Category: សង្គម និងសេដ្ឋកិច្ច

  • ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ដំណឹងល្អ ! នៅសល់តែជាង១០០ថ្ងៃទៀតទេ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងចាប់ដំណើរការហោះហើរជាផ្លូវការ

    ភ្នំពេញ ៖ ជាមោទនភាពរបស់កម្ពុជា ក្រោការផ្តួចផ្តើម និងប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ សុខសន្តិភាព និងភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចយ៉ាងត្រចះត្រចង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានស្ដង់ដារលំដាប់ពិភពលោក នឹងចាប់ដំណើរការហើរជាផ្លូវការ បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទីមួយនាអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលការហោះហើរសាកល្បងត្រូវបានធ្វើឡើងរួចហើយកាលពីអំឡុងឆ្នាំ២០២៤។

    គិតត្រឹមដើមសប្ដាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ និសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រចបានប្រមាណ ៩៦ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការហោះហើរជាផ្លូវការលើកដំបូងនាអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ពោល គឺនៅសល់ពេលប្រមាណជាង១០០ថ្ងៃទៀតតែប៉ុណ្ណោះ។

    អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរ អ្នកវិនិយោគ និងការដឹកជញ្ជូនទំនិញ ខណៈវឌ្ឍនភាពការសាងសង់រហូតដល់ពេលនេះសម្រេចបានជាង ៩៦ ភាគរយ និងបានចំណាយប្រាក់អស់ជាង ១,៣ ពាន់លានដុល្លារ មានទីតាំងភូមិសាស្ត្រស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញអាកាសយានដ្ឋាននេះសាងសង់លើផ្ទៃដី ២ ៦០០ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានថ្មីនេះ(លំដាប់ 4F) អាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

    តាមផែនការការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមាន ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ ក្រុមហ៊ុនសាងសង់ផ្លូវរត់ចម្ងាយ ៤ គីឡូម៉ែត្រសម្រាប់ចុះចតយន្តហោះខា្នតធំប្រភេទ 4F ដែលមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។

    ចំណែកដំណាក់កាលទី ២ ក្រុមហ៊ុននឹងពង្រីកសាងសង់ផ្លូវរត់ចំនួន ២ ស្របគ្នាដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្តបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ។

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ឱ្យដឹងថា កំណើនជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ ២០២៤កន្លងទៅ ធៀបនឹងឆ្នាំ២០២៣ គឺស្ថិតនៅចន្លោះពី ១០-២០ ភាគរយ។

    ឯកឧត្តមបានបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានឹងកាន់តែប្រសើរនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការ ពីព្រោះអាកាសយានដ្ឋាននេះមានភាពទំនើបទាន់សម័យ និងអាចទទួលការចុះចតបាននូវប្រភេទយន្តហោះធំៗ ព្រមទាំងមានស្ថានីយដឹកជញ្ជូនអ្នកដំណើរ និងឃ្លាំងស្តុកទំនិញដែលមានលក្ខណៈស្តង់ដារអន្តរជាតិទៀតផង។

    លោកបានថ្លែងថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាមេដែកក្នុងការឆក់យកនូវអ្វីដែលវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាមិនទាន់មានពីមុនឱ្យចូលមកកម្ពុជាបានកាន់តែច្រើន ៕

  • កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    កាន់តែងាយស្រួលក្នុងការទូទាត់ឆ្លងដែនទាំងនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសផ្សេងៗជាមួយប្រព័ន្ធបាគង (KHQR )

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

    ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd. តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ២៤៥ នាក់។

    តាមរយៈការដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជាអាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈបណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្មជំរុញវិស័យ​ទេសចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

    គួរឱ្យដឹងថា៖ កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង UnionPay International លើការអភិវឌ្ឍទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាម​ឃ្យូអរកួតដំណាក់កាលទី ១ ៖ UnionPay ស្តេន KHOR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ការដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២៖ បាគងស្តេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្តាប្រទេស ផ្សេងទៀត តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International”។

    លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International ​បានលើកឡើងថា ៖ «ពួកយើងមានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែនក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ២ នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងរលូន ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ»។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ «ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន ” ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមរយៈឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័សនៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ»៕

  • វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ ឬស្ពានអាកាសក្បាលថ្នល់ តម្លៃ ៣៦លានដុល្លារ សម្រេចបានវឌ្ឍនភាព ៩៩ភាគរយហើយ ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

    វត្តមានស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកើតមាន។

    ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

    ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២នេះ បានបញ្ចប់ការសាងសង់មុនផែនការកំណត់ ពោលគឺនៅត្រឹមថ្ងៃទី២០ មីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

    កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ លើសពីនេះ ស្ពានអាកាសនេះនឹងជួយដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។ សូមជម្រាបជូនថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យដាក់បញ្ចូលបញ្ហាសា​រធាតុអាបេស្តូ​សនៅក្នុ​ងក្រ​បខ័ណ្ឌ​គោល​នយោបា​យគ្រឿ​ងបង្គុំសំ​ណ​ង់​

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យដាក់បញ្ចូលបញ្ហាសា​រធាតុអាបេស្តូ​សនៅក្នុ​ងក្រ​បខ័ណ្ឌ​គោល​នយោបា​យគ្រឿ​ងបង្គុំសំ​ណ​ង់​

    ភ្នំពេញ ៖  ក្នុងគោលបំណងប្ចៀសបញ្ហាបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រ​យោ​ជន៍​ស​ម្រា​ប់ឧ​ស្សា​ហ​ក​ម្ម​សំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យដាក់​បញ្ចូល​បញ្ហាសារធាតុអាបេស្តូស​នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដូច្នេះយើ​ង​ត្រូ​វមា​ន​​គោ​ល​នយោ​បា​យគ្រ​​ប់​គ្រា​ន់​ពា​ក់​ព័​ន្ធនឹ​ង​កា​រប្រើ​ប្រា​ស់​សា​រធា​តុ​អា​បេ​ស្តូ​ស​នេះ​ដើ​ម្បី​ជៀ​ស​វា​ង​កា​រ​ប​ង្ក​ហា​និ​ភ័យ​​ប៉ះ​​ពា​​ល់ដល់សុខភាពសាធារណៈ និងរក្សាបា​ន​នូ​វ​ឧ​ត្ត​ម​​ប្រ​យោជន៍​សម្រាប់​ឧ​ស្សា​ហ​ក​ម្ម​សំ​ណ​ង់​នៅ​ក​ម្ពុ​ជា​ ។​

    ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់​ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៥ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋ​មន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានមានប្រសាសន៍ថា នេះ​គឺជាពេលវេលាដែលយើងចាប់ផ្ដើមបើក​ទំព័រ​ថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើ​យ​ជា​ពេល​វេលា​ដែ​ល​យើ​ង​ត្រូ​វ​សម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន។

    ឯកឧត្តម បានបញ្ជាក់ថា សារធាតុ​អា​បេស្តូ​ស​គឺ​ជា​ប្រ​ភេទ​គ្រឿ​​ង​ប​ង្គុំ​​សំ​ណង់មួ​យដែ​ល​ត្រូ​វ​បា​ន​ប្រើ​​ប្រា​ស់នៅ​​ក្នុង​​ប្រទេសកម្ពុជានាពេលកន្ល​ងមករហូតមកដល់ប​ច្ចុប្បន្នដោយសា​រតែ​យើងមិន​បា​ន​​ដឹ​ង​អំពី​ហា​និ​ភ័​យ​នៃ​ការ​ប្រើ​ប្រាស់សារធាតុនេះ។

    ឯកឧត្តម​បន្ថែម​ថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឲ្យកម្ពុ​ជាមា​ន​ជ​ម្រើ​ស​ក្នុ​ង​កា​រ​ប្រើប្រា​ស់​គ្រឿ​​ងប​ង្គុំ​សំណង់។ ជាក់ស្តែង ថ្ងៃនេះតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើ​​កយ​ក​ប្រ​ធា​ន​ប​ទ​​សា​រធាតុអាសបេស្តុស (Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់ តែច្បាស់​​អំពី​អ​ត្ថ​ប្រ​យោ​ជន៍ និងផលប៉ះពាល់របស់សារធាតុនេះដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូច​ជា សម្ភារដំបូល សម្ភារធ្វើពីអ៊ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើងនិងធន់នឹងកម្តៅ វាយ​ន​ភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

    តាម​រ​យៈការសិក្សា អាសបេស្តូស (Asbestos) មានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុ​ខ​ភា​ពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ កា​រ​ពុក​ផុ​យ។ យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុ នេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សឹង្ហបុរី ជាដើម ក្នុង​នោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយ​ប្រើប្រា​ស់យ​ន្ត​ការ បទប្ប​ញ្ញ​ត្តិ​ និ​ងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិ​ក្សា​ដក​យកបទពិសោធន៍បាន ។ ដូច្នេះ​ ​តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រ​ទេ​ស​នានា​ ​ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់អោយបានល្អិតល្អន់ ដើម្បីផ្ត​ល់​ជ​ម្រើ​សជូ​ន​ប្រ​ជា​ជ​​នកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឫក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​ចំ​​ពោះកា​រ​ប​ន្ត​ប្រើ​ប្រា​ស់ ស្របតាមបទដ្ឋានគ្រប់គ្រង ប្រកប ដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បី​ជា​ឧ​ត្តម​ប្រ​យោ​ជ​ន៍​ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗ​រូប ៕

  • កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម Miguel Margue GonçalvesManetelu បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល”។ ពិធីនេះត្រូវបានធ្វើនៅក្រុងសៀមរាប កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ។

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អនុស្សរណៈនៃការយោគយល់នេះរៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមកនៃការធ្វើបរិវត្តកម្មឌីជថល។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានថ្មីមួយទៀតរបស់ ក.ប.ទ. ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

    ដោយឡែក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ របស់ពិភពលោក ហើយស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្ដល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួន បន្ថែមទៀត ហើយក.ប.ទ. នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើថ្នា http://xn--verify-917a.gov/ ជាបន្តបន្ទាប់ផងដែរ។

    សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

    ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

  • សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅក្នុងការប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

    នៅក្នុងឱកាសនេះ ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធីនៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

    ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

  • រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ០០១ សហវ,សជណ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានឱ្យដឹងទៀតថា តាមរយៈការសម្រេចនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន ១. គម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង ២. គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង៣. ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ។

    ផ្អែកតាមការនេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន និងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ។ ក្នុងន័យនេះ ធុរជន វិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័ត នៅការិយាល័យក្រុមការងារដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទដែលមានតេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

  • អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់ខេត្តកែប

    អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់ខេត្តកែប

    (កែប)៖ អាណាចក្រផ្កាថ្ម គឺជាតំបន់កម្សាន្តនាតំបន់ឆ្នេរកែច្នៃដ្មីមួយនៅក្នុងខេត្តកែប ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ក្នុងគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ និងបានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។

    លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានឱ្យដឹងថា អាណាចក្រផ្កាថ្ម មានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃបរិស្ថានឆ្នេរសមុទ្រដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះរំលេចឱ្យឃើញពីការទទួលខុសត្រូវក្នុងកិច្ចការពារធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែបសម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្មនឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានិងមកពីក្រៅប្រទេសផងដែរ។ អាណាចក្រផ្កាថ្ម នេះមិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះនៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ខេត្តកែបឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គណៈកម្មការឆ្នេរបានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជាគឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នារៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្មឱ្យលេចចេញជារូបរាងឡើងដ៏គួរឱ្យទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលំហែកម្សាន្ត និងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះជាប្រការល្អមួយសម្រាប់កម្ពុជា ហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។

    ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានយល់ឃើញដែរថា សង្គមដែលស្រឡាញ់សិល្បៈគឺជាសង្គមរីកចម្រើន ហើយឯកឧត្តមចង់ឃើញកម្ពុជាសំបូរទៅដោយស្ថាបត្យករដែលមានទេពកោសល្យសិល្បៈបែបនេះក្នុងការកែច្នៃ ការសាងសង់អគារ ដែលមិនត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថាបនិកអាណាចក្រផ្កាថ្មដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិតជាបានបង្ហាញនូវគុណធម៌ចំពោះវីរភាពរបស់អ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាពមកឱ្យកម្ពុជា៕

  • ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនអន្តរជាតិ VISA

    ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ VISA ក្រោមអធិបតី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនានាគារជាតិនៃកម្ពុជា និងភ្ញៀវកិត្តិយសដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

    ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា គឺដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិ និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទៅតាមបែបឌីជីថលបន្ទាប់ពីទាញយកកម្មវិធីទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរស័ព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយប័ណ្ណទូទាត់វីសាដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។

    ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្តេន ខេអេច ឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤.៥ លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះអាចសម្រេចទៅបានដោយយាមានការចូលរួមធ្វើសន្ធានកម្មពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

    លោក ឌិត សុចល ប្រធាននាយយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានលើកឡើងថា៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្មវិធីទូទាត់បាគងទេសចររបស់ធនាគារជាតិនៃកម្ពុជា និងប័ណ្ណទូទាត់វីសា ភ្ញៀវទេសចរអន្តរជាតិដែលមានប័ណ្ណទូទាត់វីសារអាចធ្វើប្រតិបត្តិការទូទាត់ងាយស្រួលនៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរដើម្បីស្កេនទូទាត់តាមរយៈខេអេចឃ្យូអរកូត។ នេះគឺជាជម្រើសថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដោយមិនចាំបាច់ប្រើក្រដាសប្រាក់ ជាពិសេស ក្រដាសប្រាក់ចាស់ ទក់រហែក និងដើម្បីលើកតម្កើងការប្រើប្រាស់រូបិយវត្ថុជាតិយើង គឺប្រាក់រៀល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ”។

    លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានមានប្រសាសន៍ថា៖ នេះគឺជាសមិទ្ធផលសំខាន់មួយរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ហើយរំពឹងទុកថានឹងមានសមិទ្ធផលជាច្រើនបន្តទៀត ស្របពេលដែលក្រុមហ៊ុនក៏កំពុងជំរុញការទូទាត់ជាឌីជីថលនៅកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងការរួមចំណែកពង្រឹងចំណេះដឹងឌីជីថល និងជំរុញបរិយាបន្នហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា មានសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីមួយនេះ។

    លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖ ធនាគារជាតិនៃកម្ពុជា យល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាពនៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ហេតុនេះហើយ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរដែលអ្នកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

    លោកជំទាវបានបន្តថា តាមរយៈការធ្វើសមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់ប័ណ្ណទូទាត់វីសាដែលមានស្រាប់របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួលតាមរយៈការស្កេនខេអេចយ្យូអរកូត។
    មុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិ វីសា នេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះ សរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជាក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្តល់ឱ្យភ្ញៀវទេសចរអន្តរជាតិនូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

  • រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅក្នុងប្រទេសជប៉ុន

    (ហ៊ីមេជី, ជប៉ុន) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ជាមួយបណ្តាប្រទេសនានាលើពិភពលោកសរុបប្រមាណ ១៦០ប្រទេស។

    ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។

    កិច្ចប្រជុំ IPM 2025 នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ ACREA ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម ITO Yoshitaka រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥ ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណ ៦០០នាក់ មកពី១៦០ប្រទេស ។

    កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ និងដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ព្រមទាំងឯកសារណែនាំនានាអំពីដំណើរការនៃការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍និងកាលកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។

    គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ក្រោមប្រធានបទរួមគឺ “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ” (Designing Future Society for Our lives) ដែលមានប្រធានបទរងចំនួន ៣គឺ៖ ១.ការសង្គ្រោះជីវិត ២. ការបង្កើនភាពអង់អាចដល់ជីវិត និង៣. ការភ្ជាប់ទំនាក់ទំនងជីវិត។

    ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកប្រធានបទរងទី១ “ការសង្គ្រោះជីវិត” និងជ្រើសរើសយកពន្លាជាតិប្រភេទ B ទំហំ ៣០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងលេខ BS3 សម្រាប់ការចូលរួមពិព័រណ៍នេះ ដោយនឹងសម្ពោធ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃរៀបចំទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕