Category: សង្គម និងសេដ្ឋកិច្ច

  • រាជរដ្ឋាភិបាល​កម្ពុជា មិន​គិតលុយ​ពី​ពលរដ្ឋ​ដាច់ខាត ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    រាជរដ្ឋាភិបាល​កម្ពុជា មិន​គិតលុយ​ពី​ពលរដ្ឋ​ដាច់ខាត ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    (ភ្នំពេញ)-ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបីជា​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់​ប្រជាពលរដ្ឋ រហូតដល់​ដូ​ស​ទី ១០ ក៏ដោយ ក៏​រដ្ឋាភិបាល​នៅតែ​មិន​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ជាដាច់ខាត។

    ប្រសាសន៍​របស់ សម្ដេច តេ​ជោ ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) នៅ​ថ្ងៃទី ១៧ ឧសភា​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល ថ្លែងថា កម្ពុជា ប្រហែលជា​មិន​ទទួលបាន​​ជោគ​ជ័យ​​នោះ​ឡើយ បើសិនជា​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ទៅតាម​ប្រទេស​មួយចំនួន។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ-១៩ សរុប​ប្រមាណ ៥២ លាន​ដូ​ស​រួចហើយ ក្នុងនោះ​វ៉ាក់សាំង​ដែល​ទិញ​ដោយ​ខ្លួនឯង​មាន​ជាង ២៨ លាន​ដូ​ស។ ពេលនេះ កម្ពុជា មាន​វ៉ាក់សាំង​ក្នុង​ដៃ​ប្រមាណ ៩ លាន​ដូ​ស​ទៀត សម្រាប់​បន្ត​ចាក់​ជូន​ពលរដ្ឋ និង​កំពុង​រង់ចាំ​វ៉ាក់សាំង​ដែល កម្ពុជា បាន​បញ្ជា​ទិញ ក៏ដូចជា​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​បរទេស។

  • ប្រទេស​ស្រីលង្កា អស់​សាំង​ពី​ឃ្លាំង! ប្រជាជន​​តម្រៀប​ជួរ ៨ ម៉ោង ដើម្បី​រង់ចាំទិញ​ឥន្ធនៈ

    ប្រទេស​ស្រីលង្កា អស់​សាំង​ពី​ឃ្លាំង! ប្រជាជន​​តម្រៀប​ជួរ ៨ ម៉ោង ដើម្បី​រង់ចាំទិញ​ឥន្ធនៈ

    កាលពី​ថ្ងៃទី ១៦ ឧសភា មនុស្ស​រាប់រយ​នាក់​បាន​ឈរ​តម្រៀបជួរ​នៅ​ខាងក្រៅ​ស្ថានីយ​ប្រេងសាំង​នានា​នៅ ស្រីលង្កា រង់ចាំ​ពី ៧ ទៅ ៨ ម៉ោង ដើម្បី​បាន​ចាក់​ឥន្ធនៈ ប៉ុន្តែ ភាគច្រើន​បាន​ត្រលប់​ទៅផ្ទះ​ដោយ «ដៃទទេ»។

    ទីភ្នាក់ងារសារព័ត៌មាន​របស់ រុស្ស៊ី Sputnik បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់ ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រទេស​នេះ​អស់​សាំង​កាលពី​ថ្ងៃទី ១៦ ឧសភា។

    ក៏ប៉ុន្តែ មេដឹកនាំ​ដែល​ទើប​ត្រូវបាន​ជ្រើសតាំង​កាលពី​សប្ដាហ៍​កន្លង បាន​សន្យាថា នឹង​បកស្រាយ​ពេញលេញ​នា​ពេល​ខាង​មុខ​ ស្ដីពី​​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​កើតឡើង​នៅ ប្រទេស​ស្រីលង្កា។

    «បច្ចុប្បន្ន សេដ្ឋកិច្ច​របស់ ស្រីលង្កា ពិតជា​ដុនដាប​ខ្លាំងណាស់» អ្នកនយោបាយ​វ័យ ៧៣ ឆ្នាំ​ខាងលើ បាន​ថ្លែង​ដូច្នេះ។ កាលពី​ថ្ងៃទី ១៦ ឧសភា អ្នកលេង​បណ្ដាញ​សង្គម​ក្នុងប្រទេស​នេះ បាន​ចែករំលែកតៗគ្នា​អំពី​វីដេអូ​ដែល​ស្ដែង​ពី​ទិដ្ឋភាព​យានយន្ត​តម្រៀប​ជា​ជួរ​យ៉ាង​វែង និង​អស់​រយៈពេល​យ៉ាងយូរ ដើម្បី​រង់ចាំ​ចាក់​សាំង នៅតាម​ទីតាំង​ស្ថានីយ​ប្រេងសាំង​នានា​របស់ ស្រីលង្កា។

    នាយករដ្ឋមន្ត្រី​វិញ ក៏បាន​ប្រកាសថា ប្រទេស​នេះ​កំពុង​ខ្វះ​ថ្នាំពេទ្យសំខាន់ៗ ១៤ មុខ ហើយ​ថា បញ្ហា​អតិផរណា​អាច​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ខ្លី។ លោក​បានឱ្យដឹងថា បញ្ហា​ដាច់​ភ្លើង​ប្រចាំថ្ងៃ​អាច​កើន​ដល់ ១៥ ម៉ោង/ថ្ងៃ។

    ស្ថាប័ន​ពាក់​ព័ន្ធ​របស់ ប្រទេស​ស្រីលង្កា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អត់ធ្មត់ ហើយ​​មិន​ចេញ​មក​តម្រៀប​ជួរ​ចាំ​ចាក់​សាំង​ និង​មិន​ត្រូវ​ទិញ​សាំង​ទុក​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ រហូត​ដល់​ប្រេង​សាំង​ត្រូវ​បាន​ចែកចាយ​នៅ​តាម​ស្ថានីយ​ប្រេង​នានា​។

    មុន​នោះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa បាន​ចុះ​ចេញពី​តំណែង​ដោយមាន​សម្ពាធ​ពី​ក្រុមបាតុករ។ អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល និង​ក្រុមបាតុករ បានធ្វើ​ឱ្យមាន​មនុស្ស​ស្លាប់ ៩ នាក់ និង​របួស​ជាង ៣០០ នាក់ កាលពី​សប្ដាហ៍​កន្លង។

  • នារី​ម្នាក់​ វ័យ ២៦ ឆ្នាំ រកបាន​ប្រាក់​​ចំណេញ ៧,០០០ ដុល្លារ/ខែ ពី​ការលក់​សម្លៀកបំពាក់​ជ​ជុះ

    នារី​ម្នាក់​ វ័យ ២៦ ឆ្នាំ រកបាន​ប្រាក់​​ចំណេញ ៧,០០០ ដុល្លារ/ខែ ពី​ការលក់​សម្លៀកបំពាក់​ជ​ជុះ

    Olivia Hillier ធ្វើ​ជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់​មួយ​ទឹក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល​ពី ៦,០០០ ទៅ ៧,០០០ ដុល្លារ​អាម៉េរិក ជា​រៀងរាល់ខែ។

    នាង Olivia Hillier ចាប់ផ្ដើម​ការងារ​បន្ទា​ប់​បន្សំ​របស់​នាង ដោយ​លក់​អាវយឺត​តម្លៃ ៥ ដុល្លារ​អាម៉េរិក ដែល​នាង​បានឃើញ​នៅក្នុង​ហាង​សម្លៀកបំពាក់​តម្លៃ​ទាប​មួយកន្លែង។

    Hillier គឺជា​និស្សិត​ពេទ្យ​នៅ​សាកលវិទ្យាល័យ Oakland ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាម៉េរិក។ នាង​សន្សំ​បាន​បទពិសោធន៍​មួយចំនួន​ដោយសារតែ​ការលក់​សម្លៀកបំពាក់​មួ​យ​ទឹក​នៅលើ​កម្មវិធី (App) លក់ទំនិញ​ជជុះ Poshmark។ នៅក្នុង​សម័យ​កូ​វីដ-១៩ ឆ្នាំ ២០២០ នាង​បាន​រកឃើញថា អ្នកលក់​នៅលើ Poshmark កំពុង​រកបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការ «ទិញ​ហើយ​លក់​វិញ» នូវ​សម្លៀកបំពាក់​ទាក់​សម័យ​មួយ​ទឹក។

    នារី​រូបនេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ​លើ​វិធី​ដំណើរការ​នៅលើ​ហាង​អន​ឡាញ Poshmark និង​ពិចារណា​អំពី​យុទ្ធសាស្ត្រ​លក់​របស់ខ្លួន។

    អាវយឺត​តម្លៃ ៥ ដុល្លារ​ដំបូង​របស់​នាង ក្រោយមក​ត្រូវបាន​លក់​ក្នុងតម្លៃ ២០ ដុល្លារ។ ចាប់ពីពេលនោះ​មក មុខរបរ​នេះ​បាន​នាំមក​នូវ​ចំណូល​សរុប​ជាង ១១៧,០០០ ដុល្លារ​ដល់​នាង ក្នុងនោះ ឆ្នាំ ២០២១ Hillier រកបាន​ប្រហែល ៨៥,០០០ ដុល្លារ។ ជា​រៀងរាល់ខែ នាង​រកបាន​ប្រាក់ចំណេញ​ចាប់ពី ៦,០០០ ដល់ ៧,០០០ ដុល្លារ ដែល​នេះ​ជួយ​ឱ្យ​នាង​ទិញ​បាន​ផ្ទះមួយ​ខ្នង​ដែលមាន ៥ បន្ទប់​គេង។

    ចាប់ពី​ខែសីហា ២០២០ Hillier បាន​សិក្សា​ស្រាវជ្រាវ​លម្អិត ហើយ​ចុងក្រោយ​នាង​បាន​រកឃើញថា សម្លៀកបំពាក់​បែប «vintage» ទទួលបាន​ការពេញនិយម​ជាងគេ។ អតិថិជន​សំខាន់​របស់​នាង​គឺជា​នារី​ដែលមាន​អាយុ​ចាប់ពី ២៦ ដល់ ៤០ ឆ្នាំ។

    ដំបូង នាង​គិតថ្លៃ​ពី ២០ ដល់ ៣០ ដុល្លារ​សម្រាប់​ទំនិញ​មួយ​មុខ ដោយ​មិន​គិត​អំពី​ប្រភព​ទំនិញ។ ក្រោយពី​ការស្រាវជ្រាវ នាង​បាន​កែ​ប្រែង​តម្លៃ ក្នុងនោះ រ៉ូ​ប​មួយឈុត​របស់ Hillier ត្រូវបាន​លក់​ចាប់ពី ២៥ ដល់ ២០០ ដុល្លារ អាស្រ័យ​លើ​ម៉ាក និង​តម្លៃ​លក់រាយ​របស់​ទំនិញ។

    Hillier រៀបរាប់​ប្រាប់ថា នៅ​ថ្ងៃ​សុក្រ នាង​តែងតែ​ទៅកាន់​ហាង​លក់​សម្លៀកបំពាក់​តម្លៃ​ទាប​នានា ដើម្បី​វិភាគ បែងចែក​ប្រភេទ​ទំនិញ។ ថ្ងៃអាទិត្យ នាង​ទៅ​ស្លៀកពាក់ និង​ថតរូប​សម្រាប់​កម្រង​សម្លៀកបំពាក់​ថ្មី​របស់ខ្លួន។ នៅ​ថ្ងៃ​ចន្ទ ពេលទំនេរ​ចន្លោះ​ពី​ម៉ោង​សិក្សា នាង​បង្ហោះ​រូបថត​នៃ​ផលិតផល​ថ្មី​របស់ខ្លួន​ទៅលើ Poshmark។ ថ្ងៃ​ណា​ក៏​នាង​ត្រូវ​ទៅ​ផ្ញើ​ទំនិញ​ឱ្យ​អតិថិជន។

    យោង​តាម​ CNBC ទន្ទឹមនឹង​ការស្រាវជ្រាវ ការវិភាគ ការបែងចែក​ប្រភេទ​ទំនិញ ឬ​មួយ​ការកំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​បង្ហោះ​លក់​ខាងលើ នាង Olivia​ Hillier ក៏បាន​បង្កើន​ប្រភព​ទំនិញ​តាម​ដែល​អាចធ្វើ​ទៅបាន។ ក្រៅពីនេះ ការជ្រើសរើស​កន្លែង​លក់ (គេហទំព័រ E-Commerce) ក៏ត្រូវ​បាន​នាង​យកចិត្តទុកដាក់ ដោយសារ​ថា កន្លែង​លក់​ខ្លះ​កាត់​ភាគរយ​ពី​ទំនិញ​ខ្ពស់​បន្តិច​មែន ប៉ុន្តែ សេវាកម្ម​ល្អ ខណៈ​កន្លែង​ខ្លះ​កាត់​ភាគតិច ប៉ុន្តែ សេវា​មិន​បានល្អ ដូច្នេះ​នាង​ត្រូវធ្វើ​ការជ្រើសរើស​នូវ​ថ្នាល​បច្ចេកវិទ្យា​ដែល​ផ្ដល់​បទពិសោធន៍​ល្អ​ដល់​អតិថិជន​របស់​នា​ង។

    Hillier និយាយថា «ពិតជា​អស្ចារ្យ​ណាស់​នៅពេល​វា (ថ្នាល​បច្ចេកវិទ្យា) មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​មាន​ពេលវេលា​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​នោះទេ តែ​ក៏​ឱ្យ​យើង​មានលទ្ធភាព​សម្រាប់ធ្វើ​រឿងផ្សេង» នៅពេល​លក់ដូរ​អន​ឡាញ​បែបនេះ៕

  • «សាកសព» ដើមឈើ​ទាល​ធំ​មួយ​ដើម អាយុកាល​ប្រហែល​រាប់រយឆ្នាំ ទទួលបាន​ការគោរព​បូជា​ ក្រោយ​​ផុស​ពី​ទន្លេ​ឡើង​វិញ

    «សាកសព» ដើមឈើ​ទាល​ធំ​មួយ​ដើម អាយុកាល​ប្រហែល​រាប់រយឆ្នាំ ទទួលបាន​ការគោរព​បូជា​ ក្រោយ​​ផុស​ពី​ទន្លេ​ឡើង​វិញ

    សាលាឃុំ​ឈើទាល នៃ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ជា​ជន​នៅក្នុង​តំបន់ ពិសេស​គឺ​អ្នកមាន​ជំនឿ ចាប់ពី​ថ្ងៃ​ដែល​អាជ្ញាធរ​ឃុំ​ឈើទាល បាន​អូស «សាកសព» ដើមឈើ​ទាល​ដ៏​ធំ​មួយ​ដើម​មក​តម្កល់​នៅខាងមុខ​បរិវេណ​សាលាឃុំ។

    ប្រជាពលរដ្ឋ​ជាច្រើន​កុះករ នាំគ្នា​ទៅ​មើល និង​អុជ​ធូប​ទៀន ថ្វាយ​ផ្កា បួងសួង​សុំ​សេចក្ដីសុខ​ពី​ខ្លឹម​ដើមឈើ​ទាល​ខាងលើ ខណៈដែល​អ្នកលេង​បណ្ដាញ​សង្គម​នាំគ្នា​ចែករំលែក​ទិដ្ឋភាព​នៃ​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នេះ។

    «ដើមឈើ​ទាល​មាន​អាយុកាល​រាប់រយឆ្នាំ កប់​ក្នុង​ទឹកទន្លេ​បាសាក់​រាប់សិប​ឆ្នាំ​ទៀត សល់​តែ​ខ្លឹម​សុទ្ធ បើ​មិនបាន​ទៅ​មើល​មិន​អស់ចិត្ត​ទេ» នេះ​បើតាម​គណនី Facebook ឈ្មោះ Phoeng Seang ដែល​បាន​ទៅដល់​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នៅ ឃុំ​ឈើទាល កាលពី​ម្សិលមិញ។ ម្ចាស់​គណនី​នេះ​បន្តថា «ទីតាំង» តម្កល់​ដើមឈើ​ទាល​នេះ ស្ថិត «នៅ​សាលាឃុំ​ឈើទាល ស្រុក​កៀនស្វាយ» ខេត្តកណ្ដាល។ បុរស​នេះ​ថែមទាំង​បាន​បង្ហោះ​តំណ​ភ្ជាប់​ផែនទី​នៃ​ទីតាំង​របស់​សាលាឃុំ​ឈើ​ទាល​ផងដែរ។

    នៅក្នុង​ឱកាស​នៃ​ថ្ងៃបុណ្យ​វិសាខបូជា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​រៀបចំ​ពិធី​នៅ​ទីតាំង​តម្កល់​ដើមឈើ​ទាល​នេះ។ អ្នកភូមិ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ដើមឈើ​ទាល​នេះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជា​យូរ​មកហើយ ប៉ុន្តែ​ពេលនេះ​បែរជា​ផុស​ឡើងមក​វិញ ធ្វើឱ្យ​មនុស្សម្នា​កមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង។

    អាជ្ញាធរ​ឃុំ​ខាងលើ កាលពី​ថ្ងៃទី ១៣ ឧសភា បាន​យក​គ្រឿងចក្រ​ទៅ​អូសទាញ​ដើមឈើ​ទាល​មួយ​ដើម​ដែល​នៅសល់តែ​ឃ្លឹម​នេះ​ឡើង​ពី​ទន្លេ និង​បានដាក់​តម្កល់​នៅ​សាលាឃុំ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ច្រើន​នាក់​ប្រុង​នឹង​អូស​ដើម​ឈើទាល​នេះ​យក​ចេញពី​កន្លែង​ដែល​គេ​ប្រទះឃើញ​ដំបូង។

  • ក្រុមហ៊ុន​រ៉ែ​ប្រេង​​មួយ​ ចំណេញ​កប់​ក្ដោង នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២

    ក្រុមហ៊ុន​រ៉ែ​ប្រេង​​មួយ​ ចំណេញ​កប់​ក្ដោង នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២

    ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី ១ របស់​ក្រុមហ៊ុន Saudi Aramco កើន​ជាង ៨០% ដែល​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ព្រមទាំង​បាន​បង្កើត​កំណត់ត្រា​ថ្មី​ផងដែរ។

    ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី ១៥ ឧសភា បានប្រកាសថា ប្រាក់ចំណេញ​បានកើត ៨២% ធៀប​នឹង​ឆ្នាំ​កន្លង ដោយ​ឡើងដល់ ៣៩.៥ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ។ មុន​នោះ ការស្ទង់មតិ​របស់ Reuters ទៅលើ​ក្រុមអ្នកវិភាគ បាន​ព្យាករ​ថា Saudi Aramco នឹង​រកបាន​ប្រាក់ចំណេញ​ត្រឹមតែ ៣៨.៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ប្រាក់ចំណេញ​របស់​ពួកគេ​កើនឡើង​ខ្ពស់​ដោយសារតែ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​ខ្លាំង បរិមាណ​ប្រេង​លក់​ចេញ​ច្រើនជាង​មុន ផលចំណេញ​នៅ​ដំណាក់កាល​ចម្រាញ់ និង​ក្នុង​វិស័យ​គីមី​សាស្ត្រ​ក្រោយ​ការទាញយក​ត្រូវបាន​កែលម្អ។

    កាលពី​សប្ដាហ៍​កន្លង Aramco ក៏បាន​យកឈ្នះ​លើ Apple ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​មូលធន​ទីផ្សារ ២.៤៣ ទ្រី​លាន​ដុល្លារ​អាម៉េរិក។ មូលធន​ទីផ្សារ​បច្ចុប្បន្ន​របស់ Aramco នៅតែ​ស្ថិតក្នុង​រង្វង់​នេះ។

  • អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ល្វែង​នៅក្នុង​បុរី​សូ​នី បណ្ដាលឱ្យ​មានការ​ភ័យ​ភិត​ទាំង​​យប់​ជ្រៅ​

    អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ល្វែង​នៅក្នុង​បុរី​សូ​នី បណ្ដាលឱ្យ​មានការ​ភ័យ​ភិត​ទាំង​​យប់​ជ្រៅ​

    (ភ្នំពេញ)-ផ្ទះល្វែង​មួយកន្លែង​នៅ បុរី  សូ​នី  គឺ​ផ្ទះ​លេខ​៣៣១A ស្ថិតនៅ​ផ្លូវ​លេខ​៨១៥០ny ភូមិ​ឫស្សី  សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាលឱ្យ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​ខូចខាត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី​ទៀបភ្លឺ នៃ​ថ្ងៃទី ១៦ ឧសភា ២០២២។

    មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ គឺ «បណ្តាលមកពី​ការដុត​ទៀនធូប» នេះ​បើតាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ។ អគ្គិភ័យ​នេះ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង ប៉ុន្តែ សម្ភារ​មួយចំនួន​ក្នុងផ្ទះ​កើតហេតុ​បាន​រង​ការខូចខាត។

    នៅក្នុង​ការធ្វើអន្តរាគមន៍ កម្លាំង​ជំនាញ​បាន​ពន្លត់​អគ្គិភ័យ​ទាំងស្រុង​នៅវេលា​ម៉ោង ២ និង ៤០ នាទី​ទៀបភ្លឺ ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ២ រឿង បាញ់​ទឹក​អស់ ១ ឡាន នេះ​បើតាម​គេហទំព័រ​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ៕

  • ការសិក្សា​របស់​ក្រុមហ៊ុន Visa លើ​កំណើន​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ខណៈពេលដែល​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ

    ការសិក្សា​របស់​ក្រុមហ៊ុន Visa លើ​កំណើន​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ខណៈពេលដែល​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ

    ភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ នៅថ្ងៃនេះ​ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ការសិក្សា​ចុងក្រោយ​របស់ខ្លួន ដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ ៣២ ភាគរយ គ្រោង​នឹង​ឈប់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ បន្ទាប់ពី​ការកើនឡើង​នៃ​ជំងឺ​រាតត្បាត Covid-19។ បើ​យោងតាម​ការសិក្សា[1] របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិ​ជននេះ បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​យ៉ាង​លឿន ពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ទៅជា​ការទូទាត់​តាមរយៈ​ឌីជីថល និង​តាមរយៈ​បច្ចេកវិទ្យា Contactless ជាពិសេស គឺ​តាមរយៈ QR កូដ  និង​កាបូប​អេ​ឡិច​ត្រូ​និ​ច (e-Wallet)។

    ជំងឺ​រាតត្បាត​កូ​វីត បាន​ព​ន្លឿ​ន​នូវ​ការទូទាត់​តាមរយៈ​ឌីជីថល​ក្នុងចំណោម​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជឿជាក់ថា ការមិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នឹងធ្វើ​ឱ្យ​សង្គម​កាន់​តែមាន​អនាម័យ (មាន​ប្រមាណ ៤៣%) កាន់​តែមាន​ប្រសិទ្ធភាព (មាន​ប្រមាណ៣៩%) និង ល្អ​សម្រាប់​បរិស្ថាន (ប្រមាណ៣៧%) ។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ដោយសារតែ​ជម្រើស​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​មាន​ច្រើន យើង​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ពី​ជំនាន់​មួយ គឺ​អំពី​របៀប​ដែល​ប្រជាជន​កម្ពុជា​ជ្រើសរើស​ការទូទាត់ និង​ការទទួលប្រាក់។ នៅ​ក្រុមហ៊ុន Visa យើង​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​អំពី​ដំណើរការ​អភិវឌ្ឍ​ទៅរក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​ទីផ្សារ ដើម្បី​ធានាបាន​នូវ​ការគាំទ្រ​ដល់​ដៃគូ​អាជីវកម្ម​ក្នុងស្រុក​ឲ្យ​ទទួលបាន​ទម្រង់​ទូទាត់​ប្រាក់​ឌីជីថល​ដែល​កាន់តែ​ឆ្លាត​វៃ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជាង​មុន។

    ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19 ការប្រើ​សាច់ប្រាក់​សុទ្ធ បាន​ធ្លាក់ចុះ ២២ ភាគរយ បើ​ធៀប​ទៅនឹងឆ្នាំមុន។ អ្នកប្រើប្រាស់​កម្ពុជា​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ បាន​ព្យាយាម​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ ហើយ​ជា​លទ្ធផល​ស្ទើរតែ​ពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេ​អាច​ឈប់​ប្រើ​សាច់ប្រាក់​សុទ្ធ បានយូរ​រហូតដល់​ទៅ​ជាង​មួយ​សប្តាហ៍។ ក្នុងចំណោម​អ្នក​ដែល​មិនបាន​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ មាន​ប្រហែល ២៩ ភាគរយ មាន​ជំនឿ​ចិត្ត​ថា ពួកគេ​អាច​ពឹង​ផ្អែកលើ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​បាន​រហូតដល់​ទៅមួយ​ខែ​ឬ​យូរ​ជាង​នេះ។

    តាមរយៈ​ការសិក្សា​ក៏បាន​បង្ហាញ​ពីស​ន្ទុះ​នៃ​ការទទួលយក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ និង​តាមរយៈ​ឌីជីថល​ផងដែរ ជាពិសេស​តាមរយៈ​ការប្រើ​កាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃ​ប្រជាជន​កម្ពុជា ជ្រើស​យក​ការទូទាត់​តាមរយៈ​កាត ហើយ​ស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុង​ប្រើ​ទាំង​កាបូប​អេ​ឡិច​ត្រូ​និ​ច នឹង កាត ដែល​នេះ​បង្ហាញ​ពី​ចំណូលចិត្ត​នៃ​ការប្រើប្រាស់​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។ ទន្ទឹមនឹងនេះ ការទូទាត់​តាមរយៈ QR កូដ មានការ​កើនឡើង​បី​ដង​ក្នុង​មួយឆ្នាំ ដែល​បច្ចុប្បន្ននេះ​អ្នកប្រើប្រាស់​មាន​ចំនួន ៣៦ ភាគរយ នៅក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​វា។ ការទូទាត់​តាមរយៈ QR កូដ គឺជា​ទម្រង់​ទូទាត់​ប្រាក់​ដែល​ពេញនិយម​បំផុត​ដែល​ស្ថិតនៅ​លំដាប់​ទី​ពីរ​នៅក្នុង​ចំណោម​ជម្រើស​នៃ​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ទាំងអស់ ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប នឹង​ហាង​លក់ទំនិញ។

    អ្នកប្រើប្រាស់ បានបង្ហាញ​ពី​ទំនោរ​ចិត្ត​លើ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ ព្រោះ​វា​ជា​ជម្រើស​ដ៏​ល្អ​ដែលមាន​បញ្ចូល​មុខងារ​ទូទាត់​ប្រាក់​ភ្ជាប់​ជាមួយ។ ធនាគារ​ឌីជីថល ក៏បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​បែប​ប្រពៃណី​ផងដែរ ខណៈដែល ៦០ភាគរយ នៃ​អ្នកប្រើប្រាស់​ឥឡូវនេះ ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត នឹង​បាន​កោតសរសើរ​ដល់​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ (មាន​ប្រមាណ ៥១%) ព្រមទាំង​អត្ថប្រយោជន៍​សុខភាព​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ (មាន​ប្រមាណ ៥០%) ។

    អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្ថែមទៀតថា៖ “អ្នកប្រើប្រាស់​ជឿជាក់ថា កម្ពុជា​នឹង​ក្លាយជា​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ ដោយ​មិន​គិតពី​ផល​នៃ​ការប៉ះទង្គិច​នៃ​មេរោគ COVID-19។ ក្រុមហ៊ុន Visa មាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ សម្រាប់​ទទួលយក​ការផ្លាស់ប្តូរ​នេះ រួម​ជាមួយនឹង​សេវាកម្ម​ទូទាត់​ប្រាក់​ឈានមុខ​គេ​នៅក្នុង​ពិភពលោក ស្រប​នឹង​ការយល់ដឹង​កាន់តែច្បាស់​អំពី​ទីផ្សារ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​សម្រប​ខ្លួន ព្រមទាំង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នានា”៕

    ###

    អំពី​ក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង៖

    កញ្ញា ត្រាង ង្វៀន (Trang Nguyen)                            កញ្ញា គ្រី សុ​វណ្ណា​រី

    Head of Corporate Communications                         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

    Visa Vietnam, Cambodia and Laos                           តំណាង​ក្រុមហ៊ុន Visa Inc.

    ទូរស័ព្ទ ៖ +84 902 831 891                                        ទូរស័ព្ទ ៖ +855 11733368

    អ៊ី​ម៉ែ​ល៖ [email protected]                               អ៊ី​ម៉ែ​ល៖ [email protected]

    [1] The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2021, surveyed amongst 6,520 consumers in Singapore, Philippines, Malaysia, Indonesia, Thailand, Vietnam, and Cambodia.

  • ជាង ៧ ទ្រី​លាន​ដុល្លារ «បាត់​ខ្លួន» ពី​ផ្សា​រមូល​ប​ត្រ​អាម៉េរិក ចាប់តាំងពី​ដើមឆ្នាំ​មកនេះ

    ជាង ៧ ទ្រី​លាន​ដុល្លារ «បាត់​ខ្លួន» ពី​ផ្សា​រមូល​ប​ត្រ​អាម៉េរិក ចាប់តាំងពី​ដើមឆ្នាំ​មកនេះ

    ក្នុង​ឆ្នាំ ២០២២ វិស័យ​បច្ចេកវិទ្យា បាន​បាត់បង់​ប្រាក់ ៣ ទ្រី​លាន (៣ លាន​លាន) ដុល្លារ​អាម៉េរិក នៅក្នុង​ចំណោម ៧ ទ្រី​លាន​ដុល្លារ​នៃ​តម្លៃ​មូលធន​ទីផ្សារ​ដែល​បាន «បាត់​ខ្លួន» ពី S&P ៥០0។

    ចាប់ពី​ដើមឆ្នាំ ស​ន្ទ​ស្សន៍ S&P ៥០០ (S&P 500 ដែល​ជា​ពាក្យ​កាត់​របស់ Standard & Poor’s 500 Stock Index គឺ​ជាស​ន្ទ​ស្សន៍​មូល​ប​ត្រ​ដែល​យោងទៅលើ​ភាគហ៊ុន​មូលដ្ឋាន​របស់​ក្រុមហ៊ុន​ចំនួន ៥០០ ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​នៅលើ​ផ្សារ​ហ៊ុន NYSE ឬ NASDAQ) បាន​ថយចុះ​ជិត ១៨%។ ក្រោយ​ការធ្លាក់​ថ្លៃ ០.១% កាលពី​ម្សិលម្ង៉ៃ ស​ន្ទ​ស្សន៍​នេះ​កាន់តែ​ដើរ​ជិត​ដល់​ចំណុច «ដាំ​ក្បាល​ចុះ ២០% រាប់​ចាប់ពី​ចំណុចកំពូល​ចុងក្រោយ»។ ជា​សរុប តម្លៃ​មូលធន​ទីផ្សារ​ជាង ៧ ទ្រី​លាន​ដុល្លារ​អាម៉េរិក បាន «រលាយ​ខ្សុល» ពី​បណ្ដា​ភាគហ៊ុន​នៅក្នុង​ស​ន្ទ​ស្សន៍ S&P ៥០។

    DJIA កាលពី​ម្សិលម្ង៉ៃ​ក៏បាន​ធ្លាក់​ថ្លៃ ០.៣%។ ជា​សរុប ក្នុង​ឆ្នាំ ២០២២ នេះ ស​ន្ទ​ស្សន៍​នេះ​បាន​បាត់បង់ ១៣%។

    បណ្ដា​ភាគហ៊ុន​ក្នុង​ក្រុម​បច្ចេកវិទ្យា រង​ការខាតបង់​ច្រើនជាងគេបង្អស់។ ស​ន្ទ​ស្សន៍ Nasdaq បាន​ថយចុះ ២៧% រាប់​ចាប់ពី​ដើមឆ្នាំ។ វិស័យ​បច្ចេកវិទ្យា​បាន​បាត់បង់​ជិត ៣ ទ្រី​លាន ក្នុងចំណោម​មូលធន​ទីផ្សារ ៧ ទ្រី​លាន​ដុល្លារ​ដែល​បាន​បាត់បង់​ពីស​ន្ទ​ស្សន៍ S&P ៥០។

    ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ដូចជា Apple, Microsoft, Amazon, Alphabet, Meta Platforms និង Elon Musk ជាដើម សុទ្ធ​តែមាន​ពណ៌​ក្រហម។ Netflix បាន​បាត់បង់ ៧០% ដែល​នេះ​គឺជា​តួលេខ​អាក្រក់​ជាងគេ​បង្អស់​នៅក្នុង​ស​ន្ទ​ស្សន៍ S&P ៥០០៕

  • អគ្គិសនី​បង្កបង្កើត​ឡើងវិញ គ្រោង​នឹង​កើនឡើង​យ៉ាងគំហុក​នៅ​ឆ្នាំនេះ

    អគ្គិសនី​បង្កបង្កើត​ឡើងវិញ គ្រោង​នឹង​កើនឡើង​យ៉ាងគំហុក​នៅ​ឆ្នាំនេះ

    ពិភពលោក​នឹង​បង្កើតបាន​កំណត់ត្រា​ថ្មី​ស្ដីពី​កម្លាំង​អគ្គិសនី​បង្កបង្កើត​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​ប្រភេទ​ដែល​នាំមុខគេ​គឺ ថាមពលព្រះអាទិត្យ​នៅ ប្រទេស​ចិន និង​អឺរ៉ុប។

    ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃទី ១១ ឧសភា អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) បានឱ្យដឹងថា កម្លាំង​នៃ​ថាមពល​បង្កបង្កើត​ឡើង​វិញ​ថ្មី ដែល​ត្រូវបាន​បន្ថែម​ក្នុង​ឆ្នាំ ២០២១ បាន​ឡើងដល់ ២៩៥ gigawatt។ ឈាន​ចូលដល់​ឆ្នាំ ២០២២ ប្រព័ន្ធ​ផលិត​អគ្គិសនី​ស្អាត​កម្លាំង ៣២០ gigawatt គ្រោង​នឹងត្រូវ​ដំឡើង​បន្ថែមទៀត ដែល​នេះ​ប្រហាក់ប្រហែល​នឹង​តម្រូវការ​អគ្គិសនី​នៅ​ទូទាំង ប្រទេស​អាល្លឺម៉ង់ ឬ​អគ្គិសនី​សរុប​ដែល​ផលិត​ដោយ​រោងចក្រ​ធ្យូងថ្ម​របស់ សហភាព​អឺរ៉ុប។ ថាមពល​ទាំងនេះ​នឹង​ក្លាយជា​កំណត់ត្រា​ថ្មី​របស់​ពិភពលោក។

    ថាមពលព្រះអាទិត្យ​ដែល​នាំមុខ​ដោយ ចិន និង អឺរ៉ុប នឹង​ក្ដោប​ក្ដាប់ ៦០% នៃ​ថាមពល​បង្ក​បង្កើតឡើង​វិញ​នៅ​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០២២។ ចំណាត់ថ្នាក់​លេខ ២ គឺ ថាមពលខ្យល់ និង​វា​រី​អគ្គិសនី។ នេះ​បើតាម​ស្ថាប័ន​ប្រឹក្សា​សម្រាប់​បណ្ដា​ប្រទេស​អភិវឌ្ឍ និង​គោលនយោបាយ​ថាមពល។

  • អង់គ្លេស នឹង​សាងសង់​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​នៅ «លើ​មេឃ»

    អង់គ្លេស នឹង​សាងសង់​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​នៅ «លើ​មេឃ»

    ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ពិនិត្យ​លទ្ធភាព​រចនា​ម៉ូឌុល​នៃ​រោងចក្រ​ប្រមូលយក និង​បញ្ជូន​ថាមពលព្រះអាទិត្យ​មកកាន់​ផែនដី ដែល​រោងចក្រ​នេះ​នឹងត្រូវ​សាកល្បង​នៅ​ឆ្នាំ ២០៣៥។

    ស្ថាប័ន​បច្ចេកវិទ្យា​ជាង ៥០ របស់ អង់គ្លេស រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ Airbus, សាកលវិទ្យាល័យ Cambridge និង​ក្រុមហ៊ុន​ផលិត​ផ្កាយរណប SSTL កំពុង​ចូលរួម​ក្នុង​គម្រោង​ស្ដីពី​ថាមពល​អវកាស​អង់គ្លេស ដែល​ត្រូវបាន​ផ្ដួចផ្ដើមឡើង​កាលពី​ឆ្នាំ​កន្លង ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​នៅ​ទី​អវកាស។

    យោងតាម​គម្រោង​ខាងលើ ការបញ្ជូន​អគ្គិសនី​ពី​អវកាស​មកកាន់​ផែនដី អាចជួយ​ឱ្យ អង់គ្លេស ឆ្លើយតប​នឹង​គោលដៅ​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ ២០៥០។ សំណើ​បញ្ឈប់​បំ​ភាយ​ឧស្ម័ន​កាបូន​ទាំងស្រុង​នៅ​ពាក់កណ្ដាល​សតវត្សរ៍​នេះ​គឺ​ស្ថិតក្នុង​ការប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​របស់​ពិភពលោក។

    យន្តការ​នៃ​រោង​ចក្រ​ថាមពល​ព្រះអាទិត្យ​នៅ​លើ​មេឃ

    ក្នុង​កិច្ចប្រជុំ​មួយ​នៅ អង់គ្លេស កាលពី​ថ្ងៃទី ២៧ មេសា Martin Soltau ដែលជា​ប្រធាន​របស់​គម្រោង​ផ្ដួចផ្ដើម​ខាងលើ​បាន​បញ្ជាក់ថា បច្ចេកវិទ្យា​ទាំងឡាយ​ដែល​ត្រូវការ​ដើម្បី​អភិវឌ្ឍ​រោងចក្រ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស​គឺមាន​រួចហើយ ឧបសគ្គ​គឺ​នៅត្រង់​ទំហំ​របស់​គម្រោង។ ម៉ូឌុល​ដែល​ត្រូវ​បង្កើតឡើង​ដើម្បី​ធ្វើការ​សាកល្បង ក៏មាន​ទំហំ​ធំ ពោលគឺ​ប្រហែល​រ៉ាប់​គីឡូ​ម៉ែត្រក្រឡា និង​ត្រូវ​ការបាញ់​បង្ហោះ ៣០០ ដង ដោយ​ប្រើប្រាស់​រុ​ក្កែ​ត Starship របស់ SpaceX។ រោងចក្រ​នៅលើ​មេឃ​នេះ​នឹងត្រូវ​គោចរ​ជុំវិញ​ផែនដី​ក្នុង​រយៈកម្ពស់ ៣៦,០០០ គៅ​ឡូ​ម៉ែត្រ។

    ដើម្បី​ប្រមូល​ថាមពល​ពី​ទី​អវកាស ប្រព័ន្ធ​នឹងត្រូវ​ការ​អង់​តែ​ន​ខ្នាត​យក្ស​មួយ​នៅលើ​ផែនដី ហៅថា rectenna។ អង់​តែ​ន​នេះ​ចាប់យក​រលក​វិទ្យុសកម្ម​ពី​អវកាស និង​បំប្លែង​ទៅជា​អគ្គិសនី។ Soltau ឱ្យដឹងថា rectenna នឹង​ដូច​ទៅនឹង​សំណាញ់​ដ៏​ធំ​មួយ​ដែលមាន​អង់​តែ​នតូចៗជាច្រើន។ វា​នឹងមាន​ទំហំ​ពី ៧ ដល់ ១៣ គីឡូម៉ែត្រ៕