Category: សង្គម និងសេដ្ឋកិច្ច

  • ការនាំចេញ​ទំ​ទិញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​សម្រេចបាន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក

    ការនាំចេញ​ទំ​ទិញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​សម្រេចបាន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក

    ៨ ខែ​ដើមឆ្នាំ ២០២២ ការនាំចេញ​ទំនិញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ជាង ១៥ ៦៥១ លាន​ដុល្លារ​អាម៉េរិក កើន​ជាង ២៦% បើ​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១។

    យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុងអំឡុង ៨ ខែ​ដើមឆ្នាំ ២០២២ ការនាំចេញ​ទំនិញ​របស់ កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រេចបាន​ជាង ១៥ ៦៥១ លាន​ដុល្លារ​អាម៉េរិក កើន​ជាង ២៦% គ្រា​ដែល​ការ​នាំចូល​សម្រេច​បានជា​ង ២១ ៧៦៤ លាន​ដុល្លារ កើន​ជាង ១៨% ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១។

    ទីផ្សារ​ដែល កម្ពុជា នាំចេញ​ទំនិញ​សម្រេចបាន​លើសពី ១ ពាន់​លាន​ដុល្លារ​អាម៉េរិក គឺ សហរដ្ឋ​អាម៉េរិក និង វៀតណាម ក្នុងនោះ ការនាំ​ចេញទៅ សហរដ្ឋ​អាម៉េរិក សម្រេចបាន ៦ ៤២១ លាន​ដុល្លារ កើន ៣៧% និង វៀតណាម សម្រេចបាន​ជាង ១ ៤៦៩ លាន​ដុល្លារ កើន​ជិត ៤%។ ទីផ្សារ​ដែល កម្ពុជា បាន​នាំចេញ​ទំនិញ​មានតម្លៃ​លើសពី ៥០០ លាន​ដុល្លារ រួមមាន ជប៉ុន (ជិត ៧៩០ លាន​ដុល្លារ), អាល្លឺម៉ង់ (៧៤៧ លាន​ដុល្លារ) និង អង់គ្លេស (៦២៧ លាន​ដុល្លារ)។

    ចំណែក​ទីផ្សារ​ដែល កម្ពុជា នាំចូល​ទំនិញ​សម្រេចបាន​លើសពី ២ ពាន់​លាន​ដុល្លារ រួមមាន ប្រទេស​ចិន (៧ ១៩៣ លាន​ដុល្លារ), ប្រទេស​ថៃ (២ ៦១៣ លាន​ដុល្លារ), វៀតណាម (ជាង ២ ៧៧៤ លាន​ដុល្លារ) និង ស្វ៊ី​ស (ជាង ១ ៣៣៩ ដុល្លារ)៕

  • តម្លៃ​មាស​ពិភពលោក ធ្លាក់​ថ្លៃ​ជាង ១% ក្រោយ​មាន​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់ សហរដ្ឋ​អាម៉េរិក

    តម្លៃ​មាស​ពិភពលោក ធ្លាក់​ថ្លៃ​ជាង ១% ក្រោយ​មាន​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់ សហរដ្ឋ​អាម៉េរិក

    តម្លៃ​មាស​អាច​នឹង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១,៦៩០ ទៅ ១,៧០០ ដុល្លារ/អោន ក្នុង​រយៈពេល​ខ្លី នៅពេលដែល​​ប្រាក់​ដុល្លារ​អាម៉េរិក អាច​ត្រូវបាន​ជូ​ញ​ដូរ​ក្នុងតម្លៃ​ខ្ពស់​ថ្មី ក្នុង​គ្រា​ រតនាគារជាតិ​អាម៉េរិក (Fed) រឹតបន្តឹង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ក្រោយ។

    តម្លៃ​មាស​ពិភពលោក​បាន​ធ្លាក់ចុះ​ជាង ១% ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ ក្នុង​គ្រា​ដែល​ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ​ជាថ្មី បន្ទាប់ពីសន្ទស្សន៍​​ថ្លៃទំនិញ​ប្រើប្រាស់​ក្នុង​ខែសីហា ២០២២ របស់ សហរដ្ឋ​អាម៉េរិក កើនឡើងភ្លាមៗ ធ្វើឱ្យ​ប្រាកដប្រជា​ចំពោះ​ព័ត៌មាន​ចចាមអារ៉ាម​ដែលថា ធនាគារកណ្ដាល​អាម៉េរិក នឹងមាន​ភាព​សកម្ម​ក្នុង​ការដំឡើង​ការប្រាក់។

    នៅវេលា​ទៀបភ្លឺ​ថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២២ (ពេលវេលា​នៅ កម្ពុជា) តម្លៃ​មាស​ប្រគល់​ភ្លាម​បាន​ធ្លាក់ចុះ ១.២% មក​នៅត្រឹម ១,៧០៣.៨០ ដុល្លារ/អោន។ តម្លៃ​មាស​ប្រគល់​តាម​កាលកំណត់​ថយចុះ ១.៣% មក​នៅត្រឹម ១,៧១៧.៤០ ដុល្លារ/អោន (១ អោន (ounce) = ៨.២៩៤២៦ ជី)។

    មូលហេតុ​ដែលនាំឱ្យ​មាស​ធ្លាក់​ថ្លៃ​គឺ​មក​ពីស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) របស់ សហរដ្ឋ​អាម៉េរិក ខ្ពស់ជាង​ការគ្រោងទុក បណ្ដាល​ឱ្យដំណឹង​ចចាមអារ៉ាម​ស្ដីពី​អត្រា​ការប្រាក់ ៧៥ ពិន្ទុ មាន​ភាព​ប្រាកដ​ប្រជា​ដែល​ថា​នឹង​កើតឡើង។ ប្រាក់​ដុល្លារ​អាម៉េរិក កំពុង​ឡើងថ្លៃ ក៏​អាច​បន្ត​ដាក់​សម្ពាធ​ដល់​តម្លៃ​មាស​ផងដែរ នេះ​បើតាម Tai Wong មកពី​ក្រុមហ៊ុន​ជួញដូរ​លោហធាតុ​មានតម្លៃ Heraeus Precious Metals នៅ សហរដ្ឋ​អាម៉េរិក។

    លោក Tai Wong ព្យាករ​ថា មាស​អាច​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​ពី ១,៦៩០ ទៅ ១,៧០០ ដុល្លារ​អាម៉េរិក/អោន ក្នុង​រយៈពេល​ខ្លី គ្រា​ដែល​​ប្រាក់​ដុល្លារ​អាម៉េរិក អាច​ត្រូវបាន​ជូ​ញ​ដូរ​ក្នុងតម្លៃ​ខ្ពស់​ថ្មី នៅពេល រតនាគារជាតិ​អាម៉េរិក (Fed) នឹង​រឹតបន្តឹង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ក្រោយ។

    បើទោះជា​ត្រូវបាន​ចាត់ទុកថា​ជា​រនាំង​សម្រាប់​ទប់ទល់​នឹង​អតិផរណា ប៉ុន្តែ ការប្រាក់​ដែល​កាន់តែ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ការចំណាយ​លើ​ឱកាស​កាន់កាប់​មាស កាន់តែ​កើនឡើង​ខ្ពស់ទៅ​តាម​នោះ​៕

  • ប្រទេស​ចិន កំពុង​អភិវឌ្ឍ​ពូជ​ជ្រូក​ថ្មី «ស៊ី​តិច សាច់​ច្រើន» ដោយ​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់

    ប្រទេស​ចិន កំពុង​អភិវឌ្ឍ​ពូជ​ជ្រូក​ថ្មី «ស៊ី​តិច សាច់​ច្រើន» ដោយ​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់

    បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់​គឺជា​ទី​ចាប់កំណើត​របស់​ពូជ​ជ្រូក​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង អាចឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ចិន។

    ក្នុង​រយៈពេល ២ ខែ​បន្តបន្ទាប់​មកនេះ ការដែល​ប្រភព​ផ្គត់ផ្គង់​មានកំណត់ បាន និង​កំពុង​រុញច្រាន​តម្លៃ​សាច់​ជ្រូក​នៅ ប្រទេស​ចិន កើនឡើង​ខ្ពស់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន បានសម្រេច​បញ្ចេញ​សាច់ជ្រូក​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០២២ នេះ។

    ក៏ប៉ុន្តែ គន្លឹះ​សំខាន់ និង​ស្ថិរភាព​ដើម្បី​ធានា​សន្តិសុខ​អាហារ បែរជា​ស្ថិតនៅក្នុង​បណ្ដា​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់។ ទីនេះ​គឺជា​កន្លែង​​ចាប់កំណើត​របស់​ពូជ​ជ្រូក​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ខ្លាំង អាចឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​ចិន​ ដែល​មាន​ប្រជាជន​ជាង ១ ពាន់​លាន​នាក់​។

    រូបភាព​ខាងក្រៅ​នៃ​​បណ្ដា​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បច្ចេកវិទ្យា​ខ្ពស់​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង នៃ​ប្រទេស​ចិន គឺ​ដូច​ទៅនឹង​កសិដ្ឋាន​ធម្មតា​ដទៃ។ ប៉ុន្តែ នេះ​គឺជា​កសិដ្ឋាន​មួយ​ក្នុងចំណោម ១០០ កសិដ្ឋាន​ដែល​ចូលរួម​ក្នុង​ការពិសោធ​កែលំអ​គុណភាព​​ជ្រូក​ពូជ តាមរយៈ​ការតាមដាន​តំណពូជ​របស់​ជ្រូក​សម្រាប់​ការ​បង្កាត់​ពូជ​របស់ ប្រទេស​ចិន។ គោលដៅ​នៃ​ការពិសោធ​គឺ​ដើម្បី​បង្កើតបាន​ពូជ​ជ្រូក​ប្រភេទ​ធំ ត្រូវការ​អាហារ​តិច និង​ធំធាត់​លឿន។ ទាំងនេះ​គឺជា​​កត្តា​សំខាន់បំផុត​ដែល​នឹងធ្វើ​ឱ្យមាន​ការប្រែប្រួល​ក្នុង​ប្រទេស​ចិន​ ដែល​​ផលិត​ជ្រូក​ជិត ៧០០ លាន​ក្បាល​ជា​រៀងរាល់ឆ្នាំ​។

    «កន្លងមក ជ្រូក​ពូជ​របស់ ប្រទេស​ចិន ភាគច្រើន​សុទ្ធតែ​ត្រូវបាន​នាំចូល​ពី​បរទេស។ ជាធម្មតា ប្រហែល ៣ ឆ្នាំ គឺ​ជ្រូក​ពូជ​ដែល​នាំចូល​នឹងត្រូវ​បាត់បង់​ភាព​ដើម និង​មិនមាន​ការរីក​ច្រើន​ណាមួយ។ យើង​បាន​រកឃើញ​បញ្ហា​នេះ ហើយ​ផ្ដល់​អាទិភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​កង្វះ​ជ្រូក​ពូជ​គុណភាព​ខ្ពស់» អ្នកស្រី Hao Wenjie ប្រធាន​ក្រុម​ពូជ​សត្វ​ចិញ្ចឹម នៃ​ក្រុមហ៊ុន BGG របស់ ប្រទេស​ចិន បានឱ្យដឹង​ដូច្នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹងសិក្សា​អំពី​សំណាក​ជាលិកា​របស់​ត្រចៀក ​កាត់​ចេញពី​សត្វ​ជ្រូក​ដែល​ទើប​កើត​បាន​ប៉ុន្មាន​ម៉ោង។ ទិន្នន័យ​ស្ដីពី​តំណពូជ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​អាច​ជ្រើសរើស​កូនជ្រូក​ពូជ​​​​ដែលមាន​សុខភាព​ល្អ និង​ផ្ដល់​ទិន្នផល​ខ្ពស់បំផុត។ ប្រការនេះ​ក៏​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ចំណាយ​ខ្ពស់​ក្នុងការ​ចិញ្ចឹម​ជ្រូក​នៅ ប្រទេស​ចិន។ ការចំណាយ​លើ​ការចិញ្ចឹម​កូនជ្រូក​នៅ ប្រទេស​ចិន ខ្ពស់ជាង​ប្រមាណ ២.៥ ដង ធៀប​នឹង​នៅ សហរដ្ឋ​អាម៉េរិក ដោយសារ​ចំណី​ជ្រូក​ដែល​នាំចូល​ពី​បរទេស​មានតម្លៃ​ថ្លៃ​ និងមាន​​ហានិភ័យ​ឆ្លង​ជំងឺ​​ខ្ពស់។

    «គោលដៅ​របស់​យើង​គឺ​កាត់បន្ថយ​ការចំណាយ​លើ​ការផលិត​សាច់ជ្រូក។ អ្នក​អាច​ធ្វើបាន​ប្រការ​នោះ​ដោយ​ការបង្កើន​អត្រា​ផ្លាស់ប្ដូរ​ចំណី និង​បង្កើន​បរិមាណ​នៃ​ការចាប់​កំណើត​របស់​ជ្រូក» លោក Jan Merks អ្នកជំនាញ​ផ្នែក​តំណពូជ​សត្វ​ចិញ្ចឹម​របស់​ក្រុមហ៊ុន BGG បញ្ជាក់​ដូច្នេះ។

    បច្ចុប្បន្ន BGG កំពុង​ចិញ្ចឹម​ជ្រូក​ប្រហែល ៦,០០០ ក្បាល ក្នុង​គោលដៅ​ពង្រីក​ការចិញ្ចឹម​ជ្រូក​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និងដោះ​ស្រាយ​​បញ្ហា​កង្វះ​សាច់ជ្រូក​នៅ ប្រទេស​ចិន។

    តម្លៃ​សាច់ជ្រូក​រស់នៅ ប្រទេស​ចិន ក្នុង​ខែសីហា ២០២២ បាន​កើន​ជាង ២២%។ យោងតាម​ការ​ព្យាករ នាពេលខាងមុខ តម្លៃ​សាច់ជ្រូក​នឹង​កើនឡើង​បន្តទៀត ដោយសារ​ប្រទេស​នេះ​ជិត​ឈានចូល​ដល់​រដូវ​សម្រាក​ថ្ងៃបុណ្យ​ឯករាជ្យ​ដែល​អូស​បន្លាយពេញ​​មួយ​សប្ដាហ៍ នៅ​ដើមខែ​តុលា បណ្ដាលឱ្យ​តម្រូវការ​សាច់ជ្រូក​កើនឡើង​ខ្ពស់៕

  • OPEC រក្សា​ការ​ព្យាករ​ដដែល​អំពី​កំណើន​នៃ​ការប្រើប្រាស់​ប្រេងសាំង​នៅ​ទូទាំង​ពិភពលោក

    OPEC រក្សា​ការ​ព្យាករ​ដដែល​អំពី​កំណើន​នៃ​ការប្រើប្រាស់​ប្រេងសាំង​នៅ​ទូទាំង​ពិភពលោក

    របាយការណ៍​របស់ OPEC បាន​បង្ហាញថា តម្រូវការ​នៃ​ការប្រើប្រាស់​ប្រេងសាំង​របស់​ពិភពលោក​នឹង​កើន​ឡើង​បន្ថែម​ ៣.១ លាន​ធុង/ថ្ងៃ សម្រាប់​ឆ្នាំ ២០២២ និង ២.៧ លាន​ធុង/ថ្ងៃ សម្រាប់​ឆ្នាំ ២០២៣។

    ក្នុង​របាយការណ៍​ប្រចាំខែ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១៣ កញ្ញា អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង​រ៉ែ (OPEC) គេ​បាន​ឃើញថា អង្គការ​នេះ​នៅតែ​រក្សា​ការ​ព្យាករ​ដ​ដៃ​ស្ដីពី​កំណើន​នៃ​តម្រូវការ​ប្រេង​រ៉ែ​របស់​ពិភពលោក នៅក្នុង​ឆ្នាំ ២០២២ និង ២០២៣ ដោយបាន​លើក​មូលហេតុ​ស្ដីពី​សញ្ញា​នានា​បង្ហាញថា សេដ្ឋកិច្ចធំៗកំពុងដំណើរការ​ល្អជា​ង​ការ​គ្រង​ទុក បើទោះជា​មាន​វិបត្តិ​អតិផរណា​ជាដើម​កំពុង​កើត​ឡើង​។

    របាយការណ៍​របស់ OPEC បាន​បង្ហាញថា តម្រូវការ​នៃ​ការប្រើប្រាស់​ប្រេងសាំង​របស់​ពិភពលោក​នឹង​កើន ៣.១ លាន​ធុង/ថ្ងៃ សម្រាប់​ឆ្នាំ ២០២២ និង ២.៧ លាន​ធុង/ថ្ងៃ សម្រាប់​ឆ្នាំ ២០២៣។ របាយការណ៍នេះ​​មិនមាន​ការប្រែប្រួល​ធៀប​នឹង​ការ​ព្យាករ​ដែល​ត្រូវ​បានលើកឡើង​កាលពី​ខែ​កន្លង។ OPEC ព្យាករ​ថា ការប្រើប្រាស់​ប្រេង​រ៉ែ​សរុប​នៅ​ទូទាំង​សកលលោក​ក្នុងឆ្នាំនេះ និង​ឆ្នាំក្រោយ​នឹងមាន​មធ្យមភាគ​ជា​បន្តបន្ទាប់​គឺ ១០០ លាន​ធុង/ថ្ងៃ និង ១០២.៧៣ លាន​ធុង/ថ្ងៃ។

    យោងតាម OPEC តម្រូវការ​ប្រើប្រាស់​ប្រេង​រ៉ែ​ក្នុង​ឆ្នាំ ២០២៣ គ្រោង​នឹង​ត្រូវបាន​គាំទ្រ​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​រឹងមាំ​នៅតាម​បណ្ដា​ប្រទេស​ប្រើប្រាស់​ប្រេងធំៗ និង​កត្តាសំខាន់ៗមួយចំនួន​ផ្សេងទៀត​ដូចជា ការបន្ធូរបន្ថយ​វិធានការ​បង្ការ​កូ​វីដ-១៩ និង​ស្ថាន​ករ​ណ៍​តាន​តឹង​នៃ​អស្ថិរភាព​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ត្រូវបាន​កាត់បន្ថយ។

    ទោះជា​យ៉ាង​ណា​ក៏ដោយ​ របាយការណ៍​របស់ OPEC ក៏​យល់ថា ការរំពឹង​អំពី​កំណើន​នៃ​ការប្រើប្រាស់​ប្រេងសាំង​របស់​ពិភពលោក នៅតែ​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន រួមមាន ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ផលប៉ះពាល់​របស់​កូ​វីដ-១៩ បញ្ហា​ប្រភព​ផ្គត់ផ្គង់ អតិផរណា​កើនឡើង បំណុល​របស់​រដ្ឋ​ឡើង​ខ្ពស់ និង​និន្នាការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​បណ្ដា​ធនាគារកណ្ដាល​នៅ សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប និង​អង់គ្លេស ជាដើម៕

  • ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

    ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)

    ក្រសួងអប់រំ យុវជន និង​កីឡា ប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅថ្ងៃទី ០៥ និងទី ០៦ ខែធ្នូ ឆ្នាំ ២០២២ វិញ។

    ការ​សម្រេច​ពន្យារពេល​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ចៀស​ការ​រំខាន​នានា ដោយ​ហេតុ​ថា នៅ​ក្នុង​ខែ​វិច្ឆិកា ២០២២ កម្ពុជា​ នឹង​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ មាន​ដូច​ជា​ បុណ្យ​អុំទូក កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ជា​ដើម​។

  • Four Seasons Place Kuala Lumpur ​នៅ​ ម៉ាឡេស៊ី ​ជា​​សណ្ឋាគារ​​ខ្ពស់​​ជាង​គេ​​នៅ​ អាស៊ីអាគ្នេយ៍

    Four Seasons Place Kuala Lumpur ​នៅ​ ម៉ាឡេស៊ី ​ជា​​សណ្ឋាគារ​​ខ្ពស់​​ជាង​គេ​​នៅ​ អាស៊ីអាគ្នេយ៍

    Four Seasons Place Kuala Lumpur ឬ​ហៅថា Four Seasons KLCC និង FSP KLCC Tower គឺជា​អគារ​មួយ​មាន​កម្ពស់ ៣៤២.៥ ម៉ែត្រ (៧៤ ជាន់) ស្ថិតនៅក្នុង​ទីក្រុង​គួ​ឡា​ឡាំ​ពួ របស់ ម៉ាឡេស៊ី។

    ជា​ផ្នែក​មួយ​របស់​តំបន់​ប្រជុំជន KLCC និង​នៅក្បែរ​អគារ​ភ្លោះ Petronas អគារ Four Seasons Place Kuala Lumpur ស្ថិតក្នុង​មជ្ឈមណ្ឌល​នៃ​តំបន់ត្រីកោណមាស ជា​ជ​ម្ឈ​មណ្ឌល​ពាណិជ្ជកម្ម និង​កម្សាន្ត​មមាញឹក​បំផុត​របស់​ទីក្រុង​គួ​ឡា​ឡាំ​ពួ។

    អគារ​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​លោក Ong Beng Seng មហាសេដ្ឋី​ជនជាតិ​សិង្ហ​បុរី​ដើមកំណើត​នៅ Ipoh (ទីក្រុង​មួយ​របស់ ម៉ាឡេស៊ី) សហការ​ជាមួយ Tan Sri Syed Yusof Tun Syed Nasir និង​ក្សត្រា (ឬ​មេដឹកនាំ​សាសនា​អ៊ីស្លាម) របស់​រដ្ឋ Selangor នៃ ប្រទេស​ម៉ាឡេស៊ី មកពី​ក្រុមហ៊ុន Venus Assets Sdn Bhd។

    សណ្ឋាគារ​នេះ​មាន​អាង​ហែល​ទឹក​នៅ​ខាងក្រៅ ហើយ​ភ្ញៀវ​អាច​ទទួលទាន​អាហារ​ពី​ភោជនីយដ្ឋាន​ចំនួន ៦ ផ្សេងគ្នា​នៅក្នុង​សណ្ឋាគារ​នេះ។ គ្រប់​បន្ទប់​នៅក្នុង​សណ្ឋាគារ​នេះ​សុទ្ធ​តែមាន WiFi ល្បឿន​លឿន​មិន​គិតថ្លៃ។

  • ឡាវ​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាង ៣០០ លាន​ដុល្លារ ក្នុង ៨ ខែ​ដើមឆ្នាំ ២០២២

    ឡាវ​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាង ៣០០ លាន​ដុល្លារ ក្នុង ៨ ខែ​ដើមឆ្នាំ ២០២២

    យោងតាម​ទិន្នន័យ​របស់ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ គិត​មកដល់​ដំណាច់​ខែសីហា ២០២២ ការនាំចេញ​ផលិតផល​សរុប​របស់ ប្រទេស​ឡាវ សម្រេចបាន ៤.៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ចំណែក​ការ​នាំចូល​សម្រេចបាន ៤.៣២ ពាន់​លាន​ដុល្លារអាម៉េរិក។

    គិត​ត្រឹម​ដំណាច់​ខែសីហា ២០២២ ការដោះដូរ​ពាណិជ្ជកម្ម​សរុប​របស់ ឡាវ ជាមួយនឹង​ពិភពលោក សម្រេចបាន ៨.៩៧ ពាន់​លាន​ដុល្លារ ថយចុះ​បន្តិច​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១ (៩.០៧ ពាន់​លាន​ដុល្លារ)។ ក្នុងនោះ ការនាំចេញ​របស់ ឡាវ សម្រេចបាន ៤.៦៥ ពាន់​លាន​ដុល្លារ ថយចុះ ៨.៨% (៥.១ ពាន់​លាន​ដុល្លារ) ខណៈដែល​ការ​នាំចូល​សម្រេចបាន ៤.៣២ ពាន់​លាន​ដុល្លារ កើន ៩% (៣.៩៦ ពាន់​លាន​ដុល្លារ)។ ដូច្នេះ តុល្យភាព​ពាណិជ្ជកម្មរ​បស់ ឡាវ ត្រូវបាន​គណនា​ឃើញថា មាន​អតិរេក​ពាណិជ្ជកម្ម ៣៣០ លាន​ដុល្លារ​អាម៉េរិក។

    ដៃគូ​ពាណិជ្ជកម្ម​ដែល​ធំជាងគេ​​បង្អស់​របស់ ប្រទេស​ឡាវ នៅក្នុង ៨ ខែ​ដើម​ឆ្នាំនេះ​គឺ ប្រទេស​ថៃ ដោយ​ការដោះដូរ​ទំនិញ​សរុប​សម្រេចបាន ៣.២ ពាន់​លាន​ដុល្លារ ស្មើនឹង ៣៥.៧% បើ​ធៀប​​ជាមួយ​នឹង​ការនាំចេញ-នាំចូល​សរុប​របស់ ឡាវ ជាមួយនឹង​ពិភពលោក។ ឈរ​លំដាប់​លេខ ២ គឺ ប្រទេស​ចិន (២.៤៤ ពាន់​លាន​ដុល្លារ ស្មើនឹង ២៧.២%) ចំណែក​លេខ ៣ គឺបាន​ទៅ​លើ​ វៀតណាម។

    មុខទំនិញ​នាំចេញសំខាន់ៗរបស់ ប្រទេស​ឡាវ រួមមាន​ដូចជា អគ្គិសនី មាស ក្រដាស កៅស៊ូ និង​កសិផល។ល។ ចំណែក​មុខទំនិញ​នាំចូលសំខាន់ៗ មានដូចជា ប្រេងសាំង យានយន្ត និង​គ្រឿងចក្រ។ល។

  • វៀតណាម មិន​ព្រម​បន្ត​ការលើកលែង​ពន្ធ​ប្រថាប់ត្រា ៥០% សម្រាប់​រថយន្ត​ផលិត និង​ដំឡើង​ក្នុងស្រុក

    វៀតណាម មិន​ព្រម​បន្ត​ការលើកលែង​ពន្ធ​ប្រថាប់ត្រា ៥០% សម្រាប់​រថយន្ត​ផលិត និង​ដំឡើង​ក្នុងស្រុក

    ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បានឱ្យដឹងថា នឹងមិន​មានការ​ពន្យា​រ​សុពលភាព​លើ​ការ​បន្ថយពន្ធ​ប្រថាប់ត្រា ៥០% សម្រាប់​រថយន្ត​ដែល​ផលិត និង​ដំឡើង​ក្នុងប្រទេស​នេះ​ទៀតឡើយ។ ការបញ្ជាក់​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​សំណើសុំ​ពន្យារ​ការអនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ក្នុង​អត្រា ៥០% ឱ្យដល់​ថ្ងៃទី ៣១ ធ្នូ ២០២២។

    ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង កូ​វីដ-១៩ បាន​បង្ក​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន រោងចក្រ និង​ពលករ នាំឱ្យ​ការចំណាយ​នានា​ត្រូវបាន​រឹតបន្តឹង ធ្វើឱ្យ​តម្រូវ​ការទិញ​រថយន្ត​ត្រូវ​ធ្លាក់ចុះ​យ៉ាងជ្រៅ។ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ ក្នុង​បំណង​ជំរុញ​ការប្រើប្រាស់ និង​ដើម្បី​លើកកម្ពស់​ប្រាក់ចំណូល​ជាតិ រដ្ឋាភិបាល​វៀតណាម បានសម្រេច​កាត់បន្ថយ​ពន្ធ​ប្រថាប់ត្រា ៥០% ដើម្បី​ជួយ​ដល់​វិស័យ​រថយន្ត។ សេចក្ដីសម្រេច​នេះ​បាន​អស់​សុពលភាព​តាំងពី​ថ្ងៃទី ៣១ ឧសភា ២០២២។

    ក្រោយ​សេចក្ដីសម្រេច​ខាងលើ​អស់​សុពលភាព មតិ និង​សំណើ​ជាច្រើន​ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ស្នើសុំ​ឱ្យមាន​ការបន្ត​សុពលភាព​លើ​ការកាត់បន្ថយ​ពន្ធ​ប្រថាប់ត្រា ៥០% ឱ្យបាន​ដល់​ថ្ងៃទី ៣១ ធ្នូ ២០២២។

    ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​អះអាងថា គោលនយោបាយ​នេះ​មិនទាន់​សមស្រប​នឹង​ស្ថានការណ៍​ជាក់ស្ដែង។ ក្រសួង​នេះ​យល់ថា ការអនុគ្រោះ​ពន្ធ​ខាងលើ​ចំពោះ​រថយន្ត​ដែល​ផលិត និង​ដំឡើង​ក្នុងស្រុក គឺជា​រឿង​មិន​គោរព​ទាំងស្រុង​ទៅតាម​ការកំណត់​នៃ​ក្របខណ្ឌ WTO, FTA និង​វៀតណាម ហើយ​ថា នឹង​អាចធ្វើ​ឱ្យមាន​ការទាមទា​រ​ការពន្យល់​ពី​បណ្ដា​ប្រទេស​ដែល​មិនមាន​រោងចក្រ​ផលិត ដំឡើងរថយន្ត​នៅ​ប្រទេស​នេះ។

    ដោយយោង​ទៅតាម​បទពិសោធន៍​នៅលើ​ពិភពលោក ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​សម្រេច​ប្រកាសថា ការដែល​នៅតែ​អនុគ្រោះ​ពន្ធ​ក្នុង​គ្រា​ដែល​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង គឺជា​រឿង​ដែល​មិន​សម​ហេតុផល៕

  • ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ

    ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ

    ក្រសួងអប់រំ យុវជន និង​កីឡា ចេញសេចក្ដីជូន​ដំណឹង​អំពី​ការ​​ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២២។

    ការ​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ចៀស​ការ​កក​ស្ទះចរាចរណ៍​ ដើម្បី​សម្រួល​ដល់​ក្បួន​រថយន្ត​របស់​គណៈប្រតិភូ​នានា នៅ​ក្នុង​អំឡុង​ពេល​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូលពាក់​ព័ន្ធ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី ១០ ដល់ ១៣ ខែ​វិច្ឆិកា ២០២២។

  • ការនាំចេញ-នាំចូល​ទំនិញ​​សរុប​របស់​ កម្ពុជា សម្រេចបាន​ជាង ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២២

    ការនាំចេញ-នាំចូល​ទំនិញ​​សរុប​របស់​ កម្ពុជា សម្រេចបាន​ជាង ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២២

    ការដោះដូរ​ទំនិញ​សរុប​របស់ កម្ពុជា ជាមួយនឹង​អន្តរជាតិ សម្រេចបាន ៣៧.៤ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៨ ខែ​ដើមឆ្នាំ ២០២២ ក្នុងនោះ​មាន​កំណើន ២១.៥% បើ​ធៀប​នឹង ៨ ខែ​ដើមឆ្នាំ ២០២១។

    ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗ ប្រទេស​ចិន នៅតែ​ទីផ្សារ​ធំ​បំផុត​សម្រាប់ កម្ពុជា ខណៈដែល​សហរដ្ឋអាមេរិក ឈរ​លំដាប់​ទី​ពីរ និង វៀតណាម ថៃ និង​សិង្ហ​បុរី ឈរ​លេខ​បន្តបន្ទាប់។ នេះ​បើតាម របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី ១២ កញ្ញា។

    ផលិតផលសំខាន់ៗដែល​កម្ពុជា នាំ​ចេញទៅ​ប្រទេស​បរទេស រួមមាន​មានដូចជា សំលៀកបំពាក់ អង្ករ ដំឡូង​មី ផល​នេសាទ ចេក ស្វាយ​ជាដើម។ ចំណែក​ផលិតផល​ដែល កម្ពុជា នាំចូល​ពី​បរទេស មានដូចជា​វត្ថុធាតុដើម​សម្រាប់​កាត់ដេរ ស្បែកជើង គ្រឿងចក្រ គ្រឿង​អេ​ឡិច​ត្រូ​និ​ច យានជំនិះ ថ្នាំពេទ្យ និង​គ្រឿង​ឧបភោគបរិភោគ។ល។