Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​មួយ​នេះ មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០ ម៉ូ​ដែល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ទៀត 

    ក្រុមហ៊ុន​មួយ​នេះ មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០ ម៉ូ​ដែល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ទៀត 

    ក្រុមហ៊ុន Honda របស់ ជប៉ុន បានប្រកាសថា ពួកគេ​បានកំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​នេះ។

    ទីភ្នាក់ងារសារព័ត៌មាន Nikkei បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Honda នៅក្នុង​ខែ​នេះ បានប្រកាសថា ពួកគេ​កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០។ កាលពី ១ ឆ្នាំមុន Honda បានប្រកាសថា នឹង​ឈប់​លក់​រថយន្ត​ដើរ​ដោយ​ប្រេងសាំង​នៅ​ឆ្នាំ ២០៤០។ យុទ្ធសាស្ត្រ​ថ្មី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ដែលថា ការសន្យា​របស់ Honda កន្លងមក គឺ​ខ្វះ​ភាពជាក់លាក់។

    ប្រធាន​ក្រុមហ៊ុន Honda លោក Toshihiro Mibe ថ្លែងថា «តាំងពី​ខែមេសា ឆ្នាំ ២០២១ យើង​បានចាប់ផ្ដើម​ពិចារណា​រក​វិធី​ដើម្បី​សម្រេចបាន​គោលដៅ​នេះ។ ដោយមាន​ការរំពឹងទុក​នៅ​ស្រពេចស្រពិល យើង​បាន​រៀប​ផែនការ​ចុះឡើង​ជាច្រើនលើក»។

    គម្រោង​ថ្មី​បំផុត​របស់ Honda តម្រូវឱ្យ​បង្កើន​ការផលិត​រថយន្ត​ឱ្យបាន​ជាង ២ លាន​គ្រឿងក្នុង ១ ឆ្នាំៗ ដែល​ប្រហាក់ប្រហែល​នឹង ៤០% បើ​ធៀប​នឹង​បរិមាណ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០៣១។

    ក៏ប៉ុន្តែ ភាគហ៊ុន​របស់ Honda បាន​ថយចុះ ៥ យេន នៅក្នុង​ថ្ងៃ​ដែល​ប្រកាស​ខាងលើនេះ​ត្រូវបាន​ផ្សព្វផ្សាយ ពោលគឺ​មក​នៅត្រឹម ៣,២២៩ យេន/ហ៊ុន។

    Shinya Naruse អ្នកវិភាគ​មួយរូប​ប្រចាំ Okasan Securities ឱ្យដឹងថា «យើង​មិន​បានឃើញ​អ្វីដែល​យើង​រំពឹងទុក​សោះ នៅពេល​មើលទៅ​លើ​យុទ្ធសាស្ត្រ​របស់ Honda ឧទាហរណ៍​ដូចជា ការរួម​កម្លាំង​ជាមួយ​សកម្មភាព​ជំនួញ​ក្នុង​ផ្នែក​ម៉ូតូ​របស់​ក្រុមហ៊ុន​នេះ​ជាដើម»។

    តម្លៃ​មូលធន​ទីផ្សារ​របស់ Honda កាលពី​ថ្ងៃនោះ​គឺ ៥.៨៥ ទ្រី​លាន​យេន (៤៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ថយចុះ​បន្តិច​ធៀប​នឹង​មុនពេល​ប្រកាស​ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង កាលពី​ខែមេសា ២០២១។ ក្នុងដំណាក់កាល​នោះ គូប្រជែង​របស់ Honda ក៏​កំពុងតែ​រត់ប្រណាំង​នៅ​ពីមុខ។ មូលធន​ទីផ្សារ​របស់ Tesla កើន ៤៧% ខណៈដែល BYD របស់ ចិន និង Toyota Motor កើន​បន្តបន្ទាប់​គឺ ៣៧% និង ២៤%។

    លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​ពី​ការផលិត​រថយន្ត​គឺជា​ឧបសគ្គ​ធំ​បំផុត​ចំពោះ​តម្លៃ​ភាគហ៊ុន​របស់ Honda ដែល​វា​ធំ​ជាង​ការខកចិត្ត​ទៅលើ​យុទ្ធសាស្ត្រ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ទៅទៀត។ Honda នៅតែ​បន្ត​ពឹង​ផ្អែកលើ​អាជីវកម្ម​ម៉ូតូ ដោយ​វិស័យនេះ​មាន​អត្រា​ចំណេញ ១៥% ជួយ​បង្កើន​អត្រា​ចំណេញ​រួម​របស់​ក្រុមហ៊ុន​នេះ​ឡើងដល់ ៦%។

    យោងតាម​យុទ្ធសាស្ត្រ​ថ្មី ដែល​ស្នើឱ្យ​វិនិយោគ ៥ ទ្រី​លាន​យេន (៥,០០០,០០០,០០០,០០០) ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ដទៃទៀត​នៅ​ចុងខែ​មីនា ២០៣១ ក្រុមហ៊ុន Honda នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយ GM នៅ​ក្នុងការ​ការចែករំលែក​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​រថយន្ត​រួមគ្នា។ Honda ក៏​កំពុង​ចាប់ដៃ​ជាមួយ Sony ដែលជា​ក្រុមហ៊ុន​ក្រៅ​វិស័យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្នែក R&D (ស្រាវជ្រាវ និង​អភិវឌ្ឍ)។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា ក្រុមហ៊ុន Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​ផែន​ការដែល​ពួកគេ​បាន​គ្រោងទុក៕

  • ផ្លូវ​រូង​ក្រោម​ដី​ថ្មី ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze កំពុង​ត្រូវបាន​ស្ថាបនា​នៅ​តំបន់ Wuhu

    ផ្លូវ​រូង​ក្រោម​ដី​ថ្មី ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze កំពុង​ត្រូវបាន​ស្ថាបនា​នៅ​តំបន់ Wuhu

    ប្រទេស​ចិន កំពុង​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​មួយ​ខ្សែ​សម្រាប់​ជា​ផ្លូវ​ល្បឿន​លឿន​ទ្វេ​ទិស ប្រវែង ៦ គីឡូម៉ែត្រ ឆ្លងកាត់​បាតទន្លេ Yangtze ក្នុង​ខេត្ត Anhui។

    ផ្លូវ​រូង​ក្រោម​ដី​មួយ​ខ្សែ​នេះ កំពុង​ត្រូវបាន​ស្ថាបនា​នៅក្នុង​ទីរួមស្រុក Wuhu នៃ​ខេត្ត Anhui នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ចិន។ ដោយមាន​បណ្ដោយ​ប្រវែង​ប្រហែល ៦ គីឡូម៉ែត្រ នេះ​គឺជា​ផ្លូវ​រូង​ក្រោម​ដំបូង​ដែល​ឆ្លងកាត់​ក្រោម​បាតទន្លេ Yangtze នៃ​ខេត្ត Anhui។

    សំណង់​នេះ​ស្ថិតនៅ​ជម្រៅ ៧០ ម៉ែត្រ ខាងក្រោម​បាតទន្លេ និង​មាន​ផ្លូវ​ល្បឿន​លឿន​ទ្វេ​ទិស ៦ គន្លង ដែល​អាច​បើកបរ​ក្នុង​ល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង។

    គម្រោង​ដែលមាន​ឈ្មោះ​ថា Wuhu City South Crossing River Tunnel នេះ​ ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ​ចុងឆ្នាំ ២០២៤ នេះ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​តំបន់​ថ្មី និង​តំបន់​ទីក្រុង​របស់ Wuhu ចុះមក​នៅត្រឹម ៥ នាទី នៅពេល​ជិះ​រថយន្ត។

  • ភាគហ៊ុន Alibaba ធ្លាក់​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ CCTV ផ្សាយ​ថា Hangzhou បានដាក់​កំហិត​លើ​​បុគ្គល​​​ម្នាក់​​ដែល​មានត្រកូល Ma

    ភាគហ៊ុន Alibaba ធ្លាក់​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ CCTV ផ្សាយ​ថា Hangzhou បានដាក់​កំហិត​លើ​​បុគ្គល​​​ម្នាក់​​ដែល​មានត្រកូល Ma

    ក្រុម​អ្នកវិនិយោគ​នៅ Alibaba ហាក់បីដូច​កំពុង​អង្គុយ​ក្បែរ​អណ្ដាតភ្លើង​ដ៏​ក្ដៅ នៅពេល​បញ្ហា​នេះ​កើតឡើង។

    យោងតាម​ទំព័រ Bloomberg ភាគហ៊ុន​របស់ Alibaba Group Holding ទើបតែ​បានឃើញ​នូវ​ការធ្លាក់ចុះ​ជាង ៩% បន្ទាប់ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នៅ​ទីក្រុង Hangzhou បានដាក់​បទបញ្ជា​រឹតត្បិត​លើ​បុគ្គល ១ រូប​ដែលមាន​ត្រកូល Ma។

    ភាគហ៊ុន​របស់ Alibaba ក្រោយមក​ក៏បាន​ងើបឡើង​ជិត​ដល់​តម្លៃ​ដើម បន្ទាប់ពី​ប៉ូលិស​ក្រុង Hangzhou បានចេញ​ប្រកាស​មួយ​ដែល​ដូច​ទៅនឹង​ការផ្សាយ​របស់ CCTV ប៉ុន្តែ មានការ​ប្ដូរផ្លាស់​តិច​តួច​ដែល​បង្ហាញថា ឈ្មោះ​របស់​ជនជាប់ចោទ​មាន ៣ ពាក្យ។ ចំណែក ឈ្មោះ​របស់​មហាសេដ្ឋី Jack Ma សហ​ស្ថាបនិក​របស់ Alibaba នៅក្នុង​ភាសា​ចិន មានតែ ២ ពាក្យ គឺ Ma Yun (马云)។

    របាយការណ៍​ដំបូង​ឱ្យដឹងថា បុគ្គល​ដែល​ត្រូវបាន​គេ​លាក់​ឈ្មោះ​នេះ ត្រូវបាន​អនុវត្ត​នូវ​អ្វីដែល​គេ​ហៅថា «វិធានការ​បង្ខំ» កាលពី​ថ្ងៃទី ២៥ មេសា ក្រោយពី​ត្រូវបាន​ចោទ​ពីបទ​អុជអាល​ដើម្បី​ផ្ដួលរំលំ​រដ្ឋអំណាច និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ នេះ​គឺជា​ព័ត៌មាន​ដែល CCTV បាន​ចុះផ្សាយ ដោយ​ដកស្រង់​ពី​អង្គភាព​សន្តិសុខ​សាធារណៈ ដែល​មិនមាន​ការបកស្រាយ​អ្វី​បន្ថែម។

    ថ្វីបើ​មាន​ខ្លឹមសារ​ខ្លី ប៉ុន្តែ វា​បានធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​ក្នុង​រយៈពេល​យូរ​របស់ ទីក្រុង​ប៉េកាំង ទៅលើ​គ្រប់​កន្លុកកន្លៀត​នៃ​វិស័យ​អ៊ី​ន​ធើរ​ណិ​ក ដោយ​ការចាប់ផ្ដើម​សំពង​លើ​មហាសេដ្ឋី Jack Ma ដំបូង​គេ។ មុន​នោះ អាជ្ញាធរ​ចិន បាន​ផ្អាក​គម្រោង IPO របស់ Ant Group Co. មុនពេល​ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​អំណាច និង​ការរីកចម្រើន​យ៉ាង​លឿន​របស់​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណិ​ត។

    ក្រុមមន្ត្រី​ចិន នៅ​ទីក្រុង Hangzhou ជាទី​ដែល​ទាំង Alibaba ទាំង Ant សុទ្ធ​តែមាន​ការិយាល័យ​កណ្ដាល មិនបាន​អធិប្បាយ​អ្វី​ចំពោះ​បញ្ហា​នេះ។ ចំណែក​តំណាង​របស់ Alibaba និង Ant ក៏​មិនបាន​ឆ្លើយតបភ្លាមៗទៅនឹង​សំណួរ​ពី Bloomberg ទាក់ទិន​នឹង​បញ្ហា​ខាងលើ៕

  • (វីដេអូ)-ទំនប់​​វា​រី​​អគ្គិសនី​​ធំ​ជាង​គេ​​លំដាប់​​ទី​​ពីរ​​ក្នុង​​ពិភព​លោក​ ​សាង​សង់​​ជិត​​រួច​រាល់​​ជា​​ស្ថាពរ

    (វីដេអូ)-ទំនប់​​វា​រី​​អគ្គិសនី​​ធំ​ជាង​គេ​​លំដាប់​​ទី​​ពីរ​​ក្នុង​​ពិភព​លោក​ ​សាង​សង់​​ជិត​​រួច​រាល់​​ជា​​ស្ថាពរ

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan ស្ថិតនៅលើ​ទន្លេ Yangtze មាន​កម្លាំង ១៦ លាន​គីឡូវ៉ាត់ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែកក្កដា ២០២២។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan កំពុង​ត្រូវបាន​បង្ហើយ​ការងារ​នៃ​ការដំឡើង​ម៉ាស៊ីន​វា​រី​អគ្គិសនី ២ គ្រឿង​ចុងក្រោយបង្អស់។ នៅពេល​ស្ថាបនា​រួចរាល់​នៅក្នុង​ខែកក្កដា វា​នឹង​ក្លាយជា​ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី Three Gorge។

    ស្ថិតនៅត្រង់​កំណាត់​លើ​នៃ​ទន្លេ Yangtze ទំនប់​ដែលមាន​រាង​ដូច​ដំបូង​នេះ មាន​កម្ពស់ ២៨៩ ម៉ែត្រ និង​ប្រវែង ៧០៩ ម៉ែត្រ។ Baihetan នឹងមាន​កម្លាំង​សរុប ១៦ លាន​គីឡូវ៉ាត់ ដោយ​បំពាក់​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ គ្រឿង ក្នុងនោះ ១ គ្រឿងៗមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ដែល​នេះ​គឺ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​ទោល។

    មហា​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​កាលពី​ឆ្នាំ ២០១៧ និង​ត្រូវ​ចំណាយ​ទុនវិនិយោគ ៣៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ២ គ្រឿង​ដំបូង​បានដាក់​ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១។

    ជា​គម្រោង​ធំ​មួយ​ក្នុង​កម្មវិធី​ផលិត និង​ចែកចាយ​អគ្គិសនី​បស្ចិម-បូព៌ា របស់ ប្រទេស​ចិន គម្រោង​វា​រី​អគ្គិសនី Baihetan បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ មកកាន់​បណ្ដា​តំបន់​ខាងកើត​ដែលមាន​តម្រូវការ​អគ្គិសនី​ខ្ពស់។

    គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​កាន់​បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ប្រហែល ១៩.៦៨ លាន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) បាន​ប្រហែល ៥១.៦ លាន​តោន ជា​រៀងរាល់ឆ្នាំ៕

  • ក្រសួង​សាធារណការ ប្រកាស​​ឱ្យ​​ក្រុម​ហ៊ុន​​ភ្នាក់​ងារ​​នាវា ​មក​​​ដាក់​​ពាក្យ​សុំ​​លិខិត​អនុញ្ញាត​ ដើម្បី​​អាច​​ប្រើ​​ព័ន្ធ​​ផ្លាស់​ប្ដូរ​​ទិន្នន័យ​​អេឡិច​ត្រូនិក​​កំពង់​ផែ

    ក្រសួង​សាធារណការ ប្រកាស​​ឱ្យ​​ក្រុម​ហ៊ុន​​ភ្នាក់​ងារ​​នាវា ​មក​​​ដាក់​​ពាក្យ​សុំ​​លិខិត​អនុញ្ញាត​ ដើម្បី​​អាច​​ប្រើ​​ព័ន្ធ​​ផ្លាស់​ប្ដូរ​​ទិន្នន័យ​​អេឡិច​ត្រូនិក​​កំពង់​ផែ

    នៅ​ថ្ងៃទី ០២ ឧសភា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការកំណត់​ពេលវេលា​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា។

    នៅក្នុង​ប្រកាស​នេះ ក្រសួង​សាធារណការ បានឱ្យដឹងថា បច្ចុប្បន្ន នៅមាន​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​មួយចំនួនទៀត មិនទាន់​បានមក​ដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ដើម្បីឱ្យ​ក្លាយជា​ក្រុមហ៊ុន​ស្របច្បាប់​នៅឡើយ។ ដូច្នេះ ក្រសួង​ស្នើឱ្យ​ក្រុមហ៊ុន​ទាំងនេះ ចូលមក​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឱ្យបាន​ត្រឹម​ថ្ងៃទី ២៩ ឧសភា ២០២២ មុនពេល​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ។

    ក្រុមហ៊ុន​នឹងមិន​មាន​សិទ្ធិ​ទទួលបាន​គណនី​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​ឡើយ បើសិន​មិនបាន​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • សម្ពោធ​ដាក់​ដំណើរការ «ព្រលាន​ឡាន​ហោះ» ដំបូង​ក្នុង​ពិភពលោក

    សម្ពោធ​ដាក់​ដំណើរការ «ព្រលាន​ឡាន​ហោះ» ដំបូង​ក្នុង​ពិភពលោក

    (អង់គ្លេស)-ព្រលាន​ឡាន​ហោះ Air One ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​រួមផ្សំ​ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​នាំមក​នូវ​បណ្ដាញ​ចរាចរណ៍​សាធារណៈ​ក្នុង​ក្រុង​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

    Air One ជា​ព្រលានយន្តហោះ​ដំបូង​គេ​ក្នុង​ពិភពលោក​សម្រាប់​ឡាន​ហោះ និង​យន្តហោះ​ដ្រូ​ន​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី។ Air One បើក​ដំណើរការ​នៅ​ទីក្រុង Coventry របស់ ប្រទេស​អង់គ្លេស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី ២៩ មេសា របស់ Interesting Engineering។ បើសិនជា​ជោគជ័យ Air One នឹង​ក្លាយជា​គំរូ​សម្រាប់​ការសាងសង់​ព្រលាន​ឡាន​ហោះ​រាប់រយ​ផ្សេងទៀត​នៅ​ទូទាំង​សកលលោក។

    ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ទីផ្សារ​សម្រាប់​យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​ទំនើប អាច​ឡើងដល់ ១២.៤ ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក នៅ​ឆ្នាំ ២០២៧។ ក្នុង​គ្រា​ដែល​ក្រុម​វិស្វករ និង​ក្រុម​អ្នក​រចនា ស្រាវជ្រាវ​អំពី​យន្តហោះ​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ ដើម្បី​អាច​បម្រើ​ដល់​វិស័យ​ចរាចរណ៍​ក្នុង​ក្រុង Urban-Air Port ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មាន​មូលដ្ឋាន​នៅ អង់គ្លេស ក៏បាន​ប្រឹងប្រែង​ដើម្បី​បង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ពួកវា មិន​ស្មុគស្មាញ​ដូច​អ្វីដែល​មនុស្ស​ជាច្រើន​បានគិត។

    Air One ដែលជា​ព្រលាន​ឡាន​ហោះ​បណ្ដោះអាសន្ន​ដំបូង​របស់ Urban-Air Port ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើពេល ១៥ ខែ ក្នុងនោះ​ក៏​រួមទាំង​ពេលវេលា​នៃ​ការ​គូ​ប្លង់ និង​ការសាង់សង់។ នេះ​គឺជា​គម្រោង​សហការ​រវាង ក្រុមប្រឹក្សា​ក្រុង Coventry និង Urban-Air Port ដើម្បី​បញ្ជាក់​ឱ្យដឹងថា ការដឹកជញ្ជូន​ផ្នែក​អាកាសចរណ៍​នៅ​ទីក្រុង អាចជួយ​កាត់បន្ថយ​ការបំពុល​បរិយាកាស និង​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​ដល់​កម្រិតណា។

    Air One ដំណើរការ​ដោយ​ថ្ម​ឧស្ម័ន​អ៊ីដ្រូសែន និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្ត។ Air One បាន​សហការ​ជាមួយ Supernal របស់​ក្រុមហ៊ុន Hyundai ដើម្បី​ប្រើប្រាស់​គំរូ​តាក់ស៊ី​ហោះ SA-1 ធ្វើជា​យាន​សម្រាប់​ការបង្ហាញ​ជាក់ស្ដែង។

    «នេះ​គឺជា​ដំណាក់កាល​ដំបូង​នៃ​យុគសម័យ​ដឹកជញ្ជូន​បែប​ថ្មី ជា​សម័យកាល​មិន​បញ្ចេញ​ឧស្ម័ន​ពុល មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​បណ្ដា​ទីក្រុង ហើយ​តាមរយៈ​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​មាន​សុខ​ភាពល្អ សុភមង្គល និង​ទទួលបាន​ការតភ្ជាប់​ច្រើនជាង​មុន» Ricky Sandhu ស្ថាបនិក​របស់ Urban-Air Port ថ្លែង​ដូច្នេះ។

     

    Air One នឹង​បើកទ្វារ​ទទួលភ្ញៀវ​ចូលមក​ទស្សនា​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ហើយ​ក្រោយមក Urban-Air Port នឹង​រើ Air One ទៅ​ដា​ក់នៅ​កន្លែងផ្សេងៗក្នុង ប្រទេស​អង់គ្លេស ដើម្បីឱ្យ​មនុស្ស​ជាច្រើន​ផ្សេងទៀត​បាន​ស្គាល់។ ក្នុងពេល Air-One បើកទ្វារ​ដំណើរការ ជើងហោះហើរ​នានា​របស់​ប៉ូលិស និង​យន្តហោះ​ដ្រូ​ន​ដឹកទំនិញ​នឹងត្រូវ​បានធ្វើ​ឡើង។

    តាម​គម្រោង Sandhu នឹង​បើក​ដំណើរការ​ព្រលាន​ឡាន​ហោះ​ជាង ២០០ កន្លែង នៅលើ​ពិភពលោក ជាមួយនឹង​គម្រោង​ដែល​កំពុង​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ទីតាំង​មួយចំនួន​នៅ​ទីក្រុង London (អង់គ្លេស), Los Angeles (អាម៉េរិក), អូស្ត្រាលី, កូរ៉េខាងត្បូង, បារាំង, អាល្លឺម៉ង់, តំបន់ Scandinavia (ដា​ណឺ​ម៉ាក, ន័​រ​វែ​ស និង ស៊ុយអែត) និង អាស៊ីអាគ្នេយ៍ ផងដែរ៕

  • UnionPay របស់ ចិន រារែក​ក្នុង​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី

    UnionPay របស់ ចិន រារែក​ក្នុង​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ UnionPay របស់ ចិន គេច​ចេញពី​ការរកស៊ី​ជាមួយ​បណ្ដា​ធនាគារ​របស់ រុស្ស៊ី ព្រោះតែ​មិន​ចង់​រង​ទណ្ឌកម្ម​ពី បស្ចិម​លោក ទាក់ទង​នឹង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    នៅពេលដែល ចិន បន្ត​បដិសេធ​ការចូលរួម​ធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ រុស្ស៊ី ជាមួយ​ក្រុម​ប្រទេស​លោកខាងលិច បណ្ដា​ក្រុមហ៊ុន​របស់ ចិន ដូចជា China UnionPay ជាដើម នៅតែ​បារម្ភ​ចំពោះ​បញ្ហា​ដែលថា ពួកគេ​នឹង​អាច​ជាប់​ទណ្ឌកម្ម។

    ក្រុមហ៊ុន​ផ្ដល់​សេវា​ប័ណ្ណ​ធនាគារ UnionPay បាន​បដិសេធ​ការរកស៊ី​ជាមួយ Sberbank (ធនាគារ​ធំ​របស់ រុស្ស៊ី) និង​ផ្អាក​ការចរចា​ជាមួយ​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ប្រទេស​នេះ។ ដូច្នេះ គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​កាត UnionPay ថ្មី​នៅ រុស្ស៊ី ក៏ត្រូវ​បង្ខំ​ឱ្យ​លុបចោល។

    គិត​ត្រឹម​ឆ្នាំ ២០២០ UnionPay កាន់កាប់​ចំណ​ក​ទីផ្សារ​ប្រហែល ១% ប៉ុណ្ណោះ នៅ រុស្ស៊ី ប៉ុន្តែ ប័ណ្ណទូទាត់ប្រាក់​របស់​ពួកគេ​នៅ​ទីផ្សារ​នេះ​បាន​កើនឡើង បន្ទាប់ពី Visa និង Mastercard បាន​ផ្អាក​សេវាកម្ម ដោយសារតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ UnionPay មិន​ចង់​ឆក់យក​ឱកាស​ដែល​ប្រកបដោយ​ហានិភ័យ​នេះ ដើម្បី​ពង្រីក​ទីផ្សារ​ឡើយ។

    ក្រុមហ៊ុន​ចិន ជាង ៨០% នៅ រុស្ស៊ី នៅតែ​បន្តធ្វើ​សកម្មភាព​ជំនួញ​ដូច​ធម្មតា នេះ​បើតាម​ស្ថិតិ​បានមកពី សាកល​វិទ្យា Yale របស់ អាម៉េរិក។ ប្រការនេះ​គឺ​ផ្ទុយ​ទាំងស្រុង​ទៅនឹង ជប៉ុន អាម៉េរិក និង អាល្លឺម៉ង់ ដែលមាន​ក្រុមហ៊ុន​ប្រហែល ៩០% បាន​ចាកចេញ កាត់បន្ថយ​ទំហំ ឬ​ផ្អាក​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី។

    ក៏ប៉ុន្តែ ក្រុមហ៊ុន​ចិន មួយចំនួន ក៏មាន​ការប្រុងប្រយ័ត្ន។ ធនាគារ​ចិន និង​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន បាន​កាត់បន្ថយ​សកម្ម​ភាព​ទាក់ទិន​នឹង​បណ្ដា​ទំនិញ​របស់ រុស្ស៊ី។

    «សហរដ្ឋ​អាម៉េរិក កំពុង​បង្កើន​ការតាមដាន​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់ ចិន ដែល​ចង់​ជំរុញ​សកម្មភាព​ជំនួញ​នៅ រុស្ស៊ី» ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ប្រទេស​នេះ​បាន​ប្រាប់ Nikkei ដូច្នេះ។ ការដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន តឿន​ឱ្យ ទីក្រុង​ប៉េកាំង ផ្អាក​ផ្ដល់​គាំទ្រ​ដល់ ទីក្រុង​មូ​ស្គូ គឺ​មានន័យថា ពួកគេ​បាន​បញ្ជូន​សញ្ញា​ព្រមាន​ថា បណ្ដា​ក្រុមហ៊ុន​ចិន ដែល​នៅតែ​រកស៊ី នៅ ប្រទេស​រុស្ស៊ី នឹងមាន​ហានិភ័យ​ទទួលផល​វិបាក​ផ្នែក​សេដ្ឋកិច្ច។

  • ប៉េកាំង ហាម​លក់​ចំណីអាហារ​ហូប​នៅនឹងកន្លែង នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ​ រយៈ​ពេល​ ៤ ថ្ងៃ​

    ប៉េកាំង ហាម​លក់​ចំណីអាហារ​ហូប​នៅនឹងកន្លែង នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិ​ រយៈ​ពេល​ ៤ ថ្ងៃ​

    ក្រុមមន្ត្រី​នៅ ទីក្រុង​ប៉េកាំង នៃ ប្រទេស​ចិន ស្នើឱ្យ​ប្រជាជន​មិន​ហូបចុក​ក្នុង​ភោជនីយដ្ឋាន​នៅក្នុង​ថ្ងៃ​ឈប់សម្រាក ទិវា​ពលកម្ម​អន្តរជាតិ ដែល​អូស​បន្លាយពេល ៤ ថ្ងៃ ក្នុង​បំណង​ទប់ស្កាត់​កូ​វីដ-១។

    យោងតាម​បទបញ្ជា​ថ្មី​របស់ ទីក្រុង​ប៉េកាំង បណ្ដា​ភោជនីយដ្ឋាន​នៅក្នុង​រដ្ឋធានី អាច​លក់​ចំណីអាហារ​ខ្ចប់​ទៅផ្ទះ ចាប់ពី​ថ្ងៃទី ១ ឧសភា ដល់​ដំណាច់​ថ្ងៃទី ៤ ឧសភា។

    អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ល្បីឈ្មោះ​មួយ​នៅ​ភាគ​ខាងកើត​នៃ រដ្ឋធានី​ប៉េកាំង ឱ្យដឹងថា ស្ថានការណ៍​កូ​វីដ-១៩ មាន​ភាព​តានតឹង និង​សេវាកម្ម​ត្រូវបាន​កាត់បន្ថយ នឹងធ្វើ​ឱ្យ​អាជីវកម្ម​របស់គាត់​ខាតបង់​ប្រហែល​ជាង ៣,០០០ ដុល្លារ​អាម៉េរិក ជា​រៀងរាល់ថ្ងៃ។

    ចាប់ពី​ថ្ងៃទី ៥ ឧសភា ពលរដ្ឋ​ក្រុង​ប៉េកាំង នឹងត្រូវ​បង្ហាញ​លិខិតបញ្ជាក់​ពី​ការធ្វើ​តេស្ត PCR អវិជ្ជមាន ដែល​អនុវត្ត​រយៈពេល ៧ ថ្ងៃ ដើម្បី​អាច​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ មុនពេល​បាន​ចូល​ការិយាល័យ ទីតាំង​លេង​កម្សាន្ត កីឡដ្ឋាន បន្ទប់​ហាត់ប្រាណ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន បណ្ណាល័យ និង​ទីតាំង​ទេសចរណ៍។

    ទីក្រុង​ប៉េកាំង ក៏​ប្រកាស​បើក​ដំណើរការ​មន្ទីរពេទ្យ Xiaotangshan ដែលជា​មជ្ឈមណ្ឌល​បណ្ដោះ​អាសន្ន ព្យាបាល​ជំងឺ​កូ​វីដ-១។ Xiaotangshan ដែលមាន​គ្រែ​ចំនួន ១,២០០ បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន ១២ នាក់ កំពុង​ទទួល​ការព្យាបាល៕

  • តំបន់​នៅ អ៊ុយ​ក្រែ​ន ដែល រុស្ស៊ី កំពុង​កាន់កាប់ នឹង​ប្រើប្រាស់​លុយ រូ​ប្ល​រុស្ស៊ី

    តំបន់​នៅ អ៊ុយ​ក្រែ​ន ដែល រុស្ស៊ី កំពុង​កាន់កាប់ នឹង​ប្រើប្រាស់​លុយ រូ​ប្ល​រុស្ស៊ី

    តំបន់ Kherson នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ប្រាក់ រូ​ប្ល របស់ រុស្ស៊ី ចាប់ពី​ថ្ងៃទី ១ ឧសភា។

    យោងតាម Reuters ព័ត៌មាន​ខាងលើ​គឺជា​ការ​ឱ្យដឹងពី​លោក Kirill Stremousov ជា​មន្ត្រី​នៃ​គណៈកម្មការ​មួយ​ស្និទ្ធ​នឹង រុស្ស៊ី ដែល​ហៅ​ខ្លួនឯង​ថា «អាជ្ញាធរ​យោធា-ស៊ីវិល» របស់​តំបន់ Kherson។

    លោក Stremousov និយាយថា ការប្ដូរ​ទៅប្រើ​ប្រាស់​រូបិយប័ណ្ណ រូ​ប្ល របស់ រុស្ស៊ី នឹងត្រូវ​ចំណាយពេល ៤ ខែ។ ក្នុងអំឡុង ៤ ខែ​នោះ ប្រាក់ រូ​ប្ល និង​ត្រូវបាន​ប្រើប្រាស់​ទន្ទឹមគ្នា​នឹង​រូបិយវត្ថុ​ផ្លូវការ​របស់ អ៊ុយ​ក្រែ​ន (Hryvnia)។

    កាលពី​ថ្ងៃទី ២៦ មេសា រុស្ស៊ី បានឱ្យដឹងថា ពួកគេ​ដណ្ដើមបាន​អំណាច​ទាំងស្រុង​នៅ Kherson ដែលជា​តំបន់​យុទ្ធសាស្ត្រ ព្រោះ​ជា​ផ្នែក​មួយ​ដែល​ត​ភ្ជាប់​ដីគោក​រវាង ឧបទ្វីប Crimea និង​បណ្ដា​តំបន់​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    រូបិយវត្ថុ​របស់​ អ៊ុយក្រែន

    រុស្ស៊ី បាន​ជ្រើសតាំង​អភិបាលក្រុង​ដោយឡែក​របស់​ពួកគេ​នៅ ទីក្រុង Kherson និង​ចូល​គ្រប់គ្រង​សាលាក្រុង​របស់​តំបន់​នេះ។ នេះ​គឺជា​ទីក្រុង​ធំ​ដំបូង​ដែល​បាន​ធ្លាក់​ទៅលើ​ដៃ រុស្ស៊ី បន្ទាប់ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

  • មហាសេដ្ឋី Elon Musk បន្ត​លក់​ភាគហ៊ុន Tesla តម្លៃ​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត ក្នុង​ថ្ងៃទី ២៨ មេសា

    មហាសេដ្ឋី Elon Musk បន្ត​លក់​ភាគហ៊ុន Tesla តម្លៃ​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត ក្នុង​ថ្ងៃទី ២៨ មេសា

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បាន​លក់​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន​ទៀត ក្នុងអំឡុង​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន ថ្ងៃទី ២៨ មេសា។

    យោងតាម​ទិន្នន័យ​កាលពី​ថ្ងៃទី ២៩ មេសា នៃ គណៈកម្មការ​មូល​ប​ត្រ (SEC) របស់ សហរដ្ឋ​អាម៉េរិក នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បាន​លក់​ភាគហ៊ុន Tesla ចំនួន​ជាង ៥ លាន​ហ៊ុន ដែលមាន​តម្លៃ ៤.៥ ពាន់​លាន​ដុល្លារ ក្នុង​ថ្ងៃទី ២៨ មេសា ២០២២។ ប្រការនេះ​បានធ្វើឱ្យ​ភាគហ៊ុន​ដែល​លោក​បាន​លក់​ចេញ បន្ទាប់ពី​បានប្រកាស​ទិញ Twitter ឡើងដល់​ជាង ៨.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    មុន​នោះ ឯកសារ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី ២៨ មេសា បង្ហាញថា លោក Musk បាន​លក់​ភាគហ៊ុន Tesla ចំនួន ៤.៤ លាន​ហ៊ុន នៅក្នុង​ថ្ងៃទី ២៦ និង ២៧ ខែមេសា។ ជារួម ក្នុងអំឡុង ៦ ខែ​កន្លងទៅ លោក Musk បាន​លក់​ភាគហ៊ុន Tesla សរុប ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk កាលពី​ថ្ងៃទី ២៥ មេសា បាន​ឯកភាព​ទិញ​បណ្ដាញ​សង្គម Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ។ គម្រោង​ប្រមូល​ទុន​សម្រាប់​ទិញ Twitter របស់លោក Musk រួមមាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដោយ​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

    កាលពី​ម្សិលមិញ លោក Musk បាន​សរសេរ​លើ Twitter ថា «មិនមាន​គម្រោង​លក់​ភាគហ៊ុន​ណាមួយ​ទៀតឡើយ ក្រោយពី​ថ្ងៃនេះ»។

    ភាគហ៊ុន Tesla ម្សិលមិញ​​បាន​បាត់បង់ ០.៨% នាំឱ្យ​កំណើន​នៃ​ការថយចុះ​សរុប​រាប់​ចាប់ពី​ថ្ងៃទី ២២ មេសា ឡើងដល់ ១៣%។ សប្ដាហ៍​នេះ​គឺជា​ពេលដែល Tesla ធ្លាក់​ថ្លៃ​ធ្ងន់ធ្ងរ​បំផុត​រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១។