Category: សង្គម និងសេដ្ឋកិច្ច

  • វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ សម្រេចបាន ១៥% ហើយ

    វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ សម្រេចបាន ១៥% ហើយ

    រដ្ឋបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នៅក្នុង ខេត្តកោះកុង សម្រេចបាន​ប្រហែល​ពី ១០% ទៅ ១៥% ហើយ។

    គម្រោង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​ថ្មបាំង និង ស្រុក​កោះកុង នៃ​ខេត្តកោះកុង នេះ ត្រូវបាន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៣៨៩ លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD។

    តាម​ផែនការ គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នេះ នឹង​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ដោយ​ប្រើពេល ៤ ឆ្នាំ។ បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ វា​រី​អគ្គិសនី​នេះ អាច​ផលិត​អគ្គស​នី សរុប​បាន ៥២៧ លាន​គីឡូវ៉ាត់ម៉ោង/ឆ្នាំ៕

  • រថភ្លើង​ដឹកទំនិញក្នុង​តំបន់អាស៊ាណ (ASEAN Express) នឹង​ដំណើរការ​ចាប់ពី​ខែតុលា​ខាងមុខ

    រថភ្លើង​ដឹកទំនិញក្នុង​តំបន់អាស៊ាណ (ASEAN Express) នឹង​ដំណើរការ​ចាប់ពី​ខែតុលា​ខាងមុខ

    ខ្សែ​រថភ្លើង​ថ្មី​ធ្វើដំណើរ​ឆ្លងកាត់ ៣ ប្រទេស ឬ​ហៅថា ASEAN Express ដែល​ត​ភ្ជាប់​រវាង ម៉ាឡេស៊ី-ថៃ-ឡាវ គ្រោង​នឹង​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែតុលា ២០២២។

    កាលពី​សប្ដាហ៍​កន្លង Keretapi Tanah Melayu Berhad ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវដែក​ខាងលើ បានដំណើរ​​ការ​សាកល្បងរ​ថ​ភ្លើង​ដឹកទំនិញ ASEAN Express និង​កំពុង​ត្រៀម​សម្រាប់​ដំណើរការ​លក្ខណៈ​ពាណិជ្ជកម្មជាផ្លូវ​ការ។

    យោងតាម Laotian Times ដើម្បី​ទៅដល់ ប្រទេស​ឡាវ រថភ្លើង​ពី ម៉ាឡេស៊ី ត្រូវធ្វើ​ដំណើរ ៧២ ម៉ោង ដោយ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ ២,២០៦ គីឡូម៉ែត្រ ក្នុងនោះ​មាន​ឆ្លងកាត់​ចំណត​នានា​នៅ ប្រទេស​ថៃ ផងដែរ។

    តាមរយៈ​ចំណត​រថភ្លើង​នៅ រដ្ឋធានី​វៀងចន្ទន៍ ផ្លូវដែក​របស់ ម៉ាឡេស៊ី ក៏​នឹង​ត​ភ្ជាប់​ជាមួយ​បណ្ដា​ខេត្ត​ក្រុង​របស់ ប្រទេស​ចិន រួមមាន​ ខេត្ត Kunming, Chengdu និង​ខេត្ត Chongqing។

    ក្រុមហ៊ុន Keretapi Tanah Melayu Berhad បាន​បញ្ជាក់ថា គម្រោង​រថភ្លើង​ល្បឿន​លឿន​ក្នុង​តំបន់ អាស៊ាន នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន និង​ជំរុញ​ផែនការ​កសាង​ផ្លូវដែក​ត​ភ្ជាប់​តំបន់​ដែល​ចាប់ផ្ដើម​ពី​ទីក្រុង Kunming ខេត្ត Yunnan របស់ ចិន ជាមួយនឹង ឡាវ, ថៃ, ម៉ាឡេស៊ី និង សិង្ហ​បុរី។

    សារព័ត៌មាន Laotian Times ឱ្យដឹងថា ចុងខែ​សីហា​នេះ ក្រុមមន្ត្រី​ថៃ គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​អំពី​ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់ ប្រទេស​ថៃ ទៅនឹង ផ្លូវដែក​ឡាវ-ចិន៕

  • ក្រុមហ៊ុន PT. Swap Energi Indonesia សហការ​ជាមួយ BP AKR Fuels Retail អភិវឌ្ឍ​បណ្ដាញ​គាំទ្រ​ម៉ូតូ​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី ដើម្បី​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន»

    ក្រុមហ៊ុន PT. Swap Energi Indonesia សហការ​ជាមួយ BP AKR Fuels Retail អភិវឌ្ឍ​បណ្ដាញ​គាំទ្រ​ម៉ូតូ​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី ដើម្បី​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន»

    (ឥណ្ឌូណេស៊ី)- PT. Swap Energi Indonesia បាន​សហការ​ជាមួយ BP AKR Fuels Retail ក្នុងការ​ផ្គត់ផ្គង់​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី (SWAPPoin) សម្រាប់​ម៉ូតូ​អគ្គិសនី​នៅតាម​បណ្ដា​ស្ថានីយ​សេវាកម្ម​របស់ BP។

    ចាប់ផ្ដើម​ពី BP Metland Cybercity Creenlake អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​អាច​ទទួលយក​សេវាកម្ម​ប្ដូរ​ថ្ម​អគ្គិសនី​បាន​យ៉ាង​ងាយស្រួល។ កិច្ចសហការ​រវាង PT. Swap Energi Indonesia និង BP AKR Fuels Retail ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​ដំណោះស្រាយ​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បណ្ដាញ​យានយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី។

    លោក Irwan Tjahaja ស្ថាបនិក​របស់ PT SWAP Energi Indonesia បានឱ្យដឹងថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី​នឹងត្រូវ​ចំណាយពេល​តែ ៩ វិនាទី​ប៉ុណ្ណោះ នៅក្នុង​ការប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី នៅតាម​ស្ថានីយ​របស់ BP AKR។

    បច្ចុប្បន្ន SWAP Energi Indonesia កំពុង​សហការ​ជាមួយ SMOOT Motor Indonesia ក្នុងការ​អភិវឌ្ឍ​ម៉ូតូ​អគ្គិសនី​ឆ្លាត​វៃ ដែលមាន​បំពាក់​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី និង​កម្មវិធី​ទូរស័ព្ទ​របស់ SWAP ក្នុងនោះ អ្នកប្រើប្រាស់​អាច​មើលឃើញ​ស្ថានីយ​ប្ដូរ​ថ្ម​ទាំងឡាយ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ។

    ប្រការ​ដែល​អស្ចារ្យ​នោះ​គឺថា អ្នកប្រើប្រាស់​ម៉ូតូ​អគ្គិសនី SMOOT អាច​ប្ដូរ​ថ្ម​ផ្ទុក​អគ្គិសនី​ដោយ​មិនត្រូវ​បង់ថ្លៃ​នៅតាម​ស្ថានីយ​របស់ SWAP និង​មិនបាច់​ព្រួយបារម្ភ​អំពី​ស្ថានភាព​ថ្ម ព្រោះ​ត្រូវបាន​ធានា​ជា​រៀងរហូត៕

  • ឥណ្ឌា មានបំណង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់ កម្ពុជា ឡាវ និង វៀតណាម

    ឥណ្ឌា មានបំណង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់ កម្ពុជា ឡាវ និង វៀតណាម

    រដ្ឋាភិបាល​ឥណ្ឌា មាន​គោលដៅ​ជំរុញ​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​មកកាន់ កម្ពុជា ឡាវ និង វៀតណាម ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​សមាជិក​អាស៊ាន។

    ឥណ្ឌា កំពុងតែ​ជំរុញ​ការស្ថាបនា និង​ពង្រីក​កំណាត់​ផ្លូវ​ល្បឿន​លឿន ឥណ្ឌា-មី​យ៉ាន​ម៉ា-ថៃ ដើម្បី​កែលម្អ​ការតភ្ជាប់​ក្នុង​តំបន់។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បានស្នើ​ឱ្យមាន​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​នេះ មកកាន់ កម្ពុជា ឡាវ និង វៀតណាម បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

    ផ្លូវ​ល្បឿន​លឿន​អន្តរជាតិ​ដែល​ចាប់ផ្ដើម​ពី ប្រទេស​ឥណ្ឌា មកកាន់​តំបន់​អាស៊ាន បច្ចុប្បន្ន ត្រូវបាន​ភ្ជាប់​ជាមួយ ប្រទេស​មី​យ៉ាន​ម៉ា និង ប្រទេស​ថៃ ដោយមាន​ប្រវែង​ប្រហែល ១,៤០០ គីឡូម៉ែត្រ។ បើសិនជា​ត្រូវបាន​ពង្រីក​មកកាន់ កម្ពុជា ឡាវ និង វៀតណាម នោះ​ផ្លូវ​នេះ​នឹងមាន​ប្រវែង​សរុប​ប្រមាណ ៣,២០០ គីឡូម៉ែត្រ។

    ផ្លូវ​ល្បឿនលឿន​ ឥណ្ឌ- មីយ៉ាម៉ា-ថៃ 

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​របស់ ឥណ្ឌា ដែលជា​គំនិត​ផ្ដួចផ្ដើម​ក្នុង​វិស័យ​ការទូត ក្នុង​បំណង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក។

    ការតភ្ជាប់ ឥណ្ឌា ជាមួយ កម្ពុជា ឡាវ និង វៀតណាម ក៏ត្រូវ​បានចាត់ទុក​ថា​ជា ការធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ផងដែរ៕

  • ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ ៦២ ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត

    ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ ៦២ ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត

    រាជរដ្ឋាភិបាល​ថៃ កំណត់​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យបាន ៥% ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ដល់ ២០១៧ និង​ទាក់ទាញ​ខ្ទង់​វិនិយោគ​សរុប ២.២ ទ្រី​លាន (២,២០០,០០០,០០០,០០០) បាត។

    រាជរដ្ឋាភិបាល​ថៃ ថ្មីៗនេះ​បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​ដាក់​គោលដៅ​វិនិយោគ ២.២ ទ្រី​លាន​បាត (ប្រហែល ៦១.៩៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​របស់​ប្រទេស ក្នុងអំឡុង ៥ ឆ្នាំ​ខាងមុខ ខណៈ​ប្រទេស​នេះ​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែ​ង។

    អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ លោក Thanakorn Wangboonkongchana បង្ហើប​ឱ្យដឹងថា គម្រោង​ដែល​នឹងត្រូវ​អនុវត្ត​ពី​ឆ្នាំ ២០២៣ ដល់ ២០២៧ នៅក្នុង​ផែនការ «ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា (EEC)» នឹង​រួមមាន​ទាំង​ខ្ទង់​វិនិយោគធំៗ ដូចជា រថយន្ត​អគ្គិសនី និង​បច្ចេកវិទ្យា​សុខាភិបាល​ជាដើម។

    អ្នកនាំពាក្យ​ខាងលើ​ឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​វិនិយោគ​ពី ៤០០ ទៅ ៥០០ ពាន់​លាន​បាត (ពី ១១.២៧ ដល់ ១៤.០៨ ពាន់​លាន​ដុល្លារ​អាម៉េរិក) ជា​រៀងរាល់ឆ្នាំ ទៅក្នុងផែនការ​ EEC ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន ៥% ក្នុង ១ ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៤។

    ផែនការ​វិនិយោគ​ទៅលើ EEC ចាប់ពី​ឆ្នាំ ២០១៨ ដល់ ២០២២ របស់ ថៃ បច្ចុប្បន្ន សម្រេចបាន ១.៨ ទ្រី​លាន​បាត ខ្ពស់ជាង​ផែនការ ​(១.៧ ទ្រី​លាន​បាត) ដែល​បានគ្រោង​ទុក។

    EEC រួមមាន ៣ ខេត្ត​នៅ​ភាគ​ខាងកើត​ធៀប​នឹង រាជធានី​បាងកក រួមមាន​ខេត្ត​ឈុន​បុរី ខេត្ត​រ៉ា​យ៉ង និង​ខេត្ត​ឆា​ឈឿង​សៅ។ ក្នុង​ផែនការ EEC នឹងមាន​វិស័យ​ឧស្សាហកម្ម​ចំនួន ១២ រួមមាន អភិវឌ្ឍ​រថយន្ត, អគ្គិសនី​ឆ្លាត​វៃ, ទេសចរណ៍​សុខាភិបាល និង​សុខភាព, កសិកម្ម និង​បច្ចេកវិទ្យា​ជីវសាស្ត្រ, អាហារ, រ៉ូ​បូត​សម្រាប់​វិស័យ​ឧស្សាហកម្ម, ដឹកជញ្ជូន និង​អាកាសចរណ៍, ឥន្ធនៈ​ជីវសាស្ត្រ និង​ជីវគីមី, ឌីជីថល, សេវា​សុខាភិបាល, អភិវឌ្ឍ​ការពារជាតិ និង​ វិស័យអប់រំ៕

     

  • សុនក​យន្ត​របស់ រុស្ស៊ី បំពាក់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ធ្វើ​ចលនា​លឿន​ដូច​ឃាតករ​នី​ន​ចា

    សុនក​យន្ត​របស់ រុស្ស៊ី បំពាក់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ធ្វើ​ចលនា​លឿន​ដូច​ឃាតករ​នី​ន​ចា

    ថ្មីៗនេះ ក្រុម​អ្នក​អភិវឌ្ឍ​របស់ រុស្ស៊ី បានបង្ហាញ​គំរូ​សុនក​យន្ត​មួយ​ដែល​ត្រូវបាន​បំពាក់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ RPG-26។

    យោងតាម​សារព័ត៌មាន News Week នៅក្នុង​ព្រឹត្តិការ​វេទិកា​បច្ចេកទេស-យោធា​អន្តរជាតិ Army-2022 ក្នុង​ថ្ងៃទី ១៥ សីហា ក្រុម​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ រុស្ស៊ី បានបង្ហាញ​រ៉ូ​បូត​ថ្មី​មួយ​ដែលមាន​រូបរាង​ដូច​សត្វ​សុនក បំពាក់​កាណុង​បាញ់​រ៉ុក្កែត​នៅលើ​ខ្នង។

    សុនក​យន្ត​នេះ​មាន​សមត្ថភាព​ផ្លាស់​ទី​យ៉ាង​លឿន និង​ប្រកបដោយ​ភាពបត់បែន​ខ្ពស់ ជាមួយនឹង​ជើង​ទាំង ៤ របស់​វា។ ជើង​ទាំងអស់​របស់​រ៉ូ​បូត​នេះ គឺ​ដូច​ទៅនឹង​សុនកពិតៗ ដោយសារតែ​អាច​ថយក្រោយ បង្វិលខ្លួន ងើបឈរ និង​អង្គុយ ឬ​ក្រាប​បាន​យ៉ាង​ល្អ។

    ក្រៅពី​ប្រការ​ខាងលើ នៅលើ​ខ្នង​របស់​សុនក​រ៉ូ​បូត​នេះ​ថែមទាំង​អាច​ត្រូវបាន​បំពាក់​កាណុង RPG-26 សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ​ទៀតផង។

    វិស្វករ​ម្នាក់​មកពី​ក្រុម​អ្នក​អភិវឌ្ឍ​សុនក​រ៉ូ​បូត​នេះ បាន​និយាយថា សុនក​យន្ត​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ទាំង​នៅក្នុង​វិស័យ​យោធា ទាំង​ក្នុង​វិស័យ​ស៊ីវិល។

    នៅលើ​ពិភពលោក​នេះ ការដែល​សុនក​រ៉ូ​បូត​ត្រូវបាន​កងទ័ព​ប្រើប្រាស់ មិនមែនជា​រឿង​កម្រ​នោះទេ។ មុន​នោះ សហរដ្ឋ​អាម៉េរិក ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​សុ​នក​យន្ត​សម្រាប់​ការពារ​សន្តិសុខ និង​ឈ្លបយកការណ៍​នៅតាម​បន្ទាយ​របស់ខ្លួន​ផងដែរ៕

    https://www.youtube.com/watch?v=XCvH0ljo8w4

  • ប្រទេស​ថៃ អនុម័ត​កញ្ចប់​ហិរញ្ញប្បទានជាង​ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​បញ្ចុះតម្លៃ​ឥន្ធនៈ

    ប្រទេស​ថៃ អនុម័ត​កញ្ចប់​ហិរញ្ញប្បទានជាង​ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​បញ្ចុះតម្លៃ​ឥន្ធនៈ

    សេចក្ដីព្រាងច្បាប់​ស្ដីពី​ការធានា​លើ​ខ្ទង់​ហិរញ្ញប្បទាន​ឡើងដល់ ១៥០ ពាន់​លាន​បាត (៤.២៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​មូលនិធិ​រ៉ែ​ប្រេង​រដ្ឋ ក្នុង​បំណង​ជួយ​បញ្ចុះតម្លៃ​ថាមពល និង​ជួយ​ទប់​ទល់នឹង​បញ្ហា​អតិផរណា ត្រូវបាន​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​កាលពី​ថ្ងៃទី ១៦ សីហា។

    សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​ការត្រួតពិនិត្យ​ដោយ ក្រុម​ប្រឹក្សាជាតិ ដែលជា​ស្ថាប័ន​ប្រឹក្សាផ្នែក​​ច្បាប់​របស់ រាជរដ្ឋាភិបាល មុននឹង​​បញ្ជូន​ទៅកាន់​សភា​ដើម្បី​អនុម័ត​បន្ត។

    គិត​ត្រឹម​ថ្ងៃទី ១៤ សីហា ការិយាល័យ​នៃ​មូលនិធិ​ប្រេងឥន្ធនៈ​ថៃ (Offo) កំពុង​ខាត​ប្រហែល ១១៧ ពាន់​លាន​បាត (៣.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដោយសារ​ការផ្ដល់​ជំនួយ និង​គ្រប់គ្រង​តម្លៃ​ប្រេង បំណង​​រក្សា​អត្រា​កំណើន​​នៃ​អតិផរណា ដែល​បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ១៤ ឆ្នាំ កាលពី​ខែកក្កដា។

    ការដែល​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ក៏​ទាញ​​​អតិផរណា​ឱ្យ​ឡើង​​​ខ្ពស់ជាង​មុន ដែល​បញ្ហា​នេះ​មិន​ត្រឹមតែ​ជា​ឧបសគ្គ​ចំពោះ​ការស្ដារ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ ក៏​ធ្វើឱ្យ​រតនាគារជាតិ​ត្រូវអស់​ប្រាក់​ច្រើន ក្នុង​គ្រា​ដែល​ប្រទេស​ថៃ កំពុង​ត្រូវ​ការប្រាក់​ចាំបាច់​ដើម្បី​ទប់​ទល់នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​ដោយសារ​កូ​វីដ-១៩៕

  • តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ​នៅលើ ទីផ្សារ​អាស៊ី អូស​បន្លាយ​ពេល​​មកដល់​រសៀល​ថ្ងៃទី ១៦ សីហា

    តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ​នៅលើ ទីផ្សារ​អាស៊ី អូស​បន្លាយ​ពេល​​មកដល់​រសៀល​ថ្ងៃទី ១៦ សីហា

    ក្នុងការ​ជួញដូរ​នៃ​ថ្ងៃទី ១៦ សីហា តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ធ្លាក់ចុះ ១.២១ ដុល្លារ​អាម៉េរិក ក្នុង​ ១ ធុង ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ​អាម៉េរិក (WTI) ក៏​បាត់​បង់អស់ ៨៤ សេន​អាម៉េរិក​ ក្នុង​ ១ ធុង។

    តម្លៃ​ប្រេង​នៅ អាស៊ី ដាំ​ក្បាល​ចុះ​នៅក្នុងរ​សៀ​ស​ថ្ងៃទី ១៦ សីហា នៅពេល​ទិន្នន័យ​សេដ្ឋកិច្ច​មិនសូវ​ល្អ​ពី ប្រទេស​ចិន ដែលជា​ប្រទេស​​នាំចូល​ប្រេង​ច្រើនជាងគេ បានធ្វើ​ឱ្យមាន​ការបារ​ម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​សកល។

    ក្នុងការ​ជួញដូរ​នៃ​ថ្ងៃទី ១៦ សីហា តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ធ្លាក់ចុះ ១.២១ ដុល្លារ​អាម៉េរិក (១.៣%) មក​នៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង នៅវេលា​ម៉ោង ១៣ និង ៣៥ នាទី (ម៉ោង​នៅ ភ្នំពេញ) ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ​អាម៉េរិក (WTI) ក៏​បាត់​បង់អស់ ៨៤ សេន​អាម៉េរិក (០.៩%) មក​នៅត្រឹម ៨៨.៥៧ ដុល្លារ/ធុង។ កិច្ចព្រមព្រៀង​ជួញដូរ​អនាគត​របស់​ប្រេង​ទាំងពីរ​ខាងលើ បាន​ថយចុះ​ប្រហែល ៣% នៅក្នុង​ការជួញដូរ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

    ក្រៅពី​បញ្ហា​​ទាក់​ទិន​នឹង​សេដ្ឋកិច្ច​នៅ ប្រទេស​ចិន ក៏​នៅ​មានរឿង​ជាច្រើន​ទៀត​ដែលនាំឱ្យ​ប្រេង​ពិបាក​ឡើងថ្លៃ មានដូចជា បញ្ហា​ស្ដីពី​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ រវាង អាម៉េរិក និង អ៊ីរ៉ង់​ និង​​របាយការណ៍​ស្ដីពី​បរិមាណ​ប្រេង​នៅក្នុង​ឃ្លាំង​ផ្ទុក​របស់ សហរដ្ឋ​អាម៉េរិក ដែល​គ្រោង​នឹង​កើន​ប្រមាណ ៩ លាន​ធុង/ថ្ងៃ​ នៅក្នុង​ខែកញ្ញា​ខាងមុខ។ល។

  • ប្រទេស​ថៃ នឹង​បោះបង់​រថយន្តក្រុង​​ប្រើ​ម៉ាស៊ីន​សាំង នៅ រាជធានីបាងកក ចាប់​ពី​ខែ​នេះ

    ប្រទេស​ថៃ នឹង​បោះបង់​រថយន្តក្រុង​​ប្រើ​ម៉ាស៊ីន​សាំង នៅ រាជធានីបាងកក ចាប់​ពី​ខែ​នេះ

    ក្រសួង​ចរាចរណ៍​ថៃ បានឱ្យដឹងថា ក្នុង​រង្វង់ ៣ ឆ្នាំ​ខាងមុខ នាយកដ្ឋាន​ដឹកជញ្ជូន​សាធារណៈ​នៃ រាជធានី​បាងកក (BMTA) នឹង​ទិញ​រថយន្តក្រុង​អគ្គិសនី​ចំនួន ៣,២០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ក្រុង​​ម៉ាស៊ីន​សាំង​ទាំងអស់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ក្នុង​រាជធានី​របស់​ប្រទេស​នេះ។

    គម្រោង​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​ស្ដារ​ស្ថានការណ៍​ពាណិជ្ជកម្ម​ដែល​គ្រោង​នឹងត្រូវ​បាន BMTA ដាក់សំណើ​ឡើងទៅ​កាន់​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការអនុម័ត​ក្នុងអំឡុង ២ ខែ​ទៀត នេះ​បើតាម អនុរដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ ក្រសួង​ដឹកជញ្ជូន​ថៃ Sorapong Paitoonphong។

    តាំងពី​ឆ្នាំ ២០២០ BMTA បាន​មាន​គម្រោង​ទិញ​រថយន្តក្រុង​ថ្មី​ចំនួន ២,៨០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ចាស់​ដែល​កំពុងដំណើរការ​ក្នុង​ទីក្រុង ប៉ុន្តែ BMTA បាន​កែសម្រួល​ផែនការ បន្ទាប់ពី ការិយាល័យ​គោលនយោបាយ​សហគ្រាសរ​ដ្ឋ​ថៃ បាន​ណែនាំ​ឱ្យ​បន្ថែម​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី។

    យោងតាម​ផែនការ​ថ្មី BMTA នឹង​ប្រើប្រាស់​រថយន្តក្រុង​ដែល​ដំណើរការ​​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​ជំនួស​ក្រុម​រថយន្ត​ម៉ាស៊ីន​សាំង។ ក៏ប៉ុន្តែ នាយកដ្ឋាន​នេះ​មិនទាន់​សម្រេចចិត្តថា នឹងត្រូវ​ទិញ ឬ​ជួល​រថយន្តក្រុង​អគ្គិសនី​ទាំងនេះ​នៅឡើយ។

    រថយន្តក្រុង​អគ្គិសនី​ដែល​ ថៃ កំពុង​ធ្វើ​ការ​សាកល្បង

    ក្នុងពេល​កំពុង​រង់ចាំ​ការអនុម័ត​ពី​ថ្នាក់លើ MBTA គ្រោង​នឹង​ជួល​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​ដំណើរការ​រថយន្តក្រុង ២២៤ គ្រឿង នៅតាម​ដងផ្លូវ​មួយចំនួន​ជាមួយនឹង​ថវិកា​ប្រហែល ៩៥៣ លាន​បាត ដែល​ប្រហែល​នឹង ២៦,៨៩៨,០០០ ដុល្លារ​អាម៉េរិក។

    ចំណែក​បណ្ដា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការផ្ដល់​សិទ្ធិ​ឱ្យ​ដំណើរការ​រថយន្តក្រុងនៅលើ​ដងផ្លូវ ៥៤ ខ្សែ​នៅ បាងកក និង​បណ្ដា​ខេត្ត​ក្បែរ​រាជធានី នឹង​ចាប់ផ្ដើម​ជំនួស​រថយន្តក្រុង​ចាស់ ដោយ​រថយន្តក្រុង​ដែល​ប្រើប្រាស់​អគ្គិ​សនី​​នៅក្នុង​ខែ​នេះ៕

  • ក្រុមហ៊ុន​មួយ​របស់​ចិន ក្លាយជា​អ្នក​វិនិ​យោគ​ធំជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី

    ក្រុមហ៊ុន​មួយ​របស់​ចិន ក្លាយជា​អ្នក​វិនិ​យោគ​ធំជាងគេ​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី

    ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​មួយ​សម្រាប់ផ្គត់​ផ្គង់​ដល់​បណ្ដា​​រោង​ចក្រ​ផលិត​រថយន្ត​នៅ ប្រទេស​ហុង​គ្រី។

    កាលពី​ចុង​សប្ដាហ៍​កន្លង ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទុក​ថាមពល Contemporary Amperex Technology Co. Limited (CATL) របស់​ ចិន បាន​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​គ្រី នៅពេល​ភាគី​ទាំងពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​សហការ​ដែលមាន​តម្លៃ ៧.៦ ពាន់​លាន​ដុល្លារ ក្រោយពី​ការចរចា​ជាង ២ ឆ្នាំ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់ខ្លួន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី Peter Szijjarto បានឱ្យដឹងថា ក្រុមហ៊ុន CATL បានសម្រេច​ចិត្ត​វិនិយោគ ៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ​ទៅក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​មួយ ​សម្រាប់​ផ្គត់ផ្គង់​ដល់​បណ្ដា​​រោងចក្រ​ផលិត​រថយន្ត​នៅ ហុង​គ្រី។ នេះ​ក៏​ជា​ខ្ទង់​វិនិយោគ​ទៅលើ​វិស័យ​ថាមពលបៃតង​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ហុង​នេះ​។

    នៅក្នុង​ប្រកាស​មួយ CATL ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី ១០០ GWh នៅ Debrencen ភាគ​ខាងកើត​នៃ ប្រទេស​ហុង​គ្រី។ Debrencen គឺជា​ទីរួមស្រុក​ធំ​ទី​ពីរ​នៅ ហុង​គ្រី និង​ស្ថិតនៅ​ចំ​កណ្ដាល ទ្វីបអឺរ៉ុប។

    មជ្ឈមណ្ឌល​ពិព័រណ៍មួយ​នៅ អឺរ៉ុប របស់ក្រុមហ៊ុនចិន CATL

    រោងចក្រ​ថ្មី​នេះ​នឹង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​ជាដើម ទៅឱ្យ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ អឺរ៉ុប ដូចជា Mercedes-Benz, BMW, Stellantis និង Volkswagen។ល។ រោងចក្រ​នេះ​មាន​ផ្ទៃក្រឡា​ប្រហែល ២២១ ហិកតា និង​ជា​រោងចក្រ​ទី​ពីរ​របស់ CATL នៅ អឺរ៉ុប បន្ទាប់ពី​រោងចក្រ​មួយ​នៅ ប្រទេស​អាល្លឺម៉ង់។ ការសាងសង់​រោងចក្ររបស់ CATL នៅ Debrecen គ្រោង​នឹង​ចាប់ផ្ដើម​ក្នុងឆ្នាំនេះ។

    គម្រោង​ថ្មី​នេះ​កំពុងតែ​ជួយ​ឱ្យ ហុង​គ្រី ក្លាយជា​មជ្ឈមណ្ឌល​ធំ​មួយ​ទាក់ទង​នឹង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ អឺរ៉ុប។ Debrecen គឺជា​តំបន់​ដែលមាន​រោងចក្រ​ជាច្រើន​កំពុង​ត្រូវបាន BMW សាងសង់ ខណៈដែល​ក្រុមហ៊ុន Audi មាន​រោងចក្រ​នៅ Gyor ភាគ​ខាងលិច​របស់ ហុង​គ្រី និង​ក្រុមហ៊ុន Mercedes-Benz មាន​រោងចក្រ​នៅ Kecskemet ភាគ​កណ្ដាល​នៃ​ប្រទេស៕