Category: សង្គម និងសេដ្ឋកិច្ច

  • កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ចុងក្រោយ ២.០ មាន​មុខងារ​ពិសេស​ចំនួន ៤

    កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ចុងក្រោយ ២.០ មាន​មុខងារ​ពិសេស​ចំនួន ៤

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ធនាគារជាតិ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើរការ KHQR ដើម្បី​ធ្វើឱ្យមាន​ស្ដង់ដា ចំពោះ QR codes ធនាគារ​ក្នុងប្រទេស និង​កម្មវិធី​ទូរស័ព្ទ CamDigiKey ជំនាន់​ទី​ពីរ កាលពី​ថ្ងៃទី ៤ កក្កដា។

    តាមរយៈ​ទំព័រ Facebook ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ទី​ពីរ (២.០) នេះ មាន​មុខងារ​ពិសេស​ចំនួន ៤ រួមមាន​ដូចខាងក្រោម៖

    ១-មុខងារ​ស្គែ​ន​មុខ​យ៉ាង​រស់​រវើក, ២-ការ​ស្គែ​ត​កូដ​ដែល​អាច​អាន​បាន​ដោយ​ម៉ាស៊ីន (MRZ) លើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ និង​លិខិតឆ្លងដែន​បរទេស, ៣-សន្ធានកម្ម​កម្មវិធី​ទូរស័ព្ទដៃ និង​កម្មវិធី​ទូរស័ព្ទដៃ (App-to-app Integration), ៤-សន្ធានកម្ម​គេហទំព័រ និង​គេហទំព័រ (Web-to-web integration)។

    CamDigiKey គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​សុវត្ថិភាព និង​ងាយស្រួល ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ​របស់លោក​អ្នក​តាម​មធ្យោបាយ​ឌីជីថល។ តាមរយៈ​ការចុះឈ្មោះ​លើ CamDigiKey អ្នកនឹង​ទទួលបាន​អត្តសញ្ញាណ​ឌីជីថល​មួយ​ដែលមាន​សុពលភាព ហើយ​អាច​ប្រើប្រាស់​សម្រាប់ login ចូលទៅ​កាន់ portal រដ្ឋាភិបាល​កម្ពុជា​ណាមួយ​ក៏បាន។ ដើម្បី​ធ្វើការ login លោកអ្នក​គ្រាន់តែ​ធ្វើការ​ស្កេ​ន​កូដ QR ដែលមាន​នៅលើ portal នោះ​ជាមួយ​កម្មវិធី​ទូរស័ព្ទ CamDigiKey ជាការ​ស្រេច។

    ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.registrationservices.gov.kh

  • កម្ពុជា​ សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កម្មវិធី CamDigiKey ជំនាន់ ២.០

    កម្ពុជា​ សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កម្មវិធី CamDigiKey ជំនាន់ ២.០

    លោកអ្នក​អាច​ទទួលបាន​អត្តសញ្ញាណ​ឌីជីថល​ដែល​ផ្សារភ្ជាប់​លោកអ្នក​ទៅកាន់​សេវាកម្ម​រដ្ឋាភិបាល​ឌីជីថល​របស់ កម្ពុជា ដែល​ដំណើរការ​លើ​ប្រព័ន្ធ CamDX តាមរយៈ CamDigiKey។

    CamDigiKey គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​សុវត្ថិភាព និង​ភាពងាយស្រួល និង​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់លោក​អ្នក​តាម​មធ្យោបាយ​ឌីជីថល។ តាមរយៈ​ការចុះឈ្មោះ​លើ CamDigiKey លោក​អ្នកនឹង​ទទួលបាន​អត្តសញ្ញាណ​ឌីជីថល​មួយ​ដែលមាន​សុពលភាព ហើយ​អាច​ប្រើប្រាស់​សម្រាប់ login ចូលទៅ​កាន់ portal រដ្ឋាភិបាល​កម្ពុជា​ណាមួយ​ក៏បាន។ ដើម្បី​ធ្វើការ login លោកអ្នក​គ្រាន់តែ​ធ្វើការ​ស្កេ​ន​កូដ QR ដែលមាន​នៅលើ portal នោះ​ជាមួយ​កម្មវិធី​ទូរស័ព្ទ CamDigiKey ជាការ​ស្រេច។

    ឥលូវ​នេះ​កម្មវិធី CamDigiKey ជំនាន់ ២.០ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ (៤ កក្កដា) នៅ​សណ្ឋាគារ រ៉ូ​ស​វូដ (Rosewood) រាជធានី​ភ្នំពេញ។

    ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • តម្លៃ​ប្រេង​នៅ អាស៊ី ធ្លាក់ចុះ​កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា ដោយសារ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច

    តម្លៃ​ប្រេង​នៅ អាស៊ី ធ្លាក់ចុះ​កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា ដោយសារ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច

    ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បានដាក់​សម្ពាធ​ទៅលើ​ផ្លូវចិត្ត​របស់​អ្នកជំនួញ​ក្នុង​ទីផ្សារ ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​នៅ អាស៊ី កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា បើទោះជា​ប្រភព​ផ្គត់ផ្គង់​នៅតែ​តូចចង្អៀត​ក្នុង​គ្រា​ដែល​ទណ្ឌកម្ម​កំពុង​ធ្លាក់​ទៅលើ វិស័យ​ថាមពល​របស់ រុស្ស៊ី។

    តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា ២០២២ ធ្លាក់ចុះ ៣៦ សេន​ដុល្លារ (ប្រហែល ០.៣%) មក​នៅត្រឹម ១១១.២៧ ដុល្លារ/ធុង កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី ៤ កក្កដា (ម៉ោង​នៅ ភ្នំពេញ)។ ប្រេង WTI ប្រគល់​ក្នុង​ខែសីហា ២០២២ ធ្លាក់​ថ្លៃ ៣៤ សេន​ដុល្លារ (០.៣%) មក​នៅត្រឹម ១០៨.០៩ ដុល្លារ/ធុង។

    អ្នកវិភាគ Tina Teng មកពី​ក្រុមហ៊ុន CMC Markets ឱ្យដឹងថា ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​គឺជា​កត្តា​សំខាន់​ដែល​រារាំង​ការ​លោត​ឡើង​នៃ​តម្លៃ​របស់​ប្រេង។ អត្រា​ប្ដូរប្រាក់​កើនឡើង និង​ការធ្លាក់ចុះ​នៃ​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​នៅ សហរដ្ឋ​អាម៉េរិក បាន​កាត់បន្ថយ​ក្ដីសង្ឃឹម​លើ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ខណៈដែល​របាយការណ៍​បាន​បង្ហាញថា ផលិតភាព​របស់​រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​កែលម្អ។

    អ្នកជំនាញ​ខាងលើ​ក៏បាន​សង្កត់ធ្ងន់ថា ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ ក៏​ធ្វើឱ្យ​ទីផ្សារ​ទំនិញ​រួម​ចុះថោក ក្នុងនោះ​រួមមាន​ទាំង​តម្លៃ​ប្រេង​ឆៅ​ផងដែរ។

    ទោះជា​យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​អំពី​បញ្ហា​ប្រភព​ផ្គត់ផ្គង់ នៅតែ​ជួយ​ទប់​មិនឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង៕

  • រោងចក្រ​ស្រូបយក​កាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់​ធំជាងគេ​ក្នុង​ពិភពលោក

    រោងចក្រ​ស្រូបយក​កាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់​ធំជាងគេ​ក្នុង​ពិភពលោក

    ក្រុមហ៊ុន Climeworks ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៩ មិថុនា ២០២២​ បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រមូល​កាបូនឌីអុកស៊ីត​ដោយផ្ទាល់ (DAC) ទី​ពីរ​របស់ខ្លួន នៅ ប្រទេស អ៊ី​ស្លង់។

    រោងចក្រ​ឧស្សាហកម្ម​ប្រមូល CO2 ដោយផ្ទាល់​ទី​ពីរ​របស់ Climeworks នេះ​មាន​ឈ្មោះថា Mammoth។ វា​ក៏មាន​ហេ​ដ្ឋា​រចនាសម្ព័ន​ដូច​ទៅនឹង​រោងចក្រ​ដំបូង Orca របស់​ពួកគេ ប៉ុន្តែ​មាន​កម្លាំង​ស្រូបយក CO2 បាន​ចំនួន៣៦,០០០ តោន​ជា​រៀងរាល់ឆ្នាំ។ តាម​គម្រោង ការសាងសង់​រោងចក្រ​នេះ​នឹងត្រូវ​ចំណាយពេល​ពី ១៨ ដល់ ២៤ ខែ។ ដូច​ទៅនឹង Orca ថាមពល​កកើត​ឡើងវិញ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដំណើរការ​ប្រព័ន្ធ​ស្រូបយក និង​រក្សាទុក CO2។

    Climeworks គ្រប់គ្រង​បច្ចេកវិទ្យា​ស្រូបយក CO2 ដោយផ្ទាល់​ពី​បរិយាកាស​ដ៏​ទំនើប និង​បាន​ដំណើរការ​រោងចក្រ​អគ្គិសនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​កាលពី​ឆ្នាំ ២០១៧ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​រក្សាទុក CO2 ឈ្មោះ CarbFix។ កាលពី​ឆ្នាំ ២០១៦ CarbFix បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​បំប្លែង CO2 ទៅជា​រ៉ែ ដោយ​ប្រើពេល​មិន​ដល់ ២ ឆ្នាំ មិនមែន​រាប់រយ ឬ​រាប់ពាន់​ឆ្នាំ​ដូច​ធម្មតា​របស់​ធម្មជាតិ​នោះឡើយ។

    Orca គឺជារោងចក្រស្រូបយកកាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់ដំបូង របស់ក្រុមហ៊ុន Climeworks

    រោងចក្រ​អគ្គិសនី​សាកល្បង​នោះ អាច​ស្រូបយក CO2 ចំនួន ១២.៥ តោន ដោយ​សុវត្ថិភាព ដោយ​ប្រើពេល​​ត្រឹម​តែ ៣ ខែ​ប៉ុណ្ណោះ ដែល​នេះ​បាន​បើកផ្លូវ​ឱ្យ Orca ដែលជា​រោងចក្រ​ប្រមូល CO2 ដោយផ្ទាល់​ដំបូង​របស់ Climeworks ចាប់ផ្ដើម​ដំណើរការ​នៅ អ៊ី​ស្លង់ កាលពី​ឆ្នាំ​កន្លង។ Orca ដែល​អាច​ស្រូបយក CO2 បាន ៤,០០០ តោន/ឆ្នាំ មាន​រូបរាង​ដូច​ទៅ​បន្ទប់​ម៉ូឌុល ដែល​អាច​ផ្ទុក​តម្រួត​លើ​គ្នា​បាន។

    បច្ចុប្បន្ន មនុស្សលោក​កំពុងតែ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ជាង ៣០ ពាន់​លាន​តោន​ទៅក្នុង​បរិយាកាស​ជា​រៀងរាល់ឆ្នាំ ដូច្នេះ ក្រុមហ៊ុន Climeworks ត្រូវការ​រោងចក្រ​ដូច Mammoth និង Orca ជាច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​នេះ៕

  • ប្រេងសាំង​ឡើងថ្លៃ សម្តេច ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទិញ​យានយន្ត​ប្រើ​អគ្គិសនី

    ប្រេងសាំង​ឡើងថ្លៃ សម្តេច ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទិញ​យានយន្ត​ប្រើ​អគ្គិសនី

    បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ថវិកាល្មមៗគួរ​ចាប់ផ្តើម​ប្ដូរ​ទៅ​ទិញ​រថយន្ត​ប្រើប្រាស់​អាគុយ ឬ​អគ្គិសនី​វិញ​ដោយសារតែ​សាំង​ឡើងថ្លៃ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ ០១ កក្កដា ដែល​ប្រារព្ធ​ឡើង​នៅ​ទីតាំង​អាងទឹក​ត្រពាំងថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​មិញ។

    ការ​ជិះ​យានយន្ត​អគ្គិសនី ថ្វីបើ​យឺត​ជាង​យានយន្ត​ប្រើ​ប្រេងសាំង​ក៏ពិតមែន ប៉ុន្តែ​វា​មាន​សុវត្ថិភាព និង​សន្សំសំច័យ​ប្រាក់​បាន​ច្រើន។

    “ខ្ញុំ​មើលឃើញ​ផលប្រយោជន៍ ២ យ៉ាង​គឺ ទីមួយ ការកាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​សាំង និង​ទី​ពីរ​គឺ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ អីចឹង​ទេ អ្នកមាន​លុយ​ទិញ អាច​ទិញ​អា​ព្រូស និង​ឡាន​ប្រើ​អាគុយ ឬ​អគ្គិសនី” សម្ដេច ហ៊ុន សែន អំពាវនាវ​ដូច្នេះ។

    ទន្ទឹមនឹង​ការអំពាវនាវ​ឱ្យ ពលរដ្ឋ​កម្ពុជា ងាក​មក​ទិញ និង​ប្រើប្រាស់​យានយន្ត​អគ្គិសនី ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ក៏បាន​ស្នើឱ្យ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នានា បង្កើត​កន្លែង​សម្រាប់​បញ្ចូល​ថាមពល​អាគុយ ឬ​ថ្ម​ផងដែរ។

    ក្នុងឱកាស​នេះដែរ សម្ដេច​តេ​ជោ ក៏បាន​មានប្រសាសន៍ថា មូលហេតុ​ដែលនាំឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់​គឺ​ដោយសារ​វិបត្តិ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។ យោងតាម តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យដឹងថា តម្លៃ​ឧស្ម័ន​ហ្គាស​បាន​កើនឡើង ៣៥.៨% ហើយ​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​កំពុង​ខ្វះ​ប្រេង​ប្រើប្រាស់ ដូចជា ស្រីលង្កា និង ឡាវ ជាដើម។

    សម្ដេច ហ៊ុន សែន បញ្ជាក់ថា នៅ កម្ពុជា មិនទាន់មាន​បញ្ហា​ខ្វះ​ប្រេង​នៅឡើយ ប៉ុន្តែ​ត្រូវតែ​មានការ​បម្រុង​ទុកជាមុន៕

  • គម្រោង​ផ្លូវដែក​ឡាវ-វៀតណាម នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន បាន​ងាយស្រួល​ថែមទៀត

    គម្រោង​ផ្លូវដែក​ឡាវ-វៀតណាម នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន បាន​ងាយស្រួល​ថែមទៀត

    រដ្ឋាភិបាល​ឡាវ បាន​បើកភ្លើង​ខៀវ​សម្រាប់​លទ្ធភាព​នៃ​ការសិក្សា​លើ​គម្រោង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ដែល​អនុញ្ញាតឱ្យ​ការដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន មាន​ភាពរលូន​ជាង​មុន។

    សារព័ត៌មាន Lao Economic Daily បាន​រាយការណ៍​ថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ (MOU) មួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ រវាង រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន Petro Trade នៅឯ ទីស្ដីការ​ក្រសួងផែនកា​រ និង​វិនិយោគ របស់ ប្រទេស​នេះ ទាក់ទិន​នឹង​គម្រោង​ផ្លូវដែក​ដែល​នឹង​ត​ភ្ជាប់ រដ្ឋធានី​វៀងចន្ទន៍ ជាមួយនឹង​ទីក្រុង Thakhek ក្នុង​ខេត្ត Khammoune ប្រទេស​ឡាវ ដែលជា​ផ្នែក​មួយ​នៃ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ត​ភ្ជាប់​ពី ឡាវ ទៅ វៀតណាម។

    គម្រោង​ផ្លូវ​រថភ្លើង​ឡាវ-វៀតណាម (LVRP) នេះ​គឺជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដោយ​ថាមពល​អគ្គិសនី​មានតម្លៃ ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គម្រោង​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក្បាលរថភ្លើង​អគ្គិសនី​នេះ នឹងមាន​ប្រវែង​ប្រហែល ៤៥២ គីឡូម៉ែត្រ។

    ក្នុងដំណាក់កាល​ដំបូង ផ្លូវដែក​នេះ​នឹង​ត​ភ្ជាប់​ស្រុក Thakhek ក្នុង​ខេត្ត Khammouane របស់ ឡាវ ជាមួយនឹង​កំពង់ផែ Vung Ang ក្នុង ប្រទេស​វៀតណាម ដែលមាន​ប្រវែង​ប្រហែល ១៣៩ គីឡូម៉ែត្រ។ ក្នុងដំណាក់កាល​ទី​ពីរ វា​នឹង​ត​ភ្ជាប់​ផ្លូវដែក​ពី Thakhek ទៅកាន់ រដ្ឋធានី​វៀងចន្ទន៍ ដែលមាន​ប្រវែង​ប្រហែល ៣១២ គីឡូម៉ែត្រ​បន្ថែមទៀត។

    គម្រោង​ផ្លូវដែក​ឡាវ-វៀតណាម ត្រូវបាន​សិក្សា និង​ពិនិត្យ​តាំងពី​ឆ្នាំ ២០១៥។ គម្រោង​នេះ​នឹង​អនុញ្ញាតឱ្យ​ការដឹកជញ្ជូន​ទំនិញ​ពី​កំពង់ផែ Vung Ang របស់ វៀតណាម មកកាន់​ផ្លូវដែក​ឡាវ-វៀតណាម ហើយ​ឆ្ពោះទៅកាន់​កំពង់ផែ​ស្ងួត Thanaleng និង​សួន​ឧស្សាហកម្ម​ដឹកជញ្ជូន​វៀងចន្ទន៍ បាន​ដោយ​រលូន។

    តាមរយៈ​ការតភ្ជាប់​ជាមួយនឹង មជ្ឈមណ្ឌល​ដឹកជញ្ជូន​វៀងចន្ទន៍ ផ្លូវដែក​ខាងលើ​ក៏​នឹង​ជួយ​ឱ្យ​ការដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​រវាង ប្រទេស​ថៃ ឡាវ វៀតណាម និង ចិន បាន​ងាយស្រួល​ថែម​មួយកម្រិត​ទៀត៕

  • បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពេញ​មេឃ​​ តម្លៃ​ ១,៣០០,០០០ រៀល​/​យប់ «គ្មាន​ជញ្ជាំង គ្មាន​ដំបូល» តែមាន​ភ្ញៀវ​ជា​ហូរហែ

    បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពេញ​មេឃ​​ តម្លៃ​ ១,៣០០,០០០ រៀល​/​យប់ «គ្មាន​ជញ្ជាំង គ្មាន​ដំបូល» តែមាន​ភ្ញៀវ​ជា​ហូរហែ

    មនុស្ស​រាប់ពាន់នាក់​សុខ​ចិត្ត​ចំណាយ​ប្រាក់​រាប់រយ​អឺ​រូ សម្រាប់​ការ​ដេក​មិន​ពេញភ្នែក​ពេញ​មួយ​យប់​នៅក្នុង​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» Null Stern Hotel ដែល​មិនមាន​ជញ្ជាំង មិនមាន​ដំបូល នៅឯ ប្រទេស​ស្វ៊ី​ស។

    បន្ទប់​សណ្ឋាគារ​នេះ​មិនមាន​ជញ្ជាំង ឬ​ដំបូល​ឡើយ ប៉ុន្តែ វា​នៅតែ​អាច​ទាក់ទាញ​ភ្ញៀវ​រាប់ពាន់នាក់​មក​សម្រាក​កាយ​ឆ្លង​រាត្រី​នៅ​ឆ្ងាយ​ពី​ទីក្រុង។

    សិល្បករ Frank Riklin ឱ្យដឹងថា «ចំពោះ​បន្ទប់​សណ្ឋាគារ​ប្រភេទ​នេះ ការ​គេង​លក់​មិនមែនជា​គោលដៅ​ចម្បង​ឡើយ។ ប្រការ​សំខាន់​គឺ​វា​កំពុងតែ​បង្ហាញ​អំពី​ស្ថានភាព​ពិភពលោក​នាបច្ចុប្បន្ន។ បន្ទប់​នេះ​គឺជា​សារ​មួយ​ស្ដីពី​តម្រូវការ​សម្រាប់​ការផ្លាស់ប្ដូរ​បន្ទាន់​នៅក្នុង​សង្គម។

    សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» នេះ គឺជា​ស្នាដៃ​បែប​សិល្បៈ​ថ្មី​បំផុត​របស់​បងប្អូន​ពីរ​នាក់​នៃ​ត្រកូល Riklin។ Null Stern Hotel ស្ថិត​នៅក្បែរ​ស្ថានីយ​ប្រេងសាំង​មួយ​នៅ​ទីរួមស្រុក Saillon នៃ​រដ្ឋ Valais របស់ ប្រទេស​ស្វ៊ី​ស។

    គំនិត​ស្ដីពី​បន្ទប់​សណ្ឋាគារ​ខាងលើ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធ្វើឱ្យ​ភ្ញៀវ​ទាំងឡាយ​ពិចារណា​អំពី​ពិភពលោក​នៅ​ជុំវិញ ក៏ដូចជា​ដាស់​អារម្មណ៍​របស់​ពួកគេ ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្អ​ស់។

    ក្រៅពី​បន្ទប់​ខាងលើ នៅមាន​បន្ទប់​សណ្ឋាគារ «ផ្កាយ​ពេញ​មេឃ» ចំនួន ៣ ផ្សេងទៀត កំពុង​ត្រូវបាន​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​តំបន់​ជនបទ​របស់ ប្រទេស​ស្វ៊ី​ស។ នៅ​សណ្ឋាគារ​នេះ ក៏មាន​បម្រើ​អាហារ និង​ភេសជ្ជៈ​នៅនឹងកន្លែង​ផងដែរ។

    សម្រាប់​តម្លៃ​វិញ បន្ទប់​សណ្ឋាគារ​ដែល​មិនអាច​ដេក​ពេញភ្នែក​នេះ មួយ​យប់​គឺ ៣២២ អឺរ៉ូ (ស្មើ​នឹង​ ៣៣៦ ដុល្លារ​អាម៉េរិក ឬ ១,៣០០,០០០ រៀល)៕

  • ក្រសួង​ពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់​អំឡុង​ពេល​​ពីថ្ងៃទី ០១-១០ ខែកក្កដា

    ក្រសួង​ពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់​អំឡុង​ពេល​​ពីថ្ងៃទី ០១-១០ ខែកក្កដា

    នាព្រឹក​ថ្ងៃទី ០១ កក្កដា​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងសាំង​នានានៅ​ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១-១០ ខែកក្កដា ឆ្នាំ​ ២០២២​។

    យោងតាម​ការ​ប្រកាស​ថ្មី​របស់ ក្រសួង​ពាណិជ្ជកម្ម ប្រេងសាំងធម្មតា​នឹង​ត្រូវលក់ក្នុង​តម្លៃ ៥,៨០០ រៀល/លីត្រ ពោល​គឺ​នៅ​រក្សាតម្លៃដូច​មុន។ ចំណែក​ប្រេងម៉ាស៊ូត ក្រសួង​តម្រូវ​ឱ្យ​​លក់​ក្នុង​តម្លៃ ៦,២០០ រៀល/លីត្រ ពោល​គឺ​ចុះថ្លៃ ១០០ រៀល ធៀប​នឹង​ការ​កំណត់​តម្លៃ​មុន​នេះ។

  • កូរ៉េខាងត្បូង ដំឡើង​ប្រាក់ខែ​​អប្បបរមា​​ដល់​​កម្មករ​ និយោជិត​​ សម្រាប់​​​ឆ្នាំ ​២០២៣

    កូរ៉េខាងត្បូង ដំឡើង​ប្រាក់ខែ​​អប្បបរមា​​ដល់​​កម្មករ​ និយោជិត​​ សម្រាប់​​​ឆ្នាំ ​២០២៣

    នា​ថ្ងៃទី ៣០ ខែមិថុនា​នេះ ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តំណាង​កម្មករ និយោជិត និង​ម្ចាស់​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ចេញ​នូវ​កម្រិត​ប្រាក់បៀវត្ស​អប្បបរមា​គិត​ទៅតាម​ម៉ោង​ធ្វើការ សម្រាប់​ឆ្នាំ ២០២៣ គឺ ៩,៦២០ វ៉ុ​ន (ប្រហែល ៧.៤១ ដុល្លារ​អាម៉េរិក) កើន ៥% ធៀប​នឹង​ឆ្នាំនេះ។

    គណៈកម្មការ​ប្រាក់បៀវត្ស​អប្បបរមា (MWC) ដែលមាន​សមាជិក ៩ រូប តំណាងឱ្យ​កម្មករ និយោជិត ម្ចាស់​ក្រុមហ៊ុន និង​សាធារណជន កាលពី​ព្រលប់​ថ្ងៃទី ២៩ មិថុនា សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ការកំណត់​ប្រាក់បៀវត្ស​អប្បបរមា​សម្រាប់​កម្មក​រ និយោជិត។ យោងតាម​កិច្ចព្រមព្រៀង​នេះ ប្រាក់ខែ​របស់​កម្មករ និយោជិត​កូរ៉េខាងត្បូង គឺ ២.០២ លាន​វ៉ុ​ន ដែល​នឹង​ត្រូវបាន​អនុវត្ត​ចំពោះ​គ្រប់​វិស័យ។

    នៅ​ក្នុង​ការចរចា ភាគី​តំណាង​កម្មករ និយោជិត បានស្នើ​ឱ្យ​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​របស់ អាជ្ញាធរ​របស់​អតីត​ប្រធានាធិបតី Moon Jae-in (១០,០០០ វ៉ុ​ន/ម៉ោង)។ ចំណែក​ភាគី​ខាង​ម្ចាស់​ក្រុមហ៊ុន​វិញ បាន​ស្នើឱ្យ​ពន្យារពេល​គម្រោង​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​ខាងលើ ដោយសារ​មានការ​បារម្ភ​អំពី​ការខាតបង់​ដែល​កើតឡើង​ដោយសារ​កូ​វីដ-១៩ ការប្រាក់ អតិផរណា​កើនឡើង និង​អត្រា​ប្ដូរប្រាក់​ក៏​សុទ្ធតែ​ខ្ពស់។

    ការកំណត់​ប្រាក់ខែអប្បបរមា​​ថ្មី​ខាងលើ​សម្រាប់​ឆ្នាំ ២០២៣ នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ មករា ២០២៣។

    ក្នុង​អាណត្តិ​របស់ អតីត​ប្រធានាធិបតី Moon Jae-in ប្រាក់​បៀ​​វត្ស​អប្បបរមា​បាន​កើន ១៦.៤% នៅ​ឆ្នាំ ២០១៨, ១០.៩% នៅ​ឆ្នាំ ២០១៩, ២.៩% នៅ​ឆ្នាំ ២០២០ និង ១.៥% នៅ​ឆ្នាំ ២០២១៕

  • ន័​រ​វែ​ស នឹង​សាងសង់​បំពង់​បង្ហូរ​ខ្នាត​យក្ស នាំ​សមាសធាតុ CO2 ចុះក្រោម​បាតសមុទ្រ

    ន័​រ​វែ​ស នឹង​សាងសង់​បំពង់​បង្ហូរ​ខ្នាត​យក្ស នាំ​សមាសធាតុ CO2 ចុះក្រោម​បាតសមុទ្រ

    ក្រុមហ៊ុន​ថាមពល Epuinor របស់ ប្រទេស​ន័​រ​វែ​ស កាលពី​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​ ២០២២ ​បានដាក់​សំណើ​សាងសង់​ប្រព័ន្ធ​បង្ហូរ កាបូនឌីអុកស៊ីត ចុះក្រោម​បាតសមុទ្រ​របស់​ប្រទេស​នេះ ដើម្បី​កប់​សមាស​ធាតុគីមី CO2 នេះ​ចោល​ជា​រៀងរហូត។

    បើសិន​ត្រូវបាន​អនុវត្ត នេះ​នឹង​ក្លាយជា​គម្រោង​ប្រមូល ដឹកជញ្ជូន និង​រក្សាទុក​កាបូន (CCS) ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។

    «ប្រព័ន្ធ​បំពង់​បង្ហូរ​នៅឯ​សមុទ្រ ដែលមាន​នៅក្នុង​គម្រោង​នេះ មាន​សមត្ថភាព​អាច​បង្ហូរ​កាបូនឌីអុកស៊ីត​បាន​ពី ២០ ទៅ ៤០ លាន​តោន​ជា​រៀងរាល់ឆ្នាំ ផ្គត់ផ្គង់​តម្រូវការ​ថ្មី​ស្ដីពី CCS របស់​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​នៅ អឺរ៉ុប» ក្រុមហ៊ុន Equinor បញ្ជាក់​ដូច្នេះ។ តួលេខ​ខាងលើ​គឺ​ប្រហាក់ប្រហែល​នឹង​ឧស្ម័ន​ដែល​មនុស្ស​ពី ៣ ទៅ ៦ លាន​នាក់​បាន​បង្កើតជា​រៀងរាល់ឆ្នាំ។

    CCS ត្រូវបាន​ចាត់ទុក​ដូច​ទៅនឹង​ដំណោះស្រាយ​ដ៏​មាន​សក្ដានុពល​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដែល​បញ្ចេញ CO2 កម្រិត​ខ្ពស់ ជា​វិធី​ដែល​អនុញ្ញាតឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​បន្តសកម្មភាព​រប​ស់​ខ្លួន បើទោះជា​មាន​វិធានការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដើម្បី​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។

    តាម​សំណើ ក្រុមហ៊ុន Fluxys របស់ បែលហ្ស៊ិក នឹង​ដំណើរការ​មូលដ្ឋាន​មួយ​នៅ Zeebrugge ជាទី​សម្រាប់​ប្រមូល​កាបូ​ឌីអុកស៊ីត ពី​បណ្ដា​ក្រុមហ៊ុន និង​កប៉ាល់​ដែល​ចូល​ចត​ក្នុង​កំពង់ផែ ដោយ​ត្រូវបាន​ភ្ជាប់​តាមរយៈ​ប្រព័ន្ធ​បំពង់​បង្ហូរ។

    បន្ទាប់មក កាបូនឌីអុកស៊ីត នឹង​ត្រូវបាន​បង្ហូរ​ទៅតាម​បំពង់​មួយ​ផ្សេងទៀត​ដែល​ក្រុមហ៊ុន Equinor ជា​អ្នកគ្រប់គ្រង នៅក្រោម​បាតសមុទ្រ។ បំពង់​បង្ហូរ​នេះ​នឹង​ជួយ​រក្សាទុក CO2 នៅក្រោម​បាតសមុទ្រ​របស់ ន័​រ​វែ​ស ជា​រៀងរហូត។

    គម្រោង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ស្រាវជ្រាវ​អំពី​លទ្ធភាព។ បច្ចុប្បន្ន ក្រុមហ៊ុន Equinor និង Fluxys បានធ្វើការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជា​អតិថិជន​សក្ដានុពល ហើយ​សង្ឃឹមថា ពួកគេ​នឹងមាន​ការសម្រេចចិត្ត​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ឆ្នាំ ២០២៥៕