Category: សង្គម និងសេដ្ឋកិច្ច

  • អគ្គិភ័យកំពុងឆាបឆេះផ្ទះនៅ​លើ​​​ផ្លូវ ៣៦៩​ សង្កាត់ច្បារអំពៅទី១​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ​

    អគ្គិភ័យកំពុងឆាបឆេះផ្ទះនៅ​លើ​​​ផ្លូវ ៣៦៩​ សង្កាត់ច្បារអំពៅទី១​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ​

    នៅវេលា​ម៉ោង​ប្រហែល ៤ កន្លះ​ល្ងាច​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ចំណុច​ផ្លូវ ៣៦៩ សង្កាត់​ច្បារអំពៅ​ទី១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

    ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​បន្ទាន់។

    នេះ​បើ​យោងតាម​ព័ត៌មាន​បឋម​នៃ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

  • សញ្ញា​មួយចំនួន​ដែល​​អាច​បង្ហាញថា មនុស្ស​ម្នាក់​កើតមក​គឺ​ដើម្បី​ជោគជ័យ និង​ក្លាយជា​អ្នកមាន

    សញ្ញា​មួយចំនួន​ដែល​​អាច​បង្ហាញថា មនុស្ស​ម្នាក់​កើតមក​គឺ​ដើម្បី​ជោគជ័យ និង​ក្លាយជា​អ្នកមាន

    «ក្នុងចំណោម​សញ្ញា​ទាំងឡាយ​ខាងក្រោម តើ​លោក អ្នកមាន​ប៉ុន្មាន​ប្រការ?»

    ១-មនុស្ស​ម្នាក់​ដែលមាន​រូប​កាយ​ទាក់ទាញ

    សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​មួយរូប​នៅ​សាកលវិទ្យាល័យ Texas បាន​រកឃើញថា អ្នក​ដែលមាន​រូបរាង​ទាក់ទាញ ភាគច្រើន​មាន​សមត្ថភាព​រកប្រាក់​បាន​ច្រើនជាង​ពី ៣% ទៅ ៤% ធៀប​នឹង​មនុស្ស​ដែលមាន​រូបរាង​ទាក់ទាញ​ក្រោម​កម្រិត​មធ្យម។

    ២-មាន​ឈាម​ជា​អ្នករកស៊ី​តាំងពី​តូច

    សេដ្ឋី និង​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ពី​បាត​ដៃទទេ​ភាគច្រើន​នៅលើ​ពិភពលោក សុទ្ធ​តែមាន​ចំណុចរួម​ដ៏​ពេញនិយម​មួយ​នោះ​គឺ ចាប់ផ្ដើម​រកប្រាក់​តាំងតែ​ពី​តូច ក្នុងនោះ​មាន​ទាំង Warren Buffett និង Mark Cuban ជាដើម។

    ៣-មាន​ទំនាក់ទំនង​ទូលំទូលាយ

    ការស្រាវជ្រាវ​មួយ​បង្ហាញថា បើសិន​មាន​មិត្តភក្ដិ​ច្រើន​នៅពេល​រៀន​នៅ​សាលា​មធ្យមសិក្សា មហាវិទ្យាល័យ និង​នៅ​កន្លែងធ្វើការ ឬ​ដៃគូ​សហការ​កន្លែងធ្វើកា​រ បុគ្គល​នោះ​នឹង​រកបាន​ប្រាក់​ច្រើន​នាពេល​អនាគត ដោយសារតែ​ឱកាស​ដែល​រកបាន​ពី​ទំនាក់ទំនង​ខាងលើ។

    ៤-សេពគប់​អ្នក​ដែល​ពូកែ​ជាង​ខ្លួន

    បើសិន​ចំណាយពេល​ច្រើន​ទៅលើ​មនុស្ស​ដែល​នាំមក​នូវ​ថាមពល​អវិជ្ជមាន ឬ​មិនមាន​គោលដៅ​ឆ្ពោះទៅមុខ នោះ​អ្នកនឹង​មិនអាច​រីកចម្រើន តែ​ថែមទាំង​ដើរ​ថយក្រោយ​ទៀតផង។ ប៉ុន្តែ បើ​សេពគប់​បុគ្គល​ដែលមាន​ចំណេះដឹង និង​មនុស្ស​ដែល​ពូកែ​ជាង​ខ្លួន នោះ​យើង​នឹង​ជោគជ័យ ដោយសារតែ​បាន​រៀនសូត្រ​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​ពី​ពួកគេ។

    ៥-ចេះ​ផឹកស្រា​បៀ ប៉ុន្តែ​មិន​ជក់បារី

    យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ ២០០៦ បុរស​ដែល​ចេះ​ផឹកស្រា​បៀ អាច​រកប្រាក់​បាន​ច្រើនជាង ២១% ធៀប​នឹង​បុគ្គល​ដែល​តម​ស្រា។ មូលហេតុ​គឺ​ដោយសារ​ថា វា​អាចជួយ​បង្កើន​ទំនាក់ទំនង​ក្នុងសង្គម។ ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​និយាយថា អ្នក​ដែល​មិន​ជក់បារី តែងតែមាន​ទ្រព្យ​ច្រើនជាង ៥០% ធៀប​នឹង​អ្នក​ដែល​ជក់បារី​តិចតួច និង​ច្រើនជាង​ទ្វេដង ធៀប​នឹង​អ្នកញៀន​នឹង​ថ្នាំជក់។

    ៦-មិនធ្លាប់ ឬ​មិន​ទាន់មាន​ការលែង​លះ

    ការសិក្សា​ស្រាវជ្រាវ​មួយ​បានឱ្យដឹងថា ការ​លែងលះ​អាចធ្វើឱ្យ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ម្នាក់​ថយចុះ​ប្រហែល ៧៧% ធៀប​នឹង​បុគ្គល​ដែល​នៅ​លីវ។ ចំណែក​ការរៀប​ការ​វិញ អាចមាន​លទ្ធភាព​បង្កើន​ទ្រព្យ​ឡើង​ច្រើន​ទ្វេដង។

    ៧-តែងតែ​ប្រឹងប្រែង​ដើម្បី​រីកចម្រើន

    សេដ្ឋី និង​មហាសេដ្ឋី​ដែល​រកស៊ី​មានបាន​ពី​បាត​ដៃទទេ​ជាច្រើនរូប បានឱ្យដឹងថា ពួកគាត់​គឺជា​ប្រភេទ​មនុស្ស​ដែល​មិនចេះ​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​ធ្វើបាន។ ជំនួស​ឱ្យ​ការ​ត្រេកអរ​នៅពេល​រកបាន ១ លាន​ដុល្លារ ពួកគាត់​បែរជា​រក​វិធី​ដើម្បី​រក​ឱ្យបាន​ច្រើនជាង​នេះ។

    ៨-កំណត់​គោលដៅ​ច្បាស់លាស់

    ការរក​ប្រា​ក់បាន​រាប់លាន ឬ​រាប់ពាន់​ដុល្លារ មិនមែនជា​រឿង​ចៃដន់​ឡើយ។ អ្នកមាន​តែងតែ​ចំណាយពេល​ច្រើន​ដើម្បី​រិះគិត​ដើម្បី​កំណត់​គោលដៅ​យូរអង្វែង ជាក់លាក់​របស់​ពួកគេ សម្រាប់​អនុវត្តតាម។

    ៩-មិន​ខ្លាច​បរាជ័យ

    បុគ្គល​ជោគជ័យ​គឺជា​មនុស្ស​ដែល​ធ្លាប់បាន​ឆ្លងកាត់​ការបដិសេធ ភាពបរាជ័យ និង​ភាព​ភ័យព្រួយ មុននឹង​បាន​ជោគជ័យ។ ដូច្នេះ ប្រការ​ដែល​ពួកគេ​យកចិត្តទុកដាក់​បំផុត​គឺ ការដាក់​ថាមពល​ទៅក្នុង​បច្ចុប្បន្នកាល និង​អនាគតកាល៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដែល​ជិត​យកឈ្នះ​លើ Tesla គឺជា​ក្រុមហ៊ុន​​ដែល​​​ធ្លាប់​ត្រូវ Elon Musk សើចចំអក និង​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​មហាសេដ្ឋី​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដែល​ជិត​យកឈ្នះ​លើ Tesla គឺជា​ក្រុមហ៊ុន​​ដែល​​​ធ្លាប់​ត្រូវ Elon Musk សើចចំអក និង​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​មហាសេដ្ឋី​អាម៉េរិក

    លោក Elon Musk ពេលនេះ​ទំនងជា​មិនអាច​ក្រអឺតក្រទម ឬ​មើលស្រាល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន​មួយ​នេះ​បាន​ទៀតឡើយ។

    ជាង​មួយ​ទសវត្សរ៍​មុន មហាសេដ្ឋី Elon Musk ធ្លាប់​សើចចំអក​ចំពោះ​គំនិត​ដែល​និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD របស់ ចិន គឺជា​គូប្រជែង​គួរឱ្យ​ញញើត​របស់ Tesla។ ប៉ុន្តែ ការ​ក្រអឺតក្រទម​របស់​មហា​សេដ្ឋី​រូបនេះ បច្ចុប្បន្ន​ហាក់​បាន​ថយចុះ​ច្រើន។

    ពេលនេះ BYD ដែល​ទទួលបាន​ការគាំទ្រ​ពី មហាសេដ្ឋី​អាម៉េរិក លោក Warren Buffett កំពុងតែ​ត្រៀមខ្លួន​ផ្ដួល​គូប្រជែង​របស់ខ្លួន​នៅលើ ទឹកដី​ចិន នោះ​គឺ Tesla។ កាលពី​សប្ដាហ៍​កន្លង នាយក​ប្រតិបត្តិ​មួយរូប​របស់ BYD បាន​និយាយថា ក្រុមហ៊ុន​របស់គាត់​កំពុងតែ «ត្រៀម​ផ្គត់ផ្គង់​ថ្ម​ឱ្យ Tesla ក្នុងពេលឆាប់ៗខាងមុខ»។ កិច្ចព្រមព្រៀង​នេះ​នឹង​អាច​នាំឱ្យ BYD ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ថ្ម និង​រថយន្ត​អគ្គិសនី​លេចធ្លោ និង​ធំជាងគេ​ក្នុង​ពិភពលោក។

    ពីរ​ឆ្នាំ​កន្លងទៅ BYD បាន​ផលិត​រថយន្ត​អគ្គិសនី និង​ថ្ម lithium បច្ចេកវិទ្យា​ខ្ពស់ជាង​មុន អនុញ្ញាតឱ្យ​ពួកគេ​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​មួយ​ភាគ​ធំ។ BYD មាន​គម្រោង​លក់​រថយន្ត​អគ្គិសនី ១.៥ លាន​គ្រឿងក្នុង​ឆ្នាំ ២០២២ ដែល​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ឆ្ពោះ​ទៅជិត​ដល់​គោលដៅ​កាន់កាប់ ១/៣ នៃ​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ចិន នៅ​ចុង​ឆ្នាំនេះ។

    កាលពី​ខែមេសា​កន្លងទៅ BYD ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់កំពូលៗ បើ​គិត​ទៅតាម​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ និង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​តម្លៃ​មូលធន​ទីផ្សារ។ ក្នុង​ខែមេសា BYD បាន​លក់​រថយន្ត​អគ្គិសនី​ជាង ៤៦,០០០ គ្រឿង (Tesla លក់បាន ១,៧២៨ គ្រឿង) និង​បានប្រកាស​ឈប់​ផលិត​រថយន្ត​ប្រើ​ប្រេងសាំង។ ខែឧសភា កំណើន​នៃ​ការលក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន BYD ក៏បាន​កើនឡើង ២៥០% ធៀប​នឹង​មួយឆ្នាំ​មុន​នោះ។

    រថយន្ត​អគ្គិសនី​របស់ BYD

    កិច្ចព្រមព្រៀង​រវាង BYD និង Tesla នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ ប៉ុន្តែ ក្រុមហ៊ុន​ចិន មួយ​នេះ​អាច​ផ្គត់ផ្គង់​ថ្ម Blade ដល់ Tesla។

    BYD កំពុងតែ​ធ្វើអ្វីៗដែល Tesla ចង់​ធ្វើ ៖ ផលិត​ថ្ម និង​ធានា​ប្រភព​ផ្គត់ផ្គង់។ BYD ក៏​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន នោះ​គឺ «ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​មួយ​នៅក្នុង​ពិភពលោក។ ថ្វីបើ​រថយន្ត​របស់ BYD មិនទាន់មាន​បច្ចេកវិទ្យា​ទំនើប​ខ្លាំង ឬ​រូបរាង​មិនទាន់​សម័យ​ខ្លាំង​ដូច Tesla ប៉ុន្តែ ពួកវា​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន និង​ជា​ហូរហែ។ បច្ចុប្បន្ន ថ្ម​របស់ BYD ក៏​ត្រូវបាន​ប្រើប្រាស់​នៅលើ​រថយន្ត Tesla។

    ទោះជា​យ៉ាងណាក៏ដោយ BYD នឹង​អាច​ដើរ​មិនទាន់​គេ បើសិន CATL (Contemporary Amperex Technology Co. Limited)  ដែលជា​ក្រុមហ៊ុន​ផលិត​ថ្ម​ធំជាងគេ​ក្នុង​ពិភពលោក និង​បណ្ដា​ក្រុមហ៊ុន​នានា​នៅ កូរ៉េខាងត្បូង ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់​ថ្ម​ដែលមាន​ថាមពល​ខ្ពស់ជាង។

    ក្រុមហ៊ុន​ចិន BYD បន្ត​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់ខ្លួន ដោយ​ផ្គត់ផ្គង់​ថ្ម​ដែលមាន​រូបរាង​ជា​ដំបង (ប្រភេទ​ដែល​ដូច​ទៅនឹង​ថ្ម​ដែល Tesla កំពុង​ប្រើប្រាស់) ឱ្យ BMW AG ដោយ​បំបាត់​ថ្ម​ដែលមាន​រូបរាង​ជ្រុង។

    សូម្បីតែ​នៅពេល CATL មិន​ទទួលបាន​ជោគជ័យ BYD ក៏​នៅតែ​ទទួលបាន​ផលចំណេញ​ពី​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព។ ប្រការនេះ​ទំនងជា​អាចជួយ​ឱ្យ BYD យកឈ្នះ​លើ Telsa នៅ​ថ្ងៃ​ណាមួយ​មិន​ខាន៕

  • ផ្លូវដែក​ប្រវែង​ជិត ៣,០០០ គីឡូម៉ែត្រ ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់ ចាប់ផ្ដើម​ដំណើរ​ទាំងស្រុង

    ផ្លូវដែក​ប្រវែង​ជិត ៣,០០០ គីឡូម៉ែត្រ ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់ ចាប់ផ្ដើម​ដំណើរ​ទាំងស្រុង

    គម្រោង Hotan-Ruoqiang នៅ ស៊ីន​ជាំ​ង បានចាប់ផ្ដើម​ដំណើរការ និង​ក្លាយជា​ផ្លូវដែក​ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

    ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ចិន (CR) កាលពី​ថ្ងៃទី ១៥ មិថុនា បានប្រកាស​ត្រៀម​ដំណើរការ​ផ្លូវដែក​មួយ​ខ្សែ​ដែលមាន​ប្រវែង ២,៧១២ គីឡូម៉ែត្រ ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់ Taklimakan បន្ទាប់ពី​កំណត់​ផ្លូវដែក​ចុងក្រោយ​ដែល​ត​ភ្ជាប់​ស្រុក Hotan នៅ​ភាគ​ខាងលិច​តំបន់ ស៊ីន​ជាំ​ង ជាមួយនឹង​ស្រុក Ruoqiang នៅ​ភាគ​អាគ្នេយ៍ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

    កំណាត់​ផ្លូវដែក Hotan-Ruoqiang ប្រវែង ៨២៥ គីឡូ​ម៉េ​ត្រ ក្នុងនោះ​មាន ៥២៤ គីឡូម៉ែត្រ រត់​ឆ្លងកាត់​តំបន់​ខ្សាច់។ ផ្លូវដែក​នេះ​អាចឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង និង​ឆ្លងកាត់​ស្ថានីយ​រថភ្លើង​ចំនួន ២២ កន្លែង។

    ដោយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់​ផ្លាស់​ទី​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក ផ្លូវដែក Hotan-Ruoqiang ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ក្នុងដំណាក់កាល​សាងសង់ ក៏ដូចជា​ដំណើរការ។

    ដើម្បី​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​នៅ​តំបន់​ដែល​កើតមាន​ព្យុះ​ខ្សាច់​ជា​ញឹកញាប់ ក្រុមហ៊ុន​ខាងលើ​បាន​សាងសង់​ស្ពាន​គោក​ជិត ២២០ ស្ពាន​នៅ​ទូទាំង​ផ្លូវដែក។ សំណាញ់​ស្មៅ​ប្រមាណ ៥០ លាន​ម៉ែត្រគូប និង រុក្ខជាតិ​ចំនួន ១៣ លាន​ដើម​ក៏ត្រូវ​បាន​ដាំ​នៅតាម​បណ្ដោយ​ផ្លូវដែក​នេះ ដើម្បី​ទប់ទល់​នឹង​ខ្សាច់។

    ផ្លូវដែក Hotan-Ruoqiang ដែល​បានចាប់ផ្ដើម​លក់​សំបុត្រ​កាលពី​ថ្ងៃទី ១៦ មិថុនា នឹងមាន​ជើង​រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន ២ ជើង និង​ដឹកទំនិញ ៨ ជើង​ជា​រៀងរាល់ថ្ងៃ។

    ផ្លូវដែក Hotan-Ruoqiang ផ្ដល់​ផលប្រយោជន៍​ដល់​មនុស្ស​ជាង ១០ លាន​នាក់ ចាប់ពី​ភាគខាងត្បូង​តំបន់​ស៊ីន​ជាំ​ង រួមមាន​ទាំង​តំបន់​ស្វយ័ត Byaingolin, Kizilsu Kirghiz និង​តំបន់ Aksu, Kashgar និង Hotan។

    ផ្លូវដែក​នេះ​អាចជា​ផ្លូវដែក​ខ្លី​បំផុត​ដែល​ដឹកទំនិញ​ពី ប្រទេស​ចិន ទៅកាន់ អឺរ៉ុប និង មជ្ឈិមបូព៌ា កាត់បន្ថយ​ការធ្វើដំណើរ​ចម្ងាយ ៩០០ គីឡូម៉ែត្រ និង​សំច័យ​ពេលធ្វើ​ដំណើរ​បាន​ពី ៧ ដល់ ៩ ថ្ងៃ។

    គិត​ត្រឹម​ចុងឆ្នាំ ២០២១ ប្រវែង​សរុប​នៃ​ផ្លូវដែក​កំពុងដំណើរការ​របស់ ចិនដីគោក មាន​ជាង ១៥០,០០០ គីឡូម៉ែត្រ ក្នុងនោះ​មាន​ជាង ៤០,០០០ គីឡូម៉ែត្រ ជា​ផ្លូវដែក​ល្បឿន​លឿន៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម មាន​គម្រោង​បើកហាង VinFast Store ដំបូង​ជាង ៥០ កន្លែង នៅ អឺរ៉ុប

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម មាន​គម្រោង​បើកហាង VinFast Store ដំបូង​ជាង ៥០ កន្លែង នៅ អឺរ៉ុប

    កាលពី​ថ្ងៃទី ១៣ មិថុនា ក្រុមហ៊ុន VinFast ប្រកាស​គម្រោង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាង ៥០ កន្លែង នៅក្នុង ប្រទេស​អាល្លឺម៉ង់, បារាំង និង ហូ​ឡង់ នៅក្នុង​កម្មវិធី​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF ៨ និង VF ៩ នៅក្នុង ទីផ្សារ​អឺរ៉ុប។

    ក្រុមហ៊ុន​ដែល​ទើបតែ​លេចធ្លោ​មួយ​នេះ មាន​គម្រោង​បើក VinFast Store យ៉ាងតិច ២៥ នៅ អាល្លឺម៉ង់, ២០ នៅ បារាំង និង ៥ នៅ ហូ​ឡង់។ បណ្ដា​ហាង​នៅ អាល្លឺម៉ង់ នឹង​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ទីក្រុងធំៗដូចជា Frankfurt, Berlin, Cologne, Oberhausen និង Hamburg។ ចំណែក​នៅ បារាំង ហាង​ទាំងនេះ​នឹង​មាននៅ​ទីក្រុង​ប៉ារីស, Marseille, Nantes, Rennes, Nice។ល។ រីឯ​នៅ ប្រទេស​ហូ​ឡង់ វិញ VinFast Store នឹង​មាននៅ​ទីក្រុង​អាំ​ស្ទែ​ដាំ។

    ថ្មីៗនេះ VinFast ក៏បាន​ប្រកាស​អំពី​តម្លៃ​រថយន្ត និង​កញ្ចប់​សេវា​ជួល​ថ្ម​នៅ អាល្លឺម៉ង់, បារាំង និង ហូ​ឡង់។ ក្នុងនោះ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជនដំបូងៗ ក្រុមហ៊ុន​នេះ​នឹង​ផ្ដល់​តម្លៃ​ថេរ​ចំពោះ​ការជួល​ថ្ម ដោយ​មិន​ផ្លាស់ប្ដូរ​ជា​រៀងរហូត សម្រាប់​អ្នកទិញ VF ៨ និង VF ៩ ក្នុង​ឆ្នាំ ២០២២ និង ២០២៣៕

  • Ford អញ្ជើញសាធារណជន​ ចួលរួមក្នុងកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣

    Ford អញ្ជើញសាធារណជន​ ចួលរួមក្នុងកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣

    កម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ​ នឹង​​ប្រព្រឹត្តឡើង​នៅ​៖

    • នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២
    • ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ ល្ងាច
    • នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉ល សែនសុខ)។
    • រាល់ការអញ្ជើញចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះលោកអ្នកនឹងទទួលបានកាដូអនុស្សាវរីយ៍។
  • ​ជិត​ដល់ពេល​ត្រូវ​ «បោះបង់​រថយន្ត​សាំង​» ហើយ​មែនទេ បន្ទាប់​ពី អឺរ៉ុប កំណត់​កាលបរិច្ឆេទ «ហាម​លក់​ចាប់ពី​ឆ្នាំ ២០៣៥»?

    ​ជិត​ដល់ពេល​ត្រូវ​ «បោះបង់​រថយន្ត​សាំង​» ហើយ​មែនទេ បន្ទាប់​ពី អឺរ៉ុប កំណត់​កាលបរិច្ឆេទ «ហាម​លក់​ចាប់ពី​ឆ្នាំ ២០៣៥»?

    ជាក់ស្ដែង​គឺ​នៅមាន​ឧបសគ្គ​យ៉ាងច្រើន​នៅក្នុង​ដំណើរ​ឆ្ពោះទៅរក​គោលដៅ​ហាម​លក់​រថយន្ត​ប្រើ​ប្រេងសាំង​ថ្មី​នៅ​ឆ្នាំ ២០៣៥ សូម្បីតែ​នៅក្នុង​ទីផ្សារ​មួយ​ដែល​បាន​រីកចម្រើន​ហើយក៏​ដោយ។

    កាលពី​សប្ដាហ៍​កន្លង ក្រុម​អ្នកបង្កើត​ច្បាប់​នៅ សហភាព​អឺរ៉ុប (EU) បាន​បោះឆ្នោត​អនុម័ត​លើ​ការហាម​លក់​រថយន្ត​ដំណើរការ​ដោយ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ថ្មី នៅក្នុង​តំបន់​នេះ​ចាប់ពី​ឆ្នាំ ២០៣៥។

    គោលដៅ​ដែល​កំណត់​លើ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់

    សេចក្ដីព្រាងច្បាប់​ស្ដីពី​ផែនការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ១០០% ត្រូវបាន សភា​អឺរ៉ុប (MEP) អនុម័ត​កាលពី​សប្ដាហ៍​កន្លង ក្នុងនោះ មាន​សំឡេងគាំទ្រ​ចំនួន ៣៣៩ សំឡេង, ប្រឆាំង​ចំនួន ២៤៩ សំឡេង និង​អនុបវាទ ២៤ សំឡេង។

    គម្រោង​ដែល​ត្រូវបាន​អនុម័ត​ខាងលើ បាន​ជួយ​ឱ្យ EU បោះ​មួយ​ជំហាន​យ៉ាង​វែង​នៅក្នុង​ដំណើរ​ទៅរក​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​រថយន្ត និង​យានយន្ត​ធុន​ស្រាល​ឱ្យបាន ១០០% ក្នុង​ឆ្នាំ ២០៣៥ ធៀប​នឹង​ឆ្នាំ ២០២១។ គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន នៅ​ឆ្នាំ ២០៣០ របស់ EU គឺ ៥០% សម្រាប់​រថយន្ត​ដឹកទំនិញ និង ៥៥% សម្រាប់​រថយន្ត​ទេសចរណ៍។

    ក្នុង​ព្រឹត្តិការណ៍​សន្ទនា​អំពី​បញ្ហា​អាកាសធាតុ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Glasgow កាលពី​ខែវិច្ឆិកា ២០២១ ក្រុម​មេដឹកនាំ បាន​អំពាវនាវ​ដោយ​មិនមាន​ការបង្ខំ​ចំពោះ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ថា សង្ឃឹមថា នៅ​ឆ្នាំ ២០៤០ យានយន្ត​ដែល​ត្រូវបាន​លក់​ចេញ សុទ្ធតែជា​ប្រភេទ​មិន​បំ​ភាយ​ឧស្ម័ន​ពុល។

    ក្រោយ​ព្រឹត្តិការណ៍​នៅ Glasgow មាន​សកម្មភាព​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​គាំទ្រ​ដល់​ការអំពាវនាវ​ខាងលើ។ ក្រុមហ៊ុន​ផលិត​រថយន្ត​បែប​ប្រពៃណី​ជាច្រើន​បានប្រកាស​ផែនការ​ងាក​ទៅ​ផលិត​យានយន្ត​អគ្គិសនី​ទាំងស្រុង​ចាប់ពី​ឆ្នាំ ២០៣០ ឬ ២០៣៥ ដូច​ទៅនឹង​គម្រោង​របស់​រដ្ឋា​ភិ​បាល​មួយចំនួន។

    គោលដៅ​បញ្ចប់​ការលក់​យានយន្ត​ប្រើប្រាស់​ប្រេងសាំង​នៅ​ឆ្នាំ ២០៣៥ មិន​ងាយ​នឹង​សម្រេចបាន

    ឆ្នាំ ២០៣៥ ស្ដាប់ទៅ​ដូចជា​នៅ​យូរ​ទៀត ក៏ប៉ុន្តែ បណ្ដា​ប្រទេស​មាន​ពេល​តែ ១២ ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដើម្បី​អនុវត្ត។ អ្នកជំនាញ​ជាច្រើន​យល់ថា ១២ ឆ្នាំ គឺ​មិន​គ្រប់គ្រាន់​ឡើយ​នៅក្នុង​ការអនុវត្ត​ផែនការ​បដិវត្ត​មធ្យោបាយ​ដឹកជញ្ជូន សូម្បីតែ​នៅក្នុង​ទីផ្សារ​ដែល​រីកចម្រើន​ខ្លាំង​ដូច អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក។

    ហេដ្ឋារចនាសម្ព័ន្ធ (ក្នុង​នោះ​មាន​ទាំង​បណ្ដា​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី) បច្ចុប្បន្ន​មិន​ទាន់​មាន​ច្រើន​នៅឡើយ

    «ការបញ្ចប់​ការជួញដូរ​រថយន្ត​ប្រើ​សាំង​នៅ​ឆ្នាំ ២០៣៥ ទាមទារ​ឱ្យមាន​ការផ្លាស់ប្ដូរ​ធំធេង តាំងពី​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់​ការផ្លាស់ប្ដូរ​ការគិត និង​ឥរិយាបថ​របស់​អ្នកប្រើប្រាស់» Jasmine Sanders នាយក​ប្រតិបត្តិ​របស់ OurClimate ឱ្យដឹង​ដូច្នេះ។

    សមាគម​អ្នក​ផលិត​រថយន្ត​អឺរ៉ុប (ACEA) ឱ្យដឹងថា ពួកគេ​បារម្ភ​ចំពោះ​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ១០០% ពី​រថយន្ត ចាប់ពី​ឆ្នាំ ២០៣៥ របស់ EU។

    Oliver Zipse ប្រធាន​របស់ ACEA និង​ជានា​យក​ប្រតិបត្តិ​របស់ BMW និយាយថា វិស័យ​ផលិត​រថយន្ត​កំពុងស្ថិត​ក្នុងដំណាក់កាល​ជំរុញឱ្យមាន​រថយន្ត​អគ្គិសនី ក្នុងនោះ ម៉ូ​ដែលថ្មីៗជាច្រើន​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់។ ប៉ុន្តែ លោក​ថា កាលបរិច្ឆេទ​របស់ EU ហាក់​ឆាប់រហ័ស​ពេក​ហើយ៕

  • កំលោះ​ជាង ៤០% នៅ ជប៉ុន មិន​ធ្លាប់​មានការ​ណាត់ជួប​មិត្តស្រី​សូម្បី​តែម្ដង

    កំលោះ​ជាង ៤០% នៅ ជប៉ុន មិន​ធ្លាប់​មានការ​ណាត់ជួប​មិត្តស្រី​សូម្បី​តែម្ដង

    យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បំផុត​របស់ រាជរដ្ឋាភិបាល​ជប៉ុន ស្ដីពី​ស្ថានការណ៍​អាពាហ៍ពិពាហ៍​រប​ស់បុរ​ស​ពេញវ័យ​នៅ ជប៉ុន ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​កាលពី​ព្រឹក​នេះ (១៤ មិថុនា) បង្ហាញថា តួលេខ​នៃ​បុរស​ពេញវ័យ​របស់​ប្រទេស​នេះ មាន​ភរិយា ឬ​គូស្នេហ៍ មាន​កម្រិត​ទាប​គួរឱ្យ​ភ្ជា​ក់​ផ្អើល។

    ការស្រាវជ្រាវ​បានឱ្យដឹងថា ៧០% នៃ​កំលោះ​ជនជាតិ​ប៉ុន ដែលមាន​វ័យ​ចាប់ពី ២០ ដល់ ៣០ ឆ្នាំ មិនទាន់មាន​ភរិយា ឬ​សង្សារ។ ជាង ៤០% ក្នុងចំណោម​តួលេខ​ខាងលើ មិន​ធ្លាប់បាន​ណាត់ជួប​មិត្តស្រី​សូម្បី​តែម្ដង។ ចំពោះ​នារី​វិញ អត្រា​នៃ​អ្នក​មិនទាន់មាន​ស្វាមី ឬ​សង្សារ គឺមាន​ត្រឹម ៥០%។

    បកស្រាយ​ចំពោះ​បញ្ហា​នេះ រដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រជាជន របស់ ជប៉ុន បានឱ្យដឹងថា មួយ​ក្នុងចំណោម​បណ្ដា​មូលហេតុ​នោះ​គឺ​បញ្ហា​ប្រាក់ចំណូល។ ក្រៅពីនេះ ការដែល​មាន​ពេល​ជួបគ្នា​តិចតួច ខណៈដែល​ការចំណាយ​ពេល​លើ​ខ្លួនឯង​ច្រើនជាង ក៏​រួមចំណែក​ធ្វើឱ្យ​បញ្ហា​ខាងលើ​កើតឡើង​ផងដែរ។

    នេះ​គឺជា​បាតុភូត​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់ ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​អត្រា​បង្កើតកូន​កម្រិត​ទាប ខណៈដែល​ចំនួន​ប្រជាពលរដ្ឋ​ចាស់​ចេះតែ​កើនឡើង​ច្រើន។

    បើទោះជា ជប៉ុន បាន​ប្រឹងប្រែង​លើកឡើង​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការបង្កើន​តួលេខ​ប្រជាជន ប៉ុន្តែ ហាក់​មិនទាន់​កែលម្អ​ស្ថានការណ៍​បាន​ច្រើន​នៅឡើយ ព្រោះ​បញ្ហា​នេះ​ភាគច្រើន​អាស្រ័យ​លើ​ការគិត​របស់​បុគ្គលម្នាក់៕

  • ​ចិន សាងសង់​វិមាន​តារាសាស្ត្រ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

    ​ចិន សាងសង់​វិមាន​តារាសាស្ត្រ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

    គម្រោង​សាងសង់​វិមាន​តារាសាស្ត្រ​នៅលើ​កម្ពស់ ៣,៦៥០ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១២ មិថុនា នៅ​តំបន់​ស្វយ័ត​ទី​បេ (Tibet)។

    លោក Wang Junjie អនុប្រធាន​មន្ទីរ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទី​បេ បានឱ្យដឹងថា វិមាន​តារាសាស្ត្រ​នេះ​នឹងមាន​ទំហំ​សរុប ១១,៥៧១ ម៉ែត្រក្រឡា និង​មាន​រូបរាង​ដូច​ទៅនឹង​អាចម៍ផ្កាយ​មួយ​ដុំ។

    សំណង់​នេះ​នឹងត្រូវ​បានដាក់​នៅ​ស្លាប​ខាងកើត​របស់​សារមន្ទីរ​វិទ្យាសាស្ត្រ​ធម្មជាតិ​ទី​បេ នៅ​ទីក្រុង​រដ្ឋបាល Lhasa របស់​តំបន់​នេះ។ នៅពេល​សាងសង់​រួចរាល់ វា​នឹង​ក្លាយជា​វិមាន​តារាសាស្ត្រ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​កម្ពស់ ៣,៦៥០ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ខ្ពស់ជាង ៧៧៣ ម៉ែត្រ ធៀប​នឹង Pic du Midi ដែលជា​វិមាន​តារាសាស្ត្រ (កម្ពស់ ២,៨៧៧ ម៉ែត្រ) ខ្ពស់បំផុត​នៅ អឺរ៉ុប និង​មាន​ទីតាំងនៅ ប្រទេស​បារាំង។

    វិមាន​តារាសាស្ត្រ​ទី​បេ នឹង​បើកទ្វារ​ដំណើរការ​នៅ​ឆ្នាំ ២០២៤ ហើយ​អាច​ទទួល​ទេសចរ​បាន​ជាង ១០០,០០០ នាក់​ជា​រៀងរាល់ឆ្នាំ។ តាម​ផែនការ គម្រោង​នេះ​នឹង​ជួយ​ដល់​ការស្រាវជ្រាវ​ផ្នែក​តារាសាស្ត្រ​របស់ ប្រទេស​ចិន។

    ក្នុងនាម​ជា «ដំបូលផ្ទះ​របស់​ពិភពលោក» ដោយសារ​ស្ថិតនៅលើ​កម្ពស់​ជា​មធ្យម​ជាង ៤,០០០ ម៉ែត្រ ធៀប​នឹង​ទឹកសមុទ្រ តំបន់​ទី​បេ មាន​ផ្ទៃមេឃ​ស្រលះ ល្អ​សម្រាប់​ការសង្កេតមើល​តារា។

    វិមាន​ខាងលើ​នឹង​ត្រូវបាន​បំពាក់​តេ​ឡេ​ស្កុប​ចំណាំង​បែរ (refracting telescope) ធំជាងគេ​ក្នុង​តំបន់ ដោយ​អង្កត់ផ្ចិត​របស់​កញ្ចក់​មាន​ប្រវែង ១ ម៉ែត្រ។ ឧបករណ៍​នេះ​ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​វិមាន​តារាសាស្ត្រ​ទី​បេ និង​ស្ថានីយ​ជាតិ​សង្កេត​តារា​របស់ ប្រទេស​ចិន។ វា​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សង្កេតមើល​ផ្កាយ​ដែលមាន​ពន្លឺ​មិន​ប្រក្រតី និង​ដែន​ពេលវេលា​ក្នុង​តារាសាស្ត្រ។

    វិមាន​តារាសាស្ត្រ​ទី​បេ នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​បណ្ដាញ​សង្កេត​តារា​របស់ ប្រទេស​ចិន។ វា​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​ដើម្បី​ស្រាវជ្រាវ​តារាសាស្ត្រ និង​អប់រំ​វិទ្យាសាស្ត្រ​សាធារណៈ​ក្នង​តំបន់៕

  • Amazon ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រគល់​ទំនិញ​ដោយ​មិន​គិតថ្លៃ​សេវា​ដឹកជញ្ជូន

    Amazon ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រគល់​ទំនិញ​ដោយ​មិន​គិតថ្លៃ​សេវា​ដឹកជញ្ជូន

    មុខទំនិញ​ដែល​ត្រូវបាន​ក្រុមហ៊ុន Amazon ដឹកជញ្ជូន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក រួមមាន ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​ថែទាំ​សម្រស់ សម្ភារ​ការិយាល័យ និង​ឧបករណ៍​បច្ចេកវិទ្យា។

    សេវាកម្ម​ខាងលើ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១៣ មិថុនា​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ចុងឆ្នាំ ២០២២ នៅក្នុង​បណ្ដា​ទីក្រុង​របស់​រដ្ឋ California សហរដ្ឋ​អាម៉េរិក។

    យោងតាម​ក្រុមហ៊ុន Amazon អតិថិជន​នៅក្នុង​ទីរួមស្រុក Lockeford ភាគ​ខាងជើង​រដ្ឋ California អាច​ចុះឈ្មោះ​ស្នើសុំ​ការដឹកជញ្ជូន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក «Prime Air» ដោយ​មិន​គិតថ្លៃ។ ទំនិញ​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​នឹងត្រូវ​បាន​ដឹក​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅកាន់​អាសយដ្ឋាន​ប្រគល់​ទំនិញ និង​ហោះ​សំកាំង​ខ្លួន​នៅលើ​កម្ពស់​សុវត្ថិភាព ដើម្បីឱ្យ​អតិថិជន​ចុះហត្ថលេខា​ទទួល។

    យន្តហោះ​គ្មាន​មនុស្ស​បើក Prime Air អាច​ផ្ទុកទំនិញ​ទម្ងន់​រហូតដល់ ៥ ផោន (ប្រហែល ២.២ គីឡូក្រាម) និង​មាន​ទំហំ​ប្រហែល​នឹង​ប្រអប់​ដាក់​ស្បែកជើង​ខ្នាត​ធំ។ មុខទំនិញ​ដែល​នឹង​ត្រូវបាន​ដឹកជញ្ជូន​ដោយ Prime Air រួមមាន ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​ថែរក្សា​សម្រស់ សម្ភារ​ការិយាល័យ និង​ឧបករណ៍​បច្ចេកវិទ្យា នេះ​បើតាម​អ្នកនាំពាក្យ​របស់ Amazon។

    នៅ សហរដ្ឋ​អាម៉េរិក គូប្រជែង​មួយ​របស់ Amazon គឺ Walmart ក៏​កំពុងផ្ដល់​សេវាកម្ម​បែបនេះ។ Walmart មាន​គម្រោង​ពង្រីក​សេវាកម្ម​នេះ​នៅក្នុង ៦ រដ្ឋ​របស់ សហរដ្ឋ​អាម៉េរិក នៅ​ចុងឆ្នាំ ២០២២៕