Category: សង្គម និងសេដ្ឋកិច្ច

  • លំហូរ​ទុន FDI ​ដែល​​វិនិយោគ​​មក​​លើ​ ​អាស៊ាន​ កើន​​ឡើង​​ដល់​ជាង​ ១៧០ ​ពាន់​​លាន​​ដុល្លារ​​អាម៉េរិក

    លំហូរ​ទុន FDI ​ដែល​​វិនិយោគ​​មក​​លើ​ ​អាស៊ាន​ កើន​​ឡើង​​ដល់​ជាង​ ១៧០ ​ពាន់​​លាន​​ដុល្លារ​​អាម៉េរិក

    របាយការណ៍​ប្រចាំឆ្នាំ​របស់ អាស៊ាន (ASEAN) បាន​សង្កត់ធ្ងន់ថា ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​បានបង្ហាញ​អំពី​សមត្ថភាព​នៃ​ការ​ទប់ទល់ និង​កម្លាំង​ទាក់ទាញ​របស់ អាស៊ាន ក្នុងនាម​ជា​តំបន់​វិនិយោគ​ធំ​មួយ​របស់​ពិភពលោក និង​ជា​ចលករ​នៃ​កំណើន FDI។

    កាលពី​ថ្ងៃទី ១៤ កញ្ញា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន-ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើក​ទី ២៥ បានប្រកាស​របាយការណ៍​វិនិយោគ​អាស៊ាន (AIR) ឆ្នាំ ២០២២ ក្នុង​មូលបទ «ស្ដារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​សកល និង​សម្រួល​ការវិនិយោគ»។

    របាយការណ៍​ខាងលើ​បាន​បង្ហាញថា លំហូរ​ទុន​ផ្ទាល់​ពី​បរទេស (FDI) ចូលមក​កាន់​តំបន់​អាស៊ាន បាន​កើន ៤២% ឡើងដល់ ១៧៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១។ នេះ​គឺជា​កំណើន​ខ្ពស់បំផុត​នៅ​ចំពោះមុខ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ និង​ការកែប្រែ​ស្ថានការណ៍​នៃ​ឱនភាព​សេដ្ឋកិច្ច​ដែល​កើតឡើង​ដោយសារ កូ​វីដ-១៩ ក្នុង​ឆ្នាំ ២០២០។

    របាយការណ៍​ប្រចាំឆ្នាំ​របស់ អាស៊ាន (ASEAN) បាន​សង្កត់ធ្ងន់ថា ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​បានបង្ហាញ​អំពី​សមត្ថភាព​នៃ​ការ​ទប់ទល់ និង​កម្លាំង​ទាក់ទាញ​របស់ អាស៊ាន ក្នុងនាម​ជា​តំបន់​វិនិយោគ​ធំ​មួយ​របស់​ពិភពលោក និង​ជា​ចលករ​នៃ​កំណើន FDI។

    បណ្ដា​សមាជិក​អាស៊ាន (AMS) បាន​ប្រឹងប្រែង​ក្នុងការ​ផ្ដល់​អំណោយផល​ដល់​ការវិនិយោគ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ ការសម្រួល​លើ​ការវិនិយោគ​នៅ អាស៊ាន (AIFF) ក្នុង​ឆ្នាំ ២០២១ បានបង្ហាញ​អំពី​ការសន្យា​របស់ អាស៊ាន នៅក្នុង​ការកែលំអ​បន្ថែ​ម​ទៀត​ចំពោះ​បរិស្ថាន​វិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់។

    យោងតាម​របាយការណ៍​ដដែល បើទោះជា AMS បាន​អនុវត្ត​វិធានការ AIFF ស្ទើរតែ​ទាំងអស់ រួម​នឹង​បណ្ដា​វិធានការ​សម្រួលការ​វិនិយោគ​កាន់តែ​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​ក៏​នៅមាន​ចន្លោះប្រហោង​ដែល​ត្រូវការ​បំពេញបន្ថែម។

    តាម​គម្រោង AIR ២០២២ នឹងត្រូវ​បានប្រកាស​ប​ន្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​អាស៊ាន នៅក្នុង​ខែវិច្ឆិកា​ខាងមុខ៕

  • ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Blueshark R1 ត្រូវបាន​ផលិត​នៅ ម៉ាឡេស៊ី

    ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី Blueshark R1 ត្រូវបាន​ផលិត​នៅ ម៉ាឡេស៊ី

    ម៉ូតូ​អគ្គិសនី​ដែលមាន​លេខ​អូ​តូ Blueshark R1 ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង ទីផ្សារ​ម៉ាឡេស៊ី ដែល​នេះ​ក៏​ជាការ​បើកផ្លូវ​សម្រាប់​ម៉ូតូ​ប្រភេទ​នេះ ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង ទីផ្សារ​អាស៊ីអាគ្នេយ៍ ផងដែរ។

    ម៉ូតូ​លេខ​អូ​តូ​គឺជា​យានយន្ត​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​បំផុត​នៅក្នុង ទ្វីបអាស៊ី ដោយសារតែ​តម្លៃ​សមស្រប និង​ភាពងាយស្រួល​ប្រើប្រាស់​របស់​ពួកវា។ ក្នុង​ទីផ្សារ​ម៉ូតូ​អគ្គិសនី ម៉ូតូ​លេខ​អូ​តូ​នឹង​កាន់តែ​ពេញនិយម​ថែមទៀត ដោយសារ​ថា វា​ជួយ​សំច័យ​ថាមពល​បាន​ច្រើនជាង ងាយស្រួល​ថែទាំ​ជាង ព្រមទាំង​ចំណេញ​លើ​ពន្ធ​នៅក្នុង​ប្រទេស​មួយចំនួន។

    នៅ ម៉ាឡេស៊ី ក្រុមហ៊ុន​មួយ​ក្នុង​ទីផ្សារ​យានយន្ត​អគ្គិសនី អាច​នឹងចូលរួម​ប្រកួតប្រជែង​នាពេលឆាប់ៗ​ខាង​មុខ​នេះ ក្នុងនោះ ផលិតផល​របស់​ក្រុមហ៊ុន​នេះ​អាច​ត្រូវបាន​ផលិត​ក្នុងស្រុក ជាហេតុ​ឱ្យគេ​ជឿ​បាន​ថា ម៉ូតូ​លេខ​អូ​តូ​អគ្គិសនី​តម្លៃ​ទាប​នឹង​បង្ហាញខ្លួន​នៅ​ទីផ្សារ​នេះ។

    យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Edge Markets ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត EP Manufacturing បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែមីនា ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា Sharkgulf និង​មូលនិធិ CIS Pride Silver Rock ដើម្បី​ផលិត និង​ចែកចាយ​ទោចក្រយានយន្ត​អគ្គិសនី​សម្រាប់ ទីផ្សារ​ម៉ាឡេស៊ី និង អាស៊ីអាគ្នេយ៍។

    CIS គឺជា​មូលនិធិ​វិនិយោគ​ដែល​ដំណើរការ​ដោយ Silver Rock Capital, Realchamp Asset Management និង The Pride Group ខណៈដែល Sharkgulf មាន​ទីស្នាក់ការ​កណ្ដាល​នៅ ប្រទេស​ចិន ដែលជា​អ្នក​ផលិត​ម៉ូតូ​អគ្គិសនី​យីហោ Blueshark។ ម៉ាឡេស៊ី នឹង​ក្លាយជា​ស្រុកកំណើត​របស់​រោងចក្រ​ផលិត ចែកចាយ និង​លក់​ប្រភេទ​កង់​សម្រាប់​ម៉ូតូ​អគ្គិសនី Blueshark។

    ម៉ូតូ​អគ្គិសនី​លេខ​អូ​តូ Blueshark R1 ដែល​ផលិត​ដោយ Sharkgulf មាន​កម្លាំង ៥ kW។ វា​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី ១,៤៤០ Wh ចំនួន ២ គ្រាប់ អាចឱ្យ​វារ​ត់​ក្នុង​ល្បឿន ២៦ គីឡូម៉ែត្រ/ម៉ោង បាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ ខណៈដែល​ល្បឿន​អតិបរមា​របស់​វា​គឺ ៨០ គីឡូម៉ែត្រ/ម៉ោង។ តម្លៃ​របស់ Blueshark នៅក្នុង​ទីផ្សារ​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ ដែល​នាំចូល​មិន​ផ្ដាច់មុខ មានតម្លៃ​ប្រមាណ ២,៩០០ ដុល្លារ​អាម៉េរិក៕

    មាន​បំពាក់​ប្រព័ន្ធ​អង្គញាណ ឬ​ហៅ​ថា សែនសឺរ ទំនើប
    អេក្រង់​បច្ចេកវិទ្យា​ថ្មី​
  • អាម៉េរិក បញ្ចេញ​ប្រាក់ ៩០០ លាន​ដុល្លារ ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

    អាម៉េរិក បញ្ចេញ​ប្រាក់ ៩០០ លាន​ដុល្លារ ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

    សេត​វិមាន​បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន នឹងចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit និង​ប្រកាស​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៩០០ លាន​ដុល្លារ​ដំបូង​ដើម្បី​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង ៣៥ រដ្ឋ ដែល​ទុកដូចជា​មួយផ្នែក​នៃ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តម្លៃ ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit លោក បៃ​ដិ​ន អាច​នឹង​និយាយ​អំពី​វឌ្ឍនភាព​នានា​ដែល​ទាក់ទង​នឹង​វិស័យ​យានយន្ត​អគ្គិសនី ក៏ដូចជា​គម្រោង​នានា​របស់​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​ជាង​បច្ចុប្បន្ន។

    យោងតាម​លោក បៃ​ដិ​ន ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​កើន​ពី ២៨.២៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១៣៧.៤៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៨ ហើយ​រដ្ឋាភិបាល​ក៏​កំពុងតែ​ជំរុញ​តម្រូវការ​នោះ។ កាលពី​ខែធ្នូ ២០២១ លោក បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​ណែ​នាំឱ្យ​អាជ្ញាធរ​ទិញ និង​ប្រើប្រាស់​តែ​រថយន្ត​អគ្គិសនី ឬ​រថយន្ត plug-in hybrid EV ចាប់ពី​ឆ្នាំ ២០២៧។

    សេត​វិមាន​បានឱ្យដឹងថា កាលពី​ឆ្នាំ ២០២០ តួលេខ​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន​ទិញដូរ​ក្នុង​ទឹកដី​អាម៉េរិក គឺមាន​ត្រឹមតែ ១% ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​របស់លោក បៃ​ដិ​ន ចំនួន​រថយន្ត​អគ្គិសនី​ដែល រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ បាន​កើនឡើង​ទ្វេដង ហើយ​ក្នុង​ឆ្នាំសារពើពន្ធ ២០២២ អាជ្ញាធរ​អាម៉េរិក បាន​ទិញ​រថយន្ត​ច្រើនជាង​មុន​រហូតដល់ ៥ ដង។

    ស្ថានីយបញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក

    រដ្ឋាភិបាល​អាម៉េរិក កំពុងតែ​ជួយ​ជំរុញ​ការ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី។ ការផ្ដល់​ជំនួយ​សម្រាប់​ការសាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​នឹង​ជួយ​ដោះស្រាយ​ឧបសគ្គ​មួយ​ដ៏​ធំ​ចំពោះ​ការជំរុញ​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី។

    ច្បាប់​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ដែល ប្រធានាធិបតី បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា ២០២១ មានតម្លៃ ៧.៥ ពាន់​លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី និង​បណ្ដា​មធ្យោបាយ​បញ្ចូល​ថាមពលជំនួស​ដទៃទៀត។ ៥ ពាន់​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកា ៧.៥ ពាន់​លាន​ដុល្លារ​នោះ ត្រូវបាន​ប្រគល់ឱ្យ​កម្មវិធី​រូបមន្ត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​អគ្គិសនី​ជាតិ (NEVI)។

    យោងតាម​កម្មវិធី NEVI រដ្ឋ​នានា​របស់ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​កញ្ចប់​ជំនួយ​ពី​ស្ថាប័ន​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​របស់​រដ្ឋ (FHWA) រហូតដល់ ៨០% ធៀប​នឹង​តម្លៃ​របស់​គម្រោង​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់៕

  • កម្ពុជា ស្នើឱ្យ​ពិចារណាលើ​ «ការ​ត​ភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​ក្នុង​តំបន់​អាស៊ាន»

    កម្ពុជា ស្នើឱ្យ​ពិចារណាលើ​ «ការ​ត​ភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​ក្នុង​តំបន់​អាស៊ាន»

    ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​លើ​វិស័យ​ថាមពល​អគ្គិសនី និង​ចូលរួម​ឱ្យបាន​យ៉ាងសកម្ម ដើម្បី​សម្រេច​គោលដៅ​ថាមពល​អាស៊ាន កម្ពុជា ស្នើ​ដល់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ពិចារណា​លើ​ការតភ្ជាប់​ខ្សែ​បញ្ជូន និង​បំពង់​ឧស្ម័ន​រវាង​ប្រទេស​នៅក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN)។

    សំណើ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី ៤០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួម​នឹង​វេទិកា​ធុរកិច្ច​ថាមពល​អាស៊ាន​ឆ្នាំ ២០២២ ក្រោម​មូលបទ «បង្កើនល្បឿន​អន្តរកាល​ថាមពល ៖ ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ និង​កំណើន​ប្រកបដោយ​ចីរភាព»។

    នៅក្នុង​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​អាស៊ាន ក្នុងនាម​ជា​ប្រធាន​នៅក្នុង​ឆ្នាំ ២០២២ នេះ កម្ពុជា នឹង​បន្ត​ចូលរួមចំណែក​បង្កើត​គំនិត​ផ្តួចផ្តើមថ្មីៗ និង​ជំរុញ​ការចូលរួម​បន្ថែម​លើ​គ្រប់​សកម្មភាព និង​គម្រោង​អន្តរកាល​ថាមពល​ក្នុង​តំបន់​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត។

    ក្នុង​រយៈពេល ០២ ថ្ងៃ​នៃ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ថាមពល​នៃ​បណ្ដា​ប្រទេស​អាស៊ាន នឹងមាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​ដែល​ទាក់ទង​នឹង​វឌ្ឍនភាព​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ថាមពល ជា​ផ្លូវ​ឆ្ពោះទៅរក​ការបង្កើន​ល្បឿន​អន្តរកាល​ថាមពល និង​ការជំរុញ​សកម្មភាព​ស្ដារ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​អាស៊ាន៕

  • «ទិដ្ឋាការ​មាស» របស់ ប្រទេស​ថៃ ទាក់ទាញ​ជនជាតិ​អាម៉េរិក និង​ ជន​ជាតិ​​ចិន ច្រើន​ជាង​គេ

    «ទិដ្ឋាការ​មាស» របស់ ប្រទេស​ថៃ ទាក់ទាញ​ជនជាតិ​អាម៉េរិក និង​ ជន​ជាតិ​​ចិន ច្រើន​ជាង​គេ

    អាជ្ញាធរ​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ (LTR) ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលជា​អ្នក​មានមក​វិនិយោគ ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

    ប្រទេស​ថៃ ទទួលបាន​ការចុះឈ្មោះ​​ស្នើ​សុំ​ទិដ្ឋាការ​ទៅតាម​កម្មវិធី​ស្នាក់នៅ​ក្នុង​រយៈពេល​យូរ (LTR) ពី​ប្រជាពលរដ្ឋ​បរទេស​ចំនួន​ប្រហែល ៤០០ នាក់ ក្នុង​រយៈពេលតែ​ ១២ ថ្ងៃ​ដំបូង បន្ទាប់ពី​​បានចាប់ផ្ដើម​ដំណើរការ​កម្មវិធី។ នេះ​បើ​យោង​តាម​លោក Narit Therdsteerasukdi អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ។

    លោក Narit បញ្ជាក់ថា ជនជាតិ​អាម៉េរិក មាន​ចំនួន ២០% ក្នុងចំណោម​ពាក្យសុំ​ទិដ្ឋាការ។ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ ជនជាតិ​ចិន (១៥%) និង​តាម​ពីក្រោយ​ដោយ ជនជាតិ​អង់គ្លេស (១០%)។

    ប្រទេស​ថៃ ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​ចាប់ពី​ខែ​នេះ ដើម្បី​បង្កើន​ការទាក់ទាញ​ជនជាតិ​បរទេស​ដែលជា​អ្នកមាន មក​វិនិយោគ​នៅ ប្រទេស​ថៃ ក្នុង​បំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ។ កម្មវិធី LTR កំណត់​គោលដៅ​ទាក់ទាញ​អ្នកមាន​ទ្រព្យ​ច្រើន និង​អ្នកមាន​ជំនាញ​ការងារ​ខ្ពស់​ពី​បរទេស​ឱ្យបាន ១ លាន​នាក់​ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ ដែល​នេះ​នឹង​រួមចំណែក ១ ទ្រី​លាន​បាត (២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ។

    ក្រុម​ពលរដ្ឋ​បរទេស​ជា​គោលដៅ​របស់ LTR ត្រូវបាន​បែងចែក​ជា ៤ ប្រភេទ រួមមាន ពលរដ្ឋ​អ្នកមាន​ទ្រព្យ​ច្រើន, អ្នក​ចូលនិវត្តន៍​មានទ្រព្យ​ច្រើន, អ្នកឯកទេស​បរទេស​ដែល​ធ្វើការ​នៅ ប្រទេស​ថៃ និង​អ្នកឯកទេស​បរទេស​ដែលមាន​ជំនាញ​ខ្ពស់។

    លក្ខខណ្ឌ​ពិសេស​មួយចំនួន​ត្រូវបាន​អនុវត្ត​សម្រាប់​បេក្ខភាព​ដែល​ស្នើសុំ​ទិដ្ឋាការ LTR ក្នុងនោះ​មានដូចជា ពលរដ្ឋ​បរទេស​ដែល​វិនិយោគ​យ៉ាងតិច​កន្លះ​លាន​ដុល្លារ​នៅ ប្រទេស​ថៃ ឬ​មានទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​អាម៉េរិក និង ពលរដ្ឋ​បរទេស​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវមាន​បទ​ពិសេស​ន៍​យ៉ាងតិច ៥ ឆ្នាំ ក្នុង​វិស័យ​ដែល​ខ្លួន​កំពុងធ្វើការ។ល។

    កម្មវិធី​ខាងលើ​អនុញ្ញាតឱ្យ​អ្នកមាន​ទិដ្ឋាការ LTR អាច​សុំ​ពន្យារពេល​លើ​ការ​ស្នាក់នៅ​រហូតដល់ ១០ ឆ្នាំ រួម​នឹង​សិទ្ធិ​ពិសេស​ជាច្រើន​ផ្សេងទៀត។

    ក្នុងចំណោម​មនុស្ស​ប្រហែល ៤០០ នាក់​ដំបូង​ដែល​បាន​ចុះឈ្មោះ​សុំ​ទិដ្ឋាការ LTR មាន ៤០% ជា​អ្នក​ចូលនិវត្តន៍​ដែលមាន​ទ្រព្យ​ច្រើន, ៣០% ជា​អ្នកឯកទេស​ធ្វើការ​នៅ ប្រទេស​ថៃ។ ក្រៅពីនេះ​គឺជា​ពលរដ្ឋ​អ្នកមាន និង​អ្នកឯកទេស​មាន​ជំនាញ​ខ្ពស់៕

  • វិស័យ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី ខាតបង់​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក

    វិស័យ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី ខាតបង់​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក

    ឯកសារ​ផ្ទៃក្នុង​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី បានឱ្យដឹងថា វិស័យនេះ​បាន «ខាតបង់​ផ្ទាល់» អស់​រាបរយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ព្រោះតែ​ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​បណ្ដា​ប្រទេស​នៅ​លោកខាងលិច។

    ការប៉ាន់ប្រមាណ​នេះ​រួមបញ្ចូល​ទាំង​ការខាតបង់​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ ដែល​ទុន​របស់​បណ្ដា​ធនាគារ ក៏ដូចជា​ប្រាក់ ៣០០ ពាន់​លាន​ដុល្លារ​នៃ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស ត្រូវបាន​បង្កក​នៅ​ខាងក្រៅ​ស្រុក។ តួលេខ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​បទ​បង្ហាញ​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​រុស្ស៊ី កាលពី​ខែ​កន្លង។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

    បទ​បង្ហាញ​នេះ​បាន​បរិយាយ​អំពី​ការខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ។ នោះ​គឺ ៨០% នៃ​ទ្រព្យសម្បត្តិ​ក្នុង​វិស័យ​ធនាគារ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ទណ្ឌកម្ម។ រុស្ស៊ី ក៏ត្រូវ​បាន​លុប​ចេញពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT និង​មិនបាន​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​នានា។ បណ្ដា​ឧក​រណ៍​ដូចជា និ​ស្ស​ន្ទ (Derivative), មូលនិធិ​ការពារ​ហានិភ័យ, បូ​លប​ត្រ​បំណុល​ដែល​បោះ​លក់​ជា​រូបិយ​បណ្ណ​បរទេស និង IPO ជាដើម ហាក់​បាន​បាត់​ខ្លួន​ទាំងស្រុង។

    ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍​ខាងលើនេះ មិនបាន​បញ្ចេញ​តួលេខ​សរុប​ស្ដីពី​ការខាតបង់​ដោយសារ​ទណ្ឌកម្ម​របស់​លោកខាងលិច ក៏ដូចជា​មិនបាន​លើកឡើង​អំពី​ផលប៉ះពាល់​រួម​ទៅលើ​សេដ្ឋកិច្ច​របស់ រុស្ស៊ី។

    ក៏ប៉ុន្តែ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពីដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​ថ្លែងថា «រុស្ស៊ី មាន​ភាពជឿជាក់​ក្នុងការ​ទប់ទល់​បាន​ជាមួយនឹង​សម្ពាធ​ពី​ខាងក្រៅ» ហើយ​ថា សេដ្ឋកិច្ច «កំពុង​តែមាន​ស្ថិរភាព ឆ្ពោះទៅកាន់​គន្លង​នៃ​ការរីកចម្រើន»៕

  • កម្ពុជា សម្ពោធ​​បើក​ដំណើរ​ការ​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅ ខេត្តសៀមរាប

    កម្ពុជា សម្ពោធ​​បើក​ដំណើរ​ការ​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅ ខេត្តសៀមរាប

    ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវ​បាន​រៀប​ចំឡើងនាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ​ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

    ស្ថានីយបញ្ចូលថាមពលសម្រាប់​យានយន្តអគ្គិសនី​ថ្មី​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែល​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​យាន​យន្ត​អគ្គិសនី ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យាន​យន្ត​ប្រភេទ​ថ្មី​នេះ​។

    ការ​ដាក់​ដំណើរ​ការ​ស្ថានីយ​ថ្មី​ខាងលើ​នេះ ក៏ជា​ផ្នែក​មួយ​ដើម្បី​ជា​ការ​​បើក​ផ្លូវ​សម្រាប់​ក្រុម​​ហ៊ុន​​ឯកជន​ ចូល​រួម​វិនិយោគ​ក្នុង​វិស័យ​ថ្មី​នេះ​ ក្នុង​គោល​ដៅ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជាសារធាតុ​បំពុល​បរិស្ថាន​ និង​​នាំ​ឱ្យ​​ផែនដី​ឡើង​កម្ដៅ​។

    ទាក់​ទង​នឹង​ការ​ដាក់​ពង្រាយ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី រដ្ឋមន្ត្រីក្រសួងសាធារណការ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ និង​កំពុង​ពិភាក្សា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ ដើម្បី​ស្នើ​ឱ្យ​ដាក់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី​នេះ។ បច្ចុប្បន្ន មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ដាក់​ពង្រាយ ហើយ​មួយ​ចំនួន​ទៀត​កំពុង​តែ​រៀប​ចំ​ដំឡើង​។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ២០២២ កម្ពុជា មានយាន​យន្ត​អគ្គិសនី​ប្រមាណ ៣០៥ គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ឡើង​ដល់​​ជិត ១,០០០ គ្រឿង​ ដែល​តួលេខ​នេះ​​ច្រើន​ជា​ងឆ្ងាយបើ​​ធៀប​នឹង ១៦​ គ្រឿង​កាល​ពីឆ្នាំ​ ២០២១​។

    ទាក់​ទង​នឹង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា កម្ពុជា បាន​បញ្ចុះ​អត្រា​ពន្ធ​ ៦៣% សម្រាប់​ការ​ទិញ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រភេទ​ថ្មី​នេះ​។

    យោង​តាម​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់​យាន​យន្ត​ដែល​បញ្ចូល​ថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​នានា​ នឹង​ត្រូវ​បង់​ប្រាក់​តែ​ ១៥០០ រៀល​ប៉ុណ្ណោះ នៅ​ក្នុង​ ១ គីឡូវ៉ាត់។

    នៅ​ក្នុង​ពិធី​សម្ពោធ​នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ឱ្យ​ដឹង​ថា កម្ពុជា បាន​ និង​កំពុង​សិក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ ភ្នំ​ពេញ, ផ្លូវ​ល្បឿន​លឿន​ទី ២ ភំពេញ​-បាវិត​ ខេត្ត​ស្វាយ​រៀង​រួម​នឹង​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត​។

    ក្រៅ​ពី​នេះ លោក​ទេសរដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទំនិញ គោរព​ច្បាប់​ចរាចរណ៍ កុំដឹក​ទំនិញលើស​ចំណុះ ដើម្បី​ចូល​រួម​ថែរក្សា​ផ្លូវ​ឱ្យ​នៅ​គង់វង្សបាន​យូរអង្វែង​៕

  • កម្ពុជា ឈរ​លំដាប់​ទី ៤០ ក្នុង​តារាង​ចំណាត់ថ្នាក់​ទីផ្សារ​ដឹកជញ្ជូន​ទាំង ៥០ ដែល​ទើប​លេចធ្លោ​ជាងគេ​ក្នុង​ពិភពលោក

    កម្ពុជា ឈរ​លំដាប់​ទី ៤០ ក្នុង​តារាង​ចំណាត់ថ្នាក់​ទីផ្សារ​ដឹកជញ្ជូន​ទាំង ៥០ ដែល​ទើប​លេចធ្លោ​ជាងគេ​ក្នុង​ពិភពលោក

    យោងតាម​តារាង​ចំណាត់ថ្នាក់​របស់ Agility កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី ៤០ ក្នុងចំណោម​ទីផ្សារ​ដឹកជញ្ជូន​ដែល​ទើបតែ​លេចធ្លោ​ជាងគេ​ក្នុង​ពិភពលោក និង​ទី ៦ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    Agility ដែលជា​អ្នកផ្គត់ផ្គង់​សេវា​ដឹកជញ្ជូន និង​ឃ្លាំង​ផ្ទុកទំនិញ ថ្មីៗនេះ​បានប្រកាស​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​ទីផ្សារ​ដឹកជញ្ជូន​ទាំង ៥០ ដែល​ទើបតែ​លេចធ្លោ និង​ទាក់ទាញ​ជាងគេ​ក្នុង​ពិភពលោក។ ទីផ្សារ​ធំជាងគេ​ទាំង ៣ នៅក្នុង​តារាង​ចំណាត់ថ្នាក់​នេះ គឺ ប្រទេស​ចិន ឥណ្ឌា និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។

    កម្ពុជា ជាប់​លេខ ៤០ នៅក្នុង​តារាង​ចំណាត់ថ្នាក់​នេះ ដោយ​លោត​ឡើង​បាន ១ ថ្នាក់ ធៀប​នឹង​លេខ ៤១ កាលពី​ឆ្នាំ ២០២១។

    បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ឈ្មោះ​នៅក្នុង top 10 នៃ​តារាង​នេះ រួមមាន ម៉ាឡេស៊ី (លេខ ៤), ឥណ្ឌូណេស៊ី (លេខ ៥) និង ប្រទេស​ថៃ (លេខ ៨) ខណៈ វៀតណាម ជាប់​លេខ ១១។

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ ក្នុងចំណោម​ប្រទេស​ដែលមាន​ឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​នេះ កម្ពុជា ជាប់​លេខ ៦ ដោយ ឈរ​ពីក្រោយ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រទេស​ថៃ វៀតណាម ហ្វ៊ី​លី​ពី​ន ប៉ុន្តែ នៅ​ពីលើ មី​យ៉ាន​ម៉ា។

  • ទីផ្សារ​ដឹកជញ្ជូន​​ទំនិញ​​តាម​​រថភ្លើង​​នឹង​​កើន​​ដល់​ ២០៥ ​ពាន់​​លាន​ដុល្លារ​​អាម៉េរិក

    ទីផ្សារ​ដឹកជញ្ជូន​​ទំនិញ​​តាម​​រថភ្លើង​​នឹង​​កើន​​ដល់​ ២០៥ ​ពាន់​​លាន​ដុល្លារ​​អាម៉េរិក

    ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវដែក​ទូទាំង​ពិភពលោក​គ្រោង​នឹង​កើន​ឡើងដល់ ២០៥.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយមាន​អត្រាកំណើន​ប្រចាំឆ្នាំ​ជារួម (CAGR) ៤.៣% ក្នុងអំឡុង​ពី​ឆ្នាំ ២០២២-២០២៦។

    របាយការណ៍​របស់ Research And Markets បាន​ព្យាករ​ថា ទីផ្សារ​នេះ​នឹង​សម្រេចបាន ១៦៩.៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២។ Intermodals (ការដឹកជញ្ជូន​ពហុ​ផ្នែក-ក្នុងនោះ ទំនិញ​ត្រូវបាន​ដឹក​តាម​មធ្យោបាយ​ដឹកជញ្ជូន​ចាប់ពី ២ ប្រភេទ​ឡើងទៅ) ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ប្រចាំឆ្នាំ ៣.៧% និង​សម្រេចបាន ៩៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៦។

    ចំណែក​ការដឹក​ទំនិញ​តាម​រថយន្ត ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន CAGR ៤.៥% ក្នុង​រយៈពេល ៧ ឆ្នាំ​ទៀត។ ផ្នែក​នេះ​បច្ចុប្បន្ន​កាន់កាប់ ២៣% ក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ទូទាំង​ពិភពលោក។

    នៅក្នុង​បណ្ដា​តំបន់​ដែល​ត្រូវបាន​ស្រាវជ្រាវ ទីផ្សារ​អាម៉េរិក ត្រូវបាន​គណនា​ឃើញថា​នឹង​សម្រេចបាន ៥៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ នេះ ខណៈដែល ប្រទេស​ចិន នឹង​សម្រេចបាន ៣៥.៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៦ ជាមួយនឹង​កំណើន CAGR ៥.៥% ក្នុងដំណាក់កាល​ដែល​បាន​វិភាគ។ បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក គ្រប់គ្រង ៣៤.៤% ក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ទូទាំង​ពិភពលោក។

     

  • Tesla ដំឡើង​ប្រព័ន្ធ​បញ្ចូល​ថាមពល​ថ្ម V4 ដំបូង ដែល​ប្រើប្រាស់​កម្ដៅ​ព្រះអាទិត្យ

    Tesla ដំឡើង​ប្រព័ន្ធ​បញ្ចូល​ថាមពល​ថ្ម V4 ដំបូង ដែល​ប្រើប្រាស់​កម្ដៅ​ព្រះអាទិត្យ

    ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី V4 ថ្មី​នេះ​នឹងមាន​ឧបករណ៍​បញ្ចូល​ថាមពល​ចំនួន ៤០ ឈុត, ប្រព័ន្ធ​សូ​ឡា​មួយគ្រឿង និង​ប្រព័ន្ធ​ថ្ម​ផ្ទុក​អគ្គិសនី​ខ្នាត​យក្ស​មួយគ្រឿង។

    Tesla ត្រូវបាន​គេ​ជឿថា នឹង​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល Supercharger V4 ដំបូង​របស់ខ្លួន​នៅក្នុង​ស្រុក Yuma រដ្ឋ Arizona សហរដ្ឋ​អាម៉េរិក ស្ថិតនៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ ។

    យោងតាម Twitter @MarcoRPTesla ដែល​ហៅ​ខ្លួនឯង​ថា Supercharger King ស្ថានីយ​ថ្មី​នេះ​នឹងមាន​ឧបករណ៍​សម្រាប់​បញ្ចូល​ថាមពល​ចំនួន ៤០ ឈុត ដែល​ទាញយក​អគ្គិសនី​ពី​កម្ដៅ​ព្រះ​អា​ទ្យិ​តាមរយៈ​ផ្ទាំង​សូ​ឡា និង​មាន​ប្រព័ន្ធ​ផ្ទុក​ថាមពល​ជា​ទម្រង់ Megapack ៣ MWh ដែល​អាច​បញ្ចូល​ថាមពល​ឱ្យ​រថយន្ត​អគ្គិសនី​ខ្នាត​ធំ​ប្រហែល ៤០ គ្រឿង។

    ល្បឿន​នៃ​ការបញ្ចូល​ថាមពល​ក៏​នឹង​លឿន​ជាង​មុន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ចូល​ថាមពល​រហ័ស V4 ដែល​ឡើងដល់ ៣៥០ KW។ នេះ​បើតាម​ប្រកាស​កាលពី​ឆ្នាំ ២០២១ របស់​នាយក​ប្រតិបត្តិ Tesla លោក Elon Musk។

    ប្រព័ន្ធ​បញ្ចូល​ថាមពល V2 បច្ចុប្បន្ន​របស់ Tesla ផ្ដល់​កម្លាំង​អតិបរមា ១៥០ kW កើន​បន្តិច ធៀប​នឹង ១២០ kW របស់​កំណែ​ដំបូង។

    មហាសេដ្ឋី Elon Musk បានប្រកាស​ជាច្រើនលើក​ហើយ​ថា ការដែល​ស្ថានីយ​បញ្ចូល​ថាមពល អាច​ផលិត និង​រក្សាទុក​អគ្គិសនី គឺជា​អាទិភាព​កំពូល​របស់ Tesla ប៉ុន្តែ ការដាក់​ពង្រាយ​ស្ថានីយ​បែបនេះ​គឺ​នៅមាន​ភាពយឺតយ៉ាវ។

    Tesla ក៏​នឹង​ដំឡើង​ប្រព័ន្ធ​បញ្ចូល​ថាមពល​ពិសេស​សម្រាប់​រថយន្ត​ដឹកទំនិញ Semi អគ្គិសនី​របស់ខ្លួន។ ប្រព័ន្ធ​នេះ​នឹងមាន​ខ្សែកាប​ដែល​បញ្ចុះ​កម្ដៅ​ដោយ​ធាតុ​រាវ ដើម្បី​អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​បន្ថែម​ដល់​ថ្ម​ខ្នាត​ធំ​នៅលើ​រថយន្ត Tesla Semi ដោយ​ប្រើពេល​ខ្លី៕