​​នៅ ​ប្រទេស​​ចិន

    (វីដេអូ)-គម្រោង​​ផលិត​​អគ្គិសនី​​ដើរ​​ដោយ​​ថាមពល​ព្រះ​អាទិត្យ​ និង​​ជំនោរ​-​លំនាច​​ទឹក​សមុទ្រ ​ដំបូង​​គេ​​បង្អស់​​​នៅ ​ប្រទេស​​ចិន

    ប្រទេស​ចិន កំពុង​ដំឡើង​ផ្ទាំង​សូ​ឡា​នៅលើ​កសិដ្ឋាន​ផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ-លំនាច​ទឹកសមុទ្រ ធំ​បំផុត​របស់​ប្រទេស​នេះ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត​អគ្គិសនី។

    នេះ​គឺជា​គម្រោង​ផលិត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ និង​ជំនោរ-លំនាច​ទឹកសមុទ្រ​ដំបូង​គេ​បង្អស់​នៅ ប្រទេស​ចិន។ តាម​ផែនការ កសិដ្ឋាន​ផលិត​អគ្គិសនី​នេះ នឹង​បើក​ដំណើរការ​ចាប់ពី​ខែឧសភា ឆ្នាំ ២០២២។ គម្រោង​នេះ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Wenling នៃ​ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន​។

    គម្រោង​នេះ ដំបូង​ឡើយ​ត្រូវបាន​ស្ថាបនា​ជា​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ​ទឹក-លំនាច​នៃ​ទឹកសមុទ្រ​ធំ​បំផុត​របស់ ប្រទេស​ចិន ប៉ុន្តែ ក្រោយមក ផ្ទាំង​សូ​ឡា​នានា​ដែលមាន​ទំហំ​សរុប​ជាង ១៣៣ ហិកតា ក៏ត្រូវ​បាន​ដំឡើង​បន្ថែម​ពីលើ ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការផលិត​អគ្គិសនី។

    ប្រព័ន្ធ​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ-លំនាច​ទឹកសមុទ្រ និង​ប្រព័ន្ធ​ស្រូប​កម្ដៅ​ព្រះអាទិត្យ​នឹង​ផលិត​អគ្គិសនី​ស្អាត​បាន​ជាង ១០០ លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង​ការប្រើប្រាស់​ធ្យូងថ្ម​ជាង ៣១,០០០ តោន នៅក្នុង​វិស័យ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្ដៅ​ធ្យូងថ្ម ដូច្នេះ វា​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ប្រហែល​ជាង ៨៤,០០០ តោន ជា​រៀងរាល់ឆ្នាំ។

  • ទម្រ​សម្រាប់​បាញ់​​បង្ហោះ​​រ៉ុក្កែត​​ខ្នាត​​យក្ស​​ឡើង​​ទៅ​​​កាន់​​ឋាន​​ព្រះ​ចន្ទ​​ របស់ ​ណា​សា​ ត្រូវ​​រន្ទះ​បាញ់​​ចំ​​ច្រើន​​គ្រាប់

    ទម្រ​សម្រាប់​បាញ់​​បង្ហោះ​​រ៉ុក្កែត​​ខ្នាត​​យក្ស​​ឡើង​​ទៅ​​​កាន់​​ឋាន​​ព្រះ​ចន្ទ​​ របស់ ​ណា​សា​ ត្រូវ​​រន្ទះ​បាញ់​​ចំ​​ច្រើន​​គ្រាប់

    (សហរដ្ឋ​អាម៉េរិក)-ទម្រ ៣៩B នៅ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida ត្រូវ​រន្ទះបាញ់​ចំ​ជាច្រើនលើក​ក្នុង​ថ្ងៃទី ២ មេសា ប៉ុន្តែ មហា​រុ​ក្កែ​ត SLS កម្ពស់​ជាង ១០០ ម៉ែត្រ នៅតែ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ។

    រន្ទះបាញ់​ចំនួន ៤ «គ្រាប់» បាន​បាញ់​ត្រង់​តំបន់​ជុំវិញ​ទម្រ Pad ៣៩B ជា​កន្លែង​ដែល​ប្រព័ន្ធ​រ៉ុក្កែត SLS របស់ ណា​សា នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​បញ្ចូល​ឥន្ធនៈ​សម្រាប់​បេសកកម្ម Artemis ហោះ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​នៅ​ចុងឆ្នាំ​នេះ។ រ៉ុក្កែត​ត្រូវបាន​ការពារ​ផលប៉ះពាល់​ពីរ​ន្ទះ ដោយ​អង់​តែ​ន​ចំនួន ៣ និង​ប្រព័ន្ធ​ខ្សែ​នាំ​រន្ទះ​ចុះដី​ដែល​នៅ​ជុំវិញ។

    យោងតាម ណា​សា រន្ទះ ៣ គ្រាប់​ដំបូង​មាន​ថាមពល​ខ្សោយ ប៉ុន្តែ គ្រាប់​ទី ៤ ដែល​បាញ់​ចំ​អង់​តែ​នទី​មួយ​ក្នុង​ប្រព័ន្ធ​ការពារ មាន​ថាមពល​ខ្លាំងជាងគេ នេះ​បើតាម Jeremy Parsons អនុប្រធាន​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​លើដី​របស់ ណា​សា។ លោក Parsons និយាយថា ប្រព័ន្ធ​ការពារ​រន្ទះ​ដំណើរ​ការល្អ ជួយ​ការពារ​រ៉ុក្កែត SLS និង​យាន Orion ប្រកបដោយ​សុវត្ថិភាព។

    ណា​សា បាន​បន្ថែម​គុណភាព​នៃ​ប្រព័ន្ធ​ទប់ទល់​រន្ទះ​សម្រាប់​ទម្រ ៣៩B ដើម្បី​ការពារ​ប្រព័ន្ធ​ផ្នែក​រឹង​របស់​រ៉ុក្កែត។ នៅលើ​កំពូល​របស់​អង់​តែ​ននីមួយៗ មាន​បង្គោល​ស្រូបយក​រន្ទះ ធ្វើ​អំពី​សរសៃ​កញ្ចក់ និង​ខ្សែ​នាំ​រន្ទះ​ចុះដី។ ប្រព័ន្ធ​ថ្មី​នេះ​ក៏​បំពាក់​អង្គ​ញាណ​ជាច្រើន ដែល​ជួយ​ឱ្យគេ​ដឹង​អំពី​ស្ថានភាព​របស់​រ៉ុក្កែត បន្ទាប់ពី​ត្រូវ​រន្ទះបាញ់​ចំ​ក្បែរ​នោះ។

    Artemis ១ គឺជា​បេសកកម្ម​ដំបូង​របស់ SLS ក្នុង​កម្មវិធី Artemis ដើម្បី​នាំ​អ្នក​អវកាស​របស់ ណា​សា ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០៥។ Artemis ១ គឺជា​ជើងហោះហើរ​គ្មាន​មនុស្ស​បើក ដែល​នឹង​ហោះ​ជុំវិញ​ព្រះ​ចន្ទ​ដើម្បី​សាកល្បង​ដំណើរការ​រ៉ុក្កែត SLS និង​យានអវកាស Orion។ ប្រព័ន្ធ​យាន និង​រ៉ុក្កែត​នេះ នឹង​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ជាច្រើន រួមទាំង​មនុស្ស​សិប្បនិម្មិត​មួយ​ដែលមាន​បំពាក់​អង្គ​ញាណ​ផងដែរ៕

  • តម្លៃ​មាស​ត្រូវបាន​ព្យាករ​ថា អាច​ឡើងដល់ ២,០០០ ដុល្លារ ក្នុង​ត្រីមាស​ទី​ពីរ

    តម្លៃ​មាស​ត្រូវបាន​ព្យាករ​ថា អាច​ឡើងដល់ ២,០០០ ដុល្លារ ក្នុង​ត្រីមាស​ទី​ពីរ

    ការព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​អាម៉េរិក មាន​សញ្ញា​នៃ​វិបត្តិ និង​ការដែល​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅ​បន្ត​ឡើងក​ម្ដៅ អាចធ្វើឱ្យ​តម្លៃ​មាស​ឡើងដល់ ២,០០០ ដុល្លារ​អាម៉េរិក ក្នុង ១ អោន នៅក្នុង​ត្រីមាស​ទី​ពីរ នេះ​បើតាម​អ្នកជំនាញការ។

    ក្នុង​ត្រីមាស​ដំបូង តម្លៃ​មាស​កើន​ជាង ៦% និង​ខ្ពស់បំផុត​រាប់​ចាប់ពី​ត្រីមាស​ទី​បី ឆ្នាំ ២០២។ Frank Cholly អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់ RJO Futures ឱ្យដឹងថា សេណារីយោ​វិជ្ជមាន​ប្រហាក់ប្រហែល​នេះ នឹង​កើតឡើង​ក្នុង​ត្រីមាស​ទី​ពីរ ជាមួយនឹង​គោលដៅ ២,០០០ ដុល្លារ​អាម៉េរិក ក្នុង ១ អោន (១ អោន-ounce ជិត​ស្មើនឹង ៨.៣ ជី)។

    លោក Frank Cholly ព្យាករ​ថា បើសិន​តម្លៃ​មាស​លោត​ឡើង​ផុត​រង្វង់ ១,៩៥០-១,៩៧៥ ដុល្លារ/អោន នោះ​គោលដៅ ២,០០០ ដុល្លារ/អោន នឹង​ទៅដល់​ក្នុងពេលឆាប់។

    បន្ទាប់ពី​ដំណាក់កាល​កើនឡើង​យ៉ាង​ល្អ​នៅ​ដើមឆ្នាំ តម្លៃ​មាស​ចាប់ផ្ដើម​ត្រីមាស​ថ្មី​ដោយ​ការធ្លាក់ចុះ ៣០ ដុល្លារ ក្នុង​ថ្ងៃ​ដំបូង​នៃ​ខែមេសា មក​នៅត្រឹម ១,៩២៥.៥ ដុល្លារ/អោន។ ប៉ុន្តែ ក្រុមអ្នកវិភាគ​ដែល​កំពុង​តាមដាន​លើ​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់​រតនាគារ​ជាតិ​អាម៉េរិក យល់ថា តម្លៃ​មាស​នៅសល់​ចំណុច​ច្រើន​ទៀត​ដែល​អាច​លោត​ឡើង។

    សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​ព្យាករ​ថា នឹង​បន្ត​បង្ក​ផលប៉ះពាល់​ដល់​តម្លៃ​មាស។ អ្នកជំនាញ​ប្រចាំ TD Securities ឱ្យដឹងថា «ជម្រក​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នកវិនិយោគ​គឺ​មាស។ ឱ្យតែ​កិច្ចចរចា​ឈប់​បាញ់ និង​ការបន្ថយ​ភាព​តានតឹង​នៅតែ​ពិបាក​ចាប់យក ក្រុម​អ្នកវិនិយោគ​ក៏​នឹង​នៅតែ​ស្វែងរក​មាស ដើម្បី​ជា​ជម្រក​សុវត្ថិភាព»។

    ទោះជា​យ៉ាងណាក៏ដោយ Michael Boutros ដែលជា​អ្នក​យុទ្ធសាស្ត្រ​របស់ DailyFX សង្កត់ធ្ងន់ថា កត្តា​បច្ចេកទេស​បង្ហាញថា មាស​នៅតែ​មិនទាន់​ដល់ពេល​ផ្ទុះ​ខ្លាំង។ អនាគត មាស​អាច​ត្រូវបាន​លក់​ចេញ​ក្នុង​ទ្រង់ទ្រាយ​ធំ ពិសេស​គឺ​នៅពេលដែល​តម្លៃ​រង្វង់​ពី ១,៨២៨-១,៨៤៩ ដុល្លារ/អោន មិនត្រូវ​បាន​រក្សា «ខ្ជាប់ខ្ជួន»។ លោក Boutros យល់ថា តម្លៃ​របស់​មាស​នឹងត្រូវ​បានធ្វើ​ឱ្យមាន​តុល្យភាព​ដោយ​ល្បឿន​នៃ​កំណើន​ការប្រាក់​របស់ FED ហើយ​តម្លៃ​ពិបាក​នឹង​ចុះ​ទាប​ក្រោម​រង្វង់​ដែល​បាន​និយាយ​ខាងដើម៕

  • រកបាន​ប្រាក់​ច្រើន​តាំងពី​ដើមឆ្នាំ មហាសេដ្ឋី​ឥណ្ឌា រូបនេះ មាន​វត្តមាន​ក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    រកបាន​ប្រាក់​ច្រើន​តាំងពី​ដើមឆ្នាំ មហាសេដ្ឋី​ឥណ្ឌា រូបនេះ មាន​វត្តមាន​ក្នុង​ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក

    មហាសេដ្ឋី Gautam Adani គឺជា​សមាជិក​ទី ១០ របស់ ក្លឹប​អ្នកមាន​ទ្រព្យ​ចាប់ពី ១០០ ពាន់​លាន​ដុល្លារ (The 100 Billion Dollar Club) នាបច្ចុប្បន្ន។

    ក្លឹប​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​មាន​លេខ​ចំនួន ១២ ខ្ទង់ ទើបតែ​បានទទួល​សមាជិក​ថ្មី នោះ​គឺ​មហាសេដ្ឋី​ឥណ្ឌា Gautam Adani។ យោងតាម Bloomberg Billionaire Index ម្ចាស់ Adani Group ដែលជា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​កំពង់ផែ​សមុទ្រ រុករក​រ៉ែ និង​ថាមពលបៃតង បច្ចុប្បន្ន​មានទ្រព្យ​ដែលមាន​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    លោក Adani ក៏​ជា​មហាសេដ្ឋី​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ចាប់ពី​ដើមឆ្នាំ​មកនេះ ដោយ​រកបាន ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈពេល ១ ឆ្នាំ ២០២១ លោក​រកបាន​សរុប​ជិត ៤៣ ពាន់​លាន​ដុល្លារ។ លោក Adani បាន​យកឈ្នះ​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani និង​ក្លាយជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង ទ្វីបអាស៊ី ព្រមទាំង​ឈរ​លំដាប់​ទី ១០ ក្នុង​ពិភពលោក។ លោក Ambani ឈរ​ពីក្រោយ​លោក Adani ដោយមាន​ទ្រព្យ ៩៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    មហា​សេដ្ឋី Adani ចាប់​ដៃ​ជាមួយ​លោក​ Modi ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី​របស់​ ប្រទេស​ឥណ្ឌា​

    លទ្ធផល​ខាង បាន​កើតឡើង​បន្ទាប់ពី ក្រុមហ៊ុន Adani Group បង្វែរ​ទិសដៅ​ទៅរក​វិស័យ​ថាមពលបៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ទាក់ទាញ​បាន​ប្រភព​ទុនវិនិយោគ​ច្រើន​ពី​បរទេស រួមមាន​ពី Total SE របស់ បារាំង និង Warburg Pincus របស់ សហរដ្ឋ​អាម៉េរិក។

    មហាសេដ្ឋី​កើត​ឆ្នាំ ១៩៦២ រូបនេះ ក៏បាន​ពង្រីក​ខ្លួន​ទៅក្នុង​វិស័យ​នានា​ដែល នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​វាយតម្លៃថា មាន​សារសំខាន់​សម្រាប់​ការកសាង​ប្រទេសជាតិ។

    ក្នុង​គ្រា​ដែល​ក្រុម​មហាសេដ្ឋី​មកពី​បណ្ដា​ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់ សហរដ្ឋ​អាម៉េរិក បាន​ស្គាល់​ការធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​របស់ខ្លួន គេ​ឃើញថា មហាសេដ្ឋី ២ រូប របស់ ឥណ្ឌា គឺ​លោក Adani និង Ambani បែរជា​មានទ្រព្យ​កាន់តែច្រើន។ ដូច​ទៅនឹង​មហាសេដ្ឋី Adani ម្ចាស់​ក្រុមហ៊ុន Reliance Industries លោក Ambani ក៏​កំពុងតែ​ពង្រីក​វត្តមាន​ទៅក្នុង​វិស័យ​ថ្មី មានដូចជា ពាណិជ្ជកម្ម​បែប​ឌីជីថល និង​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទាញ​បាន​អ្នកវិនិយោគធំៗមួយចំនួន ក្នុងនោះ​មាន​ទាំង Facebook និង Google ផងដែរ៕

  • (វីដេអូ)-នាវា​ទេសចរណ៍​​ដើរ​​ដោយ​​ថាមពល​​អគ្គិសនី​​ធំ​បំផុត​​ក្នុង​​ពិភព​លោក​​ ដំណើរ​​ការ​​លើក​​ដំបូង​

    (វីដេអូ)-នាវា​ទេសចរណ៍​​ដើរ​​ដោយ​​ថាមពល​​អគ្គិសនី​​ធំ​បំផុត​​ក្នុង​​ពិភព​លោក​​ ដំណើរ​​ការ​​លើក​​ដំបូង​

    ប្រទេស​ចិន កាលពីថ្ងៃទី ២៩​ មិនា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាវា​ទេសចរណ៍​មួយ​គ្រឿង​ដែល​មាន​ប្រវែង​ ១០០ ម៉ែត្រ និង​មាន​បំពាក់​ថ្ម​ដែល​អាច​ផ្ទុក​ថាមពល​ប្រហាក់​ប្រហែល​នឹងថ្ម​របស់​​រថយន្ត​​អគ្គិសនី​ ១០០ គ្រឿង​។

    នាវាទេសចរណ៍​ដំណើរ​ការ​ដោយ​ថាមពលអគ្គិសនី​ធំជាង​គេ​ក្នុង​ពិភពលោក ដែល​មាន​ឈ្មោះ​ថា «Yangtze River Three Gorges ១» កាលពី​ថ្ងៃអង្គារ​ ត្រូវ​បានដាក់​ឱ្យ​​ដំណើរ​ការ​ជា​លើក​ដំបូង​នៅទីក្រុង​ Yichang, ខេត្ត Hubei ប្រទេស​ចិន​។ នាវា​នេះ​បំពាក់​ថ្ម​ដែល​មាន​កម្លាំង​ ៧,៥០០ គីឡូវ៉ាត់​ម៉ោង​ ស្មើ​នឹង​ថាមពល​ថ្ម​របស់​រថយន្ត​អគ្គិសនី​ចំនួន​ ១០០ គ្រឿង​ បូក​ចូលគ្នា​។

    នាវា​ Yangtze River Three Gorges ១ អាច​ធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាម​ពល​ពេញ ជួយ​សំច័យ​ឥន្ធនៈ​បាន​ ៥៣០ តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុល​បាន​ ១,៦៦០ តោន​ ដែល​អាច​រួម​ចំណែក​ក្នុង​គោល​ដៅ​បន្សុទ្ធ​ឧស្ម័ន​កាបូន​​ក្នុង​បរិយា​កាស​របស់​ អាជ្ញាធរ​ចិន នៅ​ឆ្នាំ​ ២០៦០​។

    នាវា​ទេស​ចរណ៍​នេះ​មាន​បណ្ដោយ​ប្រវែង​ ១០០ ម៉ែត្រ និង​ទទឹង​ ១៦.២​ ម៉ែត្រ​ អាច​ដឹក​ភ្ញៀវ​​បាន​ ១,៣០០ នាក់​ ទៅ​ទេសចរណ៍​​តាម​បណ្ដោយ​ទន្លេ​ Yangtze (Yangzi ឬ Chang Jiang) ត្រង់​តំបន់​​ដែល​ឆ្លង​កាត់​ទីក្រុង​ Yichang នៅ​ភាគ​ខាង​លិច​នៃ​ខេត្ត Hubei។