Category: សង្គម និងសេដ្ឋកិច្ច

  • សហភាព​អឺរ៉ុប អនុម័ត​គម្រោង​ថាមពល​អ៊ីដ្រូសែន តម្លៃ​ច្រើន​ពាន់​លាន​អឺរ៉ូ

    សហភាព​អឺរ៉ុប អនុម័ត​គម្រោង​ថាមពល​អ៊ីដ្រូសែន តម្លៃ​ច្រើន​ពាន់​លាន​អឺរ៉ូ

    គម្រោង​ផលិត​ថាមពល​អ៊ីដ្រូសែន ថ្ម​ផ្ទុក​ថាមពល និង​ឃ្លាំង​ផ្ទុក​ថាមពល​ជាដើម ទើបតែ​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី គណៈកម្មាធិការ​អឺរ៉ុប។

    គណៈកម្មាធិការ​អឺរ៉ុប (EC) បានផ្ដល់​ការអនុញ្ញាត​សម្រាប់​គម្រោង​ផលិត​ថាមពល​អ៊ីដ្រូសែន តម្លៃ​ប្រហែល ៥.៤ ពាន់​លាន​អឺរ៉ូ (៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​ត្រូវបាន​គាំទ្រ និង​ឧបត្ថម្ភ​ដោយ សមាជិក​សហភាព​អឺរ៉ុប (EU) និង​ក្រុមហ៊ុន​ចំនួន ៣៥ ក្នុង​ពិភពលោក។

    គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ជំរុញ​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការផលិត​ថាមពល ហើយ​សេដ្ឋកិច្ច​របស់ EU ក៏​ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​បាន​ទុនវិនិយោគ​ពី​ឯកជន​ប្រមាណ ៨.៨ ពាន់​លាន​អឺរ៉ូ​ផងដែរ។

    ច្រើន​ឆ្នាំ​កន្លងមកនេះ EU បាន «បើកភ្លើង​ខៀវ» សម្រាប់​គម្រោង​ដែលមាន​ការឧបត្ថម្ភ​រួម​ដើម្បី​អភិវឌ្ឍ​ប្រភេទ​ថ្ម​ផ្ទុក​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​ថាមពលបៃតង​ជាដើម ដោយ​បញ្ចូល​វិស័យ​ទាំងនេះ​ទៅក្នុង​បញ្ជី​គម្រោង​សំខាន់​ដើម្បី​ផលប្រយោជន៍​រួម​របស់ អឺរ៉ុប (IPCEI)។ បណ្ដា​គម្រោង​នេះ​ក៏​ទទួលបាន​អត្ថប្រយោជន៍​ទាក់ទង​នឹង​បញ្ហា​ផ្ដល់ជំនួយ​របស់​រដ្ឋាភិបាល។

    គម្រោង​នេះ​គ្រប់គ្រង​សកម្មភាព​ផលិត​ថាមពល​អ៊ីដ្រូសែន ថ្ម​ផ្ទុក​ថាមពល ឃ្លាំង​ផ្ទុក​ថាមពល ការដឹកជញ្ជូន និង​ចែកចាយ​ថាមពល​អ៊ីដ្រូសែន រួម​នឹង​ផលិតផល​សម្រាប់​អ្នកប្រើប្រាស់ ពិសេស​ក្នុង​វិស័យ​ចល័ត​ជាដើម។ល។

  • ឥណ្ឌូណេស៊ី ព្រមាន​ថា ៦០% នៃ​បណ្ដា​ប្រទេស​ក្រីក្រ មាន​ហានិភ័យ​ក្ស័យធន

    ឥណ្ឌូណេស៊ី ព្រមាន​ថា ៦០% នៃ​បណ្ដា​ប្រទេស​ក្រីក្រ មាន​ហានិភ័យ​ក្ស័យធន

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី យល់ថា ផលប៉ះពាល់​នៃ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន វិបត្តិ​ទំនិញ និង​បញ្ហា​អតិផរណា​ទូទាំង​ពិភពលោក​ដែល​កើនឡើង​គឺជា​មូលហេតុ​នាំឱ្យ​បំណុល​ត្រូវ​កកស្ទះ។

    កាលពី​ថ្ងៃទី ១៥ កក្កដា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី លោកស្រី Sri Mulyani បាន​ព្រមាន​ថា ប្រហែល ៦០% ក្នុងចំណោម​បណ្ដា​ប្រទេស​ក្រីក្រ កំពុង​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន ក្នុង​គ្រា​ដែល​អតិផរណា​កើនឡើង​ខ្ពស់ និង​បណ្ដាញ​ផ្គត់ផ្គង់​ស្បៀង​ទូទាំង​សកលលោក​ត្រូវ​ដាច់។

    ប្រសាសន៍​របស់ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​ពិធី​បើក​មហាសន្និបាត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្ដាល នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ G20 (FMCBG) លើក​ទី​បី​នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី។

    មហាសន្និបាតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល នៃបណ្ដាប្រទេសជាសមាជិករបស់ G20 (FMCBG) លើកទីបីនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី។

    មុន​នោះ ប្រធាន​ធនាគារពិភពលោក (WB) David Malpass បាន​ព្រមាន​ថា ប្រទេសមួយ​ចំនួន​នឹង​ក្ស័យធន​ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន និង​បញ្ហា​ដាច់​បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​សកលលោក។ លោក Malpass បានឱ្យដឹងថា សម្រាប់​ប្រទេស​ជាច្រើន បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នឹង​ពិបាក​ចៀសផុត។ សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ដែល​នឹង​ត្រូវបាន​ចាត់ទុកថា​ឱនភាព ឬ​វិបត្តិ គឺ​នៅពេល​សេដ្ឋកិច្ច​ប្រទេស​នោះ​មាន​កំណើន​អវិជ្ជមាន ក្នុង ២ ត្រីមាស​បន្តបន្ទាប់។

    មហាសន្និបាត FMCBG លើក​ទី​បី មានការ​ចូលរួម​រប​ស់​តំណាង​ជាង ៤០០ រូប មកពី​បណ្ដា​ប្រទេស​ជា​សមាជិក G20 និង​បណ្ដា​អង្គការ​អន្តរជាតិ ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ១៧ រូប និង ប្រធាន​ធនាគារកណ្ដាល ១០ រូប។

    ឥណ្ឌូណេស៊ី ដែលជា​ប្រធាន​ប្ដូរ​វេន​របស់ FMCBG ក៏បាន​អញ្ជើញ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន ចូលរួម​ព្រឹត្តិការណ៍​នេះ​ផងដែរ៕

  • Tesla អាច​បញ្ចុះតម្លៃ​រថយន្ត បើសិន​អតិផរណា​ត្រូវបាន​គ្រប់គ្រង

    Tesla អាច​បញ្ចុះតម្លៃ​រថយន្ត បើសិន​អតិផរណា​ត្រូវបាន​គ្រប់គ្រង

    បន្ទាប់ពី​បាន​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់ មហាសេដ្ឋី Elon Musk បាន​អះអាងថា ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី នឹង​ត្រូវបាន​អនុវត្ត បើសិន​ស្ថានភាព​អតិផរណា​ត្រូវបាន​កែលម្អ។

    កាលពី​ថ្ងៃទី ១៥ កក្កដា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បានប្រកាសថា អាច​នឹងមាន​ការបញ្ចុះ​តម្លៃ​រថយន្ត នៅពេល​អតិផរណា​ត្រូវបាន​គ្រប់គ្រង។ នេះ​គឺជា​ការឆ្លើយតប​របស់​លោក Musk នៅពេល​មាន​គេ​សួរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា តើ Tesla មាន​ផែនការ​បញ្ចុះតម្លៃ​រថយន្ត​ហើយ ឬ​នៅ ក្រោយពី​ក្រុមហ៊ុន​នេះ​សម្រេចចិត្ត​ដំឡើងថ្លៃ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​កូ​វីដ-១៩ និង​វិបត្តិ​បណ្ដាញ​ផ្គត់ផ្គង់។

    ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ រថយន្ត Tesla ត្រូវបាន​ដំឡើងថ្លៃ​ជា​បន្តបន្ទាប់​ដើម្បី​ប៉ះប៉ូវ​លើ​ថ្លៃ​វត្ថុធាតុដើម​ដែល​កើនឡើង​ខ្ពស់ រួម​នឹង​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់​ឈី​ប​ជាដើម ធ្វើឱ្យ​តម្លៃ​រថយន្ត Tesla ឡើង​ខ្ពស់ជាង​មុន​ច្រើន​ពាន់​ដុល្លារ។

    បញ្ហា​ទំនិញ​ឡើងថ្លៃ​បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​រក​វិធី​ដោះស្រាយ ក្នុងនោះ​មាន​ទាំង​ការកាត់បន្ថយ​ចំណាយ ការផ្លាស់ប្ដូរ​គម្រោង​ប្រើប្រាស់​កម្លាំង​ពលកម្ម និង​ការដំឡើងថ្លៃ​ផលិតផល​ជាដើម។ល។

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ វៀតណាម បើក​មជ្ឈមណ្ឌល​លក់ ៦ កន្លែង ដំណាលគ្នា​នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ វៀតណាម បើក​មជ្ឈមណ្ឌល​លក់ ៦ កន្លែង ដំណាលគ្នា​នៅ សហរដ្ឋ​អាម៉េរិក

    ក្នុង​ឆ្នាំនេះ VinFast នឹង​បន្ត​បើក​មជ្ឈមណ្ឌល​លក់​រាប់​សិន​កន្លែង​ទៀត​នៅក្នុង​រដ្ឋ California និង​កំពុង​ស្រាវជ្រាវ​ដើម្បី​បន្ត​បើក​នៅក្នុង​រដ្ឋ​ដទៃទៀត​នៅ សហរដ្ឋ​អាម៉េរិក។

    ក្នុង​ថ្ងៃទី ១៥ កក្កដា (ម៉ោង​នៅ កម្ពុជា) ក្រុមហ៊ុន VinFast បាន​សម្ពោធ​បើក​មជ្ឈមណ្ឌល​លក់ VinFast Store  ចំនួន ៦ កន្លែង​ដំបូង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក។

    ក្នុង​ឆ្នាំ ២០២២ VinFast នឹង​បន្ត​បើក​មជ្ឈមណ្ឌល VinFast Store ជាង ៣០ កន្លែង​ទៀត​នៅក្នុង​រដ្ឋ California និង​កំពុង​ស្រាវជ្រាវ​ដើម្បី​បន្ត​បើក​នៅក្នុង​រដ្ឋ​ដទៃទៀត​នៅ សហរដ្ឋ​អាម៉េរិក។

    VinFast Store មិន​ត្រឹមតែ​ជា​កន្លែង​ដាក់តាំង និង​លក់​រថយន្ត​អគ្គិសនី​គុណភាព​លំដាប់​ខ្ពស់​នោះទេ តែ​ក៏​ជា​កន្លែង​ដែល​អតិថិជន​អាច​ទទួលបាន​បទ​ពិសេស​ធ៍​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន VinFast ហើយ​ពួកវា​មាន​ទីតាំង​នៅក្នុង​តំបន់​កណ្ដាល​ក្រុង។

    នេះ​គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ VinFast ក្នុងការ​ពង្រីក​បណ្ដាញ​ចែកចាយ​របស់ខ្លួន ដើម្បី​កសាង​ទំនាក់ទំនង​ជាមួយ​អតិថិជន ធានា​នូវ​ភាពស្និទ្ធស្នាល ទំនុកចិត្ត​ក្នុងពេល​ប្រើប្រាស់​រថយន្ត​របស់​ក្រុមហ៊ុន​នេះ៕

  • កំណែ​ពេញលេញ​នៃ​យន្តហោះ​​បែប​ឯកជន​តម្លៃ ១៥០,០០០ ដុល្លារ ចាប់ផ្ដើម​ហោះហើរ​សាកល្បង

    កំណែ​ពេញលេញ​នៃ​យន្តហោះ​​បែប​ឯកជន​តម្លៃ ១៥០,០០០ ដុល្លារ ចាប់ផ្ដើម​ហោះហើរ​សាកល្បង

    (អ៊ីស្រាអែល)-កំណែ​គំរូ Air One ដែលជា​យន្តហោះ​មាន​កង្ហារ​ចំនួន ៨ គ្រឿង និង​អាច​ហោះហើរ​បាន ២៥០ គីឡូម៉ែត្រ/ម៉ោង បាន​សាកល្បង​ហោះហើរ​បណ្ដែត​ខ្លួន​ជាច្រើនលើក​ដោយ​ជោគជ័យ។

    កំណែ​គំរូ​ពេញលេញ​ដំបូង​របស់ Air One ដែល​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ ដំណើរការ​ដោយ​អគ្គិសនី បានចាប់ផ្ដើម​ធ្វើការ​សាកល្បង នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី ១៣ កក្កដា។ Air One ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Israel Air របស់ អ៊ីស្រាអែល គឺជា​យន្តហោះ ២ កៅអី មាន​មនុស្ស​បើកបរ មានតម្លៃ​ប្រហែល ១៥០,០០០ ដុល្លារ​អាម៉េរិក។ មុន​នោះ ក្រុមហ៊ុន​នេះ​បាន​សាកល្បង​ការហោះហើរ​ចំពោះ​កំណែ​ដែលមាន​ទំហំ​តូច​ជាង​នេះ។

    Air One មាន​ស្លាប​វែង​ចំនួន ២ និង​មាន​បំពាក់​កង្ហារតូចៗចំនួន ៨ គ្រឿង។ ដោយ​ពុំមាន​ប្រព័ន្ធ​រុញច្រាន​ទៅមុខ យន្តហោះ​នេះ​ត្រូវ​ទេរ​ខ្លួន​ដូច​ទៅនឹង​យន្តហោះ​ដែលមាន​កង្ហារ​ច្រើន​ដទៃទៀត។ Air One អាច​ហោះ​បាន​លឿន​បំផុត​ត្រឹម ២៥០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​ធម្មតា​ត្រឹម ១៦០ គីឡូម៉ែត្រ/ម៉ោង។ កម្លាំង​អតិបរមា​របស់​យន្តហោះ​នេះ​គឺ ៧៧១ សេះ ខណៈដែល​ផ្ទុក​ទម្ងន់​បាន ២៥០ គីឡូក្រាម និង​ហោះ​បាន ១ ម៉ោង បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ ហើយ​ហោះ​បាន​រយៈ​ចម្ងាយ​ប្រហែល ១៧៧ គីឡូម៉ែត្រ។

    កំណែ​ពេញលេញ​របស់ Air One ដែលមាន​ទម្ងន់ ៨៦៨ គីឡូក្រាម បាន​ហោះហើរ​សាកល្បង​ដំបូង​នៅលើ​វាលស្រែ​មួយកន្លែង​នៅ Megiddo ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី ២១ មិថុនា។ នេះ​គឺជា​ការសាកល្បង​ហោះហើរ​បណ្ដែត​ខ្លួន​ដោយមាន​ចងខ្សែ ហើយ Air One ក៏បាន​សាកល្បង​ហោះហើរ​បែបនេះ​ជា​ច្រើនដង​មកហើយ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

    ដោយមាន​តម្លៃ ១៥០,០០០ ដុល្លារ Air One ថ្លៃ​ជាង​ប្រហែល​ពាក់កណ្ដាល ធៀប​នឹង​យន្តហោះ Jetson One របស់ ក្រុមហ៊ុន​ស៊ុយអែត Jetson។ ប៉ុន្តែ Air One មាន​កៅអី​ចំនួន ២ ចំណែក Jetson One មានតែ ១ កៅអី។ Air One ហោះ​បាន​ឆ្ងាយ​ជាង ៣ ដង ធៀប​នឹង Jetson One។

    ក្រុមហ៊ុន Israel Air បានឱ្យដឹងថា ពួកគេ​លក់ Air One បាន​ជាង ១៥០ គ្រឿង ហើយ​គ្រោង​នឹង​ប្រគល់ដល់ដៃ​អតិថិជនដំបូងៗនៅ​ឆ្នាំ ២០២៤៕

  • តម្លៃ​ឧស្ម័ន​អាច​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៣ ដង នៅ​ឆ្នាំក្រោយ! នេះ​ជាការ​ព្រមាន​របស់ អាល្លឺម៉ង់

    តម្លៃ​ឧស្ម័ន​អាច​កើនឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៣ ដង នៅ​ឆ្នាំក្រោយ! នេះ​ជាការ​ព្រមាន​របស់ អាល្លឺម៉ង់

    យោងតាម​ការ​គណនារ​បស់ Bundesnetzagentur អគ្គិសនី ១ គីឡូវ៉ាត់​ដែល​បានមក​​ពី​ឧស្ម័ន​នៅ អាល្លឺម៉ង់ មានតម្លៃ​ប្រហែល ២២ អឺរ៉ូ ខ្ពស់ជាង ៤ ដង ធៀប​នឹង​ឆ្នាំ ២០២១ ហើយ​អាច​កើនឡើង​យ៉ាងតិច ៣ ដង នៅក្នុង​ឆ្នាំក្រោយ។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី ១៤ កក្កដា របស់ អាជ្ញាធរ​ជាតិ​គ្រប់គ្រង​បណ្ដាញ Bundesnetzagentur (Federal Network Agency) របស់ អាល្លឺម៉ង់ បន្ទាប់ពី​ការផ្គត់ផ្គង់​ឧស្ម័ន​របស់ រុស្ស៊ី តាមរយៈ​បណ្ដាញ​បំពង់​បង្ហូរ Nord Stream 1 ត្រូវបាន​ផ្អាក កម្រិត​នៃ​ការ​ប៉ះប៉ូវ​របស់​ឃ្លាំង​ឧស្ម័ន​នៅ អាល្លឺម៉ង់ កំពុង​ថយចុះ ក្នុងនោះ ឧស្ម័ន​នៅក្នុង​ឃ្លាំង​មួយចំនួន​កំពុងតែ​ត្រូវបាន​យកចេញ «ព្រោះតែ​ទីផ្សារ»។

    Bundesnetzagentur បាន​ព្រមាន​ថា តម្លៃ​ឧស្ម័ន​អាច​កើន​ឡើងដល់ ៣ ដង នៅ​ឆ្នាំ ២០២៣។ Bundesnetzagentur បានប្រកាសថា ជារួម​បរិមាណ​ឧស្ម័ន​ដែល​ត្រូវបាន​យកចេញ​ពី​ឃ្លាំង គឺ​ច្រើនជាង​ធៀប​នឹង​បរិមាណ​ដែល​បាន​បញ្ជូន​ចូលក្នុង​ឃ្លាំង។

    បញ្ហា​ខាងលើនេះ​ធ្វើឱ្យ​ការរក្សា​ឧស្ម័ន​ដែល​រក្សាទុក​សម្រាប់​រដូវ​រងា ក្លាយជា​រឿង​លំបាក និង​នាំឱ្យ​បរិមាណ​ឧស្ម័ន​ដែល​រក្សាទុក​ក្នុងករណី​ខ្វះខាត​ត្រូវ​ថយចុះ។ កម្រិត​នៃ​ការបំពេញ​ឃ្លាំង​ឧស្ម័ន​នៅ អាល្លឺម៉ង់ បច្ចុប្បន្ន​គឺ ៦៤.៥%។

    បច្ចុប្បន្ន Nord Stream 1 កំពុងស្ថិត​ក្នុងដំណាក់កាល​ជួសជុល ហើយ​កិច្ចការ​នេះ​គ្រោង​នឹង​បង្ហើយ​នៅ​ថ្ងៃទី ២១ កក្កដា។ ក្នុងដំណាក់កាល​នេះ ពុំមាន​ទំនិញ​ជា​ឧស្ម័ន​ធម្មជាតិ​ណាមួយ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់ អាល្លឺម៉ង់ តាមរយៈ​បណ្ដាញ Nord Stream 1 ឡើយ។

    ថ្វីបើ​មាន​វិធី​ដឹកជញ្ជូន​ផ្សេង​ដូចជា ប្រព័ន្ធ​បំពង់​បង្ហូរ Yamal ឬ ការដឹកជញ្ជូន​ឆ្លងកាត់ ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ ទាំងនេះ​មិនត្រូវ​បាន​គេ​ប្រើប្រាស់​នោះទេ នៅក្នុង​គ្រា​ដែល Nord Stream 1 កំពុង​ត្រូវ​ជួសជុល។

    ទោះជា​យ៉ាងណាក៏ដោយ Bundesnetzagentur បាន​បញ្ជាក់ថា ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​នៅ អាល្លឺម៉ង់ ជារួម​នៅតែមាន «ស្ថិរភាព» ហើយ​សន្តិសុខ​នៃ​ប្រភព​ផ្គត់ផ្គង់​នៅតែ​ត្រូវបាន​ធានា។

    រាប់​ចាប់​តាំង​ពី​ឆ្នាំ ២០២១ តម្លៃ​ថាមពល​នៅ អឺរ៉ុប ពិសេស​គឺ​នៅ ប្រទេស​អាល្លឺម៉ង់ បាន​កើនឡើង​ខ្ពស់ ដោយ​មួយផ្នែកធំ​គឺ​បណ្ដាលមកពី​វិបត្តិ​សកល៕

  • ក្រុមហ៊ុន​វៀតណាម​ពីរ​ស្ថាប័ន​នៅ​កម្ពុជា សហការគ្នា​អភិវឌ្ឍ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល

    ក្រុមហ៊ុន​វៀតណាម​ពីរ​ស្ថាប័ន​នៅ​កម្ពុជា សហការគ្នា​អភិវឌ្ឍ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល

    អគ្គនាយក​ក្រុមហ៊ុន Metfone បានឱ្យដឹងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការគ្នា​នេះ​គឺជា​ឱកាស​ដើម្បី​ត​ភ្ជាប់​ទំនាក់ទំនង​សហប្រតិបត្តិ​រវាង Metfone និង Angkormilk រួមចំណែក​ផ្ដល់នូវ​តម្លៃ​ល្អប្រសើរ​សម្រាប់ កម្ពុជា។

    ក្រុមហ៊ុន​វៀត​ណា ២ ស្ថាប័ន ដែល​កំពុង​រកស៊ី​នៅ កម្ពុជា គឺ Viettel Cambodia (Metfone) និង Angkormilk ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការគ្នា​អភិវឌ្ឍ​សេវាកម្ម​ទូរគមនាគមន៍ និង​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល នៅ កម្ពុជា។

    ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​គ្រប់​ជ្រុងជ្រោយ​រវាង Metfone និង Angkormilk ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ១៤ កក្កដា នៅ រាជធានី​ភ្នំពេញ។

    ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​បាន​បញ្ជាក់ថា កិច្ចសហការ​នេះ​គឺ​ដើម្បី​កែលម្អ​វឌ្ឍនភាព​នៃ​សេវាកម្ម​ទូរគមនាគមន៍ និង​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ កម្ពុជា។

    យោងតាម​កិច្ចព្រមព្រៀង Metfone និង eMoney នឹង​សហការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ដៃគូ​ក្នុងការ​ផ្ដល់​សប​វែ​រ​លក់ទំនិញ​នាំចេញ​នាំចូល​ពី​ឃ្លាំង, ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (hotline) សម្រាប់​សេវា​បម្រើ​អតិថិជន, សេវា​ផ្ញើ​សារ​ផ្សព្វផ្សាយ,សេវា​អ៊ី​ន​ធើ​ណិ​ត, កញ្ចប់​សេវា​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន, ស៊ីម data សម្រាប់​កាមេរ៉ា​សន្តិសុខ​ខាងក្នុង​ទូ ATM រួម​នឹង​ការផ្ដល់សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដូចជា បើកប្រាក់​ខែ​ដល់​បុគ្គលិក​ជាដើម។ល។

    Angkormilk គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វៀតណាម Vinamilk ដែល​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ។ ចំណែក Metfone វិញ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Viettel ដែល​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម។

  • ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បញ្ចេញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី Ioniq 6

    ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បញ្ចេញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី Ioniq 6

    តាម​គម្រោង Ioniq 6 នឹង​បរបាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ ហើយ​វា​នឹងត្រូវ​បាន Hyundai ចាប់ផ្ដើម​ផលិត​នៅ កូរ៉េខាងត្បូង ក្នុង​ត្រីមាស​ទី​បី​ខាងមុខ។

    ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ទើបតែ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ម៉ូ​ដែល Ioniq 6 ថ្មី របស់ខ្លួន។ នេះ​គឺជា​រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sendan) ដែលមាន​រូបរាង​ប្លែក​ភ្នែក។ ម៉ូ​ដែល Ioniq 6 មាន​រូបរាង​ខុសពី ម៉ូ​ដែល Ioniq 5 ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​ដែល​នឹងត្រូវ​ចេញលក់​ចាប់ពី​ចុងឆ្នាំ​នេះ។

    SangYup Lee អគ្គនាយករង និង​ជា​ប្រធាន​ក្រុម​រចនា​របស់ Hyuandai បានឱ្យដឹងថា រថយន្ត​ក្នុង​ត្រកូល Ioniq នឹងមាន​រូបរាង​ពិសេសខុសៗគ្នា ក្នុង​បំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​រចនា ជាមួយនឹង​អតិថិជន តាមរយៈ​អារម្មណ៍។

    Hyundai ឱ្យដឹងថា ម៉ូ​ដែល Ioniq 6 នឹង​រត់​បាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ នៅក្នុង​រថយន្ត​នេះ​ក៏មាន​បំពាក់​អេក្រង់ ១២ អ៊ី​ញ​ចំនួន ២ គ្រឿង សម្រាប់​ផ្ដល់ព័ត៌មាន និង​ការកម្សាន្ត​ដល់​អ្នកបើកបរ។

    ម៉ូ​ដែល Ioniq 6 ជា​រថយន្ត​ដែល​នឹង​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ទី​បី​នៅ សហរដ្ឋ​អាម៉េរិក របស់ Hyundai បន្ទាប់ពី Kona និង Ioniq 5។ តាម​គម្រោង Hyundai នឹង​ផលិត​រថយន្ត​អគ្គិសនី​ម៉ូ​ដែល Ioniq 6 នេះ​ចាប់ពី​ត្រីមាស​ទី​បី​ឆ្នាំនេះ ហើយនឹង​មាន​លក់​ក្នុង​ទីផ្សារ​របស់ សហរដ្ឋ​អាម៉េរិក ចាប់ពី​ត្រីមាស​ទីមួយ​ឆ្នាំ ២០២៣។

     

  • វៀតណាម មាន​កំពង់ផែ​សមុទ្រ​រាប់សិប​កន្លែង ក្នុងនោះ​មាន​ប្រភេទ​ពិសេស​ចំនួន ២

    វៀតណាម មាន​កំពង់ផែ​សមុទ្រ​រាប់សិប​កន្លែង ក្នុងនោះ​មាន​ប្រភេទ​ពិសេស​ចំនួន ២

    ក្នុងចំណោម ៣៤ កំពង់ផែ​សមុទ្រ​របស់ វៀតណាម មាន​កំពង់ផែ​ចំនួន ២ ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ពិសេស និង ១១ ជា​ប្រភេទ​ទីមួយ។

    ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Le Van Thanh ទើបតែ​បាន​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​មួយ​ដែល​ប្រកាស​អំពី​ប្រភេទ​កំពង់ផែ​សមុទ្រ​ចំនួន ៣៤ របស់ វៀតណាម។

    យោងតាម​សេចក្ដីសម្រេច​ខាងលើ បច្ចុប្បន្ន វៀតណាម មាន​កំពង់ផែ​សមុទ្រ​សរុប​ចំនួន ៣៤ ក្នុងនោះ​មាន ២ ជា​ប្រភេទ​ពិសេស, ១១ ជា​ប្រភេទ​ទីមួយ, ៧ ជា​ប្រភេទ​ទី​ពីរ និង ១៤ ជា​ប្រភេទ​ទី​បី។

    គោលការណ៍​ដើម្បី​វាយតម្លៃ និង​បែង​ចែកជា​ប្រភេទ​ចំពោះ​កំពង់ផែ​សមុទ្រ​នៅ វៀតណាម រួមមាន រង្វង់​នៃ​ឥទ្ធិពល និង​ទំហំ​របស់​កំពង់ផែ​សមុទ្រ។ ការវាយតម្លៃ និង​បែងចែក​ប្រភេទ​កំពង់ផែ​សមុទ្រ​នេះ ត្រូវបាន​ធ្វើឡើង​ទៅតាម​វិធី​ផ្ដល់​ពិន្ទុ។ កាំ​នៃ​ពិន្ទុ​ដែល​យកមកប្រើ​សម្រាប់​វាយតម្លៃ​គឺ ១០០ ពិន្ទុ អម​នឹង​គោលការណ៍​លម្អិត​ជាច្រើន។

  • ពលរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​ទិញ​រថយន្ត​ថ្មី​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក

    ពលរដ្ឋ​អាម៉េរិក កំពុង​ត្រូវ​ទិញ​រថយន្ត​ថ្មី​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក

    ក្រុមហ៊ុន​ស្រាវជ្រាវ Cox Automotive ទើបតែ​បានឱ្យដឹងថា តម្លៃ​ទិញដូរ​ជា​មធ្យម​របស់​រថយន្ត​ថ្មី ១ គ្រឿង នៅក្នុង​ខែមិថុនា ២០២២ គឺ ៤៨,០៨៣ ដុល្លារ​អាម៉េរិក កើន ១.៩% ធៀប​នឹង​ខែឧសភា ២០២២ និង​ខ្ពស់ជាង​កំណត់ត្រា​មុន​នោះ​គឺ ៤៧,២០២ ដុល្លារ។

    តម្លៃ​រថយន្ត​បាន​កើនឡើង​ដោយសារតែ​តម្រូវការ​ប្រើប្រាស់​កើនឡើង រថយន្ត​ថ្មី​ដែល​សល់​ក្នុង​ឃ្លាំង​មាន​ចំនួន​តិច និង​ចំនួន​រថយន្ត​ប្រណិត​លក់​ចេញ​បាន​ច្រើន។

    ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (Customer Price Index-CPI) ដែលជា​រង្វាស់​សម្រាប់​វាស់​ស្ទង់​ទំនិញ និង​សេវាកម្ម​ប្រចាំថ្ងៃ បាន​កើនឡើង ៩.១% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង និង​ខ្ពស់ជាង​ការ​ព្យាករ ៨.៨% របស់ Dow Jones។

    ការកើនឡើង​នៃ​អតិផរណា ភាគច្រើន​គឺ​ដោយសារ​តម្លៃ​ប្រេងសាំង ដែល​បាន​កើន ១១.២% ក្នុង​ខែមិថុនា។ យោងតាម​ការិយាល័យ​ស្ថិតិ​ការងារ (BLS) តម្លៃ​រថយន្ត​ថ្មី​បាន​កើនឡើង ០.៧%/ខែ ចំណែក​រថយន្ត​មួយ​ទឹក​កើន ១.៦%។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ប្រចាំ អាម៉េរិក​ខាងជើង បាន​អះអាងថា តម្លៃ​រថយន្ត​នឹង​អាច​បន្ត​កើនឡើង​ទៀត​នាពេលខាងមុខ៕