Category: សង្គម និងសេដ្ឋកិច្ច

  • ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា កើនឡើង​ខ្ពស់ជាង​មុន ២៥ ដង

    ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា កើនឡើង​ខ្ពស់ជាង​មុន ២៥ ដង

    បរិមាណ​ប្រេង​ដែល​នាំ​ចេញពី រុស្ស៊ី ទៅកាន់ ឥណ្ឌា កើន ២៥ ដង ធៀប​នឹង​មធ្យមភាគ ៩៦០,០០០ ធុង/ខែ កាលពី​ឆ្នាំ​កន្លង ដែល​នេះ​បាន​កើន​ដល់ ២៤ លាន​ធុង​ក្នុង​ខែឧសភា ២០២២។

    សារព័ត៌មាន Reuters កាលពី​ថ្ងៃទី ៣០ ឧសភា បានឱ្យដឹងថា ឥណ្ឌា បាន​នាំចូល​ប្រេង​តម្លៃ​ទាប ៣៤ លាន​ធុង​ពី រុស្ស៊ី រាប់​ចាប់ពី​ខែកុម្ភៈ ជា​ពេលដែល រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ តួលេខ​នេះ​ខ្ពស់ជាង ១០ ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    ក្នុង​ខែឧសភា ប្រេង​ឆៅ​ជាង ២៤ លាន​ធុង​របស់ រុស្ស៊ី ត្រូវបាន​ផ្គត់ផ្គង់​ឱ្យ ឥណ្ឌា កើនឡើង​ច្រើន​ធៀប​នឹង ៧.២ លាន​ធុង​ក្នុង​ខែមេសា និង​ប្រហែល ៣ លាន​ធុង​កាលពី​ខែមីនា ឆ្នាំនេះ។ ទិន្នន័យ​ដែល Reuters ទទួលបាន បង្ហាញថា ក្នុង​ខែមិថុនា ឥណ្ឌា នឹង​នាំចូល​ប្រេង​ប្រហែល ២៨ លាន​ធុង។

    កាលពី​ឆ្នាំ​កន្លង ការនាំចេញ​ប្រេង​ឆៅ​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា ជា​មធ្យម​ត្រឹមតែ ៩៦០,០០០ ធុង/ខែ ទាប​ជាង​ជិត ២៥ ដង ធៀប​នឹង​ខែឧសភា​នេះ។

    ការ​នាំចូល​ប្រេង​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ​ខ្ទង់​ប្រាក់​នាំចូល​ទំនិញ​សរុប​របស់ ឥណ្ឌា ពី រុស្ស៊ី រាប់​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ដល់ ២៦ ឧសភា ឡើងដល់ ៦.៤ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ១.៩៩ ពាន់​លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។ ក៏ប៉ុន្តែ ការនាំចេញ​របស់ ឥណ្ឌា ទៅកាន់ រុស្ស៊ី បាន​ថយចុះ​ជិត ៥០% មក​នៅត្រឹម ៣៧៧.០៧ លាន​ដុល្លារ ក្នុងអំឡុងពេល​ដូចខាងលើ ដោយសារតែ ទីក្រុង​ញូវដែលី មិនទាន់​បង្កើត​យន្តកា​រទូ​ទាត់​ប្រាក់​ជា​ផ្លូវការ​ជាមួយ ទីក្រុង​មូ​ស្គូ។

    ការដាក់ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក ទៅលើ រុស្ស៊ី បាន​ជួយ​ឱ្យ​បណ្ដា​ប្រទេស​ដូចជា ចិន និង ឥណ្ឌា ជាដើម មានឱកាស​ទិញ​ប្រេង​របស់ រុស្ស៊ី ក្នុងតម្លៃ​ទាប។ យ៉ាងនេះ​ក្ដី កន្លងមក ឥណ្ឌា ក៏ត្រូវ​បាន​ប្រទេស​លោកខាងលិច​រិះគន់​មិនតិច​នោះដែរ ទាក់ទិន​នឹង​ការទិញ​ប្រេង​ពី រុស្ស៊ី ខណៈដែល ទីក្រុង​មូ​ស្គូ កំពុង​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន៕

  • ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដំណើរការបាន ៥០% ហើយ

    ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដំណើរការបាន ៥០% ហើយ

    (ប្រទេស​ចិន)-ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​លេខ ៥ ដែលមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ របស់​រោងចក្រ​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី ៣០ ឧសភា។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan ដែល​ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃទន្លេ​ផ្នែក​ខាងលើ​របស់​ទន្លេ Yangtze ជួយ​បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់ ប្រទេស​ចិន ដែល​ក្រីក្រ​ធនធានធម្មជាតិ។ គម្រោង​ស្ថានីយ​វា​រី​អគ្គិសនី Baihetan គឺជា​ការបោះ​ជំហាន​ធំ​មួយ​នៅក្នុង​ការប្រើប្រាស់​ថាមពល​ស្អាត​របស់​ប្រទេស​នេះ។

    រាប់​ចាប់តាំងពី​ប្រព័ន្ធ​ម៉ាស៊ីន​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១ រោងចក្រ​វា​រី​អគ្គិសនី​នេះ​ផលិត​អគ្គិសនី​បាន​ជាង ២៦.៩ ពាន់​លាន​គីឡូវ៉ាត់​រួចហើយ បើទោះជា​មិនទាន់​ដំណើរការ​ពេញលេញ។ ជា មួយនឹង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ កាលពី​ថ្ងៃទី ៣០ ឧសភា បន្ទាប់ពី​ដំណើរការ​សាកល្បង ៧២ ម៉ោង គម្រោង​ខាងលើនេះ​ត្រូវបាន​គេ​បញ្ជាក់ថា ដំណើរការបាន ៥០% ហើយ ធៀប​នឹង​កម្លាំង​សរុប។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan នៅពេល​ស្ថាបនា​រួចរាល់ នឹងមាន​ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ ក្នុងនោះ ១ ប្រព័ន្ធ​មាន​កម្លាំង ១ លាន​គីឡូវ៉ាត់។ បច្ចុប្បន្ន រោងចក្រ​វា​រី​អគ្គិសនី​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​ចំនួន ៨ រួចហើយ រាប់ទាំង​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ ដែល​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។

    នៅពេល​ដំណើរការ​ពេញលេញ រោងចក្រ​វា​រី​អគ្គិសនី Baihetan នេះ នឹង​ផលិត​អគ្គិសនី​ជា​មធ្យម​ជាង ៦២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការប្រើប្រាស់​ប្រចាំឆ្នាំ​របស់​មនុស្ស​ប្រហែល ៧២ លាន​នាក់។

  • Startup «ធ្វើ​ចំការ» ក្នុង​កសិដ្ឋាន​ប្រភេទ «ឈរ​ត្រង់» នៅក្នុង​អគារខ្ពស់ៗ

    Startup «ធ្វើ​ចំការ» ក្នុង​កសិដ្ឋាន​ប្រភេទ «ឈរ​ត្រង់» នៅក្នុង​អគារខ្ពស់ៗ

    នៅពេល​ហាង​ទំនិញ​ទាំងឡាយ​នៅ ហុងកុង ខ្វះ​កសិផល ដោយសារ​ដាច់​ចង្វាក់​ផ្គត់ផ្គង់ Gordon Tam ក៏​យល់ឃើញថា នេះ​គឺជា​ឱកាស​សម្រាប់​រូបមន្ត «កសិដ្ឋាន​ឈរ​ត្រង់» នៅក្នុង​បណ្ដា​អគារខ្ពស់។

    Gordon Tam ជា​សហ​ស្ថាបនិក និង​ប្រធាន​របស់ Farm៦៦ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​រូប​មន្ត្រី «កសិដ្ឋាន​ឈរ​ត្រង់» នៅ ហុងកុង។ Tam បានដឹងថា ទិន្នផល​បន្លែ​ដែល​ដាំ​នៅ​មូលដ្ឋាន​មាន​កម្រិត​ទាប​ខ្លាំង​នៅក្នុង​សម័យ​កូ​វីដ-១៩។

    នៅ ហុងកុង ស្បៀងអាហារ ជាង ៩០% ពិសេស​គឺ​បន្លែ ត្រូវបាន​នាំចូល​ពី ចិនដីគោក។ ដើមខែ​កុម្ភៈ ២០២២ ហុងកុង ដែលមាន​ប្រជាជន​ជាង ៧ លាន​នាក់ ត្រូវ​ប្រឈមមុខ​នឹង​ស្ថាន​ភាពខ្វះ​អាហារ​ស្រស់។ ហាង​ទំនិញ​នានា​ស្ទើរតែ​គ្មានអ្វី​ដើម្បី​លក់ ដោយសារតែ អាជ្ញាធរ​ចិន រឹតបន្តឹង​ព្រំដែន ព្រោះតែ​បញ្ហា​កូ​វីដ-១៩។

    Gordon Tam គណនា​ឃើញថា បរិមាណ​បន្លែ​ប្រហែល​តែ ១.៥% ប៉ុណ្ណោះ ដែល​ត្រូវបាន​ផលិត​នៅក្នុង​ស្រុក។ ហើយ​បណ្ដា «កសិដ្ឋាន​ឈរ​ត្រង់» ដូចជា Farm៦៦ ដែលមាន​ជំនួយ​ពី​បច្ចេកវិទ្យា​ទំនើប​ដូចជា អង្គ​ញាណ loT, អំពូល​ភ្លើង LED និង​រ៉ូ​បូត​ជាដើម អាច​ជំរុញ​ដល់​ការដាំដុះ​ក្នុង​តំបន់។ Farm៦៦ ក៏មាន​គម្រោង «នាំចេញ​អាថ៌កំបាំង» នេះ ទៅកាន់​ទីក្រុងផ្សេងៗផងដែរ។

    ក្នុង​សម័យ​កូវីដ-១៩ ក្រុង​ហុងកុង ប្រឈម​នឹង​បញ្ហា​ខ្វះបន្លែស្រស់

    Tam និយាយថា «កសិដ្ឋាន​ឈរ​ត្រង់​គឺជា​វិធីសាស្ត្រ​ដាំ​ដុះ​ដែល​ជួយ​ឱ្យគេ​អាច​ដាំ​បន្លែ​នៅក្នុង​ទីក្រុង​បាន និង​​កាត់​បន្ថយ​​ការ​ពឹង​​ផ្អែកលើ​ការនាំ​ចូល ពិសេស​ចំពោះ ហុងកុង»។

    Tam ចាប់ផ្ដើម​កសាង Farm៦៦ តាំងពី​ឆ្នាំ ២០១៣ រួមជាមួយ​នឹង​សហ​ស្ថាបនិក Billy Lam។ Farm៦៦ បាន​រកឃើញថា ពណ៌​ខុសគ្នា​នៅលើ​កាំរស្មី​នៃ​ពន្លឺ ជួយ​ឱ្យ​រុក្ខជាតិ​រីកលូតលាស់​ទៅតាម​វិធីខុសៗគ្នា។ ភ្លើង LED ពណ៌​ក្រហម​នឹង​ជួយ​ឱ្យ​ដើម​រុក្ខជាតិ​រីកលូតលាស់​បាន​លឿន ខណៈដែល​ពន្លឺ LED ពណ៌​ផ្ទៃមេឃ​ជួយ​ឱ្យ​ស្លឹក​រុក្ខជាតិ​រីក​ធំ​ជាង​ធម្មតា។

    Farm៦៦ ក៏​ប្រើប្រាស់​សែន​សឺរ loT និង រ៉ូ​បូត ដើម្បី​គ្រប់គ្រង​គុណភាព និង​ជួយ​គ្រប់គ្រង​កសិដ្ឋាន​ក្នុងផ្ទះ​ទំហំ​ជិត ២,០០០ ម៉ែត្រក្រឡា។ Farm៦៦ មាន​បុគ្គលិក​ពេញ​ម៉ោង ១៥ នាក់ រួមមាន ក្រុមអ្នកវិភាគ​ទិន្នន័យ អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាហារ និង​វិស្វករ​គ្រឿង​ម៉ាស៊ីន។ Farm៦៦ ផលិត​បន្លែ​បាន​រហូតដល់ ៧ តោន​ជា​រៀងរាល់ខែ។

    Farm៦៦ ទទួលបាន​ការវិនិយោគ​ពី ParticleX ដែលមាន​មហាសេដ្ឋី Tang Yiu នៅ​ពីក្រោយ និង​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​សហគ្រិន Alibaba, Cyberport និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Sino Group របស់​មហាសេដ្ឋី​សិង្ហ​បុរី Robert Ng ផងដែរ។

    កសិដ្ឋាន​បែប​ឈរ​ត្រង់​របស់ Farm៦៦

    Farm៦៦ ដាំ​បន្លែ​បៃតង បន្លែ​ក្រអូប និង​បន្លែ​ច្រើន​ប្រភេទ​ទៀត​ដោយ​ប្រើ​រូបមន្ត​កសិដ្ឋាន​ឈរ​ត្រង់ និង​តាមបែប​ដាំ​​ដុះ​​លើ​ទឹក។ ក្នុងនោះ រុក្ខជាតិ​ត្រូវបាន​ថែបំប៉ន​ដោយ​សារធាតុចិញ្ចឹម​ដែល​បានមកពី​កាកសំណល់​របស់​ត្រី ជំនួស​ឱ្យ​ជីគីមី ឬ​ជីធម្មជាតិ។ រុក្ខជាតិ​មាន​តួនាទី​ចម្រាញ់​ទឹក បង្កើតបានជា​ប្រព័ន្ធ​ជីវសាស្ត្រ​នៅក្នុង​កសិដ្ឋាន​ទំនើប​នេះ។

    បច្ចុប្បន្ន ក្រុមហ៊ុន Farm៦៦ របស់ Gordon Tam​ ផ្គត់ផ្គង់​កសិផល​ឱ្យ​ផ្សារ​ទំនើប សណ្ឋាគារ និង​ហាង​លក់រាយ​លំដាប់​ខ្ពស់។

  • មិនគួរ​ឱ្យ​ជឿ​សោះ! ទារក​វ័យ ៤០ ថ្ងៃ នៅ ឥណ្ឌា មាន​ផ្ទៃពោះ

    មិនគួរ​ឱ្យ​ជឿ​សោះ! ទារក​វ័យ ៤០ ថ្ងៃ នៅ ឥណ្ឌា មាន​ផ្ទៃពោះ

    ទារក​ម្នាក់​ទើបតែ​មាន​អាយុ ៤០ ថ្ងៃសោះ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទៃពោះ​ដែល​កំពុង​រីកចម្រើន។

    យោងតាម Sputnik ហេតុការណ៍​ចម្លែក​នេះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ឪពុកម្ដាយ​របស់​ទារក​នេះ​មើលឃើញថា ពោះ​របស់​កូន​ពួកគេ​ឡើង​ធំ និង​ធ្វើឱ្យ​ពិបាក​នោម។

    វេជ្ជបណ្ឌិត Tabrez Aziz នៃ​មជ្ឈមណ្ឌល​សុខាភិបាល Rahmania ក្នុង​តំបន់ Bihar បានស្នើ​ឱ្យ​ថត CT ក្រពះ​របស់​ទារក​នេះ ហើយ​លទ្ធផល​បានធ្វើឱ្យ​គ្រប់គ្នា​ស្រឡាំងកាំង។ វេជ្ជបណ្ឌិត​ឱ្យដឹងថា ពួកគេ​បានឃើញ​ទារក​ក្នុង​ផ្ទៃ​របស់​ទារក​វ័យ ៤០ ថ្ងៃនេះ កំពុងតែ​រីកចម្រើន​នៅក្នុង​ក្រពះ។

    បច្ចុប្បន្ន សុខភាព​របស់​ទារក​វ័យ ៤០ ថ្ងៃ​ខាងលើ​​នេះ​បាន​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ការវះកាត់​ព្យាបាល ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ចេញពី​ពេទ្យ​រួចហើយ​ដែរ។

    ក្រុម​អ្នកឯកទេស​បានឱ្យដឹង​ថា បាតុភូត​ចម្លែក​នេះ​ត្រូវបាន​គេ​ហៅថា «គភ៌​ក្នុង​គភ៌» គឺជា​ស្ថានភាព​ដែល​ទារ​កមួយ​ចិញ្ចឹម​ទារក​មួយទៀត​ដែល​ត្រូវជា​បងប្អូន​ភ្លោះ នៅក្នុង​រាងកាយ​របស់ខ្លួន។ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព៏​ត៌មាន ANI របស់ ឥណ្ឌា ថា នេះ​គឺជា​ករណី​ដ៏​សែន​កម្រ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ករណីបែបនេះ​កើតឡើង​នៅពេល​ទារក​មួយ​ក្នុង​ផ្ទៃ ត្រូវបាន «ស្រូបយក» ដោយ​ទារក​មួយទៀត​ដែល​នៅក្នុង​ផ្ទៃ​ជាមួយគ្នា។

    កាលពី ៥ ឆ្នាំមុន នៅ ហុងកុង និង ឆ្នាំ ២០១៩ នៅ អ៊ីស្រាអែល ក៏​ធ្លាប់មាន​សេចក្ដីរាយការណ៍​ស្ដីពី​ករណី​ដូច​ទៅនឹង​រឿងរ៉ាវ​ខាងលើ​នេះដែរ។

  • Elon Musk ថា «មហាសេដ្ឋី​មិនមែនជា​មនុស្ស​អាក្រក់»

    Elon Musk ថា «មហាសេដ្ឋី​មិនមែនជា​មនុស្ស​អាក្រក់»

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បាន​សម្ដែង​ការខកចិត្ត​នៅពេល​មហាសេដ្ឋី​ត្រូវបាន​គេ​ចំអក​ទៅលើ​វិធី​ដែល​ពួកគេ​រកប្រាក់ និង​ចំណាយ​ប្រាក់។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk កាលពី​ថ្ងៃទី ២៥ ឧសភា បាន​សរសេរ​នៅលើ Twitter ថា «ពិតជា​រឿង​ខុសឆ្គង និង​មិន​សម​ហេតុផល» នៅពេល​ប្រើប្រាស់​ពាក្យ​មហាសេដ្ឋី​ក្នុងន័យ​រើសអើង បើសិន​អ្នកនោះ​កំពុង​ចំណាយ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដើម្បី​បង្កើត​ផលិតផល​ដែល «ជួយ​ឱ្យ​មនុស្ស​រាប់លាន​នាក់​មាន​សុភមង្គល»។ លោក Musk ក៏បាន​ថ្លែងថា បើសិនជា​អាច លោក​នឹង​បោះបង់​ខ្ទង់​បន្ថយពន្ធ​ពេលធ្វើ​កិច្ចការ​មនុស្សធម៌។

    ការ​បង្ហោះ​សារ​ខាងលើ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សារ​មួយ​ដែល​និយាយថា «ខ្ញុំ​មាន​អារម្មណ៍​ថា មហាសេដ្ឋី​ទាំងឡាយ​មានចិត្ត​នឹងន​បំផុត​នៅពេល​រកប្រាក់ និង​កាច​បំផុត​នៅពេល​ប្រើប្រាស់​លុយ​ដើម្បី​ប្រឹងប្រែង «ធ្វើ​រឿង​ល្អ»។

    លោក Musk ក៏បាន​បង្កើត​គណនី​ស្ទង់​មតិ​លើ Twitter ហើយ​សួរ​អ្នកតាមដាន​ចំនួន ៩៥ លាន​នាក់​ថា ពួកគេ​ជឿជាក់​លើ​អ្នកនយោបាយ​ជាង ឬ​មហាសេដ្ឋី​ជាង។ មិនយូរប៉ុន្មាន លទ្ធផល​បង្ហាញថា មនុស្ស​ប្រហែល ៧៥% ក្នុងចំណោម ២.៨ លាន​នាក់​ដែល​បាន​ចូលរួម​ឆ្លើយ ឱ្យដឹងថា ពួកគេ​ជឿជាក់​លើ​អ្នកនយោបាយ។

    កាលពី​ខែវិច្ឆិកា ២០២១ លោក Musk បាន​បរិច្ចាគ ៥.៧ ពាន់​លាន​ដុល្លារ​ដែល​បានមកពី​ភាគហ៊ុន Tesla ទៅឱ្យ​មូលនិធិ​មនុស្សធម៌។ ប្រការនេះ​បាន​ជួយ​ឱ្យ​លោក​ក្លាយជា​សប្បុរសជន​ដែល​បរិច្ចាគ​ប្រាក់​ច្រើនជាងគេ​លំដាប់​ទី​ពីរ​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី Bill Gates និង​អតីត​ភរិយា លោកស្រី Melinda French Gates។

  • ប្រាក់​ឈ្នួល​គោល​នៅលើ​ពិភពលោក បច្ចុប្បន្ន​ស្ថិតក្នុង​កម្រិតណា?

    ប្រាក់​ឈ្នួល​គោល​នៅលើ​ពិភពលោក បច្ចុប្បន្ន​ស្ថិតក្នុង​កម្រិតណា?

    បច្ចុប្បន្ន នៅ សហរដ្ឋ​អាម៉េរិក ប្រាក់​ឈ្នួល​គោល​គឺ ៧.២៥ ដុល្លារ/ម៉ោង ខណៈដែល​នៅ កូរ៉េខាងត្បូង បានកំណត់​ប្រាក់​ឈ្នួល​គោល​ត្រឹម ៨ ដុល្លារ​អាម៉េរិក។

    យោងតាម​និយមន័យ​របស់ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប្រាក់​ឈ្នួល​គោល គឺជា​ប្រាក់កម្រៃ​អប្បបរមា​ដែល​និយោជក​ត្រូវ​ផ្ដល់ជូន​និយោជិត សម្រាប់​ការងារ​ដែល​ត្រូវបាន​អនុវត្ត​ក្នុងអំឡុងពេល​កំណត់​ណាមួយ។ គោលដៅ​នៃ​គោលនយោបាយ​នេះ​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​ដែល​បុគ្គលិក និង​យោ​ជិត ត្រូវបាន​ផ្ដល់ប្រាក់​ឈ្នួល​ទាប​ដោយ​មិន​សម​ហេតុផល។

    នៅលើ​ពិភពលោក ប្រទេស​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​កំណត់​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​គិត​ទៅតាម​ម៉ោង ថ្ងៃ សប្ដាហ៍ ឬ​ខែ។ នៅ សហរដ្ឋ​អាម៉េរិក ប្រាក់​ឈ្នួល​អប្បបរមា​គិត​តាម​ម៉ោង​គឺ ៧.២៥ ដុល្លារ។ រដ្ឋ​ខ្លះ​បានកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់ជាង​នេះ ឬ​ស្មើនឹង​ការកំណត់​របស់​សហព័ន្ធ។

    នៅ ប្រទេស​អង់គ្លេស ប្រាក់​ឈ្នួល​អប្បបរមា​ក៏ត្រូវ​បានកំណត់​ទៅតាម​ម៉ោង និង​ចែកជា​ប្រភេទ​ទៅតាម​អាយុ។ ចាប់ពី​ចាក​ចេញពី​សាលារៀន ដល់​អាយុ ១៨ ឆ្នាំ ទទួលបាន​ប្រាក់​ឈ្នួល ៤.៨១ ផោង (៦ ដុល្លារ​អាម៉េរិក) ក្នុង ១ ម៉ោង, ចាប់ពី​អាយុ ១៨ ឆ្នាំ ដល់ ២០ ឆ្នាំ ទទួលបាន ៦.៨៣ ផោន (៨.៦៣ ដុល្លារ), អាយុ​ពី ២១ ដល់ ២២ ឆ្នាំ ទទួលបាន ៩.១៨ ផោន (១១.៥៨ ដុល្លារ) និង​លើសពី ២៣ ឆ្នាំ ទទួលបាន ៩.៥ ផោន (១២ ដុល្លារ)។

    នៅ​អាស៊ី មាន​ប្រទេស និង​ដែនដី​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បានកំណត់​ប្រាក់​ឈ្នួល​គោល​ទៅតាម​ម៉ោង ដូចជា ហុងកុង ជប៉ុន និង កូរ៉េខាងត្បូង។ នៅ ហុងកុង បច្ចុប្បន្ន ប្រាក់​ឈ្នួល​គោល​គឺ ៣៧.៥ ដុល្លារ​ហុងកុង (៤.៨ ដុល្លារ​អាម៉េរិក) ក្នុង ១ ម៉ោង។

    នៅ ប្រទេស​ជប៉ុន ប្រាក់​ឈ្នួល​គោល​មធ្យមភាគ​ទូទាំងប្រទេស​គឺ ៩៣០ យេន (៨.៤៦ ដុល្លារ) ក្នុង ១ ម៉ោង។ អាជ្ញាធរខេត្ត​នានា​នឹង​បង្កើត​គោលការណ៍​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ដោយឡែក​របស់​ពួកគេ។ តំបន់​ដែលមាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់បំផុត​នៅ ជប៉ុន គឺ រាជធានី​តូ​ក្យូ (១,០៤១ យេន ប្រហែល ៨.១៩ ដុល្លារ​អាម៉េរិក) ចំណែក​ឈ្នួល​អប្បបរមា​ទាប​បំផុត​នៅ​ប្រទេស​នេះ​គឺ ៨២០ យេន/ម៉ោង ស្មើនឹង ៦.៤៥ ដុល្លារ។

    នៅ​ក្នុង​ឆ្នាំ ២០២២ នេះ កូរ៉េខាងត្បូង បានកំណត់​យក ៩,១៦០ វ៉ុ​ន (៨ ដុល្លារ) ជា​ប្រាក់​ឈ្នួល​អប្បបរមា គិត​ជា​ម៉ោង។

  • គម្រោង​ «ចិញ្ចឹម​សាច់» ដោយ​មិន​កាប់​សម្លាប់សត្វ​ របស់​ Good Meat និង​ផ្គត់​ផ្គង់​សាច់​សិប្បនិម្មិត​ជាង ១៣ ពាន់​តោន/ឆ្នាំ

    គម្រោង​ «ចិញ្ចឹម​សាច់» ដោយ​មិន​កាប់​សម្លាប់សត្វ​ របស់​ Good Meat និង​ផ្គត់​ផ្គង់​សាច់​សិប្បនិម្មិត​ជាង ១៣ ពាន់​តោន/ឆ្នាំ

    (សហរដ្ឋ​អាម៉េរិក)-Good Meat ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Eat Just នឹង​សាងសង់​រោងចក្រ​ដែលមាន​ម៉ាស៊ីន ឬ​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ចំនួន ១០ គ្រឿង ដែល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដើម្បី​ចិញ្ចឹម​សាច់ ក្នុងនោះ ឡនីមួយៗមាន​ចំណុះ ២៥០,០០០ លីត្រ។

    ប្រកាស​កាលពី​ថ្ងៃទី ២៥ ឧសភា របស់​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ថា រោងចក្រ​របស់​ពួកគេ​នឹង​ផលិត​សាច់គោ និង​សាច់មាន់​សិប្បនិម្មិត។ ឡ​ប្រតិកម្ម​ជីវសាស្ត្រ​របស់ Good Meat នឹង​ប្រើប្រាស់​កោសិកា​រស់​ដែល​បានមកពី​ធនាគារ​កោសិកា ឬ​ស៊ុត ដូច្នេះ​នឹងមិន​មានការ​កាប់សម្លាប់​សត្វ​ឡើយ។

    បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ប្រហែល ១៧០ ក្នុង​ពិភពលោក កំពុងតែ​អភិវឌ្ឍ​សាច់​សិប្បនិម្មិត ប៉ុន្តែ Good Meat គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​លក់​ផលិតផល​របស់ខ្លួន​នៅក្នុង​ទីផ្សារ​នាបច្ចុប្បន្ន។ ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ផ្គត់ផ្គង់​សាច់មាន់​ដែល​ចិញ្ចឹម​ពី​កោសិកា​សត្វ​មាន់នៅ សិង្ហ​បុរី កាលពី​ខែធ្នូ ២០២០

    ការចិញ្ចឹម​សត្វ​នាំឱ្យ​ប៉ះពាល់​បរិស្ថាន ព្រោះតែ​វា​បំ​ភាយ​ឧ​ស្ម័យ​មេតាន ការកាប់​ព្រៃឈើ​យក​កន្លែង​ធ្វើ​កសិដ្ឋាន និង​ការប្រើប្រាស់​ទឹក​ច្រើន ដូច្នេះ ការចិញ្ចឹម​កោសិកា​ដើម្បីឱ្យ​វា​ធំធាត់​ទៅជា​សាច់​គឺជា​ដំណោះស្រាយ​ល្អ។

    អ្នកគាំទ្រ និង​អ្នក​ដែល​បាន​បរិភោគ​សាច់សត្វ​សិប្បនិម្មិត​បានឱ្យដឹងថា សាច់​ដែល​ចិញ្ចឹម​ពី​កោសិកា​គឺមាន​រសជាតិ​ដូច​ទៅនឹង​សាច់សត្វ​ដែល​គេ​ចិញ្ចឹម​ដោយ​ឱ្យ​ចំណី។

    ក្រុមហ៊ុន Good Meat កំពុង​សាងសង់​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ចំនួន ១០ ក្នុងនោះ ឡនីមួយៗមាន​ចំណុះ ២៥០,០០០ លីត្រ និង​កម្ពស់ ៤ ជាន់ ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​នៅក្នុង​វិស័យនេះ។ ក្នុង​រយៈពេល ៣ ខែ​ទៀត ឡ​ទាំងនេះ​នឹងត្រូវ​បានដាក់​ក្នុង​រោងចក្រ​របស់ Good Meat នៅ សហរដ្ឋ​អាម៉េរិក។

    តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ចុងឆ្នាំ ២០២៤ និង​អាច​ផ្គត់ផ្គង់​សាច់​សិប្បនិម្មិត​ចំនួន ១១,៨០០ តោន​នៅ​ឆ្នាំ ២០២៦ និង ១៣,៧០០ តោន​នៅ​ឆ្នាំ ២០៣០។

    សាច់មាន់អាំងសិប្បនិម្មិតនៅក្នុងចង្ក្រានរបស់ភោជនីដ្ឋាន Eat Just

     

  • មហាសេដ្ឋី​លេខ​មួយ​នៅ អ៊ុយ​ក្រែ​ន ចង់​ប្ដឹង​ប្រឆាំង រុស្ស៊ី ព្រោះ​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​របស់ខ្លួន

    មហាសេដ្ឋី​លេខ​មួយ​នៅ អ៊ុយ​ក្រែ​ន ចង់​ប្ដឹង​ប្រឆាំង រុស្ស៊ី ព្រោះ​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​របស់ខ្លួន

    Rinat Akhmetov ចង់​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី ព្រោះតែ​បាន​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​ផលិត​ដែកថែប​របស់លោក​នៅ Mariupol បង្ក​ការខាតបង់​ពី ១៧ ដល់ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    «យើង​ប្រាកដជា​ប្ដឹង​ប្រឆាំង រុស្ស៊ី និង​ទាមទារ​សំណង​ឱ្យបាន​សមស្រប ដោយសារ​រង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​សកម្មភាព​ជំនួញ» មហាសេដ្ឋី Akhmetov បាន​ប្រាប់​ទំព័រ mrpl.city ដូច្នេះ។

    មហាសេដ្ឋី​អ៊ុយ​ក្រែ​ន វ័យ ៥៥ ឆ្នាំ​ខាងលើ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន​តាមរយៈ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​ឧស្សាហកម្ម SCM។ ភាគហ៊ុន​ធំជាងគេ​របស់លោក Akhmetov គឺ​ស្ថិតនៅក្នុង​ក្រុមហ៊ុន​ផលិត​ដែកថែប​លំដាប់​កំពូល​របស់ អ៊ុយ​ក្រែ​ន គឺ Metinvest Group។

    រោងចក្រដែកថែប Azovstal បានរងការខូចខាតធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែករបស់ កងទ័ពរុស្ស៊ី

    រោងចក្រ​ដែកថែប Azovstal បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់ កងទ័ព​រុស្ស៊ី នៅពេល​តំបន់​រោងចក្រ​នេះ​ក្លាយជា​លេណដ្ឋាន​ចុងក្រោយ​របស់ ទាហាន​អ៊ុយ​ក្រែ​ន នៅ Mariupol។ រោងចក្រ​ជាច្រើន​ផ្សេងទៀត​ក៏បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ។

    មហាសេដ្ឋី Akhmetov បញ្ជាក់ថា «ការចំណាយ​ទៅលើ​ការជួសជុល​ព្រោះតែ​សកម្មភាព​របស់ រុស្ស៊ី គឺ​ប្រមាណ​ពី ១៧ ទៅ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​ចុងក្រោយ​នឹងត្រូវ​បានលើកឡើង​នៅក្នុង​ពាក្យបណ្ដឹង​ប្រឆាំង រុស្ស៊ី»។

  • ក្រុមហ៊ុន​ឱសថ​របស់ ស្វ៊ី​ស អភិវឌ្ឍ​ឧបករណ៍ PCR សម្រាប់​តេស្តរ​កវី​រុស​អុត​ស្វា (monkeypox)

    ក្រុមហ៊ុន​ឱសថ​របស់ ស្វ៊ី​ស អភិវឌ្ឍ​ឧបករណ៍ PCR សម្រាប់​តេស្តរ​កវី​រុស​អុត​ស្វា (monkeypox)

    ក្រុមហ៊ុន​ផលិត​ឱសថ Roche របស់ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៥ ឧសភា បានប្រកាសថា អភិវឌ្ឍ​ឧបករណ៍​តេស្ត​ប្រភេទ PCR ដែល​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា។

    យោងតាម​ក្រុមហ៊ុន Roche ម៉ាស៊ីន​ធ្វើតេស្ត PCR កំណែ​ដំបូង​អាច​រកឃើញ​វីរុស​ដែល​ស្ថិតក្នុង​អម្បូរ Orthopoxvirus, ចំណែក​កំណែ​ទី​ពីរ​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា ខណៈដែល​កំណែ​ទី​បី​អាច​រកឃើញ​វីរុស​ទាំងពីរ​ប្រភេទ​នេះ។

    អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ការធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន PCR គួរ​ត្រូវ​បានផ្ដល់​អាទិភាព​មុនគេ​ដោយសារតែ​វា​មាន​ភាព​សុក្រឹត​ខ្ពស់។

    នៅ​ទូទាំង​សកលលោក ករណី​ឆ្លង​ជំងឺ​អុត​ស្វា បាន​កើន​ឡើងដល់ ២១៩ នាក់ នេះ​គឺជា​ការប្រកាស​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប (ECDC) ធ្វើឡើង​កាលពី​ម្សិលមិញ។

    ដោយ​មើលឃើញ​ហានិភ័យ ប្រទេស​អេ​ស្ប៉ា​ញ បាន​រៀប​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា Imvanex និង​ថ្នាំ​ប្រឆាំង​វីរុស Tecovirimat តាមរយៈ​យន្តការ​របស់ សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ វ៉ាក់សាំង Imvanex ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Bavarian Nordic របស់ ដា​ណឺ​ម៉ាក និង​ត្រូវបាន​ស្ថាប័ន​ឱសថ​អឺរ៉ុប ទទួលស្គាល់​រួចហើយ។

    នៅ សហរដ្ឋ​អាម៉េរិក វ៉ាក់សាំង Imvanex ក៏​ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) ផ្ដល់​ការ​ការអនុញ្ញាតឱ្យ​លក់​ក្នុង​ទីផ្សារ​ជាមួយនឹង​ឈ្មោះ Jynneos សម្រាប់​ប្រឆាំងនឹង​ជំងឺ​អុតធំ និង​ជំងឺ​អុត​ស្វា។

  • អ្នកវិទ្យា​សាស្ត្រ​អភិវឌ្ឍ​កញ្ចក់​ធ្វើ​ពី​​ត្បូង​ពេជ្រ អាច​គ្រប់​គ្រង​ឡាស៊ែរ​កម្លាំង​ ១០ គីឡូវ៉ាត់

    អ្នកវិទ្យា​សាស្ត្រ​អភិវឌ្ឍ​កញ្ចក់​ធ្វើ​ពី​​ត្បូង​ពេជ្រ អាច​គ្រប់​គ្រង​ឡាស៊ែរ​កម្លាំង​ ១០ គីឡូវ៉ាត់

    (សហរដ្ឋ​អាម៉េរិក)-ប្រភេទ​កញ្ចក់​ពេជ្រ​ថ្មី​មាន​សភាព​រឹងមាំ​កម្រិត​ខ្ពស់ ត្រូវបាន​កែច្នៃ​ពី​ត្បូង​ពេជ្រ អាច​ប្រើប្រាស់​ក្នុង​ការផលិត​គ្រឿង​អេឡិចត្រូនិក និង​ការបញ្ជូន​ព័ត៌មាន​ក្នុង​ទី​អវកាស​ឆ្ងាយ។

    ក្រុម​ស្រាវជ្រាវ​របស់​សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS) ច្នៃ​កញ្ចក់ «មហា​រឹងមាំ» មាន​សមត្ថភាព​ទាញយក និង​បញ្ជា​កម្លាំង​របស់​រលក​ឡាស៊ែរ​ប្រភេទ CW (Continuous-Wave) ដែលមាន​ថាមពល​កម្រិត​ខ្ពស់។ ការស្រាវជ្រាវ​នេះ​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communication កាលពី​ថ្ងៃទី ១១ ឧសភា។

    ឡាស៊ែរ​ដែលមាន​កម្លាំង​ខ្លាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរ​ការផលិត​រថយន្ត រថភ្លើង និង​យន្តហោះ​ភាគច្រើន។ ក៏ប៉ុន្តែ ការច្នៃ​ឧបករណ៍​រឹងមាំ​ដើម្បី​បញ្ជា​កាំរស្មីឡាស៊ែរ​កម្លាំង​ខ្លាំង​ដែល​អាច​កាត់​ដែកថែប​បាន​គឺជា​រឿង​លំបាក​ជាទីបំផុត ព្រោះថា បើសិនជា​ឧបករណ៍​ដែល​ប្រើ​សម្រាប់​កំណត់​ទិស​របស់​ឡាស៊ែរ​ជួប​បញ្ហា​ក្នុងពេល​ធ្វើការ កាំរស្មីឡាស៊ែរ​នឹង​អាច​កម្ទេច​ប្រព័ន្ធ​ម៉ាស៊ីន​បាន។

    សាលា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​អនុវត្ត Harvard John A. Paulson (SEAS)

    សាស្ត្រាចារ្យ Marko Loncar មកពី SEAS និង​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ​ឱ្យដឹងថា «បច្ចេកវិទ្យា​នេះ​ផ្ដល់​ក្ដីសង្ឃឹម​ក្នុងការ​កែសម្រួល ឬ​បង្កើត​ឧបករណ៍​ថ្មី​សម្រាប់​គ្រប់គ្រង​ឡាស៊ែរ​កម្លាំង​ខ្លាំង»។

    ក្រុម​ស្រាវជ្រាវ​អះអាងថា កញ្ចក់​ត្បូង​ពេជ្រ​របស់​ពួកគេ​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​កាំរស្មីឡាស៊ែរ​កម្លាំង ១០ គីឡូវ៉ាត់ ដោយ​មិនមាន​ការខូចខាត​ណា​ទាំងអស់។

    ក្រុម​អ្នកជំនាញ​សង្ឃឹមថា ក្នុងពេល​អនាគត កញ្ចក់​ប្រភេទ​ថ្មី​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​គ្រឿង​អេឡិចត្រូនិក ការពារជាតិ បញ្ជូន​ទិន្នន័យ​នៅ​ទី​អវកាសឆ្ងាយៗ និង​ក្នុង​វិស័យ​ជាច្រើន​ផ្សេងទៀត។