Category: សង្គម និងសេដ្ឋកិច្ច

  • OPEC+ ឯកភាពគ្នា បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ

    OPEC+ ឯកភាពគ្នា បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ

    អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (POEC+) ទើបតែ​បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ នៅក្នុង​ខែកក្កដា និង​សីហា​ខាងមុខ។

    តួលេខ​ខាងលើនេះ​ខ្ពស់ជាង​ច្រើន​ធៀប​នឹង​អត្រា​នៃ​ការបង្កើន​ទិន្នផល​ប្រចាំខែ​ដែល​គ្រោងទុក​មុន​នោះ គឺ ៤៣២,០០០ ធុង/ថ្ងៃ។ ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល សហភាព​អឺរ៉ុប កាត់បន្ថយ​ការនាំ​ចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី ដែល​ប្រការនេះ​បានដាក់​សម្ពាធ​ទៅលើ​ទីផ្សារ និង​បន្ត​រុញ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់។

    សមាជិក​ចំនួន ៣ របស់ OPEC ដែល​នាំមុខ​ដោយ អា​រ៉ា​ប៊ី​សា​អូឌីត និង​ដៃគូ​សហការ​ចំនួន ១០ របស់​អង្គការ​នេះ ដែល​នាំមុខ​ដោយ រុស្ស៊ី បាន​កាត់បន្ថយ​ទិន្នផល​ប្រេង​ឆៅ​កាលពី​ឆ្នាំ ២០២០ ក្នុងពេលដែល​តម្រូវកា​រ​ថយចុះ​ដោយសារ កូ​វីដ-១៩។

    នៅ​ចំពោះមុខ​ការជំរុញ​ពី​បណ្ដា​ប្រទេស​ប្រើប្រាស់​ប្រេង​ឆៅ​លំដាប់កំពូលៗរបស់​ពិភពលោក បណ្ដា​ប្រទេស​ជា​សមាជិក OPEC+ បាន​បង្កើន​ការផលិត​ឡើងដល់ ៤០០,០០០ ធុង/ថ្ងៃ ជា​រៀងរាល់ខែ ចាប់ពី​ឆ្នាំ​កន្លង។ យោងតាម Interfax ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី និង រុស្ស៊ី នឹង​អាច​បង្កើន​ការផលិត​ប្រេង​ក្នុង​ខែកក្កដា ថែម ១៧០,០០០ ធុង/ថ្ងៃ ធៀប​នឹង​ខែមិថុនា ឡើងដល់ ១០,៨៣៣ ធុង/ថ្ងៃ។

  • ទិដ្ឋភាព​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ​របស់​មហាក្សត្រិយានី​អង់គ្លេស

    ទិដ្ឋភាព​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ​របស់​មហាក្សត្រិយានី​អង់គ្លេស

    នៅក្នុង​ពិធី​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ ៧០ ឆ្នាំ​របស់ មហាក្សត្រិយានី​អង់គ្លេស កងទ័ព​អង់គ្លេស បញ្ចេញ​ទាហាន ១,៤០០ នាក់ និង សេះ​ប្រយុទ្ធ ២០០ ក្បាល។

    ព្យុហយាត្រា​នេះ​ត្រូវបាន​ធ្វើឡើង​នៅខាងមុខ​រាជវាំង Buckingham នា​ថ្ងៃនេះ ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​រំលឹក​ខួប​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រី Elizabeth ទី​ពីរ របស់ ចក្រភព​អង់គ្លេស។

    មហាក្សត្រី Elizabeth ទីពីរ របស់ ចក្រភពអង់គ្លេស
  • អាល្លឺម៉ង់ សន្យា​ផ្តល់ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ

    អាល្លឺម៉ង់ សន្យា​ផ្តល់ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ

    កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហ​ប្រតិ​ប​តិ្ត​ការ រវាង កម្ពុជា និង អាល្លឺម៉ង់ ត្រូវបាន​ចុះហត្ថលេខា​រួចហើយ ដោយ​ក្នុងនោះ អាល្លឺម៉ង់ សន្យា​ផ្តល់​ឥណទាន សម្បទាន​ជាថ្មី ចំនួន ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ​លើក​ទី២ ដែល​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ ខេត្តសៀមរាប។

    ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​រប​ស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២២។

    កន្លងមក អាល្លឺម៉ង់ ក៏​ធ្លាប់​បានផ្តល់​ឥណទាន​ស​ម្ប​ទាន ប្រមាណ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា លើក​ទី១ សម្រាប់​គម្រោង​ខាងលើ កាលពី​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២០ អាល្លឺម៉ង់ ក៏បានផ្តល់ ៣០ លាន​អឺរ៉ូ ទៀត ដល់ កម្ពុជា សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ។

    លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតរបស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែឧសភា ឆ្នាំ ២០២២

    គិត​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ដំណាច់ឆ្នាំ ២០២១ អាល្លឺម៉ង់ បានផ្តល់​ហិរញប្បទាន​សហប្រតិបត្តិកា​រ ដល់ កម្ពុជា សរុប​ប្រហែល ៧២០ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន ហិរញ្ញប្បទាន​ឥត​សំណង ប្រហែល ៦៥០ លាន​ដុល្លារ និង​ឥណទាន​សម្បទាន ប្រហែល ៧០ លាន​ដុល្លារ​អាម៉េរិក។

  • កូនជ្រូក​ដែល​កើត​ពី​ការបន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​ទាំងស្រុង មាន​សុខ​ភាពល្អ! អ្នកវិទ្យាសាស្ត្រ​ថា ជារឿង​ «ជោគជ័យ»

    កូនជ្រូក​ដែល​កើត​ពី​ការបន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​ទាំងស្រុង មាន​សុខ​ភាពល្អ! អ្នកវិទ្យាសាស្ត្រ​ថា ជារឿង​ «ជោគជ័យ»

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ថ្មីៗនេះ បាន​អភិវឌ្ឍ​យន្តការ​បន្ត​ពូជ​ជ្រូក​តាមបែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង​តាមរយៈ​ការប្រើប្រាស់​រ៉ូ​បូត ដែល​នេះ​អាចជួយ​ឱ្យ​ប្រទេស​ដែល​បរិភោគ​សាច់ជ្រូក​ច្រើនជាងគេ​ក្នុង​ពិភពលោក កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពូជ​ជ្រូក​នាំចូល។

    យោងតាម​សារព័ត៌មាន​ចិន ក្រុម​អ្នកស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Zhao Xin នៃ​សាកលវិទ្យាល័យ Nankai រួម​នឹង​វិទ្យាស្ថាន​បសុសត្វ និង​បសុពេទ្យ នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម Tianjin បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​យន្តការ​បន្ត​ពូជ​ជ្រូក​បែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង ដោយ​ការប្រើប្រាស់​រ៉ូ​បូត និង​បាន «បន្ត​ពូជ» ដោយ​ជោគជ័យ​ទៅលើ​សត្វ​ជ្រូក Landrace ចំនួន ៧ ក្បាល កាលពី​ថ្ងៃទី ៣១ មីនា ២០២២។

    ជ្រូក​មេ​ធម្មតា​មួយ​ក្បាល​បាន «ពពោះ​ជំនួស» ក្នុង​រយៈពេល ១១០ ថ្ងៃ ហើយ​បង្កើតបាន​កូនជ្រូក ៧ ក្បាល។ ទាំងនេះ​គឺជា​កូនជ្រូក​ដែល​ត្រូវបាន​បន្ត​ពូជ​ដោយ​ស្វ័យប្រវត្តិ និង​ដោយ​មិនត្រូវ​ការ​ឈ្មោល​ដំបូង​គេ​ក្នុង​ពិភពលោក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា ចំនួន​កូនជ្រូក​ក្នុង​មួយ​សម្បុក​ដែល​ជ្រូក​មេ «ពពោះ​ជំនួស» ដោយ​យន្តការ​ស្វ័យប្រវត្តិ​បាន​បង្កើត បាន​កើន​ដល់ ៨ ក្បាល ស្មើនឹង​ជាង ៦០% ធៀប​នឹង​មធ្យមភាគ​មិន​ដល់ ៥ ក្បាល​ក្នុង ១ សម្បុក​ដែល​បង្កើត​ដោយ​ការបន្ត​ពូជ​សិប្បនិម្មិត​ធម្មតា។

    ជ្រូក​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​សម្បុក​ដំបូង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន។ ៩ ក្នុងចំណោម​កូនជ្រូក ១៣ ក្បាល ដែល​បង្កើត​ដោយ​យន្តការ​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ មាន​សុខ​ភាពល្អ និង​ត្រូវបាន​រក្សា​ទុកជា​ជ្រូក​ពូជ ដែល​នេះ​បង្ហាញថា អត្រា​ជ្រើសរើស​ពូជ​ដែល​សម្រេចបាន​គឺ​កើន​ដល់ ៦៩% ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​អត្រា ៣៥% នៃ​ការ​រក្សាទុក​ជ្រូក​ពូជ​ធម្មតា។

  • ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន ផលិត​នៅ ប្រទេស​វៀតណាម

    ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន ផលិត​នៅ ប្រទេស​វៀតណាម

    ម៉ូ​ដែល​មួយចំនួន​នៃ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន Xiaomi នឹង​ក្លាយជា​ផលិតផល «made in Vietnam» ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍។

    ឡូ​ទូរស័ព្ទ «made in Vietnam» ដំបូង​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ឃ្លាំង​របស់​អ្នក​ចែកចាយ Digiworld នេះ​បើតាម​ប្រកាស​របស់​ក្រុមហ៊ុន Xiaomi កាលពី​ថ្ងៃទី ៣១ ឧសភា។ នេះ​គឺជា​ផលិតផល​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង ក្រុមហ៊ុន​ចិន Xiaomi និង DBG Technology ដែលមាន​រោងចក្រ​នៅ​ខេត្ត Thai Nguyen ភាគ​ខាងជើង​នៃ ប្រទេស​វៀតណាម។

    យោងតាម Xiaomi Vietnam ក្រុមហ៊ុន DBG Technology ដើរតួនាទី​ជា​ប្រតិបត្តិ​ករ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Xiaomi Vietnam។ រោងចក្រ DBG Technology ដំណើរការ​ចាប់ពី​ខែមិថុនា​ឆ្នាំ​កន្លង ដោយ​ទទួលខុសត្រូវ​ក្នុងការ​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​របស់ វៀតណាម និង​នាំចេញ​ទៅកាន់​ទីផ្សារ អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី និង ថៃ ជាដើម។

    តំណាង​របស់ Xiaomi ឱ្យដឹងថា រោងចក្រ​ខាងលើ​ផលិត​តែ​ម៉ូ​ដែល​មួយចំនួន​របស់​ទូរស័ព្ទ Xiaomi តែប៉ុណ្ណោះ។

    ក្រុមហ៊ុន​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា Canalys បានឱ្យដឹងថា Xiaomi គឺជា​ស្មា​ត​ហ្វូ​ន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ស្ដីពី​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន​ផ្គត់ផ្គង់​ច្រើនជាងគេ​នៅ វៀតណាម នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំនេះ។

    មុន​នោះ ទូរស័ព្ទ Xiaomi ភាគច្រើន​ត្រូវបាន​ផលិត​នៅក្នុង ប្រទេស​ចិន និង ឥណ្ឌា។ ខុសពី Samsung ដែលមាន​រោងចក្រ​ផ្ទាល់ខ្លួន ក្រុមហ៊ុន Xiaomi តែងតែ​ដំឡើង​ទូរស័ព្ទ​របស់ខ្លួន​តាម​រយៈ​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ ដូចជា Foxcom, DBG, BYD, Flex ជាដើម ដូច​ទៅនឹង​វិធី​ដែល​ក្រុមហ៊ុន Apple កំពុង​ធ្វើ​នាបច្ចុប្បន្ន។

  • ប្រេង​ពិភពលោក​ឡើងថ្លៃ​ក្នុងការ​ជួញដូរ​ថ្ងៃទី ០១ មិថុនា ២០២២

    ប្រេង​ពិភពលោក​ឡើងថ្លៃ​ក្នុងការ​ជួញដូរ​ថ្ងៃទី ០១ មិថុនា ២០២២

    តម្លៃ​ប្រេង​ពិភពលោក​ក្នុង​ថ្ងៃទី ០១ មិថុនា បាន​កើនឡើង បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) ឯកភាព​លើ​ការដាក់ទណ្ឌកម្ម​តាម​ដំណាក់កាល​ទៅលើ​ប្រេង​នាំចូល​ពី រុស្ស៊ី។

    ក្រៅពី​កត្តា​ខាងលើនេះ ការដែល ប្រទេស​ចិន បញ្ចប់​ការបិទ​ខ្ទប់​ដោយសារ កូ​វីដ-១៩ នៅ សៀង​ហៃ ក៏​អាច​ជំ​រុញឱ្យ​តម្រូវការ​ប្រេង​កើនឡើង​ផងដែរ។

    ក្នុង​ថ្ងៃទី ០១ មិថុនា តម្លៃ​ប្រេង Brent មាន​លំនឹង​ក្នុង​រង្វង់ ១១៦.២៩ ដុល្លារ/ធុង កើន ៦៩ សេន (ប្រហែល ០.៦%)។ តម្លៃ​ប្រេង WTI ក៏​ឡើងថ្លៃ ៥៩ សេន (០.៥%) ឡើងដល់ ១១៥.២៦ ដុល្លារ/ធុង។

    សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ បាន​ឯកភាពគ្នា​លើ​គោលការណ៍​កាត់បន្ថយ ៩០% នៃ​បរិមាណ​ប្រេង​នាំចូល​ពី រុស្ស៊ី នៅ​ចុង​ឆ្នាំនេះ។ នេះ​គឺជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​របស់ EU ក្រោយពី រុស្ស៊ី បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

    លោក Bill Farren-Price ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ថាមពល Enverus (សហរដ្ឋ​អាម៉េរិក) ឱ្យដឹងថា ទណ្ឌកម្ម​ថ្មី​របស់ EU នេះ អាច​នឹង​ធ្វើឱ្យ រុស្ស៊ី ខាតបង់​ប្រេង​នាំចេញ​ប្រហែល ៣ លាន​ធុង/ថ្ងៃ ហើយ រុស្ស៊ី ក៏​មិន​ងាយ​នឹង​បង្វែរ​បរិមាណ​ប្រេង​ទាំងនេះ​ទៅកាន់​ទីផ្សារ​ដទៃ។

  • ទ្រព្យសកម្ម​របស់​កំពូល​មហាសេដ្ឋី ៣ រូប​របស់​ពិភពលោក ថយចុះ ជាង ១០០ ពាន់​លាន​ដុល្លារ ចាប់ពី​ដើមឆ្នាំ ២០២២

    ទ្រព្យសកម្ម​របស់​កំពូល​មហាសេដ្ឋី ៣ រូប​របស់​ពិភពលោក ថយចុះ ជាង ១០០ ពាន់​លាន​ដុល្លារ ចាប់ពី​ដើមឆ្នាំ ២០២២

    តម្លៃសុទ្ធ​នៃ​ទ្រព្យសកម្ម (Net Worth) របស់ Elon Musk, Jeff Bezos និង Bill Gates បាន​ថយចុះ​សរុប ១១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ខែឧសភា​កន្លងទៅ ព្រោះតែ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង។

    យោងតាម​ស​ន្ទ​ស្សន៍​របស់ Bloomberg (Bloomberg Billionaires Index) ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft បាន​ថយចុះ​អស់ ១៥.១ ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់​លោក​ Jeff Bezos ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon បាត់​បង់អស់ ៥៣.២ ពាន់​លាន​ដុល្លារ។ ចំណែក​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Elon Musk ដែលជា​សហ​ស្ថាបនិក​របស់ Tesla វិញ ក៏បាន​បាត់​បង់អស់ ៤៦.៤ ពាន់​លាន​ដុល្លារ។

    គិត​ត្រឹម​ថ្ងៃទី ២៧ ឧសភា លោក Elon Musk នៅតែ​ជា​មហាសេដ្ឋី​លំដាប់​លេខ ១ ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២២៤ ពាន់​លាន​ដុល្លារ។ បន្ទាប់មក​គឺ Jeff Bezos ដោយមាន​ទ្រព្យ ១៣៩ ពាន់​លាន​ដុល្លារ និង Bill Gates មានទ្រព្យ ១២៣ ពាន់​លាន​ដុល្លារ។

    ទ្រព្យ​ភាគច្រើន​របស់ Elon Musk និង Jeff Bezos ស្ថិតក្នុង​ទម្រង់​ភាគហ៊ុន​របស់ Tesla និង Amazon។បច្ចុប្បន្ន Musk កាន់កាប់​ភាគហ៊ុន ១៥.៦% ស្មើនឹង ១២២ ពាន់​លាន​ដុល្លារ នៅក្នុង​ក្រុមហ៊ុន Tesla។ គិត​ចាប់ពី​ដើមឆ្នាំ​មកនេះ ភាគហ៊ុន​របស់ Tesla បាន​ថយចុះ​អស់​ជិត ៣៧% ក្នុងនោះ ការសម្រេចចិត្ត​ទិញ Twitter របស់លោក Musk ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​សំខាន់​ដែលនាំឱ្យ​ភាគ​ហ៊ុ​និក​ជាច្រើន​នាំគ្នា​លក់​ចោល​ភាគហ៊ុន​នេះ។

    រីឯ Jeff Bezos ដែលជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​វិញ ក៏​ជួប​បញ្ហា​ស្រដៀង​លោក Musk ដោយ​ភាគហ៊ុន ៥០ លាន​ហ៊ុន (តម្លៃ​ប្រហែល ១១៥ ពាន់​លាន​ដុល្លារ) របស់លោក​នៅក្នុង​ក្រុមហ៊ុន Amazon បាន​ធ្លាក់​ថ្លៃ ព្រោះតែ​ភាគហ៊ុន​ថយចុះ​ជិត ១/៣ រាប់​ចាប់ពី​ដើមឆ្នាំ​នេះ។

    លោក Bill Gates មាន​តារាង​មុខ​ជំនួញ​សម្បូរបែប ដូច្នេះ​គាត់​ក៏បាន​រួចខ្លួន​ខ្លះ​ពី​ការដែល​ភាគហ៊ុន​ត្រូវគេ​លក់​ចោល​ច្រើន។ មូលនិធិ​មនុស្សធម៌ Bill និង Melinda Gates បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ក្នុង​ការ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន Berkshire Hathaway របស់​មហាសេដ្ឋី Warren Buffett។ ខ្ទង់​វិនិយោគ​នេះ​បាន​កើន​ជាង ៥% ក្នុងឆ្នាំនេះ។ ប៉ុន្តែ ខ្ទង់​វិនិយោគ​របស់លោក Gates ទៅលើ Cascade Investment បាន​ជួបនឹង​បញ្ហា​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់។

    ដោយសារតែ​សម្ពាធ​ពី​បញ្ហា​អតិផរណា និង​ជំនឿ​របស់​អ្នកប្រើប្រាស់​ថយចុះ តម្លៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ឆ្លងកាត់​ការប្រែប្រួល​ច្រើន​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ៕

  • រុស្ស៊ី កំពុង​ពិចារណា​លើ​ការប្រើ​ប្រាស់​​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ ក្នុងការ​ទូទាត់​អន្តរជាតិ

    រុស្ស៊ី កំពុង​ពិចារណា​លើ​ការប្រើ​ប្រាស់​​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ ក្នុងការ​ទូទាត់​អន្តរជាតិ

    ថ្ងៃទី ៣១ ឧសភា អគ្គនាយករង​ទីមួយ​នៃ​ធនាគារជាតិ​រុស្ស៊ី លោកស្រី Ksenia Yudaeva បានឱ្យដឹងថា ធនាគារ​នេះ​អាច​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ (Cryptocurrency) នៅក្នុង​ការជួញដូរ​អន្តរជាតិ បើ​ទោះ​ការជួញដូរ​ដោយ​ប្រាក់​ឌីជីថល​នេះ​នៅ រុស្ស៊ី មាន​ហានិភ័យ​ខ្ពស់។

    ព័ត៌មាន​ពី មូ​ស្គូ ឱ្យដឹងថា លោកស្រី Yudaeva ថ្លែងថា ធនាគារជាតិ​រុស្ស៊ី មិន​ជំទាស់​នឹង​ការប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ​នៅក្នុង​ការជួញដូរ​អន្តរជាតិ និង​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ប៉ុន្តែ លោកស្រី​អះអាងថា ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​ប្រភេទ​គ្រីប​តូ នៅក្នុង​ប្រទេស ពិសេស​គឺ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី គឺអាច​បង្ក​ហានិភ័យ។

    កាលពី​ខែមេសា ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ក៏បាន​លើកឡើង​នូវ​សេចក្ដីព្រាង​នៃ​ការកំណត់​ស្ដីពី​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ ដោយ​ស្នើឱ្យ​មានការ​អនុញ្ញាតឱ្យ​បុគ្គល និង នីតិបុគ្គល ជួញដូរ​ដោយ​ប្រាក់​ឌីជីថល​គ្រីប​តូ។ ប៉ុន្តែ ត្រូវគោរព​តាម​គោលការណ៍​ប្រឆាំងនឹង​ការលាង​លុយ និង​ការគាំទ្រ​ដល់​ភេរវកម្ម។ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ក៏​មិនបាន​ហាមឃាត់​ការប្រើប្រាស់​រូបិយវត្ថុ​ប្រភេទ​នេះ ចំពោះ​អ្នក​ដែល​មិនមាន​ទីលំនៅ​ក្នុង ប្រទេស​រុស្ស៊ី នោះដែរ។

    កាលពី​ខែមករា ២០២១ ច្បាប់​ស្ដីពី​ទ្រព្យ​ឌីជីថល និង​ប្រាក់​ឌីជីថល​គ្រីប​តូ​នៅ រុស្ស៊ី បាន​ចូល​ជា​ធរមាន អនុញ្ញាតឱ្យ​ប្រជាជន​វិនិយោគ និង​រក្សាទុក។ បទបញ្ជា​ដែល​បាន​ហាមប្រាម​កន្លងមក ត្រូវបាន​ទុកជាមោឃ។

    យោងតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ទូទាត់​ដោយ​ប្រាក់​ឌីជីថល​គ្រីប​តូ TripleA របស់ សិង្ហ​បុរី បច្ចុប្បន្ន​មាន​ប្រជាជន​ជាង ១៧ លាន​នាក់​នៅ រុស្ស៊ី កំពុង​កាន់កាប់​ប្រាក់​ឌីជីថល​គ្រីប​តូ និង ៦០% ក្នុងចំណោម​ពួកគេ​គឺមាន​អាយុ​ពី ២៥ ដល់ ៤៤ ឆ្នាំ។ ទិន្នន័យ​របស់ សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ឱ្យដឹងថា ឆ្នាំ ២០២១ រុស្ស៊ី ជាប់​ចំណាត់ថ្នាក់​ទី​បី​លើ​ពិភពលោក​ស្ដីពី​ការរក​ប្រាក់​ឌីជីថល​គ្រីប​តូ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង កា​ហ្សា​ក់​ស្ថាន៕

  • រោងចក្រ​អគ្គិសនី​កូនកាត់ ប្រើ​ប្រាស់​ថាមពល «ជំនោរ-លំនាច​ទឹកសមុទ្រ និង​ព្រះអាទិត្យ» ទំហំ ១៣៣ ហិកតា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

    រោងចក្រ​អគ្គិសនី​កូនកាត់ ប្រើ​ប្រាស់​ថាមពល «ជំនោរ-លំនាច​ទឹកសមុទ្រ និង​ព្រះអាទិត្យ» ទំហំ ១៣៣ ហិកតា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

    រោងចក្រ​អគ្គិសនី​ប្រើប្រាស់​កម្លាំង​នៃ​ជំនោរ និង​លំនាច​របស់​ទឹកសមុទ្រ បូករួម​នឹង​កម្ដៅ​ព្រះអាទិត្យ របស់ ប្រទេស​ចិន ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ៣០ ឧសភា។

    ផ្ទាំង​សូ​ឡា​គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក​ទំហំ ១៣៣ ហិកតា ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញបន្ថែម​ទៅលើ​ការផលិត​អគ្គិសនី​ដែល​ដើរ​ដោយ​កម្លាំង​ជំនោរ និង​កម្លាំង​លំនាច​នៃ​ទឹកសមុទ្រ។ នេះ​គឺជា​គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​បែប​ចម្រុះ​ដោយ​ប្រើ​កម្លាំង​ទឹកជោរ​នាច និង​ថាមពលព្រះអាទិត្យ​ដំបូងបង្អស់​របស់ ប្រទេស​ចិន។

    គម្រោង​នេះ​ជួយ​ឱ្យ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ដំណើរការបាន​ដោយ​រលូត ព្រោះ​អាច​ដោះស្រាយ​បញ្ហា​រអាក់រអួល​នៅពេល​គ្មាន​ពន្លឺព្រះអាទិត្យ។ ផលិតភាព​របស់​រោង​ចក្រ​ចម្រុះ​នេះ​នឹង​បង្កើតបាន​អគ្គិសនី​លើសពី ១០០ លាន​គីឡូវ៉ាត់ម៉ោង នៅក្នុង ១ ឆ្នាំ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំឆ្នាំ​របស់​គ្រួសារ​នៅ​ទីក្រុង​ប្រហែល ៣០,០០០ គ្រួ។

    គ្រោង​​ដែល​មាន​ទីតាំង​នៅ​ក្នុងតំបន់ Wugen នៃ​ទីក្រុង​ Wenling របស់​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​ ប្រទេស​ចិន​ នេះ​ ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ក្នុង​វិស័យ​ផលិត​អគ្គិសនី​បាន​ប្រមាណ​ជាង ៣១,០០០ តោន/ឆ្នាំ។

  • AirAsia ចូលរួម​រកស៊ី​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ​ នៅ ប្រទេស​ថៃ

    AirAsia ចូលរួម​រកស៊ី​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ​ នៅ ប្រទេស​ថៃ

    ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប AirAsia បញ្ចេញ​សេវាកម្ម​ហៅ​យានជំនិះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ បាងកក ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធ្វើដំណើរ​នៅពេល​វិស័យ​ទេសចរណ៍​ងើបឡើង​វិញ។

    សេវាកម្ម AirAsia Ride ចាប់ដំណើរការ​ពីថ្ងៃ​ទី ៣១ ឧសភា នៅ ទីក្រុង​បាងកក ដោយមាន​អ្នកបើកបរ​ចំនួន ៣,០០០ នាក់។ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ទាក់ទាញ​អ្នកបើកបរ​បន្ថែមទៀត​ផងដែរ។ ក្រៅពី បាងកក AirAsia ក៏​ដាក់​គោលដៅ​អភិវឌ្ឍ​សេវា​កម្មនេះ នៅ ភូ​កេ​ត និង ឈៀង​ម៉ៃ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​បរទេស។

    ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​នេះ​ក៏​សង្ឃឹម​ទៅលើ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​រដូវក្ដៅ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ផ្ដល់​សេវាកម្ម​ចាប់ពី​ការហៅ​យានជំនិះ រហូតដល់​ការ​កក់​សំបុត្រ​យន្តហោះ។ ក៏ប៉ុន្តែ AirAsia ក៏​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​គូប្រជែង​នៅ ប្រទេស​ថៃ មានដូចជា Grab និង Bolt Technology ជាដើម។

    AirAsia បានផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​នៅ គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ចាប់តាំងពី​ខែសីហា ឆ្នាំ ២០២។ យោងតាម Statista តម្លៃ​ទីផ្សារ​នៃ​វិស័យ​ហៅ​យានជំនិះ និង​បញ្ជា​ទិញ-ប្រគល់​អាហារ​តាម​កម្មវិធី​បច្ចេកវិទ្យា​នៅ អាស៊ីអាគ្នេយ៍ អាច​នឹង​កើនឡើង​ខ្ពស់ជាង​មុន ៣ ដង ឡើងដល់ ៤២ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥។ កាលពី​ឆ្នាំ ២០២១ ទីផ្សារ​នេះ​មានតម្លៃ​ប្រហែល ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    AirAsia (Capital A Berhad) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Tune Group គឺជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ ពហុ​ជាតិ​របស់ ម៉ាឡេស៊ី ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្បែរ​​មជ្ឈមណ្ឌល​នៃ​ ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។