Category: សង្គម និងសេដ្ឋកិច្ច

  • តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    ប្រទេស​ថៃ ថ្មីៗនេះ បានអនុម័ត​ដំឡើងថ្លៃ​អគ្គិសនី​ក្នុង​អត្រា ១៨% ចាប់ពី​ខែកញ្ញា ២០២២ នាំឱ្យ​តម្លៃ​អគ្គិសនី​នៅ​ប្រទេស​នេះ ​ឡើងដល់ ៤.៧២ បាត/គីឡូ​វ៉ាត​ម៉ោង។

    តម្លៃ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាម​គ្រួសារ​នៅ ប្រទេស​ថៃ នឹង​កើន​ឡើងដល់ ៤.៧២ បាត (៥៥១ រៀល) ក្នុង​ ១ គីឡូ​វ៉ាត​ម៉ោង ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន​មក​របស់​ប្រទេស​នេះ នៅពេល គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) ដំឡើងថ្លៃ​ឥន្ធនៈក្នុងអំឡុងពេល​ពី​ខែកញ្ញា​ដល់​ខែធ្នូ ២០២២។

    តម្លៃ​ឥន្ធនៈ​នៅ ប្រទេស​ថៃ បាន​កើនឡើង​ខ្ពស់​ខ្លាំង ព្រោះតែ​ប្រទេស​នេះ​ត្រូវ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​បង្គ្រប់​ទៅលើ​ការថយចុះ​នៃ​បរិមាណ​ដែល​ផលិត​បាន​ពី ឈូង​សមុទ្រ​ថៃ។ ថៃ នាំចូល LNG រហូតដល់ ៦០% ធៀប​នឹង​ឥន្ធនៈ​សរុប​ដែល​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​នៅ ប្រទេស​នេះ។

    ERC បានឱ្យ​ដឹង​ថា ការផលិត LNG ក្នុងស្រុក​របស់ ថៃ បាន​ថយចុះ​ច្រើន បង្ខំ​ឱ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល LNG បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្ដា​រោងចក្រ​ផលិត​អគ្គិសនី​របស់ខ្លួន។ ទន្ទឹមនឹងនេះ សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏បាន​រុញច្រាន​តម្លៃ LNG នៅក្នុង​ទីផ្សារ​អន្តរជាតិ ឡើង​ខ្ពស់ខ្លាំង ធ្វើឱ្យ​ការចំណាយ​លើ​ការផលិត​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ថែម​មួយកម្រិត​ទៀត។

    REC ព្យាករ​ថា ស្ថាន​ភាពខ្វះ LNG នឹង​អូសបន្លាយ​ដល់​ឆ្នាំ ២០២៣ ដោយសារ​ប្រភព​ផ្គត់ផ្គង់​នៅ ប្រទេស​ថៃ និង មី​យ៉ាន​ម៉ា នៅតែ​មិនអាច​ធានាបាន ហើយ​ស្ថានការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏​មិនទាន់មាន​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ​ទៅលើ​គម្រោង​ថ្មី​ដើម្បី​ស្វែងរក LNG។

    បច្ចុប្បន្ន ERC កំពុង​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​ប្រភព​ឥន្ធនៈ​ជំនួស​សម្រាប់​បណ្ដា​រោងចក្រ​អគ្គិសនី​របស់ ប្រទេស​ថៃ រួមមាន ប្រេង, ប្រេងម៉ាស៊ូត, ធ្យូង, វា​រី​អគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ។

    គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) របស់ ថៃ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ ឱ្យ​មាន​សន្សំសំច័យ​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ ប្រទេស​ថៃ ទៅលើ​ប្រភព LNG ពី​បរទេស៕

  • អូស្ត្រាលី កំពុង​​តែ​ពិនិត្យ​លើ​លទ្ធភាព​ដំឡើង​ពិតាន​នៃ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​ប្រភព​ពលករ

    អូស្ត្រាលី កំពុង​​តែ​ពិនិត្យ​លើ​លទ្ធភាព​ដំឡើង​ពិតាន​នៃ​អន្តោប្រវេសន៍​ដើម្បី​បង្កើន​ប្រភព​ពលករ

    រដ្ឋាភិបាល​អូស្ត្រាលី កំពុងតែ​ពិនិត្យ​មើល​​លទ្ធភាព​នៃ​ការអនុញ្ញាតឱ្យ​នាំចូល​ពលករ​​ជំនាញ​ពី​បរទេស​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារពលកម្ម​ក្នុងប្រទេស ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​កម្លាំង​ពលកម្ម។

    គម្រោង​លម្អិត​នឹងត្រូវ​បាន រដ្ឋធានី​កង់​បេ​រ៉ា ប្រកាស​នៅក្នុង​របាយការណ៍​ថវិកា​ជាតិ ដែល​នឹង​ចេញផ្សាយ​នៅក្នុង​ខែតុលា​ខាងមុខ។ ក៏ប៉ុន្តែ ប្រភពព័ត៌មាន​ផ្ទៃក្នុង​បានឱ្យដឹងថា អូស្ត្រាលី គ្រោង​នឹង​អនុញ្ញាតឱ្យ​បង្កើន​ការទទួលយក​ពលករ​បរទេស​ដែលមាន​ជំនាញ ប្រមាណ ៤០,០០០ នាក់ជា​រៀងរាល់ឆ្នាំ ​​បន្ថែមពី​លើ​ការ​កំណត់​​នា​បច្ចុប្បន្ន​ ដែល​នេះ​នឹង​ដំឡើង​ពិតាន​នៃ​ការនាំ​ចូល​ពលករ​អន្ត​ប្រវេសន៍​ឡើង​ដល់​ជិត ២០០,០០០ នាក់/ឆ្នាំ។

    ការលើកឡើង​ខាងលើ​ទទួល​បានការ​សាទរ​ពី​ក្រុម​អ្នកនយោបាយ និង​សហគ្រិន​ក្នុងប្រទេស ក្នុង​គ្រា​ដែល​វិស័យ​នានា​របស់ អូស្ត្រាលី សុទ្ធតែ​កំពុង​ខ្វះ​កម្លាំង​ធនធានមនុស្ស នាំឱ្យ​ក្រុមហ៊ុន​ជាច្រើន​ត្រូវ​កាត់បន្ថយ​ពេលវេលា​ធ្វើ​សកម្មភាព​ជំនួញ ហើយ​ខ្លះ​ថែមទាំង​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ផងដែរ៕

  • ក្រសួងសុខាភិបាល​ ផាក​ពិន័យ និង​​ព្រមាន​​បិទ​​មន្ទីរ​​ពហុ​​ព្យាបាល​​មួយ​​នៅ​​ភ្នំពេញ

    ក្រសួងសុខាភិបាល​ ផាក​ពិន័យ និង​​ព្រមាន​​បិទ​​មន្ទីរ​​ពហុ​​ព្យាបាល​​មួយ​​នៅ​​ភ្នំពេញ

    ក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃទី ១៥ សីហា​នេះ បានប្រកាស​ជា​សាធារណៈ​អំពី​ការ​ផាកពិន័យ ណែនាំ និង​ព្រមាន​​ចំពោះ​​​ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ដែល​មាន​ទីនៅ​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំ​ពេញ ព្រោះ​តែ​បាន​បំពាន​ការ​ណែនាំ​របស់​ក្រសួង​។

    យោងតាម​លិខិត​ជម្រាប​ទៅ លោក​វេ​ជ្ជ​បណ្ឌិត ស៊ឹម វន់ ដែល​ជា ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ​​ក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរ​ពហុ​ព្យាបាល​នេះ បានធ្វើ​ផ្ទុយ​ពី​ការណែនាំ​កន្លងមក​របស់ ក្រសួង ទាក់ទិន​នឹង​ការបញ្ចេញ​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន ទៅ​ដឹក​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ យកមក​ព្យាបាល​នៅក្នុង​គ្លីនិក​នេះ។

    ដោយ​កំ​ហុង​ឆ្គង​ខាងលើ ក្រសួងសុខាភិបាល សម្រេច​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១០ លាន​រៀល ចំពោះ​លោក​វេ​ជ្ជ​បណ្ឌិត ស៊ឹម វន់ ក៏ដូចជា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ និង​តម្រូវឱ្យ​គោរព​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល។ ជាង​នេះ ក្រសួង​ក៏បាន​ព្រមាន​អំពី​ការបិទ លែង​ឱ្យ​ដំណើរ​ការ​ ក្នុងករណីដែល​គ្លីនិក​នេះ​​នៅតែ​បំពាន​ការណែនាំ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ជម្រាបជូន​របស់ ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម ៖

  • Toyota ឈរលើ​កំពូល​តារាង​ចំណាត់​ថ្នាក់​​ពិភព​លោក​​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ

    Toyota ឈរលើ​កំពូល​តារាង​ចំណាត់​ថ្នាក់​​ពិភព​លោក​​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ

    យោងតាម​ទិន្នន័យ​ផ្លូវការ Toyota នាំមុខគេ​ស្ដីពី​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ ២០២២ ដោយមាន​រថយន្ត ៥.១៣៨ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក។

    Toyota, Volkswagen និង Hyundai គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​នាំមុខគេ​ក្នុង​ពិភពលោក​ស្ដីពី​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​នៅក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ។

    Toyota មាន​រថយន្ត ៥.១៣៨ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​ពិភពលោក ខណៈដែល​​​លំដាប់​ទី ២ គឺបាន​ទៅ​លើ​ Volkswagen Group ដោយមានរថយន្ត ៤.០០៦ លាន​គ្រឿង​ត្រូវបាន​លក់​ចេញ និង​ទី​ ៣ គឺ​ Hyundai Motor Co លក់បាន ៣.២៩៩ លាន​គ្រឿង។

    បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន​ផលិត​រថយន្តធំៗក្នុង​ពិភពលោក សុទ្ធតែ​បាន​ថយចុះ​បើ​ធៀប​​ទៅ​នឹង ១ ឆ្នាំមុន​នោះ ក្នុងនោះ ក្រុម​ហ៊ុន​ Toyota ថយចុះ ៦%, Hyundai ថយចុះ ៥.១%, Volkswagen Group ថយចុះ ១៤%, Stellantis ថយចុះ ១៦% និង General Motor Co. ថយចុះ ១៩%៕

  • ជីវភាព​នៅ សហរដ្ឋ​អាម៉េរិក របស់​គ្រួសារ​អា​ហ្វ​ហ្កា​នី​ស្ថានមួយ​គ្រួ ក្រោយពី​បាន​រត់គេច​ពី តា​លី​បង់

    ជីវភាព​នៅ សហរដ្ឋ​អាម៉េរិក របស់​គ្រួសារ​អា​ហ្វ​ហ្កា​នី​ស្ថានមួយ​គ្រួ ក្រោយពី​បាន​រត់គេច​ពី តា​លី​បង់

    គ្រួសារ​របស់ Najib Mohammadi បាន​ឆ្លងកាត់​ពេលវេលា​ពេញ​មួយឆ្នាំ​នៃ​ការកសាង​ជីវភាព​ថ្មី​នៅ សហរដ្ឋ​អាម៉េរិក ក្រោយពី​បាន​ចាកចោល​ប្រទេស​កំណើត អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែកក្កដា ឆ្នាំ ២០២១។

    Najib ដែល​ធ្លាប់ជា​អ្នកបកប្រែ​ភាសា​ឱ្យ កងទ័ព​អាម៉េរិក បាន​ទៅដល់ ទឹក​ដី​សហរដ្ឋ​អាម៉េរិក តាមរយៈ​កម្មវិធី​ផ្ដល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស ២ សប្ដាហ៍​មុនពេល តា​លី​បង់ ចូលកាន់​កាប់ រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

    Najib Mohammadi និង​ភរិយា Susan កាល​ពី​ពេល​ដំបូងៗ​ដែល​ពួក​គេ​បាន​ទៅ​ដាល់​ សហរដ្ឋ​អាម៉េរិក

    បន្ទាប់ពី​បាន​ទៅដល់​ទឹកដី​របស់ សហរដ្ឋ​អាម៉េរិក គ្រួសារ​របស់ Najib ត្រូវ​រស់នៅក្នុង​ផ្ទះមួយ​ដែលមាន​បន្ទប់​គេង​តែមួយ នៅក្នុង​ទីក្រុង Sacramento អស់​រយៈ​ពេល​ច្រើន​ខែ។

    ក្នុង​រូបថត​ខាងលើ​នេះ​គឺជា Zahra Mohammadi។ ឪពុកម្ដាយ​របស់ Zahra មាន​គម្រោង​ឱ្យ​នាង​តូច​នេះ​ទៅ​រៀន​ថ្នាក់​មតេយ្យ ប៉ុន្តែ ម្ដាយ​របស់​នាង​បារម្ភ​ថា ភាសា​របស់​កូនស្រី​មិនទាន់​អាច​ផ្ដល់​ភាពងាយស្រួល​ដល់​ការទាក់ទង​ជាមួយ​គ្រូបង្រៀន។

    ខាងលើ​គឺ​ Najib Mohammadi (ស្ដាំ) កំពុង​សិ​ក្ស​ដើម្បី​យក​សញ្ញាបត្រ​មធ្យមសិក្សា។

    Susan និង​កូនប្រុស​ទើប​កើត Yusuf នៅ​មជ្ឈមណ្ឌល​សុខភាព Mercy San Juan ក្នុង​តំបន់ Carmichael រដ្ឋ California កាលពី​ថ្ងៃទី ១២ ឧសភា ២០២២ (ខាងលើ)។

    Najib បីកូន​ប្រុស​ទើប​កើត Yusuf។

    Susan កំពុង​អាន​សៀវភៅ​ភាសា​អង់គ្លេស ដើម្បី​ហ្វឹកហាត់​ផ្នែក​ភាសា ខណៈ​នាង​កំពុង​មើលថែ​កូនប្រុស​អាយុ ២ ខែ Yusuf និង​កូនស្រី Zahra នៅក្នុង​ផ្ទះ​នៅឯ Sacramento រដ្ឋ California។

    Susan កំពុង​មើលថែ​ស្វាមី Najib ក្រោយពី​បាន​ឆ្លងកាត់​ការវះកាត់​ពោះវៀន​ដុះ​ខ្នែង។

    Najib ប្រលែង​លេង​ជាមួយ​កូនប្រុស នៅ​ខាងក្រៅ​ផ្ទះ​នៅឯ Sacramento។

    Yasar កំពុង​លេង​ជាមួយ​ប្អូនប្រុស Yusuf។

    Najib បញ្ចុក​អាហារ​ឱ្យ​កូនប្រុស Yasar។

    Zahra កំពុង​ដុសធ្មេញ​តាម​ការណែនាំ​របស់​ម្ដាយ។

    Susan និង Najib ត្រៀម​អាហារ​សម្រាប់​ពេល​ព្រលប់។

    Susan និង Najib កំពុងនិយាយ​គ្នា​ពេល​កំពុង​បរិភោគ​អាហារ។

    Susan បីកូន​ប្រុស Yusuf បណ្ដើរ រៀបចំ​ទំនិញ​បណ្ដើរ។

    Najib ជួយ​បកប្រែ​ភាសា​ឱ្យ Rahatullah Salarzai ដែលជា​ជន​អន្ត​ប្រវេសន៍​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​យក​សំបុត្រ​បញ្ជាក់​កំណើត​ច្បាប់​ចម្លងរបស់​​កូនប្រុស​ទើប​កើត​នៅ Sacramento៕

  • រាជរដ្ឋាភិបាល​ ដំឡើង​ប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

    រាជរដ្ឋាភិបាល​ ដំឡើង​ប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

    អនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី ១ របស់ រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី ១១ សីហា ឆ្នាំ​ ២០២២ ត្រូវបាន​ប្រកាស​នាពេល​ថ្មី ៗ​នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​អនុក្រឹត្យ​​ខាងក្រោម ៖

     

     

  • ការ​ដោះដូរ​ពាណិជ្ជកម្ម​ចិន-រុស្ស៊ី អាច​សម្រេច​បាន​កំណត់​ត្រា​ថ្មី​ក្នុង​ឆ្នាំ​​នេះ

    ការ​ដោះដូរ​ពាណិជ្ជកម្ម​ចិន-រុស្ស៊ី អាច​សម្រេច​បាន​កំណត់​ត្រា​ថ្មី​ក្នុង​ឆ្នាំ​​នេះ

    ឯក​អគ្គរដ្ឋទូត​ចិន​ ប្រចាំ ប្រទេស​រុស្ស៊ី Zhang Hanhui បាន​ឱ្យ​ដឹង​ថា លំហូរ​ពាណិជ្ជកម្ម​រវាង ប្រទេស​រុស្ស៊ី និង ប្រទេស​ចិន បាន​កើន ២៩% ក្នុង​អំឡុង​ពី​ខែ​មករា ដល់ខែកក្កដា ឆ្នាំ​ ២០២២​។

    កាលពី​ថ្ងៃទី ១១ សីហា លោក Zhang Hanhui ដែលឯក​​អគ្គរដ្ឋទូត​ចិន​ ប្រចាំ ប្រទេស​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​រវាងប្រទេស​នេះ ជាមួយ​នឹង​ សហព័ន្ធ​រុស្ស៊ី កំពុង​មាន​ការ​រីក​ចម្រើន​ ហើយ​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​អាច​សម្រេច​បាន​កំណត់​ត្រាថ្មី​នៅ​ក្នុង​ឆ្នាំ​ ២០២២​។ លោក Zhang Hanhui បញ្ជាក់​ថា លំហូរ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង​ពីរ បាន​កើន​ ២៩% នៅ​ក្នុង​ដំណាក់​កាល​ពី​ខែ​មករា ដល់ខែ​កក្កដា ឆ្នាំនេះ​​។

    «ខ្ញុំ​ជឿ​ថា (ការ​ដោះដូរ) ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ ហើយ​វា​នឹង​មាន​ភាព​រឹង​មាំ​ ឆ្ពោះទៅ​កាន់​គោលដៅ​ ២០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​បាន​កំណត់​ដោយ​មេដឹក​នាំប្រទេស​របស់​យើង» ឯក​អគ្គរដ្ឋទូត​ចិន​ ប្រចាំ ប្រទេស​រុស្ស៊ី Zhang Hanhui បាន​អះអាង​ដូច្នេះ​៕

  • បែលហ្ស៊ិក ទទួល​ទេសចរ​ដោយ​កម្រាលព្រំ​ផ្កា​ស្រស់ ៣៦៥ ពាន់​ទង ក្រោយ​ការបិទ​ប្រទេស ២ ឆ្នាំ

    បែលហ្ស៊ិក ទទួល​ទេសចរ​ដោយ​កម្រាលព្រំ​ផ្កា​ស្រស់ ៣៦៥ ពាន់​ទង ក្រោយ​ការបិទ​ប្រទេស ២ ឆ្នាំ

    ចាប់ពី​ព្រលប់​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ១៥ សីហា ភ្ញៀវ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល នៃ ប្រទេស​បែលហ្ស៊ិក នឹង​បាន​គយគន់​កម្រាលព្រំ​ខ្នាត​យក្ស​ ត្រូវបាន​រៀប​ឡើង​ដោយ​ប្រើប្រាស់​ផ្កា​ស្រស់​ទាំងស្រុង ដែល​គ្របដណ្ដប់​លើ​កម្រាល​ឥដ្ឋ​របស់​ទីលាន Grand Place។

    ក្រោយ​ការបិទ​ប្រទេស​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ​វិបត្តិ​កូ​វីដ-១៩ កម្រាលព្រំ​ព្រុ​ច​សែ​ល ក៏បាន​ត្រលប់​មកវិញនៅ​ក្នុង​ឆ្នាំ​នេះ។

    ទីលាន​ធំ Grand Place ដែលជា​បេតិកភណ្ឌ​វប្បធម៌​​របស់ យូណេស្កូ (UNESCO) ត្រូវបាន​បង្ហាញ​សម្រស់​ជាថ្មី ដោយ​ពណ៌​ចម្រុះ និង​ក្លិនក្រអូប​របស់​ផ្កា​​ស្រស់​ចំនួន ៣៦៥,០០០ ​ទង ​នៅក្នុង​ឱកាស​ចុង​សប្ដាហ៍​នេះ។

    ចាប់ពី​ព្រលប់​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ១៥ សីហា ភ្ញៀវ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល នៃ ប្រទេស​បែលហ្ស៊ិក នឹង​បាន​គយគន់​កម្រាលព្រំ​ខ្នាត​យក្ស​ដែល​ត្រូវបាន​រៀប​ឡើង​ដោយ​ប្រើប្រាស់​ផ្កា​ស្រស់​ទាំងស្រុង គ្របដណ្ដប់​លើ​កម្រាល​ឥដ្ឋ​របស់​ទីលាន Grand Place។ ព្រឹត្តិការណ៍​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរសាទរ​ឆ្នាំ​ទី ៥០ នៃ​វត្តមាន​របស់​កម្រាលព្រំ​ផ្កា​ស្រស់​នៅ រដ្ឋធានី​ព្រុ​ច​សែ​ល។

    លោកស្រី Delphine Houba អភិបាលរង​នៃ​រដ្ឋធានី​ព្រុ​ច​សែ​ល ទទួលបន្ទុក​វប្បធម៌ ទេសចរណ៍ សង្កត់ធ្ងន់ថា កម្រាល​ផ្កា​ក្លាយជា​ព្រឹត្តិការណ៍​មិន​អាច​​រលង​ចោល​បាន​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ចំពោះ​ទេសចរ និង​ប្រជាពលរដ្ឋ​ព្រុ​ច​សែ​ល។ នេះ​គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ទេសចរណ៍​ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​បំផុត​ក្នុង​ឆ្នាំ ដោយ​វា​បង្ហាញ​អំពី​ភាពខុសប្លែក និង​អត្តសញ្ញាណ​របស់ ព្រុ​ច​សែ​ល។

    កម្រាលព្រំ​ផ្កា​នេះ រួមមាន ៤៦៤ ម៉ែត្រក្រឡា​គឺជា​ផ្កា​ប៊ី​ហ្គោ​នី (Begonia) ចំនួន ១៤០,០០០ ទង និង ៥៦២ ម៉ែត្រក្រឡា​គឺជា​ផ្កា​តែ ២២៥,០០០ ទង។ ក្រៅពីនេះ​ក៏មាន ៥០៨ ម៉ែត្រក្រឡា​ជា​សម្បកឈើ​ធម្មជាតិ និង ៨៨ ម៉ែត្រក្រឡា​ជា​កម្រាល​ស្មៅ៕

  • ថៃ ក្លាយជា​ប្រទេស​នាំចេញ​កៅស៊ូ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក

    ថៃ ក្លាយជា​ប្រទេស​នាំចេញ​កៅស៊ូ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក

    ប្រទេស​ថៃ ឈរ​លំដាប់​លើ​គេ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​ប្រទេស​ដែល​នាំចេញ​កៅស៊ូ​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ ២០២២ នេះ​បើតាម​ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ។

    លោក Alongkorn Ponlaboot ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ កាលពី​ថ្ងៃទី ១២ សីហា បានឱ្យដឹងថា ប្រទេស​ថៃ ឈរលើ​កំពូល​តារាង​ស្ដីពី​ប្រទេស​នាំចេញ​កៅស៊ូ​ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ដោយ​ការនាំចេញ​សម្រេចបាន ២.១៩ លាន​តោន តម្លៃ ៧០.៥ ពាន់​លាន​បាត (ជិត ២ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    ទីប្រឹក្សា​របស់ ក្រសួងកសិកម្ម និង​សហ​ករ​ថៃ ដកស្រង់​តួលេខ​របស់ អគ្គនាយក​រដ្ឋ​កៅស៊ូ​ថៃ (RAT) ថ្លែងថា បរិមាណ​សរុប​នៃ​កៅស៊ូ​ដែល​នឹង​ត្រូវបាន​នាំចេញ​របស់ ប្រទេស​ថៃ ក្នុងឆ្នាំនេះ គ្រោង​នឹង​សម្រេចបាន ៤.២៧ លាន​តោន កើន ៣.៤១% ធៀប​នឹង​ឆ្នាំ​កន្លង។

    ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ តម្លៃ​នាំចេញ​កៅស៊ូ​ធម្មជាតិ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់ ប្រទេស​ថៃ សម្រេចបាន ១៦៧.២ ពាន់​លាន​បាត។ យោងតាម​លោក Alongkorn ប្រទេស​ចិន គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​កៅស៊ូ និង​បណ្ដា​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់ ប្រទេស​ថៃ ពោលគឺ​ជិត​ពាក់កណ្ដាល (៤៩%) នៃ​បរិមាណ​ទំនិញ​សរុប​ដែល ថៃ បាន​នាំចេញ។

    ប្រទេស​ម៉ាឡេស៊ី ឈរ​លំដាប់​លេខ ២ ក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ប្រទេស​នាំចូល​កៅស៊ូ​របស់ ប្រទេស​ថៃ ក្នុង​អត្រា ១០% ខណៈដែល សហរដ្ឋ​អាម៉េរិក ឈរ​លំដាប់​ទី ៣ (៧%) បន្ទាប់មក​គឺ ជប៉ុន (៦%) និង កូរ៉េខាងត្បូង (៤%)។

    អគ្គនាយកដ្ឋាន​កៅស៊ូ​ថៃ បាន​ព្យាករ​ថា បរិមាណ​កៅស៊ូ​សរុប​របស់​ប្រទេស​នេះ ក្នុង​ឆ្នាំ ២០២២ នឹង​សម្រេចបាន ៤.៧៩ លាន​តោន កើន ០.៨៨% ធៀប​នឹង​ឆ្នាំ​កន្លង៕

  • រន្ទះ​បាញ់ខ្នាត​យក្ស មិន​បាញ់​ចុះ​ក្រោម បែរជា​បាញ់​ត្រង់​ឡើងទៅ​ដល់​ជាយ​អវកាស

    រន្ទះ​បាញ់ខ្នាត​យក្ស មិន​បាញ់​ចុះ​ក្រោម បែរជា​បាញ់​ត្រង់​ឡើងទៅ​ដល់​ជាយ​អវកាស

    ផ្លេកបន្ទោរ​នៅ​ពីលើ​រដ្ឋ Oklahoma សហរដ្ឋ​អាម៉េរិក ដែល​ថត​បាន​កាលពី​ឆ្នាំ ២០១៨ គឺជា​រន្ទះ​មួយ​ក្នុងចំណោម​រន្ទះ​ដែល​កម្រ​កើតមាន និង​មាន​ថាមពល​ខ្លាំង​បំផុត​នៅលើ​ផែនដី។

    នៅក្នុង​របាយការណ៍​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ០៣ សីហា លើ​ទស្សនាវដ្ដី Science Advances ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​រន្ទះបាញ់​ខ្នាត​យក្ស​មួយ​ដែល​បាញ់​ពី​ពពក​នៅលើ​រដ្ឋ Oklahoma កាលពី​ឆ្នាំ ២០១។ រន្ទះ​ខ្នាត​យក្ស​នេះ​មិនបាន​បាញ់​ចុះមក​ដី ឬ​បាញ់​ពី​ពពក​មួយ​ទៅកាន់​ពពក​មួយ​នោះទេ ប៉ុន្តែ វា​បែរជា​បាញ់​ត្រង់​ឡើង​ទៅលើ កម្ពស់ ៨០ គីឡូម៉ែត្រ ជិត​ដល់​ជាយ​អវកាស។ រន្ទះ​បែបនេះ​ត្រូវបាន​គេ​ហៅថា gigantic jet ដែល​បញ្ចេញ​ថាមពល​ខ្លាំង​ជាង​ប្រហែល ៥០ ដង ធៀប​នឹង​រន្ទះ​ធម្មតា។

    អ្នកវិទ្យាសាស្ត្រ​ម្នា​ក់នៅ Hawley រដ្ឋ Texas ថត​បាន​ផ្លេកបន្ទោរ​នេះ​នៅ​ថ្ងៃទី ១៤ ឧសភា ២០១៨។ ទិន្នន័យ​បង្ហាញថា ថ្វីបើ​មាន​ថាមពល​ខ្លាំង ប៉ុន្តែ​រន្ទះ​នេះ​មាន​កម្ដៅ​ប្រហែល​តែ ២០៤ អង្សា​សេ​ប៉ុណ្ណោះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ មកដល់​បច្ចុប្បន្ន មិនទាន់​យល់ច្បាស់​អំពី​មូលហេតុ​ដែលនាំឱ្យ​រន្ទះបាញ់​ពីក្រោម​ឡើងទៅ​លើ​នៅឡើយ។ រន្ទះ​ប្រភេទ gigantic jet ភាគច្រើន​កើតមានឡើង​នៅក្នុង​ព្យុះ​ដែល​មិនមាន​រន្ទះ​ច្រើន៕