Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួងពាណិជ្ជកម្ម ជូន​ដំណឹង​ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២

    ក្រសួងពាណិជ្ជកម្ម ជូន​ដំណឹង​ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២

    យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់ ក្រសួង​ពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ ដែលនឹងត្រូវលក់ ចាប់ពីថ្ងៃទី 0១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ បង្ហាញ​ថា ប្រេង​សាំងមាន​តម្លៃ ៤,៧០០ រៀល​/លីត្រ និង ប្រេង​ម៉ាស៊ូតតម្លៃ​ ៥,៥០០ រៀល​/លីត្រ​។

    ព័ត៌មានលម្អិត សូម​អាន​​សេចក្ដី​ជូន​ដំណឹង​របស់ ក្រសួង​ពាណិជ្ជកម្ម ខាងក្រោម​ ៖

  • ក្រុមហ៊ុន​រថយន្ត​រប​ស់ ប្រទេស​ជប៉ុន វិនិយោគ ៧៣០ ពាន់​លាន​យេន សម្រាប់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

    ក្រុមហ៊ុន​រថយន្ត​រប​ស់ ប្រទេស​ជប៉ុន វិនិយោគ ៧៣០ ពាន់​លាន​យេន សម្រាប់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី

    ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ ប្រទេស​ជប៉ុន មួយ​នេះ នឹង​ចាប់ផ្ដើម​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ពី​ឆ្នាំ ២០២៤ ដល់ ២០២៦ ដោយ​ប្រើប្រាស់​ទុន​ប្រមាណ ៧៣០ ពាន់​លាន​យេន ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​ថ្ម ទាំង​នៅ ជប៉ុន ទាំង​នៅ សហរដ្ឋ​អាម៉េរិក ឱ្យបាន​ឡើងដល់ ៤០ GWh។

    Toyota ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ ជប៉ុន កាលពី​ថ្ងៃទី ៣១ សីហា បានឱ្យដឹងថា នឹង​វិនិយោគ ៧៣០ ពាន់​លាន​យេន (ប្រហែល ៥.២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅ ជប៉ុន និង​នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ផលិត និង​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​ដើរ​ដោយ​​កម្លាំង​​អគ្គិសនី។

    Toyota កំណត់​គោលដៅ​ចាប់ផ្ដើម​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ពី​ឆ្នាំ ២០២៤ ដល់ ២០២៦ ដោយ​ប្រើប្រាស់​ទុន​ខាងលើ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​ថ្ម ទាំង​នៅ ជប៉ុន ទាំង​នៅ សហរដ្ឋ​អាម៉េរិក ឱ្យបាន​ដល់ ៤០ GWh។

    ក្នុង​ខ្ទង់​ប្រាក់​វិនិយោគ​ខាងលើ Toyota នឹង​ចំណាយ​ប្រហែល ៤០០ ពាន់​លាន​យេន សម្រាប់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​នៅ ជប៉ុន និង​ប្រមាណ ២.៥ ពាន់​លាន​ដុល្លារ​ទៀត សម្រាប់​ការផលិត​នៅ សហរដ្ឋ​អាម៉េរិក។

    បណ្ដា​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក កំពុងតែ​ចំណាយ​ប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការផលិត​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការការពារ​បរិស្ថាន៕

  • ក្រុមហ៊ុន​ផលិត​សម្លី និង​ម៉ាស​​​របស់ វៀតណាម មាន​គម្រោង​ផ្គត់ផ្គង់​ផលិតផល​ផ្ដាច់មុខ​នៅ កម្ពុជា

    ក្រុមហ៊ុន​ផលិត​សម្លី និង​ម៉ាស​​​របស់ វៀតណាម មាន​គម្រោង​ផ្គត់ផ្គង់​ផលិតផល​ផ្ដាច់មុខ​នៅ កម្ពុជា

    ជាមួយនឹង​ទិសដៅ​បង្កើន​ការនាំចេញ និង​អភិវឌ្ឍ​ស្លាក​យីហោ​វៀតណាម ក្រុមហ៊ុន Bong Bach Tuyet កំពុង​សម្លឹង​គោលដៅ​ទីផ្សារ​នៅក្នុង​បណ្ដា​ប្រទេស​ក្បែរ​ខាង ក្នុងនោះ​មាន កម្ពុជា ផងដែរ។

    កន្លងទៅថ្មីៗនេះ សាជីវកម្ម Bong Bach Tuyet នៅ ប្រទេស​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ផ្ដាច់មុខ​នូវ​ផលិតផល​សម្លី​ថែទាំ​ស្បែក Calla, ម៉ាស និង​សម្លី​សម្អាត​ជាដើម ជាមួយនឹង​ក្រុមហ៊ុន TM & DV VK Mart (VK Mart) ដែលជា​អ្នកផ្គត់ផ្គង់​ផលិតផល​នានា​ទៅឱ្យ​បណ្ដា​ផ្សារ​ទំនើប​នៅ កម្ពុជា។

    Bong Bach Tuyet គឺជា​យីហោ​ដែលមាន​អាយុកាល​យូរ​មួយ​នៅ វៀតណាម ដោយមាន​បទពិសោធន៍ ៦២ ឆ្នាំ ក្នុង​វិស័យ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សុខាភិបាល​ទាក់ទង​នឹង​សម្លីកប្បាស ដូចជា​សម្លី​ជូត​សម្អាត​របួស បង់​រុំ​របួស។ល។

    ផលិតផល​ដែល​លេចធ្លោ​ជាងគេ​នាពេលថ្មីៗរបស់ Bong Bach Tuyet គឺ​ម៉ាស N95 និង​ធ្យូង​កែច្នៃ​ដែល​ទទួល​វិញ្ញាបនបត្រ FFP3 របស់ អឺរ៉ុប។

    ថ្នាក់​ដឹក​នាំ​របស់ VK Mart ធ្វើ​ទស្សនកិច្ច​រោង​ចក្រ​របស់ Bong Bach Tuyet

     

  • ក្រុមហ៊ុនមេ​របស់ Gojek ខាត​​បង់ជិត ១ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុនមេ​របស់ Gojek ខាត​​បង់ជិត ១ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី GoTo បាន​ខាត​អស់​ប្រមាណ ១៤.១៧ ទ្រី​លាន​រូពី (ប្រហែល ៩៥៥ លាន​ដុល្លារ​អាម៉េរិក) ក្នុងអំឡុង ៦ ខែ​ដើមឆ្នាំ ២០២២ ច្រើនជាង​ទ្វេដង ធៀប​នឹង ៦ ខែ​ដើមឆ្នាំ ២០២១។

    ៦ ខែ​ដើមឆ្នាំ ២០២២ GoTo ដែលជា​ម្ចាស់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ហៅ​រថយន្ត​តាក់ស៊ី Gojek បានខ​ត​បង់អស់ ១៤.១៧ ទ្រី​លាន​រូពី ច្រើនជាង​ទ្វេដង ធៀប​នឹង​ការខាតបង់​អស់ ៦.៦ ទ្រី​លាន​រូពី កាលពី ៦ ខែ​ដើមឆ្នាំ​កន្លង។ ក្នុងអំឡុង ៦ ខែ​ដើមឆ្នាំ​នេះដែរ ប្រាក់ចំណូល​របស់ Gojek បាន​កើន ៣.៣ ទ្រី​លាន​រូពី។

    នេះ​គឺជា​របាយការណ៍​ហិរញ្ញវត្ថុ​លើក​ទី​បីរ​ដែល GoTo ប្រកាស រាប់​ចាប់តាំងពី​បាន​ឡើង​ផ្សារ​ហ៊ុន​កាលពី​ខែមេសា ២០២២ ហើយក៏​ជា​របាយការណ៍​ដែល​បង្ហាញ​អំពី​ឧបសគ្គ​ដែល Gojek បាន​ជួបប្រទះ។

    GoTo ត្រូវបាន​បង្កើតឡើង​កាលពី​ខែឧសភា ២០២១ បន្ទាប់ពី​ការច្របាច់បញ្ចូលគ្នា​រវាង​កម្មវិធី​ទូរស័ព្ទ​ហៅ​យានជំនិះ និង​អាហារ Gojek ជាមួយនឹង​ក្រុមហ៊ុន​ផ្សារ​អន​ឡាញ Tokopedia របស់ ឥណ្ឌូណេស៊ី។

    ឆ្នាំ ២០២១ GoTo ខក ២១.៤ ទ្រី​លាន​រូពី។ ក្នុង ៣ ខែ​ដើម​ឆ្នាំនេះ GoTo ក៏​បន្ត​ខាត​ប្រមាណ ៦ ទ្រី​លាន​រូពី ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​ខ្ទង់​ប្រាក់​ខាតបង់ ១.៨ ទ្រី​លាន​រូពី នៅ​មុនពេល​ច្របាច់​បញ្ចូល​គ្នា កាលពី​ឆ្នាំ​កន្លង។

    ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់ ឥណ្ឌូណេស៊ី នេះ នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ថានការណ៍​ជំនួញ​នឹងត្រូវ​បាន​កែលំអ នៅពេល​តម្លៃ​ប្រតិបត្តិ​ការសរុប និង​ប្រាក់ចំណូល​សរុប​នៅតែ​កើនឡើង​ក្នុង​ឆ្នាំ ២០២១ និង​ត្រីមាស​ទីមួយ​ឆ្នាំ ២០២២៕

  • ​ក្រុម​ហ៊ុន Vingroup ត្រូវការ​បុគ្គលិក ១ សែន​នាក់​ទៀត នៅក្នុង ២ ឆ្នាំ​ខាងមុខ

    ​ក្រុម​ហ៊ុន Vingroup ត្រូវការ​បុគ្គលិក ១ សែន​នាក់​ទៀត នៅក្នុង ២ ឆ្នាំ​ខាងមុខ

    ក្នុងចំណោម​ធនធានមនុស្ស​ដែល​ក្រុមហ៊ុន​របស់ វៀតណាម Vingroup ត្រូវការ មាន​ប្រហែល ២០% ជា​បុគ្គលិក​ជាន់ខ្ពស់​ដែល​តម្រូវឱ្យមាន​សញ្ញាបត្រ​បរិ​ញ្ញា និង​ប្រហែល ១០% សម្រាប់​ផ្នែក​ផលិតផល​នាំចេញ​ទៅ​បរទេស។

    ដំណឹង​ខាងលើនេះ​ត្រូវបាន​អគ្គនាយក​របស់​ក្រុមហ៊ុន Vingroup ប្រកាស​កាលពី ២ សប្ដាហ៍​មុន នៅ​ចំពោះមុខ នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh។

    យោងតាម អគ្គនាយក​របស់ Vingroup ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​មាន ៣ ផ្នែកសំខាន់ៗគឺ បច្ចេកវិទ្យា និង​ឧស្សាហកម្ម, ពាណិជ្ជកម្ម និង សេវាកម្ម និង​ទី ៣ គឺ សង្គម​ស្ម័គ្រចិត្ត។

    មកដល់​បច្ចុប្បន្ន Vingroup មាន​បុគ្គលិក​សរុប​ប្រមាណ ៤៥,០០០ នាក់ ប៉ុន្តែ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ជ្រើសរើស​បន្ថែម​ឱ្យបាន​ឡើងដល់ ១៥០,០០០ នាក់ នៅក្នុង​អំឡុង ២ ឆ្នាំ​ខាងមុខ។ ក្នុងចំណោម​ធនធានមនុស្ស​ដែល​ក្រុមហ៊ុន​នេះ​ត្រូវការ មាន​ប្រហែល ២០% ជា​បុគ្គលិក​ជាន់ខ្ពស់​ដែល​តម្រូវឱ្យមាន​សញ្ញាបត្រ​បរិ​ញ្ញា និង​ប្រហែល ១០% សម្រាប់​ផ្នែក​ផលិតផល​នាំចេញ​ទៅ​បរទេស។

    ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Pham Nhat Vuong របស់ វៀតណាម មួយ​នេះ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន មានដូចជា VinFast ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី, Vinhomes ខាង​អភិវឌ្ឍ​លំនៅឋាន, VinSmart ផលិត​ឧបករណ៍​បច្ចេកវិទ្យា និង VinID ជា​ក្រុមហ៊ុន​អភិវឌ្ឍ​មុខងារ​បច្ចេកវិទ្យា។ល។

  • គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ តម្លៃ​ជាង ៤៦ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​​សាង​សង់នា​ព្រឹក​នេះ

    គម្រោង​ស្ពាន​អាកាស​ថ្មី​ចំនួន ២ នៅ ភ្នំពេញ តម្លៃ​ជាង ៤៦ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​​សាង​សង់នា​ព្រឹក​នេះ

    ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង រាជធានី​ភ្នំពេញ​ចំនួន ២ ដែលមាន​តម្លៃ​សរុប​ជាង ៤៦ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ៣១ ខែសីហា​នេះ។

    ស្ពាន​អាកាស​ថ្មី​ចំនួន ២ ខាងលើនេះ រួមមាន ស្ពាន​ទី ១ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​ផ្លូវ​លេខ ២៧១ (វិថី​កងយោធពល​ខេមរភូមិន្ទ) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ។ ស្ពាន​អាកាស​ទី ២ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​ផ្លូវ​លេខ ២០០៤ (មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

    ស្ពាន​អាកាស​ដែល​ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ-២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសិទ្ធ​នាម​ថា «ស្ពាន​អាកាស​ព្រះមុនីវង្ស» ខណៈដែល​ស្ពាន​អាកាស​នៅ​ចំណុចប្រសព្វ​រវាង មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​លេខ ២០០៤ ក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ហៅថា «ស្ពាន​អាកាស គង់ សំអុល»។

    គិត​មកដល់​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន ៧ កន្លែង រួមទាំង​ស្ពាន​អាកាស​ចំនួន ២ ដែល​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ៕

  • Tesla មាន​មហិច្ឆតា​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០

    Tesla មាន​មហិច្ឆតា​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០

    ក្រុម​ហ៊ុន Tesla នឹងមាន​ទំហំ​ធំ​ជាង​ទ្វេដង ធៀប​នឹង​រាល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កាន់កាប់ ២០% នៃ​ចំណែក​ទីផ្សារ​ក្នុង​ពិភពលោក បើ​សិន​លក់​រថយន្ត​អគ្គិសនី​បាន ២០ លាន​គ្រឿង​ក្នុង​ឆ្នាំ​ ២០៣០។

    នាយ​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla Inc លោក Elon Musk ថ្មី ៗនេះ​បានកំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា នោះ​គឺ លក់​រថយន្ត​អគ្គិសនី (EV) ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០។

    នេះ​ក៏​ជា​ប្រការ​សំខាន់​នៅក្នុង​ការសន្យា​ជំរុញ​កំណើន​រថយន្ត ក៏ដូចជា​ការជំរុញ​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ​របស់ Tesla នៅ​ចំពោះមុខ​ក្រុម​ម្ចាស់​ភាគហ៊ុន។

    បើសិនជា​សម្រេច​គោលដៅ​ «លក់​រថយន្ត​អគ្គិសនី​ឱ្យបាន ២០ លាន​គ្រឿង​នៅ​ឆ្នាំ ២០៣០» ក្រុមហ៊ុន Tesla នឹងមាន​ទំហំ​ធំ​ជាង​ទ្វេដង ធៀប​នឹង​រាល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កាន់កាប់ ២០% នៃ​ចំណែក​ទីផ្សារ​ក្នុង​ពិភពលោក។

    ក៏ប៉ុន្តែ ​យោងតាម​ការវិភាគ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters កំណើន​ទ្វេដង​ដូច្នេះ នឹងធ្វើ​ឱ្យ Tesla ត្រូវ​ចំណាយ​ប្រាក់​ច្រើន​មិន​ធ្លាប់មាន នៅក្នុង​ការផលិត ពោលគឺ​ឡើងដល់​រាប់សែន​ពាន់​លាន​ដុល្លារ។ គោលដៅ​របស់ Tesla ក៏​នឹងដាក់​សម្ពាធ​ទៅលើ​ការផលិត​គ្រឿងបន្លាស់ ក្នុងនោះ​មាន​ទាំង​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី។ល។

    ជាង​នេះ Tesla ក៏​កំពុងតែ​ត្រូវ​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​របស់ ប្រទេស​ចិន មានដូចជា ក្រុមហ៊ុន Xpeng Inc, Nio Inc និង Li Auto Inc ជាដើម បើ​ទោះ​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ​របស់​ក្រុមហ៊ុន​ទាំងនេះ​នៅ​ទាប ប៉ុន្តែ មាន​កំណើន​យ៉ាង​លឿន។

    ក្រុមហ៊ុន BYD របស់ ប្រទេស​ចិន កំពុង​លក់​រថយន្ត EV និង​រថយន្ត​កូនកាត់ EV តម្លៃ​ទាប ខណៈដែល Ford Motor Co និង Rivian Automotive Inc បាន​យកឈ្នះ​លើ Tesla នៅលើ​ទីផ្សារ​នៃ​​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង ជា​ប្រភេទ​ដែល​ទើបតែ​ចាប់​ផ្ដើម​មាន​ការ​ពេញនិយម​នៅ អាម៉េរិក​ខាងជើង៕

    រថយន្ត​របស់ Ford
    រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន​ចិន BYD
    រថយន្តអគ្គិសនី​របស់ Xpeng
  • ត្រូវ​បាន​ព្យាករ​ថានឹង​មាន​កំណើន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅ ASEAN-6 ក្នុងឆ្នាំ​ ២០២៣ តើ​ GDP វៀតណាម ប្រែប្រួល​យ៉ាង​ណា?

    ត្រូវ​បាន​ព្យាករ​ថានឹង​មាន​កំណើន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅ ASEAN-6 ក្នុងឆ្នាំ​ ២០២៣ តើ​ GDP វៀតណាម ប្រែប្រួល​យ៉ាង​ណា?

    យោង​តាម​លទ្ធផល​នៃ​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​អំឡុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ ២០២២ បណ្ដា​អង្គការ​អន្តរជាតិ​ បានលើក​ឡើង​នូវ​ការ​​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ វៀតណាម និង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ASEAN-6 សម្រាប់​ឆ្នាំ​ ២០២២ និង ២០២៣​។

    យោង​ទៅ​លើ​របាយការណ៍​ព្យាករ​សេដ្ឋកិច្ច​ទូទាំង​សកល​លោក​ថ្មី​បំផុតរបស់​ វិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់ចក្រភពអង់គ្លេស និងវែល (ICAEW) និង​ Oxford Economics ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មិថុនា ២០២២ បង្ហាញ​ថា វៀតណាម ត្រូវ​បាន​ព្យាករ​ថាជា​ប្រទេស​ដែល​មាន​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​តំបន់ ពោល​គឺ​ ៦.៥% ក្នុង​ឆ្នាំ​ ២០២២ និង ៨.៣% ក្នុង​ឆ្នាំ ២០២៣​ (ខ្ពស់ជាង​គេ​បង្អស់​ក្នុង​តំបន់​ ASEAN-6)។

    ចំណែក ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ហ្វ៊ីលីពីន ត្រូវ​បានព្យាករ​ថា មាន​កំណើន​ GDP តាម​ពី​ក្រោយ​ ប្រទេស​វៀតណាម ដោយ​មាន​កំណតាមលំដាប់​គឺ ៥.៧%, ៤.៤%, ៧.២%, ២.៩%, ៧.៣% នៅ​ឆ្នាំ ២០២២ និង ៥.៧%, ៦.១%, ៤.២%, ២.២%, ៥.២% នៅ​ឆ្នាំ ២០២៣​។

    ទំហំ​ GDP របស់ ឥណ្ឌូណេស៊ី នឹង​នាំ​មុខ​គេ​ក្នុង​តំបន់ ASEAN-6 ក្នុងឆ្នាំ​ ២០២២ និង ២០២៣ ដោយ​ GDP សម្រេច​បាន​ ១.២១ ទ្រី​​លាន​ដុល្លារ​អាម៉េរិក និង ១.២៨ ទ្រី​លាន​ដុល្លារ​។ ឈរបន្ទាប់​ពី​ ឥណ្ឌូណេស៊ី គឺ ប្រទេស​ថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វ៊ីលីពីន​ និង​ វៀតណាម។

    យោងតាមការ​ព្យាករ​របស់ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) កំណើន​សេដ្ឋកិច្ច​របស់ វៀតណាម នឹង​សម្រេច​បាន​ ៦% ឈរ​លំដាប់​ទី ២ ​ក្នុង​តំបន់ ASEAN-6 នៅ​​ឆ្នាំ ២០២២ និង ៧.២% ឈរលំដាប់​ទី ១ ​ក្នុង​តំបន់ ASEAN-6 (ASEAN-6 រួម​មាន ១០ ប្រទេស​នៃ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ បូក​នឹង​ ចិន, ជប៉ុន, កូរ៉េខាងត្បូង​, អូស្ត្រាលី, នូវែលសេឡង់ និង​ ឥណ្ឌា) នៅ​ឆ្នាំ ២០២៣។

    ចំណែក ឥណ្ឌូណេស៊ី​, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ហ្វ៊ីលីពីន ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​តាម​ពី​ក្រោយ​ ប្រទេស​វៀតណាម​ នៅ​ឆ្នាំ ២០២២ និង ២០២៣​។

    ដូច្នេះ យោង​តាម​ការ​ព្យាករ​របស់ ICAEW, IMF និង AMRO ទំហំ GDP របស់​ វៀតណាម ក្នុង​ឆ្នាំ ២០២២ ឈរ​លំដាប់​ទី ៦ ក្នុង​តំបន់ ASEAN-6។ ដល់​ឆ្នាំ ២០២៣ ទំហំ​ GDP របស់​ប្រទេស​នេះ​នឹង​ឈរ​លំដាប់​ទី ៤ ក្នុង​តំបន់ ASEAN-6 ដោយ​មាន​ទំហំ​ GDP មិន​លើស​ខ្វះគ្នា​ប៉ុន្មាន​ បើ​ប្រៀប​ធៀបរវាង​ការព្យាករ​​របស់​​អង្គការ​ទាំង​ អន្តរជាតិ​ទាំង​ ៣ ខាងលើ​នេះ​៕

  • គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ នៅ​ រាជធានី​ភ្នំ​ពេញ

    គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ នៅ​ រាជធានី​ភ្នំ​ពេញ

    នារសៀល​ថ្ងៃទី ៣០ សីហា ២០២២ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ដែល​ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សេចក្ដី​លម្អិតស្ដីអំពី​គម្រោង​នេះ មាន​ដូច​ខាងក្រោម ៖

    -ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
    -សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC
    -គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក
    -រយៈពេលសាងសង់ ៣៦ខែ

    លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី ១ និងជាន់ទី២ ៖
    ១. ផ្លូវថ្នល់ផ្ទាល់ដីៈ
    មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។

    ១.១ រង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១១.៨៥ម៉ែត្រ)
    – កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍
    – គន្លងចរាចរណ៍មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រក្នុងមួយគន្លង)
    – កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១

    ១.២ ផ្លូវថ្នល់ផ្ទាល់ដី តាមបណ្តោយស្ពាន និងក្រោមស្ពានដែលតភ្ជាប់ទៅនឹងរង្វង់មូល (មានទទឹង ៧ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅទៅ និងមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស វិថីកងយោធពលខេមរភូមិន្ទ ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ)។

    ២. ស្ពានអាកាសជាន់ទី១ :
    ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ

    ២.១ ស្ពានអាកាសរង្វង់មូល (មានបរិមាត្រ ១៧៨ម៉ែត្រ x ទទឹង១២.៨៥ម៉ែត្រ)
    – កាំរង្វង់ក្នុង ២០.០០ម៉ែត្រ និងកាំរង្វង់ក្រៅ ៣៣.០០ម៉ែត្រ ដែលមានតួនាទីជារង្វង់មូលដើម្បីបែងចែកទិសដៅចរាចរណ៍
    – គន្លងចរាចរណ៍ មាន៣គន្លងផ្លូវ (សម្រាប់រថយន្តមានទំហំ ៣.៩៥ម៉ែត្រ ក្នុងមួយគន្លង)
    – កម្ពស់សុវត្ថិភាព : ៥.០០ម៉ែត្រ ផ្នែកឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី២

    ២.២ ស្ពានអាកាសខ្នែង A ឆ្ពោះទៅស្ពានព្រះមុនីវវង្ស (មានប្រវែង ២០០ម៉ែត្រ x ទទឹង ១១.៥០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមកពីស្ពានព្រះមុនីវង្ស
    – គន្លងចរាចរណ៍ : ៤គន្លងផ្លូវទៅមក (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន ១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងគន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
    មានទំហំ ១.៥០ម៉ែត្រ)

    ២.៣ ស្ពានអាកាសខ្នែង B វិថីកងយោធពលខេមរភូមិន្ទ (មានប្រែវង ២០០ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅវិថីកងយោធពលខេមរភូមិន្ទ
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ១.៥០ម៉ែត្រ)

    ២.៤ ស្ពានអាកាសខ្នែង C មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៤៤ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីព្រះមុនីវង្ស
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវ សម្រាប់ទោចក្រយានយន្តមានទំហំ ១.៥០ម៉ែត្រ)

    ២.៥ ស្ពានអាកាសខ្នែង D មហាវិថីព្រះមុនីវង្ស (មានប្រវែង ១៦១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីព្រះមុនីវង្ស
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
    មានទំហំ ១.៥០ម៉ែត្រ)

    ២.៦ ស្ពានអាកាសខ្នែង E មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៥១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅមកពីមហាវិថីសម្តេចតេជោ ហ៊ុន សែន
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
    មានទំហំ ១.៥០ម៉ែត្រ)។

    ២.៧ ស្ពានអាកាសខ្នែង F មហាវិថីសម្តេចតេជោ ហ៊ុន សែន (មានប្រវែង ១៣១ម៉ែត្រ x ទទឹង ៦.០០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវឯកទិស មានទិសដៅឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន
    – គន្លងចរាចរណ៍ : ២គន្លងផ្លូវ (១គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.៥០ម៉ែត្រ + ១គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត
    មានទំហំ ១.៥០ម៉ែត្រ)។

    ៣. ស្ពានអាកាសជាន់ទី២ : (មានប្រវែង ១,២០០ម៉ែត្រ x ទទឹងពី ១៤.០០ម៉ែត្រ ទៅ ១៥.៨០ម៉ែត្រ)
    – ទិសដៅចរាចរណ៍ : ផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន
    – គន្លងចរាចរណ៍ : ៤គន្លងផ្លូវ (២គន្លងទៅ និង២គន្លងមក ដែលម្ខាងមាន២គន្លងផ្លូវសម្រាប់រថយន្តមានទំហំ ៣.២៥ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)
    • ធ្នឹមប្រអប់ជាបេតុងអាមេ ដែលមានកម្ពស់ ១.៥០ម៉ែត្រ
    • សសរស្ពាននីមួយៗប្រើបេតុង ជាមួយនឹងជើងតាងកម្ពស់ ១.៥០ម៉ែត្រ
    • ប្រភេទគ្រឹះខួង (Bored pile) មានអង្កត់ផ្ចិតទំហំ ១.៥០ម៉ែត្រ ទៅ ១.២០ម៉ែត្រ និងមានជម្រៅប្រមាណ៥០ម៉ែត្រ
    • ជម្រាលទទឹងស្ពាន: ២%
    • ជម្រាលបណ្តោយស្ពាន: ៥%
    • បង្កាន់ដៃស្ពានមានកម្ពស់: ១.១០ម៉ែត្រ
    • ល្បឿនសុវត្ថិភាព: ២០គ. ម/ម៉ោង ទៅ៤០គ.ម/ម៉ោង
    • ទម្ងន់ផ្ទុកអនុញ្ញាត: ៣០តោន
    • កម្ពស់អនុញ្ញាត: ៥.០០ម៉ែត្រ
    • អ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ
    • ដាក់ស្លាកសញ្ញាចរាចរ និងអ៊ុតគំនូសចរាចរដោយប្រើថ្នាំទែរម៉ូប្លាស្ទឹក
    • រៀបចំប្រព័ន្ឋបង្ហូរទឹកនិងបណ្តាញលូ និងកែសម្រួចចិញ្ចើផ្លូវអមសងខាង
    • បំពាក់ភ្លើងបំភ្លឺផ្លូវ និងបំភ្លឺស្ពាន
    • រៀបចំសួនច្បារ

  • ឥណ្ឌូណេស៊ី ដាក់ឱ្យ​ប្រើប្រាស់​កូដ QR ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៅ​ទូទាំង​តំបន់​អាស៊ាន

    ឥណ្ឌូណេស៊ី ដាក់ឱ្យ​ប្រើប្រាស់​កូដ QR ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៅ​ទូទាំង​តំបន់​អាស៊ាន

    ធនាគារកណ្ដាល​នៃ ប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី អភិវឌ្ឍ​កូដ QR មួយ​ប្រភេទ អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​សេវា​ទូទាត់​នានា​របស់​ប្រទេស​នេះ អាច​ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ជាមួយនឹង​សេវា​ទូទាត់​ប្រាក់​ដទៃ​នៃ​បណ្ដា​ប្រទេស​នៅក្នុង សមាគម​អាស៊ាន ទាំងមូល។

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ២៩ សីហា បានប្រកាស​បង្ហាញ​កូដ QR អន្តរជាតិ ស្ដង់ដារ ឥណ្ឌូណេស៊ី (QRIS) ដើម្បី​ភ្ជាប់​បណ្ដាញ​ទូទាត់​ប្រាក់​របស់​ប្រទេស​នេះ​ទៅនឹង​បណ្ដាញ​ទូទាត់​របស់​សមាជិក​នា​នា​ក្នុង​តំបន់​អាស៊ាន។

    QRIS ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ធនាគារកណ្ដាល​នៃ ប្រទេស​ឥ​ណ្ឌ​ណេ​ស៊ី អនុញ្ញាតឱ្យ​អតិថិជន ប្រើប្រាស់​សេវា​ទូទាត់​របស់​នានា​របស់​ប្រទេស​នេះ ផ្ទេរប្រាក់ និង​ទទួល​ប្រាក់​ជាមួយនឹង​សេវា​ទូទាត់​ប្រាក់​ដទៃ​នៅក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) ទាំង ១០ ប្រទេស។

    នៅក្នុង​ពិធី​ប្រកាស​បង្ហាញ QRIS ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo លើកឡើងថា «ប្រព័ន្ធ​ទំនើប​នេះ​បង្ហាញថា ប្រទេស​របស់​យើង​បត់បែន​បាន​ជាមួយនឹង​បច្ចេកវិទ្យា​ឌីជីថល ហើយ​យើង​ក៏​មិនត្រូវ​ស្ថិតនៅ​ពីក្រោយ​ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ»។

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo រំពឹងថា QRIS នឹង​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​អាជីវ​ករ ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​ការផ្ដល់​សេវាកម្ម និង​ទំនិញ​ដែលមាន​តម្លៃ​អាច​ប្រកួតប្រជែង​បាន​នៅក្នុង​ទីផ្សារ​សកល។

    ទេសាភិបាល​របស់ ធនាគារកណ្ដាល​ឥណ្ឌូណេស៊ី Perry Warjiyo បានឱ្យដឹងថា ថៃ គឺជា​ប្រទេស​ដំបូង​គេ​ដែលមាន​ប្រព័ន្ធ​ទូទាត់​ទាំងស្រុង​ជាមួយនឹង QRIS របស់ ឥណ្ឌូណេស៊ី។ ចំណែក​រដ្ឋាភិបាល​មួយចំនួនទៀត ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី និង ហ្វ៊ី​លី​ពី​ន ជាដើម ក៏បាន​អះអាងថា នឹង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​មួយ​នេះ​ក្នុងពេលឆាប់ៗខាងមុខ៕