Category: សង្គម និងសេដ្ឋកិច្ច

  • ជប៉ុន បង្កើន​ទំហំ​នៃ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​

    ជប៉ុន បង្កើន​ទំហំ​នៃ​ការផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ដើម្បី​ក្ដោប​ក្ដាប់​ទីផ្សារ​

    ប្រទេស​ជប៉ុន កំពុង​តែមាន​ផែនការ​ពង្រីក​ទីផ្សារ​រថយន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុងនោះ ការអភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​គឺជា​កត្តា​ដែល​មិនអាច​រំលង​បាន។

    ដោយសារ​មានការ​រឹតបន្តឹង​ក្នុងការ​ការពារ​បរិស្ថាន​កាន់តែខ្លាំងឡើងៗ ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បណ្ដា​ក្រុមហ៊ុនធំៗរបស់ ប្រទេស​ជប៉ុន កំពុងតែ​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការអភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល ព្រោះថា វា​គឺជា​ផ្នែក​ដ៏​សំខាន់​របស់​រថយន្ត​អគ្គិសនី។

    យោងតាម​សារព័ត៌មាន Sankei ក្រុមហ៊ុន​សាជីវកម្ម Toyota បានឱ្យដឹងថា នឹង​វិនិយោគ ៧៣០ ពាន់​លាន​យ៉េន ដើម្បី​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ ជប៉ុន និង សហរដ្ឋ​អាម៉េរិក ហើយ​ការផលិត​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៤។

    ក្រៅពី Toyota ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​ផ្សេងទៀត​របស់ ជប៉ុន ក៏​បង្កើន​ការវិនិយោគ​ទៅលើ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី នោះ​គឺ Honda។ Honda និង​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន LG របស់ កូរ៉េខាងត្បូង ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយ​ដើមទុន​ប្រមាណ ៦១០ ពាន់​លាន​យ៉េន។ យោងតាម​គម្រោង កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្ដើម​ពី​ឆ្នាំ ២០២៣ និង​ផលិត​ក្នុង​បរិមាណ​ច្រើន​ចាប់ពី​ឆ្នាំ ២០២៥។

    ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា របស់ ជប៉ុន ក៏បាន​ប្រកាស​គោលដៅ​សម្រាប់​ពី​ពេលនេះ​ដល់​ឆ្នាំ ២០៣០ ក្នុងនោះ ក្រសួង​នឹង​បណ្ដុះបណ្ដាល​វិស្វករ​ឱ្យបាន​ដល់ ៣ ម៉ឺន​នាក់ សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​ថ្ម​ក្នុង​វិស័យនេះ ដោយសារ​ថា បច្ចុប្បន្ន ជប៉ុន មាន​បុគ្គលិក​ប្រមាណ​តែ ៥,០០០ នាក់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្នុង​វិស័យ​ផលិត​ថ្ម​ផ្ទុក​ថាមពល។

    បច្ចុប្បន្ននេះ ​រាជ​រដ្ឋាភិបាល​ជប៉ុន មាន​គោលនយោបាយ​ជាច្រើន​ដែល​លើកទឹកចិត្ត​ឱ្យធ្វើ​ការអភិវឌ្ឍ​ដើម្បី​អាច​គ្រប់គ្រង​ទីផ្សារ​រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​អគ្គិសនី ក្នុងនោះ គោលដៅ​ចម្បង​របស់ ជប៉ុន គឺ​ការបង្កើន​ការផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ឱ្យបាន​ឡើងដល់ ៦០០ Gwh ដែល​ស្មើនឹង ២០% នៃ​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០៣០៕

  • តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ក្រុម​ប្រទេស OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ការផលិត

    តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ក្រុម​ប្រទេស OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ការផលិត

    ជា​លើកដំបូង​ហើយ​ដែល​ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃនា​ពេល​កន្លង​។

    អង្គ​ការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង​ឆៅ និង​បណ្ដា​ប្រទេស​ជា​ដៃគូ​សហការ (OPEC+) កាលពី​ថ្ងៃទី ០៥ កញ្ញា បាន​ឯកភាពគ្នា​ថា ចាប់ពី​ខែតុលា​ខាងមុខ នឹងមាន​ការកាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ប្រមាណ ១ សែន​ធុង​ក្នុង ១ ថ្ងៃ ធៀប​នឹង​ខែកញ្ញា។

    ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ ដោយសារ​ការបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ថយចុះ។

    បរិមាណ​ប្រេង​ដែល OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ខាងលើ គឺ​ស្មើនឹង ០.១% នៃ​តម្រូវការ​ប្រើប្រាស់​ប្រេង​​ប្រចាំ​ថ្ងៃ​ នៅ​ទូទាំង​​ពិភពលោក។

    នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ OPEC+ ក៏បាន​ឯកភាព​ថា​នឹង​អាច​កោះ​​ប្រជុំ​គ្រប់ពេល ដើម្បី​កែសម្រួល​បរិមាណ​ប្រេង​ឱ្យបាន​សមស្រប​នឹង​ភាពជាក់ស្ដែង នៅមុន​កិច្ចប្រជុំ​តាម​កាលកំណត់​នៅ​ថ្ងៃទី ០៥ ខែតុលា​ខាងមុខ។

    កាលពី​ខែមីនា តម្លៃ​ប្រេង​ពិភពលោក​បាន​ឡើង​ជិត​ដល់ ១៤០ ដុល្លារ/ធុង ដោយសារតែ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង រុស្ស៊ី ដែលជា​អ្នក​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយនឹង អ៊ុយ​ក្រែ​ន។

    ក៏ប៉ុន្តែ ប្រេង​ឆៅ​បានចាប់ផ្ដើម​ធ្លាក់​ថ្លៃ​នៅពេល​មានការ​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច និង​ការដែល ចិន នៅតែ​បន្ត​បិទ​ខ្ទប់​ទីក្រុង​ជាច្រើន​ដោយសារ​កូ​វីដ-១៩ ក៏ដូចជា​លទ្ធភាព​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ​រវាង សហរដ្ឋ​អាម៉េរិក និង អ៊ីរ៉ង់ ដែល​នឹង​អាច​បើកផ្លូវ​ឱ្យ ទីក្រុង​តេ​ហេ​រ៉ង់ នាំចេញ​ប្រេង​ឆៅ​ទៅកាន់​ពិភពលោក​ឡើងវិញ៕

  • តម្លៃ​ប្រេង​ឆៅ​​នៅ ទ្វីប​​អាស៊ី ល្ងាចថ្ងៃ​ទី ០៥ កញ្ញា​​នេះ​ កើន​ឡើង​ជាង ២ ដុល្លារ/ធុង

    តម្លៃ​ប្រេង​ឆៅ​​នៅ ទ្វីប​​អាស៊ី ល្ងាចថ្ងៃ​ទី ០៥ កញ្ញា​​នេះ​ កើន​ឡើង​ជាង ២ ដុល្លារ/ធុង

    ប្រេង​នៅ ​អាស៊ី បាន​ឡើងថ្លៃ​ជាង ២ ដុល្លារ​ក្នុង ១ ធុង នៅក្នុង​ការជួញដូរ​នា​ល្ងាច​ថ្ងៃទី ០៥ កញ្ញា នៅពេល​អ្នកវិនិយោគ​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ឥរិយាបថ​របស់​អង្គការ​នៃ​ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ (OPEC) និង​ក្រុម​ប្រទេស​ជា​ដៃគូ (OPEC+) ដោយ​សង្ឃឹមថា នឹងមាន​ការកាត់បន្ថយ​បរិមាណ​​​ដើម្បី​ជួយ​លើក​កម្ពស់​តម្លៃ​ប្រេង​។

    ក្នុងការ​ជួញដូរ​ល្ងាច​នេះ តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ឡើងថ្លៃ ២.៤២ ដុល្លារ ប្រហែល ២.៦% ដោយ​លក់​ក្នុងតម្លៃ ៩៥.៤៤ ដុល្លារ/ធុង បន្ទាប់ពី​បាន​ឡើងថ្លៃ ០.៧% កាលពី​ចុង​សប្ដាហ៍​កន្លង។ តម្លៃ​ប្រេង WTI របស់ សហរដ្ឋ​អាម៉េរិក គឺ ៨៨.៩២ ដុល្លារ/ធុង កើន ២.០៥ ដុល្លារ ប្រហែល ២.៤% ក្រោយពី​ឡើងថ្លៃ ០.៣% ក្នុងការ​ជួញដូរ​មុន​នោះ។

    តម្លៃ​ប្រេង​បាន​ថយចុះ​ក្នុង​រយៈ​ពេល​ ៣ ខែជាប់ៗគ្នា​កន្លងទៅ បន្ទាប់ពី​បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កាលពី​ខែមីនា​ឆ្នាំនេះ ព្រោះតែ​មានការ​បារម្ភ​អំពី​ការដំឡើង​ការប្រាក់ និង​វិធាន​ការទាក់ទង​នឹង​កូ​វីដ-១៩ នៅក្នុង​តំបន់​មួយចំនួន​របស់ ប្រទេស​ចិន ដែលជា​អ្នក​នាំចូល​ប្រេង​ឆៅ​លំដាប់​កំពូល​របស់​ពិភពលោក ដែល​អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​យឺតយ៉ាវ ហើយ​​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល។

    ក៏ប៉ុន្តែ វិធានការ​ទាក់ទង​នឹង​បញ្ហា​កូ​វីដ-១៩ នៅ ប្រទេស​ចិន ពិសេស​គឺ​នៅ​តំបន់ Shenzhen ដែលជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ដ៏​ធំ​មួយ​របស់​ពិភពលោក ត្រូវបាន​បន្ធូរបន្ថយ​នៅថ្ងៃនេះ នៅពេល​តួលេខ​នៃ​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ មាន​សញ្ញា​ប្រសើរ​ឡើងវិញ៕

  • អាជ្ញាធរ​​ថៃ ​សហការ​ជាមួយ អាជ្ញាធរ​វៀតណាម ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ

    អាជ្ញាធរ​​ថៃ ​សហការ​ជាមួយ អាជ្ញាធរ​វៀតណាម ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ

    ប្រទេស​ថៃ និង វៀតណាម នឹង​ពិភាក្សាគ្នា​លម្អិត​អំពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិ ​ឆ្ពោះទៅរក​ការដំឡើងថ្លៃ​អង្ករ​នាំចេញ​ឱ្យ​សមស្រប​នឹង​ការចំណាយ​ក្នុង​ការផលិត។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ Chalermchai Sri-on កាលពី​ថ្ងៃទី ០៣ កញ្ញា បានឱ្យដឹងថា ប្រទេស​ថៃ និង​វៀតណាម បាន​ឯកភាពគ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​​ដំឡើងថ្លៃ​អង្ករ​នាំចេញ ធានាឱ្យមាន​យុត្តិធម៌ជាង​មុន​ ក្នុង​គ្រា​ដែល​ការចំណាយ​លើ​ការផលិត​កើនឡើង​ខ្ពស់។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហករណ៍​ថៃ បង្ហើប​ឱ្យដឹងថា ភាគី​ថៃ និង វៀតណាម បាន​បង្កើត​ក្រុម​បេសកកម្ម​ពិសេស​ដើម្បី​អនុវត្ត​កិច្ចសហប្រតិបត្តិការនេះ។ តាម​ផែនការ ក្រុម​បេសកកម្ម​របស់​ប្រទេស​ទាំងពីរ​នឹង​ជួបពិភាក្សា​គ្នាឆាប់ៗ ដើម្បី​ឈានដល់​ការឯកភាព​គ្នា​ក្នុងការ​ដំឡើងថ្លៃ​អង្ករ​នាំចេញ។

    លោក Chalermchai Sri-on ក៏បាន​សង្កត់ធ្ងន់ថា ការដំឡើងថ្លៃ​អង្ករ​នាំចេញ​ឱ្យ​សមស្រប​នឹង​ការចំណាយ​ក្នុងការ​ផលិត ​គឺជា​ភារកិច្ច​របស់​ប្រទេស​នាំចេញ។

    បច្ចុប្បន្ន ថៃ គឺជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​លំដាប់​ទី ៣ ក្នុង​ពិភពលោក បន្ទាប់ពី ឥណ្ឌា និង វៀតណាម។ ប្រទេស​ថៃ នាំចេញ​អង្ករ​បាន ៦.១២ លាន​តោន​ក្នុង​ឆ្នាំ ២០២១ និង​បានកំណត់​គោលដៅ​នាំចេញ​ឱ្យបាន ៧ លាន​តោន​នៅក្នុង​ឆ្នាំនេះ៕

  • ដំណឹង​ល្អ​សម្រាប់​អ្នក​បរិភោគ​​ម្ហូប​បួស៖ បច្ចេកវិទ្យា​ផលិត​សាច់​សិប្បនិម្មិត​ពី​ប្រូតេអ៊ី​​មួយទៀត​ត្រូវបាន​រកឃើញ

    ដំណឹង​ល្អ​សម្រាប់​អ្នក​បរិភោគ​​ម្ហូប​បួស៖ បច្ចេកវិទ្យា​ផលិត​សាច់​សិប្បនិម្មិត​ពី​ប្រូតេអ៊ី​​មួយទៀត​ត្រូវបាន​រកឃើញ

    ជំនួស​ឱ្យ​ការ​ផ្អាប់ ឬ​បំប្លែង​ជាតិ​ស្ករ​ឱ្យទៅជា​ស្រា អ្នកវិទ្យាសាស្ត្រ​ផ្អាប់​ស្ករ​ឱ្យ​ប្រែ​ទៅជា​ប្រូតេអ៊ីន បង្កើតបានជា​សាច់​សិប្បនិម្មិត​មួយ​ប្រភេទ។

    ការផលិត​សាច់​សិប្បនិម្មិត​ដោយ​ការ​ផ្អាប់ ឬ​បិត គឺជា​វិធីសាស្ត្រ​ថ្មី​មួយ​ដែល​ទើបតែ​ត្រូវបាន​រកឃើញ​នៅ San Francisco សហរដ្ឋ​អាម៉េរិក និង​តំបន់​នៅក្បែរ​ខាង។ នៅក្នុង​រោងចក្រ​ស្រា​បៀរ គេ​ប្រើប្រាស់​ដំបែ​ដើម្បី​បំប្លែង​ស្ករ​ឱ្យទៅជា​ស្រា ប៉ុន្តែ បច្ចេកទេស​ថ្មី​នេះ គេ​ប្រើប្រាស់​ដំបែ​ដើម្បី​បំប្លែង​ស្ករ​ឱ្យទៅជា​ប្រូតេអ៊ីន។

    បច្ចេកវិទ្យា​ថ្មី​សន្លាង និង​ស្អាត​បំផុត

    ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ ក្រុមហ៊ុន Every Company ទទួលបាន​ទុនវិនិយោគ ២៣៣ លាន​ដុល្លារ​អាម៉េរិក ពី​ក្រុម​អ្នកវិនិយោគ​នៅ សិង្ហ​បុរី។ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ក្នុងការ​ផលិត​ស៊ុត​សិប្បនិម្មិត និង​អាហារ​បន្ថែម​ប្រូតេអ៊ីន។ អ្វីដែល​ពិសេស​គឺថា Every Company ប្រើប្រាស់​បច្ចេកវិទ្យា​ហ្សែ​ន​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ផ្អាប់ ឬ​បិត​របស់​ពួក​គេ​។

    Every Company ​​បោះ​ពុ​ម្ភ 3D កូដ DNA របស់​ប្រូតេអ៊ីន​ដែល​មនុស្ស​បាន​រកឃើញ និង​ចិញ្ចឹម​ដំបែ​ដោយ​ស្ករ​ដែលមាន​ផ្ទុក DNA 3 D នេះ។ នៅពេល​មេដំបែ​ស៊ី​ស្ករ (តែ​តាមពិត វា​កំពុង «អាន» កូដ​ហ្សែ​ន) វា​ក៏​បញ្ចេញ​ប្រភេទ​ប្រូតេអ៊ីន​ដែល​បានកំណត់​ទុក​មុន​នោះ។ ក្រុមហ៊ុន​ខាងលើ​អះអាងថា ស៊ុត​ក្រហម​ដែល​ពួកគេ​បាន​ផលិត​ដោយ​បច្ចេកវិទ្យា​នេះ «មិន​ខុសពី​ស៊ុតពិតៗឡើយ»។

    ក្រៅពី Every Company ក៏​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ក្នុងនោះ​ក៏មាន Prime Roots ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី។ Every Company ​ទាក់ទាញ​បាន​ទុនវិនិយោគ​ជាង ១៨ លាន​ដុល្លារ​អាម៉េរិក។ Prime Roots ផលិត​សាច់សិប្បនិម្មិត​​ច្រើន​ប្រភេទ​ដូចជា សាច់ក្រក​អ៊ីតាលី សាច់មាន់​បារាំង។ល។

    ធៀប​ជាមួយនឹង​អាហារ​បួស​ដែលមាន​ប្រភពពី​រុក្ខជាតិ សាច់​សិប្បនិម្មិត​របស់ Every Company ឬ Prime Roots ជាដើម មាន​លក្ខណៈ​​ស្អាត​ជាង ព្រោះថា សមាសធាតុ​មាន​តិចជាង ខណៈដែល​អាហារ​បួស​ធម្មតា​មាន​គ្រឿងផ្សំ​ចាប់ពី ១២ ដល់ ១៥ ប្រភេទ៕

  • មហា​គម្រោង​ក្នុង​មហិច្ឆតា​​ដែល​មាន​តម្លៃ ១ ទ្រី​លាន​ដុល្លារ​របស់ ប្រទេស​ចិន

    មហា​គម្រោង​ក្នុង​មហិច្ឆតា​​ដែល​មាន​តម្លៃ ១ ទ្រី​លាន​ដុល្លារ​របស់ ប្រទេស​ចិន

    «ការជំរុញ​វិស័យ​ថាមពល​កកើត​ឡើងវិញ» គឺជា​គម្រោង​ខ្នាត​យក្ស​មួយ​ក្នុងចំណោម​មហា​គម្រោងដែល​​តំណាងឱ្យ​មហិច្ឆតា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក​របស់ ប្រទេស​ចិន។

    ប្រទេស​ចិន កំពុងតែ​បញ្ចេញ​ប្រាក់​វិនិយោគ​ខ្ទង់​រាប់​ទ្រី​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​បណ្ដា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធខ្នាត​យក្ស​ ដោយ​សង្ឃឹមថា មហា​គម្រោង​ទាំង​នោះ​នឹង​ក្លាយជា​កម្លាំង​ជំរុញ លើកកម្ពស់​ខឿនសេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ មួយ​នេះ។

    រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំណត់​គោលដៅ​បញ្ចេញ​ថវិកា ៦.៨ ទ្រី​លាន​យុន (ប្រហែល ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក) ទៅក្នុង​មហា​គម្រោង​នានា នេះ​បើតាម Bloomberg។ ទុនវិនិយោគ​អាច​នឹង​កើនឡើង​ខ្ពស់ជាង​នេះ ៣ ដង បើសិនជា​បណ្ដាញ​ទុន​ពី​បណ្ដា​ធនាគារ និង​ក្រុមហ៊ុន ត្រូវបាន​បន្ថែម។

    ក្នុង​រយៈពេល​ខ្លី ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​បង្កើតបានជា​កម្លាំង​ជំរុញ​ដល់​ទីផ្សារការងារ ដែល​បច្ចុប្បន្ន​​រង​ផលប៉ះពាល់​ដោយសារ​កំណើនសេដ្ឋកិច្ច​យឺត។ ចំណែក​ក្នុង​រយៈពេល​វែង​វិញ គម្រោង​ទាំងនេះ​នឹង​ជួយ​ឱ្យ ប្រទេស​ចិន ព​ន្លឿ​ន​ដំណើរការ​អភិវឌ្ឍ​ទីក្រុង បង្កើតបានជា​ខឿនសេដ្ឋកិច្ច​ដែល​រកបាន​ចំណូល​ខ្ពស់ អាច​ប្រកួតប្រជែង​ជាមួយ សហរដ្ឋ​អាម៉េរិក ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ល។

    «មហា​គម្រោង​​​ជំរុញ​វិស័យ​ថាមពល​កកើត​ឡើងវិញ»

    «មហា​គម្រោង​​​ជំរុញ​វិស័យ​ថាមពល​កកើត​ឡើងវិញ»​ គឺជា​គម្រោង​ខ្នាត​យក្ស​មួយ​ក្នុងចំណោម​មហា​គម្រោង​តំណាងឱ្យ​មហិច្ឆតា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ ១ ទ្រី​លាន (១,០០០,០០០,០០០,០០០.០០) ដុល្លារ​អាម៉េរិក​របស់ ប្រទេស​ចិន។

    តំបន់​សមុទ្រ​ខ្សាច់​នៅ​ភាគ​ខាងជើង​របស់ ប្រទេស​ចិន ត្រូវបាន​ជ្រើសរើស​ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ថាមពល​កកើត​ឡើងវិញ​ថ្មី។ ក្នុង​ប៉ុន្មាន​ខែ​កន្លងមកនេះ សកម្មភាព​សាងសង់​មជ្ឈមណ្ឌល​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់ និង​ព្រះអាទិត្យ កំពុងតែ​កើតឡើង​យ៉ាង​មមាញឹក ដែល​សកម្ម​ភាព​នេះ​នឹង​បន្ត​​រហូតដល់​ឆ្នាំ ២០៣០។ បរិមាណ​អគ្គិសនី​កកើត​ឡើងវិញ​របស់​តំបន់​នេះ ស្មើនឹង អឺរ៉ុប នាពេល​បច្ចុប្បន្ន។

    ក្រៅពី «មហា​គម្រោង​​​ជំរុញ​វិស័យ​ថាមពល​កកើត​ឡើងវិញ» ​ប្រទេស​ចិន នៅមាន​មហា​គម្រោង​ជាច្រើន​ផ្សេងទៀត មានដូចជា «មហា​គម្រោង​ប្រឡាយ​បង្ហូរទឹក​ក្រោម​ដី​ដែល​វែង​ជាងគេ​ក្នុង​ពិភពលោក», «មហា​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង​ប្រហែល ៤០ ម៉ឺន​គីឡូម៉ែត្រា», «មហា​គម្រោង​សម្រាប់​បណ្ដា​មជ្ឈមណ្ឌល​ទិន្នន័យ​តម្លៃ ៤០០ ពាន់​លាន​យុន/ឆ្នាំ» និង «មហា​គម្រោង​សម្រាប់​ការផ្ដល់​អាទិភាព​ចំពោះ​ទីក្រុង​បៃតង»។ល។

    «មហាគម្រោងប្រឡាយបង្ហូរទឹកក្រោមដីដែលវែងជាងគេក្នុងពិភពលោក»
    «មហាគម្រោងសម្រាប់ការផ្ដល់អាទិភាពចំពោះទីក្រុងបៃតង»
    «មហាគម្រោងផ្លូវដែកល្បឿនលឿនប្រវែងប្រហែល ៤០ ម៉ឺនគីឡូម៉ែត្រា»
  • ប្រទេស​ឥណ្ឌា ​យកឈ្នះ​លើមហា​អំណាច​សេដ្ឋកិច្ច​នៅ អឺរ៉ុប និង​គ្រោង​ «ផ្ដួល» មហា​អំណាច​ដទៃ​ទៀត

    ប្រទេស​ឥណ្ឌា ​យកឈ្នះ​លើមហា​អំណាច​សេដ្ឋកិច្ច​នៅ អឺរ៉ុប និង​គ្រោង​ «ផ្ដួល» មហា​អំណាច​ដទៃ​ទៀត

    ប្រទេស​ឥណ្ឌា ដណ្ដើមបាន​តំណែង​ជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ពី​ដៃ​របស់ អង់គ្លេស និង​កំពុង​ឆ្ពោះទៅ​កាន់កាប់​តំណែង​លេខ ៣ បន្តទៀត។

    ទិន្នន័យ GDP ដែល​ត្រូវបាន IMF (មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ) ប្រកាស​កាលពីដើម​ខែកញ្ញា បាន​បង្ហាញថា ទំហំ​សេដ្ឋកិច្ច​របស់ ឥណ្ឌា បាន​យកឈ្នះ​លើ អង់គ្លេស នៅក្នុង​អំឡុង ៣ ខែ​ចុងឆ្នាំ ២០២១ និង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២២។

    ទំហំ​សេដ្ឋកិច្ច​របស់ ឥណ្ឌា សម្រេចបាន ៨៥៤.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល អង់គ្លេស ដែលជា​អតីត​អាណាព្យាបាល​​របស់ ឥណ្ឌា សម្រេចបាន ៨១៦ ពាន់​លាន​ដុល្លារ។

    ជាមួយនឹង​លទ្ធផល​ខាងលើ ឥណ្ឌា បាន​យកឈ្នះ​លើ អង់គ្លេស ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក បន្ទាប់ពី សហរដ្ឋ​អាម៉េរិក, ចិន, ជប៉ុន និង អាល្លឺម៉ង់។ កាលពី ១ ទសវត្សរ៍​មុន សេដ្ឋកិច្ច​ឥណ្ឌា ឈរ​លំដាប់​ទី ១១ ខណៈដែល អង់គ្លេស ឈរ​លំដាប់​ទី ៥​។ IMF ព្យាករ​ថា សេដ្ឋកិច្ច​របស់ ឥណ្ឌា នឹង​បន្ត​រក្សា​តំណែង​នេះ ហើយ​នឹងមាន​កំណើន​ជាង ៧% ទៀត​ នៅ​ក្នុងឆ្នាំនេះ។

    ធនាគារកណ្ដាល​របស់ ឥណ្ឌា (SBI) កាលពី​ថ្ងៃទី ០៣ កញ្ញា បានប្រកាស​អំពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញថា ប្រទេស​នេះ​កំពុង​ឆ្ពោះទៅ​​រក​ការ​កាន់កាប់​តំណែង​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី ៣ ក្នុង​ពិភពលោក ដោយ​គ្រោង​នឹង​យកឈ្នះ​លើ អាល្លឺម៉ង់ នៅ​ឆ្នាំ ២០២៧ និង ជប៉ុន នៅ​ឆ្នាំ ២០២៩៕

  • ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ប្រទេស​ចិន ស្ថាបនា​​ជិត​​រួច​រាល់​​ហើយ (វីដេអូ)

    ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ប្រទេស​ចិន ស្ថាបនា​​ជិត​​រួច​រាល់​​ហើយ (វីដេអូ)

    ផ្លូវដែក​ប្រវែង ២៧៧ គីឡូម៉ែត្រ អាច​រត់​បាន ៣៥០ គីឡូ​ម៉េ​ត្រ/ម៉ោង គ្រោង​នឹង​ជួយ​ឱ្យ​ការធ្វើដំណើរ​រវាង Fuzhou និង Xiamen ចុះមក​នៅត្រឹមតែ ១ ម៉ោង។

    ការដំឡើង​ផ្លូវដែក​នៃ​គម្រោង​សម្រាប់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ឆ្លង​សមុទ្រ​ដំបូង​របស់ ប្រទេស​ចិន ត្រូវបាន​បង្ហើយ​កាលពី​ថ្ងៃទី ៣០ សីហា នៅក្នុង​ខេត្ត Fujian។

    ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​បណ្ដាញ​ផ្លូវដែក​ល្បឿន​លឿន ៨ ខ្សែបណ្ដោយ និង ៨ ខ្សែទទឹង​របស់ ប្រទេស​ចិន ផ្លូវដែក Fuzhou-Xiamen ​ប្រវែង ២៧៧.៤២ គីឡូម៉ែត្រ​ខាងលើ នឹង​ជួយ​ត​ភ្ជាប់​ Fuzhou ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Fujian ជាមួយនឹង​ទីក្រុង​កំពង់ផែ Xiamen។

    គម្រោង​ផ្លូវដែក​នេះ​ត្រូវបាន​រំពឹងថា នឹង​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​រវាង​ទីក្រុង​ទាំង ២ ខាងលើ មក​នៅត្រឹម ១ ម៉ោង ដោយសារ​អាចឱ្យ​បើកបរ​ក្នុង​ល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង និង​មាន​ចំណត​ចំនួន ៨ កន្លែង។

    ក្រុម​អ្នក​សាងសង់​ត្រូវ​ឆ្លងកាត់​ការលំបាក​ជាច្រើន និង​ប្រើប្រាស់​មធ្យោបាយ​ដំឡើង​ផ្លូវដែក​ទំនើប​បំផុត​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព។

    Zhang Xiaofeng ដែលជា​បុគ្គលិក​នៃ​គម្រោង​ផ្លូវដែក Fuzhou-Xiamen បានឱ្យដឹងថា «ធៀប​នឹង​ការដំឡើង​ផ្លូវដែក​តាម​ធម្មតា (ការប្រើប្រាស់​បច្ចេកទេស​ទំនើប) ប្រសិទ្ធភាព​បាន​កើនឡើង ៦០%។ ក្នុង ១ ថ្ងៃ គេ​អាច​ដំឡើង​ផ្លូវដែក​ប្រមាណ ៦ គីឡូម៉ែត្រ។

    គម្រោង​ស្ថាបនា​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​នេះ​គ្រោង​នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ ២០២៣។

    នៅ ប្រទេស​ចិន ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ផ្លូវដែក​ប្រវែង​ជាង ២ ពាន់​គីឡូម៉ែត្រ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការរួច​ហើយ​៕

  • សក្ដានុពល​ជោគជ័យ​របស់​រថយន្ត​ខ្នាតតូច និង​មធ្យម​ដើរ​ដោយ​អគ្គិសនី​នៅ ប្រទេស​ចិន

    សក្ដានុពល​ជោគជ័យ​របស់​រថយន្ត​ខ្នាតតូច និង​មធ្យម​ដើរ​ដោយ​អគ្គិសនី​នៅ ប្រទេស​ចិន

    រថយន្ត​អគ្គិសនី​បាន និង​កំពុង​គ្រប់គ្រង​ទីផ្សារ​ទាំង​ក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ជាង​ពាន់​លាន​នាក់​មួយ​នេះ។

    នៅពេល​រថយន្ត​អគ្គិសនី​កាន់តែ​ពេញនិយម​នៅលើ​ពិភពលោក ការប្រកួតប្រជែង​រវាង​អ្នក​ផលិត​ក៏​កាន់តែ​កើនឡើង​ខ្ពស់។ នៅក្នុង​ប្រទេស​មួយចំនួន បណ្ដា​ក្រុមហ៊ុន​នាំគ្នា​ប្រជែង​តែ​ក្នុង​ប្រភេទ​រថយន្ត​ប្រណិត តម្លៃ​ថ្លៃ និង​កំពុង​រក​វិធី​ដើម្បី​មានប្រៀប​លើ​​គ្នា​ក្នុង​តម្លៃ ខណៈដែល​អ្នក​ផលិត​ផ្សេងទៀត បែរជា​វាយលុក​ទាំង​នៅក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប។

    នៅ​លោកខាងលិច បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី (នាំមុខ​ដោយ Tesla) សុទ្ធតែ​បានទទួល​ជោគជ័យ​នៅ សហរដ្ឋ​អាម៉េរិក ដោយ​ការបញ្ចេញ​រថយន្ត​ប្រភេទ​ប្រណិត​ទៅ​ក្នុង​ទីផ្សារ និង​ពង្រីក​បន្តិចម្ដងៗ ទៅកាន់​ប្រភេទ​តម្លៃ​ទាប​ដែលមាន​បរិមាណ​ច្រើន។ ឆ្នាំ ២០១៩ រថយន្ត​ប្រភេទ Hybrid (ប្រើប្រាស់​ម៉ា​ស៊ី​ចំហេះ​ក្នុង​មួយគ្រឿង និង​ម៉ូ​ទ័​រអគ្គិសនី​​មួយគ្រឿង) ត្រូវបាន​ដាក់លក់​នៅ សហរដ្ឋ​អាម៉េរិក។ យោងតាម Bloomberg ឆ្នាំ ២០២២ តួលេខ​នេះ​នឹង​កើន​ឡើងដល់ ១.៤ លាន​គ្រឿង។

    រថយន្ត​អគ្គិសនី​ Tesla របស់​ សហរដ្ឋ​អាម៉េរិក

    នៅឯ ប្រទេស​ចិន វិញ រថយន្ត​អគ្គិសនី​បាន និង​កំពុង​គ្រប់គ្រង​ទីផ្សារ​យ៉ាង​ពេញទំហឹង ទាំង​ក្នុង​ប្រភេទ​ប្រណិត ទាំង​ក្នុង​ប្រភេទ​តម្លៃ​ទាប។ រថយន្ត Hybrid ប្រមាណ ៥៦៧,០០០ គ្រឿង ត្រូវបាន​លក់​ចេញ​នៅក្នុង​ខែកក្កដា​កន្លងទៅ កើន ១២០% ធៀប​នឹង​មួយខែ​មុន​នោះ។ Bloomberg ព្យាករ​ថា រថយន្ត​អគ្គិសនី​សរុប ៦ លាន​គ្រឿង​នឹងត្រូវ​បានប្រគល់​ដល់ដៃ​អតិថិជន​នៅក្នុង​ឆ្នាំនេះ។

    តម្រូវ​ការ​ទីផ្សារ​របស់​រថយន្ត​អគ្គិសនី​អាច​កើនឡើង​ខ្ពស់ជាង​នេះ​បន្តទៀត នាពេលខាងមុខ នៅពេល​អ្នកប្រើប្រាស់​មាន​ចំណាប់អារម្មណ៍​កាន់តែខ្លាំង។ ប្រការនេះ​នឹងធ្វើ​ឱ្យ​បរិមាណ​រថយន្ត​ដើរ​ដោយ​ប្រេងសាំង ត្រូវ​ថយចុះ​យ៉ាង​ឆាប់រហ័ស។

    រថយន្តអគ្គិសនី Wuling របស់ ចិន

    Bloomberg បាន​វាយតម្លៃថា ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី បាន និង​កំពុង​ទទួល​ជោគជ័យ​ក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាត​ធំ និង SUV នៅ ប្រទេស​ចិន។ ភាពជោគជ័យ​បន្ទាប់​អាចជា​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច និង​មធ្យម។ ការប្រកួតប្រជែង​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ចិន សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក នឹង​កាន់តែ «សាហាវ» ថែមទៀត នាពេល​ដ៏​ខ្លី​ខាងមុខ៕

  • ប្រទេស​ថៃ ចូល​រួម​​ដណ្ដើម​យក​​បុគ្គល​​ដែល​​មាន​​សក្តានុពល​​​ពី​​បរទេស​​ ដើម្បី​​ស្ដារ​សេដ្ឋកិច្ច​​ជាតិ​

    ប្រទេស​ថៃ ចូល​រួម​​ដណ្ដើម​យក​​បុគ្គល​​ដែល​​មាន​​សក្តានុពល​​​ពី​​បរទេស​​ ដើម្បី​​ស្ដារ​សេដ្ឋកិច្ច​​ជាតិ​

    ចាប់​ពី​ខែ​កញ្ញា​ ២០២២ នេះ ពលករ​​​​​​មាន​ជំនាញការ​ងារ​​ខ្ពស់ បុគ្គលជា​​អ្នក​ឯកទេស​​ជាន់​ខ្ពស់​ បុគ្គល​​មាន​ទ្រព្យ​ច្រើនមក​ពី​​បរទេស​​ដែល​បាន​ចូល​និវត្តន៍​​ អាច​ដាក់​ពាក្យ​តាម​អនឡាញ​ដើម្បី​បន្ត​ស្នាក់​នៅ​ក្នុង ប្រទេស​ថៃ​។

    យោង​តាម​ប្រភពព័ត៌មាន​ពី​ បាងកក ប្រទេស​ថៃ កំពុង​តែ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​ទាក់​ទាញ​មនុស្ស​ពូកែៗ និង​ក្រុម​អ្នក​មាន​ ឱ្យ​ស្នាក់​នៅ​ និង​ធ្វើ​ការ​ក្នុង​ប្រទេស​នេះ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

    ​លោក Chayotid Kridakon ទីប្រឹក្សា​របស់​ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​កញ្ញា​ ២០២២ នេះ អ្នក​ជំនាញ​ជាន់​ខ្ពស់​ បុគ្គល​​មាន​ទ្រព្យ​ច្រើន​ រួម​នឹង​ពលករ​​​​មាន​ជំនាញ​ខ្ពស់​មក​ពី​​បរទេស​​ដែល​បាន​ចូល​និវត្តន៍​​ អាច​ដាក់​ពាក្យ​តាម​អនឡាញ​ដើម្បី​បន្ត​ស្នាក់​នៅ និង​ធ្វើ​ការ​​ក្នុង ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ ១០ ឆ្នាំ​។

    យោង​តាម​លោក Kridakon រដ្ឋាភិបាល​ថៃ បាន​កំណត់​គោល​ដៅ​ទាក់​ទាញ​ជនបរទេសដែល​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ ឬ​អ្នក​មាន​ជំនាញ​ខ្ពស់ ​ឱ្យ​បាន​ ១ លាន​នាក់ ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ​។

    គោលនយោបាយ​ទាក់​ទាញ​បុគ្គល​មាន​ទ្រព្យច្រើន​ និង​បុគ្គល​មាន​ជំនាញ​ខ្ពស់​ខាងលើ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំហាន​សំខាន់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ថៃ​ ដែល​គ្រោង​នឹង​មាន​កំណើន​ត្រឹម​តែ​ ៣.៣% ក្នុង​ឆ្នាំ​នេះ​។

    ក្រៅ​ពី​ ប្រទេសថៃ កន្លង​មក​ក៏​មាន​ ប្រទេស​មួយ​ចំនួន​​ដែល​អនុវត្ត​​គោលនយោបាយ​​អូស​ទាញ​ជន​បរទេស​ ក្នុង​នោះ​មាន​ទាំង​ សិង្ហបុរី និង​ អេមីរ៉ាត​អារ៉ាប់​រួម ផងដែរ​៕