Category: សង្គម និងសេដ្ឋកិច្ច

  • វៀតណាម ស្នើ​សុំ​ការ​បញ្ជាក់​​​ពី​ កម្ពុជា ករណី​តម្រូវឱ្យ​អ្នក​នាំចូល​ទំនិញ​មី​កញ្ចប់ Hao Hao របស់ វៀតណាម បង្ហាញ​លិខិត​ត្រួតពិនិត្យ​សារធាតុ Ethylen Oxide

    វៀតណាម ស្នើ​សុំ​ការ​បញ្ជាក់​​​ពី​ កម្ពុជា ករណី​តម្រូវឱ្យ​អ្នក​នាំចូល​ទំនិញ​មី​កញ្ចប់ Hao Hao របស់ វៀតណាម បង្ហាញ​លិខិត​ត្រួតពិនិត្យ​សារធាតុ Ethylen Oxide

    អាជ្ញាធរ​កម្ពុជា បានឱ្យដឹងថា នឹង​ណែនាំ​ឱ្យ​ស្ថាប័នគយ ដាក់បញ្ចូល​ទំនិញ​ជា​មី​កញ្ចប់​របស់ Hao Hao ទៅក្នុង​ប្រភេទ​ទំនិញ​មាន​ហានិភ័យ និង​ត្រូវការ​លិខិត​ដែល​បញ្ជាក់ថា​មិនមាន​ផ្ទុក​សារធាតុ Ethylen Oxide។

    ក្រោយពី​មាន​ព័ត៌មាន​ថា កម្ពុជា នឹង​ត្រួតពិនិត្យ​មី​កញ្ចប់​របស់ វៀតណាម បន្ទាប់ពី​មានការ​ព្រមាន​របស់ សហភាព​អឺរ៉ុប (EU) អាជ្ញាធរ​វៀតណាម បានឱ្យដឹងថា បាន​ទាក់ទង​មក​ស្ថាប័ន​ពាក់ព័ន្ធ​របស់ កម្ពុជា និង​ទទួលបាន​ចម្លើយ​រួចហើយ។

    ភាគី​កម្ពុជា បាន​ប្រាប់ វៀតណាម ថា ប្រភេទ​មី​កញ្ចប់ Hao Hao រស់ជាតិ​សាច់មាន់ ដែល EU បាន​រកឃើញថា​មាន​ផ្ទុក Ethylen Oxide នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំ​ចូលមក កម្ពុជា ឡើយ ដោយសារតែ​វិធានការ​ទប់ស្កាត់ ដើម្បី​ផលប្រយោជន៍​ផ្នែក​សុខភាព​សាធារណៈ​នៅ កម្ពុជា។

    កម្ពុជា ក៏បាន​បញ្ជាក់ថា ការតម្រូវ​ឱ្យមាន​លិខិតបញ្ជាក់​ការត្រួតពិនិត្យ Ethylen Oxide នឹង​ធ្វើឡើង​ចំពោះតែ មី​កញ្ចប់ Hao Hao ប៉ុណ្ណោះ។

  • កម្ពុជា សម្រេចចិត្ត​បោះផ្សាយ លក់មូលបត្ររដ្ឋឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក

    កម្ពុជា សម្រេចចិត្ត​បោះផ្សាយ លក់មូលបត្ររដ្ឋឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក

    រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ចិត្ត​បោះផ្សាយ​លក់​មូលបត្ររដ្ឋ​ឆ្នាំ ២០២២ ក្នុង​ទំហំ​ទឹក​ប្រាក់​ ១ ២១៩ ៥០០ ០០០ ០០០ រៀល ដែល​ស្មើនឹង ៣០០ លានដុល្លារអាមេរិក។

    យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ការបោះផ្សាយលក់មូលបត្រ​នេះ​នឹង​ចាប់ផ្ដើមពី​ខែកញ្ញា ឆ្នាំ ២០២២ តទៅ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​ប្រកាស​របស់ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ខាង​ក្រោម​ ៖

     

  • ឥណ្ឌូណេស៊ី ពិនិត្យ​លទ្ធភាព​ចំណាយ​បន្ថែម​ជាង ១៣ ពាន់​លាន​ដុល្លារ ដើម្បី​ទប់​តម្លៃ​ប្រេងឥន្ធនៈ

    ឥណ្ឌូណេស៊ី ពិនិត្យ​លទ្ធភាព​ចំណាយ​បន្ថែម​ជាង ១៣ ពាន់​លាន​ដុល្លារ ដើម្បី​ទប់​តម្លៃ​ប្រេងឥន្ធនៈ

    កាលពី​ថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ឱ្យដឹងថា ខ្ទង់​ថវិកា​ជាង ១៣ ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យ​កញ្ចប់​ថវិកា​ជំនួយ និង​កញ្ចប់​សម្រាប់​ប៉ះប៉ូវ​ដល់​ការខាតបង់​ក្នុង​វិស័យ​ថាមពល​ឆ្នាំ ២០២២ កើន ​ឡើងដល់ ៧០០ ទ្រី​លាន រូពី។

    ឥណ្ឌូណេស៊ី អាច​ចំណាយ​បន្ថែម​ទៅលើ​ខ្ទង់​ជំនួយ​ផ្នែក​ថាមពល​តម្លៃ ២០០ ទ្រី​លាន​រូពី (១៣.៤៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) បើសិន​មិន​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ​ដែល​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល ក្នុងស្ថានភាព​ដែល​ការប្រើប្រាស់​គ្រោង​នឹង​កើនឡើង​លើសពី​កូតា​ឆ្នាំ ២០២២

    ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី Sri Mulyani Indrawati បានឱ្យដឹងថា ខ្ទង់​ថវិកា​ជាង ១៣ ពាន់​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យ​កញ្ចប់​ថវិកា​ជំនួយ និង​កញ្ចប់​ថវិកា​សម្រាប់​ប៉ះប៉ូវ​ដល់​ការខាតបង់​ក្នុង​វិស័យ​ថាមពល​ឆ្នាំ ២០២២ កើន ៤០% ថែមទៀត ដោយ​ឡើងដល់ ៧០០ ទ្រី​លាន រូពី ប្រហែល​នឹង ៤៧,២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី លោក​ស្រី Sri Mulyani Indrawati

    លោកស្រី Indrawati បញ្ជាក់ថា ខ្ទង់​ថវិកា​បន្ថែម​នេះ​នឹង​ត្រូវបាន​ចំណាយ​ទៅលើ​តែ​ថ្លៃ​សាំង​យីហោ Pertalite (RON-90) និង​ប្រេងម៉ាស៊ូត Solar របស់​ក្រុមហ៊ុន​ថាមពល​រដ្ឋ Pertamina ប៉ុណ្ណោះ ព្រោះថា បើសិន​ចំណាយ​សម្រាប់​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ​រាវ​ទៀត ខ្ទង់​ប្រាក់​ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​នឹង​កើនឡើង​កាន់តែ​ខ្ពស់។

    លោកស្រី​រដ្ឋមន្ត្រី​ហិញ្ញ​វត្ថុ​ឥណ្ឌូណេស៊ី ព្រមាន​ថា សូម្បីតែ​រដ្ឋាភិបាល​បង្កើន​ខ្ទង់​ថវិកា​ជំនួយ និង​ខ្ទង់​ថវិកា​ប៉ះប៉ូវ​ការខាតបង់​សម្រាប់​ថាមពល​បន្ថែម​ជាង ១៣ ពាន់​លាន​ដុល្លារ​ទៀត​ក៏ដោយ ក៏​មិនមាន​អ្វី​ធានាថា គ្រប់គ្រាន់​នោះដែរ បើទោះជា​មាន​គោលការណ៍​កាត់បន្ថយ​ការលក់​ប្រេងសាំង Pertalite ទៅឱ្យ​អតិថិជនធំៗមួយចំនួន​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ៕

  • «ទីក្រុងរង្វង់​​មូល» មាន​បរិវេណ ៣,០០០ ម៉ែត្រ ព័ទ្ធជុំវិញ​អគារខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក

    «ទីក្រុងរង្វង់​​មូល» មាន​បរិវេណ ៣,០០០ ម៉ែត្រ ព័ទ្ធជុំវិញ​អគារខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក

    (អេ​មី​រ៉ា​ត​អារ៉ាប់​រួម-UAE)-ក្រុមហ៊ុនមួយ​នៅ Dubai បានបង្ហាញ​រចនា​រូបរាង​នៃ​ទីក្រុង​រង្វង់​មូល​កម្ពស់​ប្រមាណ ៥០០ ម៉ែត្រ ខាងក្នុង​មាន​ខ្សែក្រវាត់​បៃតង​ដែលមាន​ប្រព័ន្ធ​ជីវសាស្ត្រ​យ៉ាង​សម្បូរបែប។

    ក្រុមហ៊ុន Dubai ZNera Space លើកឡើង​នូវ​គំនិត​ស្ដីពី​ការសាងសង់ Downtown Circle ជាទី​ក្រុង​រង្វង់​មូល​កម្ពស់ ៥៥០ ម៉ែត្រ ដែល​ព័ទ្ធជុំវិញ​អគារ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក Burj Khalifa (កម្ពស់ ៨២៨ ម៉ែត្រ) នេះ​បើ​តា​សារព័ត៌មាន Design Boom ចេញផ្សាយ​កាលពី​ម្សិលមិញ។ ទីក្រុង​រង្វង់​មូល​នេះ​នឹងមាន​បរិវេណ​ប្រវែង ៣,០០០ ម៉ែត្រ។

    Downtown Circle នឹង​ក្លាយជា​សំណង់​ដ៏​មហិមា​មួយ​ដែល​លេចធ្លោ​ជាងគេ​ដោយសារ​រចនារូប​រាង​​ចម្លែក​របស់​វា។ ទីក្រុង​នេះ​មាន​គ្រប់យ៉ាង​ដែល​ទីក្រុងធំៗមាន និង​ឆ្ពោះទៅកាន់​ស្ថិរភាព​យូរអង្វែង​ព្រោះតែ​អាច​ផ្គត់ផ្គង់​គ្រប់យ៉ាង​ដោយ​ខ្លួនឯង។

    ទីក្រុង Downtown Circle នឹងមាន ៥ ជាន់សំខាន់ៗ និង​ត្រូវបាន​បែង​ជា​ផ្នែកតូចៗដើម្បី​បង្កើតបានជា​បរិស្ថាន​សាធារណៈ ពាណិជ្ជកម្ម តំបន់​ស្នាក់នៅ និង​តំបន់​វប្បធម៌។ Downtown Circle ត្រូវបាន​ទ្រទ្រង់​ដោយ​សសរ​ត្រង់ធំៗជាច្រើន។

    សំណង់​នេះ​រួមមាន​រង្វង់​មូល​ពីរ​ស្រទាប់​ដែល​ត​ភ្ជាប់​គ្នា​ដោយ​ខ្សែ​ក្រវាត់បៃតង​ទាំងស្រុង ដែល​ហៅថា Skypark។ Skypark ផ្ដល់​បរិយាកាស​ស្រស់ស្រាយ ពន្លឺ​ធម្មជាតិ​ពេញ​បរិបូរ និង​អាច​គយគន់​ទីក្រុង​ទាំងមូល​យ៉ាង​ពេញភ្នែក។ នៅ​ជុំវិញ Skypark គឺជា​ការិយាល័យ មជ្ឈមណ្ឌល​ស្រាវជ្រាវ ទីតាំង​វប្បធម៌ និង​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​ដែល​ដើរតួនាទី​ដូច​ទៅនឹង​ប្រព័ន្ធ​សួត។ នៅក្នុង​ខ្សែ​ក្រវាត់បៃតង​នេះ ក្រុមហ៊ុន ZNera Space នឹង​ផ្គត់ផ្គង់​អាកាសធាតុ និង​បរិស្ថាន​រស់នៅ​តាមបែប​ធម្មជាតិ​សម្បូរបែប រួមមាន ជ្រលង​ភ្នំ ទួល​ដីខ្សាច់ បឹង​ភក់ ជ្រោះ​ទឹកធ្លាក់ ល្អាង​ភ្នំ និង​វាលស្មៅ​ត្រូពិច​ជាដើម។

    ក្រុមហ៊ុន ZNera Space មានបំណង​ប្រែក្លាយ Downtown Circle ទៅជា​ផ្នែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រព័ន្ធ​ជីវសាស្ត្រ​ទីក្រុង។ Downtown Circle ក៏​នឹងមាន​បណ្ដាញ​ផ្លូវដែក​ដែល​អនុញ្ញាតឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោងផង​ដែរ​៕

  • ឥណ្ឌូណេស៊ី រំពឹងថា នឹង​ក្លាយជា​សេដ្ឋកិច្ច​ឌីជីថល​ធំជាងគេ​នៅ​អាស៊ាន

    ឥណ្ឌូណេស៊ី រំពឹងថា នឹង​ក្លាយជា​សេដ្ឋកិច្ច​ឌីជីថល​ធំជាងគេ​នៅ​អាស៊ាន

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​នាំយក​អាជីវកម្ម​ខ្នាតតូច ខ្នាតតូច​ល្មម និង​ខ្នាត​មធ្យម​ចំនួន ៣០ លាន​ស្ថាប័ន និង​ភាគី ចូលរួម​ក្នុង​ទីផ្សារ​ឌីជីថល ចាប់ពី​ឆ្នាំ ២០២៤។

    រដ្ឋមន្ត្រី​ក្រសួង​សហករណ៍ សហគ្រាស​ធុន​តូច និង​មធ្យម​ឥណ្ឌូនេស៊ី លោក Teten Masduki បាន​ជំរុញ​ឱ្យ​អាជីវករ​លក់រាយ​អាហារ​ទាំងឡាយ ចូលរួម​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​ខឿនសេដ្ឋកិច្ច​ឌីជីថល​ធំជាងគេ​បង្អស់​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ដោយ​នឹងមាន​ចំណូល​ប្រមាណ ៣០២ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​ឆ្នាំ ២០៣០។

    កាលពី​ថ្ងៃ​​ទី ២១ សីហា លោក Teten Masduki ​​បាន​ថ្លែងថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានស្នើ​ឱ្យមាន​ការណែនាំ​ឱ្យ​អាជីវ​ករលក់​អាហារ និង​ភេសជ្ជៈ ចូលរួម​រកស៊ី​ក្នុង​បណ្ដាញ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​នាំយក​អាជីវកម្ម​ខ្នាតតូច ខ្នាតតូច​ល្មម និង​ខ្នាត​មធ្យម​ចំនួន ៣០ លាន​ស្ថាប័ន និង​ភាគី ចូលរួម​ក្នុង​ទីផ្សារ​ឌីជីថល ចាប់ពី​ឆ្នាំ ២០២៤ ដែល​តួលេខ​នេះ​កើនឡើង​ច្រើនបើ​​ធៀប​នឹង ១៩.៥ លាន​ស្ថាប័ន និង​ភាគី នៅក្នុង​ឆ្នាំ ២០២២ នេះ។

    លោករដ្ឋមន្ត្រី​ខាង​លើ​ បាន​សម្ដែង​ក្ដីសង្ឃឹម​យ៉ាង​មុត​មាំ​ថា គោលដៅ​ខាងលើ​នឹង​សម្រេចបាន នៅពេល​មានការ​ចូលរួម​ពី​អាជីវ​ករលក់​ស៊ុប និង​ប្រហិត។ល។

    ក្រសួង​សហករណ៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ឥណ្ឌូនេស៊ី បញ្ជាក់ថា ស្ថាប័ន​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ជួយ​សម្រួល​ដល់ការ​​ចុះបញ្ជី​ពាណិជ្ជកម្ម និង​លិខិតស្នាម​នានា​ទៅតាម​តម្រូវការ​របស់​អាជីវករ ក៏ដូចជា​ទៅតាម​ច្បាប់​ដែល​បានកំណត់៕

  • ស្ពានផ្សាររាត្រី-អរិយក្សត្រ នឹងចាប់ផ្តើមការ​សាងសង់នៅឆ្នាំក្រោយ

    ស្ពានផ្សាររាត្រី-អរិយក្សត្រ នឹងចាប់ផ្តើមការ​សាងសង់នៅឆ្នាំក្រោយ

    គម្រោងស្ពានចេញពី​ផ្សាររាត្រី ឆ្ពោះ​ទៅកាន់តំបន់ជ្រោយចង្វារ និងភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ ទើប​តែ​ត្រូវ​បាន​បង្ហាញជាសាធារណៈ​ ដោយ​ស្ពាន​នេះ​​នឹង​ត្រូវ​ចាប់​ផ្ដើម​ការ​សាងសង់​នៅ​ឆ្នាំ ២០២៣​។

    គម្រោង​ស្ពានផ្សាររាត្រី-អរិយក្សត្រ ​ទទួលបានហិរញ្ញប្បទានសម្បទាន ពី កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) បន្ទាប់​ពី​ កម្ពុជា បាន​​ស្នើសុំ ភាគីកូរ៉េខាងត្បូង ឱ្យ​​ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ នេះបើ​តាម​ ឯកឧត្តម​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​បានមាន​ប្រសាសន៍​កាល​ពីពេល​ថ្មី​ៗ​នេះ។

    បច្ចុប្បន្នគម្រោង​ស្ថាបនា​ស្ពាន​ខាងលើ​នេះ កំពុង​តែ​ត្រូវ​បាន​សិក្សាលើ​ផ្នែក​បច្ចេកទេស។ ការ​សិក្សា​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​ដំបូង​ រួមមាន​ដូច​ជា បញ្ហា​សោភ័ណភាព បច្ចេកទេស​ លំហូរទឹក និង​ការ​ចាត់​ចែង​កញ្ចប់​ថវិកា នេះ​បើ​តាម​ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

     

  • ប្រេង​ឡើង​ថ្លៃ​ជិត ៤% នៅពេល​ប្រទេស​មួយ​នៅក្នុង OPEC ស្នើ​​ឱ្យ​​កាត់​បន្ថយ​ការ​ផលិត​

    ប្រេង​ឡើង​ថ្លៃ​ជិត ៤% នៅពេល​ប្រទេស​មួយ​នៅក្នុង OPEC ស្នើ​​ឱ្យ​​កាត់​បន្ថយ​ការ​ផលិត​

    បញ្ចប់​ការ​ជួញដូរ​កាលពី​ថ្ងៃទី ២៣ សីហា តម្លៃ​ប្រេង​ Brent កើន​ ៣.៩% ឡើង​ដល់ ១០០.២២ ដុល្លារ​/​ធុង ដែល​នេះ​គឺ​​ជា​តម្លៃ​ខ្ពស់​បំផុត​រាប់ចាប់​ពី​ថ្ងៃទី ០២ សីហា​។

    តម្លៃ​ប្រេង​ពិភពលោក​កើន​ជិត ៤% ក្នុង​ការ​ជួញ​ដូរ​នៅ​ថ្ងៃទី ២៣ សីហា​ ដោយ​បរិមាណ​ប្រេង​ក្នុង​ឃ្លាំង​អាម៉េរិក​ ថយចុះ និង​ក្រោយ​ពី​ អារ៉ាប៊ីសាអូឌីត​ បាន​ស្នើ​ឱ្យ​ អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​រ៉ែ (OPEC) និង​ដៃគូ​សហការ (OPEC+) កាត់​បន្ថយ​ការ​ផលិត​ ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ក្នុង​ករណី​ប្រភព​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ពី​ អ៊ីរ៉ង់ ត្រលប់​ចូល​មក​កាន់​ទីផ្សារ​។

    បញ្ចប់​ការ​ជួញដូរ​កាលពី​ម្សិល​មិញ តម្លៃ​ប្រេង​ Brent កើន​ ៣.៧៤ ដុល្លារ​ ឬ​ ៣.៩% ឡើង​ដល់ ១០០.២២ ដុល្លារ​/​ធុង​ ដែល​នេះ​គឺ​ជា​តម្លៃ​ខ្ពស់​បំផុត​រាប់ចាប់​ពី​ថ្ងៃទី ០២ សីហា​ ២០២២​។

    ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ តម្លៃ​ប្រេងឆៅ​អាម៉េរិក WTI កើន​ ៣.៣៨ ដុល្លារ​ ឬ ៣.៧% ឡើង​ដល់ ៩៣.៧៤ ដុល្លារ​/ធុង ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​គិត​ចាប់​ពី​ថ្ងៃទី ១១ សីហា ២០២២​។

  • ប្រទេស​ចិន សាងសង់​ប្រព័ន្ធ​តេ​ឡេ​ស្កុប​ជា​រង្វង់​មូល​មាន​បរិវេណ​ប្រវែង​ជាង ៣ គីឡូម៉ែត្រ

    ប្រទេស​ចិន សាងសង់​ប្រព័ន្ធ​តេ​ឡេ​ស្កុប​ជា​រង្វង់​មូល​មាន​បរិវេណ​ប្រវែង​ជាង ៣ គីឡូម៉ែត្រ

    ប្រព័ន្ធ​តេ​ឡេ​ស្កុប​សង្កេត​ព្រះអាទិត្យ​ដែល​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ រួមមាន អង់​តែ​ន​រាង​ចាន​ចំនួន ៣១៣ គ្រឿង ត្រូវបាន​តម្រៀប​ជា​រង្វង់​មូល​ដ៏​ធំ។

    ប្រទេស​ចិន កំពុង​សាងសង់​ប្រព័ន្ធ​តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដើម្បី​ស្វែងយល់​អំពី​ការផ្ទុះ​មួយ​ប្រភេទ​នៅលើ​ព្រះអាទិត្យ​ដែល​គេ​ហៅថា Solar Corona ដែល​អាច​បង្ក​ភាពច្របូកច្របល់​នៅលើ​ផែនដី នេះ​បើតាម Space ចេញផ្សាយ​កាលពី​ថ្ងៃទី ២២ សីហា។

    តេ​ឡេ​ស្កុប​វិទ្យុ DSRT ខាងលើនេះ ស្ថិតនៅលើ​តំបន់​ខ្ពង់រាប​មួយ​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ ប្រទេស​ចិន។ នៅពេល​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ប្រព័ន្ធ​នេះ​នឹងមាន​តេ​ឡេ​ស្កុប​ចំនួន ៣១៣ គ្រឿង ក្នុងនោះ មួយគ្រឿងៗមាន​អង្កត់ផ្ចិត ៦ ម៉ែត្រ និង​ត្រូវបាន​តម្រៀប​ជា​រង្វង់​មូល​ដ៏​ធំ​មួយ​ដែលមាន​បរិវេណ​ប្រវែង ៣.១៤ គីឡូម៉ែត្រ៕

  • ប្រទេសមួយ​នេះ​ត្រូវបាន​ចាត់ទុកថា​ជា «ទីក្រុង​មាស​ខ្មៅ» ថ្មី ដោយមាន​បរិមាណ​​ហាក់​មិនមាន​កំណត់

    ប្រទេសមួយ​នេះ​ត្រូវបាន​ចាត់ទុកថា​ជា «ទីក្រុង​មាស​ខ្មៅ» ថ្មី ដោយមាន​បរិមាណ​​ហាក់​មិនមាន​កំណត់

    ត្រឹមតែ ៧ ឆ្នាំ​ប៉ុណ្ណោះ ក្រោយពី​បាន​រកឃើញ​ប្រេង​ឆៅ​ជា​លើកដំបូង អាជ្ញាធរ​ប្រទេស​ហ្គីយ៉ាន (Guyana) ផលិត​បាន​ជាង ១១ ពាន់​លាន​ធុង ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​សរុប​ប្រមាណតែ​ ៨០០,០០០ នាក់។

    លោក Walter Raleigh គិតថា ខ្លួន​បាន​រកឃើញ El Dorado (ទីក្រុង​មាស) នៅ​ទី​ដែល​គេ​ស្គាល់​ថា ហ្គីយ៉ាន កាលពី​ឆ្នាំ ១៥៩៥។ ប៉ុន្តែ តាមពិត Darren Woods មេ​របស់ Exxon Mobile ទើប​ជា​អ្នករក​ឃើញ​វា​កាលពី​ឆ្នាំ ២០២២។ ប៉ុន្តែ អ្វីដែល Darren Woods បាន​រកឃើញ​ នោះ​គឺជា​មាស​ខ្មៅ (រ៉ែ​ប្រេង)។

    ហ្គីយ៉ាន ជា​ប្រទេសមួយ​ស្ថិតនៅ តំបន់​អាម៉េរិក​ខាងត្បូង គឺជា «Oil Dorado» (ទីក្រុង​មាស) ដោយមាន​ធនធានរ៉ែ​ប្រេង​ដ៏​សម្បើម​នៅក្រោម​បាតសមុទ្រ​។ ប្រេង​ឆៅ​រាប់ពាន់​លាន​ធុង​ត្រូវបាន​រកឃើញ នេះ​គិត​ត្រឹមតែ​នៅក្នុង​ឡូត៍ Stabroek ប៉ុណ្ណោះ។

    មកដល់​បច្ចុប្បន្ន ប្រេង​ចំនួន ១១ ពាន់​លាន​ធុង​ត្រូវបាន​រកឃើញ ហើយ​តួលេខ​នេះ​នឹង​បន្ត​កើនឡើង។ ក្រោយ​ការរកឃើញ​ប្រភព​ប្រេង​បាន ៣ ឆ្នាំ មាន​ប្រព័ន្ធ​ទាញយក​ប្រេង​​ចំនួន ៣០ ត្រូវបាន​សាងសង់​នៅតាម​អណ្ដូងប្រេងរបស់ ហ្គីយ៉ាន។ អត្រា​នៃ​ជោគជ័យ​នៅក្នុង​ការរកឃើញ​រ៉ែ​ប្រេង​គឺ ៩០%។

    ហ្គីយ៉ាន គឺជា​មហាអំណាច​ផ្នែក​រ៉ែ​ប្រេង​ថ្មី។ តាម​ការ​គណនា នៅ​ឆ្នាំ ២០៣៥ ប្រទេស​នេះ​នឹង​ផលិត​ប្រេង​ឆៅ​បាន​ច្រើនជាង សហរដ្ឋ​អាម៉េរិក ទៅទៀត។

    ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​ថាមពល​កំពុង​ត្រូវបាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ប្រទេសហ្គីយ៉ាន ត្រូវបាន​គេ​មើលឃើញថា​ជា​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ​នៅក្នុង​ផែនទី​ប្រេង​រ៉ែ​របស់​ពិភពលោក។ «ទីក្រុង​មាស» នេះ កំពុង​លេចធ្លោ​ជាងគេ ក្រោយ​ការរកឃើញ​រ៉ែ​ប្រេង​ជា​លើកដំបូង​កាលពី ៧ ឆ្នាំមុន៕

  • កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជិត ២០ លាន​ដុល្លារ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ

    កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជិត ២០ លាន​ដុល្លារ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ

    ពេញ​មួយ​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២២ នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជិត ២០ លាន​ដុល្លារ​អាម៉េរិក កើន​ប្រមាណ ៣៥% បើ​ធៀប​នឹង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២១ នេះ​បើតាម ឯកឧត្តម ហ៊ី បា​វី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ កំពង់ផែ​ស្វយ័ត​ភ្នំពេញ។

    អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ថ្ងៃទី ២៣ សីហា​នេះ បានឱ្យដឹងថា ការនាំចេញ​កសិផល និង​ផលិតផល​វាយ​ភ័​ណ្ឌ​កាត់ដេរ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ជាហេតុ​ធ្វើឱ្យ​ការនាំចេញ​តាមរយៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ កើនឡើង​ជាង ៣៥% ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    ឯកឧត្តម ហ៊ី បា​វី បន្ថែមថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​ខិតខំ​បន្ត​យកចិត្តទុកដាក់​លើ​ការធ្វើ​ទំនើបកម្ម​ប្រតិបត្តិ​ការឱ្យ​ស្របតាម​ស្តង់ដារ និង​ប្រព័ន្ធ​បច្ចេកវិទ្យា បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ជំរុញ​សេវាកម្ម​របស់​កំពង់ផែ​នេះ ឱ្យ​កាន់តែ​ខិតជិត​អ្នកប្រើប្រាស់។

    នៅក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២២ នេះ ទំនិញ​ដែល​បាន​ឆ្លងកាត់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រួមមាន ៖ ប្រេងឥន្ធនៈ​ជាង ២.៤ លាន​តោន, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ២,៣៩០ ជើង, បរិមាណ​កុងតឺន័រ មាន​ចំនួន ២៥ ម៉ឺន​ធី​អ៊ី​យូ។

    ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ ២០២២ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកបាន​ចំណូល​ប្រមាណ ១០ លាន​ដុល្លារ​អាម៉េរិក កើន ១៧% ធៀប​នឹង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២១។ កាលពី​ឆ្នាំ ២០២១ ប្រាក់ចំណេញ​ដែល​កំពង់ផែ​នេះ​រកបាន​មាន​ចំនួន ១២ លាន​ដុល្លារ​អាម៉េរិក៕