Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក

    មហាសេដ្ឋី​ឥណ្ឌា ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក

    មហាសេដ្ឋី Gautam Adani គឺជា​អ្នកមាន​ជាងគេ​នៅក្នុង ទ្វីបអាស៊ី ដែលមាន​ឈ្មោះ​នៅក្នុង top 3 ក្នុងចំណោម​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ជិត ១៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅ​ខាងក្រៅ ប្រទេស​ឥណ្ឌា មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​លោក Gautam Adani។ ប៉ុន្តែ មួយរយៈ​ពេល​ចុង​ក្រោយនេះ អ្នកជំនួញ​ជនជាតិ​ឥណ្ឌា រូបនេះ បាន​បង្ក​ការ​ភ្ជា​ក់​ផ្អើល​ជា​បន្តបន្ទាប់ ព្រោះតែ​ទ្រព្យ​របស់គាត់​កើនឡើង​មិន​ឈប់ឈរ។

    បច្ចុប្បន្ន លោក Adani មានទ្រព្យ​សរុប ១៣៧.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​មហាសេដ្ឋី​បារាំង Bernard Arnault ទៅទៀត ដែល​នេះ​បាន​នាំឱ្យ​គាត់​ជាប់​ចំណាត់ថ្នាក់​ទី​បី​ស្ដីពី​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល ជនជាតិ​អាស៊ី​ម្នាក់ មានឈ្មោះ​នៅក្នុង top 3 នៃ​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​របស់ Bloomberg Billionaires Index។

    បច្ចុប្បន្ន មហាសេដ្ឋី Gautam Adani ឈរ​ពីក្រោយ​លោក Elon Musk និង​លោក Jeff Bezos។ ក្នុងឆ្នាំនេះ មហាសេដ្ឋី Adani រកបាន​ប្រាក់​សរុប ៦០.៩ ពាន់​លាន​ដុល្លារ ខ្ពស់ជាង ៥ ដង ធៀប​នឹង​មហា​សេដ្ឋកិច្ច​ដទៃ។

  • ឥណ្ឌូណេស៊ី បន្ត​ការលើកលែង​ពន្ធ​សម្រាប់​ការនាំចេញ​ប្រេងដូង​រហូតដល់​ចុងខែ​តុលា

    ឥណ្ឌូណេស៊ី បន្ត​ការលើកលែង​ពន្ធ​សម្រាប់​ការនាំចេញ​ប្រេងដូង​រហូតដល់​ចុងខែ​តុលា

    កសិករ​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​ផលចំណេញ ខណៈដែល​តម្លៃ​ប្រេងដូង និង​ប្រេង​រុក្ខជាតិដទៃ​នៅ​​ក្នុងស្រុក​មាន​ស្ថិរភាព នៅពេល ឥណ្ឌា​ណេ​ស៊ី បន្ត​ការលើកលែង​ពន្ធ​សម្រាប់​ការនាំចេញ​ប្រេងដូង។

    កាលពី​ថ្ងៃទី ២៩ សីហា ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេស​នេះ​បាន​បន្ត​ការលើកលែង​ពន្ធ​នាំចេញ​ប្រេងដូង​រហូតដល់​ថ្ងៃទី ៣១ ខែតុលា​ខាងមុខ។

    ការដែល ឥណ្ឌា​ណេ​ស៊ី បន្ត​ការលើកលែង​ពន្ធ​សម្រាប់​ការនាំចេញ​ប្រេងដូង​នេះ នឹង​ជួយ​រក្សា​តម្លៃ​ប្រេងដូង និង​ប្រេង​រុក្ខជាតិ​នានា​​នៅក្នុង​ស្រុក​ឱ្យមាន​ស្ថិរភាព​ដូច​បច្ចុប្បន្ន ក្នុង​គ្រា​ដែល​តម្លៃ​បន្លែ​ផ្លែឈើ​ស្រស់​កើនឡើង​ក៏​នាំមក​នូវ​ផលចំណេញ​សម្រាប់​ប្រជា​កសិករ។

    ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​នាំចេញ​ប្រេងដូង​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នក​ផលិត​ប្រេងដូង​របស់ ឥណ្ឌូណេស៊ី កន្លងមក ត្រូវ​ដោះស្រាយ​បញ្ហា​ប្រេងដូង​សល់​ក្នុង​ឃ្លាំង បន្ទាប់ពី​ប្រទេស​នេះ​ហាម​​ការ​នាំចេញ​​ក្នុង​រយៈពេល ៣ សប្ដាហ៍ ដែល​បាន​អនុវត្ត​​ចាប់ពី​ថ្ងៃទី ២៨ មេសា ដល់ ២៣ ឧសភា ដើម្បី​បញ្ចុះតម្លៃ​ប្រេង​ក្នុងប្រទេស។

    ផ្លែដូងប្រេង

    ក្រោយពី​បាន​ដកចេញ​បម្រាម​ខាងលើ ឥណ្ឌូណេស៊ី បានដាក់​ចេញ​គោលការណ៍​ជួញដូរ​ទំនិញ​មួយ​ដែល​ត្រូវបាន​ហៅថា កាតព្វកិច្ច​ទីផ្សារ​ក្នុងស្រុក (DMO) ក្នុង​បំណង​រក្សា​សកម្មភាព​​ផលិត​ប្រេង​រុក្ខជាតិ​ក្នុងស្រុក។ ទន្ទឹមនឹងនេះ ប្រទេស​នៅ អាស៊ីអាគ្នេយ៍​មួយ​នេះ​ក៏​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ទំនិញ​សល់​ក្នុង​ឃ្លាំង តាមរយៈ​ការកាត់បន្ថយ​ពន្ធ​នាំចេញ និង​បង្កើនល្បឿន​នៃ​ការដឹកជញ្ជូន​ទំនិញ។

    ក្នុង​ខែកក្កដា ឥណ្ឌូណេស៊ី បាន​កាត់​បន្ថយពន្ធ​នាំចេញ​ប្រេងដូង​ពី ២០០ ដុល្លារ​អាម៉េរិក/តោន មក​នៅត្រឹម​ ០ ដុល្លារ/តោន ដើម្បី​ជំរុញ​ការនាំចេញ និង​កាត់បន្ថយ​បញ្ហា​សល់​ទំនិញ​នៅក្នុង​ស្រុក៕

  • រថភ្លើង​អគ្គិសនី​ប្រភេទ​ព្យួរ​ដំបូង​របស់ ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ

    រថភ្លើង​អគ្គិសនី​ប្រភេទ​ព្យួរ​ដំបូង​របស់ ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ

    រថភ្លើង​ប្រភេទ​ព្យួរ​នេះ​​​អាច​ដឹក​មនុ​ស្សបាន ២០០ នាក់ បើកបរ​ក្នុង​ល្បឿន ៧០ គីឡូម៉ែត្រ/ម៉ោង បំពាក់​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត និង​ប្រើប្រាស់​ថាមពល​តិច។

    រថភ្លើង​អគ្គិសនី​ប្រភេទ​ព្យួរ​ដំបូង​របស់ ប្រទេស​ចិន ចាប់ផ្ដើម​បរ​ចេញពី​រោងចក្រ​របស់​ក្រុមហ៊ុន CRRC Sifang នៅ​ទីក្រុង Qingdao ខេត្ត Shandong ភាគ​ខាងកើត​នៃ ប្រទេស​ចិន កាលពី​ថ្ងៃទី ២៦ សីហា ២០២២។ រថភ្លើងអគ្គិសនី​​ដែល​អាច​បើកបរ​ក្នុង​ល្បឿន ៧០ គីឡូម៉ែត្រ/ម៉ោង និង​អាច​ដឹក​មនុ​ស្សបាន ២០០ នាក់​នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ទីក្រុង Wuhan ខេត្ត Hebei ប្រទេស​ចិន។

    រថភ្លើង​ព្យួរ​ពាណិជ្ជ​កម្មនេះ​បំពាក់​បច្ចេកវិទ្យាទំនើបៗ និង​បើកបរ​ស្វ័យប្រវត្ត ប៉ុន្តែ ត្រូវការ​ឱ្យមាន​អ្នកបើកបរ​ម្នាក់​ដែល​ត្រៀម​សម្រាប់​ហេតុការណ៍​បន្ទាន់ នេះ​បើតាម CRRC Sifang។ រថភ្លើង​នេះ​ក៏​អាច​បើកបរ​ដោយ​ខ្លួនឯង​ទៅកាន់​ស្ថានីយ​ដែល​នៅក្បែរ​បំផុត ក្នុងករណី​ដាច់​ចរន្តអគ្គិសនី។

    រថភ្លើង​អគ្គិសនី​ប្រភេទ​ព្យួរ​នេះ ត្រូវបាន​រំពឹងថា នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ Wuhan និង​នាំមក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ទេសចរ។ រថភ្លើង​នេះ​នឹង​រត់តាម​ផ្លូវដែក​សម្រាប់​ដំណើរ​កម្សាន្ត​ដែលមាន​ប្រវែង​ជាង ២៧ គីឡូម៉ែត្រ។ ដំណាក់កាល​ដំបូង​របស់​គម្រោង​ខាងលើ រួមមាន​ផ្លូវដែក​ប្រវែង ១០.៥ គីឡូម៉ែត្រ និង​ ​ចំណត ៦ កន្លែង៕

  • វៀតណាម បោះបង់​បទ​ប​ញ្ញាតិ​ស្ដីពី​ធ្វើ​ការមូល​ដ្ឋា​នីយកម្ម​លើ​រថយន្ត

    វៀតណាម បោះបង់​បទ​ប​ញ្ញាតិ​ស្ដីពី​ធ្វើ​ការមូល​ដ្ឋា​នីយកម្ម​លើ​រថយន្ត

    យោងតាម​ក្រុម​អ្នកជំនាញ ក្នុងស្ថានភាព​នៃ​សមាហរណកម្ម​អន្តរជាតិ បទ​ប​ញ្ញាត​នានា​ស្ដីពី​វិធីសាស្ត្រ​កំណត់​អត្រា​នៃ​មូលដ្ឋាន​នីយកម្ម (localization rate)  ចំពោះ​រថយន្ត លែង​សមស្រប​ទៀតហើយ​សម្រាប់​ភាពជាក់ស្ដែង​នៅក្នុង​វិស័យ​ឧស្សាហ​កម្មនេះ។

    បទ​ប​ញ្ញាត​នានា​ស្ដីពី​ការកំណត់​អត្រា​លើ​មូលដ្ឋាន​នីយកម្ម​ចំពោះ​រថយន្ត​នៅ វៀតណាម នឹង​ត្រូវបាន​លុបចោល​ចាប់ពី​ថ្ងៃទី ០១ តុលា ២០២២ ដោយសារតែ​លែង​សមស្រប​សម្រាប់​ស្ថានភាព​ជាក់ស្ដែង​របស់​វិស័យ​ផលិត​រថយន្ត នៅក្នុង​​ការ​ធ្វើ​សមាហរណកម្ម​នាបច្ចុប្បន្ន។

    យោងតាម​ក្រុម​អ្នកជំនាញ ក្នុង​ស្ថានការណ៍​ជាក់ស្ដែង​នៃ​សមាហរណកម្ម​អន្តរជាតិ បទ​ប​ញ្ញាត​នានា​ស្ដីពី​ការកំណត់​អត្រា​នៃ​មូលដ្ឋាន​នីយកម្ម (អត្រា​នៃ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម គឺជា​អត្រា​នៃ​ធនធាន ឬ វត្ថុធាតុដើម​ក្នុងស្រុក​ដែល​ប្រើប្រាស់​សម្រាប់​ការផលិត​អ្វីមួយ ធៀប​នឹង​ការនាំ​ចូល) ចំពោះ​រថយន្ត លែង​សមស្រប​ទៀតហើយ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ព្រោះថា វៀតណាម បច្ចុប្បន្ន នៅតែ​ប្រើប្រាស់​វិធី​គណនា​អត្រា​មូល​ដ្ឋា​នីយកម្ម​ទៅតាម​ចង្កោម​លម្អិត​នៃ​ផលិតផល​ដែល​ត្រូវបាន​ផលិត​ក្នុងប្រទេស។

    ផ្ទុយទៅវិញ បណ្ដា​ប្រទេស​នៅ អាស៊ាន គណនា​ទៅតាម​តម្លៃ​សរុប​នៃ​ផលិតផល​ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទៅតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA)។

    យោងតាម​អ្នកជំនាញការ​ផ្នែក​ច្បាប់ ការដែល វៀតណាម បោះបង់ បទ​បញ្ញា​តិ​ស្ដីពី​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​លើ​រថយន្ត គឺជា​ជំហាន​ថ្មី​មួយ​នៅ​ក្នុង​​ការកសាង​គោលនយោបាយ​សម្រាប់​វិស័យ​ឧស្សាហកម្ម​រថយន្ត នាពេលខាងមុខ​របស់​ប្រទេស​នេះ។

    ជាក់ស្ដែង​បានបង្ហាញ​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ​នៃ​ការរីកចម្រើន​របស់​វិស័យ​ឧស្សាហកម្ម​រថយន្ត បណ្ដា​ក្រុមហ៊ុន សាជីវកម្ម​របស់ វៀតណាម សុទ្ធតែ​សន្យា​អំពី អត្រា​ការមូល​ដ្ឋា​នីយកម្ម​លើ​រថយន្ត ដែល​កើនឡើង​ទៅតាម​ដំណាក់កាលនីមួយៗ ប៉ុ​ន្ត គោលនយោបាយ​មិនមាន​ការដាក់ទណ្ឌកម្ម​លើ​ការបង្កើន​អត្រា​នៃ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​ទេ។ នេះ​គឺជា​កត្តា​មួយ​ដែលនាំឱ្យ វិស័យ​ឧស្សាហកម្ម​រថយន្ត​រប​ស់ វៀតណាម មកដល់ពេលនេះ នៅតែ​ត្រូវ​ឈឺក្បាល​ជាមួយនឹង​បញ្ហា មូល​ដ្ឋា​នីយកម្ម៕

  • ប្រទេស​ថៃ ប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ដំបូង

    ប្រទេស​ថៃ ប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ដំបូង

    ផ្លូវដែក​នេះ នៅពេល​ស្ថាបនា​រួចរាល់​នឹង​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវដែក​ល្បឿន​លឿន​ចិន-ឡាវ នៅក្នុង​បណ្ដាញ​ផ្លូវដែក​មួយ​ត​ភ្ជាប់​ពី​តំបន់ Kunming ប្រទេស​ចិន ទៅកាន់ សិង្ហ​បុរី។

    កាលពី​ថ្ងៃទី ២៨ សីហា អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Traisuree Taisaranakul បានឱ្យដឹងថា ការអនុវត្ត​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​រវាង រាជធានី​បាងកក និង​ទីក្រុង Nong Khai ខេត្ត Nong Khai នៅ​ភាគ​ឦសាន​ប្រទេស​នេះ កំពុងដំណើរការ​ទៅតាម​ការកំណត់។

    ដំណាក់កាល​ទីមួយ​នៃ​គម្រោង​ស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ដែលមាន​ប្រវែង ២៥០ គីឡូម៉ែត្រ ពី បាងកក ទៅកាន់ Nakhon Ratchasima គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ ២០២៦។

    ដំណាក់កាល​ទី​ពីរ​របស់​គម្រោង​ផ្លូវដែក​ខាងលើ មាន​ប្រវែង ៣៥៧ គីឡូម៉ែត្រ ភ្ជាប់​ពី Nakhon Ratchasima ទៅកាន់ Nong Khai បច្ចុប្បន្នកំពុង​ត្រូវបាន​វាយតម្លៃ​អំពី​ផលប៉ះពាល់​ដល់​បរិស្ថាន។

    អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ ក៏បាន​បង្ហើប​ឱ្យដឹងថា នាយកដ្ឋាន​ផ្លូវ​ល្បឿន​លឿន​នៃ​ក្រសួង​ចរាចរណ៍​ដឹកជញ្ជូន​ថៃ កំពុងតែ​សហការ​ជាមួយ​ភាគី ឡាវ ដើម្បី​សាងសង់​ស្ពាន​មួយកន្លែង​ដែល​ឆ្លងកាត់​ទន្លេមេគង្គ ដើម្បី​បម្រើឱ្យ​ផ្លូវដែក​ល្បឿន​លឿន​ខាងលើ​ផងដែរ។ ការពិភាក្សា​លម្អិត​អំពី​គម្រោង​សាងសង់​ស្ពាន​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែតុលា ២០២២។

    នេះ​គឺជា​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​របស់ ប្រទេស​ថៃ។ ផ្លូវដែក​នេះ នៅពេល​ស្ថាបនា​រួចរាល់​នឹង​ត​ភ្ជាប់​ជាមួយនឹង​ផ្លូវដែក​ល្បឿន​លឿន​ចិន-ឡាវ នៅក្នុង​បណ្ដាញ​ផ្លូវដែក​មួយ​ត​ភ្ជាប់​ពី​តំបន់ Kunming ប្រទេស​ចិន ទៅកាន់ ប្រទេស​សិង្ហ​បុរី៕

  • វៀតណាម មាន​គម្រោង​ស្ថាបនា​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន រត់​ពី ហាណូយ ទៅ ហូជីមិញ ចំណាយពេល ៦ ម៉ោង

    វៀតណាម មាន​គម្រោង​ស្ថាបនា​ផ្លូវដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿន រត់​ពី ហាណូយ ទៅ ហូជីមិញ ចំណាយពេល ៦ ម៉ោង

    ក្រសួង​ចរាចរណ៍ និង​ដឹកជញ្ជូន​របស់ វៀតណាម បានស្នើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ប្រទេស​ជប៉ុន។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម ប្រទេស​នេះ​នឹងមាន​ផ្លូវដែក​ល្បឿន​លឿន​ដែល​អាច​ភ្ជាប់​ពី​ភាគ​ខាងជើង ដល់​ភាគខាងត្បូង ដោយ​ចំណាយ​ពេល​ដ៏​ខ្លី​ក្នុងការ​ធ្វើ​ដំណើរ​។

    គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ឧ​ត្ត​រ-ទក្សិណ របស់ វៀតណាម គ្រោង​នឹងត្រូវ​បានដាក់​ឡើងទៅ​កាន់​ការិយាល័យ​​នយោបាយ ដើម្បី​ត្រួតពិនិត្យ និង​ណែនាំ​នៅក្នុង​ខែកញ្ញា​ខាងមុខ។ បើសិន​ត្រូវបាន​អនុម័ត​យល់ព្រម នេះ​នឹង​ក្លាយជា​ជំហាន​សំខាន់​សម្រាប់​គម្រោង​ដែល​ប្រកបដោយ​ការលំបាកនេះ។

    សារព័ត៌មាន​វៀតណាម បានឱ្យដឹងថា តាម​គម្រោង ១០ ឆ្នាំ​ទៀត ប្រទេស​នេះ​នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។ ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន គម្រោង​នេះ​កំពុងស្ថិត​នៅក្នុង​តំណាក់កាល​ជជែក​គ្នា និង​មិនទាន់បាន​ជ្រើសរើស​បច្ចេក​វិទ្យា និង​ល្បឿន​កម្រិតណា​នៅឡើយ។

    បើសិន​ជាមាន​រថភ្លើង​ល្បឿន​លឿន​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​ទៅនឹង​រថភ្លើង Shinkanshen នៅ ជប៉ុន នោះគេ​នឹង​ចំណាយ​តែ ៦ ម៉ោង​ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី រដ្ឋធានី​ហាណូយ ទៅកាន់ ទីក្រុង​ហូជីមិញ (ព្រៃនគរ ឬ​សាយ​ហ្ក​ន) ដែល​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ការធ្វើដំណើរ​ទៅ​ព្រលានយន្តហោះ បំពេញបែបបទ និង​ជិះ​យន្តហោះ​ទៅកាន់ ទីក្រុង​ហូជីមិញ ដែល​ត្រូវ​ចំណាយ​ប្រហែល ៥ ម៉ោង​នាបច្ចុប្បន្ន៕

  • Tesla ជិត​ដល់​ថ្ងៃ​ត្រូវ​បើកហាង​លក់​រថយន្ត​ជា​ផ្លូវការ​នៅ ប្រទេស​ថៃ

    Tesla ជិត​ដល់​ថ្ងៃ​ត្រូវ​បើកហាង​លក់​រថយន្ត​ជា​ផ្លូវការ​នៅ ប្រទេស​ថៃ

    កម្មវិធី​ទូរស័ព្ទ Tesla បង្ហាញខ្លួន​នៅលើ iOS App Store នៅ ប្រទេស​ថៃ ដែល​នេះ​បង្ហាញថា ពេលវេលា​បើក​លក់​រថយន្ត​របស់​ក្រុមហ៊ុន Tesla នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ខិតជិត​មកដល់​ហើយ។

    Tesla ទើបតែ​បន្ថែម iOS App Store ថៃ ទៅក្នុង​បញ្ជី​ស្ដីពី​តំបន់​ដែល​កម្មវិធី​ទូរស័ព្ទ​សម្រាប់​អ្នកប្រើប្រាស់​អាច​ទាញយក​បាន។ កត្តា​នេះ​បង្ហាញថា Tesla បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការបើក​លក់​រថយន្ត​អគ្គិសនី​ទីផ្សារ​របស់ ថៃ បន្ទាប់​ពី​បាន​ត្រៀមខ្លួន​តាំងពី​ដើមឆ្នាំ។

    កម្មវិធី Tesla លើ​ទូរស័ព្ទ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បញ្ជា​រថយន្ត​ពី​ចម្ងាយ និងមានតែ​នៅក្នុង​បណ្ដា​ប្រទេស​ដែល Tesla មាន​តំណាង​​ចែកចាយ​ផ្លូវការ​ប៉ុណ្ណោះ។

    កម្មវិធីទូរស័ព្ទ Tesla បង្ហាញខ្លួននៅលើ iOS App Store នៅ ប្រទេសថៃ

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុន​នោះ​ក៏មាន​ប្រទេសមួយ​ដែលមាន​សាល​តាំង​បង្ហាញ​របស់ Tesla នោះ​គឺ សិង្ហ​បុរី។ ប៉ុន្តែ Showroom នេះ មាន​ចំនួន​តែ ១ កន្លែង​ប៉ុណ្ណោះ ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​និម្មិត​រូប​ច្រើនជាង​ពាណិជ្ជកម្ម។

  • ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel ស្ថាបនា​ជិត​រួចរាល់​ហើយ (វីដេអូ)

    ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel ស្ថាបនា​ជិត​រួចរាល់​ហើយ (វីដេអូ)

    (ឥណ្ឌា)-ការ​ស្ថាបនា​ស្ពាន Chenab ដែលជា​ស្ពាន​ផ្លូវដែក​មាន​ទម្រ​កោង​តែមួយ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​កម្ពស់​ពី​ទឹកទន្លេ​ប្រមាណ ៣៥៩ ម៉ែត្រ ​បច្ចុប្បន្នសម្រេចបាន​ប្រហែល ៩៨%។

    កំណាត់​ចុងក្រោយ​នៃ​ផ្ទៃ​ស្ពាន​ផ្លូវដែក​ដែល​ខ្ពស់ជាង​តួ Eiffel នេះ ត្រូវបាន​ដំឡើង​កាលពី​ថ្ងៃទី ១៣ សីហា។ ស្ពាន Chenab នៅ Kashmir នៃ ប្រទេស​ឥណ្ឌា ខ្ពស់ជាង​តួ Eiffel ប្រហែល ២៩ ម៉ែត្រ។ ស្ពាន​នេះ​មាន​កម្ពស់ ៣៥៩ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ដែល​ស្ថិតនៅ​ខាងក្រោម។

    ស្ពាន Chenab នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នាពេលឆាប់ៗខាងមុខ។ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការតភ្ជាប់​រវាង​តំបន់​នានា​នៅ Kashmir។ Chenab ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ឆ្នាំ ២០០៤ ប៉ុន្តែ សំណង់​នេះ​ត្រូវបាន​ពន្យារពេល​អស់​មួយ​រយៈ។

    ក្រុម​វិស្វករ​ឱ្យដឹងថា ការងារ​ប្រមាណ ៩៨% ត្រូវបានធ្វើ​រួចរាល់ បន្ទាប់ពី​បាន​ដំឡើង​ផ្ទៃ​របស់​ស្ពាន។ ស្ពាន​ដែលមាន​ប្រវែង ១,៣១៥ ម៉ែត្រ​នេះ ស្ថិតក្នុង​ចំណោម​ស្ពាន​ចំនួន ១៦ ដែល​កំពុង​ត្រូវបាន​ស្ថាបនា​នៅក្នុង​តំបន់ Kashmir។

    ស្ពាន​ផ្លូវដែក Chenab ត្រូវបាន​រចនា​ឡើង​ក្នុង​បំណង​​អាច​ទប់​ទល់នឹង​ខ្យល់​ដែលមាន​ល្បឿន ២៦៦ គីឡូម៉ែត្រ/ម៉ោង ដែល​តែង​កើត​មាន​នៅ​តំបន់​នេះ​៕

  • រថយន្ត​របស់​តារា​សម្ដែង​​ជា​តួអង្គ​ James Bond ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក

    រថយន្ត​របស់​តារា​សម្ដែង​​ជា​តួអង្គ​ James Bond ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ តម្លៃ​រាប់​លាន​ដុល្លារ​អាម៉េរិក

    នោះ​គឺជា​រថយន្ត​ Aston Martin DB5 ឆ្នាំ ១៩៦៤ ដែល​​​តួអង្គ​ចារបុរស​អង់គ្លេស James Bond (សម្ដែង​ដោយ​លោក​​​ Connery) បាន​បើក​បរ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​មួយចំនួន​ក្នុង​ទសវត្សរ៍ ១៩៦០។

    តួអង្គ James Bond ត្រូវ​បានសម្ដែង​ដោយ​​តារា​សម្ដែង​ជា​ច្រើន​រូប​ និង​បើក​បរ​រថយន្ត​ច្រើន​ប្រភេទ​​នៅ​ក្នុងភាព​យន្ត​​ជាង​ ២០ វគ្គ​របស់​ខ្សែភាព​យន្ត​នេះ​ស្ដីពី​ចារបុរស​ ០០៧ នេះ​។ រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តួអង្គ​ Bond មាន​ដូច​ជា BMW, Bentley, Chevrolets និង Ford។ ក៏ប៉ុន្តែ រថយន្ត​ម៉ាក Aston Martin ឆ្នាំ ១៩៦៤ នៅតែ​ជា​ «Bond car» (រថយន្ត​របស់តួអង្គ Bond) ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាង​គេ​។

    រថយន្ត​ដែល​ត្រូវ​បាន​យក​មក​លក់​ដេញ​ថ្លៃ​នេះ​គឺជា​រថយន្ត​របស់​អតីត​តារាសម្ដែង​ជនជាតិ​អង់គ្លេស Sean Connery ជា​អ្នក​ដែល​បាន​សម្ដែង​ជា​តួអង្គ James Bond ក្នុង​ ៧ វគ្គ​ នៃ​ខ្សែភាព​យន្ត​ភ្នាក់​ងារ​សម្ងាត់ ០០៧ ចាប់​ពី​ឆ្នាំ ១៩៦២ ដល់ ១៩៨៣​។

    Aston Martin DB5 ឆ្នាំ ១៩៦៤ ពណ៌​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ២.៤ លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​រំពឹង​ទុក​ពី ១.៤ ដល់ ១.៨ លាន​ដុល្លារ​ នៅ​ក្នុង​​ព្រឹត្តិការណ៍​ «សប្ដាហ៍​រថយន្តបុរាណ» ​ប្រចាំ​ឆ្នាំ​​ Monterey ដែល​រៀប​ចំឡើង​នៅ​លើ​ ឧបទ្វីប Monterey របស់​ សហរដ្ឋ​អាម៉េរិក៕

  • តើមេ​ថ្មី​របស់ Facebook មាន​ទ្រព្យ​សម្បត្តិ​​ប៉ុន្មាន​លាន​ដុល្លារ​?

    តើមេ​ថ្មី​របស់ Facebook មាន​ទ្រព្យ​សម្បត្តិ​​ប៉ុន្មាន​លាន​ដុល្លារ​?

    Facebook បានប្រកាស​ជា​ផ្លូវការ​ថា លោក Javier Olivan ដែល​បាន​ចូលមក​ធ្វើការ​នៅ​ក្រុមហ៊ុន Facebook ចាប់តាំងពី​ឆ្នាំ ២០០៧ គឺជា​អ្នក​ដែល​នឹងត្រូវ​ចូលមក​ជំនួស​អ្នកស្រី Sheryl Sandberg ក្នុងការ​គ្រប់គ្រង​តំណែង​ប្រធាន​ប្រតិបត្តិ (COO)។

    ការ​ក្លាយទៅជា​មេដឹកនាំកំពូលៗរបស់​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូច Facebook លោក Javier Olivan ត្រូវបាន​​​តម្រូវឱ្យ​ប្រកាស​ព័ត៌មាន​ជាច្រើន​ដល់​សមត្ថកិច្ច។

    ព័ត៌មាន​ដែល Olivan បានផ្ដល់​ឱ្យ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក ក្នុងនាម​ជា​ប្រធាន​ប្រតិបត្តិ​របស់ Facebook ក៏មាន​ព័ត៌មាន​ទាក់ទង​នឹង​ចំនួន​ភាគហ៊ុន​ដែល​លោក​ទទួលបាន​ក្នុងពេលថ្មីៗបំផុត ហើយ​តួលេខ​នេះ​ជា​​ចំណែក​មួយ​ភាគ​ធំ​នៅក្នុង​ប្រាក់ចំណូល​របស់គាត់។

    ប្រាក់រង្វាន់​ជា​ភាគហ៊ុន​មានកំណត់ (RSU) ថ្មី​បំផុត​ដែល Olivan បានទទួល​គឺ​ខ្ពស់ជាង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន ដោយមាន​តម្លៃ​ជាង ១៦ លាន​ដុល្លារ បើ​គិត​តាម​តម្លៃ​ភាគហ៊ុន ២០០ ដុល្លារ​នៅក្នុង​គ្រា​ដែល​បានទទួល​នោះ។ នេះ​មិនទាន់​និយាយ​ដល់​ប្រាក់ខែ​ និង​ខ្ទង់​ប្រាក់រង្វាន់ផ្សេងៗ។

    លោក Javier Olivan

    ទោះជា​យ៉ាងណាក៏ដោយ Olivan អាច​នឹងមាន​ទ្រព្យ​ច្រើនជាង​នេះ និង​ក្លាយជា​មហា​សេដ្ឋី បើសិន​គាត់​បន្ត​ស្ថិតនៅក្នុង​ក្រុមហ៊ុន Facebook បាន​ច្រើន​ឆ្នាំ​ទៀត។

    និយាយ​អំពី​អ្នកស្រី Sandberg ដែលជា​អតីត COO របស់ Facebook វិញ នៅពេល​ចាក​ចេញពី​តំណែង​ COO អ្នកស្រី​បានក្លាយ​ជាម​ហា​សេដ្ឋិនី​ទៅហើយ តាមរយៈ​ការទទួល និង​លក់​ភាគហ៊ុន Facebook។ អ្នកស្រី​បានធ្វើ​ការឱ្យ Facebook អស់​រយៈពេល ១៤ ឆ្នាំ ដែល​ក្នុងអំឡុង​ពេលនោះ អ្នកស្រី​ទទួលបាន​រង្វាន់ RSU ចំនួន ៤៨ លានហ៊ុន និង​លក់​ស្ទើរតែ​ទាំងអស់​ក្នុងតម្លៃ​ប្រហែល ១.៧ ពាន់​លាន​ដុល្លារ។ បើទោះជា​បាន​ចាក​ចេញពី​តំណែង COO ប៉ុន្តែ អ្នកស្រី Sandberg នឹង​នៅតែ​ស្ថិត​ក្នុងគណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន៕