Category: សង្គម និងសេដ្ឋកិច្ច

  • លោក​ឧកញ៉ា គីម ហ៊ាង ម្ចាស់ បុរី វិមាន​សំណាង អតីត​​​អ្នករត់​តុ និង​ធ្លាប់ជា​ក្មេង​វត្ត​កម្សត់

    លោក​ឧកញ៉ា គីម ហ៊ាង ម្ចាស់ បុរី វិមាន​សំណាង អតីត​​​អ្នករត់​តុ និង​ធ្លាប់ជា​ក្មេង​វត្ត​កម្សត់

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ដែល​បច្ចុប្បន្ន​ជា​ម្ចាស់ បុរី វិមាន​សំណាង និង​ជា​អ្នកជំនាញ​មួយរូប​ក្នុង​វិស័យ​អចលនទ្រព្យ នា​ថ្ងៃនេះ បាន​រៀបរាប់ទ្រួសៗអំពី​ប្រវត្តិ​របស់លោក ដែល​បញ្ជាក់ថា លោក​គឺជា​មនុស្សម្នា​ក់បាន​ឆ្លងកាត់​ការលំបាក​យ៉ាងច្រើន មុននឹង​បាន​រកឃើញ​ជោគជ័យ។

    លើ​ទំព័រ​បណ្ដាញ​សង្គម Facebook គេ​តែងតែ​ឃើញ​លោក ឧកញ៉ា​រូបនេះ និយាយ​អំពី​បទពិសោធន៍ និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ។ នា​ថ្ងៃទី ០៧ មេសា​នេះ ក្នុង​ទំព័រ​បុគ្គល​សាធារណៈ (Public figure) នៃ​បណ្ដាញ​សង្គម​នេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​បង្ហើប​ឱ្យដឹងខ្លះៗអំពី​ប្រវត្តិ​ផ្ទាល់ខ្លួន។

    លោក​បណ្ឌិត​បាន​សរសេរ​ថា៖

    «ក្រោយប្រលងជាប់បាក់ឌុបឆ្នាំ ១៩៩៨ នៅវិទ្យាល័យស្វាយរៀង គឺ គីម ហ៊ាង បានប្រលងចូលរៀនច្បាប់ នៅសាលា RULE ប្រលងចូលរៀនភាសានៅ IFL និងប្រលងចូលរៀន ប្រវត្តិវិទ្យា នៅ RUPP តែបានធ្លាក់ទាំងអស់!»។

    លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់ បុរី វិមានសំណាង

    លោក​បន្ថែម​ថា លោក គីម ហ៊ាង គឺជា​កូនកំព្រា​ម្តាយ មកពី​ព្រំដែន​បាវិត។ លោក​បាន​ជាប់​ការងារ​ជា​អ្នករត់​តុ តាម​ក្លិប​កំសាន្ត និង​ហាង KTV ពី​ម៉ោង ៦ល្ងាច ដល់ ២ ភ្លឺ។ លោក​បញ្ជាក់ថា លោក​ក៏​ជា​ក្មេង​វត្ត​មួយរូប​ដែល​ស្នាក់នៅ​កុដិ​លេខ ១៨ វត្ត​មហាមន្ត្រី ក្នុង រាជធានី​ភ្នំពេញ រយៈពេល ៦ ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០។

    បុរស​វ័យ ៤២ ឆ្នាំ​រូបនេះ បាន​រំលឹក​អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន បន្ទាប់ពី​ព្រះសង្ឃ​ដែល​ធ្លាប់​មានគុណ​លើ​រូបលោក និង​មាន​ទំនាក់​ទំនងជា​គ្រូ និង​សិស្ស​ជាង ២៤ ឆ្នាំ បាន​និមន្ត​មក​គេហដ្ឋាន។

    លោក​បណ្ឌិត គីម ហ៊ាង កាលពីពេលថ្មីៗនេះ ធ្លាប់ធ្វើ​ឱ្យមាន​ការខឹង និង​មតិ​រិះគន់​ពី​សាធារណជន ទាក់ទិន​នឹង​ការបញ្ចេញ​យោបល់​របស់​លោក នៅក្នុង​សិក្ខាសាលា​អចលនទ្រព្យ ឆ្នាំ ២០២២ ស្តីអំពី «អនាគត​នៃ​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ធូរស្រាល» កាលពី​ថ្ងៃ​សៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅ​សណ្ឋាគារ អង្គរ​ផា​រ៉ា​ឌី ក្រុង​សៀមរាប ខេត្តសៀមរាប។

    លោកបណ្ឌិត គីម ហ៊ាង ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខាសាលាអចលនទ្រព្យ ឆ្នាំ ២០២២ ស្តីអំពី «អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល» កាលពីថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២

    ក្នុង​សិក្ខាសាលា​នោះ លោក​បាន​បកស្រាយ​ពី​ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស និង ការគំរាមកំហែង ចំពោះ​ការវិនិយោគ និង​អភិឌ្ឍន៍​វិស័យ​អចលនទ្រព្យ នៅ​ខេត្តសៀមរាប។ ការបកស្រាយ​មួយចំនួន​របស់លោក បាន​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ ធ្វើឱ្យ​មានមតិ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សាធារណជន ពិសេស​គឺ​ក្រុម​អ្នក​អភិរក្សនិយម។ ប៉ុន្តែ ក្រោយមក លោក​ក៏បាន​ធ្វើការ​សុំទោស​ជា​លាយលក្ខណ៍អក្សរ និង​ជា​សាធារណៈ៕

  • (វីដេអូ)-យាន​ហោះហើរ​​ជា​លក្ខណៈ​បុគ្គល​របស់ ក្រុមហ៊ុន​អាម៉េរិក អាច​ផ្ទុក​ទម្ងន់ ៩០ គីឡូក្រាម

    (វីដេអូ)-យាន​ហោះហើរ​​ជា​លក្ខណៈ​បុគ្គល​របស់ ក្រុមហ៊ុន​អាម៉េរិក អាច​ផ្ទុក​ទម្ងន់ ៩០ គីឡូក្រាម

    យាន​ហោះហើរ​របស់​ក្រុមហ៊ុន Ascend Dynamics មាន​បំពាក់​មុខងារ​ជាច្រើន​សម្រាប់​បេសកកម្ម​ជួយសង្គ្រោះ ពន្លត់​អគ្គិភ័យ និង​ការថែទាំ​នៅ​ទី​ខ្ពស់។

    វិស្វករ Daniel Gant ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Ascend Dynamics, LLC នៅ Poplar រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក បាន​ចំណាយពេល ១ ឆ្នាំកន្លះ ដើម្បី​អភិវឌ្ឍ​ឧបករណ៍​ហោះហើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ខាងលើ។ ម៉ូ​ដែល​គំរូ​ដំបូង​មាន​ឈ្មោះថា Skypak V១ ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ពាក់​នៅលើ​ខ្នង ដោយមាន​គ្រោង​ធ្វើ​ពី​អា​លុយ​មី​ញោម​ដែលមាន​ស្លាប​ចំនួន ៣ លយ​ចេញមកក្រៅ។

    នៅ​ខាងចុង​ស្លាបនីមួយៗ មាន​ម៉ាស៊ីន​រុញច្រាន​ចំនួន ២ និង​ស្លាប់ចក្រ​ធ្វើ​ពី​ឈើ។ យាន​នេះ​មាន​ម៉ូ​ទ័​រ​អគ្គិសនី ៧ គីឡូវ៉ាត់ ចំនួន ១២ គ្រឿង ដែល​ផ្ដល់​កម្លាំង ១១២ សេះ សម្រាប់​គ្រោងឆ្អឹង​ដែលមាន​ទម្ងន់ ៣៦ គីឡូក្រាម។

    យោងតាម Gant ជាមួយនឹង​ថ្ម lithium – polymer ៥០ Vm ១.៨២ គីឡូវ៉ាត់ម៉ោង ដូច​បច្ចុប្បន្ន យាន​នេះ​អាច​ហោះហើរ​ក្នុង​រយៈពេល ២ នាទី។ Gant កំពុងមាន​ផែនការ​ស្វែងរក​ទុន​បន្ថែម ដើម្បី​អភិវឌ្ឍ​កំណែ​ទី​ពីរ ដើម្បី​ធ្វើការ​ហោះហើរ​សាកល្បង​ដោយមាន​មនុស្ស​បើកបរ។ កំណែ​ទី​ពីរ​ដែលមាន​ឈ្មោះថា Skypak V២ នាពេលខាងមុខ នឹង​ប្រើប្រាស់​ស្លាបចក្រ​ធំ​ជាង​កំណែ​ទីមួយ និង​ស្ថិតក្នុង​គ្រោង​ការពារ ជួយ​ធានា​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ។ ដូច្នេះ ទម្ងន់​របស់​គ្រោង​យាន​ក៏​កើនឡើង​ដល់ ៤៥ គីឡូក្រាម និង​អាច​ដឹក​អ្នកបើកបរ​ដែលមាន​ទម្ងន់ ៩០ គីឡូក្រាម ហើយ​ហោះហើរ​បាន ២ នាទី។

    បន្ទាប់ពី​កំណែ​ទី​ពីរ​ទទួលបាន​ជោគជ័យ Gant នឹង​នាំ​ផលិតផល​របស់ខ្លួន​ចូលក្នុង​ទីផ្សារ។ គ្រោងឆ្អឹង​ធ្វើ​ពី​អា​លុយ​មី​ញោម នឹងត្រូវ​បាន​ជំនួស​ដោយ​សរសៃ​កាបូន ខណៈដែល​ម៉ូ​ទ័​រ​ត្រូវបាន​បន្ថែម​កម្លាំង ចំណែក​ទម្ងន់​ដែល​វា​អាច​ផ្ទុក​បាន​ក៏​នឹងត្រូវ​បង្កើន​ដល់ ១៣៦ គីឡូក្រាម។

    យោងតាម​ក្រុមហ៊ុន Ascend យាន​ហោះហើរ​របស់​ពួកគេ​មាន​អត្ថប្រយោជន៍​ច្រើន​នៅក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ, អនុវត្ត​ច្បាប់, ពន្លត់​អគ្គិភ័យ សកម្មភាព​យោធា រួម​នឹង​ការត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ខ្ពស់។ល។ យាន​នេះ​អនុញ្ញាតឱ្យ​បើកបរ​ដោយផ្ទាល់ ឬ​ដោយ​ស្វ័យប្រវត្ត។

  • ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    វិបត្តិ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ៧ រូប នៅ អ៊ុយ​ក្រែ​ន ថយចុះ ៩.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​របស់ ទស្សនាវដ្ដី​អាម៉េរិក Forbes។

    តួលេខ​ខាងលើនេះ​ប្រហាក់ប្រហែល​នឹង ៤៥% នៃ​តម្លៃ​ទ្រព្យ​សរុប​នៅមុន​ថ្ងៃទី ២៨ កុម្ភៈ។ Forbes ឱ្យដឹងថា មូ​យ​ក្នុងចំណោម​មូលហេតុ​ដែលនាំឱ្យ​ទ្រព្យ​របស់​ក្រុម​មហាសេដ្ឋី​នៅ អ៊ុយ​ក្រែ​ន មិន​បន្ត​ធ្លាក់ចុះ បើ​ទោះ​សង្គ្រាម​មិនទាន់​បញ្ចប់ គឺ​ដោយសារ​ទ្រព្យ​ភាគច្រើន​ស្ថិតនៅ​បរទេស។

    បច្ចុប្បន្ន អ៊ុយ​ក្រែ​ន មាន​មហាសេដ្ឋី ៧ រូប ដោយមាន​ទ្រព្យ​សរុប ១១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បើ​ធៀប​ទៅនឹង​បញ្ជី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​មីនា ២០២១ ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​បាត់​បង់អស់​ជាង ៧ ពាន់​លាន​ដុល្លារ។ ម្នាក់​ក្នុងចំណោម​បុគ្គល​ល្បីឈ្មោះ​បំផុត​នៅ អ៊ុយ​ក្រែ​ន គឺ Petro Poroshenko ដែល​ធ្លាប់ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០១៩ ក៏បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ Forbes សម្រាប់​ឆ្នាំ ២០២២។

    ទ្រព្យ​សុទ្ធ​របស់លោក Petro Poroshenko បាន​ថយចុះ​ជាង​ពាក់កណ្ដាល ពោលគឺ​ប្រហែល ៧០០ លាន​ដុល្លារ​អាម៉េរិក ដោយសារតែ​តម្លៃ​មូលធន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផលិត​នំ Roshen របស់លោក បាន​បាត់បង់​ប្រហែល ៧៥% និង​ត្រូវ​បិទទ្វារ​រោងចក្រ​ចំនួន ២ នៅ ទីក្រុង​កៀវ និង បូរី​ស្ពី​ល ព្រោះតែ​សង្គ្រាម។

    ខាងក្រោម​នេះ​គឺជា​ក្រុម​មហាសេដ្ឋី របស់ អ៊ុយ​ក្រែ​ន ដែល​ស្ទើរតែ​ទាំងអស់ បាន​បាត់បង់​ប្រាក់​យ៉ាងច្រើន៖

    ១-Rinat Akhmetov
    -ទ្រព្យ​សុទ្ធ៖ ៤.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែក ធ្យូង
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៤.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ២-Victor Pinchuk

    -ទ្រព្យ​សុទ្ធ៖ ១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ បំពង់​ដែកថែប, ពហុ​វិស័យ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៧០០ លាន​ដុល្លារ​អាម៉េរិក

    ៣-Vadim Novinsky

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែកថែប
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -២.២ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ៤-Kostyantin Zhevago

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ រុករក​រ៉ែ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

    ៥-Henadiy Boholyubov

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៩០០ លាន​ដុល្លារ​អាម៉េរិក

    ៦-Vlad Yatsenko

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ Fintech
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ មិនមាន

    ៧-Ihor Kolomoyskyy

    -ទ្រព្យ​សុទ្ធ៖ ១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

  • កម្មករ​រុស្ស៊ី រាប់ពាន់នាក់​នៅ​ទីក្រុង​ផលិត​រថយន្ត ត្រូវ​បាត់បង់​ការងារ ​ក៏​ព្រោះតែ​ទណ្ឌកម្ម​ពី​បស្ចិម​លោក ​ទាក់​ទង​​នឹង​​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    កម្មករ​រុស្ស៊ី រាប់ពាន់នាក់​នៅ​ទីក្រុង​ផលិត​រថយន្ត ត្រូវ​បាត់បង់​ការងារ ​ក៏​ព្រោះតែ​ទណ្ឌកម្ម​ពី​បស្ចិម​លោក ​ទាក់​ទង​​នឹង​​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

    នៅពេល​ទណ្ឌកម្ម​នានារ​បស់​លោកខាងលិច ត្រូវបាន​ដាក់​ទៅលើ​ទីក្រុង Kaluga របស់ រុស្ស៊ី ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប​រទេស​ដែល​រកស៊ី​នៅទីនេះ កម្មករ​រាប់ពាន់នាក់​ក្នុង​វិស័យ​រថយន្ត ត្រូវ​ឈប់ ឬ​ផ្អាក​ពី​ការងារ​ដោយ​មិន​ទទួលបាន​ប្រាក់ខែ ខណៈដែល​តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់។

    យោងតាម​សារព័ត៌មាន Reuters ក្រុមមន្ត្រី​នៅ​តំបន់ Kaluga (មាន​ចម្ងាយ​ពី ទី​ក្រូ​ង​មូ​ស្គូ ១៩០ គីឡូម៉ែត្រ ទៅ​ទិសនិរតី) ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ ២០០៦ ពួកគេ​ទាក់ទាញ​ការវិនិយោគ​បាន ១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ភាគច្រើន​គឺ​ទុន​ពី​បរទេស។

    ក៏ប៉ុន្តែ ទណ្ឌកម្ម​របស់​បស្ចិម​លោក ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ បានធ្វើឱ្យ​បញ្ហា​ខ្វះ​គ្រឿងបន្លាស់​កាន់តែ​មាន​សភា​ព​ធ្ងន់ធ្ងរ និង​បណ្ដាលឱ្យ​រោងចក្រ​ផលិត​រថយន្តធំៗចំនួន ២ របស់ Volkswagen (អាល្លឺម៉ង់) និង Volvo (ស៊ុយអែត) ត្រូវ​ផ្អាក​ដំណើរការ។

    រោងចក្រ​ផលិត​រថយន្ត​ទី​បី គឺ PSMA Rus ដែលជា​កិច្ចសហការ​រវាង Stellantis និង Mitsubishi និង​មាន​កម្មករ​ប្រមាណ ២,០០០ នាក់ ក៏​អាច​នឹងត្រូវ​ផ្អាក​ដំណើរការ​ក្នុងពេលឆាប់ៗនេះ ព្រោះតែ​កង្វះ​គ្រឿងបន្លាស់។

    Pavel Terpugov ជា​កម្មករ​ម្នា​ក់នៅ​រោងចក្រ PSMA Rus ឱ្យដឹងថា «មិន​ច្បាស់​ថា នឹងមាន​អ្វី​កើតឡើង​បន្តទៀត។ ពួកគេ​មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់​ឱ្យ​ពួកយើង​ដឹង​ទេ»។

    Pavel Terpugov ប្រាប់ថា គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​ទ្វេដង នៅពេល​ទិញ​គ្រឿងទេស បើ​ធៀប​នឹង​មុនពេល​មានទណ្ឌ​កម្ម។ ក្រុមអ្នកវិភាគ​ព្យាករ​ថា អតិផរណា​របស់ រុស្ស៊ី អាច​កើនឡើង ២៤% ក្នុងឆ្នាំនេះ គ្រា​ដែល​សេដ្ឋកិច្ច​អាច​ថយចុះ​ស្មើនឹង​ឆ្នាំ ២០០៩។

    សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប កំពុង​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំងនឹង រុស្ស៊ី បន្ទាប់ពី​មានការ​ចោទប្រកាន់ថា កងទ័ព​រុស្ស៊ី បាន​បាញ់សម្លាប់​ជន​ស៊ី​ល​នៅ អ៊ុយ​ក្រែ​ន។

  • ថ្ងៃនេះ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានចាប់ផ្ដើម​បើកទទួល​ភ្ញៀវ​ហើយ

    ថ្ងៃនេះ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានចាប់ផ្ដើម​បើកទទួល​ភ្ញៀវ​ហើយ

    ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បើកទ្វារ​ទទួលភ្ញៀវ​មក​ទស្សនា​កម្សាន្ត​ក្នុង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១០ ខែមេសា ២០២២។

    នៅក្នុង​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ មានការ​តាំងពិព័រណ៍​ផលិតផលផ្សេងៗយ៉ាង​សម្បូរបែប ក្នុងនោះ​មាន​ទាំង​ផលិតផល​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ផងដែរ។ ជាង​នេះ ពិព័រណ៍​នេះ​ក៏មាន​កម្មវិធី​សិល្បៈ​ជាច្រើន​ទម្រង់ ព្រមទាំង​មានការ​ប្រឡង​បវរកញ្ញា​មជ្ឈិមសម័យ។ល។ ព្រឹត្តិការណ៍​នេះ គឺ​ជាង​ការរៀបចំ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ។

    ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ដៃគូ KHBN សហការ​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រសួងទេសចរណ៍ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នានា។

  • មហាសេដ្ឋី Elon Musk ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់បណ្ដាញ​សង្គម​ Twitter

    មហាសេដ្ឋី Elon Musk ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់បណ្ដាញ​សង្គម​ Twitter

    មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ត្រូវបានតែងតាំង​ទៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម Twitter ប៉ុន្តែ លោក​នៅតែ​ត្រូវបាន​ប្រព្រឹត្ត​ស្មើភាព​គ្នា​ដូច​ទៅនឹង​គណនី Twitter ដទៃទៀត។

    ការតែងតាំង​លោក Elon Musk ទើបត្រូវ​បាន Twitter បញ្ជូន​ឯកសារ​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ និង​ជួញដូរ​អាម៉េរិក (SEC)។ ឯក​សារបាន​បង្ហាញថា មហាសេដ្ឋី​រូបនេះ​នឹង​កាន់តំណែង​ជា​ប្រធាន​ទី​ពីរ ដែល​ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។ មុន​នោះ​មួយថ្ងៃ CEO របស់ Tesla ក៏បាន​ប្រកាសថា បាន​ទិញ​ភាគហ៊ុន Twitter ចំនួន ៩.២% និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​បង្អស់​របស់​ក្រុមហ៊ុន​នេះ។

    ការដែល​លោក Musk ចូលរួម​ក្នុងគណៈ​គ្រប់គ្រង ត្រូវបាន​គេ​យល់ថា នឹង​នាំមក​នូវ​ការប្ដូរ​ផ្លាស់​សម្រាប់​បណ្ដា​ញ​សង្គម Twitter។ នៅក្នុង​សេចក្ដីប្រកាស​លើ​ទំព័រ​ផ្ទាល់ខ្លួន CEO របស់ Twitter លោក Parag Agrawal បាន​ហៅ​លោក Musk ថា​ជា «អ្នកគាំទ្រ​ដ៏​ស្វិតស្វាញ និង​ជា​អ្នក​រិះគន់​ខ្លាំងក្លា​បំផុត​អំពី​សេវាកម្ម» របស់ Twitter។ លោក Parag Agrawal វាយតម្លៃថា ការចូលរួម​របស់​ម​ហា​សេដ្ឋី​រូបនេះ «នឹង​នាំមក​នូវ​គុណ​តម្លៃ​ធំធេង​សម្រាប់​ក្រុមប្រឹក្សាភិបាល» និង​ជួយ​ឱ្យ​ពួកគេ​មាន​ឥទ្ធិពល​ជាង​មុន​នៅក្នុង​គម្រោង​យូរអង្វែង។

    លោក Musk ក៏បាន​ឆ្លើយតប​នឹង​សារ​ខាងលើ​របស់ លោក Parag Agrawal ដោយ​សន្យាថា «នឹង​នាំមក​នូវ​ការកែលម្អ​ច្រើន​សម្រាប់ Twitter នា​ប៉ុន្មាន​ខែ​ខាងមុខ»។

    ប៉ុន្តែ យោងតាម​តំណាង​របស់ Twitter លោក Elon Musk នឹង​នៅតែ​ត្រូវបាន​កំណត់​សិទ្ធិ​សម្រេច​នៅក្នុង​ក្រុមហ៊ុន។ «ការសម្រេចចិត្ត​នានា​លើ​គោលការណ៍​របស់​យើង មិនត្រូវ​បានកំណត់​ដោយ​ក្រុមប្រឹក្សាភិបាល ឬ​ភាគ​ហ៊ុ​និក​ឡើយ» Adrian Zamora អ្នកនាំពាក្យ​របស់ Twitter បានឱ្យដឹង​ដូច្នេះ។

    Adrian Zamora បន្ថែមថា ក្រុមប្រឹក្សាភិបាល​មាន​តួនាទី​ក្នុងការ​ផ្ដល់យោបល់ និង​លើកឡើង​នូវ​ការឆ្លើយតបសំខាន់ៗទាក់ទង​នឹង​សេវាកម្ម​របស់​បណ្ដាញ​សង្គម ខណៈដែល​ដំណើរការ និង​ការសម្រេច​ប្រចាំថ្ងៃ​នឹងត្រូវ​បាន​អនុវត្ត​ដោយ​អ្នកគ្រប់គ្រង និង​បុគ្គលិក​នៅ Twitter។ ក្រៅពីនេះ លោក Musk ក៏​នឹងត្រូវ​បានកំណត់​មិនឱ្យ​កាន់កាប់​ភាគហ៊ុន​លើសពី ១៤.៩%។

  • អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ រកបាន​ប្រាក់​រាប់រយ​លាន​ដុល្លារ ក្រោយ​ចាក​ចេញពី សេត​វិមាន

    អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ រកបាន​ប្រាក់​រាប់រយ​លាន​ដុល្លារ ក្រោយ​ចាក​ចេញពី សេត​វិមាន

    អតីត​ប្រធានាធិបតី​របស់ សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បច្ចុប្បន្ន​មានមុខ​ជំនួញ​ថ្មី​មួយទៀត នោះ​គឺ​ជំនួញ​ផ្នែក​បច្ចេកវិទ្យា ហើយ​នេះ​ប្រហែលជា​រឿង​ចម្លែក​សម្រាប់​មហាសេដ្ឋី​វ័យ ៧៥ ឆ្នាំ ជា​មនុស្ស​ដែល​ធ្លាប់​មិន​ប្រើប្រាស់​សូម្បីតែ​អ៊ីម៉េល ព្រោះ​ចូលចិត្ត​សរសេរ​ដោយ​ប្រើ​ប៊ិក និង​ក្រដាស។

    លោក ត្រាំ ជា​មនុស្ស​ដែល​មិន​ខ្លាច​នឹងចូលរួម​ក្នុង​គម្រោង​ដែល​គាត់​មានបទពិសោធន៍​តិចតួច​នាពេល​កន្លង ហើយ​ប្រការនេះ​ទំនងជា​បាន​នាំឱ្យ​លោក​រកប្រាក់​បាន​ច្រើនជាង​កាលពីពេល​នៅឯ សេត​វិមាន។

    យោងតាម​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក ឆ្នាំ ២០២២ ដែល​ទើប​ត្រូវបាន​ទស្សនាវដ្ដី Forbes ប្រកាស​នាពេលថ្មីៗនេះ លោក ដូ​ណា​ល់ ត្រាំ មានទ្រព្យ​ចំនួន ៣ ពាន់​លាន​ដុល្លារ កើនឡើង​បន្តិច ធៀប​នឹង ២.៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២១។ បច្ចុប្បន្ន លោក ត្រាំ ជា​មហាសេដ្ឋី​លំដាប់​ទី ១,០១២ ក្នុង​ពិភពលោក លោត​ឡើង​បាន ២៨៧ ថ្នាក់ ធៀប​នឹង​ឆ្នាំ​កន្លង។

    បន្ទាប់ពី​ត្រូវបាន Twitter ហាម​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ប្រកាស​បង្កើត​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Truth Social តាមរយៈ​ក្រុមហ៊ុន Trump Media and Technology Group។ កាលពី​ខែកុម្ភៈ បណ្ដាញ​សង្គម​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ និង​មាន​អ្នក​ទាញយក​មកប្រើប្រាស់​ចំនួន​ជាង ១ លាន​លើក។ បច្ចុប្បន្ន លោក ត្រាំ មាន​អ្នកតាមដាន​ជាង ៨៣៥,០០០ នាក់ នៅលើ Truth Social ដែល​តួលេខ​នេះ​មិនទាន់​ស្មើនឹង ១% នៃ​ចំនួន​អ្នកតាមដាន​លោក​នៅលើ Twitter កាលពីពេល​កន្លង។

    លោក ត្រាំ ក៏​ទើបតែ​បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social ៖ «ចូរ​ត្រៀមខ្លួន​ឱ្យ​រួចរាល់។ ប្រធានាធិបតី​ដែល​អ្នក​ចូលចិត្ត​នឹង​ជួប​អ្នក​គ្រប់គ្នា​ឡើងវិញ​មិន​ខាន»។ ក៏ប៉ុន្តែ Forbes ឱ្យដឹងថា គ្រាន់តែ Truth Social ប៉ុណ្ណោះ ក៏បាន​ជួយ​ឱ្យ​លោក ត្រាំ រកបាន​ប្រាក់ ៤៣០ លាន​ដុល្លារ​ថែមទៀត​ក្នុង​ឆ្នាំ ២០២១។

    ទន្ទឹមនឹងនេះ គម្រោង​ច្របាច់​បញ្ចូល​គ្នា​រវាង Trump Media និង SPAC (ក្រុមហ៊ុន​ដែល​ត្រូវបាន​ទិញ​ក្នុង​បំណង​ពិសេស» មួយទៀត បាន​ជួយ​ឱ្យ​ភាគហ៊ុន​របស់ SPAC នេះ កើន​ពី ១០ ដុល្លារ ឡើងដល់​ជាង ៥០ ដុល្លារ/ហ៊ុន។ យោងតាម​ឯកសារ​សាធារណៈ Forbes យល់ថា បច្ចុប្បន្ន លោក ត្រាំ កាន់កាប់​ភាគហ៊ុន​យ៉ាងតិច ៥០% នៅក្នុង​ក្រុមហ៊ុន​ខាងលើ។

    គណៈកម្មការ​មូល​ប​ត្រ និង​ជួញដូរ​អាម៉េរិក រួម​នឹង​អាជ្ញាធរ​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ (FINRA) សុទ្ធតែ​កំពុង​ពិនិត្យមើល​សំណើរ​នៃ​ការច្របាច់បញ្ចូលគ្នា​នេះ៕

  • ក្រុម​មហា​សេដ្ឋិនី ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២

    ក្រុម​មហា​សេដ្ឋិនី ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២

    ភាគ​ច្រើន​នៃ​ក្រុម​មហា​សេដ្ឋិនី​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្ដី Forbes នា​ឆ្នាំ ២០២២ ​នេះ​ គឺ​ជា​អ្នក​ស្នង​មរតក​ ក្នុង​នោះ Bettencourt Meyers របស់​ក្រុម​ហ៊ុន​ L’Oreal នាំ​មុខ​គេ​។

    ​ ១-Francoise Bettencourt Meyers

    -ទ្រព្យ​សម្បត្តិ​៖ ៧៤.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ L’Oreal
    -សញ្ជាតិ​៖ បារាំង

    ២​ -Alice Walton

    -ទ្រព្យ​សម្បត្តិ​៖ ៦៥.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ Walmart
    -សញ្ជាតិ​៖ អាម៉េរិក

    ៣​ – Julia Koch

    -ទ្រព្យ​សម្បត្តិ​៖ ៧៤.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ Koch Industries
    -សញ្ជាតិ​៖ អាម៉េរិក

    ៤​ – MacKenzie Scott

    -ទ្រព្យ​សម្បត្តិ​៖ ៤៣.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ Amazon
    -សញ្ជាតិ​៖ អាម៉េរិក

    ៥​ – Jacqueline Mars

    -ទ្រព្យ​សម្បត្តិ​៖ ៣១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ ស្ករគ្រាប់ និង​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម​
    -សញ្ជាតិ​៖ អាម៉េរិក

    ៦​ -Gina Rinehart

    -ទ្រព្យ​សម្បត្តិ​៖ ៣០.២ ពាន់​លាន​ដុល្លារ​អាម៉េរិក​
    -ប្រភព​ចំណូល​៖ រុករករ៉ែ
    -សញ្ជាតិ​៖ អូស្ត្រាលី

    ៧​ -Miriam Adelson

    -ទ្រព្យ​សម្បត្តិ​៖ ២៧.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ បនល្បែង​
    -សញ្ជាតិ​៖ អាម៉េរិក

    ៨​ -Susanne Klatten

    -ទ្រព្យ​សម្បត្តិ​៖ ២៤.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ BMW និង​ឱសថ
    -សញ្ជាតិ​៖ អាល្លឺម៉ង់

    ៩​ -Iris Fontbona

    -ទ្រព្យ​សម្បត្តិ​៖ ២២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ រុករក​រ៉ែ
    -សញ្ជតិ​៖ ស៊ីលី

    ១០​ -Abigail Johnson

    -ទ្រព្យ​សម្បត្តិ​៖ ២១.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ គ្រប់​គ្រង​ហិរញ្ញវត្ថុ​វិនិយោគ
    -សញ្ជតិ​៖ អាម៉េរិក

  • មហា​សេដ្ឋី​ ១២ រូប​ ដែល​មាន​វ័យ​នៅ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ សម្រាប់​ឆ្នាំ​ ២០២២

    មហា​សេដ្ឋី​ ១២ រូប​ ដែល​មាន​វ័យ​នៅ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ សម្រាប់​ឆ្នាំ​ ២០២២

    ក្រុម​មហាសេដ្ឋី​ដែល​មាន​វ័យ​នៅ​ក្មេង​បំផុតក្នុង​សកល​លោក​នា​​ឆ្នាំ​នេះ​ សុទ្ធ​តែ​មាន​អាយុ​ក្រោម​ ៣០ ឆ្នាំ​ ក្នុង​នោះ​មាន​ពាក់​កណ្ដាល​គឺ​ជា​អ្នក​រកស៊ី​មាន​បាន​ពី​បាត​ដៃ​ទទេ​។ នេះ​បើ​យោថា​តាម​ទស្សនាវដ្ដី Forbes របស់​ សហរដ្ឋអាម៉េរិក​។

    ១-Kevin David Lehmann

    -អាយុ​៖ ១៩ ឆ្នាំ​
    -ទ្រព្យ​៖ ២.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ លក់​ឱសថ​
    -សញ្ជាតិ​៖ អាល្លឺម៉ង់

    ២-Alxandra Andresen

    Alexandra Andresen (ឆ្វេង)

    -អាយុ​៖ ២៥ ឆ្នាំ​
    -ទ្រព្យ​៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ ក្រុម​ហ៊ុន​វិនិយោគ​
    -សញ្ជាតិ​៖ ន័រវែស

    ៣-Pedro Franceschi

    Pedro Franceschi (ឆ្វេង) និង Henrique Dubugras

    -អាយុ​៖ ២៥ ឆ្នាំ​
    -ទ្រព្យ​៖ ១.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ Fintech
    -សញ្ជាតិ​៖ ប្រេស៊ីល

    ៤-Wang Zelong

    -អាយុ​៖ ២៥ ឆ្នាំ​
    -ទ្រព្យ​៖ ១.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ ក្រុម​ហ៊ុន​ផលិត​ធាតុ​គីមី
    -សញ្ជាតិ​៖ ចិន

    ៥-Henrique Dubugras

    -អាយុ​៖ ២៦ ឆ្នាំ​
    -ទ្រព្យ​៖ ១.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ Fintech
    -សញ្ជាតិ​៖ ប្រេស៊ីល

    ៦-Katharina Andresen

    -អាយុ​៖ ២៦ ឆ្នាំ​
    -ទ្រព្យ​៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ ក្រុម​ហ៊ុន​វិនិយោគ
    -សញ្ជាតិ​៖ ន័រវែស

    ៧-Austin Russell

    -អាយុ​៖ ២៧ ឆ្នាំ​
    -ទ្រព្យ​៖ ១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ បច្ចេក​វិទ្យា​រថយន្ត​
    -សញ្ជាតិ​៖ អាម៉េរិក

    ៨-Ryan Breslow

    -អាយុ​៖ ២៧ ឆ្នាំ​
    -ទ្រព្យ​៖ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ ពាណិជ្ជកម្ម​អេឡិច​ត្រូនិក
    -សញ្ជាតិ​៖ អាម៉េរិក

    ៩-Gary Wang

    -អាយុ​៖ ២៨ ឆ្នាំ​
    -ទ្រព្យ​៖ ៥.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ រូបិយវត្ថុ​ឌីជីថល
    -សញ្ជាតិ​៖ អាម៉េរិក

    ១០-Gustav Magnar Witzoe

    -អាយុ​៖ ២៨ ឆ្នាំ​
    -ទ្រព្យ​៖ ៤.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ ជលផល
    -សញ្ជាតិ​៖ ន័រវែស

    ១១-Stanley Tang

    -អាយុ​៖ ២៨ ឆ្នាំ
    -ទ្រព្យ​៖ ១.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ សេវា​ប្រគល់​អាហារ
    -សញ្ជាតិ​៖ អាម៉េរិក

    ១២-Andy Fang

    -អាយុ​៖ ២៩ ឆ្នាំ​
    -ទ្រព្យ​៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល​៖ សេវា​ប្រគល់​អាហារ
    -សញ្ជាតិ​៖ អាម៉េរិក

  • ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​រុស្ស៊ី ថយចុះ​មក​នៅ​ទាប​ជាង​ឆ្នាំមុន​យ៉ាង​ឆ្ងាយ

    ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​រុស្ស៊ី ថយចុះ​មក​នៅ​ទាប​ជាង​ឆ្នាំមុន​យ៉ាង​ឆ្ងាយ

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម រួម​នឹង​បញ្ហា​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ បានធ្វើ​ឱ្យទ្រព្យរបស់​ក្រុម​អ្នកមាន​ជាងគេ​នៅ ប្រទេស​រុស្ស៊ី «រលាយ​អស់» ២៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អ្នក​មាននៅ រុស្ស៊ី ចំនួន ៨៣ នាក់ មានឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​ឆ្នាំ ២០២២ របស់​ទស្សនាវដ្ដី Forbes ដែល​តួលេខ​នេះ ថយចុះ​ច្រើន បើ​ធៀប​នឹង ១១៧ នាក់ កាលពី​ឆ្នាំ ២០២១។ ក្រុម​មហាសេដ្ឋី​នៅ រុស្ស៊ី បច្ចុប្បន្ន​មានទ្រព្យ​សរុប ៣២០ ពាន់​លាន​ដុល្លារ​អាម៉េរិក តិចជាង​ឆ្នាំ​កន្លង ២៦៣ ពាន់​លាន​ដុល្លារ។

    គិត​ជា​មធ្យម មហាសេដ្ឋី​ម្នា​ក់នៅ រុស្ស៊ី បាត់បង់​ទ្រព្យ​អស់ ២៧% ស្មើនឹង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក/ម្នាក់។ មហាសេដ្ឋី​ដែល​បាត់បង់​ទ្រព្យ​ច្រើនជាងគេ​រួមមាន Leonid Mikhelson (បាត់បង់ ១០.៩ ពាន់​លាន​ដុល្លារ), Alexey Mordashov (បាត់បង់ ១៥.៩ ពាន់​លាន​ដុល្លារ), Gennady Timchenko (បាត់បង់ ១០.៧ ពាន់​លាន​ដុល្លារ), Vagit Alekperov (បាត់បង់ ១៤.៤ ពាន់​លាន​ដុល្លារ), Suleiman Kerimov (បាត់បង់ ១១.៤ ពាន់​លាន​ដុល្លារ) និង Tatyana Bakalchuk (បាត់បង់ ១០.៩ ពាន់​លាន​ដុល្លារ)។

    លោក Alexey Mordashov (ស្ដាំ) បាត់បង់ ១៥.៩ ពាន់​លាន​ដុល្លារ

    ឆ្នាំនេះ កំពូល​អ្នកមាន​ចំនួន ៣៥ នាក់ របស់ រុស្ស៊ី បាន​ធ្លាក់​ចេញពី​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី ក្នុងនោះ​មាន​ទាំង Ogleg Tinkov  ស្ថាបនិក​របស់​ Tinkoff Bank និង​ Arkady Volzh ដែល​ជា​ CEO របស់ Yandex។

    រុស្ស៊ី មាន​មហា​សេដ្ឋី​ថ្មី​តែ​ ២ រូប​ប៉ុណ្ណោះ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Forbes នា​ឆ្នាំ​ ២០២២​ នេះ​។ នោះ​គឺ​ Denis Sverdlov ដែលជា CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Arrival មាន​ការិយាល័យ​កណ្ដាល​នៅ អង់គ្លេស និង Egor Kulkov សហ​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ​ Pharmstandard នៅ មូ​ស្គូ។