Category: សង្គម និងសេដ្ឋកិច្ច

  • មូលធន​ទីផ្សារ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Amazon បាត់បង់​អស់​ជាង ២០៦ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង ២៤ ម៉ោង

    មូលធន​ទីផ្សារ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Amazon បាត់បង់​អស់​ជាង ២០៦ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង ២៤ ម៉ោង

    ការរំពឹងទុក​ប្រកបដោយ​សុ​ទិ​ដ្ឋ​និយម​ទាប បណ្ដាលឱ្យ​ភាគហ៊ុន Amazon ធ្លាក់ចុះ ១៤% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ២៩ មេសា ២០២២។

    ភាគហ៊ុន Amazon កាលពី​ម្សិលមិញ បាន​ស្គាល់​ការធ្លាក់ចុះ​ទាប​បំផុត​រាប់​ចាប់ពី​ខែកក្កដា ២០០៦។ តម្លៃ​ភាគហ៊ុន​ក៏​ថយចុះ​ទាប​បំផុត​គិត​ចាប់ពី​ខែមិថុនា ២០២០។ រលក​នៃ​ការលក់​ចោល​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី ២៩ មេសា ធ្វើឱ្យ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​បាត់បង់ ២០៦.២ ពាន់​លាន​ដុល្លារ ឈរ​លំដាប់​ទី ២ បន្ទាប់ពី Meta Platforms (ក្រុមហ៊ុនមេ​របស់ Facebook) ដែល​ធ្លាប់​បាត់បង់ ២៥១.៣ ពាន់​លាន​ដុល្លារ​កាលពី​ខែកុម្ភៈ ២០២២។

    ប្រាក់ចំណូល​របស់ Amazon ក៏​កើនឡើង​តែ ៧% ប៉ុណ្ណោះ ដែល​នេះ​គឺជា​កំណើន​យឺត​បំផុត​ក្នុងអំឡុង ២ ទសវត្សរ៍​មកនេះ ដោយសារតែ​អតិថិជន​ត្រលប់​ទៅរក​ទម្លាប់​ទិញ​ទំនិញ​ផ្ទាល់​នៅតាម​ហាង ក្នុង​គ្រា​ដែល កូ​វីដ-១៩ បានចាប់ផ្ដើម​ស្ងប់ស្ងាត់។

  • មហាសេដ្ឋី​រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី​អាម៉េរិក Warren Buffet ទៅទៀត

    មហាសេដ្ឋី​រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី​អាម៉េរិក Warren Buffet ទៅទៀត

    Gautam Adani បាន​លោត​ឡើងទៅ​គ្រង​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ ១២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ទៅទៀត។ នេះ​បើ​តាម​​​ទំព័រ Bloomberg Billionaires Index ចេញផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

    មហាសេដ្ឋី Buffett ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway Inc បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ ១២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក Adani បាន​កើន ៤៨ ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ដើមឆ្នាំ ២០២២។ ចំណែក​ទ្រព្យ​របស់លោក Buffett វិញ បាន​កើនឡើង ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ។

    ទាំង​លោក Buffett ទាំង​លោក Adani សុទ្ធតែ​មិនទាន់​ឆ្លើយ​បត​នឹង​សំណើសុំ​ការអធិប្បាយ ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

    មហាសេដ្ឋី Adani គឺជា​ស្ថាបនិក និង​ជា​ប្រធាន​របស់ Adani Group ដែលជា​ក្រុមហ៊ុន​ខ្នាត​យក្ស រកស៊ី​ក្នុង​វិស័យ​ជាច្រើន ដូចជា ថាមពល រ៉ែ អចលនទ្រព្យ និង​កសិកម្ម​ជាដើម។

    Adani Group មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៧ ដែល​បាន​ឡើង​ផ្សារ​ហ៊ុន និង​មាន​មូលធន​ទីផ្សារ​តម្លៃ​ប្រមាណ ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន លោក Adani ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បន្ទាប់ពី លោក Elon Musk នាយក​ប្រតិបត្តិ របស់ Tesla, លោក Bezos ស្ថាបនិក​របស់ Amazon, លោក Bernard Arnault នាយក​ប្រតិបត្តិ​របស់ LVMH និង​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft៕

  • ស្ថាបនិក​របស់ SpaceX នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​បង្អស់​ ​​នៅ សហរដ្ឋ​អាម៉េរិក បើសិន​ទិញ Twitter

    ស្ថាបនិក​របស់ SpaceX នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​បង្អស់​ ​​នៅ សហរដ្ឋ​អាម៉េរិក បើសិន​ទិញ Twitter

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក អាច​ទទួលបាន​ងារ​ថ្មី​ផ្សេង​មួយទៀត នោះ​គឺ នាយក​ប្រតិបត្តិ​ដែល​ជាប់បំណុល​ច្រើន​បំផុត​នៅ សហរដ្ឋ​អាម៉េរិក។

    លោក Elon Musk ត្រូវការ​ប្រាក់ ៤៤ ពាន់​លាន​ដុល្លារ ដើម្បី​អាច​ទិញ​បាន Twitter ហើយ​លោក​ត្រូវ​ចំណាយ​ប្រាក់ ២/៣ ក្នុងចំណោម​កញ្ចប់​ថវិកា​សម្រាប់​ទិញ​បណ្ដាញ​សង្គម​នេះ។ ៤៤ ពាន់​លាន​ដុល្លារ​គឺជា​ចំនួន​ច្រើន បើ​ទោះ​លោក Musk មានទ្រព្យ​សុទ្ធ​សរុប​ប្រហែល ២៥០ ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់លោក Musk ផ្សារភ្ជាប់​ទៅនឹង​ភាគហ៊ុន Tesla រួម​នឹង​ទុន​នៅក្នុង​ក្រុមហ៊ុន SpaceX និង The Boring ដូច្នេះ លោក​នឹងត្រូវ​លក់​ភាគហ៊ុន​រាប់លាន​ហ៊ុន និង​ចំណាយ​បន្ថែម​រាប់លាន​ដុល្លារ​ដើម្បី​ប្រមូលប្រាក់​ឱ្យបាន​គ្រប់​ចំនួន​សម្រាប់​ទិញ​បណ្ដាញ​សង្គម។

    យោងតាម​របាយការណ៍​ដែល​បាន​បញ្ជូន​ទៅកាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​ដូរ Twitter របស់លោក Musk នឹង​រួមមាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

    ដោយសារតែ​បណ្ដា​ធនាគារ​តម្រូវឱ្យ​មានកា​រ​ធានា​ខ្ពស់​សម្រាប់​ភាគហ៊ុន​ដែល​អាចមាន​ការប្រែប្រួល​ខ្ពស់​ដូចជា Tesla ជាដើម លោក Musk នឹងត្រូវ​ដាក់បញ្ចាំ​ភាគហ៊ុន Tesla ប្រហែល ៦៥ ពាន់​លាន​ដុល្លារ ឬ​ប្រហាក់ប្រហែល​នឹង ១/៤ នៃ​ទ្រព្យ​បច្ចុប្បន្ន​របស់លោក សម្រាប់​ប្រាក់កម្ចី។

    ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Audit Analytics បានឱ្យដឹងថា លោក Musk បាន​ត្រៀម​ភាគហ៊ុន​តម្លៃ​ជាង ៩០ ពាន់​លាន​ដុល្លារ​សម្រាប់​ការដាក់​បញ្ចាំ។ ខ្ទង់​ប្រាក់​នេះ​ធ្វើឱ្យ​លោក Musk ក្លាយជា​កូនបំណុល​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន​ធំ​បំផុត​ក្នុងចំណោម CEO នៅ សហរដ្ឋ​អាម៉េរិក។ តួលេខ​នេះ​ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​នាយក​ប្រតិបត្តិ​ដែលជា​កូនបំណុល​ធំ​ទី ២ គឺ Larry Ellison ប្រធាន និង​ជា CEO របស់ Oracle។ លោក Larry Ellison ជំពាក់​បំណុល ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម ISS Corporate Solutions៕

  • ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ផ្ទះ​ជាង ១០០ ខ្នង រក​ការខូចខាត

    ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ផ្ទះ​ជាង ១០០ ខ្នង រក​ការខូចខាត

    កាលពី​ល្ងាច​ថ្ងៃទី ២៨ មេសា ២០២២ មាន​ហេតុការណ៍​ខ្យល់​បោកបក់​ខ្លាំង ព្រម​ជាមួយនឹង​ភ្លៀង​ធំ បានធ្វើឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១១០ ខ្នង ក្នុង​តំបន់​មួយចំនួន​របស់ ស្រុក​ម៉ាឡៃ នៃ ខេត្តបន្ទាយមានជ័យ ត្រូវ​រង​ការខូចខាត។

    គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​ចំនួន ៣ នៃ​តំបន់​ខាងលើ ក្នុងនោះ​ក៏មាន ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ-ឈ្នះ របស់ ឃុំ​ទួល​ពង្រ ផងដែរ ដែលមាន​ផ្ទះ​ចំនួន ៥៥ ខ្នង​បាន​រង​ផលប៉ះពាល់។ នេះ​បើតាម លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ។ លោក​បាន​បន្ថែមថា ពុំមាន​ករណី​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រងរបួស​នោះឡើយ នៅក្នុង​ហេតុការណ៍​នេះ។

    យោងតាម​លោក​អភិបាលស្រុក​ម៉ាឡៃ ក្រោយ​កើតហេតុ​ការណ៍​នេះ អាជ្ញាធរ​មូលដ្ឋាន​រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច បាន​ចុះជួយ​រៀបចំ ជួសជុល សាងសង់​ផ្ទះ​ជូន​ប្រជាជន​ជាបណ្ដើរៗហើយ។ លោក​ថា ជំនួយ​ជា ស័ង្កសី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ជាដើម ក៏​ត្រូវបាន​នាំយកទៅ​ចូលរួមចំណែក​ជួយ​ដល់​ជីវភាព​របស់​ពួកគាត់​ផងដែរ។

  • ម្ចាស់ Facebook រកប្រាក់​បាន ១១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ថ្ងៃ

    ម្ចាស់ Facebook រកប្រាក់​បាន ១១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ថ្ងៃ

    ភាគហ៊ុន Meta Platforms ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោត​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​ថ្ងៃទី ២៨ មេសា ជួយ​ឱ្យទ្រព្យរបស់ មហាសេដ្ឋី Mark Zuckerberg កើនឡើង​ខ្ពស់បំផុត​គិត​មកដល់​បច្ចុប្បន្ន។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៨ មេសា ភាគហ៊ុន Meta Platforms កើន ១៧.៦% ក្រោយ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី ១ បង្ហាញថា បណ្ដាញ​សង្គម​នេះ​ទាក់ទាញ​បាន​អ្នកប្រើប្រាស់​ថ្មី​ច្រើនជាង​ការរំពឹងទុក។ ប្រការនេះ​ជួយ​ឱ្យ នាយក​ប្រតិបត្តិ Zuckerberg រកបាន ១១ ពាន់​លាន​ដុល្លារ​បន្ថែមទៀត នេះ​បើតាម Bloomberg Billionaires Index។

    ដោយសារតែ​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន​មាន​លទ្ធផល​ល្អ​កាលពី​ម្សិលមិញ ចំណាត់ថ្នាក់​មហាសេដ្ឋីរ​បស់​ម្ចាស់ Facebook ក៏​លោត​ឡើង​បាន ៦ កាំ ពោលគឺ​ឈរ​លំដាប់​ទី ១២ ក្នុងចំណោម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​សម្បត្តិ​សរុប ៧៥.៩ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន លោក Zuckerberg កាន់កាប់​ភាគហ៊ុន ១៣% នៅក្នុង​ក្រុមហ៊ុន Meta។

  • មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla រាប់​លាយ​ហ៊ុន ដើម្បី​យកប្រាក់​មក​សម្រេច​មហិច្ឆតា «លើកកម្ពស់​សេរីភាព​បញ្ចេញមតិ»

    មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla រាប់​លាយ​ហ៊ុន ដើម្បី​យកប្រាក់​មក​សម្រេច​មហិច្ឆតា «លើកកម្ពស់​សេរីភាព​បញ្ចេញមតិ»

    ក្រុមអ្នកវិភាគ​ទីផ្សារ​យល់ថា មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ត្រូវ​ការលក់​ភាគហ៊ុន​របស់លោក ដើម្បី​មាន​ប្រាក់​សម្រាប់​ទិញ​បណ្ដាញ​សង្គម Twitter។

    យោងតាម​ឯកសារ​ដែល​បញ្ជូន​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEO) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បាន​លក់​ភាគហ៊ុន​ប្រហែល ៤.៤ លាន​ហ៊ុន ក្នុងអំឡុង​ថ្ងៃទី ២៦ និង ២៧ មេសា។ ចំនួន​ភាគហ៊ុន​នេះ មានតម្លៃ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម Twitter មហាសេដ្ឋី​រូបនេះ​ប្រកាសថា «ថ្ងៃនេះ ពុំមាន​គម្រោង​លក់​ភាគហ៊ុន Tesla បន្ថែមទៀត​​ឡើយ»។

    ក្រុមអ្នកវិភាគ​នៅ Wall Street និង​អ្នកវិនិយោគ​យល់ថា លោក Musk អាច​នឹងត្រូវ​ការលក់​ភាគហ៊ុន​ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ Twitter ដែល​លោក​គិតថា អាច​នឹង​កែលម្អ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅលើ​ប​ញ្ដា​ញ​សង្គម។ មហាសេដ្ឋី​លេខ ១ ក្នុង​ពិភពលោក និង​បណ្ដាញ​សង្គម Twitter ដើម​សប្ដាហ៍​នេះ បាន​យល់ព្រម​ទិញដូរ Twitter ក្នុងតម្លៃ​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាលពី​សប្ដាហ៍​មុន លោក Musk ប្រកាសថា បាន​ធានាថា​មាន​ប្រាក់ ៤៦.៥ ពាន់​លាន​ដុល្លារ សម្រាប់​ការទិញ​ដូរ​នេះ ក្នុងនោះ​មាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

    ចំណែក​ឯ​តម្លៃ​ភាគហ៊ុន​របស់ Tesla នៅលើ​ផ្សា​រមូល​ប​ត្រ វិញ កាលពី​ម្សិលមិញ ការជួញដូរ​ត្រូវ​បានបញ្ចប់​ក្នុងតម្លៃ ៤៩.១១ ដុល្លារ/ហ៊ុន ទាប​ជាង​ច្រើន​ដុល្លារ ធៀប​នឹង ៥៤.២ ដុល្លារ/ហ៊ុន ដែល​លោក Musk បានដាក់​លក់៕

  • ស្ថានីយ​ប្រេងសាំង​បើក​ថ្មី ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​មក​ឃោសនា បណ្ដាល​ឱ្យ​​ចរាចរណ៍​ត្រូវ​កកស្ទះ

    ស្ថានីយ​ប្រេងសាំង​បើក​ថ្មី ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​មក​ឃោសនា បណ្ដាល​ឱ្យ​​ចរាចរណ៍​ត្រូវ​កកស្ទះ

    (ប្រទេស​ចិន)- ស្ថានីយ​ប្រេងសាំង​ថ្មី​មួយកន្លែង​នៅ​ទីក្រុង Qingdao ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​ជាច្រើនរូប ឱ្យ​មកជួយ​ផ្សព្វផ្សាយ បណ្ដាលឱ្យ​អ្នកបើកបរ​នាំគ្នា​មកចាក់​សាំង ធ្វើឱ្យ​ចរាចរណ៍​ត្រូវ​កកស្ទះ​ធ្ងន់ធ្ងរ។

    ស្ថានីយ​ប្រេងសាំង​ដែល​ស្ថិតក្នុង​ទីក្រុង Qingdao ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បាន​សម្ពោធ​បើក​ដំណើរការ​ក្នុង​សប្ដាហ៍​នេះ និង​បាន​ជួល​នារី​បង្ហាញ​ម៉ូដ​ច្រើន​នាក់ ដើម្បី​ឱ្យជួយ​ឃោសនា បម្រើសេវា​ដល់​អតិថិជន។

    «ចាក់​សាំង​ដោយ​មិន​គិតថ្លៃ ចាក់​សាំង​ដោយ​មិន​គិតថ្លៃ» នារី​បង្ហាញ​ម៉ូដ​ស្លៀក​ប៊ី​គី​នី ពណ៌​ខៀវ ស្រែក​ដូច្នេះ។

    អ្នកបើកបរ​រថយន្ត​ម្នាក់ ឱ្យដឹងថា ស្ថានីយ​ប្រេង​នេះ​កំពុង​ឃោសនា ប្រូ​ម៉ូ​សិន ដោយ​អនុញ្ញាតឱ្យ​អតិថិជន​ចាក់​សាំង​ដោយ​ឥតគិតថ្លៃ បើសិន​ធ្វើ​ប័ណ្ណសមាជិក និង​បញ្ចូល​លុយ​ទៅក្នុង​ប័ណ្ណ​នេះ។ ការ​ប្រូ​ម៉ូ​សិន ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៦ ខែ​មេសា ដល់​ថ្ងៃ​ទី ២ ខែ​ឧសភា។ បុគ្គលិក​របស់​ស្ថានីយ​ប្រេងសាំង​ខាងលើ បាន​បដិសេធ​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន។

    អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​របស់​ទីក្រុង Qingdao បាន​ស្នើឱ្យ​ស្ថានីយ​ប្រេងសាំង​នេះ បញ្ឈប់ «សកម្មភាព​ឃោសនា​ដែល​មិន​សមស្រប» ព្រោះតែ​បង្ក​ការកកស្ទះ​ចរាចរណ៍។

    អ្នកលេង​បណ្ដាញ​សង្គម​នៅ ប្រទេស​ចិន មានមតិផ្សេងៗគ្នា​ចំពោះ​ព័ត៌មាន​ខាងលើ។ អ្នកខ្លះ​ថា «ស្លៀក​ប៊ី​គី​នី តើ​វា​មាន​បញ្ហា​អ្វី ខ្ញុំ​ឃើញថា ពុំមាន​បញ្ហា​អ្វី​សោះ»។ ចំណែក​អ្នក​ខ្លះទៀត សរសេរ​រិះគន់ថា នេះ​គឺជា​របៀប​ផ្សព្វផ្សាយ «មួយរៀល»។

    ក៏ប៉ុន្តែ មាន​មនុស្ស​មួយចំនួន​យល់ថា ការ​ដែលមាន​រថយន្ត​ជាច្រើន​មកចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ថ្មី​នេះ ក៏​ព្រោះតែ​តម្លៃ​ទាប។ វិក្កយបត្រ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បញ្ហា​ញ​សង្គម​បង្ហាញថា តម្លៃ​ក្នុងពេល​ប្រូ​ម៉ូ​សិន នៅទីនេះ ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង​តម្លៃ​ដើម ១.២១ ដុល្លារ​អាម៉េរិក/លីត្រ។

  • ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ធំ​បំផុត​ក្នុង​ពិភពលោក នៅ​ទំនប់​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ

    ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ធំ​បំផុត​ក្នុង​ពិភពលោក នៅ​ទំនប់​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ

    (ប្រទេស​ចិន)-ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ដែល​បង្កើតបាន​កំណត់ត្រា​ពិភពលោក​ចំនួន ២ កាលពី​ថ្ងៃទី ២៥ មេសា ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ​ពី​ទំនប់​វា​រី​អគ្គិសនី Baihetan ក្រោយ​ការប្រើប្រាស់​បាន ៥ ឆ្នាំ។

    ស្ថិតនៅត្រង់​តំបន់​ព្រំប្រទល់​រវាង​ខេត្ត Sichuan និង​ខេត្ត Yannan ភាគ​និរតី​នៃ ប្រទេស​ចិន ក្រុមកម្មករ​នៅ ទំនប់​វា​រី​អគ្គិសនី Baihetan កាលពី​ថ្ងៃទី ២៥ មេសា បានចាប់ផ្ដើម​ដោះ​ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ខ្នាត​យក្ស។

    នេះ​គឺជា​ប្រព័ន្ធ​ដងសន្ទូច​ធំ​បំផុត និង​ដំណើរការ​ដោយ​សុវត្ថិភាព​យូរ​បំផុត​ក្នុង​ពិភពលោក។ ប្រព័ន្ធ​នេះ​មាន​ដងសន្ទូច​ខ្សែកាប​ចំនួន ៧ ក្នុងនោះ ដងសន្ទូច​ស្នូល​នៅលើ​កំពូល​ទំនប់​អាច​លើក​ទម្ងន់​បាន​រហូតដល់ ១០,០០០ kilonewton។

    ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ខ្នាត​យក្ស​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​ខែមីនា ២០១៧ ហើយ​មកដល់​បច្ចុប្បន្ន វា​បានសម្រេច​ភារកិច្ច​រយៈពេល ៥ ឆ្នាំ ជា​ស្ថាពរ។ ក្នុងដំណាក់កាល​ដំណើរការ វា​បាន​លើក​បេតុង​សរុប ៨,២៧៩ លាន​ម៉ែត្រគូប ដើម្បី​បម្រើ​ដល់​ការសាងសង់​ទំនប់ Baihetan។

  • ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក នៅ​រាជធានី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឆាប់ៗនេះ

    ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក នៅ​រាជធានី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឆាប់ៗនេះ

    ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ស្ថិតក្នុង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ដ៏​ខ្លី​ខាងមុខ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​គ្រា​ដែល​ការសាងសង់​បាន​រួចរាល់ ១០០% ហើយ នេះ​បើតាម​ការបញ្ជាក់​កាលពី​ព្រឹម​មិញ របស់​មន្ដ្រី​ជំនាញ​នៃ រដ្ឋបាល​រាជធានី​ភ្នំពេញ។

    ស្ពាន​ថ្មើរជើង​សន្ធរម៉ុក ត្រូវបាន​សាងសង់​រំលង​មហាវិថីធំៗ និង​នៅលើ​ចំណុចប្រសព្វ​ផ្លូវបែក​ជា ៤ ដោយ​កាត់​ទទឹង ផ្លូវ​ម៉ៅ​សេទុង ២ ខ្សែ និង​កាត់​ទទឹង ផ្លូវ​កម្ពុជា​ក្រោម ២ ខ្សែ ដែលជា​កន្លែង​មមាញឹក ដោយ​អ្នក​ថ្មើរជើង​ឆ្លងកាត់​ច្រើន ដូច្នេះ វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ចំណេញ​ពេលវេលា និង​កាត់​បន្ត​ការកកស្ទះ​ចរាចរណ៍​ផងដែរ។

    បច្ចុប្បន្ន មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ៤ កន្លែង ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង រាជធានី​ភ្នំពេញ រួមមាន ២ កន្លែង​នៅ តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ, ១ កន្លែង​នៅ តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង និង ១ កន្លែង​ទៀត នៅ​ផ្សារ​ដើម​គរ។

  • មហាសេដ្ឋី Elon Musk នឹងត្រូវ​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ បើសិន​មិន​ទិញ Twitter

    មហាសេដ្ឋី Elon Musk នឹងត្រូវ​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ បើសិន​មិន​ទិញ Twitter

    ខ្ទង់​ប្រាក់​ពិន័យ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​នេះ អនុវត្ត​ចំពោះ​ទាំង​លោក Musk និង​ទាំង​បណ្ដាញ​សង្គម Twitter បើសិន​មួយ​ក្នុងចំណោម​ភាគី​ទាំង ២ បញ្ឈប់​កិច្ចព្រមព្រៀង​ទិញដូរ​នេះ។

    យោងតាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) កាលពី​ថ្ងៃទី ២៦ មេសា Twitter នឹងត្រូវ​បង់ថ្លៃ​បញ្ចប់​កិច្ចសន្យា​ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងករណី​បញ្ឈប់​កិច្ចព្រមព្រៀង​លក់​បណ្ដាញ​សង្គម​នេះ​ឱ្យ Elon Musk ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ។ នាយក​ប្រតិបត្តិ​របស់ Tesla ក៏​នឹងត្រូវ​បង់ថ្លៃ​ពិន័យ​ដូចគ្នានេះ​ផងដែរ បើសិន​ប្ដូរ​គំនិត។

    ករណី​ដែល​ភាគី​ទាំង ២ ខាងលើ ត្រូវបាន​តម្រូវឱ្យ​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​នេះ រួមមាន «បើសិន Musk មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ដូច​បាន​ចុះ​កិច្ចព្រមព្រៀង, Twitter ទទួលយក​ការស្នើ​ទិញ​មួយ​ផ្សេងទៀត ឬ​ក្រុម​ភាគ​ហ៊ុ​និករ​បស់ Twitter បោះឆ្នោត​បដិសេធ​សំណើ ទិញ​របស់ Musk។ លោក Musk ដែលជា នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX បច្ចុប្បន្ន​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​ប្រាក់ ២៥២ ពាន់​លាន​ដុល្លារ នេះ​បើតាមទំព័របញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ប្រចាំ​ថ្ងៃ​​ Bloomberg Billionaires Index។

    នៅ​ពាក់​កណ្ដាលខែ​នេះ មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានស្នើ​ទិញ Twitter ក្នុងតម្លៃ ៥៤.២ ដុល្លារ​អាម៉េរិក/ហ៊ុន ដោយ​សាច់​ប្រាក់សុទ្ធ។ កាលពី​សប្ដាហ៍​មុន Musk ប្រកាសថា មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ។

    បច្ចុប្បន្ន ការ​ទិញដូរ​ខាងលើ កំពុងដំណើរការ​រលូន ដែល​នេះ​ផ្ទុយ​ទាំងស្រុង​បើ​ធៀប​នឹង​ការព្រួយបារម្ភ​ដំបូង។ ការ​ទិញដូរ​បណ្ដាញ​សង្គម​នេះ​ក៏​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​របស់ Twitter យល់ព្រម ហើយ​វា​នឹង​សម្រេច​ជា​ស្ថាពរ​ក្នុងឆ្នាំនេះ បើសិន​មិនមាន​ឧបសគ្គ​ពី​ក្រុម​ភាគ​ហ៊ុ​និក និង​ក្រុមមន្ត្រី​រដ្ឋាភិបាល៕