Category: សង្គម និងសេដ្ឋកិច្ច

  • ដែនដី​ដែលមាន​កូនភ្នំ​ជាង ១,៧០០ នៅ​តំបន់​អាស៊ីអាគ្នេយ៍ (វីដេអូ)

    ដែនដី​ដែលមាន​កូនភ្នំ​ជាង ១,៧០០ នៅ​តំបន់​អាស៊ីអាគ្នេយ៍ (វីដេអូ)

    ocolate Hills គឺជា​តំបន់​អច្ឆរិយ​ធម្មជាតិ​ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ​មកហើយ និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO។

    បណ្ដា​កូនភ្នំ​ដែល​ស្ថិតនៅ​ជា​ក្រុម និង​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក​នេះ ត្រូវបាន​គេ​ហៅថា ប្រជុំ​កូនភ្នំ​សូកូឡា (Chocolate Hills)។ ឈ្មោះ​នេះ​មាន​ប្រភព​ចេញពី​ពណ៌​ស្មៅ​ដែល​ប្ដូរ​ពី​បៃតង​ទៅជា​ប្រផេះ​នៅក្នុង​រដូវក្ដៅ។

    ប្រជុំ​កូនភ្នំ​សូកូឡា មានកូន​ភ្នំ​សរុប​ចំនួន ១,៧៧៦ និង​មាន​ទ្រង់ទ្រាយ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ ៥០ គីឡូម៉ែត្រ​ក្រឡា។ តំបន់ភ្នំ​អច្ឆរិយ​នេះ​ស្ថិតនៅលើ​កោះ Bohol របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន។

    យោងតាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ប្រភព​ដែលនាំឱ្យ​ក​កើតជា​ប្រជុំ​កូនភ្នំ​នេះ​គឺ​ដោយសារ​សមុទ្រ។ ប្រមាណ ២ លាន​ឆ្នាំមុន ទឹកសមុទ្រ​បាន​គ្របដណ្ដប់​តំបន់ Bohol ទាំងមូល ប៉ុន្តែ ដោយសារតែ​ការផ្លាស់​ទី​របស់​ស្រទាប់​តិច​តូ​និ​ច (Tectonic Plate) នៃ​សម្បក​ផែនដី ទឹកសមុទ្រ​ក៏បាន​នាច​ទៅ​អស់ បន្សល់ទុក​នូវ​បណ្ដុំ​នៃ​សិលា​កម្ទេចកំណ (sedimentary rock), ផ្កាថ្ម និង​សំបក​គ្រំ គ្រែង​ជាដើម។ល។

    ក្រោយ​រយៈពេល​ច្រើន​សតវត្សរ៍ ឬ​យូរ​ជាង​នេះ ធម្មជាតិ​ក៏បាន​ធ្វើឱ្យ​បណ្ដុំ​វត្ថុ​ធាតុ​ទាំងឡាយ​ខាងលើ ក្លាយជា​កូនភ្នំ​ដែលមាន​សណ្ឋាន​ដូច​ទៅនឹង​រូបរាង​ដួន និង​មាន​កម្ពស់​ចាប់ពី ៣០ ទៅ ៥០ ម៉ែត្រ។

    Chocolate Hills ត្រូវបាន​ប្រកាស​ចាត់ទុក​ជា បេតិកភណ្ឌ​ភូមិសាស្ត្រ​ជាតិ​លំដាប់​ទី​បី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ត្រូវ​បានស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ផងដែរ៕

  • ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    ក្រុមហ៊ុន​អាម៉េរិក ​​វិនិយោគ ១៣ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ វៀតណាម

    បន្ទាប់ពី​គម្រោង​ថាមពល Mong Duong 2 និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បន្ត​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ថាមពល​នៅ វៀតណាម ជាមួយនឹង​ផែនការ​បណ្ដាក់ទុន ១៣ ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​នេះ។

    ក្នុង​ក្របខណ្ឌ​នៃ​កិច្ចពិភាក្សា​ប្រចាំឆ្នាំ​ស្ដីពី​សន្តិសុខ​ថាមពល​រវាង សហរដ្ឋ​អាម៉េរិក និង វៀតណាម នាពេលថ្មីៗនេះ ក្រុមហ៊ុន AES បានបង្ហាញ​អំពី​បំណង​អនុវត្ត​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​លម្ហ​សមុទ្រ​នៃ​ខេត្ត Binh Thuan ប្រទេស​វៀតណាម​ ជាមួយនឹង​ទុនវិនិយោគ ១៣ ពាន់​លាន​ដុល្លារ និង​អាច​ផលិត​អគ្គិសនី​បាន ៤,០០០ MW។

    សាជីវកម្ម AES របស់ សហរដ្ឋ​អាម៉េរិក បាន និង​កំពុង​វិនិយោគ​លើ​វិស័យ​ថាមពល​មួយ​ចំនួន​​នៅ វៀតណាម មានដូចជា រោងចក្រ​អគ្គិសនី BOT Mong Duong 2 នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ ដោយ​ប្រើប្រាស់​ទុន​ជាង ២ ពាន់​លាន​ដុល្លារ។

    គម្រោង Mong Duong 2 ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម AES (សហរដ្ឋ​អាម៉េរិក), Posco (កូរ៉េ​ខ​ង​ត្បូង) និង CIC (ចិនដីគោក)។ ឆ្នាំ ២០០៨ គម្រោង​បណ្ដាក់ទុន​រួមគ្នា​នេះ​បាន​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម AES-TKV Mong Duong ដើម្បី​ដំណើរការ​គម្រោង​ថាមពល​នេះ​ជាមួយនឹង​អត្រា​ទុន ៥១%, ៣០% និង ១៩%។

    ចុងឆ្នាំ ២០២០ AES បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ដែលមាន​នៅក្នុង AES-TKV Mong Duong ទៅឱ្យ​ភាគី​មួយ​នៅ សហរដ្ឋ​អាម៉េរិក។ តម្លៃ​នៃ​ការទិញ​ដូរ​​ភាគ​ហ៊ុន​នេះ​មិនទាន់​ត្រូវបាន​បង្ហើ​ប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អាច​នឹង​ត្រូវបាន​ទូទាត់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ។

    ទន្ទឹម​នឹង​នេះ AES ក៏​សហការ​ជាមួយ ក្រុមហ៊ុន​វៀតណាម PV Gas ក្នុងការ​អភិវឌ្ឍ​គម្រោង​ឃ្លាំង​កំពង់ផែ​នាំចូល​ឧស្ម័ន​រាវ (LNG) Son My ដែល​គ្រោង​នឹងមាន​តម្លៃ ១.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រៅពីនេះ ក្រុមហ៊ុន​អាម៉េរិក AES ក៏​ថែមទាំង​ជា​អ្នក​អភិវឌ្ឍ​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន Son My 2 (Son My 2 CCGT) ដោយ​មាន​​​ទុនវិនិយោគ ១.៧ ពាន់​លាន​ដុល្លារ​ទៀតផងដែរ៕

  • ​រថយន្ត​អគ្គិសនី​របស់ BYD នឹង​​មាន​វត្តមាន​​​ក្នុង​ទីផ្សារ​​របស់ អ៊ីស្រាអែល​ ចាប់​ពី​​ចុង​ឆ្នាំ​​នេះ

    ​រថយន្ត​អគ្គិសនី​របស់ BYD នឹង​​មាន​វត្តមាន​​​ក្នុង​ទីផ្សារ​​របស់ អ៊ីស្រាអែល​ ចាប់​ពី​​ចុង​ឆ្នាំ​​នេះ

    ក្រុមហ៊ុន BYD ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំ ២០២២។

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​របស់ ចិន BYD គ្រោង​នឹង​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ ទីផ្សារ​អ៊ីស្រាអែល ចាប់ពី​ចុងឆ្នាំ​នេះ ដោយ​​សហការ​ជាមួយ​ដេប៉ូ​ចែកចាយ​រថយន្ត Shlomo Motors របស់ អ៊ីស្រាអែល នេះ​បើតាម​ប្រកាស​កាលពី​ម្សិលមិញ​របស់​ក្រុមហ៊ុន​ទាំងពីរ។

    BYD បង្ហើប​ឱ្យដឹងថា រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោង​នឹង​ទៅដល់​កំពង់ផែ Eilat នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីស្រាអែល ក្នុង​ត្រីមាស​ទី​បី ឆ្នាំនេះ។ ក្រុមហ៊ុន​អ៊ីស្រាអែល Shlomo បញ្ជាក់ថា ចាប់ពី​ខែកញ្ញា ​ឆ្នាំ​ ២០២២ Shlomo នឹង​បើក​ទីតាំង​បង្ហាញ​រថយន្ត​ថ្មី​ចំនួន ៤ កន្លែង ដើម្បីឱ្យ​អតិថិជន​អាច​ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​របស់ BYD។

    រថយន្តក្រុង​អគ្គិសនី​របស់​ក្រុម​ហ៊ុន BYD

    BYD និង Shlomo បាន​សហការគ្នា​រកស៊ី​ជាង ១ ទសវត្សរ៍​មកហើយ តាមរយៈ​សកម្មភាព​ជំនួញ​លើ​រថយន្តក្រុង​អគ្គិសនី​របស់ BYD។ BYD (Build Your Dreams) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៥ និង​មាន​ការិយាល័យ​កណ្ដាល​នៅ Shenzhen ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ និង​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​សុវត្ថិភាព។

    BYD អះអាងថា បច្ចេកវិទ្យា​ថ្ម​ផ្ទុក​អគ្គិសនី​របស់ខ្លួន អនុញ្ញាតឱ្យ​រថយន្ត​ម៉ូ​ដែល e-Platform 3.0 រត់​បាន​ចម្ងាយ​លើសពី ១,០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ BYD និង Shlomo មិនទាន់​បង្ហើប​ឱ្យដឹងថា រថយន្ត BYD ម៉ូ​ដែល​ណាមួយ​ដែល​នឹងត្រូវ​បានដាក់លក់​​​ក្នុង​ទីផ្សារ​របស់ អ៊ីស្រាអែល នៅឡើយ៕

  • ក្រុមហ៊ុន​ជប៉ុន បាត់បង់ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​វិនិយោគ​លើ​គម្រោង​របស់ រុស្ស៊ី

    ក្រុមហ៊ុន​ជប៉ុន បាត់បង់ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​វិនិយោគ​លើ​គម្រោង​របស់ រុស្ស៊ី

    ក្រុមហ៊ុន Mitsui និង​ក្រុមហ៊ុន Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​អស់​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ពួកគេ​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) របស់ រុស្ស៊ី។

    យោងតាម Bloomberg សាជីវកម្ម Mitsui និង Mitsubishi របស់ ជប៉ុន បាន​បាត់បង់​ប្រាក់​សរុប​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​វិនិយោគ​ទៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី ដោយសារតែ​ត្រូវបាន​រឹបអូស និង​បញ្ចូល​ទៅក្នុង​ទ្រព្យ​របស់​រដ្ឋ​រុស្ស៊ី ទៅតាម​បទបញ្ជា​របស់ ប្រធានាធិបតី ពូ​ទីន។

    ទុនវិនិយោគ​របស់ Mitsui ដែល​ត្រូវបាន រុស្ស៊ី រឹបអូស គឺ ១៣៦.៦ ពាន់​លាន​យ៉េន (១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក ទុន​ដែល Mitsubishi បាន​បាត់បង់ គឺ ៨១ ពាន់​លាន​យ៉េន (៦១០ លាន​ដុល្លារ​អាម៉េរិក)។ ក្រុមហ៊ុន​ទាំងពីរ​ខាងលើនេះ​សុទ្ធតែ​កាន់កាប់​ភាគហ៊ុន ២២.៥% នៅក្នុង​គម្រោង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) Sakhalin-2 របស់ រុស្ស៊ី។

    សាជីវកម្ម​បរទេសមួយ​ផ្សេងទៀត​ដែលមាន​ភាគហ៊ុន ២៧.៥% នៅក្នុង​គម្រោង Sakhlin -2 គឺ ក្រុមហ៊ុន Shell របស់ ចក្រភព​អង់គ្លេស។ ភាគហ៊ុន​ដែល​នៅសល់​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខរ​បស់​សាជីវកម្ម​ឧស្ម័ន Gazprom របស់ រុស្ស៊ី។

    ក្រុមហ៊ុន Shell មុន​នោះបាន​ប្រកាស​លុបចោល​ខ្ទង់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង ពាណិជ្ជកម្ម​នានា​របស់ រុស្ស៊ី ប៉ុន្តែ​មិនបាន​និយាយ​ច្បាស់​អំពី​តួលេខ​នៃ​ខ្ទង់​វិនិយោគ​ទៅលើ Sakhalin-2 នោះទេ៕

  • មាស​ពិភពលោក ម្សិលមិញ​ឡើង​ថ្លៃ​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង

    មាស​ពិភពលោក ម្សិលមិញ​ឡើង​ថ្លៃ​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង

    តម្លៃ​មាស​ពិភពលោក​នៅក្នុង​ការជួញដូ​រ​កាលពី​ថ្ងៃទី ០២ សីហា បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត​មួយខែ​កន្លង ក្នុង​គ្រា​ដែលមាន​ភាព​តានតឹង​រវាង អាម៉េរិក-ចិន និង​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​អាម៉េរិក។

    ក្នុងការ​ជួញដូរ​នៅវេលា​ម៉ោង​ប្រហែល ០ និង ៥៩ នាទី នៃ​ថ្ងៃទី ០២ សីហា (ម៉ោង​នៅ កម្ពុជា) មាស​ប្រគល់​ភ្លាម​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១,៧៧១.៥៩ ដុល្លារ​អាម៉េរិក/អោន។ តម្លៃ​មាស​ប្រគល់​មាន​កាលកំណត់ កើន ០.១% និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១,៧៨៩.៧០ ដុល្លារ​អាម៉េរិក/អោន (១ អោន​ស្មើនឹង ៨.២៩៤២៦ ជី)។

    David Meger ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​មាស​នៃ ស្ថាប័នហិរញ្ញវត្ថុ High Ridge Futures (សហរដ្ឋ​អាម៉េរិក) អះអាងថា ពាក្យ​ចចាមអារ៉ាម​ស្ដីពី​ការបន្ថយ​អត្រា​ការប្រាក់​របស់ Fed (ធនាគារកណ្ដាល​អាម៉េរិក) និង​ឱនភាព​សេដ្ឋកិច្ច​នៅ សហរដ្ឋ​អាម៉េរិក រួម​នឹង​ភាព​តានតឹង​ជុំវិញ​បញ្ហា កោះ​តៃវ៉ាន់ នាបច្ចុប្បន្ន គឺជា​កត្តា​ចម្បង​ដែលនាំឱ្យ​អ្នកវិនិយោគ​រត់​មករ​កមាស ជា​ទ្រព្យ​ដែល​ត្រូវគេ​ចាត់ទុកថា «សុវត្ថិភាព»។

    Craig Erlam អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន OANDA (សហរដ្ឋ​អាម៉េរិក) ព្យាករ​ថា ១,៨០០ ដុល្លារ/អោន អាចជា​តម្លៃ​សាកល្បង​ដ៏​ធំ​សម្រាប់​មាស ប៉ុន្តែ លោហធាតុ​មានតម្លៃ​នេះ​អាច​ស្ថិត​ក្នុងការ​ប្រទាញប្រទង់​ក្នុង​រង្វង់​ប្រហែល ១,៧៨០ ដុល្លារ/អោន៕

  • មហាសេដ្ឋី Elon Musk ជិត​ស្ថាបនា​ព្រលានយន្តហោះ​ផ្ទាល់ខ្លួន

    មហាសេដ្ឋី Elon Musk ជិត​ស្ថាបនា​ព្រលានយន្តហោះ​ផ្ទាល់ខ្លួន

    ព្រលានយន្តហោះ​ឯកជន​ដែល​គ្រោង​នឹង​សាងសង់​នេះ ត្រូវបាន​គេ​ជឿថា នឹង​ផ្ដល់​ភាពងាយស្រួល​សម្រាប់​មហា​សេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក្នុងការ​ធ្វើដំណើរ​ពិនិត្យមើល​រោងចក្រ​នានា​របស់ខ្លួន។

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk ទើបតែ​បានប្រកាសថា នឹង​សាងសង់​ព្រលានយន្តហោះ​ផ្ទាល់ខ្លួន​នៅ​ភាគ​ខាងកើត​នៃ​តំបន់ Austin រដ្ឋ Texas នេះ​បើតាម​ប្រភពព័ត៌មាន​មួយ​ពី​ទំព័រ Austonia។

    បើទោះជា​ពេលវេលា​នៃ​ការបើក​ការដ្ឋាន​សាងសង់ និង​ទីតាំង​ជាក់លាក់​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​ច្បាស់ ប៉ុន្តែ​ប្រភព​មួយចំនួន​ដែល​ជិតស្និទ្ធ​នឹង​មហាសេដ្ឋី Elon Musk បាន​បញ្ជាក់ថា ព័ត៌មាន​ខាងលើ​គឺ​ពិតជា​ត្រឹមត្រូវ។

    ព្រលានយន្តហោះ​ឯកជន​នេះ​ត្រូវបាន​គេ​ជឿថា នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ទៅកាន់​រោងចក្រ​ទាំងឡាយ​របស់លោក Musk នៅ​តំបន់ Austin ដោយសារ​ថា រោងចក្រ​ទាំង ៣ កន្លែង​របស់លោក Musk សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់ Austin។

    ទោះជា​យ៉ាងណាក៏ដោយ ការសាងសង់​ព្រលានយន្តហោះភ្លាមៗបែបនេះ​គឺជា​រឿង​មិនអាច​ទៅរួច ដោយសារ​ថា លោក Musk នឹង​ត្រូវការ​ការយល់​ព្រម​ពី​ស្ថាប័ន​ការពារ​បរិស្ថាន​អាម៉េរិក EPA និង​នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក FAA៕

  • ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ ប្រវែង​ជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន​ជាង ៧៦% និង​គ្រោង​បញ្ចប់​នៅ​ដើមខែ​កញ្ញា

    ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី ៣ ប្រវែង​ជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន​ជាង ៧៦% និង​គ្រោង​បញ្ចប់​នៅ​ដើមខែ​កញ្ញា

    គិត​ត្រឹម​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ (ផ្លូវជាតិ​លេខ ៤ – ផ្លូវជាតិ​លេខ ១) ដែលមាន​ប្រវែង​សរុប​ជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% និង​គ្រោង​បញ្ចប់​នៅ​ដើមខែ​កញ្ញា​ខាងមុខ។

    ក្នុងចំណោម​សមិទ្ធផល​ថ្មី​ដែល​សម្រេចបាន​ខាងលើ ការងារ​ផ្លូវ​សម្រេចបាន ៧២,៤៦%,  ការងារ​ស្ពាន​រំលង (Flyover) សម្រេចបាន ៦៩,៩០% និង​ការងារ​ស្ពាន​សម្រេចបាន ៩៥,៩៨%។ នេះ​បើតាម របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អង្គភាព​អនុវត្ត​គម្រោង (PIU) សម្រាប់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី។

    ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៤+១០៥ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​នេះ​ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ។

    គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ នឹង​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើឱ្យ​វិស័យ​ដឹកជញ្ជូន​រវាង រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និង​ផ្លូវជាតិ​លេខ២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (ផ្លូវ​មេ)។

    ជាង​នេះ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ ក៏​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ ក៏ដូចជា​បំពេញ​ឱ្យ​ការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ (AH1 និងAH11) និង​ផ្លូវ​របៀងសំខាន់ៗនៃ​មហា​អនុតំបន់​មេគង្គ។

    គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមករា ២០១៩ អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧.៦៧ លាន​ដុល្លារ​អាមេរិក និង​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន​ចិន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥.៣៨ លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា៕

  • កម្ពុជា នាំចេញ​ស្រូវ​យ៉ាងច្រើន​ទៅកាន់ ទីផ្សារ​វៀតណាម! អ្នកជំនាញ​ក្នុង​វិស័យ​ប្រាប់​អំពី​មូលហេតុ

    កម្ពុជា នាំចេញ​ស្រូវ​យ៉ាងច្រើន​ទៅកាន់ ទីផ្សារ​វៀតណាម! អ្នកជំនាញ​ក្នុង​វិស័យ​ប្រាប់​អំពី​មូលហេតុ

    របាយការណ៍​របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ របស់ កម្ពុជា បានឱ្យដឹងថា ៦ ខែ​ដើម​ឆ្នាំនេះ កម្ពុជា បាន​នាំចេញ​ស្រូវ​ជាង ១.៧ លាន​តោន ស្មើនឹង​អង្ករ​ប្រមាណ ៩០០,០០០ តោន ទៅកាន់​ទីផ្សារ​របស់ វៀតណាម ដែលមាន​តម្លៃ​ជាង ៣៣៦ លាន​ដុល្លារ​អាម៉េរិក និង​កើន ២០% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​នៃ​ឆ្នាំ​កន្លង។

    ចំណែក វៀតណាម វិញ ជា​រៀងរាល់ឆ្នាំ​បាន​នាំចេញ​អង្ករ​ប្រមាណ​ពី ៦ ទៅ ៦.៥ លាន​តោន។ វៀតណាម គឺជា​ប្រទេសមួយ​ក្នុងចំណោម ៣ ប្រទេស​ដែល​នាំចេញ​អង្ករ​ច្រើនជាងគេ​ក្នុង​ពិភពលោក​នាបច្ចុប្បន្ន។ ដូច្នេះ ព័ត៌មាន​ដែលថា វៀតណាម នាំចូល​អង្ករ​ក្នុង​បរិមាណ​ច្រើន​ពី កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល។

    ទោះជា​យ៉ាងណាក៏ដោយ​លោក Nguyen Thanh Long ប្រធាន​ក្រុមហ៊ុន Viet rice Co., Ltd របស់ វៀតណាម បាន​បញ្ជាក់ថា សកម្មភាព​នាំចូល​ស្រូវ​ពី កម្ពុជា បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ។ ពិសេស ប៉ុន្មាន​ឆ្នាំ​មកនេះ បរិមាណ​ស្រូវ​នាំចូល​ពី កម្ពុជា បាន​កើនឡើង​ខ្ពស់ ដោយសារតែ​បុគ្គល និង​ក្រុមហ៊ុន​វៀតណាម ជាច្រើន បាន​ចូលមក​កាន់ កម្ពុជា ដើម្បី​ជួល​ដី​ដាំ​ស្រូវ រួច​ប្រមូល​ផល​ដឹក​ទៅកាន់ វៀតណាម។

    ប្រធាន​ក្រុមហ៊ុន Viet rice Co., Ltd អះអាងថា «ផ្ទៃដី​ដែល​អាច​ដាំ​ស្រូវ​បាន​នៅ កម្ពុជា នៅ​ធំ​ទូលាយ នាំឱ្យ ជនជាតិ​វៀតណាម ចូលមក កម្ពុជា ជួល​ដី​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​ការដាំដុះ ប្រមូល​ផល។ ជាង​នេះ ដី​សម្បទាន​នៅ កម្ពុជា ក៏​សមស្រប​ខ្លាំងណាស់ ស្រូវ​ផ្ដល់​ទិន្នផល និង​គុណភាព​ខ្ពស់។ ស្រូវ​ដែល ប្រជាពលរដ្ឋ​កម្ពុជា ដាំ ក៏មាន​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីគីមី​តិច ដូច្នេះ គុណភាព​ត្រូវបាន​ធានា»។

    លោក​សាស្ត្រាចារ្យ Vo Tong Xuan ដែលជា​អ្នកជំនាញ​ផ្នែក​ស្រូវ​អង្ករ របស់ វៀតណាម ក៏បាន​យល់ស្រប​នឹង​ការអះអាង​ខាងលើ​របស់ ប្រធាន​ក្រុមហ៊ុន Viet rice Co., Ltd។

    លោក Nguyen Thanh Long បន្ថែមថា ស្រូវ​ដែល​នាំចូល​ពី កម្ពុជា ភាគច្រើន​គឺ​ស្រូវ IR 50404 ដែលមាន​អង្ករ​គ្រាប់​វែង និង​ត្រូវបាន វៀតណាម នាំចេញ​ទៅកាន់​ទីផ្សារ​មួយចំនួន ដូចជា ចិន, ហ្វ៊ី​លី​ពី​ន និង ទ្វីបអាហ្វ្រិក ជាដើម។ល។

    «ប្រភព​អង្ករ​ដែល​នាំចូល​ពី កម្ពុជា ជួយ​ឱ្យ ក្រុមហ៊ុន​វៀតណាម អាច​កែច្នៃ និង​នាំចេញ នៅពេល​ប្រភព​ផ្គត់ផ្គង់​ក្នុងស្រុក​ថយចុះ។ ប្រការនេះ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​ទីផ្សារ​អង្ករ​ក្នុងស្រុក» ប្រធាន​ក្រុមហ៊ុន Viet rice Co., Ltd អះអាង​ដូច្នេះ។

    ចំណែក​លោក Nguyen Van Don ប្រធាន​ក្រុមហ៊ុន Viet Hung Co.Ltd បាន​និយាយថា មូលហេតុ​ដែលនាំឱ្យ វៀតណាម នាំចូល​ស្រូវ​ច្រើន​ពី កម្ពុជា គឺ​មួយផ្នែក​ដោយសារ វៀតណាម ផ្ដោតលើ​ការដាំ​ស្រូវ​គុណភាព​ខ្ពស់​ដើម្បី​បង្កើន​តម្លៃ​នាំចេញ ខណៈដែល​ទីផ្សារ​ជាច្រើន​ដូចជា ទ្វីបអាហ្វ្រិក, មជ្ឈិមបូព៌ា, ហ្វ៊ី​លី​ពី​ន, ចិន ជាដើម បែរជា​ចូលចិត្ត​នាំចូល​អង្ករ IR 50404 ដែល កម្ពុជា ផលិត​បាន​ច្រើន។ ដោយសារតែ​ខ្វះ​ប្រភព​ផ្គត់ផ្គង់ ទើប​បណ្ដា​ក្រុមហ៊ុន​របស់ វៀតណាម រត់​មករក កម្ពុជា ដើម្បី​ទិញ សហការ​ជួល​ដី​ដាំ​ស្រូវ រួច​ប្រមូល​ផល​នាំទៅ​កាន់ វៀតណាម ដើម្បី​កែច្នៃ និង​នាំ​ចេញទៅ​បរទេស។

    ទន្ទឹមនឹងនេះ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក៏បាន​អនុញ្ញាតឱ្យ​នាំចូល​ស្រូវ​អង្ករ​ពី កម្ពុជា ដោយមាន​ការសម្រួល​ព​ន្ធ​ជាពិសេស។ ក្នុងឆ្នាំនេះ បរិមាណ​សរុប​នៃ​កូតា​ពន្ធ​ពិសេស អត្រា ០% ចំពោះ​ទំនិញ​អង្ករ​ដែល​នាំចូល​ពី កម្ពុជា គឺ ៣០០,០០០ តោន។ នេះ​ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​បរិមាណ​ស្រូវ​ដែល វៀតណាម នាំចូល​ពី កម្ពុជា មានការ​កើនឡើង​ខ្ពស់៕

  • ប្រេងឥន្ធនៈ​​ពិ​ភព​លោក​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះតែ​ទិន្នន័យ​អវិជ្ជមាន​ ទាក់​ទិន​នឹង​​​សកម្ម​ភាព​​ផលិត​​ទំនិញ​

    ប្រេងឥន្ធនៈ​​ពិ​ភព​លោក​ធ្លាក់​ថ្លៃ​ខ្លាំង ព្រោះតែ​ទិន្នន័យ​អវិជ្ជមាន​ ទាក់​ទិន​នឹង​​​សកម្ម​ភាព​​ផលិត​​ទំនិញ​

    ក្នុងការ​ស្ទាបស្ទង់​មតិ​​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យមភាព​​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។

    ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ០១ សីហា តម្លៃ​ប្រេង​ពិភពលោក​បាន​ថយចុះ​ប្រហែល ៤% នៅពេលមាន​​ទិន្នន័យ​អវិជ្ជមាន​ស្ដីពី​សកម្មភាព​ផលិត​ទំនិញ​នានា​​នៅក្នុង​ប្រទេស​មួយចំនួន «សង្កត់» លើ​ការរំពឹង​ចំពោះ​តម្រូវការប្រេង​។

    ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​កំពុងតែ​បង្វែរ​ចំណាប់អារម្មណ៍​ទៅរក​កិច្ចប្រជុំ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សប្ដាហ៍​នេះ​របស់ អង្គការ​នៃ​បណ្ដា​ប្រទេស​ផលិត​ប្រេង​រ៉ែ (OPEC) និង​ក្រុម​សម្ព័ន្ធមិត្ត ដែល​ហៅថា OPEC+។

    ការជួញដូរ​កាលពី​ម្សិលមិញ​ត្រូវបាន​បញ្ចប់​ដោយ​តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ ធ្លាក់​ថ្លៃ ៣.៩៤ ដុល្លារ​អាម៉េរិក​ (៣.៨%) ចុះមក​នៅត្រឹម ១០០.០៣ ដុល្លារ/ធុង បន្ទាប់ពី​មានពេលខ្លះ​ធ្លាក់ចុះ​ដល់ ៩៩.០៩ ដុល្លារ/ធុង។

    ចំណែក​តម្លៃ​ប្រេង​អាម៉េរិក WTI បាន​ធ្លាក់​ថ្លៃ ៤.៧៣ ដុល្លារ (៤.៨%) ចុះមក​នៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង ក្រោយពី​បាន​ធ្លាក់ចុះ​ដល់ ៩២.៤២ ដុល្លារ/ធុង។

    តម្លៃ​ប្រេង Brent និង WTI សុទ្ធតែ​បានបញ្ចប់​ខែ​​កក្កដា​ជាមួយនឹង​ការធ្លាក់​ថ្លៃ​ប្រចាំខែ ២ ខែ​ជា​បន្តបន្ទាប់។ នេះ​គឺជា​លើកដំបូង​ដែល​ទំនិញ​នេះ​បាន​ធ្លាក់​ថ្លៃ ២ ខែ​បន្តបន្ទាប់ រាប់​ចាប់ពី​ឆ្នាំ ២០២០។

    ក្នុងការ​ស្ទាបស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមអ្នកវិភាគ​បាន​បន្ទាប​ការ​ព្យាករ​អំពី​តម្លៃ​មធ្យម​នៃ​ប្រេង Brent ឆ្នាំ ២០២២ ចុះមក​នៅត្រឹម ១០៥.៧៥ ដុល្លារ​អាម៉េរិក/ធុង។ ប្រេង WTI ក៏ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ថយចុះ​មក​នៅ​ត្រឹម​ ១០១.២៨ ដុល្លារ/ធុង។

    តាម​គម្រោង OPEC+ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី ០៣ សីហា ដើម្បី​សម្រេច​អំពីការ​កំណត់​​បរិមាណ​ប្រេង​ដែល​នឹង​​ត្រូវ​ផលិត​នៅក្នុង​ខែកញ្ញា៕

  • ក្រុមហ៊ុន​អាម៉េរិក អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ការទាក់ទង​ជាមួយ​សត្វ​គ្រប់​ប្រភេទ

    ក្រុមហ៊ុន​អាម៉េរិក អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ការទាក់ទង​ជាមួយ​សត្វ​គ្រប់​ប្រភេទ

    ក្រុមហ៊ុន​មួយ​នៅ California មានបំណង​ប្រើ​ប្រាប់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ធ្វើការ​ទាក់ទង​ជាមួយ​ពពួកសត្វ​នៅលើ​ពិភព​ផែនដី។

    Aza Raskin គឺជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​នៃ​គម្រោង​ពពួកសត្វ​លើ​ផែនដី (ESP) ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ មានបំណង​រក​វិធី​បកស្រាយ​នូវ​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​ជាមួយ​ពពួកសត្វ តាមរយៈ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​មួយ​ប្រភេទ​ដែល​ហៅថា ម៉ាស៊ីន​សិក្សា (machine learning) ដើម្បី​ជួយ​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​សត្វ​ទាំងឡាយ​ដែល​នៅមាន​វត្តមាន​នៅលើ​ផែនដី និង​ការពារ​ពួកវា។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

    Elodie Briefer អ្នកជំនាញ​ស្ដីពី​សកម្មភាព​របស់​ស​ត្វ ធ្លាប់បាន​ចូលរួម​អភិវឌ្ឍ​កម្មវិធី​ដោះស្រាយ​សម្រាប់​ការវិភាគ​សំឡេង​ស្រែក​របស់​សត្វ​ជ្រូក ក្នុង​បំណង​កំណត់ឱ្យ​ដឹងថា ពួកវា​កំពុង​ឆ្លងកាត់​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន។ រីឯ​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា DeepSqueak ធ្វើការ​វាយតម្លៃ​ទៅលើ​សត្វ​កណ្ដុរ ដើម្បី​ឱ្យដឹងថា ពួកវា​មាន​ភាព​តានតឹង ឬ​អត់ ដោយយោង​ទៅលើ​សំឡេង​ស្រែក​របស់​ពួកវា។ ចំណែក​គម្រោង CETI មាន​ផែនការ​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​សិក្សា ដើម្បី​រក​វិធី​ទាក់ទង​ជាមួយ​ត្រី​បា​ឡែ​ន Sperm whale។

    ក៏ប៉ុន្តែ វិធីសាស្ត្រ​របស់ ESP ខុសពី​វិធី​ទាំងឡាយ​ខាងលើ ព្រោះថា ស្ថាប័ន​នេះ​មិនមែន​ផ្ដោតទៅលើ​សត្វ​មួយ​ប្រភេទ​នោះទេ តែ​គ្រប់​ប្រភេទ​ទាំងអស់ តាំងពី​ជន្លេន រហូតដល់​ត្រី​បា​ឡែ​ន៕