Category: សង្គម និងសេដ្ឋកិច្ច

  • ប្រទេស​ណា​ដែលមាន​មហាសេដ្ឋី​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២​?

    ប្រទេស​ណា​ដែលមាន​មហាសេដ្ឋី​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក នា​ឆ្នាំ​ ២០២២​?

    យោងតាម​ស្ថិតិ​ស្ដីពី​មហាសេដ្ឋី​របស់ ទស្សនាវដ្ដី​អាម៉េរិក Forbes ឆ្នាំនេះ គិត​មកដល់​បច្ចុប្បន្ន​មាន​បុគ្គល​ចំនួន ២៣៦ នាក់ បាន​ក្លាយជា​មហាសេដ្ឋី ខណៈដែល​ចំនួន​មហាសេដ្ឋី​នៅ​ទូទាំង​សកលលោក បាន​ថយចុះ ៨៧ នាក់ ធៀប​នឹង​ឆ្នាំ ២០២១។

    បច្ចុប្បន្ន មាន​មហាសេដ្ឋី​ចំនួន ២,៦៦៨ នាក់ ស្ថិតក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Forbes។ តម្លៃ​ទ្រព្យ​សរុប​របស់​មហាសេដ្ឋី​ទាំងនេះ ត្រូវបាន​គណនា​ឃើញថា មាន​ចំនួន ១២.៧ ទ្រី​លាន (១២.៧ លាន​លាន) ដុល្លារ​អាម៉េរិក ទាប​ជាង ៤ សែន​លាន (៤00,០០០,000,000) ដុល្លារ ធៀប​នឹង​ឆ្នាំ​កន្លង។

    យោងតាម​ទស្សនាវដ្ដី Forbes ដដែល គិត​ចាប់ពី​ដើមឆ្នាំ​មកដល់​ខែមេសា ២០២២ នៅ​ទូទាំង​ពិភពលោក​មាន​មហាសេដ្ឋី​ថ្មី​ចំនួន ២៣៦ នាក់ ដែល​នេះ​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង ៤៩៣ នាក់​កាលពី​ឆ្នាំ ២០២១។ មហាសេដ្ឋី​ថ្មី​ក្នុង​ឆ្នាំ ២០២២ មកពី​ប្រទេស​ចំនួន ៣៤ ក្នុង​សកលលោក។ ក្នុងនោះ ប្រទេស​ចិន ឈរ​លំដាប់​លេខ ១ ដោយមាន​មហាសេដ្ឋី​ថ្មី ៦២ នាក់ ក្នុងពេលដែល សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​លេខ ២ ដោយមាន​មហាសេដ្ឋី​ថ្មី ៥០ នាក់ ខណៈដែល ប្រទេស​ឥណ្ឌា ជាប់​លេខ ៣ ដោយមាន ២៩ នាក់)។

    ឆ្នាំ ២០២២ នេះ ក៏មាន​មហាសេដ្ឋី ១,០០០ នាក់ ដែលមាន​ទ្រព្យ​កើនឡើង​ច្រើនជាង​ឆ្នាំ​កន្លង ក្នុងនោះ សហរដ្ឋ​អាម៉េរិក នៅតែ​ឈរ​លំដាប់​លេខ ១ ដោយមាន​មហាសេដ្ឋី ៧៣៥ នាក់ ជាមួយនឹង​ទ្រព្យ​សរុប ៤.៧ ទ្រី​លាន (៤.៧ លាន​លាន) ដុល្លារ​អាម៉េរិក។ ប្រទេស​ចិន ឈរ​លំដាប់​លេខ ២ ដោយមាន​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​ធៀប​នឹង​ឆ្នាំ​កន្លង​ចំនួន ៦០៧ នាក់ និង​ទ្រព្យ​សរុប ២.៣ ទ្រី​លាន (២.៣ លាន​លាន) ដុល្លារ​អាម៉េរិក។

  • ចង់​មាន​ទ្រព្យ​​សម្បត្តិ​​ច្រើន​​ដូច​​មហា​សេដ្ឋី ​Elon​ Musk​ ពលរដ្ឋ​​ប្រទេស​​ខ្លះ​​ត្រូវ​​ចំណាយ​​ពេល​ធ្វើ​​ការ​រាប់​​សិប​លាន​​ឆ្នាំ​

    ចង់​មាន​ទ្រព្យ​​សម្បត្តិ​​ច្រើន​​ដូច​​មហា​សេដ្ឋី ​Elon​ Musk​ ពលរដ្ឋ​​ប្រទេស​​ខ្លះ​​ត្រូវ​​ចំណាយ​​ពេល​ធ្វើ​​ការ​រាប់​​សិប​លាន​​ឆ្នាំ​

    ដើម្បី​មានទ្រព្យ​សម្បត្តិ​ច្រើន​ដូច​ទៅនឹង​មហាសេដ្ឋី​ពិភពលោក​ទាំងឡាយ​ដូចជា លោក Elon Musk ជាដើម អ្នកធ្វើការ​ស៊ីប្រាក់ខែ​នៅ សហរដ្ឋ​អាម៉េរិក ម្នាក់ ជា​មធ្យម​ត្រូវ​ធ្វើការ​ក្នុង​រយៈពេល​តែ ៣.១ លាន​ឆ្នាំ​ប៉ុណ្ណោះ។ នេះ​គឺជា​រយៈពេល​ខ្លី​បំផុត​បើ​ធៀប​នឹង​នៅ ឥណ្ឌា និង ចិន ជាទី​ដែល​អ្នក​ត្រូវ​ចំណាយពេល​ជាង ១០ លាន​ឆ្នាំ ដើម្បី​មានទ្រព្យ​សម្បត្តិ​ស្មើនឹង​មហាសេដ្ឋី​លំដាប់កំពូលៗនៃ​ពិភពលោក។

    នៅក្នុង​បណ្ដា​ប្រទេស ពលរដ្ឋ​សាមញ្ញ​ម្នាក់​ត្រូវ​ចំណាយពេល​ធ្វើការ​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ ទើប​អាច​ក្លាយជា​មហាសេដ្ឋី​លំដាប់​លេខ ១ របស់​ប្រទេស​ពួកគេ។ ឧទាហរណ៍៖ ពលរដ្ឋ​ម្នា​ក់នៅ សហរដ្ឋ​អាម៉េរិក ដែលមាន​ប្រាក់​បៀ​វត្ត​ជា​មធ្យម​ខ្ទង់ ៦៨,៣៩៣ ដុល្លារ ក្នុង ១ ឆ្នាំ (២០២០) នឹងត្រូវ​ធ្វើការ​ប្រហែល ៣ លាន​ឆ្នាំ ទើប​អាចមាន​ទ្រព្យ​ប្រហាក់ប្រហែល ២១៩ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ទ្រព្យ​បច្ចុប្បន្ន​របស់ Elon Musk ដែលជា​មហាសេដ្ឋី​លេខ ១ របស់ អាម៉េរិក និង​លេខ ១ នៅ​ទូទាំង​សកលលោក។ នេះ​បើតាម​ទិន្នន័យ​របស់ OECD។

    មហា​សេដ្ឋី​អាម៉េរិក លោក​ Elon Musk

    ចំណែក ជនជាតិ​អាល្លឺម៉ង់ វិញ គ្រាន់បើ​ជាង​នេះ​បន្តិច ដោយ​គ្រាន់តែ​ធ្វើការ​ជា​បន្តបន្ទាប់​រយៈ​ពេល​ប្រហែល ៩០០,០០០ ឆ្នាំ គឺអាច​មានទ្រព្យ​ស្មើនឹង​មហាសេដ្ឋី​លេខ ១ Dieter Schwarz របស់​ប្រទេស​នេះ ដែលមាន​ទ្រព្យ ៤៧ ពាន់​លាន​ដុល្លារ​អាម៉េរិក បើសិន​ពួកគេ​មាន​ប្រាក់បៀវត្ស​ជា​មធ្យម ៥៣,៤៧៥ ដុល្លារ/ឆ្នាំ។

    មហា​សេដ្ឋី​ឥណ្ឌា លោក Mukesh Abani (ឆ្វេង) និង​មហាសេដ្ឋី Gautam Shantilal Adani

    ភាពខុសគ្នា​ឆ្ងាយ​ត្រូវបាន​លាតត្រដាង​ដោយ​ទិន្នន័យ​ស្ដីពី ប្រទេស​ចិន និង ឥណ្ឌា។ នៅ ប្រទេស​ឥណ្ឌា ទ្រព្យ​របស់​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani ម្ចាស់​ក្រុមហ៊ុន Reliance Industries មាន​ចំនួន ៩១ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ប្រាក់ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​សាមញ្ញ​នៅ​ប្រទេស​នេះ រកបាន​ត្រឹមតែ ៥,០០០ ដុល្លារ​អាម៉េរិក/ឆ្នាំ។ ដើម្បី​អាចមាន​ទ្រព្យ​ស្មើនឹង​មហាសេដ្ឋី Ambani ពលរដ្ឋ​ឥណ្ឌា​ម្នាក់​នឹងត្រូវ​ធ្វើការ​ជាង ១៧ លាន​ឆ្នាំ​ឯណោះ។

  • តម្លៃ​ប្រេង​នៅ កម្ពុជា សម្រាប់​ពីថ្ងៃ​ទី ១១ ដល់ទី ២០ ខែមេសា ឆ្នាំ២០២២

    តម្លៃ​ប្រេង​នៅ កម្ពុជា សម្រាប់​ពីថ្ងៃ​ទី ១១ ដល់ទី ២០ ខែមេសា ឆ្នាំ២០២២

    នា​ព្រឹក​ថ្ងៃទី ១១ មេសា ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ប្រេងសាំង​នៅ កម្ពុជា។

    សម្រាប់​ពីថ្ងៃ​ទី ១១ មេសា ដល់​ថ្ងៃទី ២០ មេសា ឆ្នាំ ២០២២ បណ្ដា​ស្ថានីយ​ប្រេងសាំង​នៅ កម្ពុជា នឹងត្រូវ​លក់​តាម​តារាង​ខាងក្រោម ដែល​ក្នុងនោះ សាំង​ធម្មតា​នឹងត្រូវ​លក់​ក្នុងតម្លៃ ៥,០៥០ ៛ ក្នុង ១ លីត្រ ថយចុះ ២០០ រៀល បើ​ធៀប​​ទៅ​នឹង​ដំណាក់កាល​មុននេះ ខណៈដែល ម៉ា​ស៊ូ​ត ត្រូវ​លក់​ក្នុងតម្លៃ ៥,១០០ ៛ (ចុះ ២០០៛)។

    តម្លៃ​ប្រេង​ដែល​ត្រូវ​បានកំណត់​ជាថ្មី​នេះ​គឺ​ផ្អែកទៅលើ​តម្លៃ​មធ្យម​នៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ។

  • មាស​នៅក្នុង​សប្ដាហ៍​នេះ​អាច​​នឹង​បន្ត​ឡើងថ្លៃខ្ពស់

    មាស​នៅក្នុង​សប្ដាហ៍​នេះ​អាច​​នឹង​បន្ត​ឡើងថ្លៃខ្ពស់

    ក្រុមអ្នកវិភាគ​នៅ Wall Street និង​ក្រុម​អ្នកវិនិយោគ​តូចតាច​សុទ្ធតែ​ជឿថា តម្លៃ​មាស​នៅតែ​ស្ថិតក្នុង​និន្នាការ​កើនឡើង។

    តម្លៃ​មាស​បាន​កើនឡើង ១% កាលពី​សប្ដាហ៍​កន្លង ដោយ​បញ្ចប់​ការជួញដូរ​ក្នុង​រង្វង់​តម្លៃ ១,៩៤៦.៧ ដុល្លារ/អោន។ Davie Madden អ្នកវិភាគ​ទីផ្សារ​ប្រចាំ Equiti Capital បាន​ព្យាករ​ថា តម្លៃ​មាស​អាច​ឡើងថ្លៃ​ដល់ ១,៩៦០ ដុល្លារ/អោន (១ អោន/ounce ជិត​ស្មើនឹង ៨.៣ ជី) នៅក្នុង​សប្ដាហ៍​នេះ។

    ចំណែក Bart Melek ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​សកល​របស់​ក្រុមហ៊ុន TD Securities បាន​លើកឡើងថា ក្នុង​សប្ដាហ៍​ក្រោយ តម្លៃ​មាស​អាច​ប្រែប្រួល​ចន្លោះ​ពី ១,៩២០ ដល់ ១,9៦៧ ដុល្លារ/អោន។ រីឯ​អ្នកវិភាគ Edward Yoya នៃ​ក្រុមហ៊ុន OANDA យល់ថា មាស​ក្នុង​សប្ដាហ៍​ក្រោយ​អាច​ឡើងថ្លៃ​ខ្ពស់បំផុត​ត្រឹម ១,៩៧០ ដុល្លារ/អោន និង​ទាប​បំផុត​ត្រឹម ១,៩០០ ដុល្លារ/អោន។

    លទ្ធផល​នៃការ​ស្ទង់មតិ​អំពី​តម្លៃ​មាស​ចាប់​ពី​ថ្ងៃទី ១០ ដល់ ១៦ មេសា របស់ Kitco News

    លទ្ធផល​នៃ​ការស្ទង់មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Kitco News ក៏បាន​បង្ហាញថា មានការ​សង្ឃឹម និង​ជឿជាក់ថា តម្លៃ​មាស​នៅតែ​ស្ថិតក្នុង​និន្នាការ​កើនឡើង។ អ្នកវិភាគ​ចំនួន ១០ នាក់ ក្នុងចំណោម ១៦ នាក់ ដែល​បាន​ចូលរួម​ការស្ទង់មតិរ​បស់ Kitco សង្កត់ធ្ងន់ថា មាស​នឹង​ឡើងថ្លៃ​ក្នុង​សប្ដាហ៍​នេះ។ អ្នកវិភាគ​ក្រៅពីនេះ យល់ថា តម្លៃ​មាស​នឹង​នៅ​ដដែល។

    ចំណែក​អ្នកវិនិយោគ​តូចតាច​វិញ ក្នុងចំណោម​អ្នក​ដែល​បាន​ចូលរួម​ការស្ទង់មតិ មាន ៥៧% ព្យាករ​ថា តម្លៃ​មាស​នឹង​កើនឡើង​នៅ​សប្ដាហ៍​ក្រោយ ក្នុងពេលដែល ២៣% យល់ថា ធ្លាក់ចុះ និង ២០% គិតថា នឹង​នៅ​ដូច​បច្ចុប្បន្ន។

  • World Bank ព្យាករ​ថា សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជាប់​ពាក់ព័ន្ធ​​ទៅ​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថយ​ចុះ​​រាប់​សិប​​ភាគ​រយ​ ក្នុង​ឆ្នាំ​នេះ

    World Bank ព្យាករ​ថា សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជាប់​ពាក់ព័ន្ធ​​ទៅ​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថយ​ចុះ​​រាប់​សិប​​ភាគ​រយ​ ក្នុង​ឆ្នាំ​នេះ

    ធនាគារពិភពលោក (World Bank) ព្យាករ​ថា សេដ្ឋកិច្ច​របស់ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ធ្លាក់ចុះ ៤៥.១% ក្នុង​ឆ្នាំ ២០២២ ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង​ប្រទេស​នេះ និង រុស្ស៊ី។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ធនាគារពិភពលោក កាលពី​ថ្ងៃទី ១០ មេសា បានឱ្យដឹងថា សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន អាច​នឹង​ថមថយ ៤៥.១% ក្នុងឆ្នាំនេះ ព្រោះតែ​សង្គ្រាម​បាន​បង្ខំ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ត្រូវ​បិទទ្វារ កាត់បន្ថយ​ការនាំចេញ និង​បំផ្លាញ​សក្ដានុពល​នៃ​ផលិតភាព។ នេះ​គឺជា​ការវាយតម្លៃ​ថ្មី​បំផុត​របស់ ធនាគារពិភពលោក ស្ដីពី​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    World Bank ក៏បាន​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ឆ្នាំ ២០២២ របស់ រុស្ស៊ី នឹង​ថយចុះ ១១.២% ​ដោយ​សារតែ​​ត្រូវ​​រង​ទណ្ឌកម្ម​ពី អាម៉េរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច។

    គំនរបាក់​បែក​ដោយ​សារ​សង្គ្រាម​ នៅ​ អ៊ុយក្រែន

    ចំណែក​តំបន់​អឺរ៉ុប​ខាងកើត រួមមាន អ៊ុយ​ក្រែ​ន, បេឡា​រូស និង ម៉ុ​ល​ដាវី ត្រូវបាន World Bank ព្យាករ​ថា GDP នឹងត្រូវ​ថយចុះ ៣០.៧% ក្នុងឆ្នាំនេះ​ដែរ ព្រោះតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​រអាក់រអួល​នៃ​ពាណិជ្ជកម្ម។

    កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ដើម្បី​ឆ្លើយតប​នឹង​សំណើសុំ​ជំនួយ​របស់​ក្រុម​មេដឹកនាំ​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។ ការធ្វើ​សង្គ្រាម​នេះ ត្រូវបាន ទីក្រុង​មូ​ស្គូ ពន្យល់ថា គឺ​ដើម្បី​ធ្វើឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​ប្រទេស​អព្យាក្រឹត។ ក្រោយពី​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ប្រទេស​រុស្ស៊ី ក៏​ចាប់ផ្ដើម​រង​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ពី​សំណាក់​បណ្ដា​ប្រទេស​លោកខាងលិច។

  • ក្រដាសប្រាក់​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ រៀល ទទួលបាន​ពានរង្វាន់ «ធនបត្រ​ថ្មី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នា​ឆ្នាំ ២០១៩» ពី​ស្ថាប័ន​អន្តរជាតិ

    ក្រដាសប្រាក់​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ រៀល ទទួលបាន​ពានរង្វាន់ «ធនបត្រ​ថ្មី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នា​ឆ្នាំ ២០១៩» ពី​ស្ថាប័ន​អន្តរជាតិ

    យោង​តាមគេហទំព័រ​របស់ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ធនបត្រ (ក្រដាសប្រាក់) អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ (មួយ​ម៉ឺន​ប្រាំ​ពាន់​) រៀល របស់ កម្ពុជា នេះ​ ត្រូវបាន​ស្ថាប័ន​អន្តរជាតិ Reconnaisance ជ្រើសរើស​ជា «ធនបត្រ​ថ្មី​ឆ្នើម ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ ២០១៩ នា​សន្និសីទ​ស្ដីពី​ការបោះ​ពុ​ម្ភ​ធនបត្រ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​នៅ​អាស៊ី (High Security Printing Asia) លើក​ទី ១៨ នៅ​ទីក្រុង Yokohama ប្រទេស​ជប៉ុន។

    ធនបត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥,០០០ រៀល​នេះ ត្រូវបាន ធនាគារជាតិ​នៃ​កម្ពុជា បោះ​ពុ​ម្ភ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់ ១៥ ឆ្នាំ នៃ​ការឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា។

    កត្តា​ដែលបាន​នាំឱ្យ​ក្រដាសប្រាក់​នេះ​ទទួលបាន​ពានរង្វាន់​ខាងលើ​គឺ ដោយសារតែ​បច្ចេកទេស​នៃ​ការផលិត​ក្នុងស្រុក​របស់ ធនាគារជាតិ​នៃ​កម្ពុជា មាន​លក្ខណៈ​ទំនើប​កម្រិត​ខ្ពស់ និង​សុវត្ថិភាព រួម​នឹង​ការបញ្ចូល​សិល្បៈ​នៃ​ការ​រចនា និង​បច្ចេកវិទ្យា ដែល​ឆ្លុះបញ្ចាំង​ពី​បេតិកភណ្ឌ​វប្បធម៌​ក្នុងប្រទេស និង​មាន​បច្ចេកវិទ្យា​ខ្ពស់​ទប់ទល់​នឹង​ការ​ក្លែងបន្លំ។ នេះ​បើតាម​លិខិត​ចុះ​ថ្ងៃទី ០៨ ខែ​មេសា ឆ្នាំ​ ២០២២ របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា គោរព​រាយការណ៍​ជូន ប្រមុខ​រដ្ឋាភិបាល។

    យោងតាម អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពានរង្វាន់​ប្រភេទ​ខាងលើ​នេះ មិន​ត្រូវបាន​ធ្វើជា​រៀងរាល់ឆ្នាំទេ ក៏​ប៉ុន្តែ ធ្វើឡើង​នៅពេល​ដែលមាន​វត្តមាន​ធនបត្រ​ដែលមាន​លក្ខណៈ​សម្បត្តិ​ស័ក្តិសម ប្រកបដោយ​គុណភាព និង​បច្ចេកទេស​តែប៉ុណ្ណោះ។

    Reconnaisance គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៨៨ និង​ត្រូវបាន​ទទួលស្គាល់ថា ជា​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​រូបិយ​បណ្ណ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ឧស្សាហកម្ម​ធនបត្រ​សក​ល និង​ជា​ប្រភព​នៃ​ព័ត៌មាន​អន្តរជាតិ​ឈានមុខ​អំពី​បច្ចេកវិទ្យាថ្មីៗនៃ​ការផលិត​ធនបត្រ និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​ធនបត្រនីមួយ។ល។

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក

    ថ្ងៃនេះ ក្រុមហ៊ុន VinFast Tranding & Investment Pte.Ltd. ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ សិង្ហ​បុរី របស់ Vingroup ប្រកាសថា បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង (IPO) តាម​គំរូ F-១ ទៅកាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC)។

    ទំហំ​នៃ​ការបោះ​ផ្សាយ​មូល​ប​ត្រ​សាធារណៈ​ដំបូង និង​តម្លៃ​របស់​ភាគហ៊ុន របស់ VinFast មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ។ ការធ្វើ IPO របស់ VinFast នឹង​កើតមានឡើង​បន្ទាប់ពី SEC បញ្ចប់​ដំណាក់កាល​ត្រួតពិនិត្យ​លើ​សំណើ និង​ឯកសារ​ពាក់ព័ន្ធ ហើយ​អាស្រ័យ​លើ​ទីផ្សារ និង​លក្ខន្តិកផ្សេង។

    Vingroup បាន​ផ្ទេរ​ទុន ៥១.៥២% របស់ VinFast វៀតណាម ឱ្យ VinFast សិង្ហ​បុរី កាលពីដើម​ខែធ្នូ ២០២។ ក្រោយពី​បានធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ ក្រុមហ៊ុន Vingroup និង​បណ្ដា​ភាគ​ហ៊ុ​និករ​បស់ VinFast វៀតណាម នឹង​កាន់កាប់​ភាគហ៊ុន ១០០% របស់ VinFast សិង្ហ​បុរី ដោយផ្ទាល់ និង​កាន់កាប់​ដោយ​ប្រយោល​ចំពោះ​ភាគហ៊ុន ៩៩.៩% របស់ VinFast វៀតណាម។

    រថយន្តអគ្គិសនី VinFast របស់​ក្រុម​ហ៊ុន​វៀតណាម VinGroup

    ការធ្វើ​បច្ចុប្បន្នភាព​នៃ​រចនាសម្ព័ន្ធ​ខាងលើនេះ​គឺ​ស្ថិតក្នុង​ដំណើរការ​នៃ​ការត្រៀមខ្លួន​សម្រាប់ VinFast ធ្វើ IPO នៅ សហរដ្ឋ​អាម៉េរិក ដែលជា​គ្រឹះ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ក្លាយជា​យីហោ​សកល​របស់ VinGroup។

  • Samsung កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន​មិន​ធ្លាប់មាន៖ ទាំង​ស្មា​ត​ហ្វូ​ន ទាំង​ឈី​ប​ចងចាំ សុទ្ធតែ​រកបាន​ចំណូល​ខ្ពស់

    Samsung កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន​មិន​ធ្លាប់មាន៖ ទាំង​ស្មា​ត​ហ្វូ​ន ទាំង​ឈី​ប​ចងចាំ សុទ្ធតែ​រកបាន​ចំណូល​ខ្ពស់

    ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Samsung នៅក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ ២០២២ នេះ បាន​កើន ៥០%។

    ទស្សនាវដ្ដី Forbes របស់ អាម៉េរិក ឱ្យដឹងថា Samsung Electronics ទើបបាន​ប្រកាស​អំពី​ប្រាក់ចំណេញ​បឋម​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២។ លទ្ធផល​បង្ហាញថា ប្រាក់ចំណេញ​បាន​កើនឡើង​លើសពី​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ដោយសារ​តម្រូវការ​លើ​ទូរស័ព្ទ​ថ្មី និង​ឈី​ប​អង្គ​ចងចាំ​របស់​ក្រុមហ៊ុន។

    ជាក់ស្ដែង ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ (operating profit) របស់ Samsung កើន ៥០% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងអំឡុង ៣ ខែ ដែល​បញ្ចប់​នៅក្នុង​ខែមីនា ២០២២។ ប្រាក់ចំណូល​សរុប​ក្នុង​ត្រីមាស​ដំបូង​នេះ ក៏បាន​កើន ១៨% ឡើងដល់​ជាង ៦២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Samsung នឹង​បញ្ចេញ​ព័ត៌មាន​ស្ដីពី​ប្រាក់ចំណេញ​សុទ្ធ និង​សេចក្ដីលម្អិត​នៃ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​របស់​ផ្នែកនីមួយៗ នៅពេល​ពួកគេ​បញ្ចេញ​របាយការណ៍​សរុប​នៅ​ថ្ងៃទី ២៨ មេសា​ខាងមុខ។

    Samsung Galaxy S២២

    ក្នុង​ផ្នែក​បច្ចេកវិទ្យា​ចល័ត ប្រាក់ចំណូល​បឋម​រប​ស់ Galaxy S២២ មាន​កម្រិត​ខ្ពស់ ដោយ​លក់​ចេញ​បាន​ជាង ១ លាន​គ្រឿង​នៅ កូរ៉េខាងត្បូង ក្នុង​សប្ដាហ៍​នេះ។ Galaxy S២២ ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​ចាប់តាំងពី​ខែកុម្ភៈ ត្រូវបាន​លក់​ចេញ​លឿន​ជាង ២០% ធៀប​នឹង S២។ នៅ សហរដ្ឋ​អាម៉េរិក S២២ ត្រូវបាន​លក់​ចេញ​លឿន​ជាង ៦០% ធៀប​នឹង S២១ ក្នុងអំឡុង ៣ សប្ដាហ៍​ដំបូង។

     

  • សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ជា​លើកដំបូង​ ប្រឆាំង​​វិស័យ​ថាមពល​របស់ ប្រទេស​រុស្ស៊ី

    សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ជា​លើកដំបូង​ ប្រឆាំង​​វិស័យ​ថាមពល​របស់ ប្រទេស​រុស្ស៊ី

    សហភាព​អឺរ៉ុប (EU) ប្រកាសថា បានអនុម័ត​លើ​បទបញ្ជា​ហាម​នាំចូល​ធ្យូងថ្ម​ពី ប្រទេស​រុស្ស៊ី ហើយ​ថា ការសម្រេច​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ខែសីហា ២០២២។

    «កញ្ចប់​ទណ្ឌកម្ម​ត្រូវបាន​គណៈកម្មការ​អចិន្ត្រៃយ៍​តំណាង​ប្រទេស​នានា​របស់ EU អនុម័ត​រួចហើយ» បារាំង ដែលជា​ប្រទេស​កំពុងកាន់​តំណាង​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ប្រកាស​កាលពី​ថ្ងៃទី ០៧ មេសា។

    នេះ​គឺជា​ការដាក់ទណ្ឌកម្ម​លើក​ទី ៥ របស់ EU ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។ សហភាព​អឺរ៉ុប ក៏បាន​ហាម​ការនាំចេញ​ទំនិញ​តម្លៃ ១០.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅកាន់ រុស្ស៊ី ក្នុងនោះ មាន​ទាំង​ទំនិញ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ធនាគា​រ​មួយចំនួន​របស់ រុស្ស៊ី។

    ក្រៅពី​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី EU ក៏បាន​គាំទ្រ​សំណើ​ផ្ដល់ជំនួយ​ជា​អាវុធ​បន្ថែម ដែលមាន​តម្លៃ ៥៤៣ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​សរុប​ឡើងដល់ ១.៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នេះ​គឺជា​លើកដំបូង​ដែល EU ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី។ បណ្ដា​ប្រទេស​នៅក្នុង សហភាព​អឺរ៉ុប នាំចូល​ធ្យូងថ្ម​ពី រុស្ស៊ី ក្នុងតម្លៃ ៤.៣៥ ពាន់​លាន​ដុល្លារ/ឆ្នាំ។ បទបញ្ជា​នៃ​ការដាក់ទណ្ឌកម្ម​ខាងលើ​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ដើមខែ​សីហា​ខាងមុខ។

  • កំលោះ​កើត​ឆ្នាំ ១៩៩២ ក្លាយជា​មហាសេដ្ឋី​ដោយសារ «​អែប​បញ្ជា​ទិញ​ និង​​ប្រគល់​អាហារតាម​ទូរស័ព្ទ​»

    កំលោះ​កើត​ឆ្នាំ ១៩៩២ ក្លាយជា​មហាសេដ្ឋី​ដោយសារ «​អែប​បញ្ជា​ទិញ​ និង​​ប្រគល់​អាហារតាម​ទូរស័ព្ទ​»

    ដោយមាន​ទ្រព្យ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក Andy Fang ប្រធាន​ផ្នែក​បច្ចេកវិទ្យា (CTO) របស់ DoorDash ក៏មាន​វត្តមាន​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​ទស្សនាវដ្ដី Forbes។

    នៅពេល​និយាយ​ដល់​អ្នកជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ជ្រលង​ភ្នំ Silicon គេ​មិនអាច​មិន​រំលឹក​ដល់ Andy Fang ដែលជា CTO របស់​ក្រុមហ៊ុន​ប្រគល់​អាហារ​រហ័ស DoorDash។

    កំលោះ​ជនជាតិ​អាម៉េរិក ដើមកំណើត​ចិន កើត​ឆ្នាំ ១៩៩២ ជា​មនុស្ស​ពូកែ ឧ​ស្សហ៍​ព្យាយាម និង​ហ៊ាន​ប្រឈមមុខ​នឹង​ហានិភ័យ។ ប៉ុន្តែ ទាំងនេះ​មិនមែន​គ្រប់យ៉ាង​ដែលនាំឱ្យ Andy Fang ជោគជ័យ​នោះទេ។

    «Andy Fang គឺជា​សិស្ស​គំរូ​ម្នាក់​ដែល​គ្រូបង្រៀន​ណា​ក៏​ចូលចិត្ត។ គាត់​ប្រឹងប្រែង​ខ្លាំងណាស់ សូម្បីតែ​មេរៀន​ដែល​តូចតាច​បំផុត» Eric Nelson ប្រធាន​មុខ​វិ​ជ្ជ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Stanford បាន​ប្រាប់ The Harker ដូច្នេះ។

    មុនពេល​បាន​ក្លាយជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មួយ​ដែលមាន​តម្លៃ​បំផុត​នៅ​ជ្រលង Silicon កំលោះ Fang គឺជា​សិស្ស​ឆ្នើម។ គាត់​ធ្លាប់ជា​ប្រធាន​សមាគមនិស្សិត។

    ឱកាស​បាន​ផ្ដល់ឱ្យ Andy Fang នៅពេល​កំពុង​ជា​និស្សិត​ឆ្នាំ​ទី​ពីរ។ គ្រាមួយ គាត់​រួម​នឹង​និស្សិត ៣ នាក់​ទៀត គឺ Evan Moore, Stanley Tang និង Tony Xu បានធ្វើ​កិច្ចការ​សាលា​ជាមួយគ្នា និង​មានឱកាស​ពិភាក្សា​គ្នាច្រើន ក្នុងនោះ​មាន​ទាំង​បញ្ហា​បញ្ជា​ទិញ​អាហារ​ផងដែរ។ បន្ទាប់​បាន​និយាយ​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​ជិត ១០ កន្លែង ពួកគេ​ក៏​ដឹងថា ការទទួល​ការបញ្ជាទិញ និង​ការប្រគល់​ទំនិញ​នៅលើ​គេហទំព័រ តែងតែមាន​បញ្ហា និង​មិន​ងាយស្រួល។ ពួកគេ​ក៏បាន​បង្កើត PaloAltoDelivery ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បញ្ជា​ទិញ​ទំនិញ​បាន​យ៉ាង​លឿន​នៅលើ​ទូរស័ព្ទ។ មិនយូរប៉ុន្មាន ពួកគេ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់ និង​ក្រុម​ម្ចាស់​ភោជនីយដ្ឋាន។

    ដើម្បី​ស្វែងរក​អតិថិជន​ដំបូង​ៗ​ ក្រុម​របស់ Andy Fang ក៏បាន​នាំគ្នា​ផ្ញើ​សារ​ឱ្យ​និស្សិត​ក្នុង​សាលា និង​ក្នុង​អន្តេវាសិកដ្ឋាន។ មកដល់​ឆ្នាំ ២០១៣ PaloAltoDelivery ទទួល​ប្រាក់ ១២០,០០០ ដុល្លារ​ពី​កម្មវិធី​ជំនួយ​ក្នុង​ការបើក​ក្រុមហ៊ុន​ថ្មី​របស់ Y Combinator។ Fang និង​សហការី បាន​ប្ដូរ​ឈ្មោះ PaloAltoDelivery ទៅជា DoorDash។

    មុនពេល​ជ្រើសរើស​បុគ្គលិក​សម្រាប់​ដឹកជញ្ជូន សហ​ស្ថា​និក​ទាំង ៤ រូប​របស់ DoorDash នៅតែ​ធ្វើការ​ដឹកជញ្ជូន​ដោយផ្ទាល់ ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង ១៨ ជា​រៀងរាល់ថ្ងៃ។ ឆ្នាំ ២០១៤ DoorDash ទទួលបាន​ខ្ទង់​វិនិយោគ ២០ លាន​ដុល្លារ។ ពេលនោះ DoorDash ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​អាហារ​សម្រាប់​ភោជនីយដ្ឋាន​ជាង ១,០០០ នៅ Bay Area និង Los Angeles មុនពេល​ពង្រីក​ខ្លួន​ពាសពេញ​ទឹកដី​អាម៉េរិក។

    ពីរ​ឆ្នាំ​ក្រោយមក Andy Fang និង Stanley Tang មានឈ្មោះ​នៅក្នុង​បញ្ជី Forbes Under ៣០ ក្នុង​ប្រភេទ​បច្ចេកវិទ្យា​សម្រាប់​អតិថិជន។ ចុងឆ្នាំ ២០១៩ DoorDash ប្រមូល​ទុន​បាន​ជាង ២.៥ ពាន់​លាន​ដុល្លារ​ពី​អ្នកវិនិយោគធំៗដូចជា SoftBank, Sequoia Capital និង Singapore GIC ជាដើម នេះ​បើតាម CNBC។

    មួយឆ្នាំ​បន្ទាប់មកទៀត DoorDash បាន​ឡើង​ផ្សារ​ហ៊ុន។ Fang បាន​ឈាន​ជើង​ចូលក្នុង​ក្លឹប​មហាសេដ្ឋី​របស់​ពិភពលោក ហើយ​បច្ចុប្បន្ន​មានទ្រព្យ​ចំនួន ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រោយពី​ជោគជ័យ​នៅ អាម៉េរិក DoorDash ចាប់ផ្ដើម​ពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​បរទេស ដូចជា អាល្លឺម៉ង់ និង ជប៉ុន។

    «យើង​នៅតែ​ធ្វើ​កិច្ចការ​ដើម្បី​កសាង​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​ឆ្លាត​វៃ។ គ្រប់​ការងារ​លម្អិត សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ដូចជា ​អ្នក​ប្រគល់​ទំនិញ​អាច​ចត​យានយន្ត​នៅ​កន្លែង​ណា​ក្នុង​ទីក្រុង, ចំណាយពេល​ប៉ុន្មាន​ក្នុងការ​ធ្វើ​នំ​ភី​ហ្សា ១ ឈុត ឬ​កា​រ៉ែ​ម ១ ដើម​អាច​រក្សា​ភាព​ត្រជាក់​បាន​រយៈពេល​ប៉ុន្មាន​នាទី។ល។ កិច្ចការ​លម្អិតនីមួយៗសុទ្ធតែ​ត្រូវបាន​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន ទាមទារ​ឱ្យមាន​សុក្រឹតភាព​ខ្ពស់។ ប្រការនេះ​បាន​ជួយ​ឱ្យ DoorDash ខុសប្លែក​ពី​បណ្ដា​អែប​ប្រគល់​អាហារផ្សេង» មហាសេដ្ឋី Andy Fang បញ្ជាក់​ដូច្នេះ៕